The Implementation of the Educational Administration in Bun Rany Hun Sen Amporvorn Chhumnik High School in Tbong Khmum Province
លោក ប៉ាន់ សំណាង មន្ដ្រីនៃនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ
នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
សេចក្តីផ្តើម
ជាធម្មតា ក្នុងរដ្ឋនីមួយៗរមែងតែងតែមានអ្នកនយោបាយ និងមានអ្នកឯកទេសគិតគូរពីការរៀបចំ ការគ្រប់គ្រងរដ្ឋបាលនៃប្រទេសរបស់គេ។[1]ប្រទេសកម្ពុជាបាននិងកំពុងធ្វើសកលភាវូបនីយកម្ម ជាមួយពិភពលោកនិងប្រទេសនានានៅក្នុងតំបន់ស្ទើរតែគ្រប់វិស័យ ដោយក្នុងនោះមាន សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ សន្តិសុខ និងសិក្សាធិការជាដើម។ ការធ្វើសកលភាវូបនីយកម្មនេះ គឺវិស័យព័ត៌មានវិទ្យាបានដើរតួនាទី យ៉ាងសំខាន់ក្នុងការជំរុញដំណើរការទាំងនោះ។ លើសពីនេះទៅទៀត ការអប់រំក៏មានតួនាទីសំខាន់ ដើម្បីតម្រង់ទិសដៅរបស់សិស្សានុសិស្សឱ្យចំគោលដៅសុខដុមរមនារបស់មនុស្សលោក។ នៅក្នុងន័យនេះ មេដឹកនាំអប់រំ ថ្នាក់ដឹកនាំសាលារៀន និងអ្នកវិភាគគោលនយោបាយអប់រំ ត្រូវពិចារណាទៅលើការផ្គត់ផ្គង់ការអប់រំនិងតម្រូវការអប់រំរបស់ពលរដ្ឋក្នុងសង្គម។ នៅក្នុងការផ្គត់ផ្គង់ការអប់រំ អ្នកវិភាគត្រូវពិចារណាទៅបញ្ហា មិនគ្រប់គ្រាន់នៃការចុះឈ្មោះសិស្សគ្រប់អាយុចូលរៀន ការផ្គត់ផ្គង់សាលារៀនមិនបានគ្រប់គ្រាន់ឱ្យសមស្របទៅនឹងកំណើនប្រជាពលរដ្ឋ និងកង្វះខាតធនធាននានា ដូចជាធនធានមនុស្ស ធនធានសម្ភារៈ និងធនធានហិរញ្ញវត្ថុជាដើម ។
ដោយឡែក រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានខិតខំយ៉ាងសស្រាក់សស្រាំជាពិសេស ក្នុងកំឡុងពេលទសវត្សចុងក្រោយនេះ។ រាជរដ្ឋាភិបាល បានធ្វើការជំរុញនិងលើកកំពស់ វិស័យអប់រំ យុវជន និងកីឡា ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យទាំង៤មាន វិស័យអប់រំសុខាភិបាល វិស័យអភិវឌ្ឍជនបទ និងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ចដែលជាកត្តាចម្បងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសនៅទីជនបទដាច់ស្រយាលនៅប្រទេសកម្ពុជា។
ដើម្បីសម្រេចទិសដៅជាយុទ្ធសាស្ត្ររាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សយ៉ាងខ្លាំង ពីព្រោះធនធានមនុស្ស គឺសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិរយៈពេលយូរអង្វែង។ទន្ទឹមនឹងនេះដែរ ការស្រាវជ្រាវនេះ មានបំណងរកឱ្យឃើញជាក់ស្ដែងនៃដំណើរការងាររដ្ឋបាលនៅវិទ្យាល័យមួយ ក៏ជាការសង្កេតនិងទាញយកនូវសូចនាករមកវិភាគនិងបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីជាពន្លឺក្នុងការអនុវត្តបន្តទៀតរបស់អ្នកសិក្សាក្រោយៗ ជាពិសេសអ្នកគ្រប់គ្រងអប់រំ អ្នកគ្រប់គ្រងរដ្ឋបាលនាសម័យថ្មីនេះ ។
[1] បណ្ឌិត សាយ បូរី នីតិរដ្ឋបាលទូទៅ ទំព័រ២៨ ២០០៦
១. ស្ថានភាពទូទៅនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក
១. ១. ប្រវត្គិសាលា
វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនឹក បានលេចជារូបរាងឡើងនៅពេលនេះ គឺដោយសារតែអំណោយដ៏ខ្ពង់ខ្ពស់ចេញពីទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន។
ការបង្កើតវិទ្យាល័យនេះឡើង ក្នុងគោលបំណងស្រូបយកសិស្សានុសិស្ស ពីឃុំបីនៃខេត្តពីរ គឺឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ឃុំជំនីកនិងឃុំរការខ្នុរ ស្រុកក្រូចឆ្នារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ពីព្រោះពេលសិស្សបញ្ចប់ពីអនុវិទ្យាល័យទៅត្រូវទៅសិក្សានៅឆ្ងាយពេក។ ចំពោះសិស្សនៅឃុំខ្សាច់អណ្តែតត្រូវទៅសិក្សានៅ វិទ្យាល័យសិលាវេទីគាតឈន់ឯទីរួមស្រុកឆ្លូង ហើយសិស្សានុសិស្សឃុំជំនីកនិងរការខ្នុរត្រូវទៅសិក្សាបន្តនៅវិទ្យាល័យក្រូចឆ្នារឯទីរួមស្រុកក្រូចឆ្មារឯណោះដែរ។ ដូច្នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានធ្វើការសម្រេចចិត្តបង្កើតុវិទ្យាល័យនេះឡើង ដើម្បីបំពេញសេចក្ដីត្រូវការនិងការចង់ចេះចង់ដឹងរបស់ប្អូនៗ សិស្សានុសិស្សនៅតំបន់ជនបទនេះ។
សូមបញ្ជាក់ថា នៅឆ្នាំ២០០២ សាលានេះ ជាឧបសម្ព័ន្ធរបស់អនុវិទ្យាល័យសម្ដេចហ៊ុនសែនរការខ្នុរ ដោយមានតៃពីរថ្នាក់ទេ ពោលគឺមានតែកម្រិតថ្នាក់ទី៧ប៉ុណ្ណោះ ។ នៅឆ្នាំ២០០៣ សាលា ក៏បានផ្តាច់ខ្លួនចេញ ពីអនុវិទ្យាល័យសម្ដេចហ៊ុនសែនរការខ្នុរដែលមានឈ្មោះផ្ទាល់ថា អនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកដោយមាន៤ថ្នាក់ ពោលគឺទី៧ពីរនិងទី៨ពីរថ្នាក់។ លុះមកដល់ឆ្នាំ២០០៥ អនុវិទ្យាល័យនេះ ក៏បានពង្រីកខ្លួនទៅជាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក។
ក្រសួងអប់រំ យុវជននិងកីឡា បានទទួលស្គាល់ពីការពង្រីកអនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័ន ជំនីកទៅជាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក តាមរយៈប្រកាសលេខ ១៤២៣អយក.ប្រក ចុះថ្ងែទី១០ខែតុលា ឆ្នាំ២០០៥។
១. ២. ឈោ្មះនិងទីតាំងសាលា
១. ២. ១. ឈ្មោះ
តើហេតុអ្វីបានជាសាលានេះមានឈ្មោះថា វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក ដូច្នេះ?
ហេតុផលគឺ៖
-ប៊ុនរ៉ានីហ៊ុនសែន ៖ វិទ្យាល័យនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន និង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយទីតាំងសាលាជាអតីតសាលាបឋមសិក្សាដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតធ្លាប់បានសិក្សាពីកុមារភាព[1]។
-អម្ពវ័នជំនីក ៖ទីតាំងសាលាស្ថិតក្នុងបរិវេណវត្ត អម្ពវ័ន ហៅវត្ត ស្វាយដំណាក់ ដែលស្ថិតនៅក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (អតីតខេត្តកំពង់ចាម)។
១. ២. ២. ទីតាំងសាលា
វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកបានសាងសង់ឡើងក្នុងទីតាំងភូមិសាស្រ្តនៃទឹកដី ភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ៨១គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ បើយើងធ្វើដំណើរពីទីរួមខេត្តកំពង់ចាមមក កាត់តាមផ្លូវជាតិលេខ៧ រួចបត់ចូលទីរួមស្រុកតំបែរ មកកាន់ស្រុកឆ្លូង រួចបត់ឆ្វេងតាមបណ្តោយ ផ្លូវក្រាលកៅស៊ូថ្មីៗ ឆ្ពោះទៅកាន់ស្រុកក្រូចឆ្មារវិញ តាមដងទន្លេមេគង្គលើ យើងនឹងមកដល់ឃុំជំនីក ឃើញវត្តជំនីក រួចវត្តអម្ពវ័ន។ នៅក្នុងបរិវេណវត្តអម្ពវ័ននេះហើយ អ្នកនឹងឃើញសំណង់អគារជាច្រើនសម្រាប់បម្រើសេវាកម្ម អប់រំក្នុងនោះមានបឋមផងនិងវិទ្យាល័យផង។ វិទ្យាល័យនេះគឺ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក។ ម្យ៉ាងទៀត យើងក៏អាចធ្វើដំណើរតាមស្ពានគីសូណាពីទីរួមខេត្តកំពង់ចាម រួចចុះតាមស្ពានបត់ឆ្វេងតាមមាត់ទន្លេ ដែលមានផ្លូវបេតុង ជិះត្រង់មកស្រុកក្រូចឆ្មារ ហើយមកដល់ឃុំជំនីកក្នុងបរិវេណវត្តអម្ពវ័ន យើងនឹងឃើញវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន អម្ពវ័នជំនីក ដែលមានអគារដ៏ស្កឹមស្កៃ។
ផែននទីបង្ហាញពីទីតាំងវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន អម្ពវ័នជំនីក ស្ថិតនៅភូមិស្វាយដំណាក់ ឃុំជំនីក
ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ផែននទីបង្ហាញពីទីតាំងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក (ប្រភព៖ GoogleEarth)
១. ៣. រចនាសម្ព័ន្ធវិទ្យាល័យ
១.៣.១. តារាងបែងចែកមុខងារ
វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក មាននាយករងមួយរូប[2] និងបុគ្គលិកសិក្សា៣៨រូប ដែលបែងចែកតួនាទីខាងក្រោម៖
១. ៣. ២. សកម្មភាពតាមតួនាទី
ក- នាយកសាលា[3]
នាយកសាលា មានតួនាទីទទួលខុសត្រូវរួម លើការងាររដ្ឋបាល ការងារបច្ចេកទេសគរុកោសល្យនិងអត្ថបទការងារទំនាក់ទំនងនានា។
១- ការងាររដ្ឋបាល
- ធានាដំណើរការល្អរបស់សាលារៀន
- បែងចែកសិស្សានុសិស្សតាមថ្នាក់នីមួយៗ
- ចាត់ចែងបែងចែកភារកិច្ចដល់បុគ្គលិកក្រោមឱវាទតាមសំណើរបស់ក្រុមប្រឹក្សាគ្រូបង្រៀន
- ធានានិយ័តភាពការបង្រៀននិងរៀនរបស់លោក-អ្នកគ្រូ
- ត្រៀមការការពារបរិស្ថាន សោភ័ណភាព និងអនាម័យក្នុងទីធ្លាសាលា ថ្នាក់រៀន ទីចាត់ការ អគារកាត់ដេរ តូបលកំចំណីអាហារ ដើមឈើម្លប់ សួនផ្កា បង្គន់. . .
- ធានាឱ្យវិទ្យាល័យបំពេញនូវសេវាសាធារណៈ ដោយទទួលនិងការពារកុមារឱ្យបានល្អ
- ធានាសណ្តាប់ធ្នាប់និងវិន័យក្នុងសាលាប្រកបដោយចីរភាព
- ចូលរួមបង្កើតក្រុមប្រីក្សានានា ដូចជា ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាអប់រំ ជាដើម
- ចាត់ចែងឱ្យមានការចូលរួមផ្សេងៗរបស់សាលារៀនក្នុងសកម្មភាពសង្គម
- រៀបចំទីចាត់ការសាលារៀន
- ធ្វើរបាយការណ៍ជូនថ្នាក់លើអំពីសកម្មភាពនានារបស់សាលារៀន
- ធ្វើអាជ្ញាកណ្តាលក្នុងការផ្សះផ្សាទំនាស់ផ្សេងៗ ដែលកើតមានក្នុងសាលារៀន
២- ការងារបច្ចេកទេសគរុកោសល្យ
នៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក មាននាយក១រូប ទទួលបន្ទុករួម និងនាយករង ១រូបដែរ ទទួលបន្ទុកបច្ចេកទេសគរុកោសល្យ វិន័យ និងយុវជន។ ចំពោះការងារបច្ចេកទេសគរុកោសល្យនេះ នាយកសាលា ត្រូវ៖
· គ្រប់គ្រងការរៀន និងបង្រៀនជាភារកិច្ចស្នូលរបស់នាយកសាលា
· នាយកសាលាមិនត្រូវឃុំខ្លួនឯងតែនៅទីចាត់ការនោះទេ ដោយមិនព្រមទៅតាមដានពិនិត្យ ការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងប្អូនសិក្សានុសិស្សឱ្យបានញឹកញាប់
· នាយកសាលាត្រូវគោរពនិយ័តភាពការងារជាគំរូ ពិព្រោះនាយកល្អគឺជាអ្នកឈានមុខគេជានិច្ចដោយធ្វើជាគ្រូបង្រៀនដ៏ល្អផង និងជារដ្ឋបាលដ៏ល្អផង។
៣. ការងារទំនាក់ទំនង
ដើម្បីឱ្យមានប្រសិទ្ធភាពនៃការងារអប់រំ ការងាររដ្ឋបាល និងការងារបច្ចេកទេសគរុកោសល្យនោះទោះបីជាដំណើរល្អយ៉ាងណាដ៏ដោយ ក៏នាយកសាលាមិនអាចធ្វើការងារអប់រំរបស់ខ្លួនមានភាពរលូនទៅមុខណាស់ដែរ បើខ្វះទំនាក់ទំនងល្អនោះ។
ការងារទំនាក់ទំនងមានដូចខាងក្រោម ៖
-ទំនាក់ទំនងផ្ទៃក្នុង
ជាដំបូងនាយកសាលាត្រូវមានទំនាក់ទំនងល្អជាមួយសហការីរួមការងារ និងអ្នកដែលនៅក្រោមឱវាទ ដូចជានាយករង គ្រូបង្រៀន បុគ្គលិកផ្សេងៗ ពិសេសប្អូនៗសិក្សានុសិស្ស។
- នាយករង៖ នាយកសាលាត្រូវប្រគល់ភារកិច្ចឱ្យទៅនាយករងដែលជាជំនួយការ ឱ្យបានសមស្រប និងតាមសមត្ថភាព និងតាមតួនាទីដែលបានកំណត់
- គ្រូបង្រៀន និងបុគ្គលិកផ្សេងៗ៖ នាយកត្រូវបែងចែកភារកិច្ចសមនឹងសមត្ថភាព ព្រមទាំងចេះជួយណែនាំ លើកទឹកចិត្ត ផ្តល់កិត្តិយស និងជួយសម្រួលការងារ ដើម្បីឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព
- សិក្សានុសិស្ស៖ នាយកត្រូវបង្ហាញឱ្យសិស្សទាំងអស់ឃើញថា រាល់ការប្រឹងប្រែងរបស់នាយក គ្រូបង្រៀន សហគមន៍ និងវិធានការវិន័យចំពោះសិស្សគឺដើម្បីជួយសិស្សទាំងអស់ឱ្យបានសម្រេចនៅលទ្ធផលល្អនៃការសិក្សាដែលបង្កឱ្យពួកគេមានអនាគតល្អពេលបញ្ចប់ពីការបណ្តុះបណ្តាលទៅ។
-ទំនាក់ទំនងខាងក្រៅ
តួនាទី និងភារកិច្ចទទួលខុសត្រូវអង្គភាពសាលារៀន នាយកសាលាត្រូវចំណាយពេលវេលាមួយចំនួនដើម្បីប្រាស្រ័យទាក់ទងជាមួយ៖
- មាតាបិតាឬអាណាព្យាបាលសិស្ស
- សហគមន៍ សប្បុរសជន ជាតិនិងអន្តរជាតិ
- អាជ្ញាធរ ដែនដី និង ភ្នាក់ងារស្ថាប័ននានាក្នុងភូមិឃុំ ដូចជា មណ្ឌលសុខភាព សមាគម អង្គការដែលផ្សារភ្ជាប់នឹងការងារអប់រំ រដ្ឋបាល បច្ចេកទេស។
ជាការពិតណាស់ នាយកមានតួនាទីសំខាន់បំផុតក្នុងការដឹកនាំការងារអប់រំ តែដាច់ខាតត្រូវអនុវត្តការគ្រប់ត្រង ដោយមានការចូលរួម គឺចូលរួមពីគ្រប់បុគ្គលិកទាំងអស់របស់សាលារៀន ពីសិស្សានុសិស្ស និងពីមាតាប៊ិតា អាណាព្យាបាលសិស្សដែលក្នុងនោះរាប់ទាំងអាជ្ញាធរដែនដី ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ. . . ។ល។
ខ- នាយករង
នៅក្នុងវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក មាននាយករងតែ១រូបទេដែលទទួលបន្ទុកបច្ចេកទេសគរុកោសល្យ វិន័យ និង យុវជន។ ភារកិច្ចដែលនាយករងទទួលខុសត្រូវមានដូចខាងក្រោម៖
- ជាជំនួយការរបស់នាយក
- រក្សាទុកលិខិតស្នាមនានាដែលនាយកផ្ដល់ជូន និង ធ្វើរបាយការណ៍ផ្សេងៗបញ្ជាក់ពីសកម្មភាពសាលារៀន
- រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ និងវិន័យក្នុងអង្គភាព
- ចូលរួមសកម្មភាពនានាតាមការចាំបាច់របស់សាលា, ចូលរួមបង្កើតក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាអប់រំ ក្រុមប្រីក្ស្រាវិន័យ
- កសាងផែនការបច្ចេកទេស
- អភិវឌ្ឍបណ្ណាល័យ និងកសាងសម្ភារឧបទេស
- ចូលរួមប្រជុំបច្ចេកទេស គរុកោសល្យ
- រៀបចំកាលវិភាគប្រចំាសប្តាហ៍តាមថ្នាក់នីមួយៗ
- ត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សាដែលក្រសួងដាក់ជូន
- បូកសរុបវាយតមៃ្លលទ្ធផលការសិក្សា
- មានទំនាក់ទំនងល្អនឹងនាយក បុគ្គលិកសិក្សា និងសិស្សានុសិស្ស។
គ- គ្រូបង្រៀន
គ្រូបង្រៀនមានឋាន:ជាសិក្ខាបនធារី ជាកម្លាំងចម្បងក្នុងការអប់រំបណ្ដុះបណ្តាលដល់សិស្សានុសិស្ស ដោយផ្ទាល់ ដើម្បីឱ្យពួកគេសម្រេចបាននូវភារកិច្ចស្នូលរបស់ពួកគេក្នុងការសិក្សារៀនសូត្រ ។
• គ្រូបង្រៀនជាអ្នកជួយណែនាំ អប់រំ និងបង្ហាត់បង្រៀនដល់សិក្សានុសិស្ស
• គ្រូបង្រៀនជាអ្នកបច្ចេកទេសដែលបង្រៀនតាមឯកទេសរបស់ខ្លួន ដោយអនុវត្តស្របតាមវិធីសាស្រ្តដែលក្រសួងអប់រំ និងកីឡាបានដាក់ចេញ
• គ្រូបង្រៀនមិនអាចអភិវឌ្ឍន៍សម្បទាចិត្តគោរុកោសល្យខ្លួនបានទេ បើគាត់មិនបង្រៀនតាមវិធីសាស្រ្ត
• គ្រូបង្រៀនត្រូវទទួលខុសត្រូវក្នុងការបង្រៀនស្របតាមកម្មវិធីសិក្សាប្រកបដោយគុណភាព ពីព្រោះគ្រូបង្រៀនជាជនគំរូ និងជាអ្នកកសាងធនធានមនុស្សជូនជាតិ សមស្របនឹងគោលនយោបាយរដ្ឋាភិបាល។
ឃ. គ្រូបន្ទុកថ្នាក់
ថ្នាក់រៀននីមួយៗ ត្រូវមានគ្រូទទួលបន្ទុកថ្នាក់មួយរូបតាមការចាត់តាំងរបស់នាយកសាលា។តួនាទីរបស់គ្រូទទួលបន្ទុកថ្នាក់ គឺជាគ្រូបង្រៀនមុខវិជ្ជាឯកទេស និងជាអ្នកគ្រប់គ្រងសិស្សផ្ទាល់ក្នុងមួយថ្នាក់។ គ្រូទទួលបន្ទុកថ្នាក់ មានសិទ្ធិអំណាចអាចអនុញ្ញាតឱ្យសិស្សឈប់យ៉ាងច្រើន២ថ្ងៃ។ បើមានច្បាប់ពីអាណាព្យាបាល ឬមាតាបិតាសិស្សនឹងចុះហត្ថលេខា ព្រមទាំងមូលវិចារសៀវភៅសិក្ខាគារិក ព្រឹត្តបត្រពិន្ទុ និងសៀវភៅតាមដានសិក្សា។
គ្រូទទួលបន្ទុកថ្នាក់ មានភារកិច្ចដូចទៅ៖
- បង្រៀនសិស្សតាមមុខវិជ្ជាឯកទេស ដែលមានម៉ោងកំណត់១៣ម៉ោង សម្រាប់គ្រូមធ្យមសិក្សាទុតិយភូមិ និង១៥ម៉ោងសម្រាប់គ្រូមធ្យមសិក្សាបឋមភូមិ។
- សហការយ៉ាងជិតស្និតជាមួយគ្រូបង្រៀនមុខវិជ្ជាផ្សេងទៀតរបស់ថ្នាក់ដែលគ្រូទទួលបន្ទុក ដើម្បីឱ្យការសិក្សារបស់សិស្សប្រព្រឹត្តទៅសមស្រប
- គ្រប់គ្រងថ្នាក់រៀនមួយក្នុងនោះមាន គ្រប់គ្រងសិស្សក្នុងថ្នាក់រៀន ដោយជ្រើសរើសប្រធាន និងអនុប្រធានសិស្សប្រចាំថ្នាក់ ចាត់តាងវេនសម្អាតថ្នាក់ជាប្រចាំ
- ណែនាំសិស្សឱ្យតុបតែងលម្អរថ្នាក់រៀន
- គ្រប់គ្រងវត្តមានសិស្សដោយទទួលពាក្យសុំច្បាប់របស់សិស្ស រួចបញ្ជូនទៅសុំការអនុញ្ញាតពីនាយកសាលា, តាមដានសៀវភៅវត្តមានសិស្ស, ស្រង់វត្តមានសិស្សរៀងរាល់ថ្ងៃ រួចបញ្ចូលក្នុងបញ្ជីហៅឈ្មោះ និងបូកសរុបវត្តមានសិស្សប្រចាំខែ
- គ្រប់គ្រងការសិក្សាដោយបូកសរុបក្នុងបញ្ជីពិន្ទុប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ
- តាមដានការសិក្សារបស់សិស្សគ្រប់មុខវិជ្ជា
- ផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សរៀងរាល់ខែ ឆមាស និងតំណាច់ឆ្នាំ
- ផ្តល់ព្រឹត្តបត្រពិន្ទុ ឬសៀវភៅតាមដានការសិក្សាដល់មាតាបិតាឬអាណាព្យាបាលសិស្ស ទំនាក់ទំនងជាមួយមាតាបិតាអាណាព្យាបាលសិស្ស ដើម្បីងាយស្រួលគ្រប់គ្រងវិន័យសិស្ស និងការសិក្សារបស់សិស្ស ចំលងពិន្ទុដាក់ក្នុងសៀវភៅសុក្ខាគារិក និងព្រឹត្តបត្រពិន្ទុ រួចឱ្យគ្រូបង្រៀនគ្រប់មុខវិជ្ជាចុះហត្ថលេខា និងមូលវិចារ ហើយប្រគល់ជូននាយកសាលាចុះហត្ថលេខា និងបោះត្រា
- អប់រំសីលធម៍ដល់សិស្សម្នាក់ៗផ្ទាល់ឬក្រុមសិស្សរួមថ្នាក់ កោះហៅសិស្សណាដែលប្រព្រឹត្តខុសនឹងបទបញ្ជាផ្ទៃក្នុងមកណែនាំ ឬព្រមាន កោះអញ្ជើញមាតាបិតាឬអាណាព្យាបាលសិស្សណាដែលឈប់អត់ច្បាប់ច្រើនដង ដើម្បីចូលរួមអប់រំណែនាំ បញ្ជូនសិស្សឲ្យទៅជួបក្រុមប្រឹក្សាវិន័យ ក្នុងករណីចាំបាច់
- ធ្វើរបាយការណ៍ពីវត្តមានសិស្សប្រចាំខែជូននាយកសាលា
- គ្រប់គ្រងឯកសារផ្សេងៗ ដូចជាឯកសារបង្រៀន ឯកសារគ្រប់គ្រងថ្នាក់
-ចូលរួមសកម្មភាពសង្គមដោយដឹកនាំសិស្សធ្វើពលកម្មក្នុងនិងក្រៅសាលា ដឹកនាំធ្វើបដិសណ្ឋារកិច្ច និងសកម្មភាពសង្គមផ្សេងៗទៀត។[4]
រូបភាពសកម្មភាពសិក្សាក្នុងថ្នាក់និងស្វ័យសិក្សាក្នុងបណ្ណាល័យ
រូបភាពសកម្មភាពសិក្សាក្នុងថ្នាក់និងស្វ័យសិក្សាក្នុងបណ្ណាល័យ
រូបភាពសិស្សានុសិស្សខ្មែរអ៊ីស្លាមសិក្សាជាក្រុមក្នុងបណ្ណាល័យ
ង. លេខាធិការ
វិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកនេះ មានលេខាធិការម្នាក់ដែលមានជំនាញរដ្ឋបាល កំព្យូទ័រសម្រាប់ធ្វើជាជំនួយការនាយកសាលា។ ភារកិច្ចរបស់លេខាធិការ រួមមាន៖
-រៀបចំទុកដាក់បញ្ជីឯកសារផ្សេងៗ
-ទទួលខុសត្រូវលើការងារលិខិតស្នាម
-ការងារទំនាក់ទំនងជាមួយមន្ត្រីអប់រំនិង គ្រូបង្រៀនក្នុងសាលា
-ជួយសម្រួលការងារចរន្តរបស់ទីចាត់ការ
-ជួយការងាររដ្ឋបាលរបស់នាយកសាលា។
ច. បណ្ណារក្ស
ចំពោះបណ្ណារក្ស មានភារកិច្ចដូចខាងក្រោម៖
-រៀបចំនិងគ្រប់គ្រងបណ្ណាលយ័ និងទុកដាក់សៀវភៅរបស់សាលារៀន
-បង្ករលក្ខខណ្ឌឱ្យសិស្សខ្ចីសៀវភៅអាននៅផ្ទះ ដោយមានការណែនាំឱ្យគេជួយថែឱ្យបានល្អផង
-ថែរក្សាសៀវភៅ សម្ភារឧបទេសនិងធ្វើសៀវភៅសារពើភណ្ឌ
-ធ្វើគម្រោងចំណាយលើការទិញសៀវភៅថ្មី ជួសជុលសៀវភៅខូចហែកនិងសម្ភារៈបរិក្ខាសម្រាប់ទុកដាក់សៀវភៅ។
ឆ.គណនេយ្យករ
គណនេយ្យករមានភារកិច្ចជារួមមាន៖
-រៀបចំលិខិតស្នាមដែលពាក់ពន្ធនិងចំណូលចំណាយរបស់សាលា
-ធ្វើតុល្យភាពចំណូលចំណាយ
-ធ្វើរបាយការណ៍តុល្យភាពចំណូលចំណាយជូននាយកវិទ្យាល័យតាមកាលកំណត់
-រៀបចំធ្វើផែនការPBរបស់សាលា
-រៀបចំលិខិតស្នាមដែលទាក់ទង និង PB (Program Budget)។
១. ៤. ការងារទូទៅនៃវិទ្យាល័យ
១. ៤. ១. ការរៀបចំផែនការ
រយៈកាលកន្លងមក វិទ្យាលយ័ប៊ុនរ៉ានីហ៊ុនសែនអម្ពវន័ជំនីក បានរៀបចំការប្រជុំពីផែនការអភិវឌ្ឍន៍សាលារៀនទុកជាមុន ដោយមានការចូលរួមពីសំណាក់លោកនាយក នាយករង តំណាងសហគមន៍ និងលោកគ្រូ អ្នកគ្រូទាំងអស់នៃវិទ្យាល័យ។ ប្រធានបទនៃអង្គប្រជុំរួមមាន:
-បែងចែកគ្រូ តាមមុខវិជ្ជា
-ចែកសិស្សតាមថ្នាក់
-ធ្វើអត្រាឡើងថ្នាក់ និងត្រួតថ្នាក់របស់សិស្ស
-សម្អាតបរិស្ថាន
-ព្រាងគ្រូតាមមុខវិជ្ជាទប់ស្កាត់ការខ្វះគ្រូ
-ចែកគ្រូតាមកម្រិតថ្នាក់
-ថែរក្សាសណ្ដាប់ធ្នាប់ក្នុងវិទ្យាល័យ
-បែងចែកកម្មវិធីសិក្សាក្នុងឆ្នាំនីមួយៗ
-ពង្រឹងគុណភាពគ្រូតាមរយៈការប្រជុំក្រុមបច្ចេកទេស
-ត្រួតពិនិត្យវាយតម្លៃការសិក្សារបស់សិស្ស
-ត្រៀមលក្ខណៈឱ្យអគារកាត់ដេរមានដំណើរការ
-ត្រៀមផែនការឱ្យគ្រូដែលមិនទាន់ចេះកុំព្យូទ័រ ចេះកុំព្យូទ័រ
-ត្រៀមរៀបចំឱ្យមានភ្លើងប្រើប្រាស់គ្រប់គ្រាន់
-ពង្រឹងគុណភាពសិស្ស ពិសេសសិស្សថ្នាក់ទី១២ ឱ្យប្រឡងជាប់សញ្ញាបត្រទុតិយភូមិបានអត្រាខ្ពស់។
១. ៤. ២. កិច្ចការរដ្ឋបាល
ផ្នែករដ្ឋបាល ជាឆ្អឹងខ្នងនៃវិទ្យាល័យនេះ។ បុគ្គលិកជំនាញរដ្ឋបាល មានភារកិច្ចរៀបចំឱ្យមានសៀវភៅនិង បញ្ជីផ្សេងៗដែលនាយកសាលាបានប្រគល់ឱ្យ ដោយក្នុងនោះមាន៖
-បញ្ជីអត្តលេខ៖ បុគ្គលិករដ្ឋបាលបានរៀបចំសិស្សដែលចូលរៀនឆ្នាំនីមួយៗឱ្យមានអត្តលេខគ្រប់ៗគ្នា ដើម្បីងាយស្រួលក្នុងការចុះនៅលើសៀវភៅសិក្ខាគារិកនិងកាតសំគាល់ខ្លួនរបស់សិស្សតាមឆ្នាំសិក្សា។
-សៀវភៅសិក្ខាគារិក៖ បុគ្គលិករដ្ឋបាល បានរៀបចំលិខិតសុំសៀវភៅសិក្ខាគារិក ពីគ្រប់អនុវិទ្យាល័យទាំងអស់ដែលមានសិស្សមកបន្តការសិក្សានៅវិទ្យាល័យនេះ ដើម្បីត្រៀមរៀបចំបែងចែកតាមឈ្មោះសិស្សានុសិស្សទាំងនោះ។
-សៀវភៅស្រង់អវត្តមាន៖ ពេលបើកបវេសនកាលក្នុងឆ្នាំសិក្សានីមួយៗ រដ្ឋបាលបានបែងចែកសៀវភៅចុះអវត្តមានសិស្សតាមថ្នាក់នីមួយៗនិងមានសៀវភៅសម្រាប់ចុះអវត្តមានគ្រូ។
-សៀវភៅកំណត់ចាត់ការ៖ ពេលវិទ្យាល័យចាប់ផ្ដើមបើកបវេសនកាលនៅឆ្នាំសិក្សានីមួយៗ បុគ្គលិករដ្ឋបាលបានរៀបចំសៀវភៅកំណត់ចាត់ការផ្សេងៗក្នុងពេលដំណើរការសកម្មភាពនានាក្នុងសាលា។
-សៀវភៅផែនការប្រចាំវិទ្យាល័យ៖ នៅក្នុងវិទ្យាល័យមួយ អាចដំណើរការបានល្អ លុះត្រាតែសាលាមានការ រៀបចំផែនការឱ្យបានច្បាស់លាស់ប្រកបដោយភាពត្រឹមត្រូវ ដូចជា រៀបចំផែនការប្រឡងឆមាស ប្រឡងសិស្សពូកែ ប្រឡងថ្នាក់ជាតិជាដើម។
-បញ្ជីសារពើភ័ណ្ឌ៖ បុគ្គលិករដ្ឋបាល ត្រូវរៀបចំសង្ហារិមនិងសម្ភារៈក្នុងបន្ទប់នីមួយៗដោយបំពាក់សម្ភារៈឧបទេស ជាច្រើនដើម្បីឱ្យលោកគ្រូអ្នកគ្រូងាយស្រួលបង្រៀន ពិសេសបន្ទប់សិស្សថ្នាក់ទី១២
-សៀវភៅចំណូលចំណាយ៖ បុគ្គលិករដ្ឋបាល រៀបចំសៀវភៅចំណូលចំណាយឱ្យបានច្បាស់លាស់ដាច់ពីគ្នា ដើម្បីងាយស្រួលក្នុងការទូទាត់ PB ឬ PAP។
-លិខិតបញ្ចាក់ការសិក្សា៖ នៅដើមឆ្នាំសិក្សានីមួយៗ សិស្សដែលជាកូនមន្ត្រីរាជការនានាតែងមកធ្វើលិខិតបញ្ចាក់ការសិក្សា ដើម្បីទូទាត់បៀវត្សប្រចាំខែរបស់ពួកគាត់។
១. ៤. ៣. ផ្នែកហិរញ្ញវត្ថុ
នាយកសាលា បានបែងចែកអ្នកគ្រប់គ្រងហិរញ្ញវត្ថុរួមមាន “នាយករងមួយនាក់ គណនេយ្យករមួយនាក់”។
-នាយករង មានតួនាទីទទួលបន្ទុកការងារលិខិតស្នាមដែលពាក់ព័ន្ធនឹងថវិការបស់សាលា។
-គណនេយ្យករ មានតួនាទីធ្វើលិខិតស្នាមផ្សេងៗដែលទាក់ទងនឹងចំណូលចំណាយផ្សេងៗរបស់សាលា។
១. ៤. ៤. ការបែងចែកគ្រូតាមមុខវិជ្ជា
នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីកក្នុងពេលត្រៀមបើកបវេសនកាលនីមួយៗ នាយកសាលា បានប្រគល់ការងារ ឱ្យនាយករងធ្វើការបែងចែកគ្រូតាមមុខវិជ្ជានៃក្រុមនីមួយៗឱ្យបានគ្រប់ម៉ោងនឹងគ្រប់កម្រិតថ្នាក់ស្របនឹងចំនួនសិស្សក្នុងឆ្នាំសិក្សានីមួយៗ។ តាមក្រុមបច្ចេកទេសមានពីរក្រុមគឺក្រុមវិទ្យាសាស្ត្រធម្មជាតិ ឬ វិទ្យាសាស្ត្រពិត និងក្រុមវិទ្យាសាស្ត្រសង្គម។
-ក្រុមវិទ្យាសាស្ត្រសង្គមមាន: ភាសាខ្មែរ ប្រវត្តិវិទ្យា ភូមិវិទ្យា ពលរដ្ឋវិជ្ជា គេហកិច្ច ភាសាអង់គ្លេស
-ក្រុមវិទ្យាសាស្រ្តពិតមាន: គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា។
១. ៤. ៥. ការបែងចែកសិស្សតាមថ្នាក់
បុគ្គលិកដែលទទួលបន្ទុកការងាររដ្ឋបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបែងចែកសិស្សតាមថ្នាក់ដោយឱ្យមានរបាយសិស្សប្រុសស្រីស្មើៗគ្នាតាមបន្ទប់នីមួយៗ។ នេះជាចំណុចមួយដែលត្រូវយកចិត្តទុកដាក់លើសមភាពយេនឌ័រវាងសិស្សប្រុសនិងសិស្សស្រី។នាយក ត្រូវពិនិត្យលើចំណាត់ការនេះឱ្យបានល្អនិងច្បាស់លាស់ ព្រោះការរៀបចំរបាយសិស្សនេះ ក៏ជាផ្នែកមួយសំខាន់ដែលជះឥទ្ធិពលដល់ការបង្រៀននិងរៀនរបស់គ្រូនិងសិស្សដែរ ។
[1] ពៅ សុខ ទឹកចិត្តអ្នកជួយសង្គ្រោះ បោះពុម្ពគ្រាទី១ ថ្ងៃទី១៥ ខែធ្នូ គ.ស.២០២០បានសរសេរ៖ពីកុមារភាព រ៉ានី បានចូលសិក្សានៅសាលាបឋមសិក្សាអម្ពវ័នក្នុងវត្តអម្ពវ័ន…។
[2] ដោយនាយករងមួយរូបត្រូវចូលនិវត្ដន៍(ជាប់ឆ្នោតជាជំទប់ឃុំរការខ្នុរឆ្នាំ២០២២)
[3] នៅប្រទេសជឿនលឿន សមាគមមាតាបិតាសិស្ស ជាអ្នកជ្រើសរើសនាយកសាលាបឋមសិក្សានិងមធ្យមសិក្សា។
[4] ចៅលិន ឯកសារបង្រៀនរដ្ឋបាលសិក្សានៅវិទ្យាស្ថានជាតិអប់រំ ឆ្នំា២០០៥
២. ការអនុវត្តរដ្ឋបាល
២. ១. អ្នករដ្ឋបាលជាអ្វី?
មុននឹងឆ្លើយថា អ្នករដ្ឋបាលជាអ្វី យើងត្រូវដឹងថារដ្ឋបាលជាអ្វីសិន។ តាមលោកបណ្ឌិត សាយ បូរី បានសរសេរអំពីរដ្ឋបាល៖ «ដំបូង តាមន័យទូលំទូលាយ ពាក្យថា រដ្ឋបាល (administration) ជួនកាលសម្ដៅលើ «សកម្មភាពគ្រប់គ្រង» ជួនកាលលើ «អង្គការ» ដែលគ្រប់គ្រង។ ន័យទាំងពីរនេះ អាចប្រើបានទាំងខាងវិស័យឯកជន ទាំងខាងវិស័យសាធារណ:។[1] តាមឯកសារមួយទៀតបានលើកឡើងថា រដ្ឋបាល មានន័យថា ការត្រួតពិនិត្យ ឬ គ្រប់គ្រងចាត់ចែងនូវជំនួញ ការិយាល័យ ឬការត្រួតពិនិត្យទៅលើមនុស្ស (Administration is controlling or managing a business, office, etc....; people in control)។[2]
អ្នករដ្ឋបាល គឺជា សេនាធិការមួយឱ្យថ្នាក់ដឹកនាំ ស្ថាប័នក៏ដូចជាការិយាល័យ មន្ទីរ ក្រោមឱវាទទាំងអស់។ អ្នករដ្ឋបាល ត្រូវចេះពីការងាររដ្ឋបាលឱ្យបានច្បាស់លាស់ ដូចជាការប្រើប្រាស់ឬធ្វើលិខិតស្នាមនានា ពិនិត្យលិខិតចេញចូល រៀបចំផែនការ និងការងារផ្សេងៗ ក្នុងអង្គភាពខ្លួនដោយលៃយ៉ាងណាឱ្យមានដំណើរការល្អ ផ្សារភ្ជាប់នឹងការរៀបចំ រចនាសម្ព័ន្ធក្នុងសាលារៀន ក្នុងទីចាត់ការ បន្ទប់ប្រជុំថ្នាក់រៀនជាដើម។
២. ២. ការងាររដ្ឋបាលទូទៅ
ជាទូទៅ ការងាររដ្ឋបាលផ្សារភ្ជាប់នឹងការគ្រប់គ្រង ដោយទាក់ទិននឹងដំណើរប្រព្រឹត្តទៅនៃស្ថាប័នឬអង្គភាពណាមួយ ។ ជាពិសេស និយាយដល់រដ្ឋបាល គឺ និយាយដល់ការអនុវត្តការងារទាំងសកម្មភាពនិងទាំងលិខិតស្នាម។
២. ២. ១. ការងារគ្រប់គ្រង
ក. អ្នកគ្រប់គ្រង
អ្នកគ្រប់គ្រង ជាអ្នកដែលមានចំណេះដឹងខ្ពស់អំពីវិធានការការងាររបស់ខ្លួន។ ម្យ៉ាងទៀត ត្រូវចេះផ្លាស់ប្ដូរ កែលម្អ ឱ្យមានការរីកចំរើននៅថ្ងៃអនាគត ទើបទាក់ទាញមនុស្សគ្រប់រូបឱ្យចេះធ្វើការ ចេះគោរពពេលវេលានិងចេះអប់រំកូនចៅ ជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ មានប្រយោជន៍សម្រាប់សង្គមជាតិ ។
អ្នកគ្រប់គ្រង គួរយកចិត្តទុកដាក់នូវចំណុចខាងក្រោម៖
• កន្លែងអង្គុយមិនចង្អៀត
• ការងារមានលក្ខណៈជាប្រព័ន្ធ
• ចំណាយសមស្រប
• តម្រូវការធានា
• ភាពមាំទាំប្រើបានយូរ
• បម្រុងទុកមុន
• ការប្រើប្រាស់ពណ៌
• គ្មានភាពស្មុគស្មាញ
• ការថែទាំ
• មានប្រដាប់ប្រដាណែនាំឱ្យមានផាសុកភាព
• សុវត្ថិភាព
អ្នកគ្រប់គ្រង ត្រូវអនុវត្តគោលនយោបាយ ជាតិដែលពាក់ព័ន្ធ និងការគ្រប់គ្រងនៅតាមមូលដ្ឋាន ពិសេសតាមមហាវិទ្យាល័យ ។
អ្នកគ្រប់គ្រង មានអ្នកគ្រប់គ្រងថ្នាក់ទាបនិងអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ។
• អ្នកគ្រប់គ្រងថ្នាក់ទាប
សិទ្ធិអំណាច ទទួលបានដោយផ្អែកលើគោលការណ៍ច្បាប់ជាធំ ដើម្បីអនុវត្តន៍នូវរាល់ការងារ។ ការធ្វើការសម្រេចចិត្តរបស់អ្នកគ្រប់គ្រងថ្នាក់ទាប មាននិន្នាការធ្វើឱ្យងាយស្រួល ដល់បន្ទុកការងារប្រតិបត្តិដ៏ធ្ងន់ធ្ងរ និង ធ្វើឱ្យថ្នាក់លើមានពេលវេលាពិនិត្យលើការងារសំខាន់ៗ។ អ្នកគ្រប់គ្រងថ្នាក់ទាប អាចស្គាល់បញ្ហាបានល្អ ហើយអាចធ្វើ សេចក្តីសម្រេចបានល្អដែរ ។ ទោះបីជាយ៉ាងនេះក្ដី ក៏អ្នកគ្រប់គ្រងថ្នាក់ទាប អាចជួបបញ្ហាខ្លះៗដូចជា៖
⁃ ភាពស្ទាក់ស្ទើរក្នុងការប្រគល់សិទ្ធិអំណាច
⁃ ខ្ញុំអាចធ្វើការងារនេះដោយខ្លួនខ្ញុំបាន
⁃ អ្នកថ្នាក់ទាបរបស់ខ្ញុំគ្មានសមត្ថភាពទេ
⁃ ខ្ញុំប្រើពេលច្រើនដើម្បីពន្យល់កិច្ចការនឹង
⁃ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ខ្លាចបាត់បង់អំណាច
⁃ ខ្វះជំនឿ អ្នកគ្រប់គ្រងថ្នាក់ទាបអាងលើជំនាញនិងបទពិសោធន៍ខ្លួន
⁃ ភាពស្ទាក់ស្ទើរក្នុងការទទួលអំណាច[3]។
• អ្នកគ្រប់គ្រងថ្នាក់ខ្ពស់
ការសម្រេចចិត្តសំខាន់ៗទាំងអស់ ត្រូវបានធ្វើឡើងដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ ដើម្បីរក្សាលំនឹងសកម្មភាពរបស់ស្ថាប័ន។ ក្នុងនោះដែរអ្នកគ្រប់គ្រង អាចមានបទពិសោធន៍ច្រើន និងអាចធ្វើសេចក្តីសម្រេចបានល្អជាងអ្នកគ្រប់គ្រងថ្នាក់ទាប។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ មានការឈ្វេងយល់ទូលំទូលាយ និងអាចថ្លឹងថ្លែងពីតម្រូវការនៃផ្នែកផ្សេងៗរបស់ការិយាល័យក្នុងការសម្រេចចិត្ត។ ការដឹកនាំក្នុងការិយាល័យឬក្នុងស្ថាប័នមួយ ត្រូវប្រគល់អំណាចទាំងឡាយទៅឱ្យថ្នាក់ដឹកនាំថ្នាក់ខ្ពស់។ អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ មានភាពលំបាកស្មុគស្មាញ ដោយបន្ទុកការងារធ្ងន់ពេក ពោលគឺថ្នាក់លើត្រូវធ្វើការសម្រេចចិត្តតាំងពីកិច្ចការតូចតាចរហូតដល់ការងារធំ ហើយអាចធ្វើឱ្យ ការងារនោយឺតយ៉ាវទៀតផង។
ខ.ច្បាប់នៃការគ្រប់គ្រង
បុគ្គលិកម្នាក់១ ត្រូវមានគុណភាព លទ្ធភាព និង មានស្មារតី ភ្ញាក់រលឹក ដើម្បីតួនាទីរបស់ ខ្លួន។ មន្ត្រីជាម្ចាស់ការិយាល័យ ស្ថាប័ន ធ្វើយ៉ាងណាឱ្យការិយាល័យ និងស្ថាប័នរីកចម្រើនលូតលាស់ជានិរន្តរ៍ ។កត្តាដែលជាគ្រឹះដ៏រឹងមាំធានាឱ្យសម្រេច តួនាទីជាអ្នកគ្រប់គ្រងល្អត្រឹមត្រូវកម្រិតខ្ពស់បានត្រូវមានសីលធម៌ល្អ៥ប្រការគឺ៖
• ស្មោះត្រង់ជានិច្ចចំពោះមាតុភូមិ
• បម្រើប្រយោជន៍អ្នកក្រោមឱវាទរបស់ខ្លួន
• មានវិន័យសាមគ្គីល្អជាគម
• ខិតខំរៀនសូត្រ លើកកម្ពស់សមត្ថភាព លើមុខជំនាញគ្រប់បច្ចេកទេស
• រស់នៅស្អាតស្អំ[4]
• សមត្ថភាព លើមុខជំនាញគ្រប់បច្ចេកទេស
ជាទូទៅ ការិយាល័យឬស្ថាប័នមួយ មានភាពរីកចម្រើន ក៏វាអាស្រ័យនឹងវិន័យព្រមទាំងបទបញ្ជាផ្ទៃក្នុងផងដែរ។ បទបញ្ជាផ្ទៃក្នុង មានជាអាទិ៍ ដូចខាងក្រោម៖
•មាននិយ័តភាពក្នុងការងារ
•សំលៀកបំពាក់សមរម្យ
•ចុះវត្តមានរាល់ថ្ងៃ
• ត្រូវមានដំណឹងពេលមានធុរ:
•ខិតខំបំពេញការងារ
•មិនត្រូវរំខានដល់អ្នកដទៃ
•ជួយទំនុកបម្រុង និងការពារសម្បត្តិរបស់ការិយាល័យឬស្ថាប័ន
•ចូលរួមការពារសុវត្ថិភាពការងារ
• រក្សាសណ្ដាប់ធ្នាប់
• គោរពការចាត់តាំង
• រក្សាការសម្ងាត់នៃការងារ
• មានចរិយាស្លូតបូត សមរម្យ
• មិនត្រូវយកឯកសារទៅផ្ទះ
• មិនត្រូវធ្វើការងារឯកជនក្នុងម៉ោងធ្វើការងារ
• មិនត្រូវលេងល្បែងស៊ីសងគ្រប់ប្រភេទ។
២. ២. ២. ការងាររដ្ឋបាល
អ្នកជំនាញរដ្ឋបាល គឺជាអាជ្ញាកណ្ដាលសម្រាប់ផ្សះផ្សាទំនាស់ផ្សេងៗក្នុងអង្គភាពជំនួសថ្នាក់ដឹកនាំមួយចំនួនដែលអវត្ត មានឬមានបេសកកម្មចុះទីកន្លែងឆ្ងាយ។ អ្នកជំនាញរដ្ឋបាល បំពេញការងារតាមភារកិច្ចរបស់ខ្លួនច្បាស់លាស់ ហើយទើប ពិនិត្យតាមផ្នែក (លិខិតចូល លិខិតចេញ របាយការណ៍ សរុបរបាយការណ៍) រួចហើយទើបអ្នកជំនាញទាំងនោះ ត្រូវធ្វើការវាយតម្លៃការងាររបស់ខ្លួនដែលបានបំពេញ។
នៅក្នុងអង្គភាពមួយ មានការរីកចម្រើនបាន លុះត្រាតែអ្នកគ្រប់គ្រងនៅទីនោះ មានការបែងចែកភារកិច្ច និង តួនាទីរបស់បុគ្គលិកឱ្យបានច្បាស់លាស់។ រីឯការងារលិខិតស្នាម ត្រូវមានការគ្រប់គ្រងឱ្យបានល្អ ពោលគឺមានបច្ចេក ទេសត្រឹមត្រូវលើការងារនោះ ។
បច្ចេកទេសទុកដាក់ឯកសារ គឺគោរពតាមលំនំាខាងក្រោម៖
• លក្ខណៈរឿងតាមកាល
• លក្ខណៈរឿងតាមប្រភេទ
• លក្ខណៈរឿងតាមនិទ្ទេស
• លក្ខណៈរឿងតាមការវិភាគ
• លក្ខណៈរឿងតាមអក្សរ
ការគ្រប់គ្រងឯកសារបានល្អ មានសារប្រយោជន៍ណាស់ ពោលគឺ៖
· ដំណើរការងារងាយស្រួល ពិសេសពេលយកមកប្រើវិញ
· ធ្វើឱ្យមានការប្រែប្រួលទៅអនាគត
· ធ្វើឱ្យមានការចំណាយទាប
· ធ្វើឲ្យមានសុវត្ថិភាព
· ធ្វើឲ្យមានភាពសមរម្យនិងត្រឹមត្រូវ
· ធ្វើឲ្យមានស្តង់ដារនៅក្នុងអង្គភាពឬការិយាល័យនានា
ខ្លឹមសារទម្រង់លិខិតសំណេរផ្លូវការ ចែកចេញជា៖
.រដ្ឋបាលមាន:រូបភាព សណ្ឋាន ប្រភេទ អត្ថន័យ លក្ខណៈ លក្ខណៈពិសេស
-រូបភាព៖ កិច្ចការរដ្ឋបាលត្រឹមត្រូវដែលអាចយកជាការបាន លុះត្រាតែមានរូបភាពជាក្រដាសស្នាមជាលាយលក្ខណ៍អក្សរ ដើម្បីទុកជាភស្តុតាងក្នុងការអនុវត្តការងារផ្សេងៗមានន័យថា ទោះកិច្ចការតូចតាចក៏ដោយមិនត្រូវជឿលើសម្តីគេឡើយ។
-សណ្ឋាន៖ មានការសរសេរដោយដៃ វាយកុំព្យូទ័រ ខ្លះទៀតច្បាប់ថតចម្លង...។
-ប្រភេទ៖ សំណេរជាផ្លូវការ មានច្រើនប្រភេទសម្រាប់អនុវត្តន៍និងប្រើទៅតាមប្រភេទនៃការងារដូចជា លិខិត ដីការអម សារាចរ លិខិតឧទ្ទេសនាម អនុក្រឹត្យ ព្រះរាជក្រឹត្យ...។
-អត្ថន័យ៖ មានប្លែកគ្នាតាមប្រភេទលិខិត ដូចខាងក្រោម:
· ដីការអម គឺសម្រាប់បញ្ជូនសំនុំរឿងផ្សេងៗ សម្ភារនានា ទៅកាន់អង្គភាពផ្សេងៗមួយទៀត
· កំណត់ចាត់ការ ជាបំណែងចែកភារកិច្ចឲ្យទទួលខុសត្រូវរបស់មន្ត្រីក្រោមឱវាទ។
· របាយហេតុ ទម្រង់របាយការណ៍បន្ទាន់ ពុំមានព័ត៌មានគ្រប់គ្រាន់។
· របាយការណ៍ សេចក្តីរាយការណ៍ដែលមានខ្លឹមសារពេញលេញ។
-លក្ខណៈ គឺរបៀបបែបដែលមានលក្ខណៈកត់សម្គាល់ ក្នុងនោះមានឈ្មោះស្ថាប័ន ឈ្នះប្រទេស ទីកន្លែង លេខអក្សរសម្ងាត់ឬអក្សរកាត់ ឋានៈមុខតំណែងអ្នកទទួល និងហត្ថលេខា។
-លក្ខណៈពិសេស: មានបន្ថែមលើលក្ខណៈធម្មតានូវពាក្យ"ប្រញាប់ ប្រញាប់ណាស់ ប្រញាប់បំផុត សម្ងាត់ សម្ងាត់បំផុត"ដោយសរសេរជាពណ៌ក្រហមឬខៀវនៅខាងឆ្វេងពីក្រោមលេខ។ការប្រើពាក្យពេជន៍នេះ ត្រូវប្រកាន់យកពាក្យសមរម្យ ច្បាស់លាស់ និងសាមញ្ញ។
· ភាពចាំបាច់នៃលិខិត រាល់លិខិតទងអស់ មានទម្រង់និងសណ្ឋានប្លែកៗគ្នាតាមស្ថាប័ននីមួយៗ។
ឧទាហរណ៍៖ លិខិតចេញដោយព្រះមហាក្សត្រ លិខិតចេញដោយរដ្ឋសភា ព្រឹទ្ធសភា លិខិតចេញដោយ រដ្ឋាភិបាល លិខិតប្រើជាផ្លូវការធម្មតា លិខិតឯកជន លិខិតចេញដោយតុលាការ...។
· ទម្រង់លិខិត ចែកជា៤ផ្នែក
១-ឈ្មោះប្រទេស ឬបាវចនា អាចសរសេរជាអក្សរធំៗចំកណ្តាលឬខាងស្តាំទំព័រផ្នែកខាងលើ ឯលិខិតឯកជន គេមិនចាំបាច់ប្រើទេ (ពីឯកជនទៅឯកជន)។
២-ប្រភពនិងលេខលិខិត:ប្រភពគឺបង្ហាញពីក្រសួង មន្ទីរ ស្ថាប័ន ណាមួយដែលចុះនៅខាងលើ ចុងខាងឆ្វេងឯលេខដាក់ដើម្បីកំណត់រយ:ពេលហើយត្រូវសរសេរក្រោមប្រភព។អក្សរសម្ងាត់ អក្សរកាត់មិនឲ្យតិចជាងពីរតួនិងមិនឲ្យលើសពីបីតួ បើអាចធ្វើបាន។
៣-កាលបរិច្ឆេទលិខិត ក្រោយពីចុះហត្ថលេខានិងប្រថាប់ត្រា ត្រូវដាក់ថ្ងៃ ខែ ឆ្នាំលិខិត មិនត្រូវចុះមុនទេ។ចំពោះលិខិតទូទៅ កាលបរិច្ឆេទត្រូវដាក់ខាងលើប៉ែកខាងស្តាំ។
៤-អ្នកចុះហត្ថលេខា៖ រាល់លិខិតដែលអាចយកជាការបាន លត្រាតែមានហត្ថលេខារបស់អ្នកទទួលខុសត្រូវ។
· ឈ្មោះត្រូវដាក់២/៣ផ្នែកខាងស្តាំហត្ថលេខា
· ត្រាត្រូវបោះ១/៣នៃហត្ថលេខាផ្នែកខាងឆ្វេង។
២. ៣. ការអនុវត្តការងាររដ្ឋបាល
នៅក្នុងអង្គភាពមួយ មានដំណើរការរីកចម្រើនល្អបាន លុត្រាតែអ្នកគ្រប់គ្រងមានការបែងចែកការងារ ភារកិច្ចនិងតួនាទីច្បាស់លាស់សិន។ ជាដំណើរការនៃការធ្វើផែនការចាត់តាំង ដឹកនាំ ត្រួតពិនិត្យ លើការប្រើប្រាស់ធនធានមនុស្សនិងធនធានដទៃទៀត ដើម្បីសម្រេចគោលដៅអង្គភាពឬស្ថាប័នណាមួយឲ្យមានប្រសិទ្ធិភាព។
នៅក្នុងវិទ្យាល័យមួយ មានការិយាល័យច្រើន មនុស្សម្នាក់ៗក្នុងការិយាល័យនោះ មានទំនួលខុសត្រូវតាមផ្នែកនីមួយៗរបស់ខ្លួន។ ចំពោះវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនអម្ពវ័នជំនីក បុគ្គលិកទាំងអស់ធ្វើការដោយយកចិត្តទុកដាក់ណាស់ព្រោះម្នាក់ៗមានស្មារតីខ្ពស់ មានការលះបង់ ពោលគឺ មានការងារនិងមានទំនួលខុសត្រូវលើកិច្ចការនោះ ដោយមាននាយកសាលាជាអ្នកចំណាត់ការ។ ពេលបញ្ចប់ខែ ឆមាស ឆ្នាំសិក្សា បុគ្គលិកម្នាក់ៗ ក៏ ដូចជាប្រធានក្រុមបច្ចេកទេសឬនាយក សុទ្ធតែមានរបាយការណ៍នៃការងាររបស់ខ្លួនដែលបានបំពេញកន្លងមក ដូចជាធ្វើរបាយការណ៍បវេសនកាល, របាយការណ៍ឆមាសទី១, របាយការណ៍ឆមាសទី២, របាយការណ៍ខែនីមួយៗ(តុលា វិច្ឆិកា មករា...) និង របាយការណ៍ដំណាច់ឆ្នាំ។ល។
ការគ្រប់គ្រងរដ្ឋបាលនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក មានវិធីសាស្រ្តគ្រប់គ្រងច្បាស់លាស់ មិនថាបុគ្គលិកឬសិស្សទេត្រូវគោរពតាមវិធីសាស្រ្តត្រឹមត្រូវ។ ការគ្រប់គ្រងរដ្ឋបាលនៅអង្គភាពមួយ ប្រធានត្រូវទទួលខុសត្រូវលើ៖
. ក្តាប់រួម
. លិខិតចូលពីក្រសួងឬស្ថាប័នផ្សេងៗនិងរាយការណ៍ជូនថ្នាក់ដឹកនាំ
. គ្រប់គ្រងលើត្រាអង្គភាព
. ការងារបុគ្គលិកការិយាល័យ
. ធានាដំណើរការល្អរបស់ស្ថាប័ន និងចាត់ចែងភារកិច្ចដល់បុគ្គលិកក្រោមឱវាទតាមសំណើររបស់ក្រុមប្រឹក្សា
. ធានានិយ័តភាពក្នុងអង្គភាព
. ត្រៀមការពារបរិស្ថាន សោភណភាពនិង អនាម័យសាលារៀន
. រក្សាសណ្តាប់ធ្នាប់និងវិន័យក្នុងស្ថាប័ននិងចូលរួមបង្កើតក្រុមប្រឹក្សានានា
. រៀបចំដំណើរការចុះឈ្មោះចូលរៀន ដោយមានការប្រជុំរវាង ថ្នាក់គ្រប់គ្រង ជាមួយនឹងគណ: កម្មាធិការទ្រទ្រង់សាលាសហគមន៍មាតាបិតាសិស្ស ដើម្បីធ្វើការផ្សព្វផ្សាយនិង រៀបចំចាត់តាំងមន្ត្រីមួយចំនួននៅដើមខែកញ្ញា ឱ្យទទួលភារកិច្ចចុះឈ្មោះសិស្សនេះ
. ធ្វើផែនការគ្រប់គ្រងធនធានមនុស្ស
. មានការលើកទឹកចិត្តចំពោះបុគ្គលិកដែលយកចិត្តទុកដាក់លើការងារ និងណែនាំដោយទន់ភ្លន់តែម៉ឺងម៉ាត់ចំពោះបុគ្គលិកមិនសកម្ម។
រូបភាពប៉ាណូ «ចតុស្ដម្ភការអប់រំ» តាំងក្នុងបរិវេណវិទ្យាល័យ
៣. ចំណុចខ្លាំងនិងចំណុចខ្វះខាត
៣.១. ចំណុចខ្លាំង
· វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក មានការរីកចម្រើនដូចសព្វថ្ងៃដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ដូចជា ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ារដ្ឋមន្ដ្រីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ពិសេសបំផុតពីសំណាក់សម្ដេចកត្តិព្រឹទ្ធបណ្ឌិតនិងសម្ដេចតេជោ នាយករដ្ឋមន្ដ្រី
· ជាអង្គភាពមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ដោយបុគ្គលិកសិក្សាលោកគ្រូ អ្នកគ្រូ គណ:គ្រប់គ្រង និងសមាគមមាតាបិតាសិស្ស មានទំនាក់ទំនងល្អ សហការបំពេញការងារក្នុងស្មារតីភាតរភាពនិងមានទំនួលខុសត្រូវខ្ពស់
· មានអគារកាត់ដេរ មានម៉ាស៊ីនកាត់ដេរ ដែលអាចជួយបណ្ដុះបណ្ដាលនូវជំនាញវិជ្ជាជីវ:ដល់យុវជន យុវតី ទោះបីសិស្សស្រីៗខ្វះលទ្ធភាពបន្ដការសិក្សាទៅឧត្តមសិក្សា ក៏គាត់មានជំនាញកាត់ដេរដើម្បីប្រកបការងារទ្រទ្រង់ជីវភាពដែរ
· ផ្សារភ្ជាប់ជនបទនិងទីក្រុងដោយមានការបណ្ដុះបណ្ដាលព័ត៌មានវិទ្យាដែលជាបច្ចេកវិទ្យាទំនើប ដោយសាលាភាគច្រើនទទួលបានការសិក្សាតែនៅទីក្រុង
· ជួយបានច្រើនក្នុងការកសាងធនធានមនុស្សនៅជនបទ ពិសេសជួយបណ្ដុះបណ្ដាលបងប្អូនខ្មែរអ៊ីស្លាម ដូចជានៅឃុំជំនីក ឃុំប៉ើសជាដើម
· សិស្សមានគុណភាពមិនឃ្លាតឆ្ថាយពីសិស្សទីក្រុង ទោះបីវិទ្យាល័យស្ថិតនៅជនបទក៏ដោយ ព្រោះវិទ្យាល័យតែងតែប្រសូត្រចេញនូវសិស្សពូកែ សិស្សឆ្នើមជានិច្ច ដូចជានៅឆ្នាំសិក្សា២០១៣ សិស្សឈ្មោះ កោ រតន :បានប្រឡងជាប់សិស្សពូកែគណិតវិទ្យាប្រចាំខេត្តនិងបន្ដជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេសថែមទៀតនិងឆ្នាំផ្សេងៗទៀត ក៏មានជាហូរហែរ។
· ជួយកសាងធនធានមនុស្សបន្ដវេន ព្រោះសិស្សដែលបញ្ចប់ថ្នាក់ទី១២ បានប្រឡងជាប់គ្រូ ហើយក៏បញ្ចប់ពីការបណ្ដុះបណ្ដាល ក៏មកបម្រើការងារជួយបង្ហាត់បង្រៀនដល់ប្អូនៗជំនាន់ក្រោយរបស់ពួកគេ។
៣.២. ចំណុចខ្វះខាត
· សាលាមិនទាន់មានសួនបន្លែច្រើនដែលបណ្ដុះបំណិនកសិកម្មដល់សិស្សានុសិស្ស ហើយក៏ខ្វះគ្រូកសិកម្មដែរ
· ពិបាករកគ្រូបង្រៀនវិជ្ជាជីវ:កាត់ដេរ បើយកគ្រូពីក្រៅត្រូវមានប្រាក់ឧបត្ថម្ភ
· សេវាអ៊ីនធើណេតខ្សោយ ពិបាកក្នុងការផ្ដល់សេវាអនឡាញ ទាំងការបង្រៀន ទាំងការរៀន ឬប្រជុំពេលករណីចាំបាច់ ដូចករណីអនុវត្តកិច្ចការផ្សេងៗ ឬប្រជុំអនឡាញ ក្នុងដំណាក់កាលរាតត្បាតជម្ងឺកូវីដ-១៩ ជាដើម។
សេចក្តីសន្និដ្ឋាន
ជាការពិតណាស់ថា ការអភិវឌ្ឍប្រទេសមួយបាន គឺអាស្រ័យទៅលើធនធានមនុស្សដែលប្រកបទៅដោយសមត្ថភាពនិងជំនាញច្បាស់លាស់ពិតប្រាកដ។ ដើម្បីឲ្យប្រទេសជាតិស្ថិតនៅក្នុងសន្តិភាពសំបូរ សប្បាយមានសុខដុមរមនា ចំពោះប្រជាពលរដ្ឋទូទៅក៏ដូចជាមន្រ្តីរាជការ អ្នកមុខ អ្នកការ ព្រះសង្ឃ និង អ្នកកាន់សាសនាដទៃទៀតនោះ យើងត្រូវប្រើប្រាស់នូវវិធីនិងប្រាជ្ញាឆ្លាតវៃ ស្មុគស្មាញ ដើម្បីរកច្រកចេញសម្រេចទៅដល់គោលដៅរួមទាំងអស់គ្នា។ ការអប់រំ បានបាញ់ឆ្ពោះទៅរកចំណុចគោលដៅរួមរបស់យើងទាំងអស់គ្នាទូទាំងប្រទេស ពោលគឺ ការអប់រំដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការអប់រំ (EFA)[1] ដោយឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច សេវាកម្ម សន្តិសុខ និងពង្រីកឥទ្ធិពលរបស់ខ្លួន។
តាមសេចក្ដីណែនាំ ការចាត់តាំង តាមអនុសាសន៍ថ្នាក់ដឹកនាំក្នុងក្របខណ្ឌសីលធម៌វិជ្ជាជីវ: និង ឆ្លងតាមការចុះស្រាវជ្រាវនិងវិភាគរកធាតុចូលសំខាន់ពីដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាលអប់រំប្រចាំវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក យើងឃើញថា សាលារៀននេះ អាចដំណើរការបានទៅមុខជានិច្ច ព្រោះ បុគ្គលិកសិក្សា គ្រូបង្រៀនតាមមុខវិជ្ជា ក៏ដូចជាគណ:គ្រប់គ្រង មានការប្រឹងប្រែងទាំងអស់គ្នា ទោះបីមានកង្វះសម្ភារ:បរិក្ខារខ្លះក៏ពិតមែន ហើយមាតាបិតាអាណាព្យាបាលសិស្សនិងសិស្សានុសិស្សខ្លួនឯង មានការសហការព្យាយាមទាំងអស់គ្នាដែលជាកត្តាជំរុញឲ្យសាលារៀនមានដំណើរការទៅមុខជានិច្ច។ ដូច្នេះ លទ្ធផលនៃការងាររដ្ឋបាលអប់រំមានលទ្ធផលឬលទ្ធភាព សម្រេចបានល្អ ជាផ្លែផ្កាដោយមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំក្រោមការដឹកនាំប្រកបដោយតម្លាភាពនិងសមត្ថភាព។
ឯកសារពិគ្រោះ
ឯកសារភាសាខ្មែរ
១. ជួន ណាត វចនានុក្រមខ្មែរ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ១៩៦៧
២. ប៉ាន់ សំណាង របាយការណ៍ស្រាវជ្រាវស្ដីពីដំណើរការងាររដ្ឋបាលនៃវិទ្យាល័យប៊ុន
រ៉ានីហ៊ុនសែនអម្ពវ័នជំនីក សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ឆ្នាំ២០០៩
៣. ពៅ សុខ ទឹកចិត្តអ្នកជួយសង្គ្រោះ ការផ្សាយរបស់សមាគមអ្នកនិពន្ធខ្មែរ ២០២០
៤. សាយ បូរី នីតិរដ្ឋបាលទូទៅ ឆ្នាំ២០០៦
៥. ធ សោ រដ្ឋបាលអប់រំ ឆ្នាំ២០០៦
៦. ក្រសួងអប់រំយុវជននិងកីឡា ប្រកាសលេខ១៤២៣អយក.ប្រក ចុះថ្ងៃទី១០ខែតុលា ឆ្នាំ២០០៥
៧. ឯកសារវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនអម្ពវ័នជំនីក
ឯកសារភាសាអង់គ្លេស
១.Oxford University Press, Oxford Basic English Dictionary 1993
ឯកសារដកស្រង់ពីប្រព័ន្ធអ៊ីនធឺណេត
១ -http//:www.school.for.champions.com/education/process.htm
២ -http//:www.school-works.org