បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
នៃរាជបណ្ឌិត្យសភាកម្ពុជា
សេចក្ដីផ្ដើម
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព និងភាពសុខដុមរមនា។
ការរៀបចំរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិវែងឆ្ងាយនិងលំបាកស្មុគស្មាញដោយហេតុថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវប្រវត្តិសាស្ត្រនៃសង្គ្រាម និងបដិវត្តន៍ផ្ទៃក្នុងជាច្រើនលើកច្រើនសា ច្រើនតំណមកហើយ។ យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដូចជា នគរភ្នំ ចេនឡា អង្គរ ចតុម្មុខ លង្វែក ឧត្តុង្គ អាណានិគមនិយមបារាំង សង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងចុងក្រោយនេះគឺ ព្រះរាជាណាចក្រកម្ពុជា។
ពីសម័យកាលមួយទៅសម័យកាលមួយ របៀបរបបនៃការរៀបចំរដ្ឋបាលដែនដីមានការប្រែប្រួលជានិច្ច អាស្រ័យដោយកត្តាសំខាន់ពីរគឺ អំណាច និងសិទ្ធិនៃការគ្រប់គ្រងទឹកដី។
នៅសម័យមុនអង្គរ និងសម័យអង្គរ អំណាចនៃការរៀបចំរដ្ឋបាលដែនដី ពេលខ្លះជារបស់ស្ដេចដែលជាអំណាចកណ្ដាល ពេលខ្លះស្ថិតនៅលើស្ដេចត្រាញ់ដែលចំណុះអំណាចកណ្ដាល ចំណែកឯប្រជារាស្ត្រ គ្រាន់ តែជាទាសករ ឬជាបរិវារ មានសិទ្ធិត្រឹមតែសុំរស់ដោយប្រកបរបរអាជីវកម្ម កសិកម្ម ដាំដុះ ចិញ្ចឹមសត្វលើដីធ្លីតែប៉ុណ្ណោះ ពុំមានសិទ្ធិពេញលេញក្នុងការកាន់កាប់ បែងចែកមរតកដីធ្លីជូនកូនចៅឡើយ។
ក្រោយសម័យអង្គរ គេសង្កេតឃើញថា មានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលឱ្យមានចម្បាំងក្នុងស្រុក គឺចម្បាំងគ្នាឯង អស់រយៈពេលជាច្រើនឆ្នាំ។ មូលហេតុនៃចម្បាំងទាំងនេះគឺបណ្ដាលមកពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម។ លុះជម្លោះកើតឡើងហើយអ្នកដឹកនាំជាតិមិននិយមដោះស្រាយជាតិតាមសម្រួលទេបែរជាសុខចិត្តទៅពឹងពាក់ប្រទេសជិតខាងមកផ្សះផ្សារវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ។
នៅសម័យអាណានិគមនិយមបារាំង រដ្ឋបានរៀបចំប្រតិបត្តិការបច្ចេកទេសគតិយុត្ត និងរដ្ឋបាលដើម្បីគ្រប់គ្រងដីធ្លីតាម រយៈការធ្វើបញ្ជីដីធ្លីឱ្យបានច្បាស់លាស់ដើម្បីជាប្រយោជន៍ដល់ការបែងចែកដីធ្លីកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ សន្ធិសញ្ញា អនុសញ្ញា បារាំង-ខ្មែរ និងកំណែទម្រង់ព្រះរាជបញ្ញត្តិ មានចែងអំពីរដ្ឋបាលដែនដី។
ក្រោយពីទទួលបានឯករាជ្យទាំងស្រុង ពីសាធារណរដ្ឋបារាំង នយោបាយផ្ទៃក្នុងប្រទេសមានការផ្លាស់ប្ដូរ ប៉ុន្តែការគ្រប់គ្រងរដ្ឋបាលដែនដីនៅសម័យនោះគឺយើងយកគំរូចាត់តាំងដែនដីតាមបែបប្រទេសបារាំង។ ព្រះរាជាណាចក្រកម្ពុជាទាំងមូលត្រូវបែងចែកជាភូមិភាគ ខេត្ត ស្រុក និងឃុំ។ ក្រុងភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវគ្រប់គ្រងដោយរាជប្រតិភូក្រុង ហើយត្រូវបែងចែកជា៧សង្កាត់។ អ្វីៗហាក់ដូចជាបានប្រសើរ ហើយកម្ពុជាមានការរីកចម្រើនស្ទើរគ្រប់វិស័យ។
ជាអកុសល ប្រទេសកម្ពុជាយើងបានជួបប្រទះនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យកម្ពុជារងការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងសំណង់អគារ រោងចក្រឧស្សាហកម្ម ផ្ទះសម្បែង ផ្លូវគមនាគមន៍ និងបណ្ដាហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ចំណែកធនធានមនុស្សក៏ត្រូវបាត់បង់ផងដែរ ជាពិសេសធនធានបញ្ញវន្តរបស់ជាតិ។
១-សម័យមុនអង្គរ
១.១-សម័យនគរភ្នំ
ពាក្យថា ហ្វូណន នេះ ចិនបុរាណអានថា ប៊ីយូណាម។ ពាក្យ ប៊ីយូណាម ជាសំដីប៉ៃឡាំរបស់អ្នកស្រុកចិន ដែលខំត្រាប់តាមសំឡេងខ្មែរដើមថា វ្នំ។ ពាក្យ វ្នំ នេះក៏បានក្លាយជាពាក្យខ្មែរសព្វថ្ងៃហៅថា ភ្នំ នេះឯង។ ដែនដីសណ្ដទន្លេមេគង្គនៅដើមគ្រិស្ដសករាជ ជាទឹកដីដែលស្ថិតនៅក្រោមការដឹកនាំរបស់ ព្រះនាង លីវ យី។
លុះប្រមាណឆ្នាំ៥០នៃគ្រិស្ដសករាជ ព្រះនាង លីវ យី ត្រូវច្បាំងតទល់នឹងទ័ពសំពៅរបស់ឥណ្ឌាក្រោមការដឹកនាំរបស់ព្រាហ្មណ៍ ហ៊ុន ទៀន ដែលមកកាន់ទឹកដីរបស់ព្រះនាង។
សំពៅរបស់ព្រាហ្មណ៍ហ៊ុន ទៀន បានយកជ័យជម្នះលើកងទ័ពព្រះនាង លីវ យី ហើយពេលនោះព្រះអង្គក៏បានរៀបអភិសេកជាមួយព្រះនាង លីវ យី និងបានប្រកាសតាំងខ្លួនជាព្រះមហាក្សត្រត្រួតត្រាលើដែនដីសណ្ដនេះជារៀងរហូតមក។
នៅសម័យអាណាចក្រភ្នំ ខ្មែរមានទឹកដីធំទូលាយណាស់ និងមានរដ្ឋចំណុះជាច្រើន។ សាមន្តរដ្ឋ គឺជារដ្ឋចំណុះ ដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់អាណាចក្រភ្នំ ហើយសុទ្ធតែមានស្ដេចសោយរាជ្យ ប៉ុន្តែ ស្ដេចទាំងនោះជា សាមន្តរាជ របស់អធិរាជអាណាចក្រភ្នំ ហើយសាមន្តរាជទាំងនោះត្រូវនាំសួយសារអាករមកថ្វាយអធិរាជអាណាចក្រភ្នំរៀងរាល់ឆ្នាំ។ រដ្ឋខ្លះទៀតមានស្ដេចសោយរាជ្យដែរ តែស្ដេចទាំងនោះជារាជបុត្រ ឬជាព្រះញាតិរបស់អធិរាជភ្នំ។ ព្រះបាទកៅណ្ឌិន្យទី១ បានប្រទានរដ្ឋបែបនេះថ្វាយទៅព្រះរាជបុត្ររបស់ព្រះអង្គ។ រដ្ឋបែបទី២នេះហៅថា វិស័យរដ្ឋ ដែលជារដ្ឋចំណុះ ហើយជាសម្បត្តិផ្ទាល់របស់អធិរាជភ្នំ។
ក្នុងវិស័យនយោបាយក្រៅប្រទេស អាណាចក្រភ្នំនិយមចងស្ពានមេត្រីជាមួយប្រទេសឥណ្ឌានិងប្រទេសចិន។
១.២-សម័យចេនឡា
កាលដើមឡើយចេនឡាជាសាមន្តរដ្ឋមួយរបស់អាណាចក្រភ្នំ។ ប៉ុន្តែក្រោយមក សាមន្តរដ្ឋនេះបានវាយយកអាណាចក្រភ្នំបញ្ចូលជាចេនឡាធំ ហើយទទួលបានឋានៈជារដ្ឋអធិបតេយ្យរហូតដល់ពាក់កណ្ដាលទី២នៃសតវត្សរ៍ទី៨។
ឈ្មោះចេនឡាជាពាក្យដែលអ្នកសិក្សាស្រាវជ្រាវហៅត្រាប់តាមចិន ហើយរហូតមកដល់សព្វថ្ងៃនេះគេមិនទាន់បានដោះស្រាយបញ្ហាឈ្មោះចេនឡានេះនៅឡើយទេ។ ចំពោះបញ្ហាឈ្មោះនេះអ្នកសិក្សាស្រាវជ្រាវបានខិតខំដោះស្រាយបញ្ចេញជាទស្សនៈផ្សេងៗដូចជា៖
លោក ប៉ូល ប៉េលីយ៉ូត (Paul Pelliot) យល់ឃើញថា ពាក្យចេនឡាទំនងមកពីពាក្យចិន និងរាប៖ ចិន + រាប ›ចិនឡា ›ចេនឡា។
អ្នកដែលគាំទ្រទស្សនៈនេះបានព្យាយាមពន្យល់ថា ពួកខ្មែរចេនឡាមានព្រំប្រទល់ជាប់នឹងអាណាខេត្តចិនភាគខាងជើង ប្រហែលជាធ្លាប់មានជម្លោះនឹងគ្នា ហើយចិនទទួលបរាជ័យ ដូច្នេះហើយបានជាគេដាក់ឈ្មោះម្ដុំនោះថា ចិនរាបៗទៅ ហើយចិនហៅតាមខ្មែរមិនច្បាស់ក៏ក្លាយជា ចិនឡា› ចេនឡាវិញ។
លោក កេង វ៉ាន់សាក់ មានទស្សនៈនិងគំនិតប្រហាក់ប្រហែលនឹងទស្សនៈខាងលើដែរ តែលោកយល់ថា ពាក្យចេនឡាក្លាយមកពីពាក្យ ចិនលា ទៅវិញ។
ចិន+លា ›ចិនលា ›ចិនឡា ›ចេនឡា
លោក ឆត្រា ប្រេមឬឌី តាមទស្សនៈក្នុងជំពូកទី២នៃសៀវភៅស្ដីពីខ្មែរ-មន ក្នុងអត្ថបទមួយមានចំណងជើងថា ខ្មែរមកពីណា? ផ្សាយតាមវិទ្យុជាតិកាលពីខែកុម្ភៈឆ្នាំ១៩៧៣ លោកបានបញ្ចេញយោបល់ថា កាលពីសម័យបុរាណ ប្រទេសខ្មែរផ្នែកខាងលើហៅថា ជាន់លើ ឯផ្នែកខាងក្រោមហៅថា ជាន់ក្រោម ឬក្រោមពូជ។
ពាក្យ ជាន់លើ ចិនហៅមិនច្បាស់ក៏ក្លាយទៅជា ចេនឡា៖ ជាន់លើ ›ចេនឡា។
តាមឯកសារចិនបានឱ្យដឹងថា អាណាចក្រចេនឡាស្ថិតនៅនិរតីនៃប្រទស លិន យី ហើយពីដើមជាសាមន្តរដ្ឋមួយរបស់ហ្វូណន។ មជ្ឈមណ្ឌលរបស់ចេនឡាស្ថិតនៅត្រង់វាលទំនាបភាគកណ្ដាលនៃទន្លេមេគង្គ ក្នុងតំបន់បាសាក់នៃប្រទេសឡាវសព្វថ្ងៃ។ ឯចំណែករាជធានីគឺស្ថិតនៅត្រង់ប្រាសាទវត្តភូតែម្ដង។
ចាប់តាំងពីរជ្ជកាលព្រះបាទ ឦសានវរ្ម័ន រាជធានីតាំងនៅឦសានបុរៈ(ចិនហៅអ៊ីចូណា) មាន២០ ០០០គ្រួសារ។ នៅកណ្ដាលក្រុងមានសាលធំមួយជាទីដែលព្រះរាជាទ្រង់ប្រទានសវនាការ និងប្រជុំពួកមន្ត្រីសេនាបតី។ ក្រៅពីរាជធានី នៅមានក្រុងចំនួន៣០ទៀត ក្រុងនីមួយៗមានច្រើនពាន់គ្រួសារ ហើយត្រួតត្រាដោយអភិបាលម្នាក់។
ចំពោះការផ្ទេររាជសម្បត្តិ គឺមានតែបុត្រានៃអគ្គមហេសីទេ ទើបអាចឡើងសោយរាជបន្តបាន។ នៅថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃ កាត់ចុងច្រមុះនៃក្សត្រាឯទៀតៗ រួចយកទៅឃុំទុកនៅកន្លែង
ដទៃៗពីគ្នាដោយមិនឱ្យកាន់តំណែងអ្វីសោះឡើយ[1]។
[1] ពៅ សារឿន៖ ប្រវត្តិស្ថាប័នខ្មែរ បោះពុម្ភលើទី១ ឆ្នាំ២០១៥
២-សម័យអង្គរ
នៅសម័យអង្គរ ខ្មែរមានឈ្មោះជា មហាអំណាចមួយ នៅអាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ អរិយធម៌ខ្មែរបានរីកចម្រើនដល់កម្រិតកំពូលនៅសម័យកាលនោះ ជាពិសេសនៅសតវត្សរ៍ទី១៣។ ភាពរុងរឿងនេះគេអាចសំគាល់បានដោយសារផ្ទៃដីដ៏ធំទូលាយ លាតសន្ធឹងសឹងតែអស់ផ្ទៃដីអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ មានប្រាសាទសិលារាប់ពាន់ប្រកបដោយក្បាច់រចនាគួរឱ្យកោតស្ញប់ស្ញែង ហើយមានផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ជាភាសាសំស្ក្រឹត ភាសាបាលី និងភាសាខ្មែរបុរាណឬជួនកាលមានភាសាទាំងនោះលាយចម្រុះគ្នា មានរូបបដិមាគ្រប់ប្រភេទ និងបុរាណវត្ថុផ្សេងៗទៀត មានបារាយណ៍ ទំនប់ទឹក បណ្ណាល័យ មន្ទីរពេទ្យ ស្ពាន និងបណ្ដាញផ្លូវគមនាគមន៍ខ្វាត់ខ្វែង។ ប៉ុន្តែ ចាប់ពីពាក់កណ្ដាលទី១នៃសតវត្សរ៍ទី១៣ ការចុះដុនដាបក៏ចាប់មានបន្តិចម្តងៗរហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សរ៍ទី១៥ដោយព្រះបាទពញាយ៉ាត។
ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជាបុរោហិត(អ្នកប្រារព្ធពិធីទេវរាជឬរាជគ្រូ) ត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ដែលនិយមការបន្តតំណែងដោយរាប់ញាតិតាមខ្សែខាងស្រី។
ព្រះរាជាទ្រង់ប្រទានសវនាការ២ដងក្នុងមួយថ្ងៃសម្រាប់ដោះស្រាយរាជកិច្ច។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី។ ពេលដែលព្រះអង្គយាងមកដល់ ទាំងមន្ត្រីទាំងប្រជារាស្ត្រ ត្រូវលើកដៃប្រណម ហើយឱនក្បាលដល់ដី។
នៅក្នុងរដ្ឋបាលកណ្ដាលគេឃើញមានមន្ត្រីជាច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សា ខ្លះទៀតទទួលបន្ទុកកិច្ចការធំៗនៅក្នុងវាំង ឬកាន់ទ័ព និងឈរត្រួតនៅតាមខេត្តខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ ហើយមាននាទីនៅបម្រើពួកនេះ។ សញ្ញាសក្ដិគេសម្គាល់ដោយប្រភេទគ្រែស្នែង (មាសឬ ប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់)។
នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀត គឺមានតាំងពីអធិការអាជ្ញាហ្លួង ចៅហ្វាយខេត្ត មេស្រុក មេឃុំ មេភូមិ មេឃ្លាំង មេខ្នង មេត្រួត។ល។ ស្ត្រីក៏មានមុខងារសំខាន់ដែរ ខ្លះធ្វើជាហោរា ខ្លះទៀតធ្វើចៅក្រមក្នុងរាជវាំង។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថា នេះជាវិធានការទូទៅ ឬគ្រាន់តែជាមធ្យោបាយសម្រាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាទ្រង់ឡើយសោយរាជ្យមិនស្របច្បាប់នោះទេ។
ស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬអំណាចនីតិប្រតិបត្តិ មានការបង្កើតក្រុមនាម៉ឺន មន្ត្រី ការរៀបចំសង្គម ការបែងចែក រៀបចំទឹកដី ភូមិស្រុក និងការបែងចែកធនធានដែលបង្ហាញឱ្យយើងឃើញកាន់តែច្បាស់នូវការគិតគូររបស់ថ្នាក់ដឹកនាំនៅសម័យនោះ[1]។
[1] រាជបណ្ឌិត្យសភាកម្ពុជា៖ ទស្សនវិជ្ជាខ្មែរសម័យអង្គរ ឆ្នាំ២០០៨
៣-ក្រោយសម័យអង្គរ(ចតុម្មុខ លង្វែក ឧត្ដុង្គ)
គេសង្កេតឃញថា មានវិបត្តិក្នុងរាជវង្សជាញឹកញាប់ ជាហេតុបណ្ដាលឱ្យចម្បាំងក្នុងស្រុក គឺចម្បាំងគ្នាឯង៖ ចម្បាំងរវាងស្រីរាជា-ស្រីសុរិយោទ័យ-ធម្មរាជា អស់រយៈពេល១០ឆ្នាំ(១៤៧៥-១៤៨៥) ចម្បាំងរវាងស្រីសុគន្ធបទនិងស្ដេចកន(១៥០៩-១៥១២) និងចម្បាំងរវាងព្រះបាទចន្ទរាជានិងស្ដេចកន(១៥១៦-១៥២៥) ជាដើម។
មូលហេតុនៃចម្បាំងទាំងនេះគឺបណ្ដាលមកពីការគិតប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងប្រយោជន៍រួម។
យ៉ាងណាមិញ ព្រះស្រីសុរិយោទ័យច្បាំងនឹងព្រះស្រីរាជា មកតែពីគិតប្រយោជន៍ផ្ទាល់ខ្លួន គឺសិទ្ធិត្រូវបានសោយរាជ្យស្នងព្រះបិតា ឯព្រះបាទស្រីសុគន្ធបទ រកកលសម្លាប់ស្ដេចកនមកតែពីខ្លាចមន្ត្រីរូបនេះដណ្ដើមរាជសម្បត្តិ។ ចំណែកព្រះសត្ថាទី១ បានដាក់រាជថ្វាយទៅបុត្រដែលសុទ្ធតែមានវ័យនៅក្មេងៗព្រោះតែខ្លាចរាជសម្បត្តិបានទៅព្រះអនុជស្រីសុរិយោពណ៌ ដែលមានសមត្ថភាពនិងមានប្រជាប្រិយភាពជាង។
លុះជម្លោះកើតឡើងហើយអ្នកដឹកនាំជាតិមិននិយមដោះស្រាយជាតិតាមសម្រួលទេបែរជាសុខចិត្តទៅពឹងពាក់បរទេសជិតខាងចូលមកផ្សះផ្សារវិវាទផ្ទៃក្នុងរបស់ខ្មែរទៅវិញ។
នៅសម័យនេះ ប្រទេសខ្មែរលែងជាមហាអំណាចខាងទឹកដីទៀតហើយ។ ស្រុកសុខោទ័យ ស្រុកស្រីអយុធ្យា ស្រុកលពបុរី ស្រុកគោត្របុរ ត្រូវបាត់បង់អស់ទៅហើយ ឯប្រទេសសាមន្តរដ្ឋ ដូចជាចម្ប៉ា អាណ្ណាម ជ្វា មន ក៏លែងមានទៀតដែរ។ ព្រំដែនខាងជើងរបស់ខ្មែរធ្លាក់មកត្រឹមទន្លេមូល ឬនៅលើនេះបន្តិចជាប់នឹងប្រទេសលាវ។ ព្រំដែនខាងលិចទល់នឹងបស្ចិមបុរី និងរយ៉ង ខាងពាយ័ព្យទល់នឹងស្រុកនាងរងនគររាជ ខាងកើតទល់នឹងប្រទេសចម្ប៉ា ខាងត្បូងទល់នឹងសមុទ្រចិន និងឈូង សមុទ្រសៀម។
បើតាមរាជពង្សាវតារព្រះរាជាណាចក្រខ្មែរសម័យនោះមានប្រមាណជា៧០ខេត្តគឺ៖ លង្វែក អម្រិន្ទបូរ ក្រគរ គ្រង ពោធិ៍សាត់ បាត់ដំបង ឫស្សីសាញ តាមសីមា មង្គលបូរី រយ៉ង សុរិន្ទ សិង្គារ កំពង់សៀម ស្ទឹងត្រែង ជើងព្រៃ គោកសេះ អន្លង់រាជ ព្រំទេព ព្រៃក្ដី ស្ទោង ជីក្រែង រលួស សៀមរាប កំពង់ស្វាយ ម្លូព្រៃ ជាំក្សាន្ត ត្នោត ទឹកជោរ សៀមបូក សម្បុកសម្បូរណ៍ ក្រចេះ ឆ្លូង ត្បូង ទទឹងថ្ងៃ ព្រៃវែង ត្បូងឃ្មុំ រំដួល ស្វាយទាប រោងដំរី ព្រៃនគរ លង់ហោ ជើងបាដែន សំរោងទង បាទី លើកដែក កំពត កំពង់សោម ទឹកខ្មៅ ពាមមេសា ព្រះត្រពាំង ក្រមួនស ដូនណៃ។ល។
ខេត្តនីមួយៗត្រូវបែងចែកជាស្រុក ហើយស្រុកនីមួយៗត្រូវបែងចែកជាឃុំ និងភូមិជាច្រើនទៀត។ ប៉ុន្តែ ខេត្តជាច្រើន ត្រូវបានប្រមូលផ្ដុំជាតំបន់ធំៗដែលគេឱ្យឈ្មោះថា ដែនដី។
ដោយហេតុថា ព្រះរាជាជាប្រភពនៃអំណាចទាំងឡាយ ហើយពួកបរិវាររបស់ព្រអអង្គសុទ្ធតែជារាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ផងនោះ គេអាចយល់បានថា ពួកបរិវារនេះហើយជាអ្នកញ៉ាំងឱ្យម៉ាស៊ីនរដ្ឋបាល កណ្ដាលអាចប្រព្រឹត្តទៅបាន។ ដូចយើងបានរៀបរាប់រួចមកហើយក្នុងវគ្គនិយាយពីព្រះរាជបរិវារឃើញថា បន្ទាប់ពីស្ដេចទ្រង់រាជ្យមាន ឧភយោរាជ ឧបរាជឬមហាឧបរាជ ព្រះវររាជមាតាឬព្រះវររាជអយ្យកា ចៅហ៊្វាទឡះ និងមន្ត្រីជាន់ខ្ពស់៤រូបដែលគេនិយមហៅថា ចតុស្ដម្ភ គឺ៖
-ឧកញ៉ាយមរាជ(រដ្ឋមន្រ្តីក្រសួងយុត្តិធម៌)
-ឧកញ៉ាក្រឡាហោម(រដ្ឋមន្រ្តីក្រសួងទ័ពជើងទឹក)
-ឧកញ៉ាវាំង(រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង)
-ឧកញ៉ាចក្រី(រដ្ឋមន្រ្តីក្រសួងទ័ពជើងគោក)
ចៅហ៊្វាទឡះ និងមន្ត្រីជាន់ខ្ពស់ទាំង៤រូបនេះ ប្រៀបបាននឹងគណៈរដ្ឋមន្ត្រីសព្វថ្ងៃ ហើយដែលពីដើមគេនិយមហៅថា សេនាបតី។
មន្ត្រីជាន់ខ្ពស់ទាំង៥រូបនេះ គេហៅថា មន្ត្រីសម្រាប់ឯក គឺជាមន្ត្រីដែលត្រូវឡើងទៅព្រះមហាក្សត្រ។មន្ត្រីទាំងនេះមានមុខងារញ៉ាំងឱ្យរដ្ឋបាលកណ្ដាលអាចប្រព្រឹត្តទៅផងហើយមានអំណាចត្រួតត្រាលើខេត្តខ្លះផងដែរ។ ក្រៅពីនេះមាន មន្ត្រីសម្រាប់ទោ ត្រូវឡើងទៅព្រះឧភយោរាជ។ មន្ត្រីសម្រាប់ត្រី ត្រូវឡើងទៅព្រះឧបរាជឬមហាឧបរាជ។ មន្ត្រីសម្រាប់ចត្វា ត្រូវឡើងទៅព្រះវររាជមាតាឬព្រះវររាជអយ្យកា។
មន្ត្រីទាំង៤សម្រាប់នេះ លើកលែងចៅហ៊្វាទឡះចេញ ដែលមានឋានន្តរសក្តិជា សម្ដេចចៅពញា សុទ្ធតែមានឋានន្តរសក្តិជាឧកញ៉ាសក្តិ១០ហ៊ូពាន់(ហ៊ូពាន់៖ ពាក្យសៀម មានន័យថា ក្បាលពាន់ គឺទ័ព១០០០នាក់ ដែលនៅក្រោមបង្គាប់របស់មន្ត្រីណាម្នាក់)។
ចំណែកឯខ្ញុំរាជការដែលមិនទាន់បានទទួលយសសក្ដិនៅឡើយទេនោះឱ្យហៅថា នាយ។
ចំពោះការបែងចែកអាណាចក្រវិញ យើងបានឃើញថា ទឹកដីខ្មែរត្រូវចែកជាប្រមាណ៧០ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដែនដី។ ក្នុងតំបន់ឬដែនដីនីមួយៗមានស្ដេចត្រាញ់មួយអង្គឈរត្រួត។ ស្ដេចត្រាញ់មួយអង្គៗមាននាទីគ្រប់គ្រងតំបន់ផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់៥អង្គគឺ៖
-ពញាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
-ពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់
-ពញាស្រីធម្មតេជោ ចៅហ្វាយស្រុកខេត្តបាភ្នំ
-ពញាពិស្ណុលោក ចៅហ្វាយស្រុកខេត្តទ្រាំង
-ពញាអរជូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ
ដូចបានពោលរួចខាងលើនេះ យើងឃើញថា ក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក។ ឧទាហរណ៍ មន្ត្រីឈរត្រួតត្រាខេត្តទ្រាំង គេហៅថា ចៅហ្វាយស្រុកខេត្តទ្រាំង ជាដើម[1]។
[1] ពៅ សារឿន៖ ប្រវត្តិស្ថាប័នខ្មែរ ដ.ឯ.ម.
៤-សម័យទំនើប
៤.១-សម័យអាណានិគមនិយមបារាំង
ព្រះរាជាដែលមានទំនាក់ទំនងជាមួយបារាំងមុនគេគឺ អង្គឌួង ឆ្នាំ១៨៥៤ ប៉ុន្តែទំនាក់ទំនងនេះត្រូវទទួលបរាជ័យពីព្រោះមានការរារាំងយ៉ាងខ្លាំងពីសំណាក់ព្រះចៅសៀម។ មុនឡើងសោយរាជ្យ ព្រះបាទនរោត្តមមានព្រះនាមថា អង្គច្រឡឹង។ នៅដើមរជ្ជកាលព្រះបាទនរោត្តមគេឃើញមានការបះបោរជាច្រើនកើតឡើងដើម្បីប្រឆាំងជាមួយសៀមនិងយួន។ ដូច្នេះហើយដើម្បីរំដោះខ្លួនចេញពីអំណាចនៃការឈ្លានពានរបស់សៀមនិងយួន ព្រះបាទនរោត្តម បានសម្រេចព្រះទ័យធ្វើទំនាក់ទំនងជាមួយបារាំងតាមរយៈសន្ធិសញ្ញាមួយនៅឆ្នាំ១៨៦៣។
ស្ថាប័នរដ្ឋបាលដែនដីត្រូវបានបញ្ជាក់នៅក្នុងកំណែទម្រង់ និងសន្ធិសញ្ញាដូចខាងក្រោម៖
-សន្ធិសញ្ញាបារាំង-ខ្មែរ ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣ ចែងថា៖ ជនជាតិបារាំងមានសិទ្ធិសេរីភាពពេញលេញក្នុងការទៅមកនិងរស់នៅលើទឹកដីខ្មែរដោយគ្រាន់តែសុំការអនុញ្ញាតពីរ៉េស៊ីដង់បារាំងប៉ុណ្ណោះ។
កប៉ាល់ពាណិជ្ជកម្មបារាំងមានសេរីភាពពេញលេញក្នុងការធ្វើជំនួញលើទឹកដីខ្មែរដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់ លើកលែងតែអាភៀនចេញ និងជួយខ្មែរក្នុងការហូតពន្ធព្រមទាំងផ្ដល់ការងាយស្រួលក្នុងការធ្វើទំនាក់ទំនងខាងសមុទ្រ។
ព្រះរាជាខ្មែរបានផ្ដល់ដីសម្បទាននៅម្ដុំជ្រោយចង្វាឱ្យទៅបារាំងដើម្បីស្ថាបនាជាឃ្លាំងធ្យូង ឃ្លាំងស្បៀងនិងកសាងបន្ទាយសម្រាប់ទាហានបារាំងទៀតផង។
ព្រះរាជាខ្មែរបានផ្ដល់សិទ្ធិឱ្យអាជ្ញាធរ បារាំងកាប់ឈើក្នុងព្រៃទាំងឡាយតាមចិត្តយកមកធ្វើកប៉ាល់បារាំង។
-កំណែទម្រង់ព្រះរាជបញ្ញត្តិ ថ្ងៃទី១៥ ខែមករា ឆ្នាំ១៨៧៧
កំណែទម្រង់នេះបានចែងនូវចំណុចសំខាន់ៗដែលទាក់ទងជាមួយនឹងស្ថាប័នរដ្ឋបាលដែនដី មានដូចជា៖
នៅក្នុងបញ្ញត្តិទាក់ទងនឹងរាជវង្សានុវង្ស បានចែងថា ព្រះអង្គទ្រង់បានសន្យាថា នឹងពន្យារយៈពេលនៃការជួលដីសម្រាប់ធ្វើស្រែចម្ការឱ្យបានវែងជាងមុន។
នៅក្នុងបញ្ញត្តិទាក់ទងនឹងរដ្ឋបាល បានចែងថា ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា មណ្ឌលរដ្ឋបាលធំៗ៥ (ហៅថាកំណាន់ខេត្ត)ស្របតាមចំនួននៃរដ្ឋមន្ត្រីទាំង៥ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។
ចំនួនខេត្ត ត្រូវបង្រួមពី៥៧ខេត្តមកនៅត្រឹម៥០ខេត្តវិញ។
អំណឹះតទៅ ពួកមន្ត្រីត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ហើយត្រូវហាមឃាត់ការធ្វើជំនួញ។
ពួកឧកញ៉ាហ្លួង ដែលមានភារៈទៅត្រួតពិនិត្យមើលតាមខេត្តនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកប្រយោជន៍ពីព្រះរាជាផង និងពីប្រជារាស្ត្រផង។
ប្រជារាស្ត្រមានសិទ្ធិជ្រើសរើសមេស្រុក មេឃុំ និងជំទប់របស់ខ្លួនដោយខ្លួនឯង។
នៅក្នុងបញ្ញត្តិទាក់ទងនឹងពន្ធដារ បានចែងអំពីកំណែនឱ្យធ្វើការជូនរដ្ឋត្រូវរក្សាទុកឱ្យនៅដដែល ប៉ុន្តែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាចយកប្រាក់ទៅលស់បាន។
នៅក្នុងបញ្ញត្តិទាក់ទងនឹងទាសភាព គេបានកំណត់ថា ពួកទាសាទាសីដែលត្រូវទៅនៅបម្រើម្ចាស់បំណុលអស់មួយជីវិតពីមុននោះ អាចលស់ខ្លួនឱ្យរួចផុតពីខ្ញុំគេបាន។ ចំពោះការលក់ដូរពួកមនុស្សព្រៃនិងកូនក្មេងត្រូវហាមឃាត់។
-អនុសញ្ញាបារាំង-ខ្មែរ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៨៨៤ មាត្រា៣ ចែងថា ក្នុងការគ្រប់គ្រងខេត្តនិងក្រសួងនានា មន្រ្តីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរ បារាំង។
មាត្រា៤-៥ ចែងថា រដ្ឋាភិបាលបារាំងមានសិទ្ធិតែងតាំងរ៉េស៊ីដង់និងរ៉េស៊ីដង់រងបារាំងឱ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមបណ្ដាខេត្តនានា និងនៅគ្រប់ទីកន្លែងដែលបារាំងយល់ថាគួរដាក់។ រ៉េស៊ីដង់មន្ត្រីបារាំងទាំងអស់នោះត្រូវស្ថិតនៅក្រោមឱវាទរបស់រ៉េស៊ីដង់ជាន់ខ្ពស់បារាំងម្នាក់ដែលអាចសុំធ្វើសវនាការជាមួយព្រះរាជាបានជានិច្ច។
មាត្រា៩ ចែងថា ដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ពីដើមជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះរាជា ឥឡូវពួកអាជ្ញាធរ បារាំងនិងអាជ្ញាធរខ្មែរ អាចរៀបចំឱ្យមាន កម្មសិទ្ធិឯកជនលើដីធ្លីនេះបាន។
មាត្រា១០ ចែងថា ទីក្រុងភ្នំពេញត្រូវគ្រប់គ្រងដោយមន្ត្រីបារាំងម្នាក់ និងអមដោយក្រុមប្រឹក្សាមួយដែលមានសមាជិក១២នាក់ ក្នុងនោះមានជនជាតិបារាំង៦រូប ជនបរទេស៣នាក់និងជនជាតិខ្មែរ៣នាក់។
ប៉ុន្តែក្រោយមក ដោយមានការតស៊ូធ្វើការបះបោរ ពីសំណាក់ព្រះរាជា ពួកនាម៉ឺនមន្ត្រី អ្នកស្នេហាជាតិ និងប្រជារាស្រ្តខ្មែរ រដ្ឋាភិបាលបារាំងបានយល់ព្រមប្រគល់អំណាចឱ្យមកខ្មែរវិញដូចជា៖
អាជ្ញាធរបារាំងបានយល់ព្រមប្រគល់បណ្ដាខេត្តនានាឱ្យមកខ្មែរវិញ លើកលែងតែខេត្ត៤ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបារាំងដដែលគឺ ខេត្តកំពត ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តពោធិ៍សាត់ ហើយចៅហ្វាយខេត្តទាំងនោះលែងលើកសួយសារអាករថ្វាយទៅឧកញ៉ាណាមួយទៀតហើយគឺលើកឱ្យអាជ្ញាធរ បារាំងផ្ទាល់តែម្ដង។
ចំណែកខេត្តដទៃទៀតត្រូវគ្រប់គ្រងដោយមន្ត្រីខ្មែរ ហើយចៅហ្វាយខេត្តទាំងនោះត្រូវលើកសួយសារអាករទៅថ្វាយព្រះរាជា។
៤.២-សម័យសង្គមរាស្ត្រនិយម
កាលណាគេនិយាយពីសង្គមរាស្ត្រនិយម គេតែងនឹកឃើញដល់ស្ថាបនិកម្នាក់ដែលពុំអាចបំភ្លេចបាននោះគឺ សម្ដេចព្រះនរោត្តម សីហនុ។ ព្រះអង្គគឺជាព្រះមហាក្សត្រដែលមានលក្ខណសម្បត្តិប្រពៃ។ ទ្រង់មានសិទ្ធិដាច់ខាតលើការសម្រេចចិត្តផ្សេងៗ ហើយព្រះអង្គក៏ជាព្រះមហាក្សត្រដែលយករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងយកច្បាប់ជាធំក្នុងការគ្រប់គ្រងប្រទេសជាតិ។
នៅឆ្នាំ១៩៤៩ ទ្រង់បានទាមទារឱ្យបារាំងលុបចោលសន្ធិសញ្ញាអាណាព្យាបាលលើប្រទេសកម្ពុជាដែលបានចុះហត្ថលេខានាឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ហើយព្រះអង្គបានឡាយព្រះហស្តលេខាលើសន្ធិសញ្ញាឯករាជ្យ ដែលប្រទេសបារាំងព្រមទទួលស្គាល់តាមផ្លូវច្បាប់នូវឯករាជ្យរបស់ប្រទេសកម្ពុជា និងការលុបចោលសន្ធិសញ្ញាអាណាព្យាបាលលើប្រទេសកម្ពុជាជាផ្លូវការ។ ពីឆ្នាំ១៩៥២ដល់ឆ្នាំ១៩៥៣ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានយាងបំពេញព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យមួយរយភាគរយជូនជាតិមាតុភូមិ ហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រកម្ពុជា បានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំង ដែលនាំឱ្យប្រជារាស្ត្រខ្មែរទាំងមូល ថ្វាយព្រះកិត្តិនាមព្រះអង្គថាជា ព្រះមហាវីរបុត្រជាតិ និងព្រះបិតាឯករាជ្យជាតិ។
នៅសម័យនោះ ការបែងចែកនិងការគ្រប់គ្រងរដ្ឋ ត្រូវបែងចែកដូចខាងក្រោម៖
ក-ការបែងចែកដែនដី
ព្រះរាជាណាចក្រកម្ពុជាទាំងមូល ត្រូវបែងចែកជា៖
-ភូមិភាគ មានចំនួន៨ភូមិភាគ។
ភូមិភាគនីមួយៗមានខេត្តមួយឬច្រើនអាស្រ័យតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែ ភូមិភាគទាំងនេះមិនមែនជាមណ្ឌលរដ្ឋបាលទេ គឺគ្រាន់តែជាមណ្ឌលបោះឆ្នោតប៉ុណ្ណោះ។ មណ្ឌលបោះឆ្នោតនីមួយៗត្រូវជ្រើសរើសតំណាងម្នាក់ ដើម្បីធ្វើជាសមាជិកនៃក្រុមប្រឹក្សាព្រះរាជអាណាចក្រ។
-ខេត្ត ត្រូវបែងចែកជាស្រុក។
-ស្រុក ត្រូវបែងចែកជាឃុំ។
ខ-ការគ្រប់គ្រងរដ្ឋបាលដែនដី
នៅក្នុងប្រទេសកម្ពុជានាសម័យនោះ យើងយកគំរូចាត់តាំងដែនដីតាមបែបប្រទេសបារាំង គឺ វិមជ្ឈការនៅថ្នាក់ខេត្តនិងឃុំ និងវិសហមជ្ឈការពីថ្នាក់កណ្ដាលទៅថ្នាក់តំបន់។
នៅតាមបណ្ដាខេត្តនិងរាជធានី មានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ពោលគឺមាន៖
+សភាប្រជាជនប្រចាំខេត្ត និងប្រចាំរាជធានី
-លក្ខខណ្ឌនៃសមាជិក
សមាជិកនៃសភានេះត្រូវជ្រើសរើសតាមវិធីបោះឆ្នោតជាសកល និងចំពោះ។
អ្នកដែលមានសិទ្ធិបោះឆ្នោតគឺពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២០ឆ្នាំបរិបូណ៍ ហើយមានលំនៅនៅក្នុងស្រុក ឬនៅក្នុងសង្កាត់នោះ។
សភាខាងលើត្រូវប្រជុំនៅទីប្រជុំខេត្ត ឬនៅក្នុងរាជធានីក្នុងមន្ទីរមួយជាក់លាក់។
អ្នកដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនឱ្យគេបោះឆ្នោតជ្រើសតាំង ជាសមាជិកសភាប្រជារាស្ត្របាននោះគឺពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុយ៉ាងតិច២៥ឆ្នាំបរិបូណ៍ឡើងទៅ[1]។
-អាណត្តិនៃសមាជិក
សមាជិកសភាប្រជារាស្ត្រ ត្រូវជ្រើសតាំងសម្រាប់អាណត្តិពីរឆ្នាំ។
អាណត្តិនេះនឹងបដិសេធចោលមុនបាន។
-សិទ្ធិនិងភារកិច្ច
សមាជិកសភាប្រជារាស្ត្រខេត្ត និងរាជធានី ត្រូវបំពេញលក្ខណសម្បត្តិដូចតំណាងរាស្ត្ររដ្ឋសភាដែរ ហើយត្រូវមានសិទ្ធិនិងអភ័យឯកសិទ្ធិដូចរដ្ឋសភាដែរ ប៉ុន្តែត្រូវទទួលប្រាក់បំណាច់តិចជាងប្រាក់បំណាច់របស់សមាជិករដ្ឋសភា។ ប្រាក់បំណាច់នេះត្រូវកំណត់តាមច្បាប់ដោយប្រៀបស្មើទៅនឹងប្រាក់បៀវត្សអ្នករាជការថ្នាក់ណាមួយនៃក្របខ័ណ្ឌបន្ទាប់។
សភាប្រជារាស្ត្រខេត្ត និងរាជធានី ត្រូវមានការបញ្ចេញមតិ ជូនយោបល់ ចំពោះការអនុម័តនូវថវិកាជាតិ សេចក្ដីព្រាងនានារបស់រដ្ឋាភិបាល។ ឯសន្ធិសញ្ញាដែលត្រូវជាមួយបរទេស ក៏ត្រូវដាក់ឱ្យសភានេះជូនយោបល់ផងដែរ។
សភាប្រជារាស្ត្រខេត្ត និងរាជធានី ត្រូវអនុម័តចំពោះថវិកាខេត្តនិងរាជធានីព្រមទាំងថវិកាឃុំដែលនៅក្នុងដែនចំណុះរបស់ខ្លួន ហើយអនុម័តចំពោះបញ្ជីស្រង់ប្រាក់ចំណូល ចំណាយផ្ដាច់ឆ្នាំនៃសមូហភាព ទាំងនេះ។
សភាទាំងនេះ មានសិទ្ធិសម្រេចបង្កើត ឬលុបពន្ធអាករសម្រាប់ខេត្ត ឬសម្រាប់រាជធានី ក្នុងដែនចំណុះរបស់របស់ខ្លួន ក្នុងក្របខ័ណ្ឌនៃច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តហើយ។
សភាប្រជារាស្ត្រខេត្ត និងរាជធានី មានសិទ្ធិធ្វើញ្ញត្តិជូនដល់រដ្ឋសភា ឬរដ្ឋាភិបាល អំពីការចាត់ចែងនៃរាជការសាធារណៈក្នុងផែនការជាតិ។
សភាប្រជារាស្ត្រខេត្ត និងរាជធានី ត្រូវតាមពិនិត្យមើលរាជការចាត់ចែងការសាធារណៈក្នុងខេត្ត ឬរាជធានី។
អំពីរាជធានី
ក្រុងភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវគ្រប់គ្រងដោយរាជប្រតិភូក្រុង។
ក្រុងភ្នំពេញ ត្រូវបែងចែកជា៧សង្កាត់ ដែលគ្រប់គ្រងដោយប្រធានសង្កាត់ ឬចៅសង្កាត់ម្នាក់ តែងតាំងដោយប្រកាសរបស់ប្រតិភូក្រុងភ្នំពេញ។
អំពីខេត្ត
ខេត្ត បង្កើតជាសមូហភាពដែនដី ពីព្រោះមានសភាប្រជារាស្ត្រប្រចាំខេត្តក្នុងការកំណត់បញ្ញត្តិនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវគ្រប់គ្រងដោយទេសាភិបាល ឬចៅហ្វាយខេត្ត និងមានប្រឈួយខេត្តជាជំនួយការ។
សមាជិកសភាប្រជារាស្ត្រខេត្ត មានអាណត្តិ២ឆ្នាំ ដោយការបោះឆ្នោតជាសកលនិងចំពោះ។
ខេត្ត ចែកជាស្រុកដែលគ្រប់គ្រងដោយប្រធានស្រុកឬចៅហ្វាយស្រុកនិងបាឡាត់ស្រុកជាជំនួយការ។
អំពីឃុំ
ឃុំ មានលក្ខណៈជានីតិបុគ្គល ក្នុងន័យនេះ ឃុំមានសិទ្ធិកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ឃុំទាំងអស់ និងសិទ្ធិស្វ័យសម្រេចនៅក្នុងដែនដីរបស់ខ្លួនតាមអំណាចច្បាប់ជាធរមាន។
ចំណែកការគ្រប់គ្រងវិញ ឃុំបានរៀបចំអង្គការសមូហភាពមួយសម្រាប់សម្រេចកិច្ចការនានាក្នុងដែនដីឃុំ ដែលគេហៅថា ក្រុមប្រឹក្សាឃុំ។
សមាជិកក្រុមប្រឹក្សានេះមានអាណត្តិ៤ឆ្នាំ ជ្រើសតាំងដោយការបោះឆ្នោតជាសកលនិងចំពោះ។
ក្រុមប្រឹក្សាឃុំ មានភារកិច្ចកំណត់ទិសដៅ និងត្រួតពិនិត្យសកម្មភាពរបស់ឃុំ។
ចំណែកសកម្មភាពរបស់ឃុំ ដឹកនាំដោយមេឃុំដែលមានតួនាទីជាតំណាងឱ្យរដ្ឋផង និងតំណាងឱ្យសមូហភាពដែនដីផង។
៤.៣-សម័យសាធារណរដ្ឋខ្មែរ
រដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ បានចាប់ផ្ដើមឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយនៅពេលនោះ សម្ដេចព្រះនរោត្តម សីហនុ ត្រូវបានក្រុមប្រឹក្សាព្រះរាជាណាចក្រនិងសភាជាតិ ធ្វើការដកសេចក្ដីទុកចិត្ត។ នៅក្រោយធ្វើរដ្ឋប្រហារមួយថ្ងៃ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានធ្វើសេចក្ដីថ្លែងការណ៍ស្ដីពីការទទួលស្គាល់អំណាចរបស់ឧត្តមសេនីយ៍ លន់ នល់ និងសិរិមតៈ ជាអ្នកដឹកនាំ។
ចាប់តាំងពីរដ្ឋាភិបាលថ្មីបង្កើតឡើង របបគ្រប់គ្រងរដ្ឋត្រូវបានផ្លាស់ប្ដូរពីរបបរាជានិយម មករបបសាធារណរដ្ឋខ្មែរ ដែលធ្វើឱ្យប្រជារាស្ត្រមួយចំនួនមានក្ដីសង្ឃឹម ដូចជាការធ្វើបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមនៅប្រទេសបារាំងនាឆ្នាំ១៧៨៩។ របបសាធារណរដ្ឋខ្មែរនេះត្រូវបានបង្កើតឡើងស្របច្បាប់ ព្រោះមានការបោះឆ្នោតជាសម្ងាត់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៧០ យោងតាមច្បាប់នៃការបោះឆ្នោតដែលជាច្បាប់មួយអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបញ្ញត្តិថា ការប្រកាសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។
បន្ទាប់ពីមានភាពរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនាសម័យសង្គមរាស្រ្តនិយម នៅឆ្នាំ១៩៥៥ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗជាមធ្យមមានចំនួន១៤៤ដុល្លាអាម៉េរិកក្នុងមួយឆ្នាំ បានចាប់ផ្ដើមមានឱនភាពបន្តិចម្ដងៗដោយសារស្ថានភាពនយោបាយ និងការគ្រប់គ្រងរដ្ឋពុំបានល្អ រហូតធ្វើឱ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗជាមធ្យមធ្លាក់មកនៅត្រឹម១៣២ដុល្លាអាម៉េរិកក្នុងមួយឆ្នាំ។
ដោយសារតែនិន្នាការនយោបាយងាកទៅរកលទ្ធិកុម្មុយនីស្តបានធ្វើឱ្យថ្នាក់ដឹកនាំជាតិផ្លាស់ប្ដូរទំនាក់ទំនងពីប្រទេសសេរីមកប្រទេសសមាជិកលទ្ធិកុម្មុយនីស្តវិញ គឺនៅខែវិច្ឆិកា ឆ្នាំ១៩៦៣ កម្ពុជាបានបដិសេធជំនួយរបស់សហរដ្ឋអាម៉េរិក ហើយទទួលជំនួយសព្វាវុធពីចិនវិញ។ រយៈពេលនេះហើយដែលធ្វើឱ្យការនាំចេញនាំចូលរបស់កម្ពុជាដំណើរការតែក្នុងកម្រិតជាតិប៉ុណ្ណោះ ឯធនាគារឯកជនមួយភាគធំត្រូវបិទទ្វារ។ ទាំងនេះហើយដែលធ្វើឱ្យប្រាក់ចំណូលជាតិទទួលការបាត់បង់យ៉ាងច្រើន។ចំណែកស្ថានភាពនយោបាយក្នុងប្រទេស មានសង្គ្រាមស៊ីវិលកើតឡើងពាសពេញផ្ទៃប្រទេសធ្វើឱ្យប្រជាពលរដ្ឋរងការលំបាកយ៉ាងខ្លាំង។
ដោយសារប្រទេសមានសង្គ្រាមស៊ីវិលពាសពេញផ្ទៃប្រទេស ជាហេតុនាំឱ្យមានការបែងចែកស្ទើរតែគ្រប់ផ្នែកនៃការគ្រប់គ្រងរដ្ឋ តាមលក្ខណៈបែបយោធានិយម ដូចជា៖
ក-ផ្នែកយោធា បានចែកទៅជា៣គឺ៖
-កងទ័ពអាកាស មានមូលដ្ឋានសំខាន់នៅពោធិ៍ចិនតុង និងខេត្តបាត់ដំបង។
-កងទ័ពជើងទឹក មានទីតាំងនៅតាមបណ្ដោយទន្លេមេគង្គ ទន្លេសាប និងនៅរាម។
-កងទ័ពជើងគោក
ប្រទេសកម្ពុជាទាំងមូលត្រូបានបែងចែកទៅជា៦ភូមិភាគ៖
១-យោធភូមិភាគពិសេស៖ ខេត្តកណ្ដាល និងរដ្ឋធានីភ្នំពេញ។
២-យោធភូមិភាគទី១៖ ខេត្តកំពង់ចាម ស្វាយរៀង និងព្រៃវែង។
៣-យោធភូមិភាគទី២៖ ខេត្តកំពង់ស្ពឺ តាកែវ កំពត កោះកុង រួមទាំងខេត្តបង្កើតថ្មីនៅឆ្នាំ១៩៧២ គឺ ត្រាំខ្នារ និងគិរីរម្យ។
៤-យោធភូមិភាគទី៣៖ ខេត្តបាត់ដំបង កំពង់ឆ្នាំង ពោធិ៍សាត់ រួមទាំងខេត្តបង្កើតថ្មីនៅឆ្នាំ១៩៧២ គឺ ឧត្តុង្គ កំពង់ត្រឡាច ប៉ៃលិន និងថ្មពួក។
៥-យោធភូមិភាគទី៤៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។
៦-យោធភូមិភាគទី៥៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
ការពង្រឹងផ្នែកយោធានេះ គឺក្នុងគោលបំណងទប់ទល់នឹងចម្បាំង ដូចដែលសេចក្ដីថ្លែងសុន្ទរកថាមួយរបស់ឧត្តមសេនីយ៍ឯក លន់ នល់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋខ្មែរ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧០ បានលើកឡើងថា យើងត្រូវតែធ្វើចម្បាំងគ្រប់វិស័យទាំងអស់។ ចម្បាំងរបស់លោកផ្ដោតទៅលើចំណុចសំខាន់៥ គឺ៖
-ចម្បាំងដោយអាវុធប្រឆាំងការឈ្លានពានរបស់យៀកកុង យៀកមិញ និងប្រទេសឡាវ។
-ចម្បាំងខាងផ្នែកវប្បធម៌។
-ចម្បាំងខាងផ្នែកសាសនា។
-ចម្បាំងខាងផ្នែកសង្គមកិច្ច។
-ចម្បាំងខាងផ្នែកសេដ្ឋកិច្ច។
លោក លន់ នល់ បានថ្លែងបន្តទៀតថា ការតស៊ូប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ចជាការងារចម្បងមួយព្រោះសេដ្ឋកិច្ចបានជួយឱ្យយើងមានកម្លាំងតស៊ូនឹងសង្គ្រាមផង និងជួយលើកតម្កើងជីវភាពរាស្ត្រក្នុងដំណាក់កាលភ្លើងសង្គ្រាមផង។
ដើម្បីសង្គ្រោះប្រទេសជាតិ ក្នុងនាមជាប្រធានាធិបតី លោក លន់ នល់ បានធ្វើការផ្លាស់ប្ដូររដ្ឋាភិបាលជាច្រើនដង។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពសង្គមសម័យសាធារណរដ្ឋ ពុំបានផ្ដល់សន្តិសុខសង្គម និងសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សម្ដេចព្រះនរោត្តម សីហនុ ដែលត្រូវបានលោក លន់ នល់ ធ្វើរដ្ឋប្រហារ បានជ្រកកោណផ្នែកនយោបាយនៅទីក្រុងប៉េកាំង។ ព្រះអង្គបានប្រកាសឱ្យប្រជាជចូលព្រៃម៉ាកគី ដើម្បីធ្វើការតស៊ូប្រឆាំងការធ្វើរដ្ឋប្រហារទម្លាក់ព្រអង្គ។ ស្របជាមួយនេះ ចលនាខ្មែរក្រហម ដែលលេចរូបរាងច្បាស់ឡើងតាំងពីឆ្នាំ១៩៦៧ មានចលនានិងកម្លាំងកាន់តែខ្លាំងឡើងៗ ហើយបានបង្កអសន្តិសុខគ្រប់បែបយ៉ាងក្នុងសង្គមកម្ពុជា រហូតដល់ការតស៊ូធ្វើបដិវត្តរបស់ខ្មែរក្រហមបានទទួលជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ខ-ការគ្រប់គ្រងតាមមូលដ្ឋាន
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧០ លន់ នល់ បានចេញក្រឹត្យប្រកាសធ្វើកំណែនទូទៅ ដើម្បីរៀបចំស្វ័យការពារពីសំណាក់ប្រជាពលរដ្ឋស៊ីវិល។ ការរៀបចំកំណែននេះគេបែងចែកជា អនុអ៊ីឡូត៍ តាមចំនួន១០ខ្នង ឬ៥០ខ្នង ដែលគេឱ្យឈ្មោះថា មេ១០ខ្នង ឬមេ៥០ខ្នង។ រួចគេយកអនុអ៊ីឡូត៍ជាច្រើនមកចងក្រងទៅជាអ៊ីឡូត៍ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចៅសង្កាត់។ ការជ្រើសរើសប្រធានអ៊ីឡូត៍នេះ សុទ្ធតែជាជនជាតិចិនកាត់ខ្មែរ ឬចិនសុទ្ធតែម្ដង ហើយពួកនេះឆ្លៀតឱកាសកេងយកចំណេញពីមុខរបរជំនួញរបស់ខ្លួនជាមួយនឹងតំណែងប្រធានអ៊ីឡូត៍។
សមូហភាពដែនដីនៃសាធារណរដ្ឋ គឺ សង្កាត់ ខេត្ត និង ក្រុង។ សមូហភាពទាំងនេះ នឹងត្រូវគ្រប់គ្រងខ្លួនតាមលក្ខខណ្ឌមានចែងក្នុងច្បាប់រៀបចំអង្គការមួយ[2]។
៤.៤-សម័យកម្ពុជាប្រជាធិបតេយ្យ
បន្ទាប់ពីមានភាពរង្គោះរង្គើផ្នែកនយោបាយ សង្គមកិច្ច និងសេដ្ឋកិច្ច ក៏ដូចជារបបគ្រប់គ្រងរដ្ឋនាសម័យសាធារណរដ្ឋខ្មែរអស់រយៈពេល៥ឆ្នាំ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលយ៉ាងក្ដៅគគុកនៅដើមឆ្នាំ១៩៧៥។ ដោយសារស្ថានភាពនយោបាយពុំមានស្ថេរភាព និងអំពើពុករលួយក្នុងជួររដ្ឋាភិបាល ធ្វើឱ្យមានអត្រាអតិផរណាកាន់តែខ្ពស់ វិសមភាពសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំបាកខ្លាំងឡើងៗ។ កត្តានេះ បានធ្វើឱ្យប្រជាជនមួយភាគធំដែលនៅតាមតំបន់ជនបទក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា ងើបឡើងធ្វើបដិវត្តប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររហូតទទួលបានជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុង រដ្ឋាភិបាលកុម្មុយនីស្តមួយត្រូវបានបង្កើតឡើងដើម្បីរៀបចំប្រទេសជាតិ និងខឿនសេដ្ឋកិច្ចជាតិឡើងវិញ។
នៅឆ្នាំ១៩៧៦ បក្សកុម្មុយនីស្តកម្ពុជាបានបែងចែកកម្ពុជាប្រជាធិបតេយ្យទៅជា៦ភូមិភាគ ដែលរួមមាន៣២តំបន់។ ភូមិភាគនីមួយៗគឺយកខេត្តពីរឬច្រើនមកបញ្ចូលគ្នា ឬកាត់ចេញពីខេត្តនេះខ្លះឬខេត្តនោះខ្លះមកបញ្ចូលគ្នា។ ភូមិភាគនិងតំបន់ទាំងអស់សុទ្ធតែត្រូវបានដាក់កំណត់សម្គាល់ជាលេខ។ ភូមិភាគនីមួយៗចែកចេញជាច្រើនតំបន់ហើយតំបន់នីមួយៗចែកជាស្រុក ឃុំ និងសហករណ៍។
ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាមដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះ គឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្ដាល ដែលរួមមានស្រុកខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិភាគនេះចែកជាប្រាំតំបន់ ដែលរួមមាន តំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។
ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅតាម៉ុក។ ភូមិភាគនេះរួមមានខេត្តកំពត និងខេត្តតាកែវ ទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង និងគងពិសី និងស្រុកប្រាំក្នុងខេត្តកណ្ដាល ដែលរួមមានស្រុកកណ្ដាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និងលើកដែក។ ភូមិភាគនេះចែកជាបួនតំបន់ ដែលរួមមាន តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
ភូមិភាគឧត្តរ(ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅធុច ពីឆ្នាំ១៩៧០ដល់ដើមឆ្នាំ១៩៧៦។ បន្ទាប់ពីកុយ ធួន ត្រូវបានចាប់ខ្លួន និងសម្លាប់នៅគុកទួលស្លែងនៅឆ្នាំ១៩៧៦ កែ ពក ត្រូវបានចាត់តាំងជាលេខាភូមិភាគ។ នៅឆ្នាំ១៩៧៧ កែ ពក ត្រូវបានចាត់ តាំងឱ្យធ្វើជាលេខាភូមិភាគកណ្ដាលដែលទើបបង្កើតថ្មី លេខាថ្មីរបស់ភូមិភាគឧត្តរគឺ កង ចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងលិចទន្លេមេគង្គទាំងអស់នៃខេត្តកំពង់ចាម និងស្រុកមួយនៃខេត្តក្រចេះ គឺស្រុកព្រែកប្រសប់។ ភូមិភាគនេះចែកជាបីតំបន់ គឺ តំបន់៤១ តំបន់៤២ និងតំបន់៤៣។
ភូមិភាគពាយ័ព្យ(ភូមិភាគ៥៦០) ដឹកនាំដោយ ញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងទាំងមូល ហើយចែកចេញជាប្រាំពីរតំបន់ រួមមាន តំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧។
ភូមិភាគបស្ចិម(ភូមិភាគ៤០១) ដឹកនាំដោយ ជូ ជេត។ ភូមិភាគនេះរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំងទាំងមូល និងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺ ហើយចែកជាប្រាំតំបន់គឺ តំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
ភូមិភាគឦសាន(ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សារ៉ាន់ ហៅយ៉ា(សម្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមានខេត្តរតនគិរី និងខេត្តមណ្ឌលគិរីទាំងមូល ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង ដែលស្ថិតនៅត្រើយខាងលិចទន្លេមេគង្គ។ ភូមិភាគនេះចែកជាប្រាំមួយតំបន់គឺ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
ក្នុងឆ្នាំ១៩៧៦នេះ កម្ពុជាប្រជាធិបតេយ្យបានបង្កើតតំបន់ស្វយ័តចំនួនពីរផ្សេងទៀត ដែលទាក់ទងការងារផ្ទាល់ជាមួយ គណៈកម្មាធិការមជ្ឈិមបក្ស ប៉ុន្តែមិនតាម រយៈភូមិភាគណាមួយទេ។ តំបន់ទាំងនេះរួមមាន តំបន់សៀមរាបឧត្តរមានជ័យ(តំបន់១០៦)និងតំបន់ព្រះវិហារ(តំបន់១០៣)។ ក្រុងកំពង់សោមក៏ត្រូវបានចាត់តាំងដោយឡែកពីភូមិភាគដែរ។
នៅឆ្នាំ១៩៧៧ ភូមិភាគថ្មីមួយទៀត គឺភូមិភាគកណ្ដាល ត្រូវបានបង្កើតឡើង។ ភូមិភាគនេះមានទីតាំងស្ថិតនៅត្រង់អតីតភូមិភាគឧត្តរ ចំណែកភូមិភាគឧត្តរថ្មីត្រូវបានប្ដូរទីតាំងទៅតំបន់សៀមរាប ឧត្តរមានជ័យ និងតំបន់ព្រះវិហារ។ តំបន់ក្រចេះ(តំបន់៥០៥) និងតំបន់មណ្ឌលគិរី(តំបន់១០៥) ត្រូវបានបំបែកចេញពីភូមិភាគឦសាន និងចាត់តាំងជាតំបន់ស្វយ័ត[3]។
៤.៥-សម័យសាធារណរដ្ឋប្រជា មានិតកម្ពុជា និង រដ្ឋកម្ពុជា
ក្នុងដំណើរឆ្លងកាត់ការវិវត្តឥតឈប់ឈរនៃរបបសង្គមខ្មែរយើង ការរៀបចំរដ្ឋបាលដែនដីក៏មានការវិវត្តទៅតាមទម្រង់បែបបទនៃរបបទាំងនោះផងដែរ ពោលគឺមានលក្ខណៈប្លែកៗគ្នាពីរបបនយោបាយមួយទៅរបបនយោបាយមួយទៀត។
ការរៀបចំរដ្ឋបាលដែនដីនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិងរដ្ឋ កម្ពុជាមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ទាំងនេះក៏អាស្រ័យទៅដោយរបបនយោបាយដែលសម័យទាំងពីរនេះយកមកប្រើមានលក្ខណៈស្រដៀងគ្នាផងដែរ។
នៅចន្លោះឆ្នាំ១៩៧៩-១៩៩៣ ប្រទេស កម្ពុជាបានឆ្លងកាត់របបពីរខាងលើ ដែលនាំឱ្យមានរដ្ឋធម្មនុញ្ញពីរផ្សេងគ្នាផងដែរ។ ប៉ុន្តែបន្ទាត់នយោបាយធំៗ និងការគ្រប់គ្រងរដ្ឋបាល ដែនដីនៅតែមានលក្ខណៈប្រហាក់ប្រហែលគ្នាដដែលពោលគឺគ្រាន់តែមានប្ដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា ប៉ុណ្ណោះ ដែលបានប្រកាសនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩។
នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែនដីត្រូវបែងចែកជាខេត្ត ក្រុង ចំណុះឱ្យរដ្ឋអំណាចមជ្ឈិមផ្ទាល់។ តាមរដ្ឋធម្មនុញ្ញរបស់រដ្ឋកម្ពុជាចែងថា ដែនដីត្រូវចែកជាខេត្ត និងក្រុង។ ខេត្តចែកជាទីរួមខេត្ត និងស្រុក។ ទីរួមខេត្តចែកជាសង្កាត់ ហើយស្រុកចែកជាឃុំ។ ក្រុងចំណុះរដ្ឋអំណាចមជ្ឈិមផ្ទាល់ត្រូវបែងចែកជាខណ្ឌ និងស្រុកជាយក្រុង។ ខណ្ឌត្រូវបែងចែកជាសង្កាត់។ ស្រុកជាយក្រុង ត្រូវបែងចែកដូចស្រុកចំណុះខេត្ត[4]។
ចំណែកការគ្រប់គ្រងរដ្ឋបាលដែនដី របបទាំងពីរមានលក្ខណៈខុសគ្នាខ្លះៗដូចជា៖
-នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជារដ្ឋបាលដែនដីត្រូវគ្រប់គ្រងដោយគណៈកម្មាធិការប្រជាជនបដិវត្តន៍មូលដ្ឋាន មានថ្នាក់ខេត្ត និងស្រុកជាដើម។
-នៅសម័យរដ្ឋកម្ពុជា រដ្ឋបាលដែនដីត្រូវគ្រប់គ្រងដោយគណៈកម្មាធិការប្រជាជន មូលដ្ឋាន មានថ្នាក់ខេត្ត និងស្រុកជាដើម។
សមាជិកនៃគណៈកម្មាធិការទាំងពីរខាងលើនេះ ត្រូវជ្រើសរើសតាមគោលការណ៍បោះឆ្នោតជាសកល ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់ នៅតាមតំបន់នីមួយៗ។ បេក្ខជនទាំងនោះជាតំណាងគណៈកម្មាធិការប្រជាជន តំណាង រណសិរ្ស និងតំណាងអង្គការមហាជន នានា។
ប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការទាំងពីរ មានអាណត្តិ៥ឆ្នាំ ចំពោះគណៈកម្មាធិការថ្នាក់ខ្ពស់ និងអាណត្តិ៣ឆ្នាំ ចំពោះគណៈកម្មាធិការថ្នាក់ទាប។
[1] ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧៖ ភ្នំពេញ ឆ្នាំ២០០៧
[2] ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧៖ ដ.ឯ.ម.
[3] ឌី ខាំបូលី៖ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ១៩៧៥-១៩៧៩, មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៧
[4] ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧៖ ដ.ឯ.ម.
ឯកសារពិគ្រោះ
-ជួន ណាត៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧
-ឌី ខាំបូលី៖ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ, ១៩៧៥-១៩៧៩, មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០០៧
-ពៅ សារឿន៖ ប្រវត្តិស្ថាប័នខ្មែរ បោះពុម្ភលើទី១ ឆ្នាំ២០១៥
-រាជបណ្ឌិត្យសភាកម្ពុជា៖ ទស្សនវិជ្ជាខ្មែរសម័យអង្គរ ឆ្នាំ២០០៨
-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៖ រដ្ឋបាលសាធារណៈ ឆ្នាំសិក្សា២០១៦-២០១៧
-ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧៖ ភ្នំពេញ ឆ្នាំ២០០៧
-ហែម ឡាច៖ ស្ថាប័ននយោបាលកម្ពុជាបច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៩