ដោយ៖ បណ្ឌិត អ៊ុំ ប៉ុម   

ជំនួយការ រាជបណ្ឌិត្យសភាកម្ពុជា

សេចក្តីផ្ដើម

            ជាធម្មតា ក្នុងជីវិតសកម្មភាពការងាររបស់មនុស្សយើងម្នាក់ៗ ទោះបីអ្នកនោះជាជនសាមញ្ញក្តី ឬក៏ជា អ្នកទទួលខុសត្រូវស្ថាប័នណាមួយក្តី ច្រើនឬតិច តែងតែទទួលបាននូវលទ្ធផលជាផ្លែផ្កាពីជីវិតបំពេញការងារ ដែលរូបគេម្នាក់ៗបានឆ្លងកាត់។ លទ្ធផលទាំងនោះមានល្អផង និងអាក្រក់ផង ហើយត្រូវបានសាមីខ្លួនជាអ្នក អនុវត្តផ្ទាល់ចាត់ទុកថា ជាមេរៀនពិសោធន៍ដ៏មានតម្លៃប្រចាំជីវិតដែលគួរគប្បីចៀសវាង ឬក៏ទទួលយកមកប្រើ ប្រាស់បន្តទៅទៀតដោយធ្វើការកែលម្អនិងបំពេញបន្ថែមនូវចំណុចខ្លះ ដើម្បីអនុវត្តការងារតទៅមុខទៀត ឱ្យមានប្រសិទ្ធភាព ក៏ដូចជាចែករំលែកនូវចំណេះដឹងចំពោះអ្នកដទៃបានជ្រួតជ្រាបជាសាធារណៈ។

អ្វីៗ ដែលអ្នកអានបានឃើញជាបន្តបន្ទាប់ទៅទៀតនេះគឺជាបទពិសោធន៍ការងារដែលខ្ញុំធ្លាប់បានជួបប្រទះ​​ក្នុងឆាកជីវិតជាអ្នកដឹកនាំ និងគ្រប់គ្រងអស់រយៈពេល៣៥ឆ្នាំកន្លងផុតទៅ មុនពេលដែលរូបខ្ញុំក្លាយខ្លួនជានិវត្តជនដូចសព្វថ្ងៃ។

            ខ្ញុំជឿជាក់ថា អ្វីៗដែលខ្ញុំនឹងធ្វើការរៀបរាប់តទៅនេះ ពិតជាមានចំណុចខ្លះត្រូវ "អារម្មណ៍" ឬក៏ "ទាស់ អារម្មណ៍" អ្នកអានខ្លះជាក់ជាមិនខាន ប៉ុន្តែទោះជាមានចំណុចបែបនេះកើតឡើងយ៉ាងណាក្តី ក៏ខ្ញុំនៅ តែសញ្ជឹងគិតក្នុងចិត្តថា អ្វីៗទាំងអស់នោះជាចំណងកាតព្វកិច្ចខានមិនបាន ដែលខ្ញុំត្រូវបំពេញក្នុងនាមជាអ្នកធ្លាប់បានចូលប្រឡូកដោយផ្ទាល់ ក្នុងកិច្ចការបម្រើសេវាសាធារណៈកន្លងមក មុនពេលសន្ធិប្រកាសនៃជីវិតចុងក្រោយរបស់ខ្ញុំធ្វើដំណើរចូលមកដល់។

            ខាងក្រោមនេះ គឺជាប្រការជាក់ស្ដែងទាំងឡាយនៃមេគំនិតដែលខ្ញុំបានខិតខំសម្រិតសម្រាំងរៀបចំចង ក្រងឱ្យទៅជាលក្ខណៈប្រព័ន្ធលាយឡំដោយអន្លើៗ ជាការចាប់ចុងជួនផ្ទួនរណ្ដំនៃប្រការខ្លះៗ ទាក់ទងទៅនឹង បទពិសោធន៍ការងារដែលខ្ញុំធ្លាប់បានជួបប្រទះ។ ខ្ញុំសូមលើកឡើងនូវប្រការទាំងនោះមួយម្តងៗមកបង្ហាញជូន ដើម្បីទុកគ្រាន់ជាការត្រិះរិះពិចារណាទាំងអស់គ្នា សម្រាប់ជីវិតបំពេញការងាររបស់យើងម្នាក់ៗតទៅមុខ។

១-កសាងអង្គភាពថ្មី គប្បីគិតពីប្រភពមនុស្ស

ការរៀបចំកសាងអង្គភាពថ្មី ពុំមែនជារឿងធម្មតាពេកទេ ឬជារឿងកើតឡើងដោយចៃដន្យនោះដែរ ប៉ុន្តែជារឿងចាំបាច់ ខានមិនបានសម្រាប់ប្រទេសជាតិនីមួយៗក្នុងកាលៈទេសៈណាមួយតម្រូវឱ្យ។ ការរៀបចំអង្គភាពថ្មី រមែងតែងតែត្រូវការមនុស្សជាចាំបាច់ពីព្រោះយើងធ្វើការជាមួយមនុស្ស និងសម្រេចបានជោគជ័យ ដោយ​សារមនុស្ស។ តាមទស្សនាទានអនុវត្ត មនុស្សជាកត្តាកំណត់សម្រាប់បរិស្ថានខាងក្នុងរបស់អង្គភាពនីមួយៗ។ តម្រូវការមនុស្ស ត្រូវបានគេយកចិត្តទុកដាក់បន្ទាប់ពីការគិតពិចារណា គូសវាសជារចនាសម្ព័ន្ធ អង្គភាពបានចប់សព្វគ្រប់។ ជារួម ការរៀបចំរចនាសម្ព័ន្ធរបស់អង្គភាពនីមួយៗ ត្រូវឆ្លើយតបទៅនឹងរបបនយោបាយដែលសាមីប្រទេសប្រកាន់យក ស្របទៅតាមគោលដៅ ក៏ដូចជាសំណូមពរដែលអង្គភាពនោះ ត្រូវការដោយរៀបចំយ៉ាងណាកុំឱ្យរចនាសម្ព័ន្ធមានវិសាលភាពធំពេកឬក៏តូចពេក ហើយត្រូវតែសមស្របទៅនឹងអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសប្រយោជន៍ដើម្បីឱ្យអង្គភាពនោះ មានលទ្ធភាពរក្សាបាននូវដំណើរប្រព្រឹត្តទៅ ក៏ដូចជាប្រសិទ្ធភាពអនុវត្តការងាររបស់ខ្លួន។ តាមបទពិសោធន៍ដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក ទាក់ទងទៅនឹងប្រភព​​មនុស្សឃើញថា ក្រៅពីលក្ខខណ្ឌទាំងឡាយដែលធ្លាប់បានជ្រួតជ្រាបរួចមក ហើយតាមរយៈទ្រឹស្ដីពីពេលមុនក៏ដូចជាទ្រឹស្ដីបច្ចុប្បន្ន ប្រការសំខាន់គឺត្រូវស្គាល់ឱ្យបានច្បាស់លាស់ពីប្រភព មនុស្សដែលយើងត្រូវជ្រើសរើសយកមកប្រើប្រាស់។ ជាបឋមអ្នកទទួលខុសត្រូវគប្បីចោទសួរខ្លួនឯងថា តើអ្នកទាំងអស់នោះជានរណា? មកពីប្រភពណា? ជាមនុស្សបែបណា? សំខាន់អ្នកដែលខ្ញុំបានជ្រើសរើសយកមកបម្រើការក្នុងពេលនោះ ភាគច្រើនសុទ្ធតែជាអតីតសាស្ត្រាចារ្យឬគ្រូបង្រៀន ប្រកបដោយសមត្ថភាពនិងសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលខ្ញុំធ្លាប់បានស្គាល់យ៉ាងច្បាស់ កាលពីពេលមុនសង្គ្រាមឆ្នាំ១៩៧០ ហើយពួកគាត់នៅរស់រានមានជីវិត ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។ អ្នកទាំងអស់នោះ ត្រូវបានជ្រើសរើសឱ្យចូលមកបម្រើការងារក្នុងអង្គភាពបន្ទាប់ពីបានរៀនចប់វគ្គបណ្ដុះបណ្តាលផ្នែកទ្រឹស្ដីនិងសមត្ថភាពជំនាញនៅក្នុងសាលានិងចុះទៅធ្វើការនៅឯមូលដ្ឋានមួយរយៈ។ ដោយសារតែលក្ខណសម្បត្តិដែលពួកគាត់ធ្លាប់មានកន្លងមក រួមជាមួយនឹងការបណ្ដុះបណ្ដាលបំពាក់បំប៉នពីសមត្ថភាពជំនាញថ្មី ពួកគាត់បានជួយខ្ញុំយ៉ាងច្រើនក្នុងបុព្វហេតុ កសាងអង្គភាពឱ្យមានដំណើរការឆ្ពោះទៅមុខដោយគ្មានឧបសគ្គ រហូតទាល់តែដល់ពេលមួយដែលប្រទេសរ​បស់យើងផ្លាស់ប្ដូររបបនយោបាយក្នុងឆ្នាំ១៩៩១។ ដោយឡែក ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ពួកគាត់ ខ្ញុំក៏មិនអាចបំភ្លេចពីគុណបំណាច់ដែលពួកគាត់ធ្លាប់មានកន្លងមកនោះឡើយ។ ជាក់ស្ដែង ខ្ញុំបានស្នើសុំទៅថ្នាក់លើនូវតួនាទីមួយដ៏សក្តិសមស្របទៅតាមសមត្ថភាពជំនាញ ក៏ដូចជាភាពស្មោះត្រង់ដែលពួកគាត់ធ្លាប់មាន ចំពោះអង្គភាពកន្លងមក។ ជាមួយនឹងស្ថានភាពវិវត្តប្រែប្រួលឆ្ពោះទៅរកវឌ្ឍនភាពដ៏គាប់ប្រសើរបែបនេះ ខ្ញុំអាចចាត់ទុកថា អ្វីៗទាំងអស់នោះ ពិតជាអនុស្សាវរីយ៍នៃជោគជ័យ ជំហានដំបូងដែលខ្ញុំមិនអាចបំភ្លេចបានសម្រាប់ជីវិតដឹកនាំនិងគ្រប់គ្រងក្នុងវ័យនៃអាយុកាល២៨ឆ្នាំរបស់ខ្ញុំ។

២-ជោគជ័យច្រើនឬតិច អាស្រ័យលើប្រភេទមនុស្ស ក្នុងមជ្ឍដ្ឋានដែលយើងកំពុង បំពេញការងារ

ផ្សារភ្ជាប់ទៅនឹងបញ្ហាមនុស្សដដែល គេអាចវាយតម្លៃបានថា ការដឹកនាំនិងគ្រប់គ្រងអង្គភាពមួយ អាច ទទួលបានជោគជ័យ ច្រើនឬតិច អាស្រ័យទៅលើប្រភេទមនុស្ស កំពុងបំពេញការងារ ក្នុងអង្គភាពដែលយើង ទទួលខុសត្រូវ។ ជាក់ស្ដែង បើមជ្ឈដ្ឋាននោះពោរពេញទៅដោយមនុស្សស្មោះត្រង់ មានសមត្ថភាពគ្រប់គ្រាន់ ប្រកបដោយបុគ្គលិកលក្ខណៈខ្ពស់ (មនុស្សមាន Super Ego) ដែលជាលទ្ធផលបានមកពីការអប់រំដ៏ល្អប្រពៃ របស់គ្រួសារ សាលារៀន ក៏ដូចជាស្ថាប័នសាសនា ជោគជ័យដែលយើងទទួលបានក៏មានលក្ខណៈធំធេង ទៅ តាមនោះដែរ ពីព្រោះអ្នកទាំងអស់នោះមានសីលធម៌ល្អ ចេះគោរពច្បាប់ទម្លាប់ជាមន្ត្រី ចេះគោរពគ្នានិងឱ្យតម្លៃ គ្នាទៅវិញទៅមក ចេះដឹងពីឋានានុក្រមខ្ពស់ទាប និងចេះគោរពបទដ្ឋានរបស់អង្គភាព។ ផ្ទុយទៅវិញ បើមជ្ឈដ្ឋានដែលយើងកំពុងទទួលខុសត្រូវ សម្បូណ៌ទៅដោយប្រភេទមនុស្សប្រកបដោយសមត្ថភាពដែរ ប៉ុន្តែមិន ប្រកបដោយបុគ្គលិកលក្ខណៈខ្ពស់ មិនប្រកបដោយសីលធម៌ខ្ពស់ មានអាកប្បកិរិយាមើលស្រាលលើបទដ្ឋាន របស់អង្គភាព មានមនសិការ វិជ្ជាជីវៈទន់ខ្សោយ ស្មារតីមិនបរិបូណ៌ដោយការភ្ញាក់រលឹក និងការទទួលខុសត្រូវ ខ្ពស់ក្នុងការងារ រវល់តែច្រណែនឈ្នានីសគ្នា គិតតែបុគ្គលខ្លួន​ឯង បែងចែកជាបក្សពួកក្នុងចំណោមបញ្ញវន្ត ដូចគ្នា មិនទទួលស្គាល់សមត្ថភាពគ្នាមិនចេះសម្របសម្រួលគ្នា ដើម្បីឱ្យការងាររីកចម្រើនទៅមុខ តាមគោលដៅ ដែលបានកំណត់នោះ ជោគជ័យនៃការដឹកនាំ និងគ្រប់គ្រងរបស់យើង ក៏មានកម្រិតទៅតាមនោះដែរ ពោលគឺ អ្នកគ្រប់គ្រង រវល់តែជាប់ដៃចំណាយពេលវេលាច្រើនសន្ធឹកសន្ធាប់សម្រាប់កិច្ចការផ្ទៃក្នុង ដោយខិតខំលើក

កំពស់មនសិការវិជ្ជាជីវៈផង បង្រួបបង្រួមអ្នកទាំងនោះឱ្យចូលធ្លុងគ្នាផង និងសម្របសម្រួលឱ្យត្រូវរ៉ូវគ្នាផង ព្រមទាំងអាចធ្វើការជាមួយគ្នាបាន សាមគ្គីឯកភាពគ្នា ដើម្បីឈានទៅសម្រេចគោលដៅរួម ដែលជាបំណង ប្រាថ្នាតែមួយគត់របស់អង្គភាព។

            ទាំងអស់នេះ គឺជាអ្វីដែលខ្ញុំបានជួបប្រទះភាគច្រើន ក្នុងដំណាក់កាលបន្តបន្ទាប់មកទៀត ហើយដែល ខ្ញុំគិតថា មានសភាពផ្ទុយគ្នាស្រឡះពីមជ្ឍដ្ឋាននៃការដឹកនាំ និងគ្រប់គ្រងរបស់ខ្ញុំ ក្នុងដំណាក់កាលដំបូង ជា ហេតុធ្វើឱ្យខ្ញុំពុំទទួលបានជោគជ័យដ៏គាប់ប្រសើរ តាមឆន្ទៈដែលខ្ញុំប្រាថ្នាចង់បាន។

៣-ចេះធ្វើតុល្យការដោយប៉ិនប្រសប់រវាង"វិធីរដ្ឋបាល" និង"វិធីសេដ្ឋកិច្ច"

            "វិធីរដ្ឋបាល"និង"វិធីសេដ្ឋកិច្ច" ជាវិធីពីរយ៉ាងដែលអ្នកគ្រប់គ្រងតែងតែជួបប្រទះ និងយកមកប្រើ ប្រាស់ទៅតាមកាលៈទេសៈនីមួយៗ ដើម្បីជំរុញការបំពេញការងារឱ្យបានលឿនទៅមុខ។ ប៉ុន្តែក្នុងការអនុវត្ត ជាក់ស្ដែងនូវវិធីទាំងពីរនេះ គេគប្បីមានការថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ ជាពិសេសកុំឱ្យធ្ងន់ខ្លាំងទៅលើតែវិធីសេដ្ឋកិច្ចក្នុងពេលដែលអង្គភាពស្ថិតក្នុងសភាពធម្មតា មិនមែនស្ថិតក្នុងស្ថានភាពវាយសម្រុកដ៏មមាញឹកក្នុងការងារ។ អនុស្សាវរីយ៍មួយ ទាក់ទងទៅនឹងបញ្ហានេះ រូបខ្ញុំផ្ទាល់នៅចាំបានថា នៅពេលមួយនោះ កាលខ្ញុំនៅកាន់ការជានាយករង

អចិន្ត្រៃយ៍ មានសហការីរបស់ខ្ញុំម្នាក់ជានាយករង បានជក់ចិត្តដិតអារម្មណ៍និងការប្រើប្រាស់ "វិធី សេដ្ឋកិច្ច" នេះណាស់។ ដោយមើលឃើញវែងឆ្ងាយពីផលវិបាកដែលនឹងធ្លាក់មកដល់អង្គភាពនាពេលខាងមុខ ខ្ញុំតែងតែរំលឹក ដាស់តឿនរូបគាត់ជាញឹកញយ ដើម្បីឱ្យគាត់ថ្លឹងថ្លែងឡើងវិញនូវវិធីសាស្ត្រគ្រប់គ្រងរបស់គាត់។ ប៉ុន្តែផ្ទុយទៅវិញ រូបគាត់នៅតែជក់ចិត្តនឹងវិធីនេះដដែល ដោយម្យ៉ាងគាត់ប្រហែលជាមើលឃើញថា វិធីនេះ មានប្រសិទ្ធភាព អាចសម្រេចកិច្ចការបានភ្លាមៗ តាមឆន្ទៈដែលគាត់ចង់បាន ហើយម្យ៉ាងទៀត ក៏អាចធ្វើឱ្យរូបគាត់មានឥទ្ធិពល មួយផ្នែកធំទៅលើបុគ្គលិកនៅក្រោមបង្គាប់ផ្ទាល់របស់គាត់ដោយសារតែវិធីនេះថែមទៀតផង។ សភាពបែបនេះ ចេះតែអូសបន្លាយយូរទៅៗរហូតដល់ពេលមួយ បានចេញជាលទ្ធផលជាក់ស្ដែង ដោយសារតែទង្វើនោះបាន

ជះឥទ្ធិពលទៅជាទម្លាប់មិនល្អសម្រាប់ការប្រើប្រាស់បុគ្គលិកឱ្យបំពេញការងារ សំខាន់គឺក្នុងពេលម៉ោងធ្វើការធម្មតារបស់អង្គភាព។ ឧទាហរណ៍ថា បើប្រើអ្នកទាំងនោះដោយមានលុយកាក់ភ្ជាប់ទៅជាមួយការងារ ហាក់ដូចជាស្ទុះស្ទាគ្រាន់បើ ផ្ទុយទៅវិញបើគ្មានលុយកាក់ខ្លះភ្ជាប់ទៅជាមួយទេ ពួកគេធ្វើការហាក់ដូចជា "ប៉កល្វើយ" ចុងដៃចុងជើង មិនសូវស្វាហាប់ រហូតដល់ពេលខ្លះ ហ៊ានបំភ្លេចភារកិច្ចចោល ចេះកិកកុករកលេសយ៉ាងនេះឬយ៉ាងនោះ ធ្វើឱ្យយឺតយ៉ាវមិនបានសម្រេចការងារទៅតាមផែនការកំណត់ដែលថ្នាក់លើប្រគល់ឱ្យហើយទន្ទឹមនឹងនេះ ក៏ជះឥទ្ធិពលទៅជាការមើលស្រាលចំពោះវិន័យម៉ឺងម៉ាត់របស់អង្គភាពថែមទៀតផង។ ដូច្នេះ ដើម្បីចៀសវាងពីគុណវិបត្តិដូចដែលបានបង្ហាញជូនជាឧទាហរណ៍រួចមកហើយនេះ តាមទស្សនៈផ្ទាល់របស់ខ្ញុំ អ្នកគ្រប់គ្រងគួរតែចេះថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ ចេះគួបផ្សំប្រើប្រាស់ឱ្យបានល្អ នូវវិធីទាំង ពីរនេះយ៉ាងប៉ិនប្រសប់ ដោយកុំឱ្យធ្ងន់ខ្លាំងតែទៅលើ "វិធីសេដ្ឋកិច្ច"ភ្លេច"វិធីរដ្ឋបាល" ជាហេតុធ្វើឱ្យវិធីមួយនេះ មានឥទ្ធិពលគ្របដណ្ដប់ ហើយក្លាយទៅជាទម្លាប់មិនល្អ ក្នុងចំណាត់ការ ការងាររបស់ខ្លួន។

៤-ធ្វើការក្រៅម៉ោង តោងចេះសងកម្រៃ

            បើគេគិតពិចារណាទៅលើទស្សនៈរបស់ខុងជឺ ទស្សនវិទូរូបនេះបានលើកឡើងពី "ភាពត្រឹមត្រូវ"របស់ បុគ្គលិកក្រោមបង្គាប់នោះគឺ "កម្រៃ" នេះឯង។ កម្រៃគឺជារូបភាពមួយបែបនៃ "វិធីសេដ្ឋកិច្ច" ដែលអ្នកគ្រប់គ្រង តែងយកមកប្រើប្រាស់។ ប៉ុន្តែក្នុងកាលៈទេសៈខុសគ្នា ដូចដែលមានចែងរួចមកហើយក្នុងប្រការទី៣ ពោលគឺ វិធីលើកនេះប្រើប្រាស់តែនៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកពីការងារដើម្បីសម្រុកធ្វើការឱ្យបានទាន់ តាមពេលវេលាកំណត់តែប៉ុណ្ណោះ។ ជាទូទៅគេច្រើនអនុវត្តវិធីនេះក្នុងអង្គភាពផលិតកម្ម ដោយគោរពតាមស្តង់ដារ តម្លៃមួយច្បាស់លាស់ និងមានតម្លាភាព ហើយត្រូវបានធានាដោយច្បាប់ពលកម្មរបស់រដ្ឋថែមទៀតផង ។ និយាយយ៉ាងនេះ មិនមែនមានន័យថាអង្គភាពសាធារណៈរបស់រដ្ឋ ដែលឋិតក្រៅអង្គភាពផលិតកម្ម មិនបានអនុវត្តនូវវិធីនេះសោះតែម្តងនោះទេ។ ផ្ទុយទៅវិញ គេក៏អាចយកវិធីនេះមកអនុវត្តបានដែរ ដោយពឹងផ្អែកទៅលើកម្រៃដែលអង្គភាពនោះ ខិតខំស្វះស្វែងរកបាន។ ផ្សារភ្ជាប់ទៅនឹងបញ្ហានេះដដែល បើគេគិតពិចារណាឱ្យបាន វែងឆ្ងាយតទៅទៀតនោះ ការសងកម្រៃអាចជាទឹកប្រាក់ដែលប្រគល់ជូនភ្លាមៗ ក្រោយពេលបញ្ចប់ការងារ ឬក៏អាចជាអ្វីៗផ្សេងទៀត មានតម្លៃខ្ពស់ជាងនេះដែលតបស្នងដោយមិនចំពោះក្នុងពេលភ្លាមៗទេ ប៉ុន្តែក្នុងពេលណាមួយក្រោយមកទៀត ដូចជាការលើកទឹកចិត្ត ឬការប្រគល់ជូនជាសក្តិ តំណែងណាមួយ បើសិនជាបុគ្គល នោះមានអំណត់ព្យាយាមតស៊ូរែកពុនការលំបាក(Hard Work) របស់អង្គភាពជាមួយយើង ដោយមិនគិតពីរឿងហត់នឿយ ជួយធ្វើការយើងទាំងយប់ទាំងថ្ងៃ មិនថាក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាក ដើម្បីរួមចំណែក ធ្វើឱ្យ

អង្គភាពមានដំណើររីកចម្រើនទៅមុខ និងសម្រេចបានផ្លែផ្កាតាមគោលដៅកំណត់។

            សរុបមកវិញ ការតបស្នងជាកម្រៃចំពោះបុគ្គលិកដែលបំពេញការងារក្រៅម៉ោងធ្វើការ រួមទាំងថ្ងៃឈប់ សម្រាកផងនោះ ជាទម្លាប់ដ៏គាប់ប្រសើររបស់ប្រធានអង្គភាព ក្នុងការគោរពចំពោះតម្លៃមនុស្សដែលខុសប្លែកពី ទំនិញធម្មតា ជាពិសេសតម្លៃពលកម្មដែលបុគ្គលិកទាំងនោះបានបំពេញជូនអង្គភាពទាំងកម្លាំងកាយ និងកម្លាំង ប្រាជ្ញា ហើយក៏អាចជាចំណងទាក់ទងសម្រាប់ផ្សារភ្ជាប់បុគ្គលិកឱ្យស្ថិតក្នុងបរិយាកាសសប្បាយរីករាយផងដែរ ជាមួយអង្គភាពនោះជារៀងរហូតតទៅដោយគ្មានចេតនាណាមួយចង់ផ្លាស់ប្ដូរទីកន្លែងធ្វើការទៅកាន់ទីដទៃ

ទៀត។ ហេតុនេះហើយបានជាគេតែងតែឮក្នុងអង្គភាពខ្លះដែលទម្លាប់ធ្វើផ្ទុយពីនេះនូវពាក្យសំដីរអ៊ូរទាំដោយអសុរសរបស់បុគ្គលិកយ៉ាងដូច្នេះថា "បានតែប្រើគោ ប៉ុន្តែមិនចេះឱ្យស្មៅគោស៊ីសោះ"

៥-ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់អង្គភាពឱ្យអស់លទ្ធភាពពេលបុគ្គលិកធ្លាក់ ក្នុងសភាពក្រខ្សត់

            ភាពក្រខ្សត់ គឺជាសត្រូវដ៏ធំធេងបំផុតចំពោះអង្គភាព អាចធ្វើឱ្យអង្គភាពនោះរលំរលាយ ឬចុះទន់ ខ្សោយ ខ្វះលំនឹងឬក៏ធ្វើឱ្យអង្គភាពនោះមិនអាចសម្រេចនូវគោលដៅ ទៅតាមបំណងប្រាថ្នាបាន។ ភាពក្រខ្សត់ ក៏អាចជះឥទ្ធិពលដល់ការគោរពវិន័យនិងប្រសិទ្ធភាពបំពេញការងាររបស់បុគ្គលិក។ បន្ថែមទៅលើនេះ បើយើង ជាអ្នកគ្រប់គ្រងខ្វះចន្លោះនូវចិត្តសាស្ត្រគ្រប់គ្រង ពុំបានសិក្សាឱ្យស៊ីជម្រៅពីមូលហេតុ ហើយត្រឡប់ទៅរកតែវិធី រដ្ឋបាល យកទៅរឹតបន្តឹងការអនុវត្តបន្ថែមទៀតនោះ មិនខុសអ្វីពីយកថ្មមកសង្កត់លើដើមទ្រូងឯង ឱ្យថប់ដង្ហើម ស្លាប់ ឬក៏វិស័យដូចជារុញទូកខ្លួនឯងដែលគ្រាំគ្រាស្រាប់ ឱ្យទៅប៉ះទង្គិចនឹងផ្ទាំងថ្មមួយដ៏ធំ បែកធ្លាយលិចទូក ខ្លួនឯងនោះទេ។ ប្រឈមមុខទៅនឹងហេតុការណ៍ដ៏លំបាកបែបនេះ ខ្ញុំក៏បែកគំនិតថ្មីមួយដើម្បីដោះស្រាយភាព ក្រខ្សត់ ដោយស្នើសុំការអនុញ្ញាតពីលោកសាកលវិទ្យាធិការ បានជួលសាលប្រជុំ ជួលបន្ទប់ធ្វើការខ្លះ ជាជាង ទុកចោលទំនេរ ដើម្បីឱ្យអតិថិជនតំណាងឱ្យអង្គភាពនានាធ្វើសិក្ខាសាលា ជួលបរិវេណសាលា ពេលថ្ងៃឈប់ សម្រាកឱ្យក្រុមហ៊ុនឯកជនមកថតជាវីដេអូឬថតខ្សែភាពយន្តផ្សេងៗ ជួលដំបូលអគារឱ្យក្រុមហ៊ុនទូរស័ព្ទ ចល័តដាក់អង់តែន ដើម្បីបង្កើនរលកសំឡេងឱ្យបានឮច្បាស់ ឬក៏បើកជាសាលាបង្រៀនភាសាអង់គ្លេសក្រៅ ម៉ោងធ្វើការ។ល។ ហេតុអ្វីក៏ខ្ញុំបែកគំនិតធ្វើយ៉ាងនេះដើម្បីដោះស្រាយភាពក្រខ្សត់? ពីព្រោះទីតាំង "មណ្ឌល២" ពេលនោះ កំពុងតែទទួលការចាប់អារម្មណ៍ពីអតិថិជនយ៉ាងខ្លាំង ហើយយើងក៏ឆ្លៀតឱកាសអំណោយផលបែប នេះ ធ្វើទំនាក់ទំនងជាមួយអតិថិជនយ៉ាងជិតស្និទ្ធតែម្តង ដើម្បីទាក់ទាញឱ្យគេមកជួលទីតាំងរបស់យើង គ្រាន់ នឹងបានកម្រៃខ្លះៗ យកមកដោះស្រាយ កង្វះខាតជីវភាពបុគ្គលិក ហើយម្យ៉ាងទៀតយើងក៏គ្មានជម្រើសប្រើ ប្រាស់មធ្យោបាយណាដែលល្អជាងនេះដែរ។ បើងាកមករកការបង្កបង្កើនផល ដើម្បីផ្គត់ផ្គង់ជីវភាពខ្លួនឯង ដូច នៅអង្គភាពចាស់ពីមុនក៏មិនអាចទៅរួច ព្រោះទីតាំងខុសគ្នា ហើយកាលៈទេសៈក៏មិនអំណោយផលឱ្យយើងធ្វើ បែបនេះបានតទៅទៀតដែរ។ ចំពោះសំណើនេះ ថ្នាក់លើមិនដែលចង្អៀតចង្អល់អ្វីឡើយ ប៉ុន្តែគ្រាន់តែសំណូម ពរឱ្យពួកខ្ញុំជាគណៈគ្រប់គ្រងផ្ទាល់ ធានាខុសត្រូវកុំឱ្យមានហេតុការណ៍ចៃដន្យអាក្រក់ណាមួយកើតឡើងដូចជា ហេតុផលខាងសន្តិសុខ ឬហេតុផលខាងនយោបាយណាមួយ បង្កឡើងដោយជនឱកាសនិយម ឆ្លៀតប្រើប្រាស់ កន្លែងនេះ ធ្វើជាឈ្នាន់សម្រាប់វាយប្រហារទៅលើគណបក្សកាន់អំណាច តាមរយៈអង្គប្រជុំ ឬសិក្ខាសាលា

ផ្សេងៗដែលតាមភាសាសាមញ្ញ គេនិយមហៅថា "ធ្វើនយោបាយតាមរយៈអង្គប្រជុំ"។ ដូច្នេះ ដើម្បីធានាឱ្យថ្នាក់ លើនឹងនចិត្ត រូបខ្ញុំផ្ទាល់ព្រមទាំងសហការី ចាំបាច់ត្រូវតែលើកជាវិធានការ ការពារជាមុន ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាពង្រឹងក្រុមសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ព្រមទាំងចុះកិច្ចសន្យាច្បាស់លាស់ ជា​មួយអតិថិជន។ ប៉ុន្តែទោះបីជាមានវិធានការម៉ឺងម៉ាត់ល្អិតល្អន់បែបនេះក្ដី ក៏គណៈគ្រប់គ្រងសាលា នៅតែមានការព្រួយបារម្ភចំពោះបញ្ហានេះ ដោយខ្លាចក្រែងមានការថ្លោះធ្លោយ ដោយប្រការឆកល្វែងណាមួយកើតឡើង។ ប៉ុន្តែអាស្រ័យដោយភាពក្រខ្សត់ញាំញី ជីវភាពបុគ្គលិកខ្លាំងពេក ទើបជំរុញឱ្យខ្ញុំនាំគ្នាជំនះពុះពារប្រថុយប្រថា​នបែបនេះ ក្នុងកាលៈទេសៈដែលប្រទេសជាតិឋិតក្នុងអន្តរកាលនៃការប្រែប្រួលស្ថានការណ៍។ ជាភ័ព្វសំណាងល្អ ដំណើរការទាំងនោះចេះតែប្រព្រឹត្តទៅដោយសុវត្ថិភាពរហូតមកធ្វើឱ្យគណៈគ្រប់គ្រងសាលាបានរួចផុតពីការព្រួយបារម្ភ ព្រមទាំងសម្រេចបាននូវបំណងប្រាថ្នា ក្នុងការរកប្រាក់ចំណូលដោយខ្លួនឯងខ្លះដើម្បីទប់ទល់និងជួយសម្រាលបន្ទុករបស់រដ្ឋទៅលើការដោះស្រាយជីវភាពបុគ្គលិក។

៦-គ្រប់គ្រងនិងបែងចែកប្រាក់ចំណូលដោយតម្លាភាព

            បើគ្រាន់តែស្ដាប់ដោយមិនបានគិតគូរវែងឆ្ងាយ ការងារប៉ុណ្ណេះ ហាក់ដូចជាសាមញ្ញធម្មតា គ្មានអ្វីពិបាក ធ្វើសោះឡើយ អ្នកណាក៏ធ្វើបាន ហេតុអ្វីក៏មានបញ្ហា? គប្បីចងចាំថា ក្នុងការគ្រប់គ្រង "អ្វីមិនទាន់កើត ក៏កើតជាបញ្ហា ពេលមានហើយ បើមិនប្រុងប្រយ័ត្ន ក៏កើតជាបញ្ហាថ្មីមួយទៀត"។ នេះជារឿងដែលអ្នកគ្រប់គ្រង តែងតែជួបប្រទះ។ ដូច្នេះដើម្បីទប់ស្កាត់កុំឱ្យកើតមានជាបញ្ហា ពេលដែលអ្វីមួយត្រូវបានបង្កើតឡើង ហើយកំពុងទទួលបាននូវផ្លែផ្កា ចាំបាច់ត្រូវតែគ្រប់គ្រងឱ្យបានម៉ត់ចត់ តួយ៉ាងដូចជាប្រាក់ចំណូលដែលរកបានជាការល្អ ត្រូវរៀបចំជាគណៈកម្មាការឬជាអង្គការ(អង្គការសហជីព) ទទួលខុសត្រូវច្បាស់លាស់: មានអ្នកទុកដាក់លុយកាក់ មានអ្នកកាន់បញ្ជីទូទាត់ចំណាយដោយមិនឱ្យច្របូកច្របល់គ្នា។ គណៈកម្មាការត្រូវដឹងពីស្ថានភាព លុយកាក់ទាំងអស់គ្នា ហើយក្នុងនោះប្រធានគណៈកម្មាការជាអ្នកទទួលខុសត្រូវរួម។ ពេលបែងចែកលុយកាក់ ត្រូវមានគោលការណ៍បែងចែកឱ្យបានច្បាស់លាស់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យត្រឹមត្រូវប្រកបដោយតម្លាភាព។ បន្ទាប់មកត្រូវផ្សព្វផ្សាយឱ្យបានដឹងឮទាំងអស់គ្នា។ អ្នកណាមិនច្បាស់លាស់ពីបញ្ហាអ្វីឬមិនទាន់យល់ បញ្ហាអ្វីមួយ ត្រូវលើកជាសំណួរសួរនាំគ្នា ដើម្បីបានស្ដាប់ឮទាំងអស់គ្នា។ រួចហើយទើបអនុវត្តការបែងចែក។ បែងចែកឱ្យអ្នកណាប៉ុន្មានត្រូវមានហត្ថលេខាទទួលត្រឹមត្រូវមិនឱ្យបើកជំនួសគ្នា បើមានករណីបើកជំនួស ត្រូវមានលិខិតផ្ទេរសិទ្ធិ។ល។ ម្យ៉ាងទៀតទាក់ទងទៅនឹងការបែងចែកនេះដែរ ធម្មតាអ្នកគ្រប់គ្រងតែងមានមនោសញ្ចេតនាជាមួយកូនចៅក្រោមបង្គាប់។ ខុសត្រូវលើសខ្វះគ្នាជាបរិមាណលុយកាក់បន្តិចបន្តួច ត្រូវហ៊ាន លះបង់ឱ្យគ្នា

ពី​ព្រោះគេជាអ្នកក្រខ្សត់ជាងយើង ជាអ្នកធ្វើផ្ទាល់ជាមួយអង្គភាព មិនមែនយើងជាអ្នកគ្រប់គ្រងអាចទៅធ្វើកិច្ចការនោះទាំងយប់ទាំងថ្ងៃ តស៊ូក្រាញននៀលដូចគេបានទេ។ ដូច្នេះហើយបានជាគេតែងឮពាក្យយ៉ាងដូច្នេះថា "អ្នកគ្រប់គ្រង គឺជាអ្នកសម្រេចកិច្ចការដោយសារអ្នកដទៃ"។ យើងត្រូវតែហ៊ានលះបង់ឱ្យកូនចៅ យើងនៅពេលដែលគេកំពុងលំបាកវេទនាក្រខ្សត់។ បើលះបង់បានដូចករណីខាងលើ អ្នកក្រោមបង្គាប់គេនឹង អាណិតស្រឡាញ់យើង គោរពយើង ហើយភាពសុខដុមប្រាកដជានឹងកើតមានឡើងដោយ សារតែកាយវិការលះបង់ប្រកបដោយសមានចិត្តរបស់យើងចំពោះគេ។ ប៉ុន្តែក្នុងភាពជាក់ស្ដែង គេតែងសង្កេតឃើញមានបញ្ហា កើតឡើងនៅតាមអង្គភាពមួយចំនួន ហើយបង្កទៅជាទំនាស់ពិបាកដោះស្រាយ ដោយសារតែខ្វះតម្លាភាពក្នុង ការបែងចែកលុយកាក់បន្តិចបន្តួច ដែលអង្គភាពខិតខំរកបាន។ ត្រង់ប្រការនេះហើយដែលខ្ញុំ លើកឡើងថា "ពេលមិនទាន់មានក៏កើតជាបញ្ហា ដល់ពេលមានហើយ ក៏កើតជាបញ្ហាមួយថ្មីទៀត បើយើងធ្វេសប្រហែស មិនមានគោលការណ៍អនុវត្តឱ្យបានច្បាស់លាស់"។ ប៉ុន្តែជាតិជាអ្នកគ្រប់គ្រង មិនត្រូវខ្លាចរអារចំពោះបញ្ហារហូតដល់ មិនហ៊ានពុះពារបង្កើតឡើងនូវអ្វីដែលថ្មីសម្រាប់សេចក្ដីសុខរបស់អ្នកនៅក្រោមបង្គាប់ ក៏ដូចជាភាពរីកចម្រើនទៅមុខរបស់​អង្គភាពនោះឡើយ ផ្ទុយទៅវិញត្រូវតែមានសេចក្ដីក្លាហានប្រឈមមុខនឹងបញ្ហា ប៉ុន្តែត្រូវត្រៀមបង្ការទុកជាមុន ដើម្បីកុំឱ្យកើតមានបញ្ហាគួរសោកស្ដាយណាមួយកើតឡើង។

៧-ធ្វើជាអនុប្រធាន ក៏ដូចជាធ្វើប្រធានទទួលបន្ទុកធ្ងន់ធ្ងរដូចគ្នា

            ហេតុអ្វីបានជាមានពំនោលបែបនេះទៅវិញ? ជាធម្មតា គេតែងតែឮពាក្យយ៉ាងនេះថា "សូវធ្វើប្រធាន ជាជាងធ្វើអនុប្រធាន"។ ពីព្រោះបានធ្វើប្រធាន គឺមានអំណាចអាចសម្រេចលើគ្រប់កិច្ចការបាន។ ជាចិត្តសាស្ត្រ ទូទៅរបស់មនុស្សម្នាក់ៗ គេតែងចង់ធ្វើប្រធាន ជាជាងធ្វើអនុប្រធាន។ គេកម្រឮបុគ្គលណាចង់ធ្វើអនុប្រធាន ជាជាងធ្វើប្រធាននេះណាស់។ ប៉ុន្តែក្នុងកាលៈទេសៈមិនទាន់តម្រូវឱ្យ តើគេសុខចិត្តរង់ចាំចាប់ស្រមោល ដែលជារបស់មិនពិតប្រាកដ ឬមួយក៏ស្រវាចាប់អ្វីដែលមានពិតប្រាកដ? ដោយឡែក បើគេនិយាយពីតួនាទីអនុប្រធានវិញ ក៏មិនមែនជាតួនាទីសាមញ្ញពេកនោះដែរ ប៉ុន្តែជាតួនាទីដែលរ៉ាប់រងកិច្ចការផ្ទាល់ ធ្ងន់ធ្ងរបំផុតទៅតាមឯកទេសនីមួយៗដែលខ្លួនមាន នៅចំពោះមុខប្រធាន ក៏ដូចជាអង្គភាពទាំងមូល វិស័យដូចសសរទ្រទម្ងន់ ដូច្នោះដែរ បើសសរនោះរឹងមាំ ប្រធាននៅខាងលើក៏រឹងមាំទៅតាមនោះដែរ។ ម្យ៉ាងទៀត បើគេគិតទៅលើតួនាទីវិញ ប្រធានជាអ្នកទទួលបន្ទុករួមគិតគូរខ្លាំងបំផុតទៅលើយុទ្ធសាស្ត្ររបស់អង្គភាពតែប៉ុណ្ណោះ ព្រមទាំងមាន សិទ្ធិសម្រេចលើគ្រប់កិច្ចការទាំងអស់ ដែលជាអាយុជីវិតរបស់អង្គភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ នោះហើយដែលគេហៅថា "សិទ្ធិអំណាចប្រធាន"។ ទន្ទឹមនឹងនេះ ក្នុងចំណោមអនុប្រធានទទួលបន្ទុកក្នុង ការងារនីមួយៗ រមែងមានអនុប្រធានមួយប្រភេទទៀតដែលគេចាត់ទុកថាមានភាពចាស់ទុំខាងនយោបាយ មានទស្សនៈគោលជំហររឹងមាំច្បាស់លាស់ មានសមត្ថភាពនិងបទពិសោធន៍ជ្រៅជ្រះជាងអ្នកដទៃ។ អនុប្រធាន រូបនោះ អាចត្រូវបានថ្នាក់លើផ្ដល់ទំនុកចិត្ត តែងតាំងឱ្យធ្វើជាអនុប្រធានអចិន្ត្រៃយ៍(ប្រចាំការ)ក្នុងចំណោមអនុប្រធានទាំង

អស់។ អនុប្រធានអចិន្ត្រៃយ៍ អាចមានសិទ្ធិសម្រេច និងដោះស្រាយការងារប្រចាំថ្ងៃរបស់អង្គភាពជំនួសមុខប្រធានដោយមិនចាំបាច់សុំយោបល់ផ្ទាល់ ប៉ុន្តែគ្រាន់តែធ្វើរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ជាលាយ

លក្ខណ៍អក្សរ​ជូនប្រធានតែប៉ុណ្ណោះ អាស្រ័យទៅលើទំនុកចិត្តនិង ការប្រគល់ភារកិច្ចរបស់ប្រធាន។ ពេលប្រធានអវត្ត​មាន ចេញទៅបំពេញបេសកកម្មនៅខាងក្រៅ អនុប្រធាននោះ នឹងអាចត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើជាប្រធានស្ដីទី ក្នុងដែនសមត្ថកិច្ចដ៏សមស្របណាមួយជំនួសប្រធានក៏សឹងមាន។ ដូច្នេះបើធ្វើអនុប្រធាន ទទួលបន្ទុកការងារធ្ងន់ធ្ងរបែបនេះទៅហើយ ក៏អាចប្រហាក់ប្រហែលគ្នាទៅនឹងប្រធានដែរ ពីព្រោះអនុប្រធានបែបនេះ ធ្លាប់បានហ្វឹកហាត់ដ៏ច្រើនបំផុតក្នុងការប្រតិបត្តិ ព្រមទាំងអាចសន្សំបរិមាណជាបណ្ដើរៗ ឆ្ពោះទៅរក តំណែងបន្តវេនពីប្រធានដ៏សក្កិសមបំផុតក្នុងថ្ងៃអនាគត។ បើក្នុងអង្គភាពផលិតកម្មវិញ គេតែងសង្កេតឃើញ ហេតុការណ៍ខុសប្លែកពីនេះបន្តិច។ ជាក់ស្ដែង បើប្រធានយកមកពីក្រៅស្រុក អនុប្រធានត្រូវដាក់អ្នកក្នុងស្រុក ឱ្យនៅធ្វើការអមជាមួយ។ យូរៗទៅអាស្រ័យដោយការប្រតិបត្តិជាក់ស្ដែងក្នុងការងារ អនុប្រធានក្នុងស្រុកអាច ជំនួសប្រធានមកពីក្រៅស្រុកបាន។ ខ្ញុំសូមត្រឡប់មករកករណីខាងដើមវិញបន្តិច ដោយសូមរំលឹកដាស់តឿន សាជាថ្មីថា បើបានធ្វើជាប្រធានស្ដីទី កុំភ្លេចអនុវត្តឱ្យបានត្រឹមត្រូវទៅតាមដែន សមត្ថកិច្ចដែលប្រធានប្រគល់ឱ្យ ពេលប្រធានអវត្តមាន។ បើពុំនោះសោតទេ នឹងកើតមានជាបញ្ហាក្រោយពេល ដែលប្រធានត្រឡប់មកវិញ ដោយសារតែប្រធានស្ដីទី ធ្វើអ្វីៗហួសពីព្រំដែនកំណត់។ ហេតុនេះបានជាក្នុងសភាពជាក់ស្ដែង មានអនុប្រធាន ខ្លះអាចជំនួសប្រធានបាន អនុប្រធានខ្លះទៀត ជំនួសប្រធានមិនបានដោយសារខ្វះទំនុកចិត្តពីប្រធានទៅលើការបំពេញការងារជាប្រធានស្ដីទីហួសដែនសមត្ថកិច្ចដែលប្រគល់ឱ្យពេលប្រធានអវត្តមាន។

៨-បើឱ្យត្រៀមដប់ គប្បីត្រៀមម្ភៃ បើបញ្ជាត្រឹមដប់ កុំធ្វើដល់ម្ភៃ

            អ្នកគ្រប់គ្រងដែលល្អ ត្រូវតែចេះត្រៀមបម្រុង និងជាអ្នកចេះគោរពបទបញ្ជាដែលហៅតាមភាសាមួយ បែបទៀតថា ចេះគោរពថ្នាក់លើរបស់ខ្លួន។ ត្រៀមបម្រុងនៅទីនេះ ចង់សំដៅទៅលើការត្រៀមបម្រុងទាំងកម្លាំង មនុស្ស ទាំងសម្ភារៈ ទាំងប្រាក់កាស។ល។ ជាទូទៅ ផ្សារភ្ជាប់នឹងបញ្ហាត្រៀមបម្រុង "ចំនួន" មានសារៈសំខាន់ ណាស់។ ប៉ុន្តែគប្បីកុំចាត់ទុកថា "ចំនួន" ដែលគេប្រាប់មកយើងសុទ្ធតែពិតប្រាកដ១០០% ឱ្យសោះ។ អាចមាន ពេលខ្លះលើស ពេលខ្លះខ្វះ។ ប្រសិនបើខ្វះ វាជាអំណោយផលសម្រាប់ការត្រៀមបម្រុងរបស់យើង។ តែបើចំនួន នោះលើសច្រើនវិញ យើងមានការលំបាកបន្តិចក្នុងការប៉ាន់ប្រមាណដើម្បីត្រៀមបម្រុង។ ដោយឡែក ចំពោះ អ្នកកាន់ការងារផ្នែករដ្ឋបាលគ្រប់គ្រងវិញ ការត្រៀមបម្រុង គឺជាទម្លាប់ល្អមួយ ជារឿងចាំបាច់ខានមិនបាន។ បើ បាត់ម្ចាស់ការ មិនបានត្រៀមបម្រុងទុកនោះ វាជារឿងដ៏គួរឱ្យខ្មាសអៀនមួយសម្រាប់អ្នកកាន់កិច្ចការនេះ ហើយ លទ្ធផលទទួលបានគឺច្រើនតែ "ខូចការ" ឬទទួលការស្ដីបន្ទោសពីប្រធាន។ ដូច្នេះដើម្បីកុំឱ្យកើតមានករណីបែប នេះ គប្បីសុខចិត្តត្រៀមបម្រុងឱ្យលើស ប្រសើរជាងត្រៀមខ្វះ។ ប៉ុន្តែដើម្បីត្រៀមឱ្យបានត្រឹមត្រូវពីបរិមាណ ទាល់តែយើងមានវិធីដើម្បីត្រៀម។ ឧទាហរណ៍ថា ក្នុងករណីជាក់ស្ដែងខ្លះ យើងគប្បីដឹងត្រួសៗជាមុនពីកម្មវិធី ជាក់ស្ដែង។ ត្រូវដឹងថា តើប្រធានចុះទៅធ្វើការនៅកន្លែងណាខ្លះ? ជួបអ្នកណាខ្លះៗ ជួបប៉ុន្មានដង? ជួបម្តងៗ ប្រហែលប៉ុន្មាននាក់? ទើបយើងប៉ាន់ស្មានដឹងពីចំនួនដែលត្រូវត្រៀមបានត្រឹមត្រូវ ហើយប្រមើលមើលបានពី ភាពចៃដន្យណាមួយដែលអាចនឹងកើតមានឡើងដោយឥតព្រាងទុក។ បើយើងត្រៀមលក្ខណៈបានល្អ ប្រធាន ក៏មិនខ្មាស់គេ ប្រធានតែងមានភាពកក់ក្តៅ មានទំនុកចិត្តមកលើយើង ហើយតែងហៅរកយើងឱ្យទៅជាមួយ គាត់ជានិច្ច។ ម្យ៉ាងទៀត ការត្រៀមបម្រុងឱ្យលើស មិនមែនជាការធ្លាក់ក្នុងទង្វើខ្ជះខ្ជាយ សប្បាយចាយនោះទេ ហើយក៏រឹតតែមិនមែនជារឿងសាមញ្ញធម្មតាពេកដែរ សម្រាប់ជីវិតអ្នកកាន់ការងារគ្រប់គ្រង។

            ចំណែកបទបញ្ជាវិញ ថ្នាក់ក្រោមត្រូវតែគោរពតាមឱ្យបានម៉ឺងម៉ាត់។ មិនអាចមានករណីមិនគោរពបទ បញ្ជាឬ"បញ្ជាដប់" ធ្វើលើសដល់ម្ភៃនោះបានដែរ។ ព្រោះទង្វើបែបនេះ អាចធ្លាក់ទៅក្នុងករណីមិនគោរពបទ បញ្ជាផង និងនាំទៅដល់ការបាត់បង់ទំនុកចិត្តពីប្រធាន ចំពោះសាមីខ្លួនដែលជាអ្នកកាន់កិច្ចការនោះ ដោយ ផ្ទាល់ ហើយក៏អាចជារឿងដែលថ្នាក់ក្រោមមិនសប្បាយចិត្តជាមួយប្រធានផង ព្រោះតែការចង់បានគាប់គួររបស់ អ្នកអនុវត្តផ្ទាល់ ហើយទៅដាក់គំនាបថ្នាក់ក្រោមឱ្យបំពេញដោយយកឈ្មោះប្រធានទៅប្រើប្រាស់។ បើមាន ករណីដូចខាងក្រោយនេះកើតឡើង គឺជាគ្រោះថ្នាក់ដោយមិនដឹងខ្លួនសម្រាប់ប្រធាន ដោយសារតែការចង់បាន គាប់គួរ ធ្វើលើសបទបញ្ជា។ ដូច្នេះប្រធានត្រូវតែម៉ឺងម៉ាត់ចំពោះទង្វើធ្វើលើសបទបញ្ជារបស់អ្នកនៅក្រោមបង្គាប់ របៀបនេះ ដើម្បីកុំឱ្យបាត់បង់ជំនឿទុកចិត្តនិងប្រជាប្រិយភាពរបស់ខ្លួនជាប្រធានចំពោះអ្នកក្រោមបង្គាប់។

៩-បង្កើតបទដ្ឋាន គោរពបទដ្ឋាន ដោះស្រាយការងារតាមបទដ្ឋាន

            បទដ្ឋាន ជាកត្ដាសំខាន់ចាំបាច់សម្រាប់អង្គភាពនីមួយៗធ្វើសកម្មភាពត្រឹមត្រូវ មានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងឈានទៅសម្រេចបានគោលដៅ។ បទដ្ឋានអាចជារូបភាពនៃច្បាប់ដែលមនុស្សទាំងឡាយ ក្នុងអង្គភាពស្រុះស្រួលគ្នាបង្កើតឡើង និងនាំគ្នាគោរពតាមបទដ្ឋាននោះ។ ប៉ុន្តែបើបង្កើតបានជាបទដ្ឋានហើយ ត្រូវមានវិធីដើម្បីឱ្យបទដ្ឋាននោះ ធានានូវប្រសិទ្ធភាព។ ជាក់ស្ដែង មុននឹងដាក់ឱ្យបទដ្ឋាននោះដំណើរការប្រការ សំខាន់គេត្រូវយកបទដ្ឋាននោះ ទៅដាក់ឆ្លងអង្គប្រជុំគ្រប់សមាសភាព ដើម្បីរួមមតិកែលម្អ។ បន្ទាប់មកទើបដាក់ ឱ្យអនុវត្តជាផ្លូវការ។ មកដល់ដំណាក់កាលនេះ ការអនុវត្តត្រូវតែប្រព្រឹត្តឡើងជាទូទៅ មិនថាឡើយអ្នកនោះជា បុគ្គលិកសាមញ្ញ ឬថ្នាក់ដឹកនាំអង្គភាពកម្រិតណានោះទេ សុទ្ធតែមានកាតព្វកិច្ចគោរពទាំងអស់គ្នា ព្រោះបទ ដ្ឋាននោះជាតំណាងឱ្យឆន្ទៈរបស់ខ្លួន។ បើមិនគោរពបទដ្ឋានបានន័យថា មិនគោរពនូវឆន្ទៈខ្លួនឯង។ ដោយ ឡែក បទដ្ឋាននីមួយៗមិនដូចគ្នាទេ មិននៅហ្នឹងថ្កល់មួយកន្លែងទេ ប៉ុន្តែអាចមានការប្រែប្រួលទៅតាមចរិត ការ​ងារ​និងការរីកចម្រើនរបស់អង្គភាពថែមទៀតផង។ ឧបមាថា បើអង្គភាពនោះទទួលគ្រប់គ្រងតែបុគ្គលិកសុទ្ធ សាធ បទដ្ឋាននោះតម្រង់ឆ្ពោះតែទៅលើបុគ្គលិកប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើសិនជាអង្គភាពនោះជាសាលា បណ្ដុះ​បណ្ដាលផង គេត្រូវធ្វើបទដ្ឋានពីរៈ មួយសម្រាប់បុគ្គលិក មួយទៀតសម្រាប់និស្សិតឬសិក្ខាកាម ហើយ ការអនុវត្តត្រូវមានទំនាក់ទំនងគ្នានិងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការកែលម្អទៅតាមកាលៈទេសៈ ប្រែប្រួល។ ដោយឡែក ដើម្បីឱ្យបទដ្ឋានមួយមានប្រសិទ្ធភាព ក្រៅពីការធ្វើគំរូល្អក្នុងការគោរពបទដ្ឋានរបស់ ថ្នាក់ដឹកនាំអង្គភាព ក៏នៅមានការត្រួតពិនិត្យជាប់ជាប្រចាំ និងការដាក់ពិន័យម៉ឺងម៉ាត់ចំពោះជំពូកជនដែល ប្រព្រឹត្តល្មើសនឹងបទដ្ឋាន។ ម្យ៉ាងទៀត ទន្ទឹមនឹងការគោរពអ្នកដឹកនាំគ្រប់គ្រង អាចយកបទដ្ឋាននេះមកធ្វើជា មូលដ្ឋានបង្អែកសម្រាប់ដោះស្រាយបញ្ហាដែលកើតមានឡើង ដោយមិនលម្អៀងទៅរកអគតិទាំង បួន(ស្រឡាញ់ ស្អប់ ខ្លាច និងមិនដឹងច្បាស់)។ ធ្វើបានដូច្នេះ ទើបមានឈ្មោះជាអ្នកគ្រប់គ្រងដែលអាចចៀស វាងបានពីទំនាស់ កើតមានឡើងក្នុងអង្គភាព បណ្ដាលមកពីអំពើលម្អៀងដោយឆន្ទាគតិ មិនគោរពបទដ្ឋាន ហើយអាចនាំទៅដល់ការ រក្សានូវសណ្ដាប់ធ្នាប់របៀបរៀបរយ និងភាពសុខស្ងប់ក្នុងស្ថាប័នបានល្អប្រសើរ។ នេះជាបទពិសោធន៍ដ៏មានជោគជ័យមួយទៀត ដែលខ្ញុំតែងតែរក្សាយ៉ាងខ្ជាប់ខ្ជួន ក្នុងការដឹកនាំនិងគ្រប់គ្រង អង្គភាពកន្លងមក។

១០-ឡើងថ្នាក់តាមលំដាប់ ទទួលបានបទពិសោធន៍កាន់តែច្រើន

            ខ្ញុំបានជួបនឹងហេតុការណ៍បែបនេះចំនួនពីរលើកៈ លើកទីមួយពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ ដែលជា ដំណាក់កាលចាប់ផ្ដើមការងារគ្រប់គ្រងដំបូង និងលើកទីបីពីឆ្នាំ២០០២ដល់ឆ្នាំ២០១៤(លើកទីពីរ ពីឆ្នាំ ១៩៩១​-២០០០) ដែលជាឆ្នាំចុងក្រោយនៃការបញ្ចប់ជីវិតការងារជាមន្ត្រីក្របខណ្ឌ ទៅកាន់ជីវិតជាមន្ត្រីចូល និវត្តរហូតមកដល់សព្វថ្ងៃ។

            • ដំណាក់កាលទីមួយ(១៩៧៩-១៩៩១)

            បន្ទាប់ពីត្រូវបានគណៈឃោសនាអប់រំមជ្ឈិម ចាត់បញ្ជូនឱ្យទៅរៀនវគ្គទ្រឹស្ដីនយោបាយ និងជំនាញ គ្រប់គ្រងថ្នាក់ស្រុកលើកដំបូងរយៈពេលបីខែ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោយពេលរៀនចប់វគ្គ ទី១ នៅភ្នំពេញដែលជាវគ្គប្រមូលផ្ដុំបញ្ញវន្តនៅសេសសល់ពីការកាប់សម្លាប់ រៀនសូត្រពីគោលនយោបាយ របស់​ប្រទេស មុននឹងចេញទៅបំពេញការងារនៅតាមក្រសួងនានា ខ្ញុំនឹងមិត្តភ័ក្តិរួមជំនាន់មួយចំនួនត្រូវបានក្រសួងចាត់បញ្ជូនឱ្យទៅធ្វើការជាគ្រូជំនួយ(Assistant) នៅសាលានយោបាយមជ្ឈិមរណសិរ្ស(ពេលនោះមិនទាន់ប្ដូរឈ្មោះមកជាសាលានយោបាយមជ្ឈិមនៅឡើយទេ)។ បន្ទាប់ពីធ្វើការជាមួយសិក្ខាកាមបានពីរវគ្គ ខ្ញុំត្រូវ បានទទួលការកិច្ចមួយថ្មី ជាប្រធានការិយាល័យសិក្សាទទួលបន្ទុកគ្រប់គ្រងនិងបណ្ដុះបណ្ដាលសិក្ខាកាមដែលជាអនាគតមន្ត្រីរាជការ ឬជាកម្មាភិបាលបង្គោលនៅតាមក្រសួង មន្ទីរនានាជុំវិញមជ្ឈិម និងតាមបណ្ដាខេត្តនានានៃទូទាំងប្រទេស។ បន្ទាប់មកខ្ញុំត្រូវបញ្ជូនឱ្យទៅសិក្សានៅក្រៅប្រទេសម្តងទៀត ក្នុងវគ្គទ្រឹស្ដីនយោបាយ៦ខែ និងវគ្គជំនាញឃោសនាអប់រំ ចំនួនពីរខែបន្ថែមទៀត។ ត្រឡប់មកវិញ ធ្វើការមួយរយៈ បានទទួលការតែងតាំង ជានាយករងអចិន្ត្រៃយ៍ផង និងទទួលបន្ទុកបណ្ដុះបណ្ដាលផង។ ធ្វើការបានមួយឆ្នាំ ខ្ញុំត្រូវទៅសិក្សាម្តងទៀត ក្នុងវគ្គទ្រឹស្ដីនយោបាយរយៈពេល២ឆ្នាំ(១៩៨៤-៨៥)។ ពេលចប់ត្រឡប់មកវិញ បានទទួលភារកិច្ចជានាយករង

អចិន្ត្រៃយ៍ និងទទួលបន្ទុកផ្ទាល់លើផ្នែកខ្លឹមសារនិងបណ្ដុះបណ្តាល។ សូមកត់សម្គាល់ថា ជារៀងរាល់លើក ដែលខ្ញុំត្រូវបញ្ជូនទៅរៀន ខ្ញុំមិនអាចចៀសផុតពីការទទួលភារកិច្ចជាគណៈគ្រប់គ្រងវគ្គសិក្សាទាំងនោះបានទេ។ ដោយសារតែការចៀសមិនផុតបែបនេះ ធ្វើឱ្យខ្ញុំកាន់តែទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ទៅលើការ គ្រប់គ្រងវគ្គសិក្សាសម្រាប់កម្មាភិបាលក្រសួងមន្ទីរ និងកម្មាភិបាលនានានៅតាមខេត្តនៃទូទាំងប្រទេស។ ខ្ញុំសូម បញ្ជាក់ជូនតទៅទៀតថា ពេលរៀនចប់វគ្គ២ឆ្នាំចុងក្រោយ ក៏ជាពេលដែលសាលានយោបាយត្រូវរៀបចំខ្លួន ទទួលភារកិច្ចថ្មី ដើម្បីទទួលខុសត្រូវបណ្ដុះបណ្ដាលវគ្គទ្រឹស្ដីនយោបាយនិងគ្រប់គ្រង សម្រាប់រយៈពេល៦ខែ ដោយខ្លួនឯង ឈប់បញ្ចូនសិក្ខាកាមឱ្យទៅរៀននៅវៀតណាមដូចមុនទៀតហើយ។ ទន្ទឹមនឹងនេះដែរ ក៏មាន សិក្ខាកាមមួយចំនួនទៀត ត្រូវបានចាត់បញ្ជូនឱ្យទៅរៀនវគ្គទ្រឹស្ដីនយោបាយនៅសហភាពសូវៀត រយៈពេលយូរ ដើម្បីត្រឡប់មកវិញរួមគ្នា ទទួលខុសត្រូវវគ្គទ្រឹស្ដីនយោបាយនៅសាលានយោបាយជាន់ខ្ពស់របស់បក្ស។

            • ដំណាក់កាលទីបី(២០០២-២០១៤)

            ក្នុងដំណាក់កាលនេះ ក៏មានភាពមិនខុសប្លែកគ្នាប៉ុន្មានពីដំណាក់កាលទីមួយដែរ។ ពេលនោះជាពេល ខ្ញុំបានចាកចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល២ ដែលជាស្ថាប័នដ៏កំសត់កម្រមួយ ទទួលភារកិច្ច បណ្ដុះបណ្ដាលនិស្សិតរយៈពេលបួនឆ្នាំលើមុខវិជ្ជាមនុស្សសាស្ត្រនិងសង្គមសាស្ត្រ ទៅបន្តការសិក្សារៀនសូត្រ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់(ថ្នាក់ម៉ាស្ទ័រ)ផ្នែកវិទ្យាសាស្ត្រនយោបាយ ពីឆ្នាំ២០០០-២០០២ នៅរាជបណ្ឌិត្យសភា កម្ពុជាដែលចាប់កំណើតតាំងពីឆ្នាំ១៩៩៩ ដើម្បីលើកកំពស់សមត្ថភាពផ្ទាល់ខ្លួនឱ្យស្របទៅនឹងអ្វីដែលជា គោល​នយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីការកសាងធនធានមនុស្ស។ ជាមួយនឹងសញ្ញាប័ត្រដែលទទួលបាន ខ្ញុំក៏ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា រក្សាទុកឱ្យនៅបំពេញកិច្ចការក្នុងផ្នែកបណ្ដុះបណ្ដាលនិងស្រាវជ្រាវ ដើម្បី ជួយកិច្ចការបណ្ដុះបណ្ដាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យមានសកម្មភាពជាបន្តទៅទៀត។ បំពេញការងារ ក្នុងឋានៈជាមន្ត្រីសាមញ្ញនៅផ្នែកនេះបានពីរឆ្នាំ (រាជបណ្ឌិត្យសភាកម្ពុជា បានកំណត់ដំណាក់កាលនេះ ថាជា ដំណាក់កាលសាកល្បងមន្ត្រី) ខ្ញុំក៏ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកទស្សនវិជ្ជានិងសង្គមវិជ្ជា (ឋានៈស្មើនឹង ប្រធាននាយកដ្ឋាន) ក្នុងវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម(២០០៤-២០០៧)។ ទន្ទឹមនឹងភារកិច្ច ស្នូលក្នុងផ្នែកនេះ ខ្ញុំបានឆ្លៀតពេលសរសេរសៀវភៅមួយចំនួនដូចជា: ទស្សនវិជ្ជាខ្មែរតាមរយៈពាក្យស្លោក ប្រវត្តិគំនិតនយោបាយបស្ចិមប្រទេស សន្តតិវង្សនិងគំនិតដឹកនាំសម័យហ្វូណន ចេនឡា ចតុមុខ លង្វែក ចំណេះដឹងជាមូលដ្ឋានស្ដីពីសង្គមវិជ្ជា សង្គមវិជ្ជាអប់រំ ឥរិយាបថប្រទេសតូចនៅចន្លោះប្រទេសធំហើយខ្លាំង ផ្លូវបត់ជា ប្រវត្តិសាស្ត្រនៃនយោបាយកម្ពុជា...(សៀវភៅទាំងអស់នេះ ខ្លះក៏បានបោះពុម្ពផ្សាយ ខ្លះក៏មិនទាន់បោះពុម្ព ហើយត្រូវពន្យារពេលដល់ក្រោយៗមកទៀត)។ ចាប់ពីឆ្នាំ២០០៧-២០០៩ ខ្ញុំត្រូវបានតែងតាំងជាអគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីទទួលរ៉ាប់រងកិច្ចការក្នុងអគ្គលេខាធិការដ្ឋាន ក៏ដូចជាកិច្ចការ រដ្ឋបាលនិងហិរញ្ញវត្ថុរបស់ស្ថាប័ន។ ដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការងារដ៏លំបាកលំបិនបំផុតនេះ ខ្ញុំត្រូវបានលើកទឹកចិត្ត ដោយទទួលការតែងតាំងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០៩-២០១៤។ ជាការគួរឱ្យកត់សម្គាល់ ក្នុងចន្លោះឆ្នាំនេះ ខ្ញុំបានរួមចំណែកជួយស្ថាប័ន លើផ្នែកបណ្ដុះបណ្ដាល ថ្នាក់បណ្ឌិតជំនាន់ទី១ ទី២ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលកំពុងតែមានការខ្វះខាត មិនអាចឆ្លើយតប បានទៅនឹងសំណូមពរការងារដែលកាន់តែរីកចម្រើន។ ខ្ញុំសូមបញ្ជាក់បន្ថែមតទៅទៀតថា ចាប់ពីឆ្នាំ២០០៨ រហូតដល់ថ្ងៃ៣០ ខែមីនា ឆ្នាំ២០១២ ក្នុងស្ថានភាព"ធ្វើការផង រៀនផង" ខ្ញុំបានទទួលអាហារូបអាហារូបករណ៍ចូលរៀនថ្នាក់បណ្ឌិតជំនាន់​​ទី២ និងបានការពារនិក្ខេបបទថ្នាក់នេះជាប់ជាស្ថាពរ ព្រមទាំងទទួលបានជាផ្លូវការនូវសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែក​គ្រប់​គ្រងសាធារណៈ។ ជាមួយនឹងមោទនភាពដ៏ខ្ពង់ខ្ពស់ពុំធ្លាប់មានក្នុងជីវិត ខ្ញុំបានបាត់បង់ទៅវិញនូវ

ឱកាសដ៏កម្រមួយក្នុងការទទួលតំណែងខ្ពស់ជាងនេះបន្តិច ក្នុងរាជបណ្ឌិត្យសភាកម្ពុជា ដោយសារតែភាពយឺតយ៉ាវរបស់ខ្ញុំ ក្នុងការសរសេរនិក្ខេបបទរយៈពេលបីខែ។

            សរុបមក បើពិនិត្យទៅលើដំណាក់កាលទាំងពីរ ឃើញថា ដំណើរជីវិតនៃការដឹកនាំនិងគ្រប់គ្រងរបស់ខ្ញុំ បានចាប់ផ្ដើមពីមន្ត្រីគ្រប់គ្រងដ៏សាមញ្ញមួយរូប ឈានទៅដល់តំណែងជានាយករងអចិន្ត្រៃយ៍ ក៏ដូចជាអគ្គលេខាធិការ។ ដូច្នេះ បើគិតពីពេលវេលាឃើញថា ខ្ញុំខាតបង់ច្រើនដោយសារតែការផ្ទេរដំណាក់កាលពីរលើក។ ប៉ុន្តែបើគិតពីបទពិសោធន៍វិញ ឃើញថា ខ្ញុំសន្សំបរិមាណបានច្រើនគួរសមពីការងារ ព្រោះតែខ្ញុំបានហ្វឹកហាត់ ដោយអំណត់ព្យាយាមបំផុតក្នុងការដឹកនាំគ្រប់គ្រងក៏ដូចជាការបណ្ដុះបណ្ដាល ហើយបានចូលប្រឡូកជាមួយនឹងជីវិតពិតនៃវិស័យនេះ នៅក្នុងស្រទាប់មនុស្សស្ទើរតែគ្រប់មជ្ឈដ្ឋានរបស់ប្រទេស។ ដោយសារតែហេតុផល បែបនេះហើយបានជាខ្ញុំអាចដកស្រង់បាននូវគតិដូចដែលបានបរិយាយមកពីខាងលើយ៉ាងដូច្នេះថា "ឡើងថ្នាក់ តាមលំដាប់ ទទួលបានបទពិសោធន៍កាន់តែច្រើន"

 ១១-ពេលស្រុកទេសប្រែប្រួល កុំអាងសញ្ញាឃើញ ហើយគ្មានសញ្ញាប័ត្រ

            នេះជាបទពិសោធន៍មួយទៀតនៃជីវិតដឹកនាំនិងគ្រប់គ្រងដែលខ្ញុំទទួលបាន ក្នុងដំណាក់កាលទីពីរ (១៩៩១-២០០០) ហើយក៏ជាដំណាក់កាលនៃជីវិតពោរពេញទៅដោយភាពផ្អែមល្អែមផង និងភាពកំសត់ អំណត់ព្យាយាមផង។ ខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកអានជាបន្តទៅទៀតថា នៅពេលនោះ ដោយស្ថានភាព ស្រុកទេសយើងផ្លាស់ប្តូររបបនយោបាយ កម្លាំងទាំងអម្បាលមាណនៅក្នុងសាលាត្រូវបានបំបែកចេញ និងធ្វើ

សមាហរណកម្មទៅក្នុងស្ថាប័នមួយទៀតដែលជាស្ថាប័នអប់រំរបស់រដ្ឋ មានចរិតប្រហាក់ប្រហែលគ្នា ទៅនឹង សាលានយោបាយ ដែលខ្ញុំធ្លាប់បានដឹកនាំដែរ។ រូបខ្ញុំផ្ទាល់ នាយករងពីររូប និងសហការីជាច្រើនរូបទៀតដែល កាន់កិច្ចការតាមការិយាល័យ សាស្ត្រាចារ្យ ព្រមទាំងបុគ្គលិក កម្មករ ត្រូវបានប្រគល់ភារកិច្ចឱ្យមកធ្វើការនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល២ ដែលជាអតីតសាលានយោបាយជាន់ខ្ពស់របស់បក្សទើបតែសាងសង់ រួច តែមិនទាន់បានដំណើរការ រួមជាមួយនឹងប្រធាន អនុប្រធានដេប៉ាតឺម៉ង់បួនរូបទៀត មកពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ខ្ញុំសូមបញ្ជាក់ជូនបន្ថែមថា អង្គភាពថ្មីនេះ ជាអង្គភាពបណ្ដុះបណ្ដាលនិស្សិតកម្រិតបរិញ្ញាបត្រ

រយៈពេលបួនឆ្នាំផ្នែកមនុស្សសាស្ត្រនិងសង្គមសាស្ត្រ។ នៅក្នុងអង្គភាពថ្មីនេះ ខ្ញុំគ្រប់គ្រងបណ្ដើរ ខិតខំរៀន សូត្របណ្ដើរ ដើម្បីបញ្ចូលខ្លួនឱ្យស្របទៅនឹងការអប់រំ"ម៉ូដែលថ្មី" គួបផ្សំជាមួយនឹងចំណេះដឹងបន្តិចបន្តួចដែល ខ្ញុំធ្លាប់ទទួលបានកាលខ្ញុំកំពុងរៀនជានិស្សិតនៅឡើយ។ ខ្ញុំខិតខំរៀនសូត្ររហូតទទួលបានសញ្ញាប័ត្រឧត្តម ផ្នែកទស្សនវិជ្ជា និងសញ្ញាបត្រគ្រូមធ្យមសិក្សាកម្រិត២ ដើម្បីបំពេញបន្ថែមតាមតម្រូវការនៃស្តង់ដារថ្មី។ គឺនៅក្នុងពេលនោះហើយ ទើបខ្ញុំដឹងច្បាស់ថាសញ្ញាបត្រផ្នែកទ្រឹស្ដីនយោបាយពីពេលមុន ដែលខ្ញុំខិតខំចំណាយ ពេលរៀនសូត្ររាប់ឆ្នាំមកហើយ ត្រូវទុកចោលមួយអន្លើលែងយកមកប្រើប្រាស់បានទៀតហើយ ក្នុងពេលនេះ ព្រមទាំងក្លាយទៅជាអ្វីដែលគេហៅថា "សញ្ញាឃើញ" ទៅវិញ។ អាចនៅសេសសល់ខ្លះដែរ បើតាមខ្ញុំ គិតដូចជាបទពិសោធន៍នៃការបណ្ដុះបណ្ដាលនិងគ្រប់គ្រង ចិត្តសាស្ត្រគ្រប់គ្រង ការត្រិះរិះពិចារណានិងវាយតម្លៃ សភាព ការណ៍តាមបែបវិចារវិទ្យា (Dialectique) ដែលតាមសម្ដីអ្នកចំអកឡកឡឺយឱ្យខ្ញុំថាសុទ្ធតែជា "សញ្ញាឃើញ"ក្នុងរបបនយោបាយសង្គម​និយមរបស់ស្រុកទេសយើងកាលពីសម័យមុន។ បើពិតដូច្នេះមែន តាមទស្សនាទាន និយមថ្មីនេះ តើខ្ញុំនៅសល់អ្វីខ្លះជាប់នៅនឹងខ្លួនក្នុងកាលៈទេសៈប្រែប្រួលដ៏លំបាកនេះ? បើតាមទស្សនាទាន និយមថ្មីនេះ ខ្ញុំនៅសេស​សល់ជាប់នឹងខ្លួនតែភាសាបារាំងមួយមុខគត់ ដែលអាចទប់ទល់ជាមួយគេបាន ហើយ ដែលរូបខ្ញុំផ្ទាល់ ត្រូវបង្ខំចិត្តយកមកប្រើប្រាស់ឡើងវិញ ដើម្បីធ្វើជាមុខរបរចិញ្ចឹមជីវិតគ្រួសារនិងកូន ស្រីពីរនាក់ ទៀតដែលនៅតូចៗមិនទាន់ដឹងក្ដីប៉ុណ្ណោះ។ ជាចៃដន្យល្អ គាប់ចួនពេលនោះ ប្រទេសបារាំងគេ មានគោល បំណងបណ្ដុះបណ្ដាលភាសារបស់គេឱ្យកូនខ្មែររៀនដូចកាលពីជំនាន់ សង្គមរាស្ត្រនិយម ហើយក៏ស្របទៅនឹង ការអំពាវនាវរបស់លោក​សាកលវិទ្យាធិការ រកគ្រូដែលចេះភាសាបារាំងមកបង្រៀននិស្សិតផងនោះ ខ្ញុំក៏បាន ដាក់ពាក្យសុំអនុញ្ញាតពីគាត់ ដើម្បីបានចូលបង្រៀនភាសាបារាំង ចំពោះនិស្សិតថ្នាក់ត្រៀម តាមកម្មវិធីសៀវភៅ G.MAUGER ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង៣រសៀល ដោយទទួលបានកម្រៃពីបារាំង៣០ដុល្លារ សហរដ្ឋអាម៉េរិកក្នុងមួយខែ បន្ថែមទៅលើប្រាក់បៀវត្សរ៍ជាមន្ត្រីរាជការតែប៉ុណ្ណោះ។ បង្រៀនចប់ត្រូវចុះទៅធ្វើ ការនៅមណ្ឌល២ជាបន្តទៅទៀត រហូតដល់ម៉ោងប្រាំកន្លះល្ងាច។ ចាប់ពីម៉ោងប្រាំកន្លះល្ងាច រហូតដល់ម៉ោង ប្រាំបីកន្លះយប់ ខ្ញុំត្រូវឆ្លៀតពេលទៅរៀនភាសាបារាំងបន្ថែមទៀត នៅសាលា អាលីយ៉ង់ ហ្វ្រង់សែស (Alliance Française)។ ដោយសុំលោកនាយកសាលាបារាំង រៀនឥតបង់ថ្លៃ ដើម្បីទទួលបានការបណ្ដុះបណ្ដាលបន្ត (Formation continue)។ បើមិនដូច្នេះទេ បារាំងគេមិនឱ្យសិទ្ធិខ្ញុំទៅបង្រៀននិស្សិតថ្នាក់ត្រៀម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញទេ។ ពេល​ថ្ងៃ សៅរ៍-អាទិត្យ ដើម្បីលំហែខួរក្បាលខ្លះពីការហត់នឿយពេញមួយសប្ដាហ៍ ខ្ញុំបានឆ្លៀតប្រើប្រាស់កម្លាំងកាយ ដើម្បីបំភ្លេចការនឿយហត់ផ្នែកខួរក្បាល ដោយប្រកបរបរបោះពុម្ពអិដ្ឋខ្យល់ យកទៅបោះដុំឱ្យដេប៉ូសំណង់ ដើម្បីបានកម្រៃបន្ថែមយកទៅទប់ទល់នឹងការចំណាយដ៏ច្រើនពុំធ្លាប់មានក្នុងជីវភាពប្រចាំថ្ងៃនិងការរៀនសូត្រ។ ខ្ញុំខិតខំរៀនសូត្រនិងធ្វើការរបៀបនេះ រហូតទាល់តែប្រឡងជាប់ដោយទទួលបានសញ្ញាប័ត្រឌីប្លូមជាន់ខ្ពស់ផ្នែក ភាសាបារាំង (Diplôme supérieur de la langue française) ចេញឱ្យដោយសាលាអាលីយ៉ង់បារាំងនៅភ្នំពេញ ដើម្បីបញ្ជាក់ជាផ្លូវការ នូវចំណេះដឹងផ្នែកភាសាបារាំង កាលពីពេលកន្លង

មក។ គឺចាប់តាំងពីពេលនោះមកហើយ ដែលបារាំងចាប់ផ្ដើមទទួលស្គាល់ខ្ញុំ ហើយចាត់ឱ្យខ្ញុំទៅបង្រៀន ភាសាបារាំងចំពោះនិស្សិតឆ្នាំទី៣ តាមមុខវិជ្ជាមួយចំនួនផ្អែកលើកម្មវិធី នូវ៉ូសង់ហ្វ្រុងទីយែរ (Nouveau Sans Frontière) ដោយបានទទួលប្រាក់កម្រៃ៣ដុល្លារក្នុងមួយពេល (១ពេលស្មើនឹង៩០នាទី) សម្រាប់និស្សិតរៀន ភាសាបារាំងក្រៅដេប៉ាតឺម៉ង់។ ប៉ុន្តែអាចបង្រៀនតាមកម្មវិធីនេះជាបន្តទៅទៀតបាន ខ្ញុំត្រូវឆ្លងកាត់ការប្រឡង ជារៀងរាល់ឆ្នាំ និងត្រួតពិនិត្យបច្ចេកទេសបង្រៀនភាសាបារាំងដោយម៉ត់ចត់បំផុតពីសាស្ត្រាចារ្យជំនាញរបស់បារាំងថែមទៀត។ ជាភ័ព្វសំណាងល្អ រួមផ្សំជាមួយនឹងការខិតខំដោយខ្លួនឯងផងនោះ ខ្ញុំបានប្រឡងជាប់ជា រៀងរាល់ឆ្នាំ។ មានឆ្នាំមួយនោះ ខ្ញុំនៅចាំបានថា ខ្ញុំត្រូវទទួលបានចំណាត់ថ្នាក់លេខ៣ ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមសាស្ត្រាចារ្យបង្ហាត់ភាសាបារាំងដូចគ្នា។ ដោយសារជោគលាភដូច្នេះ បានជាខ្ញុំទទួលការអនុញ្ញាតជាចំហពីអ្នកទទួលខុសត្រូវបារាំងឱ្យខ្ញុំទៅបង្រៀននិស្សិតនៅម៉ោងណាក៏បាន បើទំនេរពី

ការងារ។ ប៉ុន្តែជាចៃដន្យមិនអំណោយផល ខ្ញុំត្រូវបង្ខំចិត្តផ្អាកសកម្មភាពបង្រៀនភាសាបារាំងត្រឹមឆ្នាំ១៩៩៨ ដោយសារតែខ្ញុំទទួលបានអាហារូបករណ៍ឱ្យទៅសិក្សាអំពីការរៀបចំកម្មវិធីផ្នែកអេកូទេសចរណ៍ពីសាកលវិទ្យាល័យស្រ៊ីណាខារីវីរតន៍ប្រទេសថៃ។ គឺនៅពេលនោះហើយ ដែលខ្ញុំត្រូវចាប់ផ្ដើមប្រើប្រាស់ភាសាមួយថ្មីទៀតគឺ ភាសាអង់គ្លេសឡើងវិញជាលើកដំបូងបន្ទាប់ពីខំបំភ្លេចភាសានេះចោលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រោះតែខ្លាចបាត់បង់ជីវិតដោយសារការចេះភាសាដើម្បីប្រា​ស្រ័យ​​​ទាក់​ទងជាមួយសាស្ត្រាចារ្យក្នុងការរៀនមុខវិជ្ជា

សរសេរកម្មវិធីសិក្សានិងជជែកពិភាក្សា ការពារគម្រោង​​កម្មវិធីដោយផ្ទាល់ជាមួយសាស្ត្រាចារ្យជាគណៈមេប្រយោគ។ ពេលចាប់ផ្ដើមដំបូង ខ្ញុំមានការលំបាកខ្លាំង ដោយអានឬនិយាយទៅចេញតែសូរស័ព្ទបារាំង ប៉ុន្តែដល់យូរបន្តិចទៅខ្ញុំហាក់ដូចជាស៊ាំឡើងវិញជាមួយនឹងភាសាថ្មីនេះ។ ខ្ញុំសូមត្រឡប់បកក្រោយបន្តិចដោយខ្ញុំភ្លេចជម្រាប​ជូនពីឆ្នាំគួរឱ្យចាប់អារម្មណ៍មួយទៀតដែលខ្ញុំបានឆ្លងកាត់។ នៅឆ្នាំ១៩៩៥(រយៈពេលពេញមួយឆ្នាំ)ដោយ"ធ្វើការផង រៀនផង" ខ្ញុំត្រូវទទួលបាននូវការបណ្ដុះបណ្ដាលជា​មួយនឹងសាស្ត្រាចារ្យដទៃទៀត លើមុខវិជ្ជាសង្គមវិជ្ជា-នរវិជ្ជាឧបត្ថម្ភដោយអង្គការ "មនុស្សលោកថ្មី"(New Humanity) មកពីប្រទេសអ៊ីតាលី។ មុខវិជ្ជានេះ ជាមុខវិជ្ជាថ្មីមួយនៅកម្ពុជាបន្ទាប់ពីស្រុកយើងផ្លាស់ប្តូររបបនយោបាយ។ ក្រោយពីបានបញ្ចប់ការរៀនសូត្របានមួយរយៈ នៅឆ្នាំ១៩៩៦ ខ្ញុំទទួលបានអាហារូបករណ៍ឱ្យទៅបំពេញបេសកកម្មសិក្សានៅខេត្តឈៀងម៉ៃ ប្រទេស​ថៃ ចំនួនមួយខែលើប្រធានបទស្ដីពីសង្គមវិជ្ជា នរវិជ្ជា ដោយហ្វឹកហាត់នៅលើទីលានផ្ទាល់ឧបត្ថម្ភដោយវិទ្យាស្ថានសង្គមវិជ្ជា ក្រុងឈៀងម៉ៃ។ គឺចាប់ពីពេលនោះមកហើយ ដែលខ្ញុំត្រូវបានចាត់ឱ្យទៅបង្រៀននិស្សិតសង្គមវិជ្ជា-នរវិជ្ជាឆ្នាំទី២ ជារៀងរាល់ឆ្នាំក្នុងមួយសប្ដាហ៍បីម៉ោង រហូតដល់ឆ្នាំ២០០០។ ខ្ញុំមាន ការសប្បាយចិត្តចំពោះចំណាត់តាំងថ្មីនេះ ពីព្រោះខ្ញុំបានចុះស្វែងយល់ដោយផ្ទាល់ ក្នុងនាមខ្ញុំជាគណៈគ្រប់គ្រង មណ្ឌល២ ទៅលើស្ថានភាពជាក់ស្ដែងរបស់និស្សិតទាំងវិស័យចំណេះដឹង ក៏ដូចជាទស្សនៈនយោបាយ ពីព្រោះស្រុកទេសយើងពេលនោះ កំពុងជួបការលំបាកខ្លាំងលើផ្នែកទាំងនេះ ហើយបើនិយាយ​ពីនយោបាយវិញ នៅទីនេះទៀតសោត ក៏ជាមុខសញ្ញានៃការប៉ុនប៉ងធ្វើឱ្យរំជើបរំជួលជ្រួលច្របល់ម្តងម្កាលពីរឿងបាតុកម្ម បង្កឡើងដោយជនឱកាសនិយមឆ្លៀតញុះញង់និស្សិត។

 

            ដោយសារតែស្ថានភាពប្រែប្រួលរបស់ស្រុកទេស ដើម្បីទុកជាមេរៀនសម្រាប់ជីវិត ឥតមានលទ្ធភាព ត្រៀមបម្រុងទុក ទើបខ្ញុំនៅតែចងចាំជាប់ជានិច្ចនូវពាក្យចំអកឡកឡឺយឱ្យខ្ញុំពីសំណាក់បញ្ញវន្តដូចគ្នានោះថា "កុំអាងសញ្ញាឃើញ តែគ្មានសញ្ញាប័ត្រ"។ តាមពិតទៅ ពាក្យនេះមិនជាត្រឹមត្រូវទៅតាមការពិតដែលខ្ញុំធ្លាប់បាន ពុះពារឆ្លងកាត់នោះប៉ុន្មានទេ ប៉ុន្តែវាហាក់ដូចជាបានដាស់តឿនខ្ញុំឱ្យខិតខំប្រឹងប្រែងម្តងទៀតដើម្បីសម្រេចបាន នូវសញ្ញាបត្របន្ថែមក្នុងកាលៈទេសៈថ្មីនេះ ហើយជម្រះបាននូវពាក្យចំអកឡកឡឺយនោះឱ្យចប់ត្រឹមប៉ុណ្ណេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្រុកទេសយើងសព្វថ្ងៃ បានផ្ដល់នូវតម្លៃយ៉ាងត្រឹមត្រូវបំផុតចំពោះបុគ្គលម្នាក់ៗដោយចេះ គួបផ្សំទាំងសញ្ញាប័ត្រ ទាំងបទពិសោធន៍ ដើម្បីរួមសាមគ្គីគ្នា ទាំងវ័យចាស់ទាំងវ័យក្មេង ឈានទៅ

កសាងសង្គមជាតិប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព។ (នៅមានត)