បណ្ឌិត ជា វណ្ណី
ប្រធានផ្នែកធម្មសាស្រ្ត ចរិយាសាស្រ្ត និងយេនឌ័រ
នៃវិទ្យាសា្ថនមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
នាពេលបច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយដែលកំពុងវិវត្តន៍ខ្លួនពីប្រទេសកំពុងអភិវឌ្ឍន៍ឆ្ពោះទៅជាប្រទេសអភិវឌ្ឍមួយដូចបណ្ដាប្រទេសនានានៅលើពិភពលោកដែរ ហើយនៅក្នុងការប្រតិបត្តិលើគ្រប់វិស័យនោះ កម្ពុជាបាននឹងកំពុងតែធ្វើការលើកកម្ពស់ការយល់ដឹងសង្គមដល់ប្រជាពលរដ្ឋទាំងពីរភេទក្នុងការផ្តល់នូវភាពក្លាហានដល់យេនឌ័រក្នុងការបំពេញភារកិច្ចរបស់ខ្លួន គឺមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ និងជាទីមោទនៈផងដែរ។ យ៉ាងណាមិញ ការផ្តល់ភាពក្លាហានចំពោះស្ត្រីនៅក្នុងប្រទេសកម្ពុជាយើង ក៏មានការយកចិត្តទុកដាក់ជាពិសេសផងដែរ គឺស្ត្រីបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមស្ទើរគ្រប់វិស័យ ពោលគឺស្រ្តីពិតជាមានភារកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ហើយស្ត្រីក៏ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយបង្កើនសេដ្ឋកិច្ចសង្គម កម្ពុជាដែលមិនអាចខ្វះបាន។
ប៉ុន្តែបើយើងធ្វើការសង្កេតជាទូទៅឃើញថា ទាំងអង្គការសង្គមស៊ីវិល ក៏ដូចជាក្រសួង មន្ទីរ និងស្ថាប័នមួយចំនួន ដែលមានទាំងក្រសួងកិច្ចនារីផងដែរ បានកត់សម្គាល់ឃើញថា បើទោះបីជារាជរដ្ឋា ភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវគោលនយោបាយលើកកម្ពស់ភាពអង់អាចក្លាហានរបស់ស្ត្រីក្នុងសង្គមយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថា បញ្ហាយេនឌ័រ ជាពិសេសស្ត្រី នៅតែជួបបញ្ហាប្រឈមមួយចំនួន ក្នុងការរួមចំណែកអភិវឌ្ឍន៍គ្រួសារក៏ដូចជាសង្គមជាតិខ្លួន ដែលបញ្ហាទាំងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងពង្រឹង និងពង្រីកការយកចិត្តទុកដាក់បន្ថែមទៀតចំពោះស្រ្តី។
ទន្ទឹមនឹងការយកចិត្តទុកដាក់ពីសង្គមនេះ ស្ត្រីខ្លួនឯងក៏គួរតែត្រូវខិតខំពង្រីកចំណេះដឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីជម្នះរាល់ឧបសគ្គ ឈានទៅរកភាពជោគជ័យក្នុងតួនាទីនិងភារកិច្ចរបស់ខ្លួនជាស្រ្តី។ បើយោងតាមអង្កេតជាទូទៅ ស្ត្រីជាផ្នែកមួយនៃដំណើរការរបស់យុទ្ធនាការសិទ្ធិស្ត្រី ក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋានប្រកបដោយគុណភាព និងសមធម៌។ ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ សង្គម និងគ្រួសារ ប៉ុន្តែជាញឹកញយស្រ្តីត្រូវបានសង្គម និងគ្រួសារបំភ្លេចចោល ហើយយកការចូលរួមនៅក្នុងសង្គមរបស់ស្ត្រី គឺជារឿងធម្មតាទៅវិញ។ បច្ចុប្បន្នមានបុរសស្វាមី ឬក្រុមគ្រួសារមួយចំនួនបានលើកឡើងនូវពំនោលថា ភរិយា ម្តាយ ឬបងប្អូនស្រីរបស់ខ្លួន មិនមានធ្វើអ្វីទេ គឺនៅតែផ្ទះ។ តែទន្ទឹមនឹងពំនោល ស្រ្តីនៅតែផ្ទះនេះ គឺការងារ១០០ជំពូកស្ថិតក្នុងកណ្តាប់ដៃស្រ្តីដែលជាអ្នកនៅផ្ទះនោះ គឺស្រ្តីជាកម្មករក្នុងគ្រួសារ ស្រ្តីជាអ្នកបោសជូតបោកគក់ ស្រ្តីជាចុងភៅ ស្រ្តីជាអ្នកមើលថែកុមារនិងមនុស្សចាស់ជរា ក៏ដូចជាការមើលការខុសត្រូវនូវរាល់ការងាររាក់ជ្រៅសព្វយ៉ាង ដែលស្រ្តីមិនដែលបានទទួលកម្រៃថ្លែឈ្លួលពីការងារទាំងនោះទេ។ ដូច្នេះ «ក្នុងនាមយើងជាស្ត្រី និងក្នុងនាមយើងជាមនុស្សនៅក្នុងសង្គម យើងត្រូវដឹងឱ្យបានច្បាស់ថា ស្រ្តីជាកម្លាំងចលករ ស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ច ស្រ្តីជាផ្នែកមួយដ៏សំខាន់ដែលធ្វើឱ្យសង្គមជាតិ សង្គមគ្រួសាររឹងមាំ ស្ត្រីមិនមែនជាជនរងគ្រោះ ឬជាជនទន់ខ្សោយនោះទ្បើយ»។
ពាក់ព័ន្ធនឹងការផ្តល់ភាពអង់អាចក្លាហាន ក៏ដូចជាការលើកកម្ពស់ចំពោះស្រ្តី ការផ្តល់ភាពអង់អាចក្លាហានផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកថា វាជាយុទ្ធ សាស្ត្រចាំបាច់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិត នៃការគិតគូអំពីគម្លាតយេនឌ័រនៃសេដ្ឋកិច្ច។ យ៉ាងណាមិញប្រទេសកម្ពុជា គឺជាសង្គមសមូហភាពមួយដែលអាចបង្កើនសក្តានុពលភាពនៃធនធានស្ត្រីឱ្យក្លាយទៅជាធនធានដែលមានតម្លៃនៅក្នុងសេដ្ឋកិច្ចនិងសង្គមផងដែរ គឺតាមរយៈការលើកកម្ពស់សិទ្ធិស្ត្រី។ តែទោះជាយ៉ាងណាក៏ដោយ ក៏ស្ត្រីនៅតែជួបបញ្ហាប្រឈមមួយចំនួនផងដែរក្នុងការលើកស្ទួយ ជួយពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសាររបស់ខ្លួន។ បញ្ហាប្រឈមទាំងនោះមានដូចជា ស្ត្រីនៅតែប្រឈមនូវបញ្ហាក្នុងការចាប់ផ្តើមដំណើរការពង្រីកនិងពង្រឹងអាជីវកម្មរបស់ខ្លួន ស្ត្រីជាទូទៅនៅតែទទួលបានឱកាសនិងការគ្រប់គ្រងចំណូលសេដ្ឋកិច្ចតិចតួចជាងបុរស ដែលមិនតែប៉ុណ្ណោះស្ត្រីថែមទាំងទទួលបន្ទុកគ្រួសារ ជាពិសេសសមាជិកចាស់ជរាក្នុងគ្រួសារ និងការងារគ្មានប្រាក់កម្រៃ ក៏ដូចជាការងារដែលងាយរងគ្រោះជាច្រើន។
យើងទាំងអស់គ្នាបានដឹងហើយថា ការបង្កើនភាពអង់អាចដល់ស្ត្រី គឺជាកត្តាចាំបាច់ក្នុងការផ្លាស់ប្តូរផ្នត់គំនិតនៃការគិតគូសម្រាប់ការអភិវឌ្ឍន៍និងកសាងប្រទេស។ មានស្ត្រីមួយចំនួនដែលជាអ្នកធ្វើការតាមរោងចក្រ និងសហគ្រាសនានាបានយកកម្រៃថវិកាដែលនាងទទួលបានពីការធ្វើការតាមរោងចក្រ និងសហគ្រាសទាំងនោះ ទៅជួយផ្គត់ផ្គង់ដល់សាច់ញាតិរបស់ខ្លួន ជាពិសេសគឺជួយដល់មាតាបិតាដែលចាស់ជរា និងផ្គត់ផ្គង់ដល់បងប្អូនកូនក្មួយៗដែលកំពុងបន្តការសិក្សានៅតាមភូមិសិក្សានានាផងដែរ។ ដូច្នេះការងារតាមរោងចក្រនិងសហគ្រាស ក៏បានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ហើយរដ្ឋាភិបាលក៏បាននិងកំពុងតែបង្កើន ពង្រឹងនិងពង្រីកការយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្ត្រីឱ្យបានច្រើនថែមទៀត ដើម្បីផ្តល់នូវតម្លៃដល់ស្រ្តីដែលបម្រើការងារតាមរោងចក្រទាំងនោះបន្ថែមទៀតផងដែរ ដ្បិតសព្វថ្ងៃការឱ្យតម្លៃរបស់សង្គមទៅលើស្ត្រីនៅមានកម្រិតនៅទ្បើយ។ នាពេលកន្លងមក ស្រ្តីដែលបម្រើការនៅតាមរោងចក្រ សហគ្រាសទាំងនោះ តែងតែបានស្នើឱ្យរាជរដ្ឋាភិបាលលើកស្ទួយស្ត្រីឱ្យបានច្រើន ហើយត្រូវផ្តល់តម្លៃស្ត្រីឱ្យបានកាន់តែច្រើន ដ្បិតស្ត្រីអាចធ្វើអ្វីៗបានគ្រប់យ៉ាងទាំងអស់ ដែលមានការងារខ្លះ បុរសមិនអាចធ្វើបានទៀតផង ប៉ុន្តែស្ត្រីអាចធ្វើបានដូចជា ការពពោះ ការបង្កើតកូន ការចិញ្ចឹមកូនដោយទឹកដោះម្តាយផ្ទាល់ ក៏ដូចជាការមើលថែបីបាច់សមាជិកក្នុងគ្រួសារ និងការចិញ្ចឹមបីបាច់ថែរក្សាកូនដោយមានទំនួលខុសត្រូវ»។
សព្វថ្ងៃក្រៅពីវិស័យសេដ្ឋកិច្ច ស្ដ្រីខ្មែរក៏បានចូលប្រឡូកស្ទើរគ្រប់វិស័យ ទាំងវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយផងដែរ ដែលបានបង្ហាញតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមក គឺគណបក្សនយោបាយនីមួយៗបានចាប់អារម្មណ៍និងផ្តល់ឱកាសឱ្យស្ដ្រីក្លាយជាបេក្ខជន ហើយរាជរដ្ឋា ភិបាលសព្វថ្ងៃក៏បានលើកបង្ហាញពីតម្លៃ ពីប្រភព និងការចូលរួមចំណែករបស់ស្ត្រី ជាក់ស្តែងដូចជាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបានលើកឡើងពីបច្ចុប្បន្នភាព ស្រ្តីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ[1] រួមទាំងបញ្ហាដែលស្ត្រីជួបប្រទះក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងគ្រួសារនិងសង្គម និងលើកទ្បើងពីតម្រូវការរបស់ស្ត្រី ក្នុងការទទួលបានសេវាសង្គមជាមូលដ្ឋានប្រកបដោយគុណភាព សមធម៌ ក៏ដូចជាការពង្រឹងនិងពង្រីកនូវសាមគ្គីភាពនៃចលនាស្ត្រីនៅកម្ពុជា ប៉ុន្តែវាហាក់បីដូចជានៅមានកម្រិតនៅឡើយ។
តើនាពេលបច្ចុប្បន្ននេះ យេនឌ័របានចូលរួមចំណែកអភិឌ្ឍន៍សង្គមជាតិយ៉ាងដូចម្តេចខ្លះ?
ដូច្នេះមុននឹងយើងធ្វើការសិក្សានិងវិភាគឱ្យបានស៊ីជម្រៅចំពោះបញ្ហានេះ យើងគួរស្វែងយល់ពីពាក្យយេនឌ័រជាមុនសិន។
១. ន័យនៃពាក្យយេនឌ័រ
នាពេលបច្វុប្បន្ន ពាក្យ យេនឌ័រ តែងតែត្រូវគេប្រើជំនួសឱ្យពាក្យ ភេទ របស់មនុស្សម្នាក់ (ប្រុស ឬ ស្រី) និងមានការឱ្យនិយមន័យផ្សេងៗគ្នានូវពាក្យ យេនឌ័រ និង ភេទ នៅក្នុងវិទ្យាសាស្រ្តសង្គម មាន លក្ខណៈខុសគ្នាដូចជា៖
. ពាក្យ «ភេទ» សំដៅទៅលើខ្លួនប្រាណរបស់នរណាម្នាក់។ វាបង្ហាញពីភាពជាស្រី ឬប្រុស របស់ខ្លួនប្រាណខាងក្រៅរបស់នរណាម្នាក់។
. ពាក្យ “ យេនឌ័រ (Gender) “ គឺជាភាពស្មើគ្នារវាងបុរស និងស្ត្រី ស្តីអំពី សិទ្ធិ តួនាទី ការទទួលខុសត្រូវ ការសម្រេចចិត្ត ឧបសគ្គ ឱកាស និងតម្រូវការរបស់បុរសនិងស្រ្ដី នៅគ្រប់បរិបទ គ្រប់វិស័យ និងគ្រប់មជ្ឈដ្ឋានទាំងអស់ ដែលកំណត់ដោយសង្គមវប្បធម៌ ហើយអាចផ្លាស់ប្តូរបានទៅតាមពេលវេលា និងស្ថានភាពជាក់ស្តែង ឬអាចនិយាយថា ជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគលើតួនាទី និងទំនួលខុសត្រូវ។ យេនឌ័រក៏ជាការកំណត់របស់គ្រួសារ សហគមន៍ និងសង្គមពាក់ព័ន្ធនឹងការបែងចែកការងារ ការអប់រំ សិទ្ធិអំណាច ឋានៈ និងតួនាទី ដល់កូនស្រី កូនប្រុស និងស្រ្តី បុរស។ យេនឌ័រអាចផ្លាស់ប្តូរកែប្រែបាន ព្រោះវាជាលក្ខខណ្ឌសង្គមមិនមែនមានពីកំណើតនោះទេ។
. ពាក្យ «យេនឌ័រ» គឺសំដៅទៅលើបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់នរណាម្នាក់ ដែលបង្ហាញអំពីអារម្មណ៍ ឬកាយវិការរបស់មនុស្សម្នាក់ ថាតើគេដូចមនុស្សស្រី ឬ ដូចមនុស្សប្រុស។
. យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគលើតួនាទី ទំនួលខុសត្រូវ ឧបសគ្គឱកាស និងតម្រូវការរបស់បុរសនិងស្រ្តីនៅគ្រប់បរិបទ គ្រប់វិស័យ គ្រប់មជ្ឈដ្ឋាន។ ឧទាហរណ៍៖ ស្រ្តី និងបុរសអាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ... ហើយស្រ្តី និងបុរសអាចមើលថែកូន និងមនុស្សចាស់ជាដើម។
. យេនឌ័រ សំដៅលើភាពខុសគ្នារវាងបុរសនិងស្រ្តីដែលកំណត់ដោយសង្គម ហើយដែលគេបានរៀនសូត្រ និងមានការប្រែប្រួលពីពេលមួយទៅពេលមួយ។ យេនឌ័រមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយរវាងតួនាទីបុរស និងស្រ្តីទៅតាមវប្បធម៌មួយទៅវប្បធម៌មួយ។
. យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ច និងសង្គម ក្នុងការធ្វើការវិភាគនៃតួនាទីទទួលខុសត្រូវ ឧបសគ្គ និងតម្រូវការរបស់បុរស និងស្រ្តីនៅគ្រប់បរិបទទាំងអស់។ ដោយសារយេនឌ័រ ត្រូវបានបង្កើតឡើងដោយសង្គម ទើបការកំណត់អំពីតួនាទីតម្រូវការអាទិភាព និងសកម្មភាពរបស់ស្រ្តីមានទំនាក់ទំនងទៅនឹងបរិបទជាក់ស្តែងនៃវប្បធម៌ សាសនា និងសេដ្ឋកិច្ចសង្គម។
. យេនឌ័រ ជាភាពស្មើគ្នារវាង បុរស និងស្ត្រីអំពីសិទ្ធិ តួនាទី ការទទួលខុសត្រូវ និងការសម្រេចចិត្តដែលកំណត់ដោយសង្គមវប្បធម៌ ហើយអាចផ្លាស់ប្តូរបានតាមពេលវេលា និងស្ថានភាព ជាក់ស្តែង។[1]
នៅពេលទារកម្នាក់កើតមក គេដឹងថា ជាស្រី ឬប្រុស គឺគេសម្គាល់លើប្រដាប់ភេទរបស់ទារកនោះដែលជាផ្នែកមួយនៃជីវសាស្ត្រ។ ប៉ុន្តែយេនឌ័រ គឺខុសគ្នា។ វប្បធម៌ ទំនៀមទម្លាប់ និងច្បាប់របស់យើង បានកំណត់នូវតួនាទីយេនឌ័រសម្រាប់បុរសនិងស្ត្រី។ តួនាទីនេះចែងថា ស្ត្រីត្រូវធ្វើការងារផ្ទះ ហើយបុរសជាអ្នកសម្រេចចិត្តសំខាន់ៗនៅក្នុងសហគមន៍។ យើងច្រើនតែយល់ច្រឡំរវាងតួនាទីយេនឌ័រ ជាមួយនិងតួនាទីភេទ ហើយគិតថា វាជារឿងធម្មជាតិ ឬមិនអាចផ្លាស់ប្តូរបាន។
តើយេនឌ័រមានន័យដូចម្តេច? យេនឌ័របានចាប់កំណើតពីពេលណាមក?
យេនឌ័រ តាមវចនានុក្រម Learner’s Dictionary ជាភាសាអង់គ្លេសខ្មែរ បានពន្យល់ថា ជាលិង្គ។ លិង្គនេះមិនមែនសំដៅលើប្រដាប់ភេទបុរសទេ តែវាសំដៅលើភេទ(នបុំសលិង្គ និងឥត្ថីលិង្គ)។[2] យេនឌ័រ ឬជេនឌ័រ គឺសំដៅលើរូបសាស្ត្រ ជីវសាស្ត្រ ចិត្ត ឥរិយាបទ ទាក់ទងនឹងភាពប្លែកគ្នារវាងនបុំលិង្គ និងបុំលិង្គ។ យោងតាម បរិបទវាក្យសព្ទសំដៅដល់ជីវសាស្រ្តភេទ (ឧ. ថ្លែងដល់ភេទ ប្រុស និងស្រី ឬក៏អន្តរភេទ), ភេទដែលផ្អែកទៅលើរចនាសម្ព័ន្ធសង្គម (រួមបញ្ចូលទាំងតួនាទីភេទ និងតួនាទីសង្គមដទៃទៀត) ឬអត្តសញ្ញាណភេទ។
អ្នកភេទវិទ្យាលោក John Money បានបែងចែកវាក្យសព្ទរវាង ជីវសាស្រ្តភេទ និង យេនឌ័រ ជាច្បាប់មួយ នៅឆ្នាំ១៩៥៥។ មុនពេលចាប់ផ្តើមការងាររបស់គាត់ វាជារឿងមិនធម្មតាមួយ ដើម្បីប្រើប្រាស់ពាក្យយេនឌ័រ សំដៅលើអ្វីមួយ ដូចការបែងចែកក្នុងវេយ្យាករណ៍នោះទេ។ ទោះបីជាយ៉ាងនេះក៏ដោយ អត្តន័យរបស់លោក Money ទៅលើពាក្យនេះ មិនមានលក្ខណៈសកលទូទៅទេ រហូតដល់ទសវត្សរ៍ឆ្នាំ១៩៧០ នៅពេលដែលអ្នកទ្រឹស្តីស្រ្តីបានក្រសោបទស្សនៈទៅលើការបែងចែករវាងជីវសាស្រ្តភេទ និងរចនាសម្ពន្ធសង្គមនៃយេនឌ័រ។ សព្វថ្ងៃនេះ ការបែងចែកបានដើរតាមយ៉ាងជាក់ច្បាស់នៅក្នុងបរិបទសង្គម ជាពិសេសក្នុងវិទ្យាសាស្រ្តសង្គម និងឯកសារដែលបានសរសេរឡើងដោយអង្គការសុខភាពពិភពលោក(WHO)។ ទោះបីជានៅក្នុងបរិបទដទៃទៀត នៅក្នុងផ្នែកវិទ្យាសាស្រ្តសង្គមអត្តន័យនៃពាក្យថាយេនឌ័រ បានទទួលនូវរបៀបប្រើប្រាស់ផ្លាស់គ្នា រួមទាំងភេទ (Sex) ទោះបីជាដាក់ជំនួសនៅពីក្រោយពាក្យផ្សេង។ ទោះបីជាការបញ្ចប់នូវការផ្លាស់ប្តូរនេះនៅក្នុងអត្តន័យនៃពាក្យយេនឌ័រ ដែលអាចធ្វើឱ្យអូសបន្លាយមកទល់នឹងទសវត្សរ៍១៩៨០។ ការពន្លឿនដ៏តូចនៃដំណើរការក្នុងវិទ្យាសាស្ត្រអក្សរសាស្រ្តត្រូវបានសង្កេតនៅពេលមួយក្នុងឆ្នាំ១៩៩៣ ដោយរដ្ឋបាលអាហារ និងឱសថ បានចាប់ផ្តើមប្រើប្រាស់ពាក្យ យេនឌ័រ ជំនួសឱ្យពាក្យភេទ។ យេនឌ័រ គឺឥឡូវត្រូវបានគេប្រើប្រាស់ជាធម្មតាដែលថែមទាំងមិនមែនជាមនុស្ស និងសត្វ ដោយមិនឱ្យជាប់ទាក់ទិនទៅនឹងតួនាទីយេនឌ័រក្នុងសង្គម។
ចំណែកឯនៅក្នុងអក្សរសាស្រ្តអង់គ្លេសវិញ ការបែងចែកជាបីរវាង ជីវសាស្ត្រភេទ ចិត្តសាស្ត្រភេទ និងតួនាទីសង្គមភេទ ដែលដំបូងបានលេចចេញក្នុងកាសែតស្រ្តីមួយ ចំពោះការនិយមប្តូរភេទនៅឆ្នាំ១៩៧៨។ វប្បធម៌មួយចំនួនកំណត់តួនាទីជាយថាភេទ(ច្បាស់) ពាក់ពន័្ធនឹងតួនាទីសង្គម ដូចជាពួកហ៊ីជ្រៈ(Hijra) នៃប្រទេសឥណ្ឌា និងប៉ាគីស្ថានជាដើម។
២. ន័យនៃតួនាទីយេនឌ័រ
នាទីយេនឌ័រ គឺជាការរៀបរាប់ពីអ្វីដែលបុរសនិងស្ត្រី រំពឹងថានឹងធ្វើអ្វីមួយបាន។ ឧទាហរណ៍៖ បុរសត្រូវបានគេរំពឹងទុកថា ជាអ្នកទទួលបន្ទុកចេញទៅធ្វើការងារខាងក្រៅដូចជា ធ្វើជារាជការ ធ្វើជាអ្នកជំនួញ ធ្វើស្រែចម្ការ កាប់អុស រកត្រី រីឯស្ត្រីវិញគឺជាអ្នកចម្អិនអាហារ មើលថែកូន។ ចាប់តាំងពីបានបង្កើតតួនាទីយេនឌ័រ ធ្វើឱ្យមានការផ្លាស់ប្តូរការទទួលខុសត្រូវការងាររបស់បុរស និងស្ត្រីក្នុងជីវិតរស់នៅ និងការយល់ដឹងពីឥទ្ធិពលនៃយេនឌ័រ ទៅលើការអនុវត្តឱ្យបានល្អសម្រាប់បុរសនិងស្ត្រី។ ស្ត្រីមានការជឿជាក់ថា ពួកគេមិនអាចចចេសរឹងរូស និងមានតែបុរសប៉ុណ្ណោះជាអ្នកគ្រប់គ្រងគ្រួសារ។ ដូច្នេះ បើយោងទៅលើការគិតនេះ វាអាចមានភាពលម្អៀងនៃយេនឌ័រ ដែលមានដែនកំណត់សម្រាប់អ្វីដែលបុរសនិងស្ត្រីក្នុងការធ្វើសកម្មភាពនានាទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។
តួនាទីយេនឌ័រ មានសារៈសំខាន់ណាស់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទាំងឡាយរបស់គ្រួសារ និងសហគមន៍ ដើម្បីអភិវឌ្ឍន៍គ្រួសារនិងសហគមន៍ គប្បីបង្កើតឱ្យមានការពិភាក្សាអំពីវិធី ផ្សេងៗក្នុងការចែករំលែកការទទួលខុសត្រូវផ្អែកលើសមភាពយេនឌ័រ។[1]
ក្នុងពេលបច្ចុប្បន្ននៅលើពិភពលោកយើងនេះ ទំនៀមទម្លាប់យេនឌ័រ គឺកំពុងតែមានការផ្លាស់ប្តូរផងដែរ ដ្បិតមានមនុស្សវ័យក្មេងជាច្រើនដែលធ្វើការ ដើម្បីសមភាព និងយុត្តិធម៌កំពុងតែជួយឱ្យមានការផ្លាស់ប្តូរនេះ។ យេនឌ័រខ្លះអាចជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ហើយចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ។ ឧទាហរណ៏៖ ស្ត្រីបង្វិលចង្ក្រានមិនជុំ គឺជាពំនោលមួយដែលធ្វើឱ្យស្ត្រីបាត់បង់សេរីភាពនិងឱកាសនៃការចូលរួមក្នុងសកម្មភាពនានាក្នុងសង្គមដែលទាក់ទងនឹងការអប់រំ ការទទួលបានពត៌មាន និងការបញ្ចេញមតិយោបល់ជាដើម។
ជាទូទៅនៅក្នុងសង្គមខ្មែរ បុរសគឺជាមេគ្រួសារក្នុងគ្រួសារ បុរសមានអំណាច បុរសមានសិទ្ធិ បុរសជាអ្នកសម្រេចកិច្ចការក្នុងគ្រួសារ ដូច្នេះស្ត្រីត្រូវតែស្តាប់បង្គាប់បុរស ត្រូវតែគោរពបុរស ទោះបីជាគំនិតរបស់បុរសទាំងនោះអាចបង្ករជាបញ្ហាក៏ដោយ ហើយតួនាទីយេឌ័រដែលគេរំពឹងទុកនោះ គឺត្រូវបានគេមើលឃើញជាក់ច្បាស់នៅក្នុងទិដ្ធភាពជាច្រើននៃគ្រួសារ។ គ្រួសារខ្លះបានប្រព្រឹត្តចំពោះក្មេងស្រី និងក្មេងប្រុសស្មើរភាពគ្នា តែក៏មានគ្រួសារជាច្រើនទៀតដែលមិនបានប្រព្រឹត្តចំពោះក្មេងប្រុសនិងក្មេងស្រីឱ្យបានស្មើភាពគ្នានោះទេ។ ដូច្នេះគ្រួសារ និងសហគមន៍ គួរគប្បីបង្កើតឱ្យមានការពិភាក្សាអំពីវិធីផ្សេងៗក្នុងការចែករំលែក ការទទួលខុសត្រូវ ដោយផ្អែកលើសមភាពយេនឌ័រ។ ការធ្វើដូច្នេះ ពួកគេអាចមានលទ្ធភាពក្នុងការស្វែងរកវិធីដ៏ល្អប្រសើរសម្រាប់ពួកគេ ចែករំលែកនូវតួនាទីដែលអាចធ្វើឱ្យយុវវ័យមានការសប្បាយរីករាយ ដើម្បីភាពសុខដុមរមនានៅក្នុងគ្រួសារ។
តួនាទីយេនឌ័រ បានបង្កើតឱ្យមានការរំពឹងទុកផ្សេងៗនូវអ្វីដែលគេហៅថា “បុរសពេញលក្ខណៈ” និង “ស្ត្រីពេញលក្ខណៈ”។ នៅពេលដែលការរំពឹងទុករបស់យេនឌ័របានរួមបញ្ចូលនូវការគោរពនិងការសរសើរចំពោះតួនាទីរបស់ភេទផ្សេងៗគ្នា នោះស្ត្រីនិងបុរសអាចមានដំណើរជីវិតមួយដែលប្រកបទៅដោយភាពពេញចិត្ត ការរួមធ្លុងគ្នា និងសមិទ្ធិផលផ្សេង។ ប៉ុន្តែជារឿយៗ តួនាទីរបស់ស្ត្រី មានឋានៈទាបជាងយ៉ាងខ្លាំង បើធៀបនឹងតួនាទីរបស់បុរស។ ឋានៈមិនស្មើគ្នានៅក្នុងយេនឌ័រនេះ រឹតតែបណ្តាលឱ្យមានគ្រោះថ្នាក់ថែមទៀត នៅពេលដែលមានការរំពឹងទុកពីសង្គមថា បុរសមានការគ្រប់គ្រងលើស្ត្រី ឬនរណាម្នាក់ដែលមានរូបរាង ឬគំនិតដូចស្ត្រី។ វិធីមួយដើម្បីមើលឃើញពីភាពខុសគ្នារវាងឋានៈបុរសនិងស្ត្រី គឺតាមរយៈការឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈនៃភាពជាបុរសនិងភាពជាស្ត្រីដែលមនុស្សទូទៅកោតសរសើរ។ ធ្វើបែបនេះអាចជួយឱ្យមនុស្សគិតថា តើបុគ្គលិកលក្ខណៈណាខ្លះដែលសហគមន៍ទទួលស្គាល់។ ការឆ្លុះបញ្ចាំងបែបនេះក៏ជួយឱ្យក្រុមស្វែងយល់ថា តើបុរសនិងស្ត្រីទូទៅប្រព្រឹត្តបែបណា ដើម្បីលើកកម្ពស់ការរំពឹងទុកក្នុងយេនឌ័រ ហើយតើនឹងមានអ្វីកើតឡើងបើមនុស្សម្នាក់ប្រព្រឹត្តខុសគេ។ ស្ត្រីៗច្រើនតែជជែកគ្នាស្ងាត់ៗអំពីបទពិសោធន៍និងអារម្មណ៍របស់ពួកគេ ហើយការរៀបរាប់ពីភាពលំបាកផ្សេងៗក្នុងជីវិត ជាពិសេសអំពីការប្រាស្រ័យទាក់ទងដ៏លំបាកជាមួយបុរស ជួយឱ្យស្ត្រីមានអារម្មណ៍ថា មិនសូវឯកា។ ប៉ុន្តែការជជែកគ្នារបស់ពួកគេ ជាទូទៅមិនសូវលើកយកសំណួរដែលស្វែងរកមូលហេតុនៃភាពលំបាករបស់ពួកគេ ឬអំពីដំណោះស្រាយនៃបញ្ហានោះទេ។ សកម្មភាពឆ្លុះបញ្ចាំងនិងចែករំលែក អាចផ្តល់នូវទីកន្លែងមួយដែលមានសុវត្ថិភាព និងភាពងាយស្រួលដល់ស្ត្រី ដើម្បីឱ្យពួកគាត់ពិភាក្សាអំពីបទពិសោធន៍របស់ខ្លួន ព្រមទាំងប្រៀបធៀបតួនាទីរបស់ពួកគាត់ជាមួយនឹងតួនាទីរបស់បុរស។ នៅគ្រប់សហគមន៍ទាំងអស់ មានការងារខ្លះត្រូវបានចាត់ទុកថាជា “ការងារបុរស” ហើយការងារខ្លះទៀតជា “ការងារស្ត្រី។ ភាពខុសគ្នានៃការរំពឹងទុកទាំងនេះ គឺជាផ្នែកមួយនៃតួនាទីយេនឌ័រ។ ការងារដែលស្ត្រីជាច្រើនធ្វើ ដូចជាមើលថែកូន និងតម្រូវការប្រចាំថ្ងៃរបស់គ្រួសារ ច្រើនតែមិនទទួលបានតម្លៃខ្ពស់ទេ ឬថែមទាំងមិនត្រូវបានគិតថាជាការងារទៀតផង។ នេះគឺជាមូលហេតុមួយដែលធ្វើឱ្យស្ត្រីមានឋានៈទាប និងមានការងារច្រើនដែលមិនស្មើភាព។ ការពិភាក្សាអំពីតួនាទីយេនឌ័រនិងការងារ អាចជួយឱ្យមនុស្សគិតអំពីការផ្លាស់ប្តូរផ្សេងៗដែលអាចនាំឱ្យសុខភាពរបស់ស្ត្រីបានប្រសើរឡើង។ ការរៀបរាប់អំពីសកម្មភាពទាំងឡាយដែលបុរសនិងស្ត្រីធ្វើរៀងរាល់ថ្ងៃ អាចផ្តល់ជាមូលដ្ឋានសម្រាប់ការពិភាក្សាអំពីការងារ និងយេនឌ័រ។ ជួនកាលបុរស ឬស្ត្រី មិនបានដឹងទេថា តើស្ត្រី ឬបុរសធ្វើអ្វីខ្លះក្នុងមួយថ្ងៃៗ។
ពេលខ្លះស្រ្តីមិនដែលគិតថា អ្វីដែលស្ត្រីធ្វើនៅផ្ទះ ជាការងារទេ ទោះបីជាស្រ្តីមានការងារពេញមួយថ្ងៃក៏ដោយ ក៏ស្រ្តីនៅតែត្រូវធ្វើការងារផ្ទះដែរ ហើយមិនដែលបានសម្រាកអ្វីឡើយ។ ស្រ្តីតែងតែគិតថា បុរសត្រូវការអាហារនិងការសម្រាកច្រើនជាង ព្រោះពួកគេធ្វើការងារនឿយហត់ជាង តែជាក់ស្តែងស្ត្រីធ្វើការនឿយហត់ដែរ តែហូបនិងសម្រាកបានតិចទៅវិញ។ ស្ត្រីហាក់ដូចជាធ្វើការងារច្រើនម៉ោងជាង តែសម្រាកបានតិចជាង។
តួនាទីយេនឌ័រ តែងតែប្រែប្រួលទៅតាមពេលវេលា។ ជាញឹកញាប់ តួនាទីយេនឌ័រតែងតែកំណត់ ឋានៈស្ត្រីឱ្យនៅទាប ដែលមានន័យថា មិនសូវទទួលបានការថែទាំសុខភាព មិនអាចគ្រប់គ្រងរាងកាយខ្លួនឯងយ៉ាងពេញលេញ ធ្វើការងារច្រើនម៉ោង និងមិនសូវមានអំណាចក្នុងការសម្រេចចិត្តនោះទេ។ ដើម្បីឱ្យសហគមន៍អាចកែលម្អសុខភាពរបស់ស្ត្រីបាន ពួកគេចាំបាច់ត្រូវកែប្រែតួនាទីយេនឌ័រ ជាពិសេសចំណុចដែលធ្វើឱ្យស្ត្រីងាយរងគ្រោះពីបុរស។ ត្រង់នេះហាក់ដូចជាពិបាកកែប្រែខ្លាំងណាស់ ប៉ុន្តែវាមិនសូវជាពិបាកទេ នៅពេលដែលយើងយល់ដឹងថា យេនឌ័រមិនមែនជាបញ្ហាជីវសាស្ត្រនោះ មានន័យថា អ្វីៗដែលយើងគិតថា ស័ក្តិសមជាបុរស និងស័ក្តិសមជាស្ត្រី គឺជាការយល់ឃើញរបស់យើងតែប៉ុណ្ណោះ វាមិនមែនកើតចេញពីធម្មជាតិនោះទេ។ ម្យ៉ាងទៀតគួរចាំថា នៅគ្រប់តំបន់នៅទូទាំងសកលលោក តួនាទីយេនឌ័រ តែងតែប្រែប្រួលទៅតាមពេលវេលា។ ការពិភាក្សាអំពីខ្សែជីវិតរបស់ស្ត្រីក្នុងអតីតកាលធៀបនឹងបច្ចុប្បន្នកាល អាចជួយឱ្យមនុស្សមើលឃើញថា តួនាទីយេនឌ័រពិតជាផ្លាស់ប្តូរមែន និងឃើញថាការផ្លាស់ប្តូរទាំងនេះបានធ្វើឱ្យសុខភាពរបស់ស្ត្រីកាន់តែប្រសើរ។
ឯកសារយោង
- សេរីវុធ Learner’s Dictionary បោះពុម្ពលើកទី១ ព.ស.២៥៤១ គ.ស១៩៩៧ ទំព័រ១៩៥។