បណ្ឌិត ជា វណ្ណី
ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត
នៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
នៃរាជបណ្ឌិត្យសភាកម្ពុជា
ព្រះពុទ្ធសាសនា ត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាចាត់ទុកថាជាសាសនារបស់រដ្ឋ។ ពិធីបុណ្យពិសាខបូជា គឺឈ្មោះពិធីបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា ពោលគឺគេអាចចាត់ទុកជាពុទ្ធានុស្ស- រណកិច្ចមួយដ៏សំខាន់ ដើម្បីជាការរឭកនឹកដល់ព្រះសម្មាសម្មុទ្ធសមណគោត្តម ដែលជាព្រះបរមគ្រូនៃពុទ្ធសាសនិក នាថ្ងៃពេញបូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។
តើបុណ្យពិសាខបូជា មានអត្ថន័យ យ៉ាងណាខ្លះសម្រាប់ពុទ្ធសាសនិកខ្មែរ?
បូជា សំ. បា. ( ន. ) ការថ្វាយឬជូនវត្ថុអ្វីៗ ចំពោះបូជនីយបុគ្គល; ការស្ដាប់ឱវាទ, ប្រព្រឹត្តតាមឱវាទរបស់បុគ្គលដែលគួរគោរព ។ ខ្មែរយើងច្រើនប្រើជា កិ. ថ្វាយ, ជូន : សូមបូជាកម្រងផ្កានេះ ចំពោះព្រះរតនត្រ័យ; ដុត, រំលាយ (សព) : បូជាសព, បូជាព្រះសព (ច្រើនប្រើចំពោះតែសពបព្វជិត; ម. ព. ឈាបនកិច្ច ទៀតផង) ។ បូជារហបុគ្គល (--រៈហៈបុកគល់) ដូចគ្នានឹង បូជនីយបុគ្គល ដែរ (ម. ព. បូជនីយៈ ទៀតផង) ។
ពិសាខ --សាក បា.; សំ. ( ន. ) (វិសាខ; វិឝាខ) ឈ្មោះខែទី ៦ តាមចន្ទគតិ : ខែពិសាខ ។ ឈ្មោះនក្សត្រឬនក្ខត្តឫក្សទី ១៦ : ពិសាខឫក្ស ។ វិសាខ
ពិធីបុណ្យពិសាខបូជា គឺឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន រំឭកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសម្យ៉ាងសម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ តែងតែនាំគ្នាធ្វើរាល់ឆ្នាំ រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា ថ្ងៃពិសាខបូជា ធ្វើពិសាខបូជា។
១. អត្ថន័យនៃពិធីបុណ្យវិសាខបូជា
ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែ ពិសាខ គឺខែទី៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខ ជាដើម។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គល អភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតចាកឧទរមាតា ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញ្ញាណ និងទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វាន ពោលគឺព្រឹត្តិការណ៍ទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា
នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ព្រះអគ្គមហេសីរបស់ព្រះគម្ដែងសុទ្ធោទនៈ នៃរាជធានីកបិលពស្តដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងក៏លាព្រះស្វាមីធ្វើដំណើរ ទៅកាន់មាតុនគរ គឺទេវទហៈនគរ ដើម្បីសម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ។ លុះធ្វើដំណើរទៅដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន រវាងនគរកបិលពស្ត និងទេវទហៈនគរ ព្រះនាងក៏ឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស។
នៅខណៈនោះ ព្រះនាងបានសម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលាព្រឹកថ្ងៃសុក្រ តិថី ១៥កើត ខែពិសាខ ឆ្នាំច មុនពុទ្ធសករាជ៨០ឆ្នាំ។ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះសុទ្ធោទនៈក៏ត្រាស់បញ្ជាឱ្យក្បួនដង្ហែវិលត្រឡប់ចូលព្រះនគរវិញ កាលបើប្រសូតបានចំនួន៥ថ្ងៃគត់ ហើយព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។
- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ
ក្រោយពីព្រះអង្គចេញសាងព្រះភ្នួសបានចំនួន៦ព្រះវស្សា ស្ថិតក្នុងព្រះជន្ម៣៥ព្រះវស្សា ព្រះ សមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះអង្គបានត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំរកា នៅក្នុងស្រុកឧរុវេលា ប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹកព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម៣៥ឆ្នាំ នៅឯពុទ្ធគយា។
- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន
ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល៤៥ព្រះវស្សា រហូតដល់ព្រះជន្មបាន៨០ព្រះវស្សាហើយ ព្រះអង្គក៏ទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់៨០ ព្រះវស្សាគត់ (មុនពុទ្ធសករាជ១ថ្ងៃ) ក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។
ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើង ព្រះអង្គ ប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ១៥កើត ខែពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាង ចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើនកើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាង ចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភពលោក។
ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា អាសាឡបុណ្ណមោក្កន្តោ វិសា ខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វតោ ប្រែសេចក្តីថា៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតាក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ(ផ្សេងតែឆ្នាំ)។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា "បុណ្ណមី” មានសេចក្តីថា ខែពេញបូណ៌មី។
ម្យ៉ាងទៀតការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល២យ៉ាងគឺ៖
. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាឱ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អិនឆ្អៅ
. និងដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
២. ប្រវត្តិ និងដើមកំណើតនៃពិធីបុណ្យវិសាខបូជា
ពិធីវិសាខបូជានេះចាត់ទុកថាជាបុណ្យដ៏ធំមួយ ដែលមានមហាជនក្មេងចាស់ប្រុសស្រី បានជួបជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺ ព្រោងព្រាតនៅតាមទីវត្តអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាល[1]ទាំង៣ដូចពោលខាងលើ។ រីឯពិធីដែលធ្វើឱ្យបានត្រឹមត្រូវ គឺគួរតែមានការសម្តែងរឿងពុទ្ធប្រវត្តិតាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្តុះបសាទ[2]សទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង ហើយពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។
ប្រការដែលគួរឱ្យកត់សម្គាល់មួយទៀត គឺអង្គការសហប្រជាជាតិក៏បានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើពិភពលោក ព្រោះគេឃើញនូវគុណប្រយោជន៍របស់ព្រះពុទ្ធសាសនា៖ ទី១ជាសាសនាដែលមានចំណាស់យូរ គឺមានចំណាស់រហូតដល់ទៅ២៥៦១ឆ្នាំទៅហើយ ទី២ ជាសាសនាមានគោលការណ៍សន្តិភាព មិនកាប់សម្លាប់គ្នា គោរពសិទ្ធិគ្នាក្នុងការរស់នៅទៅវិញទៅមក និងទី៣ ពុំដែលមានសង្គ្រាមដែលកើតឡើងក្នុងនាមព្រះពុទ្ធសាសនានោះទេ ហើយនិងមានប្រជាជននៅលើពិភពលោកទាំងមូលរហូតដល់ទៅជាង៥០០លាននាក់នាពេលបច្ចុប្បន្ននេះ បានកាន់ព្រះពុទ្ធសាសនានេះ។ កត្តាទាំងអស់នេះហើយដែលអង្គការសហប្រជាជាតិបានលើកតម្លៃព្រះពុទ្ធសាសនា ថាបានចូលរួមចំណែកដ៏ក្រាស់ក្រែលធំធេងណាស់ក្នុងសន្តិភាពពិភពលោក និងការរួមរស់ជាមួយគ្នាដ៏សុខស្ងប់។ ចាប់តាំងពីអង្គការសហប្រជាជាតិបានទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិមក ប្រទេសដែលគោរពព្រះពុទ្ធសាសនាជាច្រើននៅលើសកលលោក បាននាំគ្នាប្រារព្ធធ្វើពិធីបុណ្យវិសាខបូជាជាសកល ដោយដាក់ឈ្មោះថា UN-វិសាខ ឬ វិសាខបូជានៃអង្គការសហប្រជាជាតិ។
បើគិតមកដល់បច្ចុប្បន្ននេះ វិសាខបូជាគឺជាបុណ្យប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនា ហើយក៏ជាអាយុរបស់ព្រះពុទ្ធសាសនាដែលយើងបានកាន់ ពីព្រោះពុទ្ធសាសនាយើងរាប់ជាសករាជឡើង នៅថ្ងៃបន្ទាប់ពីថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានចូលបរិនិព្វាន។ ដូច្នេះថ្ងៃវិសាខបូជា គឺប្រារព្ធទៅដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ គ្រប់ប្រទេសទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា នៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះក្ដី នៅក្នុងពិភពលោកទាំងមូលក្ដី គឺពុទ្ធសាសនិកជនទាំងអស់តែងតែប្រារព្ធធ្វើទិវាវិសាខបូជានេះ។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជានេះ សៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ១៩៥១ បានសរសេរកត់ត្រាថា បន្ទាប់ពីព្រះពុទ្ធទ្រង់បានរំលត់ខន្ធចូលកាន់បរិនិព្វានអស់រយៈពេលជាច្រើនរយឆ្នាំទៅហើយ ទើបគេសង្កេតឃើញបុណ្យវិសាខបូជានេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌា។
ប៉ុន្តែទោះបីជាពិធីបុណ្យវិសាខបូជាត្រូវបានពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើជាទំនៀមទម្លាប់ តាំងពីបុរាណយូរអង្វែងមកហើយក្ដី ក៏អ្នកសិក្សាស្រាវជ្រាវផ្នែកពុទ្ធសាសនាខ្លះ បានបញ្ជាក់ថា ហាក់ដូចជាពុំមានឯកសារណាមួយកត់ត្រាអំពីកាលបរិច្ឆេទ ឬថ្ងៃ ខែ ឆ្នាំ នៃការប្រារព្ធពិធីបុណ្យវិសាខបូជាឱ្យបានច្បាស់លាស់នោះឡើយ។ បើតាមការស្រាវជ្រាវអំពីប្រវត្តិបុណ្យវិសាខបូជា ដូចជានៅក្នុងប្រទេសឥណ្ឌាជាដើម ទាំងនៅក្នុងសម័យកាលនៃស្ដេចធម្មាសោក ឬព្រះបាទអសោក ដែលជាអធិរាជមួយអង្គមានសទ្ធាជ្រះថ្លា និងបានឧបត្ថម្ភ ព្រះពុទ្ធសាសនាយ៉ាងខ្លាំងក្លាក្រៃលែង ក៏គេមិនឃើញមានឯកសារបញ្ជាក់ថា ព្រះរាជាអង្គនោះបានធ្វើបុណ្យវិសាខបូជាក្នុងរជ្ជកាលរបស់ព្រះអង្គ ក្នុងរវាង២៧៣ឆ្នាំ មុនគ្រិស្តសករាជនោះឡើយ។ ម្យ៉ាងវិញទៀត មានឯកសារខ្លះនិយាយថា ក្រោយពីព្រះពុទ្ធទ្រង់បរិនិព្វានទៅ ក្នុងពុទ្ធសករាជ ១៥០០ កើតមានកលិយុគវិវាទផ្នែកសាសនា ធ្វើឱ្យបពុទ្ធបរិស័ទនៅឥណ្ឌាក្នុងពេលនោះ មិនមានឱកាសក្នុងការប្រារព្ធបុណ្យវិសាខបូជាឡើយ...»។
នៅក្នុងសៀវភៅ "ព្រះរាជពិធីទ្វាទសមាស" ឬ "ពិធីបុណ្យទាំង១២ខែ" ដែលរៀបរៀងដោយលោកឧកញ៉ា ឈឹម ក្រសេម និង ឃុនឧត្តមប្រឺជា ចាប ពីន ក៏បានកត់ត្រាឱ្យដឹងផងដែរថា គឺបានផ្ដើមក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គឌួង ដែលគង់នៅក្រុងឧដុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ ឬគ្រិស្តសករាជ១៨៥៤។ ១១ឆ្នាំក្រោយមក នៅពេលដែលព្រះអង្គបានលើកទីក្រុងមកតាំងនៅភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ ពិធីបុណ្យវិសាខបូជា ក៏ត្រូវបានប្រារព្ធធ្វើជាទូទៅនៅគ្រប់វត្តអារាម ជាប់ជាទំនៀមមកដល់បច្ចុប្បន្ននេះ។ រីឯឯកសារដែលស្រាវជ្រាវចងក្រងដោយ លោក ជា គាន អគ្គលេខាធិការរងទី១ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានសរសេរបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យវិសាខបូជានាពេលនោះ ជាទូទៅគេឃើញច្រើនធ្វើក្នុងវត្តអារាមនៅពេលរាត្រី ពីព្រោះគេចង់តម្រូវឱ្យត្រូវនឹងពាក្យថា បុណ្ណមី ឬព្រះច័ន្ទពេញបូណ៌មី។ ម៉្យាងទៀតគឺផ្ដល់ឱកាសដល់ពុទ្ធបរិស័ទប្រុសស្រីចាស់ក្មេង ឱ្យបានមកជួបជុំគ្នាធ្វើការគោរពបូជាដោយអុជភ្លើងទៀន ប្រទីបជ្វាលា ឱ្យបានភ្លឺព្រោងព្រាតឡើង។
តើប្រទេសណាជាអ្នកចាប់ផ្តើមធ្វើបុណ្យវិសាខបូជានេះមុនគេ?
នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជាគោរពប្រតិបត្តិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពី អភិលក្ខិតកាលនិយមគឺ៖ ថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធថា ដែលសុទ្ធតែជាថ្ងៃពេញបូណ៌មី ខែវិសាខ មក គេក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។
បញ្ជាក់៖ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។
ចំណែកនៅប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលនៅក្នុងព្រះរាជ ពង្សាវតារ ឬក្នុងសេចក្តីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ “ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជានេះឡើយ។ តែបើយោងទៅលើសេចក្តីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា ក៏បានផ្សាយចូលមកកម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខបូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្តុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុងអយុធ្យា(ខាងថៃ) និងក្នុងសម័យក្រុងលង្វែក(ខាងខ្មែរ) ទំនៀមទម្លាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជាត្រូវបានបំភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដក្នុងឯកសារណាមួយថាបានធ្វើឡើយ។ ទាំងនេះព្រោះហេតុអ្វី?
តាមការសន្និដ្ឋាន ក៏បានបញ្ជាក់ឱ្យឃើញថា៖
១- ព្រោះព្រះសង្ឃដែលនិមន្តមកអំពីលង្កានោះផុតរលត់អស់ទៅ
២-ព្រោះរឿងបឋមសម្ពោធិកថា ស្ដីអំពីរឿងពុទ្ធប្រវត្តិក្នុងពេលនោះ មានតែជាភាសាបាលី ហើយនៅរ៉ាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះ ក្នុងអដ្ឋកថាខ្លះ ពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសម្រាយជាតិនៅឡើយ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នាដែរ គឺមានតែព្រះសង្ឃដែលចេះភាសា បាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ។
ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព “បាងកក” តាមសេចក្តីដែលមានក្នុង សៀវភៅព្រះរាជពិធីស៊ិបសងខឿន ថា ក្នុងរជ្ជកាលទី២ ក្នុងឆ្នាំឆ្លូវ នព្វស័ក ពុទ្ធសករាជ២៣៦០ គ្រិស្តសករាជ ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្តេចព្រះសង្ឃរាជ១ព្រះអង្គ ព្រះនាម “មី” នៅវត្តរាជបូរណៈ មកថ្វាយព្រះពរសុំឱ្យធ្វើពិសាខបូជាជាដំបូង។ ឯរបៀបធ្វើពិធីនេះក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យ ប៉ុន្តែមិនសូវជាអធិកអធមដូចគ្រានោះទេ។
ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះ នៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសម្រាយប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជិតជ្រាបដល់ប្រជាជនខ្មែរផង ។
រីឯនៅក្នុងគម្ពីរបឋមសម្ពោធិ ជារឿងពុទ្ធប្រវត្តិ តំណាលរឿងចាប់ផ្តើមតាំងពីព្រះអង្គចុះចាកស្ថានតុសិតទេវលោក មកយោនយកកំណើតជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី នៅក្នុងនគរកបិលពស្តុ ក្នុងមជ្ឈិមប្រទេស រៀងរាបដរាបដល់ព្រះអង្គទ្រង់បានត្រាស់ជាអង្គព្រះសម្ពុទ្ធ ប្រកាសសម្តែងធម៌ប្រោសសត្វលោក ហើយសម្ដេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត។
គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងនូវសម្រាយប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខ បូជា ព្រោះថាការដែលនាំយកប្រវត្តិរបស់រឿងនេះមកសម្តែង ដើម្បីជាភស្តុតាងបញ្ជាក់ឱ្យដឹងថា បុណ្យវិសាខបូជា កើតឡើងពិតប្រាកដនោះ ពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ស្ថិតក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះណាំងក្លាវ “រជ្ជកាលទី៣” ជាដំបូង ហើយក្នុងជំនាន់នោះ គម្ពីរនេះមាន២ប្រភេទគឺ ៖
១- គម្ពីរបឋមសម្ពោធិសង្ខេប មានចំនួន២០បរិច្ឆេទ[3] តែមិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដនោះទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី២។
២- គម្ពីរបឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមានចំនួន២១ខ្សែ ឬ៣០បរិច្ឆេទ ទាំងជាភាសាបាលី និងសម្រាយ។ ព្រះបាទសម្តេច ព្រះណាំងក្លាវ ទ្រង់អារាធនាសម្ដេចក្រុមព្រះ បរមានុជិត ជិនោរសសង្ឃរាជ គង់នៅវត្តព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង។
សម្តេចក្រុមព្រះអង្គនេះ បានរួបរួមសេចក្តីចេញពីគម្ពីរផ្សេងៗ និងនិពន្ធបន្ថែមឡើងខ្លះ ក្នុងពុទ្ធសករាជ ២៣៨៧ គ្រិស្តសករាជ១៨៤៥។
ចំណែកប្រទេសខ្មែរយើង គម្ពីរបឋមសម្ពោធិជាភាសាមគធៈ មានចំនួន២១ខ្សែ ឬ៣០បរិច្ឆេទ។ គម្ពីរជាសម្រាយមាន៣បែប គឺ៖
១. ហៅថា គម្ពីរបឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មានចំនួន ៥-៦ ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្តីតាំងពីព្រះអង្គយាងចុតិចាកតុសិតមកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ។ អត្ថបទនេះមិនដឹងថាអ្នកណាជាអ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធសករាជណានោះទេ។ តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះ ឃើញថាមិនជាចាស់ណាស់ណានោះទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម។ គម្ពីរនេះ គេច្រើនប្រើពាក្យសម្រាយទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង។
២. ហៅថា "គម្ពីរបឋមសម្ពោធិវិត្ថារ” មានចំនួន៣០បរិច្ឆេទ។ គម្ពីរនេះ សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកាថា មហាណាក មហាភូ និងអាចារ្យសន។ល។ នៅខេត្តបាត់ដំបង បានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្តេចក្រុមព្រះបរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿង (ចៅហ្វាយក្រុង) ខេត្តបាត់ដំបង ហើយដែលបានផ្សព្វផ្សាយ។
នៅប្រទេសកម្ពុជា បុណ្យវិសាខបូជានេះ តាមដែលចាស់ទុំ អ្នកមុខអ្នកការទាំងឡាយតំណាលតៗគ្នា បានឱ្យដឹងមកថា គេបានផ្តើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្សរាមាឥស្សរាធិបតី "ព្រះអង្គឌួង។ ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូង ព្រោះថាកាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ សម្ដេច ព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។
៣. ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្តបទុមវតីរាជវរារាម ក្រុងភ្នំពេញ ប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្តេចព្រះមហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ មានចំនួន៣០បរិច្ឆេទ ដូចច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសម្រាយ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្តគណៈធម្មយុត្តិកនិកាយទូទាំងប្រទេសខ្មែរ។
ការធ្វើបុណ្យវិសាខបូជាក្នុងសម័យរជ្ជកាលទី២នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បាន ផ្សព្វផ្សាយទៅគ្រប់វត្តអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិក អធិកអធមណាស់ណាដែរ។
ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាមលក្ខណៈ កើត មានឡើងតាំងពីត្រឹមរជ្ជកាលទី៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរ ព្រះត្រៃបិដកជ្រៅជ្រះ ទ្រង់បានផ្តើមធ្វើវិសាខបូជាតាំងពីកាលទ្រង់ព្រះផ្នួសនៅឡើយ។ លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្តិ ក៏ទ្រង់នៅតែបន្តធ្វើវិសាខបូជារៀងដរាបមក រហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាយទេសនានៅក្នុងពិធីបុណ្យនេះដូចបានពោលខាងលើ។ ព្រះមហា ប៉ាន គឺសម្តេចព្រះសុគន្ធា ធិបតី ជាគណៈធម្មយុត្តិកនិកាយ នៅក្នុងក្រុងទេព“បាងកក” អំពីព្រះបាទសម្តេចព្រះចមក្លាវ “រជ្ជកាល ទី៤”។
បន្ទាប់មក ក្រោយនោះមួយឆ្នាំ គឺនៅក្នុងពុទ្ធសករាជ២៣៩៨ ព្រះមហា ប៉ាន ទើបនិមន្តមកអំពីទីក្រុងទេព ព្រះបាទសម្តេច ព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្តឱ្យគង់នៅជាចៅអធិការវត្តសាលាគូ ហៅវត្តអម្ពិលបី នៅក្រុងឧដុង្គតរៀងមក។ ដោយហេតុថា ព្រះមហាថេរអង្គនេះកាល ដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាលបានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ នៅក្នុងគណៈធម្មយុត្តិកនិកាយផង លោកក៏ផ្តើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្តើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេ? ព្រោះគ្មានឯកសារជាក់ស្តែង គ្រាន់តែមានសេចក្តីអះអាងពីអ្នកមុខអ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។ លុះដល់ពេលលោកមកគង់នៅវត្តបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ២៤០៨ ក៏បានប្រារព្វវិសាខបូជារហូតដល់អស់ព្រះ ជន្ម ហើយពិធីវិសាខបូជានេះ ត្រូវបានផ្សព្វផ្សាយទូទៅ នៅគ្រប់វត្ដគណៈធម្មយុត្តិកនិកាយជាប់ជាទំនៀមរហូតមក។
ចំណែកវត្តខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ តាមដែលសម្តេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ ជួន ណាត (កាលនៅព្រះសង្ឃនាយក) តំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្តឧណ្ណាលោម បាននិមន្តទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្តិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្តត្រឡប់មកវិញ បានក្រាបបង្គំទូលសម្តេចព្រះមហាសង្ឃរាជ ព្រះនាម “ទៀង” សុំឱ្យធ្វើវិសាខបូជា ទើបសម្តេចព្រះមហាសង្ឃរាជទៀង ក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ដែលពេលនោះ វិសាខបូជាត្រូវបានធ្វើជាបន្តបន្ទាប់រៀងដរាបមក។ ប៉ុន្តែពេលនោះ ក៏ពុំទាន់បានធ្វើគ្រប់វត្តនៅឡើយ គឺមានធ្វើចំពោះតែវត្តនៅក្នុងក្រុង។ ឯវត្តនៅតាមខេត្តក្រៅមានធ្វើតែវត្តធំៗ វត្តតូចៗច្រើនពុំបានធ្វើនៅឡើយទេ។
ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជកាលព្រះបាទសម្តេចព្រះហរិរក្ស "ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ។
បើតាមឯកសារខ្លះបានលើកសរសើរព្រះគុណសម្បត្តិនៃព្រះបាទសម្តេចព្រះហរិរក្ស ដែលជាអ្នកផ្តួចផ្តើមធ្វើបុណ្យវិសាខបូជាឡើងជាដំបូង ពីព្រោះវាជាអង្គនេះ ទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ។ ទ្រង់បានសិក្សាព្រះបរិយត្តិធម៌ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។ នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្តិ ក៏ទ្រង់ផ្តើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញរបៀបបែបផែនដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។
[1] អភិលក្ខិតកាល អៈភិល័ក-ខិតៈ-- បា.; សំ. (ន.) (< អភិ-លក្ខិត “ដែលកំណត់ទុក” + កាល ឬ សមយ; អភិ-លក្សិត--) កាលឬសម័យដែលកំណត់ទុក (ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើម ដែលត្រូវធ្វើរៀងរាល់ឆ្នាំ) : ថ្ងៃ ១៥ កើតខែមាឃនិងខែពិសាខរៀងរាល់ឆ្នាំ ជាអភិលក្ខិតសម័យនៃការប្រជុំគ្នាធ្វើមាឃបូជា, ធ្វើវិសាខបូជា នៃពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថ។ ( ជួន ណាត វចនានុក្រមខ្មែរ)
[2] បសាទ ឬ ប្រសាទ -សាត សំ.; បា. ( ន. ) (បសាទ) សេចក្ដីជ្រះថ្លា ។ អាយតនៈសម្រាប់ទទួលសម្ផស្សដឹងអារម្មណ៍គឺគ្រឿងវិសេសដែលមានប្រចាំតាមធម្មជាតិ នៅក្នុងរូបកាយមនុស្សសត្វសម្រាប់ទទួលដឹងនូវអារម្មណ៍ពីខាងក្រៅដែលមកប៉ះពាល់ : ភ្នែកអាចមើលឃើញរូបបាន ដោយសារប្រសាទសម្រាប់ភ្នែក, ត្រចៀកអាចស្ដាប់ឮសំឡេងបានដោយសារប្រសាទសម្រាប់ត្រចៀក; ។ល។ កាលបើប្រសាទនោះវិនាសខូចហើយភ្នែកមិនអាចមើលឃើញរូប, ត្រចៀកមិនអាចស្ដាប់ឮសំឡេងបានឡើយ (ម. ព. ចក្ខុបសាទ, ជិវ្ហាបសាទ ផង)។ កិ. ជ្រះថ្លា, ពេញចិត្ត : ប្រសាទពរ (ប្រសាត-ព) គឺឲ្យពរដោយពេញចិត្ត (ព. កា.) : ប្រជាពលរដ្ឋឈូឆរ មកដោយអំណរ ប្រសាទប្រសិទ្ធពរថ្វាយ។
[3] បរិច្ឆេទ ប-រ៉ិច-ឆែត សំ. បា. ( ន. ) ការកាត់, ការកាត់ឲ្យដាច់ដោយសង្កាត់ ដោយឡែកពីគ្នា, សង្កាត់សេចក្ដីមួយពួកៗ, កណ្ឌ : បរិច្ឆេទទី១, បរិច្ឆេទទី២; មួយបរិច្ឆេទ, ពីរបរិច្ឆេទ (ម. ព. កាលបរិច្ឆេទ ក្នុងពាក្យកាល ១ ន. ផង) ។
៣. សារៈសំខាន់នៃពិធីបុណ្យពិសាខបូជា
សារៈសំខាន់បំផុតនៃការគោរពបូជាបុណ្យវិសាខបូជា គឺត្រូវធ្វើវត្តប្រតិបត្តិ ដោយមានការឱ្យទាន រក្សាសីល និងចម្រើនសមាធិបញ្ញាផងដែរ ទើបមានឈ្មោះថាជាការបូជាដ៏ឧត្ដម និងបានផលានិសង្សបុណ្យកុសលខ្ពង់ខ្ពស់ ហើយដើម្បីសម្ដែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ យើងត្រូវយល់អំពីខ្លឹមសារនៃព្រះពុទ្ធសាសនា ដែលចារក្នុងព្រះត្រៃបិដកជាគោល យ៉ាងហោចណាស់ក៏ថ្ងៃនេះយើងបូជារក្សាសីល ឬក៏ធ្វើសមាធិចិត្តឱ្យបានល្អគ្រប់ៗគ្នា គឺយើងជួបជុំគ្នារក្សាសីល យ៉ាងហោចណាស់យើងបានសីល៥ដែរ។
សារៈសំខាន់នៃថ្ងៃវិសាខបូជា៖
១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា
២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការ នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ១៩៩៩ ថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិទូទាំងពិភពលោកហើយក៏ជាបុណ្យអន្តរជាតិផងដែរ។
ក្នុងសម័យប្រជុំអន្តរជាតិនៃក្រុមប្រឹក្សាផ្នែកពុទ្ធសាសនា ស្តីអំពី “ទិវា-យូអិន-វិសាខា" ឬ "បុណ្យ វិសាខបូជានៃអង្គការសហប្រជាជាតិ” នេះ បានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០៤ នៅក្នុងប្រទេសថៃ។ តាំងពីពេលនោះមក សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើនតែធ្វើនៅមុនថ្ងៃ ១៥កើត ខែពិសាខ ដែលជាថ្ងៃបុណ្យវិសាខបូជា។ ប្រទេសថៃ បានទទួលរៀបចំកិច្ចប្រជុំនេះជាច្រើនលើកមកហើយ។ រីឯប្រទេសវៀតណាម ក៏បានស្ម័គ្រទទួលនាទីរៀបចំនូវសន្និសីទស្តីអំពី "ទិវា-យូអិន-វិសាខា” នេះចំនួនពីរដងរួចមកហើយដែរ គឺកាលពីអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០០៨។
៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រៀនមនុស្ស ជាតិឱ្យស្វែងរកសន្តិសុខ និងសន្តិភាពទាំងខាងក្នុង និងខាងក្រៅ។
៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និងព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។
៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។
ប្រពៃណីក្នុងការប្រារព្ធពិធីបុណ្យវិសាខបូជានេះក៏ត្រូវបានរក្សាទុក និងធ្វើតាមជាទំនៀមមកដល់សព្វថ្ងៃនេះផងដែរ ដោយមានរៀបចំយ៉ាងអធិកអធមជាផ្លូវការរៀងរាល់ឆ្នាំនៅលើកំពូលភ្នំ
អដ្ឋរស្ស ឬភ្នំព្រះរាជទ្រព្យ[1] នៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដោយមានទាំងកិច្ចនមស្សការសមាទានសីល កិច្ចសម្ដែងធម្មទេសនា និងពិធីដាក់បាត្រព្រះសង្ឃដែលពេលខ្លះក៏មានការយាងនិងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ សមេ្តចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃនិងពុទ្ឋបរិស័ទទូទៅផងដែរ។ តាមការសង្កេតនៃការប្រារព្ធពិធីជារៀងរាល់ឆ្នាំនៅភ្នំអដ្ឋរស្ស ក៏ដូចជានៅតាមបណ្ដាខេត្តនានា ជាទូទៅនាពេលរសៀល គេមានការរៀបចំធ្វើពិធីក្រុងពាលី និងពិធីផេ្សងៗទៀតតាមបែបព្រះពុទ្ឋសាសនា លុះព្រឹកឡើងគេរៀបចំដង្ហែ ហើយមានប្រគេនចង្អាន់ដល់ព្រះសង្ឃ ឬធ្វើពិធីរាប់បាត្រព្រះសង្ឃទៅតាមចំនួននៃព្រះសង្ឃដែលនិមន្តមកចូលរួម។
[1] ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ គឺជាបូជនីយដ្ឋានមួយដ៏សមរម្យដែលព្រះករុណាសមេ្តចព្រះបាទនរោត្ដមសីហនុ សព្វព្រះរាជហឫទ័យយកទីនោះកសាងព្រះសក្យមុនីចេតិយ ដើម្បីតម្កល់ព្រះសារីរិកធាតុព្រះពុទ្ឋបរមគ្រូ សម្រាប់ការគោរពបូជារបស់ពុទ្ឋបរិស័ទទាំងអស់ ហើយព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធ ត្រូវបានដងែ្អទៅតម្កល់ក្នុងព្រះសក្យមុនីចេតិយ នៅភ្នំអដ្ឋរស្សកាលពីថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០០២ ត្រូវនឹងថៃ្ងទី១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ពុទ្ឋសករាជ២៥៤៦ ព្រះចង្កូមកែវត្រូវបានដងែ្អចេញពីព្រះសក្យមុនីចេតិយចាស់ ដែលមានទីតាំងនៅមុខស្ថានីយរាជាយស្ម័យយាននា ក្រុងភ្នំពេញសព្វថៃ្ងនេះ បន្ទាប់ពីប្រារព្ឋពិធីបុណ្យ៧យប់ ៧ថៃ្ង រួចមក។
ឯកសារយោង
១. ជួន ណាត វចនានុក្រមខ្មែរ
២. ពុទ្ធសាសនបណ្ឌិត្យ ពិធីបុណ្យទ្វារទសមាស
៣. https://khmerpalistudy.files.wordpress.com/
៤. http://5000-years.org/kh/read/2929
៥. https://kohsantepheapdaily.com.kh/article/9053.html
៦. https://wmc.org.kh/article/83972/