ដោយ : បណ្ឌិត ជា វណ្ណី

ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រ

វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

រាជបណ្ឌិត្យសភាកម្ពុជា

សេចក្ដីផ្ដើម

នៅលើពិភពលោកយើងនេះ ប្រទេសនីមួយៗតែងតែមានខឿនវប្បធម៌-អរិយធម៌ប្រចាំជាតិរបស់ខ្លួន ហើយវប្បធម៌-អរិយធម៌នៃជាតិនោះ រមែងតែងតែស្របទៅនឹងផ្នត់គំនិត ទស្សនៈរបស់ប្រជាជាតិមួយ ជានិច្ច។ យ៉ាងណាមិញ ប្រទេសកម្ពុជាយើងក៏ជាប្រទេសមួយដែលមានខឿនវប្បធម៌-អរិយធម៌ចំណាស់និងសម្បូរបែបផងដែរ។ ទន្ទឹមនឹងភាពចំណាស់នោះ ដំបូងឡើយ   កម្ពុជាក៏ជាអាណាចក្រមួយដែលមានស្ត្រីជាបឋមក្សត្រក្នុងការដឹកនាំសង្គមផងដែរ ហើយដោយសារតែកត្តានេះហើយ ទើបផ្នត់គំនិតខ្មែរតាំងពីដើមមកតែងតែឱ្យតម្លៃនិងគោរពចំពោះស្ត្រីភេទ។ នៅក្នុងសង្គមខ្មែរមិនថាពីសម័យបុរាណឬមកដល់សម័យបច្ចុប្បន្ននេះទេ ការឱ្យតម្លៃទៅលើស្ត្រី(មេ)នៅតែជារឿងមួយប្រកបដោយឧត្តមភាពដ៏ចម្បងនិងគួរឱ្យយកចិត្តទុកដាក់។ ដូច្នេះស្ដ្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយអភិវឌ្ឍសង្គម ក៏ដូចជាមានតួនាទីយ៉ាង សំខាន់ដែលមិនអាចខ្វះបាន មិនថានៅក្នុងគ្រួសារឬសង្គមឡើយ(ស្ត្រីដៃ១០០)។

យើងដឹងហើយថា តាំងពីសម័យបុរាណកាលមក ព្រលឹងមាតាធិបតេយ្យជាព្រលឹងជឿនលឿននិងរឹងមាំ ព្រមទាំងបានចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតប្រជាជននិងក្នុងសង្គមនោះ បានស្ថិតស្ថេរជារៀងរហូតដល់សព្វថ្ងៃនេះ។ ការឱ្យតម្លៃទៅលើស្ត្រី គឺជារឿងមួយដែលគេបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ បើទោះបីជាស្ត្រីជាភេទមានកម្លាំងទន់ខ្សោយជាងបុរសក្ដី គឺស្ត្រីនៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានឡើយ រហូតដល់មានពំនោលពោលថា ស្ត្រីជាកម្លាំងចលករ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិក្នុងការជួយទ្រទ្រង់គ្រួសារនិងសង្គមឱ្យមានការអភិវឌ្ឍ និងស្ត្រីជាដៃគូជាមួយនឹងបុរសដែលមិនអាចខ្វះ   បាន។ ជាតឹកតាងតាមរយៈឯកសារប្រវត្តិ  សាស្ត្រ ក៏ដូចជាតាមរយៈទំនៀមទម្លាប់ប្រពៃណី ជីវភាពរស់នៅក្នុងសង្គម ស្នាដៃអក្សរសិល្ប៍ ជាពិសេសគឺតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយនិយាយជារួម និងនិយាយដោយឡែកគឺតំណាលកថាប្រជាប្រិយ សុទ្ធតែបានបង្ហាញយ៉ាងប្រត្យក្សពីការឱ្យតម្លៃ លើកតម្កើងនិងយកចិត្តទុកដាក់ចំពោះស្ត្រី។ ជាក់ស្ដែងក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរមួយចំនួន ជាពិសេសតំណាលកថាប្រជាប្រិយដែលកើតចេញពីការនិទានតៗគ្នា ពីមាត់មួយទៅមាត់មួយ ពីតំបន់មួយទៅតំបន់មួយ ក៏បានបង្ហាញពីចំណុចជាច្រើនដែលទាក់ទងទៅនឹងការលើកតម្កើងនិងផ្តល់តម្លៃចំពោះស្ត្រី ពោលគឺបង្ហាញពីឧត្តមភាពនៃស្ត្រី។ តើតំណាលកថាប្រជាប្រិយខ្មែរបានបកស្រាយបង្ហាញពីឧត្តមភាពស្រ្តីដូចម្តេចខ្លះ?

មុននឹងយើងធ្វើការបកស្រាយវែកញែកពីឧត្តមភាពស្រ្តីតាមរយៈនិទានកថាសង្គមនេះ យើងគួរយល់នូវពាក្យគន្លឹះមួយចំនួន គឺ ឧត្តមភាព ស្រ្តី ​និងតំណាលកថាប្រជាប្រិយ ជាមុនសិន។

- បញ្ញត្តិ ស្តីពី ឧត្តមភាព  ស្រ្តី និងតំណាលកថាប្រជាប្រិយ

            ១.១- ឧត្តមភាព

 តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត  ឧត្ដម  អ៊ុត-ដំ សំ. បា. (គុ.) ខ្ពស់, ខ្ពង់ខ្ពស់; កន្លង; ល្អ; ប្រសើរ; ថ្លៃថ្លា; បរិបូណ៌; សម្បូណ៌ : ថ្នាក់​ឧត្ដម ថ្នាក់​ខ្ពស់។[1]

ឧត្ដម​ភាព ភាព​ឧត្ដម ភាពខ្ពង់ខ្ពស់ ភាពល្អ ភាពប្រសើរ...។ 

១.២- ស្ត្រី

តាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត បានឱ្យនិយមន័យពាក្យ “ស្ត្រី” ថាជាគូនឹងបុរស ត្រូវប្រើឱ្យស្របគ្នាថា បុរសស្ត្រី ប្រុសស្រី កុំប្រើ បុរសស្រី ប្រុសស្រ្តីដូច្នេះ     ឡើយ។[2]

ន័យទី១“ស្រី” ពាក្យសម្រាប់ប្រើជាសាធារណៈឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺ​មនុស្ស​ជាតិ​ដែលមានភេទ​ទីទៃពីប្រុស  (បុរិសៈ ឬ បុរស) ទីទៃពីខ្ទើយ(បណ្ឌក) ត្រូវ​ប្រើ​ឱ្យស្រប​គូ​គ្នា​ថា ​ស្រី ប្រុស ឬ ប្រុស ស្រី កុំប្រើថាស្ត្រីប្រុស ឬប្រុសស្ត្រីឡើយ ត្រូវប្រើថាបុរសស្ត្រី ឬ ស្ត្រីបុរស​ទើប​ស្របគ្នា : ប្រុសស្រីជាប្តីប្រពន្ធ បុរសស្ត្រីជាស្វាមីភរិយា​(ប្រើពាក្យស្របគ្នាយ៉ាងនេះទើប​សម)​។​[3]

ន័យទី២ ពាក្យ ស្រី(ន.) សិរី។ ខ្មែរច្រើនប្រើជាពាក្យរួមខាងដើមសព្ទដទៃ ដូចជា ព្រះស្រីសព៌េជ្ញ ព្រះសព៌េជ្ញមានសិរី (ព្រះសព្វញ្ញុពុទ្ធ)។[4]

តាមទស្សនៈពុទ្ធសាសនា ព្រះសម្មា​សម្ពុទ្ធបរមគ្រូនៃយើងបានត្រាស់សម្តែងថា   “ស្តី្រ គឺ​មាន​សិទ្ធិ​ស្មើ​​នឹងបុរសដែរនៅក្នុងកិច្ចការងារផ្សេងៗ។ នៅពេលដែលព្រះនាងមល្លិកាប្រសូត្របានបុត្រី ព្រះមហាក្សត្រ     បាសិនាទី មានព្រះទ័យមិនសប្បាយចិត្តទេក៏យាងទៅក្រាបទូលព្រះសម្មាសម្ពុទ្ធ។ ព្រះ​បរម​​គ្រូក៏លួងលោមមហាក្សត្រថា កូនស្រី ប្រសើរ ថ្លៃថ្លូរជាងកូនប្រុសទៅទៀត ”។ [5]

លោក សរ សារុន បានអះអាងថា“ ស្ត្រី គឺជាអ្នករៀបចំកិច្ចការផ្ទះ និងជា​មេគ្រួសារ​ដ៏ចំ​ណាន​​ ដែល​មិនអាចអត់បាន ។ បើយើងសម្លឹងមើលទិដ្ឋភាពសង្គមខ្មែរ គឺមាន​សុភាសិត​ជាច្រើនដែល​លើក​​តម្លៃ​របស់ស្ត្រី ជាអ្នកមានគុណធម៌ ជាកម្លាំងគ្រឹះរបស់គ្រួសារ ជាអ្នកថែរក្សា បំប៉ន​គ្រួសារ​ឱ្យមានស្ថេរភាព សុភមង្គល ដូចមានសុភាសិតខ្មែរមួយឃ្លាលោកបានពោលឡើងថា៖ “ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្ដាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ”។[6]

តាមទស្សនៈរបស់លោក ប្រាជ្ញ ជុំ បានឱ្យនិយមន័យថា ស្ត្រី គឺជាមនុស្សម្នាក់ ដែល​មាន​គុណ​លើ​មនុស្ស​ទាំងអស់ ។[7]

តាមពាក្យអង់គ្លេសថា “Woman” នៅក្នុងវចនានុក្រមអង់គ្លេសOxford Advanced Learner’s Dictionary បាន​ឱ្យដឹងថា ស្រី ស្រ្តី លក្ខណៈដូចស្រី ត្រូវនឹង Woman: an adult female person [8]

តាមទ្រឹស្តីរបស់លោក ប្លាតុង បានឱ្យនិយមន័យ “ស្ត្រី” ថា ស្រ្តី គឺជាមាតារបស់មនុស្ស ហើយ​ជា​ម្ចាស់​លើពិភពលោកទាំង មូល។ ប្រសិនបើគ្មានស្ត្រីទេនោះ ម្ល៉េះអ្វីៗក្នុងលោកក៏គ្មានដែរ ។[9]

តាមទ្រឹស្តីលោក អារីស្តូត (Aristotle:384-322Bc) បានឱ្យន័យថា “ភាពសកម្ម​របស់ស្រី្ត​នៅ​ក្នុង​ការ​បង្កើត​ជីវិតមួយដោយបានផ្តល់នូវរូបកាយ(ពពោះ) រី​ឯ​អសកម្ម​របស់ស្រ្តី​ គឺ​មិន​មាន​លទ្ធភាព​ដើម្បីបង្កើតទឹកកាម(Semen)ដូចបុរស។ គាត់​បាន​លើក​ឡើង​ពី​គោល​ការណ៍​សកម្មតែមួយ​គត់របស់​ស្ត្រី គឺការ​មានផ្ទៃពោះដែលមិនអាច​ខ្វះ​បានឡើយ​ដើម្បី​បង្កើត​ឱ្យ​បាននូវ​មនុស្សជំនាន់ក្រោយ ប្រសិនបើ​គ្មានការ​ចូលរួមពីសំណាក់ស្រ្តី ក៏គ្មានមនុស្សដែរ គាត់មានជំនឿជាក់ថា ធម្មជាតិ​មិនត្រឹម​តែ​ញ៉ាំង​ឱ្យ​មាន​ភាពខុសប្លែកគ្នាខាងរូបរាងរវាងបុរសនិងស្រ្តីប៉ុណ្ណោះទេ ព្រម​ទាំងញ៉ាំង​ឱ្យភេទទាំង​ពីរ​មាន​ការ​ខុស​​ប្លែកគ្នាខាងខួរក្បាលទៀតផង”។[10]

តាមទ្រឹស្តីពីតាគ័រ (Pythagore: 571-497BC) បានអះអាងថា “ ស្ត្រី និងបុរស គឺ​ជា​ចំណុច​សុក្រិត្យ​បំផុត ជាមូលដ្ឋានសម្រាប់ពិចារណាគឺ ស្ត្រី និងបុរស ត្រូវតែមាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ដែលមិនអាចកាត់ផ្តាច់បាន”។[11]

ជាសរុបសេចក្តី ស្ត្រី ឬស្រី បានក្លាយមកពីពាក្យ សិ+រី សិរីមានន័យថាមង្គល     សេចក្តីសុខ សេចក្តីចម្រើន ជាលំអដែលគួរឱ្យស្រឡាញ់ ជាប្រភពសិរីសួស្តីក្នុងគ្រួសារ ឬ​​មានន័យ​ម្យ៉ាង​ទៀត​ថា រីករាយស្រស់ស្រាយ ញញឹមញញែម បានជួប​ហើយនឹក​មិន​ភ្លេច​ជា​និមិត្តរូប​នៃ​ទឹក​សន្សើម​​ស្រោចស្រពលើរុក្ខជាតិ​ទាំងឡាយ​នៅលើ​ផែនដី​ឱ្យមាន​ជីវិតរស់​នៅ​ជា​អចិន្ត្រៃយ៍”។ នៅក្នុងសង្គមខ្មែរ ប្រជាជនយើងចាត់ទុក ស្ត្រី ជាមង្គល និងជាអធិបតីក្នុងគ្រួសារ។ ទ្រឹស្ដី​ជា​​មូលដ្ឋាននៃសុភមង្គលរបស់គ្រួសារនីមួយៗគឺដោយសារមានកូនស្រីល្អ ប្រពន្ធល្អ ម្ដាយល្អ។ ចាប់តាំងពីសម័យដើមរហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិ-ពល​នៃព្រលឹង​មាតាធិបតេយ្យ​បាន​រស់នៅ   បន្ដដោយប្រជាជនខ្មែរ។ សង្គមខ្មែរ​ចាត់ទុកព្រលឹងមាតាធិបតេយ្យជាព្រលឹង​ជឿនលឿន ​ហើយឯកភាពគ្នា ថែរក្សាការពារ តាមរយៈជំនឿ ទំនៀមទម្លាប់ ប្រពៃណី និង​អក្សរ​សាស្ត្រ​​ខ្មែរ ជាដើម។ អ្នកស្រាវជ្រាវ​បានចាត់​ទុកថា​មាតា​ធិបតេយ្យ​ជាព្រលឹង​របស់ខ្មែរ​ក្នុង​ចំណោម​ព្រលឹងជាច្រើនទៀត ដែលស្ថិតស្ថេររហូតដល់សព្វថ្ងៃនេះ។ ព្រលឹង​នេះ​ត្រូវ​បាន​អ្នក​សិក្សា​ស្រាវជ្រាវកំណត់ថាជាព្រលឹងជឿនលឿន ដែលយើង​បានរក្សា​ទុក​តាំង​ពីយូរយារ​ណាស់​មក​ហើយ។

បើយោងទៅតាមរយៈជំនឿ ទំនៀម​ទម្លាប់​ប្រពៃណី​ល្អៗ​របស់​ខ្មែរ មាតា​ធិបតេយ្យ​មានតម្លៃសំខាន់សម្រាប់ស្ត្រីខ្មែរពីរយ៉ាងគឺ ស្ត្រីជាធំ និងស្ត្រីជាមង្គល។[12] ព្រលឹង​ខ្មែរ​ចម្បង​គេ​ឋិត​នៅ​ត្រង់ខ្មែរគោរពរបបគ្រប់គ្រងមួយបែបគឺ មាតាធិតេយ្យ ដែល​ជា​របបឱ្យ​តម្លៃ​ទៅ​លើ​ស្រីក្នុងការដឹកនាំគ្រួសារក្ដី សង្គមខ្មែរទាំងមូលក្ដី ចាប់តាំង​ពី​សម័យ​ស្ដេច​ស្រី​សោយ​រាជ្យ​នៅ​ប្រទេស​ខ្មែរនៅសម័យហ្វូណន ព្រះនាម សោមា ឬនាងនាគ នៅមុនការ​ទទួល​ឥទ្ធិពល​របស់​ព្រះអង្គមួយអង្គគឺព្រះបាទ កៅណ្ឌិន្យ ឬ ហ៊ុនទៀន ឬ ព្រះថោង ទៅទៀត។ កៅណ្ឌិន្យ ​នេះ​ទៀត​សោតក្នុងពិធីអភិសេកជាមួយនាងសោមា ក៏បានគោរព​ប្រពៃណី​មាតា​ធិបតេយ្យ​នេះដែរ ដូចជាការតោងស្បៃ​ដើរតាម​ក្រោយ​ព្រះនាង  ​​សោមា ។

ខ្មែរយើងទម្លាប់ហៅថា“ព្រះថោងតោងស្បៃនាងនាគ ” ដើម្បី​ជាការរំឭកដល់ព្រលឹង​ខ្មែរសម័យ​នោះ ចំណែកឯសព្វថ្ងៃនេះ ពិធីរៀបអភិសេក ឬរៀបការក៏តម្រូវឱ្យមានពិធីនេះដែរ។ ក្នុងសង្គមមាតាធិបតេយ្យ ស្ត្រី ជានិមិត្តរូបនៃ​វប្បធម៌ជាតិសាសន៍ សិរីសួស្ដី សុភមង្គល កិត្តិយស សេចក្ដីថ្លៃថ្នូរ ស្អាតស្អំ សោភ័ណភាព ភាពសប្បាយរីករាយ ភាពទន់ភ្លន់ ប្រកបដោយបញ្ញាញាណ ឈ្លាសវៃ ឧត្តុង្គឧត្តម និង​សង្គម​ភាព​របស់គ្រួសារតាំងពីកំណើតមកម៉្លេះ។[13]

ស្រីឬស្ត្រី គឺជាមនុស្សដែលមានសារៈសំខាន់ណាស់ចំពោះប្រទេសជាតិ ព្រោះស្ត្រី គឺជា​មនុស្សដែលជួយបម្រើការងារសព្វគ្រប់សារពើ ទាំងការងារសង្គម  និងការងារនៅក្នុងគ្រួសារ នៅគ្រប់ទីកន្លែង គ្រប់ច្រកល្ហក ស្ត្រីបានស្វះស្វែងតស៊ូដោយសេចក្តីអំណត់អត់​ធន់​សព្វ​គ្រប់បែបយ៉ាងទាំងអស់ ស្ត្រីមិនត្រឹមតែជាមនុស្សមានសម្ផស្សស្រស់ស្អាត ល្អផូរផង់ប៉ុណ្ណោះទេ ថែមទាំងមានអត្តចរិតសុភាពរាបសារ ទន់ភ្លន់ ស្លូតបូត និងឧស្សាហ៍ព្យាយាមថែមទៀតផង។ ស្ត្រីគឺជាភរិយារបស់បុរស ហើយក៏ជាអ្នកដែលមើលថែរក្សាកូន និងផ្គត់ផ្គង់ក្នុងគ្រួសារ ដើម្បី​ធ្វើ​ឱ្យ​គ្រួសារមានសុភមង្គលថែមទៀតផង។ បច្ចុប្បន្នសង្គមខ្មែរច្រើនប្រើពាក្យ “ស្រី” សំដៅ​លើ​មនុស្ស​យុវវ័យ ឬវ័យកណ្តាល ឬអ្នកនៅលីវ ខណៈពាក្យ “ស្ត្រី” ប្រើ​សំដៅ​លើ​អ្នក​មាន​វ័យ​ចាស់។ យ៉ាងណាក៏ដោយ គ្មានការកំណត់ថា អាយុប៉ុន្មាន ត្រូវប្រើពាក្យ ស្ត្រី ឬ ស្រីនោះទេ។ ប៉ុន្តែ​មជ្ឈដ្ឋានខ្លះ គេយល់ថា ពាក្យ “ស្រី” គឺជាពាក្យមិនសូវល្អឡើយ។ គេតែង​ច្រើន​ប្រើ​ពាក្យ​នេះដោយភ្ជាប់ជាមួយមុខរបរ ឬសកម្មភាព​មិនសមរម្យ​ដែលសង្គម​មិន​សូវ​ឱ្យតម្លៃ។ ឧទាហរណ៍៖ ស្រីបា ស្រី  ខារ៉ាអូខេ ស្រីខូច...ដោយគេកម្រឃើញប្រើពាក្យថា ស្ត្រីបា ស្ត្រី​ខារ៉ាអូខេ​ ស្ត្រីល្បែង...។ មួយវិញទៀត សង្គមខ្មែរក៏និយមប្រើពាក្យ “ស្រី” នេះ ដោយ​សំដៅ​លើ​​គូ​កំណាន់ចិត្តរបស់បុរសដែលមានភរិយារួច ឬនៅលីវ។ ឧទាហរណ៍៖ មានស្រីមានទៅ កុំឱ្យតែប្រពន្ធដឹង ឬម្នាក់ហ្នឹងមានស្រីច្រើនណាស់។

១.៣- តំណាលកថាប្រជាប្រិយ

តំណាលកថាប្រជាប្រិយ ដែលជាប្រភេទមួយនៃអក្សរសិល្ប៍ប្រជាប្រិយ។  

អក្សរសិល្ប៍ប្រជាប្រិយ គឺជាសញ្ញាណមួយដែលមានលក្ខណៈប្រវត្តិសាស្ត្រ និង​សម្បូរទៅ​ដោយ​​ភាពរីក​ចម្រើនលើផ្នែកសតិអារម្មណ៍ មនោសញ្ចេតនាដែល​ទទួល​បាននូវបណ្ដាបទ​​​ពិសោធន៍ ប្រកបទៅដោយចក្ខុ  វិស័យល្អ មានភាព​ច្នៃ​ប្រឌិត​ដ៏ប៉ិន​ប្រសប់​ និងមានសមត្ថភាព​ឥតគណនាបានធ្វើ​ឱ្យស្នាដៃ​ប្រជាប្រិយ​ក្លាយ​ទៅជា          ​“ពហុវប្បធម៌​ជាតិ”​ នៃ​ជាតិខ្មែររបស់យើង។[14] សាស្ត្រាចារ្យ ពៅ សាមី បានឱ្យនិយមន័យអក្សរសិល្ប៍ប្រជាប្រិយថា បានដល់នូវអត្ថបទ ​អក្សរសិល្ប៍ទាំងឡាយ ដែលកើតចេញពីប្រជាជន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខាង​ស្មារតី​“និពន្ធ និងអប់រំផង” ចំពោះប្រជាជន។ អក្សរ​សិល្ប៍ប្រជាប្រិយខ្មែរនេះ ត្រូវ​បាន​ប្រជាជន​និយមចូលចិត្ត និងមានការរិះគន់ចំពោះរបបសង្គម ជាពិសេសវណ្ណៈខ្លាំងពូកែ ដែល​តែង​តែជិះជាន់ សង្កត់សង្កិនទៅលើវណ្ណៈទន់ខ្សោយ។ អក្សរ​សិល្ប៍​ប្រភេទ​នេះលេច​ចេញ​ឡើង​នូវ​​គ្រប់សម័យកាលដែលមានទម្រង់ជារឿងព្រេងនិទាន រឿងល្បើក និងរឿង​ឧបទេស​ផ្សេងៗ។ [15]

ដូច្នេះយើងអាចឱ្យនិយមន័យជារួមថា អក្សរសិល្ប៍ប្រជាប្រិយ ជាសិល្បៈប្រពៃណី ជា​សិល្ប៍​វោហារសាស្ត្រ ផ្សារភ្ជាប់គ្នាជាមួយនឹងការផ្សព្វផ្សាយរបស់មនុស្ស ជាអក្សរសាស្ត្រចំណេះដឹង ជាវចនានុក្រមវិទ្យា និងជា​ការអនុវត្ត​ដែល​ត្រូវ​បាន​ចែកចាយយ៉ាងទូលំទូលាយ ឆ្លងកាត់ពីមាត់មួយទៅមាត់មួយ ពី​សម័យកាលមួយទៅសម័យកាលមួយ ហើយមានការប្រែប្រួលរហូតដល់រកម្ចាស់ដើមពុំឃើញ ពោលគឺត្រូវបាន​ប្រជា​រាស្ត្រ​សាមញ្ញ ជាអ្នកបង្កើតឡើង ដោយបង្ហាញពី​ភាព​រីក​ចម្រើននៃប្រវត្តិសាស្ត្រសង្គម ផ្នែកក​បញ្ញាស្មារតី ​សតិ​អារម្មណ៍ និង​មនោ​សញ្ចេតនាដ៏ជ្រាលជ្រៅ។

ចំណែកតំណាលកថា  គឺជារឿងរ៉ាវទាំងឡាយដែលលេចធ្លោចេញពីការនិទាន ឬតំណាលតៗគ្នានៃមនុស្សដែលរស់នៅក្នុងសហគមន៍ ដោយគ្មានឈ្មោះអ្នកនិពន្ធ គ្មានកាលបរិច្ឆេទច្បាស់លាស់។ តំណាលកថាទាំងនោះត្រូវបានប្រជាជននិយមពេញចិត្ដ ហើយបង្កើតបានជាការផ្សព្វផ្សាយនិយាយតគ្នាពីមាត់មួយទៅ មាត់មួយ ពីភូមិមួយទៅភូមិមួយ ពីតំបន់មួយទៅតំបន់មួយ។ តំណាលកថាប្រជាប្រិយមានខ្លឹមសារឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជ្រុងជ្រោយ ក្នុងសម័យប្រវត្ដិសាស្ដ្រខុសៗគ្នា គិតតាំងពីសម័យកាលដែលយើងមិនទាន់មានឯកសារជាក់លាក់ម្ល៉េះ។ បុព្វបុរសខ្មែរបានផ្ដាំផ្ញើតាមរយៈរឿងនិទានប្រជាប្រិយនូវមនោសញ្ចេតនា សេចក្ដីប៉ងប្រាថ្នា ទស្សនៈពីពិភព និងជីវភាពនៃសង្គមមនុស្សនាសម័យនោះ។

តំណាលកថាប្រជាប្រិយ ទោះបីជាមានធាតុមិនសូវជាក់ស្ដែង ប៉ុន្ដែក៏នៅមានទម្រង់ជាមួយប្រវត្ដិសាស្ដ្រដែរ គ្រាន់តែតិចឬច្រើន។ មានពេលខ្លះតួអង្គក្នុងរឿងជាតួអង្គប្រវត្ដិសាស្ដ្រដូចជា ព្រះថោង ជ័យវរ្ម័នទី២ តាត្រសក់ផ្អែម. . .សុទ្ធជាតួអង្គដែលមានពិតក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។ ចំណុចសំខាន់មួយទៀត គឺតំណាលកថាប្រជាប្រិយ ជាពិសេសព្រេងកថា ច្រើនលើកឡើងពីទឹកចិត្ដ ស្នេហាជាតិ ពីដើមកំណើតប្រជាជនក្នុងការប្រយុទ្ធប្រឆាំងជាមួយបរទេសឈ្លានពាន ដើម្បីការពារឯករាជ្យភាពរបស់ប្រជាជន។

តាមរយៈតំណាលកថាប្រជាប្រិយ យើងឃើញថា ប្រវត្ដិសាស្ដ្រសង្គមមនុស្ស ជាប្រវត្ដិនៃការតស៊ូជានិច្ចកាល ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងធម្មជាតិ និង         វណ្ណៈជិះជាន់ក្នុងសង្គមមានវណ្ណៈ។ ស្មារតីវាយប្រហារវណ្ណៈជិះជាន់របស់ប្រជាជនបានអនុវត្ដតាមរយៈរឿងមួយចំនួនដូចជា រឿងធនញ្ជ័យ រឿងអាឡេវ រឿងមាយើង. . . ដែលក្នុងនោះស្ដេច មន្ដ្រី និង ភ្នាក់ងារតូចតាច មានចរិតសាហាវយង់ឃ្នង ពុករលួយ ភូតកុហក ត្រូវបានប្រជាពលរដ្ឋលើកយកមកបញ្ចូលក្នុងតំណាលកថាប្រជាប្រិយ ដោយបង្កើតឱ្យមានតួអង្គតំណាងជនប្រភេទនោះ ដើម្បីធ្វើការរិះគន់ បន្ដុះបង្អាប់ និងសើចចំអក ក្នុងគោលបំណងកែប្រែ ដូចជារឿងសុភាសេក និងរឿងភេពីរ។ ចំណែកឯស្ដេច មន្ដ្រីណាដែលឈ្លាសវៃ ស្លូតបូត សុចរិតទៀងត្រង់ ត្រូវបានប្រជាជនស្រឡាញ់ស្ងើចសរសើរ ហើយរស់នៅជានិច្ចក្នុងស្រទាប់មហាជន។ បើតាមលោក ហ្គ័រគី បានមានប្រសាសន៍អំពីអត្ថន័យតំណាលកថាប្រជាប្រិយថា គ្មានអ្វីក្រៅពីទឹកចិត្ដដែលទន្ទឹងយ៉ាងខ្លាំងរបស់ពលករសម័យដើម ដែលមានបំណងចង់ឱ្យការងារកាន់តែធូរស្រាល  ផលិតកម្មកាន់តែកើនឡើង និងចង់ប្រឆាំងនឹងសត្រូវជើងពីរ និងជើងបួនបានលទ្ធផលកាន់តែប្រសើរឡើង។[16]

​នៅក្នុងតំណាលកថាខ្លះទៀត បានលើកយកតួ​អង្គមនុស្សមកសម្ដែងតែម្ដង ហើយដំណោះស្រាយ គេតែងតែប្រើកម្លាំងកាយ កម្លាំងប្រាជ្ញា និងកលល្បិចរបស់មនុស្សមកធ្វើជាមធ្យោបាយ ដូចជារឿង បុរសចាក់ស្មុគ មាយាស្រី សម្លាញ់ពីរនាក់នៅផ្ទះជិតគ្នា រឿងអាឡេវ រឿងសម្លាញ់ពីរនាក់បាចទឹកសមុទ្រ ជាដើម។



[1] ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ភាគ១ និង២ ទំព័រ៧៣៦។

[2] ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ដ.ឯ.ម ទំព័រ៧៣៦។

[3] ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ដ.ឯ.ម ទំព័រ៧៥៧។

[4] ពុទ្ធសាសនបណ្ឌិត្យ វចនានុក្រមខ្មែរ ដ.ឯ.ម ទំព័រ៧៥៨។

[5] ហេមា កោលាកិកកេ ពុទ្ធសាសនា សិទ្ធិស្ត្រី និងសិទ្ធិមនុស្ស  ឆ្នាំ១៩៩៦។

[6] សរ សារុន ល្បងសិក្សា សង្គមវិជ្ជា​ខ្មែរ  ​ភាគ​២ ឆ្នាំ ១៩៧៣- ១៩៧៤ ទំព័រ៤៧។

[7] ញ ស្រឿន តម្លៃអប់រំស្ត្រី​ខ្មែរ​តាម​រយៈសុភាសិត​ច្បាប់​ស្រី របស់​អ្នក​ឧកញ៉ា សុត្តន្ត​ប្រីជាឥន្ទ្រ ឆ្នាំ២០១៧ ទំព័រ១៦។

[8] Oxford Advanced Learner’s Dictionary New Edition page746.

[9] សុខ សុត្ថាល មហាទស្សនវិទូ និងទស្សនៈវិជ្ជាក្នុងលោក ភ្នំពេញ ឆ្នាំ១៩៧១ ទំព័រ១៦៩។

[10]សុខ គាង ទ្រឹស្តីនយោបាយ ទំព័រ២១។

[11]Woman’s studies encyclopedia volime III First printed by Gelen Tierney 1993 USA page33.

[12]ក្រសួងអប់រំ យុវជន និង​កីឡា សិក្សាសង្គម ថ្នាក់ទី១០ គ្រឹះស្ថាន​បោះពុម្ព​និង​ចែក​ផ្សាយ ឆ្នាំ២០១៦ ទំព័រ​២៣៩។

[13] សមាគមបុគ្គលិក​សិក្សា​ខ្មែរ ទស្សនាវដ្ដី​គ្រូ​បង្រៀន លេខ ៣២ ឆ្នាំ២០០៧ ទំព័រ៤៤។

[14] ស៊ុំ ឈុំឡុង ទស្សនទានអប់រំសង្គមតាមរយៈតំណាលកថានៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ(និក្ខេបបទថ្នាក់បណ្ឌិត) ភ្នំពេញ ឆ្នាំ២០១១ ទំព័រ១២។

[15]ពៅ សាមី មូលដ្ខានទ្រឹស្តីអក្សរសិល្ប៍ និងសិល្ប៍វិទ្យា ភាគ៣  គ្រឹះស្ថានបោះពុម្ពសុភមង្គល ឆ្នាំ ២០១២ ទំព័រ១១៤។

២. ឧត្តមភាពស្ត្រីតាមរយៈតំណាលកថាមួយចំនួន

            ក្នុងការបកស្រាយឧត្តមភាពស្ត្រីតាមរយៈតំណាលកថា បានលើកឡើងនូវបញ្ហា​សង្គមមនុស្ស​ជាច្រើន ដែល​ប្រកបដោយ អត្ថន័យនិងមានតម្លៃសម្រាប់​មនុស្សជាតិជំនាន់​ក្រោយ។ ការអប់រំ​ក្នុងរឿងភាគច្រើន ទាក់ទងនឹង​សកម្មភាររស់នៅ​ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ  ជាពិសេសអ្នកនិពន្ធបាន​លើកឡើងនូវឧត្តមភាពស្ត្រីក្នុងសង្គម។ រឿងមួយចំនួនបានបង្ហាញ​នូវការអប់រំមនុស្ស​ឱ្យមាន សច្ចៈ ខន្តី កតញ្ញូ​ចំពោះមនុស្សនៅជុំវិញខ្លួន មានការអប់រំសមាជិក​គ្រួសារឱ្យមានភាពស្មោះ​ត្រង់នឹង​គ្នា ​ជា​ពិសេស​​ គឺប្ដីនិងប្រពន្ធត្រូវចេះ​ស្រឡាញ់ស្មោះស្ម័គ្រនឹងគ្នា កុំលួចមាន​សហាយ​ ដោយការលោភលន់នឹង        តណ្ហា។ ការអប់រំកូន​ឱ្យមានភាពស្មោះ​ត្រង់ចំពោះមាតាបិតា ចេះគោរព​ប្រពៃ ចេះដឹងគុណមាតាបិតា ចេះថែរក្សាពូជពង្សវង្សត្រកូលឱ្យបានល្អ ស្អាតស្អំ មាន​កិត្តិយស​​ក្នុងសង្គម​ឱ្យ​ថ្លៃថ្នូរ​ល្អប្រពៃ។ ការអប់រំឱ្យចេះជួយសង្គ្រោះគ្នានៅគ្រាមានអាសន្ន និងបន្តរស់​នៅជួបជុំ​គ្នាប្រកប​ដោយ​សេចក្តី​សុខក្សេមក្សាន្ត ​ជាពិសេសគឺបានបង្ហា​ញពីការអប់រំ​មនុស្សនូវ​ភាពលោភ​លន់ហួសប្រមាណ ដែលជាបញ្ហាគ្រោះថ្នាក់មកដល់ខ្លួនវិញនៅពេលក្រោយ ដោយបង្ហាញពីការចូលរួម​ក្នុង​សង្គម​ពីសកម្មភាពរបស់ស្ត្រី ប្រកបដោយការវាងវៃ ការសហការ ការប្រកួតប្រជែងគ្នា និងការជំរុញ​សេដ្ឋកិច្ច​ក្នុងការកសាងសង្គមជាតិឱ្យកាន់តែមានការ   អភិវឌ្ឍ។

២.១- ឧត្តមភាពស្រ្តីតាមរយៈការបំពេញតួនាទីនៅក្នុងគ្រួសារ

                            ២.១.១- ឧត្តមភាពស្ត្រីជាកូន

         កូន គឺមានន័យថា ជាមនុស្ស ឬសត្វ​ដែល​កើត​អំពី​មាតា​បិតា មេបា : កូន​ប្រុស, កូន​ស្រី, កូន​ឈ្មោល, កូន​ញី។ សេចក្ដីស្រឡាញ់រវាងឪពុកម្តាយនឹងកូន គឺជាសេចក្តី​ស្រឡាញ់​ដ៏ស្មោះ រកអ្វី​មក​ប្រៀបផ្ទឹមពុំបាន ព្រោះសេចក្តីស្រឡាញ់មួយនេះវាធំធេងណាស់។ ឪពុកម្តាយចង់ឃើញកូនៗរបស់ខ្លួនបានសេចក្តីសុខ ចម្រុងចម្រើន មានសុភមង្គល ហើយក៏មិនចង់​បានអ្វីជាការ​តបស្នង​ត្រឡប់ពីកូនៗ​មកវិញក្រៅ​ពី​ការ​ដែលឃើញកូនជាកូនប្រកបដោយកត្តញ្ញូ មាន​គុណធម៌ សីលធម៌ល្អនោះឡើយ។ ដូច្នេះកូនៗទាំងអស់គប្បីត្រូវតែរក្សា និងគោរពដឹងគុណលោកអ្នកមានគុណឱ្យបានសមស្រប មិនថាលោកធ្លាប់បានធ្វើអ្វីខុសឆ្គងបន្តិចបន្តួច ឬយ៉ាងណានោះទេ យើងជាកូនល្អ ត្រូវតែចេះតបស្នង​សងគុណលោក មិនបំផ្លាញកិត្តិយស មិនបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងសេចក្ដីល្ងង់ខ្លៅ ដែលនោះហើយជាសេចក្ដីសុខដែលអ្នកមានគុណយើងចង់បាន និងរីករាយទទួលយកនូវការតបគុណដ៏វិសេសវិសាលនោះ។  តួយ៉ាងនៅក្នុងរឿង ដើមរលួសមាស (រឿងទី២៤នៃប្រជុំរឿងព្រេងខ្មែរ ភាគទី៧) ​​តួអង្គនាងកុមារិកា មានឪពុកម្តាយចុង រស់នៅមិនជួបជុំគ្នាជាមួយម្ដាយដើមក៏ដោយ នាងនៅតែគោរពដឹងគុណចំពោះលោកឪពុករបស់នាងមិនដែលជំទាស់នោះឡើយ ថ្វីត្បិត​តែ​ម្ដាយបង្កើតនាងកើតជាសត្វត្រី កើតជាដើមត្រប់ ក៏នាងនៅតែគោរពស្រឡាញ់ និង​តាម​ថែ​រក្សា​លោក​អ្នកមានគុណជាដរាប។ មាតាបិតានាង​ពេញចិត្តព្រម​ទទួល​យក​ការ​​មើលថែទាំរបស់នាង មិនដែលប្រាថ្នាថា​ចង់បានកូនណាម្នាក់ត្រូវតែយកមាសប្រាក់ កែវកងដើម្បី​មកតបស្នង​គុណលោកវិញនោះទេ គឺមានតែសេចក្ដីនឹករឭក ឃើញ​កូនមាន​សេចក្ដី​​​សុខក៏លោក​សប្បាយចិត្តដែរ។

         ២.១.២- ឧត្តមភាពស្រ្តីជាម្ដាយ

ពាក្យថា“ម្ដាយ “ មានន័យថា មាតា ម៉ែ ជាពាក្យដែលងាយហៅ ប៉ុន្ដែមានអត្ថន័យ​ធំធេង​ជ្រាលជ្រៅ​មិន​អាច​កាត់ថ្លៃបាន។ ម្ដាយជាស្ត្រីម្នាក់ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ពលីគ្រប់​បែប​យ៉ាង​ដើម្បីកូន  គ្រប់ៗគ្នា។ តួនាទីយ៉ាងសំខាន់បំផុតរបស់ស្ត្រី ដែលមិន​អាចមានអ្វី​មកប្រៀបផ្ទឹមនិងកាត់ថ្លៃបាននោះគឺ តួនាទី​ជាអ្នកផ្ដល់​កំណើត​ដល់បុត្រធីតា។ មិនត្រឹមតែ​ជា​អ្នក​ផ្ដល់កំណើតប៉ុណ្ណោះទេ តែតួនាទី​ជាម្ដាយ គឺមានភារកិច្ច​ធំធេង​ណាស់ក្នុងការចិញ្ចឹមបីបាច់ ថែ​រក្សា ផ្គត់ផ្គង់ អប់រំទូន្មាន និងធ្វើខ្លួនយ៉ាងណាឱ្យក្លាយជាគំរូល្អដល់បុត្រធីតាគ្រប់ៗរូប ដើម្បី​ឱ្យ​ពួកគេក្លាយទៅជាកូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ ម្ដាយ ឬមាតា ឬម៉ែ គឺជាបុគ្គលសំខាន់ និង​​មាន​គុណតម្លៃខ្លាំងណាស់សម្រាប់បុត្រធីតា។ ម្ដាយជាអ្នកដែលនៅជិតស្និទ្ធ នៅជិតកូន និង​​មើល​ថែទាំកូនជាច្រើនជាងឪពុក។ ម្ដាយជាបុគ្គលដែលតែងតែខ្វាយខ្វល់ពីសុខទុក្ខ អនាគត​របស់     ​កូនៗគ្រប់ពេលវេលា​ និងជា​អ្នកចាំ​ជួយ​ចង្អុលបង្ហាញផ្លូវ​ដល់កូនគ្រប់ៗ​រូបឱ្យ​ដើរ​ក្នុង​ផ្លូវត្រូវ ដើម្បីកសាងអនាគតរបស់ពួកគេទៅថ្ងៃមុខ។

តាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ រឿងស្ត្រីពិត ម្ដាយពិត ឪពុកពិត រឿងដើម​រលួស​​មាស បានបង្ហាញពីតួនាទីរបស់ស្ត្រី ក្នុងនាម​ជាម្ដាយ​មួយរូបដែល​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាងដើម្បីអនាគតកូន។ រឿងស្ត្រីពិត ម្ដាយពិត ឪពុកពិត បានបង្ហាញពីស្ត្រីដែល​ជា​ម្ដាយ ដែលជាស្ត្រីពោរពេញទៅដោយគំនិត និងល្បិចកល ដើម្បី​ធ្វើយ៉ាង​ណារើស​បាន​កូន​ប្រសា​​ដែលសក្ដិសមទៅនឹងកូនស្រី។ គាត់តែង​ព្រួយ​បារម្ភ​ពី​អនាគត​​របស់កូនស្រី ជា​ពិសេស​នៅពេលរៀបចំឱ្យកូនមានគូស្រករ គាត់មានគំនិត​ខ្ពស់​ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ​បុរស​រូប​ណា ដែលបាន​ចូលមកស្ដី​ដណ្ដឹង​កូនស្រីគាត់។ រាល់ពេល និងគ្រប់មធ្យោបាយ ល្បិចកល​ដែល​ប្ដី​បានប្រព្រឹត្តិសុទ្ធតែកើតចេញពីគំនិតរបស់គាត់ជាភរិយា គឺជាអ្នកផ្ដល់យោបល់ និងរៀបចំចាត់ចែងគ្រប់ផែនការ ក្នុងគោលបំណង​ធ្វើយ៉ាងណា​រើសបាន​បុរសល្អ​ម្នាក់​សម្រាប់​កូន​ស្រីរបស់គាត់។ គាត់បានបំពេញ​តួនាទីជា​ម្ដាយបាន​យ៉ាងល្អ​សម្រាប់កូនស្រី​ជាទីស្រឡាញ់​របស់គាត់។ ដោយឡែកនៅ​ក្នុងរឿងដើម​រលួសមាស ក៏បង្ហាញពី​តម្លៃ​ស្ត្រី ដែលមាននាទី​ជា​ម្ដាយ ដែលជាស្ត្រីចេះគិតគូរពីកូនដែរ គឺតួអង្គនាងកុលកេសី ទោះបីជានាង​ត្រូវស្លាប់ដោយសារ​ការឈ្នានីស​ពីនាងប្រពន្ធចុង​ជាច្រើនលើក ច្រើនដង​យ៉ាងណា ក៏នាងនៅតែទៅតាមកើតជាសត្វ ជារុក្ខជាតិ​ជាច្រើនដង ​ដើម្បីតាម​ថែរក្សាកូន គឺនាងចង់ត្រឹមឃើញ​តែនាងកុមារិកាជាកូន​រស់នៅ​ដោយ​សេចក្ដីសុខ មិនមានអ្នកធ្វើបាប កូនមានប្តីល្អ មានអ្នកមើលថែទាំជំនួសនាង ចង់ឱ្យកូនមានប្ដីជាអ្នកមានលក្ខណៈគ្រប់គ្រាន់ដែលធ្វើឱ្យកូននាង​រស់នៅ​សុខស្រួល​មិន​ជួប​នូវ​ការលំបាកឡើយ ព្រោះក្នុងសង្គមគេឱ្យតម្លៃលើចំណេះវិជ្ជា លើការមានសុខភាពល្អ ការមានកិត្តិយសថ្លៃថ្នូរ ទើបមាតាបិតានៃកូនស្រីពេញចិត្តទទួលយកមកធ្វើជាកូនប្រសា ពោលគឺនាងបាន​ចិញ្ចឹ​មបី​បាច់កូនស្រីបានយ៉ាងល្អប្រពៃ សក្ដិសមជាកុលស្ត្រីដែលបុរសទាំង​ឡាយតែង​ប្រាថ្នា​ចង់​​បានជាគូអនាគត។

យ៉ាងណាមិញ តួអង្គម្តាយចុង នាងកាឡី ក៏ជាម្តាយម្នាក់ដែលតែងតែគិតគូរពីអនាគតកូនស្រីរបស់ខ្លួនដែរ គឺនាងកាឡកណ្ណី(ចន្ទី) និងកាឡីនីយា(ចន្នី)។ ការសម្រេច​ចិត្តរបស់នាងកាឡី ជា​ការ​សម្រេច​ចិត្តប្រកបដោយគតិ ព្រោះចង់ឱ្យកូនបានស្វាមីដែលជាអ្នកមានទ្រព្យសម្បត្តិ ក្នុងនោះផង​ដែររឿង​នេះក៏បាន​បង្ហាញពីតួអង្គស្ត្រី ជាម្ដាយ​របស់ចន្ទី និងចាន្នី គឺជាម្ដាយដែលមានចិត្តអាក្រក់ ប៉ុន្តែនាងបានធ្វើគ្រប់យ៉ាងគឺដើម្បីកូនៗ​របស់​គាត់​មាន​បាន គ្រាន់តែគាត់ធ្វើដោយមិនសមហេតុផល ទើបទទួល​បានលទ្ធផល​មិន​សមតាម​បំណង​​​​នោះ។ ដូចគ្នាដែរបើយើងវិភាគឱ្យមែនទែនទៅ គឺគាត់លះបង់​ធំធេងណាស់សម្រាប់កូនៗ។ ទោះបីកូនស្រីនាងចន្ទី រឹងទទឹងមិនស្ដាប់បង្គាប់ ប្រឆាំង​នឹងគាត់​នៅ​ពេលដែលគាត់បានលើកនាងឱ្យទៅជាមហេសីស្ដេចដែលមានទ្រព្យសម្បត្តិ ​​​ក៏នាងនៅតែមិនដាច់ចិត្តពីកូនស្រី មានន័យថា ម្ដាយនៅតែមិនដាច់អាល័យពីកូន នៅតែបារម្ភ​ពីសុខ​ទុក្ខ​កូនស្រី ខ្លាចកូនជួបប្រទះការលំបាក ទើបនាងសុខចិត្ត​លួចប្រមូលទ្រព្យសម្បត្តិ និងរបស់របរ​មាន​តម្លៃ​ជាច្រើនដាក់​ឱ្យកូនស្រីយក​ទៅជាមួយ ព្រោះខ្លាចកូនខ្វះខាត ក្រខ្សត់ ទោះកូន​ចេញ​ទៅ​ឆ្ងាយក៏​នាងនៅ​តែគិតបារម្ភគ្រប់ពេលគ្រប់វេលាពីសុខទុក្ខកូន គ្មានពេល​​រសាយ​ឡើយ នេះ​​ហើយ​ជាទឹកចិត្ត និងជាតួនាទីស្ត្រីជាម្ដាយ។

សរុបមកតាមរយៈស្នាដៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ គឺពិតជាបាន​រំលេចឱ្យយើង​មើល​ឃើញ​​ពីគុណតម្លៃរបស់ស្ត្រីដែលមាននាមថាជាម្ដាយ ជាអ្នកមាន​គុណដ៏​លើសលប់​សម្រាប់​កូនៗ​គ្រប់ៗគ្នា ​មិនអាចនឹងរកអ្វី​មក​ប្រៀបផ្ទឹម​ឬជំនួស​បាន​ឡើយ។

         ២.១.៣- ឧត្តមភាពស្ត្រី ជាភរិយា

ភរិយា ស្រ្តី​ដែល​បានរៀបការជាមួយបុរសណាម្នាក់ ហើយបុរសជាស្វាមី​ត្រូវ​ចិញ្ចឹម មើលថែ ពោលគឺជាស្ត្រីមួយរូបដែលជាដៃគូជីវិតរបស់បុរស ហើយភរិយាក៏ជាអ្នកមើលថែ ជួយជំរុញ​លើ​កទឹកចិត្តស្វាមី និងជាដៃគូពិភាក្សា ជាទីប្រឹក្សារបស់ស្វាមីគ្រប់រឿងរ៉ាវទាំងអស់ ពោល​គឺរួមសុខ រួមទុក្ខជាមួយស្វាមី ដូចពាក្យគេថា បុរសជោគជ័យ ឬបរាជ័យ ក៏ជា​ការ​រួម​ចំណែករបស់ស្ត្រីជាភរិយាផងដែរ។ ភរិយាមាននាទីគោរពប្រណិប័តន៍ចំពោះស្វាមី និងចាត់​ចែង​រាល់កិច្ចការទាំងឡាយក្នុងផ្ទះ ទាំងអាហារ សម្លៀក បំពាក់ សម្ភារៈ​ប្រើប្រាស់​របស់​ស្វាមី​។

តាមរយៈតំណាលកថាមួយចំនួន ដែលជាអក្សរសិល្ប៍ប្រជាប្រិយខ្មែរដូចជា រឿងបុរស​កម្ជិល​មានប្រពន្ធគ្រប់លក្ខណ៍ រឿងគង់ហ៊ាន និងរឿងមាយើង គឺសុទ្ធតែ​បានលាតត្រដាងពីតួអង្គ​ស្ត្រី​គ្រប់​លក្ខណ៍ ដែលជាភរិយារបស់បុរសៗ។ ក្នុងរឿង គង់ហ៊ាន នាងគំ នាងអាំ ដែល​ភរិយា​របស់គង់ហ៊ាន ​សុទ្ធតែ​ជាភរិយាដែលនាំមកនូវសេចក្ដីចម្រើនរុងរឿងដល់គ្រួសារ ​គឺនាងជួយយោង​បុរសជា​ស្វាមី ដូចសុភាសិតខ្មែរដែលលើកឡើងថា សំណាបយោងដី ស្រីយោងប្រុស។ ក្នុងនោះរឿងបុរសកម្ជិលមានប្រពន្ធគ្រប់លក្ខណ៍ បានបង្ហាញពីភរិយា​មានលក្ខណៈល្អ​ប្រពៃ​ទន់​​ភ្លន់ ស្មោះស័្មគ្រចំពោះស្វាមី ទោះស្វាមីជា​មនុស្សខ្ជិល​ច្រអូស​ក៏នាងនៅ​តែស្រឡាញ់​ស្មោះ​ត្រង់​ចំពោះប្ដី គ្មានចិត្តវៀចវេរឡើយ។ នាងជាភរិយា​ដែលប្រកបដោយលក្ខណៈសម្បត្តិ និងនាំ​តែ​ភាពចម្រើនរុងរឿងដល់ប្ដី ព្រមទាំងជា​ភរិយា​ដែល​បំពេញតួនាទី​បានយ៉ាង​ល្អ​ចំពោះ​ស្វាមី​នាង។ ដូចគ្នានេះដែរស្ត្រីដែលជាភរិយារបស់គង់ហ៊ាន ឯណោះ​វិញ ក៏ជាភរិយាដែលមានភាពឈ្លាសវៃ ប៉ិនប្រសប់ ស្មោះត្រង់ មោះមុត និងក្លាហាន គឺនាងៗ​ហ៊ាន​​លះ​បង់គ្រប់បែបយ៉ាងដើម្បីបានរស់នៅជាមួយបុរសដែលនាងស្រឡាញ់ រួមរស់​ជាប្ដី​ប្រពន្ធ​ដោយមិនខ្លាចរអា ហ៊ានតស៊ូប្រយុទ្ធ​ប្រឆាំង​ជាមួយ​សត្រូវ​ក្នុងការវាយ​លុកជា​មួយ​សត្រូវ​ដែលឈ្លានពាន និងពុះពារ​ការលំបាក​មិនរាថយ​នោះឡើយ។ នាងបានបំពេញ​តួនាទី​​នាងជាភរិយាដោយជួយ​មើល​ថែរក្សា​ប្ដី គិតគូរពីសុខ​ទុក្ខរបស់ប្ដី​គ្រប់​ពេលវេលា ចង់ឱ្យគ្រួសារ​មាន​​ភាព​រីកចម្រើនទៅមុខ ជួយជ្រោមជ្រែង​លើកទឹកចិត្តប្ដី គិតគូរ​រឿងរ៉ាវ​​ដែលស្ដេច​ដាក់បញ្ជា​ឱ្យប្ដីធ្វើគ្រប់កិច្ចការទាំងអស់ រហូតទទួលបានជោគជ័យ។

នៅក្នុងរឿងមាយើង វិញនោះ ក៏បានបង្ហាញពីតួអង្គស្ត្រី ជាភរិយា​ក្រោយរបស់​ចៅមាណពដែលជាស្ត្រីប្រកប​ទៅដោយលក្ខណៈ​សម្បត្តិសមសួន​ជា​បញ្ចពិធកល្យាណី​​ស្រី​គ្រប់​លក្ខណ៍ ល្អទាំងរូប ល្អទាំង​ចិត្ត ដែលនាងចេះសព្វកិច្ចការ ជួយស្វាមី​បានគ្រប់ភារកិច្ច។ នាង​បានបំពេញតួនាទីជាភរិយាដែលចេះទំនុកបម្រុង ជួយលើកស្ទួយប្ដីដែលជាបុរសកម្សត់ ប្ដី​ដែលខ្វះនូវប្រាជ្ញាឱ្យក្លាយទៅជាអ្នកមានទ្រព្យ និងកិត្តិយសបាន។

ជារួមមក តួនាទីស្ត្រីជាភរិយាពិតជាមានសារៈសំខាន់ សម្រាប់ស្វាមី​ដែល​មិនអាច​​ខ្វះដៃគូជីវិតនេះបានឡើយ ហើយតាម រយៈតំណាលកថា​ប្រជាប្រិយ​ខ្មែរយើង​ពិតជា​បាន​ឆ្លុះ​បញ្ចាំងឱ្យឃើញពីតួនាទីរបស់ស្ត្រី ដែលសំខាន់​នោះ គឺ​តួនាទី​ជាភរិយាល្អ ជាភរិយា​ដែល​ចេះ​ជួយ​លើកកិត្តិយសប្ដី ចេះជួយការពារប្ដី ចេះរក​មធ្យោបាយ​ដោះស្រាយ​សម្រាប់​ភាព​ជោគ​ជ័យ​របស់គ្រួសារ និងសេចក្ដី​សុខសុភមង្គល​នៅក្នុង​គ្រួសារ។

២.២- ឧត្តមភាពស្ត្រីជាអ្នកដឹកនាំ និងជាមេគ្រួសារ

ដើម្បីឱ្យប្រទេសនីមួយៗ ស្ថាប័នឬក្រុមហ៊ុននីមួយៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗមានការគ្រប់គ្រងល្អ មានដំណើរការប្រព្រឹត្តិទៅដោយរលូន និងមានការអភិវឌ្ឈនោះ ចាំបាច់ត្រូវតែមានអ្នកដឹកនាំដែលល្អនិងខ្លាំងពូកែ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយដឹកនាំទៅរកភាពជោគជ័យ។ ការដឹកនាំមានភាពល្អប្រសើរ ចាំបាច់ត្រូវមានអ្នកដឹកនាំល្អដែលមានសមត្ថភាព​ដែលអាចដឹកនាំបាន។ យ៉ាងណាមិញ ស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងសង្គមគ្រួសារនិងក្នុងសង្គមជាតិ ពោលគឺទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិមិនអាចអវត្តមានស្ត្រីបានឡើយ។ ស្ត្រីជាកម្លាំងចលករដែលជំរុញឱ្យសង្គមគ្រួសារនិងសង្គមជាតិមានការរីកចម្រើនឈានទៅមុខ ក៏ដោយសារស្ត្រី​មាន​លក្ខណៈពិសេសម្យ៉ាង នោះគឺមានភាពជាអ្នកដឹកនាំ។ ស្ត្រីមានគំនិតផ្ដួចផ្ដើមចាត់ចែង​រៀប​ចំ​កិច្ចការតូចធំ ទាំងក្នុងផ្ទះនិងក្រៅផ្ទះ រហូតដល់ពេលខ្លះ ភាពដឹកនាំរបស់ស្រ្តីក្នុងគ្រួសារត្រូវបានចារនៅក្នុងផ្នត់គំនិតប្រជាជនទូទៅ ដូចជាពំនោលលើកឡើងថា ស្រ្តីជាឆ្អឹងខ្នងនៃសេសដ្ឋកិច្ចជាតិនិង    គ្រួសារ។ ទោះបីជាស្ត្រីមានកាយសម្បទាមិនរឹងមាំនិងខ្លាំងក្លា​ដូចបុរស​ក៏​ពិត​មែន តែ​ស្ត្រីក៏មានគំនិតឈ្លាសវៃ​គួបផ្សំ​នឹងការអត់ធ្មត់​ខ្ពស់ មានភាពហានក្លា ដែល​ជា​ហេតុធ្វើឱ្យស្ត្រីអាចដឹកនាំគ្រួសារ និងសង្គមជាតិឱ្យបានរីកចម្រើនរុងរឿង មានសុខសុភមង្គល។

តាមរយៈរឿងមាយើង និងរឿងប្រវត្តិឃុំវាលជួប ដែលជាតំណាលកថាប្រជា​ប្រិយនៃប្រជាជាតិខ្មែរយើង ក៏បានបង្ហាញពីតួអង្គស្ត្រីដែលមានគំនិតជាអ្នកដឹកនាំ មានភាពស្វាហាប់  ក្លាហាន មោះមុត ជំនះនូវគ្រប់បញ្ហារហូតសម្រេចបានតាមគោលបំណង។ តួអង្គស្ត្រី​ក្នុង​រឿង​ទាំងពីរសុទ្ធសឹងតែជាបុគ្គលមានលក្ខណៈរឹងមាំ បង្ហាញពីភាពខ្លាំងក្លាក្នុងការដឹកនាំ ចាត់ចែងកិច្ចការនានា។ តួអង្គស្ត្រី​ក្នុងរឿងប្រវត្តិឃុំវាល​ជួប ជាតួអង្គដែល​មានគំនិត​ជឿនលឿន ដឹកនាំស្ត្រីទាំងឡាយ​ឱ្យហ៊ានរើបម្រះចេញ​ពីអ្វីដែលខ្លួនគិតថាមិនសមរម្យ ដោយរិះរក​គ្រប់​មធ្យោបាយ និងព្យាយាមធ្វើ​យ៉ាងណា​បង្ហាញពីឧត្តមភាព​របស់ខ្លួនមិន​ចាញ់បុរសឡើយ។ ស្ត្រីជាបុគ្គលដែលមានគំនិតទស្សនៈជាអ្នកដឹកនាំ ដែលអាចនាំសង្គមគ្រួសារ និងសង្គមជាតិបានរីកចម្រើន ព្រមទាំង​ជា​បុគ្គល​ដែល​គ្រួសារនិងសង្គមមិនអាចខ្វះបាន។ បរិបទនៃ​សង្គម​ខ្មែរតាំង​ពីសម័យ​បុរាណកាល​មក​ ព្រលឹង​មាតាធិបតេយ្យ ដែលជាព្រលឹង​មួយដ៏​សំខាន់​របស់​ជនជាតិខ្មែរ បានចាក់​ឫស​យ៉ាងជ្រៅ​ទៅ​ក្នុងផ្នត់​​គំនិតខ្មែរ។ ស្ត្រីត្រូវ​បានគេឱ្យតម្លៃនិងចាត់ទុកជាអ្នកដឹកនាំ ជា​មេ​គំនិត​ក្នុងការគ្រប់គ្រង និងចាត់ចែងការងារតូចធំក្នុងគ្រួសារ។ ដោយសារ ​តែគេចាត់​ទុកស្ត្រី​ជាធំ ឬ​ជា​អ្នកគ្រប់គ្រងដឹកនាំនេះហើយ ទើបមានពាក្យថា “មេ” ប្រើក្នុងជីវភាព​ប្រចាំថ្ងៃ​ដើម្បី​សម្គាល់​ភាពជាធំ ឬភាពជាអ្នកគ្រប់គ្រងដឹកនាំ ទោះបីបុគ្គលនោះ​ជាបុរសក៏ដោយ ​ដូចជាមេទ័ព មេជាង មេដំបូល មេដៃ មេឃុំ មេភូមិ...ដែលជាពាក្យសម្គាល់ជាប្រមុខ​ដឹកនាំ។ ពាក្យ “មេ” ក៏សម្រាប់​ហៅស្ត្រីនៅក្នុងគ្រួសារផងដែរគឺ “មេផ្ទះ” សំដៅដល់អ្នក​គ្រប់គ្រងចាត់ចែងកិច្ចការក្នុងផ្ទះសម្បែង។ ស្ត្រីមិនត្រឹមតែ​មានតួនាទី​ក្នុងការគ្រប់គ្រង​នៅក្នុង​ផ្ទះ​ប៉ុណ្ណោះទេ នាពេលបច្ចុប្បន្ន ស្ត្រីក៏ត្រូវបានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ និងលើកទឹក​ចិត្ត​​ឱ្យចូលរួមក្នុងការងារដឹកនាំនៅក្នុងសង្គមថែមទៀត។ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្ដរជាតិ​​ជារៀងរាល់ឆ្នាំ ជាទូទៅប្រមុខនៃរាជរដ្ឋាភិបាលបានទទូចស្នើសុំឱ្យគ្រប់​ក្រសួងថ្នាក់​ដឹកនាំស្ថាប័នត្រូវបន្ដបង្កើនលើកស្ទួយ និងបង្កើត​ឱកាស​ឱ្យស្ត្រី​មានវត្តមានក្នុងតួនាទី​ជាថ្នាក់​ដឹកនាំនៅគ្រប់       កម្រិត។ ក្នុងន័យ​នេះ ប្រមុខ​នៃរាជ​រដ្ឋាភិបាល​ យើងលោក​ចង់ផ្ដល់​ការលើកទឹក​ចិត្ត​ដល់ស្ត្រីឱ្យក្លាហានក្នុងការចូលរួមកិច្ចការងារសង្គម ពិសេសគឺ​តួនាទីជា​អ្នក​ដឹកនាំ ពោលគឺឱ្យយើងមើលឃើញពីយកចិត្តទុកដាក់ និងលើកកម្ពស់​ឧត្តមភាព​របស់​​ស្ត្រីពីសំណាក់ប្រមុខរាជរដ្ឋាភិបាលខ្មែរក៏ដូចជាស្ថាប័នពាក់ព័ន្ធ​នានា​នៅ​ក្នុងសង្គម។

ថ្វីត្បិតតែស្ត្រី ជាភេទទន់ខ្សោយ មានកម្លាំងមិនស្មើនឹងបុរស មិនអាចធ្វើ​ការងារដែល​ប្រើ​កម្លាំងខ្លាំងដូចបុរសក៏ពិតមែន ប៉ុន្ដែនៅក្នុងសង្គមគ្រួសារខ្មែរ ស្ត្រីគឺមាន   ឥទ្ធិពលក្នុងគ្រួសារ មានឥទ្ធិពលលើស្វាមី និងលើកូនចៅ។ ស្ត្រីភាគច្រើនត្រូវ​បានផ្ដល់​សិទ្ធិ​គ្រប់​​គ្រាន់ក្នុងការគ្រប់គ្រង ចាត់ចែង ដឹកនាំ រឿងតូចធំក្នុងគ្រួសារ។ ស្ត្រីគឺជា​អ្នក​ទទួល​បន្ទុក​អប់រំទូន្មានកូនចៅឱ្យក្លាយជាកូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ ជា​ពិសេស​នោះគឺស្រ្តីជា​មាតា​​​មានកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការរៀបចំអនាគតបុត្រធីតា ការគ្រប់គ្រង​ថែ​រក្សា​លើ​​ទ្រព្យសម្បត្តិ លុយកាក់ និងបញ្ហាផ្សេងៗនៅក្នុងគ្រួសារ។ នៅក្នុង​ការឱ្យតម្លៃ​ចំពោះ​ស្ត្រីទៅ​តាមរយៈទស្សនៈចាត់ទុកស្ត្រី ជាអធិបតី​នៅក្នុងការ​ដឹកនាំ ​​ក៏បានបង្កប់​នៅ​ក្នុង​វណ្ណ​កម្ម​អក្សរ​សិល្ប៍ខ្មែរជាច្រើន ពិសេស​ក្នុងប្រភេទអក្សរ​សិល្ប៍​ប្រជាប្រិយខ្មែរ។ ​ប្រសិន​បើ​យើងអានស្នាដៃរឿងមាយើង ជាប្រភេទពាក្យកាព្យ ក៏បានបង្ហាញឱ្យឃើញ​ពីការប្រកាន់យក​នូវការផ្ដល់​តម្លៃដល់​ស្ត្រីជាធំ។ រឿងនេះជាស្នាដៃមួយដែលបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នក​សិក្សាខ្មែរ​ទូទៅ។ តាមដំណើរ​រឿងបានរៀបរាប់​ពីការមានសមត្ថភាពខ្ពស់ មានចំណេះដឹងប្រកបដោយចរិយាសម្បត្តិក្នុងការដោះស្រាយបញ្ហា។ នាងគឺជានារីម្នាក់​ដែល​មាន​ភាពរួសរាយរាក់ទាក់ ចេះមានការប្រាស្រ័យ​ទាក់ទងល្អជាមួយ​ញាតិមិត្តជិតខាង ជា​មេ​គ្រួសារ​ល្អដែលចេះទុកដាក់ថែរក្សា គ្រប់គ្រងទ្រព្យសម្បត្តិនានានៅក្នុងផ្ទះ។ នាងជាអ្នកអប់រំ ជា​អ្នក​​ដឹកនាំជំរុញលើកទឹកចិត្ត និងជួយ​ទំនុក​បម្រុង​ស្វាមីដែល​ជាមនុស្សល្ងង់ខ្លៅ​ឱ្យក្លាយ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ ក្លាយ​ជាមន្ត្រី​ដែលមាន​បុណ្យសក្ដិ កិត្តិយសខ្ពង់ខ្ពស់ឧត្តុង្គឧត្តម (មាយើងមានយស ឧត្តមខ្ពង់ខ្ពស់ ត្បិតតែភរិយា យស​យឺនពណ្ណរាយ កេរ្តិ៍ឆ្ងាយសោះសា ប្រាកដប្រុងប្រា កបកេរ្តិ៍វែងឆ្ងាយ។)[1]

មាណពមាយើងដំបូងឡើយជាមនុស្សក្រីក្រ លំបាកវេទនា ព្រោះ​មាន​ប្រពន្ធ​​ជាស្រីខាតលក្ខណ៍ តែបន្ទាប់ពីបាន​ប្ដូរប្រពន្ធខាត​លក្ខណ៍​ជាមួយនឹង​នាយ​ភេត្រា​​​មក ចៅមាណពតែងតែស្ដាប់តាមសំដីណែនាំរបស់នាងជាភរិយាក្រោយដែលជា​ស្ត្រី​គ្រប់​លក្ខណ៍ ពោរពេញដោយភាពប៉ិនប្រសប់ទាំងការងារក្នុងផ្ទះនិងការងារ​ក្រៅផ្ទះ​​ជានិច្ច​ មិន​ដែល​ហ៊ានជំទាស់តវ៉ាអ្វីឡើយ រហូត​ចុងក្រោយ​ក្លាយជា​អ្នកមានទ្រព្យសម្បត្តិ និងបុណ្យសក្ដិ​ដោយសារ​តែ​នាងប្រពន្ធ​ជួយដឹកនាំ​ចាត់ចែងទំនុកបម្រុងសព្វយ៉ាង។ ដើមឡើយ​កាលមិនទាន់​​​ក្លាយជាអ្នកមាន ជីវភាពគ្រួសារមាយើងនៅខ្វះខាត លំបាក ខ្វះមុខ ខ្វះក្រោយ។ លុះពេលចៅមាណព​បានទៅកាប់ឧសក្នុងព្រៃ ដែលឧសនោះសុទ្ធតែឈើប្រណិតមានតម្លៃ ជាហេតុនាំ​ឱ្យនាងជា​ប្រពន្ធក្រោយដែល​ជា​ស្ត្រី​ឆ្លាតវាងវៃ ស្គាល់ប្រភេទឈើ​ល្អនិង​មានតម្លៃក៏បង្គាប់​ឱ្យប្ដីទៅ​ប្រមូលកាប់ឈើ​នោះយក​មក​ទុក​​​​​ឱ្យបានច្រើន។ ដោយស្ដាប់តាមបង្គាប់​របស់ប្រពន្ធ បុរសជាប្ដី​មិនបង្អង់យូរក៏ទៅ​កាប់​ឈើយកមក​ទុក​យ៉ាង​ច្រើន​​​សន្ធឹកសន្ធាប់។ នាងប្រពន្ធ​បានចាត់​ចែងយក​ឈើលក់ទៅ​ឱ្យពួក​ឈ្មួញរហូត​​​ក្លាយ​ជា​អ្នក​មាន​ទ្រព្យស្ដុកស្ដម្ភ និងទទួលបាននូវ​ការរាប់អានពីបងប្អូនញាតិមិត្តទាំងឡាយ (ឈើនេះខ្ញុំស្គាល់ ជាក់ឥតពិភាល់ អស់អ្នកសំពៅ គេទិញ​មិនលែង ខ្ញុំឯងឃើញនៅ គេទិញនាំទៅ ឯស្រុកចិនណា។ បើយើងបានហើយ យើងគិតអ្វីឡើយ លក់តែក្រឹស្នា ក្លាំពាក់ប្រពៃ យកថ្លៃមកណា ទិញព្រែកាសា សំពត់ជាតី។[2]

ត្រង់នេះបានបង្ហាញពីគំនិតដ៏ប៉ិនប្រសប់ក្នុងការចេះចាត់ចែងការងារ និង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះព្រមទាំងចេះប្រាស្រ័យទាក់ទងជួញដូរ រកស៊ី​ជាមួយអ្នកផង​ទាំងឡាយ​របស់ស្ត្រី ធ្វើឱ្យ​គ្រួសារ​កាន់តែរីកចម្រើនទៅមុខជាលំដាប់។ ក្នុងន័យនេះ ស្ត្រី​ដែលមាន​ភាពជា​អ្នកដឹក​នាំចេះ​ចាត់​ចែង​ការងារត្រូវតែមានភាពឈ្លាសវៃ យល់សាច់ការ ដឹងរាក់ជ្រៅ និងច្បាស់លាស់ក្នុងការងារ។ មិនមែនត្រឹមតែចង់ឱ្យគ្រួសារ និងប្ដី​មានតែទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែនាងជា​ប្រពន្ធ​គឺចង់​ដឹកនាំប្ដីឱ្យក្លាយជាអ្នកមានបុណ្យសក្ដិថែមទៀត ទើបស្រ្តី​ជាភរិយា​តែងតែបង្គាប់ដឹកនាំប្ដី និង​លើក​ទឹកចិត្តឱ្យប្ដីហ្វឹកហាត់ការរត់តែរាល់ៗថ្ងៃ ទោះបី​ជាដំបូង​មានការលំបាក​យ៉ាងណា​ក៏​នាង​ជាប្រពន្ធនៅតែលើកទឹកចិត្តដឹកនាំប្ដីជានិច្ច រហូតទាល់តែរត់យូរៗទៅលែងដឹងហត់ ដែលនាង​ធ្វើ​បែបនេះគឺក្នុងគោលបំណងដើម្បីឱ្យប្ដីមានសុខភាពល្អ និងអាចទៅនៅ​បម្រើ​ព្រះ​មហាក្សត្រ​បាន។ ទោះបីជាហត់យ៉ាងណា​ក៏ដោយចៅមាណពមិនជំទាស់អ្វីទាំងអស់ គិត​តែ​ពីប្រឹងរត់​យ៉ាង​ណា​ឱ្យទាល់តែសម្រេចតាមបំណងរបស់ខ្លួន និងភរិយា។ ស្ត្រីជា​ភរិយាបាន​ចាត់ចែងគ្រប់​កិច្ចការ ទាំងបាយទឹក នំចំណីបម្រុងឱ្យប្ដីជាស្រេច មិនឱ្យ​មានខ្វះ​ចន្លោះឡើយ(លុះប្ដីនាងរត់ រត់រួចពុំហត់ ដោយចិត្តស្មោះសា ឯនាងនារី យល់ប្ដីអាត្មា បរិបូណ៌ហើយ​ណា ទើបនាងឆាប់ក្រៃ។ ទៅថ្កានមន្ត្រី ឱ្យគេថ្វាយប្ដី ជាខ្ញុំក្សត្រថ្លៃ មន្ត្រីនាំថ្វាយ ដូចចិត្តនាងវៃបម្រើសព្វថ្ងៃ ជាខ្ញុំរាជា។)[3] នេះសរបញ្ជាក់ឱ្យឃើញពីភាពដឹកនាំរបស់ស្ត្រី និងឥទ្ធិពលស្ត្រី​ក្នុងការ​គ្រប់គ្រង​ចាត់ចែង​ដឹកនាំក្នុងគ្រួសារ និងការគោរពឱ្យ​តម្លៃរបស់​ស្វាមី​ចំពោះ​​​ភរិយា ទើបដឹកនាំ​គ្រួសារ​ទៅ​រក​តែភាពរីកចម្រើន និងសុភមង្គល។ អ្វីៗដែលបានមកទាំងទ្រព្យសម្បត្តិ បុណ្យសក្ដិ​គឺមិន​មែនបានមកដោយឯកឯងគ្មានការខិតខំប្រឹងប្រែងនោះទេ តែរបស់ទាំង​នោះបាន​មក​ដោយសារ​​តែបញ្ញាញាណរបស់ស្ត្រី ជាភរិយាក្នុងការដឹកនាំ ផ្ដួចផ្ដើមដល់​ស្វាមី​ដែល​ខ្វះនូវ​បញ្ញា និងការខិតខំរបស់ស្វាមីគួបផ្សំគ្នាផង នោះទើបនាំ​ឱ្យស្វាមីក្លាយ​មកជា​មនុស្ស​មាន​ភាព​រីក​ចម្រើនរុងរឿង ប្រកបដោយទ្រព្យសម្បត្តិ និងកិត្តិយស សមដូច​ច្បាប់ព្រះ​រាជសម្ភារចែងថា “ខ្លែងហើរត្បិតខ្យល់ នាយថ្កើងត្បិតពល រក្សាឱ្យសុខ ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុកត្បិតភរិយាជា” មានន័យថាគ្រួសាររុងរឿងអាស្រ័យប្រពន្ធជួយដឹកនាំជ្រោមជ្រែង។

            បើយើងមើលមួយភ្លែតទៅ យើងយល់ថានៅក្នុងសង្គមខ្មែរយើង ស្ត្រីមានតួនាទី​ត្រឹមតែមើល​ថែកូន ថែផ្ទះ និងបម្រើស្វាមី គ្មានឋានៈ និងតួនាទី​អ្វីធំដុំ​នៅក្នុងសង្គម​ដូចជា​បុរស​នោះទេ តែធាតុពិត ស្ត្រីមិនត្រឹមតែ​ជាអ្នកដឹកនាំចាត់ចែង​គ្រប់គ្រង​ក្នុង​គ្រួសារប៉ុណ្ណោះទេ ប៉ុន្ដែ​តួនាទីរបស់ស្ត្រី គឺសំខាន់លើសពីនេះទៅទៀត សកម្មភាពស្ត្រី មិនមែន​នៅតែមួយ​កន្លែងតាមការបុរេនិច្ឆ័យរបស់បុរសដែលថាស្ត្រីគ្មានការងារអ្វីធំដុំក្រៅពីមើលថែកូន ដាំបាយ លាងចាន បោស ជូតផ្ទះ មិនអាចធ្វើការងារអ្វីសំខាន់ក្រៅពីនេះឡើយ តែការពិត​ស្ត្រីមាន​សមត្ថភាព ​​​ខ្ពស់ក្នុងការចូលរួមដឹកនាំគ្រួសារ និងសង្គមស្មើនឹងបុរសដែរ។ ស្ត្រីមាន​ប្រាជ្ញា​​ឈ្លាសវៃ មានគំនិតច្នៃប្រឌិត មានការសហការសាមគ្គី ជាពិសេសគឺ ស្ត្រីមាន​សមត្ថភាព​ក្រោកឈរតស៊ូ រើបម្រះពីការគាបសង្កត់ជិះជាន់ និងការរើសអើង​ពីសំណាក់បុរស។​

ម្យ៉ាងវិញទៀត ស្ត្រី​ដែលមាន​សមត្ថភាព ក៏ត្រូវបាន​គេផ្ដល់​ឱកាសឱ្យក្លាយជា​អ្នកដឹកនាំគ្រប់គ្រង​ក្នុងប្រទេស​មួយ ឬស្ថាប័នមួយចំនួន។ ជាតឹកតាងនៅសម័យ​មហានគរ មហេសី​ទី២ របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ គឺព្រះនាងឥន្ទ្រទេវី ក៏ជាស្ត្រីឆ្នើមមួយរូប ដែលបានជួយស្វាមី​ក្នុងការរៀបចំ​ផ្នែក​សេដ្ឋ​កិច្ច នយោបាយ និងការដឹកនាំប្រទេសឱ្យកាន់តែមានភាពរីកចម្រើន ថែមទាំង​ជា​ស្ត្រី​ទី​១​​​​ដែលចេះភាសាសំស្ត្រឹតយ៉ាងស្ទាត់ជំនាញ ព្រមទាំង ជាអ្នកនិពន្ធដ៏ឆ្នើម និងជា​សាកល​វិទ្យា​ធិការិនី នៃសាកលវិទ្យាល័យជ័យស្រី នាសម័យអង្គរផងដែរ។ នេះសរ​បញ្ជាក់​ថា ស្ត្រី​​ពិតជាមានសមត្ថភាពអាចក្លាយជាអ្នកដឹកនាំបាន។ ជាងនេះទៅទៀត ដើម្បី​បញ្ជាក់​ឱ្យ​កាន់​​តែច្បាស់ពីឥទ្ធិពលរបស់ស្ត្រី តាមរយៈការលើកតម្កើងស្ត្រី ជាអ្នកដឹកនាំ ជាអ្នក​គ្រប់គ្រង​​នោះ​​ ​​យើងគួរតែមើលពីអតីតកាល​នៃការកកើតទឹកដីខ្មែរ​ដំបូងដែលមាន​បឋម​ក្សត្រ​​ដឹកនាំប្រទេស គឺជាស្ត្រី ព្រះនាងសោមា ឬនាងនាគ។ មិនត្រឹមតែមាន​នៅ​ក្នុង​សៀវភៅប្រវត្តិសាស្ត្របានចងក្រងអំពីបឋមក្សត្ររូបនេះទេ តែនៅ​ក្នុងរឿង​ព្រេងខ្មែរ​ទាក់​ទង​​​ទៅនឹងទំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍ក៏មាន កូនប្រុស​ត្រូវតោងស្បៃ​កូនក្រមុំ​ចូល​ក្នុង​បន្ទប់ ឬគេតែងហៅថា​រឿង​ព្រះថោងនាងនាគ ​ក៏បានបង្ហាញ​អំពីការគោរព​ចំពោះ​ស្ត្រី​ដែរ។

            យ៉ាងណាមិញរឿងប្រវត្តិឃុំវាលជួប ក៏បង្ហាញពីតម្លៃស្ត្រីតាមរយៈភាព​ជា​អ្នក​ដឹក​នាំ​​​ដែរ ព្រោះស្ត្រីមានសមត្ថភាពទាមទារពីបញ្ហាទំនៀមទម្លាប់ប្រពៃណី​ដែលបុរស​ត្រូវ​ចូល​ដណ្ដឹង​​ស្រី ហើយត្រូវយកថ្លៃបណ្ណាការទៅជូនខាងស្រី។ សាច់រឿង​បង្ហាញពី​លក្ខណៈ ​របស់ស្ត្រីដែលមានភាពឈ្លាសវៃ តស៊ូព្យាយាម អំណត់អត់ធន់នឹងការងារ សាមគ្គីគ្នា និងមានភាព​ជា​អ្នក​​ដឹកនាំ ទោះបីដឹងថាខ្លួនមានកម្លាំងខ្សោយជាងបុរសក៏ដោយ តែដើម្បីរើ​បម្រះ​ពីភាព​លំបាក​​ដែលខ្លួនបានជួបប្រទះក្នុងការរស់នៅ ទើបធ្វើឱ្យមានគំនិត​ផ្ដួចផ្ដើមរិះរក​មធ្យោបាយ​ទប់​ទល់​ជាមួយបុរស ដើម្បីទាមទារទំនៀមទម្លាប់ឱ្យបុរសទៅដណ្ដឹងស្រី ហើយយក​ជំនូនជូន​ខាងស្រី គឺបង្ហាញពីការឱ្យតម្លៃស្ត្រី ព្រមទាំង​ដើម្បីលើកស្ទួយ​ឧត្តមភាព​របស់ខ្លួន​ជាស្ត្រី​ឱ្យបាន​ប្រសើរ​ឡើង។ ដោយសារដឹងថាខ្លួនជាភេទដែលមាន​កម្លាំងខ្សោយ​មិអាច​នឹង​តតាំង​ជា​មួយបុរសក្នុងប្រើកម្លាំងបាន ទើបស្ត្រីបាន​ប្រើប្រាស់ប្រាជ្ញា​ដ៏ភ្លឺថ្លា​របស់ខ្លួន​ដើម្បីជា​អាវុធ​យកឈ្នះ​លើបុរស។ ទាំងនេះបានសរបញ្ជាក់ឱ្យឃើញថាស្ត្រី ជាភេទ​ទន់ខ្សោយ​ក៏ពិតមែន​តែ​នាង​មាន​គំនិតផ្ដួចផ្ដើមដឹកនាំ ព្រមទាំងអាច​យកឈ្នះបុរសៗ​ដែលមានកម្លាំង​ខ្លាំងដោយ​សារ​​សមត្ថភាព ប្រាជ្ញា ស្មារតី ការច្នៃប្រឌិត គួបផ្សំនិងកម្លាំងសាមគ្គីដ៏ក្លាវក្លា និងការខិតខំ​ប្រឹង​ប្រែង​​តស៊ូរបស់ស្ត្រី ទើប​ធ្វើឱ្យពួកគេ​អាចទទួលបានជោគ​ជ័យ​សមតាម​បំណង​ប្រាថ្នា​របស់ខ្លួន (តួអង្គ​ដូនមើចដូនពែង បានដឹកនាំ​ក្រុមខ្លួន​ធ្វើការប្រយុទ្ធជាមួយ​បក្សពួកស្ដេច​ប្រទាលរហូត​ទទួលបាន​ជ័យ​ជម្នះ)។

ស្រ្តីជាអ្នកមា​ន​​ទឹកចិត្តជួយស្វាមីដើម្បី​ទទួលបាន​បុណ្យ​សក្តិ ឋានៈខ្ពង់ខ្ពស់​ មាន​នៅក្នុងរឿងមាយើង រឿងគង់ហ៊ាន និងរឿងដើមរលួសមាស ស្ត្រីមានការតស៊ូជម្នះរាល់ទង្វើ សកម្មភាពដែលខ្លួននាងបានជួបប្រទះ ស្ត្រីមានតួនាទីជាច្រើននៅ។

​ក្នុង​រឿង​តាបស​​លួចមាស បានបង្ហាញពីភាពឈ្លាសវៃរបស់បុត្រីស្ដេចដែលចេះជួយដោះ​ស្រាយបញ្ហា​ឱ្យ​ស្ដេច​ផែនដីក្នុងការស្វែងរកយុត្តិធម៌ឱ្យប្រជារាស្ត្រទូទៅ ក៏ដូចជាតាបសទាំង៤ និងបុរស​ម្ចាស់​​មាស។

            ម្យ៉ាងវិញ​ទៀតនៅក្នុង​រឿងកណ្ដុរស​ឡើងធ្វើស្ដេច ​ក៏បានបង្ហាញ​ឱ្យឃើញ​ពីការ​តប​គុណការដឹងគុណរបស់នាងទាំង១២ចំពោះអ្នកដែលបានធ្វើគុណចំពោះនាង ហើយក៏បាន​បង្ហាញ​ពី​ភាពកត្តញ្ញូរបស់កូនស្រី បើទោះបីជា​ម្ដាយឪពុក​បោះបង់ចោល​នាងក៏​ដោយ នាងនៅ​តែ​ស្វែងរក និងព្យាយាមស្វែង​រកគ្រប់មធ្យោបាយ​ដើម្បីរស់នៅ និងដើម្បី​ក្លាយ​ជា​កូនល្អ ភរិយាល្អ និង​ប្រជារាស្ត្រល្អជាដើម។ ម្យ៉ាងវិញទៀត​ស្ត្រីក៏ជា​អ្នកចូលរួមក្នុងការអភិរក្ស​នូវវប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់ ជាស្ត្រីដឹកនាំគ្រួសារ​​ដ៏ពូកែសម្រាប់ស្វាមី និងបុត្រធីតា ស័ក្ដិសម​ជាស្ត្រី​ដែលគួរ​ឱ្យលើកតម្កើង គោរព និងផ្ដល់តម្លៃក្នុងភាពជាអ្នកដឹកនាំ។

សរុបសេចក្ដីមកតាមរយៈការសិក្សាអក្សរសិល្ប៍ប្រជាប្រិយខ្មែរ ជាពិសេសតំណាលកថាប្រជាប្រិយដែលយើងបានដកស្រង់យកមកសិក្សាពិតជាបាន​បង្ហាញ​យ៉ាងច្បាស់ពីលក្ខណៈសម្បត្តិរបស់ស្ត្រីខ្មែរ ដែលជាស្ត្រី​ពោរពេញ​ទៅ​ដោយ​ចំណុច​ជា​វិជ្ជមាន នោះគឺស្ត្រីខ្មែរមានភាពទន់ភ្លន់ តែរឹងមាំ ចេះបត់បែន​ខ្លួនទៅតាម​    កាលៈទេសៈ មាន​ភាព​ឈ្លាសវៃ ប៉ិនប្រសប់គ្រប់កិច្ចការ មានភក្ដីភាព  ជាស្ត្រីក្លាហាន ចេះ​សម្គាល់​លក្ខណៈ​របស់​មនុស្ស​ប្រុស ចេះប្រើវិធីសាស្ត្រ​យករួចខ្លួនចេញ​ផុតពីការបៀត​បៀនរាង​កាយ​ពីពួកចោរ ចេះតស៊ូគ្រប់កាលៈទេសៈដើម្បីទទួលបានជោគជ័យជម្នះរាល់​ឧបសគ្គ ប្រើប្រាស់​បញ្ញាដែល​ខ្លួនមាន​សម្រាប់​​ដោះស្រាយបញ្ហាជីវភាព ប្រើប្រាស់រូបសម្បត្តិរបស់ខ្លួនដើម្បីស្វែងរកសុភមង្គល ស្ត្រីអាច​ក្លាយ​ជាអ្នកដឹកនាំក្រុម ឬបក្សពួកខ្លួនបានល្អ។           (នៅមានត)



[1] ពុទ្ធសាសនបណ្ឌិត ប្រជុំរឿងព្រេងខ្មែរភាគ៤  រឿងមាយើង ទំ.៥៤។

[2] ពុទ្ធសាសនបណ្ឌិត ប្រជុំរឿងព្រេងខ្មែរភាគ៤  រឿងមាយើងទំ.២៦។

[3] ពុទ្ធសាសនបណ្ឌិត ប្រជុំរឿងព្រេងខ្មែរ ភាគ៤  រឿងមាយើង ទំ.២៨។