ដោយ៖ បណ្ឌិត ហែម ឡាច 

ប្រធានស្ដីទីនាយកដ្ឋាននីតិសាស្ត្រ

វិទ្យាស្ថានមនុសសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

រាជបណ្ឌិត្យសភាកម្ពុជា

រដ្ឋសភាជាអង្គការកំពូលតំណាងប្រជាពលរដ្ឋដែលមានអំណាចនីតិប្បញ្ញត្តិ។ តំណាងរាស្ត្រក្នុងរដ្ឋសភាជាតំណាងប្រជាជាតិខ្មែរទាំងមូលដែលកើតចេញពីការបោះឆ្នោតជាសកល ដោយសេរីនិងសង្ងាត់ពីប្រជាពលរដ្ឋខ្មែរ។ នីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។

         ១.១- តួនាទីរបស់រដ្ឋសភា

         រដ្ឋសភា​បំពេញ​ភារកិច្ច​របស់ខ្លួនដូច​បានកំណត់​ក្នុងរដ្ឋធម្មនុញ្ញ​និងច្បាប់​ជាធរមាន​។    រដ្ឋសភា​មានតួនាទីសំខាន់​ៗដូចជា៖

                        ..- ការអនុម័ត 

                        -  សមាជិកព្រឹទ្ធ​សភា សមាជិក​រដ្ឋ​សភា និងនាយក​រដ្ឋមន្រី្ត​ មានសិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ច្បាប់។ តំណាងរាស្រ្ត​មានសិទ្ធិ​ស្នើ​ធ្វើ​វិសោធន​កម្ម ច្បាប់។

                        -  រដ្ឋសភា​អនុម័ត​ថវិកាជាតិ ផែន​ការរដ្ឋ ការឱ្យរដ្ឋ​ខ្ចី​ប្រាក់​ពីគេ ការឱ្យ​រដ្ឋ​ឱ្យបា្រក់គេខ្ចី​ការសន្យា​នានា​ផ្នែក​ហិរញ្ញ​វត្ថុ​ និងការ​បង្កើត​ កែប្រែ​ ឬលុប​ចោល​ពន្ធដារ។

                        -  រដ្ឋសភា​ឱ្យសេចក្តី​យល់ព្រម​ចំពោះ​គណនីរដ្ឋបាល។

                        -  រដ្ឋសភាអនុម័តយល់ព្រម​ ឬលុប​ចោលសន្ធិសញ្ញា​ ឬអនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​   អនុម័ត​ច្បាប់ស្តីពីការប្រកាសសង្គ្រាម។

                        ការអនុម័ត​ខាងលើ​នេះ​ប្រព្រឹត្ត​ទៅដោយ​មតិភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​         រដ្ឋសភា​ទាំងមូល។

                        ..- ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល

                        -  រដ្ឋសភាបោះឆ្នោត​ទុកចិត្តដល់​រាជរដ្ឋាភិបាល​ តាមមតិភាគច្រើនដាច់ខាត​នៃចំនួន​សមាជិក​សភាទាំងមូល។

                        -  តាមការ​សុំពី​សមាជិក​ចំនួន​មួយភាគដប់​យ៉ាងតិច ​រដ្ឋសភា​អាចអញ្ជើញ​ឥស្សរជន​ដ៏ឧត្តម​ណាមួយ​មកបំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហាដែល​មានសារៈសំខាន់​ពិសេស។

                        -  រដ្ឋសភា​អាចទម្លាក់​សមាជិក​គណៈរដ្ឋមន្រ្តី​ ឬទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​ញត្តិបន្ទោស​តាម​សំឡេង​ឆ្នោតភាគច្រើន​ដាច់ខាតនៃចំនួន​សមាជិកទាំងមូល​។ ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ត្រូវបានលើកឡើង​ជូនរដ្ឋសភា​ ដោយតំណាង​រាស្រ្ត​ចំនួន​៣០នាក់​ ទើបរដ្ឋសភា​អាច​លើកមកពិភាក្សា​បាន។

                        -  តំណាង​រាស្រ្ត​មានសិទ្ធិ​ដាក់សំណួរ​ដល់រាជ​រដ្ឋាភិបាល។ សំណួរ​នេះត្រូសរសេរជាលាយលក្ខណ៍អក្សរ​ប្រគល់ជូន​តាមរយៈ​ប្រធានរដ្ឋសភា។ ចម្លើយ​អាចធ្វើឡើង​ដោយ​រដ្ឋមន្ត្រីមួយរូប​ឬច្រើន​រូប​អាស្រ័យដោយបញ្ហាដែលបានចោទឡើង​ពាក់ព័ន្ធ​នឹងការទទួលខុសត្រូវ​របស់រដ្ឋមន្រ្តី​មួយរូប​ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធ​ដល់នយោបាយ​ទូទៅរបស់រាជរដ្ឋាភិបាល​ នាយករដ្ឋមន្រ្តី​ត្រូវឆ្លើយ​ផ្ទាល់ខ្លួន។ ចម្លើយ​​របស់រដ្ឋមន្រ្តី​ ឬរបស់​នាយកមន្រ្តីអាច​ធ្វើដោយ​ផ្ទាល់មាត់​ ឬសរសេរជាលាយលក្ខណ៍​   អក្សរ។

                        -  រដ្ឋសភាកំណត់ទុក​ពេលមួយថ្ងៃ​ក្នុងមួយសប្តាហ៍​សម្រាប់​ការឆ្លើយ​សំណួរ។

                        ..- ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ

         តំណាងរាស្រ្តធ្វើ​ការងារ​ក្នុងរដ្ឋ​សភា​បីខែ មានវិស្សមកាល​បីខែ។ តំណាងរាស្រ្ត​ត្រូវ​ចុះ​សួរសុខទុក ​ជួយ​ដោះស្រាយ​បញ្ហា​ សំណូមពរ​របស់ប្រជាពលរដ្ឋ​តាមមណ្ឌល​រៀងខ្លួន​ ឬតាមខេត្ត​ទាំងឡាយ​ទូទាំងប្រទេសឱ្យអស់លទ្ធ​ភាព និងត្រូវទាក់ទង​ជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។

តំណាងរាស្ត្រមិនអាចបំពេញមុខងារជាសមាជិករដ្ឋសភាផង ជាសមាជិកព្រឹទ្ធសភាផងស្របពេលតែមួយបានឡើយ។ សមាជិកសភាមានវិសមតិភាពជាមួយការបំពេញមុខងារ         សាធារណៈជាសកម្ម និងមុខងារជាសមាជិកនៃស្ថាប័នដទៃទៀតដែលបានចែងក្នុងរដ្ឋធម្មនុញ្ញវៀរលែងតែបំពេញមុខងារក្នុងគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ ក្នុងករណីនេះ សមាជិករដ្ឋសភារូបនោះមានឋានៈជាសមាជិករដ្ឋសភាធម្មតា ប៉ុន្តែមិនត្រូវមានមុខតំណែងអ្វីទាំងអស់ក្នុង        គណៈកម្មាធិការអចិន្ត្រៃយ៍និងក្នុងគណៈកម្មការផ្សេងៗនៃរដ្ឋសភា។
 ដើម្បីឱ្យសមាជិកសភាបំពេញតួនាទីជាតំណាងប្រជាពលរដ្ឋ និងប្រជាជាតិបានល្អ រដ្ឋធម្មនុញ្ញបានផ្តល់អភ័យឯកសិទ្ធិសភាជូនសមាជិកសភា។ តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ អភ័យឯកសិទ្ធិនេះ ធានាឯករាជ្យភាពរបស់សមាជិកសភា។ តំណាងរាស្រ្ត ឬសមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។

 

គណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភាត្រូវបានបង្កើតឡើង ដើម្បីធានាដំណើរការរដ្ឋសភាក្នុងចន្លោះសម័យប្រជុំ និងសម្រេចពីរបៀបវេរៈប្រជុំពេញអង្គ និងកិច្ចការធំៗរបស់រដ្ឋសភា។
 សមាសភាពគណៈកម្មាធិការអចិន្រ្ដៃយ៍មានដូចតទៅ៖
- ប្រធានរដ្ឋសភា
- អនុប្រធានទាំងពីរ
- ប្រធានគណៈកម្មការនានានៃរដ្ឋសភា។
រដ្ឋសភាបង្កើតគណៈកម្មការជំនាញនានាចំនួន១០ ដើម្បីទទួលពិនិត្យសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានានិងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួនក្នុងការត្រួតមើលកិច្ចការរបស់រាជរដ្ឋាភិបាល។
សមាសភាពនៃគណៈកម្មការជំនាញនីមួយៗមានចំនួន៧រូបយ៉ាងតិច។
 គណៈកម្មការជំនាញទាំង១០នោះគឺ៖
- គណៈកម្មការការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
- គណៈកម្មការនីតិកម្ម និងយុត្ដិធម៌
- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
- គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់
- គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។


រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៣ដល់បច្ចុប្បន្ន
នីតិកាលទី១(១៩៩៣-១៩៩៨)
   រៀបចំដោយអ៊ុនតាក់(UNTAC) ២៣-២៨ ឧសភា ១៩៩៣
 - គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២០
- ចំនួនអាសនៈ ១២០
- គណបក្សឈ្នះអាសនៈមាន៤ គឺ៖ 
+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥៨អាសនៈ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥១អាសនៈ 
+ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ 
+ គណបក្សម៉ូលីណាកានិងអ្នកតស៊ូខ្មែរដើម្បីសេរីភាពទទួលបាន ១អាសនៈ។
នីតិកាលទី២(១៩៩៨-២០០៣)
    រៀបចំដោយគ.ជ.ប. ២៦-កក្កដា ១៩៩៨
- គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៣៩
- ចំនួនអាសនៈ ១២២
- គណបក្សឈ្នះអាសនៈមាន៣ គឺ៖ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៤អាសនៈ 
+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៤៣អាសនៈ 
+ គណបក្សសម រង្ស៊ីទទួលបាន ១៥អាសនៈ។
នីតិកាលទី៣(២០០៣-២០០៨)
    រៀបចំដោយគ.ជ.ប. ២៧-កក្កដា ២០០៣
- គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២៣
- ចំនួនអាសនៈ ១២៣
- គណបក្សឈ្នះអាសនៈមាន៣ គឺ៖ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧៣អាសនៈ 
+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២៦អាសនៈ 
+ គណបក្សសម រង្ស៊ីទទួលបាន ២៤អាសនៈ។
នីតិកាលទី៤(២០០៨-២០១៣)
    រៀបចំដោយគ.ជ.ប. ២៧-កក្កដា ២០០៨
 - គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ១១
- ចំនួនអាសនៈ ១២៣
- គណបក្សឈ្នះអាសនៈមាន៥ គឺ៖ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៩០អាសនៈ 
+ គណបក្សសម រង្ស៊ីទទួលបាន ២៦អាសនៈ
+ គណបក្សសិទ្ធិមនុស្សទទួលបាន ៣អាសនៈ 
+ គណបក្សនរោត្តមរណឫទ្ធិទទួលបាន ២អាសនៈ 
+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២អាសនៈ។
នីតិកាលទី៥ (២០១៣-២០១៨)
    រៀបចំដោយគ.ជ.ប. ២៨-កក្កដា ២០១៣
 - គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៨
- ចំនួនអាសនៈ ១២៣
- ចំនួនគណបក្សឈ្នះអាសនៈមាន២ គឺ៖ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ 
+ គណបក្សសង្រ្គោះជាតិទទួលបាន ៥៥អាសនៈ។
នីតិកាលទី៦(២០១៨-២០២៣)
   រៀបចំដោយគ.ជ.ប. ២៩-កក្កដា ២០១៨ 
- គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២០
- ចំនួនអាសនៈ ១២៥
- ចំនួនគណបក្សឈ្នះអាសនៈមាន១ គឺ៖ 
+ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥អាសនៈ។ 

 

    ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទាំងពីរ គឺគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រារព្ធឡើងពីថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលនៅពេលនោះព្រះអង្គទ្រង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
    តាមរយៈលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើង និងក្លាយជាចំណែកមួយនៃស្ថាប័ននីតិប្បញ្ញត្តិជាតិ ដែលមានពីរថ្នាក់ បន្ទាប់ពីរដ្ឋធម្មនុញ្ញនីតិកាលទី២បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ព្រឹទ្ធសភានីតិកាលទី១ កើតឡើងដោយការតែងតាំងនិងមានអាណត្តិ៥ឆ្នាំ។ សមាជិកចំនួន៦១រូប ត្រូវបានជ្រើសរើសពីក្នុងចំណោមឥស្សរជនជាន់ខ្ពស់នៃគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភានីតិកាលទី២។ ព្រឹទ្ធសភានីតិកាលទី១ បានបើកសម័យប្រជុំលើកទី១នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ ព្រឹទ្ធសភានីតិកាលទី២ កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០០៦ ដោយមានអាណត្តិ៦ឆ្នាំ។ ព្រឹទ្ធសភានីតិកាលទី៣ កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។ ព្រឹទ្ធសភានីតិកាលទី៤ កើតឡើងដោយការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងចំណោមសមាជិក៦២រូប មាន៥៨រូបត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាអសកល ០២រូបជ្រើសតាំងដោយរដ្ឋសភានិង០២តែងតាំងដោយព្រះមហាក្សត្រ។ 

ព្រឹទ្ធសភាមានចំនួនសមាជិកយ៉ាងច្រើនស្នើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភាទាំងមូល។ សមាជិកព្រឹទ្ធសភាត្រូវចាត់តាំងខ្លះ និងជ្រើសតាំងដោយការបោះឆ្នោតអសកលខ្លះ។ សមាជិកព្រឹទ្ធសភាអាចត្រូវបានចាត់តាំង និងជ្រើសរើសសារជាថ្មីបាន។ នីតិកាលរបស់ព្រឹទ្ធសភាមានកំណត់៦ឆ្នាំ។ ប៉ុន្តែនីតិកាលទី១មានកំណត់ត្រឹម៥ឆ្នាំ។
- សមាជិកព្រឹទ្ធសភាចំនួន២រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
- សមាជិកព្រឹទ្ធសភាចំនួន២រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
- សមាជិកព្រឹទ្ធសភាឯទៀតត្រូវបានជ្រើសតាំងដោយការបោះឆ្នោតអសកល។  អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាគឺជាប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិច៤០ឆ្នាំ មានសញ្ជាតិខ្មែរតាំងពីកំណើត។
- ព្រឹទ្ធសភាមានថវិការស្វ័យតសម្រាប់ដំណើរការ។ សមាជិកព្រឹទ្ធសភាត្រូវទទួលប្រាក់ចំណាច់។ ព្រឹទ្ធសភាប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ។ សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។
 សមាជិកព្រឹទ្ធសភាមានអភ័យឯកសិទ្ធិសភា។ សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងយោបល់ ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ។

 

               ២.២.- មុខងារនីតិកម្ម

         ពិនិត្យឱ្យយោបល់​លើអត្ថបទ​ច្បាប់​ដែល​អនុ​ម័ត​ដោយរដ្ឋ​សភា និងផ្តួចផ្តើម​ធ្វើសេចក្តី​ស្នើច្បាប់។ តួនាទី​សំខាន់​របស់ព្រឹទ្ធសភា​គឺការពិនិត្យ​ឡើងវិញ​រាល់អត្ថបទ​ច្បាប់​ទាំង​ឡាយ​ដែលរដ្ឋសភា​បានអនុម័ត​រួចហើយ។ រដ្ឋសភា​មិនអាច​បញ្ជូនច្បាប់​ដែលខ្លួន​បានអនុម័ត​រួចហើយឱ្យព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើប្រាសជាផ្លូវការ​មុនពេលដាក់ឆ្លង​ឱ្យ​ព្រឹទ្ធសភាពិនិត្យបានឡើយ។​រដ្ឋធម្មនុញ្ញ​មិនបានផ្តល់​ឱ្យ​ព្រឹទ្ធ​សភា​នូវអំណាច​អនុម័ត​ច្បាប់​ ឬ​អំណាច​ជំទាស់​អត្ថបទ​ច្បាប់ឡើយ ​ប៉ុន្តែ​ផ្តល់នូវ​តួនាទី​ប្រឹក្សា ឬ​អំណាច​ធ្វើអនុសាសន៍ដែល​រដ្ឋ​សភា​បានអនុម័ត។ ទោះបី​ជាព្រឹទ្ធសភា​អាច​ធ្វើការបដិសេធ​ ឬ​ស្នើធ្វើវិសោធនកម្មទៅលើអត្ថបទ​ច្បាប់​ ព្រឹទ្ធសភា​ពុំមាន​អំណាច​ចាប់​បង្ខំ​ឱ្យរដ្ឋសភា​ទួល​យកអនុសាសន៍​របស់ខ្លួន      ឡើយ។

ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់​ក្នុង   រយៈ​ពេលមួយខែ​យ៉ាង​យូរ​លើសេចក្តី​ព្រាងច្បាប់​ ឬ​សេចក្តី​ស្នើច្បាប់​ដែល​រដ្ឋ​សភា​បាន    អនុម័ត​យល់ព្រម​លើកដំបូងរួច​ហើយ ព្រមទាំង ​លើក​បញ្ហា​ទាំងពួង​ដែល​រដ្ឋសភា​បានដាក់​ឱ្យ​ពិនិត្យ។

               ២.២.- មុខងារ​ត្រួតពិនិត្យ

         ព្រឹទ្ធសភា​អាចតាមដាន​ត្រួតពិនិត្យ​ការងារ និងការអនុវត្ត​គោលនយោបាយ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ត្រួត​ពិនិត្យ​​ការប្រើប្រាស់​ថវិកា​ជាតិ​របស់រាជរដ្ឋាភិបាល។

-  ត្រួតពិនិត្យ​ការអនុវត្តច្បាប់  ព្រឹទ្ធសភាមានតួនាទីសំខាន់​ក្នុងការតាមដានដំណើរការងារ​របស់ស្ថាប័នរដ្ឋ និងត្រួតពិនិត្យយ៉ាងទៀតទាត់​អំពីការអនុវត្តច្បាប់​របស់ស្ថាប័ននីតិប្រតិបត្តិ។

-  ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី និងផែនការរបស់រដ្ឋាភិបាល  ព្រឹទ្ធសភាក៏ដើរតួនាទី​សំខាន់ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី និងផែនការរបស់រាជរដ្ឋាភិបាល​លើការងារ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ ការងារ​កែទម្រង់​រដ្ឋ ការងារ​កាត់បន្ថយ​ភាពក្រីក្រ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច។ 

                        ២.២.- មុខងារជាតំណាង

       -តំណាងសមូហភាពដែនដី(ក្រុមប្រឹក្សាឃុំ​-សង្កាត់)

         ព្រឹទ្ធសភា​តំណាង​​ភូមិភាគ​ និងសមូហភាព​ដែនដី​ (ក្រុមប្រឹក្សាឃុំ-សង្កាត់)។ មាត្រា៩ និងមាត្រា១១នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​បានបង្ហាញ​ច្បាស់​អំពីអត្តសញ្ញាណ​របស់សមាជិកព្រឹទ្ធសភា។

         សមាជិកព្រឹទ្ធសភា​ត្រូវចុះសួរសុខទុក្ខ ជួយដោះស្រាយបញ្ហា​ សំណូមពរ​ របស់ប្រជាពលរដ្ឋ​តាមមណ្ឌលរៀងខ្លួន ឬតាមរាជធានី ​ខេត្ត​ទាំងឡាយ​ទូទាំងប្រទេស​ឱ្យអស់លទ្ធភាព​និងត្រូវ​ទាក់ទង​ជា​មួយ​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។

       -តំណាងស្ថាប័ន​ជាតិ

         សមាជិក០២រូបតែងតាំងដោយព្រះមហាក្សត្រ​ និង ០២រូបទៀត​ជ្រើសតាំង​ដោយរដ្ឋសភា​។ ព្រឹទ្ធសភា​ក៏តំណាងព្រះមហាក្សត្រ និងរដ្ឋសភា ហើយ​ក៏​ជាអ្នកសម្របសម្រួល​ការងារ​រដ្ឋ​សភា និងរាជរដ្ឋាភិបាល។ ​មាត្រា១១២ បញ្ជាក់ថា ព្រឹទ្ធសភា​មានភារកិច្ច​សម្របសម្រួល​ការងាររវាង​រដ្ឋសភា និងរាជរដ្ឋាភិបាល​។

គណៈកម្មាធិការអចិន្រ្ដៃយ៍នៃព្រឹទ្ធសភា ត្រូវបានបង្កើតឡើង ដើម្បីធានាដំណើរការព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំ និងសម្រេចពីរបៀបវេរៈប្រជុំពេញអង្គ និងកិច្ចការធំៗរបស់ព្រឹទ្ធសភា។
 សមាសភាពគណៈកម្មាធិការអចិន្រ្ដៃយ៍មានដូចតទៅ៖
- ប្រធានព្រឹទ្ធសភា
- អនុប្រធានទាំងពីរ
- ប្រធានគណៈកម្មការនានានៃព្រឹទ្ធសភា។
ព្រឹទ្ធសភាបង្កើតគណៈកម្មការជំនាញនានាចំនួន១០ ដើម្បីទទួលពិនិត្យសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានានិងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួនក្នុងការត្រួតមើលកិច្ចការរបស់រាជរដ្ឋាភិបាល។
សមាសភាពនៃគណៈកម្មការជំនាញនីមួយៗមានចំនួន៧រូបយ៉ាងតិច។
 គណៈកម្មការជំនាញទាំង១០នោះគឺ៖
- គណៈកម្មការការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា
- គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
- គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
- គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
- គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
- គណៈកម្មការនីតិកម្ម និងយុត្ដិធម៌
- គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
- គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
- គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់
- គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៩ដល់បច្ចុប្បន្ន
នីតិកាលទី១(១៩៩៩-២០០៦)
ព្រឹទ្ធសភានីតិកាលទី១កើតឡើងដោយការតែងតាំងទាំងអស់។ ព្រឹទ្ធសភានីតិកាលទី១ មានសមាជិកចំនួន ៦១រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន ៣១រូប គណបក្សហ៊្វុនស៊ិនប៉ិច ២១រូប គណបក្សសម រង្ស៊ី ៧រូប និង០២រូបទៀតចាត់តាំងដោយព្រះមហាក្សត្រ សម្រាប់រយៈពេល៥ឆ្នាំ ។ ព្រឹទ្ធសភានីតិកាលទី១ បានបន្តនីតិកាលរបស់ខ្លួនចំនួន ២ដង (ម្តង១ឆ្នាំ)។ 
នីតិកាលទី២(២០០៦-២០១២)
ព្រឹទ្ធសភានីតិកាលទី២កើតចេញពីការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ សម្រាប់រយៈពេល៦ឆ្នាំ។ នៅក្នុងនីតិកាលទី២នេះ សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូចនីតិកាលទី១ដែរក្នុងនោះ ៤៥រូបមកពីគណបក្សប្រជាជនកម្ពុជា១០រូបមកពី    គណបក្សហ្វ៊ុនស៊ិនប៉ិច ០២រូបមកពីគណបក្សសម រង្ស៊ី ២រូបចាត់តាំងដោយព្រះមហាក្សត្រនិង០២រូបទៀតជ្រើសតាំងដោយរដ្ឋសភា។ 
នីតិកាលទី៣(២០១២-២០១៨)
ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្ដទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។សម្រាប់នីតិកាលទី៣នេះ ចំនួនសមាជិកព្រឹទ្ធសភាមាន៦១រូប ដូចនីតិកាលទី១ និងនីតិកាលទី២ដែរ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា៤៦រូប សម រង្ស៊ី១១រូប ២រូបចាត់តាំងដោយព្រះមហាក្សត្រ និងជ្រើសតាំងដោយរដ្ឋសភា២រូប។
នីតិកាលទី៤(២០១៨-២០២៤)
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ បានប្រព្រឹត្ដទៅនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ សម្រាប់នីតិកាលទី៤នេះ ចំនួនសមាជិកព្រឹទ្ធសភាមាន៦២រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន៥៨រូប  តែងតាំងដោយព្រះមហាក្សត្រ២រូប និងជ្រើសតាំងដោយរដ្ឋសភា២រូប។

១. ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧
២.រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិឆ្នាំ២០០៤
៣.ឯកសារពី គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត(គ.ជ.ប.)