ដោយ លោក ហេង សុភី

មន្រ្តីវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

កូវីត១៩ ជំងឺរាតត្បាតសាកលបាននឹងកំពុងរីករាលដាលលើ២១០ប្រទេសនិងដែនដី។ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះមានអ្នកឆ្លង ៣,៩៣០,៤៨៥នាក់ អ្នកស្លាប់ចំនួន ២៧០,៨៧៩នាក់ នឹងអ្នកព្យាបាលជាចំនួន ១,៣៤៧,៩៧០នាក់ ។  វាជាពេលវេលាដែលមិនប្រាកដប្រជា ហើយបញ្ហាប្រឈមនាពេលនេះគឺយើងមិនអាចដឹង ពីជំរៅនិងរយៈពេលនៃវិបត្តិនេះនៅឡើយទេ ដូច្នេះទំហំនៃភាពស្មុគស្មាញនៃវិបត្តិនេះក៏នៅមិនទាន់ ប្រាកដប្រជា ដូចគ្នា។ កាន់តែអាក្រក់ជាងនេះទៅទៀតផលប៉ះពាល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះកាន់តែអាក្រក់ទៅៗ។
  ក្នុងរបាយការណ៍ររបស់មូលនិធិរូបិយវត្ថុពិភពលោក ដែលចេញផ្សាយនៅថ្ងៃទី១៦ខែមេសាបាន អោយដឹងថាសេដ្ឋកិច្ចអាស៊ីទំនងជាមិនមានកំណើនឡើយនៅឆ្នាំ២០២០នេះ។ លោកChangyong Rhee ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិបានថ្លែងថា អ្នកធ្វើគោលនយោបាយគួរកំណត់ គោលដៅគាំទ្រដល់ក្រុមហ៊ុននិងក្រុមគ្រួសារទាំងឡាយណាដែលរងគ្រោះខ្លាំងដោយបម្រាមធ្វើដំណើរ គោល នយោបាយគម្លាតសុវត្ថិភាព និងវិធានការទាំងឡាយណាដែលរាំងខ្ទប់ការឆ្លងរបស់ជំងឺ COVID-19។  លោកបន្ថែម ទៀតថា៖«សេដ្ឋកិច្ចពិភពលោកនៅពេលនេះមានបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏នឹងមិនចៀសផុតដែរ។ ផលប៉ះពាល់នៃជំងឺCOVID-19 នឹងមានលក្ខណៈធ្ងន់ធ្ងរប៉ះពាល់ដល់មនុស្ស គ្រប់រូប និងមិនដែលធ្លាប់មានពីមុនមក»។ 
បើទោះបីជាសេដ្ឋកិច្ចអាស៊ីទទួលផលប៉ះពាល់តិចជាងតំបន់ដ៏ទៃមែន តែការព្យាករណ៍នេះមានសភាព ធ្ងន់ធ្ងរជាងពេលមុន ជាក់ស្តែងបើធៀបទៅនឹងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក សេដ្ឋកិច្ចអាស៊ីមាន កំណើន៤,៧ភាគរយ និងក្នុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងឆ្នាំ១៩៩០ សេដ្ឋកិច្ចអាស៊ីមានកំណើន១,៣ ភាគរយ។
ទោះជាយ៉ាងណាក្តីមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករថា នៅឆ្នាំក្រោយកំណើនសេដ្ឋកិច្ចនៅអាស៊ីអាច នឹងកើនឡើង៧,៦ភាគរយវិញ ដោយរំពឹងថាគោលនយោបាយទប់ស្កាត់ការឆ្លងជំងឺទទួលបានជោគជ័យ ប៉ុន្តែបន្ថែមថាការព្យាករណ៍នេះមានភាពមិនប្រាកដប្រជាខ្ពស់។ ខុសពីវិបត្តិហិរញ្ញវត្ថុសកលនៅឆ្នាំ២០០៨ ដែល បណ្តាលមកពីការរលំរបស់បណ្តាញហិរញ្ញវត្ថុសកល Lehman Brothers ជំងឺរាតត្បាតនេះប៉ះពាល់ដោយផ្ទាល់ ដល់វិស័យសេវាកម្ម ដោយបង្ខំឲ្យមនុស្សនៅផ្ទះនិងបិទអាជីវកម្ម ។
តាមរបាយការណ៍ពីអង្គការទេសចរណ៍ពិភពលោកបានអោយដឹងថានាកំឡុងឆ្នាំ២០២០ នេះភ្ញៀវទេសចរ ទូទាំងពិភពលោកនឹងមានការធ្លាក់ចុះ ពី២០% ទៅ៣០% ពោលគឺថ្លាក់ចុះពីកំណើនដែលបានប៉ាន់ស្មាន ពី៣% ទៅ៤% នាដើមខែមករាឆ្នាំ២០២០។ នេះអាចបណ្តាលឱ្យខាតបង់ពី ៣០ ទៅ ៥០ ពាន់លានដុល្លារអាមេរិក ក្នុងការ ចំណាយរបស់ភ្ញៀវទេសចរអន្តរជាតិ  ។ បើធៀបនឹងផលប៉ះពាល់នៃការវាយប្រហារអាគារពណិជ្ជកម្មសហរដ្ឋ អាមេរិកក្នុងឆ្នាំ២០០១ ការផ្ទុះឡើងនៃជំងឺសារកាលពីឆ្នាំ២០០៣ និងវិបត្តិសេដ្ឋកិច្ចសាកលឆ្នាំ២០០៩ វិបត្តិ លើកនេះគឺធំជាង ព្រមទាំងមិនទាន់អាចប៉ាន់ស្មាននៅពេលណាដែលនឹងត្រូវបញ្ចប់។
កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា៧ភាគរយនៅឆ្នាំ ២០១៨ និង ២០១៩ ប៉ុន្តែចាប់តាំងពីការ រាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសចិនកាលពីដើមខែឆ្នូ ឆ្នាំ២០១៩ និងបានរាលដាលនៅជុំវិញពិភពលោក បាន បង្កឲ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងស្ទើរគ្រប់វិស័យ ដោយរួមទាំងសេដ្ឋកិច្ចកម្ពុជាក៏រងផលប៉ះពាល់ដែរ ។
« តាមការព្យាកររបស់យើង អត្រាកំណើន GDP កម្ពុជានឹងធ្លាក់ចុះដល់ ១,៥ ភាគរយក្នុងឆ្នាំ ២០២០» ។ នេះបើតាមលោក Changyong Rhee ប្រធាននាយកដ្ឋានអាស៊ី - ប៉ាស៊ីហ្វិក របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបន្ថែមថាកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ២០២០ នឹងមិនមានកំណើនជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ ចុងក្រោយ ។  ការរងគ្រោះមិនធ្លាប់មានពីមុនមកនេះបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់វិស័យ សេវាកម្ម និងការនាំចេញទៅកាន់ទីផ្សារចម្បងៗ  ។
វិធានការមួយចំនួនដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ មានដូចជាការបិតសាលារៀន ក្លឹបកំសាន្ត ឌីស្តូថេក ការ៉ាអូខេ ក្លឹបហាត់ប្រាណ និងការជួបជុំសាសនាជាដើម។ រដ្ឋាភិបាលក៏បានហាមទិដ្ឋាការពីបណ្តាប្រទេសមួយចំនួនក្នុងការចូលមកប្រទេសកម្ពុជា ក្នុងនោះរួមមាន បារាំង អាល្លឺម៉ង អ៊ឺរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ក្នុងន័យតែមួយគត់គឺទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីត១៩ចូលក្នុងសហគមន៍។ វិធានការនេះត្រូវបានសាទរពីមហាជននឹងប្រជាពលរដ្ឋទូទៅ។ ជាលទ្ធផលនៅ កម្ពុជាមានករណីឆ្លងតែ១២២នាក់ប៉ុណ្ណោះ ព្យាបាលជាមានចំនួន១២០នាក់ និងមិនមានអ្នកស្លាប់ទេ។ អាត្រានេះ បានធ្វើអោយកម្ពុជាមានការព្យាបាលជាច្រើនជាងគេ បើធៀបក្នុងប្រទេសដែលជាសមាជិកសហគមន៍អាស៊ាន។
តាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអោយដឹងថា តួលេខនៅខែកុម្ភៈអ្នក ដំណើរតាមជើងយន្តហោះថយចុះ២០ភាគរយ នៅខែមីនាថយចុះជាង៥០ភាគរយ ហើយឈានចូលដល់ខែ មេសានេះថយចុះយ៉ាងគំហុក រហូតដល់ទៅ៩០ភាគរយ។ នៅសល់ ៨ទៅ៩ភាគរយនៃដំណើរមកដល់ពេលនេះ ភាគច្រើនគឺមកពីកូរ៉េ ជប៉ុន និងចិន។ ក្រុមហ៊ុនហោះហើរបរទេសនៅកម្ពុជាទាំងអស់ចំនួន៣៩ក្រុមហ៊ុន ភាគច្រើន គឺបានផ្អាកការហោះហើរ នៅសល់តែចន្លោះ៨ ទៅ១០ភាគរយតែប៉ុណ្ណោះដែលនៅបន្តការហោះហើរ។ មិនមែនតែ កម្ពុជាទេគឺពិភពលោកទាំងមូលតែម្តង ដែលរងផលប៉ះពាល់លើការបាត់បង់អ្នកធ្វើដំណើរតាមជើងហោះហើរ ដោយ សារកូវីដ១៩។ មានមូលហេតុធំ២យ៉ាងក្នុងបញ្ហានេះគឺ ទី១អ្នកដំណើរមិនហ៊ានធ្វើដំណើរដោយខ្លួនឯង ទី២ ប្រទេសខ្លះបានបិតប្រទេសរបស់ខ្លួនមិនឱ្យមានការធ្វើដំណើរចេញចូល ។
តាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជានា៣ខែដើមឆ្នាំ២០២០ បានអោយដឹងថាភ្ញៀវទេសចរដែលបាន ចូលមកប្រទេសកម្ពុជា១,១៥៥,២២៦នាក់ ថយចុះ-៣៨.១%បើធៀបនឹង៣ខែដើមឆ្នាំ ២០១៩។ ភ្ញៀវទេសចរ អន្តរជាតិចូលតាមផ្លូវអាកាសមានចំនួន ៦៦៣,៦៤១ នាក់ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ -៤៨.៩% បើធៀបនឹង៣ខែដើមឆ្នាំ២០១៩ មានចំនួន១,២៩៩,១២២នាក់។ ភ្ញៀវទេសចរអន្តរជាតិចូលតាមផ្លូវគោកនឹង ផ្លូវទឹកក្នុងកំឡុង៣ខែដើមឆ្នាំ២០២០ មានចំនួន៤៩១,៥៨៥នាក់ ធ្លាក់ចុះ -១៥.១% បើធៀបនឹង៣ខែដើមឆ្នាំ ២០១៩ មានចំនួនភ្ញៀវទេសចរ៥៧៨,៧៣១នាក់ ។ ភ្ញៀវទេសចរអន្តរជាតិនឹងបន្តធ្លាក់ចុះទៀតក្នុងកំឡុងខែមេសា និងឧសភាឆ្នាំ២០២០ នេះបើតាមការលើកឡើង ពីមន្រ្តីអាកាសចរស៊ីវិលដែលបានលើកឡើងកន្លងមក។
វិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ទាំងឡាយនៅទូទាំងប្រទេសត្រូវបានផ្អាកដំណើរ ការនិងបិទបញ្ចប់អាជីវកម្មមានចំនួនសរុប២,៨៦៥ទីតាំង ដោយបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន ៤៦,៣៦៩ នាក់ ចំណែកឯមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍មានសរុបចំនួន ៩៦នាក់។
បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី ២៩ ខែមេសាកន្លងទៅនេះបានឱ្យដឹងថា «គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវ បានបិទ (បិទដោយការផ្អាកដំណើរការនិងបិទបញ្ចប់អាជីវកម្ម) នៅទូទាំងប្រទេសមានចំនួនសរុប ២,៨៦៥ ទីតាំងស្មើនឹង ២៩.៥៧% ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន ៩,៦៨៩ទីតាំង (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍) និងប៉ះពាល់ដល់បុគ្គលិកចំនួន ៤៦,៣៦៩ នាក់ ស្មើនឹង ៤២.៦% ធៀបនឹងបុគ្គលិកសរុប ១០៨,៨៤៧ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន ៩៦ នាក់ ស្មើនឹង ១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍ សរុប ៦,៤១៦ នាក់»។
* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២៨២ សណ្ឋាគារ (១៥,៤៨៨ បន្ទប់) ស្មើនឹង ២៧% ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន ១,០៤៤ ទីតាំង (៤៨,៧៩១ បន្ទប់) និងប៉ះពាល់បុគ្គលិក ១៦,២០៣នាក់ ស្មើនឹង ៤១% ធៀបនឹងបុគ្គលិកសរុប ៣៩,១៥១ នាក់។
* ចំពោះផ្ទះភ្ញៀវ (ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤០៥ ទីតាំង (៥,៦៤៤ បន្ទប់) ស្មើនឹង ១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន ២,៦៤៣ ទីតាំង (៣៤,៩៥៧ បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧ នាក់ ស្មើនឹង ១៩.៥% ធៀបនឹងបុគ្គលិកសរុប ១០,៦៦៩ នាក់។
* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៣៧១ ទីតាំង (១៧,០២៧ កៅអី) ស្មើនឹង ១០.៨% ធៀបនឹងចំនួន ភោជនីយដ្ឋានសរុបដែលមាន ៣,៤១៥ ទីតាំង (១៦៧,៦៣៨ កៅអី) ប៉ះពាល់បុគ្គលិក ៣,២០១ នាក់ ស្មើនឹង ១១.១១% ធៀបនឹងបុគ្គលិកសរុប ២៨,៧៣៨ នាក់។
* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤៧ទីតាំងស្មើនឹង ៦.៤៧% ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប ៧២៦ទីតាំង ប៉ះពាល់បុគ្គលិក ២០៨ នាក់ ស្មើនឹង៦% ធៀបនឹងបុគ្គលិកសរុប ៣,៤៤៤ នាក់។
* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន ៩៦ នាក់ ស្មើនឹង ១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់។
* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន) ត្រូវបានបិទអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន ១,១៤៧ទីតាំង ប៉ះពាល់បុគ្គលិកសរុប ១៨,២០៤ នាក់។ ប្រភេទសេវាកម្មខារ៉ាអូខេ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៨៨០ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ១៤,១៦១នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែកត្រូវបានបិទនៅទូទាំងប្រទេស មានចំនួន ២០០ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ៣,០៧៨ នាក់ ប្រភេទសេវាកម្មបៀហ្គាឌិន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៦៧ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ៩៦៥ នាក់។
* ចំពោះសេវាកម្មស្ប៉ា និងម៉ាស្សា ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៥៩០ ទីតាំង (៤,៦៤៤គ្រែ) ស្មើនឹង ៨៨% ធៀបនឹងចំនួន អាជីវកម្មស្ប៉ា និងម៉ាស្សាសរុបដែលមាន ៦៦៨ ទីតាំង (៥,២៩៣ គ្រែ) ប៉ះពាល់បុគ្គលិក ៥,៩៤៨ នាក់ ស្មើនឹង ៩៥% ធៀបនឹងបុគ្គលិកសរុប ៦,២៤៧ នាក់។
* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន ២៣ ទីតាំង ស្មើនឹង៥០% ធៀបនឹង ចំនួន អាជីវកម្មកីឡាទេសចរណ៍សរុប ៤៦ ទីតាំង និងប៉ះពាល់បុគ្គលិក ៥១៨ នាក់ ស្មើនឹង ២២% ធៀបនឹងបុគ្គលិកសរុប ២,៣២២ នាក់។
បន្ថែមលើនេះទៀតប្រជាពលរដ្ឋដែលកំពុង មានមុខរបរក្នុងលក្ខណៈជាសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា អ្នករត់ ម៉ូតូកង់បី នឹងអ្នកលក់ដូរកំបិកកំប៉ុក រទេះរុញ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុក៏កំពុងប្រឈម នឹងបញ្ហាថវិកានេះខ្លាំងដែរ។ នៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ពួកគេរកចំណូលបានម្នាក់ក្នុងមួយថ្ងៃជា មធ្យម១ម៉ឺនរៀលប៉ុណ្ណោះ ខណៈលើកមុនចំណូលពួកគាត់ម្នាក់ក្នុង១ថ្ងៃយ៉ាងតិចបំផុតចំនួន៦ម៉ឺនរៀល គឺស្មើ នឹង១៥ដុល្លារ។ ដោយឡែកនៅភ្នំពេញវិញក្នុងមួយថ្ងៃពួកគេរកបានប្រមាណ២០ដុល្លារ តែពេលនេះបានធ្លាក់ មកនៅត្រឹម៣ម៉ឺនរៀលជាមធ្យម ។
ផលប៉ះពាល់ដែលបណ្តាលមកពីកូវីត១៩ មានលក្ខណៈធំធេងទៅលើសេដ្ឋកិច្ចសង្គមជាច្រើនទៀត ដូចជា សាលាត្រូវបានបិត ដោយក្រសួងអប់រំតម្រូវអោយសាលាទាំងនោះបង្រៀនតាមលក្ខណៈបច្ចេកវិទ្យាអនឡាន (E-Learning)។ មាតាបិតាសិស្សមួយចំនួនត្រូវជួបបញ្ហាសេដ្ឋកិច្ចមួយផ្នែក រីឯមួយផ្នែកទៀតត្រូវឆ្លៀតដើម្បី បង្ហាត់បង្ហាញកូនតូចរបស់ខ្លួនក្នុងការរៀនតាមអនឡាននេះ ពួកគេនៅតូចមិនទាន់អាចធ្លាប់ទៅនឹងវិធីបង្រៀន តាមលក្ខណៈបច្ចេកវិទ្យានេះទេ ដែលជាផលលំបាកមួយសម្រាប់មាតាបិតាគ្រប់រូប។ ប្រសិនបើឪពុកម្តាយទាំងនោះ មានចំណេះសមល្មមដើម្បីបង្ហាត់បង្ហាញកូនទាំងនោះមិនថ្វីទេ ប៉ុន្តែបើពួកគាត់ពុំសូវយល់ពីការប្រើប្រាស់ បច្ចេកវិទ្យា នោះនឹងជួបការលំបាកកាន់តែខ្លាំងឡើងថែមទៀត។
ក្នុងកាលៈទេសៈដ៏លំបាកនេះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ ការរីករាល ដាលនៃជំងឺកូវីត១៩នេះ ។ ជំហានដំបូងគឺការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍។ បន្ទាប់មក គឺការគិតគូរដោះស្រាយពីផលប៉ះពាល់ផ្សេងៗមកលើសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់បម្រុងជួយគាំពារសង្គម និងសន្តិសុខស្បៀងក្នុងអំឡុងពេលវិបត្តិកូវីត ១៩។ ក្រសួងសេដ្ឋកិច្ចបានបញ្ចេញ “កញ្ចប់ជំនួយសហគ្រិនខ្មែរ” ជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី។ រាជរដ្ឋាភិបាលបានបង្កើតឲ្យមានជាធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ដើម្បីសម្រាប់ផ្តល់ប្រាក់កម្ចីដល់ម្ចាស់សហគ្រាសធនតូចនិងមធ្យម ដែលមានអត្រាការទាប ផ្តល់ជូនដល់ អ្នកវិនិយោគលើវិស័យ SMEs ត្រឹមតែ៧ភាគរយក្នុង១ឆ្នាំ ខណៈដែលមានដើមទុនដំបូងរបស់ខ្លួនរបស់ធនាគារ នេះចំនួន១០០លានដុល្លារ។ រហូតមកដល់ពេលនេះមានសេចក្ដីរាយការណ៍ថា មានធនាគារចំនួន៣៣ទៀតបាន បរិច្ចាគជួយដល់ធនាគារSMEs ដូច្នេះធនាគារSMEs មានទុនចូលដល់១៥០លានដុល្លារ ដែលផ្ដល់ឲ្យកម្ចី ក្នុងអត្រា ការប្រាក់៧ភាគរយ»។ ចំពោះឥណទាននេះផ្ដល់ឱកាសឲ្យម្ចាស់សហគ្រាសធុនតូចនិងមធ្យម ទទួលឥណទាន ទុនបង្វិល២០ម៉ឺនដុល្លារ ហើយចំពោះការវិនិយោគទៅលើគ្រឿងម៉ាស៊ីន បានរហូតដល់៣០ម៉ឺនដុល្លារ ក្នុងមួយ ក្រុមហ៊ុន ។ រាជរដ្ឋាភិបាលក៏បានគិតគូរទៅដល់អ្នកដែលធ្វើការក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធផងដែរតាមរយៈមូលនិធិ ជួយសង្គមទៅលើពលរដ្ឋដែលមានបណ្ណ័ក្រីក្រ និងជនដែលងាយរងគ្រោះ។
រីឯវិស័យទេសចរណ៍រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការជាអទិភាពជាបន្តបន្ទាប់ ដើម្បីសម្រាលការ លំបាកនិងជួយដល់វិស័ឯកជន កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ១៩ ម្ចាស់ អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ដែលបានព្យួរ ឬនឹងត្រូវ ព្យួរដាក់ពាក្យស្នើសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់រយៈ ពេលពីរខែពីរាជរដ្ឋាភិបាល ដោយមិនភ្ជាប់លក្ខខណ្ឌតម្រូវឱ្យកម្មករ និយោជិតចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) រយៈពេលខ្លីដែលមានក្នុងវិធានការអន្តរាគមន៍ជុំទី១និងជុំទី២នោះទេ។ ចំពោះមុខអនុវត្តតែ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត និងចំពោះតែអាជីវកម្មដែលបាន ដាក់ពាក្យព្យួរកិច្ចសន្យាការងារស្របតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែប៉ុណ្ណោះ។
ស្របពេលនឹងស្ថានភាពនៅទំនេររបស់កម្មករនិយោជិត និងដើម្បីប្រែក្លាយស្ថានភាពប្រឈមបច្ចុប្បន្នជាឱកាស ក្នុងការពង្រឹងនិងអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍និងសិស្សនិស្សិត ក្រសួងទេសចរណ៍បាននិងកំពុងជំរុញ រៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ សម្រាប់អ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់សិស្សនិស្សិតដែលសិក្សានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍និង បដិសណ្ឋារកិច្ចនិងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាចសិក្សាបាននៅគ្រប់ទីកន្លែងនិងគ្រប់ ពេលវេលាបាន។
 ក្នុងស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃវិរុស កូវីដ-១៩ ធនាគារជាតិ នៃកម្ពុជាស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជនដើម្បីជួយសម្រាល បន្ទុករបស់ពួកគាត់ ជាពិសេសបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាក ពិន័យផ្សេងៗ ចំពោះអតិថិជនរបស់ខ្លួនចាប់ពីថ្ងៃចេញលិខិតតទៅ រហូតដល់ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
 ទោះបីជាមានការយកទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការទប់ទល់និងវិបត្តិផ្សេងៗកើតឡើងដោយជំងឺកូវីត ១៩យ៉ាងនេះក្តី ក៏ក្រុមហ៊ុនធុរកិច្ចជាច្រើនកំពុងប្រឈមមុខនឹងការជិតដួលរលំទាំងស្រុងបន្ទាប់ពីពួកគាត់បាន ព្យាយាមបន្តដំណើរការអជីវកម្មចាប់តាំងពីមានការធ្លាក់ចុះប្រាក់ចំណូលយ៉ាងធំធេង ចាប់តាំងពីដើមឆ្នាំ២០២០ កន្លងទៅ នេះបានតាមលិខិតរបស់ក្រុមហ៊ុនធុរិកិច្ចផ្ញើជូនទៅប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលពី ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០។ លិខិតនេះបន្តទៀតថាទោះបីជារាជរដ្ឋាភិបាល និងធនាគារជាតិកម្ពុជាបានជំរិញឱ្យម្ចាស់ជួល អចលនទ្រព្យ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់ការគាំទ្រ និងភាពបត់បែនកាន់តែច្រើនដល់ផ្នែកឯកជនយ៉ាងណាក្តី ប៉ុន្តែ ម្ចាស់ជួលអចលនទ្រព្យ និងស្ថាប័នទាំងនោះភាគច្រើនបដិសេធមិនអនុវត្តតាមការអំពាវនាវនេះឡើយដោយសារតែ ការរំពឹងទុកមានលក្ខណៈមិនស្របតាមភាពជាក់ស្តែង។ ជាសំណូមពរក្រុមហ៊ុនធុរកិច្ចទាំងនោះបានស្នើដល់រាជ រដ្ឋាភិបាលមេត្តាផ្តល់មូលនិធិចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធានាឥណទានអនុគ្រោះដើម្បីទប់ទល់នឹង ហានិភ័យនេះ ។ វិធានការពិសេសទាំងនេះ (ឥណទានដែលធានាដោយរាជរដ្ឋាភិបាល និងការលើកលែងសារពើរ ពន្ធ) គឺជាមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់យើងដែលកំពុងតែលិចលង់តាមរយៈកិច្ចខិតខំប្រឹង ប្រែងរួមរបស់ភាគីពាក់ព័ន្ធទាំងអស់៖ រាជរដ្ឋាភិបាលត្រូវជួយតាមរយៈការផ្តល់ការធានាចាំបាច់សម្រាប់ឥណទាន និងលើកលែងចោលនូវចំណូលសារពើពន្ធ វិស័យឯកជនត្រូវជួយតាមរយៈការធ្វើកិច្ចសន្យាបំណុល និងប្តេជ្ញារក្សា ចំនួនបុគ្កលិករបស់ខ្លួន បុគ្គលិកត្រូវជួយតាមរយៈការធ្វើការងារមិនពេញម៉ោង។
 សរុបសេចក្តីមកផលប៉ះពាល់ដែលកើតឡើងដោយវិបត្តិជំងឺកូវីត១៩ ពិតជាបានធ្វើអោយប៉ះពាល់ដល់ សេដ្ឋកិច្ចសង្គម ទេសចរណ៍និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពុំទាន់អាចប៉ាន់ស្មានថាពេលណា ដែល ត្រូវបញ្ចប់។ កិច្ចខំប្រឹងប្រែងចំពោះមុខរបស់រាជរដ្ឋាភិបាលគឺការរក្សាបាននូវសេចក្តីសុខ សុវត្ថិភាពសុខភាពទប់ ស្កាត់ការរីករាលដាលនៃកូវីដ១៩ទៅក្នុងសហគមន៍។ ជំហានជាបន្តបន្ទាប់គឺត្រូវប្រត្តិបត្តិអោយបានខ្ជាប់ខ្ជួននូវ វិធានការផ្សេងៗដែលបានចេញដោយអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាដូចជា ការលាងដៃអោយបានញឹកញាប់ខ្ជាប់ខ្ជួន ការរក្សាគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាសនៅពេលដែល ទៅកន្លែងដែលមានមនុស្សច្រើន និងវិធានការចាំបាច់មួយចំនួនផ្សេងទៀត។ មិនថាវិស័យទេសចរណ៍ ពិភពលោកឬកម្ពុជាក្នុងដំណាក់កាលនេះ គឺឆ្លងកាត់នៅភាពលំបាកទាំងអស់គ្នា។ ដើម្បីចូលរួមទប់ស្កាត់និង ដោះស្រាយបញ្ហាប្រឈមទាំងនេះក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែង បង្កើតនូវ ស្តង់ដាថ្មីៗបន្ថែមទៀត ដូចជាស្តង់ដារមណីយដ្ឋាន ស្តង់ដាភោជនីយដ្ឋាន ស្តង់ដាកន្លែងស្នាក់នៅ និងស្តង់ដាធនធានមនុស្សដែលបម្រើក្នុងវិស័យទេសចរណ៍ ដែលត្រៀមនឹងបញ្ចប់នៅកំឡុងចុងខែឧសភាខាងមុខ នេះ។ បន្ថែមទៀតក្រសួងក៏បានត្រៀមបង្កើតកម្មវិធីសិក្សាបង្រៀនជាលក្ខណៈអនឡាញ ដើម្បីពង្រឹងសមត្ថភាព ធនធានមនុស្សដែលកំពុងបម្រើក្នុងវិស័យទេសចរណ៍អោយកាន់តែមានសមត្ថភាពប្រសើរជាងមុន ដើម្បីត្រៀម ទទួលការត្រឡប់មកវិញនៃភ្ញៀវទេសចរគ្រប់ជាតិសាសន៍បន្ទាប់ពីវិបត្តិកូវីដ១៩។ ការពង្រឹងបន្ថែមទៅលើហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗដូចជា ភាពស្អាតនៃផ្លូវធ្វើដំណើរ ភាពស្អាតនៃចំណីអាហារ ភាពស្អាតកន្លែងស្នាក់នៅ ភាពស្អាត នៃស្នាមញញឹមរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ភាពស្អាតនៃតម្លៃសេវាកម្មផ្សេងៗ និងភាពស្អាតនៃតំបន់ រមណីយដ្ឋានទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដែលទាំងនេះកើតឡើងពីស្ថាបន័រដ្ឋ ឯកជន សហគមន៍ ព្រមទាំងប្រជាពលរដ្ឋទូទៅត្រូវតែចូលរួមទាំងអស់គ្នា ព្រមទាំងមានផែនការច្បាស់លាស់។ ក្រសួងទេសចរណ៍ គួរតែត្រៀម កញ្ចប់ថវិកាដើម្បីត្រៀមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកនៅពេលដែលវិបត្តិ កូវីដ១៩បានបញ្ចប់។ ប្រសិនបើស្ថានភាពវិបត្តិនេះនៅបន្តរយៈពេលយូរទៀត ក្រសួងទេសចរណ៍កម្ពុជា គួរតែស្នើទៅ អង្គការទេសចរណ៍ពិភពលោកដើម្បីរកចំនុចរួមមួយក្នុងការ សម្រាលនិងស្រោចស្រង់ដល់វិស័យនេះ ដូចជាការចេញបណ្ណ័ធ្វើដំណើរដល់ពលរដ្ឋណា ដែលគ្មានជំងឺកូវីដ១៩អាចធ្វើដំណើរទូទាំងពិភពលោកបាន។ វិបត្តិកូវីដ១៩នេះបានផ្តល់ឱកាសដល់វិស័យកសិកម្ម កម្ពុជាអោយមានភាពប្រសើរឡើងជាងមុនដោយរាជ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាដើម្បីជួយទ្រទ្រង់ដល់វិស័យនេះអោយមានដំណើរការកាន់តែប្រសើរ ដើម្បី ផ្គត់ផ្គង់ស្បៀងសម្រាប់ប្រជាពលរដ្ឋអោយបានគ្រប់គ្រាន់ ។ បន្ថែមលើនេះក៏មានវិធានការផ្សេងៗ ក្នុងការទប់ ស្កាត់ផលិតផលកសិកម្មដែលនាំចូលពីបណ្តាប្រទេសជិតខាងផងដែរ។ វិស័យកសិកម្មនឹងកាន់តែខ្លាំងជាងមុន នៅពេលដែលវិបត្តិកូវីដត្រូវបានបញ្ចប់ ភាពធ្លុះធ្លាយសេដ្ឋកិច្ចដែលកើតឡើងពីការនាំចូលផលិតផលកសិកម្ម ផ្សេងៗសម្រាប់បម្រើដល់វិស័យទេសចរណ៍និងកាត់បន្ថយ។ បទពិសោធន៍មួយទៀតដែលបង្រៀនប្រជាពលរដ្ឋ កម្ពុជានាកំឡុងពេលនៃវិបត្តិកូវីដ១៩នេះ គឺការជម្រុញអោយពលរដ្ឋគ្រប់រូបដើរអោយទាន់បច្ចេកវិទ្យា៤.០ រាប់ទាំង ការធ្វើការពីចំងាយ ការរៀនអនឡាញ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាចាំបាច់ផ្សេងៗជាច្រើនទៀត។ 

 

១. www.worldometers.info
២. www.thmeythmey.com/ ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
៣. World tourism organization, impact assessment of the COVID-19 outbreak on international tourism, 24 march 2020.
៤. https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
៥.https://thmeythmey.com/ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០
៦. Ministry of tourism, tourism statistics report in March 2020
៧.  http://www.rfi.fr/km ផ្សាយថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០
៨. http://freshnewsasia.com/ផ្សាយថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០
៩. សេចក្តីប្រកាសរបស់ធនាគារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០
១០.លិខិតសមាគមន៍ក្រុមហ៊ុនធុរកិច្ចជាតិ និងអន្តរជាតិផ្ញើជូនប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០