ដោយ៖ លោក ហៃ សុគន្ធា
មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្ម
នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
Email: [email protected]
១‑ សេចក្តីផ្តើម
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយនៃអាស៊ីមូសុង នៅចន្លោះខ្សែស្របទី១០និងទី១៥ នៃរយៈទទឹងខាងជើង និងនៅចន្លោះខ្សែ បណ្ដោយទី១០២ និងទី១០៨ នៃរយៈបណ្ដោយខាងកើត ដែលមានផ្ទៃក្រឡាប្រមាណ ១៨១.០៣៥ គម២។ សណ្ឋានដីប្រទេសកម្ពុជាមានរាងជាពហុកោណស្ទើរស្មើជ្រុង ដែលមានចំណុចកណ្ដាល ស្ថិតនៅក្បែរទីរួមខេត្តកំពង់ធំ ប្រវែងពីជើងទៅត្បូងប្រមាណជា ៤៤០គ.ម. និងពីកើតទៅលិចប្រមាណជា ៥៦០គ.ម. ។ ប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសថៃនិងប្រទេសឡាវ ខាងកើតជាប់នឹងប្រទេស វៀតណាម ខាងត្បូងជាប់នឹងប្រទេសវៀតណាមនិងឈូងសមុទ្រថៃ និងខាងលិចជាប់នឹងប្រទេសថៃ ហើយមានប្រវែងសរុបប្រមាណ ២.៦០០ គ.ម. ដែលក្នុងនោះមាន ៥/៦ ជាដីគោក និង ១/៦ ជាមាត់សមុទ្រ។
តាមលក្ខណៈភូមិសាស្រ្តទូទៅ ប្រទេសណាដែលមានផ្ទៃដីកាន់តែធំមានន័យថាប្រទេសនោះមានលក្ខណៈនិងរូបរាងនៃសណ្ឋានដីកាន់តែខុសគ្នា។ សណ្ឋានដី គឺជាធាតុផ្គុំសំខាន់នៃអង្គផែនដីចម្រុះដោយធម្មជាតិ ប្រកបដោយធាតុសមាសផ្សេងៗក្នុងបរិស្ថានធម្មជាតិ រួមមានសិលា ដី ទឹក រុក្ខជាតិ សត្វ កម្តៅព្រះអាទិត្យ អាកាសធាតុ កម្លាំងតិចតូនិច។ល។ ក្រោយពីបានទទួលអន្តរកម្មដ៏ខ្លាំងក្លា និងយ៉ាងស្មុគស្មាញមក ធាតុបង្កនៃបរិស្ថានធម្មជាតិក៏បានឯកភាពរួមជាសណ្ឋានដីមួយ ដែលមានទម្រង់ដូចសព្វថ្ងៃនេះ។ សណ្ឋានដីមួយផ្នែកទទួលឥទ្ធិពលពីសកម្មភាពធម្មជាតិ រីឯមួយផ្នែកទៀតទទួលសកម្មភាពពីមនុស្ស ពោលគឺមានសារៈសំខាន់ដល់ដែនដីផលិតកម្ម ពិសេសដល់របាយកម្លាំងផលិតកម្ម សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមនិងពិភពលោកទាំងមូលតែម្តង។ មានន័យថា នៅលើផ្ទៃសណ្ឋានដីជាច្រើន គឺអាចជាកន្លែងសម្រាប់ប្រកបការងារផលិតកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃសង្គមមនុស្ស និងជីវិតទូទៅនៃភពផែនដី។
ចំពោះលក្ខណៈទូទៅ នៃសណ្ឋានដី ប្រទេសកម្ពុជា គឺមានរាងផតចំកណ្តាលដែលព័ទ្ធស្ទើរជុំវិញទៅដោយភ្នំនិងខ្ពង់រាប។ បើសិនជាធ្វើពុំនូសកាត់ទទឹង សណ្ឋានដីប្រទេសកម្ពុជាពីប៉ែកនិរតីទៅឦសាន គេឃើញសណ្ឋានដី ប្រទេសកម្ពុជាមានលក្ខណៈងាយ មិនសាំញ៉ាំ ព្រោះតំបន់ខ្ពស់ៗ ស្ថិតនៅតែតាមព្រំប្រទល់ប្រទេស ហើយព័ទ្ធស្ទើរជុំវិញកំហូងមួយដ៏ធំមួយដែលគ្របដណ្តប់ទៅដោយដីល្បាប់ គឺតំបន់ទំនាបកណ្តាល ដែលជាតំបន់ដ៏ប្រសើរសម្រាប់ដំណាំកសិកម្ម និងជាតំបន់ដែលបង្កលក្ខណៈងាយស្រួលដល់ការតាំងទីលំនៅផងដែរ។
គំនូសកាត់សណ្ឋានដីប្រទេសកម្ពុជាពីនិរតីទៅឦសាន
តំបន់ទំនាបឆ្នេរនៃប្រទេសកម្ពុជា គឺស្ថិតនៅចន្លោះឆ្នេរសមុទ្រនិងតំបន់ជួរភ្នំក្រវាញ មានប្រវែងប្រមាណពី២០ទៅ៣០គ.ម. លាតសន្ធឹងនៅតាមបណ្តោយឈូងសមុទ្រថៃ គ្របដណ្តប់ខេត្តចំនួន៤នៃប្រទេសកម្ពុជា គឺខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ដែលសណ្ឋានដីភាគច្រើនមានទម្រង់ជាដីខ្សាច់ ដែលអាចបង្កលទ្ធភាពប្រសើរសម្រាប់ដំណាំកសិកម្ម ពិសេសដំណាំដូង និងដំណាំចម្ការធំៗ ដូចជា ចម្ការម្រេច ធុរេន កៅស៊ូ និងដំណាំស្រូវជាដើម។ ម៉្យាងទៀត តំបន់នេះ ក៏មានប្រព័ន្ធផ្លូវទឹកជាច្រើនដែលមានប្រភពមកពីតំបន់ជួរភ្នំក្រវាញ ហើយអាចផ្តល់លទ្ធភាពសម្រាប់ផលិតថាមពលវារីអគ្គីសនីបានផងដែរ។ សម្រាប់ទំនាបឆ្នេរវិញ ក៏ជាតំបន់ដែលអាចផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាម រយៈធនធានធម្មជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ រួមជាមួយនឹងឆ្នេរសមុទ្រកម្ពុជាប្រវែង ៤៤០ គ.ម. ប្រកបទៅដោយទេសភាពល្អប្រសើរ ពោលគឺមានរុក្ខជាតិស្រស់បំព្រងនៅគ្រប់រដូវកាល ជាពិសេសគឺព្រៃកោងកាងនៅតាមឆ្នេរសមុទ្រ។ ក្រៅពីជាមជ្ឈមណ្ឌលទេសចរណ៍ តំបន់ទំនាបឆ្នេរសមុទ្រកម្ពុជាដែលមានឆកកំពង់សោម និងឆករាម ក៏ជាទីជម្រកដ៏ប្រសើរសម្រាប់កំពង់ផែ ដូចជាកំពង់ផែក្រុងព្រះសីហនុ ដែលសព្វថ្ងៃកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លាសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ។ ដូចគ្នានេះដែរ តំបន់ឈូងសមុទ្រកម្ពុជា ដែលមានលក្ខណៈជាសមុទ្រត្រូពិក គឺជាទីប្រសើរដល់ការធ្វើអាជីវកម្មនេសាទសមុទ្រ នាវាទេសចរណ៍តាមឆ្នេរ និងសកម្មភាពកំពង់ផែជាដើម។ ធនធានសមុទ្រជាច្រើនទៀតក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែរ ដូចជា ធនធានរ៉ែនៅតំបន់ជាយទ្វីបនិងតំបន់ឈូងសមុទ្រកម្ពុជា និងលទ្ធភាពនៃឧស្សាហកម្មផ្សេងទៀត(អំបិលក្លរ៉ួ សូដ្យូម ប៉ូតាស្យូម....)។
បើប្រៀបធៀបជាមួយបណ្តាប្រទេសជិតខាង តំបន់ឆ្នេរសមុទ្រកម្ពុជាដែលពោរពេញទៅដោយភាពទាក់ទាញ គឺជាអចលទ្រព្យដែលមិនទាន់មានការអភិវឌ្ឍខ្លាំងក្លានៅឡើយទេ។ តំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងត្រូវបានចាប់អារម្មណ៍ពីវិនិយោគបរទេសក្នុងការធ្វើនគរូបនីយកម្ម ប៉ុន្តែតំបន់ទំនាបឆ្នេរ ដែលមានវិលាសភាពដ៏ធំធេង ហាក់មិនទាន់មានការវិនិយោគច្បាស់លាស់នៅឡើយទេ ពោលគឺតំបន់ទាំងនេះនៅតែជាទីកន្លែងសម្រាប់ប្រជាជននៅក្នុងតំបន់ ប្រកបរបរចិញ្ចឹមជីវិត ដោយអាស្រ័យធនធាននានានៅតាមតំបន់ឆ្នេរនិងឈូងសមុទ្រ។
២‑ លក្ខណៈភូមិសាស្រ្តតំបន់ឆ្នេរនិងឈូងសមុទ្រកម្ពុជា
សិទ្ធិស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលអាចលាតសន្ធឹងរហូតដល់ចម្ងាយ២០០ម៉ៃល៍ពីឆ្នេរ គ្របដណ្តប់លើផ្ទៃនៃឈូងសមុទ្រថៃ ប្រមាណ ៥៥.៦០០ គម២ ត្រូវបានបង្កើតដោយយោងតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ដែនសមុទ្រ [1] និងគាំទ្រដោយអធិបតេយ្យភាពរបស់កម្ពុជាលើធនធានតំបន់ឆ្នេររបស់ខ្លួន។ បើតាមកំណត់សម្គាល់ នៃពុំនូសចែកសណ្ឋានប្រទេសកម្ពុជាពីនិរតីទៅឦសាន បានបង្ហាញថាផ្នែកនិរតីប្រទេសជាតំបន់ឈូងសមុទ្រ និងតំបន់ទំនាបឆ្នេរ(តំបន់ឆ្នេរសមុទ្រនិងទំនាបឆ្នេរ) ដែលមានសណ្ឋានងើបឡើងបន្តិចម្តងៗ ពីតំបន់ឆ្នេរសមុទ្រឆ្ពោះទៅកាន់តំបន់ជួរភ្នំក្រវាញ ប៉ុន្តែក៏នៅមានសណ្ឋានដីខ្លះៗ ជាលំនាំកូនភ្នំនៅក្នុងតំបន់ទំនាបឆ្នេរនេះដែរ ហើយកន្លែងខ្លះមានកម្ពស់រហូតដល់៤១០ម.(កោះកុង) [2]។
ខេត្តចំនួន៤នៃប្រទេសកម្ពុជា មានទីតាំងនៅជាប់នឹងឈូងសមុទ្រនៃប៉ែកនិរតី ហើយក៏ជាខេត្ត ដែលត្រូវបានចាត់ទុកជាតំបន់អទិភាពនៃធនធានសមុទ្ររបស់ប្រទេសកម្ពុជា រួមមានៈ ទី១‑ខេត្តកោះកុង គ្របដណ្តប់លើផ្ទៃដី ១០.០៤៥គម២ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិសាត់ ខាងកើតជាប់នឹងកំពង់ស្ពឺ ខាងត្បូងជាប់នឹងខេត្តព្រះសីហនុ និងខាងលិចជាប់នឹងឈូងសមុទ្រថៃ ទី២‑ខេត្តព្រះសីហនុ គ្របដណ្តប់លើផ្ទៃដី ២.៦៥៨គម២ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពតនិងកំពង់ស្ពឺ ខាងត្បូងនិងខាងលិចជាប់នឹងខេត្តកំពតនិងឈូងសមុទ្រថៃ ទី៣‑ខេត្តកំពត គ្របដណ្តប់លើផ្ទៃដី៤.៨៧៣គម២ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ និងខាងលិចជាប់នឹងខេត្តព្រះសីហនុ និងទី៤‑ខេត្តកែប គ្របដណ្តប់លើផ្ទៃដី១៥៨,៦៣គម២ ដែលមានព្រំប្រទល់ដីគោកព័ទ្ធជុំវិញដោយខេត្តកំពត និងព្រំប្រទល់សមុទ្រប្រវែង២៦គ.ម.។ ខេត្តនេះនៅប៉ែកនិរតីប្រទេស ដែលមានចម្ងាយប្រមាណ១៧៥គ.ម. ពីរាជធានីភ្នំពេញ [3]។
២.១‑ សណ្ឋានដី
សណ្ឋានដីនៃតំបន់ទំនាបឆ្នេរកម្ពុជា គឺជាតំបន់ដែលស្ថិតនៅចន្លោះឆ្នេរសមុទ្រ និងជួរភ្នំក្រវាញដែលមានចម្ងាយប្រមាណពី២០គ.ម. ទៅ ៣០គ.ម. ពោលគឺមានរយៈកម្ពស់កើនយ៉ាងរហ័សពីសមុទ្រទៅទល់ជើងជួរភ្នំក្រវាញ។ ទោះ បីជារបាំងនៃតំបន់ជួរភ្នំក្រវាញ បានខណ្ឌចែកតំបន់ទំនាបឆ្នេរជាមួយនឹងតំបន់ទំនាបកណ្ដាលដែលជាបេះដូងនៃប្រទេសកម្ពុជាក៏ដោយ ក៏សណ្ឋានដីនៃតំបន់ទាំងពីរនេះ មានលទ្ធភាពអាចតភ្ជាប់គ្នាតាមច្រកសំខាន់ៗ៣ គឺ [4]៖
ក‑ ច្រកវាលវែង (មោងឬស្សី‑កោះកុង)
ខ‑ ច្រកតាសី (ពោធិ៍សាត់‑ស្រែអំបិល)
គ‑ ច្រកពេជ្រនិល (កំពង់ស្ពឺ‑ស្រែអំបិល)
២.២‑ ប្រព័ន្ធផ្លូវទឹក
មួយភាគប្រាំមួយ(៤៤០គ.ម.) នៃបរិវេណព្រំដែនប្រទេសកម្ពុជា គឺឆ្នេរសមុទ្រ ដែលស្ថិតនៅតាមបណ្ដោយឈូងសមុទ្រថៃ ហើយប្រព័ន្ធផ្លូវទឹកនៃតំបន់នេះ ភាគច្រើនជាប្រភេទស្ទឹងតូចៗ ដែលមានចម្ងាយខ្លីៗ និងមានរបបទឹកឡើងនិងស្រកឆាប់រហ័ស ពោលគឺអាស្រ័យទៅលើទឹកភ្លៀងនៃតំបន់ជួរភ្នំក្រវាញ ដែលជាប្រភពដ៏សំខាន់នៃប្រព័ន្ធផ្លូវទឹកទាំងនេះ។ ផ្លូវទឹកសំខាន់ៗនៃតំបន់នេះ ច្រើនតែហូរធ្លាក់ពីរយៈកម្ពស់៥០០ម. ទៅ៦០០ម. ធ្លាក់ពីល្បាក់មួយទៅកាន់ទំនាបជិតៗ ដោយបត់បែនជាភ្នែនដ៏ច្រើន មុននឹងទៅដល់មាត់សមុទ្រ ដែលមានចម្ងាយរហូតទៅដល់ទៅ២០គ.ម.។ ជ្រោះជាច្រើនដែលស្ងួតនៅរដូវប្រាំងតែងតែមានទឹកច្រើននិងហូរយ៉ាងខ្លាំងនៅរដូវវស្សា ពេលខ្លះកម្លាំងទឹកហូរបាននាំមកនូវដុំថ្មធំៗនិងមែកឈើមកជាមួយផងក៏មាន។ ក្រៅអំពីទឹកភ្លៀង ប្រព័ន្ធផ្លូវទឹកនៅក្នុងតំបន់នេះស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរសមុទ្រថែមទៀត ពោលគឺនៅរដូវប្រាំងទឹកសមុទ្រតែងតែហូរត្រឡប់ចូលទៅក្នុងប្រព័ន្ធផ្លូវទឹកទាំងនេះតាមកម្រិតនៃនីវ៉ូ សមុទ្រ។ ប្រព័ន្ធផ្លូវទឹកសំខាន់ៗនៃតំបន់ឆ្នេរសមុទ្រ ពីជើងទៅត្បូង រួមមាន ស្ទឹងមេទឹក (ប្រភពនៅភ្នំធំ) ស្ទឹងព្រែកតាតី(ប្រភពស្ទឹងកែប) ស្ទឹងជាយអារែង (ប្រភពព្រែកយួននិងព្រែកតាចន្ទ) ព្រែកជីផាត ព្រែកកំពង់សោម ស្ទឹងកំពត (ប្រភពនៅភ្នំដំរី) ស្ទឹងទូកមាស។ ក្រៅពីផ្លូវទឹកសំខាន់ៗខាងលើនេះ តំបន់ឆ្នេរសមុទ្រនៅមានកូនជ្រោះជាច្រើន ដែលតែងតែនាំនូវកម្ទេចវត្ថុគ្រប់យ៉ាងមកចាក់បំពេញត្រើយសមុទ្រនៅរាល់រដូវភ្លៀង។
២.៣‑ ឆ្នេរសមុទ្រនិងឈូងសមុទ្រ
២.៣.១‑ ឆ្នេរសមុទ្រ
តាមលក្ខណៈភូមិសណ្ឋានបង្ហាញថា ឆ្នេរសមុទ្រកម្ពុជា មានស្ទើរកោះពីរយ៉ាងដាច់ពីគ្នាដោយសារឆកកំពង់សោម ពោលគឺស្ទើរកោះស្មាច់និងស្ទើរកោះវាលរេញ។ ទឹកសមុទ្រកម្ពុជាមិនសូវជ្រៅប៉ុន្មានទេ ដោយមានជម្រៅទឹកមិនលើសពី៧៥ម. ដែលជាកត្តានាំឲ្យមានលទ្ធភាពច្រើនក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចនានានៅតាមសមុទ្រ។ រាជរដ្ឋាភិបាលបានកសាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែរាមនៅតាមឆ្នេរសមុទ្រ នេះក្នុងការធ្វើបម្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិហើយ ទីក្រុងនានាដែលស្ថិតនៅតាមឆ្នេរ ក៏ជាផ្នែកសំខាន់សម្រាប់វិស័យទេសចរណ៍ប្រកបដោយសោភណភាពប្រសើរ។ តាមការសិក្សាអំពីភូមិវិទ្យាសេដ្ឋកិច្ច គេអាចបែងចែកតំបន់ឆ្នេរសមុទ្រកម្ពុជា ជា៥តំបន់ គឺ[5]៖
ក‑ ពីចាំយាមទៅព្រែកគគីរ៖ ឆ្នេរសមុទ្រតំបន់នេះទាបប្រកបទៅដោយភក់និងព្រៃកោងកាង ដែលបង្កលក្ខណៈងាយស្រួលដល់ការតាំងទីលំនៅរបស់មនុស្ស ហើយភាគច្រើនលើសលប់ជាភូមិអ្នកនេសាទ។
ខ‑ ពីព្រែកគគីរទៅជ្រោយសូរិយាវង្ស៖ ទីតាំងនៃឆ្នេរសមុទ្រតំបន់នេះស្ថិតនៅក្បែរជើងភ្នំ និងនៅចំមុខខ្យល់មូសុង ហើយឆ្នេរ មានសណ្ឋានប្រកបទៅដោយថ្ម និងមានរាងរឆិញរឆុញ ប៉ុន្តែពុំសូវសម្បូរផ្ទាំងថ្មធំៗទេ មានតែជ្រោយខ្លះៗ ដែលជាជម្រកនៃឆកសមុទ្រប៉ុណ្ណោះ។ តំបន់នេះមានកោះ និងកូនកោះជាច្រើននៅរាយបន្តពីមុខជ្រោយទាំងនោះ ប៉ុន្តែពុំសូវមានមនុស្សរស់នៅទេ។
គ‑ ឆកកំពង់សោម៖ តំបន់នេះព័ទ្ធពីក្រៅដោយកោះភ្នំមួយជួរ និងសម្បូរព្រៃ។ នៅខាងកើតនិងខាងលិចឆកនេះ មានជ្រោយសូរិយា វង្សនិងជ្រោយថ្មស ដែលមានភូមិអ្នកនេសាទ និងជ្រោយវាលរេញ ដែលមានកំពង់ផែកំពង់សោម។ ទិដ្ឋភាពទូទៅនៃឆកកំពង់សោមប្រសើរណាស់ ព្រោះឆកនេះបែរមុខចំខ្យល់មូសុងវស្សាពីទិសនិរតី ដែលមានទទឹងប្រមាណ ៣០គ.ម. ហើយមានឆ្នេរទាបនៅប៉ែកខាងលិចនិងខាងកើត និងមានថ្មប៉ប្រះទឹកត្រង់ផ្នែកខាងត្បូង។ ម្យ៉ាងទៀត ឆកនេះចាប់គោកបន្តិចម្ដងៗ ដោយសារល្បាប់ដីច្រើន ដែលចាក់បំពេញដោយប្រព័ន្ធផ្លូវទឹកទាំងឡាយ ហើយក៏ជាទីដ៏ប្រសើរសម្រាប់ជាតំបន់ជីវចម្រុះនានាផងដែរ។
ឃ‑ ពីកំពង់សោមដល់ឆកទឹកសាប៖ តំបន់នេះមានឆ្នេរខ្សាច់ជាច្រើន ជាមួយនឹងប្រភេទរុក្ខជាតិកោងកាងជាច្រើន ដុះឆ្លាស់គ្នានឹងដុំថ្ម ដែលជាទីប្រសើរសម្រាប់ទេសចរណ៍ឆ្នេរ សមុទ្រ។ នៅចំកណ្ដាលតំបន់នេះ មានឆករាមដែលជាជម្រកយ៉ាងល្អ សម្រាប់កំពង់ផែរាម ហើយអាចគេចផុតពីខ្យល់ព្យុះមូសុង ដែលតែងតែកើតមានស្ទើររាល់ឆ្នាំ។
ង‑ ពីឆកទឹកសាបទៅហាទៀង (ប្រទេសវៀតណាម)៖ តំបន់នេះ មានរាងផតចូលក្នុងដោយសារឆកទឹកសាបនិងឆកវាលរេញ ដែលមានឆ្នេរទាបហើយពោរពេញទៅដោយភក់។ នៅក្បែរជើងឆ្នេរចោតនៃភ្នំបូកគោ មានឆ្នេររាងជាដងធ្នូសម្បូរទៅដោយដើមកោងកាង ហើយផ្នែកខាងកើតពាមសមុទ្រនៃស្ទឹងកំពត ឆ្នេរនៅតែទាបរហូត លើកលែងតែជ្រោយកែប។
២.៣.២‑ តំបន់ឈូងសមុទ្រនិងកោះ
តំបន់ឈូងសមុទ្រនិងកោះ នៃប្រទេសកម្ពុជា គឺមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រថៃ ដែលជា សមុទ្រមិនស្រូវមានជម្រៅទឹកជ្រៅប៉ុន្មានទេ ពោលគឺមានជម្រៅមធ្យមប្រមាណ១០ម. ហើយជម្រៅអតិប្បរមាគឺមិនលើសពី៧៥ម.។ ឈូងសមុទ្រនេះ បានកាត់ផ្ដាច់ដែនដីកម្ពុជាពីឧបទ្វីបម៉ាឡាកា កោះសូម៉ាត្រា និងកោះជ្វា។ ទឹកនៃតំបន់ឈូងសមុទ្រនេះមានសភាពស្ងប់នៅរដូវប្រាំង (ពីខែធ្នូទៅដល់ខែមេសា) និងមានភាពរញ្ជួយដោយរលកធំៗនៅរដូវវស្សា (ពីខែឧសភាទៅដល់ខែវិច្ឆិកា)។ ភាពស្ងប់ឬភាពរញ្ជួយនៃទឹកសមុទ្រតំបន់នេះ គឺប្រែប្រួលទៅតាមរបបខ្យល់មូសុងដែលបក់មកពីទិសឦសានឬ បក់មកពីទិសនិរតី។ ឈូងសមុទ្រនេះ ស្ថិតនៅក្រោមឥទ្ធិពលនៃជំនោរទឹកដូចសមុទ្រដទៃទៀតដែរ គឺក្នុងមួយថ្ងៃ(២៤ម៉ោង) មានជំនោរចំនួនពីរឆ្លាស់គ្នានឹងលំនាចចំនួនពីរ ដែលកើតឡើងដោយការប្រែប្រួលនៃផ្ទៃទឹកសមុទ្រទាំងឡាយក្រោមឥទ្ធិពលនៃទំនាញរវាងព្រះអាទិត្យនិងព្រះចន្ទ។
ខ្យល់មូសុងឦសានក្នុងសមុទ្រចិន បានបង្កឱ្យចរន្តសមុទ្របែរទៅទិសពាយ័ព្យ ដោយមានមួយផ្នែកបែរទៅរកឆ្នេរម៉ាឡាកា រួចបង្វិលមួយជុំស្របទៅនឹងទ្រនិចនាឡិកា។ ចំពោះឆ្នេរសមុទ្រកម្ពុជាវិញ ចរន្តកើតឡើងពីទិសពាយ័ព្យទៅអាគ្នេយ៍ ជាហេតុបណ្ដាលឱ្យឆ្នេរនេះគេចផុតពីគ្រោះថ្នាក់ ពោលគឺខ្យល់មូសុងឦសានបង្កើតរដូវនេសាទតាមឆ្នេរសមុទ្រកម្ពុជា។ គេសង្កេតឃើញមានបាតុភូតមួយផ្ទុយទៅវិញ នៅ រដូវខ្យល់មូសុងនិរតី គឺចរន្តសមុទ្រចូលមកប៉ះនឹងឆ្នេរសមុទ្រកម្ពុជា រួចឡើងទៅទិសខាងជើង ដែលបង្កឱ្យមានរលកធំៗកណ្ដាលសមុទ្រ បក់ឆ្ពោះមកតំបន់ឆ្នេរនេះតែម្ដង ពោលគឺមូសុងនិរតីនេះហើយ ដែលបង្កើតរដូវយ៉ាងអាក្រក់នៅតំបន់ឈូងសមុទ្រនិងតំបន់ឆ្នេរសមុទ្រ ដែលបណ្ដាលឲ្យនាវាចរប្រព្រឹត្តទៅដោយពិបាក និងដោយគ្រោះថ្នាក់។
ដែនដីនៃកោះទាំងឡាយរបស់កម្ពុជា[6] គឺមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រថៃ ដែលក្នុងនោះមានក្រុមកោះនៅផ្នែកខាងជើង ដូចជា កោះពរ កោះកាពិ កោះចៅលាវ កោះស្កេត។ កូនកោះមួយក្រុម ប្រកបទៅដោយថ្ម មានទីតាំងនៅតាមបណ្ដោយជុំវិញជ្រោយស្មាច់ គឺកូនកោះដំបង កោះព្រះ កោះបួនជាដើម។ កោះរ៉ុង និងកោះរ៉ុងសន្លឹម ស្ថិតនៅពីមុខឆកកំពង់សោម ហើយក្រុមកោះ នៅខាងមុខស្ទើរកោះវាលរេញ រួមមាន កោះពស់ កោះតាកៀវ កោះឫស្សី កោះត្រែស កោះចន្លុះ កោះស្រមោច មានកោះថ្មី និងកោះសេះជាដើម។ កោះកុង ជាកោះធំជាងគេនៃប្រទេសខ្មែរ (ផ្ទៃដីប្រមាណ៨០គម២) គឺជាកូនភ្នំមួយកម្ពស់៤១០ម. ដែលដាច់ចេញពីទ្វីបដោយសារបំណាក់ភ្នំភ្លើង។ កោះត្រល់ (បច្ចុប្បន្នជាកោះហ្វូគួក) គឺជាកោះមួយដ៏ធំ ដែលអាចការពារឆ្នេរពីខ្យល់មូសុងនិរតីហើយក៏ជាបាំង (ទីជម្រកសមុទ្រ) នៃភូមិនេសាទជាច្រើន។ ក្រុមកោះនៅផ្នែកខាងត្បូង រួមមានកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះអង្គុញ និងកោះសេះជាដើម។ កោះភាគច្រើននៃឈូងសមុទ្រថៃ មានមនុស្សរស់នៅតិចតួចនៅឡើយ កោះខ្លះនៅមានលក្ខណៈធម្មជាតិស្ទើរតែទាំងស្រុង ប្រកបទៅដោយព្រៃក្រាស់ៗ ដែលនៅពុំទាន់បានទាញយកផលប្រយោជន៍សេដ្ឋកិច្ចនៅឡើយ។
[2] សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ ទំព័រ២៦
[3] http://kep.gov.kh/ស្ថានភាពទូទៅខេត្តកែប
[4] ក្រសួងអប់រំ យុវជន និងកីឡា សៀវភៅសិក្សាសង្គមថ្នាក់៩ ភ្នំពេញ ២០១៧ ទំព័រ២៣
[5] ហៃ សុគន្ធា ភូមិវិទ្យាសេដ្ឋកិច្ចកម្ពុជា ឯកសារបង្រៀនតាមសាកលវិទ្យាល័យ ២០១៣ ទំព័រ៤៥
[6] សាគូ សាម៉ុត ភូមិវិទ្យាប្រទេសខ្មែរ ភ្នំពេញ ២០១០ ទំព័រ២៨
៣‑ ប្រជាសាស្រ្តតំបន់ទំនាបឆ្នេរនិងឈូងសមុទ្រ
ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ[1] បង្ហាញថា ប្រទេសកម្ពុជាមានប្រជាជនប្រមាណជា ១៥,២៨លាននាក់ ដែលក្នុងនោះ មានខ្មែរប្រមាណជា៩០%។ ជាការពិត ប្រទេសកម្ពុជាធ្លាប់បានធ្វើជំរឿនប្រជារាស្រ្តកម្ពុជា ជាផ្លូវការលើកទីមួយ គឺនៅក្នុងឆ្នាំ១៩៦២ ដែលមានប្រជារាស្រ្តប្រមាណ ៥,៧លាននាក់ ពោលគឺប្រព្រឹត្តឡើងបន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពេញលេញពីអាណានិគមបារាំង។ ចាប់ពីពេលនោះមក កម្ពុជាមិនបានធ្វើជំរឿនប្រជាជនទេ រហូតដល់ឆ្នាំ១៩៩៨ និងមិនមានការធ្វើអង្កេតថ្នាក់ជាតិទេរហូតដល់ឆ្នាំ១៩៩៣‑១៩៩៤។ មិនមានព័ត៌មានជាក់លាក់ណាមួយ ដែលអាចអះអាងបន្ថែមអំពីចំនួនប្រជារាស្រ្តកម្ពុជា រហូតដល់ឆ្នាំ១៩៩២ ទើបអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ (UNTAC) បានស្រង់ឈ្មោះអ្នកបោះឆ្នោត អាយុពី១៨ឆ្នាំឡើងទៅមានចំនួនប្រមាណជា ៤,២៨លាននាក់។ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ត្រូវបានដឹកនាំធ្វើដោយវិទ្យាស្ថានជាតិស្ថិតិ (NIS) នៅខែមេសា ឆ្នាំ១៩៩៤ បានប៉ានស្មានចំនួនប្រជារាស្រ្តរបស់ប្រទេសកម្ពុជាមានចំនួន ប្រមាណ ៩,៨៧លាននាក់។
ជំរឿនប្រជាជនកម្ពុជាតាមបណ្តាឆ្នាំ
ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ ដដែល បានបង្ហាញអំពីទំហំ និងកំណើនប្រជាជន តាមតំបន់ស្នាក់នៅ មានការប្រែប្រួលប្រចាំតំបន់យ៉ាងទូលាយ ក្នុងការបែងចែកប្រជាជន ដូចជាតំបន់វាលរាប គឺជាតំបន់ដែលប្រជាជនចូលចិត្តរស់នៅច្រើនជាងគេបំផុត បន្តបន្ទាប់ដោយតំបន់ទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយ គឺតំបន់ភ្នំនិងខ្ពង់រាប ដែលមានស្ថានភាពដឹកជញ្ជូនពិបាកជាងគេ។
តារាងទី១៖ ទំហំនិងកំណើនប្រជារាស្រ្តតាមតំបន់និងអត្រាកំណើនប្រចាំឆ្នាំ
តំបន់តាំងទីលំនៅ |
ចំនួនប្រជារាស្ត្រតាមឆ្នាំ |
អត្រាកំណើន(២០០៨‑២០១៩) |
||
២០០៨ |
២០១៩ |
ភាគរយ |
ប្រចាំឆ្នាំ |
|
តំបន់វាលរាប |
៦.៥៤៧.៩៥៣ |
៧.៤៧៧.៤៤៤ |
១៤,១៩ |
១,២ |
តំបន់ទន្លេសាប |
៤.៣៥៦.៧០៥ |
៤.៨០១.២៦០ |
១០,២០ |
០,៩ |
តំបន់ឆ្នេរសមុទ្រ |
៩៦០.៤៨០ |
១.០៦១.១៤៨ |
១០,៤៨ |
០,៩ |
តំបន់ភ្នំនិងខ្ពង់រាប |
១.៥៣០.៥៤៤ |
១.៩៤៨.៦៣៧ |
២៧,៣១ |
២,២ |
សរុប |
១៣.៣៩៥.៦៨២ |
១៥.២៨៨.៤៨៩ |
១៤,១២ |
១,២ |
ប្រភព៖ ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩
អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ នៃតំបន់ឆ្នេរ គឺមានកម្រិតទាបជាងគេ (ប្រមាណ០,៩%) បើធៀបទៅនឹងតំបន់ភ្នំនិងខ្ពង់រាប មានអត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំ ខ្ពស់ជាងគេ (២,២%) ដោយសារការផ្លាស់ទីចូលមកពីខេត្តដទៃទៀត ដោយមូលហេតុស្វែងរកឱកាសផ្នែកសេដ្ឋកិច្ចផ្សេងៗ តាមរយៈធនធានធម្មជាតិអំណោយផល និងការពង្រីកការបន្ថែមការអភិវឌ្ឍថ្មីៗនៅក្នុងតំបន់ទាំងនេះ។
៣.១‑ ដង់ស៊ីតេប្រជារាស្រ្តកម្ពុជាតាមតំបន់
តាមជំរឿនទូទៅប្រជាជនកម្ពុជា ដង់ស៊ីតេ ប្រជាជន គឺជាសូចនាករសំខាន់មួយនៃប្រជាជន ដែលត្រូវបានវាស់វែងពីការប្រមូលផ្តុំរបស់ប្រជាជន។ សូចនាការនេះ គឺគិតពីចំនួនមនុស្សរស់នៅលើផ្ទៃដីក្នុងមួយគីឡូម៉ែត្រការ៉េ។
ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បង្ហាញថា ដង់ស៊ីតេប្រជាជនកម្ពុជាគឺមានចំនួន៨៦នាក់ បានកើនឡើងចំនួន១១នាក់ បើប្រៀបធៀបទៅនឹងដង់ស៊ីតេនៃការធ្វើជំរឿនឆ្នាំ២០០៨ ដែលមានចំនួនតែ៧៥នាក់ប៉ុណ្ណោះ ក្នុងមួយគីឡូម៉ែត្រការ៉េ។ ទោះបីជាយ៉ាងនេះក្តី ក៏ចំនួននេះនៅមានលក្ខណៈទាបនៅឡើយ បើប្រៀបធៀប ទៅនឹងប្រទេសជិតខាងដូចជា ប្រទេសវៀតណាម (១៦៨នាក់/គម២) ប្រទេសថៃ (១៣៦នាក់/គម២) និងតំបន់អាស៊ីអាគ្នេយ៍ (១៣២នាក់/គម២) ប៉ុន្តែប្រទេសឡាវ គឺជាប្រទេសដែលមានដង់ស៊ីតេទាបជាងគេនៅក្នុងតំបន់ ពោលគឺមានចំនួនតែ២៧នាក់/គម២ ប៉ុណ្ណោះ។ ជាទូទៅ មិនថាតែនៅក្នុងប្រទេសកម្ពុជាងទេ ប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោក គឺមានដង់ស៊ីតេប្រជាជននៅតំបន់ទីក្រុងនិងទីប្រជុំជន ខ្ពស់ជាងតំបន់ជនបទ។ នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៩ ចំនួនប្រជាជន បានកើនឡើងចំនួន១,៨៩លាននាក់ ដែលក្នុងនោះតំបន់ទីប្រជុំជនមានកំណើនចំនួនមនុស្សប្រមាណ ០,៨លាននាក់ (៤១,៤%) រីឯតំបន់ជនបទវិញ មានកំណើនចំនួនមនុស្ស ១,១លាននាក់ (៥៨,៦%)។
តារាងទី២៖ ការបែងចែកតំបន់ ផ្ទៃដី និង ដង់ស៊ីតេប្រជាជនឆ្នាំ២០០៨និង២០១៩
តំបន់តាំងទីលំនៅ |
ផ្ទៃដី(គម២) |
ប្រជារាស្រ្ត(%) |
ដង់ស៊ីតេ |
||
២០០៨ |
២០១៩ |
២០០៨ |
២០១៩ |
||
វាលរាប |
២៥.០៦៩ |
៤៩,២ |
៤៩,២ |
២៦១ |
២៩៨ |
ទន្លេសាប |
៦៧.៦៦៨ |
៣២,៥ |
៣២,២ |
៦៤ |
៧១ |
ឆ្នេរសមុទ្រ |
១៧.២៣៧ |
៧,២ |
៧ |
៥៦ |
៦២ |
ភ្នំនិងខ្ពង់រាប |
៦៨.០៦១ |
១១,៤ |
១១,៧ |
២២ |
២៩ |
សរុប |
១៨១.០៣៥* |
១០០ |
១០០ |
៧៥ |
៨៦ |
សម្គាល់ៈ * រាប់បញ្ចូលបឹងទន្លេសាប(៣.០០០ គម២)
ទិន្នន័យជំរឿនប្រជារាស្រ្តកម្ពុជាឆ្នាំ២០០៨ ក៏ដូចជាជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា ដង់ស៊ីតេប្រជាជនកម្ពុជា ប្រែប្រួលពីចំនួនពី៧៥ ទៅចំនួន៨៦ ដែលក្នុងនោះ តំបន់វាលរាបនៅតែមានដង់ស៊ីតេប្រជារាស្រ្តខ្ពស់ជាងគេដដែល គឺពីចំនួន២៦១នាក់/គម២ នៅឆ្នាំ២០០៨ កើនដល់ ២៩៨នាក់/គម២ នៅឆ្នាំ២០១៩ ហើយតំបន់ដែលមានដង់ស៊ីតេទាបជាងគេ គឺតំបន់ភ្នំនិងខ្ពង់រាបដែលមានចំនួនតែ២២នាក់/គម២ នៅឆ្នាំ២០០៨ និង២៩នាក់/គម២ នៅឆ្នាំ២០១៩។ ដោយឡែកដង់ស៊ីតេប្រជារាស្រ្តកម្ពុជាតំបន់ឆ្នេរសមុទ្រ នៅតែស្ថិតនៅលំដាប់លេខ៣ ក្នុងចំណោមតំបន់តាំងទីលំនៅទាំង៤នៃប្រទេសកម្ពុជា បន្ទាប់ពីតំបន់វាលរាបនិងតំបន់ទន្លេសាប ពោលគឺមានប្រជារាស្រ្តចំនួន៥៦នាក់/គម២ នៅឆ្នាំ២០០៨ និងចំនួន៦២នាក់/គម២ នៅឆ្នាំ២០១៩។
ចំនួនប្រជាជនសរុប នៃខេត្តទាំងបួនរបស់កម្ពុជា ដែលមានទីតាំងនៅជាប់នឹងមាត់សមុទ្រមានចំនួន ១,០៦១,១៤៨នាក់[2] គឺស្មើប្រមាណជា៧% នៃប្រជាជនទូទាំងប្រទេស ដែលក្នុងនោះខេត្តកំពតមានប្រជាជនច្រើនគេ ក្នុងចំណោមខេត្តនៅជាប់នឹងសមុទ្រទាំងបួន របស់ព្រះរាជាណាចក្រកម្ពុជា ពោលគឺប្រមាណជា៤% ខេត្តព្រះសីហនុប្រមាណ២% ខេត្តកោះកុងប្រមាណជា០,៨% និងខេត្តកែបប្រមាណជា០,៣%។ តាមតារាងខាងលើបង្ហាញថា ដង់ស៊ីតេប្រជាជននៅតំបន់សមុទ្រកម្ពុជា គឺមានត៦២នាក់ ប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រការ៉េ ប៉ុន្តែនៅតែជាតួលេខដែល មានចំនួនតិចនៅឡើយ បើធៀបជាមួយនឹងដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានចំនួន៨៦នាក់/គម២។ កោះកុង គឺជាខេត្តដែលមានដង់ស៊ីតេទាបជាងគេនៃតំបន់ គឺប្រមាណ១២នាក់/គម២ ហើយខេត្តកែប គឺជាខេត្តដែលមានដង់ស៊ីតេខ្ពស់ជាងគេនៃតំបន់ ប្រមាណ១២៤នាក់/គម២។
តារាងទី៣៖ ចំនួនប្រជារាស្រ្តនៅតំបន់ទំនាបឆ្នេរនិងឈូងសមុទ្រឆ្នាំ២០១៩
ខេត្ត |
ផ្ទៃដី(គម២) |
ចំនួនប្រជាជន |
%ប្រជាជន |
កោះកុង |
១០.០៩០ |
១២៣.៦១៨ |
០,៨៣ |
ព្រះសីហនុ |
១.៩៣៨ |
៣០២.៨៨៧ |
១,៧០ |
កំពត |
៤.៨៧៣ |
៥៩២.៨៤៥ |
៤,១៧ |
កែប |
៣៣៦ |
៤១.៧៩៨ |
០,២៦ |
សរុប(‑កោះ) |
១៧.២៣៧ |
១.០៦១.១៤៨ |
៦,៩៦ |
ប្រភព៖ ជំរឿនទូទៅប្រជាជនកម្ពុជាឆ្នាំ២០១៩
បើពិនិត្យលទ្ធភាពខេត្តកោះកុងដែលមានដង់ស៊ីតេតិចនៅឡើយ គឺបានឆ្លុះបញ្ចាំងអំពីវិសាលភាពនៃធនធានធម្មជាតិ របស់ខេត្តមួយនេះ និងសក្តានុពលក្នុងការទាញយកលទ្ធភាពនៃគរូបនីយកម្ម និងវិនិយោគផ្សេងៗតាមលក្ខខណ្ឌសមស្របណាមួយ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
៣.២‑ ចលនាប្រវេសន៍តំបន់ទំនាបឆ្នេរ និងឈូងសមុទ្រ
តាមការសិក្សាស្រាវជ្រាវមួយ ដែលមានការទ្រទ្រង់ថវិកា ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា ខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង គឺមានប្រជាជនធ្វើចំណាកស្រុកច្រើន។ ការសិក្សានេះដែរ ក៏បានបង្ហាញពីចំនួនប្រជាពលរដ្ឋភាគច្រើន របស់ខេត្ដនៅជាប់ឆ្នេរសមុទ្រកម្ពុជាទាំងនេះ គឺជាជនអន្តោប្រវេសន៍ថ្មីៗទៅកាន់តំបន់នៅតាមបណ្តោយឆ្នេរសមុទ្រ។ ចំនួនប្រជាជននៅជាប់ឆ្នេរសមុទ្រដល់ទៅ៤១% មានលំនៅដ្ឋានចាស់របស់ពួកគេ ស្ថិតនៅក្រៅស្រុកឬខេត្តនៃតំបន់នេះ ហើយប្រហែល៣% នៃចំនួនប្រជាជនខេត្តកំពត បានផ្លាស់ទីលំនៅពីតំបន់ផ្សេងទៀតនៃប្រទេសកម្ពុជា។ ប្រជាពលរដ្ឋជាច្រើន នៅតំបន់តាមបណ្តោយឆ្នេរសមុទ្រកម្ពុជា គឺជាអ្នកចំណាកស្រុកឬផ្លាស់ទីលំនៅមកពីតំបន់បីផ្សេងទៀត (វាលរាប ទន្លេសាប និងភ្នំនិងខ្ពង់រាប) ដើម្បីសេដ្ឋកិច្ចគ្រួសារ ។
ចំណុចទាំងនេះ ត្រូវបានបកស្រាយបន្ថែមនៅក្នុងការសម្ភាសន៍ ដែលធ្វើឡើងដោយ ADB នៃអ្នករស់នៅតាមបណ្តោយឆ្នេរនៃបណ្តាខេត្តទាំងនេះ ដែលបង្ហាញថា ភាគច្រើននៃពួកគេបានផ្លាស់ប្តូរទៅកន្លែងរស់នៅបច្ចុប្បន្ន របស់ពួកគេសម្រាប់ហេតុផលសេដ្ឋកិច្ចឬសន្តិសុខ។ ដូចនេះ តំបន់ឆ្នេរសមុទ្រកម្ពុជា មានទំហំប្រជាពលរដ្ឋច្រើនមធ្យម ដែលធ្វើឱ្យទម្រង់នៃការប្រើប្រាស់ធនធាន អាចនឹងរួមចំណែកដល់សម្ពាធសេដ្ឋកិច្ចលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ។ ប្រជាជន ប្រមាណ៣៥% នៃប្រជាជនខេត្តកោះកុង បានផ្លាស់ប្តូរទៅទីប្រជុំជននៅក្នុងខេត្ត ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍កន្លងមក[3] ខណៈពេលដែល ៣៦,២% នៃការរកឃើញនោះបង្ហាញថា "ដើម្បីស្វែងរកការងារ" គឺជាមូលហេតុនៃការធ្វើចំណាកស្រុក។ កត្តានេះ គឺជាសូចនាករមួយសម្រាប់ឱកាសជីវភាព ដែលមានមូលដ្ឋានលើធនធានធម្មជាតិ ពោលគឺខេត្តនេះ ពឹងផ្អែកលើជនចំណាកស្រុក មកពីតំបន់ផ្សេងៗទៀតនៅក្នុងប្រទេស។ ប្រជាពលរដ្ឋភាគច្រើននៃខេត្តកោះកុងពឹងផ្អែកលើការនេសាទ កសិកម្ម និងសកម្មភាព ដែលពឹងផ្អែកលើធនធានផ្សេងទៀត ដូចជាការផលិតធ្យូងជាដើម។ ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាច្រើន នៅក្នុងខេត្តកោះកុង បានកើតឡើងចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហម ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម១៦% ។ ការហូរចូលចំនួនប្រជាជន ដ៏ច្រើនបំផុតទៅក្នុងតំបន់នេះ គីបានកើតឡើងក្នុងអំឡុងឆ្នាំ១៩៨៥‑១៩៩០។ ពលរដ្ឋនៅក្នុងខេត្តនេះ ជាពិសេសតំបន់ជាប់តាមបណ្តោយមាត់សមុទ្រ គឺពឹងផ្អែកស្ទើរតែទាំងស្រុងលើការនេសាទ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ពោលគឺមានមូលដ្ឋានពីធនធានសមុទ្រតែម្តង។
ដោយឡែក ខេត្តព្រះសីហនុ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ដែលទទួលបានការទាក់ទាញវិនិយោគច្រើនជាងគេ ក្នុងចំណោមខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រ (ប្រមាណ៧ពាន់លានដុល្លារ រយៈពេល៤ឆ្នាំចុងក្រោយនេះ)។ ប្រជាជនកម្ពុជាជាច្រើននៃតំបន់ផ្សេងទូទាំងប្រទេស បានធ្វើ ចំណាកស្រុកពីតំបន់ផ្សេង ដើម្បីស្វែងរកចំណូលនៅក្នុងតំបន់នេះ ដោយឱកាសការងារ និង ចលនាប្រវេសន៍អន្តរជាតិជាច្រើនផងដែរ ហើយភាគច្រើនគឺជាជនជាតិចិន។ ខេត្តព្រះសីហនុ មានចំនួនជនអន្តោប្រវេសន៍អន្តរជាតិច្រើនជាងគេ ពោលគឺចំនួនពាក់កណ្តាលនៃអ្នករស់នៅក្នុង ក្រុងព្រះសីហនុ គឺជាជនជាតិចិន (ប្រមាណជា៨០ ០០០នាក់) មុនពេលការផ្ទុះឡើងនៃកូវីដ១៩ ហើយឥឡូវនេះ ជនជាតិនេះបានថយចំនួនមកត្រឹមប្រមាណជា ១៥ ០០០ នាក់ប៉ុណ្ណោះ ដែលរស់នៅក្នុងទីក្រុង[4]។
៣.៣‑ យេនឌ័រនិងរបរចិញ្ចឹមជីវិត
ប្រហែលមួយភាគប្រាំនៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវបានដឹកនាំដោយស្ត្រី (SIDA 2018)។ នៅតំបន់ឆ្នេរសមុទ្រ បុរសជាអ្នកទទួលខុសត្រូវចម្បងចំពោះការនេសាទ នៅក្នុងសមុទ្របើកចំហ ខណៈពេលដែលស្ត្រីបានធ្វើសកម្មភាពនេសាទនៅជិតផ្ទះ ក៏ដូចជាការកែច្នៃការធ្វើទីផ្សារ ថែទាំស្រះចិញ្ចឹមត្រីនិងទ្រុង និងរក្សាឧបករណ៍នេសាទ។ នៅក្នុងអាជីវកម្មនេសាទគ្រួសារ ស្រ្តីពេលខ្លះអាចមានឥទ្ធិពល ឬសិទ្ធិក្នុងការសម្រេចចិត្តជាងប្តីរបស់ពួកគេ សូម្បីតែក្នុងគ្រួសារដែលក្រីក្រ ក៏ស្រ្តីជួយស្វាមីរបស់ពួកគេ ដូចជា ការជ្រើសរើសក្តាមពីសំណាញ់កែច្នៃ ផលិតផលត្រី ការជួសជុលសំណាញ់ និងគំនរនេសាទលើទូកជាដើម។ រដូវប្រាំង គឺជារដូវដែលមានផលិតភាពច្រើនបំផុត សម្រាប់ប្រជាជនឆ្នេរ អ្នកនេសាទតែងតែធ្វើការច្រើនជាង១០ម៉ោងក្នុងមួយថ្ងៃ ដោយមិនរាប់បញ្ចូលការងារផ្ទះសម្បែង។ ចំពោះគ្រួសារដែលមានស្រ្តីធ្វើការងារនេះ គឺពិតពិបាកជាងបុរសៗ ព្រោះពួកគេត្រូវមើលថែក្មេងៗផង ធ្វើអាជីវកម្មខ្នាតតូចផង ការងារថែរក្សាផ្ទះផង ការប្រមូលអុសនិងការចម្អិនផង ។
ជាងនេះទៀត ស្រ្តីភាគច្រើនដែលជាមេគ្រួសារនៅក្នុងតំបន់នេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបំពេញតម្រូវសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ តាមរយៈធនធានធម្មជាតិអំណោយផល ដូចជាការប្រើប្រាស់ដីត្រូវបានរីករាលដាលយ៉ាងល្អនៅគ្រប់តំបន់ទាំងអស់ ។
៤‑ របៀបរស់នៅនិងការចិញ្ចឹមជីវិត
ប្រហែលជាង៨០% នៃប្រជាជនដែលកំពុងរស់នៅតាមខេត្តជាប់នឹងមាត់សមុទ្រ គឺជាជនជាតិខ្មែរ ហើយក៏មានមានជនជាតិចាម វៀតណាម ចិន ថៃ និងជនជាតិដើមភាគតិចមួយចំនួនទៀតផងដែរ។
ក្នុងចំណោមខេត្ត នៅជាប់មាត់សមុទ្រទាំងបួននេះ មានតែខេត្តកំពតទេ ជាខេត្តដែលផលិត ស្រូវបានច្រើនជាងគេ ហើយវាក៏ជាប្រភពអាហារចម្បងជាងគេដែរនៅក្នុងសហគមន៍។ ទាំងនេះបង្ហាញឱ្យឃើញ អំពីសារៈសំខាន់ជនបទនៅខេត្តកំពត ដែលបង្ហាញអំពីកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តកំពត។ ការផលិតម្រេចបានល្អនៅកម្ពុជា ដោយសារមានសារធាតុម៉ាញ៉េស៊ីយ៉ូម (លោហៈធាតុអាចដុតបាន) និងដីដែលមានជាតិដែក ជាពិសេសខេត្តកំពតនិងខេត្តកែប។ ម្រេចមានតម្លៃណាស់ សម្រាប់បន្ថែមទៅក្នុងមុខម្ហូបល្បីៗមួយចំនួនទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។
ខេត្តកំពត នៅមានផលិតផលមួយទៀតដែលគេស្គាល់ គឺទុរេនដែលមានរសជាតិឆ្ងាញ់ ប៉ុន្តែក្លិនឆ្ងុយខ្លាំងណាស់ រហូតទៅដល់ជនបរទេសលោកខាងលិចមួយចំនួន ពិបាកទទួលយកក្លិននេះទៀតផង។ ផលិតផលទុរេន មានការសសើរខ្លាំងពីប្រជាជនទូទៅ រហូតដល់មានការធ្វើនិមិត្តរូបជាផ្លែឈើប្រចាំខេត្តទៀតផង។
៤.១‑ ការនេសាទ
ការនេសាទ មានសារៈសំខាន់ណាស់សម្រាប់ទ្រទ្រង់ជីវភាពប្រជាជន នៅតំបន់ឆ្នេរ សមុទ្រ និងតំបន់ឈូងសមុទ្រ។ ការនេសាទ គឺមុខរបរដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនក្នុងតំបន់ ហើយដីព្រៃកោងជាច្រើនដែលអាចប្រើប្រាស់បានជាតំបន់ជីវៈចម្រុះ ត្រូវរៀបចំឡើង ដើម្បីសម្រាប់ជួយលើកតម្កើងសេដ្ឋកិច្ចសហគមន៍។
ការនេសាទ គឺជាការចិញ្ចឹមជីវិតមួយបែបរបស់ប្រជាជនកម្ពុជាតាមបែបប្រពៃណី និងវប្បធម៌ក្នុងតំបន់ឆ្នេរ ហើយវាក៏បានផ្តល់ផលប្រយោជន៍ដល់វិស័យទេសចរណ៍ ដូចជាមេគ្គុទេសសម្រាប់ការនេសាទ ការជ្រមុជទឹកជ្រៅ ការមុជទឹកទៅមើលផ្កាថ្មបាតសមុទ្រ។ ពាក់ព័ន្ធនឹងការពង្រឹងអំពីការនេសាទពីឆ្នាំ១៩៧៩ ច្បាប់បិទនេសាទត្រូវបាត់បង់ក្នុងសម័យខ្មែរក្រហម ដែលជាហេតុធ្វើមានការកើនឡើង នូវទូកនេសាទថៃ និងវៀតណាមក្នុងដែនសមុទ្រកម្ពុជា[1]។ បន្ថែមលើនេះទៀត ការប្រែប្រួលអាកាសធាតុ ការបំពុលបរិយាកាស គ្រាប់បែក និងការបាត់បង់ជម្រក (ឧទាហរណ៍ៈ ធ្វើឱ្យហិនហោចត្រី ការអភិវឌ្ឍតំបន់ឆ្នេរ...) ការឈ្លានពានពីក្រុមមនុស្សផ្សេង ការរំខាន និងការប្រមូលទិន្នផលជ្រុល នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលិតផលនេសាទ។ ការប្រើប្រាស់លើសកំណត់ សកម្មល្មើសច្បាប់ពីប្រទេសជិតខាង ការគ្រប់គ្រងមានកម្រិតទាប(គ្មានច្បាប់អប្បរមា ឬអតិបរមាក្នុងកម្រិតណាមួយ) ដើម្បីការពារកំណើនប្រជាជនរដូវកាល និងតំបន់បិទនេសាទដើម្បីការពារនូវពងត្រី និងកង្វះខាតនូវការប្រតិបត្តិច្បាប់ ឱ្យមានប្រសិទ្ធិភាពដើម្បីត្រួតពិនិត្យនៃការនេសាទទាំងនោះ។ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ដោយសារការដាក់គ្រាប់បែក និងប្រើប្រាស់សំណាញ់អូសត្រី ធ្វើឱ្យខូចដល់ថ្មប៉ប្រះទឹក និងស្មៅសមុទ្រដោយសកម្មភាពនេសាទខុសច្បាប់ទាំងនោះ។ ការបាត់បង់នូស្មៅសមុទ្រ នឹងធ្វើឱ្យមានការបាក់ដីដោយសារដីទាប និងការកាប់ព្រៃកោងកាងដើម្បីធ្វើអុសធ្យូង ក៏មានផលប៉ះពាល់ដល់ការនេសាទដែរ ដែលនាំទៅប៉ះពាល់ដល់សេដ្ឋកិច្ចនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាជនសហគមន៍។
ការនេសាទ និងផលិតផលដទៃទៀតនៃតំបន់ឆ្នេរ មានសារៈសំខាន់ណាស់សម្រាប់ការរស់នៅ និងចំណូលរបស់សហគមន៍នៃតំបន់ឆ្នេរនិងឈូងសមុទ្រ។ ការការពារធនធានសមុទ្រនិងអាហារសមុទ្រដែលមានគុណភាព គឺមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ព្រោះសកម្មភាពរបស់ទេសចរដូចជា ការមុជទឹក ការជ្រមុជទឹកទៅបាតសមុទ្រ និងឧស្សាហកម្មចំណីអាហារ គឺពឹងផ្អែកយ៉ាងសំខាន់ទៅលើផលិត ផល និងធនធានមនុស្សផ្នែកសមុទ្រ។
៤.២‑ ប្រជាជននិងផ្ទៃដីកសិកម្ម
តាមជំរឿនកសិកម្ម២០១៣ របស់ក្រសួងផែនការ បង្ហាញថា នៅក្នុងប្រទេសកម្ពុជា មានប្រមាណ២,៦លានគ្រួសារ បានចុះបញ្ជីកាន់កាប់ដីកសិកម្ម ដែលក្នុងនោះមាន២,២ លានគ្រួសារ ឬ៤ក្នុងចំណោម៥ បានចូលរួមក្នុងសកម្មភាពកសិកម្ម។ បើនិយានអំពីតំបន់ទាំងបួន (វាលរាប ភ្នំនិងខ្ពង់រាប បឹងទន្លេសាប និងតំបន់ឆ្នេរ) នៃសណ្ឋានដីរបស់ប្រទេសកម្ពុជា គឺមានពីរនៅក្នុងបួនតំបន់នៃប្រទេសកម្ពុជា បានបង្ហាញថាបានកាន់កាប់ច្រើនជាង៥០០.០០០ និងបានប្រតិបត្តិតាំងពីឆ្នាំ២០១៣ ពោលគឺតំបន់វាលរាបនិងតំបន់បឹងទន្លេសាប[2]។
តាមតារាងទី៤ បង្ហាញថា សមាមាត្រនៃការកាន់កាប់កសិកម្មនៅតំបន់វាលរាប ធៀបនឹងការកាន់កាប់សរុបទូទាំងប្រទេស គឺមានចំនួនច្រើនជាងគេ រហូតទៅដល់ជិតពាក់កណ្តាល(៤៦,៣៥%) ហើយតំបន់ឆ្នេរវិញ សមាមាត្រនៃការកាន់កាប់កសិកម្មធៀបនឹងការកាន់កាប់សរុបទូទាំងប្រទេស គឺមានចំនួនតិចជាងគេ(៧,៤៣%)។
តារាងទី៤៖ ចំនួននិងសមាមាត្រនៃការកាន់កាប់កសិកម្មដាំដំណាំតាមតំបន់ឆ្នាំ២០១៣
តំបន់ |
ចំនួនការកាន់កាប់កសិកម្ម |
ភាគរយ |
វាលរាប |
៨៦៩.៣០៥ |
៤៦,៣៥ |
តំបន់បឹងទន្លេសាប |
៦១៤.៣៦៩ |
៣២,៧៥ |
តំបន់ឆ្នេរ |
១៣៩.៤៣៣ |
៧,៤៣ |
តំបន់ខ្ពង់រាបនិងភ្នំ |
២៥២.៦០៥ |
១៣,៤៧ |
សរុប |
១.៨៧៥.៧១២ |
១០០ |
ប្រភពៈ វិទ្យាស្ថានជាតិស្ថិតិ ក្រុមបញ្ជីស្នូលជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ២០១៣
ប្រជាជននៅក្នុងតំបន់ឆ្នេរ មានការកាន់កាប់កសិកម្មតិចជាងគេ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ព្រោះម្យ៉ាងប្រជាជនមានដែលមានការតាំងទីនៅក្នុងតំបន់តិចស្រាប់ រួមផ្សំជាមួយនឹងផ្ទៃដី ដែលអំណោយផលសម្រាប់ វិស័យកសិកម្មនៃតំបន់នេះ ក៏នៅមានកម្រិតនៅឡើយ។ ជាក់ស្តែង ផ្ទៃដីដែលអំណោយផលសម្រាប់កសិកម្មនិងកសិឧស្សាហកម្ម គឺមានតែនៅតំបន់ជាប់ក្បែរមាត់សមុទ្រប៉ុណ្ណោះ ប៉ុន្តែផ្ទៃដីផ្សេងទៀត ដែលនៅក្បែរនិងកៀកទៅនឹងជួរភ្នំក្រវាញ គឺមិនអំណោយផលសម្រាប់កសិកម្មទេ ពោលគឺសម្រាប់ទទួលបានផលប្រយោជន៍ពីអនុផលព្រៃឈើ។
៤.៣‑ ប្រជាជននិងការប្រើប្រាស់ធនធាន
ជាការពិត ធនធានតំបន់សមុទ្រផ្តល់លទ្ធភាពសំខាន់ណាស់ សម្រាប់ការចិញ្ចឹមជីវិតរបស់ប្រជាជន ជាពិសេសអ្នករស់នៅតាមតំបន់ឆ្នេរនិងកោះ។ ទោះបីជារ៉ែប្រេងកាត ដែលមាននៅតាមបណ្តោយឆ្នេរសមុទ្ររបស់កម្ពុជា មិនទាន់បានផ្តល់លទ្ធភាពនៅឡើយក្តី ប៉ុន្តែការប្រើប្រាស់ ប្រភេទដី ត្រូវបានរីករាលដាលយ៉ាងល្អប្រសើរ នៅគ្រប់តំបន់ទាំងអស់នៃតំបន់ឆ្នេរ ជាពិសេសខេត្តព្រះសីហនុ។ ប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរក៏ជាផ្នែកមួយមានសារៈសំខាន់ដែរ ក្នុងការជួយដល់កម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់ដែរ ជាពិសេសគឺគម្របព្រៃឈើ ដែលត្រូវបានគេរកឃើញនៅតំបន់នៅផ្នែកកណ្តាល និងនៅជិតព្រំដែននៃខេត្ត និងភាគច្រើននៅក្នុងឧទ្យានជាតិរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅក្នុងតំបន់រវាងស្រុកស្ទឹងហាវ ស្រុកព្រៃនប់ និងឧទ្យានជាតិរាម គេឃើញមានការប្រើប្រាស់ដីដែលភាគច្រើនជាព្រៃឫស្សី និងព្រៃអនុតំបន់វាលស្មៅនិងដើមឈើ។
ដូចគ្នានេះដែរ គម្របការប្រើប្រាស់ដីធ្លីសម្រាប់ខេត្តកែបមានរាប់ពីតំបន់ដីក្រហូង ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង ដែលភាគច្រើនជាព្រៃឫស្សី និងព្រៃបន្ទាប់បន្សំដែលត្រូវបានគេរកឃើញនៅតំបន់ការពារ និងតាមបណ្តោយព្រំប្រទល់ខាងត្បូងនៃក្រុងកែប ហើយនៅភាគខាងកើត ការប្រើប្រាស់ដីមានព្រៃកោងកាងរលួយ ព្រៃឈើស្មៅ និងព្រៃឈើ។
ប្រភេទទូលំទូលាយនៃការប្រើប្រាស់ដីធ្លី ត្រូវបានកត់ត្រានៅខេត្តកំពត ពោលគឺចាប់ពីតំបន់តាំងទីលំនៅរហូតដល់តំបន់ថ្ម។ គម្របឈើដ៏ធំមួយត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិភ្នំបូកគោ ហើយនៅផ្នែកខាងកើតនៃខេត្ត ជាពិសេសនៅស្រុកឈូក ស្រុកអង្គរជ័យ ស្រុកដងទង់ ស្រុកកំពង់ត្រាច និងភូមិខ្លះៗនៃស្រុកកំពង់បាយ និងស្រុកជុំគីរី គឺជាកន្លែងដែលផលិតស្រូវបានច្រើន។ នៅក្នុងតំបន់ទាំងនេះ មានប្រព័ន្ធផ្លូវទឹកជាច្រើនដែលត្រូវបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ដំណាំស្រូវក្នុងរដូវដាំដុះ។
ប្រភេទដីប្រើប្រាស់នៅខេត្តកោះកុង គឺព្រៃឈើ ដែលមានស្លឹកច្រើននិងមានទំហំច្រើនហិកតា ដែលគ្របដណ្ដប់គ្រប់តំបន់រួមមានកូនភ្នំ ឆ្នេរសមុទ្រ កោះ និងតំបន់ខ្ពង់រាបនៅតាមតំបន់ឆ្នេរសមុទ្រ។ ប្រភេទដីប្រើប្រាស់បន្ទាប់បង្អស់ដែលត្រូវបានគេរកឃើញជាទូទៅ គឺព្រៃកោងកាង ដែលនៅរាយប៉ាយតំបន់ទាបៗក្បែរទីប្រជុំជនបុរីសាគរ ក៏ដូចជានៅក្នុងតំបន់ការពារនៃឧទ្យានជាតិបទុមសាគរ និងតំបន់ប្រើប្រាស់ចម្រុះបានច្រើន។
ជារួម ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ឆ្នេរដែលលាតសន្ធឹង ចាប់ពីខេត្តកោះកុងដល់ខេត្តកែប គឺត្រូវបានប្រើប្រាស់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ រួមមានអេកូឡូស៊ី និង ជីវចម្រុះ ដែលអាចបម្រើមួយផ្នែកដល់ការធ្វើនេសាទបន្ទាប់បន្សំ ដាំដំណាំកសិកម្មរួមផ្សំនៅតំបន់ទំនាបក្បែរមាត់សមុទ្រ និងប្រកបរបរផ្សេងទៀត ដើម្បីចិញ្ចឹមជីវិត ជាពិសេសនៅក្នុងតំបន់ជីវចម្រុះនោះតែម្តង។
[1] UNEP-DHI Center for Water and Environment, “ការវិភាគថ្លៃចំណាយនិងផលចំណេញនៃការកែប្រែទម្លាប់ក្នុងកសិកម្មសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ” ទំព័រ ៣៦
[2] វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ “ជំរឿនកសិកម្មនៅកម្ពុជា២០១៣” ទំព័រ ៦
គន្ថនិទ្ទេស
- ក្រសួងផែនការ “ជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩” ភ្នំពេញ ឆ្នាំ២០២០
- សាន ប៉េងសែ “សង្ខេបព្រំដែនកម្ពុជា” ប៉ារីស ២០០៤
- សាគូ សាម៉ុត “ភូមិវិទ្យាប្រទេសខ្មែរ “ ភ្នំពេញ ២០១០
- អ៊ុន យ៉េត “ភូមិវិទ្យារូបទ្វីបអាស៊ី” ភ្នំពេញ ២០១១
- ហៃ សុគន្ធា “ប្រជាជននិងការអភិវឌ្ឍ” ភ្នំពេញ ២០១២
- ហៃ សុគន្ធា “ភូមិវិទ្យាសេដ្ឋកិច្ច” ភ្នំពេញ ២០១៣
- ក្រសួងផែនការ “ជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៣” ភ្នំពេញ ឆ្នាំ២០១៤
- របាយការណ៍ប្រចាំឆ្នាំ២០១៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចំនួន៧ទំព័រ
- របាយការណ៍ប្រចាំឆ្នាំ២០១៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចំនួន៥ទំព័រ
- របាយការណ៍ប្រចាំឆ្នាំ២០១៧ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចំនួន៦ទំព័រ
- ក្រសួងអប់រំ យុវជន និងកីឡា សៀវភៅភូមិវិទ្យាថ្នាក់ទី៩ ភ្នំពេញ ២០១៧ ចំនួន១៧៤
- ក្រសួងអបរំ យុវជន និងកីឡា សៀវភៅភូមិវិទ្យាថ្នាក់ទី១១ ភ្នំពេញ ២០១៧ ចំនួន២០៤ទំព័រ
- UNEP-DHI Center for Water and Environment, ការវិភាគថ្លៃចំណាយនិងផលចំណេញនៃការកែប្រែទម្លាប់ក្នុងកសិកម្មសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ, ភ្នំពេញ, ២០១២
- Bill Cater and Vicky O’ Rourke, គោលការណ៍យុទ្ធសាស្ត្រសម្រាប់វិស័យទេសចរណ៍ប្រកបដោយ និរន្តរភាពស្តីពីឆ្នេរសមុទ្រកម្ពុជា, ភ្នំពេញ, ២០១២
- Ali Raza Rizvi and Uwe Singer Coastal of Cambodia Analysis, IUCN, Bangkok, 2011
- http://www.coralcay.org/science-research/scientific-reports
- https://news.mongabay.com/cambodia-declares-first-ever-marine-protected-area
- http://www.khmertimeskh.com/news/20284/little-support-for-coastal-master-plan
- http://www.khmertimeskh.com/news/26165/sea-gates-to-protect-coastline