បណ្ឌិត ជា វណ្ណី

ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ

         នៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

នៃរាជបណ្ឌិត្យសភាកម្ពុជា

ទំនាក់ទំនងរវាងកម្ពុជា-ចិន បានកើតឡើងរាប់ពាន់ឆ្នាំមកហើយ ហើយលំហូរវប្បធម៌នៃប្រទេសចិនចូលមកក្នុងសង្គមខ្មែរ ក៏មានតាំងពីយូរលង់មកហើយដែរ។ យ៉ាងណាមិញ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ដែលជាគ្រឹះវប្បធម៌ចិនមួយដែរនោះ ក៏ត្រូវបានប្រជាជនចិនដែលបានមករស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកជាប់សែស្រឡាយចិននៅកម្ពុជា បាននិងកំពុងប្រតិបត្តិពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំ សន្ទុះនៃការអបអរបុណ្យចូលឆ្នាំថ្មីនៃវប្បធម៌ចិននៅកម្ពុជា ក៏បានវិវឌ្ឍស្របទៅនឹងចរន្តសន្ទុះសេដ្ឋកិច្ចផងដែរ។

នារដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនចូលមកដល់ ភ្លេងឡកមុងសាយបានឮខ្ទរខ្ទារគ្រប់ទិសទី ចង្កៀងគោមក្រហមត្រូវបានដាក់តាំងព្រោងព្រាតនៅតំបន់ផ្សារ និងគេហដ្ឋានមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសរាជធានីភ្នំពេញ។ ចំណែកហាងលក់ទំនិញមួយចំនួនទៀតសោត ក៏មានដាក់តាំងផ្កាពណ៌លឿង និងបិទក្រដាសក្រហមនៅលើទ្វារនិងជញ្ជាំង ដែលនេះបញ្ជាក់ប្រាប់ជាសញ្ញាថា រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិនចាប់ផ្ដើមហើយ ហើយនៅ​កម្ពុជា ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ទូលំទូលាយ​។ បើ​ទោះ​បី​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិនមិន​ស្ថិត​នៅ​ក្នុង​ថ្ងៃ​សម្រាក​ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន ទាំង​អ្នក​រកស៊ី​ និង​មន្ដ្រី​រាជការ បាន​ឈប់​សម្រាក​​ពីការងារ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះផងដែរ​។

តើប្រទេសណាខ្លះដែលទទួលឥទ្ធិពលនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិន?

ពិធីចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវបានប្រារឰធ្វើឡើងនៅតាមតំបន់នានា ដែលមានប្រជាជនចិនរស់នៅច្រើន។ គេចាត់ទុកពិធីបុណ្យនេះជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់ជនជាតិចិន និងជនជាតិដទៃទៀត ដែលឥទ្ធិពលវប្បធម៌ចិនបានជះសាយភាយទៅដល់ដូចជា ប្រទេសវៀតណាម កូរ៉េ និងម៉ុងហ្គោល ជាដើម។ ចំណែកឯជនជាតិជប៉ុន នៅមុនឆ្នាំ១៨៧៣ ក៏ធ្លាប់បានប្រារឰពិធីបុណ្យចូលឆ្នាំចិននេះ ទៅតាមប្រពៃណីរបស់ខ្លួនដែរ ហើយក្រៅពីនៅទឹកដីចិនដីគោក ក៏មានដូចជា ហុងកុង ម៉ាកាវ តៃវ៉ាន់ ផងដែរ។ ប្រទេសផ្សេងទៀតដែលមានប្រជាជនចិន កូនចៅកាត់ចិន (សែស្រឡាយចិន) ដែលនិយមប្រារព្ធពិធីនេះដែរ តែមិនមែនជាបុណ្យប្រពៃណីជាតិនោះ មានដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ     កម្ពុជា គឺឱ្យតែប្រទេសនានាក្នុងពិភពលោកដែលមានប្រជាជនចិនរស់នៅ គឺគេតែងតែរៀបចំប្រារព្ធពិធីបុណ្យនេះ និងមានលក្ខណៈខុសៗគ្នាពីតំបន់មួយទៅតំបន់មួយផងដែរ។

តើពិធីបុណ្យចូលឆ្នាំចិននេះ មានប្រវត្តិយ៉ាងដូចម្តេច និងមានការអនុវត្តយ៉ាងណាខ្លះនៅក្នុងសង្គមកម្ពុជា?

ពិធីបុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា ពិធីបុណ្យនិទាឃរដូវ គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ប្រទេសចិន ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងមានរយៈពេល៣ថ្ងៃ។ បើតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិចិន ពិធីបុណ្យនេះ ចាប់ផ្ដើមនៅថ្ងៃទីមួយនៃខែទីមួយតាមច័ន្ទគតិ (ភាសាចិនថា៖ pinyinzhēng yuè) ក្នុងប្រតិទិនចិន ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម។

ពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកជាថ្ងៃដ៏មានសារសំខាន់សម្រាប់ប្រជាជនចិន និងអ្នកជាប់ខ្សែស្រឡាយចិន ហើយវាក៏បានមានឥទ្ធិពលទៅលើប្រទេសជិតខាងផងដែរ ជាពិសេសចំណងវប្បធម៌ជាមួយប្រជាជនដែលជនជាតិចិនធ្វើអន្តរកម្មជាមួយដូចជា តៃវ៉ាន់ ជនជាតិកូរ៉េ ជនជាតិម៉ុងហ្គោល ជនជាតិប៊ូតង់ ជនជាតិវៀតណាម និងអតីតជនជាតិជប៉ុននាមុនឆ្នាំ១៨៧៣ ។

ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរនៅក្នុងប្រទេសមួយចំនួនដូចជា៖ សិង្ហបុរី ឥណ្ឌូនេស៊ីម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ កម្ពុជា ក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោក ដែលមានប្រជាជនចិនរស់នៅ ភាគច្រើនគឺប្រទេសស្ថិតនៅក្បែរសមុទ្រចិន។ ពិធីបុណ្យនេះ បានត្រូវផ្លាស់ប្ដូរកម្រិត ហើយក្លាយទៅជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងនោះ។ យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជា ទោះបីជាពិធីបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃបុណ្យដែលត្រូវបានអនុញ្ញាតិឱ្យឈប់សម្រាកជាផ្លូវការក៏ដោយ ក៏ប្រជាជនកម្ពុជាជាច្រើ​ននៅតែប្រារព្ធពិធីនេះយ៉ាងទូលំទូលាយ។

បើតាមប្រវត្តិសាស្ត្រ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ បានកើតឡើងនៅប្រទេសចិនតាំងពីជាង២០០០ឆ្នាំមុន គ.ស. មកម្ល៉េះ និងមានរឿងព្រេងនិទានចិនតំណាលថា ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធប្រឆាំងជាមួយសត្វក្នុងទេវកថា មានឈ្មោះថា នៀន (Nian) ដែលមានខ្លួនជាសត្វគោ និងក្បាលជាតោ ដែលតែងតែចូលក្នុងភូមិខាំសម្លាប់អ្នកភូមិនៅចុងរដូវត្រជាក់ ដែលកំណត់ការមកដល់ឆ្នាំថ្មី។ ពាក្យ នៀន ក្នុងភាសាចិន ក៏មានន័យថា ឆ្នាំ ដែរ។ ដូច្នេះ នៅពេលរដូវត្រជាក់ត្រូវបានបញ្ចប់ វាជាសញ្ញាបញ្ជាក់ថា ពេលគ្រោះកាចនិងទុរ្ភិក្សចាប់ផ្តើមកើតឡើងហើយ។ នៅថ្ងៃទីមួយក្នុងឆ្នាំថ្មី នៀនបានមកកាប់សម្លាប់ពួកបសុសត្វ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេសគឺពួកក្មេងៗ ហើយដើម្បីការពារខ្លួន អ្នកភូមិបានដាក់ចំណីអាហារនៅមុខផ្ទះរបស់ពួកគេជារៀងរាល់ដើមឆ្នាំ។ គេមានជំនឿថា បន្ទាប់ពីនៀនបានស៊ីចំណីអាហារដែលពួកគេដាក់ឱ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។​

គ្រាមួយ អ្នកភូមិបានរកឃើញថា នៀនមានភាពភ័យខ្លាចជាមួយនឹងសំឡេងកងរំពង ខ្លាចភ្លើង និងខ្លាចពណ៌ក្រហម ហើយពណ៌ក្រហមក៏បានក្លាយជានិមិត្តរូបនៃសុភមង្គល និងសំណាងល្អ។ ហេតុនេះហើយនៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នាបំពាក់គោមពណ៌ក្រហម និងបិតក្រដាសពណ៌ក្រហមនៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន ហើយអ្នកភូមិក៏បានប្រើផាវ ដើម្បីបណ្ដេញនៀនឱ្យទៅឆ្ងាយផងដែរ។ បន្ទាប់ពីពេលនោះមក នៀនពុំបានមកក្នុងភូមិម្ដងទៀតឡើយ។ នៅចុងក្រោយ ហុងជុនឡាវស៊ូ ជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វនៀននោះ ហើយសត្វនៀនក៏ខ្លាចទៅជាយានជំនិះរបស់ព្រះសង្ឃហុងជុនឡាវស៊ូទៅ។

រូបភាពពីGoogle ស្តីពីសត្វនៀននៃប្រវត្តិចូលឆ្នាំចិន 

នៅក្នុងឆ្នាំថ្មីមកដល់ មេគ្រួសារនឹងប្រមូលកូនចៅ ដើម្បីដឹងថា មានអ្នកស្លាប់ ឬរស់ប៉ុន្មាននាក់ បន្ទាប់ពីសត្វនៀនចូលយាយីក្នុងភូមិ។ មកដល់ពេលបច្ចុប្បន្ននេះ ឆ្នាំថ្មីវាលែងជាពេលត្រូវខ្លាចរអាទៀតហើយ តែវាជាពេលដែលក្រុមគ្រួសារជួបជុំគ្នា ដើម្បីបង្កើតសំណើច ភាពកក់ក្តៅ និងសុភមង្គល ដែលជាទូទៅ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយចិន បានប្រារព្ធធ្វើពីធីអបអរឆ្នាំថ្មីនៅថ្ងៃទីមួយនៃឆ្នាំថ្មី តាមប្រតិទិនចន្ទគតិ ឬចន្លោះចុងខែមករា និងដើមខែកុម្ភៈ តាមប្រតិទិនសុរិយគតិ។ បើតាមការសង្កេតជាទូទៅ បុណ្យចូលឆ្នាំចិន គឺមានគោលគំនិតធំៗ៣ ដែលទី១ គឺជាការជួបជុំគ្នាក្នុងរង្វង់ក្រុមគ្រួសារ ឬទៅជួបជុំគ្នានៅស្រុកកំណើត ទី២ គឺការដឹងគុណអ្នកដែលបានស្លាប់ទៅនិងដឹងគុណចាស់ទុំដែលនៅរស់ និងទី៣ គឺជាការចែករំលែកគ្នា គឺការចែករំលែកនំចំណីនិងទ្រព្យធនខ្លះ (នៅពេលសែនព្រេនរួច) ដល់ញាតិមិត្ត ឬអ្នកខ្សត់ខ្សោយ។

ការប្រារព្ធបុណ្យចូលឆ្នាំថ្មី ដើម្បីឧទ្ទិសដល់វិញ្ញាណជីដូនជីតា កុងម៉ា និងអាទិទេព ហើយវាជាពេលដែលក្រុមគ្រួសារដែលនៅឃ្លាតឆ្ងាយពីគ្នា ត្រូវត្រឡប់មកជួបជុំគ្នាវិញ គឺឆ្នាំ២០២២នេះ ថ្ងៃទី៣១ ខែមករា គឺជាថ្ងៃសែនឆ្លងឆ្នាំ។ ពេលសែនឆ្លងឆ្នាំនេះ គេតែងតែធ្វើម្ហូបអាហារជាច្រើនមុខយ៉ាងបរិបូរណ៍ ដើម្បីសែនដូនតា ហើយគេជប់លៀងជួបជុំបងប្អូនហូបបាយជាមួយគ្នា ដើម្បីសុខសប្បាយក្នុងគ្រួសារ ដ្បិតមួយឆ្នាំមានតែម្តង។

ដើម្បីអបអរឆ្នាំថ្មី មុនថ្ងៃចូលឆ្នាំថ្មីមកដល់ ជនជាតិចិន និងអ្នកជាប់ខ្សែស្រឡាយចិននៅកម្ពុជា គេនាំគ្នាទិញសម្លៀកបំពាក់ថ្មីៗ កាត់សក់ សងបំណុលដែលជំពាក់គេ ក្នុងគោលបំណងចាប់ផ្ដើមឆ្នាំថ្មីឱ្យបានស្រស់ស្រាយ និងបានដើររកទិញរបស់របរគ្រឿងតុបតែងមានផ្កាភ្ញី មានដើមផ្កាអង្គារសីល ផ្កាស្បៃរឿង ដើមក្រូច បន្លែត្រីសាច់ និងផ្លែឈើ ដើម្បីទុកត្រៀមទទួលឆ្នាំថ្មី ក៏ដូចជាការបោសសម្អាតផ្ទះសម្បែង ដើម្បីបណ្ដេញឧបទ្រពចង្រៃចេញពីផ្ទះ និងរៀបចំតុបតែងផ្ទះឱ្យមានហុងស៊ុយ ឬសំណាងល្អ ហើយសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា មួយថ្ងៃមុនចូលឆ្នាំ គេតែងតែរៀបចំសែនដូនតា ដោយអ្នកខ្លះសែននៅផ្ទះ ខ្លះសែននៅព្រះវិហារ ហើយខ្លះសែនទាំងនៅផ្ទះទាំងនៅព្រះវិហារ គឺអាស្រ័យលើទម្លាប់នៃគ្រួសារនីមួយៗ។

ក្រោយពីសែនហើយ សមាជិកគ្រួសារនីមួយៗតែងតែបរិភោគអាហារជុំគ្នា និងចែកអាំងប៉ាវដែលជាក្រដាសពណ៌ក្រហមដើម្បីនាំសំណាងឱ្យគ្នាទៅវិញទៅមក ដោយអាំងប៉ាវនោះ មានសារជូនពរនៅផ្នែកខាងក្រៅ និងលុយនាំសំណាងនៅផ្នែកខាងក្នុង (អាំងប៉ាវ មកពីពាក្យ អាំង គឺក្រហម ប៉ាវ គឺខ្ចប់ គឺដើម្បីខ្ចប់លុយឱ្យក្មេងៗ នាំលាភ នាំសំណាង និងនាំភាពសុខសប្បាយដល់ពួកគេ។ ឥឡូវគេធ្វើអាំងប៉ាវជារាងកញ្ចប់បួនជ្រុង ដើម្បីដាក់លុយឱ្យទៅបុគ្គលដែលគេចង់ឱ្យ ជាពិសេសអ្នកដែលមានគ្រួសារហើយ ដល់ពេលចូលឆ្នាំ គឺត្រូវជូនអាំងប៉ាវដល់ចាស់ទុំ ដើម្បីជូនពរបានសុខភាពល្អ អាយុវែង និងសុខសប្បាយ ក៏ដូចជាផ្តល់ដល់ក្មេងៗដែលមាននៅក្នុងគ្រួសារ។ ចំណែកនៅតាមបណ្តាក្រុមហ៊ុនក៏ដូចគ្នាដែរ គឺថៅកែ ឬប្រធានក្រុមហ៊ុន តែងតែផ្តល់អាំងប៉ាវដល់បុគ្គលិក ដើម្បីឱ្យមានលាភ មានសិរី មានជោគមានជ័យ និងមានសំណាងល្អ។ សូមបញ្ជាក់ថា ការជួបជុំគ្រួសារនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន សមាជិកនៃគ្រួសារ  ម្នាក់ៗរីករាយជួបជុំគ្នាយ៉ាងសប្បាយត្រេកអរដោយមានសំឡេងជូនពរជ័យថា« កុងស៊ីហ្វាឆាយ» គឺ«កុង ស៊ី» មានន័យថា អបអរសាទរ ចំណែក «ហ្វាឆាយ» មានន័យថា ជូនពរឱ្យរកស៊ីមានបាន។ កុងស៊ីហ្វា ឆាយ «រីករាយថ្ងៃចូលឆ្នាំថ្មី» មានការជូនអាំងប៉ាវ មានការបរិភាគអាហារជុំគ្នា និងមានការលេងល្បែងស៊ីសងជាដើម ដ្បិតជនជាតិចិន និងអ្នកជាប់សែស្រឡាយចិនមួយចំនួនយល់ថា ការលេងល្បែងស៊ីសងនៅថ្ងៃចូលឆ្នាំថ្មីនេះ គេជឿជាក់ថា អាចបង្កើតសំណាងល្អ។

អំពីការសែន

ចំពោះរបៀបរៀបចំសែនរបស់ជនជាតិ​ចិន និងអ្នក​មានសែស្រឡាយចិននៅកម្ពុជា មានទម្លាប់​រៀបចំសែនដោយមានក្រាលកន្ទេល ឬដាក់នៅលើតុដែលមានជីងធូបកុងម៉ានៅទីនោះ ហើយមានជើងធូបអ្នកតានៅមិនឆ្ងាយពីគ្នានោះទេ ដោយមានរៀបចំមុខម្ហូប នំចំណី ភេសជ្ជៈ និងផ្លែឈើអាស្រ័យទៅតាមការពេញចិត្តរបស់សាមីខ្លួន។ តែលក្ខណៈពិសេស​ម្យ៉ាង​ក្នុងអំឡុងពេលសែន​ពិធី​បុណ្យចូលឆ្នាំ​ចិន ​គឺការជ្រើសរើសយក​មុខម្ហូប បង្អែម និង​ផ្លែ​ឈើ​ណាដែលគេមានជំនឿថា​នាំ​លាភ​សំណាង និងមាន​​ភាព​ចម្រុងចម្រើន​ដល់​ក្រុម​គ្រួសារ​ពេញ​រយៈពេល១​ឆ្នាំ ហើយមុខម្ហូបនិង​ផ្លែ​ឈើ​ដែល​នាំ​លាភ​សំណាង​នោះមាន​ដូច​ជា​៖ ជ្រូកខ្វៃ ត្រី​ គាវ​ សា​យ៉​ មី​សរសៃ​វែង ក្រូចឃ្វិច និង​ផ្លែក្រូច​។ ចំណែក​បង្អែម​មាន​ដូច​ជា នំឡើង (នំពងទាដុត) និងនំ​អ៊ីជាដើម។

ជ្រូកខ្វៃ៖ ជនជាតិចិននៅខ្មែរ និងអ្នកជាប់សែស្រឡាយចិន គេនិយមសែនជ្រូកខ្វៃ ព្រោះតំណាងឱ្យការរកស៊ីធូរធារ ហូបឆ្ងាញ់ ដេកស្រួល។ ការសែនជ្រូកខ្វៃ គេត្រូវសែនជ្រូកខ្វៃដោយដាក់ជ្រូកបែរមុខចូលក្នុងផ្ទះ គឺមានន័យថា ការរកលុយពីក្រៅចូលក្នុងផ្ទះ ដូច្នេះ​ការដាក់សែនជ្រូកខ្វៃបែរមុខចូលក្នុងផ្ទះ ប្រៀបដូចជ្រូកបោល​យក​លុយ នាំ​លាភ​ចូលផ្ទះ។ ជ្រូកជាមិត្តសំឡាញ់របស់ប្រជាជនចិន ប៉ុន្តែអ្នកកើតឆ្នាំជ្រូកមួយចំនួន គេមិនសែនជ្រូកខ្វៃទេ ព្រោះគេមានអារម្មណ៍ថាជារូបខ្លួនឯង ដោយជំនួសមកវិញនូវការសែនមាន់ ទា ឬ ត្រី។ ជនជាតិ​ចិន ឬ​ខ្មែរ​កាត់​ចិនមួយចំនួនតែង​កាត់​​យក​​ផ្នែក​សំខាន់ៗ​នៃ​ជ្រូក​ខ្វៃ ទៅ​ឆ្អើរ​ភ្លើង​ឱ្យ​ក្រៀម ទុក​គ្រាន់ដាក់​នៅ​កន្លែង​រក​ស៊ី​ ដោយពួក​គេ​មាន​ជំនឿ​ថា ​​វា​នឹង​អាច​នាំ​លាភ​ដល់​​ការ​ប្រកប​របរ​រក​ស៊ី​​ ដូចជា៖ ​ខួរ​ជ្រូក(ខួរ​គឺ​តំណាងឱ្យ​ប្រាជ្ញា​ ស្មារតី​ និង​​ភាព​ឈ្លាស​វៃ​ ​មានគំនិត​ថ្មី​ៗ​ក្នុង​ការ​រក​ស៊ី​​​ឈ្នះ​គេ​​ក្នុង​ឆ្នាំ​ថ្មី​ជា​ដើម) ត្រចៀក​ជ្រូក​(​គេ​ជឿ​ថា​ត្រចៀក​គឺ​ជា​​សរីរាង្គ​មួយ​ដែល​អា​ច​ឮដំណឹង​ផ្សេង​ៗ​ ​ជិតឬ​ឆ្ងាយ ហើយ​បើ​អ្នក​រក​ស៊ី​​វិញ​ គឺ​គេ​ចាំ​​ស្ដាប់​ដំណឹង​​ដែល​ភ្ញៀវ​មក​រក​)ច្រមុះជ្រូក(ជ្រូក​​តែង​ប្រើ​ច្រមុះ​របស់​វា​សម្រាប់​ហិតក្លិន​ និងដើម្បីឈ្មុសឈ្មុលរកចំណី ប្រៀប​ដូច​ជា​អ្នក​ជួញដូរដែលត្រូវខិត​ខំ​ស្វះ​​ស្វែង​រក​អតិថិជន​របស់​ខ្លួន​ដូច្នោះ​​​ដែរ) ក្រចក​ជើង​ទាំង​បួន(​ក្រចក​ជើង​ទាំង​បួន​របស់​ជ្រូក​ ត្រូវគេជឿ​ថា​អាច​នាំ​ឱ្យ​មុខរបររកស៊ីដើរឆ្ពោះទៅមុខ ព្រោះជ្រូក​អាចដើរទៅមុខបានក៏​ដោយសារតែជើងទាំង៤នេះ និងម្យ៉ាងទៀតពេលដែលជ្រូកខ្វៃដេក គឺ​ជើងខាងមុខរបស់វាបត់ចូល ប្រៀបដូចជាកាយនាំទ្រព្យដល់ម្ចាស់​ផ្ទះ​) រីឯក​ន្ទុយ​ជ្រូក(ជ្រូក​ប្រើ​កន្ទុយ​​សម្រាប់​បក់​ដេញ​រុយ​ ឬសត្វ​ល្អិត​ជា​ដើម​​ ដូច្នេះ អ្នក​រក​ស៊ី​ទុក​កន្ទុយជ្រូក​សម្រាប់​​ឱ្យ​វាដេញ​​ឧបសគ្គ​​ និងឧបទ្រព​ចង្រៃ​​នានា​ចេញ​​ពី​ហាង​លក់​ដូរ)​។

ត្រី៖ ក្នុង​ភាសា​ចិន​ ពាក្យ«​ត្រី​» មាន​ន័យ​ថា «​ភោគផល​ច្រើន​»។ ជនជាតិ​ចិន​ចូល​ចិត្ត​មាន​ភោគផលទ្រព្យសម្បត្តិ​ច្រើន​នៅ​ចុងឆ្នាំ ដូច្នេះ​​គេនឹង​មាន​លទ្ធភាព​រៀបចំ​ពិធី​ចូល​ឆ្នាំ​ថ្មី​នៅ​ឆ្នាំ​ក្រោយ​កាន់តែ​អធិក​អធម​ និងសប្បាយជាង​មុន។ «​ត្រី​» ត្រូវបាន​ចម្អិន​ជា​ច្រើន​របៀប​ដូច​ជា ស្ងោរ ចំហុយ និង​អាំង។ មុខម្ហូប​ត្រី​របស់​ចិន​ពេញ​និយម​ជាងគេ​បំផុត​គឺ ត្រី​វី​វឺ​ចំហុយ​ ត្រី West Lake ជាមួយនឹង​ស្ពៃជ្រក់ និង​ម្ទេស​ក្រហម ត្រី​ចំហុយ​ជាមួយ​ទឹកខ្មេះ និង​ត្រី​ស្ងោរ។ ដូច្នេះត្រី​គឺជា​និមិត្ត​រូ​បង្ហាញ​ភាព​រុងរឿង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

គាវ៖ ប្រវត្តិសាស្ត្រ​ជាង​១៨០០​ឆ្នាំ «​គាវ​» គឺជា​មុខម្ហូប​ទំនៀមទម្លាប់​បុរាណ​ចិន​ដែល​ទទួលទាន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សាកល។ ទំនៀមទម្លាប់​នេះ​មានការ​ពេញ​និយម​ក្នុង​ប្រទេស​ចិន ជា​ពិសេស​ប្រទេស​ចិន​ភាគ​ខាងជើង។ គាវ​ធ្វើ​ឡើង​ដោយ​ជនជាតិ​ចិន​ដែលមាន​រូបរាង​ដូច​មាស​តម្លឹង​របស់​ចិន​ជំនាន់​ដើម ហើយ​វា​មិន​មាន​រាង​ជា​ក្តារបន្ទះ ទូក និង​រាង​ពងក្រពើ​ជាដើម។ តាម​រយៈ​ការ​បកស្រាយ​របស់​រឿងព្រេង​បុរាណ​ចិន​ឱ្យ​ដឹង​ថា ការ​ទទួលទាន​នំ​គាវ​កាន់តែ​ច្រើន​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​ គឺជា​ការ​បង្កើត​លុយកាក់​កាន់តែ​ច្រើន។

«នំ​គាវ​» គឺជា​នំ​ដែល​រួម​មាន​សាច់​ចិញ្ច្រាំ​រួម​ទាំង​បន្លែ​ស្ថិត​ក្នុង​ម្សៅ​ ដែល​គេ​ធ្វើ​ជា​រាង​ដុំ​មាស​តម្លឹង​បុរាណ​ចិន។ នំ​គាវ​មាន​ច្រើន​រសជាតិ​អាស្រ័យ​លើ​ស្នូល​សាច់​ចិញ្ច្រាំ​របស់​វា​ដូច​ជា ស្នូល​សាច់​ជ្រូក បង្គា ត្រី មាន់ គោ និង​ស្នូល​បន្លែ។ ស្នូលនំ​គៀវ​ទាំងនេះ​អាច​ចម្អិន​ជា​ច្រើន​របៀប​គឺ ស្ងោរ ចំហុយ ចៀន និង​ដុត។

សា​យ៉«សា​យ៉​» ជា​ភាសា​ចិន​គឺ ឆុ​ន វ៉ែន ជា​ភាសា​អង់គ្លេស Spring Rolls ឈ្មោះ​ប្រើប្រាស់​សព្វថ្ងៃ​ ដោយសារ​តែ​វា​ត្រូវ​បាន​ទទួលទាន​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ឬ​បុណ្យ​និទាឃ​រដូវ។ មុខម្ហូប​មួយ​ប្រភេទ​នេះ​ពេញ​និយម​នៅ​តំបន់​មួយ​ចំនួន​នៃ​ភាគ​ខាងកើត​ប្រទេស​ចិន​ដូច​ជា ខេត្ត ជាំ​ង​ស៊ី​ ជាំ​ង​ស៊ូ​ សៀង​ហៃ​ ហ្វូ​យ័ន​ គ័ង​ហ្សូ​​ ឈិ​ន​ចិន និង​ហុងកុង។ សា​យ៉​គឺជា​មុខម្ហូប​របស់​ចិន​កា​តាំង​ ដែលមានរាង​មូល​ទ្រវែង(​ស៊ី​ឡាំង​) មាន​ស្នូល​នៅ​ខាងក្នុង​ដូច​ជា​បន្លែ សាច់ ឬ​ស្នូល​រសជាតិ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ខ្ចប់​ក្នុង​ម្សៅ​រួច​ចៀន​ជា​ការស្រេច។ បន្ទាប់​ពី​ចម្អិន​រួចរាល់ ​វា​មាន​ពណ៌​លឿង​ឆ្អិនឆ្អៅ​ប្រៀប​បីដូច​ជា​ដុំ​មាសដ៏​មាន​តម្លៃ។

មី​សរសៃ​វែង«មី​សរសៃ​វែង​» ជា​និមិត្ត​រូបតំណាង​ឱ្យ​ភាព​យូរអង្វែង។ សរសៃរ​មី​ដ៏​វែង​នេះ​មិន​ត្រូវ​បាន​កាត់​ទេ ​ដើម្បី​បញ្ជាក់​ថា អ្នក​ទទួលទាន​នឹង​មាន​សុខភាព​បរិបូរណ៍ រស់នៅ​ជា​ច្រើន​ឆ្នាំទៅ​មុខ​ទៀត។ មី​សរសៃ​ត្រូវ​បាន​គេ​ចម្អិន​ជា​ច្រើន​របៀប​ដូច​ជា ស្ងោរ ស្រុស និង​ឆា។

ផ្លែ​ឈើផ្លែ​ឈើ​ដែលត្រូវ​ដាក់សែន និងទទួលទាននា​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​មាន​ដូច​ជា ​ក្រូចឃ្វិច​ ក្រូចថ្លុង និង​ផ្លៃ​ក្រូច​ធម្មតា។ មូលហេតុ​ដែល​ជនជាតិ​ចិន​ជ្រើសរើស​ផ្លែ​ឈើ​ប្រភេទ​ផ្លែក្រូច​ទទួលទាន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ព្រោះ​ផ្លែក្រូច​ជា​ភាសា​ចិន​គឺ «​ឆេ​ង ឆ​ង​» មាន​ន័យ​ថា «​ជោគជ័យ​»។ ក្រៅពី​នេះ​ផ្លែក្រូច​មាន​រាង​មូល និង​ពណ៌​សំបក​ក្រៅ​ប្រៀប​ដូច​ជា​មាស​ក្រហមឆ្អិនឆ្អៅ ​ជា​និមិត្ត​រូបតំណាង​ឱ្យ​ទ្រព្យសម្បត្តិ។

រូបភាពបង្ហាញពីរបៀបរៀបចំសែន និង សំណែនក្នុងពិធីបុណ្យចូលឆ្នាំចិន

 

សូមបញ្ជាក់ផងដែរថា មុននឹងពិធីបុណ្យចូលឆ្នាំចិនមកដល់ គេមានប្រាព្ធពិធីសែនមុនបុណ្យនេះ ចំនួន៥ឬ៦ថ្ងៃ មុនថ្ងៃសែនចូលឆ្នាំចិន គឺការសែនដកជើងធូប ដែលការសែននេះគេមានរៀចចំសែន ដូចពិធីសែនចូលឆ្នាំចិនផងដែរ។

ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រារព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។

ឆ្នាំនេះដែរ ពិធីដកជើងធូបត្រូវធ្វើឡើងចំថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ហើយការសែននោះទៀតសោត គេមានវេលាសែនអាស្រ័យទៅតាមទីតាំងនៃផ្ទះផងដែរ ដូចជាឆ្នាំនេះ ពេលវេលាសែនដកជើងធូប ល្អគឺ៖ បើផ្ទះបែរទៅកើតនិងត្បូង ត្រូវសែនម៉ោង ០៦:៥១នាទីព្រឹក បើផ្ទះបែរទៅជើងនិងទៅលិច ត្រូវសែនម៉ោង ០៧:១៤នាទីព្រឹក តែបើមិនបានធ្វើតាមម៉ោងពេលវេលាហុងស៊ុយនេះទេ គឺធ្វើយ៉ាងណាកុំឱ្យហួសថ្ងៃទី២៦នេះ។

គ្រឿងសែន

. សែនទេវតាមុខផ្ទះមានដូចជា៖ តែក្ដៅ៣កែវ ស្រាស៣កែវ សាស៊ែ១ឈុត(មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព ផ្លែឈើ៣មុខ(ប៉ោម សារី ចេក ) ស្ករគ្រាប់១កូនចាន ទៀនក្រហម១គូ អុជធូបម្នាក់៣សរសៃរ ក្រដាសសែនទេវតាមុខផ្ទះ១ឈុត។

. សែនទេវតាជំនាងផ្ទះមានដូចជា៖ តែក្ដៅ៥កែវ ស្រាស៥កែវ សាស៊ែ១ឈុត (មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព ជ្រូកខ្វៃ១ក្បាល (បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ) ផ្លែឈើ៥មុខ(ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក) ស្ករគ្រាប់១កូនចាន ទៀនក្រហម១គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន) ធូបម្នាក់៥សសៃរ និងឈុតក្រដាសសែនជំនាងផ្ទះ។

. ទេវតាចង្ក្រាន មានដូចជា៖ តែក្ដៅ៣កែវ ស្រាស៣កែវ (បើដាក់សាស៊ែ បានដាក់ស្រាស) សាស៊ែ១ឈុត(មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព ផ្លែឈើ៣មុខ (ប៉ោម សារី ចេក ) ស្ករគ្រាប់១កូនចាន ទៀនក្រហម១គូ អុជធូបម្នាក់៣សរសៃរ ក្រដាសសែនទេវតាចង្ក្រាន១ឈុត។

. កន្លែងទេវតាផ្សេងៗ ដូចជា កុងម៉ាទេវតា គួនកុងទេវតា ព្រះម៉ែ គឺតែក្ដៅ៣កែវ ស្រាស៣កែវ (បើដាក់សាស៊ែ បានដាក់ស្រាស) សាស៊ែ១ឈុត(មាន់ស្ងោរ សាច់ ជ្រូក ស្ងោរ ពង ទា ស្ងោរ) តាមលទ្ធភាព ផ្លែឈើ៣មុខ(ប៉ោម សារី ចេក ) ស្ករគ្រាប់១កូនចាន ទៀនក្រហម១គូ អុជធូបម្នាក់៣សរសៃ។

ការសំអាត គឺចាប់ផ្ដើមសំអាតពីទីតាំងខាងក្រោម ទីតាំងទី១ គឺទេវតាមុខផ្ទះ ទីតាំងទី២ គឺទេវតាយាមផ្ទះ ទីតាំងទី៣ គឺទេវតាជំនាងផ្ទះ ទីតាំងទី៤ គឺកន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ និងទីតាំងទី៥ គឺ ទេវតាចង្ក្រាន។

គ្រឿងដែលត្រូវប្ដូរចេញ

១. ផេះក្នុងកំប៉ុងជើងធូប៖ ដំបូងត្រូវដកជើងធូប៣សសៃរ ដែលអ្នកគិតថាស្អាតជាងគេ ទុកមួយកន្លែង លើកលែងតែកន្លែងជំនាងផ្ទះមួយគត់ ដែលត្រូវដក៥សសៃរទុក។ បន្ទាប់មកដកជើងធូបទាំងអស់ ចេញមកដាក់ថង់ធំមួយ ហើយចាក់ផេះក្នុងកំប៉ុងជើងធូបចេញ ទុកប្រហែលជា១០ភាគរយនៃផេះចាស់នៅបាតកំប៉ុង យកលុយមួយសន្លឹក(ក្រដាសប៉ុន្មានក៏បានដែរ) បត់ឱ្យតូចជាបួនជ្រុង ដាក់ចូលក្នុងកំប៉ុង ចាក់គ្រាប់ពូជចូលក្នុងកំប៉ុង ចាក់ផេះថ្មីចូល (ជាផេះ មិនមែនប្រភេទខ្សច់ទេ ក៏មិនមែនជាប្រភេទកំទេចថ្មអ្វីដែរ គឺជាផេះតែម្ដង) ចាក់បំពេញកំប៉ុងប្រហែល៩០ភាគរយ សល់១០ភាគរយ យកផេះមាសចាក់បំពេញពីលើ ជូតកំប៉ុងឱ្យស្អាត និងយកជើងធូបដែលដកទុកពីមុន មកដោតឱ្យចំកណ្ដាលជាការស្រេច។

២. គីមហួយ ផ្ទះខ្លះមានដាក់ ខ្លះមិនមានដាក់ទេ គឺមិនចោទជាបញ្ហាអ្វីនោះទេ។ គីមហួយ ត្រូវដូរថ្មីដូចគ្នា តែយើងត្រូវមើលគ្រាប់បាល់នៃគីមហួយនោះ មានប៉ុន្មានគ្រាប់ ដូរថ្មីមិនត្រូវតិចជាងចំនួនគ្រាប់បាល់ចាស់នោះទេ អាចស្មើចាស់ ឬច្រើនជាង។

៣. កំណល់ជើងធូប ឬកំណល់លោកតា ផ្ទះខ្លះមានដាក់ ផ្ទះខ្លះមិនមានដាក់ទេ តែបើអាចដាក់បានគឺល្អ។ កំណល់ជើងធូបត្រូវរាបស្មើ មិនត្រូវមានខ្ពស់ទាបនោះទេ ហើយក៏មិនត្រូវខ្ពស់ជាងកំណល់រូបសំណាក់ទេវតាដែរ តែអាចដាក់ស្មើគ្នាបាន។

៤. អំពូលក្រហម ឬអំពូលម្ទេស បើដាច់ត្រូវដូរចេញ តែបើមានលទ្ធភាពគឺគេដូរថ្មីទាំងអស់ ទោះបីជាអំពូលនោះមិនដាច់ក៏ដោយ ដ្បិតពន្លឺវាមិនសូវភ្លឺ បើដូរថ្មីវាភ្លឺស្អាត ឆ្នាំថ្មីអាចជួបហេង ជួបមនុស្សល្អៗជាច្រើន។

នៅក្នុងឆ្នាំ២០២២នេះ គេមានជំនឿថា គ្រឿងដែលដោះដូរខាងលើ និងជើងធូបចាស់ៗ លើកលែងតែអំពូលក្រហម ឬអំពូលម្ទេស គេមិនឱ្យយកទៅចោលនៅក្នុងទឹកទន្លេនោះទេ គឺត្រូវដុតដោយភ្លើង ដោយដុតនៅចន្លោះម៉ោង ៦:៤៦យប់ ដល់ម៉ោង ៧:៣៥នាទី។

ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន គេមិនចាំបាច់អុជធូបទេនោះ ហើយគ្រឿងសំណែនដែលសែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះទេ។

រូបភាពពនៃរបៀបសែនដកជើងធូប

 

អំពីជំនឿផ្សេងៗរបស់ជនជាតិចិនក្នុងថ្ងៃចូលឆ្នាំចិន

ក្នុងពីធីបុណ្យចូលឆ្នាំចិន គេមានការគោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ក្នុងនោះមានការបិទយ័ន្តនៅមុខផ្ទះ មានការដុតផាវ មានការឡកម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គារសីល ផ្កាស្បៃរឿង និងដើមក្រូចនាំសំណាងនៅក្នុងផ្ទះជាដើម។

ជំនឿនៃការតាំងលម្អដើមផ្កាអង្គារសីល និងដើមក្រូចនេះ ជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វាត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងហេងៗក្នុងឱកាសឆ្នាំថ្មី។ រីឯដើមក្រូច ត្រូវតែមានផ្លែខ្ចីខ្លះ ទុំខ្លះ ហើយស្លឹកវិញត្រូវមានសភាពចំណាស់បន្តិច។ ផ្លែក្រូចត្រូវមានកញ្ចុំផ្លែថ្មី ដែលមានន័យថា លុយនិងសំណាង នឹងហូរចូលក្នុងគ្រួសារ ឬកន្លែងរកស៊ី ក្នុងឱកាសចូលឆ្នាំថ្មី និងលាភសំណាងពេញមួយឆ្នាំ។ គេក៏និយមយកអាំងប៉ាវពណ៌ក្រហមមកចងព្យួរលើដើមផ្កាអង្គារសីលដែរ ព្រោះពណ៌ក្រហម ក៏ជាពណ៌ដែលប្រជាជនចិន ជឿជាក់ថាជាពណ៌នាំលាភសំណាងដូចគ្នា។

រូបភាពនៃការតាំងផ្កាអង្គារសីល និងការតាំងលក់ដើមក្រូច

 

ក្រៅពីជំនឿលើមុខម្ហូបអាហារ នំចំណី ផ្លែឈើ ជនជាតិចិននិងអ្នកជាប់សែស្រឡាយចិននៅកម្ពុជា ក៏មានការជឿលើការឡកម៉ុងសាយ ដែលជារបាំប្រពៃណីចិនមួយដែលអ្នកសម្ដែងពាក់ក្រណាត់ឆ្នៃជារូបសត្វតោ ហក់លោតចុះឡើងនៅលើបង្គោលដែក ហើយធ្វើត្រាប់តាមកាយវិការសត្វតោពិតៗ និងមានបញ្ចូលនូវក្បាច់គុណពិសេសៗជាច្រើនទៀត អមដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងកងឱ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោដែលមានឫទ្ធិខ្លាំងក្លា អាចបណ្ដេញ ឬកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃទាំងពួង ដើម្បីនាំមកនូវសិរីសួស្ដី នាំលាភនាំជ័យក្នុងឆ្នាំថ្មី។ ចំពោះការរាំម៉ុងសាយនេះ ក្នុងតួខ្លួនម៉ុងសាយមួយ គេត្រូវការឱ្យមានអ្នកសម្តែងចំនួនពីរនាក់ ដោយម្នាក់នៅក្បាលតោ និងម្នាក់ទៀតនៅកន្ទុយតោ ហើយអ្នកឡកម៉ុងសាយ គេមិនងាយនឹងឃើញមុខទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ។

តាមរយៈអ្នកសិក្សាស្រាវជ្រា​វផ្នែកវប្បធម៌ចិនបានឱ្យដឹងថា ប្រពៃណីទំនៀមទម្លាប់នេះ គឺជនជាតិចិនបានធ្វើតៗគ្នាទៅតាមការនិទានតគ្នារបស់ដូនតា ឬកុងម៉ាពីមួយជំនាន់ទៅមួយជំនាន់ដែលគេជឿថា ការឡកម៉ុងសាយជាការនាំហុងស៊ុយ លើករាសី បណ្ដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញឱ្យអស់ ហើយនាំមកនូវសំណាងល្អក្នុងឆ្នាំថ្មី។ ជំនឿនេះមិនមែនមានតែពលរដ្ឋសាមញ្ញនោះទេ សូម្បីតែអ្នកជំនួញ ក្រុមហ៊ុនធំៗមួយចំនួនក៏មានជំនឿនេះដូចគ្នា និងបានធ្វើពិធីឡកម៉ុងសាយដែលមានភាពទំនើបនិងអស្ចារ្យ ដែលធ្វើឱ្យមានការទាក់ទាញដល់អ្នកទស្សនាថែមទៀតផង និងរំពឹងថា នឹងធ្វើឱ្យការរកស៊ីរបស់ពួកគេទទួលបានជោគជ័យ និងរីកចម្រើនជាលំដាប់។ 

រូបភាពពី Google ស្តីពីការឡកម៉ុងសាយនៅក្នុងពិធីបុណ្យចូលឆ្នាំចិន

ជំនឿ និងត្រណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន

តាមប្រវត្តិសាស្ត្រចិន មានជំនឿលើការគោរពបុណ្យចូលឆ្នាំថ្មីយ៉ាងខ្ជាប់ខ្ជួន។ គេមានត្រណមជាច្រើន នៅក្នុងអំឡុងចូលឆ្នាំបីថ្ងៃ ជាពិសេសថ្ងៃទី១ ឫហៅថា ឈីអីច។ ក្នុងរយ:ពេល៣ថ្ងៃនេះ គេចាត់ទុកជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីល្អក់កករនាំឱ្យប៉ះពាល់ដល់មង្គល ឬដល់ឆ្នាំថ្មីឡើយ។ គេត្រូវធ្វើឱ្យមានការសប្បាយរីករាយ នាំសិរីសួស្តីដល់ខ្លួននិងក្រុមគ្រួសារ។ ត្រណមមួយចំនួនមិនត្រូវឱ្យកើតមានក្នុងពិធីបុណ្យចូលឆ្នាំចិនគឺ៖

- ត្រណមមិនយំ៖ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ជនជាតិចិនមានត្រណមមិនឱ្យកើតរឿងយំសោកសៅទេ ពីព្រោះវាអាចនាំមកនូវរឿងអពមង្គលដល់ឆ្នាំថ្មីរហូតពេញមួយឆ្នាំ។ ត្រណមនេះសូម្បីតែកូនចៅដែលរឹងរូស​ឬធ្វើខុស ក៏ឪពុកម្តាយឬមនុស្សចាស់មិនវាយឬប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតដល់ចប់ថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីសិន ។

- ត្រណមមិនឱ្យបែកចាន ឬកែវ៖ ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវ ព្រោះបើមានបង្កឱ្យប្រេះស្រាំ ឬធ្លាក់បែក គឺជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ។

តែងខ្លួនស្អាតៗ តែមិនគួរកក់សក់ ការស្លៀកពាក់ខោអាវថ្មី និងតែងខ្លួនស្អាតបាទជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងថ្ងៃទទួលឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានត្រណមមួយគឺហាមកក់សក់ ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតា ពីព្រោះថា ការកក់សក់គេមានជំនឿថាហាក់បីដូចជាការលាងជម្រះជោគសំណាងចេញពីខ្លួនដូច្នោះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយមបំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេងនាំជោគលាភ និងសិរីសួស្តី។ សម្រាប់ក្មេងៗ ឬមនុស្សនៅលីវ គេតែងឱ្យអាំងប៉ាវ ដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភសម្រាប់ឆ្នាំថ្មីផងដែរ។

ហាមចូលបន្ទប់របស់អ្នកដទៃ៖ ការចូលទៅរកនរណាម្នាក់ក្នុងបន្ទប់ដេករបស់គេក្នុងថ្ងែបុណ្យចូលឆ្នាំចិន ចាត់ទុកថាជាជោគសំណាងអាក្រក់។ ដូច្នេះទោះបីអ្នកមានជំងឺក៏ដោយ បើមានសាច់ញាតិមកសួរសុខទុក្ខ ក៏ចាំបាច់ត្រូវចេញមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដែរ។

មិនគួរប្រើកាំបិត ឬកន្ត្រៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី៖ ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃជើងផង គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

ក្រៅពីត្រណមខាងលើនេះមានត្រណមជាច្រើនទៀតដូចជា៖

- មិនត្រូវឈ្លោះប្រកែកគ្នា (នាំឱ្យកើតមានទុក្ខសោកពេញ១ឆ្នាំ)

- មិនត្រូវកាត់សក់ ក្រចកដៃ (ព្រោះនាំក្តីឈឺចាប់ដល់សមាជិកគ្រួសារ) ។

- មិនត្រូវប្រមូលលុយពីអ្នកជំពាក់បំណុល(មានន័យថាអ្នកនឹងត្រូវស្វែងរកអ្នកជំពាក់បំណុល

  ក្នុងឆ្នាំថ្មីពេញ១ឆ្នាំ) ។

- មិនត្រូវទិញសៀវភៅពេលចូលឆ្នាំចិនទេ ព្រោះពាក្យ «សៀវភៅ» ជាភាសាចិនគឺ «ហ្ស៊ូ» មាន

    ន័យថា «បាត់បង់»

ដូច្នេះសរុបសេចក្តីមក ពិធីបុណ្យចូលឆ្នាំចិននៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ គឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយពីមួយឆ្នាំទៅមួយឆ្នាំជនជាតិចិននិងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយ​ចិននៅក្នុងប្រទេសកម្ពុជា បាននាំគ្នាប្រារព្ធពិធីចូលឆ្នាំចិនកាន់តែច្រើនឡើងៗ។​ បើតាមសមាគម​ខ្មែរ​ចិន ធ្លាប់​បាន​អះអាង​ថា ជនជាតិ​ចិន​និង​ជន​ជាតិ​ខ្មែរ​ជាប់​សែ​ស្រឡាយ​ចិនដែល​កំពុង​រស់​នៅ​កម្ពុជាសព្វ​ថ្ងៃ មាន​ចំនួន​ប្រមាណ​ជាជាងមួយ​លាន​នាក់​ ដែលចំនួន​នេះ​មិន​ច្រើន​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​ផ្អែក​លើ​ទិដ្ឋភាព​ជាក់​ស្ដែង​វិញ ពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​ចំនួន​នេះ​ឆ្ងាយ​ណាស់ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​។ នៅពេលបុណ្យចូលឆ្នាំចិនម្តងៗ នៅតាមដងផ្លូវនានា ការធ្វើ​​ចរាចរណ៍ហាក់​​​​មាន​សភាព​ស្ងាត់ជ្រងំ​​ខុសប្លែក​ពី​ធម្មតា​ ពីព្រោះ​ប្រជាជន​ភាគច្រើន​រវល់​​អបអរ​ពិធី​ចូល​ឆ្នាំ​ចិន​​នៅតាម​គេហដ្ឋាន​រៀងៗខ្លួន​។ ក្រុមហ៊ុន និង​​​ហាងលក់​ទំនិញ​ភាគច្រើន​នៅតាម​ដងវិថី​សំខាន់ៗ​នៅ​ទីក្រុង​ភ្នំពេញ​បាន​បិទទ្វារ។​ សាលា​ឯកជន​បាន​ប្រកាសពី​ការ​ឈប់​សម្រាក​ រីឯសាលារដ្ឋដែលមិនមានការឱ្យឈប់សម្រាក ក៏មិនសូវមាន​កូន​សិស្ស​ទៅ​រៀន​ ពោលគឺបើទោះបី​ជា​ថ្ងៃចូលឆ្នាំចិនមិនមែន​ជាថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ក៏វាហាក់ដូចជាមានសភាព​ស្ងប់ស្ងាត់ ​រហូត​ដល់ពិធី​ចូល​ឆ្នាំចិនត្រូវបានបញ្ចប់ ទើបមាន​ដំណើរការ​​ជា​ធម្មតាឡើង​វិញ​។

ជា​ការ​កត់​សម្គាល់កន្លងមកឃើញថា​ នៅពេលចូលឆ្នាំចិន ​ជនជាតិ​ចិននិង​ពលរដ្ឋ​ខ្មែរដែលជាប់​សែស្រឡាយ​ចិននៅ​ក្នុង​ប្រទេស​កម្ពុជា​ ​តែងតែ​នាំ​គ្នា​អុជផាវ មាន​ផាវ​តូច ផាវ​ធំ និង​ផាវ​ខ្លះ​លាន់​ឮ​ដូច​ផ្ទុះ​អាវុធ​ក៏​មាន​​ ហើយការ​អុជ​ផាវ​បន្លឺសំឡេងខ្លាំងៗនៅ​អំឡុង​ពេលដែល​មានការ​សែនព្រេនក្នុងឱកាស​ចូលឆ្នាំ​ចិន​នេះ គេមាន​​ជំនឿថា ​គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ទាក់​ទាញ​ ប្រមូល​ចូល​នូវ​លាភសំណាង​ និង​បញ្ជាក់​ថា ថ្ងៃ​ចូល​ឆ្នាំ​ថ្មីបាន​មក​ដល់​ហើយ។

កាលពីមុន នៅ​ប្រទេស​កម្ពុជា​ ការ​អុជ​ផាវ​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។ ក៏​ប៉ុន្តែ​ក្រោយៗ​មក​ ការ​ប្រើប្រាស់​ផាវទាំងនោះ​ត្រូវ​បាន​ហាម​ឃាត់​ ដោយអាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរនៅតាម​បណ្តា​ខេត្ត​នានា​ បាន​ចេញ​បំរាម​មិនឱ្យ​ដុត​ផាវ​នោះទេ​។ សម្រាប់​ទីក្រុង​ភ្នំពេញដែលបណ្តុំ​ទៅ​ដោយ​ពលរដ្ឋ​ខ្មែ​សែស្រឡាយ​ចិន​ ជា​ទី​ដែល​មាន​ការសែន​ច្រើន​បំផុត​នៅ​កម្ពុជា​នោះ ​អាជ្ញាធរ​ក្រុង​តែងតែបាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជិត​មួយ​សប្តាហ៍​មុន​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន គឺ​ហាម​ដាច់ខាត មិន​ឱ្យ​ដុត​ផាវ ដុតកាំជ្រួច ​ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទនោះទេ និងក៏​មាន​ការចាត់វិធានការយ៉ាង​ម៉ឺងម៉ាត់មិន​ឱ្យ​មាន​ការ​នាំ​ផាវ កាំជ្រួច ឬ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទតាម​ច្រកចេញ​ចូល​ ដោយ​មាន​ការ​ត្រួតពិនិត្យ​ ដកហូត​វត្ថុ​ទាំងអស់​ខាង​លើ ដែល​កំពុង​លក់​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

ទោះជាយ៉ាងនេះ​ក្តី ការ​ដុត​ផាវ​ដែល​បង្ក​សំឡេង​ផ្ទុះ​ក្តូងក្តាំង និង​មាន​ការ​រំខាន​នោះ​ ត្រូវ​គេ​សម្គាល់​​ឃើញ​ថា​នៅ​តែ​មាន​ខ្លះៗនៅឡើយ ហើយកន្លង​មក​ក៏ធ្លាប់មាន​កើត​ឡើងផងដែរ ​គឺ​ការ​ដុតធូបសែនព្រេន ឬដុតផាវនេះ បាន​បង្កឱ្យ​មានហានិភ័យនៃការឆាបឆេះដោយ​អគ្គិភ័យដែលបង្កឡើងនូវសោកនាដកម្មគួរឱ្យសង្វេគផងដែរ។

សូមបញ្ជាក់ថា​ សម្រាប់ឆ្នាំ២០២២នេះ នៅថ្ងៃចន្ទទី៣១ ខែមករាខាងមុខនេះ ថ្ងៃដ៏មង្គលដែលជនជាតិចិននិងពលរដ្ឋខ្មែរសែស្រឡាយចិននៅក្នុងប្រទេសកម្ពុជាទន្ទឹងរង់ចាំនោះនឹងមកដល់ គឺថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន ដែលជាថ្ងៃទទួលបាននូវមុខមាត់ថ្មី សំណាងថ្មី ជាថ្ងៃជម្រះចោលនូវរឿងរ៉ាវអពមង្គលពីឆ្នាំចាស់ និងទទួលយកនូវអ្វីៗដែលល្អនៅក្នុងឆ្នាំថ្មីផងដែរ។

 

សូមជូនពរឆ្នាំថ្មី សូមមានសុខភាពល្អ មានសំណាងល្អ និងចៀសផុតពីអពមង្គលទាំងឡាយ!

កុងស៊ីហ្វាឆាយ!