ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម 

ជំនួយការ រាជបណ្ឌិត្យសភាកម្ពុជា

នៅលើពិភពលោកយើងនេះ គេ សង្កេត ឃើញមានភាវៈគួរឱ្យកត់សម្គាល់បួន យ៉ាងគឺ មនុស្ស សត្វ រុក្ខជាតិ និងរ៉ែធម្មជាតិ ហើយក្នុងចំណោមភាវៈទាំងបួននេះទៀត សោត ភាវៈ"មនុស្ស"មាននៅជាប់នឹងខ្លួននូវ របស់ពិសេសម្យ៉ាងដែលភាវៈដទៃទៀតគ្មាន នោះគឺ"វិចារណញ្ញាណ"សម្រាប់គិតពិចារណាទៅលើអ្វីៗទាំងអស់ ដែលបានជួបប្រទះ ក៏ដូចជាទៅលើអំពើប្រព្រឹត្តរបស់ខ្លួន។ ជាងនេះទៅទៀត ក្នុងដំណើរអត្ថិភាពនៅលើភពផែនដីយើងនេះ មនុស្សដើរតួជាអ្នក តាក់តែងច្បាប់សម្រាប់សង្គមផង ហើយក៏ជា កម្មវត្ថុនៃការគិតពិចារណាចំពោះការតាក់ តែងច្បាប់ផង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ក្នុងដំណើរអនុវត្តនូវតួនាទីរបស់ខ្លួនជាកម្មវត្ថុរបស់ច្បាប់ក៏មានប្រភេទមនុស្សខ្លះយល់ បានត្រឹមត្រូវអំពីច្បាប់ លើកតម្កើងច្បាប់ ដាក់ចិត្តដាក់កាយគោរពច្បាប់ និងចាត់ទុក ច្បាប់ធំជាងបុគ្គលខ្លួនឯង។ ម្ល៉ោះហើយ ព្រោះតែឥរិយាបថភ្ញាក់រលឹកបែបនេះ គេក៏ បានសុខស្រួលក្នុងដំណើរ ជីវិតរស់នៅ ជាមួយនឹងសង្គមដែលគេកំពុងតែចូលរួមប្រាស្រ័យ។ ផ្ទុយទៅវិញ ក្នុងដំណើរអត្ថិភាពរបស់មនុស្សដដែល គេក៏សង្កេតឃើញមាន ប្រភេទមនុស្សខ្លះទៀតយល់មិនបានត្រឹមត្រូវ អំពីច្បាប់ មើលស្រាលច្បាប់ មិនបានផ្សារ ភ្ជាប់ខ្លួនជាមួយច្បាប់ ចង់តែប្រព្រឹត្តអ្វីៗ ទៅ តាមទំនើងចិត្តនឹកឃើញធ្វើអ្វីៗផ្ទុយពីការ កំណត់របស់ច្បាប់តំណាងឆន្ទៈរួមរបស់ មនុស្ស ក្នុងសង្គមដែលគេកំពុងរស់នៅ។ ម្ល៉ោះ ហើយ ដោយសារតែអាកប្បកិរិយាភ័ន្តច្រឡំបែបនេះ គេក៏ពុំបានសុខស្រួលឡើយហើយ ព្រមទាំងជួបប្រទះនឹងការដាក់ទណ្ឌកម្ម ត្រឡប់ វិញពីសំណាក់ អាជ្ញាធរទៅតាមកម្រិតនៃ អំពើខុសឆ្គងរបស់គេថែមទៀតផង។
 សំណួរអាចចោទសួរថា តើហេតុអ្វី បានជាមានបាតុភាពជាឥរិយាបថពីរប្រភេទផ្ទុយគ្នាបែបនេះ កើត ឡើងចំពោះ មនុស្ស ក្នុងសង្គម? តើត្រូវធ្វើបែបណាដើម្បីឲ្យ មនុស្សផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនពីឥរិយាបថអវិជ្ជមាន ហើយបែរត្រឡប់ទៅរកឥរិយាបថ បែបវិជ្ជមាន ស្របទៅតាមអ្វីដែលច្បាប់ចង់បាន?
 ទាំងអស់នេះ គឺជាបញ្ហាចោទដ៏ស្មុគស្មាញសម្រាប់យើងទាំងអស់គ្នាដើម្បីសាកល្បងស្វែងរកចម្លើយ ប្រកបដោយសុភនិច្ឆ័យ ហើយរួមគ្នាដោះស្រាយនូវហេតុភេទដែលតែងតែកើតមានឡើងបែបនេះក្នុងឥរិយាបថ រស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ ប៉ុន្តែដើម្បីមានមូលដ្ឋានរឹងមាំ នឹងដោះស្រាយនូវបញ្ហាដូចពោលខាងលើ នេះ យើងគប្បីត្រឡប់មកសិក្សាស្វែងយល់ទាំងអស់គ្នាជាមុន អំពីថា តើអ្វីទៅដែលហៅថាច្បាប់? ច្បាប់មានប្រភពមកពីណា? ច្បាប់មានតួនាទីអ្វីខ្លះចំពោះសង្គម?

 

មាននិយមន័យមួយចំនួនដែលខ្ញុំបានស្រាវជ្រាវឃើញហើយសូមលើកយកមកបញ្ជាក់ជូននៅពេលនេះ ទាក់ទងទៅនឹង​សំណួរ​ដែលលើកឡើងថា តើច្បាប់ជាអ្វី?

            ១.១- និយមន័យច្បាប់តាមរយៈ​វចនានុ​ក្រម

            ក- វចនានុក្រមរបស់សម្ដេចព្រះ​សង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ ដោយ​វិទ្យាស្ថានពុទ្ធសាសន បណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់​ទំព័រ២១៥ បានឲ្យនិយមន័យស្ដីពី "ច្បាប់" បែបនេះថា "ច្បាប់ជាវិន័យ ជា​ក្រិត្យ​ក្រមជា ក្បួនប្រដៅមនុស្សទាំងអស់នៅក្នុង​នគរអនុវត្តតាម ដើម្បីឈានឆ្ពោះទៅរក​អំពើប្រព្រឹត្តល្អត្រឹមត្រូវតាមគន្លង"។

            ខ- ចំពោះវចនានុក្រមអុកស្វត អឺដវ៉ាន់ លើនើយ៍(Oxford Advanced Learner's) បោះពុម្ពឆ្នាំ ២០០៣ ត្រង់ទំព័រ​៣៨៦ បានលើកឡើងជានិយមន័យ​សាមញ្ញ​បែបនេះថា ច្បាប់ជាវិធានផ្លូវការ​របស់​​​​ប្រទេស​មួយឬរដ្ឋមួយលើកឡើង​ពី​អ្វីដែលប្រជាជនត្រូវធ្វើឬមិនត្រូវធ្វើ (Law is an official rule of a country or state that says what people may do or may not do)។

         បើតាមនិយមន័យខាងលើនេះ ច្បាប់​គឺ​ជាវិន័យជាក្រិត្យក្រម ជាក្បួនប្រដៅឬជា​វិធាន​ផ្លូវការរបស់ប្រទេស​នីមួយៗ បង្ហាញ​ប្រាប់ ប្រជាជនពីអ្វីដែលត្រូវធ្វើនិងអ្វីដែល​មិនត្រូវ​ធ្វើ ឈានឆ្ពោះទៅរកអំពើប្រព្រឹត្តល្អអំពើ​ដែលមានផលប្រយោជន៍មានវឌ្ឍនភាព សម្រាប់សង្គម។ ផ្ទុយទៅវិញ អ្វីដែលមិនត្រូវ​ធ្វើ​នោះ គឺជាកាយ​វិការ ដែលឈានឆ្ពោះទៅ​រក​អំពើអាក្រក់ អំពើអសីលធម៌ គ្មានផល​ប្រយោជន៍ និងប៉ះពាល់ដល់​សណ្ដាប់ធ្នាប់​សា​ធារណៈក៏ដូចជារបៀបរៀបរយសង្គម ព្រមទាំងធ្វើឲ្យសង្គមមានឧបសគ្គមិនអាច រីកចម្រើនទៅមុខដោយរលូន​បាន។

 ១.២- និយមន័យច្បាប់តាមរយៈការ​គិតរបស់ទស្សនវិទូនយោបាយ

                     ១.២.១- ទស្សនៈរបស់​ស៊ីសេរ៉ុង ​(១០៦-៤៣មុនគ.ស)

បើតាម​លោកស៊ីសេរ៉ុង(Cicéron) ទស្សនវិទូនយោបាយដ៏ឆ្នើមប្រចាំទីក្រុងរ៉ូមបានលើកឡើង ពីនិយមន័យរបស់​ច្បាប់​យ៉ាងដូច្នេះថា"ច្បាប់​គឺជា​​​ការបែង​ចែករវាងអ្វី​ដែលត្រូវនិងអ្វីដែល​ខុស" (Law is the distinction between thing just and unjust)។ បើតាមនិយមន័យនេះ យើង​អាចចោទ​សួរ​ថា តើអ្វីទៅដែលអាចឱ្យគេបែងចែកបាន​រវាង ត្រូវ"និង"ខុស"?។ បើតាមទស្សនៈ​ផ្ទាល់​របស់លោក អ្វីដែលធ្វើឲ្យមនុស្សបែងចែក​បានរវាងត្រូវនិងខុសគឺ "វិចារណញ្ញាណ"​នោះឯង។ ប៉ុន្តែ​​ទោះជាយ៉ាងនេះក្ដី លោកក៏​នៅតែមិនអស់ចិត្តខ្លាចក្រែងមានការយល់ច្រឡំចំពោះពាក្យ "វិចារណ​​ញ្ញាណ" ពីព្រោះ​វិចារណញ្ញាណរបស់មនុស្ស អាច​មាន​ត្រូវផងនិងខុសផង ពោល​គឺពុំមាន​​លក្ខណៈ​ត្រឹមត្រូវជាសកលនោះឡើយ។ ដូច្នេះហើយបានជាលោកបន្ថែមពាក្យ"ត្រឹមត្រូវ"​ក្នុងនិយមន័យថ្មីមួយ​ទៀតរបស់​លោក​ថា "ច្បាប់គឺជាវិចារណញ្ញាណត្រឹមត្រូវ" (Law is the right reason) បានសេចក្ដីថា ច្បាប់ នោះត្រឹមត្រូវគ្រប់លំហទីឋានភូមិសាស្ត្រ និងគ្រប់កាល​​វេលាទាំងអស់។ ជាចុងក្រោយ លោក​បាន​បញ្ចប់និយមន័យរបស់ច្បាប់ ដោយពិចារណាប្រៀបធៀប​ច្បាប់​ទៅ​​នឹង មនុស្សដែលជាភាវៈ​រស់​តាម​​​និ​យមន័យមួយ​បែបទៀតថា"ច្បាប់គឺជាចៅក្រមដ៏ស្ងៀមស្ងាត់​" (Law is a silent magistrate)។ បើ​តាម​ទស្សនៈ​នេះ ច្បាប់ពឹងពាក់ខ្លួនទាំងស្រុង​ទៅលើចៅ​ក្រម​​ដែលជាមនុស្សមាន​វិញ្ញាណ​ឱ្យ​និយាយ​ជួស​​ខ្លួន ឬនិយាយផ្ទុយមកវិញថា "ចៅក្រម​គឺ​ជា​ច្បាប់ចេះ​និយាយ"(Magistrate is a speaking Law)។ ទស្សនៈចុងក្រោយនេះ សបញ្ជាក់​​ឱ្យ​​ឃើញ​​​ថា បើ​ចៅក្រមដែលជាអ្នកអនុវត្ត​ច្បាប់​មាន​គុណ​សម្បត្តិ​ល្អ ប្រកបដោយក្រម​សីលធម៌វិជ្ជាជីវៈ​ខ្ពស់តំណាង​ឱ្យ​យុត្តិ​ធម៌​ពិតប្រាកដអាចឆ្លុះបញ្ចាំងត្រឡប់​វិញថា​ច្បាប់នោះ​ល្អ។ ផ្ទុយទៅវិញ បើចៅ​ក្រម​ជា​​មនុស្សមិន​ប្រកប​ដោយគុណធម៌ និង​ខ្វះ​សីល​ធម៌វិជ្ជា​ជីវៈ​ជាចៅក្រម ច្បាប់​​​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​​​ថា ជារបស់ឥត​បាន​​ការ​អាក្រក់ជួរជាតិគួរឱ្យស្អប់​ខ្ពើម​និងមិនគួរ​ឲ្យ​គោរព​ទៅវិញ។ ដូច្នេះ​បើតាមទស្សនៈ​ខាង​លើ ច្បាប់​​​មានលក្ខណៈអាក្រក់ឬល្អ អាស្រ័យ​​​ទៅលើចៅក្រមដែលដើរតួនាទីជា​ប្រធា​ន​វិស័យ​ជាអ្នកកំណត់ ដូចដែល លោក​ស៊ី សេរ៉ុង ធ្លាប់​បាន​​រំលឹក​ដាស់តឿនយើង​និង​ទាញអារម្មណ៍យើងឱ្យ​យក​​ចិត្ត​ទុកដាក់​និងប្រុងប្រយ័ត្នខ្ពស់ទៅ​​​លើ​ប្រធាន​វិស័យ​មួយនេះ ដើម្បីកុំឱ្យជះឥទ្ធិពលអាក្រក់ដល់​តម្លៃពិតរបស់ច្បាប់ បង្កបាន​ទៅ​ជាអំពើ ឬសកម្ម​ភាពមិនគោរពច្បាប់របស់មនុស្ស​ភាគច្រើននៅក្នុងសង្គម។ ប៉ុន្តែបើគេគិតមក​សង្គម​​បច្ចុប្បន្ន​ក្នុង​​សត​វត្សរ៍​យើងនេះវិញ ច្បាប់ល្អឬមិនល្អ អាចអាស្រ័យ​បន្ថែមទៀត​ទៅលើនិន្នាការនយោបាយ​នៃ​អ្នក​​​តាក់​តែង​ច្បាប់ក៏ដូចជាអាជ្ញាធរដែលជាអ្នកអនុវត្ត​ច្បាប់។ ផ្សារភ្ជាប់នឹងបែបផែននែការជះ​ឥទ្ធិ​ពល​ទៅលើ​គុណតម្លៃរបស់ច្បាប់តាមរយៈ​ចរិតលក្ខណៈទាំងបីរបស់ច្បាប់លោកសាំងថូម៉ាស់។ អាក្វាយនើស(Saint Thomas Aquinas)មេដឹកនាំសាសនាគ្រឹស្ដក្នុងសតវត្សរ៍ទី១៣ ធ្លាប់​បាន បញ្ជាក់អះអាងរួចមក​ហើយតាមរយៈឃ្លាដ៏មានតម្លៃទាំងបីរបស់លោកយ៉ាងនេះថា "ច្បាប់​ត្រូវ​អនុ​​ម័ត​ទៅ​តាមវិធានមួយចំនួនរបស់វិចារណញ្ញាណ ច្បាប់ត្រូវតែត្រឹមត្រូវនិង​ស៊ីសង្វាក់គ្នាជារួម​ជាមួយ​​​និង​អំពើ ល្អ" ច្បាប់ត្រូវមាន​ធម្មានុ​រូបភាព(Legitimacy) ឬភាពត្រឹមត្រូវតាម​ច្បាប់។

    ជាទូទៅ អ្វីៗទាំងអស់ដែលកើតមកលើលោកយើងនេះ សុទ្ធតែមានប្រភពរបស់វា។ យ៉ាងណាមិញបើ គេពិចារណាមកលើច្បាប់វិញ តើគេឃើញបែបណាដែរ?
    មកដល់ត្រង់ចំណុចនេះ យើងគប្បីរំលឹកទៅដល់ទស្សនៈរបស់ ម៉ុងតេសគីយើ (១៦៨៩-១៧៥៦)។ ទស្សនវិទូនយោបាយរូបនេះ បានអះអាងថា "ភាវៈទាំងអស់ដែលឋិតនៅលើភពផែនដីយើងនេះ សុទ្ធតែមាន ច្បាប់" បានន័យថា អាទិទេពក៏មានច្បាប់ មនុស្សមានបញ្ញា មនុស្សសាមញ្ញធម្មតាក៏មានច្បាប់ សត្វក៏មាន ច្បាប់។ បើនិយាយយោងទៅលើប្រភពវិញ លោកបានបញ្ជាក់បន្ថែមថា ច្បាប់មានប្រភពចេញមកពីមូលហេតុពីរ យ៉ាង គឺកាយមូលហេតុ(Physical cause) និងសីលមូលហេតុ(Moral Cause)។ ចំពោះប្រភពជាកាយមូលហេតុនៅទីនេះ លោកចង់ផ្ដោតជាសំខាន់ទៅលើកត្តាមួយចំនួនរួមមាន: មនុស្ស (សំខាន់គឺចរិតមនុស្ស) ទឹកដី អាកាសធាតុ ទីតាំងភូមិសាស្ត្រ សង្គមបរិយាកាស ប្រវត្តិសាស្ត្រ វប្បធម៌និងជំនាញឯកទេស។ ប្រសិនបើអ្វីទាំង នោះ ខុសគ្នាឬមានស្ថានភាពបែបណា ច្បាប់ក៏មានលក្ខណៈបែបនោះដែរ ដោយហេតុថា មនុស្សជាកម្មវត្ថុ និងជាអ្នកតាក់តែងច្បាប់បានទទួលឥទ្ធិពលពីអ្វីទាំងឡាយនោះហើយដែលអ្វីទាំងអស់នោះស្ថិតក្នុងកាលវេលា និងលំហជាមួយគ្នា។
    រីឯប្រភពជាសីលមូលហេតុវិញ គឺជាប្រភពដែលចេញមកពីមូលហេតុទាក់ទងទៅនឹងស្មារតី ឬព្រលឹង របស់មនុស្សគ្រប់ៗរូប។ ស្មារតីឬព្រលឹងនោះតែងជះឥទ្ធិពលខ្លាំងក្លាទៅលើការបង្កើតច្បាប់នៃប្រទេសនីមួយៗ។ ឧបមាថា បើស្មារតីឬព្រលឹងនោះ ជាស្មារតីឬព្រលឹងប្រកបដោយសុឆន្ទៈរបស់ពួកអភិជនាធិបតេយ្យដែលធ្វើអ្វីៗ តែងតែគិតគូរដល់ផលប្រយោជន៍ជាតិ ច្បាប់ដែលបង្កើតឡើងក៏មានលក្ខណៈបែបនោះដែរ។ ផ្ទុយទៅវិញ បើស្មារតីឬព្រលឹងនោះ ជារបស់ពួកអប្បជនាធិបតេយ្យ ដែលប្រកាន់រឹងមាំទៅលើផលប្រយោជន៍របស់ក្រុម គេមួយក្ដាប់តូចនោះ ច្បាប់ដែលតាក់តែងចេញមក ក៏មានសភាពបែបនោះដែរ។

ទន្ទឹមនឹងការរៀបរាប់ពីប្រភេទច្រើនយ៉ាងរបស់ច្បាប់រួមមាន ច្បាប់ព្រហ្មទណ្ឌ ច្បាប់​រដ្ឋប្បវេណី ច្បាប់ នយោបាយ ច្បាប់​បរិស្ថាន ច្បាប់បញ្ជា ច្បាប់គតិយុត្ត... លោក​បានបង្រួមច្បាប់ទាំងអស់នោះឲ្យរួមចូលគ្នាមក នៅត្រឹមចំណុចដែលថា ច្បាប់មានពីរ​ប្រភេទ​តែប៉ុណ្ណោះគឺ ច្បាប់ពិភពរូបវន្ត និង​ច្បាប់​ពិភពបញ្ញា។ តើច្បាប់ ពិភពទាំងពីរ​នេះ មានន័យដូចម្តេច?

            ៣.១- ច្បាប់ពិភពរូបវន្ត

            ច្បាប់ពិភពរូបវន្ត គឺជាច្បាប់ដែល​គ្រប់គ្រងពិភពរូបធាតុទាំងអស់នៅលើផែនដីយើងនេះ។ ដោយឡែក បើនិយាយទាក់​ទង​ទៅនឹងចរិតលក្ខណៈវិញ ច្បាប់ប្រភេទ​នេះត្រូវបានគេពន្យល់បន្ថែមបែបនេះថា ច្បាប់ពិភព រូបវន្តគឺជាច្បាប់ទំនាក់ទំនង គឺជាច្បាប់ពិពណ៌នានូវអ្វីដែលមានពិតក្នុងពិភព"លោកសច្ចៈ"ហើយច្បាប់នេះ មាន​ចរិតលក្ខណៈពិសេសខុសប្លែកពីច្បាប់ដទៃទៀត នៅត្រង់ថាជា"ច្បាប់ធម្មជាតិ" (Natural Law) ហើយក៏ជា​ច្បាប់ដែលមិនចេះប្រែប្រួល​សោះឡើយ។

            ៣.២- ច្បាប់ពិភពបញ្ញា       

     ច្បាប់ពិភពបញ្ញា ជាច្បាប់ដែលកើត​ចេញពីសមត្ថភាពនៃខួរក្បាលរបស់មនុស្ស។ បានន័យថា បើសម​ត្ថភាពនៃការគិតរបស់​មនុស្សបានត្រឹមកម្រិតណា ច្បាប់នោះក៏​មាន​កម្រិតត្រឹមប៉ុណ្ណោះដែរ ហើយក៏​អាច​កើត​មានករណីជាការគិតដោយមិនបាន​ប្រមើលមើលវែងឆ្ងាយជាមុនឬជាការគិត​មិន​បានគ្រប់ជ្រុងជ្រោយឬក៏ អាច​ជាការគិត​ដោយផ្អែកលើចរិតលក្ខណៈរបស់ក្រុម​មនុស្សទាំងពីរប្រភេទ ដូចបានរៀបរាប់ពី​ខាង​ដើមរួចមក ហើយ។ ដូច្នេះហើយបានជា​ក្នុងនិយមន័យស្ដីពីច្បាប់ ម៉ុងតេសគីយើ បាន​សង្កត់ធ្ងន់ថា "ច្បាប់ជាចំណងទាក់ទង​ទាំងឡាយចេញមកពីអ្វីដែលមាននិងពីអ្វី​ដែលនឹងកើតមានឡើង" ហើយផ្ទុយពីច្បាប់​ពិភពរូបវ័ន្តច្បាប់ ប្រភេទ​​​ទីពីរនេះអាចមាន​ចរិតជាច្បាប់ប្រែប្រួល ព្រមទាំងអាចមាន​ការភ័ន្តច្រឡំថែមទៀតផង ពីព្រោះច្បាប់នេះ ស្ថិតក្រោមអំណាចនៃតណ្ហារបស់មនុស្ស។ ដូច្នេះ ដោយសារតែតណ្ហាញាំញី មនុស្ស​គិត​ពីអ្វីៗតែងមានភាព លម្អៀងនិងភ័ន្ត​ច្រឡំ។ ឧបមាថា បើច្បាប់នោះតាក់តែង​ឡើង​ដោយជំពូកជនដែលមានតណ្ហាក្រាស់ ដូចជាក្រុម អប្បជនាធិបតេយ្យដែល​គ្រប់គ្រងប្រទេសដោយមិនខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាជន ច្បាប់ដែលបង្កើតឡើង ដោយក្រុមនោះច្បាស់ជាធ្លាក់ក្នុងសភាព​ការពារផលប្រយោជន៍តែម្យ៉ាងរបស់ក្រុមគេជាក់ជាមិនខាន។

            ដូច្នេះហើយបានជាក្នុងសម័យ​បច្ចុប្បន្ន ដើម្បីជៀសវាងពីផលប៉ះពាល់​ធ្ងន់​ធ្ងរបែបនេះ មុននឹងដាក់ ច្បាប់មួយឱ្យ​ដំណើរ​ការ​ជាផ្លូវការទៅបាន ច្បាប់នោះត្រូវ​ដាក់ឆ្លងស្ថាប័នទទួលខុសត្រូវជាច្រើនថ្នាក់ចាប់ផ្ដើមពី ស្ថាប័នសាមី ពិនិត្យ​ពិចារណា​និង​ផ្តល់យោបល់បន្ថែម ដើម្បីអាចចៀសផុត​ពីបាតុភាពភ័ន្តច្រឡំឬគិតមិនបាន ដិតដល់​ក្នុងប្រការណាមួយដែលជាហេតុបច្ច័យធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភាគ ច្រើននៅទូទាំងប្រទេស​ក៏ដូចជាប៉ះពាល់ដល់តម្លៃពិតនៃច្បាប់បង្ក​បានជាបាតុភាពអស់ជំនឿ ពីសំណាក់ប្រជា​ជនទៅលើច្បាប់។

            បន្ថែមចំពោះករណីខាងលើ ដោយ​ហេតុថាច្បាប់កើតចេញពីការគិតដោយប្រើប្រាស់បញ្ញា ម៉ុងតេសគី យើ បានចែកច្បាប់​ពិភពបញ្ញាជាបីប្រភេទតូចៗតទៅទៀត ដែល​ពាក់ព័ន្ធជាសំខាន់ទៅលើតួអង្គបីគឺ អាទិទេព ទស្សនវិទូ និងអ្នកតាក់តែងច្បាប់។

                        ៣.២.ក- ច្បាប់ទេវៈ ឬច្បាប់​សាសនា

                        បើរំលឹកទៅដល់ទស្សនៈខាងដើម ដែលលោកបានពោលថា "ជារួមមនុស្ស​ក៏​មាន​ច្បាប់អាទិទេពក៏មានច្បាប់" ច្បាប់ទេវៈ​ឬ​ច្បាប់សាសនា ជាច្បាប់មួយប្រភេទដែល​ប្រកាសឲ្យប្រើដោយអាទិទេព។ ច្បាប់​ប្រភេទ​​នេះ មានគោលដៅក្រើនរំលឹកស្មារតី​របស់មនុស្សឱ្យចងចាំពីករណីយកិច្ចរបស់​ខ្លួន ចំពោះ អាទិទេពបានន័យថា មនុស្សត្រូវ​មាន​កាតព្វកិច្ច ធ្វើសក្ការៈបូជាចំពោះ​អាទិទេព ដើម្បីសុំត្រឡប់វិញនូវសេចក្ដីសុខ ការសម្រេចប្រយោជន៍ផ្សេងៗ ឬលាភជ័យ​ណា​មួយ។

                        ៣.២.ខ- ច្បាប់សីលធម៌

                        ជាច្បាប់ដែលប្រកាសឱ្យប្រើដោយ​ទស្សនវិទូ សម្រាប់ក្រើនរំលឹកស្មារតីរបស់​មនុស្ស​ឱ្យចងចាំពីករណីយកិច្ច​ដែល​ត្រូវ​ធ្វើ​ចំពោះ​ខ្លួនឯងផ្ទាល់ ហើយសម្រួចសម្រាំង​នូវ​សីលធម៌ល្អចំពោះខ្លួនឯង ពីព្រោះបើខ្លួន​ឯងល្អ សង្គមក៏បានល្អទៅតាមនោះដែរ។

                  ៣.២.គ- ច្បាប់នយោបាយ និងច្បាប់រដ្ឋប្បវេណី

                        ជាច្បាប់មួយដែលប្រកាសឲ្យប្រើ​ដោយអ្នកតែងច្បាប់ ដើម្បីក្រើនរំលឹក​ស្មារតី​របស់មនុស្សឱ្យ ចងចាំនូវករណីយកិច្ច​របស់​ខ្លួនចំពោះអ្នកដទៃនិងចំពោះសង្គម តួយ៉ាង​ដូចជាជួយអ្នកដទៃដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឲ្យ​រួច​ផុត​ពីក្ដីលំបាកវេទនាគ្រប់បែបយ៉ាង ឬក៏ជួយ សង្គមឱ្យរីកចំរើនទៅមុខក្នុងសុខសន្តិភាពជាដើម។

            មកដល់ត្រង់ចំណុចនេះ ទស្សនៈ របស់​ប្លាតុង​ (៤២៧-៣៤៧មុនគ.ស) បាន​អះអាងថា ច្បាប់មាន តួនាទីបីយ៉ាងគឺ អប់រំ បង្ការ និងព្យាបាល។ តើតួនាទីទាំងបីនេះ មាន​ន័យយ៉ាងណាខ្លះ?

            ៤.១- អប់រំ

            បើគិតទៅតាមន័យធម្មតា "អប់រំ" មក​ពីពាក្យឡាតាំងថា Educere ឬ Educare។ "អប់រំ" ក៏​មានន័យ ថាទាញ​ចេញ​ពី,​ នាំចេញពី ផ្គត់ផ្គង់បណ្ដុះដើម្បី​នាំឆ្ពោះ​ទៅ​រកគោលដៅណាមួយ។ បើតាម​ទស្សនៈ​​របស់ លោក អាន់ឌែរសុន(Anderson)វិញ "អប់រំ" មានន័យថា ជាដំណើរដែលបុគ្គល​ម្នាក់ៗ រៀនសូត្រ​នូវអ្វី​ដែលចាំបាច់ ដើម្បី​តម្រូវ​ទៅតាមជីវភាពរបស់គេ។ ដូច្នេះ​សរុប​ន័យទាំងអស់មកវិញ "អប់រំ" អាចជាអំពើ​ឬ​សកម្មភាព ដែល​នាំមនុស្សឲ្យចេញផុតពីអ្វី​ដែល​អាក្រក់ ដែលគ្រោះថ្នាក់ ដែលមិនគួរ​គប្បី ឆ្ពោះ​ទៅរកអ្វីដែល​ត្រឹមត្រូវល្អ ប្រសើរ។ "អប់រំ"អាចជាការបណ្ដុះឱ្យមនុស្សម្នាក់ៗនូវសីលធម៌។"អប់រំ"អាចជាការ​ហ្វឹក​ហាត់ជា​ការបង្រៀនមនុស្ស​ឱ្យ​ចេះ​ជំនាញវិជ្ជាជីវៈ ឬចេះពីរបៀបទំនាក់ទំនងសង្គម ដើម្បីញ៉ាំង​ឱ្យ​ជីវភាព​រស់​នៅរបស់​ពួក​គេបានសុខ​ស្រួល។ ក្នុង​ន័យនេះដដែល បើគិតឱ្យបាន​ស៊ីជម្រៅដោយផ្សារភ្ជាប់ទៅនឹងច្បាប់ តួនាទី​អប់រំ​របស់​ច្បាប់មានន័យថា ច្បាប់​បាន​ចង្អុលបង្ហាញប្រាប់មនុស្សនូវអ្វីដែលត្រឹមត្រូវ អ្វីដែលមិនត្រឹមត្រូវគួរធ្វើឬមិន​គួរធ្វើក្នុង​អាកប្បកិរិយា​ប្រព្រឹត្ត​របស់ខ្លួន ដើម្បីស្វែងរក​ឱ្យ​មនុស្សនូវភាពសុខដុមរមនា​ក្នុងសង្គម​ដែលគេកំពុង​រស់នៅ។ តួនាទីអប់រំ​របស់​ច្បាប់​​ក៏មានន័យម្យ៉ាងទៀតថា ច្បាប់ប្រាប់ឱ្យ​ដឹងពីអ្វីដែលច្បាប់ចង់​បានក្នុងអំពើ​ប្រព្រឹត្ត​របស់បុគ្គលម្នាក់ៗក្នុងគោល​បំណង​ធានានូវ​សណ្ដាប់ធ្នាប់និងរបៀបរៀបរយសង្គម សម្រាប់​​​កាល​វេលា​ជាក់លាក់ណាមួយ។ ឧបមាថា បើ​លើស​កាលកំណត់នោះ មនុស្ស​នៅ​តែសោះ​អង្គើយ​ធ្វើមិន​ដឹងមិនឮ ឬ​ក៏មិន​ព្រមធ្វើខ្លួនឱ្យចុះសម្រុងជាមួយនឹង​អ្វី​ដែល​ច្បាប់ចង់បាន ច្បាប់នឹងអប់រំមនុស្សនេះ​តាមរយៈ​អាជ្ញាធរមាន​សមត្ថកិច្ច ដោយ​វិធាន​ការផាកពិន័យ​ដាក់​ទោសទណ្ឌទៅ​តាម​កម្រិតនៃអំពើប្រព្រឹត្ត ដើម្បីឱ្យ​មនុស្សនោះរាង​ចាលឈប់ប្រព្រឹត្តបែប​នេះ​តទៅទៀត។ ដូច្នេះ "អប់រំ"របស់ច្បាប់តាម​គំនិត​របស់ប្លាតុង គឺប្រាប់ឱ្យដឹង​ដោយធ្វើការ​បញ្រ្ជាប​ឱ្យជ្រួតជ្រាបនូវអ្វីដែលគួរធ្វើ​និង​មិនគួរធ្វើ ព្រមទាំងអប់រំដោយដាក់ពិន័យ​នៅពេលដែល​អ្វីៗត្រូវហាមប្រាមនោះ មិន​ទទួលបានត្រឡប់វិញនូវ​ការគោរពតាម។ ចុះ "បង្ការ"វិញ តើមាន​ន័យ​ដូចម្ដេច?

៤.២- បង្ការ

            បង្ការ មានន័យថា មើលឃើញជា​មុននូវអ្វីៗដែលអាចនឹងកើតមានឡើង។ ដូច្នេះ​ត្រូវតែធ្វើច្បាប់ ដើម្បី រាំងខ្ទប់ជាមុន​កុំ​ឱ្យអ្វីៗទាំងនោះ កើតមានឡើងបានហើយ​បង្កទៅជាភាពវឹកវរ ច្របូកច្របល់ក្នុង​សង្គម។ បើគេនិយាយជាភាសាសាមញ្ញ​មាន​ន័យថា "ចោរមិនទាន់លួចគោទេ តែយើងធ្វើ​ក្រោល ធ្វើរបងឱ្យបានរឹងមាំជាមុន ដើម្បី​ការពារ​ កុំឱ្យចោរចូលលួចបាន"។ ប្រហាក់​ប្រហែល​គ្នាទៅនឹងរឿងនេះដែរ ឧបមាថា​ប្រទេស​ណាមួយនោះ បំរុងនឹងបញ្ចប់​សង្គ្រាមជាមួយគូបដិបក្ខនាពេលខាងមុខ ដូច្នេះអ្វកធ្វើច្បាប់ត្រូវប្រមើលមើលឲ្យបាន​វែងឆ្ងាយ ថា តើពេលបញ្ចប់សង្គ្រាមទៅ​អាចកើតមានគ្រោះថ្នាក់ឬបាតុភាពអសកម្មអ្វីខ្លះ ទាក់ទងនឹងអាវុធយុទ្ធភណ្ឌ? ដូច្នេះ ដើម្បីការពារកុំឱ្យមានបាតុភាពចោរលួច ចោរប្លន់ប្រដាប់អាវុធ ឬអំពើបាញ់បោះសង​សឹកសម្លាប់គ្នាដោយព្រៃ​ផ្សៃ កើតមានក្នុង​ប្រទេស​ទើបនឹងបញ្ចប់សង្គ្រាម គេត្រូវធ្វើ​ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ ព្រមទាំង​ ចាត់​វិធាន​ការអនុវត្តឱ្យបានតឹង​រ៉ឹងបំផុត ដើម្បីការពារភាពសុខសាន្ត​ជូន​ប្រជាជន។ ចុះ "ព្យាបាល"វិញ តើមាន​ន័យ​យ៉ាង​ណាដែរ?

         ៤.៣- ព្យាបាល

            "ព្យាបាល" មានន័យថា អ្វីមួយកើត​ឡើង​ហើយ ទើបដាក់ថ្នាំព្យាបាល ឬចាត់​វិធាន​ការទប់ស្កាត់ជា ក្រោយដើម្បី​​កុំឲ្យរីក​រាល​ដាល​ធំតទៅទៀត ពោលគឺឱ្យស្ថិតក្នុង​សភាពរួមតូចបន្តិចម្តងៗទៅវិញ។ ហេតុអ្វី​បាន​ជាមានហេតុភេទដូច្នេះកើតឡើង? ពីព្រោះដូចបានបញ្ជាក់ពីខាងដើមស្រាប់ "ច្បាប់" អាស្រ័យទៅលើ​មនុស្ស​ជាអ្នក​បង្កើត។ ក្នុងកាលៈទេសៈខ្លះ អ្នកធ្វើច្បាប់​​(តាក់​តែង​ច្បាប់) ក៏មានភាពឆកល្វែងដែរ អាស្រ័យដោយ​ពេល វេលានៃការរៀបចំ​តាក់​តែង​មាន​រយៈពេលខ្លី ឬមួយក៏អាស្រ័យ​ដោយការគិតពិចារណា ឬការស្រាវជ្រាវ​បញ្ហា​មិន បានដិតដល់ ឬក៏មកពីភាព​លម្អៀងដោយចេតនារបស់ក្រុមអ្នកតាក់​តែងច្បាប់ ពាក់ព័ន្ធទៅនឹងផល​ប្រយោជន៍ ជាអាថ៌កំបាំងណាមួយរបស់ពួកគេ។ ដូច្នេះ​ហើយបានជាមានទង្វើធ្វើតាមក្រោយបែបនេះ។ សមដូចពាក្យចាស់ បានពោលថា "ចោរ​លួចគោបាត់ទៅហើយទើបស្រះរបង" ឬទើបធ្វើក្រោលឲ្យរឹងមាំ។ ក៏មានសភាព​ដូចគ្នា​ទៅ នឹងករណីនេះដែរ នៅចុងឆ្នាំ​២០១៩និងបន្តចូលមកឆ្នាំ២០២០យើងនេះ ពិភពលោកបានទទួលរងនូវការរាត​ត្បាត​ជា​សកល និងដោយឥតបានត្រៀមទុកជាមុន​ពីជម្ងឺផ្លូវដង្ហើមដ៏កាចសាហាវមួយបែបបណ្ដាលមកពី មេ​រោគ​​ជាវីរុស "កូរ៉ូណា"​(Corona virus)​ដែលក្រុមអ្នកប្រាជ្ញខាង​វេជ្ជសាស្ត្រ​ឱ្យឈ្មោះថា "ជម្ងឺ កូវីដ​១៩" (Covid 19)។ ដោយបាត់ម្ចាស់ការក្នុង​ការទប់​ទល់ ឬការមើលស្រាលផងនោះ ធ្វើឱ្យ​ប្រទេស​ខ្លះ​​ជួបប្រទះ​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ​ដោយសារ​ ជំងឺចេះតែរីករាលដាលធំឡើងៗ ហើយបរិមាណអ្នកស្លាប់ក៏បាន​កើនឡើង​ខ្ពស់គួរ​ឱ្យ​ព្រួយ​បារម្ភ។ តាមពិតទៅ គ្មាន​នរណាម្នាក់បានដឹងជាមុនអំពីជម្ងឺដ៏ចម្លែកនេះទេ ទាល់តែមានអ្នកស្លាប់នៅឯខេត្ត​​វូហាន់ ប្រទេសចិនទើបអ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​ចាប់អារម្មណ៍ ហើយស្រាវជ្រាវ​ទៅក៏រកឃើញថា មាន​ជំងឺដ៏កាច​សា​ហាវ​នេះ កំពុងធ្វើសកម្មភាពរាតត្បាត។ ដូច្នេះ​វិធានការ​ដែលសមស្របបំផុតគឺមានតែ​វិធានការព្យាបាលទេ ទើប​មានប្រសិទ្ធភាព​ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះរីករាលដាលធំឡើងតទៅទៀតបាន។ ទន្ទឹមនឹងនេះ ក្នុងការ​ព្យា​បាល គេក៏អាចប្រើវិធានការចម្រុះក៏បាន​ពោលគឺអប់រំដើម្បីបង្ការកុំឱ្យជំងឺកើតមាននៅកន្លែងផ្សេងទៀត ព្រមទាំងអប់រំ​ដើម្បី​ព្យាបាលនៅកន្លែងដែលកើតមានរួចទៅ​ហើយនិងធ្វើច្បាប់ឬប្រើប្រាស់វិធានការ​ផ្សេងៗ សម្រាប់អនុវត្តការ​ត្រួតពិនិត្យដោយ​តឹងរ៉ឹងបំផុត។ ទោះបីជាយ៉ាងនេះក្ដី ក៏​មាន​ករណី" អ្នកខ្លះគោរពបានអ្នក​ខ្លះទៀត​គោរព​មិន​បាន" ហើយជំងឺអាចពង្រីក​សកម្មភាពបានកាន់តែខ្លាំងក្លាថែមទៀត។ ហេតុអ្វីបាន​ជាមាន​ឥរិយាបថគោរព​ច្បាប់​ផង និងមិនគោរពច្បាប់ផងបែបនេះកើត​ឡើង?

            ដូចដែលខ្ញុំបានបញ្ជាក់ជូនពីខាងដើម​ រួចមកហើយស្រាប់ ក្នុងជីវិតរបស់មនុស្ស​ជា​ធម្មតាតែងមាន ឥរិយាប​ថពីរនេះកើតឡើង​គឺឥរិយាបថគោរពនិងមិនគោរពច្បាប់។ ឥរិយាបថទាំងពីរនេះ នៅលាយឡំជាមួយ គ្នា។ ដូច្នេះយើងស្វែងយល់តទៅទៀតថា តើឥរិយាបថជាអ្វី? ឥរិយាបថបានដល់លំនាំ​ឫកពាឬកិរិយាដែលទាក់ទងដល់​សកម្មភាព ដេក ដើរ ឈរ អង្គុយ របស់មនុស្សម្នាក់ៗ។ ឥរិយាបថទាំងបួននេះ សុទ្ធតែមានច្បាប់​ទម្លាប់ ទាំងអស់ តើនៅកន្លែងណាត្រូវដេក? ហើយដេករបៀបណា? តើនៅកន្លែងណា​ត្រូវដើរ? ហើយដើររបៀប ដូចម្ដេចដើម្បី​ឱ្យ​បានសមរម្យមិនឆ្គាំឆ្គង មិនទាស់ភ្នែក ឬមិន​ធ្វើ​ឱ្យរំខានដល់អ្នកដទៃ។ល។

         ៥.១- ឥរិយាបថគោរពច្បាប់

            ឥរិយាបថគោរពច្បាប់បានដល់ ឥរិយាបថ"វិជ្ជមាន" បានមកពីការអប់រំ​បណ្ដុះបណ្ដាលនៃស្ថាប័នគ្រួសារ សាលារៀន ក៏ដូចជាស្ថាប័នសាសនា។ ជាឥរិយាបថនៃ​ប្រភេទមនុស្សដែលប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ភ្ញាក់រលឹក គិតពិចារណាទៅលើទង្វើរបស់​ខ្លួនជាប់ជាប្រចាំហើយដែលអ្នកប្រាជ្ញខាង ចិត្តវិទ្យាឱ្យឈ្មោះថា ជាប្រភេទមនុស្សដែល​មានអត្តប្រសើរខ្ពង់ខ្ពស់(Super Ego)។ មនុស្ស​ប្រភេទ​នេះ​តែងតែ គិតគូរជាប់ជានិច្ច​ទៅ​លើ​ឥរិយាបថរបស់ខ្លួន ព្រួយបារម្ភខ្លាច​ឥរិយាបថ​អស់ទាំងនេះ ប៉ះទង្គិចដោយ​ប្រការណាមួយទៅលើអារម្មណ៍អ្នក​ដទៃ​ដែល​រស់​នៅក្នុងមជ្ឍដ្ឋានជាមួយគ្នា។ ជាង​នេះទៅទៀត គេតែងតែ​គិតគូរដោយ ភ្ញាក់​រលឹកនិងឯកភាពគ្នាថា ត្រូវតែមានច្បាប់​ដើម្បីធ្វើឱ្យសង្គមមានលំនឹង មាន​សណ្ដាប់​ធ្នាប់​​របៀបរៀបរយល្អ ចៀសផុតពីអំពើ​រំលោភបំពានគ្រប់បែបយ៉ាងទៅលើមនុស្សដូចគ្នា។ មនុស្ស​ប្រភេទ​នេះ​តែងឱ្យតម្លៃ​ខ្ពស់ទៅលើ ការគោរពច្បាប់ បទដ្ឋាននានា​ដែល​កើតចេញពីការស្រុះស្រួលចិត្តគ្នា នាំគ្នា​បង្កើត​បានជាឆន្ទៈរួម សម្រាប់អនុវត្ត ទាំងអស់គ្នា។ មិនថានៅក្នុងអង្គភាព​ឬ​ស្ថាប័នណាមួយទេ ប្រសិន​បើ​អង្គភាព​ឬ​ស្ថាប័ននោះសម្បូណ៌ទៅដោយ មនុស្ស​ប្រភេទ​នេះជាសមាជិក អង្គភាពឬស្ថាប័ន​នោះ ក៏មិន​សូវមាន​​ភាពស្មុគ​ស្មាញ​កើត​ឡើង​ឡើយ។ ផ្ទុយ​ទៅវិញ អង្គភាពឬស្ថាប័ន​នោះតែងតែទទួលបាន​នូវភាព​សុខ​​ដុម      រម​នានិងភាពរីក​ចំរើនទៅមុខជាលំដាប់ ពីព្រោះ មនុស្សចេះស្ដាប់បង្គាប់គ្នា ចេះឱ្យ​តម្លៃ​គ្នានិងគោរពគ្នា ក្រោម​ឥទ្ធិពលនៃ    បទ​ដ្ឋានឯកភាពមួយដែលជាភ្នាក់ងារ "ត្រួតពិនិត្យសង្គម" ដ៏សក្តិសិទ្ធរបស់ស្ថាប័ន។

            ៥.២- ឥរិយាបថមិនគោរពច្បាប់

           បើគេសញ្ជឹងគិតឱ្យដិតដល់ទៅ​ឃើញថា មានសភាពស្មុគស្មាញនិងវែង​ឆ្ងាយណាស់ចំពោះឥរិយាបថ បែបនេះ ហើយ​ទន្ទឹមនឹងនេះដែរ គេក៏អាចរកឃើញ​នូវមូលហេតុជាអត្តនោម័តនិងបរានុម័ត ច្រើនយ៉ាងដែល កើត​ចេញពីការមិនគោរព​ច្បាប់។ បណ្ដាមូលហេតុទាំងនោះ រួមមាន៖

                        • មូលហេតុដំបូង អាច​បណ្ដាល​មកពីការឱ្យតម្លៃរបស់បុគ្គលនោះ ផ្ទុយពីសច្ចភាពជាសកល ដែលមាន​ពិត​នៅ​ក្នុង​លោកិយសច្ចៈយើងនេះ។ ជាក់ស្ដែងគេ​យល់ថា កាយវិការមិនគោរពច្បាប់គឺ "ល្អ" សម្រាប់រូបគេ។ ដូច្នេះ"ល្អ" របស់គេ ផ្ទុយពី"ល្អ" ជាសកលរបស់មនុស្ស​ទូទៅ​ដែល​ប្រកាន់យកការគោរព​ច្បាប់ជាធំ។ តាម​ពិត​ទៅ​"ល្អ"បែបនេះ បានទទួលឥទ្ធិពលពី "សភាពធម្មជាតិបីយ៉ាង" (សភាវគតិ, អត្តទត្ថ និងចំណង់) ដែលជាសភាពមិនទាន់​បាន​ទទួលការអប់រំហើយដែលតែងតែបដិបក្ខ ជាប់ជានិច្ចជាមួយនឹង "សភាពជាពលរដ្ឋ" របស់មនុស្សរស់នៅក្នុងសង្គមជាមួយគ្នា។ បើករណីបែបនេះ កើត​មានឡើងហើយ ច្បាស់ណាស់ថា វានឹងនាំទៅដល់ការកើត​មាននូវការមិនគោរពច្បាប់ ដោយ​ចៀសមិន​ផុត។

                        • មូលហេតុមួយទៀត អាច​បណ្ដាលមកពីកម្រិតអប់រំឱ្យស្គាល់ខុសត្រូវអាក្រក់ល្អនៅក្នុងគ្រួសារមិនបានដិតដល់ ឬមួយក៏មកពីការទទួលឥទ្ធិពលពីពូជពង្ស ឬក៏មកពីការទទួលឥទ្ធិពលពីគ្រួសារ​ជិត​ខាង​ដែលជាគ្រួសារគ្មានវិន័យ គ្មានសណ្ដាប់​ធ្នាប់ ឥតច្បាប់ទម្លាប់ គ្មានឋានានុក្រមនិង តួនាទីច្បាស់លាស់ក្នុងគ្រួសារពោលគឺ ឪពុក​មិន​ប្រាកដថាជាឪពុក ម្ដាយមិនប្រាកដជា​ម្ដាយ កូនមិនប្រាកដថាកូន។ ដោយសារ​ហេតុ​បច្ច័យយ៉ាងនេះហើយ បានជាខុងជឺ តែងយកចិត្តទុកដាក់ទៅលើគ្រួសារ ដោយ​អប់រំ​មនុស្សពីឋានានុក្រម និងពីតួនាទី​ក្នុង​គ្រួសារតាមប្រសាសន៍ដ៏មានអត្ថន័យមួយ ឃ្លាថា "រដ្ឋមន្ត្រី គឺរដ្ឋមន្ត្រី ឪពុកគឺឪពុក កូន​គឺ​កូន" ជាដើម។

                        • មួយវិញទៀត ឥរិយាបថ​បែបនេះ ម្យ៉ាងក៏មកពីគំរូប្រព្រឹត្តមិនល្អរបស់​អាជ្ញាធរដែលតំណាងឱ្យច្បាប់​ដូចដែល​លោកស៊ីសេរ៉ុង ធ្លាប់បានលើកឡើងក្នុង​និយម​ន័យស្ដីពីច្បាប់យ៉ាងនេះថា: "ចៅក្រមគឺជាច្បាប់ចេះនិយាយ"។ បើចៅ​ក្រម​និយាយ ស្រួលមិនស្រួល អាចជះ​ឥទ្ធិពល​ធំធេងទៅលើគុណតម្លៃរបស់ច្បាប់ ពីព្រោះច្បាប់ពឹងពាក់ចៅក្រមឱ្យនិយាយ ជួសខ្លួន។

                        • ម្យ៉ាងទៀត ឥរិយាបថ​មិន​គោរពច្បាប់ក៏អាចមកពីការទទួលឥទ្ធិពលពីសង្គមឥតច្បាប់ទម្លាប់ដែលខ្លួនគេផ្ទាល់​កំពុង​រស់នៅក៏សឹងតែថាបាន ហើយក៏អាច​មកពីការអនុវត្តបែបបទនៃការដាក់ទណ្ឌ កម្មចំពោះអំពើរំលោភបំពានច្បាប់របស់ អាជ្ញាធរប្រតិបត្តិនៅធូររលុង ឬមិនមាន​យុត្តិធម៌​ត្រឹមត្រូវ ពោល​គឺ អាចលម្អៀងទៅ​រក​​អគតិណាមួយ ធ្វើឱ្យជះឥទ្ធិពលមិនល្អ​ដល់ជំនឿនិងប្រសិទ្ធភាពនៃការគោរព​ច្បាប់។ សមដូចពាក្យដំណាលតៗគ្នាមកថា: "ចោររួចខ្លួនម្ចាស់ជាប់គុក"។ ឬមួយបាតុភាព បែប​នេះ អាចបណ្ដាលមកពីអាកប្បកិរិយា​សោះអង្គើយ មិនរវល់ខ្វល់ខ្វាយអំពីការដាក់​ពិន័យចំពោះ អ្នកប្រព្រឹត្ត​ខុស បណ្ដែត​បណ្ដោយ​ឲ្យសភាពអនាធិបតេយ្យ កើត​មាន​ឡើង​ព្រោងព្រាតតាមអំពើចិត្ត។ ឬមួយ​ក៏អាច​មក​​ពីការ​ឆ្លៀតឱកាស​កេងចំណេញ​របស់គណបក្សនយោបាយណាមួយ ដែល​បង្កើត​ឱ្យ​មាន​ភាពវឹកវរមិនគោរព​ច្បាប់​ទម្លាប់​ដើម្បីទម្លាក់កំហុសទៅលើអសមត្ថភាពដឹកនាំគ្រប់គ្រងរបស់គណបក្សនយោបាយ​ដែល​​កំពុងកាន់​អំណាច។ ឬមួយក៏មកពី​កម្រិតអប់រំឱ្យជ្រួតជ្រាបអំពីច្បាប់និងការ ដាក់ទោសទណ្ឌចំពោះប្រភេទទាំង​ឡាយ នៃបទល្មើសនៅមិនទាន់ច្បាស់លាស់ ពេញ លេញក្នុងប្រទេសដែលកំពុងធ្វើអន្តរកាលឆ្ពោះទៅរក "នីតិរដ្ឋ"។

                        • បាតុភាពនៃការមិនគោរព​ច្បាប់ ក៏អាចបណ្ដាលមកពីឥទ្ធិពលផ្សេងៗ​ទៀតដែរតួយ៉ាងដូចជា ឥទ្ធិពលនៃ​ស្ថានភាពស្រុកទេសដែលធ្លាប់ឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ អូសបន្លាយរយៈពេលយូរឆ្នាំ ម្ល៉ោះហើយ ក៏កើតឡើងនូវបាតុភាពអសកម្ម "មិនគោរពច្បាប់ តែអាងលើកម្លាំងបាយ​យក​ឈ្នះចាញ់" គ្របដណ្ដប់ ទៅលើចិត្ត​គំនិតនៃជំពូកជនឆ្លងកាត់សង្គ្រាមនោះក៏សឹងមាន។ ឬមួយក៏មកពីឥទ្ធិពលនៃការសេព គ្រឿងញៀនហួសកម្រិត ធ្វើឱ្យឡប់សតិ លែង​ដឹង​ខុសត្រូវ អាក្រក់ល្អ យកការឈឺ​ចាប់ យកអំពើបង្ក របួសស្នាម អំពើឧក្រិដ្ឋកម្ម មកធ្វើជាសេចក្ដីសប្បាយឆ្ពោះទៅរកសេចក្ដីស្លាប់សម្រាប់ខ្លួនក៏សឹងតែថាបាន។

                        • មូលហេតុចុងក្រោយ ក៏​អាច​មកពីទម្លាប់អាក្រក់របស់ជំពូកជន ដែលមានទំនោរចង់ តែប្រព្រឹត្តអ្វីៗទៅតាម​ទំនើងចិត្តនឹកឃើញ បណ្ដែតបណ្ដោយ​ខ្លួន​ឱ្យ​ធ្លាក់ក្នុងសភាវគតិឥតគិតពិចារណា ឬក៏​ធ្លាក់ទៅក្នុងអត្តទត្ថដែលគិតតែបុគ្គលផ្ទាល់ខ្លួន​ មិនគិតពីអ្នកដទៃ ចង់ប៉ះពាល់ទៅ​លើ​សិទ្ធិ​និង ផលប្រយោជន៍អ្នកណាក៏មិន​ខ្វល់​ខ្វាយ ឬក៏ធ្លាក់ទៅក្នុងតណ្ហាលោភលន់ឥត​ព្រំដែន ខ្វះមនសិការ ដែលសុទ្ធតែជាទង្វើ​មិនគាប់ប្រសើរសម្រាប់សង្គម ឈានឆ្ពោះ​ទៅ​រក​អំពើមិនគោរពច្បាប់។

            ៥.៣- 

តើត្រូវធ្វើយ៉ាងណាដើម្បីផ្លាស់​ប្ដូរឥរិយាបថរបស់មនុស្ស ពីការមិនគោរព​ច្បាប់ ឆ្ពោះទៅរកការ គោរពច្បាប់? ចម្លើយ​ឆ្លើយថា គេអាចផ្លាស់ប្ដូរឥរិយាបថទាំងនេះ​បាន ទាល់តែមានវិធានការបន្ទាន់មួយ​ចំនួន។

            តទៅនេះ គឺជាខ្លឹមសារជាក់ស្ដែងនៃ​វិធានការដើម្បីត្រិះរិះពិចារណា និង​សាក​ល្បង​ដោះស្រាយនូវបញ្ហា ចោទខាងលើ:

             - ជាបឋម គេគប្បីថ្លឹងឱ្យមានតុល្យ​ភាពរ​​វាងការ "អប់រំ" និងវិធានការ "រដ្ឋបាល" ចាប់បង្ខំឱ្យគោរព ដោយដាក់ពិន័យ។ ធ្វើ​យ៉ាងណាក្នុងការអនុវត្តច្បាប់គប្បីកុំធ្ងន់ខ្លាំងទៅលើវិធានការ អប់រំ ឬអត់ឱនហួសកម្រិត ដែលជាហេតុធ្វើឱ្យអ្នកប្រព្រឹត្តខុសបានចិត្ត ចង់ប្រព្រឹត្តអំពើខុសឆ្គងកាន់តែច្រើនឡើង។

            - គប្បីលុបបំបាត់នូវទស្សនៈក្រែង​រអែង​របស់អាជ្ញាធរថា "បើធ្វើខ្លាំងទៅ នាំ​ឲ្យប៉ះពាល់យ៉ាងនេះ ឬ យ៉ាងនោះដល់សិទ្ធិ​មនុស្ស នាំតែលំបាកដល់ខ្លួន" ម្ល៉ោះហើយ​ចេះ​តែ​សម្ងំ​យកសុខតែរៀងៗខ្លួន ជាហេតុធ្វើ​ឱ្យ ​បាត់បង់នូវឆន្ទៈ និងការទទួលខុសត្រូវ​ក្នុង​មុខនាទីរបស់ខ្លួនជាអាជ្ញាធរ។

            - គប្បីអប់រំឲ្យបានស៊ីជម្រៅ និងជាប់​ជា​ប្រចាំអំពីតម្លៃនៃការគោរពច្បាប់ ថាជា​ការ​នាំ​មកនូវសេចក្ដីថ្លៃថ្នូរ ភាពស៊ីវិល័យ សក្តិសមជាពលរដ្ឋនៃប្រទេសដែលប្រកាន់ខ្ជាប់ "នីតិរដ្ឋ"។

            - ដោយឡែកចំពោះអ្នកតំណាង​ឱ្យច្បាប់ គប្បីធ្វើគំរូឱ្យមហាជនបានឃើញ​ផ្ទាល់ភ្នែកអំពីស្មារតីគោរពច្បាប់របស់ខ្លួន ដោយមិនភ្លាំងភ្លាត់ទៅក្នុងឥរិយាបថ "ហាម​គេ​មិនឱ្យធ្វើ តែល្មើសខ្លួនឯង" ជាហេតុនាំឲ្យ​សាប រលាបដល់ឧត្តមភាព និងប្រសិទ្ធភាព​នៃ​ការ​អនុវត្តច្បាប់។ យូរៗទៅក៏កើតជាជំងឺ​មាក់​ងាយ​ច្បាប់ថាជា "របស់ សាមញ្ញ ជា​របស់​ដែល​មនុស្សបង្កើត គ្មានអ្វីគួរឲ្យកោត​ញញើត​សោះឡើយ។ ដូច្នេះចង់គោរពក៏​បាន មិនគោរព ក៏បាន គ្មានចោទជាបញ្ហា​អ្វីឡើយ"។

            - គប្បីកែប្រែទស្សនៈដែលធ្លាប់តែ​ចាត់ទុកថាអំណាចច្បាប់ ស្ថិតក្រោមអំណាច​បុគ្គលឱ្យត្រឡប់មករកទស្សនៈត្រឹមត្រូវ​ឡើងវិញ ដោយចាត់ទុកអំណាច​ច្បាប់ធំ​ជាង​អំណាចបុគ្គល។ នោះហើយដែល​គេ​ហៅថា បាន "ទទួលការអប់រំពីអំណាច" ពិតប្រាកដ។

            - គប្បីលើកកំពស់ស្មារតីទទួលខុស​ត្រូវចំពោះមុខច្បាប់: អ្នកណាធ្វើខុស អ្នក​នោះ​ទទួល គ្មានវប្បធម៌ រួចខ្លួន គ្មានវប្បធម៌​ទម្លាក់កំហុសឱ្យអ្នកដទៃដែលមិនបានប្រព្រឹត្ត ខុស គ្មានវប្បធម៌គេចវេះពីសំណាញ់ច្បាប់

            - លើកកំពស់បុគ្គលិកលក្ខណៈរបស់​មនុស្សតាមរយៈការអប់រំពីស្ថាប័នគ្រួសារ សាលារៀន និងស្ថាប័ន សាសនា

            - គប្បីឱ្យមនុស្សទាំងអស់ យល់បាន​ទូលំទូលាយអំពីទស្សនាទានស្ដីពី "នីតិរដ្ឋ" ដែលជាទស្សនាទានមួយ លើកទឹកចិត្តឱ្យ​មនុស្សនាំគ្នាបង្កើតច្បាប់ទម្លាប់ឱ្យបានគ្រប់គ្រាន់ សម្រាប់ប្រទេស នាំគ្នាស្វែងយល់​ពី​ច្បាប់​ ឲ្យបានច្រើន និងនាំគ្នាគោរពច្បាប់​ទម្លាប់កាន់តែម៉ត់ចត់ថែមទៀត

            - រឹតបន្តឹងការផាកពិន័យក្នុងន័យអប់រំ កម្រិតខ្ពស់ចំពោះអ្នកប្រព្រឹត្តល្មើសច្បាប់

            - លុបបំបាត់វប្បធម៌មើលបំណាំគ្នា: "គោរពអ្វីតែឯង បើគេឯទៀតមិនគោរពផង ឃើញតែគេបានសុខ រួចខ្លួនរហូត"

            - លុបបំបាត់វប្បធម៌ "គោរពតែ​ពេល​ឃើញអាជ្ញាធរ ពេលមិនឃើញអាជ្ញាធរ​មិន​ខ្ចីគោរព"។ នេះហើយ ជាឥរិយាបថដែល​មិន​ទាន់ភ្ញាក់រលឹក ជាឥរិយាបថ​ដែលមិន​ទាន់ក្លាយទៅជាទម្លាប់ក្នុងការគោរពច្បាប់

            - ពង្រឹង "សភាពជាពលរដ្ឋ" ដោយ​លុប​បំបាត់ជាបណ្ដើរៗនូវ "សភាពជាធម្មជាតិ" ​របស់មនុស្ស ពីព្រោះ សភាពធម្មជាតិ គឺជា​គ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សង្គម ហើយក៏ជា​ឧបសគ្គ​ដ៏ធំ រាំងស្ទះដល់ការកសាង"នីតិរដ្ឋ" សម្រាប់ប្រទេសនីមួយៗ មិនឱ្យរីកចម្រើន​ទៅ​មុខ​បាន

            - គប្បីមានច្បាប់ធានាសន្តិសុខផ្ទាល់​ចំពោះអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យការ អនុវត្តច្បាប់

            - រៀបចំគូសជាសញ្ញានៅតាមទ្រូង​ផ្លូវ ដាក់ផ្លាកសញ្ញានៅតាមដងផ្លូវ និងនៅ​តាម​ទីសាធារណៈនានា ឱ្យបានគ្រប់គ្រាន់​ដើម្បីកុំឱ្យអ្នកល្មើសច្បាប់មានលេសថាយ៉ាងនេះ ឬយ៉ាងនោះ ឬប្រកែកប្រណាំង​យក​រួច​ខ្លួន

            - ប្រែក្លាយការគោរពច្បាប់ឱ្យទៅជា​ចលនាភ្ញាក់រលឹកនៅទូទាំងប្រទេស ដោយ​គ្មាន​ការបង្ខំ ឬមើល បំណាំគ្នាក្នុងចំណោម​មនុស្សទាំងអស់ដោយមិនគិតពីឋានៈឬ តួនាទី

            - លើកកំពស់សីលធម៌វិជ្ជាជីវៈ ចំពោះ​ អាជ្ញាធរពាក់ព័ន្ធ ដោយអប់រំ ឱ្យ​បុគ្គល​​ទាំងនោះ​ប្រកាន់យកនូវ អាកប្បកិរិយាថ្លៃថ្នូរ មិនរំលោភបំពានសិទ្ធិចំពោះអ្នកប្រព្រឹត្តខុសច្បាប់។

            រាល់វិធានការដែលបានរៀបរាប់មកខាងលើ អាចប្រព្រឹត្តទៅបាន អាស្រ័យទៅ​លើ​ការចូលរួមចំណែក ទទួលខុសត្រូវផ្ទាល់​ពីស្ថាប័នជាប់ពាក់ព័ន្ធទាំងឡាយដូចជា ស្ថាប័នអប់រំ ស្ថាប័នគ្រួសារ ស្ថាប័នសាសនា សង្គម ស៊ីវិលឬអង្គការមហាជននានា អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ អ្នកច្បាប់ តុលាការ អ្នកតំណាងប្រជាពលរដ្ឋ (តំណាងរាស្ត្រ) ក៏ដូចជាការរួមចំណែកជាកាតព្វកិច្ចផ្ទាល់ របស់ប្រជាពលរដ្ឋម្នាក់ៗ។