បណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្ត្រ
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
នៃរាជបណ្ឌិត្យសភាកម្ពុជា
១-កំណកំណើតអរិយធម៌ខែ្មរ
នៅក្នុងលោកនេះ ជាតិសាសន៍ណាក៏ដោយ សុទ្ធតែមានអរិយធម៌ជាមូលដ្ធាននៃប្រទេសជាតិរៀងៗខ្លួន។ ប្រទេសណាដែលមានអរិយធម៌លូតលាស់ជឿនលឿន ត្រូវបានចាត់ទុកជាអរិយប្រទេស។ ខ្មែរមានអរិយធម៌របស់ខ្លួនយ៉ាងជាក់លាក់ណាស់។ ប្រវត្តិសាស្រ្ត បានប្រាប់យើងថា ជាតិខ្មែរបានកសាងអរិយធម៌ដ៏ខ្ពស់ខ្ពង់ ល្បីល្បាញសុសសាយពេញពិភពលោក ហើយដែលបន្សល់កេរដំណែលរហូតមកដល់សព្វថ្ងៃនេះ ដូចជាប្រាង្គប្រាសាទមានចំនួនរាប់រយ សិលាចារឹកមានចំនួនរាប់ពាន់ផ្ទាំងនិងបណ្តាញព្រែកជីក វត្ថុបុរាណជាច្រើន មានរូបបដិមា រួចចម្លាក់ជាដើម។ អរិយធម៌ខ្មែរបានឡើងដល់កម្រិតកំពូលនៅសម័យអង្គរ ជាហេតុនំាឱ្យអ្នកប្រវត្តិសាស្រ្តចាត់ទុកថា ប្រទេសខ្មែរក្នុងសម័យនោះ ជាមហាអំណាចមួយនៅភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ។ អ្នកស្រាវជ្រាវជាតិ
និងអន្តរជាតិបានបង្ហូរទឹកខ្មៅជាច្រើនដើម្បីពិពណ៌នាពន្យល់និងកោតសរសើរពីអរិយធម៌អង្គរ ជាពិសេសប្រាសាទអង្គរវត្តដែលគេបានមូលមតិចាត់ទុកថា ជាអច្ឆរិយវត្ថុមួយក្នុងពិភពលោក។
អាស្រ័យហេតុនេះ គប្បីខ្មែរគ្រប់រូបព្យាយាមសិក្សាអរិយធម៌ជាតិរបស់ខ្លួន ដើម្បីស្គាល់ប្រភពលក្ខណៈផ្ទាល់ និងតម្លៃនៃអរិយធម៌ គឺការដឹងនិងស្គាល់តម្លៃ ហើយនិងធាតុផ្សេងៗយ៉ាងជាក់ច្បាស់នៃអរិយជាតិនេះ ហើយដែលធ្វើឱ្យយើងមានមោទនភាព និងពេញចិត្តស្រឡាញ់អរិយធម៌ជាតិរបស់យើង ក៏កើតមានឡើង។ ដរាបណាយើងមានចិត្តស្រឡាញ់ ដរាបនោះយើងមុខជានឹងព្យាយាមលើកតម្តើង ហើយខិតខំថែរក្សាការពារអរិយធម៌ជាកេរមរតក ដែលដូនតាបានកសាងទុកមកអស់រយៈពេលច្រើនសតវត្សឱ្យបានគង់វង្សយូរអង្វែងទៅទៀត។
ការស្គាល់ត្រឹមតែអរិយធម៌ជាតិរបស់ខ្លួនពុំទាន់គ្រប់គ្រាន់ទេ លុះត្រាតែបានស្គាល់អរិយធម៌បរទេសថែមទៀតទើបប្រសើរ។ រៀនអរិយធម៌បរទេសពុំមែនរៀនដើម្បីធ្វើតាមគេទំាងស្រុង និងបណ្តោយឱ្យគេបំបាត់លក្ខណៈជាតិឯងទេ ប៉ុន្តែត្រូវចេះស្រូបយកគំនិតសំខាន់ៗ មកផ្សែផ្សំ ឬច្នៃបញ្ចូលជាមួយអរិយធម៌ជាតិឱ្យកាន់តែល្អប្រសើរឡើង ដូចជាការរៀបចំ ស្រុកទេស ការរស់នៅ ការអប់រំ ទំនៀមទម្លាប់ដើម ។ ការធ្វើឱ្យមានលក្ខណៈជាតិបែបនេះពុំមែនមានចំពោះតែការសិក្សាអរិយធម៌បរទេសប៉ុណ្ណោះទេ គឺមានចំពោះឥទិ្ធពលនៃអរិយធម៌បរទេសដែលជះមកលើអរិយធម៌ជាតិក្នុងពេលមានទំនាក់ទំនងគ្នា ឬក្នុងពេលទទួលការគ្រប់គ្រងនៃបរទេសផងដែរ។ ឯកាប៉ះទងិ្គចគ្នារវាងអរិយធម៌ជាតិ និងអរិយធម៌បរទេសគេចាត់ទុកជាការធម្មតា ព្រោះគេបានសង្គេតឃើញថា អរិយធម៌របស់ប្រទេសធំៗ ដែលរីកចំរើនគឺសុទ្ធតែផលរួមនៃអរិយធម៌ជាច្រើន ដូចជាអរិយធម៌អឺរ៉ុប អាមេរិក រុស្សី ចិន ជប៉ុន ជាដើម។
២-ការវិវត្តអរិយធម៌ខ្មែរ
តើខ្មែរមានអរិយធម៌ផ្ទាល់ខ្លួនរឹងប៉ឹងមុនឥណ្ឌាចូលមកមែនឬទេ?
ចាប់ពីសតវត្សទី១មក ខ្មែរបានទទួលយកអរិយធម៌ឥណ្ឌាជាផ្លូវការដំបូងមកបញ្រ្ជាប លើអរិយធម៌ខ្មែរមានរបៀបរៀបរយជាស្រេចទៅហើយ ទើបធ្វើឱ្យអរិយធម៌ខ្មែរវិវត្តលូតលាស់ដល់កំពូលនៅសម័យអង្គរ។
អរិយធម៌ខ្មែរពុំមែនទើបតែរីកដុះដាលឡើងនៅពេលទទួលអរិយធម៌ឥណ្ឌាប៉ុណ្ណោះទេ ពោលគឺជាអរិយធម៌មួយមានចំណាស់ក្នុងចំណោមអរិយធម៌ដែលមានចំណាស់ៗក្នុងពិភពលោក ហើយដែលបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះ តាំងពីសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ គឺតាំងពីមុនអរិយធម៌ឥណ្ឌាចូលមកម៉្លេះ។
-អំណះអំណាងរបស់អ្នកប្រាជ្ញជាច្រើនដូចជាលោក ក្រូលីយេ (Groslier) ម៉ាសាល់ (Marshal) តាឡាបូ(Talabot) ជាតិខ្មែរជាជនជាតិពិសេសមួយនៅក្នុងអំបូរខ្មែរ-មន ហើយបានកើតឡើងនៅអាស៊ីអាគ្នេយ៍នេះតែម្តង។
-បើផ្អែកលើការស្រាវជ្រាវដែលធ្វើកំណាយនៅស្ថានីយនានា ក៏រឹងរឹតតែបញ្ជាក់ច្បាស់ថា ខ្មែរមិនមែនជាឥណ្ឌា។
នៅស្ថានីយស្អាងស្ពាននៃភ្នំទាកទ្រាំង មានចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីអណ្តើកហែល ខេត្តបាត់ដំបង លោកនិងលោកស្រីមួរេ (Mourer) បានដឹកនំានិសិ្សតមហាវិទ្យាល័យបុរាណវិទ្យាទៅធ្វើកំណាយនៅទីនោះ (ពីឆ្នាំ១៩៦៦-១៩៦៩)។ វត្ថុដែលគេបានរកឃើញមាន គ្រឿងប្រដាប់ធ្វើអំពីថ្ម សំណល់ផ្ទះសាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ ឆ្អឹងមនុស្ស វត្ថុទាំងនេះយកទៅធ្វើពិសោធន៍នៅប្រទេសបារាំងតាមវិទ្យុសកម្មដើម្បីកំណត់អាយុកាល។ ក្រោយពិសោធន៍គេបានឱ្យដឹងថា នៅទីនោះមានមនុស្សរស់នៅតាំងពី ៥.០០០ឆ្នាំមុនគ្រិស្តសករាជ(គ.ស.)។
នៅស្ថានីយសំរោងសែន (ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង) នៅខាងជើងបឹងទន្លេសាប។ ស្ថានីយនេះរកឃើញដោយលោក រ៉ូក (Roques) នៅឆ្នាំ១៩០២ លោក ម៉ង់ស៊ុយ (Mansuy) បានរកឃើញស្ថានីយអន្លង់ផ្តៅ។ ស្ថានីយនេះសិ្ថតនៅចម្ងាយ ៣០ គីឡូម៉ែត ត្រង់ទិសអាគ្នេយ៍សំរោងសែន ហើយមានបុរាណវត្ថុដូចស្ថានីយសំរោងសែនដែរ។
នៅឆ្នាំ១៩៤៣ លោក ប៉ូល ឡេវី ( Paul Levy) បានរកឃើញស្ថានីយថ្មីមួយទៀតគឺម្លូព្រៃ (ខេត្តព្រះវិហារ)។ នៅស្ថានីយនេះគេបានរកឃើញប្រដាប់ប្រដាធ្វើអំពីលោហធាតុជាច្រើន។ វត្ថុដែលគេបានរកឃើញនៅតាមស្ថានីយទាំង៣នេះមាន៖
-ថ្មរំលីង៖ ពូថៅមានពន្លូញ ញញួរ ត្មោងដំសំបកឈើ ទ្រនាប់កំាបិត កណ្តៀវ ថ្មសំលៀង ពុម្ពចាក់កណ្តៀវ កងដៃ ត្បាល់ ត្រល់ អង្រែ ផ្លែសន្ទូច ។ល។
-សំបកខ្យង៖ អង្កាំ ទង្វា។ល។
-កុលាលភាជន៍៖ ក្អម ឆ្នាំង ចាន ។ល។
-សំរឹទ្ធិ៖ ផ្លែព្រួញ កណ្តៀវ ពូថៅ ជួង ផ្លែសន្ទូច ។ល។
-ដែក៖ មានតែពន្លាកមួយគត់នៅស្ថានីយម្លូព្រៃ។
ស្ថានីយទាំងបីនេះមានអាយុកាលប្រហែលពី២ ទៅ៣ ពាន់ឆ្នាំមុន គ.ស។ វត្ថុតាងដែលគេបានស្រាវជ្រាវរកឃើញនេះ ជាការគ្រប់គ្រាន់អាចបញ្ជាក់ថា ខ្មែរបានកសាងអរិយធម៌មួយរឹងប៉ឹងរួចជាស្រេចទៅហើយ តាំងពីមុនខែ្មរ ទទួលយកអរិយធម៌ឥណ្ឌា។
ផ្អែកលើលក្ខណៈភាសាក៏ឃើញថាខុសគ្នាស្រឡះ។ ភាសាខែ្មរស្ថិតនៅក្នុងអំបូរខ្មែរ-មន ឯភាសាឥណ្ឌាស្ថិតនៅក្នុងអំបូរ ឥណ្ឌា អឺរ៉ុប។
ភាសាខ្មែរមានលក្ខណៈពិសេសរបស់ខ្លួន ជាភាសាមានព្យាង្គតិច ភាសាគ្មានវិភតិ្ត គ្មានវចនៈ គ្មានលិង្គ ទេ រីឯភាសាបាលី សំស្រឹ្កត ដែលឥណ្ឌាប្រើជាភាសាហុព្យាង្គ មានលិង្គ មានវិភត្តិ និងមានវចនៈ។
ឧទាហរណ៍៖
ភាសាខ្មែរមានព្យាង្គតិច ដូចជាពាក្យ ជួយ ផ្លូវ រួម (១ព្យាង្គ) គ្រប់គ្រង (២ព្យាង្គ)។ល។ រីឯ ភាសាបាលី សំស្រឹ្កតជាភាសាពហុព្យាង្គដូចជា អន្តរាគមន៍ សាធារណៈ ទេសាភិបាល (៤ព្យាង្គ)។ល។
ភាសាខ្មែរគ្មានវិភត្តិគឺ គ្មានការបំបែកនាម ឬកិរិយាសព្ទទេ ដូចជាពាក្យ ដើរ រីឯភាសាបាលី សំស្រ្កឹត ចរ បំបែកជា ចរិត ចរន្តិ ចរិសិ ចរថ ចរមិ ចរាម។ល។
ភាសាបាលី សំស្រឹ្កតមានវចនៈ និងលិង្គ ដូចជាពាក្យ មនុស្ស (ឯកវចនៈ) មនុស្ស (ពហុវចនៈ) មនុស្សី (មនុស្សស្រី)។ល។
-ផ្អែកលើជំនឿ៖ ខ្មែរមានជំនឿលើព្រលឹងដូនតា (មេបា) គឺគេមានជំនឿថាខ្មោចដែលស្លាប់ទៅនៅមានព្រលឹងចាំថែរក្សាកូនចៅ (អ្នកតា អ្នកជី)។
-ផ្អែកលើសិល្បៈ៖ គឺខ្មែរមានតាំងពីមុនរៀងរហូតមក ដូចជា ពេលរៀបអភិសេក ហ៊ុន-ទៀន និងនាង លីវ-យី ខ្មែរមានរបាំ ភ្លេង និងប្រពៃណីរួចជាស្រេចទៅហើយ។ ព្រះបាទ ហ៊ុន-ទៀន តោង ស្បៃនាង លីវ-យី គឺជានិមិត្តរូបបញ្ជាក់យ៉ាងច្បាស់ថា អ្នកចំណូលពីក្រៅត្រូវគោរពតាម ដើរតាមប្រពៃណីអ្នកស្រុកអាយ។
-ពេលមានអ្នកឈឺថ្កាត់ គេលេងភ្លេងបន់អ្នកជី ជីដូន ជីតា ដែរ។
-មុន ហ៊ុន-ទៀន ចូលមកដល់ ខ្មែរចេះធ្វើសិប្បកម្មត្បាញរវៃ ធ្វើទូក សំពៅ ធ្នូ ស្នា និង ចេះរៀបចំក្បូនយុទ្ធសាស្រ្តស្រេចទៅហើយ។[1]
ជារួម អំណះអំណាងទាំងប៉ុន្មាននេះ បញ្ជាក់ថាខ្មែរមានវប្បធម៌ អរិយធម៌ផ្ទាល់ខ្លួន រឹងប៉ឹងរួចជាស្រេចទៅហើយ មុនឥណ្ឌាយកអរិយធម៌របស់ខ្លួនមកផ្សព្វផ្សាយ។
២.១-អរិយធម៌នគរភ្នំ
ក-ផ្នែកវប្បធម៌
យោងតាមឯកសារចិននិងផ្នែកលើសិលាចារឹកអ្នកនគរភ្នំមានជំនឿលើពុទ្ធសាសនា(ហីនយាន)និងព្រហ្មញ្ញសានា (គោរពព្រះឥសូរ)។ សិលាចារឹកពុទ្ធសាសនាពីរ៖
-សិលាចារឹកវ៉ូកាញ់៖ ជាបឯមសិលាចារឹកខ្មែរ ហើយមានចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ទំនងសរសេរនៅសតវត្សទី២ ឬទី៣ កត់ត្រាជាភាសាសំស្រ្កឹត ថ្លែងពីព្រះបាទស្រីមារ (ហា្វន់ចេម៉ាន់) ទ្រង់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
-សិលាចារឹកទន្លេបាទី៖ នៅប្រាសាទទន្លេបាទី កត់ត្រាជាភាសាសំស្រឹ្កត សតវត្សរ៍ទី៦ នៃគ.ស. ពីព្រះបាទរុទ្រវរ្ម័ន គោរពព្រះបរមសារិរិកធាតុ និងព្រះកេសមួយសរសៃប្រវែង៣ម៉ែត្រ ដែលព្រះចៅរាជវង្សស៊ីលួចទៅ។
សិលាចារឹកព្រហ្មញ្ញសាសនាពីរ៖
-សិលាចារឹកអ្នកតាដំបងដែក (ខាងត្បូងខេត្តតាកែវ) កត់ត្រាជាភាសាសំស្រឹ្កតនិយាយអំពីព្រះនាងកុលប្រភាវតី ជាអគ្គមហេសីព្រះបាទកៅណ្ឌិន្យ កសាងទេវាល័យតម្កល់ព្រះបដិមាព្រះវិស្ណុធ្វើអំពីមាសសុទ្ធ ស្រះ និងលំនៅសម្រាប់ពួកញ្រហ្មណ៍ ។
-សិលាចារឹកប្រាសាទប្រាំល្វែង ស្ថិតនៅស្រុកទឹកខ្មៅ ខេត្តព្រែកឫស្សី (ត្រាវិញ) កម្ពុជាក្រោម កត់ត្រាជាភាសាសំស្រឹ្កត និយាយពីព្រះបាទគុណវរ្ម័នត្រូវបានព្រះបាទរុទ្រវរ្ម័ន ដែលព្រះមាតាជាស្នំឯកព្រះបាទកៅណ្ឌិន្យធ្វើគត ហើយឡើងសោយរាជ្យទ្រង់បញ្ជាឱ្យចារឹកទុកថា «ទីនេះព្រះវរបិតារបស់ព្រះអង្គយកបានពីទឹកភក់ ហើយតែងតាំងព្រះអង្គឱ្យត្រួតត្រា»។
ខ-ផ្នែកនយោបាយ និងរដ្ឋបាល
អាណាចក្រភ្នំរៀបចំនយោបាយតាមបែបឥណ្ឌា។ ព្រះរាជាជាអ្នកដឹកនាំមានឋានន្តរនាមថា «ក្រុងភ្នំ» គង់ក្នុងប្រាសាទឈើមានច្រើនជាន់ និងមានរបងព័ទ្ធជុំវិញ។ ធ្វើនយោបាយពង្រីកទឹកដីវាយយករដ្ឋជាច្រើនដាក់ក្រោមចំណុះ យកឈ្លើយសឹកមកធ្វើជា ទាសាទាសី។ រដ្ឋចំណុះសុទ្ធតែមានស្តេចសោយរាជ្យ «សាមន្តរាជ» ដែលជារាជបុត្រ និងជាព្រះញាតិវង្សរបស់អធិរាជភ្នំ ហើយត្រូវនាំសួយសារអាករមកថ្វាយអធិរាជជារៀងរាល់ឆ្នាំ។
នយោបាយក្រៅប្រទេស៖ អធិរាជភ្នំមានទំនាក់ទំនងវិស័យនយោបាយ ពាណិជ្ជកម្ម និងវប្បធម៌ ជាមួយប្រទេសធំៗ ដូចជា ឥណ្ឌា និងចិន។
-រាជបម្រើ៖មានមន្ត្រីឆ្វេង អង្គុយខាងឆ្វេង និងមន្រ្តីស្តាំ និងមន្រ្តីថ្នាក់បន្ទាប់ត្រួតត្រាតាមខេត្ត។
-ព្រះរាជាតែងតែប្រទានសវនការជាញឹកញាប់ដល់ប្រជារាស្រ្ត និងបរទេសដែលយកតង្វាយមកថ្វាយ។ សេ្តចយាងទៅណាមកណាតែងគង់ប្រថាប់លើដំរី ឯមន្រ្តីជាបរិវារ ជិះដំរីហែហមដែរ ។
-ការបង់ពន្ធជូនរាជការ ត្រូវបង់ជាមាស ប្រាក់ ត្បូង គជ់ និងគ្រឿងក្រអូប។
គ-ជីវភាពសង្គម
លក្ខណៈមនុស្ស ទំនៀមទម្លាប់៖ ឯកសារ ចិនបញ្ជាក់ថា អ្នកនគរភ្នំមានសម្បុរខ្មៅ សក់រួញ អង្គាដី ច្រើនលែងខ្លួន ស្លៀកសារុងអំបោះ ដើរជើងទទេ អ្នកមាន នាម៉ឺនពាក់ស្បែកជើង ស្លៀកសារុងសារបាប់ ។ល។ ជាមនុស្សត្រង់មិនចេះលួចគ្នា ពេលទំនេរចូលចិត្តប្រជល់មាន់ និងប្រជល់ជ្រូក សង់ផ្ទះផុតពីដី ធ្វើឈើប្រក់ស្លឹកចាករស់នៅផ្តុំគ្នាជាភូមិ ពី៥០ ទៅ ៦០ខ្នង មានស្រះទឹករួម។ សង្គមអាណាចក្រភ្នំជាសង្គម ”មេនិយម”ទុកស្រ្តីជាធំក្នុងគ្រួសារផង និងក្នុងសង្គមផង។ ក្នុងករណីកាន់ទុក្ខមនុស្សស្លាប់គេត្រូវតែកោរសក់ និងពុកមាត់។
ពិធីបូជាសពមាន៤យ៉ាង៖ បោះចោលក្នុងទឹក បូជាដោយភ្លើង យកសពទៅកប់ និងយកសពទៅបោះចោលក្នុងព្រៃ។ បើបូជាដោយភ្លើង គេយកធាតុដាក់ក្នុងកោដ្ឋបិទឱ្យជិត រួចយកទៅបោះចោលក្នុងទន្លេ។
វិធីរកយុត្តិធម៌៖ កាលណាគេបាត់អ្វីមួយ គេយកបាយទៅដាក់ចំព្រះភក្គ្រទេព្តារួចសុំអង្វរឱ្យជួយបង្ហាញមុខជនទុច្ចរិត។ ស្អែកឡើងគេយកបាយនោះទៅឱ្យអ្នកសង្ស័យហូប បើអ្នកទៀងត្រង់គ្មានបញ្ហាទេ តែជនទុច្ចរិតពេលបរិភោគនឹងមានឈាមចេញតាមមាត់។
បើមានជនជាប់ចោទ គេឱ្យជននោះអត់បាយ៣ថ្ងៃ រួចគេឱ្យលូកយកវត្ថុផ្សេងៗពីក្នុងទឹកកំពុងពុះ ឬកាន់ពូថៅ ឬច្រវាក់ដុតក្រហម ដើរ៧ជំហាន បើមានកំហុសមែនដៃជននោះរលាករលួយ ផ្ទុយទៅវិញបើគ្មានកំហុសគឺគ្មានអ្វីទាំងអស់។
ឃ-សកម្មភាពសេដ្ឋកិច្ច
សកម្មភាពចម្បងនៅសម័យនគរភ្នំ គឺកសិកម្ម ពាណិជ្ជកម្ម និងសិប្បកម្ម។
-កសិកម្មរីកលូតលាស់ខ្លាំងដោយមានជោគជ័យខាងនយោបាយទឹក។ គេជីកព្រែកខ្វាត់ខ្វែងសម្រាប់បញ្ចេញ បញ្ចូលទឹក (ពេលទឹកជំនន់)សម្រាប់បន្សាបជាតិអំបិលដែលជ្រាបទៅក្នុងដី សម្រាប់គមនាគមន៍(គេឃើញសល់ដានត្រង់កម្ពុជាក្រោមភាគខាងត្បូង)។ ក្នុងមួយឆ្នាំគេអាចធ្វើស្រូវបាន៣ដង ក្រៅពីធ្វើស្រែ គេដាំក្រូច អំពៅ ទទឹម ស្លា។ល។
-ពាណិជ្ជកម្មលូតលាស់ខ្លាំងតាមរយៈកំពង់ផែអូរកែវ។ អាណាចក្រភ្នំជាកន្លែងកើតមាស ប្រាក់ ទង់ដែង សំណប៉ាហាំង គ្រឿងក្រអូប ភ្លុកដំរី និងពេជ្រ។ អ្នកនគរភ្នំប៉ិនប្រសប់ក្នុងមុខរបរធ្វើជាងមាស ឬប្រាក់ សូនរូប ត្បាញសូត្រ ចរបាប់ ស្លកែវ ។ល។
សរុបសេចក្ដីមក អរិយធម៌នគរភ្នំមានលក្ខណៈខ្ពង់ខ្ពស់ជាងជនជាតិជិតខាងក្នុងសម័យជាមួយគ្នានោះ។ វាជាមរតកដ៏សំខាន់សម្រាប់ជំនាន់ក្រោយៗយកទៅច្នៃប្រឌិតបង្កើតអរិយធម៌មួយរឹងប៉ឹង។
២.២-អរិយធម៌សម័យចេនឡា
ក-ផ្នែកវប្បធម៌
ក្រៅពីសិលាចារឹកប្រើភាសាសំស្រឹ្កត គេប្រទះឃើញសិលាចារឹក ប្រើភាសាខ្មែរបុរាណជាលើកដំបូងនៅអង្គរបុរី រវាង គ.ស. ៦១១។ តាមសិលាចារឹកដែលគេបានរកឃើញ អ្នកស្រុកចេនឡា គោរពព្រហ្មញ្ញសាសនា គណៈព្រះឥសូរ(សិវៈ) និងពុទ្ធសាសនាមហាយាន។
ប្រវត្តិសាស្រ្តបញ្ជាក់ថា ចាប់ពីព្រះបាទភវវរ្ម័នទី១(បឋមក្សត្រចេនឡា) រហូតមក ព្រះមហាក្សត្រសុទ្ធតែគោរពសាសនាព្រាហ្មណ៍ទាំងអស់។ ព្រះបាទភវវរ្ម័នបានកសាងសិលាចារឹកនៅភ្នំបន្ទាយនាង (បន្ទាយមានជ័យ) និងស៊ីថែប (សៀម)។ ព្រះមហេន្ទ្រវរ្ម័ន (ចិត្រសេន) ប្អូនជីដូនមួយព្រះបាទភវវរ្ម័ន មុនពេលឡើងសោយរាជ្យបន្តពីព្រះបាទភវវរ្ម័ន បានកសាងសិលាចារឹកជាភាសាសំស្ក្រឹតខ្លីៗ នៅតាមបណ្តោយទន្លេមេគង្គ និងនៅខាងលិចបុរីរ៉ាម(សៀម)។ ក្រោយពេលឡើងសោយរាជ្យ ព្រះអង្គបានកសាងសិលាចារឹកផ្សេងៗជាច្រើនទៀត នៅតាមទន្លេមូល និងនៅសូរិន្ទ និយាយពីការកសាងលិង្គគិរសៈ និង គោនន្ទិ។
នៅប្រាសាទអណ្ដែត (ស្រុកស្ទោង ខេត្ត កំពង់ធំ) គេបានប្រទះឃើញបដិមាហរិហរៈ (សិវៈវិស្ណុ) មានរាងយ៉ាងសង្ហាសាងនៅ គ.ស. ទី៨។ សព្វថ្ងៃតាំងនៅសារមន្ទីរជាតិភ្នំពេញ។ ពិតមែនតែព្រះរាជាគោរពព្រហ្មញ្ញសាសនាតែពុទ្ធសាសនាហីនយានក៏នៅតែមានឥទ្ធិពល[2]។
សិលាចារឹកពុទ្ធសាសនាហីនយាន៖
-សិលាចារឹកសំបូរព្រៃគុក (៦២៦)និយាយពីការគោរពព្រះពុទ្ធនាគរាជមុច្ឆលិន។
-សិលាចារឹកនៅខៅរាំង(សៀម)និយាយពីការជ្រះថ្លារបស់ឧបាសកសិនាហ្វ កសាងព្រះវិហារ។
-សិលាចារឹកវត្តព្រៃវៀរ (កំពង់ត្របែក ព្រៃវែង) និយាយពីជាតិជាក្សត្រ (រាជបុត្រ) ពីរអង្គបួសនៅក្នុងព្រៃវៀរ។
នៅចុងសម័យចេនឡា មានបម្រែបម្រួល គួរឱ្យកត់សម្គាល់ គឺពុទ្ធសាសនាមហាយាន ហូរចូលមកប្រទេសកម្ពុជាលើកដំបូងបង្អស់។ សិលាចារឹកវត្តប្រាសាទ (កំពង់ត្របែក ព្រៃវែង) និយាយពីការថ្វាយ ទាសៈចំពោះពោធិសត្វបីអង្គគឺ ព្រះប្រាជ្ញាបរមី ព្រះសិអារ្យមេត្រី និង អវលោកេស្វៈ។ សិលាចារឹកប្រាសាទតាកៀម (៧៩១) នៅសៀមរាប និយាយពីការកសាងរូបពោធិសត្វ ដែលត្រូវគេគោរពជាងគេនៅស្រុកខ្មែរយើង។ ព្រះពុទ្ធសាសនានេះចូលមកស្រុកខ្មែរនៅសតវត្សរ៍ទី៧ ហើយរីកលូតលាស់ដល់កំពូលនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ខ-ផ្នែកនយោបាយ និងរដ្ឋបាល
ចាប់តាំងពីព្រះបាទឦសានវរ្ម័ន លើករាជធានីទៅនៅឦសានបុរៈ នៅកណ្ដាលក្រុងមានសាលាប្រជុំមួយយ៉ាងធំសម្រាប់ព្រះរាជាប្រទានសវនការរៀងរាល់៣ថ្ងៃម្ដង។ ចំពោះគារវកិច្ច មន្រ្តីឱនក្បាលដល់ដី៣ដង។ ពេលព្រះរាជាហៅ មន្រ្តីត្រូវលុតជង្គង់នៅជុំវិញព្រះរាជា ដើម្បីពិភាក្សាការងារប្រទេសជាតិ។ គេឃើញមានទាហានពាក់អាវក្រោះឈរយាមគ្រប់ទីកន្លែង តាំងពីជុំវិញបល្ល័ង្ករហូតដល់ទ្វារទាំងឡាយ។
ការផ្ទេររាជសម្បត្តិ គឺមានតែរាជបុត្រនៃអគ្គមហេសីទេ ដែលអាចឡើងសោយរាជ្យបាន។ នៅថ្ងៃប្រារព្ធពិធីអភិសេកព្រះរាជាថ្មី គេកាត់ម្រាមដៃ ច្រមុះ បុត្រឯទៀត រួចយកទៅឃុំទុកនៅកន្លែងទីទៃពីគ្នា។
គ-ជីវភាពសង្គម
-លក្ខណៈមនុស្ស៖ អ្នកស្រុកចេនឡា មានមាឌតូច សម្បុរខ្មៅដូចអ្នកនរគភ្នំដែរ ប៉ុន្តែស្រីភាគច្រើនសម្បុរស ទាំងប្រុស ទាំងស្រីបួងសក់ ពាក់រយ៉ាថែមទៀត (ដូចខ្មែរសព្វថ្ងៃ)។
-ទំនៀមទម្លាប់៖ អ្នកស្រុកចេនឡា វាងវៃណាស់ គេចាត់ទុកដៃស្ដាំ ជាដៃបរិសុទ្ធ ដៃឆ្វេងមិនបរិសុទ្ធទេ។ រៀងរាល់ព្រឹកគេតែងលុបលាង ដុសធ្មេញនិងសំបកស្លា រួចអានសៀវភៅ ឬសូត្រធម៌។ មុនពេលទទួលទានអាហារ គេតែងតែធ្វើការលុបលាងសាជាថ្មី។ ពេលបរិភោគរួចគេចាក់ធ្មេញហើយសូត្រធម៌ម្ដងទៀត។
សិលាចារឹកបញ្ជាក់ថា គេនិយមរាប់ញាតិតាមខ្សែខាងម្ដាយ។ ក្នុងការជ្រើសរើសគូស្រករ គឺពួកប្រុសៗទៅដណ្ដឹងស្រី។ ពេលការរួច កូនប្រុសត្រូវទទួលមរតកពីឪពុកម្ដាយ រួចបែកផ្ទះ។ បើឪពុកម្ដាយស្លាប់ កូនដែលនៅរស់អាចទទួលមរតកដែលនៅសេសសល់។ បើកូនមានប្ដីប្រពន្ធ ហើយបានទទួលមរតករួចហើយ នោះទ្រព្យសម្បត្តិដែលនៅសេសសល់ត្រូវបញ្ចូលទៅក្នុងឃ្លាំងជាតិ។
ក្នុងពិធីបុណ្យសព កូនទាំងអស់ត្រូវអត់បាយ៧ថ្ងៃ កោរសក់ យំស្រែកយ៉ាងខ្លាំង។ គ្រួសារហែសពមានភ្លេង ព្រះសង្ឃទៅប៉ាឆាដែលសង់ដោយឈើក្រអូប។ កាលណាគេរើសធាតុរួចហើយ ត្រូវយកធាតុនោះទៅដាក់ក្នុងកោដ្ឋ រួចយកទៅទម្លាក់ចោលក្នុងទឹក។ ជួនកាលគេគ្រាន់តែយកទៅដាក់ចោលក្នុងព្រៃ។ ពេលទៅណាមកណាអ្នកស្រុកពាក់អាវក្រោះ និង កាន់អាវុធទុកដើម្បីការពារសុវត្ថិភាពខ្លួន។
ឃ-សកម្មភាពសេដ្ឋកិច្ច
សម័យចេនឡា នយោបាលទឹកកាន់តែរឹងមាំ កសិកម្មកាន់តែរីកចម្រើនថែមទៀត។ ក្រុងធំៗច្រើនរៀបចំស្ថាបនានៅតាមមាត់ស្ទឹង ព្រោះត្រូវបង្ហូរទឹកចូលក្នុងស្រះ ឬប្រព័ន្ធប្រឡាយព័ទ្ធជុំវិញទីក្រុង និងអាងទឹកនៅក្នុងទីក្រុង។ (ឧទាហរណ៍៖ ក្រុងឦសានបុរៈ សាងនៅក្បែរស្ទឹងសែន) ដំណាំស្រូវ និងដំណាំ ឯទៀតៗ គេដឹងថាមានសម្បូរបែប។
នៅសម័យចេនឡា ពុទ្ធសាសនាហីនយាន ថយឥទ្ធិពលបណ្តើរៗ តែពុទ្ធសាសនាមហាយានចាប់ផ្តើមរីកចម្រើន ស្ថាបត្យកម្មនៅជាប់ឥទ្ធិពលឥណ្ឌាបន្តិចបន្តួច តែភាគច្រើនបង្ហាញក្បាច់រចនាបែបខ្មែរ។ ផ្នែកនយោបាយនៅទន់ខ្សោយ ដោយបានទទួលការឈ្លានពានរបស់ជ្វា មកលើក្សត្របុរីខ្មែរ ឯវិស័យសេដ្ឋកិច្ច រីកលូតលាស់ខ្លាំងណាស់ដោយការរីកចម្រើនខាងនយោបាយទឹក។
២.៣-អរិយធម៌សម័យមហានគរ
អរិយធម៌ខ្មែរឈានដល់កំពូលចាប់ពីសតវត្សទី៩ ដល់សតវត្សទី១៥។ ខ្មែរឡើងឋានៈ ជាមហាអំណាចនៅអាស៊ីអាគ្នេយ៍ ទឹកដីធំទូលាយ លាតសន្ធឹងស្ទើរតែអស់ផ្ទៃដីឥណ្ឌូចិនទាំងមូល មានប្រាសាទសិលារាប់ពាន់ សិលាចារឹកទាំងភាសាសំស្រ្កឹត ទាំងភាសាខ្មែរ ជួនកាលមានភាសាទាំងពីរលាយគ្នា។ ប្រឡាយ បារាយណ៍ ទំនប់ទឹក ស្ពានថ្នល់ មន្ទីរពេទ្យ សាលាសំណាក់។ល។ មានគ្រប់ទិសទីពេញផ្ទៃប្រទេស។
ក-ផ្នែកវប្បធម៌
-សាសនា៖ នៅសម័យអង្គរ សាសនាមានតួនាទីយ៉ាងសំខាន់ខាងនយោបាយ។ ព្រះរាជាកាន់សាសនាព្រាហ្មណ៍ គោរពព្រះឥសូរ ខ្លះកាន់សាសនាព្រាហ្មណ៍ដែរ តែគោរពព្រះវិស្ណុ ហើយខ្លះទៀតកាន់ព្រះពុទ្ធសាសនាមហាយាន។ ពីសតវត្សរ៍ទី៩ ដល់ទី១១ គណៈសិវៈមានឧត្តមភាពជាងគេដោយព្រះរាជាចាត់ទុកជាសាសនារដ្ឋ (ធ្វើពីធីទេវរាជ)។
នៅសតវត្សរ៍ទី១២ ព្រះបាទសូរ្យវរ្ម័នទី២ គោរពរាប់អានយ៉ាងខ្លាំងគណៈវិស្ណុ មានប្រាសាទអង្គរវត្តជាវិមានតម្កល់បដិមាព្រះ វិស្ណុ។ ឯក្បាច់រចនាផ្សេងៗ ក៏និយមអំពីរឿងព្រះវិស្ណុដែរ ដូចជា រឿងរាមកេរ្តិ៍ មហាភារតៈ កូរសមុទ្រដឹកដោះ។ល។
ក្រោយមក ព្រះបាទជ័យវរ្ម័នទី៧ គោរពព្រះពុទ្ធសាសនាមហាយាន ដែលនាំចូលមកតាំងពីសម័យចេនឡា ដែលព្រះបាទសូរ្យវរ្ម័នទី១ កាន់ម្តងរួចមកហើយ។ ព្រះអង្គកសាងប្រាសាទបាយ័នដើម្បីតម្កល់បដិមាព្រះពុទ្ធពិតមែនក៏ប៉ុន្តែប្រាសាទនេះជានិមិត្តរូបខាងព្រហ្មញ្ញសាសនាផងដែរដោយសារព្រះភ័ក្រ្តព្រះព្រហ្ម។
ដូចនេះទេវរាជក្តី វិស្ណុរាជក្តី (សូរ្យវរ្ម័នទី២) ពុទ្ធរាជក្តី សុទ្ធតែបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសម័យអង្គរ។
កំណត់សម្គាល់៖ ពីសតវត្សរ៍ទី៩ដល់ទី១០ ក្រៅពីបដិមាទិទេព ឬពោធិសត្វ ឬព្រះពុទ្ធ គេឃើញមានបដិមា(តំណាងឱ្យបុគ្គលនិយម)ដែលជាព្រះរាជវង្ស ព្រះរាជគ្រូ ឬវីរជនរបស់ជាតិ ។
ខ-នយោបាយ និងរដ្ឋបាល
-ព្រះរាជាប្រារព្ធពិធីទេវរាជ ឬវិស្ណុរាជ មានឋានៈស្មើនឹងអាទិទេព។
-ព្រះរាជាប្រារព្ធពិធីពោធិរាជ មាន ឋានៈស្មើនឹងពោធិសត្វ(ជ័យវរ្ម័នទី៧)។
-មុនពេលចូលទីវង្គត ព្រះអង្គនឹងឈានទៅកាន់ទេវលោក។
-ប្រាសាទភ្នំនៅពាក់កណ្តាលក្រុង ជានិមិត្តរូបភ្នំព្រះសុមេរុ កំពែង និងគូទឹកជានិមិត្តរូបជួរភ្នំ និង សមុទ្រព័ទ្ធជុំវិញភ្នំព្រះ សុមេរុ។
ព្រះអង្គជាអ្នកជ្រើសរើសមន្រ្តីជាន់ខ្ពស់ ជាអគ្គមេបញ្ជាការ ជាអ្នកកាត់ក្តី ជាមេសាសនា។ ព្រះអង្គជាអ្នកមានអំណាចធំធេង ប៉ុន្តែមិនមែនជាអ្នកផ្តាច់ការទេ តែជាអ្នកគោរពវិន័យ វណ្ណៈក្សត្រ មានព្រហ្មវិហារធម៌ និងទសពិធរាជធម៌។
ឧទាហរណ៍៖ សិលាចារឹកព្រះគោ និយាយពីព្រះបាទឥន្រ្តវរ្ម័នទី១រៀបរាប់ថា ”ព្រះបាទឥន្ត្រីវរ្ម័នទី១ ធ្វើឱ្យប្រជារាស្រ្តសំបូរ សប្បាយ ដោយការប្រតិបត្តិវិស័យ៣ប្រការ”។
សិលាចារឹកនិយាយពីព្រះបាទជ័យ វរ័្មន នៅមន្ទីរពេទ្យ “ជំងឺប្រជារាស្រ្ត ធ្វើឱ្យព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់របស់ព្រះអង្គ”។
ការបន្តរាជ្យ៖ បុត្រច្បងឡើងសោយរាជ្យស្នងព្រះបិតា តែបើគ្មានបុត្រច្បង ញាតិមិត្តណាម្នាក់អាចឡើងសោយរាជ្យជំនួសបាន (ឯកសារខ្លះបញ្ជាក់ថាទាល់តែជាញាតិខ្សែខាងស្រី ជាមួយស្តេចមុន ឬត្រូវយកក្សត្រណាមួយក្នុងគ្រួសារស្តេចមុនទើបអាចទទួលរាជសម្បត្តិបាន)។ ក្នុងករណីអ្នកស្នងរាជ្យនៅវ័យ ក្មេងពេកនោះ រាជកិច្ចត្រូវបានទៅព្រះគ្រូ ឬឧបរាជ ជាអ្នកទទួលខុសត្រូវជំនួសព្រះអង្គ[3]។
-រដ្ឋបាលកណ្តាល៖ ការគ្រប់គ្រងរដ្ឋស្ថិតនៅក្នុងកណ្តាប់ដៃអភិជនមួយក្រុមតូច។ តំណែងធំៗ ត្រូវបានទៅព្រះរាជវង្សានុង្ស។ វណ្ណៈក្សត្រ និងព្រាហ្មណ៍ជាវណ្ណៈខ្ពស់ ហើយវណ្ណៈទាំងពីរតែងតែចងសម្ព័ន្ធមេត្រីនឹងគ្នា។ ព្រះរាជាប្រទានសវនការចំនួនពីរដងក្នុងមួយថ្ងៃសម្រាប់ដោះស្រាយកិច្ចការរដ្ឋ ពួកនាហឺ្មន និងរាស្រ្តអង្គុយផ្ទាល់ដី។ មន្រ្តីធំៗខ្លះជាទីប្រឹក្សាខ្លះទទួលបន្ទុកធំក្នុងវាំង ឬកាន់ទ័ពឈរជើងនៅតាមខេត្ត ខណ្ឌ។ មន្ត្រីជាន់ទាប ត្រូវជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់។ គ្រែស្នែង (មាស ឬប្រាក់) និងចំនួនក្លស់ (ដងមាស ឬដងប្រាក់) ជាតំណាងសញ្ញាសក្តិ។
-រដ្ធបាលភូមិភាគ៖ មានចៅហា្វយខេត្ត មេស្រុក មេភូមិ មេឃ្លាំង។ល។ ស្រ្តីមានមុខងារសំខាន់ដែរ ខ្លះធ្វើជាហោរា ខ្លះទៀតជាចៅក្រម ក្នុងរាជវាំង។ល។
គ-សេដ្ឋកិច្ច និងសង្គមកិច្ច
នយោបាយទឹក ជាមធ្យោបាយមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យបានលូតលាស់ជាអតិបរមា។ ឧទាហរណ៍ៈ បារាយណ៍ច្រើនត្រូវបានកសាងឡើងដោយរាស្រ្ត។
បណ្តាញផ្លូវថ្នល់ បូករួមទាំងផ្លូវទឹកជាមធ្យោបាយយ៉ាងសំខាន់បំផុត ខាងផ្នែកពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស។
ផ្នែកស្ថាបត្យកម្មវិញ គេឃើញមានប្រាសាទ២បែប៖
-ប្រាសាទភ្នំ ជាប្រាសាទសង់លើខឿនច្រើនជាន់សម្រាប់លទ្ធិទេវរាជ (បាខែង បាគង បក្សី ចាំក្រុង អង្គរវត្ត បាយ័ន។ល។
-ប្រាសាទសង់រាបនឹងដីសម្រាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មា ព្រះខ័ន តាព្រហ្ម ។ល។) ពីស្តេចមួយទៅស្តេចមួយ ប្រាសាទកាន់តែធំ និងកាន់តែច្រើន។
យើងអាចសន្និដ្ឋានបានថា សម័យអង្គរជាសម័យដែលអរិយធម៌ខ្មែរឡើងដល់កំពូល ដោយវិស័យសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ឡើងដល់កំពូល។
ព្រះបាទជ័យវរ័្មនទី៧ បានកសាងសាលាសំណាក់ចំនួន១២១ នៅតាមបណ្តោយផ្លូវទូទាំងប្រទេសពីមួយទៅមួយចម្ងាយ១៥ គ.ម.៖
-ពីអង្គរ ទៅចម្ប៉ា មាន ៥៧សាលា
-ពីអង្គរ ទៅភីម៉ៃ មាន ១៧សាលា
-កន្លែងដទែទៀត មាន ៤៦សាលា
-ភ្នំជីសូរ មាន១សាលា
ព្រះអង្គបាន កសាងមន្ទីរពេទ្យចំនួន ១០២ នៅពាសពេញប្រទេស ដើម្បីឱ្យមនុស្សក្នុងវណ្ណៈទំាង៤ ចូលព្យាបាលជំងឺដូចគ្នា ។
ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ព្រះបាទជ័យវរ្ម័នទី៨ ត្រឡប់ទៅរកសិវៈនិយមវិញ ដែលជាហេតុបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីពួកព្រហ្មណ៍ប្រឆាំងនឹងព្រះពុទ្ធសាសនា រហូតដល់មានការកម្ទេច ឬកោសលុបព្រះពុទ្ធបដិមាចោល[4]។
៣-ទំនាក់ទំនងរវាងអរិយធម៌និងច្បាប់
នៅក្នុងស្នាដៃអក្សរសិល្ប៍ទាក់ទងនឹងយុត្តិធម៌ អ្នកដែលមានមុខងារកាត់ក្តីត្រូវបានកំណត់ឈ្មោះចំនួនបីយ៉ាងគឺ ”ចៅក្រម” “សុភា” និង “តុលាការ” ។
វចនានុក្រមខ្មែរបានកំណត់និយមន័យនៃពាក្យ “ចៅក្រម” ថាជាមន្រ្តីតុលាការ ឬមន្ត្រីអ្នកជម្រះក្តីដោយពុំបានបញ្ជាក់អំពីឫសនៃពាក្យនេះឡើយ។ ការពិត “ចៅក្រម” មកពីពាក្យថា ”ចៅ” និង”ក្រម”។ ក្នុងន័យនេះ ចៅក្រម សម្គាល់ អ្នកនាយ អ្នកដែលមិនធ្លាប់បានបួសសោះ ម្ចាស់ ដូចជា ”ព្រះចៅក្រុងកម្ពុជា” សំដៅដល់ម្ចាស់ក្រុងកម្ពុជា គឺស្តេច ឬ ”ចៅទេស” សំដៅលើម្ចាស់ប្រទេស គឺព្រះរាជា។ រីឯ ”ក្រម” មានន័យថា លំដាប់ ក្បួន កម្រងមាត្រាច្បាប់ សម្រាប់តុលាការកាត់ក្តី បែប ពួក ប៉ែក។ ដូច្នេះ ”ចៅក្រម” សំដៅដល់ម្ចាស់ច្បាប់ អ្នកកាន់ច្បាប់អ្នកទ្រទ្រង់ និងការពារច្បាប់ អ្នកដែលបានសិក្សាស្វែងយល់អំពីច្បាប់ អ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ អ្នកតំណាងច្បាប់។ ផ្អែកលើការពន្យល់នេះ ”ចៅក្រម” សំដៅដល់អ្នកកាត់ក្តី ដែលផ្តោតមុខងារជាសំខាន់លើការអនុវត្តច្បាប់ ប្រតិបត្តិច្បាប់ ឬកាត់ក្តីផ្តល់យុត្តិធម៌ដោយអនុវត្តត្រឹមត្រូវ និងទៀងត្រង់តាមច្បាប់។
“សុភា” ជាពាក្យដែលប្រែក្លាយមកពី “សភា” ដែលមានន័យថា “ទីប្រជុំពិភាក្សាកិច្ចការ,ទីតុលាការ” រីឯ “សុភា” គឺអ្នកពិភាក្សាក្តី ឬឋានន្តរចៅក្រមខាងតុលាការជាអ្នកពិភាក្សាក្តី។ ដូច្នេះ “សុភា” សំដៅដល់អ្នកកាត់ក្តីដែលផ្តោតមុខងារចម្បងលើការពិភាក្សាជំនុំជម្រះសេចក្តី។
“តុលាការ” មកពីពាក្យ “តុលា” ប្រែថា ជញ្ជីង ឬ ត្រាជូ, ផ្សំជាមួយនឹង “ការៈ ឬអាកា” មានន័យថាការថ្លឹង ការស្ទង់មិនឱ្យល្អៀងឬអ្នកស្ទង់តម្រង់សេចក្តី ឬកិច្ចការដែលគេជម្រះក្តីគេកាន់យុត្តិធម៌ឱ្យស្មើដោយថ្លឹងដូចជញ្ជីងក្រសួងជម្រះក្តី ឬចៅក្រម អ្នកវិនិច្ឆ័យក្តី។ ដូច្នេះ “តុលាការ” គឺជាកាត់ក្តីឬស្ថាប័នកាត់ក្តីដែលលើកតម្តើងមុខងារសំខាន់ខាងការថ្លឹងថ្លែងមិនឱ្យល្អៀង។
ចំណែកឯពាក្យ “អ្នកកាត់ក្តី” គឺជាពាក្យទូទៅដែលសម្គាល់បានទាំងចៅក្រម ទាំងសុភា ទាំងតុលាការ ពីព្រោះបើវិភាគលើឫសនៃពាក្យនេះ “អ្នក” ប្រែថាបុគ្គល ជន ឬមនុស្ស។ “កាត់” គឺផ្តាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ រណារជាដើម ហេតុដូច្នេះហើយទើបមានពាក្យថា “អារកាត់” ដែលសំដៅដល់ការសម្រេចចិត្ត ការសម្រេចកិច្ចការអ្វីមួយឱ្យដាច់ស្រេចស្ថាពរ។ ម្យ៉ាងទៀត “កាត់” នេះមានន័យជ្រាលជ្រៅណាស់ក្នុងអក្សរសាស្រ្តខ្មែរ ដូចជាកាត់សុបិន គឺជាការទស្សន៍ទាយ ឬដោះស្រាយន័យសេចក្តីរបស់សុបិន។ កាត់ប្រផ្នូលគឺជាការទស្សន៍ទាយ ឬដោះស្រាយ អាថ៌កំបាំងដែលបង្កប់នៅក្នុងប្រផ្នូលនោះ។ ពិធីកាត់សក់បង្កក់សិរីដល់កូនប្រុសស្រីរៀបមង្គលការ គឺជាពិធីដែលផ្តល់នូវសិរីសួស្តី ជ័យមង្គល ឱ្យសម្រេចប្រយោជន៍តាមសេចក្តីប៉ងប្រាថ្នាពោលគឺកាត់សក់ដើម្បីបង្កក់សិរី ដែលមានន័យថាធ្វើឱ្យមានជោគជ័យ សិរីសួស្តី។ កាត់ទោស គឺសម្រេចអំពីទោសដែលត្រូវអនុវត្ត ចំពោះអ្នកដែលបានប្រព្រឹត្តល្មើសច្បាប់។ កាត់ចិត្ត គឺសម្រេចចិត្តឱ្យដាច់ស្រឡះ កុំឱ្យចេះតែនឹកនាស្តាយស្រណោះតទៅទៀត។ ដូច្នេះ “កាត់” មានន័យសំខាន់ គឺជាកិរិយា ធ្វើឱ្យ សម្រេចដល់ជោគជ័យដល់សេចក្តីពិតនៃអាថ៌កំបាំង។
រីឯ “ក្តី” មានន័យថា ដំណើរ ហេតុការណ៍ដែលទាស់ទែងគ្នា ដែលប្តឹងផ្តល់គ្នារហូតដល់ទីតុលាការវិនិច្ឆ័យ ដូចជា “ក្តីក្តាំ” សំដៅលើវិវាទ អធិករណ៍។ កើតក្តី កើតមានវិវាទនឹងគ្នា។ “អ្នកកាត់ក្តី” សំដៅដល់បុគ្គលទាំងឡាយណាដែលមានមុខងារដោះស្រាយឬសម្រេចនូវទំនាស់ ឬវិវាទផ្សេងៗឱ្យបានដាច់ស្រេចជាស្ថាពរដោយសិរីសួស្តី។ អាស្រ័យដោយពាក្យនេះមានលក្ខណៈទូទៅ និង សាមញ្ញ ប្រកបដោយប្រជាប្រិយភាពនៅក្នុងសង្គមខ្មែរ ទើបសាស្រ្តាដែលទាក់ទងនឹងការកាត់ក្តីមានឈ្មោះថា ”កឹងកន្ត្រៃ” ដែលស្តែងឱ្យជាក់នូវការកាត់ក្តីដោយកន្ត្រៃយុត្តិធម៌។
សរុបសេចក្តីមក អ្នកកាត់ក្តី ទោះមានឈ្មោះជា ចៅក្រុម សុភា ឬតុលាការ គឺអាស្រ័យលើការកំណត់របស់ថ្នាក់ដឹកនាំប្រទេស ឬការនិយមចូលចិត្តប្រើរបស់ប្រជាពលរដ្ឋ។ អ្វីដែលសំខាន់ គឺផ្តើមចេញពីនិយមន័យ ដែលបានវិភាគខាងលើនេះអ្នកកាត់ក្តីគឺជាអ្នកដោះស្រាយ សម្រេចរាល់បញ្ហាទំនាស់ ឬវិវាទដែលកើតមានឡើងឱ្យដាច់ស្រេចជាស្ថាពរ ប្រកបដោយសិរីសួស្តី ហើយការសម្រេចបានជោគជ័យលើភារកិច្ចនេះ ត្រូវពឹងផ្នែកជាមូលដ្ធាន លើការអនុវត្តច្បាប់ ការពិភាក្សាជំនុំសេចក្តីការថ្លឹងថ្លែងមិនឱ្យល្អៀង ដើម្បីសម្រេចជម្រះរឿងទំនាស់ ឬវិវាទទាំងអម្បាលឱ្យបានជ្រះស្រឡះដាច់ស្រេចដល់សេចក្តីពិត និងសេចក្តីត្រឹមត្រូវ។
ដូច្នេះ មុខងារកាត់ក្តី ដើម្បីផ្តល់យុតិ្តធម៌ យ៉ាងហោចណាស់តម្រូវឱ្យបំពេញភារកិច្ចបីជំពូក គឺអនុវត្តច្បាប់ ពិភាក្សា និងថ្លឹងថ្លែងមិនឱ្យល្អៀង ទោះបីអ្នកកាត់ក្តីនោះមានឈ្មោះជាចៅក្រម សុភា ឬតុលាការក៏ដោយ។
៣.១-ក្រមសីលធម៌អ្នកកាត់ក្តី
ដើម្បីបំពេញមុខងាររបស់ខ្លួនក្នុងការផ្តល់យុត្តិធម៌ អ្នកកាត់ក្តីទាំងឡាយត្រូវវៀរចាក អគតិ ធម៌ផង និងប្រតិបត្តិតាមសុគតិធម៌ផង ព្រមទាំងកាន់សីលប្រាំជាប្រចាំ និងចាំសីលប្រាំបី នៅរៀងរាល់ថ្ងៃសីលផង។ ចំពោះព្រះមហាក្សត្រ ដែលជាចៅក្រមដ៏កំពូលនោះក្រៅពីករណីយកិច្ចទាំងនោះក៏ត្រូវបន្ថែមទសពិធរាជធម៌ ដែលមានដប់ប្រការថែមទៀត។
ក-ពាក្យទំនៀមបង្ការទំនាស់៖ តាមពាក្យទំនៀមខ្មែរ ចាស់បុរាណតែងទូន្មានឱ្យជនទាំងឡាយវៀរចាកនូវទំនាស់នឹងគ្នា ពីព្រោះកាលណាវិវាទឡើងដល់ចៅក្រមកាត់ក្តី ភាគីទំនាស់ទាំងសងខាងរមែងតែងតែខាតបង់ ដូចៗគ្នាពុំលែងឡើយ។ ដើម្បីបង្ការមិនឱ្យមានទំនាស់ ចាស់បុរាណតែងហាមថា ”កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះជាមួយ” ឬ ”កុំធ្វើស្រែប្រវាស់ កុំសង់ផ្ទះចូលគ្នា” ពីព្រោះ លោកតែងសង្កេតឃើញមានទំនាស់ជាញឹកញាប់ ទាក់ទងនឹងការបែងចែកភាគផលដំណាំស្រូវ និងការសង់ផ្ទះរំលោភបំពានគ្នាទៅវិញទៅមក បង្កជាទំនាស់ដ៏រុំារ៉ៃដូច ឃុនឧត្តម ប្រីជា ចាប ពិន បានពន្យល់សុភាសិតនេះថា៖ «សុភាសិតនេះពោលត្រង់ៗ បើយើងពិនិត្យដោយផ្ចិតផ្ចង់ ក៏គង់ឃើញជាក់ប្រាកដណាស់។ បានជាលោកឃាត់អំពើនៃការធ្វើស្រែប្រវាស់ ព្រោះរមែងច្រើនតែទាស់ ទំនាស់នាំកើតទុក្ខវេទនា។ មួយទៀតការសង់ផ្ទះសំបែង ចូលគ្នាតែងតែទាស់គ្នា ហេតុនេះទើបលោកហាមឃាត់ថា “កុំធ្វើចូលគ្នាឱ្យសោះឡើយ”។»
ក្នុងរឿងទិញដូររបស់ទ្រព្យ បុរាណលោកតែងតែទូន្មានថា “សូវទិញ កុំឱ្យដូរ” ពីព្រោះកាលណាទិញទៅគឺតែងតែដាច់ស្រេចល្អរីឯដូររបស់គ្នាវិញរមែងនាំមកនូវការមិនពេញចិត្តដោយប្រការផ្សេងៗ។ ចំពោះរបស់ជាបញ្ញើគេ បុរាណលោកទូន្មានថា ”បញ្ញើស្មើបំណុល” ពីព្រោះកាលណាទ្រព្យបញ្ញើដែលគេផ្ញើនោះប្រែបាត់បង់ ឬវិនាសហិចហោចដោយប្រការណាមួយ អ្នកទទួលបញ្ញើរមែងមានកាតព្វកិច្ចសងទ្រព្យបាត់នោះទៅម្ចាស់បញ្ញើវិញ ដូច្នេះអ្នកទទួលបញ្ញើមិនត្រូវគិតធ្វេសប្រហែល ឬទទួលបញ្ញើឱ្យតែរួចពីដៃនោះទេតោងគិតអំពីទំហំការទទួលខុសត្រូវរបស់ខ្លួនផងក្នុងករណីមានការបាត់បង់។
បុរាណលោកទូន្មានបន្តទៀតថា ”កុំឈ្លោះនឹងស្រី កុំក្តីនឹងចិន” ពីព្រោះលោកយល់ឃើញថាមនុស្សស្រីតែងតែមានចិត្តមិននឹងនរ។ ច្រើនឆាប់ខឹងហើយក៏ឆាប់ជាដែរចំណែកឯឈ្លោះនឹងគ្នាឯងរមែងនាំមកនូវការបាត់បង់ទ្រព្យា ពុំលែងឡើង ហើយបើឈ្លោះនឹងចិនវិញ គឺមុខជាមិនអាច ឬកម្រនឹងឈ្នះក្តីណាស់ដ្បិតអីចិននៅស្រុកខ្មែរតែងមានឈ្មោះល្បីខាងពូកែរកស៊ីរបរជំនួញ មានមាសប្រាក់ធនធានច្រើន សម្រាប់សូកចៅក្រមកាត់ក្តីឱ្យខ្លួនឈ្នះជានិច្ច។ សុភាសិតនេះ ឃុនឧត្តមប្រីជា ចាបពិន បានអធិប្បាយទុកមកថា៖
“ពាក្យនេះលោកពោលថាឃាត់ កុំឱ្យប្រុសៗធ្វើភ្លាំងភ្លាត់ ទាស់មាត់ទាស់ឈ្លោះវិវាទ។ ដ្បិតលោកចាត់ស្រីទៅដោយប៉ែក ចម្លែកពីប្រុសដោយធម្មជាតិ ទាំងចិត្តគំនិតឫកមារយាទ សឹងឃ្លាតពីប្រុសមិនដូចគ្នា។ ធម្មជាតិស្រីៗ ចិត្តមិននឹង ច្រើនឆាប់ខេខឹងតែឆាប់ជា ប្រុសណាឆាប់ខឹងនឹងប៉ះពារឈ្លោះទាស់ទែងគ្នាជាមិនខាន។ ទើបលោកថា “កុំឈ្លោះនឹងស្រី” វាអាប់សួស្តីដល់ខ្លួនប្រាណ មិនបានជាការអ្វីប៉ុន្មាន បានតែរុះខានចិត្តអាត្មា។ មួយទៀតទុកជាប្រុស ឬស្រី មិនត្រូវកើតក្តីអ្វីនឹងគ្នាព្រោះក្តីតែងខូចខាតទ្រព្យា ទាំងអស់គ្នាទាំងឈ្នះចាញ់។ អ្នកឈ្នះក៏ដាច់ទ្រព្យាធនធាននាំឱ្យរំខានចិត្តខ្មួលខ្មាញ់ ចំណែកខាងឯអ្នកដែល ចាញ់ខូចទ្រព្យាកើតក្នាញ់យ៉ាងក្រៃលែង។
ដូច្នេះ ការបង្កជម្លោះក្តីក្តាំនឹងគ្នា តែងនាំមកនូវសេចក្តីវិនាសក្រលំបាក ដូចសុភាសិតមួយបានពោលថា “ធ្ងន់នឹងថ្ម ក្រនឹងក្តី” ឬ “ធ្ងន់នៅថ្ម ក្រនៅក្តី” ហើយដែលឃុនឧត្តមប្រីជា ចាប ពិន បានពន្យល់ជាពាក្យកាព្យដូចខាងក្រោមនេះ៖
សុភាសិតនេះបើរិះរក តាមន័យបុរាណលោកពោលមក អស់យើងគួរយកជាគោលបាន ។ ជាពាក្យបន្លាចជនស្រីប្រុស មិនឱ្យគិតខុសហួសប្រមាណ ប្រមាថអ្នកផងមិនគិតប្រាណ កើតបានជារឿងក្តីក្តាំឡើយ។ ព្រោះការក្តីក្តាំនាំបង្កើន ចម្រើនវេលាទោសឥតស្បើយ ទាំងខាងចោទ ចុងចម្លើយ ម្ល៉ោះហើយតែខាតខូចទ្រព្យា។ ដូចកលត្បាល់កិនតែងរេចព្រម ទាំងលើទាំងក្រោម ស្មើៗគ្នាហេតុនេះទើបប្រាជ្ញលោកពោលថា ដូចមាតិកាខាងដើមនោះ។
អ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ក៏បានទូន្មានកូនចៅអ្នកស្រុកស្រែចម្កាឱ្យវៀរចាកអំពើដែលបង្កឱ្យមានកើតក្តីក្តាំផងដែរ នៅក្នុងការប្រកបជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។ លោកបានទូន្មានអ្នកស្រែចម្ការទាំងឡាយកុំឱ្យលើកដីឯងទៅដាក់នៅស្រែខាងគេតាមបទកំណាព្យនៅក្នុងច្បាប់ល្បើកថ្មីដូច្នេះថា៖
“កូនអើយធរណី បើតាមគម្ពីរ ដែលលោកសម្តែង កុំចង់បានធំ ប្រមុំឆ្វៀលឆ្វែង កុំលើកដីឯងលបដាក់ស្រែគេ។ អំពើអាក្រក់ មួយចំរៀកសក់ ធ្លាក់ទៅនិរយេ បច្ចុប្បន្នលោកិយ កើតក្តីវាយជេរ មិនដែលសុខទេ ព្រោះដីមួយហត្ថ។
លោកបានផ្ដាំដល់អស់កូនចៅអ្នកស្រែចម្ការឱ្យឧស្សាហ៍ស្រាស់របង តែកុំឱ្យស្រាស់របងឆ្លងចូលទៅក្នុងដីគេ៖
“របៀបចម្ការ ថែទាំរក្សា យូរៗស្រាស់ម្ដង ស្រាស់ឱ្យត្រូវជួរ មើលគួរសមផង កុំបើកមុងឆ្លង ទៅស្រាស់ខាងក្រៅ។ មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ ពីព្រោះចម្ការ”។
ចំពោះរឿងប្រគល់ទ្រព្យខ្លួនដល់អ្នកផង ដែលទុរគត ក្រខ្សត់ខ្ចីនេះលោកទូន្មានឱ្យមើល ពិនិត្យឱ្យល្អិតល្អន់អំពីឫកមារយាទរបស់ជននោះជាមុនសិន ក្រែងត្រូវប៉ះចំលើជនដែល “ធ្វើគុណបានទោស” មកវិញនោះជាហេតុនាំឱ្យកើតក្ដីក្ដាំអស់ស្រែចម្ការ ចាន ឆ្នាំង ទំរាំដឹងចាញ់ដឹងឈ្នះ៖
“ចិត្តល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន ឃើញអ្នកទុរគត កម្សត់អត់ឃ្លាន មិនស្គាល់ពោះវៀន ហ៊ានឱ្យជឿខ្ចី។ ទៅទារមិនឱ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី រវល់ក្ដីខានថែ។ ចិត្តល្អមួយ មេត្រីជាញាតិ សម្ដីខ្ចីស្រែ បានស្រូវស៊ីស្កប់ ត្រឡប់កាច់កែ រំលងឆ្នាំខែ ដកហូតមិនបាន។ ឯងប្ដឹងវា ត ក្ដីទាល់តែក្រ អស់ឆ្នាំង អស់ចាន របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន ទំរាំចាញ់ឈ្នះ។ ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឱ្យច្បាស់ កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ ប្រទាញសងខាង”[1]។
សុភាសិតនិងពាក្យទំនៀមពីបុរាណ ដែលអ្នកប្រាជ្ញលោកបានទូន្មានជាបណ្ដាំសម្រាប់កូនចៅជំនាន់ក្រោយ ឱ្យជៀសវាងវិវាទ ឬក្ដីក្ដាំនឹងគ្នានេះ ទំនងជាមានមូលហេតុមកពីវិវាទទាំងឡាយពុំអាចដោះស្រាយបានដោយការប្ដឹងផ្ដល់ទៅចៅក្រមឡើយ។ ពីព្រោះលោកយល់ថា ជាទូទៅ នៅក្នុងសង្គមខ្មែរ ចៅក្រមទាំងឡាយពុំអាចផ្ដល់យុត្តិធម៌ជូនដល់អ្នកផងឡើយ។ សុភាសិតទាំងនេះស្ដែង បញ្ជាក់អំពីការបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ខ្មែរស្ទើរតែទាំងស្រុង អស់ជាច្រើនសតវត្សកន្លងមកហើយ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងសង្គម ទំនាស់គឺជារឿងដែលមិនអាចជៀសវាងបានឡើយ។ រីឯការប្ដឹងផ្ដល់គ្នាឡើងដល់ចៅក្រមក៏តែងជាមធ្យោបាយ ដោះស្រាយទំនាស់នេះផងដែរ ហេតុដូច្នេះហើយទើបមានបុរាណភាសិតមួយបានពោលទុកមកថា “ខ្ពើមអាចម៍ឡើងជិះដំរី ខ្ពើមក្ដីឡើងចុងត្នោត” ហើយបើកើតក្ដី មិនត្រូវប្រឆាំងតវ៉ានឹងពាក្យបង្គាប់បញ្ជារបស់ចៅក្រមឡើយ ព្រោះបុរាណលោកបានពោលថា “កុំកាច់ ឧសប្រកួតដំរី កើតក្តីកុំប្រកួតនឹងចៅក្រម”។ ពាក្យទំនៀមនេះ ឃុនឧត្តមប្រីជា ចាប ពិន បានពន្យល់ជាពាក្យកាព្យទុកដូច្នេះថា៖
“ពាក្យនេះអ្នកប្រាជ្ញពោលឃាត់ឃាំង មិនឱ្យមនុស្សយើងប្រព្រឹត្តឆ្នាំង ប្រណាំងវាសនានឺងដំរី។ ពីព្រោះដំរីជាសត្វកាច មានចិត្តកំណាចខ្លួនឥតបី ក្នុងព្រៃណាមួយមានដំរី កុំបីកាច់ឧសប្រកួតវា ។ កាលបើប្រកួតដំរីកាច វាអាចនឹងព្រេចឱ្យមរណា ហេតុនេះបុរាណលោកពោលថា កុំហ៊ានតវ៉ានឹងសត្វធំ។ ពាក្យនេះអ្នកប្រាជ្ញលោកស្រដីថាដូចកូនក្តីជាដំណាំ ត្រូវកុំប្រកួតនឹងចៅក្រម គឺលោកអ្នកធំជាប្រធាន។ ក្នុងរឿងក្តីក្តាំរបស់ខ្លួន ត្រូវស្ងួនចិត្តលោកកុំឈ្លានពាន តែមិនត្រូវខ្លាចត្រូវតែហ៊ានពោលរឿងខ្លួនមានឱ្យច្បាស់លាស់”។
ខ-ពាក្យទំនៀមទូន្មានអ្នកកាត់ក្តី៖ ក្រៅពីទូន្មានប្រជាជនទូទៅឱ្យជៀសវាងទំនាស់ ឬការបង្កជារឿងក្តីប្តឹងផ្តល់គ្នា ចាស់បុរាណក៏បានទូន្មានអស់អ្នកកាត់ក្តីទាំឡាយ ឱ្យប្រកបដោយសុចរិតនិងយុត្តិធម៌ ដោយបានពោលជាសុភាសិតទុកមកជាអាទិ៍ថា “ល្មោភឥតខ្មាស វិនាសច្បាស់”។ ពាក្យទំនៀមនេះចង់ពោលសំដៅដល់ចៅក្រមទាំងឡាយដែលលោភលន់ប្រាថ្នាប្រយោជន៍ ឬលាភសក្ការៈផ្ទាល់ខ្លួន ពីរឿងក្តីដែលខ្លួនត្រូវជំនុំជម្រះ ដែលជាហេតុនាំឱ្យចៅក្រមនោះបំពានច្បាប់ ឬពុំយកច្បាប់មកអនុវត្តដើម្បីផ្តល់យុត្តិធម៌ឡើយ។ ជួនកាលទៀត ចៅក្រមមានញាតិមិត្តសាច់សាលោហិតជាភាគីទំនាស់ ដែលជាមូលហេតុនាំឱ្យចៅក្រមលម្អៀងទៅរកគូក្តីនោះ ហើយក្នុងករណីនេះ ការជំនុំជម្រះក្តីក៏ត្រូវប្រាសចាកពីច្បាប់និងយុត្តិធម៌ផងដែរ ដូចពាក្យទំនៀមមួយបានពោលទុកថា ”យល់ញាតិ ឃ្លាតច្បាប់”។ ខ្លឹមសារនៃសុភាសិតនេះ ត្រូវបានបកស្រាយជាពាក្យកាព្យដោយឃុនឧត្តមប្រីជា ចាប ពិន ដែលមានសេចក្តីដូចតទៅ៖
“បុរាណភាសិតនេះ ថ្លៃថ្លាជាពាក្យ ត្រង់ៗ មិនប្រស្នាដែលយើងរាល់គ្នាក៏អាចឃើញពិត។ ធម្មតាពួកជនជាព្រៀងលាន ជាញាតិសន្តានទាំងឆ្ងាយជិត កាលបើស្រឡាញ់គ្នាយ៉ាងស្និទ្ធ តែគិតយោគយល់មុខមាត់គ្នា។ បើកើតរឿងអ្វីនីមួយ តែងជួយសង្គ្រោះឱ្យ វឌ្ឍនា ទោះបីជាមានទោសធ្ងន់យ៉ាងណា ក៏កែកុនគ្នាឱ្យបានស្រាល។ បើទោសស្រាលស្រាប់តែសម្រួល ឱ្យញាតិបានស្រួលយ៉ាងវិសាលដើម្បីឱ្យញាតិបានត្រកាល ឈឺឆ្អាលឱ្យបានសុខសេរី។ ទោះបីច្បាប់ថាត្រូវមានទោសក៏ គង់សន្តោសប្រោសប្រណី សម្រាប់ច្បាប់នោះឱ្យស្រាល ដោយក្តីយល់មុខញាតិសន្តាន។ កាលបើដូច្នោះតែងឃ្លៀងឃ្លាត ចាកច្បាប់ព្រោះញាតិនាំរំខាន ហេតុនេះអ្នកប្រាជ្ញពីបុរាណ ទូន្មានឱ្យយើងខំប្រយ័ត្ន”។
ដូច្នេះភាពមិនលម្អៀងនៃចៅក្រម គឺជាលក្ខខណ្ឌសម្រាប់ឱ្យបានយុត្តិធម៌ ពោលគឺយុត្តិធម៌ ពុំអាចស្តែងចេញជារូបរាងបានឡើយ ដរាបណាចៅក្រមនៅតែលម្អៀងនោះ។ នេះគឺជាករណីយកិច្ចរបស់អ្នកកាត់ក្តីទាំងឡាយ ដែលត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច និងជៀសវាងឱ្យខាងតែបាននូវសេចក្តីលម្អៀង ដូចបុរាណភាសិតមួយបានពោលបណ្តាំទុកថា៖
“ហោរាប្រយ័ត្នមាត់រអិល ជាងទងកាន់សីលប្រយ័ត្នទៀង ចៅក្រមប្រយ័ត្នមិនលម្អៀង អ្នកផ្អៀងប្រយ័ត្នបាត់អក្ខរា”។
រីឯអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ ក៏បានផ្តាំទុកសម្រាប់ចៅក្រមទាំងឡាយឱ្យប្រកាន់យកធម៌កណ្តាល ជៀសវាងអគតិធម៌ទាំងឡាយ កុំភ្លើតភ្លើនមើលឃើញតែមាសប្រាក់ ឱ្យតាំងខ្លួនជាទឹកដែលត្រូវរំលត់ភ្លើងវិវាទនៃគូទំនាស់ ជាពិសេសគឺសម្របសម្រួលរវាងច្បាប់ចាស់ និងច្បាប់ថ្មី ឱ្យសមស្របតាមការ វិវត្តនៃសង្គមដូចមានសេចក្តីបញ្ជាក់ក្នុងច្បាប់ថ្មីជាពាក្យកាព្យខាងក្រោមនេះស្រាប់៖
“ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្តី កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្តីយកឧបេក្ខា។ កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ខាងណា សច្ចាយកត្រង់។ លួងលោមពិសោធ កុំឆបញ្ជោត បញ្ចូលឱ្យបង់ ឱ្យបែកឱ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់ តម្រង់ស្មារតី។ កុំភ្លើនឃើញប្រាក់ កុំភ្លើនភ្លាត់សក្តិ ធ្លាក់ទៅអវិចី កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកិយ ដល់បរលោកនាយ។ អ្នកក្តីជាភ្លើងកុំកាត់កាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រំឭករំលាយ កុំជេរកុំវាយ បង្ខំនាំខុស។ ចោរខូចលួចប្លន់ រីចោរស្ម័គ្រស្មន់ តណ្ហាស្រីប្រុស កុំស្អប់ខាងណេះ បញ្ចេះខាងណោះ លួមលោមបញ្ចុះបញ្ចូលចិត្តក្តី។ កុំដុតឱ្យក្តៅ បើឃើញគ្នាខ្លៅ ប្រាជ្ញាគ្នាខ្ចី កុំឃ្លានប្រាក់ប្រុសបន្តុះខាងស្រី បើកាន់ច្បាប់ថ្មី កុំចោលច្បាប់ចាស់”។
ដោយសង្កេតឃើញថា ចៅក្រុមទាំងឡាយពុំបដិបត្តិតាមករណីយកិច្ចរបស់ខ្លួន អយុត្តិធម៌ចេះតែរីករាលពាសពេញក្នុងសង្គម ប្រជាជនខិតខំស្វែងយល់ពីមូលហេតុនាំឱ្យកើតមានអយុត្តិធម៌នោះ។ ក្នុងគោលបំណងស្វែងយល់អំពីមូលហេតុទាំងនេះ មានអ្នកប្រាជ្ញខ្មែរខ្លះបានបកស្រាយថានេះជាពុទ្ធទំនាយដែលបានទស្សន៍ទាយតាំងពីសម័យពុទ្ធកាលមកម្ល៉េះថា អំពើអយុត្តិធម៌នឹងកើតមានជៀសមិនរួចឡើយដរាបណាការរៀបចំនិងការគ្រប់គ្រងប្រទេសជាតិពុំប្រកបដោយធម៌ បញ្ញត្តិ។
គ-ខ្លឹមសារនៃអគតិធម៌៖ តាមឫសនៃពាក្យ យុត្តិធម៌គឺជាសេចក្តីត្រឹមត្រូវទៀងត្រង់តាមធម៌ ឬច្បាប់។ ដើម្បីសម្រេចបាននូវសេចក្តីត្រឹមត្រូវតាមច្បាប់នេះប្រពៃណីយុត្តិធម៌ខ្មែរ ដែលផ្អែកលើមូលដ្ឋាននៃលទ្ធិពុទ្ធសាសនា បានចង្អុលមូលហេតុនៃដំណើរដែលមិនត្រឹមត្រូវ ឬមិនទៀងត្រង់តាមច្បាប់។ មូលហេតុនោះមានឈ្មោះថា “អគតិធម៌” ដែលសំដៅដល់សេចក្តីលម្អៀងទាំង៤ ប្រការគឺ ឆន្ទាគតិ លម្អៀងព្រោះស្រឡាញ់, ទោសាគតិ លម្អៀងព្រោះស្អប់ ឬក្រោធ ភយាគតិ លម្អៀងព្រោះភ័យ ឬខ្លាច និងមោហាគតិ លម្អៀងព្រោះវង្វេង ឬល្ងង់[2]។
៣.២-គោលការណ៍យុត្តិធម៌
ក-ច្បាប់ហេតុផល៖“ច្បាប់ហេតុផល” គឺជាសំណុំវិធានដែលមានគោលបំណងកំណត់ផលរបស់ហេតុ ឬ កំណត់ផលដែលត្រូវនឹងហេតុ ឬកំណត់ចំណងដែលចងភ្ជាប់ហេតុទៅនឹងផលដែលអាចហៅថា “ចំណងហេតុនិងផល” ឬ ចំណងហេតុផល”។ ច្បាប់នេះមានគោលដៅស្វែងរកផលដែលសមចំពោះហេតុស្របតាមសុភាសិតបុរាណបានពោលថា “ទំពក់វាទៅ ទើបព្នៅវាជ្រុះ“ “មានប្រឡាយ ទើបទឹកវាហូរ” “មានសំរាម ទើបឆ្កែវាជុះ” “មានភ្លើងទើបមានផ្សែង” ជាដើម។ ដោយអនុលោមតាមច្បាប់ហេតុផលនេះ គោលការណ៍ច្បាប់មួយចំននួបានបង្កើតឡើង និងបង្កប់នៅក្នុងសេចក្តីវិនិច្ឆ័យរបស់អ្នកកាត់ក្តីទាំងឡាយ។
ខ-ច្បាប់ពិត៖ ច្បាប់ពិតសំដៅដល់ច្បាប់ ឬវិធានទាំងឡាយណាដែលកើតចេញពីការសង្កេតលើដំណើរប្រព្រឹត្តិទៅនៃធម្មជាតិ ពោលគឺជាច្បាប់ធម្មជាតិដែលកើតមានឡើងជាក់ស្តែងទៀងទាត់ និងប្រាកដប្រជាពុំអាចប្រកែកបាន។ ច្បាប់នេះកើតចេញពីព្រឹត្តិការណ៍ធម្មជាតិដែលមនុស្សលោកសង្កេតឃើញនិងស្រង់យកទុកជាវិធានដឹកនាំ និងគ្រប់គ្រងសង្គមពីព្រោះជាច្បាប់ដែលមានលក្ខណៈពិតប្រាកដដោយឯកឯង តាមលក្ខណធម្មជាតិ។ សិល្បៈនៃការកាត់ក្តីក្នុងរឿងព្រេងខ្មែរ បានបំភ្លឺបន្ថែមចំពោះនិយមន័យនេះ ដោយបានលើកឡើងនូវច្បាប់ពិត ឬច្បាប់ធម្មជាតិមួយចំនួនទុកជាឧទាហរណ៍ ដែលក្នុងនោះមានសេចក្តីសង្កេតលើសភាពធម្មជាតិ ជាអាទិ៍ថា៖
-“ដេកនៅលើរន្ធពស់រមែងត្រូវពស់ចឹកមិនខាន”
-“ត្រីឯណាទៅជាប់ជុចលើចុងឈើកើត”
-“កម្លាំងប្រាជ្ញាតែងមានជ័យជម្នះ លើកម្លាំងកាយជានិច្ច”
-“ដើម្បីអាចដេកកណ្តាលគ្រប់គ្នា គឺត្រូវដេកយកក្បាលឈមជុំចូលគ្នា”
-“ម្តាយពិតអាណិតកូន ទុកឱ្យម្តាយក្លែងដណ្តើមកូនឥតអាសូរយកតែឈ្នះដៃ”។
គ-ច្បាប់គោរពពាក្យសន្យា៖ សំដៅដល់ច្បាប់ ឬសំណុំវិធានទាំងឡាយណា ដែលតម្រូវឱ្យបុគ្គលម្នាក់ៗប្រកាន់ខ្ជាប់នូវពាក្យសន្យារបស់ខ្លួនចំពោះអ្នកដទៃ ព្រមទាំងចាប់បង្ខំអ្នកសន្យាឱ្យទទួលខុសត្រូវចំពោះការបំពានពាក្យសន្យារបស់ខ្លួន។ វិធាននេះទំនងជាមានប្រភព ចេញពីក្រមសីលធម៌របស់បុគ្គលម្នាក់ៗ ដែលត្រូវប្រកាន់យកនូវពាក្យសត្យ ឬពាក្យពិត រក្សាសេចក្តីទៀងត្រង់ជាប់ជានិច្ចទាំងផ្នែកពាក្យសម្តី ទាំងផ្នែកអំពើប្រព្រឹត្តរបស់ខ្លួន ក្រមសីលធម៌នេះ ត្រូវបានចាស់បុរាណលើកយកមកប្រៀនប្រដៅជនជំនាន់ក្រោយ ដោយចារឹកទុកជាសុភាសិតមួយចំនួនដែលខ្មែរយើងនៅចងចាំ និងនិយាយរត់មាត់ដល់សព្វថ្ងៃ។ សុភាសិតមួយបានពោលថា ”មនុស្សយកសម្តី ដំរីយកភ្លុក”៖ សុភាសិតនេះធ្វើការប្រៀបធៀបតម្លៃនៃការប្រកាន់ពាក្យ សម្តីរបស់មនុស្សម្នាក់ៗ ទៅនឹងភ្លុកដំរីដែលខ្មែរយើងមានទំនៀមទុកដូចជាវត្ថុដ៏មានតម្លៃខ្លាំងណាស់ក្នុងចំណោមអវយវៈមួយតួខ្លួនដំរី ទាំងមូល។ ការគោរពពាក្យសន្យា ឬការប្រកាន់ពាក្យសម្តីមិនត្រឹម តែជាតម្លៃសីលធម៌នៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបុព្វហេតុដែលអាចនាំមកនូវសេចក្តីសុខ ឬសេចក្តីទុក្ខ អាស្រ័យលើលក្ខណៈល្អ ឬអាក្រក់នៃពាក្យសម្តីនោះទៀតផងដូចសុភាសិតមួយបានពោលថា “អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត”។ ដូច្នេះ អណ្តាតដែលតំណាងឱ្យពាក្យសម្តីឬពាក្យសន្យានោះ គឺជាដើមហេតុដំបូងបង្អស់ដែលអាចញុំាងទាំងសេចក្តីសុខ ទាំងសេចក្តីទុក្ខដល់អ្នកពោលពាក្យសម្តីនោះ។ ស្ថិតក្នុងន័យនេះ ពាក្យសម្តីឬពាក្យសន្យារបស់មនុស្សម្នាក់ៗ តម្រូវជាចាំបាច់ឱ្យអ្នកស្រដីនោះទទួលខុសត្រូវទាំងស្រុង ចំពោះខ្លឹមសារនៃពាក្យសន្យា សម្តីនោះ ដូចមានសុភាសិតជាច្រើនបានពោលទុកមកថា“រនាបបាក់យករនាបជួស សម្តី ហួសមានតែបង់ប្រាក់” ឬ “ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់”។ ការទទួលខុសត្រូវចំពោះ ពាក្យសម្តី ឬពាក្យសន្យារបស់បុគ្គលម្នាក់ៗអាចមានទម្ងន់រហូតដល់ធ្វើឱ្យមានម្ចាស់សម្តី ឬម្ចាស់សន្យានោះបាត់បង់ជីវិតបានទៀតផង បើយោងតាមខ្លឹមសារនៃសុភាសិតមួយចំនួន៖ “កំភ្លាញស្លាប់ព្រោះមាត់” ឬ “ងាប់នឹងសម្តីដូចត្រីកំភ្លាញ” ពីព្រោះបុរាណលោកបានសន្មតថាសម្តីដែលពោលហួសទៅពុំអាចវិលត្រឡប់ក្រោយបានឡើយ “បន្លាមុតយកបន្លាជោះសម្តីហួសជួសមិនបានឡើយ” ឬ “រនាបបាក់យករនាបជួស សម្តីហួសគ្មានអ្វីជួសបានឡើយ”។ ក្នុងន័យនេះ ច្បាប់បណ្តាំបិតាបានទូន្មានទុកមកថា “ទូកហួសកំពង់ រាចែវបង្អង់ ថយមកចូលចាប់ ពាក្យលឿនហួសខ្នាត ហៅឥតគំនាប់ ថយមករកគាប់ ពុំបានឡើយណា”។ ផ្តើមចេញពីតម្លៃជាសីលធម៌ដែលឆ្លុះបង្ហាញតាមរយៈពាក្យទំនៀម ដែលបានពោលទុកជាសុភាសិតទាំងនេះយើងសង្កេតឃើញថា ការវិនិច្ឆ័យក្តីរឿងព្រេងខ្មែរ ក៏ពុំឃ្លាតអំពីគោលការណ៍គោរពពាក្យសម្តី ឬពាក្យសម្តីសន្យានេះដែរ។ ជាក់ស្តែងដូចជានៅក្នុងរឿងឈ្នួញម្នាក់មានដើមទុនតែ១ហួង សម្តេចព្រះវររាជមាតា ក្នុងឋានៈជាអ្នកកាត់ក្តីបានសម្រេចយក ”ទ្រព្យសម្លាញ់ពេញចិត្ត” តាមការសន្យារបស់ឈ្នួញចំពោះអ្នកចម្លងមកធ្វើជាមូលដ្ឋាននៃការបែងចែករវាងគួវិវាទទាំងពីរ ដោយអនុលោមតាមការសន្យាផង និងគោលការណ៍បែងចែកទ្រព្យតាមទំហំគុណកម្មផង។
ឃ-ច្បាប់បដិការ៖ គឺជាច្បាប់ ឬវិធានទាំងឡាយណាដែលតម្រូវឱ្យតបស្នងសងវត្ថុឬអំពើអ្វីមួយទៅឱ្យម្ចាស់វត្ថុ ឬអំពើនោះវិញ មានន័យថាបើជនណាម្នាក់ប្រព្រឹត្តអំពើអ្វីមួយ ជាទោសជននោះនឹងទទួលបានតបស្នងសងទោសនោះវិញ។ តែបើជនណាប្រព្រឹត្តអំពើជាគុណ ជននោះនឹងទទួលបាននូវការតបស្នងសងគុណវិញ។ ជាឧទាហរណ៍ក្នុងរឿងដឹងសងដឹង អំបែងសងអំបែង ព្រះមហាក្សត្របានយកច្បាប់បដិការនេះមកអនុវត្តចំពោះវិវាទ ដែលកើតមានឡើងរវាងសេដ្ឋីនិងបុរសប្តីប្រពន្ធកំសត់។ នៅពេលដែលបុរសកំសត់ធ្វើឱ្យបាត់ដឹងរបស់សេដ្ឋីៗបានតម្រូវឱ្យបុរសកំសត់ យកកូនប្រុសរបស់ខ្លួនមកធ្វើជាខ្ញុំបម្រើសេដ្ឋី លុះដល់ពេលសេដ្ឋីធ្វើឱ្យបែក អំបែងក្អមបុរសកំសត់វិញ ព្រះមហាក្សត្រក៏បានកាត់ក្តីសម្រេចឱ្យសេដ្ឋីយកកូនស្រីរបស់ខ្លួនទៅធ្វើជាខ្ញុំបម្រើបុរសកំសត់នោះវិញដែរ ដោយព្រះអង្គឈ្វេងយល់ថាធ្វើបែបនេះទើបត្រឹមត្រូវតាមដោយគន្លងធម៌។ គន្លងធម៌នេះគឺព្រះអង្គទ្រង់ពោលសំដៅដល់ “ច្បាប់បដិការ” នេះឯង។
ង-ច្បាប់សមធម៌៖ គឺជាវិធានដែលពិបាកនឹងកំណត់និយមន័យឱ្យបានប្រាកដណាស់ ពីព្រោះជាវិធានដែលប្រែប្រួលទៅតាមហេតុ ទៅតាមកាលៈទេសៈ តែមានលក្ខណៈសម្គាល់រួមមួយគឺជាមាគ៌ាកណ្តាល ផ្លូវកណ្តាល ឬជាវិធានកណ្តាល ដែលបានមកពីការថ្លឹងថ្លែងឱ្យបានស្មើភាព ដោយប្រៀបធៀបទៅនឹង លក្ខណៈជ្រុលនិយម។ សមធម៌អាចមានន័យថាសេចក្តីត្រឹមត្រូវតាមធម៌ តាមច្បាប់ ឬវិធានដែលចែងអំពីសេចក្តីស្មើ ដំណើរស្មើ ឬផ្លូវ កណ្តាល។ សមធម៌ គឺជាវិធានទាំងឡាយណាដែលគ្រប់គ្រង និងដោះស្រាយទំនាក់ទំនងសង្គមដោយធម៌ស្មើ ប្រាសចាកសេចក្តីលម្អៀង ដោយហេតុអគតិទាំងបួនប្រការ ពោលគឺជាវិធានដែលកំណត់យកផ្លូវកណ្តាលមួយដែលមិនស្រាលពេក មិនធ្ងន់ពេក មិនខ្សោយពេក មិនខ្លាំងពេក មិនខ្ពស់ពេក មិនទាបពេក ជាដើម។
នៅក្នុង “រឿងបុរសកំសត់ខ្ទមក្បែរផ្ទះសេដ្ឋីធ្វើត្រាប់សេដ្ឋី” ព្រោះតែមានចិត្តប្រកប ដោយកតញ្ញូកតវេទិតាធម៌ បុរសកំសត់ដែលធ្វើត្រាប់អំពើប្រកបរបរចិញ្ចឹមជីវិតរបស់សេដ្ធីរហូតមានទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ បានយកមាសមួយស្ទក់មកជូនសេដ្ឋីទុកជាដឹងគុណ។ សេដ្ឋីចិត្តលោភបានទាមទារឱ្យបុរសកំសត់យកទ្រព្យទាំងអស់មកចែកគ្នា។ បុរសកម្សត់ពុំសុខចិត្តក៏បានបឹ្តងផ្តល់គ្នារហូតដល់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រពុំបានជំនុំជម្រះសេចក្តីឱ្យភាគីណាមួយឈ្នះឬចាញ់ឡើយ តែបែរជាត្រាស់បង្អាប់ឱ្យសេដ្ឋី និងបុរសកំសត់ចងសម្ព័ន្ធមេត្រីនឹងគ្នា ដោយប្រទាន មង្គលការដល់ កូនប្រុសសេដ្ឋី និងកូនស្រីបុរសកំសត់ឱ្យបានគ្នាជាប្តីប្រពន្ធតទៅដើម្បីបញ្ចប់វិវាទដណ្តើមទ្រព្យនេះ។ ការវិនិច្ឆ័យនេះផ្នែកលើគោលការណ៍មួយដែលអាចកំណត់បានថា “មូលទ្រព្យដ្បិតចងពន្ធ” ហើយនេះជាគោលការណ៍ដែលអាចចាត់ទុកថាជា សមធម៌ ដោយហេតុថាការកាត់ក្តីនេះពុំបានភាពចាញ់-ឈ្នះ ដល់គូវិវាទណាមួយឡើយ។ ភាគីទំនាស់ទាំងសងខាងអាចចាត់ទុកថាស្មើគ្នា មិនឈ្នះមិនចាញ់ ព្រោះតែការកាត់ក្តីរបស់ព្រះមហាក្សត្របានអនុវត្តតាមវិធានសមធម៌មួយគឺ “មួយទ្រព្យដ្បិតចងពន្ធ”។
ឆ្លងតាមរយៈការកាត់នៅក្នុងរឿងព្រេងផ្សេងទៀត សមធម៌ធ្លាប់បានធ្វើជាមូលដ្ឋាននៃការជម្រះសេចក្តីផ្តល់យុត្តិធម៌ជាច្រើនលើកផងដែរ។ ក្នុងន័យនេះ “ការសង្គ្រោះអ្នកទន់ខ្សោយឱ្យរួចផុតពីការបៀតបៀននៃជនមានអំណាច”។ គឺជាវិធានសមធម៌ដែលធានាភាពស្មើគ្នាក្នុងការងាររស់នៅ ដោយមិនត្រូវឱ្យអ្នកទន់ខ្សោយទទួលរងការប្រមាថពីអ្នកកាចសាហាវយង់ឃ្នង ឡើយ។ ដូចគ្នាដែរ “បង្រ្កាបជនអកតញ្ញូ និង សង្គ្រោះអ្នកធ្វើគុណ” អាចចាត់ទុកថាជាសមធម៌ ពីព្រោះអំពើជាគុណកម្មសមតែទទួលបាននូវកុសលកម្ម មិនគួរណាទទួលបាននូវការបៀតបៀនពីជនរមិលគុណឡើយ។ ម៉្យាងទៀត “កម្ចាត់បង់នូវអំពើពុករលួយគ្រប់ជាន់ថ្នាក់” គឺជាសមធម៌ដែលមានគោលបំណង សង្គ្រោះជនស្លូតត្រង់ដែលទទួលរងអំពើអយុត្តិធម៌ និងការធ្វើទុក្ខបុកម្នេញពីជនពុក រលួយ។
ច-ច្បាប់ទំនៀម៖ គឺជាវិធានទាំងឡាយ ដែលកើតចេញពីទម្លាប់ជាប់ជាទំនៀម ប្រពៃណីរបស់អ្នកស្រុកដ៏យូរលង់ណាស់មកហើយ។ ច្បាប់ទំនៀមនេះមានជាអាទិ៍គឺ “ក្រមុំ ដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត”។ ដើម្បីស្វែងយល់អំពីខ្លឹមសារនៃពាក្យទំនៀមនេះ យើងសូម លើកយកសេចក្តីពន្យល់ជាពាក្យរបស់ ឃុនឧត្តម ប្រីជា ចាប ពិន មកបង្ហាញដូចតទៅ[3]៖
“ពាក្យនេះលោកពោលតាមធម្មតានៃស្ត្រី ដែលនៅជាកញ្ញា គឺជាក្រមុំព្រហ្មចារី។ អ្នកណាចង់បានជាភរិយា ត្រូវតែនាំគ្នាចូលទៅស្តីដល់ម្តាយឪពុកទើបគប្បីតាមផ្លូវលោកិយពីព្រេងនាយ។ ព្រោះស្រីក្រមុំតូចទ្រលុកនៅក្នុងបន្ទុកឪពុកម្តាយមិនអាចសម្រេចលើរូបកាយចាត់ចាយខ្លួនឯងពុំទាន់បាន។ បើដល់ទៅចាស់ជាមេម៉ាយ ទើបអាចចំណាយរៀបខ្លួនប្រាណតាមខ្លួនពេញចិត្តល្មមប្រមាណ។ ព្រោះគេធ្លាប់រៀបការមុនម្តង។ អ្នកដែលដណ្តឹងត្រូវសួរចិត្ត បញ្ជាក់ឱ្យពិតតាមទំនង កុំបីរំលោភហួសរំលង បើគេស្ម័គ្រផងសឹមយកចុះ។”
នៅក្នុង “រឿងស្រី២នាក់ឈ្លោះដណ្តើម ធ្មេញឈើ” ព្រះមហាក្សត្របានវិនិច្ឆ័យសេចក្តី ដោយអនុវត្តច្បាប់ទំនៀមដែលបានសន្មតថាកូនបុរាណត្រូវបានទ្រព្យ២ភាគ ចំណែកឯកូនបច្ចុប្បន្នបានទ្រព្យតែមួយភាគប៉ុណ្ណោះ។ ក្នុងន័យនេះ “កូនបុរាណ” សំដៅជនទាំងឡាយដែលបានបិទមាត់ត្រឡប់ភ្នែកឱ្យមនុស្សដែលស្លាប់លើភ្លៅរបស់ខ្លួន។ នេះបង្ហាញឱ្យឃើញថា តាមទំនៀមទម្លាប់កូនចៅទាំងឡាយត្រូវសិ្ថតនៅជិតជាប់ជុំវិញឪពុកម្តាយ ដែលឈឺរៀបនឹងស្លាប់ដើម្បីមើលថែទាំជំងឺតម្កាត់របស់លោករហូតដល់ផុតជន្មា មិនត្រូវដើរចោល ឬចាកឆ្ងាយពីលោកអ្នកមានគុណឡើយ។
ឯកសារពិគ្រោះ
-ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧
-ត្រឹង ងា ៖ អរិយធម៌ខ្មែរ ការផ្សាយរបស់អ្នកនិពន្ធ គ.ស. ១៩៧៥
-ពៅ សារឿន ៖ ប្រវត្តិស្ថាប័នខ្មែរ បោះពុម្ភលើទី១ ឆ្នាំ២០១៥
-មីសែល ត្រាណេ ៖ មូលដ្ឋានគ្រឹះអរិយធម៌ខ្មែរ ភាគ១ គ.ស. ២០១៣
-សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ៖ រដ្ឋបាលសាធារណៈ ឆ្នាំសិក្សា២០១៦-២០១៧
-សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ បោះពុម្ពលើកទី៣ ភ្នំពេញ ២០០២
-ហែម ឡាច ៖ ស្ថាប័ននយោបាលកម្ពុជាបច្ចុប្បន្ន៖ សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០១៩
-ហ៊ែល ចំរើន ៖ មរតកយុត្តិធម៌ខ្មែរ ភ្នំពេញ ឆ្នាំ២០០៩-២០១០
-អង្គការសន្តិស័្មគ្រចិត្តកម្ពុជា៖ បណ្ដាំក្រមង៉ុយ គ.ស.២០០៥