បណ្ឌិត ហែម ឡាច មន្ត្រីស្រាវជ្រាវនៃនាយកដ្ឋាននីតិសាស្ត្រ
វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
ភាពឧត្តុង្គឧត្តមរបស់មនុស្សបានមកពីការស្គាល់តម្លៃខ្លួនឯងនិងតម្លៃរបស់អ្នកដែលរស់នៅជុំវិញខ្លួនហើយតម្លៃនោះមាននៅក្នុងជម្រៅចិត្តគំនិតរបស់បុគ្គលម្នាក់ៗ។ តម្លៃធំបំផុតរបស់មនុស្សគឺជីវិតរស់នៅ ប៉ុន្តែនៅក្នុងជីវិតរស់នៅ មនុស្សត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស និងភាពសុខដុមរមនាក្នុងឧត្តមភាពនៃមនុស្ស ពិសេសគឺប្រកបដោយគុណធម៌។
ដើម្បីទទួលបាននូវភាពសុខសាន្ត ភាពសុខដុមរមនានៃជីវិតនោះ មនុស្សចាំបាច់ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវ សីលធម៌ ព្រហ្មវិហារធម៌ សច្ចធម៌ អហិង្សាធម៌ ខន្តីធម៌ សុចរិតធម៌ សាមគ្គីធម៌ សុជីវធម៌ សង្គហធម៌ និងទសពិធរាជធម៌។
១-សីលធម៌
១.១-និយមន័យសីលធម៌
សីលធម៌ គឺជាធម៌របស់មនុស្សដែលមនុស្សគ្រប់រូបត្រូវតែប្រកាន់ឱ្យខ្ជាប់ខ្ជួនជាប្រក្រតី។ ការសិក្សាពីសីលធម៌ គឺជាការសិក្សាអប់រំចិត្តដែលបង្កើតឡើងក្នុងគោលបំណងឱ្យមនុស្សចេះអត់ឱនអធ្យាស្រ័យ មិនប្រកាន់ពូជសាសន៍និងមិនរំលោភសិទ្ធិអ្នកដទៃជាដើម។ សីលធម៌បានជួយដល់មនុស្សយើងឱ្យចេះដឹងនូវអ្វីល្អអាក្រក់ខ្ពស់ទាបខ្មៅសនិងចេះស្គាល់បាបបុណ្យ។ កត្តាសំខាន់នោះធ្វើឱ្យមនុស្សយើងហ៊ានទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រពឹ្រត្ត។
ជាក់ស្តែងនៅក្នុងសង្គមបច្ចុប្បន្នទង្វើខុសឆ្គងរបស់មនុស្សមានច្រើនណាស់ ប៉ុន្តែមានមនុស្សមួយចំនួនពុំព្រមទទួលសារភាពកំហុសរបស់ខ្លួនទេ ថែមទាំងបញ្ចេញសំដីនិងឫកពាមិនសមរម្យទៅលើមនុស្សដែលត្រឹមត្រូវ។ អាកប្បកិរិយាបែបនេះ គឺជាទង្វើដែលអសីលធម៌ចំពោះមនុស្សត្រឹមត្រូវ។ ការអត់ឱនលើកលែងមិនប្រកាន់ទៅលើកំហុសអ្នកដទៃទើបអាចក្លាយជាបុគ្គលមានការអធ្យាស្រ័យនិងការសន្តោសប្រណីបាន។
១.២-មូលដ្ឋានគ្រឹះនៃសីលធម៌
មូលដ្ឋានគ្រឹះនៃសីលធម៌ គឺជានិច្ចសីល ឬបញ្ចសីលដែលមនុស្សគ្រប់រូបត្រូវប្រតិបត្តិជា អចិន្ត្រៃយ៍។
បញ្ចសីល ឬសីល៥ គឺមាន ៥ចំណុច ៖
-បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ : ប្រែថា ៖ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឱ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
-អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ : ប្រែថា ៖ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឱ្យ ដោយកាយឬដោយវាចា។
-កាមេសុមិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ : ប្រែថា ៖ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
-មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ :ប្រែថា ៖ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
-សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ : ប្រែថា ៖ខ្ញុំព្រះករុណាសូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ។
១.៣-ប្រភេទសីលធម៌
សីលធម៌មានការបែងចែកជាច្រើនប្រភេទផ្សេងៗគ្នាដូចជា :
-សីលធម៌ផ្ទាល់ខ្លួន
-សីលធម៌ក្នុងគ្រួសារ
-សីលធម៌ក្នុងវិជ្ជាជីវៈ
-សីលធម៌ក្នុងសង្គម។
ក-សីលធម៌ផ្ទាល់ខ្លួន
-ដឹងខុសត្រូវ
-ស្គាល់ល្អស្គាល់អាក្រក់
-តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន
-ទទួលខុសត្រូវនឹងអំពើរបស់ខ្លួន
-ក្លាហានក្នុងផ្លូវត្រូវ។
ខ-សីលធម៌ក្នុងគ្រួសារ
-ម្តាយឪពុកចិញ្ចឹមកូនដោយពុំនឹកគិតដល់ការសងគុណតបមកវិញ
-ធ្វើឱ្យមានភាពស្មើៗគ្នា
-រៀបចំកូនឱ្យបានក្លាយទៅជាពលរដ្ឋល្អ
-អប់រំនិងហាមឃាត់កូនមិនឱ្យប្រព្រឹត្តអំពើអាក្រក់។
គ-សីលធម៌ក្នុងវិជ្ជាជីវៈ
-មានមនសិការការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន
-ធ្វើការតាមសមត្ថភាព និងសម្មាជីវោ
-មិនរំលោភបំពាន ឬបៀតបៀនអ្នកដទៃ
-មិនធ្វើការហួសកម្លាំងដែលនាំឱ្យប៉ះពាល់ដល់សុខភាព
-មិនយកអំណាច ឥទ្ធិពល ឬជំនាញរបស់ខ្លួនប្រើប្រាស់ក្នុងផ្លូវអបាយមុខ។
ឃ-សីលធម៌ក្នុងសង្គម
-មិនញុះញង់បំបែកបំបាក់សាមគ្គីភាព
-ស្រលាញ់យុត្តិធម៌សង្គម
-រាប់អានមនុស្សទូទៅដោយមិនមានការរើសអើងព័ណ៌សម្បុរ ឬ ជាតិសាសន៍
-ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃដោយមិនមើលងាយមនុស្សផងគ្នា
-មិនឈ្លានពានបូរណភាពបុគ្គល និង សង្គម។
២-ព្រហ្មវិហារធម៌
២.១-និយមន័យព្រហ្មវិហារធម៌
ព្រហ្មវិហារធម៌ជាធម៌ក្រាលចិត្តឱ្យមនុស្សចេះសន្តោសប្រោសប្រណីចំពោះមនុស្ស សត្វដោយគ្មានការរើសអើងគឺជាធម៌ប្រតិបត្តិដើម្បីឱ្យមនុស្សរស់នៅបានប្រសើរ និងជាធម៌ប្រកបដោយវិមលភាពក្នុងការជំរុញមនុស្សឱ្យចេះសាមគ្គីគ្នានិងជំរុញឱ្យមានភាពសុខក្សេមក្សាន្តក្នុងគ្រួសារក៏ដូចជាសង្គម។
២.២-ធាតុនៃព្រហ្មវិហារធម៌
តាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា ពិសេសនៅសម័យអង្គរ បុព្វបុរសខ្មែរបានស្ថាបនា បូជនីយដ្ឋានធំៗជាច្រើនដែលបានសង់ឡើងអំពីថ្មមានកំពូលខ្ពស់ស្កឹមស្កៃនិងមានទំហំបរិវេណច្រើនគីឡូម៉ែត្រ។ ក្នុងចំណោមប្រាសាទទាំងនោះ ប្រាសាទអង្គរធំ ជាប្រាសាទដ៏ល្បីល្បាញមួយក្នុងចំណោមប្រាសាទជាច្រើនដែលគេបានកសាងព្រះសិរព្រះព្រហ្មមានព្រះភក្រ្តបួន។ ព្រះភក្រ្តទាំងបួននេះបែរទៅរកទិសទាំង៤ដែលជាតំណាងឱ្យព្រហ្មវិហារធម៌ទាំង៤នោះគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា [1]។
ក-មេត្តាធម៌
-ការមានចិត្តស្រឡាញ់រាប់អានអ្នកដទៃក្នុងសង្គមដោយការគ្មានការរើសអើងនិងប្រកបទៅដោយការបើកចិត្តឱ្យទូលាយ និងសន្តានចិត្តភក្តី។
-មេត្តាជាថាមពលនៃធម៌ដែលមានអានុភាពបំផុត អាចផ្សព្វផ្សាយដោយគ្មានការរើសអើងទៅកាន់បុគ្គលដែលជាទីស្រឡាញ់របស់យើង ឬអ្នកដទៃដោយមិនមែនជាក្រុមញាតិមិត្ត ឬទៅកាន់បច្ចាមិត្រទៀតផង។
-មេត្តាមានន័យថា ស្និទ្ធស្នាល ការប្រតិបត្តិប្រកបដោយមេត្តា គឺសត្រូវទាំងអស់ប្រែត្រឡប់
មកជាមិត្ត មិនអាចស្អប់ និងចងពៀរវេរាជាមួយយើងបានយូរឡើយ។
ខ-ករុណាធម៌
-ធម៌ករុណា គឺការមានចិត្តអាណិតអាសូរដោយគ្មានការច្រណែនឈ្នានីសយកត្រូវតែខ្លួន
ឯងមើលឃើញតែកំហុសរបស់អ្នកដទៃ។
-ការអាណិតអាសូរចំពោះមនុស្សទាំងអស់ ដែលទទួលរងទុក្ខលំបាកវេទនាផ្សេងៗ ដោយ
ចង់ឱ្យពួកគេរួចផុតពីទុក្ខទាំងនោះទទួលបាននូវសេចក្តីសុខដូចខ្លួន។
-មនុស្សត្រូវចេះជួយគ្នានៅក្នុងគ្រាដែលមានអាសន្នអន្ធក្រទោះជាកើតឡើងដោយសារ
សង្រ្គាមក្តីកើតឡើងដោយគ្រោះធម្មជាតិក្តី។ ពិសេសគឺធម៌ករុណានេះនឹងនាំមនុស្សឱ្យចេះធ្វើការបរិច្ចាគ ហើយបញ្ឈប់នូវការគាបសង្កត់ ការរំលោភគ្រប់បែបយ៉ាង។
គ-មុទិតាធម៌
ធម៌មុទិតា គឺជាកម្រងធម៌ឬក្រមធម៌ដែលជំរុញឱ្យមនុស្សមានចិត្តទន់ភ្លន់ មិនសាហាវព្រៃផ្សៃ ពិសេសគឺមានចិត្តអបអរសាទរចំពោះសេចក្តីសុខចម្រើនរបស់អ្នកដទៃដោយពុំរើសមុខ និងចង់ឱ្យពួកគេទទួលបាននូវសេចក្តីសុខ សុវត្ថិភាព ដោយគ្មានការច្រណែនឈ្នានីសនោះទេ។
ឃ-ឧបេក្ខាធម៌
-ធម៌ឧបេក្ខា គឺជាធម៌មួយដែលធ្វើឱ្យមនុស្សតាំងចិត្តជាកណ្តាលមិនលំអៀងទៅខាង
ណាពោលគឺការតាំងចិត្តជាអព្យាក្រឹត។
-មិនមានចិត្តត្រេកអរហួសប្រមាណ មិនមានសេចក្តីខឹងក្រេវក្រោធចំពោះអ្នកដទៃ។
បំណងសំខាន់ គឺចង់ឱ្យពួកគេរស់នៅតាមលទ្ធភាព សមត្ថភាព និងសេរីភាពរបស់ពួកគេ។
-គ្មានចិត្តលោភលន់ ឬព្រួយកង្វល់ចំពោះអ្នកជិតខាងដែលគេមានទ្រព្យសម្បត្តិច្រើន
ជាងខ្លួននោះទេ។
-ជាធម្មតាមនុស្សតែងតែមានសេចក្តីលោភលន់ចង់មានចង់បានមិនចេះស្កប់ស្កល់ហើយ
មើលឃើញអ្នកដទៃមិនល្អ មិនត្រូវ ដោយផ្អែកទៅលើទស្សនៈរបស់ខ្លួន បើគេមានជាងខ្លួន ធ្វើឱ្យមានការច្រណែនឈ្នានីសជាដើម។ ដើម្បីជៀសវាងបាននូវលក្ខណៈខាងលើនេះ មនុស្សគប្បីប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវព្រហ្មវិហារធម៌នេះព្រោះវាជាប្រភព ឬថាមពលជំរុញឱ្យសង្គមមានស្ថេរភាព សន្តិភាព និងវឌ្ឍនភាព។
[1] សាកលវិទ្យាល័យបៀលប្រាយ ៖ សិល្បៈនៃការរស់នៅ គ. ស. ២០១២ ទំព័រ៣
៣-សច្ចធម៌
៣.១-និយមន័យសច្ចធម៌
-សច្ចៈ គឺជាសេចក្តីពិត ដំណើរទៀងទាត់ ដំណើរទៀងត្រង់ ការពិតប្រាកដមែន។
-ធម៌ឬធម្មៈជាសភាវៈទ្រទ្រង់សត្វលោក គឺបុណ្យ សុចរិត ហេតុសភាពការណ៍រីកចម្រើន ការរិះគន់ ការប្រៀនប្រដៅ និងអ្វីៗដែលទ្រទ្រង់ធ្វើឱ្យស្ថិតស្ថេរ ជាដំបូន្មានផ្តល់ឱ្យមនុស្សក្នុងការរំដោះខ្លួន ចេញពីទុក្ខដើម្បីលើកស្ទួយតម្លៃមនុស្ស។
ដូច្នេះសច្ចធម៌សំដៅទៅលើគុណភាពពិតប្រាកដមិនក្លែងបន្លំ ទៀងត្រង់ពិតប្រាកដ មិនលម្អៀងអ្វីៗដែលប្រាកដមែនមិនភូតកុហក។ សច្ចធម៌ជាបញ្ញតិ្តមួយយ៉ាងល្បីល្បាញ ដែលបានសង្ខេបខ្លឹមសារនៃពុទ្ធលទ្ធិ តាំងពីលទ្ធិសាសនានេះបានចាប់កំណើតមកម្ល៉េះ និងជាធម៌អះអាងពីអ្វីៗដែលមានពិត ឬសច្ចៈ និងអះអាងពីអ្វីៗដែលត្រូវហាមមិនឱ្យប្រព្រឹត្ត។ ការពិតតាមពុទ្ធលទ្ធិ ជាការពិតដែលមានការគិតសមហេតុផល និងមានប្រត្យក្សភាព។
៣.២-ទស្សនៈផ្សេងៗស្តីពីសច្ចធម៌
ក-សច្ចធម៌ក្នុងព្រះពុទ្ធសាសនា
-សច្ចធម៌របស់ព្រះពុទ្ធសាសនា ខុសពីពាហិរសាសនាផ្សេងៗដែលឱ្យតម្លៃនៃសច្ចភាពទៅលើការកំណត់របស់អាទិទេពនោះ ហើយទ្រឹស្តីបែបសច្ចៈដែលសំខាន់គឺអរិយសច្ចៈទាំងបួន។
-ទុក្ខអរិយសច្ចៈ គឺជាសេចក្តីពិតដែលកើតមានឡើងចំពោះមនុស្សគ្រប់រូប ដែលមិនអាចមាននរណាម្នាក់គេចវេសបាន ឬ ចៀសវាងពីសេចក្តីទុក្ខនោះបានឡើយ។
-សមុទយអរិយសច្ចៈគឺជាសេចក្តីពិតដែលមានកើតឡើងបណ្តាលកមពីហេតុពិតប្រាកដ ហេតុដែលនាំឱ្យមនុស្សកើតទុក្ខនោះគឺ អវិជ្ជានិងតណ្ហា។
-និរោធអរិយសច្ចៈ ពិតជាមានហេតុដែលនាំឱ្យកើត វាជាការពិតណាស់ប៉ុន្តែសេចក្តីទុក្ខនេះពិតជាមានមធ្យោបាយ ឬវិធីទប់ស្កាត់វា ឬរំលាយវាបានពិតប្រាកដមែន ក្នុងករណីណាដែលគេកាត់បន្ថយឬរំលត់ឱ្យបាននូវលោភៈ ទោសៈ មោហៈ នោះសេចក្តីទុក្ខក៏ត្រូវបានបញ្ចប់ផងដែរ។
-មគ្គអរិយសច្ចៈគឺជាមាគ៌ានៃការរំលត់ទុក្ខមានពិតប្រាកដមែន។ ទុក្ខអាចរំលត់បានតាម
រយៈផ្លូវទាំងប្រាំបីរបស់ព្រះពុទ្ធ ដែលផ្លូវទាំង៨នោះ ចែកចេញជាបីក្រុមគឺ សីល សមាធិ និងបញ្ញា។
ខ-សច្ចធម៌ក្នុងពាហិរសាសនា
ក្រុមពាហិរសាសនាអះអាងថា សច្ចធម៌ស្ថិតនៅលើព្រះអាទិទេព ដែលបានកំណត់ផ្លូវឱ្យមនុស្សគោរព។ សាសនិកម្នាក់ៗនៃសាសនានីមួយៗតែងតែមានជំនឿយ៉ាងមុតមាំទៅលើព្រះរបស់ខ្លួន ហើយមាគ៌ារបស់ព្រះបានបង្ហាញធម៌ប្រកបដោយភាពសច្ចៈ។ហេតុនេះហើយទើបគេឃើញសាសនិកទាំងនោះខិតខំគោរពប្រតិបត្តិដើម្បីបានជួបព្រះដែលជាតួអង្គប្រកាន់សច្ចធម៌ពិតប្រាកដ។
គ-សច្ចធម៌របស់សូក្រាត
ទស្សនៈរបស់លោកសូក្រាត គឺសច្ចធម៌ពិតដោយលោកសុខចិត្តលះបង់ជីវិតប្រសើជាងការបាត់បង់នូវសេចក្តីពិតទៀងត្រង់។ សច្ចធម៌របស់លោកផ្អែកទៅលើគំនិត ” ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង”។បើយើងស្គាល់ខ្លួនយើងច្បាស់ យើងមិនងាយប្រព្រឹត្តខុសនោះទេ។ ការស្គាល់ខ្លួនឯងធ្វើឱ្យមនុស្សចេះទទួលខុសត្រូវ និងចេះអៀនខ្មាសចំពោះអំពើអាក្រក់ អំពើអសីលធម៌ ហើយមនុស្សនឹងមានភាពស្មោះត្រង់ចំពោះខ្លួនឯង[1]។
ឃ-សច្ចធម៌របស់អ្នកវិទ្យាសាស្ត្រ
តាមរយៈអ្នកវិទ្យាសាស្រ្ត អាចក្លាយទៅជាសច្ចៈបានលុះត្រាតែមានការពិសោធធ្វើការបកស្រាយបញ្ជាក់ប្រកបដោយអំណះអំណាងត្រឹមត្រូវ។ ក្រោយពីធ្វើការពិសោធគេទទួលបាន
លទ្ធផលបែបណាលទ្ធផលនោះហើយគឺជាសច្ចៈ។
៣.៣-រូបភាពនៃការប្រកាន់យកសច្ចធម៌
មនុស្សដែលប្រកាន់សច្ចធម៌ គឺប្រព្រឹត្តតែអំពើល្អ និយាយស្តីតែងតែប្រើពាក្យពិត មិនភូតកុហក មិននិយាយពាក្យណាដែលនាំឱ្យគេខូចប្រយោជន៍។ មនុស្សទាំងនោះមានចិត្តទៀងត្រង់ គោរពពាក្យសច្ចៈនោះគ្រប់ករណីនៃទំនាក់ទំនងជាមួយអ្នកដទៃ គ្រួសារ ដូចជាការគោរពកិច្ចសន្យា ដែលខ្លួនបានព្រមព្រៀង រួចហើយជាដើម។ ប្រសិនបើខ្លួនបានជួបហេតុការណ៍អ្វីមួយ ខ្លូនត្រូវបកស្រាយតាមសភាពជាក់ស្តែង មិននិយាយសបំផ្លើសហេតុការណ៍ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬ បំផ្លាញផលប្រយោជន៍អ្នកដទៃនោះទេ។ដំបូន្មានរបស់ព្រះពុទ្ធមានច្រើនណាស់ ប៉ុន្តែគោលសំខាន់គឺសង្កត់ធ្ងន់ទៅលើបីប៉ុណ្ណោះ គឺ “ មិនប្រព្រឹត្តអំពើបាប សាបព្រោះបណ្តុះបណ្តាលតែអំពើបុណ្យ និងធ្វើចិត្តឱ្យស្អាតបរិសុទ្ធ ”។
៣.៤-លទ្ធផលនៃការប្រកាន់ខ្ជាប់នូវសច្ចធម៌
ការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសច្ចធម៌ គឺជាការជួយខ្លួនឯងរបស់មនុស្ស និងសង្គម។ ផលនៃការប្រកាន់យកនូវសច្ចធម៌នោះមាន៖
-មិនធ្លាក់ខ្លួនទៅក្នុងផ្លូវខុស
-មិនមានសេចក្តីភ័យខ្លាច ឬក្តីអន្តរាយ
-មិនមានអ្នកដទៃត្មះតិះដៀល
-មានកិត្តិយសនិងកេរ្តិ៍ឈ្មោះល្អ
-មានស្មារតីនឹងនរ
-មានសេចក្តីសុខទាំងពេលបច្ចុប្បន្ននិងអនាគត
-កំចាត់បង់អស់នូវកង្វល់ ព្រោះមនុស្សប្រកាន់យកនូវសច្ចធម៌ តែងតែមានមនុស្សល្អនៅជុំវិញខ្លួន
-សម្អាតគំនិតឱ្យស្អាតបរិសុទ្ធ
-ធ្វើឱ្យសង្គមគ្មានការកេងបន្លំ ជាសង្គមល្អបរិសុទ្ធ។
ដូច្នេះសច្ចធម៌ គឺជាមូលបទមួយដែលមនុស្សត្រូវតែគិតពិចារណា ត្រូវតែគោរព ត្រូវតែ
អនុវត្តដោយវាមានសារៈសំខាន់ណាស់សម្រាប់ជីវិតនៃការរស់នៅរបស់មនុស្សវាធ្វើឱ្យសង្គមមានស្ថេរភាពមានសេចក្តីសុខមានភាពស្មោះត្រង់។
[1] Plato –The story of Philosophy, by will Durant, Page 11,12,13
៤-អហិង្សាធម៌
៤.១-និយមន័យអហិង្សាធម៌
អហិង្សាធម៌ ជាសភាវៈទ្រទ្រង់មនុស្សមិនឱ្យបៀតបៀនអ្នកដទៃឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃឱ្យមានការឈឺចាប់ ឱ្យមានការលំបាក។
ធម៌អហិង្សា គឺជាធម៌ទាំងឡាយជាគោលការណ៍ ជាមាគ៌ានៃជីវិតសម្រាប់ផ្លាស់ប្តូរមនុស្សឱ្យមានតម្លៃខ្ពង់ខ្ពស់បំផុត ដោយមិនត្រូវរំលោភរំពាន ឬបំផ្លិចបំផ្លាញចំពោះរាងកាយនិងជីវិតអ្នកដទៃនោះឡើយ។
៤.២-ទស្សនៈផ្សេងៗស្តីពីអហិង្សាធម៌
ក-ទស្សនៈព្រះពុទ្ធសមណគោតម
ព្រះពុទ្ធមិនមែនគ្រាន់តែជាអ្នកប្រឆាំងនឹងសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ធ្វើអន្តរាគមន៍គ្រប់បែបយ៉ាងដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមទៀតផង ដោយទ្រង់បានប្រើប្រាស់នូវធម៌អហិង្សានេះ។ព្រះពុទ្ធអង្គជាបុគ្គលដែលពោរពេញទៅដោយព្រហ្មវិហារធម៌ហើយធម៌ទាំង៤នេះបានធ្វើឱ្យពិភពលោកទាំងមូល ពុំមានសង្គ្រាមហើយទទួលបានតែសេចក្តីសុខរក្សេមក្សាន្តគ្រប់ពេលវេលា។ ព្រះពុទ្ធអង្គទ្រង់បានសម្តែងថា “មេត្តាជាបន្សារសម្រាប់ផ្សារភ្ជាប់ពិភពលោក” មានន័យថា គ្រួសារ ប្រទេសជាតិ និងពិភពលោកទាំងមូល ផ្សារភ្ជាប់គ្នាជាសាច់ឈាមតែមួយដោយគ្មានការប្រកាន់វណ្ណៈ ពូជសាសន៍ នោះពិតថាគ្មានសង្គ្រាម និងមានតែការស្រឡាញ់គ្នា។
ខ-ទស្សនៈរបស់ខុងជឺ
ខុងជឺជាទស្សនវិទូដ៏ល្បីល្បាញរបស់ប្រជាជនចិនក៏ដូចជាប្រជាជនលើពិភពលោក។ គុណសម្បត្តិនៃទស្សនៈរបស់លោក គឺការឱ្យតម្លៃទៅលើសប្បុរសធម៌ មនុស្សធម៌ និងយុត្តិធម៌។ ខុងជឺ បានហាមប្រាមមនុស្សមិនឱ្យធ្វើសង្រ្គាមជាដាច់ខាត់។ លោកមើលឃើញថា សង្រ្គាមជាប្រភពនៃអមនុស្សធម៌ ព្រោះសង្រ្គាមនាំឱ្យមានការប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃលើមនុស្ស [1]។
គុណធម៌របស់ខុងជឺ សំដៅទៅលើទឹកចិត្តមេត្តា ករុណា និងភាពត្រឹមត្រូវ។ លោកបានកំណត់ថាមនុស្សម្នាក់ៗរស់នៅក្នុងសង្គម សុទ្ធតែមានភារកិច្ចដែលគេគួរធ្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ។ ត្រង់ចំណុចនេះហើយដែលយើងអាចចាត់ទុកថាជាគុណធម៌របស់ខុងជឺ។
លោកបានផ្តល់ទស្សនៈបន្ថែមទៀតថា”កុំធ្វើទៅលើអ្នកដទៃនូវអំពើអ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃធ្វើមកលើខ្លួនវិញ”។
ថ្វីដ្បិតតែខុងជឺមិនបានចែងពីធម៌អហិង្សាក៏ដោយ តែខ្លឹមសារនៃទស្សនៈរបស់លោកពិតជាបានផ្សព្វផ្សាយនូវឥទ្ធិពលនៃគំនិតអហិង្សានេះបានយ៉ាងខ្លាំងក្លាបំផុត។
គ-ទស្សនៈមហាត្មៈគន្ធី
មហត្មៈគន្ធី ជាមហាវីរបុរសដ៏ឆ្នើមនៃប្រជាជនប្រមាណជាង១០០០លាននាក់ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញពេញសកលលោកក្នុងការតស៊ូទាមទារឯករាជ្យពីអាណានិគមអង់គ្លេស តាមរយៈមធ្យោបាយអហិង្សា។ សកម្មភាអហិង្សារបស់លោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើពួកអាណានិគមទទួលជោគជ័យក្នុងការរំលាយចោលនូវការប្រកាន់វណ្ណៈទាំង៤របស់ឥណ្ឌា និងរំដោះអាហ្រ្វិកខាងត្បូង។
លោកបានណែនាំឱ្យគេប្រើមធ្យោបាយត្រជាក់ដើម្បីដោះស្រាយវិបត្តិផ្សេងៗ ទោះជាមានការចាប់ចង ឬវាយដំបែបណាក៏ដោយ។ បើអ្នកធ្វើអំពើអហិង្សា សូមកុំប្រកាន់ខ្លួន កុំខ្ជិល ហើយត្រូវប្រយ័ត្នជានិច្ចចំពោះសេចក្តីក្រោធ ដែលកើតមាននៅក្នុងសន្តានចិត្តរបស់អ្នក។ លោកមិនឱ្យមនុស្សប្រើកម្លាំងកាយទេព្រោះវាជាអំពើបាប ប៉ុន្តែគេត្រូវប្រើបញ្ញាដើម្បីដោះស្រាយវិបត្តិ[2]។
៤.៣-រូបភាពនៃការប្រតិបត្តិអហិង្សាធម៌
-ការប្រកាន់ខ្ជាប់នូវសេចក្តីស្ងប់តាមផ្លូវកាយនិងផ្លូវចិត្តគឺរួមរស់ជាមួយគ្នាដោយសេចក្តី
សុខដុមរមនាមិនបៀតបៀនមិនព្យាបាទមិនឈ្នានីសគ្នា ពោលគឺរស់នៅប្រកបដោយចិត្តមេត្តា ករុណា មុទិតា ឧបេក្ខា មិនលោភលន់ កេងប្រវញ្ច ។
-ខន្តីឬសេចក្តីអត់ធន់ គឺជាឱសថទប់ទល់នឹងពាក្យតិះដៀលនិងការឈ្លោះប្រកែកគ្នា។ បុគ្គលដែលប្រកបដោយសេចក្តីអត់ធន់នឹងទទួលបានមិត្តល្អ មានកិត្តិយស និងសុភមង្គល។ ជនដែលមានការអត់ឱន តែងតែមានការរាប់អានពីអ្នកដទៃជានិច្ច។
-ការប្រព្រឹត្តតែអំពើល្អ លះបង់គំនុំគុំគួនដែលមាននៅក្នុងចិត្តហើយមានតែសេចក្តីស្រឡាញ់ទេដែលជួយឱ្យមនុស្សរួចផុតពីសេចក្តីស្អប់និងកំហឹងបាន។ការរស់នៅប្រកបដោយចិត្តមេត្តាករុណា និងនាំមកនូវសុភមង្គលជានិច្ចនិរន្តរ៍។
៤.៤-ផលប្រយោជន៍នៃការប្រតិបត្តិអហិង្សាធម៌
-មនុស្សអាចទទួលបានភាពជោគជ័យលើចិត្តខ្លួនឯងបាន ប្រសិនបើពួកគេបានយកធម៌អហិង្សាយកមកដាក់ក្នុងខ្លួនគេម្នាក់ៗ។
-ការជ្រើសរើសឬប្រកាន់យកនូវធម៌អហិង្សាមកដាក់ក្នុងខ្លួនធ្វើឱ្យគ្រួសារ សហគមន៍ប្រទេសជាតិ និងពិភពលោកទាំងមូលមិនមានជម្លោះ មិនមានសង្រ្គាម ជួបប្រទះតែសន្តិភាព ការគោរពទៅវិញទៅមក មានការយោគយល់គ្នារវាងជនជាតិនិងជនជាតិ និងការយោគយល់គ្នាជាអន្តរជាតិ។
-និយាយជារួម បើបុគ្គលគ្រប់រូបប្រកាន់ខ្ជាប់ខ្ជួននូវធម៌អហិង្សានោះវាពិតជាធ្វើឱ្យសង្គម
គ្រួសារប្រទេសជាតិមានការអភិវឌ្ឍគ្រប់ផ្នែក មានសន្តិភាពទាំងផ្លូវកាយផ្លូវចិត្ត មានសុភមង្គលដល់ជីវិតគ្រប់រូប។
[1] សាកលវិទ្យាល័យបៀលប្រាយ ៖ សិល្បៈនៃការរស់នៅ ដ.ឯ.ម.ទំព័រ៦
[2] សាកលវិទ្យាល័យបៀលប្រាយ ៖ សិល្បៈនៃការរស់នៅ ដ.ឯ.ម.ទំព័រ៧
៥-ខន្តីធម៌
៥.១-និយមន័យខន្តីធម៌
ខន្តីធម៌ គឺជាគុណធម៌ដ៏ឧត្តុង្គឧត្តមដែលមនុស្សគ្រប់រូបត្រូវតែប្រកាន់យកទុកជាមាគ៌ាមួយដ៏ល្អប្រសើរ ឆ្ពោះទៅរកសេចក្តីសុខក្នុងជីវិតរស់នៅ។ខន្តីគឺជាការគោរពគ្នា ការយោគយល់ ការអត់ឱនគ្នាតាមរយៈការយល់ចិត្តគ្នាទោវិញទៅមក ទាំងកាយ ទាំងវាចា ទាំងចិត្ត។
ខន្តី គឺជាចំណង់ចំណូលចិត្តឬជាសមត្ថភាពម៉្យាងរបស់មនុស្ស ដើម្បីប្រឈមនឹងស្ថានការលំបាកនានា។ មនុស្សមានគំនិតខន្តីគឺជាមនុស្សមិនមានភាពមានះ មានតែគំនិតរបស់ខ្លួនទេដែលត្រឹមត្រូវ តែគំនិតរបស់អ្នកដទៃក៏អាចត្រឹមត្រូវដែរ ជាគំនិតដែលខ្លួនព្រមទទួលយកមកពិចារណា។
ការសន្តោសប្រណី គឺជាសេចក្តីត្រេកអរពេញចិត្តចំពោះវត្ថុដែលជារបស់ខ្លួន របស់ដែលខ្លួនរកបានដោយវិធីត្រឹមត្រូវតាមសមត្ថភាពគឺរកបានប៉ុន្មានក៏ល្មមចិត្តត្រឹមប៉ុណ្ណោះ មិនសង្វាតលោភលន់ និងមិនវាតទីហួសហេតុ ហួសបំណងរបស់ខ្លួនឡើយ។ ការសន្តោសគឺជាការត្រេកអរពេញចិត្តនឹងរបស់ដែលខ្លួនទទួលបានពីអាជីវកម្មសុចរិតត្រឹមត្រូវ។
ខន្តីធម៌គឺជាការបន្ទន់ចិត្តមិនប្រកាន់ទោសអូសដំណើចំពោះជនដទៃដែលប្រព្រឹត្តខុស
អនុគ្រោះលើកលែងទោសកំហុសឱ្យ រហូតទៅដល់ការចែករំលែកទ្រព្យសម្បត្តិ ឬសេចក្តីសុខដល់មនុស្សដែលស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺន។
៥.២-រូបភាពនៃខន្តីធម៌
មនុស្សដែលមានខន្តីធម៌ តែងតែមានចិត្តទូលាយមិនឆេវឆាវ មិនអន្ទះអន្ទែងចំពោះទង្វើដែលមិនសមរម្យមកលើខ្លួន។ ហេតុការណ៍អ្វីក៏ដោយ អ្នកដែលមានគំនិតអធ្យាស្រ័យតែងតែយកហេតុការណ៍ឬទង្វើនោះមកពិចារណាគ្រប់ជ្រុងជ្រោយ ទើបធ្វើសេចក្តិសម្រេចចិត្ត ព្រោះថាមនុស្សគ្រប់រូបតែងតែមានកំហុសពុំអាចជៀសបានឡើយ។
នៅក្នុងសង្គមទង្វើខុសឆ្គងរបស់មនុស្សមានច្រើនណាស់តែមានអ្នកខ្លះពុំព្រមទទួលសារភាពកំហុសរបស់ខ្លួនទេ។ គេមិនត្រឹមតែមិនទទួលកំហុសនោះទេ តែគេថែមទាំងបញ្ចេញសំដី ឫកពាមិនសមរម្យទៅលើមនុស្សដែលត្រឹមត្រូវ ឬជនរងគ្រោះនោះថែមទៀត។ អាកប្បកិរិយាបែបនេះពុំមែនជាមនុស្សដែលមានធម៌អធ្យាស្រ័យសន្តោសប្រណីនោះទេ។ មានតែការអត់ឱនការលើកលែង មិនប្រកែប្រកាន់លើកំហុសអ្នកដទៃនោះទេ ទើបអាចចាត់ថាជាបុគ្គលមានអធ្យាស្រ័យនិងការសន្តោសប្រណីបាន។
ខន្តីធម៌គឺជាធម៌ដែលមនុស្សគ្រប់រូបគ្រប់ស្រទាប់គួរតែអនុវត្តឱ្យបានដើម្បីឈានទៅរកសន្តិភាពនិងការអភិវឌ្ឍដល់មនុស្សគ្រប់រូប។ អំពើចោរកម្ម ការលួចឆក់ប្លន់ ការកាប់សម្លាប់ការគំរាមកំហែងតែងតែកើតឡើងពីជនមួយចំនួនដែលមានចិត្តអន្តិរិ្ថយ គ្មានធម៌អធ្យាស្រ័យ គ្មានធម៌សន្តោសប្រណីក្នុងខ្លួន។
៥.៣-ទស្សនៈផ្សេងៗទាក់ទងនឹងខន្តីធម៌
ក-ទស្សនៈរបស់ព្រះពុទ្ធសមណគោតម
ទស្សនៈរបស់ព្រះពុទ្ធលើបញ្ហានេះ ទ្រង់បានឱ្យដំបូន្មានមនុស្សថា ឱ្យត្រេកអរចំពោះវត្ថុដែលខ្លួនរកបាន ពោលគឺធ្វើជាមនុស្សមិនត្រូវចង់បាន ចង់មានហួសហេតុនោះទេ ត្រូវធ្វើឱ្យសមល្មមនឹងសមត្ថភាព លទ្ធភាពដែលខ្លួនមាន។ លក្ខណៈនៃការសន្តោសរបស់ព្រះពុទ្ធមាន៣យ៉ាងគឺ៖
-សេចក្តីត្រេកអរពេញចិត្តនឹងរបស់ដែលមាន ដូចជាត្រេកអរនឹងទ្រព្យសម្បត្តិរបស់
ខ្លួន កូនប្រពន្ធប្ដី និងរបស់ដែលខ្លួនមាន។
-សេចក្តីត្រេកអរនឹងរបស់ដែលរកបាន។ ទ្រព្យសម្បត្តិបានមកពីព្រោះតែយើងចេះ
ស្វែងរកដោយភាពសុចរិតត្រឹមត្រូវ មិនលោភលន់។
-សេចក្តីត្រេកអររបស់ដែលគួរ។ ទ្រព្យសម្បត្តិដែលរកបានមកនោះអាចបានមកដោយវិធីអាក្រក់ក៏មាន ដូច្នេះយើងគប្បីពិចារណាមើលថា តើទ្រព្យដែលរកបានមកនោះ ប្រកបដោយភាពត្រឹមត្រូវដែរឬទេ? បើមើលទៅឃើញថាពុំត្រឹមត្រូវនោះទេ គួរតែលះបង់វាចោលចេញ ទើបជាការប្រសើរ។
ខ-ទស្សនៈរបស់ខុងជឺ
លោកខុងជឺ ដែលជាទស្សនវិទូចិនដ៏ល្បីល្បាញនោះបានផ្តល់ជាមតិមួយថា “កុំធ្វើទៅលើអ្នកដទៃ នូវអំពើអ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃធ្វើមកលើខ្លួនវិញ”។ គាត់គិតថា មនុស្សដែលមានគុណធម៌ពិតជាមានបំណងបង្កើតខ្លួនឯង ដោយស្វែងរកភាពជោគជ័យដោយខ្លួនឯងផង និងជួយជំរុញឱ្យអ្នកដទៃទទួលជោគជ័យដូចខ្លួនផងដែរ។ ទស្សនៈរបស់លោកសុទ្ធតែនាំមនុស្សគ្រប់រូបឱ្យមានការអត់ធ្មត់ ឱ្យចេះអត់ឱន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក មិនឈ្លោះទាស់ទែងគ្នា ពោលគឺយកធម៌អហិង្សាតបទៅនឹងអំពើហិង្សាដើម្បីសង្គមទទួលបានសេចក្តីសុខ និងមានការរីកចម្រើន។
គ-ទស្សនៈមហាត្មៈគន្ធី
លោកបានផ្តល់យោបល់ថា ”ចិត្តភ្លើងពុំអាចរំលត់ដោយចិត្តភ្លើងបានទេតែគេត្រូវតែយកចិត្តទឹកទៅរំលត់ភ្លើងទើបបាន”។ ចំណុចនេះមានន័យថាបើមានទំនាស់នឹងគ្នា យើងត្រូវតែមានការអធ្យាស្រ័យ យោគយល់គ្នាទើបអាចបង្រ្កាបកំហឹង ឬទោសៈរបស់មនុស្សបាន “ កុំយកកំហឹងទល់នឹងកំហល់”។
ឃ-ទស្សនៈរបស់ឡាហ្វុងតែន
លោកឡាហ្វុងតែនបានផ្តល់ជាទស្សនៈថា“ មនុស្សយើងអធ្យាស្រ័យឱ្យខ្លួនយើងគ្រប់កំហុសទាំងឡាយក៏ប៉ុន្តែមិនចូលចិត្តអធ្យាស្រ័យកំហុសឱ្យអ្នកដទៃឡើយ ” ។ ទស្សនៈនេះវាស៊ីនឹងផ្នត់គំនិតរបស់ខ្មែរដែលបានសរសេរជាកំណាព្យមួយឃ្លាថា“ទោសគេតូចសោតសល់រមិលយល់ប៉ុនទាំងភ្នំ” ។ នេះគឺជាការរិះគន់ពេញទំហឹង ទៅលើទស្សនៈនៃការមិនចេះយោគយល់ មិនចេះអត់ឱននិងអធ្យាស្រ័យឱ្យមនុស្សដទៃ។ បើយើងអធ្យាស្រ័យឱ្យខ្លួនឯងបានក៏គួរតែអធ្យាស្រ័យសន្តោសប្រណីដល់អ្នកដទៃផងដែរនោះទើបសង្គមជួបប្រទះតែសេចក្តីសុខ។
ង-ទស្សនៈពីសាណូនីកូឡា
ទស្សនៈរបស់ជាងចម្លាក់រូបនេះក៏មិនខុសពីទស្សនៈរបស់អ្នកប្រាជ្ញខាងលើនោះដែរ។លោកបានកំណត់ថា”ការសងសឹកជាមួយនឹងមនុស្សដែលបំពានមកលើរូបយើង គឺយើងដាក់ខ្លួនឱ្យស្មើនឹងសត្រូវ”។ បើយើងអធ្យាស្រ័យឱ្យគេគឺយើងលើកស្ទួយខ្លួនយើងឱ្យខ្ពស់ជាងគេ។ ការអធ្យាស្រ័យចំពោះខ្លួនឯង ហើយតឹងតែងចំពោះអ្នកដទៃគឺជាកំហុសតែមួយដូចគ្នា។ ទស្សនៈនេះចង់បញ្ជាក់ថា រវាងការសងសឹកនិងការអធ្យាស្រ័យ គេគួរជ្រើសរើសយកការអធ្យាស្រ័យប្រសើរជាង។
៥.៤-លទ្ធផលនៃការប្រកាន់ខន្តីធម៌
ការប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវធម៌អហិង្សា ធម៌សន្តោសប្រណីដោយចេះលើកលែង អត់ឱនទោសឱ្យអ្នកដទៃ កុំយកការតបត ការសងសឹកមកធ្វើជាត្រីមុខនោះវានឹងផ្តល់ផលយ៉ាងច្រើន៖
-ធ្វើឱ្យយើងត្រេកអរពេញចិត្តនឹងសម្បត្តិដែលខ្លួនមាន។សម្បត្តិដែលខ្លួនរកបាន
ប្រកបដោយភាពសុចរិតយុត្តិធម៌។
-ធ្វើឱ្យយើងចេះគិតមើលថាសម្បត្តិណាដែលគួរត្រេកអរនិងសម្បត្តិណាដែលមិនគួរ
ស្រវាស្រទេញ មិនគួរត្រេកអរ។
-ធ្វើឱ្យយើងមានចិត្តស្ងប់ ដោយគ្មានការនឹកស្តាយក្រោយ។
-ធ្វើឱ្យយើងអាចកាត់បន្ថយសត្រូវ បង្កើនមិត្ត។
-មានកិត្តិយសល្អនិងមានឈ្មោះថាជាអ្នកធ្វើប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។
-ធ្វើឱ្យសង្គមមានស្ថេរភាពមានសន្តិភាពដោយការចេះយោគយល់អត់ឱនឱ្យគ្នាទៅវិញ
ទៅមក។
-ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយក៏ធម៌អធ្យាស្រ័យនិងការ
សន្តោសប្រោសប្រណីនៅតែជាមាគ៌ាមួយដ៏ល្អត្រចះត្រចង់សម្រាប់មនុស្សគ្រប់រូប ស្វែងរកសេចក្តីស្ងប់និងសន្តិភាពនៅក្នុងគ្រួសារក៏ដូចជានៅក្នុងសង្គមជាតិ និងពិភពលោកទាំងមូលដែរ។
៦-សុចរិតធម៌
៦.១-និយមន័យសុចរិតធម៌
សុចរិតធម៌មានន័យថាការប្រព្រឹត្តល្អ ការប្រព្រឹត្តដោយភាពស្មោះត្រង់ ការប្រព្រឹត្តប្រកបដោយភាពបរិសុទ្ធនិងត្រឹមត្រូវ។
សុចរិតធម៌ សំដៅទៅលើការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការប្រព្រឹត្តត្រឹមត្រូវ និងការប្រកបមុខរបរចិញ្ចឹមជីវិតដោយភាពបរិសុទ្ធ តាមគន្លងធម៌ស្របតាមច្បាប់សង្គមហើយមិនធ្វើឱ្យអ្នកដទៃរងការឈឺចាប់ការខូចខាតផលប្រយោជន៍ ពេលវេលាឬទទួលគ្រោះថ្នាក់ដោយសារទង្វើនិងមុខរបររបស់ខ្លួន។
ដើម្បីពង្រឹងមាគ៌ាសន្តិភាពនិងសុភមង្គលជាសកលឱ្យកាន់តែបានល្អប្រសើរ ព្រះពុទ្ធអង្គទ្រង់បានអប់រំទូន្មានឱ្យមនុស្សទាំងអស់ប្រកាន់ខ្ជាប់នូវកុសលកម្ម គឺការប្រព្រឹត្តល្អ១០យ៉ាងដោយកាយ វាចា និងចិត្តគឺមានកាយសុចរិត៣ វចីសុចរិត៤ និងមនោសុចរិត៣។
៦.២-រូបភាពនៃការប្រកាន់យកសុចរិតធម៌
មនុស្សដែលចូលចិត្តប្រព្រឹត្តភាពត្រឹមត្រូវ មិនវៀចវេរ មិនលម្អៀងនិងដោយភាពស្មោះត្រង់នោះត្រូវបានគេចាត់ទុកវាជាមនុស្សប្រកាន់ខ្ជាប់នូវសុចរិតធម៌។ ភាពស្មោះត្រង់ត្រឹមត្រូវនេះវាជាតម្រូវការចាំបាច់បំផុតសម្រាប់មនុស្សរាល់រូបព្រោះថាបើអ្នកប្រកាប់ខ្ជាប់នូវភាពសុចរិតនេះនោះអ្នកនឹងក្លាយទៅជាមនុស្សដែលទទួលបាននូវជំនឿទុកចិត្តពីមនុស្សដទៃ។
បើយើងគិតពីសកម្មភាពប្រចាំថ្ងៃ ក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិតទៅតាមចំណង់ចំណូលចិត្ត សមត្ថភាពនិងជំនាញរបស់ខ្លួននោះ មានរបរខ្លះត្រឹមត្រូវសុចរិត តែក៏មានមនុស្សមួយចំនួនយកជំនាញ យកសមត្ថភាពនោះទៅប្រព្រឹត្តអំពើមិនត្រឹមត្រូវ មិនស្របច្បាប់ដែរ។ គេអាចសង្កេតឃើញថា អ្នកប្រកាន់ភាពសុចរិត រស់នៅបានសុខសាន្តពុំសូវមានសត្រូវនោះទេ។ ចំពោះអ្នកប្រព្រឹត្តមិនសុចរិតដូចជាការកេងប្រវញ្ចគេ គៃបន្លំ ឆបោកអ្នកដទៃ ធ្វើឱ្យគេក្តៅក្រហាយ បង្កទៅជាជម្លោះ ទៅជាភាពស្មុគ្រស្មាញ ធ្វើឱ្យបុគ្គលនោះរស់នៅក្នុងភាពមិនសុខសប្បាយនោះទេ។
៦.៣-ទស្សនៈព្រះពុទ្ធទាក់ទងនឹងសុចរិតធម៌
ទស្សនៈរបស់ព្រះពុទ្ធដូចដែលបានបង្ហាញពីខាងដើមរួចមកហើយគឺការប្រកាន់ខ្ជាប់នូវ
កុសលកម្មបទ១០ប្រការ គឺ៖
ក-កាយសុចរិតធម៌
មិនបំបាត់ជីវិតអ្នកដទៃ (បាណាតិបាតា វេរមណី)
មិនលួចទ្រព្យសម្បត្តិអ្នកដទៃ (អទិន្នាទានា វេរមណី)
មិនសហាយស្មន់ជាមួយប្ដីប្រពន្ធកូនអ្នកដទៃ (កាមេសុមិច្ឆាចារា វេរមណី)
ខ-វចីសុចរិតធម៌
-មិនភូតកុហកឆបោកអ្នកដទៃ(មុសាវាទានា វេរមណី)
-មិនញុះញង់បំបែកបំបាក់អ្នកដទៃ(បិសុណាយវាចាយ វេរមណី)
-មិនពោលពាក្យ ទ្រគោះបោះបោកឬជេរប្រទេចផ្តាសាអ្នកដទៃ(ផរុសាយវាចាយ វេរមណី)
-មិនពោលពាក្យរាយមាយឥតប្រយោជន៍ ( សម្ផប្បលាប វេរមណី)
គ-មនោសុចរិតធម៌
-មិនមានចិត្តសម្លឹងរំពៃចង់បានទ្រព្យសម្បត្តិអ្នកដទៃ(អនភិជ្ឈា)
-មិនមានចិត្តគំនុំ ឬមានគំនិតព្យាបាទអ្នកដទៃ (អព្យាបាទោ)
-មានគំនិតយល់ឃើញត្រូវពិតតាមច្បាប់សង្គម សីលធម៌ (សម្មាទិដ្ឋិ)
វត្ថុដែលមានតម្លៃខ្ពស់បំផុត និងគួរឱ្យគោរពនោះគឺកិត្តិយសកេរ្តិ៍ឈ្មោះដែលបានមកពីសេចក្តីសុចរិតត្រឹមត្រូវទៀងត្រង់។ មនុស្សគ្រប់រូបមិនត្រូវបញ្ឈប់នូវការតាំងចិត្តប្រព្រឹត្តនូវអំពើសុចរិតនោះទេ ត្រូវចងចាំថារាល់ពាក្យសំដីរបស់អ្នក គឺជាកិច្ចសន្យានិងប្តូរដោយកិត្តិយសរបស់អ្នក។
៦.៤-ផលនៃការប្រតិបត្តិសុចរិតធម៌
មនុស្សគ្រប់រូបគប្បីប្រព្រឹត្តតែអំពើល្អត្រឹមត្រូវចៀសវាងអំពើអាក្រក់ទាំងឡាយ ប្រកបមុខ
របរសុចរិតស្មោះត្រង់និងធ្វើចិត្តឱ្យបរិសុទ្ធជានិច្ច ព្រោះគុណសម្បត្តិទាំងនោះនាំមកឱ្យយើងនូវ
សុវត្ថិភាពក្នុងជីវិតរស់នៅ។
ផលនៃអ្នកប្រកាន់ខ្ជាប់សុចរិតធម៌៖
រស់នៅមានសុវត្តិភាព សុភមង្គល រីកចម្រើន ថ្លៃថ្នូរ
គ្មានការត្មះតិះដៀលពីជនដទៃ
មានកេរ្តិ៍ឈ្មោះល្អ ជាមនុស្សសុចរិត មានមិត្តភក្តិ និងមានមនុស្សនៅជុំវិញវិខ្លួនគោរព
ស្រឡាញ់រាប់អាន
គ្មានការសងសឹក ព្យាបាទពីអ្នកដទៃ
មានសុភមង្គលក្នុងគ្រួសារ សហគមន៍ និងសង្គមមានសន្តិភាព
តែងតែបានទទួលត្រឡប់មកវិញនូវភាពប្រកបដោយសុចរិតធម៌។
៧-សាមគ្គីធម៌
៧.១-និយមន័យសាមគ្គីធម៌
-សាមគ្គី គឺជាការព្រមព្រៀងគ្នាឬស្រុះស្រួលគ្នា
-សាមគ្គីធម៌គឺជាច្បាប់ឬលក្ខខណ្ឌសម្រាប់ប្រតិបត្តិឱ្យមានការព្រមព្រៀងគ្នាឬ សាមគ្គីគ្នា
-សាមគ្គីភាព គឺជាបែបបទ ឬរបៀបនៃការព្រមព្រៀងគ្នា
-សាមគ្គីរស គឺជារសនៃសាមគ្គី មានន័យថាជាការព្រមព្រៀងដោយការពេញចិត្តនិងដោយការស្រឡាញ់រាប់អានគ្នាទៅវិញទៅមក
-សាមគ្គីធម៌គឺជាការព្រមព្រៀងចុះសម្រុងគ្នាទាំងកាយទាំងវាចាទាំងចិត្ត៖
ការព្រមព្រៀងដោយកាយ នៅក្នុងក្រុមនីមួយៗ ប្រសិនបើពួកគេមានកិច្ចការអ្វីដែលត្រូវធ្វើរួមគ្នាគឺត្រូវទៅរួបរួមនៅជាមួយគ្នា ជួយបំពេញកិច្ចការនោះតាមពេលវេលាដែលបានកំណត់ទុកដោយគ្មានអ្នកណាម្នាក់ហ៊ានសំងំលាក់ខ្លួនឡើយ។
ការព្រមព្រៀងដោយវាចា ក្នុងពេលដែលមានការប្រជុំ ដើម្បីផ្លាស់ប្តូរយោបល់គ្នាក្នុងការរួបរួមគ្នាធ្វើកិច្ចការអ្វីមួយគឺត្រូវមានការយោគយល់ស្តាប់គ្នា មិនប្រកែកយកឈ្នះតែរៀងៗខ្លួន ហ៊ានទទួលយកគំនិតប្រឆាំងដែលសមហេតុផល។
ការព្រមព្រៀងដោយចិត្ត ត្រូវប្រកាន់ចិត្តស្មើគ្នា អធ្យាស្រ័យគ្នាទប់ចិត្ត សម្របសម្រួលចិត្តរបស់ខ្លួនឱ្យស្របជាមួយគ្នា មិនដណ្តើមយកឈ្នះគ្នាដោយភាពអស្មិមានៈ។
៧.២-រូបភាពនៃការមានសាមគ្គីធម៌
សាមគ្គីខ្លះបង្កើតឡើងក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យមានភាពរីកចម្រើននិងភាពសុខសាន្តហើយសាមគ្គីខ្លះទៀតបង្កើតឡើងដើម្បីចង់សម្រេចគោលបំណងអ្វីមួយ ឬ ដើម្បីរំដោះប្រទេសជាតិពីការត្រួតត្រារបស់បរទេស ដើម្បីឯករាជ្យជាតិ។
ដូនតាខ្មែរយើង ពិសេសនៅសម័យមហានគរមានឈ្មោះល្បីល្បាញមានឥទ្ធិពលពេញ
ភូមិភាគអាស៊ីអាគ្នេយ៍ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកវប្បធម៌និងនយោបាយមិនមែនកើតឡើងដោយសារការប្រទានរបស់អាទិទេពនោះទេ តែបានដោយសារកម្លាំងសាមគ្គីជាតិរវាងប្រជាជននិងអ្នកដឹកនាំ រវាងអ្នកដឹកនាំ និងអ្នកដឹកនាំ រវាងប្រជាជននិងប្រជាជននេះឯង។
តាមឯកសាររបស់វិទ្យាស្ថានខ្មែរវប្បធម៌បានធ្វើការអះអាងលើទំហំនៃសាមគ្គីភាពរបស់ខ្មែរសម័យមហានគរដែលមានប្រាសាទបាយ័នជាភស្តុតាង។ ប្រាសាទនេះមានកំពូលចំនួន៥៤ ខ្លោងទ្វារចំនួន៥ ហើយកំពូលនីមួយៗមានមុខបួន ជានិមិត្តរូបនៃព្រហ្មវិហារធម៌។ ប្រាសាទបាយ័នជារូបមន្តនៃសាមគ្គីភាព ឯកភាពរវាងអំណាចកណ្តាលនិងអំណាចតំបន់ អំណាចភូមិភាគនិងអំណាចមូលដ្ឋាន។ មានន័យថារូបភាពនេះបានបញ្ជាក់ពីភាពត្រូវគ្នា ពីភាពរួបរួមគ្នា រវាងអ្នកដឹកនាំជាមួយថ្នាក់ដឹកនាំ រវាងថ្នាក់ដឹកនាំជាមួយរាស្ត្រ រវាងរាស្ត្រនិងរាស្ត្រ។ ហេតុផលនេះហើយទើបធ្វើឱ្យខ្មែរមានតម្លៃមានកិត្តិយស ល្បីរន្ទឺពេញពិភពលោក ប្រទេសរីកចម្រើន រាស្ត្ររស់នៅក្នុងភាពសុខសប្បាយ។
៧.៣-បច្ច័យនាំឱ្យមានសាមគ្គីធម៌
ក-ការតស៊ូនិងការអត់ធ្មត់
ប្រសិនបើមនុស្សម្នាក់ៗចាប់ផ្តើមធ្វើការងារអ្វីមួយដែលមានប្រយោជន៍ហើយមានឧបសគ្គ ឬមានគ្រោះថ្នាក់ដល់រូបរាងកាយ ទ្រព្យសម្បត្តិ ចិត្ត គ្រួសារ សង្គមជាតិ គេមិនត្រូវចុះចាញ់ឧបសគ្គទាំងនោះឡើយ គឺគេត្រូវតែតស៊ូយកជ័យជម្នះលើឧបសគ្គនោះឱ្យបានដោយការតាំងចិត្តលះបង់ខ្ពស់។
ខ-ការសន្តោសនិងការស្មោះត្រង់
កិច្ចការដែលយើងបានធ្វើហើយ ទោះបីមានផលតិចក្តីច្រើនក្តីមិនបានផលសោះ ឬបានផលមិនសមតាមបំណងក្តី ឱ្យតែជាផលនោះបានដោយភាពត្រឹមត្រូវ យើងត្រូវតែទទួលដោយភាពរីករាយ។ យើងមិនត្រូវមានចិត្តរើសអើងទោះបីមនុស្សនោះមានបំណងបែបណាក៏ដោយ គឺត្រូវយកគុណធម៌នៃមនុស្សជាតិមកដាក់ក្នុងចិត្ត។
គ-ការមិនប្រកាន់និងមិនរើសអើង
ទោះបីអ្នកមានកិត្តិយសខ្ពង់ខ្ពស់ មានទ្រព្យសម្បត្តិច្រើន មានចំណេះវិជ្ជាជ្រៅជ្រះ អ្នកមិនត្រូវបញ្ចេញអាកប្បកិរិយារើសអើង ក្រអឺតក្រទមដែលនាំឱ្យមានការអាក់អន់ក្នុងចិត្តអ្នកដទៃឡើយ ព្រោះសាមគ្គីនឹងកើតមានលុះត្រាតែមនុស្សម្នាក់ៗមិនប្រកាន់ មិនរើសអើង។
ឃ-មិនច្រណែននិន្ទាឈ្នានីស
អ្នកមិនត្រូវមានចិត្តចង្អៀតចង្អល់ បន្តុះបង្អាប់ ត្មះតិះដៀល ឬព្យាយាមរកឧបាយកលបំផ្លិចបំផ្លាញធ្វើឱ្យអ្នកដទៃវិនាសអន្តរាយដោយសារខ្លួន ព្រោះតែការច្រណែនឃើញគេមានទ្រព្យជាងខ្លួន គេមានចំណេះខ្ពស់ជាងខ្លួន នោះពិតជាមិនអាចនាំមកនូវសាមគ្គីភាពបាននោះទេ ដោយហេតុថាគ្មានភាពចុះសម្រុងជាមួយគ្នា។
ង-ការស្មោះត្រង់ទៅវិញទៅមក
អ្នកមិនត្រូវយករួចតែខ្លួនដោយប្រាសចាកការរួមសុខទុក្ខជាមួយក្រុមក្នុងការស្វែងរកប្រយោជន៍ និងសេចក្តីសុខដោយបិទបាំងសេចក្តីវិនាសដែលបម្រុងនឹងកើតឡើង ឬកំពុងកើតឡើងដល់ក្រុមនោះឡើយ។ ទង្វើនេះនាំឱ្យលែងមានការទុកចិត្តគ្នាទៅវិញទៅមក ហើយទីបញ្ចប់គឺឈានទៅរកការបែកបាក់សាមគ្គីជាមិនខាន។
ច-ការពិចារណារកហេតុផលតាមផ្លូវល្អ
កាលបើមានហេតុការណ៍ណាមួយកើតឡើង ទោះបីជាហេតុការណ៍នោះនាំផលចម្រើនក្តី មិនចម្រើនក្ដី អ្នកត្រូវតែត្រិះរិះពិនិត្យពិច្ច័យពិចារណាឱ្យបានល្អិតល្អន់ រិះរកវិធីកែប្រែឱ្យបានសមស្របទៅតាមគំនិតដែលយើងបានដៅទុកជាមុនរួចហើយ កុំឱ្យខុសពីគោលបំណងនោះឡើយ។ ការថ្លឹងថ្លែងពិគ្រោះពិចារណានៅលើផ្លូវល្អនេះអាចបង្កើតបាននូវការទុកចិត្តការរួបរួមគ្នាដោះស្រាយបញ្ហាបាន ពោលគឺឈានទៅរកសាមគ្គីភាពនេះឯង។
ជារួមមកយើងឃើញថា ការបង្កើតឱ្យមានភាពសាមគ្គីឋិតឋេរត្រឹមត្រូវ គឺអាស្រ័យលើចិត្តបុគ្គលដែលមានលក្ខណៈរួបរួមគ្នា” ចិត្តមួយថ្លើមមួយ” ក្នុងការបំពេញកិច្ចការអ្វីមួយ ជាប្រយោជន៏ដល់គ្នានឹងគ្នាដោយមិនលំអៀង។
៧.៤-លទ្ធផលនៃការសម្រេចបានសាមគ្គីធម៌
ផលដែលកើតឡើងដោយភាពសាមគ្គីមាន៖
-ការរីកចម្រើនឆាប់រហ័សទទួលបានជោគជ័យនិងមិនចំណាយពេលវេលាច្រើន
-ការពារផលប្រយោជន៍បានឋិតឋេរគង់វង្ស
-ការបង្កើតបានសមិទ្ធផល កាន់តែច្រើនថែមទៀត
-គ្រួសារសហគមន៍ និងសង្គមមានកម្លាំងកាន់តែរឹងមាំ មានកិត្តិយស កេរ្តិ៍ឈ្មោះ និង
គ្មានសត្រូវណាហ៊ានបៀតបៀននោះទេ
-ការឯកភាពគ្នាជាធ្លុងមួយ គ្មានការប្រឆាំងដែលនាំឱ្យសង្គមគ្មានការបែកបាក់គ្នា
-ចុងក្រោយ គឺគ្រួសាររីកចម្រើន ជាតិរីកចម្រើន។
៨-សុជីវធម៌
៨.១-និយមន័យសុជីវធម៌
ពាក្យថា « សុជីវធម៌ » ជាចំណេះដឹង, សណ្តាប់ធ្នាប់, ការដឹងប្រមាណ, ការគួរសម, ច្បាប់ជីវិតល្អ ឬរបៀបរស់នៅសមរម្យ បានដល់លំនាំរស់នៅសភាពជាមនុស្ស ដែលប្លែកពីការរស់នៅរបស់សត្វតិរច្ឆាន [1]។
សុជីវធម៌ < សុ+ជីវ+ធម៌
សុ=ងាយស្រួល ល្អ ប្រពៃ។
ជីវ= ជីវិត អាយុ ការរស់នៅ។
ធម៌= សភាវទ្រទ្រង់នូវសត្វលោក។
សុជីវធម៌= ការរស់នៅសុខស្រួលប្រកបដោយក្រមសីលធម៌។
៨.២-ប្រភេទសុជីវធម៌
សុជីវធម៌បែងចែកជា ៦ប្រភេទ ៖
-ការស្គាល់ហេតុផលគួរឬមិនគួរ
-ការស្គាល់ឋានៈរបស់ខ្លួននិងអ្នកដទៃ
-ការស្គាល់ប្រមាណជីវភាព
-ការស្គាល់កាលសម័យ
-ការស្គាល់ប្រជុំជននិងទីប្រជុំ
-ការស្គាល់មិត្រសម្លាញ់។
ក- ការស្គាល់ហេតុផល
បទប្បញ្ញត្តិនិងទំនៀមទម្លាប់ ឬពាក្យទូន្មានប្រៀនប្រដៅទំាងឡាយដែលប្រកបដោយគតិបណ្ឌិតបានទុកជាហេតុគួរមួយដែលជនរាល់រូបត្រូវគោរពនិងប្រតិបត្តិតាម។ បើជនណាមិនដឹងមិនយល់ថាជាហេតុគួរហើយចេះតែប្រព្រឹត្តធ្វើផ្តេសផ្តាសតាមអំពើចិត្ត ជននោះប្រាកដជាទទួលផលអាក្រក់។ អ្នកដែលស្គាល់ពីបទប្បញ្ញត្តិនិងទំនៀមទម្លាប់ប្រកបដោយហេតុផលល្អគួរតាម កាលៈទេសៈតែងបានផលល្អសុខចម្រើនរស់នៅសមរម្យក្នុងចំណោមមនុស្ស។
ការស្គាល់ហេតុផលគួរមិនគួរច្បាស់ប្រាកដពីចិត្តគំនិតខ្លួនទើបអាចធ្វើខ្លួនឱ្យទៅជាមនុស្ស មានសុជីវធម៌ គឺស្គាល់ថាហេតុផលនេះល្អត្រូវតែប្រតិបត្តិតាមហេតុផលនេះអាក្រក់ត្រូវតែលះបង់។
ខ-ការស្គាល់ឋានៈរបស់ខ្លួននិងអ្នកដទៃ
ដើម្បីរស់នៅឱ្យបានសុខស្រួលក្នុងពិភពលោក ដែលកម្មនិងធម្មជាតិបានបង្កើត មនុស្សមកឱ្យមានឋានៈមិនស្មើគ្នានោះ មនុស្សម្នាក់ៗត្រូវតែស្គាល់ឋានៈខ្លួននិងឋានៈអ្នកដទៃឱ្យបានច្បាស់ ហើយញ៉ាំងដំណើរជីវិតឱ្យប្រព្រឹត្តទៅតាមទំហំឋានៈរៀងៗខ្ឡួនទើបមានសម្ពន្ធភាពអាចទាក់ទង រួមគ្នាបាន មិនប៉ះទង្គិចថ្នាំងថ្នាក់បែកបាក់គ្នា។ ពាក្យថាស្គាល់ឋានៈ គឺស្គាល់យសសក្តិជាតិ ត្រកូល វ័យ សេចក្តីចេះដឹងរបស់ខ្លួននិងអ្នកដទៃ។
គ-ការស្គាល់ប្រមាណជីវភាព
ការស្គាល់ប្រមាណជីវភាព បានន័យថា « ចេះបានចេះបង់, ចេះចាយចេះរក » បើចេះតែ ចង់បាន ចេះតែខំរកមិនគិតពីការខុសត្រូវអាក្រក់ល្អ គួរមិនគួរសោះនោះ នឹងធ្លាក់ទៅក្នុងផ្លូវអាក្រក់ ទុច្ចរិត មានការស៊ីសំណូក លួចប្លន់ជាដើម នាំឱ្យថោកទាបខូចកិត្តិយស ឬក៏ចេះតែខំរកមក មិនហ៊ាន ស៊ីចាយ ឱ្យសមឋានៈនោះ ក៏នាំឱ្យខូចកិត្តិយសដែរ ឈ្មោះថាជាអ្នកមិនស្គាល់ប្រមាណជីវភាពទៅវិញ។
ឃ-ការស្គាល់កាលសម័យ
ដើម្បីរស់នៅក្នុងពិភពលោកនេះឱ្យបានសមរម្យទាន់សម័យនឹងគេ និងធ្វើឱ្យដំណើរ ជីវិតប្រព្រឹត្តទៅទាន់ព្រឹត្តិការណ៍ដែលជាហេតុនាំឱ្យបានលាភបានជ័យ សុខចម្រើន ត្រូវជាអ្នកស្គាល់ពេលវេលាដែលត្រូវដេក ដើរ ឈរ អង្គុយ និយាយ ស្តាប់ គិត ធ្វើការងារឱ្យបានច្បាស់លាស់។
ម្យ៉ាងទៀត ត្រូវបំពេញករណីកិច្ចរបស់ខ្លួនឱ្យទាន់ល្បឿននៃដំណើរជីវិត ព្រោះជីវិតចេះ តែទៅមុខគ្រប់នាទីមិនត្រឡប់ថយក្រោយ ឬឈប់បង្អង់ចាំឱ្យយើងបំពេញករណីកិច្ចនេះសិននោះទេ។
ដូច្នេះបុគ្គលម្នាក់ៗ មិនត្រូវស្លាប់ចិត្តគំនិតជាប់ជំពាក់ ចំពោះអារម្មណ៍ណាមួយយូរពេកទេ ត្រូវឱ្យមានចលនាប្រព្រឹត្តទៅឱ្យទាន់កាលសម័យនិងទាន់ដំណើរជីវិត។ ពេលសិក្សារៀនសូត្រ ត្រូវស្រូតប្រឹងប្រែងឱ្យទាន់ចំណេះដែលត្រូវចេះដឹង តាមទំហំជំនាន់វ័យរបស់ខ្លួន កុំគិតពីជជែកគ្នាលេងក្នុងម៉ោងដែលត្រូវសិក្សា។ បើយើងមិនស្រូតតាមឱ្យទាន់កាលៈទេសៈទេ អនាគតយើងត្រូវពេលវេលាទំពាស៊ីអស់ ពេលគេត្រូវមានប្រពន្ធកូនខ្លួនគ្មាន ពេលគេត្រូវមានចៅខ្លួនទើបនឹងមានប្រពន្ធ ចេះតែខុសដើរមិនទាន់សម័យ មិនទាន់ព្រឹត្តិការណ៍សោះ មកពីគ្មានសុជីវធម៌ មិនស្គាល់កាលសម័យនៅក្រាញផ្សងព្រេងជាមួយកន្លែងៗយូរពេក ដូចជាពេលប្រឡងរកការងារធ្វើ បើប្រឡង៣ដងមិនបានជាប់ហើយ កុំក្រាញនៅដាក់ដឺម៉ង់ប្រឡងរាប់ឆ្នាំឱ្យទាល់តែគ្រប់ក្រសួងគ្មានសល់នោះឡើយ។
យើងត្រូវខិតខំស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីរៀបចំការរស់នៅរបស់ខ្លួនឱ្យមាន
លក្ខណៈសមរម្យក្នុងសង្គមស៊ីវីល័យសម័យបច្ចេកវិទ្យានាយុគបច្ចុប្បន្ន។
ង-ការស្គាល់ប្រជុំជននិងទីជំនុំ
ដើម្បីជាមនុស្សចុះជំនុំជុំចំណោមនឹងគេ ត្រូវចេះរបៀបរៀបចំពាក្យសំដីនិយាយ សើច ដេក ដើរ ឈរ អង្គុយ ស៊ី ផឹក ស្លៀកពាក់ សួរ ឆ្លើយ គោរព ក្រាបសំពះ ថ្វាយបង្គំ ចាប់ដៃ ងក់ក្បាល និងក្អកកណ្តាស់ជាដើម ឱ្យមានបែបបទសណ្តាប់ធ្នាប់ល្អ។
បើយើងមិនបានដឹង មិនចេះរបៀបរៀបចំទាំងនេះឱ្យមានបែបបទល្អទេ គេថាមនុស្សឥតសណ្តាប់ធ្នាប់ គ្មានសុជីវធម៌ ឬថាជាមនុស្សមិនចុះជំនុំទៅចូលចំណោមជំនុំនឹងគេក្នុងទីណានាំឱ្យអ្នកផងគេធុញទ្រាន់ អាក់អន់រំខានចិត្ត អៀនខ្មាសដោយសារខ្លួនក្នុងទីនោះ។
ច-ការស្គាល់មិត្រសម្លាញ់
បុគ្គលដទៃក្រៅពីមាតាបិតា ស្វាមីភរិយា បុត្រធីតា និងញាតិសន្តានរបស់ខ្លួនចេញ គ្មានបុគ្គលណាជាទីស្រលាញ់ស្និទ្ធស្នាលទុកចិត្តជួយផ្តល់ប្រយោជន៍ទៅវិញទៅមកជាងមិត្រសម្លាញ់ខ្លួនទេ មានតែមិត្រនេះហើយដែលអាចជួយគាំទ្រដំណើរជីវិតអ្នកឱ្យប្រព្រឹត្តទៅស្រួល ប្រកបដោយជោគជ័យក្នុងលោកនេះ។
៨.៣-សុជីវធម៌ក្នុងក្របខណ្ឌការងារ
ក-សុជីវធម៌រវាងអ្នកធំទៅអ្នកតូច
ប្រការគួរធ្វើ :
-និយាយដោយបោរីភាពជានិច្ច
-ចេះស្តាប់យោបល់អ្នកក្រោមបង្គាប់
-និយាយតែសាច់ការ
-លើកទឹកចិត្តដោយការសរសើរនិងជូនរង្វាន់។
ប្រការមិនគួរធ្វើ :
-ស្និទ្ធស្នាលហួសប្រមាណ
-ប្រើប្រាស់ភាសាមិនសមរម្យ
-ជជែកខ្វែងយោបល់ជាមួយអ្នកតូចជាង
-រំខានដល់ការងារអ្នកក្រោមបង្កាប់។
ខ-សុជីវធម៌រវាងអ្នកតូចទៅអ្នកធំ
ប្រការគួរធ្វើ :
-ប្រកាន់សេចក្តីគោរពជានិច្ច
-គោរពការសម្រេចចុងក្រោយរបស់ចៅហ្វាយនាយ
-និយាយតែការណាមានប្រយោជន៍ ច្បាស់លាស់ ខ្លី ខ្លឹម។
ប្រការមិនគួរធ្វើ :
-តវ៉ា ប្រឆាំងជំទាស់ដោយឥតហេតុ-ផល
-សួរដេញដោលអ្នកធំច្រើនពេក
-រំខានពេលវេលារបស់ចៅហ្វាយនាយ។
គ-សុជីវធម៌សម្រាប់អ្នកមានឋានៈស្មើគ្នា
- សហប្រតិបត្តិការ ( ជួយរួមដៃ )
- សោមនស្សភាព ភាតរភាព
- មិនរំលោភបំពានការងារគ្នា
- បុរសត្រូវសន្តោសនារី។
[1] កុក រស់ និង ហែម ឡាច ៖ ទស្សនៈនៃការរស់នៅប្រកបដោយគុណធម៌និងក្រមសីលធម៌មន្ត្រីសាធារណៈ
គ. ស. ២០១៦ ទំព័រ១៥
៩-សង្គហធម៌
៩.១-និយមន័យសង្គហធម៌
សង្គហធម៌ គឺជាធម៌សម្រាប់សង្គ្រោះគ្នាទៅវិញទៅមក។ គ្រប់មនុស្សទាំងអស់នៅក្នុងលោក គួរតែមានសង្គហធម៌សង្គ្រោះដល់គ្នានឹងគ្នាទៅវិញទៅមកតាមជាន់ថ្នាក់ ទើបចក្រទាំងគូគឺ ពុទ្ធចក្រ និង អាណាចក្រវិលទៅរកធម៌និងសុខសន្តិភាពជានិច្ចនិរន្តរ៍ [1]។
៩.២-ប្រភេទសង្គហធម៌
ក-សង្គហធម៌របស់ស្វាមីនិងភរិយា
សង្គហធម៌របស់ស្វាមីចំពោះភរិយា៖
-គប្បីលើកតម្កើងភរិយាឱ្យពេញទី
-មិនត្រូវមើលងាយភរិយា
-មិនត្រូវក្បត់ចិត្តភរិយា
-ត្រូវប្រគល់សិទ្ធិឱ្យភរិយាជាធំនៅក្នុងផ្ទះ
-ត្រូវឧស្សាហ៍ធ្វើអំណោយដល់ភរិយា។
សង្គហធម៌របស់ភរិយាចំពោះស្វាមី៖
-ត្រូវចាត់ចែងការងារផ្ទះដោយផ្ចិតផ្ចង់
-ត្រូវសង្គ្រោះញាតិទាំងសងខាងដោយល្អ មិនប្រកាន់ ឬឆ្មើងឆ្មៃ
-មិនត្រូវប្រព្រឹត្តក្បត់ចិត្តស្វាមី
-ត្រូវថែទាំទ្រព្យដែលស្វាមីរកបាន
-ឈ្លាសវៃ មិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួង។
ខ-សង្គហធម៌របស់មាតាបិតានិងបុត្រ
សង្គហធម៌របស់មាតាបិតាចំពោះបុត្រ៖
-ហាមកូនកុំឱ្យប្រព្រឹត្តខុស ឬធ្វើកម្មអាក្រក់ផ្សេងៗ
-អប់រំកូនចៅឱ្យធ្វើតែអំពើល្អ
-ទំនុកបម្រុងឱ្យសិក្សារៀនសូត្រ
-រៀបចំផ្សំផ្គុំបុត្រឱ្យមានគូស្រករ
-បែងចែកទ្រព្យធនដែលជាកេរមរតកតាមកាលសម័យសមគួរ។
សង្គហធម៌របស់បុត្រចំពោះមាតាបិតា៖
-លោកបានចិញ្ចឹមកូន កូនគប្បីចិញ្ចឹមលោកវិញ
-បម្រើលោកដោយធ្វើកិច្ចការជំនួស
-រក្សាវង្សត្រកូលលោកឱ្យបានល្អ
-ថែរក្សាកេរមរតកនិងប្រព្រឹត្តខ្លួនជាមនុស្សល្អគួរទទួលមរតក
-កាលណាលោកអនិច្ចកម្មទៅត្រូវធ្វើបុណ្យឧទ្ទិសកុសលជូន។
គ-សង្គហធម៌របស់គ្រូនិងសិស្ស
សង្គហធម៌របស់គ្រូចំពោះសិស្ស៖
-អប់រំសិស្សឱ្យបានល្អ
-បង្រៀនសិ្សឱ្យបានចេះដឹង
-បង្រៀនសិស្សឱ្យអស់ជើងមិនលាក់វិជ្ជា
-លើកតម្កើងសិស្សក្នុងទីប្រជុំមិត្តភក្តិ
-ការពារកេរ្តិ៍ឈ្មោះសិស្សនិងធ្វើឱ្យសិស្សស្រឡាញ់រាប់អានគ្នា។
សង្គហធម៌របស់សិស្សចំពោះគ្រូ៖
-ត្រូវក្រោកឡើងទទួលដំណើរចូលនិងជូនដំណើរចេញ
-ត្រូវចូលទៅជិតដើម្បីបម្រើ
-យកចិត្តទុកដាក់ស្តាប់ឱវាទ
-ទំនុកបម្រុងផ្ចុងផ្តើមគ្រប់មធ្យោបាយ
-គោរពយ៉ាងស្មោះអស់ពីចិត្ត។
ឃ-សង្គហធម៌របស់ចៅហ្វាយនិងកម្មករ ( ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ )
សង្គហធម៌របស់ចៅហ្វាយចំពោះកម្មករ៖
-ចាត់ចែងនិងដាក់ការងារឱ្យធ្វើទៅតាមសមត្ថភាពនិងកម្លាំង
-ផ្តល់អាហារនិងកម្រៃប្រាក់ឈ្នួលឬបំណាច់រង្វាន់ទៅតាមសមត្ថភាពនៃការងារ
-ថែរក្សានិងព្យាបាលនៅពេលដែលមានជំងឺ ឬគ្រោះថ្នាក់ការងារ
-ចែករំលែកនូវអាហារដែលមានរសជាតិឆ្ងាញ់ក្នុងកាលម្តងៗ
-អនុញ្ញាតឱ្យឈប់សម្រាកពីការងារនៅពេលមានជំងឺ ឬនៅថ្ងៃបុណ្យទាន។
សង្គហធម៌របស់មន្ត្រីក្រោមឱវាទចំពោះថ្នាក់ដឹកនាំ
-ចូលធ្វើការមុនម៉ោង ឬមុនចៅហ្វាយនាយ
-ចេញពីធ្វើការក្រោយម៉ោងឬក្រោយចៅហ្វាយនាយ
-មិនលួចទ្រព្យសម្បត្តិចៅហ្វាយនាយ( ទទួលយកតែរបស់ណាដែលគាត់ឱ្យ )
-ធ្វើការងារដោយផ្ចិតផ្ចង់អស់ពីចិត្ត
-ពោលសរសើរការងារឬគុណសម្បត្តិរបស់គាត់។
[1] កុក រស់ និង ហែម ឡាច ៖ ទស្សនៈនៃការរស់នៅប្រកបដោយគុណធម៌និងក្រមសីលធម៌មន្ត្រីសាធារណៈ
ដ.ឯ.ម.ទំព័រ១៨
១០-ទសពិរាជធម៌
១០.១-និយមន័យទសពិធរាជធម៌
ទសពិធរាជធម៌ ជាធម៌សម្រាប់ថ្នាក់ដឹកនាំមានជាអាទិ៍ ព្រះរាជា ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងមន្ត្រីសាធារណៈទំាងអស់យកមកប្រតិបត្តិស្របតាមរបបគ្រប់គ្រងរដ្ឋ ទោះជាតាមទំនៀម ទម្លាប់ក្តី ឬតាមរដ្ឋធម្មនុញ្ញក្តី [1]។
ទសពិធរាជធម៌១០យ៉ាង គឺធម៌១០ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំ ពួកសេនាបតី មន្ត្រីតូចធំ និងពួកប្រជានុរាស្រ្តឱ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់ វិន័យ ដែលព្រះមហាក្សត្រឬអ្នកដឹកនាំប្រទេសជាតិត្រូវតែប្រកាន់ គោរព និងអនុវត្តតាមដោយហ្មត់ចត់ ខ្ជាប់ខ្ជួន និងត្រឹមត្រូវជាទីបំផុត។ បើពុំនោះទេប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះនូវវិបត្តិអន្តរាយ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្គ្រាម ទុក្ខសោកសង្រេងភ័យព្រួយព្រាត់ប្រាស ក្រុមគ្រួសារ ញាតិសន្តាន ជាក់ជាមិនខាន។
១០.២-សមាសធាតុនៃទសពិធរាជធម៌
ទសពិធរាជធម៌ ទាំង១០មានដូចជា៖
-ទានៈ : ការឱ្យ
-សីលៈ : ការប្រព្រឹត្តល្អ
-បរិច្ចាគៈ : ការបរិច្ចាគ
-អាជ្ជវៈ : ការស្មោះត្រង់
-មទ្ទវៈ : ការទន់ភ្លន់
-តបៈ : ការដុតកិលេស
-អក្កោធៈ : ការមិនក្រោធ
-អវិហិង្សា: ការមិនបៀតបៀន
-ខន្តី : ការអត់ធន់
-អវិរោធនៈ : ការមិនធ្វើខុស
នៅក្នុងសង្គមមនុស្ស មនុស្សត្រូវការខ្ពស់បំផុតបន្ទាប់ពីជីវិតរស់នៅនោះគឺតម្លៃមនុស្ស។ មនុស្សដែលមានតម្លៃ គឺជាបុគ្គលទាំងឡាយណាដែលត្រូវបានសង្គមវាយតម្លៃផ្តល់តម្លៃជាមនុស្សល្អ មនុស្សត្រឹមត្រូវ មិនគិតតែខ្លួនឯង ថាតែខ្លួនឯង ថាខ្លួនជាមនុស្សល្អ មនុស្សពូកែជាងគេគ្មាននរណាប្រៀបប្រដូចខ្លួនបាននោះទេ។ បុគ្គលដែលត្រូវសង្គមវាយតម្លៃថាល្អប្រសើរទៅជាឧត្តមបុគ្គល ជាកំពូលមនុស្សនោះលុះត្រាតែបុគ្គលទាំងនោះបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវធម៌ទាំង១០នោះដូចជា ត្រូវមានចិត្តមេត្តាករុណាអាណិតឱ្យតម្លៃមនុស្សដូចគ្នា ប្រព្រឹត្តតែអំពើសុចរិតត្រឹមត្រូវ មិនកេងប្រវញ្ចកុហកបោកបញ្ឆោតអ្នកដទៃ ពេលជួបបញ្ហាត្រូវប្រើខួរក្បាលសម្រាប់ដោះស្រាយបញ្ហា មិនមែនប្រើកម្លាំងបាយស្រាយបញ្ហានោះទេ។ បន្ថែមពីលើនេះ បុគ្គលនោះត្រូវតែមានឆន្ទៈប្រកបដោយសច្ចធម៌ មានគំនិត ចេះយល់យោគ ចេះអត់ឱនអធ្យាស្រ័យឱ្យមនុស្សដូចគ្នា ហើយគោលការណ៍មួយទៀតដែលគួរប្រកាន់ខ្ជាប់នោះគឺភាពស្មោះត្រង់មិនច្រណែនឈ្នានីសមិនប្រកាន់ឫកពា ឬរើសអើង ដែលជាធាតុនៃសាមគ្គីធម៌។
ការនិយាយបែបនេះមិនមែនមានន័យថា បុគ្គលដែលមានតម្លៃជាមនុស្សល្អថ្លៃថ្នូរ មានតែការប្រកាន់ខ្ជាប់នូវគោលការណ៍តែ១០ដូចបានលើកមកធ្វើការសិក្សានោះទេ តែចំណុចទាំង១០នេះ គឺជាចំណុចសំខាន់ក្នុងការកំណត់តម្លៃមនុស្ស ជំរុញឱ្យមនុស្សរស់នៅប្រកបដោយ “ គុណធម៌ ”។
គន្ថនិទ្ទេស
១- កុក រស់ និង ហែម ឡាច ៖ ទស្សនៈនៃការរស់នៅប្រកបដោយគុណធម៌និងក្រមសីលធម៌មន្ត្រីសាធារណៈ គ. ស. ២០១៦
២- ខ្លូត ធីតា ៖ អរិយទ្រព្យដ៏ប្រសើររបស់មនុស្ស គ. ស. ២០១៣
៣- ប៊ុត សាវង្ស ៖ សិក្ខាបទមនុស្សល្អ គ. ស. ២០០២
៤- ពុទ្ធសាសនបណ្ឌិត្យ ៖ វចនានុក្រមខ្មែរ គ. ស. ១៩៦៧
៥- សាកលវិទ្យាល័យបៀលប្រាយ ៖ សិល្បៈនៃការរស់នៅ គ. ស. ២០១២
៦- ហេង មណីចិន្តា ៖ ព្រះបាទធម្មិក គ. ស. ១៩៩៨
៧- Plato –The story of Philosophy, by will Durant, Page 11,12,13