បណ្ឌិត អ៊ុំ ប៉ុ

         ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ដោយមើលឃើញពីភាពចាំបាច់នៃមុខវិជ្ជានរវិទ្យាចំពោះស្ថានភាពបច្ចុប្បន្ន ក៏ដូចជាគោលដៅស្រាវជ្រាវ ប្រកបដោយគតិបណ្ឌិតរបស់វិទ្យាស្ថានក្នុងឆ្នាំ២០២២ រូបខ្ញុំផ្ទាល់បានខិតខំចំណាយពេលវេលាដ៏មានតម្លៃនៃឆ្នាំ ថ្មីនេះ ដើម្បីរួមវិភាគទានជាមួយស្ថាប័នចងក្រងជាអត្ថបទនេះឡើង ដោយប្រើប្រាស់ចំណេះដឹងបន្តិចបន្តួច ដែលធ្លាប់ទទួលបានពីនរវិទ្យានាពេលកន្លងមកដើម្បីទុកជាឯកសារអនុស្សាវរីយ៍សម្រាប់វិទ្យាស្ថានមនុស្សសាស្ត្រ​និងវិទ្យាសាស្ត្រសង្គម ប្រើប្រាស់ជាគុណប្រយោជន៍សាធារណៈតទៅ។ ដោយឡែក ក្នុងដំណើរសិក្សាស្វែងយល់ពីមុខវិជ្ជានេះទៀតសោត ខ្ញុំបានប្រមូលផ្ដុំយកចិត្តទុកដាក់បង្ហាញជូនតែទៅលើអ្វីដែលជាចំណេះដឹងមូលដ្ឋានរបស់នរវិទ្យា ព្រមទាំងការប្រើប្រាស់ជាសារប្រយោជន៍នៃមុខវិជ្ជានេះ ចំពោះជីវភាពរស់នៅក៏ដូចជា ដំណោះស្រាយបញ្ហាលំបាកក្នុងការរស់នៅរបស់មនុស្សជាតិបច្ចុប្បន្នដែលកំពុងចោទឡើង ស្ទើរគ្រប់វិស័យនិង គ្រប់ទិសទីនៅលើសកលលោកយើងតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះ សូមប្រិយមិត្តអ្នកអាន ចូលរួមស្វែងយល់ពីចំណុចអស់ទាំងនោះ ជាមួយនឹងរូបខ្ញុំ តាមខ្លឹមសារបន្តបន្ទាប់ដូចតទៅ៖

.និយមន័យនរវិទ្យា (Definition of Anthropology)

បើតាមន័យទូទៅ ពាក្យ «នរវិទ្យា» ត្រូវនឹងពាក្យអង់គ្លេសថា Anthropology។ ពាក្យនេះ មានប្រភព ដើមមកពីពាក្យក្រិកពីរម៉ាត់ថាៈ Anthropos និង Logos

            Anthropos = Man     

         Logos = Study         

            ==> Anthropology is the man study.

         តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួនណាត បោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យឆ្នាំ១៩៦៧ បានពន្យល់យ៉ាងដូច្នេះថា នរវិទ្យា មកពីពាក្យៈ

         នរៈ + វិទ្យា

            នរៈ = មនុស្ស    

         វិទ្យា ឬ វិជ្ជា = ចំណេះ ការចេះដឹង សេចក្ដីដឹងច្បាស់

            សរុបន័យមកវិញ នរវិទ្យា ជាចំណេះដឹងស្ដីពីមនុស្ស។

២-ប្រវត្តិនរវិទ្យា

            តាមការស្រាវជ្រាវរបស់លោក ហាដដុន (Haddon) ពាក្យ នរវិទ្យា ត្រូវបានលើកយកមកប្រើប្រាស់ ដំបូង​គេបង្អស់ដោយអ្នកនិពន្ធក្រិកនិងរ៉ូម៉ាំង តាំងតែពីសម័យបុរាណមកម្ល៉េះ។ ជាក់ស្ដែងៈ

            • អារីស្ដូត ក៏ធ្លាប់បានយកពាក្យនេះមកប្រើក្នុងន័យ "មនុស្សនិយាយពីខ្លួនឯង" (Man who talk about himself)

            • បន្ទាប់មកនៅឆ្នាំ១៦៥៥ មានអ្នកនិពន្ធម្នាក់ទៀត ដែលគេមិនស្គាល់ឈ្មោះ បានចាប់អារម្មណ៍សរសេរពីមូលន័យសង្ខេបរបស់នរវិទ្យា (Anthropology abstract) ដោយរៀបរាប់អំពី "ប្រវត្តិនៃធម្មជាតិមនុស្ស"។

            • ក្រោយមកទៀត លោកដាកវីន(Darwin១៨០៩-១៨៨២) បានសរសេរពី "ការវិវត្តនៃពូជ" (Evolu-tion of species)

            ជាបន្តបន្ទាប់ នរវិទ្យា បានលូតលាស់រហូតមកដល់សព្វថ្ងៃ សំខាន់គឺនៅប្រទេសបារាំង និងសហរដ្ឋអាម៉េរិក។ ដោយឡែកចំពោះប្រទេសបារាំងនាពេលកន្លងមក គេបានយកនរវិទ្យាទៅប្រើប្រាស់ភាគច្រើនក្នុងគោលដៅនយោបាយ។ ឧទាហរណ៍ៈមុននឹងដាក់អាណានិគមត្រួតត្រាលើប្រទេសណាមួយ គេតែងតែបញ្ជូនពួកបេសក ជនសាសនា ដែលជានរវិទូឱ្យទៅសិក្សាពីមនុស្ស ពីទំនៀមទម្លាប់ ពីរបៀបរបបគ្រប់គ្រងនៃបណ្ដាប្រទេសទាំងនោះជាមុនសិន បន្ទាប់មកទើបគេបញ្ជូនកងទ័ពក្នុងកម្រិតណាមួយចូលទៅកាន់កាប់ប្រទេសនោះតែម្ដង។

៣-កម្មវត្ថុសិក្សា

            តើនរវិទ្យាមានកម្មវត្ថុសិក្សាបែបណាខ្លះ?

            ជារួម នរវិទ្យា បានប្រមូលផ្ដុំសិក្សាទៅលើកម្មវត្ថុសំខាន់ពីរគឺ៖

            - ការវិវត្តន៍និងការប្រែប្រួលរបស់មនុស្ស (Human Evolution and human variation) តាំងពីមនុស្សដើម រហូតដល់មនុស្សទំនើបឬអូម៉ូសាព្យាង (From primitive to modern homosapien)

         - ភាពដូចគ្នា និងភាពខុសគ្នា (The Likeness and the difference) នៃមនុស្សដើមរហូតដល់មនុស្សទំនើប។

            គួរកត់សម្គាល់ថា ការវិវត្តន៍និងការប្រែប្រួល ភាពដូចគ្នានិងភាពខុសគ្នា សំដៅតែទៅលើចរិតលក្ខណៈ ខាងជីវៈ វប្បធម៌ និងចរិតលក្ខណៈខាងសង្គមតែប៉ុណ្ណោះដោយផ្អែកទៅលើកាលនិងលំហ(Time and Space) ដែលមនុស្សទាំងនោះរស់នៅ មិនចំពោះថាពេលណា ឬ ទីកន្លែងណារបស់ពិភពលោកនោះឡើយ។ 

            -------->  ការវិវត្ត                    -------->    ជីវៈ

នរវិទ្យា   -------->  ការប្រែប្រួល             -------->    វប្បធម៌  -------->  កាលនិងលំហ

             -------->  ភាពដូចគ្នា ភាពខុសគ្នា   -------->     សង្គម

. ទីលាននរវិទ្យា (Fields of Anthropology)

            ជាទូទៅ នរវិទ្យាមានទីលានសិក្សាសំខាន់ពីរគឺ: នរវិទ្យារូបសាស្ត្រ ឬនរវិទ្យាជីវៈ និងនរវិទ្យាវប្បធម៌។     នរវិទ្យា វប្បធម៌ អាចចែកចេញជាៈ បុរាណវិទ្យា​ នរវិទ្យាភាសា និងជាតិពន្ធុវិទ្យា ឬនរវិទ្យាសង្គមវប្បធម៌ (Socio cultural anthropology)។ មានឯកសារខ្លះទៀតបានចែកលម្អិតនរវិទ្យាវប្បធម៌ ជាបុរាណវិទ្យាបុរេប្រវត្តិ នរវិទ្យាភាសា និងជាតិពន្ធុវិទ្យា ហើយជាតិពន្ធុវិទ្យាក៏អាចចែកបន្តជា ជាតិពន្ធុសាស្ត្រ (Ethnography) ជាតិពន្ធុវិទ្យា(តាមន័យចង្អៀត) និងនរវិទ្យាសង្គម

            ៤.២-នរវិទ្យាវប្បធម៌ (Cultural anthropology)

            ជាមែកធាងទី២របស់នរវិទ្យា ដែលសិក្សាទៅលើទំនៀមទម្លាប់ឬអាកប្បកិរិយារបស់មនុស្ស។

នរវិទ្យាវប្បធម៌ ចែកចេញជាមែកធាងតូចៗបីទៀតគឺ:

            ៤.២.១-បុរាណវិទ្យា(Archaeology)

            បុរាណវិទ្យា សិក្សាពីសម្ភារៈដែលមនុស្សបន្សល់ទុកតាំងពីអតីតកាល ឆ្លងតាមនោះ គេអាចពិពណ៌នា រៀបរាប់និង ពន្យល់បានពីអាកប្បកិរិយារបស់មនុស្សក្នុងសម័យកាលនោះ។

            ៤.២.២-ភាសាវិទ្យា(Linguistic Anthropology)

            ជាមែកធាងមួយទៀតរបស់នរវិទ្យាវប្បធម៌ ដែលសិក្សាពីភាសារបស់មនុស្ស(ភាសានិយាយ និងភាសា សរសេរ)។ ពួកនរវិទូ ចាំបាច់ត្រូវរៀនភាសារបស់ក្រុមមនុស្សទាំងឡាយដែលខ្លួនគេចុះទៅសិក្សាស្រាវជ្រាវដើម្បី បានដឹងព័ត៌មានកាន់តែស៊ីជម្រៅថែមទៀតពីបែបបទរស់នៅ។

            ៤.២.៣-ជាតិពន្ធុវិទ្យា (Ethnology)

            គេអាចហៅជាតិពន្ធុវិទ្យាថា ជានរវិទ្យាសង្គមវប្បធម៌ក៏បាន។

            តាមន័យទូលាយ ជាតិពន្ធុវិទ្យាសិក្សាតែទៅលើវប្បធម៌បច្ចុប្បន្ន ដោយធ្វើការប្រៀបធៀបជាមួយនឹង វប្បធម៌ដើមឬទស្សនៈប្រវត្តិសាស្ត្រ (historical point of view) ។ ជាតិពន្ធុវិទ្យា ក៏សិក្សាផងដែរ ទៅលើអាកប្បកិរិយារបស់មនុស្សដែលគេបានជួបប្រទះ ឬ បានពិសោធន៍ជាក់លាក់ ព្រមទាំងបានជជែកពិភាក្សាផ្លាស់ប្ដូរយោ​បល់ជាមួយអ្នកដែលបានយល់ដឹងពីបញ្ហានោះថែមទៀត ដើម្បីឱ្យមានភាពប្រាកដប្រជា។

            • តាមន័យចង្អៀត: ជាតិពន្ធុវិទ្យា សិក្សានិងវិភាគអំពីភាពដូចគ្នា ភាពខុសគ្នាក្នុងចំណោមវប្បធម៌ទាំង ឡាយដូចជា ប្រវត្តិនៃការអភិវឌ្ឈរបស់វប្បធម៌ ក៏ដូចជាទំនាក់ទំនងរវាងវប្បធម៌ និងវប្បធម៌។

 

- និយមន័យវប្បធម៌តាមបែបនរវិទ្យា

            ៥.១- និយមន័យទូលាយ

            វប្បធម៌ ជាអាកប្បកិរិយា បានមកដោយការរៀនសូត្រពីសង្គម(Culture is the behavior acquired through social learning)

            ៥.២- និយមន័យរបស់លោកថាយល័រ (Tylor ១៨៧១)

            លោកបានឱ្យនិយមន័យវប្បធម៌បែបនេះថា វប្បធម៌ជា "ភាពចម្រុះ រួមមានទាំងចំណេះដឹង ជំនឿសិល្បៈ សីលធម៌ ច្បាប់ ទំនៀមទម្លាប់ ទម្លាប់បុគ្គល និងលទ្ធភាពដទៃទៀតដែលបានមកពីមនុស្សក្នុងនាមជា សមាជិកសង្គម" (...The complex whole which includes knowledge, belief, art, morals, laws, custom and any capabilities and habits acquired by man as a member of society)

         ៥.៣- និយមន័យរបស់លោក លីនតុន(Linton ១៩៤០)

            លោកបានផ្ដល់និយមន័យ វប្បធម៌ យ៉ាងដូច្នេះថា វប្បធម៌គឺជា "ភាពសរុបនៃចំណេះដឹង ឥរិយាបថ និងអាកប្បកិរិយាគំរូជាទម្លាប់ ត្រូវបានចែកចាយនិងបញ្ជូនបន្តដោយសមាជិកសង្គមដោយឡែកណាមួយ" (The sum total of knowledge, attitude and habitual behavior pattern shared and transmitted by the member of a particular society)

            ដូច្នេះ បើតាមនិយមន័យរបស់លោកទាំងពីរ គេអាចទាញចេញជានិយមន័យសំយោគបែបនេះថា វប្បធម៌គឺជាចំណេះដឹងផង ហើយក៏ជាជំនឿ ទំនៀមទម្លាប់ ច្បាប់ សីលធម៌ផងដែរ ដែលត្រូវបានចែករំលែក និងបញ្ជូនបន្តដោយមនុស្សជាសមាជិកក្នុងសង្គមដោយឡែកណាមួយ។

            ៥.៤- និយមន័យអាកប្បកិរិយាវប្បធម៌(Cultural behavior)

            ជារួម អាកប្បកិរិយាវប្បធម៌ ត្រូវផ្អែកលើចរិតលក្ខណៈបួនយ៉ាងគឺ:

            - អាកប្បកិរិយានោះ ត្រូវបានរៀនសូត្រ (It must be learned)

            - អាកប្បកិរិយានោះ ត្រូវជាប់ទាក់ទងជាមួយនឹងបញ្ញត្តិទាំងឡាយ ទូទៅនីយកម្ម អរូបិយកម្ម និងគំនិត(It must involve concepts, generalization, abstractions, ideas)

            - អាកប្បកិរិយានោះ ត្រូវបានចែករំលែកបន្ត ឆ្លងតាមការបញ្ជូនហ្សែនមកក្រៅ (It must be shared through extra-genetic transmission)

            - អាកប្បកិរិយានោះ ត្រូវលេចជារូបរាងឡើង ឆ្លងតាមការប្រើនូវឧបករណ៍បុរាណ ទាំងរូបិយ និង អរូបិយ[1]  (It must be realized through the use of artifacts, both concrete and abstract).

            .៥- គំរូជាសាកលរបស់វប្បធម៌ (Universal Pattern of Culture)

            លោកវីស្លែរ(១៩២៣)(Wissler1923) បានចែកគំរូជាសកលរបស់វប្បធម៌ជា៩ប្រភេទ ដូចតទៅនេះ:

            ការនិយាយ: ភាសា ប្រព័ន្ធសំណេរ ចំណូលចិត្តនៃការនិយាយ

            លក្ខណៈសម្ភារៈ(Material Trait) ម្ហូបអាហារ ទីជម្រក ការដឹកជញ្ជូន និងមុខរបរវិជ្ជាជីវៈ ការធ្វើដំណើរ ការស្លៀកពាក់ គ្រឿងប្រដាប់ចម្អិនអាហារ ឧបករណ៍ប្រើប្រាស់ដោយដៃ គ្រឿងសាស្ត្រាវុធ

            • សិល្បៈ : ចម្លាក់ គំនូរ ការគូសវាសផ្សេងៗ តន្ត្រី

            • ទេវវិទ្យា និងចំណេះដឹងវិទ្យាសាស្ត្រ

         • ការប្រតិបត្តិសាសនា: ទម្រង់ពិធីកម្ម ការព្យាបាលជម្ងឺ ពិធីបុណ្យសព

            • គ្រួសារនិងប្រព័ន្ធសង្គម: ទម្រង់អាពាហ៍ពិពាហ៍ វិធីភ្ជាប់ទំនាក់ទំនង ការទទួលមរតក ត្រួតពិនិត្យ សង្គម កីឡានិងល្បែងផ្សេងៗ

            • កម្មសិទ្ធិ : របស់ជាសង្ហាររឹម និងរបស់ជាប់នឹងខ្លួន ស្ដង់ដាតម្លៃ ការដោះដូរ ការធ្វើជំនួញ

            • រដ្ឋាភិបាល : ទម្រង់នយោបាយ នីតិវិធីតុលាការនិងនីតិវិធីច្បាប់

            • សង្គ្រាម

            * ក្រៅពីលោកវីស្លែរ គេអាចឃើញមានការចែកគំរូសាកលរបស់វប្បធម៌ជា៨ប្រភេទដោយក្នុងនោះ គេ ពុំឃើញមានស្ថាប័នរដ្ឋាភិបាលនិងសង្គ្រាមឡើយ ដោយគេយល់ថា សង្គ្រាមពុំមែនជាវប្បធម៌សកលទេ ប៉ុន្តែជាវប្បធម៌របស់ក្រុមអ្នកខ្លាំងដែលមានមហិច្ឆតាវាតទឹកដីនិងត្រួតត្រាពិភពលោកតែប៉ុណ្ណោះ។ ម្យ៉ាងទៀត សង្គ្រាម

ក៏មានគោលដៅ ដោះស្រាយបញ្ហាកំណើនប្រជាជន ការជំពាក់បំណុលប្រទេសក្រៅធ្ងន់ធ្ងរ ការបំបាត់ពូជសាសន៍ ការយកប្រទេសផ្សេងជាចំណុះ បំបាត់វប្បធម៌ ការយកឧត្តមភាពខាងភាសា ក៏ដូចជាការប្រមូលធន ធានលើដី ក្រោមដី រហូតដល់ធនធានមនុស្សថែមទៀត។ តទៅនេះជាគំរូសកលទាំង៨នៃវប្បធម៌នោះ រួមមាន៖

            សម្ភារៈវប្បធម៌ : បានដល់ ម្ហូបអាហារ ការស្លៀកពាក់ ការសង់លំនៅដ្ឋាន...

            ស្ថាប័នសេដ្ឋកិច្ច : ផលិតកម្ម ការដោះដូរ ទស្សនាទានកម្មសិទ្ធិ

            ស្ថាប័នសង្គម : វ័យ ភេទ អាពាហ៍ពិពាហ៍ និងគ្រួសារ

            ត្រួតពិនិត្យសង្គម : ច្បាប់ ធម្មចរិយា សីលធម៌

            លោកទស្សនៈ : ចំណេះដឹង ទស្សនវិជ្ជា សាសនា និងមន្តអាគម

            សិល្បៈនិងល្បែងកំសាន្ត

            ភាសា

            ការអប់រំ ឬការបញ្ជូនវប្បធម៌ : អាចធ្វើដាច់ដោយឡែក ជាមួយវ័យ ឬជាមួយគ្រួសារ។  

[1] Michael Alan Park, Anthropology An Introduction, Printed in the United States of America 1986, p.135

៦-លក្ខណៈវិទ្យាសាស្ត្ររបស់នរវិទ្យា

            មុខវិជ្ជានីមួយៗ តែងមានលក្ខណៈវិទ្យសាស្ត្ររបស់ខ្លួន។ មុននឹងស្វែងយល់ពីលក្ខណៈវិទ្យាសាស្ត្រ របស់នរវិទ្យា គេគប្បីស្វែងយល់ពីលក្ខណៈទូទៅរបស់វិទ្យាសាស្ត្រជាមុនសិន។

            ៦.១-លក្ខណៈទូទៅរបស់វិទ្យាសាស្ត្រ

            លក្ខណៈនេះ បានប្រមូលផ្ដុំទៅលើ៖

            - ការពិនិត្យសង្កេត (Observation)

            - ការពន្យល់ហេតុការណ៍ ដោយប្រើសំណួរជំនួយទាំង៦៖ ជាអ្វី?(What) ជានរណា?(Who) ពេលណា?(When) ទីណា(Where)? យ៉ាងដូចម្តេច(How)?ពីព្រោះអ្វី? (Why)

            -ការធ្វើចំណាត់ថ្នាក់នៃហេតុការណ៍ៈ ហេតុការណ៍ទាំងនោះ អាចជាហេតុការណ៍នយោបាយ?
សេដ្ឋកិច្ច? សង្គម? ឬហេតុការណ៍អ្វីផ្សេង?

            -កសាងគោលការណ៍ច្បាប់សម្រាប់អនុវត្ត។ នេះជាដំណោះស្រាយបន្ទាប់ពីធ្វើចំណាត់ថ្នាក់នៃហេតុការណ៍

            ៦.២-លក្ខណៈវិទ្យាសាស្ត្ររបស់នរវិទ្យា

            លក្ខណៈវិទ្យាសាស្ត្ររបស់នរវិទ្យា ផ្អែកជាសំខាន់ទៅលើវិធីជាមូលដ្ឋានដែលគេយកមកប្រើប្រាស់ គឺវិធី ពិនិត្យសង្កេត ដោយចូលរួមផ្ទាល់ (Participant observation) ទៅលើទីលានប្រតិបត្តិ(អនុវត្ត)។ វិធីនេះមាន ជំហានអនុវត្តបីដំណាក់:

            -បង្កើតឡើងជាសម្មតិកម្មឱ្យស្របទៅនឹងប្រធានបទស្រាវជ្រាវ (Establishing a hypothesis) ។ សម្មតិកម្មអាចមានច្រើនមូលហេតុ។

            -កំណត់មធ្យោបាយដើម្បីសាកល្បងសម្មតិកម្ម (Determining Ways to test hypothesis) មធ្យោបាយនេះភាគច្រើនគឺចុះទៅសម្ភាសផ្ទាល់ទៅលើទីលាន តាមរយៈកម្រងសំណួរដែលបានរៀបចំ។

            -សាកល្បងសម្មតិកម្មតាមរយៈការស្រាវជ្រាវនិងពិនិត្យសង្កេតសាចុះសាឡើងច្រើនដង (Testing the hypothesis through research and further observations) ដើម្បីស្វែងរកចម្លើយពិតនៃបញ្ហាស្របទៅ នឹងប្រធានបទ។

            ជាចុងក្រោយ ធ្វើការសន្និដ្ឋាន និង ដាក់ចេញជាគោលការណ៍ ឬ វិធានការអនុវត្ត។

. ទ្រឹស្ដីគោលប្រើប្រាស់ក្នុងនរវិទ្យា

            មានទ្រឹស្ដីគោលប្រាំយ៉ាង ដែលគេយកមកប្រើប្រាស់ក្នុងនរវិទ្យា នោះគឺ:

            ៧.១-សកលនិយម (Universalism)ភាពជាមនុស្សដោយស្មើភាពគឺជាលក្ខណៈសកលរបស់មនុ-Pស្ស។ ក្នុងឋានៈជាមនុស្ស មនុស្សម្នាក់ៗមានសិទ្ធិបីយ៉ាងប្រចាំកាយគឺ សិទ្ធិមានជីវិត សិទ្ធិទទួលផលកម្រៃ សិទ្ធិទទួលការអប់រំ ពោលគឺ មនុស្សម្នាក់ៗសុទ្ធតែចង់រស់រានមានជីវិត ហើយជីវិតរបស់ខ្លួនមិនអាចត្រូវរំលោភបំពានបានឡើយ។ ក្រៅពីនោះ មនុស្សម្នាក់ៗមានសិទ្ធិទទួលផលកម្រៃ និងទទួលបាននូវការអប់រំរៀនសូត្រពេញមួយជីវិត។ ចំពោះស្មើភាពវិញ គឺស្មើភាពខាងនយោបាយ និងស្មើភាពខាងវប្បធម៌ដោយមិនអាចចាត់ទុកថាក្រុមមនុស្សមួយ ជាក្រុមមនុស្សអារ្យជនប្រកបដោយវប្បធម៌ខ្ពង់ខ្ពស់ ហើយក្រុមមួយទៀតជាក្រុមអនារ្យជន ជាមនុស្សព្រៃ គ្មានវប្បធម៌របស់ខ្លួននោះឡើយ។

            ៧.២-សន្តនិយម (Holism or Holism) ត្រូវយល់ដឹងពីមនុស្សក្នុងទិដ្ឋភាពពីរយ៉ាងគឺ ទិដ្ឋភាពវប្បធម៌ និងទិដ្ឋភាពសង្គម។

            ៧.៣- សមាហរណកម្ម (Integration) គ្រប់ទិដ្ឋភាពវប្បធម៌ តែងតែផ្សារភ្ជាប់គ្នា និងទាក់ទងគ្នាទៅវិញទៅមក(Interrelated)

            ៧.៤-ការតម្រូវតាម(Adaptation) មនុស្សទទួលរងឥទ្ធិពលពីបរិស្ថាន។ ដើម្បីរក្សាខ្លួននិងរស់ បានតទៅទៀត មនុស្សត្រូវមានមធ្យោបាយតម្រូវឬសម្របតាមបរិស្ថាននោះ វិស័យដូចជាស្វាមនុស្ស(ស្វាឪ) ពេលដែលធម្មជាតិរេចរិលទៅដោយគ្រោះរាំងស្ងួត ពពួកស្វាមនុស្សទាំងនោះ ក៏បង្ខំចិត្តចុះពីលើដើមឈើ មក នៅលើដី រករបស់របរចិញ្ចឹមជីវិតរហូតដល់ចេះដើរជើងពីរ (Homohabilis) និងដើរត្រង់ខ្លួន (Homorectism) ហើយបាន ក្លាយទៅជាមនុស្ស ចាប់ពីចន្លោះ២លាន៥សែនឆ្នាំ មកដល់ ១,៥លាន៥សែនឆ្នាំមុន។

            ៧.៥-វប្បធម៌មិនដាច់ខាត(Culture relativism):  ទ្រឹស្ដីនេះ ផ្អែកទៅលើការវិនិច្ឆ័យឬបកស្រាយ នូវអាកប្បកិរិយា និងជំនឿរបស់អ្នកផ្សេង ដោយប្រៀបធៀបទៅនឹងលក្ខណៈជា ទំនៀមទម្លាប់ ក៏ដូចជាបទ- ពិសោធន៍របស់ខ្លួន(មិនមានជំហឬអាកប្បកិរិយាដាច់ណាត់ថា ខ្លួនឯងខ្ពស់ឆ្ងាយពីគេឯង។ អាកប្បកិរិយាបែប នេះ អាចលុចបំបាត់នូវជាតិពន្ធុនិយម (Ethnocentrism) និងជាតិនិយមជ្រុល(Chauvinism)

. ទំនាក់ទំនងរវាងនរវិទ្យា និងមុខវិជ្ជាដទៃទៀត

            គេមិនអាចនឹងបញ្ជាក់នូវទង្វើអ្វីមួយឱ្យជាក់ច្បាស់បានទេ បើសិនជាគេប្រើប្រាស់នៅលើទីលានស្រាវ ជ្រាវ តែជំនាញខាងនរវិទ្យា។ នៅលើទីលានស្រាវជ្រាវ គេគប្បីសហការណ៍ប្រើប្រាស់នូវជំនាញនៃមុខវិជ្ជាដទៃ ទៀត។ ជាក់ស្ដែង នរវិទ្យាមានទំនាក់ទំនងជាមួយមុខវិជ្ជាដទៃចំនួន១៣ទៀត ទើបគ្រប់គ្រាន់។

  

រូបវិទ្យា, គណិតវិទ្យា, សង្គមវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, ចិត្តវិទ្យា, នីតិវិទ្យា, វិទ្យាសាស្ត្រនយោបាយ, គីមីវិទ្យា, ភាសាវិទ្យា, ទស្សនវិជ្ជា, ជីវវិទ្យា, អក្សរសាស្ត្រ, អក្សរសិល្ប៍

 

 

 

 

 

-សារប្រយោជន៍របស់នរវិទ្យា (Utility of anthropology)

            រៀននរវិទ្យា អាចជួយដោះស្រាយបញ្ហាមួយចំនួនក្នុងសង្គមដែលយើងកំពុងរស់នៅ ដូចជា៖

            ៩.១-បញ្ហាជាតិសាសន៍(Racial Issue)

            ៩.១.១-ដើមកំណើតជាតិសាសន៍

            ដូនតារួមរបស់មនុស្សគឺពពួកស្វា-មនុស្ស ប៉ុន្តែមកដល់មនុស្សទំនើប(Homosapien) មនុស្សបានបង្កើតជាអំបូរ ពូជសាសន៍ជាច្រើនទៀត។ ឧទាហរណ៍ៈ ជនជាតិខ្មែរ ឋិតក្នុងអំបូរមន-ខ្មែរ ដែលបានមកពីការផ្សំកាត់រវាងពួកឥណ្ឌូនេស៊ីយាង ជាមួយពួកម៉េឡានេស៊ីយាង មានអរិយធម៌ វប្បធម៌ដោយឡែករបស់ខ្លួនមុនពួកឥណ្ឌានាំវប្បធម៌របស់គេមកដល់។ ខ្មែរមានក្បាលរាង

មូល(Brachycephalic) មិនដូចពួកអឺរ៉ុបដែលមានក្បាលពយ(Dolichocephalic)នោះទេ។ មានកម្ពស់ចន្លោះ១៥០ស.ម ទៅ១៦១ស.ម, សម្បុរសណ្ដែកបាយ ប្រស្រី-ភ្នែកខ្មៅ សក់ខ្មៅរួញអង្គារដី បបូរមាត់មិនក្រាស់ពេកមិនស្ដើងពេក ច្រមុះឡើងត្រង់និងទូលាយ(droit et large), សន្ទស្សន៍លលាដ៍ក្បាល៨៤,៥។ មានក្រុមឈាម A- B-O និងមានអេម៉ូគ្លោប៊ីន E។ ជាជាតិសាសន៍មានសន្ដានចិត្ត​

ទូលាយ ស្មោះត្រង់ ឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិតខ្ពស់។ ពួកគេជឿលើព្រលឹង គោរពបូជាព្រះអាទិត្យ ព្រះចន្ទ ព្រះគង្គា ព្រះធរណី មានមុខរបរភាគច្រើនជាកសិករ។ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយច្រើនប្រកាន់យកខ្សែស្រឡាយខាងម្ដាយ និងគោរពស្រ្ដីជាធំ។

       ៩.១.២-ដោះស្រាយបញ្ហាប្រកាន់ពូជសាសន៍ (Racism)

            • ជាតិពន្ធុនិយម ឬការប្រកាន់យកទស្សនៈថា វប្បធម៌ជាតិសាសន៍មួយ ខ្ពង់ខ្ពស់ដាច់ស្រឡះពីជាតិសាសន៍ដទៃ នាំទៅដល់ការប្រកាន់ពូជសាសន៍។

            • ការប្រកាន់ពូជសាសន៍នាំដល់ការស្អប់ជាតិសាសន៍ដទៃ ដូច ហ៊ីត្លែរ ស្អប់ជាតិសាសន៍ជីហ្វនិងស្លាវ ហើយលើកតម្កើងជាតិសាសន៍ អាល្លឺម៉ង់ រហូតដាក់ពាក្យស្លោកមួយថា "ចូរលើកតម្កើងជាតិសាសន៍អាល្លឺម៉ង់" (Dominez la race allemande!)

            • ការប្រកាន់ពូជសាសន៍ នាំទៅដល់ការស្អប់ជាតិសាសន៍ដទៃ។

            • ការស្អប់ជាតិសាសន៍ដទៃ នាំទៅដល់អំពើប្រល័យពូជសាសន៍។

(Genocide)

(Racism)

(Ethnocentrism)

            ជាតិពន្ធុនិយម                ប្រកាន់ពូជសាសន៍និយម                ប្រល័យពូជសាសន៍

 

            • ជាតិនិយមជ្រុល(Chauvinism) ក៏អាចធ្លាក់ទៅក្នុងអំពើប្រកាន់ពូជសាសន៍ដែរ ហើយអាចធ្លាក់ទៅដល់អំពើប្រល័យពូជសាសន៍ដូចគ្នា។

            ៩.២-ទប់ស្កាត់នូវទំនាក់ទំនងមិនល្អរវាងវប្បធម៌ និងវប្បធម៌

            • នរវិទ្យាវប្បធម៌ ជួយយើងឲ្យមានការគោរពគ្នាដោយស្មើភាពក្នុងនាមជាមនុស្ស

            • នរវិទ្យាវប្បធម៌ ជួយយើងឲ្យយល់ដឹងពីវប្បធម៌ដោយឡែកៗរបស់ក្រុមមនុស្សនីមួយៗ

            • នរវិទ្យាវប្បធម៌ ជួយយើងឲ្យស្វែងយល់ពីគ្នាឱ្យបានកាន់តែច្រើនឡើង ហើយនាំមកនូវការយល់ដឹងពីគ្នា ចងមិត្តភាពជាមួយគ្នា និងបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ក្នុងនាមជាមនុស្សដែលមានភពផែនដី ជាផ្ទះរួម(Commune habitat)

Cooperation

Friendship

Comprehension

Integration

Holism

Universalism

សាកលនិយម        សន្តនិយម       សមាហរណកម្ម      ការយោគយល់គ្នា     មិត្តភាព      សហប្រតិបត្តិការ

 

            ៩.៣-ការអភិវឌ្ឍបច្ចេកវិទ្យា  (Technological development)

            • សតវត្សរ៍ទី២១ ជាសតវត្សរ៍ នៃបច្ចេកវិទ្យាទំនើប។ ប្រទេសនីមួយៗ ត្រូវយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមនុស្ស ឲ្យទៅជាមូលធនមនុស្ស(Human Capital)

            ប្រទេសកំពុងអភិវឌ្ឍ ត្រូវប្រកាន់យកគោលការណ៍ស្តឹម (S. T. E. M) ដែលជាគោលការណ៍ផ្អែកទៅលើវិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) និងគណិតវិទ្យា (Mathe-matic) ដើម្បីអភិវឌ្ឍប្រទេស។

            • ផ្សារភ្ជាប់ទៅនឹងបញ្ហានេះ ប្រទេសកម្ពុជាក៏កំពុងអភិវឌ្ឍឆ្ពោះទៅរកសហគ្រាសធុនតូច និងមធ្យម  (S. M. E) នេះដែរ ដើម្បីបង្កើនផលិតផលនាំចេញនិងលើកកំពស់ចំណូលរបស់ប្រជាជន ដោយសម្រេចឱ្យបាននូវចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

            • ប៉ុន្តែនរវិទ្យា ហាមប្រាមមិនឲ្យលង់លក់ទៅលើកតម្កើងបច្ចេកវិជ្ជាជាធំ(Technocracy) និងជ្រុលហួសហេតុនោះដែរ។

            • ត្រូវគ្រប់គ្រងបច្ចេកវិជ្ជាឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវការអភិវឌ្ឍន៍សង្គមមួយ ប្រកបដោយសីលធម៌។

            • ត្រូវចេះគួបផ្សំឲ្យបានល្អ រវាងវប្បធម៌បុរាណ និងវប្បធម៌ទំនើប ដើម្បីរក្សាវប្បធម៌និងប្រពៃណីជាតិ ឲ្យបានគង់វង្ស នោះទើបហៅថា អូម៉ូសាព្យាងទំនើបដ៏ឈ្លាសវៃ(Smart Modern Homosapien) ទៅបាន។

            ៩.៤-នគរូបនីយកម្ម (Urbanization)

            បញ្ហានគរូបនីយកម្ម ជាបញ្ហាសំខាន់សម្រាប់មនុស្សអូម៉ូសាព្យាងទំនើប។ ដូច្នេះ វិធានការល្អបំផុតនោះគឺ៖

            • ត្រូវអភិវឌ្ឍទីក្រុងនិងជនបទ ឲ្យទៅតាមប្លង់គោលមួយដែលបានកំណត់ត្រឹមត្រូវ ធានាបាននូវសុវត្ថិ-ភាពសង្គម និងបរិស្ថានប្រកបដោយនិរន្តរភាព។

            • ដោយឡែក ចំពោះរចនាបទសំណង់ ត្រូវតែធានាឱ្យបានច្រើនបំផុតនូវចរិតវប្បធម៌របស់ជាតិ។ បើពុំនោះសោតទេ គេនឹងបាត់បង់ដោយឥតដឹងខ្លួននូវអត្តសញ្ញាណជាតិ គួរឲ្យសោកស្ដាយបំផុត។

            ៩.៥-បញ្ហាសន្តិភាព (Peace)

            • សន្តិភាព ជាបញ្ហាស្នូលនៃការរស់នៅរបស់មនុស្សតទៅអនាគត

            • ស្ថិរភាព សន្តិភាព និង ការអភិវឌ្ឍជាអង្គបីដែលជាប់ពាក់ព័ន្ធគ្នាជាវិចារវិទ្យា(Dialectic)

            ត្រូវធ្វើឲ្យសន្តិភាពក្លាយទៅជាវប្បធម៌សកលសម្រាប់មនុស្សជាតិ ដោយយកចិត្តទុកដាក់អប់រំជាប់ជាប្រចាំអំពីសិទ្ធិមនុស្ស (សិទ្ធិមានជីវិត សិទ្ធិទទួលផល និង សិទ្ធិទទួលការអប់រំអស់មួយជិវិត) ។ អប់រំអំពីទស្សនាទានពិតប្រាកដរបស់ប្រជាធិបតេយ្យ, ការយោគយល់គ្នាជាអន្តរជាតិ, ការអត់ឱនអធ្យាស្រ័យគ្នា និងទំនាក់ទំនងគ្នាក្នុងលក្ខណៈអន្តរវប្បធម៌។

៩.៦-ការប្រែប្រួលអាកាសធាតុ (Climate Change)

            នៅដើមសតវត្សរ៍ទី២១យើងនេះ មនុស្សបានចាប់ផ្ដើមទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរអំពីការប្រែ- ប្រួលអាកាសធាតុ ដែលបណ្ដាលមកពីការបាត់បង់លំនឹងរវាងធាតុទឹក ធាតុដី ធាតុភ្លើង ធាតុខ្យល់ ដែលទ្រទ្រង់ផែនដី។ ការបាត់បង់លំនឹងទាំងនេះ អាចបណ្ដាលមកពីភាពអវិជ្ជារបស់មនុស្ស ក៏ដូចជាការរំលោភបំពានរបស់មនុស្សទៅលើក្រឹត្សក្រមធម្មជាតិ ដោយសារចង់មានចង់បានហួ

ហេតុ ហើយនាំគ្នាទៅបំផ្លិចបំផ្លាញធម្មជាតិ។

            • ការប្រែលប្រួលអាកាសធាតុ នាំឱ្យកើតមានកង្វះទឹក(គ្រោះរាំងស្ងួត) ដែលបណ្ដាលមកពីការបាត់​បង់ប្រព័ន្ធអេកូឡូស៊ីទាក់ទងនឹងទឹកដូចជា ភ្នំ ព្រៃឈើ ដីសើម ស្ទឹង ស្រទាប់ថ្មមានទឹកនិងបឹងបួរ កង្វះ​​​​​​​ខាតស្បៀងនិងកង្វះខាតអគ្គិសនីប្រើប្រាស់។ ដូច្នេះមនុស្សត្រូវរិះរកមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីរស់ បានក្នុងកង្វះខាតបែបនេះ។ ឧទាហរណ៍: បើខ្វះខាតទឹក មនុស្សត្រូវ

ជ្រើសរើសពូជស្រូវ ឬពូជដំណាំដែលធន់នឹងកង្វះទឹក ទើបដោះស្រាយបញ្ហាកង្ហះខាតស្បៀងបាន។ បើខ្វះខាតអគ្គិសនី មនុស្សត្រូវចេះទាញអគ្គិសនីចេញពីពន្លឺព្រះអាទិត្យ, ឧស្ម័នធម្មជាតិ, រ៉ែ(អ៊ុយរ៉ានីញ៉ូម) និងខ្យល់បក់។ ប៉ុន្តែត្រូវកាត់បន្ថយឲ្យនៅតិចបំផុត ការប្រើប្រាស់រ៉ែធ្យូងថ្ម ដើម្បីផលិតអគ្គិសនី ព្រោះនាំឲ្យពុលបរិស្ថាន។

            ៩.៧-ទេសចរណ៍ (Tourism)

            ទេសចរណ៍ ជាវិស័យឧស្សាហកម្មគ្មានផ្សែង ហើយទទួលបាននូវផលកម្រៃច្រើនសម្រាប់ប្រទេស

នីមួយៗ។ នៅពេលចំណូលរបស់ប្រជាជនចាប់ផ្ដើមកើនឡើង មនុស្សចង់ធ្វើទេសចរណ៍ដើរកំសាន្តទៅគ្រប់ទីកន្លែងផ្សេងៗរបស់ពិភពលោក ហើយបរិមាណទេសចរតាមប្រទេសនីមួយៗអាចមានការកើនឡើង។ ដូច្នេះ ដើម្បីបង្កើនចំណូលដល់ប្រទេសជាតិ មនុស្សត្រូវចេះរិះរកប្រភពចំណូលពីធម្មជាតិ ពីវប្បធម៌រូបិយ និងពីវប្បធម៌ សម្ភារៈផ្សេងៗទៀតរបស់ប្រទេសដើម្បីបម្រើឱ្យវិស័យទេសចរណ៍។

            ៩.៩-បញ្ហាជំងឺរាតត្បាត

            តាំងពីឆ្នាំ២០១៩មក ពិភពលោកបានជួបប្រទះនឹងជម្ងឺដ៏កាចសាហាវថ្មីមួយមានឈ្មោះថា "កូវីដ១៩" (Covid 19) ធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សអស់ជាងប្រាំលាននាក់រួចមកហើយ។ ដូច្នេះដើម្បីទប់ទល់នឹងជម្ងឺ ដ៏កាចសាហាវទាន់ហន់មួយនេះ មនុស្សទំនើបត្រូវចេះរកវិធីទប់ទល់នឹងជម្ងឺនេះ ដោយប្រើប្រាស់បច្ចេកវិជ្ជា និង ការគិតពិចារណាជាលក្ខណៈវិទ្យាសាស្ត្ររបស់ខ្លួន ដើម្បីផលិតនូវ

វ៉ាក់សាំងសម្រាប់ព្យាបាលមនុស្សដូចគ្នាឱ្យ ឆាប់​ជាសះស្បើយនិងមានភាពស៊ាំ អាចទប់ទល់នឹងជំងឺដ៏កាចសាហាវប្រភេទនេះ ព្រមទាំងអប់រំគ្នាឱ្យចេះរស់ នៅតាមគន្លងបែបបទថ្មី ដោយគោរពតាមវិន័យម៉ឹងម៉ាត់ ព្រមទាំងរក្សាអនាម័យផ្ទាល់ខ្លួនតាមវិធីសុខាភិបាល  "បី​ការពារ" និង"បីកុំ" ឱ្យបានខ្ជាប់ខ្លួនបំផុត។ បើពុំនោះសោតទេ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនិងគ្រួសារ អាចធ្លាក់ចុះដុនដាប ជីវិត

មនុស្សក៏អន្តរាយ ភាពក្រីក្រក៏កើតមាន ហើយបញ្ហាសង្គមគ្រប់បែបយ៉ាងក៏ អាចនឹងកើតមានទៅតាមនោះ ជាក់ជាមិនខាន។

សេចក្តីសន្និដ្ឋាន

            សរុបមក នរវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលទាមទារចាំបាច់ឱ្យមានការយល់ដឹងក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងប្រែប្រួលឆ្ពោះទៅរកផលអវិជ្ជមាន។ ចេះនរវិទ្យា និងប្រើប្រាស់នរវិទ្យាបានត្រឹមត្រូវ នាំឱ្យមនុស្សមានការយល់ដឹងកាន់តែច្បាស់ពីប្រភពនៃជាតិកំណើត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន និងជាតិសាសន៍ដទៃ ដោយមិនរើសអើង បង្កើតបានជាបរិយាកាសសុខដុមរមនា ចេះយោគយល់គ្នា ចងមិត្តភាពជាមួយគ្នា ធ្វើសហប្រតិបត្តិការរវាងគ្នានិងគ្នា ប្រកបដោយផលប្រយោជន៍ក្នុងនាមជាមនុស្សដូចគ្នា សហការគ្នាការពារផែនដី ដែលជាផ្ទះរួមរបស់ខ្លួនឱ្យស្ថិតក្នុងស្ថានភាពមានលំនឹង និងរក្សាបាននូវស្ថិរភាព សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ចៀសផុតពីភយន្តរាយផ្សេងៗ។

គន្ថនិទ្ទេស

 

            ១-វចនានុក្រមខ្មែរ សម្ដេចសង្ឃរាជ ជួនណាត ភាគទី១-២ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ.ស.១៩៦៧

            ២- អ្នកស្រី ត្រឹង ងា អរិយធម៌ខ្មែរ, ការផ្សាយរបស់អ្នកនិពន្ធ បោះពុម្ភលើកទី៣ ឆ្នាំ១៩៧៤

            ៣- A. Haviland William, Anthropology, Printed in the United States of America, Seventh Edition, 1994

            ៤- C. Howard Michael, Contemporary Cultural Anthropology, Printed in the United States of America, Fifth Edition, 1996

            ៥- M. Keesing Felix, Cultural Anthropology, the Science of Custom, Printed in the United States of America, 1962.