ដោយ ហៃ សុគន្ធា

មន្រ្តីស្រាវជ្រាវវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

១៥ ឧសភា ២០២០

 កូវីដ១៩(COVID-១៩) គឺជាជំងឺឆ្លងថ្មីមួយបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មីដែលបណ្តាលឱ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ ប្រភពដំបូងនៃជំងឺនេះត្រូវបានគេកំណត់នាខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងអ៊ូហាន ខេត្តហ៊ឺប៉ី ប្រទេសចិន ហើយចាប់តាំងពីពេលនោះមកវាបានរាលដាលយ៉ាងខ្លាំងពាសពេញសកលលោក។ បើគិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ប្រទេសនិងដែនដីចំនួន២១២នៅក្នុងសកលលោក ត្រូវបានរាយការណ៍ថាមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើមនុស្សចំនួនប្រមាណ ៤ ៥៤០ ១៣៦ នាក់ ដែលក្នុងនោះមនុស្សចំនួនប្រមាណ ៣០៣ ៥៨៤ នាក់ បានស្លាប់ និងមនុស្សចំនួនប្រមាណជាង ១ ៧១១ ៤២៨ នាក់ ត្រូវបានព្យាបាលសះស្បើយឡើងវិញ ។ រោគរាតត្បាតដោយវីរុសឆ្លងកូរ៉ូណា(COVID-១៩) ដែលបានសាយភាយពាសពេញពិភពលោកក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍កន្លងមកនេះ គឺមិនត្រឹមតែមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាឧស្សាហកម្មទេសចរណ៍ផងដែរ។ ជាក់ស្តែង គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០  ប្រទេសជាច្រើនទូទាំងសកលលោក បានណែនាំបម្រាមគោចរនិងការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនស្ទើរតែទាំងស្រុង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។
 តាមលទ្ធផលនៃការស្រាវជ្រាវរបស់អង្គការទេសចរណ៍ពិភពលោក អង្គការសហប្រជាជាតិ(UNWTO) ស្តីអំពីការវាយតម្លៃផលប៉ះពាល់នៃកូវីដ១៩លើវិស័យទេសចរណ៍អន្តរជាតិ ចេញផ្សាយខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា ៖ ជំងឺកូវីដ១៩ដែលមិនធ្លាប់មានពីមុន បានប៉ះទង្គិចធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ពោលគឺចំនួនភ្ញៀវទេសចរអន្តរជាតិបានធ្លាក់ចុះប្រមាណជា២២% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ និងអាចបន្តធ្លាក់ចុះប្រមាណពី៦០% ទៅ៨០% ក្នុងឆ្នាំ២០២០ បើធៀបទៅនឹងចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ២០១៩។ សម្រាប់ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែមីនា ឆ្នាំ២០២០ បានធ្លាក់ចុះរហូតដល់៥៧% បន្ទាប់ពីប្រទេសជាច្រើនបានធ្វើការបិទប្រទេស(Lockdown) ការដាក់ពង្រាយការរឹតបន្តឹងការធ្វើដំណើរ ការបិទព្រលានយន្តហោះ និងការបិទព្រំដែនអន្តរជាតិជាដើម ដែលធ្វើឱ្យបាត់បង់ចំនួនអ្នកទេសចរអន្តរជាតិប្រមាណ៦៧លាននាក់ និងខាតចំណូលដែលអាចទទួលបានពីវិស័យនេះប្រមាណជា៨០ពាន់លានដុល្លារអាម៉េរិក។

តាមការស្រាវជា្រវនិងតាមដានរបស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា កូវីដ ១៩ ប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មសេវាកម្ម ក្រោយពីមានមនុស្សជាច្រើន បានឆ្លងកូវីដ ១៩ ពីអ្នកជំងឺម្នាក់ ដែលពួកគេបានអង្គុយញ៉ាំអាហារជិតគ្នានៅក្នុងភោជនីយដ្ឋានបិទជិតមួយកន្លែង។ ការចម្លងនេះ បណ្តាលមកពីសំណើមខ្យល់នៃម៉ាស៊ីនត្រជាក់នៅក្នុងភោជនីយដ្ឋាននោះផ្ទាល់តែម្តង ដែលបានចម្លងវីរុសកូរ៉ូណាពីអ្នកមានជំងឺម្នាក់ទៅកាន់មនុស្សច្រើននាក់ផ្សេងទៀតនៅជុំវិញ។ យើងពិតជាបានដឹងគ្រប់គ្នាហើយថា វីរុសចម្លងកូរ៉ូណាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយតំណក់តូចៗចេញពីសំណើមទឹកមាត់ ហើយក៏មិនងាយនឹងអណ្តែតសាយភាយក្នុងបរិយាកាសឆ្ងាយជាងមួយម៉ែត្រនោះទេ ប៉ុន្តែការចម្លងខ្លះអាចបណ្តាលមកពីម៉ាស៊ីនត្រជាក់នៅក្នុងសណ្ឋាគារ អគារទំនើប ហាងទំនិញ និងភោជនីយដ្ឋានជាដើម ដែលបានបក់ឱ្យតំណក់ទឹកមាត់តូចៗនោះអណ្តែតទៅក្នុងបរិយាកាសបានកាន់តែឆ្ងាយជាងចម្ងាយមួយម៉ែត្រ ។ ការស្រាវជ្រាវបានវាយតម្លៃផងដែរពីផលប៉ះពាល់យ៉ាងធំដល់វិស័យឧស្សាហកម្មសេវាកម្ម ដូចជាសេវាកម្មសណ្ឋាគារ និងសេវាកម្មអាហារនិងភេសជ្ជៈជាដើម ហើយការប៉ះពាល់នេះបានធ្វើឱ្យកម្មករនិយោជិតបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលយ៉ាងច្រើន។ បើតាមការគូសបញ្ជាក់របស់សមាគមន៍ភោជនីយដ្ឋានជាតិ (National Restaurant Association) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រាន់តែឧស្សាហកម្មភោជនីយដ្ឋានតែមួយប៉ុណ្ណោះនៅក្នុងសហរដ្ឋអាម៉េរិក បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិកូវីដ១៩ ពោលគឺបុគ្គលិកសេវាកម្មអាហារនិងភេសជ្ជៈប្រមាណជា៨លាននាក់គ្មានការងារធ្វើ និងខាតបង់ទឹកប្រាក់ប្រមាណ៨០ពាន់លានដុល្លាអាម៉េរិក ។ 
ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រទេសនានាក្នុងសកលលោកដែរ កំពុងរងផលប៉ះពាល់លើវិស័យទេសចរណ៍ ដោយសារតែវិបត្តិនៃការរីករាលដាលនៃជំងឺ Covid-19។ តាមរយៈរបាយការណ៍របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសបានត្រឹមប្រមាណ១.១ លាននាក់ប៉ុណ្ណោះ    ខណៈភ្ញៀវទេសចរជនជាតិចិននៅតែឈរលំដាប់ទី១ មានជាង២៥ម៉ឺននាក់ ប៉ុន្តែបានធ្លាក់ចុះ៦២% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។ ដូចគ្នានេះដែរ វិស័យសណ្ឋាគារ និងផ្ទះសំណាក់ទូទាំងប្រទេសកម្ពុជា បានបន្តបិទទ្វារជាបន្តបន្ទាប់(បណ្តោះអាសន្ន) ដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩ ហើយថ្មីៗនេះរាជរដ្ឋាភិបាលបានបញ្ជាឱ្យបិទកាស៊ីណូ បៀរហ្កាដិន ខារ៉ាអូខេ និងរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា ខណៈដែលភោជនីយដ្ឋានមួយចំនួនបានបិទទ្វារដោយខ្លួនឯងដោយសារតែគ្មានភ្ញៀវចូលមករកសេវាកម្មនេះ។ ជាក់ស្តែង គិតត្រឹម   ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានសណ្ឋាគារចំនួន១៥២ និងផ្ទះសំណាក់ចំនួន២៣៥ បានបិទទ្វារផ្អាកដំណើរការសេវាកម្ម ហើយក្នុងនោះខេត្តសៀមរាបមានការបិទទ្វារច្រើនជាងគេ ព្រមទាំងបណ្តាលឱ្យកម្មករនិយោជិតដែលកំពុងបម្រើការនៅក្នុងវិស័យនេះ ប្រមាណជាង៧ពាន់នាក់ ត្រូវបានបាត់បង់ការងារ ហើយចំនួនតួលេខទាំងនេះគឺមិនទាន់រាប់បញ្ចូលសេវាកម្មផ្សេងទៀតផង ដូចជា ភោជនីយដ្ឋាន ខារ៉ាអូខេ និងក្លឹបកំសាន្តជាដើម ។¬
ទោះបីជាមានការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនភ្ញៀវទេសចរជាតិ និងបរទេសក៏ដោយ ក៏ឧស្សាហកម្មសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួននៅក្នុងប្រទេសកម្ពុជានៅតែបើកបម្រើសេវាកម្ម ប៉ុន្តែបានកម្រិតសេវាកម្មរបស់ខ្លួនជាអប្បរមាអាស្រ័យទៅនឹងស្ថានភាពជាក់ស្តែង របស់វិស័យទេសចរណ៍ និងអនុវត្តខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ស្ថាប័នជំនាញ ពាក់ព័ន្ធជាមួយនឹងវិធានការការពារជំងឺឆ្លងកូវីដ១៩។  ជាការពិត កាតព្វកិច្ចនៃការថែរក្សាសេវាកម្មជូនអតិថិជនសណ្ឋាគារ និងភោជនីយដ្ឋាននាកំឡុងពេលនៃការរាតត្បាតរបស់មេរោគកូវីដ១៩ គឺជាសកម្មភាពចាំបាច់របស់កម្មករនិយោជិត ដើម្បីធានាសុវត្ថិភាពឬសុខុមាលភាពរបស់ភ្ញៀវ ហើយក៏ជាទិដ្ឋភាពដ៏សំខាន់នៃដំណើរប្រតិបត្តិការសណ្ឋាគារ និងភោជនីយដ្ឋានផងដែរ។ ចំណែកឯសណ្ឋាគារជាច្រើនដែលបានបិទដំណើរការ ដោយសារតែការរីករាលដាលនៃជំងឺ   កូវីដ១៩ ក៏នៅតែមានការព្រួយបារម្ភអំពីរបៀបដែលនឹងត្រូវអនុវត្តកាតព្វកិច្ចនៃការថែទាំ នៅពេលដែលសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបើកដំណើរការឡើងវិញ។ មិនត្រឹមតែស្តង់ដារ   អនាម័យដែលតម្រូវដោយរដ្ឋាភិបាលស្តីអំពីការការពាររោគរាតត្បាត និងការកំណត់នូវតម្រូវការថ្មីៗពីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែការរំពឹងទុករបស់សាធារណជនចំពោះសុខភាព និងសុវត្ថិភាពក៏អាចនឹងមានភាពខុសគ្នាគួរឱ្យកត់សម្គាល់ផងដែរ។
ការថែរក្សាតម្លៃនិងគុណភាពនៃសេវាកម្មនៅក្នុងសណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុង សកលលោកក៏ដូចជាប្រទេសកម្ពុជាដែរ គឺនៅតែរក្សាការផ្តល់សេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ វិធានការជាច្រើនដែលបានណែនាំពីស្ថាប័នជំនាញសុខាភិបាល ត្រូវបានយកអនុវត្តន៍បន្ថែមលើសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាន។ ដោយសារតែភាពខុសគ្នានៃវិធីសាស្រ្តក្នុងការទាក់ទាញភ្ញៀវរបស់សណ្ឋាគារ ការបង្កើតវិធីច្នៃប្រឌិតជាច្រើន ដើម្បីធ្វើឱ្យសេវាកម្មកាន់តែមានភាពងាយស្រួល ដូចជាការបង្ហោះរូបភាពនៃសកម្មភាពបុគ្គលិកនៅទូទាំងសណ្ឋាគារ តាមបណ្តាញ សង្គម ឬផ្ញើសារឌីជីថលផ្ទាល់មុនពេលឬកំឡុងពេលចូលស្នាក់នៅ។ បន្ថែមលើសនេះទៀត គឺសណ្ឋាគារបានចែករំលែកប្រវត្តិរបស់កម្មករនិយោជិតនៅលើគេហទំព័រសណ្ឋាគារ ដើម្បីជាការបញ្ជាក់បន្ថែមដល់ភ្ញៀវថា កម្មករនិយោជិតនៅក្នុងសណ្ឋាគារបានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីផ្តល់សេវាកម្មកម្រិតខ្ពស់ ជាមួយនឹងការធានាសុវត្ថិភាពដល់មនុស្សគ្រប់គ្នានៅក្នុង      សណ្ឋាគារ។ 
រូបភាពទី១ ការបាញ់ថ្នាំសម្លាប់មេរោគក្នុងបន្ទប់ស្នាក់នៅសណ្ឋាគារ ប្រភពៈ បណ្តាញអ្នកបម្រើសេវាកម្មសណ្ឋាគារ
ដើម្បីធានាបាននូវដំណើរការដែលមានប្រសិទ្ធភាព និងដោយរលូនសម្រាប់វិស័យ សណ្ឋាគារ និងភោជនីយដ្ឋាន ការសិក្សាស្រាវជ្រាវនិងចងក្រងគំនិតសំខាន់ៗមួយចំនួននៅពេលធ្វើការផ្លាស់ប្តូរគោលនយោបាយផ្ទៃក្នុង គឺជាកាតព្វកិច្ចរបស់អ្នកគ្រប់គ្រងនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាននីមួយៗ ដើម្បីបំពេញតាមគោលការណ៍សុខភាពសាធារណៈថ្មី ដូចជា ស្តង់ដារអនាម័យ ការរក្សាគម្លាតសង្គម ការត្រួតពិនិត្យសីតុណ្ហភាព និងការធ្វើចត្តាឡីស័កក្នុងករណីតម្រូវជាដើម។
 ¬តាមអង្គការសុខភាពពិភពលោក(WHO) បង្ហាញថាវីរុសកូរ៉ូណាអាចរស់បានរហូតដល់ប្រាំបួនថ្ងៃនៅលើផ្ទៃលោហៈ កញ្ចក់ និងប្លាស្ទិក ដរាបណាពួកវាមិនត្រូវបានសម្អាត ។  ដូច្នេះការបង្កើនការសម្អាតញឹកញាប់ទីកន្លែងផ្សេងៗរបស់សណ្ឋាគារដូចជា បន្ទប់រង់ចាំ កន្លែងបរិភោគអាហារ បន្ទប់ប្រជុំ ប៊ូតុងជណ្តើរប្រអប់ បង្កាន់ដៃជណ្តើរ ដៃទ្វារ និងកន្លែងជាច្រើនទៀតជាដើម គឺជារឿងអទិភាព។ វីរុសនេះ ក៏អាចរស់បានក្នុងដំណក់ទឹកជាច្រើនម៉ោងនៅក្នុងបរិយាកាសនៃអគារសណ្ឋាគារ ដូច្នេះត្រូវធានាថាបុគ្គលិកទាំងអស់ធ្វើការសម្អាតដោយមានបំពាក់ឧបករណ៍ការពារសមស្រប រួមទាំងស្រោមដៃនិងរបាំងមុខផង។ សណ្ឋាគារ គឺមិនអនុញ្ញាតឱ្យភ្ញៀវថ្មីចូលបន្ទប់ស្នាក់នៅទេ ប្រសិនបើមិនទាន់បានផ្លាស់ប្តូរសម្ភារៈនិងធ្វើការត្រួតពិនិត្យអនាម័យឱ្យល្អិតល្អន់ជាមុនសិន បន្ទាប់ពីភ្ញៀវចាស់បានចាកចេញ។ បន្ថែមពីលើនេះទៀត បុគ្គលិកត្រូវបានផ្តល់ឱ្យនូវឧបករណ៍ការពារ ជាមួយនឹងការបណ្តុះបណ្តាលអំពីរបៀបពាក់និងដោះរបាំងឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យកខ្វក់ខ្លួនឯង។
យោងទៅលើសំទុះនៃការរីករាលដាលជំងឺកូវីដ១៩ នាពេលថ្មីៗនេះ បានបណ្តាលឱ្យមនុស្សមានការអនុវត្តអនាម័យផ្ទាល់ខ្លួនខ្ពស់ ពោលគឺភាពស្អាតបានឈានដល់ទីតាំងតែម្តង បើគិតអំពីភាពប្រកួតប្រជែងសម្រាប់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាននានា។ ជាការពិត ប្រទេសអភិវឌ្ឍជាច្រើន បានដើរតួនាទីជាប្រទេសឈានមុខគេ ក្នុងការទប់ទល់នឹងរោគរាតត្បាតនេះ ដោយបានដាក់ចេញនូវកម្មវិធីអនាម័យដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់វិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទេសចរណ៍ដទៃទៀត។ វិញាបណ្ណបត្រមានការទទួលស្គាល់ដោយស្ថាប័នជាន់ខ្ពស់ផ្នែកសុខភាព ត្រូវបានដាក់នៅតាមគ្រឹះស្ថាននានា គឺមានគោលបំណងផ្តល់ឱ្យប្រជាជននិងភ្ញៀវទេសចរនូវ “សន្តិភាពផ្លូវចិត្ត” ដែលនឹងទទួលសេវាកម្មសុវត្ថិភាពពីស្ថាប័ននោះ។ ម្យ៉ាងទៀត សណ្ឋាគារទូទាំងសកលលោក បានធ្វើសវនកម្មផ្ទៃក្នុងទៅលើដំណើរការសម្អាតដោយផ្ទាល់ ពោលគឺអនុវត្តទៅតាមការណែនាំរបស់ស្ថាប័នសុខាភិបាល ដើម្បីឱ្យដំណើរការសេវាកម្មកាន់តែប្រសើរឡើងស្របតាមស្តង់ដារអន្តរជាតិ ដូចជាប្រទេសដែលផ្តល់ការត្រួតពិនិត្យដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺសហរដ្ឋអាមេរិក(CDC) ឬអង្គការសុខភាពពិភពលោក(WHO)។ ការណែនាំ និងអនុសាសន៍មួយចំនួន ដើម្បីការពារឱ្យមានប្រសិទ្ធភាពខ្ពស់លើវិស័យសេវាកម្ម រួមមាន៖
  លាងនិងជូតសម្អាតផ្ទៃរឹងនៃសម្ភារៈទាំងអស់ ដូចជា តុ កៅអី គ្រឿងសង្ហារឹម… ជាមួយនឹងទឹកថ្នាំលាងសម្អាតស្តង់ដារសូលុយស្យុង ឬល្បាយដែលមានកម្រិតជាតិអាល់កុលយ៉ាងតិច៧០% 
- លាងនិងជូតសម្អាតផ្ទៃទន់នៃសម្ភារៈទាំងអស់ ដូចជា កំរាលព្រំ ក្រណាត់… ជាមួយផលិតផលសម្អាតដែលសមស្រប។
- ជូតនិងសម្អាតជាប្រចាំនូវកន្លែងដែលត្រូវបានប៉ះពាល់ញឹកញាប់ ដូចជាដៃទ្វារ កុងតាក់បិទបើកភ្លើង ឧបករណ៍បញ្ជាមេក្នុងបន្ទប់ ប្រអប់សុវត្ថិភាព ម៉ាស៊ីនកាហ្វេ មីនីបារ ឧបករណ៍បញ្ជាទូរទស្សន៍ជាដើម។
- បោកសម្អាតកម្រាលពូក ស្រោមខ្នើយ និងកន្សែងប្រើប្រាស់ជាដើម ជាមួយសាប៊ូដែលមានការទទួលស្គាល់ពីស្ថានប័នជំនាញសុខាភិបាល។ ជូតសម្អាតប្រភេទក្រណាត់ និងសម្ភារៈសម្រាប់តុបតែងលម្អនៅក្នុងបន្ទប់ ដែលមិនងាយនឹងធ្វើការផ្លាស់ប្តូរជាមួយនឹងថ្នាំសម្លាប់មេរោគ និងឧបករណ៍សម្អាតដែលមានការណែនាំដោយស្ថាប័នជំនាញ បន្ទាប់ពីភ្ញៀវចាកចេញពីការស្នាក់នៅ ពោលគឺធានាសុវត្ថិភាពដោយមិនមានការចម្លងតាមរយៈសម្ភារៈប្រើប្រាស់ទាំងនោះទៅកាន់ភ្ញៀវដែលចូលមកស្នាក់នៅពេលបន្ទាប់ឡើយ។

ដរាបណា ថ្នាំព្យាលបាល ឬវ៉ាក់សាំងសម្រាប់ការពារវីរុសប្រភេទនេះ មិនទាន់ត្រូវបានគេរកឃើញ វិធានការការពារសុខភាពសាធារណៈ ដូចជាការរក្សាគម្លាតនៅក្នុងសង្គមរវាងមនុស្សនៅតែសកម្មភាពអទិភាពមួយ និងបានក្លាយទៅជាបទដ្ឋានចាំបាច់ក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន។ អាស្រ័យលើប្រទេសនិងរដ្ឋបាលនៅក្នុងតំបន់ សណ្ឋាគារ និងភោជនីយដ្ឋានប្រហែលជាត្រូវអនុវត្តទៅតាមបទប្បញ្ញត្តិជាក់លាក់សម្រាប់សុខភាពសាធារណៈ ដែលមានវិធានការការពារ ដូចខាងក្រោម ៖ 
- ផ្តល់នូវការចែកចាយទឹកស្អាតដែលមានជាតិអាល់កុលដល់ដៃអតិថិជនទូទៅ និងកម្មករនិយោជិតសណ្ឋាគារ ជាពិសេសនៅតំបន់ដែលមានចរាចរណ៍មមាញឹកខ្ពស់ ដូចជាភោជនីយដ្ឋានឬបន្ទប់ប្រជុំជាដើម។
- បង្កើតសញ្ញាសម្គាល់នៃការរក្សាគម្លាតសង្គម ការលាងដៃ ការក្អក និងការកណ្តាស់ជាដើម នៅតាមទីកន្លែងប្រមូលផ្តុំសំខាន់ៗ ដូចជាកន្លែងចុះឈ្មោះនិងចាកចេញពីការស្នាក់នៅ កន្លែងទទួលភ្ញៀវនិងកន្លែងគិតលុយក្នុងភោជនីយដ្ឋានជាដើម។
- រៀបឱ្យមានគម្លាតនៅក្នុងភោជនីយដ្ឋាន ដូចជាកន្លែងរង់ចាំនិងកន្លែងអង្គុយរបស់អតិថិជនត្រូវរក្សាចម្ងាយសមរម្យ(១,៥ម៉ែត្រយ៉ាងតិច) រវាងភ្ញៀវដែលអង្គុយទទួលទាន។
- សម្ភារៈសម្រាប់ប្រើប្រាស់នៅក្នុងភោជនីយដ្ឋាន ត្រូវធ្វើការសម្អាតជាមួយនឹងទឹកថ្នាំក្នុងរយៈពេល២ទៅ៣ម៉ោងម្តងទោះបីជាមិនមានការប្រើប្រាស់ក៏ដោយ ឬអាចមិនបាច់រៀបចំនៅលើតុអាហារភ្ញៀវ ប៉ុន្តែត្រូវផ្តល់ឱ្យភ្ញៀវជាបន្ទាន់នៅពេលមានតម្រូវការ ពោលគឺសម្ភារៈទាំងនោះត្រូវរក្សាទុកកន្លែងសុវត្ថិភាពនៃភោជនីយដ្ឋានតែម្តង។
- កាត់បន្ថយការប្រាស្រ័យទាក់ទងទល់មុខគ្នារវាងបុគ្គលិក និងភ្ញៀវគ្រប់ទីកន្លែងតាមតែអាចធ្វើទៅបាន។ 
- បុគ្គលិកដែលកំពុងផ្តល់សេវាកម្ម គឺតម្រូវឱ្យពាក់ម៉ាសបិទមុខឬតំឡើងក្បាំងការពារមុខ ក៏ដូចជាអតិថិជនដែរ គឺតម្រូវដោយបទប្បញ្ញត្តិមួយដើម្បីពាក់ម៉ាស់មុខនៅពេលដែលចូលមកទទួលសេវាកម្មផ្សេងៗក្នុងសណ្ឋាគារនិងដើម្បីធានាថា ការប្រាស្រ័យទាក់ទងគ្នាគឺមានសុវត្ថិភាពអំឡុងពេលស្នាក់នៅ។
អ្វីដែលសំខាន់ជាងនេះទៀត គឺភោជនីយដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងឡាយណាដែលមិនអនុវត្តន៍តាមវិធានអនាម័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ឬទប់ស្កាត់មិនឱ្យជំងឺនោះរីករាលដាល ត្រូវផ្អាកជាបណ្តោះអាសន្ន ។ 


រូបភាពទី៣ ការបាញ់អាល់កុលនិងការរៀបចំគម្លាតសង្គមក្នុងភោជនីយដ្ឋាន
  
ប្រភពៈ ភោជនីយដ្ឋាននៃសណ្ឋាគារមួយនៅក្នុងរាជធានីភ្នំពេញ


ទោះបីជាមិនមានភ័ស្តុតាងណាមួយបង្ហាញថា អាហារឬការវេចខ្ចប់អាហារ ជាប្រភពនៃការចម្លងCOVID-១៩ក៏ដោយ ក៏សណ្ឋាគារដែលមានកម្មវិធីអាហារនិងភេសជ្ជៈ នៅតែត្រូវការការប្រុងប្រយ័ត្នបន្ថែមជាមួយសេវាកម្មបរិភោគអាហារ ដើម្បីកាត់បន្ថយហានិភ័យដល់អតិថិជន។ ទោះជាយ៉ាងណាក៏ដោយ ក៏សេវាកម្មអាហារនិងភេសជ្ជៈត្រូវបានកែសម្រួលឡើងវិញដើម្បីឆ្លើយទៅនឹងវិធានការការពារនៃការចម្លងកូវីដ១៩ ដូចជា ការផ្តល់សេវាកម្មអាហារ  ប៊ូហ្វេឡើងវិញគ្រប់ប្រភេទ រួមបញ្ចូលទាំងអាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច     ជាដើម តែតម្រូវឱ្យមានបុគ្គលិកផ្តល់សេវាកម្មឈរចាំបម្រើចេញពីតុអាហារបូហ្វ៊េជំនួសឱ្យការបម្រើខ្លួនឯងរបស់អតិថិជន។ ចំពោះអាហារសម្រន់បម្រើដោយខ្លួនឯងវិញ ត្រូវបានរៀបចំជូនអតិថិជនជាលក្ខណៈបុគ្គល ហើយស្នើសុំឱ្យភ្ញៀវប្រើស្រោមដៃដែលអាចចោលបានបន្ទាប់ពីពេលបម្រើខ្លួនឯង។ ម្យ៉ាងទៀត ការបង្កើតជម្រើសបរិភោគអាហារឱ្យបានច្រើននៅតាមបន្ទប់ស្នាក់នៅ គឺអាចជួយកាត់បន្ថយជម្រើសរបស់អតិថិជនដែលចង់ទទួលទានអាហារនៅតាមភោជនីយដ្ឋានសាធារណៈនានា។ ទោះបីជាជម្រើសនៃការផ្តល់សេវាកម្មអាហារនៅតាមបន្ទប់របស់សណ្ឋាគារមួយចំនួនមានកម្រិតក៏ដោយ ក៏ការពង្រីកសេវាកម្មអាហារនិងភេសជ្ជៈនៅតែផ្តល់ជម្រើសច្រើនដល់អតិថិជន តាមរយៈការចាប់ដៃគូជាមួយភោជនីយដ្ឋាននានានៅក្នុងតំបន់ ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនដល់ទីកន្លែង(Home delivery)។


ចំណែកឯការត្រួតពិនិត្យសីតុណ្ហភាពបានក្លាយជារឿងថ្មីនិងធម្មតាមួយ នៅក្នុងតំបន់ ដូចជានៅតាមព្រលានយន្តហោះ តាមការិយាល័យ តាមសណ្ឋាគារ និងតាមភោជនីយដ្ឋាន ជាដើម។ ការអនុវត្តការត្រួតពិនិត្យសីតុណ្ហភាពនៅតាមសណ្ឋាគារ គឺត្រូវប្រាកដថាត្រូវធ្វើតាមបទបញ្ជានិងការណែនាំនៃវិធានការក្នុងតំបន់ទាំងអស់ ពោលគឺអនុវត្តតាមការណែនាំដោយធ្វើការត្រួតពិនិត្យសីតុណ្ហភាពកម្មករនិយោជិតទាំងអស់ ដូច្នេះបុគ្គលិកដែលមិនមានសុខភាពល្អអាចត្រូវបានបញ្ជូនទៅផ្ទះវិញ។ ដូចគ្នានេះដែរ ការត្រួតពិនិត្យសីតុណ្ហភាពភ្ញៀវ គឺត្រូវប្រាកដថា មាននីតិវិធីដែលមានឯកសារច្បាស់លាស់ មានន័យថាបើអ្នកណាម្នាក់ត្រូវបានរកឃើញថាមានសីតុណ្ហភាពខ្ពស់ គឺត្រូវការការពិនិត្យបន្ថែម ឬពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញភ្លាម។ បន្ថែមលើនេះទៀត នីតិវិធីទាំងនេះត្រូវបានទាក់ទងយ៉ាងច្បាស់លាស់ជាមួយភ្ញៀវមុនពេលពួកគាត់មកដល់ ជាពិសេសភ្ញៀវទេសចរអន្តរជាតិដែលមិនបានទទួលការត្រួតពិនិត្យសីតុណ្ហភាពសាធារណៈ។

ទោះបីជាប្រទេសមួយចំនួន បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើររបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែអាចសម្រេចចិត្តដាក់លក្ខខណ្ឌសម្រាប់អ្នកធ្វើដំណើរចូលក្នុងប្រទេសទាំងអស់ ដូចជា ការដាក់ដាច់ដោយបង្ខំឬភាពឯកោដោយខ្លួនឯងជាដើម។ ដោយ អនុវត្តន៍ទៅតាមការរឹតត្បិតការចូលប្រទេសនៃប្រទេសនីមួយៗ សណ្ឋាគារ អាចជូនដំណឹងដល់ភ្ញៀវមុនពេលមកដល់ និងអាចប្រាប់អំពីអ្វីៗដែលនឹងអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស ដើម្បីធានាអំពីផែនការច្បាស់លាស់សម្រាប់ទំនាក់ទំនងដល់អតិថិជនទាំងអស់ ដែលបានកក់រួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់សណ្ឋាគារ និងជូនដំណឹងដល់ដៃគូចែក   ចាយ។ សណ្ឋាគារ បានរៀបចំនីតិវិធី និងចងក្រងឯកសារច្បាស់លាស់សម្រាប់គ្រប់គ្រងករណីសង្ស័យនៃកូវីដ១៩ រួមបញ្ចូលទាំងដំណើរការដែលត្រូវកំណត់ និងគ្រប់គ្រងបុគ្គលិកឈឺ    អ្នកជួល អ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងភ្ញៀវសណ្ឋាគារជាដើម ដូចជា៖
- ការរៀបចំតំបន់ដាច់ពីគ្នាសម្រាប់ករណីសង្ស័យ
- ការរៀបចំការដឹកជញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលបានកំណត់
- ផែនការជម្លៀសបុគ្គលដែលនៅសេសសល់ក្នុងសណ្ឋាគារ
- ការរៀបចំនីតិវិធីសម្រាប់សម្អាត និងការសម្លាប់មេរោគក្នុងបរិវេណដែលកំពុងប្រឈម ឬអាចជាករណីសង្ស័យ។ 
ឧស្សាហកម្មសណ្ឋាគារនិងភោជនីយដ្ឋានជាច្រើន បានកាត់បន្ថយចំនួនបុគ្គលិកដែលតម្រូវឱ្យផ្តល់សេវាកម្មនៅក្នុងដំណាក់កាលនេះ ហើយកម្មករនិយោជិតជាច្រើនអាចនឹងមិនមានការងារធ្វើ ប៉ុន្តែគណៈគ្រប់គ្រងនៃសណ្ឋាគារនិងភោជនីយដ្ឋានមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តឱ្យមានការបម្រើការងារឆ្លាស់គ្នា អាស្រ័យលើបរិមាណនៃតម្រូវការរបស់អតិថិជន។ ឆ្លើយតបនឹងបញ្ហានៃវិបត្តិកូវីដ១៩នេះ អ្នកវិទ្យាសាស្ត្របានផ្តល់  អនុសាសន៍ជាវិធានការមួយចំនួនដើម្បីឱ្យវិស័យសេវាកម្មនេះដើរទៅមុខទៀតបាន ក្នុងកំឡុងពេលនិងក្រោយពេលនៃវិបត្តិនេះ ដែលវិធានការទាំងនេះ មានដូចជា ស្តង់ដារអនាម័យ ការឱ្យមនុស្សអង្គុយបរិភោគអាហារឆ្ងាយពីគ្នាជាពិសេសការញ៉ាំអាហារនៅខាងក្រៅ បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាសនិងស្រោមដៃ បង់លុយថ្លៃអាហារតាមប្រព័ន្ធអេឡិចត្រូនិចជំនួសឱ្យការបង់ជាសាច់ប្រាក់ ប្រើបញ្ជីមុខម្ហូបសម្រាប់ភ្ញៀវដែលអាចបោះចោលបានក្រោយពីប្រើរួច ការកែលម្អគុណភាពប្រព័ន្ធចំរោះខ្យល់ និងការកំណត់ចំនួនមនុស្សអតិបរមាក្នុងបន្ទប់ទទួលភ្ញៀវជាដើម។ ប្រសិនបើអាច និយោជកក្រុមហ៊ុននានាគួរធ្វើការចាត់តាំងអ្នកគ្រប់គ្រងសណ្ឋាគារ ឬភោជនីយដ្ឋាន ដែលមានបទពិសោធន៍ចាត់ចែងការត្រួតពិនិត្យការអនុវត្តវិធានការថ្មី និងធានាឱ្យមានការអនុលោមតាមច្បាប់។ ទោះបីជាសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួនត្រូវបានបិទបណ្តោះអាសន្នក៏ដោយ ក៏និយោជកគួររៀបចំនីតិវិធីប្រតិបត្តិតាមស្តង់ដារ ដើម្បីបង្កើតផែនការបណ្តុះបណ្តាលសម្រាប់កម្មករនិយោជិតពេលដែលសណ្ឋាគារ និងភោជនីយដ្ឋានបើកដំណើរការវិញ។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍កម្ពុជាមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ស្របតាមយុទ្ធនាការ«Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងមានតម្រូវការកាន់តែខ្ពស់អំពីគុណភាពនៃសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។ ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំស្ថានភាពថយចុះនៃការរីករាលដាលជាសកលនៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន។ ក្រសួងក៏បានលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ដែលបានធ្វើអាជីវកម្មច្រើនឆ្នាំកន្លងទៅ គួរឆ្លៀតក្នុងឱកាសនៃវិបត្តិជំងឺឆ្លងនេះ កែលម្អនិងជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីបង្កើនគុណភាពនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចបង្កើនលទ្ធភាពដើម្បីទទួលបានការវាយតម្លៃចំណាក់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងកម្រិតប្រសើរជាងមុនទៀតផង។ 

 

-    បណ្ឌិត ព្រុំ ទេវី កូវីដ ១៩និងការលក់ចំណីអាហារតាមផ្លូវក្នុងរាជធានីភ្នំពេញ    អត្តបទស្រាវជ្រាវ ចំនួន១០ ទំព័រ
-    ហេង សុភី សេដ្ឋកិច្ចនិងទេសចរណ៍កម្ពុជាដំណាក់កាលកូវីដ ១៩  អត្តបទស្រាវជ្រាវ ចំនួន១០ ទំព័រ
-    សេចក្តីអំពាវនាវរបស់ក្រសួងទេសចរណ៍លេខ ០០១ សអពន ចុះថ្ងៃទី៨         ខែឧសភា ឆ្នាំ២០២០ ស្តីអំពីការត្រៀមលក្ខណៈសម្បត្តិសេវាកម្មសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ក្នុងការងើបឡើងវិញ (Recovery) ក្រោយជំងឺឆ្លងនៃ     វីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី(Post Covid 19)
-    សេចក្តីជូនដំណឹងលេខ ០៣២សអ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់    ក្រុមហ៊ុនសុខា អូតែល ស្តីពីការចាត់ចែងឱ្យបុគ្គលិកឈប់សម្រាកពីការងារដោយឥតប្រាក់ខែ ចំនួន០២ខែ គិតចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី៣១          ខែឧសភា ឆ្នាំ២០២០។
-    https://www.worldometers.info/coronavirus
-    https://www.unwto.org/news/covid-19-international-tourist-could-fall-60-80-in-2020
-    https://www.construction-property.com/km/chinese-researchers-service-industry-hugely-affected-after-9-people-found-covid19-infected-by-air-conditioning
-    https://edition.cnn.com/2020/02/29/health/coronavirus-mask-hysteria-us-trnd/index.html
-    https://www.who.int/emergencies/diseases/novel-coronavirus-2019/question-and-answers-hub/q-a-detail/q-a-on-infection-prevention-and-control-for-health-care-workers-caring-for-patients-with-suspected-or-confirmed-2019-ncov
-    http://www.rfi.fr/km/កម្ពុជា/20200309
-    https://www.unicef.org/cambodia/km
-    https://www.khmertimeskh.com/711328/coronavirus-bites-deep-into-the-hospitality-industry
-    https://www.nrn.com/operations/national-restaurant-association-releases-coronavirus-reopening-guide-industry