លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
នៃរាជបណ្ឌិត្យសភាកម្ពុជា
១.សេចក្ដីផ្ដើម
បុព្វបុរសខ្មែរបានបន្សល់ទុកយ៉ាងសម្បូរបែបនូវទ្រឹស្ដី ដំបូន្មាន ច្បាប់សីលធម៌ និងក្បួនច្បាប់ជាច្រើនសម្រាប់អប់រំសមាជិកសង្គមយកទៅធ្វើការប្រតិបត្តិ[1]។ ទោះបីយ៉ាងនេះក្ដី ក៏បញ្ហានៃការប្រតិបត្តិសីលធម៌នៅក្នុងសង្គមគ្រួសារខ្មែរ នាសម័យសាកលភាវូនីយកម្ម[2]
ដែលផ្អែកខ្លាំងលើបច្ចេកវិទ្យាព័ត៌មាន និង ទំនាក់ទំនង[3]នោះ នៅតែជាប្រធានបទស្មុគ្រស្មាញសម្រាប់ការជជែកពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីរួមចំណែកស្វែងរក សុភមង្គលដល់បុគ្គល ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ជាទូទៅសមាជិកសង្គមទាំងឡាយ តែងមានគោលបំណងចង់រួមរស់ក្នុងសង្គមគ្រួសារប្រកបដោយសុភមង្គល ប៉ុន្តែក្នុងដំណើរការរស់នៅ យើងឃើញមានគ្រួសារជាច្រើនបានជួបប្រទះអពមង្គលដោយពិបាករកមធ្យោបាយដោះស្រាយបំផុត។ គ្រួសារខ្លះបែកបាក់គ្នាដោយការលែងលះដែលវាបាន ផ្តល់វិបាកអាក្រក់ជាច្រើនដល់សង្គមជាតិ, ប៉ុន្តែការទ្រាំលេបគ្រួសលេបថ្មរស់នៅជាមួយគ្នាដោយមិនចុះសម្រុងគឺជាទារុណកម្មបំផុតសម្រាប់ជីវិតប្ដីប្រពន្ធ។ តើសង្គមខ្មែរមានច្បាប់គតិយុត្តិ និង គោលការណ៍សីលធម៌អ្វីខ្លះសម្រាប់ជួយគ្រួសាររស់នៅឲ្យបានប្រសើរ? តើការប្រតិបត្តិសីលធម៌ក្នុងគ្រួសារខ្មែរបច្ចុប្បន្ន មានសភាព លក្ខណៈដូចម្ដេចខ្លះ? តើគួរធ្វើបែបណាដើម្បីដោះស្រាយបញ្ហាទាំងនេះ?
[1] ការប្រតិបត្តិ ឬការបដិបត្តិ(practice) ការប្រព្រឹត្ត,ការអនុវត្តធ្វើតាម។ ពាក្យ ការប្រតិបត្តិ មានន័យខុសពីពាក្យការប្រណិប័តន៍។ ការប្រណិប័តន៍(respect) ការសម្ដែងសេចក្ដីគោរព, ការគំនាប់, ការឱនសំពះ ជាដើម។
[2] សាកលភាវូបនីយកម្ម គឺជាដំណើរការនៃអន្តរកម្ម និង សមាហរណកម្មរវាងប្រជាជន ក្រុមហ៊ុន និងរដ្ឋាភិបាលទូទាំងពិភពលោក។ ពាក្យសកលភាវូបនីយកម្ម ត្រូវបានប្រើដើម្បីពិពណ៌នាអំពីការរីកចម្រើនជាអន្តរានិស្សរភាពនៃពិភពសេដ្ឋកិច្ច វប្បធម៌និងប្រជាជនពិភពលោក តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្មឆ្លងដែន បច្ចេកវិទ្យា និង លំហូរនៃការវិនិយោគទុន មនុស្ស និងព័ត៌មាន។ (Globa-lization is the process of interaction and integ-ration among people, com-panies, and gover-nments worldwide. This word used to describe the growing interd-ependence of the world's econ-omies, culures, and populations, brought about by crossborder trade in goods and services, techno-logy, and flows of investment, people, and info-rmation)
[3] បច្ចេកវិទ្យាព័ត៌មាននិងទំនាក់ទំនង គឺជាហេដ្ឋារចនាសម្ព័ន្ធនិងធាតុផ្សំទាំងឡាយដែលមានសមត្ថភាពគណនាទំនើប(ICT, inf-ormation and communications technology, is the inf -rastructure and components that enable modern computing.
២.អត្ថន័យនៃពាក្យសំខាន់មួយចំនួន
សីលធម៌[1] គឺជាវិនយប្បញ្ញតិ្ត ឬសិក្ខាបទ ចែងអំពីកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដែលជាដំបូន្មានប្រាប់ឱ្យប្រព្រឹត្តតាមកន្លងប្រពៃណី គឺឱ្យចៀសវាងអំពើអាក្រក់ ហើយឲ្យប្រព្រឹត្តតែអំពើល្អ។ អាចនិយាយថា សីលធម៌ គឺក្បួនច្បាប់សម្រាប់ទូន្មានមនុស្សឱ្យដឹងអំពីករណីយកិច្ច[2] និងប្រាប់ឱ្យដឹងអំពីវិរតិចេតនា[3] ដែលត្រូវវៀរចាកអំពើខុសឆ្គង និងប្រព្រឹត្ត ត្រឹមត្រូវដោយកាយវាចាចិត្ត ពោលគឺ សីលធម៌គឺក្បួនប្រាប់ពីការប្រព្រឹត្តសុចរិតនិងអហិង្សា[4]។ យើងអាចមានការភាន់ច្រឡំរវាងអត្ថន័យនៃពាក្យ សីលធម៌ សុជីវធម៌ និងគុណធម៌។ សុជីវធម៌[5] ជាពីធីការក្នុងរស់នៅឱ្យបានល្អ គឺមានសណ្ដាប់ធ្នាប់ការដឹងប្រមាណ គួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃ។ ចំណែកគុណធម៌[6] គឺជាក្បួនប្រាប់ពីដំណើរចម្រើន តាមជាន់តាមថ្នាក់ខាងអំពើល្អ[7] អាក្រក់[8] ដែលបុគ្គលធ្វើល្អប្រសើរលើសពីសីលកាតព្វកិច្ច។
[1] សីលធម៌(សីលធម្ម moral)ជាក្បួនហាមមិនអោយប្រព្រឹត្តខុសសីលនិយាម និងបញ្ជាអោយធ្វើត្រឹមត្រូវតាមសីលកាព្វកិច្ច ដែលមានជាទម្លាប់តគ្នាយូរមកហើយ។ សីលនិយាម(moral rule)ខុសពីគោលការណ៍សីលធម៌(moral princi-ple)ត្រង់វាមានភាពប្រែប្រួលតាមលក្ខខណ្ឌដោយឡែក និងមានលក្ខណៈ ជាក់លាក់ក្នុងការប្រតិបត្តិ។ សីលនិយាមសាកលសំខាន់ៗ មានដូចជា៖ បញ្ចសីលា, សុចរិត ជាដើម។ បញ្ចសីលា(five precepts ឬសីល៥, ឬបញ្ចវិរតិ ឬបញ្ចវេ រមណី ឬវៀរចាក៥យ៉ាង, ឬបំរាម៥យ៉ាង) ដែលត្រូវវៀរចាកប្រចាំថ្ងៃ(និច្ចសីល) មាន៖ សម្លាប់(បាណាតិបាតាkilling), លួចប្លន់ (អទិន្នាទានាstealing), ខុសក្នុងកាម(កាមេសុមិច្ឆាចារាsexual misconduct),កុហក់(មុសាវាទា false spee-ch)គ្រឿងញៀនស្រវឹង(សុរាមេរយមជ្ជប្បមាទដ្ឋានា intox-icants cau-sing heedlessness)។ សុចរិត(good deed, គឺការប្រព្រឹត្តិល្អទាំងកាយ វាចា ចិត្ត។ សីលកាព្វកិច្ច គឺជាករណីយកិច្ចដែលត្រូវបំពេញតាមឋានៈ តួនាទីមុខងារ ដែលធម្មជាតិ និងសង្គមផ្ដល់អោយ។
[2] ករណីយកិច្ច(ន.)កាតព្វកិច្ច,កិច្ចដែលគួរធ្វើ និងការងារដែលត្រូវតែធ្វើខានពុំបាន។
[3] វិរតិចេតនា( ន.) គំនិតដែលនាំចិត្តឲ្យភ្នកកាន់ត្រណម។ ចេតនានេះជាតួចេតសិកដែលដឹកនាំចិត្តឲ្យចេះគិត ។
[4] អហិង្សា គឺ មិនបៀតបៀនអោយអ្នកដទៃលំបាកឈឺចាប់។
[5] សុជីវធម៌(savoir vivre or etiquetteគឺរបៀបឬវិធីសម្រាប់ប្រណិប័តន៍ក្នុងការរស់នៅអោយគេស្រឡាញ់ពេញចិត្ត ដូច សុជីវធម៌ក្នុងការដេកដើរឈរអង្គុយ ទំនាក់់ទំនង បរិភោគ ទទួលភ្ញៀវ ជាដើម គឺគួរសម្ដែងឥរិយាបថបែបណាអោយគេរីករាយសប្បាយចូលចិត្ត។
[6] គុណធម៌(virtue) គឺជាការធ្វើល្អត្រឹមត្រូវលើសពីសីលកាតព្វកិច្ច។ គុណធម៌ មានធាតុមួយចំនួន ដូចជា ព្រហ្មវិហារធម៌, សច្ច, សប្បុរស, កតញ្ញូកតវេទិតាឧបការ, អធ្យាស្រ័យនិងសន្ដោសប្រោសប្រណី, សាមគ្គី, ទសបារមី, ទសពិធរាជធម៌ ជាដើម។
[7] ល្អ (good) បុណ្យ បុញ្ញ កុសល អ្វីដែលមនុស្សស្រឡាញ់ ពេញចិត្ត(ឃ្លានឆ្ញាញ់ ស្រឡាញ់ល្អ)។
[8] អាក្រក់(bad) បាប អកុសល អ្វីដែលមនុស្សស្អប់ មិនចូលចិត្ត។
៣. ច្បាប់គតិយុត្តិ និង គោលការណ៍សីលធម៌សម្រាប់គ្រួសារខ្មែរ
ច្បាប់[1] គឺជាការកំណត់នូវវិធានទាំង ឡាយណាដែលប្រទេស ឬសហគមន៍មួយទទួលស្គាល់ ដូចជា ការកំរិតសកម្មភាពនៃជនគ្រប់រូប ដោយមានលក្ខណៈចាប់បង្ខំឲ្យទទួលខុសត្រូវរដ្ឋវប្បវេណីនិងព្រហ្មទណ្ឌ។ ច្បាប់របស់កម្ពុជាត្រូវបានបែងចែកជា២ គឺច្បាប់គតិយុត្តិ ដែលជាច្បាប់សំខាន់ និង គោលការណ៍សីលធម៌ ដែលជាច្បាប់បន្ទាប់បន្សំ។ ច្បាប់គតិយុត្តិ គឺជាច្បាប់ដែលបង្កើតដោយអាជ្ញាធរមានសមត្ថកិច្ច។ ច្បាប់ទាំងអស់សុទ្ធតែជាបទដ្ឋានគតិយុត្តិដែលបង្តើតឡើងដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលត្រូវបានរក្សាទុកដោយរាជក្រឹត្យ។ គោលការណ៍ សីលធម៌[2] មានលក្ខណៈមិនសូវផ្លូវការ មានដូចជាទំនៀមទម្លាប់ប្រពៃណី លទ្ធិនិងសេចក្តីសំរេចរបស់សង្គម។ ក្នុងរឿងក្តីរដ្ឋប្បវេណីប្រសិន បើមិនមានច្បាប់ជាលាយលក្ខណ៍អក្សរទេ រឿងក្តីទាំង ឡាយនោះមិនមានភាពច្បាស់លាស់ទេ ហេតុនេះចៅ ក្រមអាចធ្វើការពិចារណាយោងទៅតាមប្រពៃណី ទំនៀមទម្លាប់ មនសិការ និងសមធម៌។
៣.១.ច្បាប់គតិយុត្តិនានាសម្រាប់គ្រួសារ
ច្បាប់គតិយុត្តិដែលអាចបង្ការអំពើហឹង្សា ការពារសេចក្ដីថ្លៃថ្នូរ ពង្រឹងសុខដុមរមនា សុភមង្គល គ្រួសារ មានដូចជា៖ ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,ច្បាប់ស្ដីពីអាពាហ៍ ពិពាហ៍ និងគ្រួសារ,ច្បាប់ស្ដីពីការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារនិងកិច្ចការពាជនរងគ្រោះឆ្នាំ២០០៥, ច្បាប់ស្ដីពីឯកពន្ធភាពឆ្នាំ២០០៦, ច្បាប់ព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី ជាដើម។
៣.១.១.ច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា
ជំពូកទី៣ មាត្រា៣៦ បានបញ្ជាក់ថា ការ ងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃ ដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ មាត្រា៤៥-ការរើសអើងគ្រប់ប្រភេទ ប្រឆាំងនឹងស្ត្រីភេទ ត្រូវបំបាត់ចោល។ ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី ត្រូវហាម ឃាត់។ បុរស និង ស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យ ទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ អាពាហ៍ពិពាហ៍ ត្រូវធ្វើតាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័គ្រចិត្ត ប្ដីមួយ ប្រពន្ធមួយ។ មាត្រា៤៧-មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សា និង អប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយ កិច្ចចិញ្ចឹម និង បីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។
៣.១.២.ច្បាប់ស្តីពីអនុវត្តក្រមរដ្ឋប្បវេណី ឆ្នាំ២០១១
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ[3] ត្រូវាបានមោឃភាពដោយមាត្រា៧៨ នៃច្បាប់ស្តីពីអនុវត្តក្រមរដ្ឋប្បវេណីឆ្នាំ២០១១[4] ដោយចែងថា ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារត្រូវបាត់បង់អនុភាពចាប់ ពីកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែបញ្ញត្តិនៃមាត្រា៧៦ មាត្រា៧៧ និងមាត្រា៧៩ ដល់មេត្រា៨១ នៃច្បាប់នោះនៅតែមានអានុភាពនៅក្រោយកាលបរិច្ឆេទនៃការ អនុវត្ត រហូតដល់ពេលដែលកំណត់ផ្សេងដោយច្បាប់។ (សូមមើលឧបសម្ពន្ធទី១និងឧបសម្ពន្ធទី២)
៣.១.៣.ច្បាប់ស្ដីពី ឯកពន្ធភាព ឆ្នាំ២០០៦
ជំពូកទី១ បទប្បញ្ញត្តិទូទៅ,មាត្រា១.ច្បាប់នេះមានគោលបំណងការពារសេចក្ដីថ្លៃថ្នូរ និងពង្រឹង សុខដុមរមនា សុភមង្គលក្នុងគ្រួសារ និងការគោរពសិទ្ធិគ្នាទៅវិញទៅមករវាងប្ដីនិងប្រពន្ធ ស្របតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយបំពេញបន្ថែមលើបទដ្ឋានគតិយុត្តិជាធរមាន។ មាត្រា២.ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានចំណងអាពាហ៍ពិពាហ៍ ត្រូវគោរពគោលការណ៍ឯកពន្ធភាពដោយស្ម័គ្រចិត្តប្ដីមួយប្រពន្ធ មួយដោយមានចុះបញ្ជីអាពាហ៍ ពិពាហ៍ ចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានស្របតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ។
ជំពូកទី២ និយមន័យ ពិរុទ្ធភាព និងនីតិវិធី,មាត្រា៣.ឯកពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្ត្រីមានប្ដីតែមួយ។ ដែលហៅថាចំណងអាពាហ៍ពិពាហ៍ គឺជាកិច្ចសន្យាដ៏ឧឡារឹកមួយធ្វើឡើងដោយបុរសម្នាក់ និងស្ត្រីម្នាក់ ដែលប្ដេជ្ញាថា រួមសមគ្គសង្វាសជាមួយគ្នាតាមបញ្ញត្តិច្បាប់ ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួន។ ចំណងអាពាហ៍ពិពាហ៍ត្រូវរលាយក្នុងករណីណាមួយដូចខាងក្រោម៖ សហព័ទ្ធណាមួយស្លាប់។ មានសេចក្ដីសម្រេចរំលាយចំណងអាពាហ៍ពិពាហ៍ជាស្ថាពររបស់តុលាការ។ សហព័ទ្ធណាម្នាក់បាត់ខ្លួនហួសពីមួយឆ្នាំដោយគ្មានដំណឹងអ្វីសោះ មិនដឹងថាស្លាប់ឬ រស់។ មាត្រា៤.ទ្វេពន្ធភាពជាចំណងអាពាហ៍ពិពាហ៍ដែលបុរសមានប្រពន្ធពីរ ឯស្ត្រីមានប្ដីពីរ។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទ ទ្វេពន្ធភាពបុរសឬស្ត្រីណាដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយនៅឡើយ ហើយទៅចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មីមួយទៀត។ អ្នកសមគំនិតត្រូវមានទោសដូចគ្នា។ មាត្រា៥.ត្រូវចាត់ទុកថាស្មន់ បុរស និងស្ត្រីណាដែលជាប់ចំណងជាញាតិលោហិត ឬញាតិពន្ធនឹងគ្នា ហើយរួមសេវនកិច្ចជាមួយគ្នា។ មាត្រា៦.ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទស្មន់៖ បុរស និងស្ត្រីដែលជាប់ចំណងជាញាតិលោហិតឬញាតិពន្ធក្នុងខ្សែផ្ទាល់ គ្រប់ថ្នាក់ ទោះចំណងនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដីឬជាសាច់ចិញ្ចឹមក្ដី បានរួម សេវនកិច្ចជាមួយគ្នា។ បុរស និងស្ត្រីដែលជាប់ចំណងសាខាញាតិនឹងគ្នា ទោះសាខាញាតិនោះមានខាន់ស្លាក្ដី ឥតខាន់ស្លាក្ដី ចិញ្ចឹមក្ដី រួមម្ដាយក្ដី រួមឪពុកក្ដី រួមម្ដាយឪពុកក្ដី ជាញាតិលោហិតក្ដី ឬ ជាញាតិពន្ធក្ដី រហូតដល់ថ្នាក់ទី៣ រាប់ទាំងថ្នាក់នេះ ផងបានរួមសេវនកិច្ចជាមួយគ្នា។ មិនចាត់ទុកថាមានពិរុទ្ធពីបទស្មន់ទេ ប្រសិនបើសហព័ទ្ធណាម្នាក់ស្លាប់ ហើយសហព័ទ្ធដែលនៅរស់រួមសេវនកិច្ចជាមួយសាខាញាតិពន្ធថ្នាក់ទី២ ឬថ្នាក់ទី៣។ មាត្រា៧.ត្រូវចាត់ទុកថាផិត គឺការរួមសេវនកិច្ចរវាងបុរសដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយជាមួយស្ត្រីដទៃក្រៅពីប្រពន្ធរបស់ខ្លួន ឬ ការរួមសេវនកិច្ចរវាងស្ត្រីដែលមានចំណងអាពាហ៍ ពិពាហ៍មិនទាន់រលាយ ជាមួយបុរសដទៃក្រៅពីប្ដីរបស់ខ្លួន។ ត្រូវចាត់ទុកថាមានពិរុទ្ធក្នុងបទផិត៖ បុរសណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយស្ត្រីផ្សេងទៀត។ ស្ត្រីណា ដែលមានចំណងអាពាហ៍ពិពាហ៍ពីមុនមិនទាន់រលាយ ហើយទៅរួមសេវនកិច្ចជាមួយបុរសដទៃទៀត។ មាត្រា៨. ក្នុងករណីដែលមានចែងក្នុងមាត្រា៧ខាងលើ ព្រះរាជអាជ្ញាអាចសម្រេចមិនធ្វើបណ្ដឹងអាជ្ញាបាន ប្រសិនបើមានបណ្ដឹងរបស់សហព័ន្ធណាមួយស្នើសុំកុំឲ្យចោទប្រកាន់។
ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា៩.ន្ទាទោសណាជនណាប្រព្រឹត្តល្មើសនឹងមាត្រា៤ នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់១ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី២០០.០០០ (ពីររយពាន់)រៀល ដល់១.០០០ .០០០(មួយលាន)រៀលឬផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។ មាត្រា១០.ជនណាប្រព្រឹត្តល្មើសនឹងមាត្រា៦ និងមាត្រា៧នៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ពី២០០.០០០(ពី រយពាន់)រៀលដល់១.០០០.០០០(មួយលាន) រៀលឬ ផ្ដន្ទាទោសណាមួយនៃទោសទាំងពីរ។
៣.១.៤.ច្បាប់ស្ដីពីការទប់ស្កាត់អពើហឹង្សា ក្នុងគ្រួសារ និងកិច្ចការពាជនរេងគ្រោះ ឆ្នាំ២០០៥
ជំពូកទី២ មាត្រា២ អំពើហិង្សាក្នុងគ្រួសារគឺសំដៅលើអំពើហិង្សាដែលកើតមាននិងអាចកើតមានទៅលើ៖ ប្ដី ឬ ប្រពន្ធ, កូនក្នុងបន្ទុក, ជនទាំងឡាយរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារ។ មាត្រា ៣ អំពើហិង្សាក្នុងគ្រួសារ ទាមទារឱ្យមានការទប់ស្កាត់ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព ហើយតម្រូវឱ្យចាត់វិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬ ជនអាចនឹងរងគ្រោះ។ អំពើហិង្សារួមមាន ៖ ការប៉ះពាល់ដល់ជីវិត, ការប៉ះពាល់ដល់បូរណភាពរូបកាយ, ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ, ការឈ្លានពានខាងផ្លូវភេទ ។ មាត្រា៤.អំពើប៉ះពាល់ដល់ជីវិតរួមមាន:មនុស្សឃាតដោយគិតទុកជាមុន, មនុស្សឃាតដោយចេតនា, មនុស្សឃាតដោយអចេតនា បណ្ដាលមកពីអំពើចេតនាផ្សេងទៀតនៃជនល្មើស, មនុស្សឃាតដោយអចេតនា។ មាត្រា៥. អំពើប៉ះពាល់ដល់បូរណភាពរូបកាយ រួមមាន: ការបំពារបំពានលើរូបកាយដោយប្រើអាវុធ ឬ ឥតអាវុធមានរបួស ឬ គ្មានរបួស, ការធ្វើទារុណកម្ម ឬ ការធ្វើអំពើឃោរឃៅ។ មាត្រា៦. អំពើទារុណកម្ម ឬ អំពើឃោរឃៅ រួមមាន:ការធ្វើទុក្ខបុកម្នេញបង្កឱ្យមានការឈឺចុកចាប់ផ្លូវចិត្តសតិ អារម្មណ៍ បញ្ញាស្មារតីដល់រូបវន្តបុគ្គលក្នុងគ្រួសារ, ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្តហួសពីសីលធម៌ និងច្បាប់កំណត់។ មាត្រា៧.អំពើឈ្លាន ពានខាងផ្លូវភេទ រួមមាន៖ ការប្រើហិង្សាសេពសន្ថវៈ ការបៀតបៀនកេរ្តិ៍ខ្មាស, ការធ្វើអាស្រូវភាស។ មាត្រា៨.ត្រូវទប់ស្កាត់ផងដែរចំពោះអំពើគំរាមកំហែងក្នុងគោលបំណងឱ្យជនរង គ្រោះភ័យខ្លាច តក់ស្លុត និងអំពើប៉ះពាល់ដល់បុគ្គលភាព និងទ្រព្យសម្បត្តិនៃជនដែលរស់នៅក្រោមដំបូលផ្ទះ និងក្នុងបន្ទុកគ្រួសារតែមួយ។ មិនរាប់បញ្ចូលថាជាការប្រើហិង្សា ឬ សកម្ម ភាពហិង្សាក្នុងគ្រួសារទេរាល់ការប្រៀនប្រដៅដោយផ្ដល់ដំបូន្មាន ឬ ធ្វើការដាស់តឿនក្រើនរំលឹកឬចាត់វិធានការនានាសមស្របដើម្បីឱ្យ សហព័ទ្ធ ឬ កូន ឬ អ្នកនៅក្នុងបន្ទុកដើរក្នុងផ្លូវល្អតាមលក្ខណៈរស់នៅថ្លៃថ្នូរ នឹងទំនៀមទម្លាប់និងប្រពៃណីល្អរបស់ជាតិ ប្រសិនបើការប្រៀនប្រដៅនិងការអប់រំនោះ ធ្វើឡើងប្រកបដោយព្រហ្មវិហារធម៌ និងស្របទៅតាមគោលការណ៍នៃអនុសញ្ញាស្ដីពីសិទ្ធិមនុស្ស និងសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិដែលទទួលស្គាល់ដោយព្រះ រាជាណាចក្រកម្ពុជា។
ជំពូកទី៧ ទោសប្បញ្ញត្តិ មាត្រា៣៥. អំពើហិង្សាក្នុងគ្រួសារទាំងឡាយណា ដែលចូលជាបទល្មើសព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាន។ មាត្រា៣៦. ការចោទប្រកាន់ជាបទល្មើស ព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះ ជាបទមជ្ឈិមស្រាល ឬ បទលហុ។ ក្នុងករណីដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើងជាថ្មីម្ដងទៀត ដែលល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តុលាការត្រូវតែធ្វើការចោទប្រកាន់ជនមុខសញ្ញារូបនោះ តាមនីតិវិធីព្រហ្មទណ្ឌ ទោះបីជាមានការស្នើសុំពីជនរងគ្រោះម្ដងទៀតក៏ដោយ។
៣.១.៥.គោលការណ៍ភូមិឃុំមានសុវត្ថិភាព
ភូមិឃុំមានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង១. គ្មានសកម្មភាពលួចឆក់ប្លន់គ្រប់ប្រភេទ២. គ្មានការផលិតនិងការចែកចាយគឿងញៀនខុសច្បាប់ ៣. គ្មានអំពើរអាណាចរ្យការជួញដូរស្រ្តីកុមារនិងអំពើរហិង្សារនៅក្នុងគ្រូសារ ៤. គ្មានក្មេងទំនើង ៥. គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និង បទល្មើសគ្រប់ប្រភេទ៦. គ្មានគ្រោះថ្នាក់ចរាចរណ៍ ៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៨. មានវិធានការណ៍ទប់ស្កាត់គ្រប់ប្រភេទ និង ការឆ្លើយតបចំពោះគ្រោះមហិនតារាយ៍ប្រកបដោយប្រសិទ្ធភាព ៩. គ្មានកុងត្រូលត្រួតពិនិត្យដោយខុសច្បាប់។
៣.២.គោលការណ៍សីលធម៌ខ្មែរសម្រាប់គ្រួសារ
តាំងពីអតីតកាល មនុស្សជាតិដែលរស់នៅក្នុងលោកនេះ តែងប្រាថ្នាចង់បានជីវិតរស់នៅប្រកប ដោយសុភមង្គល។ វប្បធម៌បុព្វកាល បានចាប់បង្ខំឱ្យមនុស្សទទួលយទំនៀម ទម្លាប់ ប្រពៃណី ដែលមានមូលដ្ឋានផ្អែកលើសាសនា និងជំនឿផ្សេងៗ ដើម្បីរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ និងវិបុលភាពសម្រាប់សហគមន៍ គ្រួសារ និង បុគ្គល។ ដំណាក់កាលបន្តបន្ទាប់ វប្បធម៌ដែលមានមូលដ្ឋានជំនឿសាសនា ត្រូវចុះថមថយ ឥទ្ធិពល ដោយជំនួសបន្តិចម្ដងនូវគោលការណ៍សីលធម៌ប្រកបដោយហេតុផលនៃវិចារណញ្ញាណ។ ទោះយ៉ាងណា ក៏គោលការណ៍ទាំងនោះនៅតែ ពឹងផ្អែកលើទម្រង់នៃសាសនានានា ដើម្បីមានអានុភាពក្នុងការប្រតិបត្តិដដែល ព្រោះប្រព័ន្ធច្បាប់សង្គមមិនទាន់មានសុពលភាពខ្លាំងក្លាគ្រប់គ្រាន់នៅឡើយ។ នៅពេលដែលច្បាប់សង្គម ឬច្បាប់រដ្ឋកាន់តែមានសុក្រិត្យភាពដោយបានបញ្ចូលគោលការណ៍សីលធម៌សំខាន់ៗនោះ សីលធម៌សម្រាប់សង្គម ក៏ដូចសីលធម៌សម្រាប់គ្រួសារ ហាក់ដូចជាបាត់តម្លៃរបស់ខ្លួន ព្រោះនៅក្នុងគោលការណ៍ សីលធម៌ខ្វះប្រត្យក្សភាពក្នុងការកំណត់ទោសទណ្ឌដល់ជនល្មើស។
មនុស្សជាតិជាទូទៅតែងតែមានគ្រួសារ ឬដៃគូដើម្បីបន្តពូជពង្ស និងយឹតយោងគ្នា រួមសុខទុក្ខជាមួយគ្នា ដូចដូនតាខ្មែរពោលថា៖ ស្រីប្រុសទាំងទ្វី ជាគូមានពីបុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយបណ្ឌិតទាំងឡាយឲ្យឈ្មោះថាប្តី។ ស្ត្រី និងបុរសក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្តីប្រពន្ធ ហ្នឹងឯងលោកស្ដីជនក្នុងលោកីយ៍ ហៅបានតាម ថ្នាក់។ ប្តីជាអ្នករក ទ្រព្យធនបានមកប្រពន្ធទុក ដាក់ចាស់ទុំបុរាណ បានពោលបញ្ជាក់ឲ្យនាងឲ្យអ្នកចងចាំគ្រប់ប្រាណ។ សំណាបយោងដីរីឯស្រីៗយោងប្រុសសាមាន្យ ទោះមារយាទខ្សោយក៏ដោយបើបានស្រីមានសន្ដាន ខ្ជាប់ខ្ជួនមួនមាំ។ តែងបានចម្រើន ទ្រព្យាកើតកើនព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំសង្វាតខិតខំរក្សាឲ្យគង់។ល។
នៅក្នុងសង្គមខ្មែរ មុននិងអំឡុងពេលដែលបារាំងចូលមកធ្វើជាអាណាព្យាបាលនិងអាណានិគមន៍លើខ្មែរនោះក្បួនសីលធម៌ដែល គេហៅថាច្បាប់ក្រម បានដើរតួសំខាន់សម្រាប់ ទូន្មានកូនខ្មែរ។ ច្បាប់ទាំងនោះមានច្បាប់ប្រុស ច្បាប់ស្រីច្បាប់ក្រម។ល។ រហូតមកដល់បច្ចុប្ប ន្ន ច្បាប់ទាំងនោះនៅតែមានតម្លៃ ជាកេរមរតកវប្បធម៌មួយសម្រាប់សង្គមខ្មែរ ទោះបីមានការរិះគន់ខ្លះពីឥទ្ធិពលនៃវប្បធម៌បស្ចឹមប្រទេសក៏ដោយ។
៣.២.១. ច្បាប់ប្រុស
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែធួន ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់ មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន ពឹងរកខ្លួនទៅណាៗ ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
កូនអើយបាកុំធ្លោយ កុំធ្លាយឲ្យអាប់កេរ្តិ៍យស ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា មួយឆ្កួតល្បែងពាលា លេងបៀរប៉ោធួកំតាត់។
៣.២.២.គតិ ៥យ៉ាង សម្រាប់បុរសជាប្ដី
ប្ដីមកពីពាក្យបតិ(ម្ចាស់;ប្រុសជាម្ចាស់ ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា)ប្រុស ជាគូគ្នានឹងស្រីជាប្រពន្ធ។ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះ អង្គដួង) ថ្លែងអំពីគតិ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធដូចតទៅនេះគឺ៖ មួយគឺហៅប្ដីឲ្យប្រើសំដី នឹងប្រពន្ធមាន ពាក្យទន់ពីរោះ ស្មើស្មោះដោយក្សាន្ត សរសើររាប់អានតាមសព្ទវាចា។ មួយគឺប្រពន្ធខុសឆ្គងស្រាលធ្ងន់ កុំជេរផ្ដាសាទាត់ធាក់ដៀលដំដូចខ្ញុំអាត្មាកុំស្ដីដើមថាឲ្យឮសាយស័ព្ទ។ មួយគឺបាន ធនប្រគល់ប្រពន្ធទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារជាការស្រីផ្គាប់រៀបចំសម្រាប់ថែទាំរក្សា។ មួយគឺកុំផ្ចង់កុំខំតែបង្កើតកូនហើយថា ប្រពន្ធសុខចិត្តឲ្យគិតប្រាថ្នា រួសរកទ្រព្យាសម្រាប់ឲ្យផង។ មួយគឺឲ្យចាប់ស្រឡាញ់ឲ្យខ្ជាប់កុំជិនណាយហោង បើមានប្រពន្ធទៀតកុំប៉ុនប៉ង ស្រឡាញ់ស្នេហ៍ស្នងឲ្យស្មើមុខឡើយ។ សម្ដែងសេចក្ដីគ្រប់ប្រាំវិថីចែងចប់ស្រេចហើយឲ្យអស់ប្រុសផងចាំចងជាត្រើយ ផ្ចង់កុំកន្តើយចោលច្បាប់ បុរាណ។ បើប្រុសឯណាពុំផ្ចង់ចិន្តា ដូចធម៌ ទូន្មាននៅនឹងភរិយាគ្មានជាសុខសាន្តហិន ហោចធនធានទាស់ទែងលែងគ្នា។ ឯវិស័យចិត្តអស់ស្រីផងពិតមានប្ដីប្រាថ្នាអំពើទាំងប្រាំ នេះចាំចិន្តាគ្រប់ចិត្តភរិយានៅនាលោកិយ។ បើខ្វះអំពើណាមួយហើយតើប្រពន្ធថាប្ដី ចិត្តពុំត្រូវត្រង់ពុំគង់មេត្រី តូចចិត្តស្វាមី អាក់អន់ពុំស្មោះ លោកឲ្យប្រុសផង គន់គិតស្ងួនគ្រង ផ្ចង់ចិត្ត សង្គ្រោះ ប្រពន្ធឲ្យពិតដោយក្រឹត្យប្រាំនោះ ប្រពន្ធក៏ស្មោះចិត្តចូលមូលឯង។ កុំគិតតែយកប្រពន្ធបានមកគ្រាន់ឱបប្រលែងបង្កើតតែកូនសោះសូន្យធនធេង លោកឲ្យគិតក្រែង ដំណៀល និន្ទា។ ធម្មតាជាប្ដី បានទ្រព្យធនអ្វីឬយស សក្ដា តែងនៅសុខសឹងទីពឹងផងគ្នា ព្រោះដ្បិតភរិយាកាន់ក្ដីសុចរិត។ អំពើច្នេះហោងឲ្យអស់ប្រុសផង ចងចាំក្នុងចិត្តតាមធម៌ទូន្មានគ្រប់ប្រាណប្រុសពិតទុកជាក្រមក្រិត្យច្បាប់ច្បាស់តទៅ។ អង្គអញរចនា សេចក្ដីកាព្យាតាមច្បាប់ទុកនៅក្នុងព្រះបាលីសេចក្ដីជ្រាលជ្រៅពុំហ៊ានសៅដៅលើកលែងងាយដាយ។ ឧស្សាហ៍ខំប្រុងប្រែរករើសក្នុង គម្ពីរនិកាយអដ្ឋកថា ដីកាបរិយាយនិបាតទាំងឡាយមកផ្សំស្រដី។ ជាច្បាប់ទុកតដំណឹងតំណដំណើរស្ត្រីឲ្យជាក់ប្រាកដដោយបទបាលីគ្រាន់អស់ប្រុសស្រី រើសរៀនរកផ្លូវ។ ច្បាប់នេះប្រសើរដំណឹងដំណើរទំនងនេះកូវ ជាច្បាប់ប្រាកដដោយបទត្រឹមត្រូវ គួរយើងឥឡូវ ប្រតិបត្តិរក្សា។ គួររៀនឲ្យស្ទាត់ឲ្យចាំរត់មាត់ដាក់ក្នុងចិន្តាគ្រាន់នឹងប្រិតប្រៀនបង្រៀនអាត្មាតាមដោយគាថា នេះឯងតទៅ។
៣.២.៣.ច្បាប់ស្រី(សុចរិត ៨ ប្រការជាមង្គលរបស់ស្រី)
ច្បាប់ស្រីជាព្រះរាជនិពន្ធនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី ដូចតទៅ[5]៖
នេះនឹងសម្ដែងបរិយាយ ចារចែងដើម បទអដ្ឋាហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យចាំ យកជាក្រឹត្យ គ្រប់រូបស្រីៗ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្តី ឫករាបស្រគត់ ផ្គង់ផ្គត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន។ លោកថាស្រីត្រង់ កាន់សុចរិត ផ្គង់គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ។
លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យញាតិព្រៀងទៅមករាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត។ លោកថា ស្រីស្អាត សុចរិតគ្មានឃ្លាតមែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិតរណ្តាប់ផ្គាប់ចិត្តប្តីគ្រប់វេលា។ លោកថា ស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្តី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង។ លោកថា ស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀងតាម ពាក្យប្តីផ្តាំចងចាំទុកទៀងពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា។ លោកថា ស្រីស្មើ សុចរិតស័រពើអាចរងធានាទម្ងន់ ចិត្តប្តីទោះបីទុក្ខា ខ្សត់ក្រម្ដេចម្តាអាចទទួលប្រាណ។ សុចរិតប្រាំបីជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រធ្វើតាមពុំបាន។ លោកថា ស្រីនោះចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្ដាន បង្ហិនធនធាន ចើកអាសមាយា។ ក្តីជួច្រើនកល ក្រដឹងចេះដល់លែប ខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជាងាយដាយសោះសា ចេះឯងដឹងឯង។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែងចំណង់តណ្ហា។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យាប្រាំបីនេះណា សុចរិតប្រាកដ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអត់ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ម្ដេចៗតាមបាន។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្តីធ្យាន ម្ដេចៗមិនថា។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្តីសុចរិតជាក្រឹត្យថ្លៃថ្លាឲ្យខ្ជាប់ជាក់ជាចរិតសព្វថ្ងៃ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀស ទុក្ខចង្រៃ ដល់បរ លោក ថ្លៃ សោយសុខសួគ៌សិទ្ធ។ សំដែងសេចក្ដីពីមង្គលស្រី ប្រសើរពេក ពិតគ្រប់ទាំងប្រាំបីក្រឹត្យស្រីសុចរិតចែងចប់ភាសិតតាមព្រះបាលី។
៣.២.៤.ប្រភេទប្រពន្ធ
ប្រពន្ធ (មកពីពាក្យប្រ+ពន្ធ; បា.ប+ពន្ធ “ជាប់ជំពាក់ ចំពាក់ឆ្វាក់ ដែលចងរឹតរួត ចំណង ចងឆ្វាក់រឹតរួត”) ប្រពន្ធគឺស្ត្រីជាចំណង គូនឹងបុរស (ភរិយា)។ ព្រះអង្គដួង កាព្យថ្លែងអំពីប្រពន្ធមាន៧ប្រភេទល្អបួនអាក្រក់បី ដូចតទៅ [6]៖ នេះគឺ មួយសោតព្រះពុទ្ធ ទេស្នាចំហុតថារីភរិយា មានប្រាំពីរស្មោះបួននោះចិត្តជាបីនោះមោហា ចិត្តខូចងាយដាយ៖ ឯប្រពន្ធជាឯកឈ្មោះមាតា-ភរិយាដូចម្ដាយ ឈឺឆ្អាលកូនខ្លួន រែងស្ងួនមិនណាយ មិននឹករសាយ ចិត្តចាំអាណិត។ កូនទុក្ខទោសម្ដេច ខ្សត់ក្រច្រើនតិច ខឹងខុសខូចចិត្ត ព្រាត់ប្រាស់យូរលង់ពុំបង់បែកចិត្ត គង់ចាំចិត្តគិត ឈឺឆ្អាលកូនស្មោះ។ ប្រពន្ធណាគាប់ ឈឺឆ្អាលប្ដីខ្ជាប់ ចិត្តចាំកាន់កោះ ដូចម្ដាយស្រឡាញ់ កូនពេញពីពោះ ហៅប្រពន្ធនោះ ថ្លៃឥតផ្ទឹមដល់។ ប្រពន្ធជាទ្វី ឈ្មោះហៅទាសីភរិយាដូចកល់ ខ្ញុំនឹងអម្ចាស់ប្រើណាស់ខ្វាយខ្វល់អាចមត់ទប់ទល់ទម្ងន់បម្រើ។មិនមាន ទំនេរ ទោះម្ចាស់វាយជេរ អត់ឱនស័រពើតាមតែបង្គាប់ប្រញាប់ចង់ធ្វើ ចិត្តពុំសើវ៉ើ ចៀសវាងក្រោធា។ ប្រពន្ធណាអត់ឱនអង្គអំណត់ ខ្លាចប្ដីអាត្មា ដូចខ្ញុំនឹងម្ចាស់ខ្លាចណាស់ធានាប្រពន្ធនោះជាប្រសើរសុខសូន្យ។ ប្រពន្ធជាត្រី ឈ្មោះភគិនី-ភរិយាដូចប្អូន ស្រឡាញ់បងពិតលំអិតលំអូនទទួលដំបូន មានមាត់ពាក្យបង។ ផ្ដាច់ផ្ដួលតែមួយនឹងចងជាត្រួយ ចិត្តចាំបំណង ពំនាក់ពំនឹងពាក់ពឹងប៉ុនប៉ងតែនឹងអង្គបងឥតម៉ៃទីទៃ។ ប្រពន្ធណាចូលនឹងប្ដីមួយមូលចិត្តជាប់អាល័យ ដូចប្អូននឹងបងចាំចងអាស្រ័យ ប្រពន្ធនោះថ្លៃមធ្យមពេកពិត។ ប្រពន្ធចត្វាឈ្មោះហៅសខាភរិយាដូចមិត្រ សំឡាញ់ស្រឡាញ់ អស់អញពេកពិត ស្មើខ្លួនស្មើចិត្ត ស្ម័គ្រស្មោះចិន្ដា ។ បើមិត្រទៅបាត់ ស្ងប់ស្ងួតមុខមាត់ ទុក្ខទន់ទយា ឃើញមុខមកបាន ចិត្តក្សាន្តសោះសា ស្រស់ស្រួលភក្រ្ដា និរទុក្ខសោកសៅ។ ប្រពន្ធណាចិត្ត ស្រឡាញ់ប្ដីពិត គ្មានក្នុងគ្មានក្រៅ ដូចមិត្រនិងមិត្រ ចងចិត្តជាប់នៅ ប្រពន្ធនោះហៅ ឧត្តមក្រមាន ។ សម្ដែងភរិយា ទាំងបួនសឹងជា ក្រស្រីធ្វើបាន បើស្រីណាគិត ផ្ចង់ចិត្តសន្ដាន ស្រឡាញ់ប្ដីប្រាណ ដូចធម៌ទេស្នា ។ លោកថាស្រីនោះ ឮកេរ្តិ៍ពីរោះ ទួទៅនានា បើអស់ជីវិត នៅឋិតសួគ៌ា ចៀសចាកចតុរា-បាយបាបទុក្ខភ័យ។ ប្រពន្ធពុំជា ឈ្មោះវធកា- ភរិយាដូចនៃ សត្រូវចាំចង ទោសផងសព្វថ្ងៃ ប្រពន្ធចង្រៃ ប្ដីមានតែទុក្ខ បើប្ដីខុសចិត្ត វាគ្មានអាណិត ខេរខឹងច្រអុក ចាំចងទោសប្ដី ស្រដីកិកកុក ឲ្យមាត់ឲ្យមុខ វាសវាងវ្ហោះវ្ហើយ។ សុខទុក្ខសាំទាំ វាមើលបំណាំ នៅស្ងៀមព្រងើយ ពុំជួយទុក្ខភ័យ ដោះដៃកន្ដើយ ស្លាប់ដោយរស់ដោយ គ្មានចិត្តមេត្រី។ ចោរីភរិយា ប្រពន្ធពុំជា លបលួចទ្រព្យប្ដី គ្មានចិត្តករុណា មេត្តាប្រណី របស់ទ្រព្យអ្វី លក់ចាយអស់ធួន។ អយ្យាភរិយា ប្រពន្ធពុំជា តម្កើងតែខ្លួន ចេះតែប្រើប្ដី ឥតបីមានស្ងួត ធ្វើឫកណាំនួន ទុកប្ដីដូចខ្ញុំ។ ប្រពន្ធទាំងបី ធ្លាក់ទៅអវិចី រងទុក្ខដំណំ ក្នុងខ្ទះភ្លើងក្ដៅ យូរនៅក្រៀមក្រំ ព្រោះចិត្តខ្លួនធំ ជាងប្ដីអាត្មា។ ឯប្រពន្ធបួនមុខនោះគួរស្ងួន យកជាភរិយា នឹងកើតរបស់កេរ្តិ៍យសសក្ដា ថ្កើងពូជពង្សាសោយសុខថេរឋិត។ សំដែងបរិ យាយ ភរិយាទាំង ឡាយ ប្រាំពីរចរិត ទាំងជួទាំងជាពណ៌នាពោលពិត ចែងចប់ពិនិត្យ តាមអត្ថគាថា។ គួរទន្ទេញឲ្យចាំមាត់ឬបង្គាប់ កូនចៅតូចៗឲ្យទន្ទេញចាំស្ទាត់ ហើយឲ្យនាំគ្នាសូត្ររឿយៗ ដើម្បីរំលឹកគ្នាក្នុងគ្រួសារ ក៏ជាការប្រពៃណាស់) ។
ច្បាប់គតិយុត្តិ និង គោលការណ៍សីលធម៌សម្រាប់គ្រួសារ មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ជួយបង្ការទប់សង្កាត់ និងជម្រុញជនប្រុសស្រីឱ្យលះបង់អំពើអាក្រក់និងធ្វើការ ងារដើម្បីសេចក្ដីរីកចម្រើនក្នុងគ្រួសារ ក៏ដូចនៅក្នុងសង្គមជាតិទាំងមូល។ ជាធម្មតាមនុស្សមានការដឹងខុសត្រូវចង់បានសេចក្ដីថ្លៃថ្នូរដោយសារមានសតិគ្រប់គ្រាន់។ ប៉ុន្តែទោះមានទ្រឹស្ដីក្បួនច្បាប់ជួយអប់រំឃុំគ្រងយ៉ាងណាក៏ដោយ ក៏មនុស្សក្មេងចាស់ប្រុសស្រីនៅតែភ្លាត់ប្រព្រឹត្តិកំហុសដោយចេតនា ឬអចេតនាដែរ ដោយសារឥទ្ធិពលនៃកត្តាផ្សេងៗ។ កត្តាទាំងនោះធ្វើឱ្យមនុស្សទៅជាឆ្គួត វិកលចរិតឬខូចចរិត។ កត្តាឆ្កួតមានច្រើនយ៉ាង ដូចជា កាមុម្មត្តកៈ ឆ្កួតកាម; ចិត្តុម្មត្តកៈ ឆ្កួតចិត្ត; ទិដ្ឋុម្មត្តកៈ ឆ្កួតទិដ្ឋិ; បិតុម្មត្តកៈ ឆ្កួតប្រមាត់; យក្ខុម្មត្តកៈ ឬបិសាចុម្មត្តកៈ ឆ្កួតព្រោះខ្មោចចូល; សុរុម្មត្តកៈ ឆ្កួតស្រា; អក្ខធុត្តុម្មត្តកៈ ឆ្កួតល្បែងស៊ីសង; អបាយមុខុម្មត្តកៈ ឆ្កួតអបាយមុខ; ឥត្ថុម្មត្តកៈ ឆ្កួតស្រី ជាដើម។ ការខូចចរិត របស់មនុស្សនាំឱ្យមានការប្រព្រឹត្តិអំពើអសីលធម៌ក្នុងសង្គម និងបណ្ដាលឱ្យតម្លៃសីធម៌ធ្លាក់ចុះ។ ចំពោះគ្រួសាខ្មែរបច្ចុប្បន្ន តើការប្រតិបត្តិសីលធម៌ មានសភាពលក្ខណៈដូចម្ដេចខ្លះ?
[1] ច្បាប់ គឺជាវិធានចែងជាលាយលក្ខណ៍អក្សរដែលបង្ខំឲ្យទទួលខុសត្រូវតាមរដ្ឋវប្បវេណីនិងព្រហ្មទណ្ឌ។ វាត្រូវបានបង្កើតដោយអាជ្ញាធរ រដ្ឋាភិបាល សភាជាតិ ដើម្បីឲ្យមនុស្សទូទៅអនុវត្ត ជាពិសេសតុលាការ ។
[2] គោលការណ៍សីលធម៌(moral principle) ជាវិធានបង្កប់ក្នុងទំនៀមទម្លាប់ ប្រពៃណីទ្រឹស្ដីជាដើម។ វាកកើតឡើងដោយការ ទទួលស្គាល់ដោយសមាជិកទូទៅនៃសង្គមពីមួយជំនាន់ៗ។ វាត្រូវបានមនុស្សទូទៅក្នុងសង្គមប្រើជាប្រចាំតាមវិធីលើកទឹកចិត្ត និងត្រិះរិះពិចារណាដោយវិចារណញ្ញាណ គឺវាមិនត្រូវបានគេចាប់បង្ខំឲ្យមនុស្សប្រតិបត្តិដោយការផាកពិន័យឬទណ្ឌកម្ម ជាផ្លូវការអ្វីឡើយ ។ វាមានលក្ខណៈទូទៅ និងអរូបី ហើយមានវិសាលភាពគ្រប់កាលៈទេសៈទាំងអស់។
[3] ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ត្រូវបាន រដ្ឋសភានៃរដ្ឋកម្ពុជាបានអនុម័ត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើកទី១៧ នីតិកាលទី១។ ច្បាប់នេះមានគោល ដៅដាក់បទបញ្ជា និងការពារការរៀបអាពាហ៍ពិពាហ៍ នឹងជីវភាពគ្រួ សារ ធានាសមភាពរវាងសហព័ទ្ធក្នុង អាពាហ៍ ពិពាហ៍និងក្នុងគ្រួសារ ពង្រឹងការទទួលខុសត្រូវរបស់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែរក្សាកូន និងជុំរុញការបណ្ដុះបណ្ដាលសីលធម៌និងការអប់រំកូនដើម្បី អោយទៅជាពលរដ្ឋល្អមានមនសិការស្នេហាជាតិស្រលាញ់ ការ ងារ មានសម្បជញ្ញៈទទួលខុសត្រូវចំពោះ សង្គម។
[4] ច្បាប់ស្តីពីអនុវត្តក្រមរដ្ឋប្បវេណីឆ្នាំ២០១១ អនុម័តឡើងដើម្បីអនុវត្តក្រមរដ្ឋប្បវេណី ដោយព្រះរាជក្រមចុះថ្ងៃ៨ធ្នូ២០០៧។
[5] ជួន ណាត, វចនានុក្រមខ្មែរ, ការផ្សព្វផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពគ្រាទី៥, ឆ្នាំ១៩៦៧ ទំព័រ ៩២៣
[6] ជួន ណាត, វចនានុក្រមខ្មែរ, ការផ្សព្វផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពគ្រាទី៥, ឆ្នាំ១៩៦៧ ទំព័រ ៤១០
៤.ការប្រតិបត្តិសីលធម៌ក្នុងគ្រួសារខ្មែរបច្ចុប្បន្ន
គ្រួសារ គឺជាក្រុមមួយដែលមានសមា សភាពប្ដី ប្រពន្ធ កូន និងជាយថាហេតុមានសមាជិក ញាតិវង្ស ដែលមករួមរស់ក្នុងផ្ទះជាមួយគ្នា។ គ្រួសារ គឺជាការសិកានៃសង្គម ជាអ្នកធានារ៉ាប់រងបង្កើតជានិរន្តនៅពូជពង្ស មនុស្ស។ ក្រុមគ្រួសារជាអ្នកធានារ៉ាប់រងធ្វើឱ្យបុគ្គលទាំងឡាយចូលរួមក្នុងជីវិតភូមិសាស្ត្រ និងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ,គ្រួសារ គឺជាការដង្ហើមស្លាប់រស់នៃសង្គម។ សង្គមអន់ថយ ឬរីកចម្រើនក៏អាស្រ័យលើឥរិយាបថនៃសមាជិកគ្រួសារដែរ។ ផ្ទុយមកវិញ សង្គមក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រួសារវិញដែរ។ បើសង្គមអាប់អួ ឬរីកចំរើន នោះគ្រួសារក៏ទទួលភាពអាប់អួ ឬរីកចំរើនទៅតាមនោះដែរ។
ក្នុងអតីតកាលសង្គមខ្មែរធ្លាប់មានអារ្យ ធម៌ខ្ពង់ខ្ពស់, ប្រទេសជាតិសម្បូរណ៍ស្តុកស្តម្ភ ថ្កុំថ្កើងរុងរឿង, មានកិត្យានុភាពល្បីរន្ទឺ,ជាអា ណាចក្រដែលមានទឹកដីទូលំទូលាយ។ បន្ទាប់មកក្នុងអំទ្បុងពីរទសវត្សចុងក្រោយ សង្គមខ្មែរ ដោយសារទទួលរងឥទ្ធិពលនៃការប្រកួតប្រជែងមនោគមវិជ្ជានយោបាយ នៃប្រទេសជឿនលឿនខាងសេដ្ឋកិច្ចឧស្សាហកម្ម បានធ្លាក់ឱនថយ វិនាសអន្តរាយយ៉ាងដំណំ។ របបខ្មែរក្រហមបន្សល់ទុកនូវការព្រាត់និរាស្ត្របែកបាក់យ៉ាងធំធេងដល់គ្រួសារខ្មែរ។ កុមារកំព្រា ស្ត្រីម៉េមាយ បុរសពោះម៉ាយ មនុស្សចាស់ជរាគ្មានទីពឹង មនុស្សបាក់ទ្រុឌទ្រោមកម្លាំងកាយ សតិស្មារតីមិនហ្នឹងហ្ន គឺជាបន្ទុកដ៏ធ្ងន់សម្រាប់សាធារណរដ្ឋប្រជាមានិតុកម្ពុជា និងរដ្ឋកម្ពុជា ហើយផលវិបាកទាំងអស់នេះ នៅតែជាវិបត្តិបន្តសម្រាប់គ្រួសារខ្មែរបច្ចុប្បន្ន។ ការបំបាត់សាលារៀន មិនឱ្យតម្លៃលើការសិក្សាមេរៀនទ្រឹស្ដី, មិនឱ្យតម្លៃសញ្ញាបត្រ ឱ្យតម្លៃតែសញ្ញាឃើញ បង្ខំឱ្យពលកម្មជាទាសករ ពួកកុម្មុយនីស្តិ ខ្មែរក្រហមបានបង្អត់អាហារ និងវាយកាប់សម្លាប់ និងអ្នកចេះដឹង បញ្ញាវន្ត ធនធានមនុស្ស និងបំផ្លិចបំផ្លាញសៀវភៅ ឯកសារ ក្បួនច្បាប់ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ ស្ទើរគ្មានសល់។ អ្នកដែលនៅរស់រានមានជីវិតពីរបបអប្រីយ៍នេះ បានស្តារជីវភាពគ្រួសារយ៉ាងតោកយ៉ាក។ ម្នាក់ៗគិតតែរឿងស្តារសេដ្ឋកិច្ចគ្រួសារ និងបន់ស្រន់កុំឱ្យរបបនេះវិលត្រឡប់ជាថ្មីម្ដងទៀត។ ដោយខ្វះពេលាម្រាប់អប់រំសិក្សារៀនសូត្រ និងខ្វះអ្នកចេះដឹង ខ្វះគ្រូជំនាញ ខ្វះការអាន ខ្វះការទទួលបានព័ត៌ មាន ធ្វើឱ្យពលរដ្ឋខ្មែរភាគច្រើនយល់ដឹងមិនបានគ្រប់គ្រាន់អំពីមរតកវប្បធម៌របស់ខ្លួនឡើយ ។
នៅក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស្ត ឆ្នាំ១៩៩៣ ខ្មែរបានរួបរួមគ្នាដើម្បីឯកភាពជាតិ ជាមួយបណ្ដាភាគីជម្លោះខ្មែរទាំងអស់ក្រោមរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែជាអកុសល ការមិនទុកចិត្តគ្នាបានកើតមានពាសពេញសង្គមខ្មែរទាំងមូល ទាំងក្នុងក្រុមការងារ បក្សពួកនយោបាយ ក្រុមគ្រួសារ និងក្រុមញាតិមិត្ត ដោយសារតែទំនាស់ និងភាពអាត្មានិយម តួឯកនិយម។
បច្ចុប្បន្ន កម្ពុជាការពារបាននូវសន្តិភាព១០០% ប៉ុន្តែដោយឥទ្ធិពលនៃការមិនទុកចិត្តគ្នានេះ បណ្ដាលមានការលំបាកដល់ល្បឿនអភិវឌ្ឍន៍ និងការស្ដារកេរ្តិ៍ឈ្មោះមុខមាត់នៃព្រះរាជាណាចក្រអច្ឆរិយៈនៅលើឆាកអន្តរជាតិផងដែរ ។ ការអនុវត្តច្បាប់តាមប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ក្នុងដំណាក់កាលបច្ចុប្បន្នគឺជាយន្តការដើម្បីកាលានុវឌ្ឍនភាពមួយដែលចាំបាច់សម្រាប់អត្ថិភាពសុខដុមនីយកម្មសង្គមខ្មែរទាំងមូល។
៤.១. ភស្តុតាងខ្លះនៃទំនាស់និងអំពើហិង្សាក្នុងគ្រួសារ
សីលចរិយាទូទៅ តម្រូវឱ្យសមាជិកគ្រួសារម្នាក់ៗ គោរពករណីយកិច្ចរបស់ខ្លួន ដូចជាប្តី, ប្រពន្ធ,ឪពុកម្ដាយ,កូន, បងប្អូនប្រុសស្រី ត្រូវតែបំពេញសីលកាតព្វកិច្ចតាមមុខងារ តួនាទី រៀងៗខ្លួន។ បើប្ដីប្រពន្ធមិនបានបំពេញបានត្រឹមត្រូវតាមនិយាមសីលធម៌ទេ ទំទាស់និងអំពើហិង្សានឹងអាចកើតមានឡើង។ អំពើ អសីលធម៌ទាំងនេះប្រឈមនឹងការរិះគន់ មើលងាយ មិនឱ្យតម្លៃពីមហាជនក្នុងសង្គម។
ទំនាស់ និង អំពើហិង្សា គឺជាអំពើអសីធម៌ ដែលតែងកើតមានឡើងជារឿងៗ ជាធម្មតា ក្នុងសង្គមគ្រួសារ ព្រោះថាចានក្នុងរាវតែងមានរណ្ដំ ឬអណ្តាតនៅជាមួយធ្មេញលែងអីប៉ះទង្គិចគ្នា។ អំពើអសីធម៌ គឺជាសកម្មភាពទាំងឡាយ ដែលផ្ទុយពីសីលនិយាម និង ការព្រងើយកន្តើយចំពោះសីលកាតព្វកិច្ចដែលធ្វើឱ្យអ្នកដទៃមិនពេញចិត្ត ឬធ្វើឱ្យគេទទួលរងនូវការឈឺចាប់។ អំពើហិង្សាក្នុងគ្រួសារ គឺជាឥរិយាបទនៃការប្រព្រឹត្តិអសីលធម៌នៃសមាជិកគ្រួសារ មានប្តីប្រពន្ធ ឪពុកម្តាយ កូន បងប្អូន ដែលនៅក្នុងបន្ទុកគ្រួសារ។ ក្នុងសង្គមខ្មែរ អំពើអសីលធម៌ក្នុងគ្រួសារ ភាគច្រើនពាក់ព័ន្ធនឹងអំពើហិង្សាខាងផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង ផ្លូវសេដ្ឋកិច្ច។ ការរំលោភបំពានលើគោលការណ៍សីលធម៌ មិនប្រតិបត្តិវិន័យគ្រួសារក្នុងជីវិតអាពាហ៍ពិពាហ៍ ដោយបង្ហាញចរិកលក្ខណៈប្រមាថមាកងាយ ការរំលោភការបំពាន ការគំរាមគំហែងលើផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច មកលើប្ដីប្រពន្ធ ឪពុកម្ដាយឬកូន តែងលេចឮសឹងតែរាល់ថ្ងៃនៅតាមបណ្ដញប្រព័ន្ធផ្សព្វផ្សាយសង្គម នានា។សូមដកស្រង់ភស្តុតាងខ្លះៗអំពីអំពើហិង្សា ក្នុងគ្រួសារ ដែលមានលើប្រព័ន្ធផ្សព្វផ្សាយដូចតទៅ៖
ក.ប្រពន្ធដើមប៉ូលិសស័ក្តិ៣ដែលមានស្រី ទាមទារអ្វីខ្លះពេលនេះ? [1]
ស្រ្តីម្នាក់បានរៀបរាប់ថា ចាប់តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកនាងខិតខំធ្វើការ ងារគ្រប់បែបយ៉ាងដើម្បីគ្រួសាររហូតប្តីមានឋានន្តរស័ក្តជាលោកអនុសេនីយ៍ឯក(ស័ក្តបី)។ ប្តីគាត់យកប្លង់ដីទៅដាក់ខ្ចីលុយធនាគារ ឯកជនចំនួន១ម៉ឺនដុល្លារ ដើម្បីមើលជំងឺរបស់គាត់ លុះដល់មើលជំងឺជាហើយ បែរជាប្ដីចុះចោលប្រពន្ធកូន យកលុយដែលនៅសល់ ទៅរៀបសែនព្រេនជាមួយគ្រូបង្រៀនម្នាក់ជាស្រីស្នេហ៍ធ្វើជាប្រពន្ធម្នាក់ទៀត។ រូបគាត់និងកូនពីរនាក់រស់នៅឯកការ និងរកលុយដោះបំណុលធនាគារឯកជន។
ខ.ចាប់ខ្លួនម្ចាស់កាំភ្លើងខ្លីដែលឲ្យបុរសម្នាក់យកទៅបាញ់ប៉ុនប៉ងផ្តាច់ជីវិតគូស្នេហ៍[2]
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីផ្តល់អាវុធឲ្យទៅបុរសម្នាក់យកទៅបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិតគូស្នេហ៍វ័យក្មេង ដែលនាងទើបមានកូនស្រី១អាយុ៩ខែ។ តាមការបំភ្លឺពីជនរងគ្រោះថាមានការទំនាក់ ទំនងស្នេហាជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៧ រហូតដល់បច្ចុប្បមានកូនស្រីម្នាក់ អាយុ៩ខែ។ ក្រោយមកដោយដឹងថា ប្ដីហេងស៊យរបស់ខ្លួនមិនទាន់លែងលះប្រពន្ធ ដើមដាច់ស្រេច នាងក៏បានសុំប្តីហេងស៊យនោះបែកផ្លូវគ្នាជាច្រើនលើកមកហើយ។ នៅថ្ងៃទី២២ តុលា ឆ្នាំ២០២០ ជនល្មើស បានបើរថយន្តមួយគ្រឿងមួយគ្រឿងដឹករូបនាងនិងកូន។ ក្រោយឮ សម្លេងផ្ទុះអាវុធ នាងមានការឈឺចុកត្រង់ដើមទ្រូងខាងស្តាំនាងបានប្រតាយប្រតប់បើកទ្វាររថយន្តលោតចុះទៅលើថ្នល់ កៅស៊ូខណៈពេលរថយន្តកំពុងតែមានចលនាទៅមុខ។ ជនសង្ស័យឃើញដូច្នេះក៏បើករថយន្តថយក្រោយ ក្នុងគោលបំណងកិនរូបនាងឲ្យស្លាប់តែនាងបានលោតចុះទៅ ក្នុងទឹកប្រឡាយ ហើយជនសង្ស័យបានបើកទ្វារ រថយន្តចុះ ហើយរត់ទៅធ្វើសកម្មភាពប្រតាយប្រតប់ និងច្របាច់កនាងភ្លាមនោះរូបនាងក៏បានស្រែកឱ្យគេឯងជួយពេលនោះ ក៏មានប្រជាការពារភូមិបានចូលទៅជួយនាង ហើយជនសង្ស័យ ក៏បានរត់ឡើងរថយន្តបើកគេចខ្លួន ដោយនាំយកកូនស្រីនាងទៅជាមួយផងដែរ។ក្រោយចាប់ខ្លួនបានជន ល្មើសឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន ដោយសារខ្លួនខឹងជនរងគ្រោះចេះតែទារប្រាក់ជាបន្តបន្ទាប់ ហើយគម្រាមថាបើមិនឲ្យប្រាក់នាងទេនោះនាង និងយកកូនស្រីទៅជួបប្រពន្ធដើមខ្លួន ដែលអាចទៅជាទំនាស់ ឈានដល់ការលែងលះគ្នាទៀតផង។
គ.ប្រពន្ធលេងល្បែងប្តីផឹកស្រា ស្រវឹងកាលណាផ្ទុះហិង្សាប្រាវ[3]
ដោយសារឥទ្ធិពលសុរាលាយឡំជាមួយនឹងល្បែងស៊ីសង ធ្វើឲ្យកើតជាអំពើហិង្សា ។ ជាក់ស្តែង បុរសម្នាក់ខឹងប្រពន្ធទៅលេងបៀនៅផ្ទះគេ លុះពេលផឹកស្រាស្រវឹងជោកជាំក៏ទៅស្រែកជេរប្រមាថ និងវាយម្ចាស់ផ្ទះទៀត តែត្រូវម្ចាស់ផ្ទះវាយតបតវិញបណ្តាលឲ្យរងរបួស ។ ការវាយតប់គ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនម្ចាស់ផ្ទះផងដែរ។ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ៨និង៣០នាទីយប់ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ។ បុរសដែលត្រូវម្ចាស់ផ្ទះវាយឲ្យរបួសមាន អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។ ចំណែបុរសម្ចាស់ផ្ទះអាយុ៤០ឆ្នាំ មុខរបរលក់ដូរដូចគ្នា ។ ចំពោះករណីនេះ សមត្ថកិច្ចបានចាត់ការតាមនីតិវិធី។
ឃ.សង្ស័យមានទំនាស់ក្នុងគ្រួសារ! ប្តីប្រពន្ធបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត[4]
នៅម៉ោងប្រមាណ២និង៥០នាទី ប្តីប្រពន្ធបានសម្រេចចិត្តបំផ្ទុះគ្រាប់បែកធ្វើ អត្តឃាត។ ហេតុការណ៍ដែលកម្រនេះ បានកើតឡើងនៅរសៀលថ្ងៃទី២១ ខែសីហានេះ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចថាជនរងគ្រោះជាប្តីប្រពន្ធ ដោយប្តីមានអាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅទឹកដីខេត្តព្រៃវែង និងប្រពន្ធអាយុ៣២ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។
ង.គ្មានវាចា! សាងស្នេហ៍ថ្មី រៀបផែនការជាមួយប្រុសស្នេហ៍ផ្តាច់ជីវិតប្តីតាមផ្លូវ[5]
ស្រី្តម្នាក់ដែលផិតប្តីនិងប្រុសស្នេហ៍របស់ខ្លួន បានត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ត ក្រោយពីពួកគេរៀបគម្រោងសម្លាប់ប្ដីតែមិនបាន សម្រេច។ អ្វីដែលជាការហួសចិត្តបំផុតនោះ គឺក្រោយពីផែនការពួកគេមិនបានសម្រេច ក៏បានដឹកដៃគ្នាទៅសាងស្នេហ៍យ៉ាងផ្អែមល្ហែមនៅឯទីរួមខេត្តធ្វើព្រងើយ ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។ ជនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិអង្គតាឯកឃុំភ្នំតូច ស្រុកឧដុង្គ។ ស្រី្តដែលសមត្ថកិច្ចឃាត់ខ្លួននេះអាយុ១៨ឆ្នាំ ចំណែកប្រុសស្នេហ៍អាយុ២០ឆ្នាំ។ ឯបុរសជាប្តីដែលរួចផុតពីការរៀបគម្រោងសម្លាប់ពីសំណាក់ជនសង្ស័យទាំង២នាក់អាយុ១៧ឆ្នាំ ។
ច.អត់ឃើញម្តាយ កូនស្រីសួររក តែឪពុកចុងថាទៅធ្វើការ លុះធុំក្លិនស្អុយទើបដឹង[6]
ស្រ្តីម្នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួលមួយកន្លែងរហូតមានសភាពហើមស្អុយទៅហើយ ទើបត្រូវបានអ្នកភូមិនិងកូនស្រីដឹងថា បាត់បង់ជីវិត។ ពាក់ព័ន្ធនឹងករណីនេះគេមានការសង្ស័យថា ប្ដីចុងរបស់ស្ត្រីរងគ្រោះជាអ្នកប្រព្រឹត្ត ព្រោះបន្ទប់មានចាក់សោរពីខាងក្រៅ ហើយប៉ុន្មានថ្ងៃមកនេះ បុរសជាប្ដីនៅផឹកស៊ីក្នុងភូមិនោះរហូត លុះក្រោយពេលមានការភ្ញាក់ផ្អើលថា ស្ត្រីរងគ្រោះបាត់បង់ជីវិត ស្រាប់តែបុរសជាប្តីចុងនោះគេចខ្លួនបាត់តែម្ដង។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ស្រ្តីបាត់បង់ជីវិតខាងលើមានអាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិជ្រួល ឃុំបាល្ល័ង្ក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ ដោយមានប្ដីចុងអាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់។ អ្នកទាំងពីរបានទទួលយកគ្នាជាប្ដីប្រពន្ធអស់រយៈពេល៣ឆ្នាំមកហើយ។ កូនស្រីរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា កន្លងមក ម្ដាយរបស់នាង និងប្ដីចុងបានស្នាក់នៅបន្ទប់ជួលមួយ ម្ដាយនាងមិនសូវមានសេចក្ដីសុខ និងសុភមង្គលនោះទេ ព្រោះតែឧស្សាហ៍កើតរឿងឈ្លោះប្រកែក និងវាយតប់គ្នាជាមួយបុរសជាប្ដីចុងជាញឹកញាប់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បុរសជាប្តីចុងខាងលើ ធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សាមកលើស្ត្រីរងគ្រោះជាប្រពន្ធផងដែរ។
ឆ.ទំនាស់ក្នុងគ្រួសាររវាងម្ដាយនិងកូនស្រី រឿងផ្លូវបួនម៉ែត្រ នាំឲ្យម្ដាយយកថ្មចាក់បិទផ្លូវផ្ទះកូនស្រី[7]
ទំនាស់ក្នុងគ្រួសាររវាងម្តាយ និងកូនស្រី២នាក់ដោយសាររឿងផ្លូវ៤ម៉ែត្រដែលទុកចេញចូលរួម ម្តាយខឹងកូនមិនព្រមឲ្យលុយខ្លះទៅគាត់ទើបបានហៅរថយន្តដឹកកម្ទេចថ្ម០៥រថយន្តមកចាក់បាំងផ្លូវមិនឲ្យកូនស្រី២គ្រួសារនៅខាងក្រោយចេញចូល។ ករណីនេះបង្ករផ្ទុះឡើងកាកពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៥ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភាគីទំនាស់ទី១គឺ ម្តាយ អាយុ៧១ឆ្នាំ, ភាគី២ឈ្មោះកូនស្រីបង្កើត២នាក់ ម្នាក់អាយុ៤៩ឆ្នាំ និងម្នាក់ទៀតអាយុ៤៤ឆ្នាំ។ ទាំងបីនាក់មានមុខរបរជាមេផ្ទះ។
ស្ត្រីជាកូនទាំង២នាក់ បានប្រាប់ថា តាមពិតទៅដីខាងលើគឺត្រូវបានឳពុកម្តាយគាត់បែងចែកឲ្យម្នាក់១ឡូមែនតាំងពីឳពុកគាត់មិនទាន់ស្លាប់ម្លេះ ដោយកាលនោះបែងចែក៤ឡូរគឺគាត់៣នាក់ជាកូន១ម្នាក់១ឡូរនិងម្តាយឳពុកគាត់មួយឡូរដែរតែក្រោយពីឳពុកគាត់ស្លាប់ទៅម្តាយបានលក់ចំណែករបស់គាត់ទៅហើយក្រោយបានលុយគាត់ទៅនៅជាមួយកូនច្បងដែលមានដីឡូរជាប់គ្នារហូតមកដល់សព្វថ្ងៃ។ ម្តាយគាត់បានទារលុយពួកគាត់២នាក់ម្នាក់១.៥០០ដុល្លា២នាក់ស្មើ៣.០០០ដុល្លារ ហើយពួកគាត់បានឲ្យទៅ ម្តាយជាតំណាក់កាលម្តងបន្តិចៗអស់១.៤០០ដុល្លាហើយតែក្រោយមក ម្តាយគាត់បានប្រាប់ថាគាត់មិនបានទទួលលុយខាងលើទេ។
៤.២.ទម្រង់នៃទំនាស់ និងអំពើហិង្សា
យើងសង្កេតឃើញាថា សមាជិកនៃក្រុមគ្រួសារ ដែលមានទំនាស់ និងប្រព្រឹត្តិអំពើហិង្សាក្នុងគ្រួសារ ដែលបង្កឱ្យមានរបួសដល់រាងកាយ គ្រាំគ្រាផ្លូវចិត្ត ឬបាត់បង់ជីវិត នោះធ្វើឱ្យគ្រួសារទាំងមូលរស់នៅគ្មានសុភមង្គលឡើយ។ អ្នកដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ជួបប្រទះការផ្លាស់ប្តូររាងកាយ ផ្លូវចិត្តឬខាងវិញ្ញាណ ដែលអាចស៊ូទ្រាំ និង អាក្រក់ប្រសិនបើពួកគេមិនបានដោះ ស្រាយ។ ការមានទំនួលខុសត្រូវចំពោះអារម្មណ៍ ឬការចេះគ្រប់គ្រងអារម្មណ៍ និងសកម្មភាពរបស់ខ្លួនទាក់ទងនឹងអំពើហិង្សា ដឹងពីវិធីសាស្ត្រគ្រប់គ្រងអារម្មណ៍ ដើម្បីបញ្ជៀសប្រើអំពើហិង្សានៅពេលមានកំហឹង អាចជ្រើសរើសបាន ដូចជា អានសៀវភៅ ស្តាប់ចម្រៀង លេងកីឡា ពុះអុស ងូតទឹកត្រជាក់ ស្រែកខ្លាំងនៅទីវាល។ល។ អំពើហិង្សាក្នុងគ្រួសារមានទម្រង់បួនប្រភេទគឺ អំពើហិង្សា ៖
១.ផ្លូវកាយ គឺការបៀតបៀនធ្វើឱ្យឈឺចាប់ដល់រូបរាងកាយទោះមានឬគ្មានស្លាកស្នាម ជួន ពិការឬស្លាប់ដោយមធ្យបាយផ្សេងមានការ វាយនឹងដំបងបុកឬបាញ់កាប់ចាក់ជាដើម។
២. ផ្លូវចិត្ត គឺការបៀតបៀនធ្វើអោយឈឺចាប់ផ្លូវចិត្ត ដូចជាការប្រើពាក្យសំដីជេរប្រមាថ គំរាមគំហែង បិទសិទិ្ទសេរីភាព។ល។
៣. ផ្លូវភេទ គឺការបៀតបៀនធ្វើអោយឈឺចាប់ផ្លូវភេទ តាមរយៈការរំលោភផ្លូវភេទការធ្វើអាស្រូវ អាសអាភាស ការបៀតបៀនកេរខ្មាស ដូចជាការបង្ខំរួមភេទជាដើម។
៤. សេដ្ឋកិច្ច គឺគំនាបធ្វើបាបខាងសេដ្ឋកិច្ច ដូចជា បិទសិទ្ធិក្នុងការររកប្រាក់ចំណូល, មិនឲ្យទៅធ្វើការរកប្រាក់ចំណូល, មិនអោយចូលរួមចាត់ចែងទ្រព្យសម្បត្តិ(ទុក្ខប្ដីស្រីកាន់លុយ)។
៤.៣. មូលហេតុនៃអំពើហិង្សា
អំពើហិង្សាក្នុងគ្រួសារកើតឡើងដោយសារមូលហេតុ មិនយល់ដឹងច្បាស់លាស់អំពី ច្បាប់គតិយុត្តិនិងគោលការណ៍សីលធម៌ដែល មានជាធរមាន ឬមិនដឹងច្បាស់ពីទ្រឹស្ដីសំខាន់នៃសាសនានានាដែលខ្លួនគោរព។ ការមិនយល់ដឹងនេះធ្វើឱ្យគេមិនខ្លាចមិនគោរពច្បាប់ ឬដំបូន្មានទាំងនោះ។ គេក្លាយខ្លួនជាជនអវិជ្ជាច្បាប់ឬក្លាយទៅមនុស្សខូចចរិត (ឧម្មត្តក) ដោយហ៊ានប្រើអំណាចត្រួតត្រាលើសមាជិកគ្រួសារ,ការខ្វះវិធីគ្រប់គ្រងកំហឹងរបស់ខ្លួនបង្ខំឱ្យគេគោរពខ្លួន, បង្គាប់បញ្ជាឱ្យគេធ្វើតាមខ្លួន,បញ្ចេញអំណួតថាខ្លួនជាមនុស្សខ្លាំងពូកែ,ប្រកាន់ទស្សនៈមួយចំនួនដូចជាទស្សនៈអាត្មានិយម, បិតាធិបតេយ្យ(ស្ត្រីមិនស្មើនឹងបុរស, ប្រពន្ធជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្ដី, ប្រពន្ធជាទាសកររបស់ប្ដីតាមរយៈលុយថ្លៃទឹកដោះ, យល់ថាខ្លួនមាននាទីប្រើហិង្សាលើសមាជិកគ្រួសារដើម្បីដោះការស្រាយបញ្ហា និងប្រើច្បាប់ផ្ដាច់ការគ្មានគុណធម៌ជាដើម។
៤.៤. ផលវិបាកនៃអំពើហិង្សា
ចំពោះជនរងគ្រោះទទួលរងរបួសស្នាមលើរាងកាយ អាចពិការរយៈខ្លីឬវែងឬរហូតដល់បាត់បង់អាយុជីវិត និងទទួលរងគ្រោះ ផ្លូវចិត្តដោយផ្ទាល់ឬប្រយោល, អាចរត់ចេញពីផ្ទះងាយគេអូសទាញ មានការធ្លាក់ទឹកចិត្តឬជំងឺផ្លូវចិត្តឬវិកលចារិកឬធ្វើអត្តឃាត,រៀនសូត្រមិនបាន,ខ្លាចគេ,បាក់ស្បាត,បាត់ភាពក្លាហាន,បាត់បង់នូវភាពកក់ក្តៅពីគ្រួសារ។ ចំពោះជនប្រព្រឹត្តល្មើសទទួលបាននូវការ អាម៉ាស ការមើលងាយ,ឯកោគ្មានគេហ៊ានរាប់អាន,បាត់បង់ក្តីស្រលាញ់ពីប្រពន្ធ កូន បងប្អូន សាច់ញាតិ និងមិត្តភក្តិ,សង្គមមិនចូលចិត្ត, ទទួលទោសតាមផ្លូវច្បាប់ជាធរមាន។ លើសពីនេះ ចំពោះសហគមន៍វិញ ក៏មានបញ្ហាច្រើនពីអំពើហិង្សានេះដែរ គឺបង្កើតនូវអពមង្គលនៅក្នុងសហគមន៍,រំខានដល់អាជ្ញាធរមាន សមត្ថកិច្ច បងប្អូន អ្នកជិតខាងគ្រូពេទ្យ,ជាគំរូអាក្រក់ដល់កុមារ ដែលពួកគេអាចចម្លងទង្វើនេះបន្តទៀត, និងប៉ះពាល់កិត្តិយល់សហគមន៍ជាដើម។
៤.៥. វិធីកាត់បន្ថយអំពើហិង្សា
ក.និយាយពន្យល់ពីផលប៉ះពាល់នៃអំពើហិង្សាដោយបើកចំហជាមួយមិត្តភក្តិ ឪពុក ម្តាយ និង សហគមន៍
ខ.ធ្វើការដោយផ្ទាល់ជាមួយសហគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថហិង្សានិងការពារមនុស្សគ្រប់គ្នាក្នុងសហគមន៍
គ.គ្រប់គ្រង់ការទទួលខុសត្រូវរបស់ខ្លួនលើការប្រើប្រាស់គ្រឿងស្រវឹង
ឃ.ស្វះស្វែងរកវិធីសាស្ត្រដោះស្រាយដោយអហិង្សា
ង.លើកទឹកចិត្តយុវវ័យអោយចេះគោរពខ្លួនឯង និងគោរពគ្នាទៅវិញទៅមក
ច.ធ្វើផែនការដើម្បីការពារខ្លួនអ្នកអោយមានសុវត្ថិភាព ឬចាកចេញពី ស្ថានភាពនៃអំពើហិង្សានោះ, បើអ្នកត្រូវបានគេវាយ ឬទទួលការឈឺចាប់នៅទីណាក្តី ចូរប្រាប់បញ្ហានេះអ្នកណាដែលអាច ទុកចិត្តបាន ដើម្បីឲ្យគេជួយអ្នកស្វែងរកវិធីដោះស្រាយ, ស្វែងរកជំនួយផ្លូវច្បាប់សម្រាប់ជនរងគ្រោះដោយអំពើហិង្សា។
ឆ.អប់រំ ផ្សព្វផ្សាយ អោយប្រជាជនយល់ដឹងអំពីច្បាប់ដែលមានជាធរមាន ដូចជា សេចក្ដីប្រកាសជាសកលស្តីអំពី សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ(១៩៤៨), អនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ(១៩៩៣), អនុសញ្ញាស្តីពីសិទ្ធិកុមារ(១៩៨៩), និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣, និង អនុវត្តអោយបានត្រឹមត្រូវនូវ ៖ ក្រមព្រហ្មទណ្ឌ(២០០៩), ច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ, ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ(២០០៥), ច្បាប់ស្ដីអំពីឯកព័ន្ធភាព, គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាដើម។
ជ. អប់រំ ផ្សព្វផ្សាយ អោយប្រជាជនយល់ដឹងអំពីគោលការណ៍ច្បាប់សីលធម៌ទាំងអស់ដែលជាកេរមរកតវប្បធម៌របស់ដូនតាខ្មែរ។
[1] ថុក សុខា, កោះសន្តិភាព, ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២https://kohsantepheapdaily.com.kh/article/1153749.html
[2] ឃឹម ប៊ុនណាក់, ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០, https://kohsantepheapdaily.com.kh/article/1197884.html
[3] ប៉ឹង ឆដា, ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២០, https://kohsantepheapdaily.com.kh/article/1199529.html
[4] ថ្ងៃ ពុធ ទី ២២ ខែ សីហា ឆ្នាំ ២០១៨, http://apsaracentral.com/article/2521
[6] យន់ ស៊ីថា (កែសម្រួលដោយធីតា), ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០, https://kohsantepheapdaily.com.kh/article/1105135.html
[7] Postnews, ថ្ងៃសុក្រ ទី24 ខែមិថុនា ឆ្នាំ2016 https://postnews.com.kh/local/35059
៥.កត្តាមួយចំនួនសម្រាប់ជីវិតប្រកបដោយសុភមង្គល
៥.១.កត្តាថវិកាសម្រាប់គ្រួសារ
លក្ខខណ្ឌដើម្បីអាចរៀបការក្លាយគ្រួសារល្អមួយ វាត្រូវការយៈពេលសមស្រប។ ការរជ្រើសរើសដៃគូររៀបការ ដើម្បីកសាងគ្រួសារ អាស្រ័លើជីវភាពជាក់ស្ដែង ជួនកាលមានការបែងចែកឋានៈទៅតាមធនធានទ្រព្យសម្បត្តិទៀតផង។ ដោយសារជីវភាពខ្សត់ខ្សោយ យុវជនខ្លះមិនហ៊ានរៀបការ, យុវនារីខ្លះចាញ់បោកបុរសដោយសារតែងងប់ងុលសម្ភារៈនិយម។ល។ យុវវ័យខ្មែរភាគច្រើន ចាប់ផ្តើមកំណត់ផែនការថា ទាល់តែខ្លួនគេមានមុខរបរអាចចិញ្ចឹមជីវិតបានប្រសើរ ទើបអាចរៀបការបាន។ ការរៀបការជាមួយមនុស្សបំណុល គឺក្លាយមនុស្សរអភព្វទ្រព្យតដល់កូនចៅ។
មកដល់បច្ចុប្បន្ន ការរៀបចំកសាង គ្រួសារ មួយមិនងាយស្រួលទេ។ យុវជនយុវនារីខ្មែរភាគច្រើនជាអ្នកធ្វើការជាកម្មករ ទទួលបានប្រាក់ឈ្នួលកំរិតទាបដែលពិបាកសន្សំយកទៅធ្វើដើមទុនក្នុងការវិនិយោគលើអាជីវកម្មដោយខ្លួនឯងដើម្បីឱ្យមានលំនឹងឬសេរីភាពខាងហិរញ្ញវត្ថុណាស់។ ផែនការកសាងគ្រួសារមិនសូវទទួលបានជោគជ័យតាមបំណងដូចដែលបានគិតទុកឡើយ ដោយសារ លក្ខខណ្ឌផ្សេងៗ ពិសេសវិបត្តិថវិកា។ ការគ្រប់គ្រងចាត់ចែងថវិកាក្នុងគ្រួសារ ជាកត្តាសំខាន់បំផុតសម្រាប់គ្រួសារ។ ជីវិតគ្រួសារជាប្តីប្រពន្ធ គួរមានសិទ្ធស្មើរគ្នា។ ការដែលសំរេចចិត្តរៀបការជាមួយមនុស្សម្នាក់ គឺជាការប្តេជ្ញាចិត្តថាព្រមរួមសុខទុក្ខជាមួយគ្មា អ្វីៗជារបស់រួម ប៉ុន្តែការចាត់ចែងទុកដាក់ទ្រព្យត្រូវមានម្នាក់ក្នុងនោះជាអ្នកទទួលខុសត្រូវ។ បើប្តីឬប្រពន្ធជាមនុស្សកញ្ជើធ្លុះជាអ្នកកាន់កាប់លុយនោះ គ្រួសារទាំងមូលមិនអាចមានជីវភាពធូធារបានឡើយ។
តាមទម្លាប់ គ្រួសារខ្មែរភាគច្រើនក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច ជាធម្មតាភរិយាតែងតែគ្រប់គ្រងផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ ពោល គឺប្រពន្ធជាអ្នកទុកដាក់ប្រាក់ចំណូលដែលគ្រួសាររកបាន។ ដោយឡែក មានគ្រួសារខ្លះប្ដីជាអ្នកគ្រប់គ្រងលុយកាក់ ពោលគឺប្តីកាន់លុយ។ ប្ដីកាន់លុយ ប្រពន្ធខ្លះរងការឈឺចាប់ ពិបាកចិត្តនិយាយមិនរួច ដែលខ្មែរតែងនិយាយថា «ទុក្ខស្រីប្តីកាន់លុយ»។ ទុក្ខស្រីប្តីកាន់លុយ គឺជាទម្រង់នៃអំពើហិង្សាសេដ្ឋកិច្ចមួយសម្រាប់សង្គមខ្មែរ។ ហេតុអ្វីបានប្ដីកាន់លុយ? តើមកពីប្តីស្រឡាញ់លុយជាងប្រពន្ធ?។ ពិតមែន មានខ្លះប្តីស្រឡាញ់លុយជាងប្រពន្ធ ប៉ុន្តែចំពោះប្រពន្ធកញ្ជើធ្លុះបើអោយកាន់លុយ វាទៅជា «ទុក្ខប្តីស្រីកាន់លុយ» វិញមិនខាន។
៥.២.កត្តាមនោសញ្ចតនា និង សុខភាពនៃសមាជិកគ្រួសារ
អត្រាកំណើតនិងអត្រារស់រវាងបុរសនិងស្រ្តីខ្មែរ មានគម្លាតគ្នាខ្លាំង។ អត្រាកំណើតនិង អត្រារស់របស់បុរសខ្មែរមានតិចជាស្ត្រី។ អត្រារស់នៅបុរសទាបដោយសារ កត្តាកំណត់ធម្មជាតិ និងសង្គមដែលធ្វើឱ្យសុខភាពចុះខ្សោយដោយសារគ្រឿងញៀនស្រវឹង និង អតុល្យភាពនៃរបបអាហារ ដែលមានផ្ទុកសារជាតិគីមីដែលមានគ្រោះថ្នាក់ ការអត់ងងុយបាក់កម្លាំង និងគ្រោះថ្នាក់ផ្សេងៗ។ ចំពោះបុរសក្ររៀបអាពាហ៍ពិពាហ៍ ដោយសារកត្តាផ្សេងៗ ដូចជា ការចំណាយពេលរៀនសូត្រស្វែងរកចំណេះនិងសញ្ញាបត្រខ្ពស់ជីវភាពនិងប្រាក់ចំណូល ការប្រាក់សន្សំសម្រាប់ថ្លៃបណ្ណាការ សុខភាព ពេលវេលាធ្វើការងារ, សេរីភាពក្នុងការស្វែងរកការសប្បាយជាមួយមិត្តភក្តិ, និងការទទួលខុសត្រូវផ្សេងៗទៀត...។ ចំពោះស្ត្រីការរៀបអាពាហ៍ពិពាហ៍ក៏មានបញ្ហាស្មុគ្រស្មាញខ្លាំងក្នុងការសម្រេចបាននូវគោលដៅនិងគោលបំណងរបស់ខ្លួនដែរ។ ការជ្រើសដៃគូសម្រាប់ជីវិតឱ្យសមបំណងសម្រាប់ស្ត្រី គឺមានឱកាសតិចតួច។ ការបង្ហាញសេចក្ដីស្រឡាញ់របស់ខ្លួនចំពោះមនុស្សដែលខ្លួនចង់បានជាគូជីវិត មិនដូចអាចលាតត្រដាងដូចបុរសឡើយ។ ស្ត្រីគ្មានបទពិសោធន៍ក្នុងរឿងស្នេហា ពេលចង់ចាប់ផ្ដើមច្រើនតែប៉ះចំប្ដីគេ ឬប៉ះចំពោះម៉ាយឬកម្លោះខ្វះគុណភាព គ្មានកំណើតចោលម្សៀតឬប្រុសបោកប្រាស់។ ការរៀបការក្នុងវ័យមិនសមស្របក៏នាំឱ្យបាត់បង់ឱកាសមាសសម្រាប់មនោសញ្ចេតនាផ្អែមល្ហែម និងប៉ះពាល់ដល់សុខភាពផងដែរ។ ការរៀបការក្មេងពេកមិនសូវមានបទពិសោធជីវិត ចិត្តគំនិតមិនទាន់នឹងនរ មិនទាន់ចេះទប់អារម្មណ៍ មិនទាន់ចេះដោះស្រាយរឿងតូចធំ រហូតមានទំនាស់បង្កើតជាអំពើហិង្សា, រៀបការក្មេងពេកសុខភាពអាចទ្រុឌទ្រោម ឆាប់ទទួលនូវការឈឺចាប់ដល់ខ្លួនដែលជាម្ដាយទារក។ ផ្ទុយទៅវិញ បើរៀបការក្នុងវ័យចាស់ពេក កូនកើតមកមិនសូវមានសុខភាពពុំសូវរឹងមាំទាំងខាងផ្លូវកាយ ទាំងខាងប្រាជ្ញាស្មារតី។ ការរង់ចាំវ័យចាស់ទើបចាប់ផ្ដើមគិតគូររឿងរៀបការ ជួនកាលក៏នៅតែរកមិនឃើញដៃគូរល្អត្រឹមត្រូវដដែល។ តើគួរសុខចិត្តនៅព្រៅ គ្មានគូរហូតឬយ៉ាងណា?
៥.៣.សីលលក្ខខណ្ឌ
ការរស់នៅក្នុងគ្រួសារ ជីវិតប្ដីប្រពន្ធ ត្រូវមានភក្ដីភាព(សេចក្ដីស្មោះត្រង់) ចេះជួយ ដោះស្រាយទុក្ខធុរៈគ្នាទាំងផ្លូវកាយ ផ្លូវចិត្ត ពោលគឺត្រូវចេះយកអាសាគ្នាទៅវិញទៅមក និងយកចិត្តទុកដាក់គោរពរាប់អានចំពោះញាតិមិត្តនៃភាគីនីមួយៗ ហើយលើសពីនេះទៀតមិនត្រូវប៉ះពាល់ធ្វើអោយសៅហ្មងដល់អ្វីៗដែលដៃគូររបស់ខ្លួនស្រឡាញ់ឡើយ។ ហេតុអ្វីបានជាជីវិតប្ដីប្រពន្ធ ត្រូវមានភក្ដីភាព(សេចក្ដីស្មោះត្រង់)?
ក.តើមនុស្សប្រុសមានស្រីក្រៅផ្ទះជារឿង ធម្មតាឬយ៉ាងណា? [1]
មនុស្សភាគច្រើនហាក់យល់ថា ថាមនុស្សប្រុស សឹងទាំងអស់លួចមានស្រី ក្រៅអាពាហ៍ពិពាហ៍ គឺជារឿងធម្មតា។ ស្ត្រីជាប្រពន្ឋខ្លះ ថែមទាំងពោលពាក្យថា ក្នុងផ្ទះប្តីយើង ក្រៅផ្ទះប្ដីគេ, ខ្លះថាបើសិនត្រឹមស៊ីនំឱ្យលុយគឺមិនអីទេ កុំឱ្យតែព្រហើនយកជាប្រពន្ឋចុង។ បុរសខ្មែរភាគច្រើនជាអ្នករកលុយផ្គត់ផ្គង់គ្រួសារ ពួកគេក៏មានលទ្ឋភាពនឹងកឹបកេងលុយទុកចាយនៅខាងក្រៅផ្ទះ។ មនុស្សប្រុសមានឪកាសដើរក្រៅផ្ទះហើយ ផឹកស៊ី ស្រីស្រាល្បែង តាមចិត្ត។ នៅក្នុងសង្គម ស្ត្រីខ្មែរ ហាក់មានគំនាបវប្បធម៌ក្នុងការដើរហើរ ព្រោះនៅមានមនុស្សភាគច្រើនគិតថា វាមិនសមទំនងឡើយបើសិនជាមនុស្សស្រីដើរលេងយប់ ផឹកស៊ីដូចបុរសៗនោះ។ តើ សីលធម៌មានស្តង់ដារពីរសម្រាប់ភេទផ្ទុយគ្នាក្នុងសង្គមខ្មែរមែនឬទេ?
ប្រសិនបើ មាននិន្នាការដែលបុរសលួចមានប្រពន្ធចុង ឬស្រីខាងក្រៅផ្ទះថាជារឿងធម្មតា នោះវាអាចជំរុញឱ្យបុរសនៅតែប្រព្រឹត្តិរឿងនេះបន្តទៀត។ ប្រសិនបើប្រពន្ធដើមប្រចណ្ឌនិងប្ដឹងប្ដល់ នោះជម្លោះគ្រួសារនឹងកើតមានឡើង ហើយអាចឈានដល់ការបែកបាក់។ អ្នកដែលរងគ្រោះជាងគេគឺភរិយា និងកូន។ កូនខ្វះភាពកក់ក្តៅនៅពេលដែលឪពុកម្តាយលែងលះគ្នា។ ក្នុងករណីជាច្រើន ភរិយាមិនងាយប្ដឹងប្ដីឡើយ គឺច្រើនតែរកវិធីកំចាត់ស្រីរបស់ប្ដី។ មានទស្សនៈមួយលើកឡើងថា កុំច្រណែនឈ្នានីស្តគ្នាអីនោះគឺស្រីប្ដីយើងទេតើ។ ទស្សនៈមានការមិនពេញចិត្តខ្លាំងពីសំណាក់ចលនាស្ត្រី និងយេនឌ័រ។ ចលនានេះទាមទារនូវការគោរពសិទ្ធសមធម៌តម្លៃ ស្ត្រី និង យេនឌ័រ ដោយ វាយប្រហារខ្លាំងទៅលើច្បាប់ស្រីផងដែរ។ ចលនានេះ ចាត់ទុកថាបុរស ដែលមានស្រីកំណាន់ច្រើន គឺពិតជានាំមកនូវទារុណ្ឌកម្មដល់ស្រ្តី គេឱ្យស្រមៃមើលថា ប្រសិនបើជាស្ត្រីជាប្រពន្ឋមានប្រុសកំណាន់ច្រើនវិញ តើអារម្មណ៍បុរសយ៉ាងម៉េចដែរ? គេបានជម្រុញ ស្ត្រីជាប្រពន្ឋកុំឱ្យមានចិត្តទន់ជ្រាយដោយទទួលស្គាល់ការផិតក្បត់ថាជារឿងធម្មតា ព្រោះគេយល់ថា ការទទួលស្គាល់បែបនេះនឹងធ្វើឱ្យបុរសៗកាន់តែខិលខូច ហើយអ្នករងគ្រោះគឺស្ត្រីជាប្រពន្ឋនិងកូន។
ខ. មតិពិភាក្សា
១. Sothearak Heng ៖ បើប្តីមានស្រ្តីក្រៅផ្ទះ គឺដោយសារមានបញ្ហាក្នុងគ្រួសារ។ ត្រូវសិក្សា តើបញ្ហានោះជាអ្វី?
២. Pongsametrey Karath ៖ បើស្រ្តីនោះជាមនុស្សស្រីល្អគ្រប់គ្រាន់ ទោះបុរសជាប្ដីនោះធ្លាប់ខិលខូចពីមុនមកយ៉ាងណាក៏ដោយ ក៏មិនហ៊ានក្បត់ចិត្តប្រពន្ធខ្លួនដែរ។ ហេតុផលវាមានច្រើនករណី មិនអាចយកមកនិយាយជារួមបានទេ។ បើប្រពៃណីខ្មែរឲ្យស្រ្តីរកលុយដណ្ដឹងបុរស ហើយពេលរៀបការរួច ខាងស្រ្ដីជាអ្នករកស៊ីចិញ្ចឹមបុរសទៀតនោះ នៅពេលដែលមានរឿងឬបញ្ហាជាមួយគ្នា ដែលបណ្ដាលឲ្យខាងស្រ្ដីមិនសប្បាយចិត្ត ស្រ្ដីម្នាក់នោះក៏នឹងធ្វើដូចបុរសសព្វថ្ងៃដែរ ហើយបុរសៗក៏គ្មានសិទ្ធិច្រើនក្នុងការតវ៉ា ដែរ។ តើស្រ្ដីភាគច្រើនធ្លាប់គិតទេថា ទម្រាំបុរសម្នាក់រកលុយចូលស្ដីដណ្ដឹងអ្នកថាគេខំប្រឹងប្រែងប៉ុណ្ណា ហើយពេលរស់នៅជាមួយគ្នាបុរសភាគច្រើនគាត់ខំរកលុយមកផ្គត់ផ្គង់គ្រួសារ ដោយពេលខ្លះគាត់ខំធ្វើការផង យកលុយមួយចំនួនទៅវិនិយោគផង ប៉ុន្តែពេលការងារមិនអាចឆ្លើយតបនិងតម្រូវកាគ្រួសារ ការវិនិយោគមិនបានជោគជ័យ សួរថាតើមានស្រ្ដីជាប្រពន្ធប៉ុន្មាននាក់ដែលចេះលើកទឹកចិត្តប្ដី ផ្ទុយទៅវិញស្រ្ដីភាគច្រើមានតែការស្ដីបន្ទោស...។ល។
៣. So Pheap ៖ តែសព្វថ្ងៃនេះ មានតិចណាស់ដែលប្តីរកលុយតែម្នាក់ឯង។ ទោះខំទាំងពីរនាក់យ៉ាងណា ក៏នៅតែឃើញនៅមានប្តីផិតក្បត់ ព្រោះសន្ដានកែមិបាន (សុំទោសដែលសំដីធ្ងន់)
៤. Pongsametrey Karath៖ So Pheap
បាទអរគុណចំពោះការឆ្លើយតប ខ្ញុំមិនដែលប្រកាន់ក្នុងការបញ្ចេញមតិរបស់បុគ្គលម្នាក់ៗទេ ដូចខ្ញុំបាននិយាយហើយថា យើងមិនអាចនិយាយជារួមបានទេ ព្រោះថាមនុស្សយើងទាំងប្រុសទាំងស្រីក៏មានចំណុចខុស ចំណុចត្រូវ ដូចគ្នា។ ពេលខ្លះការក្បត់ផិត មិនមែនទាំងប្រុសស្រី សុទ្ធតែខុសនោះទេ ហើយម៉្យាងទៀត ការក្បត់ផិតមិនមែនសុទ្ធតែត្រូវនោះដែរ...(សំខាន់ បំផុតគឺការវែកញែករកខុសនិងត្រូវនេះឯង)។
៥. Sothav Hor ៖ ខ្ញុំយល់ស្រប គំនិតដែលនិយាយថាមនុស្សប្រុសអាចរកស្រីក្រៅបាននោះគួបញ្ចប់វាទៅ។ មនុស្សស្រីក៏ជាមនុស្សមានចិត្តមានថ្លើមដែរ។ ស្រមៃមើលថាបើមនុស្សស្រីទៅមានប្រុសផឹកស៊ីក្រៅផ្ទះវិញតើមនុស្សប្រុសគិតយ៉ាងណាដែរ?កុំយកគំនិតដាក់គំនាបមកលើមនុស្សស្រីពេកអី, បើសង្គមអោយតម្លៃទៅលើមនុស្សប្រុសក្នុងភាពផិតក្បត់ការជារឿងធម្មតា ខ្ញុំដូចជាមើលមិនឃើញថាតំលៃមនុស្សប្រុសជាអ្វី រឺមានរឺអត់? ព្រោះថាការដើផឹកស៊ីស្រីញី ក្បត់ប្រពន្ធកូនធ្វើឲ្យស្ត្រីដែលជាម្តាយរបស់កូនខ្លួន ស្ត្រីដែលបានក្រាបក្បាលដល់កន្ទេលជាមួយគ្នា ត្រូវរងទឹកភ្នែកនឹងឈឺចាប់ថាជារឿងធម្មតានោះ ខ្ញុំពិតជាមើលមិនឃើញថាមនុស្សប្រុសមានន័យអី? ហើយតម្លៃមនុស្សប្រុសនៅត្រង់ណា?
៦. Vannavy Kps ៖ តើគួរកាត់លិង្កប្តី ដែលហាម និងនិយាយមិនស្តាប់ មែនទេ?
៧. Sela Sar ៖ គំនិតនាំឲ្យបាត់បង់តម្លៃរបស់ស្រ្ដី និងបង្ហាញពីភាពកម្សោយនៃការអប់រំ។
ចំពោះការប្រព្រឹត្តិខុសក្នុងកាម(កាមេសុមិច្ឆាចារា sexual misconduct) របស់បុរសកើតមានលុះត្រាតែប្រព្រឹត្តអំពើអជ្ឈាចារ[2]ទៅលើស្រ្តីដែលមានអ្នកគ្រប់គ្រង២០ជំពូក ៖ ១.មាតុរក្ខិតា ស្រ្តីដែលមានមាតាគ្រប់គ្រងរក្សា, ២.បិតុរក្ខិតា ស្រ្តីដែលមានបិតាគ្រប់គ្រងរក្សា ៣.មាតាបិតុរក្ខិតាស្រ្តីដែលមានមាតាបិតាគ្រប់ គ្រងរក្សា,៤.ភគិនីរក្ខិតា ស្រ្តីដែលមានបងប្អូនស្រីគ្រប់គ្រងរក្សា ៥.ភាតុរក្ខិតា ស្រ្តីដែលមានបងប្អូនប្រុសគ្រប់គ្រងរក្សា, ៦.ញាតិរក្ខិតា ស្រ្តីដែលមានញាតិគ្រប់គ្រងរក្សា ៧.គោត្តរក្ខិតា ស្រ្តីដែលមានវង្សត្រកូលជាមួយគ្នាឬជាតិសាសន៍ដូចគ្នាគ្រប់គ្រងរក្សា ៨.ធម្មរក្ខិតា ស្ត្រីដែលមានអ្នកបដិបត្តិធម៌គ្រប់គ្រងរក្សា ដូចជាស្ត្រីអ្នកបួសជាបព្វជិតឬបួសជាដូនជីជាដើម។ ៩.សបរិទណ្ឌា ស្ត្រីដែលអ្នកមានអំណាចដូចជាព្រះរាជាជាដើមដាក់រាជ្យអាជ្ញា មិនឲ្យបុរសណាមួយប្រព្រឹត្តកន្លងតាមអំពើចិត្ត។ ១០.សារក្ខា ស្រ្តីដែលមានបុរសគូស្នេហាបានដណ្ដឹងហើយ ១១.ធនក្កីតា ស្រ្តីដែលគេទិញឬលួសដោយទ្រព្យទោះតិចក្ដីច្រើនក្ដីយកមកធ្វើជាភរិយា ឬដែលមាតាបិតាបងប្អូនយកទៅលក់ឲ្យគេ។ ១២.ឆន្ទវាសិនី ស្រ្តីដែលរត់ទៅធ្វើជាភរិយាបុរសដោយសេក្ដីពេញចិត្តរបស់ខ្លួន ១៣.ភោគវាសិនី ស្រ្តីដែលទៅធ្វើជាភរិយាបុរសព្រោះតែទ្រព្យសម្បត្តិ ១៤.បដវាសិនី ស្រ្តីដែលនៅជាមួយបុរសព្រោះតែសំពត់ស្លៀក គឺស្រ្តីដែលទាល់ក្រ លុះឲ្យសំពត់ស្លៀកជាដើមទៅ ក៏ព្រមធ្វើជាភរិយាគេតែម្ដង។ ១៥.ឱទ បត្តកិនី ស្រ្តីដែលគ្រាន់តែពពួកញាតិជាដើមយកដៃជ្រលក់ចុះក្នុងផ្ទិលទឹកផ្សំផ្គុំគ្នាជាប្ដីប្រពន្ធ។ ១៦.ឱភតចុម្ពដា ស្រ្តីដែលគេដាក់ទ្រនូលពីលើក្បាល គឺស្ត្រីរកអុសជាដើម ដែលមានបុរសណាមួយជួយដាក់ទ្រនូលអំពីក្បាលហើយនាំយកធ្វើជា ភរិយា។ ១៧.ទាសីច ភរិយាចស្រ្តីដែលជាទាសីផង ជាភរិយាផង គឺស្ត្រីធ្វើទាសីរបស់បុរសណាបុរសនោះយកមកធ្វើជាភរិយា។ ១៨.កម្មការីច ភរិយា ចស្រ្តីដែលជាកូនឈ្នួលគេផង ជាភរិយាផង ១៩. ធជាហដា ស្រ្តីដែលពួកសេនា កងទ័ពបានវាយដណ្ដើមយកមកអំពីចម្បាំង ហើយបុរសណាមួយយកធ្វើជាភរិយោរបស់គេ។ ២០.មហុត្តិកា ស្រ្តីដែលមានបុរសគប់ប្រសព្វតែមួយស្របកមួយគ្រា ឬស្រ្តីពេស្យាដែលបុរសកក់ប្រាក់ជាមុន។ ក្រៅពីនេះ គេមិនចាត់ទុកថាខុសក្នុងកាមេទេ លើកលែងតែប្រពន្ធរបស់បុរសជាប្ដីហួង ហែងប្រចណ្ឌរករឿង។ ករណីនេះ នៅប្រទេសកម្ពុជា មានច្បាប់ស្ដីពីឯកព័ន្ធភាព សម្រាប់ដោះស្រាយបាន ពោលគឺបើប្រពន្ធពេញច្បាប់មិនបានប្តឹងផ្ដល់ទេ នោះប្ដីមិនត្រូវមានទោសទណ្ឌឬពិន័យអ្វីឡើយ។
ចំណែកការប្រព្រឹត្តិខុសក្នុងកាម (កាមេសុមិច្ឆាចារា sexual misconduct)របស់ស្ត្រីកើតមានលុះត្រាតែប្រព្រឹត្តអំពើអជ្ឈាចារ[3] ដោយក្បត់ស្វាមី ពោលគឺបាត់ភក្ដីភាព។ ក្រៅពីនេះ គេមិនចាត់ទុកថាខុសក្នុងកាមេទេ ព្រោះមិនដែលមានស្រ្តីណាទៅយកប្ដីគេទេ គឺមានតែបុរសទេដែលទៅផិតក្បត់ ឬយកប្រពន្ធគេ។
ក្នុងដំណើរកសាងជីវិតគ្រួសារមួយឱ្យប្រកបដោយសុភង្គល មិនមែនជាការងាយស្រួល ពេកទេ។ ការខ្វះនូវកត្តា ឬលក្ខខណ្ឌណាមួយនោះ សុភមង្គលវាបាត់ទៅតាមនោះដែរ។ ក្រៅពីកត្តា មនោសញ្ចតនា, សុខភាព ហិរញ្ញវត្ថុ នៅមានកត្តាដទៃទៀតដែលជួយជីវិតគ្រួសារ ឱ្យចាកផុតពីវិបត្តិនានា កត្តាពិសេសនោះគឺ សីល លក្ខខណ្ឌ។ តាមពិតជម្លោះក្នុងគ្រួសារទាំងអស់ វាគ្រាន់តែជាលទ្ធផលនៃហេតុដែលកើតចេញមកពីការខ្វះសីលលក្ខខណ្ឌនោះឯង។ ជារឿយៗ យើងឃើញមានជម្លោះក្នុងគ្រួសារលេចចេញមក ធ្វើឱ្យដឹងឮជាសាធារណៈ ហើញដំណឹងអកុសលទាំងនេះត្រូវបានផ្សាយ និងចែកផ្សាយបន្តតាមប្រព័ន្ធផ្សព្វផ្សាយដែលជាការបូកបន្ថែម ការឈឺចាប់លើកការឈឺចាប់នាំឱ្យកាន់តែឈឺចាប់។ ការកសាងគ្រួសារមួយដែលមាន សេរីភាពឬលំនឹងហិរញ្ញវត្ថុ, មានសុខភាពល្អ រកបាន គូដែលខ្លួនស្រឡាញ់ទុកចិត្ត និងប្រកបដោយ សីលលក្ខខណ្ឌ នោះជាភព្វសំណាងខ្ពស់បំផុតរបស់មនុស្ស។ កត្តាទាំងនេះ វាមិនងាយបានមកដោយឯកឯងទេ គឺវាតម្រូឱ្យមានការប្រឹងប្រែងខ្លាំងស្របនឹងឱកាសអំណោយផង។
[1] សំណាង, កោះសន្តិភាព ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០, https://kohsantepheapdaily.com.kh/article/1033739.html
[2] អជ្ឈាចារ អ័ច-ឈាចា បា.(ន.) ការប្រព្រឹត្តកន្លងបញ្ញត្តិ, ការប្រព្រឹត្តខុសច្បាប់; មារយាទអាក្រក់ : មនុស្សមានអជ្ឈាចារគេពិបាកស្ដីថាណាស់ ។ វេវ. វីតិក្កម ឬ វីតិក្រម ។
[3] អជ្ឈាចារ អ័ច-ឈាចា បា.(ន.) ការប្រព្រឹត្តកន្លងបញ្ញត្តិ,ការ ប្រព្រឹត្តខុសច្បាប់; មារយាទអាក្រក់ : មនុស្សមានអជ្ឈាចារគេពិបាកស្ដីថាណាស់ ។ វេវ. វីតិក្កម ឬ វីតិក្រម។
៦.គ្រួសារខ្មែរ និង ករណីយកិច្ច
គ្រួសារជាអ្នកជ្រើសរើសសមាជិកនៃសង្គម ហើយទទួលរ៉ាប់រងចិញ្ចឹម ការពារ និង អប់រំសមាជិកថ្មីៗរហូតដល់គេអាយុពេញវ័យ។ គ្រួសារជាមជ្ឈ មណ្ឌលនៃសកម្មភាពខាង ឧស្សាហកម្ម ខាងពាណិជ្ជកម្ម ខាងសេរីភាព ហើយភារៈរបស់គ្រួសារមិនមែននៅត្រឹមតែត្រង់បង្កើនសកម្មភាពទាំងឡាយនោះទេ គឺសំខាន់នៅត្រង់ការទ្រទ្រង់ជីវិតសម្ព័ន្ធ។ គ្រួសារនេះហើយដែលជាអ្នកបន្តឬបញ្ជូននូវប្រពៃណីខាងសាសនា ខាងនយោបាយ និងជាអ្នកធានាភាពគ្រប់គ្រាន់នៃទម្លាប់ផ្សេងៗ។ គ្រួសារខ្មែរបំពេញបាននូវមុខងារយ៉ាងសំខាន់ ខាងផ្លូវសង្គមនិងខាងផ្លូវសីលវិជ្ជា។
៦.១. ការមានកូន
គោលបំណងធំបំផុត នៃធម្មជាតិគ្រួសារ គឺការមានកូន។ គ្រួសារដែលគ្មានកូន គឺពិតជាពុំបានបំពេញករណីកិច្ចរបស់ខ្លួនចំពោះ មនុស្សជាតិឡើយ។ ក្នុងស្ថានភាពជីវភាពសង្គមបច្ចុប្បន្ន មានគ្រួសារខ្មែរខ្លះបានប្រើមធ្យោបាយពន្យារកំណើត ឬរំលូតកូន។គ្រួសារខ្មែរភាគច្រើនមានកូនជាមធ្យម ត្រឹមតែពីរនាក់ប៉ុណ្ណោះ គេមិនហ៊ានមានកូនច្រើនឡើយ ពីព្រោះខ្វះលទ្ធភាពចិញ្ចឹមនិងអប់រំកូនឱ្យមានគុណភាពល្អ។ ការពន្យារកំណើត និងការរំលូតកូន គឺជាអំពើបាបដែលខុសឆ្គងចំពោះសាសនាផង។ ជាទូទៅអ្នកទើបនឹងរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ ពួកគេនឹងមានកូនយ៉ាងឆាប់រហ័សបន្ទាប់ពីរៀបការរួច នោះវាគឺជាការបាត់បង់ឱកាសរកចំណូលសម្រាប់គូស្រករដែលមានកូនទាំងក្មេងខ្ចីនោះ ហើយពួកគេត្រូវទទួលបន្ទុកច្រើនជាងពួកគូស្រករដែលពុំទាន់មានកូន ឬក៏អ្នកនៅលីវផង ដែរ។[1]
បច្ចុប្បន្ន ប្រជាជនខ្មែរមានដង់ស៊ីតេទាបនិងមានចំនួនតិចបើប្រៀបនឹងប្រទេសជិតខាង។ មនុស្សត្រូវការបន្តពូជពង្សវង្សត្រកូល ហើយ សង្គមត្រូវការបង្កើតសមាជិកថ្មីរបស់ខ្លួន មកជំនួសសមាជិកដែលទទួលមរណភាពទៅ។ បើមានមនុស្សស្លាប់ហើយមនុស្សកើតថ្មីមានចំនួនតិចឬគ្មានមនុស្សបន្តវេនទេនោះ សង្គមនឹងត្រូវរលាយ ហើយជាតិក៏នឹងត្រូវរលុបរលត់ ឬក៏នាំមននូវសេចក្តីវិនាសទៅវិញដែរ។ បើគ្រួសារទាំងអស់ឈប់ឱ្យមានកូនឬកូនតិច នោះសង្គមខ្មែរអាចធ្វើដំណើរទៅរកភាពវិនាសសាបសូន្យ។
គ្រួសារឥតកូន ជាគ្រួសារខ្វះលក្ខណៈសម្បត្តិខាងសម្ភារៈ និងខាងសីលវិជ្ជា។ ធម្មតាកាលណាមានកូន ប្ដីប្រពន្ធទាំងពីរនាក់ តែងតែប្រែប្រួល ជាពិសេសខាងផ្លូវចិត្តគំនិត គឺអ្នកទាំងពីរចាប់មានសញ្ចេតនាជាថ្មីទៀត ដូចជាសេចក្ដីស្រឡាញ់របស់ឪពុកចំពោះខ្លួន សេចក្ដីស្រឡាញ់ របស់ម្ដាយចំពោះកូន គឺជាសញ្ចេតនាមួយ ដែលរួមវិភាគទានជួយរឹតចំណងឲ្យជាប់ខ្លាំងក្នុងគ្រួសារ។ ការមានកូន បុរសចាប់ឃើញច្បាស់ថា ស្ត្រីជាប្រពន្ធខ្លួនផង ជាម្ដាយរបស់កូនគេម្នាក់ផង។ ឯស្ត្រីវិញក៏ចាប់ឃើញថាបុរសជាប្ដីខ្លួនផងជឪពុក នៃកូនខ្លួនផង។ ដូច្នេះកូនជាចំណងប្រសើរបំផុតចំពោះប្ដីប្រពន្ធ។ កាលណាមានកូន ប្ដីប្រពន្ធកាន់តែស្គាល់ពីជីវិតខ្លួនឯងនិងកាតព្វកិច្ចក្នុងការចិញ្ចឹមកូន ព្រមទាំងយល់ពីតម្លៃមនោសញ្ចេតនា និងឧបការគុណឪពុកម្តាយ ដែលធ្លាប់ធ្វើមកលើខ្លួន។ ពេលនេះ ការបំពេញករណីយកិច្ចរបស់កូនចំពោះឪពុក ម្តាយ គឺជាអំពើចាំបាច់បំផុត សម្រាប់កូនដែលមានកតញ្ញូ កតវេទតាធម៌។
៦.២.ការចិញ្ចឹម និង ការអប់រំកូន
តាមធម្មជាតិ និងវប្បធម៌ តម្រូវឱ្យឪពុកម្ដាយខ្មែរ ទទួលខុសត្រូវក្នុងការចិញ្ចឹមថែរក្សា និងអប់រំកូនកុំឱ្យខូចឈ្មោះពូជពង្សវង្សត្រកូល ធ្វើយ៉ាងណាឱ្យកូនបានខ្ពស់មុខមាត់ មានញាតិមិត្តរាប់អាន ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤៧ ក៏បានចែងថា មាតាបិតា មានកាតព្វកិច្ចចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ។ កូនមានករណីយកិច្ចចិញ្ចឹម និងបីបាច់ថែរក្សាមាតាបិតា ដែលចាស់ជរាតាមទំនៀមទម្លាប់ខ្មែរ។ហេតុនេះហើយ ទើបយើងសង្កេតឃើញថា ម្តាយឪពុកខ្មែរភាគច្រើនខិតខំពុះពារមិនខ្លាចនឿយហត់ ទ្រាំទ្រការងារគ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូន ពេលខ្លះប្រព្រឹត្តិអំពើអសីលធម៌ ក៏មាន។
ការងារកសិកម្ម ការជំនួញជួញដូរ ទាក់ទងនឹងជីវិតសត្វ គៃបន្លំភ្នែកជញ្ជីងជាដើមតែងតែកើតមាននៅគ្រប់តំបន់។ កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្ត កុំទុកប្រពន្ធប្ដីថាអត់សាហាយ កុំទុកឪពុកម្ដាយថាអត់បំណុល។
នៅក្នុងបទស្មូត"ទំនួញប្រេត" និពន្ធដោយលោក ពេជ្រ សុខា បានរៀបរាប់អំពីការប្រព្រឹត្តអំពើអសីធម៌ បាប របស់ឪពុកម្តាយ ក្នុងការខំចិញ្ចឹមកូន ហើយបានកើតទៅជាប្រេតក្រោយពេលស្លាប់។ ប្រជាជនខ្មែរទទួលស្គាល់នូវតថភាព នេះ ហើយតែងស្ដាប់ស្មូតនេះនេះនៅ រដូវបុណ្យកាន់បិណ្ឌ ។
ដោយសារកាលៈទេសៈ ភាពអវិជ្ជា ខ្វះការអប់រំ និងកត្តាផ្សេងទៀត គឺជាហេតុជម្រុញឱ្យឪពុកម្ដាយប្រព្រឹត្តិខុសសីលធម៌ ដើម្បីកូន។ ប៉ុន្តែមានករណីមួយចំនួនដែលឪពុកម្ដាយលក់កូនដើម្បីលុយសម្រាប់ប្រយោជន៍ខ្លួនដែរ។ ហេតុនេះហើយទើបមានអន្តរាគមន៍ពីស្ថាប័នមានសមត្ថកិច្ចដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។ រដ្ឋបានធានារក្សាការពារសិទ្ធិរបស់កុមារ ដូចដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និង ការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ និងគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់ កុមារ។
គ្រួសារជាអ្នកផ្ដល់នូវការអប់រំដំបូង ដែលចាត់ទុជាអាទិភាព ព្រោះការអប់រំដំបូងអាចជាទម្លាប់ល្អអាក្រក់ប្រសិនបើជាល្អ នោះការអប់រំនឹងទៅជាងាយស្រួល តែបើអាក្រក់វិញ ការអប់រំបន្តទៅមុខ វាពិបាកខ្លាំងណាស់ ព្រោះត្រូវចំណាយពេលដើម្បីកំចាត់ទម្លាប់ចាស់ ដែលជាទម្លាប់អាក្រក់នោះចោលចេញសិន។ គ្រួសារជាទីកន្លែងល្អបំផុតដើម្បីបណ្ដុះការអប់រំដើម្បីបណ្ដុះសីលអំពើ គឺហេតុដូច្នេះហើយបានជាសង្គមត្រូវចាត់ការសព្វយ៉ាងដើម្បីការពារគ្រប់គ្រួសារ ដើម្បីសម្រួលការរស់នៅដើម្បីធានារ៉ាប់រងដល់ការលូតលាស់ និងសន្តិសុខនៃគ្រួសារ។ យល់បែបនេះហើយបានជាដូនតាខ្មែរផ្តល់ជាពាក្យស្លោកថាដំដែកទាន់ នៅក្ដៅ ប្រដៅមនុស្សទាន់នៅក្មេង។
៦.៣. ការទុកដាក់កូនចៅឲ្យមានគូ
ការទុកដាក់កូនចៅឱ្យមានគូ(ប្តីប្រពន្ធ) គឺជាករណីយកិច្ចរបស់ឪពុកម្តាយចំពោះកូន។ ជាទូទៅឪពុកម្តាយខ្មែរ តែងតែខ្វល់ខ្វាយខ្លាំងខ្លាចកូនមិនមានអនាគតល្អ។ ជូនកាល ឪពុកម្ដាយ ប្រើអំណាចរបស់ខ្លួនច្រើនក្នុងការជ្រើសរើស ប្ដីឬប្រពន្ធ ជំនួសកូននិងរ៉ាប់រងលើ ការចំណាយលើពិធីអាពាហ៍ពិពាហ៍ឱ្យកូនថែមទៀត។ ក្នុងករណីស្របគំនិតគ្នាដោយមិនមានការជំទាស់ពីកូននោះភាពរីករាយតែងកើតមានឡើង ប៉ុន្តែប្រសិនបើកូនមិនយល់ព្រមទារុណកម្មផ្លូវចិត្ត ផ្លូវកាយតែងកើតមានឡើង។ មានឪពុកមា្ដយភាគច្រើន មិនពេញចិត្តនិងជំទាស់នឹងការស្រឡាញ់គ្នាលួចលាក់ឬ បើកចំហររបស់កូន ពួកគាត់នៅមានអារម្មណ៍អាម៉ាសនៅពេលកូនលួចមានសង្សារ[2]។ គេគិតថា មុននឹងដេកនៅជាមួយគ្នា ត្រូវតែសំពះរាបក្បាលដល់កន្ទេល គឺត្រូវរៀបការជាមុនសិន។ ការរៀបការឬពិធីអាពាហ៍ពិពាហ៍ខ្មែរបច្ចុប្បន្ន ភាគច្រើនប្រព្រឹត្តិឡើងយ៉ាងឧឡារិក[3] អធិកអធម[4]និងអធិកអធម្ម[5] នៅផ្ទះខាងស្រីឬនៅតាមទីស្ថាននានា គឺគេមិនសូវឃើញមាន ពិធីអាពាហ៍ពិពាហ៍ រៀបចំឡើងនៅផ្ទះខាងប្រុសឡើយ។ ការចំណាយលើថ្លៃរៀបចំពិធីមានអត្រាខ្ពស់ បើប្រៀបធៀបនឹងប្រាក់ចំណូលរបស់សមីខ្លួន។ ភាគីខាងប្រុស ត្រូវមានលុយសម្រាប់ចូលស្ដីដណ្ដឹងភាគីខាងស្រី ដើម្បីទុកចាត់ចែងរៀបពិធីមង្គលការ ដែលគេហៅថា ប្រាក់បណ្ដាការ ហើយខ្លះហៅថាលុយថ្លៃទឹកដោះ។ ខាងស្រីស្នើសុំប្រាក់ បណ្ដាការច្រើនឬតិចទៅតាមធនធាន ឋានៈជីវភាព និងស្ថានភាពជាក់ស្តែងរបស់របស់ភាគីរៀងខ្លួន។ គ្រួសារខាងស្រីមួយចំនួនអាចទាមទារហួសហេតុ រហូតមានឈ្មោះថាជាអ្នកលក់កូនស៊ី។ ពិធីអាពាហ៍ពិពាហ៍ខ្មែរបច្ចុប្បន្ន ភាគច្រើនបានសង្ខេបមករយៈពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ។ កម្មវិធីជាប្រពៃណីមួយចំនួនត្រូវបានកាត់ចោលយោងតាមកាលៈទេសៈ និងទស្សនៈយល់ឃើញ។ ពិធីកូនក្រមុំលាងជើងឱ្យកូនកំឡោះត្រូវលុបចោល ដោយសារចលនាទស្សនៈយេនឌ័រ។ភ្ញៀវដែលត្រូវអញ្ជើញ ចូលរួម មិនសូវបានចូលរួមក្នុងពិធីជាប្រពៃណីទេ ភ្ញៀវភាគច្រើនបំផុត គ្រាន់តែទៅស៊ីការ(ចូលរួមក្នុងពិធីជប់លៀងទទួលអាហារ)តែប៉ុណ្ណោះ។ ពិធីជប់លៀងការដែលពេញនិយម គឺត្រូវគ្រឿងស្រវឹងនិងប្រភេទអាហារថ្លៃៗ។ ពិធីមង្គលការនីមួយៗមានការចំណាយ ខ្ពស់។ ភ្ញៀវទាំងឡាយចាំបាច់ត្រូវភ្ជាប់ជាមួយចំណងដៃ ដើម្បីជួយទប់ទល់នឹងការចំណាយរបស់ម្ចាស់កម្មវិធី ។
ជាទូទៅនៅក្នុងសង្គមកម្ពុជា គឺក្នុងចំណោម ១ភាគ៣នៃប្រជាជនទាំងអស់ គឺជាមនុស្សពេញវ័យដែលមានអាយុលើសពី ១៨+ឡើងទៅ។ ស្ទើរតែ៣ភាគ៤ (ប្រហែល ៧១ភាគរយ) នៃប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៨ដល់ ២៥ឆ្នាំ ជាមនុស្សនៅលីវ។ ដោយឡែកក្រុមមនុស្សដែលមានវ័យចន្លោះពី ២៦ដល់៣៥ឆ្នាំ គឺមានចំនួនត្រឹមតែ ១ភាគ ៥ តែប៉ុណ្ណោះ។ តួលេខភាគរយខ្ពស់បំផុតនៃប្រជាជនពេញវ័យរៀបអាពាហ៍ពិពាហ៍ បានឆ្លុះបញ្ចាំងតាមរយៈវិធីពីរគឺលំនាំប្រពៃណីទំនៀមទម្លាប់នៃការរៀបចំរបស់អាណាព្យាបាលឬក៏ការសម្រេចចិត្តរបស់យុវវ័យទៅតាមការវិវត្តិរបស់សង្គម។ តួលេខនៃអ្នករៀបអាពាហ៍ពិពាហ៍ហើយមានកូន គឺមានចំនួន៥៥ភាគរយជាប្រការគួរកត់សម្គាល់វាគឺអាស្រ័យទៅលើធនធានដែលពួកគេមានលទ្ធភាពអាចចំណាយបាន។[6]
ក្នុងកាលៈទេសៈដែលកំរិតជីវភាព គ្រួសារខ្មែរនៅមានកំរិតទាប ការចំណាយលើ អាពាហ៍ពិពាហ៍ បានក្លាយជាវិបត្តិសង្គមមួយដ៏រ៉ាំរ៉ៃ សម្រាប់សមីដើមកម្មវិធីអាពាហ៍ពិពាហ៍និងភ្ញៀវចូលរួម ប៉ុន្តែសម្រាប់អ្នកមានចំណូលខ្ពស់ ឬអ្នកមានលទ្ធភាព ពិធីនេះគឺជាឱកាសមាសសម្រាប់ សម្ដែងមនោសញ្ចេតនារីករាយសប្បាយ ក្នុងការបង្កើនចំណងមិត្តភាព និងកិត្យានុភាពផងដែរ។ ចំពោះអ្នកក្រ អ្នកមធ្យម បើគេអត់អញ្ជើញស៊ីការមានការអន់ចិត្ត ប៉ុន្តែបើគេហៅស៊ីការញយៗ រមែងលួចត្អូញថ្ងូរអំពីវិបត្តិថវិកាគ្រួសារ ជួនកាលសុខចិត្តឱយកូនប្រពន្ធឬប្តី នៅផ្ទះស៊ីសៀង ដើម្បីបានលុយទៅ ចងដៃស៊ីការគេ។ ហើយពេលខ្លះសុខចិត្តខ្ចីលុយគេយកទៅចងដៃការ ជាពិសេសនៅពេលជំពាក់ចំណងដៃគេ នោះមិនអាចគេចវេះបានដោយគ្មានបញ្ហាឡើយ។
[1] ក្រុមអ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុនTNS, របាយការណ៍ ខែ តុលា ឆ្នាំ២០១៤, https://www.postkhmer.com/post-plus/
[2] ការមានសង្សារ គឺជាការស្រឡាញ់គ្នារវាងបុរសនិងស្ត្រីមុនរៀបការ។ ការមានសង្សារ ជាអំពើខុសនឹងប្រពៃណី វប្បធម៌ខ្មែរ ដែលគេចាត់ទុកថាជាអំពើអសីលធម៌មួយ ព្រោះបានល្មើសអ្វីដែលគោលការណ៍ដែលសង្គមបានហាមប្រាម ប៉ុន្តែច្បាប់រដ្ឋក្នុងសង្គមខ្មែរ នាបច្ចុប្បន្នមិនបានបញ្ញត្តិហាមឃាត់ទេ ដោយចាត់ទុកថាវាជាផ្នែកមួយនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋ យោងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយឪពុកម្ដាយក៏មិនសូវតឹងតែងខ្លាំងចំពោះការមានសង្សារដូចពីអតីតកាលដែរ។
[3] ឧឡារិក ( គុ. ) ខ្ពង់ខ្ពស់; មានតម្លៃ; ថ្លៃថ្លា; ថ្កើងថ្កាន, ថ្កុំថ្កើង; រុងរឿង; ឧត្ដម, ប្រសើរ; លើសលន់; ច្រើន, បរិបូណ៌
[4] អធិកអធម (អៈ ធិក-អៈធំ)(គុ.) ទាំងអធិកផងទាំងអធមផង គឺទាំងរុងរឿងផង ទាំងរប៉ិចរប៉ីឬរម៉េះរម៉ោះខ្លះផង។ អធិក(=ក្រៃលែង; លើសលន់; ពន់ប្រមាណ; ក្រៃពេក; រុងរឿង) និង អធម(=ថយថោក, ថោកទាប; មិនរុងរឿង; រម៉េះរម៉ោះ)
[5] អធិកអធម្ម អៈ ធិក-អៈធ័ម ( គុ.) ដែលខុសធម៌យ៉ាងក្រៃលែង ក្រៅគន្លងធម៌យ៉ាងក្រៃលែង ខុសច្បាប់យ៉ាងក្រៃលែង អាក្រក់យ៉ាងក្រៃលែង។ ប្រើជាអធិកអធម៌ ក៏បាន។
[6] ក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុនTNS, របាយការណ៍ ខែ តុលា ឆ្នាំ២០១៤, https://www.postkhmer.com/post-plus/
៧.ការវិភាគលើការប្រតិបត្តិសីលធម៌ក្នុងគ្រួសារ
ខាងក្រោមនេះគឺជា ភាពខ្លាំង ឱកាស ភាពខ្សោយ ការប្រឈម សម្រាប់ដោះស្រាយទំនាស់វិបត្តិដែលកើតមានឡើងក្នុងគ្រួសារខ្មែរបច្ចុប្បន្ន។
៧.១. ភាពខ្លាំង និង ឱកាស
ទស្សនៈមាតាធិបតេយ្យ ដែលគោរពលើកតម្កើងស្រ្តីជាចម្បង នៅតែរស់រវើកក្នុងសង្គមវប្បធម៌ខ្មែរ ទោះបីកំពុងប្រឈមនឹងទស្សនៈបិតាធិបតេយ្យ និងទស្សនៈយេនឌ័រ ក៏ដោយ។ ទស្សនៈបិតាធិបតេយ្យ និងទស្សនៈយេនឌ័រគ្រាន់តែបាននិងកំពុងដណ្ដើមតួនាទីរបស់ខ្លួនក្នុងសង្គមធម៌ខ្មែរ ដោយសារតែ ឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយមួយខណៈៗប៉ុណ្ណោះ។ ក្នុងជម្រៅនៃដួងចិត្តមនុស្សខ្មែរគឺនៅតែគោរពរបបមេជាធំជានិច្ច។ ម្ដាយនិងផ្ទះដើរតួសំខាន់សម្រាប់គ្រួសារ ដោយលើកជា សុភាសិតថា សូវស្លាប់បា កុំអោយស្លាប់មេ សូវលិចទុកកណ្តាលទន្លេកុំឱ្យតែភ្លើងឆេះផ្ទះ។ ជនជាតិខ្មែរនៅតែមានឆន្ទៈរក្សាព្រលឹងមរតក វប្បធម៌ដែលជាអត្តសញ្ញាណជាតិឱ្យនៅគង់វង្សជានិច្ច។ នៅពេលអំពើព្រៃអវិជ្ជាត្រូវបណ្ដេញអោយចាកចេញពីខ្លួនតាមរយៈការអប់រំ នោះខ្មែរប្រុសស្រីនឹងកាន់តែយល់ឃើញច្បាស់នូវតម្លៃមរតកវប្បធម៌របស់ខ្លួនជាក់មិនខាន។ ការយល់ដឹងពីតម្លៃមរតកវប្បធម៌របស់ខ្លួនគឺជាមធ្យោបាយសំខាន់មួយជួយឱ្យមនុស្សខ្មែរកាន់តែច្រើនឡើងប្រកាន់ សុចរិតធម៌ អហិង្សាធម៌ គុណធម៌ និងបំពេញករណីកិច្ចតាមតួនាទីរបស់ខ្លួនបានត្រឹមត្រូវកាន់តែប្រសើរឡើងដែរ។
៧.២. ភាពខ្សោយ និង បញ្ហាប្រឈម
សង្គមធម៌បច្ចុប្បន្ន បានប្រើប្រាស់កម្មវិធីជាប្រពៃណីប្រចាំរដូវ ពិធីបុណ្យទាននានា ពិធីអាពាហ៍ពិពាហ៍ និងជួបជុំជប់លៀងផ្សេងៗ ដើម្បីសេពគ្រឿងស្រវឹង(ទឹកប្តូរនិស្ស័យ)ថាជាអំពើកិត្តិយស។ ទឹកប្តូរនិស្ស័យទាំងនោះ បានបំផ្លាញគ្រួសារខ្មែរអស់ជាច្រើន។ បុថុជ្ជនទូទៅយល់ថា អំពើហិង្សា គឺជាអំពើអសីធម៌មួយដែលតែងកើតមានឡើងជារឿងៗជាធម្មតាក្នុងសង្គមគ្រួសារ ព្រោះថាចានក្នុងរាវតែងមានរណ្ដំ អណ្តាតនៅជាមួយធ្មេញលែងអីប៉ះទង្គិចគ្នា។ ភាពអាត្មានិយម ការខ្វះទំនួលខុសត្រូវ ការមិនស្មោះត្រង់ ការមិនទុកចិត្តគ្នា ការរស់នៅមិនចុះសម្រុងគ្នា ដែលឈានទៅដល់ទំនាស់ ជម្លោះ បង្កអំពើហឹង្សា បណ្តាលអោយមានរបួសស្នាម គ្រាំគ្រារ៉ាំរ៉ៃ ពិការភាព ស្លាប់ និងរហូតដល់ការលែងលះ ហាក់នៅតែបន្តកើតមានក្នុងសង្គម កម្ពុជាឥតឈប់ឈរ ដែលបន្សល់នូវកុមារអនាថាជនចាស់ជរាគ្មានទីពឹងដែលជាបន្ទុកដ៏ធំរបស់ រដ្ឋ។ ការខ្វះស្ថាប័នទទួលខុសត្រូវលើ កុមារខ្វះទីពឹង ជនចាស់ជរា ជាបញ្ហាប្រឈមដែលត្រូវមានដំណោះស្រាយសមស្របតាមសភាពការណ៍ជាក់ស្ដែង។ ច្បាប់ស្រីដែលមានខ្លឹមសារអប់រំស្ត្រីអោយមានភាពទន់ភ្លន់តាមគន្លងសីលធម៌ខ្មែរបែរជាត្រូវទទួលរងការរិះគន់ ពីចលនាស្ត្រីដែលមានទំនោរទៅរកយេនឌ័រ ថាច្បាប់នេះតែងដោយមនុស្សប្រុស មិនអោយតម្លៃស្រ្តី និង នាំអោយស្ត្រីទន់ជ្រាយទៅវិញ។
៧.៣.ដំណោះស្រាយ
ក.ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យ ឯកជន និងពលរដ្ឋខ្មែរទាំងអស់ គួរតែបង្កើនការឈ្វេងយល់ដឹងលើ ទស្សនៈមាតាធិបតេយ្យរបស់ខ្មែរ, ទស្សនៈបិតាធិបតេយ្យ និង ទស្សនៈយេនឌ័រ ឱ្យបានត្រឹមត្រូវ។
ខ.បង្កើនការអប់រំនិងផ្សព្វផ្សាយ ច្បាប់គតិយុត្តិ និងច្បាប់ក្រមដែលជាគោលការណ៍សីលធម៌ខ្មែរឱ្យបានទូលំទូលាយ។
គ.ជំរុញស្ថាប័នសាសនាទាំងអស់ ដែលមានវត្តមានលើទឹកដីខ្មែរ ពង្រឹងការប្រតិបត្តិតាមគោលការណ៍សីលធម៌របស់ខ្លួនឱ្យត្រឹមត្រូវ ជាពិសេសការប្រើប្រាស់ គ្រឿងញៀនស្រវឹងនិងគ្រឿងប្តូរនិស្ស័យទាំងឡាយ។
ឃ.ពង្រឹងនិងពង្រីកស្ថាប័នានានាដែលអាចជួយ កុមារកំព្រា ជនចាស់ជរាគ្មានទីពឹងឱ្យបានរៀនសូត្រ និងរស់នៅសមរម្យ។
ង.ដាក់បញ្ចូលចូលច្បាប់ស្រី និងច្បាប់ប្រុសក្នុងកម្មវិធីសិក្សា ។
សេចក្ដីសន្និដ្ឋាន
គ្រួសារជាមូលដ្ឋាននៃសង្គមមានសារៈ សំខាន់សម្រាប់មនុស្សជាតិ។ បច្ចុប្បន្នស្ថានភាពសង្គមកម្ពុជាពោរពេញដោយសន្តិសុខ ទូទាំងប្រទេស ដែលជាឱកាសល្អសម្រាប់គ្រួសារ រស់នៅដោយសុខស្រួលបាន។ ប៉ុន្តែ គ្រួសារមួយចំនួនបែរជាជួបទំនាស់វិបត្តិស្មុគស្មាញហើយបានបន្សល់ទុកនូវបញ្ហាជាច្រើនដល់សង្គមជាតិ។
ទំនាស់វិបត្តិគ្រួសារភាគច្រើនបណ្ដាល មកពីការមិនយល់ដឹងសីលវិជ្ជា (ទស្សនវិជ្ជាសីលធម៌) ច្រើនជាងបញ្ហាហិរញ្ញវត្ថុ។ មធ្យោបាយ ដើម្បីកសាងរៀបចំគ្រួសារខ្មែរឱ្យបានត្រឹមត្រូវ ប្រកបដោយសុភមង្គល ចៀសផុតពីទំនាស់វិបត្តិនានា គឺត្រូវបង្កើនការអប់រំបណ្ដុះបណ្ដាលដល់ពលរដ្ឋអោយយល់ដឹងអំពីសីលវិជ្ជា វិធីថែរក្សាសុខភាព និងជំនាញឯកទេសសម្រាប់សម្មាអាជីវោ ព្រមទាំងរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ យុត្តិធម៌ សមធម៌ ក្នុងសង្គមជាតិអោយបានល្អត្រឹមត្រូវ។
ការងារសម្រាប់នាំទៅរកដំណោះស្រាយវិបត្តិខាងលើ គឺជាកាតព្វកិច្ចរបស់ សមាជិកទាំងអស់គ្នាក្នុងសង្គម ទាំងអ្នកនយោបាយ អ្នកសាសនា បញ្ញវន្តនិងប្រជាជនគ្រប់ស្រទាប់ ព្រោះប្រសិនបើស្ថានភាពសង្គមត្រឹមត្រូវល្អ គ្រួសារមានសុភមង្គល និងផ្ទុយមកវិញ បើស្ថានភាពសង្គមអាប់អួរពោរពេញដោយអំពើបាយមុខគ្រប់ប្រភេទ ហើយប្រជាជនមិនគោរពករណីកិច្ចជាពលរដ្ឋ ខ្វះភាពស្មោះត្រង់មិនទុកចិត្តគ្នានោះ ការប្រតិបត្តិ សីលធម៌ក្នុង គ្រួសារក៏មានទំនោទៅរកធ្លាក់ចុះជាលំដាប់ ដែរ។ ករណីនេះ ប្រព័ន្ធសិក្សាអប់រំ គឺជាគន្លឹះសំខាន់មួយដែលជួយមនុស្សឲ្យស្គាល់ពីតម្លៃរបស់ខ្លួន និងក្លាយជាពលរដ្ឋពេញលេញ។ ទោះបីគេខំចំណាយលុយដើម្បីរៀបចំធ្វើពិធីអាពាហ៍ ពិពាហ៍អឹកធឹកយ៉ាងណាក៏ដោយ ក៏សុភមង្គលមិនអាចស្ថិតស្ថេរដែរ ប្រសិនបើសមាជិកគ្រួសារខ្វះការយល់ដឹងនិងខ្វះការប្រតិបត្តិសីលធម៌។ ហេតុនេះ ការអប់រំសីលវិជ្ជាដល់សមាជិកសង្គមគឺជាការចាំបាច់បំផុត។
គន្ថនិទ្ទេស
ក.ព្រឹត្ដិប័ត្រ, ទស្សនាវដ្ដី, សារពត៌មានតាមអន្តរបណ្ដាញ
១.Rhac, ខែមេសា 28, 2017, rhac.org.kh
២.www.km.wikipedia.org/wiki/វិគីភីឌាភាសាខ្មែរ
៣.www.postkhmer.com
៤.www.kohsantepheapdaily.com.kh
៥.www.apsaracentral.com
៧. www.opendevelopmentcambodia.net/km/
ខ- ស្នាដៃនិពន្ធជាភាសាខ្មែរ
១.ជួន ណាត, វចនានុក្រមខ្មែរ, ការផ្សព្វផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, បោះពុម្ពគ្រាទី៥, ឆ្នាំ១៩៦៧
២.ឈុន ផាវ៉េង, សីលវិជ្ជាអនុវត្តន៍, ឆ្នាំ២០១០
៣.រាជកិច្ច, ឆ្នាំទី១១ លេខ ៤៦ សប្ដាហ៍ទី៣ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១១
៤.វិទ្យាស្ថានជាតិខេមរយានកម្មនៃក្រសួងអប់រំជាតិ, ទស្សនវិជ្ជា ភាគ១និង ភាគ២, ភ្នំពេញ ១៩៧៤
ឧបសម្ពន្ធ
ឧបសម្ពន្ធទី១ ៖
ច្បាប់ស្ដីពី ការអនុវត្តក្រមបវេណី ឆ្នាំ២០១១
ជំពូក៧ វិសោធនកម្ម និង និរាករណ៍នូវបទប្បញ្ញត្តិមួយចំនួននៃច្បាប់ជាធរមាន
មាត្រា៧៨. និរាករណ៍នូវបទប្បញ្ញត្តិមួយចំនួននៃច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ
ច្បាប់ស្ដីពីអាពាហ៍ពិពាហ៍និងគ្រួសារ ត្រូវបាត់បង់អានុភាពចាប់ពីកាលបរិច្ឆេទនៃការអនុវត្ត លើកលែងតែបញ្ញត្តិនៃមាត្រា ៧៦ មាត្រា ៧៧ និង បញ្ញត្តិ ពីមាត្រា ៧៩ ដល់មាត្រា ៨១ នៃច្បាប់នោះនៅតែមានអានុភាពនៅក្រោយកាលបរិច្ឆេទនៃការអនុវត្ត រហូតដល់ពេលដែលកំណត់ផ្សេងដោយច្បាប់។ ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ (មាត្រា ៧៦ មាត្រា ៧៧ និង បញ្ញត្តិ ពីមាត្រា ៧៩ ដល់មាត្រា ៨១)[1]
ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ ត្រូវបានអនុម័តដោយរដ្ឋសភានៃរដ្ឋកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៨៩ នាសម័យប្រជុំសាមញ្ញលើក ទី១៧ នីតិកាលទី១ ដែលន័យខ្លឹមសារដូចតទៅ៖
………………………………………
មាត្រា៧៦ : ក្នុងករណីលែងលះគ្នា ភាគីដែលគ្មានកំហុស ហើយខ្វះខាត អាចស្នើសុំអាហារកិច្ចពីភាគម្ខាងទៀតបាន។ ភាគីខាងក្រោយនេះ ត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ ខ្លួន។ កំរិតអាហារកិច្ចត្រូវសំរេចតាមការយល់ព្រមរបស់គូភាគីទាំងសងខាង។ ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នា តុលាការប្រជាជនសំរេចសេចក្ដី។ បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ។
មាត្រា៧៧ : តុលាការប្រជាជនខេត្ត-ក្រុង អាចកែប្រែដោយបង្កើន ឬបន្ថយកំរិតអាហារកិច្ចបាន បើមានសំណូមពររបស់ភាគីម្ខាង។ ការបង្កើន ឬបន្ថយកំរិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែលផ្ដល់ អាហារកិច្ចនិងតាមសេចក្ដីត្រូវការ នៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់ឱ្យជាទឹកប្រាក់ ឬជារបស់។
ជំពូកទី៤៖ អំពីអាពាហ៍ពិពាហ៍នៅឯបរទេស និងអាពាហ៍ពិពាហ៍ជាមួយបរទេស
ផ្នែកទី១៖ អំពីអាពាហ៍ពិពាហ៍
មាត្រា៧៩ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជាឬរវាងពលរដ្ឋ កម្ពុជានិងជនបរទេស ដែលរស់នៅឯបរទេស ត្រូវប្រព្រឹត្តទៅនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត ឬស្ថានកុងស៊ុលនៃរដ្ឋកម្ពុជាប្រចាំនៅប្រទេសដែលគូភាគី មានទីលំនៅ។ ក្នុងករណីដែលអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា និងអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស បានប្រព្រឹត្តទៅត្រឹមត្រូវតាមទំរង់នៃអាពាហ៍ពិពាហ៍ដែលមានចែងក្នុង ច្បាប់នៃកន្លែងរៀបអាពាហ៍ពិពាហ៍ អាពាហ៍ពិពាហ៍នោះ ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជាប្រសិនបើ អាពាហ៍ពិពាហ៍នោះ មិនផ្ទុយនឹងបទបញ្ញត្តិច្បាប់នៃរដ្ឋកម្ពុជា។ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ឬសេចក្ដីចំលងលិខិតអាពាហ៍ពិពាហ៍នេះត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៃស្ថានទូតឬស្ថានកុងស៊ុល នៃរដ្ឋកម្ពុជា ឬគូស្វាមីភរិយាមកតាំងទីលំនៅនៅរដ្ឋកម្ពុជា ត្រូវយកមកចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍ នៅឃុំឬសង្កាត់ ដែលមកតាំងទីលំនៅនោះ។
មាត្រា៨០ : អាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេសរស់នៅរដ្ឋកម្ពុជា ត្រូវប្រព្រឹត្តទៅតាមច្បាប់នៃរដ្ឋកម្ពុជា។
ផ្នែកទី២៖ រំលាយអាពាហ៍ពិពាហ៍,
មាត្រា៨១ : ការរំលាយអាពាហ៍ពិពាហ៍ ដែលធ្វើនៅឯបរទេសរវាងប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋកម្ពុជា ឬ រវាងពលរដ្ឋកម្ពុជា និងជនបរទេស ដែលរស់នៅឯបរទេស ត្រូវបានទទួលស្គាល់យកជាការបាននៅរដ្ឋកម្ពុជា។ -ការរំលាយអាពាហ៍ពិពាហ៍រវាងពលរដ្ឋកម្ពុជា និងជនបរទេស ឬការរំលាយអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនបរទេសនៅរដ្ឋកម្ពុជា ត្រូវធ្វើតាមច្បាប់នៃរដ្ឋកម្ពុជា។ -តុលាការប្រជាជននៃរដ្ឋកម្ពុជា មានសមត្ថកិច្ចសំរេចលើបណ្ដឹងសុំរំលាយអាពាហ៍ពិពាហ៍របស់ សហព័ទ្ធណាមួយដែលចូលមកតាំងទីលំនៅ នៅរដ្ឋកម្ពុជា។
ឧបសម្ពន្ធទី២
(ច្បាប់ស្តីពីអនុវត្តក្រមរដ្ឋដែលទាក់ទងនឹងអាពាហ៍ពិពាហ៍និងគ្រួសារ) [2]
មាត្រា៩៤៩.ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព បុគ្គលដែលមានសហព័ទ្ធហើយ ពុំអាចរៀប អាពាហ៍ពិពាហ៍ទៀត បានឡើយ ។
មាត្រា៩៥៤. ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ៖ ជននៅក្រោម អាណាព្យាបាលទូទៅអាចរៀបអាពាហ៍ពិពាហ៍ បានក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទៈ ក្នុងកម្រិតអប្បបរិមា ដែលចាំបាច់ដើម្បីរៀបអាពាហ៍ពិពាហ៍។ ក្នុងករណីនេះ មិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ ។
មាត្រា៩៦៦. ករណីយកិច្ចរួមរស់នឹងគ្នា សហការ និងសង្គ្រោះគ្នាទៅវិញទៅមក។ ប្តីប្រពន្ធត្រូវរួមរស់ជីវភាពជាមួយគ្នា ហើយត្រូវសហការសង្គ្រោះគ្នាទៅវិញទៅមក ។
មាត្រា៩៦៧.សេរីភាពក្នុងការជ្រើសរើសវិជ្ជាជីវៈ និងសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម។ ប្ដី ប្រពន្ធ មានសេរីភាពក្នុងការជ្រើសរើសវិជ្ជាជីវៈហើយអាចចូលរួមក្នុងសកម្មភាព នយោបាយ វប្បធម៌ សង្គមរៀងៗខ្លួនបាន ។
មាត្រា៩៧១.ចំណែកបន្ទុកនៃសោហ៊ុយអាពាហ៍ពិពាហ៍។ ប្តីប្រពន្ធត្រូវមានចំណែកបន្ទុកលើ សោ ហ៊ុយ ដែលកើតចេញពីអាពាហ៍ពិពាហ៍ដោយពិចារណាទៅលើទ្រព្យសម្បត្តិ ប្រាក់ចំណូលនិងស្ថានភាពផ្សេងៗទៀត ។
មាត្រា៩៧៥. ការទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ច។ ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ចដែលកំណត់ខាងក្រោមនេះ ៖
ក-សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាល ថែទាំកូន ជាអាទិ៍ ។
ខ-កាតព្វកិច្ច និងករណីយកិច្ចផ្សេងៗទៀត ដែលប្តី ឬប្រពន្ធទាំងសងខាងបានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរជាមួយម្ចាស់បំណុលនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬកាតព្វកិច្ច និងករណីយកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធណាម្ខាងបានទទួលបន្ទុក ដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍អក្សរពីប្រពន្ធ ឬប្ដី ម្ខាងទៀត នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។
គ-សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម ។
មាត្រា ៩៧៦. ការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ៖
១-បើគ្មានការយល់ព្រមពីប្ដីប្រពន្ធទាំងសងខាងទេ ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធមិនអាចយកទៅលក់ ឬធ្វើការចាត់ចែងផ្សេងទៀតបានឡើយ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើក៏ដោយ បើមានស្ថានភាពមិនអាច ជៀសវាង បានសម្រាប់ការថែទាំជីវភាពរួមក្នុងអាពាហ៍ពិពាហ៍ និងដើម្បីរក្សាជីវភាពរស់នៅ នោះប្ដីប្រពន្ធណាម្ខាងអាចលក់ ឬធ្វើការចាត់ចែងផ្សេងទៀតនូវទ្រព្យសម្បត្តិរួមបានដោយទទួលការអនុញ្ញាតពីតុលាការ។
៣-ក្នុងករណីដែលប្តី ឬប្រពន្ធណាម្ខាងបានលក់ ឬធ្វើការចាត់ចែងផ្សេងទៀត នូវទ្រព្យសម្បត្តិរួម ដោយគ្មានការយល់ព្រមពីសហព័ទ្ធម្ខាងទៀតផងនិងគ្មានការអនុញ្ញាតពីតុលាការផងសហព័ទ្ធដែល មិនបានផ្តល់ការយល់ព្រម អាចទាមទារឱ្យលុបចោលនូវការ (ចាត់ចែងនោះ ទៅតុលាការបាននៅក្នុងអំឡុងពេល២(ពីរ)ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះ ជាអចលនវត្ថុ និងនៅក្នុងអំឡុងពេល១(មួយ)ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះជាទ្រព្យសម្បត្តិផ្សេង ។
មាត្រា៩៧៧. ការអាស្រ័យនៅទ្រព្យសម្បត្តិដោយឡែក
១-ប្ដីប្រពន្ធម្ខាងអាចអាស្រ័យនៅអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិដោយឡែករបស់ សហព័ទ្ធម្ខាងទៀត ហើយដែលត្រូវបានប្រើសម្រាប់ការអាស្រ័យនៅរបស់គ្រួសារបាន ។
២-ក្នុងករណីដែលប្តីប្រពន្ធម្ខាងអាស្រ័យនៅអចលនវត្ថុដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ទោះបីជាសហព័ទ្ធម្ខាងទៀត បានចាត់ចែងអចលនវត្ថុនោះ ក៏ដោយ ក៏អាចបន្តអាយនៅអចលនវត្ថុនោះបានដែរ ។
មាត្រា ៩៧៨. មូលហេតុនៃការលែងលះគ្នា
១-ប្តី ឬ ប្រពន្ធ អាច ដាក់ពាក្យបណ្តឹងលែងលះគ្នា បានតែក្នុងករណីដែលកំណត់ខាងក្រោមនេះ៖
ក-បើបានប្រព្រឹត្តអំពើផិត ទៅលើសហព័ទ្ធ ។
ខ-បើបានបោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ ។
គ-បើមិនដឹងច្បាស់ថាសហព័ទ្ធស្លាប់ ឬរស់ អស់រយៈពេលជាង ១ (មួយ) ឆ្នាំ ។
ឃ-បើសហព័ទ្ធ បានរស់នៅបែកគ្នាជាបន្តបន្ទាប់អស់រយៈពេលជាង១(មួយ)ឆ្នាំ ផ្ទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ ។
ង-ករណីផ្សេងទៀតដែលទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។
២-ទោះបីជាក្នុងករណី ដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះក៏ដោយ ប្រសិនបើយល់ឃើញថា ការលែងលះគ្នានោះនឹងបញ្ហាលឱ្យការទ្រទ្រង់ជីវភាពរបស់សហព័ទ្ធ ឬកូនក្រលំបាកយ៉ាងខ្លាំងឬមានការឈឺចាប់ដែលពុំអាចទ្រាំទ្របានតុលាការអាចច្រានចោលការទាមទារលែងលះគ្នា ដោយពិចារណាទៅលើស្ថានភាពទាំងឡាយបាន ។
៣-ក្នុងករណីដែលមានមូលហេតុដូចបានកំណត់នៅក្នុងចំណុច ឃ ឬចំណុច ង នៃកថាខណ្ឌទី១ ខាងលើនេះ ប្រសិនបើយល់ឃើញថា ការទាមទារនោះផ្ទុយនឹងភាពសុចរិត ដោយជនដែលទាមទារឱ្យលែងលះគ្នានោះធ្វេសប្រហែសយ៉ាងខ្លាំង ក្នុងការសហប្រតិបត្តិ និងជួយសង្គ្រោះចំពោះសហព័ទ្ធតុលាការអាចច្រានចោលការទាមទារលែងលះគ្នានោះដោយឆន្ទានុសិទ្ធិ បាន ។
មាត្រា ៩៧៩. ការលែងលះដោយការព្រមព្រៀង
ភាគីនៃអាពាហ៍ពិពាហ៍ អាចដាក់ពាក្យបណ្តឹងលែងលះទៅតុលាការបានក្នុងករណីដែលភាគីសងខាង បានព្រមព្រៀងអំពីការលែងលះគ្នា។ ប៉ុន្តែតុលាការអាចឱ្យលែងលះគ្នាបានក្រោយពីបានយល់ ឃើញថា ភាគីសងខាងមានបំណងពិតប្រាកដ ក្នុងការរំលាយទំនាក់ទំនងអាពាហ៍ពិពាហ៍ ។
មាត្រា៩៨៤. ការសាកល្បងផ្សះផ្សា ដោយតុលាការ
១-ទោះបីជាភាគីម្ខាងទាមទារយ៉ាងខ្លាំង ចំពោះការលែងលះគ្នាក៏ដោយតុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន។
២-បើការផ្សះផ្សាពុំអាចសម្រេចបានទេ តុលាការត្រូវយកបណ្ដឹងលែងលះគ្នាមកធ្វើការវិនិច្ឆ័យ ហើយធ្វើការប្រកាសសាលក្រម ។