ដោយ៖ បណ្ឌិត ហែម ឡាច
ប្រធានស្ដីទីនាយកដ្ឋាននីតិសាស្ត្រ
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
រាជបណ្ឌិត្យសភាកម្ពុជា
សេចក្ដីផ្ដើម
ការរៀបចំ និងគ្រប់គ្រងទឹកដី គឺជា ភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំប្រទេសត្រូវផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និងភាពសុខដុមរមនា ជូនប្រជា ពលរដ្ឋ។
ការរៀបចំ និងការគ្រប់គ្រងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិវែងឆ្ងាយនិងលំបាកស្មុគស្មាញដោយហេតុថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវប្រវត្តិសាស្ត្រនៃ សង្គ្រាម និងបដិវត្តន៍ផ្ទៃក្នុងជាច្រើនលើកច្រើនសា ច្រើនតំណមកហើយ។ តាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដូចជា ហ្វូណនភ្នំ ចេនឡា អង្គរ ចតុម្មុខ លង្វែក ឧត្តុង្គ អាណានិគមនិយមបារាំង សង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និង ចុងក្រោយនេះគឺ ព្រះរាជាណាចក្រកម្ពុជា។
ពីសម័យកាលមួយទៅសម័យកាលមួយ របៀបរបបនៃការរៀបចំនិងការគ្រប់គ្រងទឹកដី មានការប្រែប្រួលជានិច្ច ដោយសារតែគោលនយោបាយដឹកនាំ សិទ្ធិអំណាចរបស់អ្នកដឹកនាំ និងសិទ្ធិនៃការរៀបចំ គ្រប់គ្រងទឹកដី។
១-ប្រវត្តិច្បាប់ភូមិបាល
១.១-មុនសម័យអាណានិគមបារាំង
តាមច្បាប់របស់ខ្មែរកាលពីសម័យមុន ព្រះមហាក្សត្រគឺជាម្ចាស់នៃដីទាំងអស់ នៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទោះបីជាសិទ្ធិភោគៈរបស់ប្រជារាស្ត្រនៅលើដីធ្លីត្រូវបានទទួលស្គាល់ និងការពារក៏ដោយ។ ក្នុងអំឡុងពេលនោះ សង្គមខ្មែរត្រូវបានបែងចែកជាវណ្ណៈជាច្រើនផ្សេងៗគ្នា។ ក្រៅពី រាជវង្សានុវង្ស មានវណ្ណៈសង្គមផ្សេងៗទៀត ដូចជា ពួកមន្ត្រី បព្វជិត អ្នកជា និងខ្ញុំ (ខ្ញុំស្ដេចនិងខ្ញុំវត្ត)។ ការបែងចែកវណ្ណៈក្នុងការកាន់កាប់ដីធ្លី យើងមិនអាចសន្និដ្ឋានបានថា បុគ្គលគ្រប់រូបមានសិទ្ធិដូចៗគ្នានោះទេ។ សិទ្ធិកាន់កាប់ដីធ្លីអាចមានចំពោះតែសមាជិកនៃវណ្ណៈមួយចំនួនក្នុងសង្គមតែប៉ុណ្ណោះ។ សម្រាប់ប្រជាជនដែលបានអាស្រ័យផលលើសិទ្ធិលើភោគៈ សិទ្ធិនោះត្រូវបានទទួលស្គាល់នៅពេលដែលដីនោះត្រូវបានរុករាន ធ្វើរបងដើម្បីសង់ផ្ទះឬបង្កបង្កើនផលដោយគ្មានការអាក់ខាន និងមានការដឹងឮជាសាធារណៈ។ ប៉ុន្តែ សិទ្ធិនេះក៏អាចបាត់បង់ដែរនៅពេលដែលដីនោះត្រូវបានបោះបង់ចោលក្នុងរយៈពេល៣ឆ្នាំ។ ក្នុងករណីនេះ សិទ្ធិរបស់អ្នកកាន់កាប់ថ្មីត្រូវបានទទួលស្គាល់ ហើយភោគីដើមមិនមានសិទ្ធិទាមទារដីនោះមកវិញបានទេ។ ច្បាប់ខ្មែរកាលពីសម័យមុនមិនមានការបង់ពន្ធលើដីធ្លីនោះទេ។ ផ្ទុយទៅវិញ ពន្ធក្នុងទម្រង់ជាសួយសារអាករត្រូវបង់ទៅលើភោគផលដំណាំដែលប្រមូលបានក្នុងឆ្នាំនីមួយៗ។ របបពន្ធដារ គេមិនគិតទៅលើដីទេ តែគេគិតទៅលើភោគផលដំណាំ គឺតាមសកម្មភាពបង្កបង្កើនផលកសិកម្ម។ ដូច្នេះ តាមច្បាប់ខ្មែរកាលពីសម័យមុន ប្រជាជនធ្វើសេចក្ដីប្រកាសទៅអាជ្ញាធរជាការចាំបាច់សម្រាប់គោលបំណងនៃការបង់ពន្ធជូនរដ្ឋប៉ុណ្ណោះ គឺមិនមែនធ្វើឡើងក្នុងគោលបំណងសម្រាប់ការទទួលស្គាល់សិទ្ធិភោគៈលើដីនោះទេ។
១.២-សម័យអាណានិគមបារាំង
អនុសញ្ញាឆ្នាំ១៨៨៤ រវាងព្រះរាជាណាចក្រកម្ពុជានិងប្រទេសបារាំង បានផ្ទេរឬប្រគល់អំណាចផ្នែករដ្ឋបាលរបស់រដ្ឋឱ្យទៅ បារាំង។ ក្រមរដ្ឋប្បវេណីមួយត្រូវបានប្រកាសឱ្យប្រើក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ដែលឡើងគ្រងរាជសម្បត្តិក្នុងឆ្នាំ១៩០៤។ បទបញ្ញត្តិទាំងឡាយនៃក្រមរដ្ឋប្បវេណីនេះ ទាក់ទងទៅនឹងសិទ្ធិលើទ្រព្យសម្បត្តិ ដែលភាគច្រើនយកតាមក្រមរដ្ឋប្បវេណីរបស់ បារាំង។ បទបញ្ញត្តិទាំងអស់នេះមានចែងអំពីភាពខុសគ្នារវាងអចលនវត្ថុនិងចលនវត្ថុ និយមន័យនៃកម្មសិទ្ធិនិងសិទ្ធិភោគៈ។ ជាលទ្ធផលនៃការអនុម័តក្រមរដ្ឋប្បវេណីនេះ បានធ្វើឱ្យច្បាប់ខ្មែរមុនៗស្ដីពីទ្រព្យសម្បត្តិ ត្រូវបានកែប្រែយ៉ាងច្រើន។ ឆ្លងតាមការអនុវត្ត ទស្សនៈច្បាប់បស្ចិមប្រទេសនេះ ព្រះមហាក្សត្រលែងមានសិទ្ធិធ្វើជាម្ចាស់លើដីធ្លីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតហើយ។ កម្មសិទ្ធិឯកជនលើដីធ្លី ត្រូវបានទទួលស្គាល់ដោយច្បាប់។ កម្មសិទ្ធិឯកជននេះត្រូវបានកំណត់ថាជាសិទ្ធិអាស្រ័យផលនិងសិទ្ធិលក់ទ្រព្យសម្បត្តិ សិទ្ធិនេះជាសិទ្ធិដាច់ខាតនិងផ្ដាច់មុខ។ ប៉ុន្តែ សិទ្ធិទាំងនេះត្រូវអនុវត្តក្នុងព្រំដែនកំណត់និងលក្ខខណ្ឌច្បាប់។ មាត្រា៧នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ បានទទួលស្គាល់សិទ្ធិដាច់ខាត និងសិទ្ធិផ្ដាច់មុខលើកម្មសិទ្ធិនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មានទស្សនៈ មួយនៃច្បាប់ខ្មែរពីសម័យមុនត្រូវបានរក្សាទុកក្នុងការបង្ហាញអំពីគោលការណ៍ច្បាប់ក្នុងក្រមរដ្ឋប្បវេណីឆ្នាំ១៩២០។ ទស្សនៈនេះមានការពាក់ព័ន្ធទៅនឹងតួនាទីសំខាន់នៃ ភោគៈ ក្នុងការទទួលស្គាល់សិទ្ធិរបស់ភោគីលើដីធ្លី(គេនៅតែទទួលស្គាល់ភោគៈក្រោមក្រមនេះ)។ ដូចបានលើកឡើងខាងលើ ភោគៈ មាននិយមន័យពិសេសមួយរួចទៅហើយអនុលោមតាមច្បាប់ខ្មែរពីសម័យមុន ដែលបានទទួលស្គាល់ភោគៈនៃដី នៅពេលដែលដីនោះត្រូវបានបង្កបង្កើនផល រុករាន ធ្វើរបង។ល។ យើងអាចធ្វើការសន្និដ្ឋានបានថា អត្ថន័យដែលបានកំណត់សម្រាប់ពាក្យ ភោគៈ ក្នុងច្បាប់ខ្មែរពីសម័យមុនត្រូវបានប្រើដើម្បីបកស្រាយបទបញ្ញត្តិនានានៃក្រមរដ្ឋប្បវេណីឆ្នាំ១៩២០។ ការអនុម័តក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ គឺមានគោលបំណងបង្កើតប្រព័ន្ធអភិរក្ស សុរិយោដីមជ្ឈការមួយ។ គោលបំណងនេះគឺដើម្បីបង្កើតប្រព័ន្ធចុះបញ្ជីសុរិយោដីមួយទូទាំងប្រទេស ដែលការចុះបញ្ជីជាលាយលក្ខណ៍អក្សរនឹងក្លាយជាភស្តុតាងនៃសិទ្ធិផ្សេងៗ ដូចជា កម្មសិទ្ធិ ភោគៈ ហ៊ីប៉ូតែក។ ក្នុងក្រមរដ្ឋប្បវេណីឆ្នាំ១៩២០ គោលការណ៍ច្បាស់លាស់នៃកម្មសិទ្ធិលើដីធ្លីត្រូវបានគេបង្កើតឡើង ដោយបានចែងឱ្យមាននូវការបញ្ជាក់ដោយលិខិតនិងការកត់ត្រានៃក្បាលដីជាក់លាក់។ ក្រោមប្រព័ន្ធនេះ បណ្ណកម្មសិទ្ធិត្រូវបានគេចុះបញ្ជីដើម្បីជាប្រយោជន៍ដល់កសិករម្នាក់ៗដើម្បីជាភស្តុតាងនៃកម្មសិទ្ធិរបស់ខ្លួន។ ការបង្ហាញថា អ្នកណាម្នាក់បានដៅព្រំប្រទល់ដីគ្រប់គ្រាន់និងធ្វើការលើឡូដីមួយសម្រាប់កំឡុងពេលដ៏មានសារៈសំខាន់ នឹងចាត់ទុកថាជាភស្តុតាងនៃកម្មសិទ្ធិគ្រប់គ្រាន់។
១.៣-សម័យឯករាជ្យ
ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ប្រទេសកម្ពុជាបានទទួលឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយទទួលបានឯករាជ្យនិងអធិបតេយ្យពេញបរិបូរណ៍ ព្រះរាជាណាចក្រកម្ពុជាមានការផ្លាស់ប្ដូរដ៏សំខាន់នូវនយោបាយផ្ទៃក្នុងប្រទេស ប៉ុន្តែ គំនិត កម្មសិទ្ធិរបស់បរទេសគឺនៅតែមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បទបញ្ញត្តិនៃក្រមរដ្ឋប្បវេណីដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ នៅតែបន្តអនុវត្តក្នុងរយៈពេលនេះ។ នៅចុងឆ្នាំ១៩៥៣ រាជរដ្ឋាភិបាលបានចាត់វិធានការគ្រប់គ្រងឡើងវិញលើកម្លាំងយោធា និង រដ្ឋបាលខ្មែរឥស្សរៈនៅតាមតំបន់នានា។ ចំពោះការគ្រប់គ្រងរដ្ឋបាលដែនដី យើងយកគំរូចាត់តាំងដែនដីតាមបែបប្រទេសបារាំង គឺវិមជ្ឈការនៅថ្នាក់ខេត្តនិងឃុំ និងវិសហមជ្ឈការ ពីថ្នាក់កណ្ដាលទៅថ្នាក់តំបន់។
១.៤-សម័យសាធារណរដ្ឋខ្មែរ
របបសាធារណរដ្ឋខ្មែរ ត្រូវបានប្រកាសឡើងដោយក្រមលេខ៤៤២/៧០ ប.រ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០ បន្ទាប់ពីសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ការចាប់ផ្ដើមនៃរបបសាធារណរដ្ឋ ក៏ជាការចាប់ផ្ដើមនៃសង្គ្រាមធ្ងន់ធ្ងរនៅកម្ពុជា ក៏ដូចជានៅឥណ្ឌូចិនផងដែរ។ ប្រការនេះនាំឱ្យយើងជួបការលំបាកក្នុងការរៀបចំនិងអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងសម័យកាលនេះ កម្មសិទ្ធិទ្រព្យសម្បត្តិឯកជន ត្រូវបានបន្តទទួលស្គាល់ដូចសម័យមុនដែរ(កម្ពុជាសម័យឯករាជ្យ)។
១.៥-សម័យកម្ពុជាប្រជាធិបតេយ្យ
បន្ទាប់ពីមានភាពរង្គោះរង្គើផ្នែកនយោបាយ សង្គមកិច្ច និងសេដ្ឋកិច្ច ក៏ដូចជារបបគ្រប់គ្រងរដ្ឋនាសម័យសាធារណរដ្ឋខ្មែរអស់រយៈពេល៥ឆ្នាំ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលយ៉ាងក្ដៅគគុកនៅដើមឆ្នាំ១៩៧៥។ ដោយសារស្ថានភាពនយោបាយពុំមានស្ថេរភាព វិសមភាពសង្គម ជីវភាពរស់នៅរបស់ប្រជាជនកាន់តែលំបាក និងអំពើពុករលួយក្នុងជួររដ្ឋាភិបាល បានធ្វើឱ្យប្រជាពលរដ្ឋមួយភាគធំនៅតាមតំបន់ជនបទក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តកម្ពុជា ងើបឡើងធ្វើបដិវត្តន៍ប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែរ រហូតទទួលបានជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះទាំងស្រុងរដ្ឋាភិបាលកុម្មុយនីស្តមួយត្រូវបានបង្កើតឡើង ដើម្បីរៀបចំប្រទេសជាតិ និងខឿនសេដ្ឋកិច្ចជាតិឡើងវិញ។
សម័យនេះ របបដីធ្លីបានផ្លាស់ប្ដូរយ៉ាងគំហុកពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ ជាប្រវត្តិសាស្ត្រ កម្ពុជាសម័យនោះ មិនមានច្បាប់ស្ដីពីទ្រព្យសម្បត្តិទេ ហើយឯកសារនានាក៏ត្រូវបានបំផ្លាញចោលអស់ដែរ។ កម្មសិទ្ធិឯកជនលើដីធ្លីត្រូវបានហាមឃាត់។ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យបានដាក់ជាសមូហភាពនូវ មធ្យោបាយផលិតកម្ម សំខាន់ៗទាំងអស់ នៅក្នុងប្រយោគមួយ ហើយនៅក្នុងរដ្ឋធម្មនុញ្ញនោះបញ្ជាក់ថា កម្ពុជាប្រជាធិបតេយ្យអនុវត្តគោលការណ៍សមូហភាពក្នុងភាពជាអ្នកដឹកនាំនិងក្នុង ការងារ។ ក្នុងការពន្យល់អំពីរដ្ឋធម្មនុញ្ញពីរ សប្ដាហ៍មុនការប្រកាសឱ្យប្រើ លោក ខៀវ សំផន បានចុះបញ្ជីនូវវត្ថុដែលត្រូវដាក់ជាសមូហភាព ដូចជា ដីស្រែ ចម្ការផ្លែឈើ ដីកសិដ្ឋាន រោងចក្រ រទេះភ្លើង រថយន្ត កប៉ាល់ និង កាណូត ដោយបន្សល់ទុកត្រឹមតែសម្លៀកបំពាក់ ប្រដាប់ប្រើប្រាស់ផ្ទាល់ខ្លួន (ប៉ុន្តែមិនមែនជាគ្រឿងអលង្ការទេ) និងឧបករណ៍ក្នុងដៃផ្ទាល់ខ្លួន។ ដូច្នេះ ជាធរមាន កម្មសិទ្ធិលើទ្រព្យសម្បត្តិ និងសិទ្ធិកាន់កាប់ដីធ្លី ត្រូវបានគេដកចេញ។ សិទ្ធិដ៏សំខាន់របស់ពលរដ្ឋដែលគេឱ្យនោះគឺ សិទ្ធិធ្វើការងារ។
១.៦-សម័យសាធារណរដ្ឋប្រជា មានិតកម្ពុជានិងរដ្ឋកម្ពុជា
បន្ទាប់ពីទទួលបានជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរបស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជានិងវៀតណាមបានរៀបចំបង្កើតរបបថ្មីមួយនៅទីក្រុងភ្នំពេញដែលមានឈ្មោះថា សាធារណរដ្ឋប្រជាមានិតកម្ពុជា។ នៅក្នុងរបបនេះ គេបានបន្តនូវមាគ៌ានៃ កម្មសិទ្ធិទ្រព្យសម្បត្តិសមូហភាពស្រដៀងគ្នានឹងរបបកម្ពុជាប្រជាធិបតេយ្យដែរ។ គេបានបែងចែកប្រជាពលរដ្ឋជាកម្លាំងការងារសមូហភាព គឺក្រុមសាមគ្គី។ ក្រុមសាមគ្គីនេះមានសមាជិកពី១០ទៅ១៥គ្រួសារ ហើយតាមទ្រឹស្ដី ក្រុមសាមគ្គីត្រូវបានគេធ្វើសមូហភាវូបនីយកម្មយ៉ាងពេញលេញ ជាកងការងារកសិផលដែលធ្វើកសិដ្ឋានរួមគ្នា លើដីធ្លីដែលគេបានលៃទុកដោយឡែកសម្រាប់ពួកគេ។ ស្ទើរតែពេញកំឡុងពេលនៃរបបនេះ(១៩៧៩-១៩៨៩) សិទ្ធិលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនមិនត្រូវបានទទួលស្គាល់ដោយច្បាប់។ ប៉ុន្តែ មានការកែទម្រង់មួយគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ១៩៨៩ មុនការអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មីបន្តិច តាមរយៈការអនុម័តអនុក្រឹត្យលេខ ២៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៨៩ ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើផ្ទះសម្បែងជូនប្រជាជន។ មាត្រា១នៃអនុក្រឹត្យនេះចែងអំពីប្រភេទនៃទ្រព្យសម្បត្តិសមូហភាព។ ចំណែកឯមាត្រា២នៃអនុក្រឹត្យនេះបានធ្វើការកែប្រែយ៉ាងច្រើនដោយចែងថា បណ្ណកម្មសិទ្ធិលើផ្ទះសម្បែងអាចចេញជូនបុគ្គលម្នាក់ៗ ហើយបណ្ណកម្មសិទ្ធិលើផ្ទះសម្បែងនេះអាចធ្វើការផ្ទេរតាម រយៈមរតកសាសន៍ ឬលក់។ ក្រោយមកទៀត តាមរយៈការអនុម័តសេចក្ដីណែនាំលេខ ០៣ សណន ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៩៨៩ ស្ដីពីការអនុវត្តគោលនយោបាយប្រើប្រាស់ និងគ្រប់គ្រងដីធ្លី ក៏បានទទួលស្គាល់សិទ្ធិកម្មសិទ្ធិលើដីលំនៅដ្ឋានផងដែរ។ ប៉ុន្តែ លក្ខណៈវិនិច្ឆ័យ សម្រាប់ការផ្ដល់សិទ្ធិកម្មសិទ្ធិ មិនមានចែងនៅក្នុងសេចក្ដីណែនាំនេះទេ។ ចំពោះដីស្រែ និងដីកសិកម្ម សេចក្ដីណែនាំនេះ បានទទួលស្គាល់ភោគៈនៃជនដែលកាន់កាប់ និងប្រើប្រាស់ដីនោះ។
សិទ្ធិភោគៈត្រូវទទួលស្គាល់ចំពោះដីស្រែ និងដីកសិកម្មដែលមានផ្ទៃដីតិចជាង៥ហិកតា។ រីឯ ដីដាំដំណាំដែលមានផ្ទៃដីធំជាង៥ហិកតា សេចក្ដីណែនាំនេះចែងអំពីការផ្ដល់ឱ្យក្នុងទម្រង់ជាសម្បទានទៅវិញ។
នៅថ្ងៃទី២៩-៣០ មេសា ឆ្នាំ១៩៨៩ សភាជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បើកសម័យប្រជុំពិសេសដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសាធារណរដ្ឋប្រជាមានិត កម្ពុជា ឱ្យក្លាយទៅជា រដ្ឋកម្ពុជា មានទង់ជាតិថ្មី ភ្លេងជាតិថ្មី។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានកម្មសិទ្ធិឯកជន និងមានសេដ្ឋកិច្ចទីផ្សារ លុបចោលពាក្យសង្គមនិយមពីរដ្ឋធម្មនុញ្ញកម្ពុជា ហើយដាក់ជំនួសថា ជាកម្ពុជា អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ។
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩២ រដ្ឋសភាជាតិបានអនុម័តច្បាប់ភូមិបាលថ្មី(ច្បាប់ភូមិបាល ឆ្នាំ១៩៩២)។ និយមន័យនៃពាក្យ កម្មសិទ្ធិ អនុលោមតាមមាត្រា១៩ បានចែងឡើងវិញនូវគោលការណ៍ច្បាប់នៃក្រមរដ្ឋប្បវេណីឆ្នាំ១៩២០។ កម្មសិទ្ធិ មានន័យថា ជាសិទ្ធិអាស្រ័យផល និងសិទ្ធិលក់ ទ្រព្យ សម្បត្តិ។ សិទ្ធិនេះ ជាសិទ្ធិដាច់ខាត និងផ្ដាច់មុខ ប៉ុន្តែ ត្រូវអនុវត្តក្នុងព្រំដែន និងលក្ខខណ្ឌដែលច្បាប់បានកំណត់។ ច្បាប់ភូមិបាលឆ្នាំ១៩៩២នេះ បានស្ដែងឱ្យឃើញពីការកកើតឡើងវិញនូវកម្មសិទ្ធិឯកជន អនុលោមតាមច្បាប់កម្ពុជា។ ច្បាប់នេះ បានបញ្ជាក់ថា មានតែដីលំនៅដ្ឋានមួយគត់ដែលអាចជាកម្មវត្ថុនៃកម្មសិទ្ធិឯកជន និងថា ដីដែលស្ថិតនៅក្នុងតំបន់ទីក្រុង នឹងត្រូវបញ្ញត្តិតាមច្បាប់ដោយឡែក។ ជាទូទៅ ច្បាប់ភូមិបាលឆ្នាំ១៩៩២ បានចែងឡើងវិញនូវគោលការណ៍ច្បាប់នានាដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី មុនៗរបស់កម្ពុជា។ ច្បាប់នេះបានទទួលស្គាល់ការទទួលបានកម្មសិទ្ធិតាមរយៈសន្តតិកម្មមរតកសាសន៍ កិច្ចសន្យាលក់ ប្រទានកម្ម និងតាមរយៈភោគៈ។ ភោគៈត្រូវបានទទួលស្គាល់អនុលោមតាមផ្នែកទី២(មាត្រា៦១-៧៦)នៃច្បាប់ភូមិបាលឆ្នាំ១៩៩២។ ច្បាប់ភូមិបាលឆ្នាំ១៩៩២នេះ អនុញ្ញាតឱ្យមានសិទ្ធិកម្មសិទ្ធិតាមរយៈភោគៈ។ ច្បាប់ភូមិបាលឆ្នាំ១៩៩២នេះ ក៏បានចែងផងដែរថា ដើម្បីក្លាយជាកម្មសិទ្ធិករនៃដី ភោគីត្រូវតែបង្ហាញថា ភោគៈរបស់ខ្លួនគឺបានមកដោយ៖
-សន្តិវិធី
-សុចរិត
-មានការដឹងឮជាសាធារណៈ
-មិនមានការអាក់ខាន
-គ្មានការបន្លំ។
លក្ខខណ្ឌទាំងនេះស្របទៅតាមទស្សនទានស្តង់ដាស្ដីពីភោគៈ ក្នុងប្រទេសដែលអនុវត្តប្រព័ន្ធច្បាប់ស៊ីវិលឡ។ លើសពីនេះទៅទៀត ភោគៈត្រូវតែមានរយៈពេលយ៉ាងហោចណាស់៥ឆ្នាំ។ ទាក់ទងទៅនឹងការទទួលបានកម្មសិទ្ធិតាមរយៈភោគៈនេះទៀតសោត ច្បាប់ភូមិបាលឆ្នាំ១៩៩២ បានចែងនូវលក្ខខណ្ឌតម្រូវពីរផ្សេងទៀតគឺ៖
-ភោគីត្រូវជូនដំណឹងទៅសាលាឃុំ សង្កាត់ ឱ្យបានដឹង
-ភោគីត្រូវបង់ពន្ធជាទៀងទាត់។
១.៧-ព្រះរាជាណាចក្រកម្ពុជា
បន្ទាប់ពីមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ដែលរៀបចំដោយអាជ្ញាធរ បណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា(UNTAC) ២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយត្រូវបានបង្កើតឡើង។ សភាធម្មនុញ្ញថ្មីនេះ មានភារកិច្ចតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយហើយដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ប្រទេសកម្ពុជាបានក្លាយទៅជា ព្រះរាជាណាចក្រ ហើយរាជរដ្ឋាភិបាល ថ្មីមួយត្រូវបានបង្កើតឡើង។ សម្ដេចព្រះនរោត្តម សីហនុ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងឱ្យឡើងគ្រងរាជសម្បត្តិជាព្រះចៅក្រុងកម្ពុជាធិបតី។ មាត្រា៤៤នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣នេះចែងថា ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។មានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជនស្របច្បាប់ឋិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិអំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវឱ្យធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌។ ដូចនេះ យើងឃើញថា រដ្ឋធម្មនុញ្ញថ្មីនេះ បានបញ្ជាក់សាជាថ្មីស្ដីពីសិទ្ធិក្នុងការធ្វើជាម្ចាស់លើដីធ្លី ប៉ុន្តែកំណត់សិទ្ធិនេះចំពោះតែប្រជាជនកម្ពុជាប៉ុណ្ណោះ។ ក្រោយពីការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញថ្មី ការរៀបចំច្បាប់ភូមិបាលថ្មីមួយដើម្បីជំនួសច្បាប់ភូមិបាលឆ្នាំ១៩៩២ ក៏បានចាប់ផ្ដើមឡើង។ ដំណើរការតាក់តែងច្បាប់ថ្មីនេះបានប្រព្រឹត្តទៅអស់រយៈពេលជាច្រើនឆ្នាំ។ បន្ទាប់ពីរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ទ្រង់បានឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ភូមិបាលថ្មីនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១។
២-ការធ្វើចំណាត់ថ្នាក់ដីតាមច្បាប់ភូមិបាលឆ្នាំ២០០១
២.១-ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ
តាមច្បាប់ភូមិបាលឆ្នាំ២០០១(មាត្រា១៥) ត្រូវបានកំណត់ថាជាទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គល សាធារណៈ គឺទ្រព្យសម្បត្តិទាំងឡាយណាដែលមានរៀបរាប់ដូចខាងក្រោម៖
-ទ្រព្យទាំងឡាយដែលបង្ហាញនូវការកកើតឡើងពីធម្មជាតិ ដូចជា ព្រៃឈើ ផ្លូវទឹកដែលនាវាឬក្បួនចេញចូលបាន បណ្ដែតបាន បឹងធម្មជាតិ ច្រាំងទន្លេ ដែលនាវាឬក្បួនចេញចូលបាន បណ្ដែតបាន និងត្រើយសមុទ្រ
-ទ្រព្យទាំងឡាយដែលជាកម្មវត្ថុនៃការរៀបចំពិសេសសម្រាប់ប្រយោជន៍ទូទៅដូចជាតីរឋាន កំពង់ផែ ផ្លូវដែក ស្ថានីយរថភ្លើង និងព្រលានយន្តហោះ
-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើតឬក្រោយពីបានរៀបចំដូចជាផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារនិងឧទ្យានសាធារណៈនិងដីចំណី
-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈដូចជាសាលារៀនឬ អគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ
-ទ្រព្យទាំងឡាយដែលបង្កើតជាដែនបម្រុងធម្មជាតិការពារដោយច្បាប់
-បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌និងប្រវត្តិសាស្ត្រ
-អចលនវត្ថុជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជ វង្សានុវង្ស។ អចលនវត្ថុជាព្រះរាជទ្រព្យត្រូវបានចាត់ចែងដោយព្រះមហាក្សត្រ កំពុងគ្រងរាជ្យ។
ចំពោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែលបានរៀបរាប់ខាងលើនេះ មិនអាចក្លាយជាកម្មវត្ថុនៃការលក់ដូរបានទេ ហើយក៏មិនអាចឋិតនៅក្រោមការកាន់កាប់ដោយ លទ្ធកម្ម (ការបានឡើងជាភោគីឬជាកម្មសិទ្ធិករនៃវត្ថុណាមួយដោយការងាររបស់ខ្លួនក្ដី ដោយទិញក្ដី ដោយដូរក្ដី ដោយសន្តតិកម្មក្ដី)ពិសេសនៃភោគៈដែរ។ ប្រការនេះដើម្បីធានាថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍សាធារណៈប៉ុណ្ណោះ។ ប៉ុន្តែ រដ្ឋមានសិទ្ធិអនុញ្ញាតឱ្យមានការកាន់កាប់ឬប្រើប្រាស់ជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាន។ ទោះបីជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចលក់ដូរបានឬផ្ទេរទៅឱ្យផ្នែកឯកជនបានក៏ដោយ ប៉ុន្តែ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអាចត្រូវបានផ្ទេរទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយការផ្ទេរទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនេះ គេអាចធ្វើការផ្ទេរទ្រព្យសម្បត្តិទាំងនោះទៅឱ្យផ្នែកឯកជនបាន តាមរយៈការលក់ឬសម្បទាន ព្រោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការលក់ ការដូរ ការបែងចែក ឬការផ្ទេរសិទ្ធិតាមការកំណត់របស់ច្បាប់ និងអាចជាកម្មវត្ថុនៃ
សម្បទាន។
២.២-ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ គឺទ្រព្យសម្បត្តិទាំងឡាយណាដែលមិនមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងមិនមែនជាអចលនវត្ថុដែលកាន់កាប់ជាភោគៈស្របច្បាប់ឬជាកម្មសិទ្ធិដោយបុគ្គលឯកជនឬដោយសមូហភាព ស្របតាមច្បាប់ភូមិបាលឆ្នាំ២០០១។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋមានរួមបញ្ចូលដូចជាទ្រព្យនិទាយាទភាពទាំងអស់ ឬទ្រព្យដែលម្ចាស់ប្រគល់ឱ្យរដ្ឋដោយស្មគ្រចិត្ត ឬទ្រព្យដែលមិនអាចកំណត់បាននូវ អត្តសញ្ញាណភោគីឬកម្មសិទ្ធិករស្របច្បាប់។ ដូចបានលើកឡើងខាងលើ ភាពខុសប្លែកគ្នាជាចម្បងរវាងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចជាកម្មវត្ថុនៃការលក់ ចំណែកឯទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុនៃការលក់នោះទេ។ ពោលគឺ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចលក់ទៅឱ្យផ្នែកឯកជន ហើយបុគ្គលឯកជនមានសិទ្ធិកាន់កាប់ទ្រព្យនោះដោយស្របច្បាប់បាន(ដែលនាំទៅដល់ការទទួលបានសិទ្ធិលើកម្មសិទ្ធិ)។ លើសពីនេះទៅទៀត ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចផ្ដល់ជាសម្បទានដែលមានរយៈពេលរហូតដល់ទៅ៩៩ឆ្នាំ ព្រមទាំងអាចផ្ដល់ជាសម្បទានដីក្នុងគោលដៅសង្គមកិច្ច(ដែលការផ្ដល់សម្បទានដីក្នុងគោលដៅសង្គមកិច្ចនេះ ក៏នឹងអាចនាំទៅដល់ការទទួលបានសិទ្ធិលើកម្មសិទ្ធិដែរ) ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ទោះបីជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអាចលក់ទៅឱ្យផ្នែកឯកជនក៏ដោយ ក៏គ្មានការលក់ណាមួយអាចត្រូវបានសម្រេចដោយគ្មានអនុក្រឹត្យ ដែលកំណត់ពីលក្ខខណ្ឌនីតិវិធីនៃការលក់និងការគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនោះដែរ។ចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនេះ ប្រជាពលរដ្ឋដែលបានអនុញ្ញាតឱ្យស្នាក់នៅនិងកាន់កាប់ អាចប្រែក្លាយភោគៈឱ្យទៅជាកម្មសិទ្ធិបាន បន្ទាប់ពីបានកាន់កាប់គ្រប់រយៈពេល៥ឆ្នាំ(ប្រសិនបើការកាន់កាប់នោះចាប់ផ្ដើមមុនថ្ងៃប្រកាសឱ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១)។
២.៣-ទ្រព្យសម្បត្តិឯកជន
ទ្រព្យសម្បត្តិឯកជន សំដៅដល់ដីដែលបានក្លាយទៅជាទ្រព្យសម្បត្តិឯកជនស្របច្បាប់ (មិនមែនជារបស់រដ្ឋ ឬមិនមែនជារបស់សមូហភាព)។ ចំពោះទ្រព្យសម្បត្តិឯកជននេះ មានភាពស្រដៀងគ្នាទៅនឹងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែរ គឺគេអាចធ្វើការលក់ដូរបាន ពីបុគ្គលម្នាក់ទៀត (ប្រសិនបើបុគ្គលនោះមានសញ្ជាតិជាខ្មែរ)។ ប៉ុន្តែ អ្វីដែលខុសគ្នានោះ គឺទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃសម្បទាន និងភោគៈ តែទ្រព្យសម្បត្តិឯកជន មិនអាចក្លាយជាកម្មវត្ថុនៃភោគៈទេ (ដូចគ្នានឹងទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋដែរ ដែលមិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេសនៃភោគៈ)។
២.៤-ទ្រព្យសម្បត្តិសមូហភាព
អនុលោមតាមជំពូកទី៣នៃច្បាប់ភូមិបាលឆ្នាំ២០០១ ទ្រព្យសម្បត្តិសមូហភាពត្រូវបានបែងចែកជាពីរប្រភេទគឺ ទ្រព្យសម្បត្តិរបស់វត្ត និង ទ្រព្យសម្បត្តិរបស់សហគមន៍ជនជាតិដើមភាគតិច។
២.៤.១-ទ្រព្យសម្បត្តិរបស់វត្ត
យោងតាមមាត្រា២០នៃច្បាប់ភូមិបាលឆ្នាំ២០០១ ទ្រព្យសម្បត្តិរបស់វត្តសំដៅដល់ អចលនវត្ថុជាដីនិងជាសំណង់ដែលមាននៅក្នុងនិងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបេតិកភណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ព្រះពុទ្ធសាសនា និងដាក់ឱ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មការវត្ត។ អចលនវត្ថុរបស់វត្តមិនអាចត្រូវបានលក់ដូរឬធ្វើអំណោយ ហើយគ្មានកំណត់អាជ្ញាយុកាលឡើយ។ អចលនវត្ថុរបស់វត្តអាចជួល ឬប្រវាស់បាន តែផលទុនដែលបានមកពីការជួលឬប្រវាស់នេះត្រូវទុកសម្រាប់តែកិច្ចការក្នុងសាសនាប៉ុណ្ណោះ។ កិច្ចការពារទ្រព្យសម្បត្តិទាំងនេះត្រូវធានាដោយតំណាង គណៈកម្មការវត្ត។ នីតិវិធីនៃការជ្រើសរើស គណៈកម្មការនិងតំណាងដើម្បីការពារផលប្រយោជន៍វត្ត ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងធម្មការ និងសាសនា។(មាត្រា២១)
២.៤.២-ទ្រព្យសម្បត្តិរបស់
សហគមន៍ជនជាតិដើមភាគតិច
សហគមន៍ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាដែលសមាជិកទាំងអស់បង្ហាញនូវការឯកភាពនៃជាតិពន្ធុ សង្គម វប្បធម៌និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណីនិងដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាតទំនៀមទម្លាប់នៃការ ប្រើប្រាស់ជាសមូហភាព។
ក្នុងពេលរង់ចាំការកំណត់ខាងផ្លូវច្បាប់នូវលក្ខន្តិកៈរបស់សហគមន៍ ក្រុមដែលមានជាក់ស្ដែងមកទល់បច្ចុប្បន្ននេះនឹងបន្តគ្រប់គ្រងសហគមន៍និងអចលនវត្ថុរបស់ខ្លួនតាមប្រពៃណីហើយត្រូវអនុវត្ត តាមបញ្ញត្តិនៃច្បាប់នេះ(ច្បាប់ភូមិបាលឆ្នាំ២០០១)។
ចាត់ទុកជាសមាជិកនៃសហគមន៍ជនជាតិដើមភាគតិចដែលអាចទទួលគុណប្រយោជន៍ពីការធានាសិទ្ធិនិងការការពារដែលរៀចចំឡើងដោយច្បាប់នេះ (ច្បាប់ភូមិបាលឆ្នាំ២០០១)រាល់បុគ្គលដែលឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យនៃជាតិពន្ធុ អំពី វប្បធម៌និងសង្គមរបស់សហគមន៍ដែលទទួលស្គាល់ដោយមតិភាគច្រើននៃសមាជិកដទៃទៀតនិងដោយព្រមទទួលនូវសាមគ្គីភាពនិងភាពចំណុះដែលនាំឱ្យមានការចូលក្នុង សហគមន៍។
យោងតាមមាត្រា២៥នៃច្បាប់ភូមិបាលឆ្នាំ២០០១ ដីសហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាននិងប្រកបរបរកសិកម្មប្រពៃណី។ ដីសហគមន៍ជនជាតិដើមភាគតិចមិនមែនមានតែដីដែលបានដាំដុះជាក់ស្ដែងនោះទេ ប៉ុន្តែ មានដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផលដែលធ្លាប់ធ្វើកន្លងមក ហើយត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។ ការវាស់វែងនិងការកំណត់ព្រំប្រទល់នៃអចលនវត្ថុរបស់សហគមន៍ទាំងនោះត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្ដែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាងនិងដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី៦នៃច្បាប់ ភូមិបាលនិងអនុក្រឹត្យពាក់ព័ន្ធ។
កម្មសិទ្ធិនៃអចលនវត្ថុដែលបានចែងក្នុងមាត្រា២៥ ត្រូវបានផ្ដល់ដោយរដ្ឋជូន សហគមន៍ជនជាតិដើមភាគតិច ជាកម្មសិទ្ធិសមូហភាព(មាត្រា២៦)។ កម្មសិទ្ធិសមូហភាពរួមមានរាល់សិទ្ធិនិងការការពារកម្មសិទ្ធិដូច កមុ្មសិទ្ធិកម្មសិទ្ធិឯកជនដែរ។ ប៉ុន្តែ សហគមន៍នោះគ្មានសិទ្ធិចាត់ចែងនូវចំណែកណាមួយនៃកម្មសិទ្ធិសមូហភាពដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យទៅបុគ្គលឬក្រុមណាមួយបានឡើយ។
ការអនុវត្តនូវសិទ្ធិជាកម្មសិទ្ធិទាក់ទងទៅនឹងអចលនវត្ថុរបស់សហគមន៍ និងលក្ខខណ្ឌជាក់លាក់នៃការប្រើប្រាស់ដីត្រូវស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ អាជ្ញាធរ ប្រពៃណី និងយន្តការនៃការធ្វើសេចក្ដីសម្រេចរបស់សហគមន៍ អនុលោមតាមទំនៀមទម្លាប់របស់ពួកគេ ហើយត្រូវដាក់ឱ្យនៅក្រោមច្បាប់នៃការអនុវត្តទូទៅទាក់ទងនឹងអចលនវត្ថុដូចជា ច្បាប់ការពារបរិស្ថានជាដើម។
បញ្ញត្តិនៃមាត្រានេះមិនមែនជាឧបសគ្គដល់សកម្មភាពការងាររបស់រដ្ឋដែលជាតម្រូវការនៃផល ប្រយោជន៍ជាតិ ឬតម្រូវការជាបន្ទាន់របស់ជាតិឡើយ។
ដើម្បីសម្រួលការវិវត្តវប្បធម៌ សេដ្ឋកិច្ច និងសង្គមនៃសមាជិកសហគមន៍ជនជាតិដើមភាគតិច និងដើម្បីអនុញ្ញាតឱ្យពួកគេបានចេញដោយសេរីពីសហគមន៍ ឬរួចផុតពីការបង្ខិតបង្ខំសិទ្ធិនៃកម្មសិទ្ធិឯកជន អាចនឹងត្រូវផ្ទេរជាពិសេសឱ្យពួកគេបានលើចំណែកសមស្របមួយនៃដីដែលប្រើដោយសហគមន៍ ប៉ុន្តែចំណែកនៃដីដែលជាកម្មវត្ថុនៃការយកធ្វើជាកម្មសិទ្ធិឯកជននោះ មិនអាចជាដីដែលចូលក្នុងនិយមន័យទូទៅនៃទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋទេ(មាត្រា២៧)។
គ្មានអាជ្ញាធរណាមួយក្រៅពីសហគមន៍ អាចទទួលបានសិទ្ធិលើអចលនវត្ថុរបស់ជនជាតិដើមភាគតិចបានឡើយ(មាត្រា២៨)។
ឯកសារពិគ្រោះ
១-ច្បាប់ភូមិបាល ឆ្នាំ២០០១
២-ឆាត់ ឡេងចាន់ឆាយា៖ នីតិនគរូបនីយកម្ម ឆ្នាំ២០១១
៣-ជួន ណាត៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ឆ្នាំ១៩៦៧
៤-សាយ បូរី៖ នីតិរដ្ឋបាលទូទៅ បោះពុម្ពលើកទី៣ ភ្នំពេញ ២០០២
៥-ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧
៦-អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣
៧-អ៊ុន សកក្កដា៖ នីតិនគរូបនីយវិទ្យា ឆ្នាំ២០២៤-២០២៥