ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ

វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

                                                                                                               នៃរាជបណ្ឌិត្យសភាកម្ពុជា

.សេចក្ដីផ្ដើម

      ការអប់រំ ជាឆ្អឹងខ្នងនៃការអភិវឌ្ឍជាតិ។វិទ្យាសាស្ដ្រមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏មិនអាចខ្វះបាននូវការអប់រំដែរ។

កម្ពុជាជាប្រទេសមួយមានខឿនវប្បធម៌ ដ៏ចំណាស់មួយនៅដែនដីអាស៊ីអាគ្នេយ៍ ហើយក៏ធ្លាប់ជាអរិយប្រទេស ជាពិសេសសម័យអង្គរដ៏រុងរឿង។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងឈានដល់ដំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍ   វិស័យអប់រំ ឆ្លើយតបនឹងបរិបទតំបន់  និងសកលលោក។ មិនតែប៉ុណ្ណោះ កម្ពុជាក៏មានមហិច្ឆតា និងវិសាលភាពធំទូលាយជាងមុន សំដៅលើកកម្ពស់គុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងការសិក្សាពេញមួយជីវិត ក្នុងក្របខណ្ឌ ទូលំទូលាយ គ្របដណ្តប់លើ គ្រប់ប្រភេទ និងកម្រិតនៃការអប់រំ ជាពិសេស ស្របនឹងទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា។

        វាចង់បង្ហាញថា ជាការរួមចំណែកជាមួយនឹងវិស័យនានាប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សមិទ្ធផលអប់រំ និងឧត្តមានុវត្តន៍ ជាច្រើនដែលកម្ពុជាទទួលបានពីការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងផែនការអប់រំសម្រាប់ទាំងអស់គ្នា គឺជាមូលដ្ឋាន ដ៏សំខាន់ ដើម្បីឈានទៅសម្រេចការអប់រំក្នុង   បរិបទឆ្នាំ២០៣០ ខាងមុខ។[1] វិស័យអប់រំ មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែក លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព។

     ក្នុងន័យនេះ ការអប់រំជាការងារយើងទាំងអស់គ្នាដែលផ្ដោតលើការសិក្សា ការរៀន ការបង្រៀនដោយលៃយ៉ាងណាផ្ដល់នូវសេវាអប់រំប្រកបដោយគុណភាពនិង      ផលិតភាព។ ផែនទីបង្ហាញផ្លូវគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាពឆ្នាំ២០៣០ ស្តីពីការអប់រំ នៅ កម្ពុជារៀបចំឡើងដោយមានការពិគ្រោះយោបល់ និងការវិភាគយ៉ាងល្អិតល្អន់រវាងក្រសួង-ស្ថាប័ន អ្នកពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាបាននូវភាពប្រទាក់ក្រឡាគ្នាទៅនឹងគោលនយោបាយមានស្រាប់ដែលធ្វើឱ្យផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យ គោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយភាពប្រាកដប្រជាមានសង្គតិភាព ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ២០៣០ ខាងមុខ។

       ក្រសួងអប់រំក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានខិតខំរៀបចំផែនការអប់រំ គោលនយោបាយអប់រំដែលមានលក្ខណ:ប្រាកដប្រជា ច្បាស់លាស់ តែក្រៅពីនេះ គ្រួសារ សហគមន៍ និងបុគ្គលម្នាក់ៗក៏ត្រូវមានគោលការណ៍អប់រំផ្ទាល់ខ្លួនផងដែរ ដើម្បីអភិវឌ្ឍន៍បញ្ញាញាណឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ រួមគ្នាដូចពាក្យមួយឃ្លាលើកឡើងថា «ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ»[2]

[1] ក្រសួងអប់រំ យុវជន និងកីឡា ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជា ឆ្នាំ២០៣០គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០០៩

[2] Education For All (EFA)

.ទស្សន:ទូទៅអំពីការអប់រំ

-.និយមន័យ

        តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានផ្ដល់ន័យពាក្យ «អប់រំ» ថាជា      «ហាត់ចិត្ត; បង្វឹកចិត្ត; ជួសជុលចំពោះវិជ្ជាឬកិរិយាមារយាទ, ហ្វឹកហាត់ឲ្យស្ទាត់ជំនាញជាងមុន, កែឲ្យបានល្អប្រពៃជាងមុនជាលំដាប់; ខំប្រឹងបំពេញឧបនិស្ស័យឲ្យបរិបូណ៌, ខំកសាងសន្សំបុណ្យកុសលរក្សាទុកពុំឲ្យមានហ្មង, មិនឲ្យមានថ្នាំងថ្នាក់; បន្ទុំបារមី,ព្រះបរមពោធិសត្វបានអប់រំបន្ទុំបារមីអស់កាលយូរអង្វែង។ បើយោងតាមវចនានុក្រមបរទេសមួយបានបញ្ជាក់ថា «ការអប់រំ​ជាដំណើរការនៃការទទួលឬផ្ដល់ជូននូវការបង្រៀនឬការណែនាំជាប្រព័ន្ធ ជាពិសេសនៅសាលារៀនឬសាកលវិទ្យាល័យ»។ តាមវចនានុក្រមCambridge Dictionary ពន្យល់ថា៖ «ដំណើរការនៃការបង្រៀន ឬ ការសិក្សា ជាពិសេស នៅក្នុងសាលា ឬ មហាវិទ្យាល័យ ឬ ចំណេះដឹង ដែលយើងទទួលបាន»។[1]

   ការអប់រំមានន័យថា ការសិក្សាដើម្បីទទួលបានចំណេះដឹងនិងការយល់ដឹងកាន់តែស៊ីជម្រៅលើមុខវិជ្ជាផ្សេងៗដែលត្រូវយកមកអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។ ការអប់រំមិនត្រូវបានកំណត់ចំពោះតែចំណេះដឹងពីសៀវភៅប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាចទទួលបានតាមរយៈបទពិសោធន៍ជាក់ស្ដែងនៅខាងក្រៅថ្នាក់រៀនផងដែរ។ ក្រៅពីនេះក៏មានការលើកឡើងបន្ថែមទៀតថា ការអប់រំ គឺកិច្ចដំណើរការអភិវឌ្ឍការសិក្សាឬការបណ្ដុះបណ្ដាលកាយសម្បទា សតិបញ្ញា និង សីលធម៌តាមរយៈគ្រប់សកម្មភាពអប់រំ ការធ្វើឲ្យអ្នកសិក្សាទទួលបាននូវសំណុំចំណេះដឹង ជំនាញ សមត្ថភាពនិងតម្លៃ។ ការធ្វើឲ្យមនុស្សក្លាយជាបុគ្គលល្អដែលមានប្រយោជន៍សម្រាប់ខ្លួនង គ្រួសារ សហគមន៍ សមាគម ប្រទេសជាតិ និងពិភពលោក   ទាំងមូល។[2]

         ជាការពិតណាស់ ការអប់រំគឺជាសកម្មភាព ដែលមានគោលបំណងសំដៅដល់ការសម្រេចបាននូវគោលបំណងមួយចំនួន ដូចជាការបញ្ជូនចំណេះដឹង ឬការជំរុញជំនាញ និងចរិតលក្ខណៈ។ គោលបំណងទាំងនេះអាចរួមបញ្ចូលការអភិវឌ្ឍន៍ការយល់ដឹង សនិទានភាព សេចក្តីសប្បុរស និងភាពស្មោះត្រង់។ ទ្រឹស្ដីខ្លះ តម្រូវឱ្យការអប់រំនាំឱ្យសិស្សមានភាពប្រសើរឡើង          ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តនិយមន័យអព្យាក្រឹតតម្លៃនៃពាក្យ។ ក្នុងន័យខុសគ្នាបន្តិច ការអប់រំក៏អាចសំដៅទៅលើដំណើរការនេះ មិនមែនសំដៅទៅលើផលិតផលនៃដំណើរការនេះទេ៖ ស្ថានភាពផ្លូវចិត្ត និងអាកប្បកិរិយាមនុស្សដែលមានការអប់រំ។

-.ប្រវត្តិនៃការអប់រំ

..-ប្រវត្តិនៃការអប់រំសកល៖

    ក្នុងសៀវភៅដែលមានចំណងជើងថា«ការអប់រំនៅក្នុងប្រវត្តិសាស្រ្តពិភពលោក»របស់លោកម៉ាក ស ចនសាន់(Mark S.Johnson) និង លោក ភីតធឺ អិន(Peter N.)បានបង្ហាញពីរបៀបដែលជាចរន្តទូលំទូលាយនៅក្នុងប្រវត្តិសាស្ត្រឆ្លងដែនដោយផ្សារភ្ជាប់នឹងនិន្នាការនៅក្នុងស្ថាប័នអប់រំ និងការអនុវត្តការបង្រៀនតាមពេលវេលា។ ចាប់ពីសម័យបុរាណ និងសង្គមបុរាណរហូតដល់បច្ចុប្បន្ន សៀវភៅនេះបង្ហាញពីវិធីដែលការផ្លាស់ប្តូរក្នុងជីវិតខាងសាសនា និងបញ្ញា និងគំរូសេដ្ឋកិច្ចនៅក្នុងតំបន់សំខាន់ៗនៃពិភពលោកបានបង្កើតការអភិវឌ្ឍន៍ក្នុងការអប់រំ។ ចាប់តាំងពីសម័យក្រោយបុរាណមក ទំនាក់ទំនងឆ្លងវប្បធម៌ក៏មានឥទ្ធិពលលើការផ្លាស់ប្តូរផ្នែកអប់រំផងដែរ។[3] បើយោងតាមប្រវត្តិអប់រំចិន និងក្រិក ការអប់រំ គឺកើតតាំងពីមុនគ្រឹស្ដសករាជមកម្ល៉េះ។

នៅក្នុងសង្គមមុនចេះអក្សរ នេះត្រូវបានសម្រេចដោយផ្ទាល់មាត់ និងតាមរយៈការធ្វើត្រាប់តាម។ ការនិទានរឿងបានឆ្លងកាត់ចំណេះដឹង គុណតម្លៃ និងជំនាញពីមួយជំនាន់ទៅមួយជំនាន់ទៀត។ 

       ខាងក្រោមនេះ ជាប្រវត្តិខ្លះនៃការអប់រំនៃប្រទេសមួយចំនួន៖

-ប្រទេសឥណ្ឌា៖

     ការអប់រំនៅក្នុងឧបទ្វីបឥណ្ឌាបានចាប់ផ្ដើមជាមួយនឹងការបង្រៀនអំពីធាតុប្រពៃណី ដូចជា សាសនាឥណ្ឌា គណិតវិទ្យាឥណ្ឌា តក្កវិជ្ជាឥណ្ឌា  ហិណ្ឌូ និង មជ្ឈមណ្ឌលពុទ្ធសាសនា ដូចជានៅ តាកសាស៊ីឡាបុរាណ (នៅប៉ាគីស្ថានសម័យទំនើប) និងណាឡាន់ដា (នៅឥណ្ឌា)។

    ការអប់រំឥស្លាម បានជាប់ពាក់ព័ន្ធជាមួយនឹងការបង្កើតអាណាចក្រអ៊ីស្លាមនៅក្នុងឧបទ្វីបឥណ្ឌាក្នុងយុគសម័យកណ្តាល         ខណៈដែលការមកដល់នៃពួកអឺរ៉ុប ហើយក្រោយមកបាននាំយកការអប់រំលោកខាងលិចទៅកាន់ប្រទេសឥណ្ឌាអាណានិគម។ 

        សាកលវិទ្យាល័យតាមបែបបស្ចិមប្រទេស ជាច្រើនត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់អង់គ្លេសក្នុងសតវត្សទី១៩។ ទីបំផុត វិធានការបន្តបន្ទាប់គ្នាពេញមួយពាក់កណ្តាលដើម     សតវត្សទី២០ បានក្លាយជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអប់រំនៃសាធារណរដ្ឋឥណ្ឌា               ប៉ាគីស្ថាន និងភាគច្រើននៃឧបទ្វីបឥណ្ឌា។ 

-ប្រទេសក្រិក៖

       ការអប់រំសម្រាប់ប្រជាជនក្រិក ត្រូវបាន "ប្រជាធិបតេយ្យ" យ៉ាងទូលំទូលាយនៅ សតវត្សទី៥មុនគ.ស. ដែលទទួលឥទ្ធិពលដោយ សុភីស ផ្លាតូ និង អ៊ីសូក្រាត។ ក្រោយមក នៅសម័យហេលែនីស្ដីក (Hellenistic)[4] នៃប្រទេសក្រិកបុរាណ ការអប់រំនៅក្នុងសាលាកាយសម្ព័ន្ធ (Gymnasium ) ត្រូវបានគេចាត់ទុកថា មានសារៈ សំខាន់សម្រាប់ការចូលរួមក្នុងវប្បធម៌ក្រិក។ តម្លៃនៃការអប់រំកាយចំពោះជនជាតិក្រិក និង រ៉ូមបុរាណមានលក្ខណៈពិសេសជាប្រវត្តិសាស្ត្រ។ ការអប់រំនៅប្រទេសក្រិកបុរាណមានពីរទម្រង់៖ ផ្លូវការ និងក្រៅផ្លូវការ។ ការអប់រំផ្លូវការ ត្រូវបានសម្រេចតាមរយៈការចូលរៀននៅសាលារដ្ឋ ឬត្រូវបានផ្តល់ដោយគ្រូដែលជួល។ ការអប់រំក្រៅប្រព័ន្ធ ត្រូវបានផ្តល់ដោយគ្រូដែលមិនមានប្រាក់ខែ ហើយបានកើតឡើងនៅក្នុងកន្លែងមិនសាធារណៈ។ ការអប់រំ គឺជាធាតុផ្សំដ៏សំខាន់នៃអត្តសញ្ញាណរបស់មនុស្ស។ ការអប់រំភាសាក្រិក ជាផ្លូវការជាចម្បងសម្រាប់បុរស និងមិនមែនជាទាសករ។ នៅក្នុងរដ្ឋប៉ូលីស(Polis) ភាគខ្លះ ច្បាប់ត្រូវបានអនុម័តដើម្បីហាមឃាត់ការអប់រំទាសករ។ អ្នករស់នៅស្ព៉ាតាឬប្រជាជនស្ព៉ាតា(Spartans) ក៏បានបង្រៀនតន្ត្រី និងរបាំផងដែរ ប៉ុន្តែក្នុងគោលបំណងបង្កើនភាពបត់បែនរបស់ពួកគេក្នុងនាមជាទាហាន។

-ប្រទេសចិន៖

         នៅឆ្នាំ២០០០មុនគ.ស ការអប់រំរបស់ចិន បានរីកចម្រើនដល់កម្រិតដែលបានបង្កើតឡើងជាពិសេសនូវកន្លែងសិក្សាសម្រាប់គោលបំណងនៃការរៀនសូត្រ។ ពី ឆ្នាំ៨០០ ទៅ ឆ្នាំ៤០០ មុនគ.. ប្រទេសចិនមានទាំង គួស្ហៀរ ( Guoxue:សាលារដ្ឋាភិបាល) និងហ្ស៊ាំងស្ហៀរ (Xiangxue: សាលាក្នុងស្រុក)។ ការអប់រំនៅក្នុងប្រទេសចិនបែបប្រពៃណី ត្រូវបានគ្របដណ្ដប់ដោយឃូជិ (keju:ប្រព័ន្ធប្រឡងសេវាស៊ីវិល)[5] ដែលបានចាប់ផ្តើមអភិវឌ្ឍប្រហែល ឆ្នាំ៤០០ នៃគ.សនិងកាន់តែរីកចម្រើននៅក្នុងរជ្ជកាលរាជវង្សតាំង (ឆ្នាំ៦១៨ដល់៨៩៦នៃគ.)

      ​ ឃូជិ(Keju) គឺជាកម្មវិធីស្រាវជ្រាវមួយដែលផ្អែកលើគោលគំនិតខុងជឺ។ ប្រព័ន្ធប្រឡងចូលបម្រើ ការងារស៊ីវិល(Keju) នេះ នៅតែជាមធ្យោបាយដាច់ខាតមួយសម្រាប់មុខតំណែងរដ្ឋាភិបាលសម្រាប់ឥស្សរជនដែលមានការអប់រំរបស់ប្រទេសចិនអស់       រយៈពេលជាង១០០០ ឆ្នាំ។[6] 

..-ប្រវត្តិអប់រំនៃកម្ពុជា

         នៅប្រទេសកម្ពុជា ការសិក្សាកើតមានឡើងតាំងពីសម័យព្រេងនាយ។ ប៉ុន្ដែ កាលពីដើមឡើយ មាននៅតែត្រកូលស្ដេចប៉ុណ្ណោះ។ បុត្រាបុត្រីស្ដេច មន្ត្រីតូចធំសុទ្ធតែបានទទួលការសិក្សាបរិបូរណ៍។ ដោយប្រទេសកម្ពុជាទទួលឥទ្ធិពលពុទ្ធសាសនា និង ព្រាហ្មណ៍សាសនា។ ប្រទេសកម្ពុជាគោរពសាសនាទាំងពីរនេះ។ នៅសម័យហ្វូណន  ការសិក្សាមានការរីកចម្រើនហើយ។ ភិក្ខុសាមណេរ បានទទួល លើករហូតដល់វិជ្ជាជាន់ខ្ពស់។ កាលនោះ មានព្រះថេរអង្គខ្លះបានសិក្សាខ្ពង់ខ្ពស់ ចេះវិជ្ជាច្រើនប្រការ  ។ជាពិសេសទៀតនោះ នៅសម័យអង្គរ ការសិក្សាឡើងដល់ថ្នាក់ខ្ពស់បំផុត។ មានអ្នកប្រាជ្ញច្រើននាក់ អ្នកប្រាជ្ញពុទ្ធសាសនា អ្នកប្រាជ្ញសាសនាព្រាហ្មណ៍ ខ្លះជាបុរោហិត ខ្លះជាព្រះរាជគ្រូ។ ក្នុងរាជសំណាក់មានមហាវិទ្យាល័យជាន់ខ្ពស់ សម្រាប់ព្រះរាជត្រកូល នៅក្នុងវត្តជ័យស្រីព្រះខាន់។ ព្រះនាងឥន្ទ្រទេវី ជាព្រះអគ្គមហេសីនៃព្រះបាទជ័យ  វរ័្មនទី៧ជាទ្រង់ជាសាកលវិទ្យាធិការ។[8] 

      ក្រោយៗមក ការសិក្សាអប់រំមានការធ្លាក់ចុះដូចជានៅសវទី១៨ និងសម័យខ្មែរក្រហមជាដើម។ អ្វីដែលយើងគួរកត់សម្គាល់គឺនៅការអប់រំសម័យអាណាពីគមនិយមបារាំង ប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងជ្រោយឥណ្ឌូចិន ហើយបានស្ថិតនៅក្រោមរបបអាណាព្យាបាលបារាំង ចាប់ពីឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣។ នៅពេលមុននឹងប្រទេសបារាំងចូលមកកាន់កាប់ប្រទេសកម្ពុជា ត្រូវបានទទួលរងនូវការគាបសង្កត់ពីសំណាក់ប្រទេសជិតខាងឥតឈប់ឈរ។ ទាក់ទងនឹងវិស័យអប់រំ របស់ប្រទេសកម្ពុជានាសម័យនោះ ការសិក្សាបានធ្វើឡើងនៅតាមទីវត្តអារាម ដែលជាមជ្ឈមណ្ឌលវប្បធម៌ អរិយធម៌ដ៏សំខាន់របស់ខ្មែរ។ ការអប់រំតាមបែបប្រពៃណីនាពេលនោះ គឺព្រះសង្ឃបានដើរតូវតទីយ៉ាង សំខាន់ជាគ្រូបង្រៀនជាអ្នកផ្ទេរចំណេះដឹងដល់កូនខ្មែរ។

         ក្រោយសម័យទាមទារឯករាជ្យបានពីអាណានិគមបារាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ សាលារៀនកើតមាននៅគ្រប់វត្តអារាម និង ទីប្រជុំជន។ ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះករុណាព្រះបាទនរោត្តមសីហនុ ទ្រង់សព្វព្រះទ័យក្នុងការធ្វើឲ្យវិស័យអប់រំ អភិវឌ្ឍដល់កម្រិតខ្ពស់ តាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តម សិក្សា។ ទីជនបទឆ្ងាយដាច់ស្រយាលក៏មាន សាលាបឋមសិក្សា និង អនុវិទ្យាល័យដែរ ហើយក្រោយពីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រព័ន្ធអប់រំជាតិទាំងមូលត្រូវបានបង្កើត និង ស្តារឡើងវិញ តាមរយៈការប្រមែប្រមូលធនធានគ្រូ សិស្ស និស្សិត ដែលនៅសេសសល់ពីការកាប់សម្លាប់ ក្រោមការឧបត្ថម្ភ ជំនួយបច្ចេកទេសពីបណ្តាប្រទេសសង្គមនិយមនានា។ គ្រួបង្រៀនដែលនៅរស់រានមានជីវិតមានចំនួនតិចតួចពេក នៅពេលនោះក្រសួងអប់រំក៏អនុវត្តគោលការណ៍ «អ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះ»។ គ្រូបង្រៀនគ្មានចំណេះដឹង និងខ្វល់គ្មានកោសល្យហៅថា   «គ្រូចាត់តាំង»។ គ្រូបង្រៀនដែលនៅរស់រានមានជីវិតពីរបប ប៉ុល ពត ហៅថា “គូចាស់ ក៏មានតួនាទីជាអ្នកផ្តល់ចំណេះដឹងគរុកោសល្យ ដល់-គ្រូចាត់តាំង»។ ដោយផ្អែកលើគោលការណ៍ ការសិកាត្រូវផ្សារភ្ជាប់នឹងជីវភាព។ ទាំងសៀវភៅសិក្សា និង កម្មវិធីសិក្សាសុទ្ធសឹងតាក់តែងនិងរៀបចំថ្មីទាំងអស់។

        កំណែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំនៅកម្ពុជា ការប្រែប្រួលផ្នែកនយោបាយ និង សង្គម-សេដ្ឋកិច្ច បានតម្រូវឱ្យមានកំណែទម្រង់ប្រព័ន្ធអប់រំជាបន្តបន្ទាប់។ នៅមុនឆ្នាំ១៩៧៥ កម្ពុជារក្សាប្រព័ន្ធអប់រំមួយ តាមកេរដំណែលរបស់បារាំង មានរយៈពេលសិក្សា១៣ឆ្នាំ (៦+៤+២+១) និង ឆ្លងកាត់ការប្រឡងធំៗ ៤ ឬ ៥ដង។ ក្រោយឆ្នាំ១៩៧៩ ផ្នែកតាមតម្រូវការបន្ទាន់របស់ប្រទេសជាតិ ក្រសួងអប់រំបានអនុវត្តប្រព័ន្ធអប់រំ១០ឆ្នាំ (៤+៣+៣) ហើយចាប់ផ្តើមពង្រីកឲ្យទៅជាប្រព័ន្ធ១១ឆ្នាំ (៥+៣+៣) ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៦។[9] ក្នុងបរិបទថ្មីរបស់ប្រទេសជាតិ ក្រសួងអប់រំ យុវជន និង កីឡា បានបន្តកែលម្អប្រព័ន្ធ អប់រំតម្រងកម្មវិធីសិក្សា ពាក់តែងសៀវភៅសិក្សាថ្មី បំប៉នសមត្ថភាពជាថ្មីដល់គ្រូបង្រៀន ដើម្បីត្រៀម លក្ខណៈផ្ដើមអនុវត្តប្រព័ន្ធអប់រំ១២ឆ្នាំ (៦+៣+៣) នៅក្នុងឆ្នាំសិក្សា១៩៩៦-១៩៩៧ មកទល់បច្ចុប្បន្ន។ ប្រព័ន្ធអប់រំថ្មី បានបង្កើនម៉ោងសិក្សាសម្រាប់គ្រប់កម្រិតថ្នាក់វិនបឋមសិក្សា។ រចនាសម្ព័ន្ធនៃប្រព័ន្ធអប់រំកម្ពុជាចុងក្រោយ បានបង្កើនចំណេះដឹងសិស្សមួយកម្រិតទៀត គឺពី១១ឆ្នាំ ដល់១២ឆ្នាំ ដោយបន្ថែម១ឆ្នាំ ទៀតនៅបឋមសិក្សា។ ប្រព័ន្ធនេះ បង្ហាញពីការចូលរៀនរបស់កុមារនៅអាយុ៣ឆ្នាំនៅមត្តេយ្យសិក្សារយៈ ពេល៣ឆ្នាំគឺ កម្រិតមត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតមធ្យម និង មត្តេយ្យ កម្រិតខ្ពស់ បន្ទាប់ពីមុនពេល គេចូលរៀននៅបឋមសិក្សា ដែលមានអាយុ៦ឆ្នាំ ឬ យ៉ាងតិច៧២ខែ។ ប្រព័ន្ធនេះ ក៏មានភាពទន់ភ្លន់ផងដែរ ចំពោះសិស្សដែលបញ្ចប់អនុវិទ្យាល័យ អាចបន្តការសិក្សាទៅរកឯកទេសណាមួយតាមមជ្ឈមណ្ឌល ឬ សាលាបច្ចេកទេស និង វិជ្ជាជីវៈសម្រាប់ឈានឆ្ពោះទៅទីផ្សារ      ពលកម្មការងារ។

      ក្រោយមក នៅដំណាក់កាលថ្មី ចាប់ពីឆ្នាំ១៩៩៧ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី វិស័យអប់រំ មានការរីកចម្រើនយ៉ាងខ្លាំង។ សំណង់អគារសិក្សា អគារធនធាន អគារកាត់ដេរ សួនបន្លែ ឬបន្ទប់កុំព្យូទ័រ មានស្ទើរគ្រប់ទីកន្លែង ទោះបីសាលារៀននៅតំបន់ជនបទ ក៏ដូចទីក្រុងដែរ ពិសេសក្រសួងអប់រំ យុវជននិងកីឡា មានគោលនយោបាយបង្កើតវិទ្យាល័យ្យមានគ្រប់តាមឃុំ-សង្កាត់នៅទូទាំងប្រទេស។ 

        កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា បានទទួលផ្លែផ្កាជាច្រើន ក្នុងការអភិវឌ្ឍអប់រំ ដូចរូបភាពខាងលើបញ្ជាក់ស្រាប់ មិនថាក្នុងទីក្រុងឬជនបទចុងកាត់មាត់ញកឬ តាមបន្ទាត់ព្រំដែន ក៏មានការរីកចម្រើនបានទៅដល់ដែរ។ 

-.ទស្សន:អ្នកអប់រំល្បីៗ៖

   ការអប់រំបែបប្រពៃណីក្ដី ការអប់រំទំនើបក្ដី ច្រើនអនុវត្តតាមទ្រឹស្ដីល្អៗនៃអ្នកប្រាជ្ញឬអ្នកអប់រំ(Educators)។ តទៅនេះ​យើង សូមលើកយកគោលទ្រឹស្ដីរបស់អ្នកប្រាជ្ញខ្លះៗមកបង្ហាញ៖

-ព្រះពុទ្ធ៖(Guatama Buddha)

   ព្រះពុទ្ធ គឺជាសាស្ត្រាចារ្យដ៏ជំនាញមួយរូប ហើយព្រះអង្គមានជំនឿយ៉ាងមោះមុតក្នុងអានុភាពនៃពាក្យពោលដើម្បីបញ្ចុះបញ្ចូលមនុស្ស ឲ្យផ្លាស់ប្ដូរបែបបទនៃជីវិតរបស់គេ, ឲ្យគេព្រមប្រកាន់យកតម្លៃថ្មី និងស្វែងរកគោលដៅថ្មី។ នៅពេលមួយនោះ កាលដែលគ្រូប្រដៅសាសនាជាបដិបក្ខទាំងឡាយ បានពឹងផ្អែកលើមន្តអាគម និងសកម្មភាពអច្ឆរិយៈ ដើម្បីបញ្ចុះបញ្ចូល ប្រមូលសាវ័កឲ្យបានច្រើនសម្រាប់ក្រុមរបស់គេ, ព្រះពុទ្ធបានប្រកាន់យកតែអច្ឆរិយភាពតែមួយប្រភេទប៉ុណ្ណោះ គឺ "អច្ឆរិយភាពនៃការប្រៀនប្រដៅ" (អនុសាសនីបាដិហារិយៈ)។

សម្រង់សម្ដីទាក់ទងការបង្រៀន៖«មហាសមុទ្រ មានរសតែមួយ  អំបិលក៏មានរសដូច្នោះដែរ ការបង្រៀន និង ច្បាប់វិន័យនេះ ក៏មានរសតែមួយ គឺរសនៃសេរីភាព។  ការបង្រៀនរបស់ខ្ញុំមិនមែនជាទស្សនវិជ្ជាទេ។ វាជាលទ្ធផលនៃបទពិសោធន៍ផ្ទាល់... ការបង្រៀនរបស់ខ្ញុំ គឺជាមធ្យោបាយនៃការ អនុវត្ត មិនមែនជាអ្វីដែលត្រូវតម្កល់ឬថ្វាយបង្គំទេ។ ការបង្រៀនរបស់ខ្ញុំប្រៀបដូចជាក្បូនដែលប្រើ សម្រាប់ឆ្លងទន្លេ។ គឺមានតែមនុស្សល្ងីល្ងើទេ ដែលជិះក្បូនជុំវិញ បន្ទាប់ពីគាត់បានទៅដល់ច្រាំងទន្លេពោរពេញដោយសេរីភាព»។[10]

  ក្រៅពីទស្សននេះ ព្រះអង្គក៏បានមានពុទ្ធដីកាបន្ថែមថា៖«ការសិក្សាគឺមិនចេះចប់  ពីព្រោះជីវិតក៏មិនដែលឈប់សិក្សាដែរ»។[11]

-លោកចាន់ណាក់យៈ(Chanakya)

      ប្រហែលឆ្នាំ៣២១ មុនគ.ស.    ព្រះគ្រូចាន់ណាក់ បានជួយអធិរាជ Mauryan ដំបូងបង្អស់ Chandragupta ក្នុងការឡើងកាន់អំណាច ហើយត្រូវបានគេសរសើរយ៉ាងទូលំទូលាយថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអាណាចក្រ Maurya។លោក ជាគ្រូបង្រៀន ទស្សនវិទូ សេដ្ឋវិទូ អ្នកច្បាប់ ទីប្រឹក្សា Chandragupta Maurya ត្រូវបានគេស្គាល់ថា: តួនាទីលេចធ្លោនៅក្នុងមូលដ្ឋានគ្រឹះនៃអាណាចក្រ Maurya 

សម្រង់សម្ដី៖ «ការអប់រំគឺជាមិត្តល្អបំផុត។ អ្នកពូកែដោយទង្វើរបស់អ្នក។ សេចក្តីល្អរបស់បុគ្គលនោះ ផ្សាយទៅគ្រប់ទិសទី។ សៀវភៅ គឺសម្រាប់អ្នកមានប្រាជ្ញា»។ 

-សាវីទ្រីប៉ៃ ភូលេ (Savitribai Phute)

    សាវីទ្រីប៉ៃ(Savitribai)ជាអ្នកគ្រូបង្រៀន ជាទីប្រឹក្សា និងជាម្ដាយនៃទ្រឹស្ដីស្ដ្រីនិយមរបស់ឥណ្ឌា។

សាវីទ្រីប៉ៃ(Savitribai) តែងតែនិយាយអំពីថាតើការអប់រំមានសារៈសំខាន់យ៉ាងណា។ នាងចង់ឲ្យ មនុស្សប្រុសស្រីគ្រប់រូប មានអប់រំ និង មានសេរីភាព។ ទោះបីជាមានការប្រឆាំងពីសង្គមក៏ដោយ នាងដឹងថាការអប់រំគឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវឯករាជ្យភាព គំនិតដែលគួរអោយកត់សំគាល់បំផុតរបស់ សាវីទ្រីប៉ៃ ភូលេ (Savitribai Phule) គឺអំពីសមភាពវណ្ណៈ។ នាងមានចំណេះខ្ពង់ខ្ពស់ខ្លាំងជាងអ្នកផ្សេងៗទៀតដែលរស់នៅសម័យកាលនោះ។

សម្រង់សម្ដី៖ «ការអប់រំគឺជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបាននូវឯករាជ្យភាព»។ 

-អារីស្ដូត(Aristotle)

   អារីស្តូត ជាជនជាតិក្រិចបុរាណដែលដឹងរឿងមួយចំនួនអំពីការអប់រំ ធ្លាប់បានធ្វើការសង្កេតមួយដើម្បីដាក់ចំណាត់ថ្នាក់សមាជិកមួយចំនួននៃ PTA  

   លោកបានមានប្រសាសន៍ថា “អ្នកដែលអប់រំកូនឲ្យបានល្អ គឺ មានកិត្តិយសជាងអ្នកដែលបង្កើតវា ទៅទៀត។ សម្រាប់អ្នកទាំងនេះបានផ្ដល់ជីវិតតែមួយគត់ គឺសិល្បៈនៃការរស់នៅដ៏ល្អ»។ ម្យ៉ាងវិញទៀត ឪពុកម្តាយជាអ្នកបង្កើតកូន  គ្រូ ជាអ្នកប្រែក្លាយពួកគេទៅជាមនុស្ស។

-ចន ឌីវី (JOHN Dewey)

   លោក ចន ឌីវី(JOHN Dewey)ជាទស្សនវិទូអាមេរិកដ៏ល្បីល្បាញម្នាក់នាសវទី២០។

     ឥទ្ធិពលរបស់ ចន ឌីវី លើការអប់រំត្រូវបានបង្ហាញឱ្យឃើញនៅក្នុងទ្រឹស្តីរបស់គាត់អំពីការរៀនសូត្រសង្គម។ គាត់ជឿថា សាលាគួរតែជាតំណាងនៃបរិយាកាសសង្គម ហើយសិស្សរៀនបានល្អបំផុតនៅពេលស្ថិតនៅក្នុងសង្គមធម្មជាតិ

-អាប្រាហាម ម៉ាស្លូវ (Abraham Maslow)

អាប្រាហាម ម៉ាស្លូវ( Abraham Maslow) គឺជាអ្នកចិត្តវិទ្យាអាមេរិកាំង[12]ដ៏ល្បីល្បាញនាសវទី២០។លោកបានផ្ដល់ជាទស្សនជាច្រើនទាក់ទងការអប់រំដោយលោកបានលើកឡើងថា «តម្រូវការកាន់តែច្រើនដែលត្រូវបានបំពេញ សិស្សនឹងរៀនកាន់តែច្រើន»។ ឋានានុក្រមរបស់ Maslow ត្រូវបានបង្កើតឡើងដោយអាប្រាហាម ម៉ាស្លូវ       ( Abraham Maslow) ក្នុងឆ្នាំ១៩៥៤ គឺជាវិធីនៃការរៀបចំតម្រូវការមូលដ្ឋានរបស់សិស្សនៅកម្រិតផ្សេងៗគ្នា[13]។ 

សម្រង់សម្ដី៖ «មនុស្សដែលសម្រេចចិត្តដោយខ្លួនឯង អ្នកដែលឈានដល់កម្រិតនៃភាពចាស់ទុំ សុខភាព និងការបំពេញដោយខ្លួនឯងមានច្រើនណាស់ក្នុងការបង្រៀនយើង ដែលពេលខ្លះហាក់ដូចជា ពូជមនុស្សខុសគ្នា»។ (Self-actualizing people, those who have come to a high level of maturation, health, and self-fulfillment, have so much to teach us that sometimes seem almost like a different breed of human beings.)

      ការលើកឡើងពីសម្រង់សម្ដីខ្លះៗរបស់អ្នកអប់រំ ឬទស្សនវិទូមួយចំនួនមកខាងលើនេះ  វាគ្រាន់ជាទស្សនទានដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រឹងរួមគ្នានៃមនុស្សជាតិទូទៅលើភពផែនដីនេះ។គឺអ្នកទាំងអស់នេះហើយ ជាបុព្វបុរសអប់រំដែលជួយដល់ការកែប្រែសង្គមនិងអភិវឌ្ឍគោលគំនិតនានាឆ្ពោះមកសតវត្សថ្មីនេះ។

[1] The process of teaching or learning, especially in a school or college, or the knowledge that you get from.

[2] ការឆ្លើយតបសំណួរដែលថា តើអ្វីជាការអប់រំ?ចុះផ្សាយក្នុងគេហទំព័រKhsearch.com

[3] https://www.routledge.com

[4] ពេលដែលរីករាលដាលនៃវប្បធម៌ក្រិកពាសពេញមេឌីទែរ៉ាណេខាងកើត និង អាស៊ី បន្ទាប់ពីការសោយទីវង្គត់ របស់អេឡិចសាន់ឌឺ(Alexanderស្ដេចអេហ្សីប)

[5] civil service examination system

[6] អានបន្ថែម៖https://education.stateuniversity.com/pages/269/ China-HISTORY-BACKGROUND.html#ixzz7hXi8Mzb

[7] ការបង្រៀន និងទស្សនវិជ្ជារបស់ ខុងជឺ គាំទ្រវប្បធម៌ និងសង្គមអាស៊ីបូព៌ា ដែលនៅតែមានឥទ្ធិពលនៅទូទាំងប្រទេសចិន និងអាស៊ីបូព៌ារហូតមកដល់សព្វថ្ងៃនេះ។

[8] កង  ការអប់រំនិងការអភិវឌ្ឍនៅកម្ពុជា ទំព័រទី៤ ការផ្សាយរបស់វិទ្យាស្ថានមនុស្សសាស្ដ្រ និង

វិទ្យាសាស្ដ្រសង្គម ២០២០

[9] កង  ការអប់រំនិងការអភិវឌ្ឍនៅកម្ពុជា  ទំព័រទី៨  ការផ្សាយរបស់វិទ្យាស្ថានមនុស្សសាស្ដ្រនិង              វិទ្យាសាស្ដ្រសង្គម ២០២០

[10] http://www.azquotes.com

[11] Never stop learning, because life never stop teaching.

[12] https://www.verywellmind.com

[13] សូមអានបន្ថែមនៅ(McLeod, 2007)

.ការអប់រំជាការងារទាំងអស់គ្នា

    មនុស្សយើងម្នាក់ៗ មិនអាចរស់នៅផ្ដាច់ចេញពីគ្នាបានទេ ហើយការប្រាស្រ័យទាក់ទង គ្នា ជាមធ្យោបាយមួយកសាងសុខដុមនីយកម្មសម្រាប់ពួកយើង។ការសិក្សា អប់រំ ជាមូលដ្ឋានចាំបាច់បំផុតក្នុង​ ការ​ជួយបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍មួយ ប្រទេសមួយ ក៏ដូចពិភពលោកទាំងមូលពោរពេញទៅដោយធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។ នេះគឺជាកោសិកាសំខាន់ៗដែលត្រូវរួមគ្នាដើម្បីការអប់រំ៖

    -.គ្រួសារ

        ពុកម្ដាយ ជាគ្រូដើម(បុព្វាចារ្យ)របស់កូនប្រុសស្រី។ ម្ដាយឪពុកឬឪពុកឬម្ដាយ មានតួនាទីជាអាណាព្យាបាលលើសមាជិកដទៃក្នុងគ្រួសារ ។ ពួកគេ ជាអ្នកទទួលខុសត្រូវលើសមាជិកគ្រួសារក្នុងការផ្ដល់តម្រូវការចាំបាច់គ្រប់យ៉ាងឱ្យគ្រួសារ។ ភារកិច្ចរបស់ម្ដាយឪពុកចំពោះកូនមាន[1]

·       ស្រឡាញ់ថ្នាក់ថ្មមនិងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា។

·       ពង្រីកការអប់រំខាងស្មារតី សីលធម៌ វិន័យផ្ទាល់ខ្លួន និងសាសនា ។

·   ត្រួតពិនិត្យរាល់សកម្មភាពនិងការកំសាន្ត។

·              អប់រំកូនឱ្យឧស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង ។

·       ជួយជំរុញ លើកទឹកចិត្តកូនឱ្យធ្វើ កិច្ចការផ្ទ៖ កិច្ចការសាលារៀននិងកិច្ចការសង្គម។ បង្រៀនគេពិភារកិច្ចជាពលរដ្ឋនិងធ្វើឱ្យពួកគេមានគំនិតចេះស្រឡាញ់ជាតិ ។

·       ផ្តល់ដំបូន្មានល្អៗ ចំពោះការអភិវឌ្ឍនិងសុខុមាលភាព ។

·       ធ្វើជាគំរូល្អដល់ពួកគេ។ ទុកដាក់ពួកគេឱ្យមានតួស្រុកតាមប្រពៃណីនិងចែកទ្រព្យសម្បត្តិប្រសិនបើម្ដាយឪពុកមានលទ្ធភាព។

-.សហគមន៍-អង្គការពាក់ព័ន្ធ

      ការសិក្សាមិនមែនចេះតែជោគជ័យឬសំណាងនោះទេ ។ពាក្យ«សំណាង»ជាពាក្យកម្លាយបានមកពីពាក្យ «សាង» ហេតុនេះដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សាអប់រំ លុះត្រាតែមានផែនការអប់រំបណ្ដុះបណ្ដាលមួយត្រឹមត្រូវ ពិសេសនោះក៏ត្រូវមានគ្រូបង្គោលឬអ្នកដឹកនាំអប់រំមានជំនាញច្បាស់លាស់។ ជាក់ស្ដែងនៅកម្ពុជាយើងមានសហគមន៍ជាច្រើនចូលរួមសកម្មភាពអប់រំក្រៅពីប្រព័ន្ធអប់រំនៅសាលាសាធារណដោយមានសមាគមមាតាបិតាជាច្រើន។ក្រៅពីនេះ នៅក្នុងសៀវភៅមួយមានចំណងជើងថា«ប្រព័ន្ធអប់រំអាស៊ាន»[2] បានលើកឡើងពីបាវចនាអាស៊ានថា              «ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ  សហគមន៍តែមួយ» (One Vision, One Identity, One Community)។ តាមបាវចនា   អាស៊ាននេះ មានន័យថា អាស៊ានជាសហគមន៍មួយដែលរួមគ្នា ក្នុងការអភិវឌ្ឍវិស័យអប់រំរួមគ្នា។

     ទន្ទឹមនឹងនេះ  យើងក៏សង្កេតឃើញមានអង្គការជាច្រើនបម្រើឱ្យវិស័យអប់រំ ទាំង  អង្គការជាតិ និងអង្គការអន្តរជាតិ ដូចជាអង្គការយូនីសែហ្វ (UNICEF)[3] អង្គការទស្សន:ពិភពលោក (World Vision) អង្គការយូណេស្កូ (UNESCO) សហគមន៍សិក្សាអែហ្វ ធូ អេស​[4]ជាដើម។ 

-.សាលារៀន

      សាលារៀន ជាអង្គភាពមួយផ្ដល់សេវាកម្មនៃការសិក្សា វិន័យ។សាលា ក៏ជាកន្លែងដែលក្មេងៗទៅរៀនដើម្បីទទួលបានការអប់រំ(a place where children go to be educated)[5] នៅលើពិភពលោកនេះ នៅប្រទេសនានា សាលា មា​នសាលារដ្ឋផង សាលាកជន ហើយប្រទេសខ្លះមានការវិវត្ត ខ្លាំងជាយូរមកហើយ ដោយគ្រាន់តែរូបភាពផ្សេងគ្នាប៉ុណ្ណោះដូចជាករណីប្រទេសចិន[6]ដែលបានលើកមកខាងលើជាដើម។

     នៅស.វ.ទី២១នេះ  ចរន្តសកលភាវូបនីយ កម្ម          វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះ​ដឹង និង សមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែក លើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្ម ដែលជួយបង្កើនកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន តាមរយៈ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងលើកកម្ពស់ផលិតភាព[7]។ ដូច្នេះសាលារៀន មិនថាសាលារដ្ឋឬសាលាកជន ដើរតួនាទីសំខាន់ណាស់ក្នុងការរៀបចំផែនការអប់រំដែលជួយ្យលោកគ្រូ-អ្នកគ្រូឬអ្នកអប់រំ បញ្រ្ជាបចំណេះដឹងដល់សិស្ស-និស្សិតស្របតាមគោលនយោបាយអប់រំរបស់រដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។

-.ក្រសូងអប់រំ-ស្ថាប័នពាក់ព័ន្ធ

     នៅតាមប្រទេសនានា ក្រសួងអប់រំរបស់ប្រទេសនោះ មានតួនាទីសំខាន់ក្នុងការអប់រំដោយគ្រប់គ្រងទាំងសាលារដ្ឋនិងសាលា កជន។ ជាក់ស្ដែងនៅប្រទេសព្រុយណេ    រដ្ឋាភិបាលគ្រប់គ្រងទាំងសាលារដ្ឋនិងសាលាកជន។[8]

     ចំពោះក្រសួងអប់រំកម្ពុជា កម្ពុជាត្រូវឆ្លងដំណាក់កាលជាច្រើនទម្រាំមកដល់ថ្ងៃនេះ។រដ្ឋាភិបាលមានបំណងជំរុញ្យកម្ពុជាឡើងឋានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ ប្រសិនបើកម្ពុជា មិនអាចដោះស្រាយបាននូវបញ្ហានានាដែលរាំងស្ទះដល់ការអភិវឌ្ឍប្រព័ន្ធអប់រំដ៏រឹងមាំនោះទេ កម្ពុជាអាចជាប់ផុងនៅក្នុងស្ថានភាព មានចំណូលកម្រិតមធ្យមតែមានកំណើន យឺត។[9] តែបើយើងពិនិត្យដោយល្អិតល្អន់ ក្រសួងអប់រំមានការខិតខំប្រឹងប្រែងជាទីបំផុត ដោយរៀបចំកម្មវិធីជារៀងរាល់ឆ្នាំក្នុងការបម្រើ្យវិស័យអប់រំ ដូចជាសិក្ខាសាលាបំប៉នសមត្ថភាព ការប្រឡងជ្រើសរើសគ្រូបង្រៀន ការចុះអនុស្សារណជាមួយអង្គការ  ក្រុមហ៊ុន និងប្រទេសជាដៃគូជាដើម។

        មិនតែប៉ុណ្ណោះ ក្រសួងអប់រំក៏មានកិច្ចសហប្រតិបត្តិការជាដៃគូជាមួយស្ថាប័ន    ផ្សេងៗទៀតផងដែរ ដែលរួមគ្នាលើកកម្ពស់  វិស័យអប់រំនៅកម្ពុជា។កន្លងមក នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីកិច្ចសហការរវាងក្រសួងអប់រ យុវជន និងកីឡា ជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី «ការសិក្សាពីចម្ងាយ» និង «ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក»។ កម្មវិធីនេះ បានជួយច្រើនដល់សិស្ស និស្សិត ពិសេសកុមារតូចៗក្នុងការសិក្សាពីចម្ងាយក្នុងបរិបទកូវីដ-១៩។

 ជារួម មិនថាក្រសួងអប់រំ ឬស្ថាប័នពាក់ព័ន្ធដទៃទៀតដូចជាក្រសួងនានាដែលជាសេនាធិការរដ្ឋាភិបាលទេ ក្រុមហ៊ុនឬដៃគូរអភិវឌ្ឍ សុទ្ធតែខិតខំពុះពារ ដើម្បីការអប់រំដើម្បីទាំងអស់គ្នា  ដូចជាករណីថ្មីៗនេះ កឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ដ្រីអប់រំ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំតាមប្រព័ន្ធZoom ក្នុងគោលដៅពិនិត្យឡើងវិញអំពីការអនុវត្តអាទិភាពសកម្មភាពសំខាន់ៗនិងការបង្កើតយុទ្ធសាស្ដ្រ ថ្មី ដើម្បីប្រើប្រាស់ធនធាន្យបានសមស្របសម្រាប់កែលម្អការអប់រំនៅកម្ពុជា។[10]



[1] ដកស្រង់ពីសៀវភៅសិក្សាសង្គម ថ្នាក់ទី៧ បោះពុម្ពដោយក្រសួងអប់រំ ទំព័រ១៩៣

[2] សៀវភៅប្រព័ន្ធអប់រំនៅអាស៊ាន បោះពុម្ពដោយគ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពហាតប៊ុក ២០២២

[3] យូនីសេហ្វ គឺជាអង្គការមួយក្នុងចំណោមអង្គការដំបូងៗ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយការដួររលំ របបខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ចំពោះស្ថានភាពអាសន្ន។

[4] ជាសាលាឯកជនមួយដែលបម្រើសេវាអប់រំអ្នករៀនខ្សោយឱ្យរៀនប្រសើរឡើងវិញ

[5] ដកស្រង់ពីវចនានុក្រម Cambridge Dictionaryតាមគេហទំព័រdictionary.cambridge.org

[6] ឆ្នាំ800 ទៅ ឆ្នាំ400 មុនគ.. ប្រទេសចិនមានទាំង គួស្ហៀរ (Guoxue:សាលារដ្ឋាភិបាល) និងហ្ស៊ាំងស្ហៀរ (Xiangxue: សាលាក្នុងស្រុក)។ ការអប់រំនៅក្នុងប្រទេសចិនបែបប្រពៃណី ត្រូវបានគ្របដណ្ដប់ដោយឃូជិ (keju: ប្រព័ន្ធប្រឡងសេវាស៊ីវិល)[6] ដែលបានចាប់ផ្តើមអភិវឌ្ឍប្រហែល ឆ្នាំ400 នៃគ.សនិងកាន់តែរីកចម្រើននៅក្នុងរជ្ជកាលរាជវង្សតាំង(ឆ្នាំ៦១៨ដល់៨៩៦នៃគ.)

[7] សេដ្ឋកិច្ចអាស្រ័យការអប់រំ(Economy based on Khnowledge)

[8] សៀវភៅប្រព័ន្ធអប់រំនៅអាស៊ាន បោះពុម្ពដោយគ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពហាតប៊ុក ២០២២

[9] ស្រង់ពីសៀវភៅការអប់រំនៅកម្ពុជាឆ្នាំ២០១៥ បោះពុម្ពដោយវិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា ទំព័រ១ ឆ្នាំ២០១៥

[10] យោងតាមការចុះផ្សាយរបស់គេហទំព័រក្រសួងអប់រំនៅថ្ងៃទី០៩សីហា ២០២២

សន្និដ្ឋាន

      ជាចុងបញ្ចប់ ការអប់រំសម្រាប់ទាំងអស់ មានគោលបំណងជាច្រើនត្រូវបានបង្កើតឡើងដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់របៀបវារៈនៃការអប់រំថ្មី។

      តាមការលើកយកមកខាងលើ ទោះបីមានគំនិតរួមគ្នាយ៉ាងណាក៏ដោយ តែបើគ្មានឆន្ទក៏មិនអាចទៅរួចដែរ។អ្វីៗផ្សារភ្ជាប់គ្នាទាំងអស់ ទាំងធនធានមនុស្ស ទាំងគោលនយោបាយ ទាំងថវិកា ហើយបើយើងនិយាយពីថវិកាគឺផ្ដោតលើសេដ្ឋកិច្ចនេះង។ ការបើកបេះដូងទទួលយករួមគ្នា ពិសេសការផ្តល់ការអប់រំដំបូងដោយឥតគិតថ្លៃ និងជាកាតព្វកិច្ច ការអភិវឌ្ឍជំនាញដែលទាក់ទងនឹងការងារ ជារឿងចាំបាច់។ នោះវាអាចជួយជំរុញភាពជាពលរដ្ឋសកលលោក និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបង្កើនចំនួននៃគ្រូបង្រៀន និងគុណភាពនៃការអប់រំ ដោយមានការធានាថា រដ្ឋាភិបាលមានឆន្ទៈក្នុងការធ្វើ និងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុចាំបាច់។ ចំណែកស្ថាប័ន ឬបុគ្គលពាក់ព័ន្ធ ត្រូវបំពេញការងារដោយសីលធម៌វិជ្ជាជីវខ្ពស់ ឈរលើការអភិវឌ្ឍការអប់រំរួមគ្នា។

ឯកសារពិគ្រោះ

   -កង  ការអប់រំនិងការអភិវឌ្ឍនៅកម្ពុជា    ការផ្សាយរបស់វិទ្យាស្ថានមនុស្សសាស្ដ្រ

       និងវិទ្យាសាស្ដ្រសង្គម ២០២០

  -ក្រសួងអប់រំ ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០គោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាពទី៤ ២០១៩

 -ក្រសួងអប់រំ  សិក្សាសង្គមថ្នាក់ទី៧ ២០១៩

-ក្រុមអ្នកសរសេរហាតប៊ុក ប្រព័ន្ធអប់រំអាស៊ាន  ការផ្សាយរបស់គ្រឹះស្ថានស្រាវជ្រាវនិងបោះពុម្ពហាត  

     ប៊ុក ២០២២

-ឃៀង សុធី ស្រ៊ីនីវាសា ម៉ាឌូ ឆែម រិទ្ធី ការអប់រំនៅកម្ពុជាឆ្នាំ២០១៥ ការផ្សាយរបស់វិទ្យាស្ថានបណ្ដុះ  

    បណ្ដាលនិងស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្ពុជា ២០១៥

-ជួន ណាត វចនានុក្រមខ្មែរ  ការផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ១៩៦៧

 

ប្រភពគេហទំព័រ៖

-www.khsearch.om

-http://www.moeys.gov.kh

-www.cnbc.com

-https://education.stateuniversity.com

-https://www.verywellmind.com

-https://www.azquotes.com

-www.dictionary.cambridge.org

-www.thefamouspeople.com

-www.pinterest.com

- https://www.routledge.com