ចិត្តវិទ្យាអប់រំ : ឧបករណ៍បង្រៀនប្រកបដោយប្រសិទ្ធភាព

EDUCATIONAL PSYCHOLOGY: A TOOL FOR EFFECTIVE TEACHING

 

ដោយ៖ បណ្ឌិត សូ សុធីរ

មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ

                                             វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

                    រាជបណ្ឌិត្យសភាកម្ពុជា

សេចក្តីផ្តើម

ចិត្តវិទ្យាអប់រំ គឺជាវិជ្ជារងនៃចិត្តវិទ្យាដែលផ្តោតលើការយល់ដឹងពីរបៀបដែលមនុស្សរៀន និងអភិវឌ្ឍ នៅក្នុងមជ្ឈដានអប់រំ។ វារួមបញ្ចូលគ្នានូវគោលការណ៍នៃការយល់ដឹង អារម្មណ៍ និងចិត្តវិទ្យាសង្គម ដើម្បីស្វែងយល់ពីដំណើរការនៃការរៀនសូត្រ ការលើកទឹកចិត្ត ការចងចាំ និងវិធីសាស្រ្តបង្រៀន។ ដោយពិនិត្យមើលកត្តាដូចជាភាពខុសគ្នាបុគ្គល បរិយាកាសសិក្សា និងយុទ្ធសាស្រ្តបង្រៀន។ ចិត្តវិទ្យាអប់រំ មានគោលបំណងបង្កើនប្រសិទ្ធភាពការអនុវត្តការបង្រៀន និងកែលម្អលទ្ធផលសិក្សាសម្រាប់សិស្សគ្រប់វ័យ។ វាលនេះ ភ្ជាប់ទ្រឹស្តី និងការអនុវត្ត ដោយផ្តល់ឱ្យអ្នកអប់រំនូវការយល់ដឹងផ្អែកលើភស្តុតាង ដើម្បីដោះស្រាយបញ្ហាប្រឈម និងបង្កើតបទពិសោធសិក្សាប្រកបដោយប្រសិទ្ធភាព។ 

I-ការសិក្សាស្រាវជ្រាវចិត្តវិទ្យាអប់រំ

ចិត្តវិទ្យា គឺជាការសិក្សាបែបវិទ្យាសាស្រ្ត អំពីអាកប្បកិរិយា និងលំនាំចិត្ត។

-អាកប្បកិរិយា គឺជាអ្វីៗ ដែលមនុស្សប្រព្រឹត្ដ ហើយគេអាចសង្កេតឃើញដោយផ្ទាល់។

-លំនាំចិត្ដ ជាគំនិត សញ្ចេតនា និងចិត្តចល ករ ដែលមនុស្សម្នាក់ៗ ទទួលបានតាមបទពិ សោធ។

-ក្នុងនាមជាវិទ្យាសាស្រ្ត ចិត្តវិទ្យា ប្រើប្រាស់វិធីជាប្រព័ន្ធ ដើម្បីសង្កេត ពិពណ៌នា ព្យាករ និងពន្យល់អាកប្បកិរិយា។

ចិត្តវិទ្យាអប់រំ គឺជាមុខវិជ្ជារងនៃចិត្តវិទ្យាដែលសិក្សា អំពីការយល់ដឹងច្បាស់ លាស់នៃការបង្រៀន និងការរៀន នៅក្នុងមជ្ឈដ្ឋានអប់រំ។

I-ការសិក្សាស្រាវជ្រាវចិត្តវិទ្យាអប់រំ

ចិត្តវិទ្យា គឺជាការសិក្សាបែបវិទ្យាសាស្រ្ត អំពីអាកប្បកិរិយា និងលំនាំចិត្ត។

-អាកប្បកិរិយា គឺជាអ្វីៗ ដែលមនុស្សប្រព្រឹត្ដ ហើយគេអាចសង្កេតឃើញដោយផ្ទាល់។

-លំនាំចិត្ដ ជាគំនិត សញ្ចេតនា និងចិត្តចល ករ ដែលមនុស្សម្នាក់ៗ ទទួលបានតាមបទពិ សោធ។

-ក្នុងនាមជាវិទ្យាសាស្រ្ត ចិត្តវិទ្យា ប្រើប្រាស់វិធីជាប្រព័ន្ធ ដើម្បីសង្កេត ពិពណ៌នា ព្យាករ និងពន្យល់អាកប្បកិរិយា។

ចិត្តវិទ្យាអប់រំ គឺជាមុខវិជ្ជារងនៃចិត្តវិទ្យាដែលសិក្សា អំពីការយល់ដឹងច្បាស់ លាស់នៃការបង្រៀន និងការរៀន នៅក្នុងមជ្ឈដ្ឋានអប់រំ។

១- សាវតារ

-វីលៀម ហ្ចេមស៍ (១៨៤២-១៩១០, ជនជាតិអាម៉េរិក) ក្រោយពីបាននិពន្ធសៀវភៅសិក្សាចិត្តវិទ្យាដំបូងឈ្មោះ‹‹គោលការណ៍ចិត្តវិទ្យា(១៨៩០)›› ហ្ចេមស៍  បាននិ ពន្ធសំណេរជាបន្ដបន្ទាប់ដែលគេហៅថា "កិច្ចពិភាក្សាគ្រូបង្រៀន"ក្នុងនោះ លោកបានពិភាក្សា អំពីការប្រតិបត្តិរបស់ចិត្តវិទ្យា ដើម្បីអប់រំកុមារ។ ហ្ចេមស៍ បានអះអាងថា ការពិសោធចិត្តវិទ្យា នៅមន្ទីរពិសោធន៍ ជាញឹកញាប់ មិនអាចប្រាប់យើងពីរបៀបប ង្រៀនកុមារឱ្យមានប្រសិទ្ធភាពបានទេ។ លោក បានគូសបញ្ជាក់សារៈសំខាន់នៃការសង្កេតមើលការបង្រៀន និងការរៀនសូត្រ ក្នុងថ្នាក់រៀន ដើម្បីធ្វើឱ្យការអប់រំកាន់តែប្រសើរឡើង។ អនុសាសន៍មួយរបស់គាត់ គឺត្រូវចាប់ផ្តើមមេរៀន នៅចំណុចមួយ ដែលហួសពីកម្រិតចំណេះដឹង និងការយល់ដឹង ដើម្បីពង្រីកគំនិតរបស់កុមារ។

-ហ្ចន ឌូវី (១៨៥៩-១៩៥២) គឺជាចិត្តវិទូសំខាន់ទីពីរក្នុងការបង្កើតវិស័យចិត្តវិទ្យាអប់រំ ដែលបានក្លាយជាកម្លាំងចលករ ក្នុងការប្រតិបត្តិចិត្តវិទ្យាជាក់ស្តែង។ ក្នុងឆ្នាំ១៨៩៤ នៅសកលវិទ្យាល័យឈីកាហ្គោ លោកឌូវី បានបង្កើតមន្ទីរពិសោធន៍ចិត្តវិទ្យាចម្បងដំបូងគេបង្អស់ នៅសហរដ្ឋអាម៉េរិក។ ក្រោយមក គាត់ បានបន្តការងារថ្មីរបស់គាត់ នៅសាកលវិទ្យាល័យកូឡុំប៊ី។ យើង ទទួលបានគំនិតសំខាន់ៗជាច្រើនពីលោកឌូវី។

ទីមួយ យើងទទួលបានទស្សនៈពីគាត់ថា កុមារជាអ្នកសិក្សាសកម្ម។ មុនលោកឌូវី គេជឿថា​ កុមារ​គួរ​អង្គុយ​ស្ងៀម​ នៅ​កន្លែង​អង្គុយ​របស់​ពួកគេ ហើយ​រៀន​ដោយ​អសកម្ម។ ផ្ទុយមកវិញ លោកឌូវី (១៩៣៣) បានអះអាងថា កុមាររៀន បានល្អបំផុត តាមការអនុវត្ត។

 ទីពីរ យើងទទួលបានពីលោកឌូវី នូវគំនិត ដែលថា ការអប់រំ គួរតែផ្តោតលើកុមារទាំងមូល និងសង្កត់ធ្ងន់លើការសម្របខ្លួនរបស់កុមារទៅនឹងបរិស្ថាន។ លោកឌូវី បាន​លើក​ហេតុផល​ថា​ កុមារ​ មិន​គួរ​អប់រំដោយចង្អៀតចង្អល់ នៅក្នុងប្រធានបទសិក្សាទេ។ ប៉ុន្តែ គួររៀនពីរបៀបគិត និងសម្របខ្លួនទៅនឹងពិភពខាងក្រៅសាលា។ ជាពិសេស លោកបានគិតថា កុមារ គួររៀនពីរបៀប ដើម្បីក្លាយជាអ្នកដោះស្រាយបញ្ហា។

ទីបី យើងទទួលបានពីលោកឌូវី នូវជំនឿ ដែលថា កុមារទាំងអស់ សមនឹងទទួលបានការអប់រំ ដែលមានសមត្ថភាព។ ឧត្តមគតិប្រជាធិបតេយ្យនេះ មិនមាននៅនឹងកន្លែងចាប់ផ្តើមដំបូងនៃអាជីពរបស់ឌូវី ចុងសតវត្សទី១៩ នៅពេលដែលការអប់រំប្រកប ដោយគុណភាព ត្រូវបានបម្រុងទុកសម្រាប់កុមារមួយផ្នែកតូច ជាពិសេស ក្មេងប្រុសមកពីគ្រួសារអ្នកមាន។ ឌូវី បានជំរុញឱ្យមានការអប់រំប្រកបដោយសមត្ថភាពសម្រាប់កុមារទាំងអស់ គឺក្មេងស្រី និងក្មេងប្រុស ក៏ដូចជា កុមារ មកពីក្រុមសេដ្ឋកិច្ចសង្គម និងជនជាតិផ្សេងៗគ្នា។

-លោកអ៊ី អិល ស៊នដាយក៍ (១៨៧៤-១៩៤) ផ្តោតលើការវាយតម្លៃ ការវាស់វែង និងការលើកកម្ពស់ការសិក្សាបែបវិទ្យាសាស្ត្រ។ ស៊នដាយក៏ បានអះអាងថា កិច្ចការដ៏សំខាន់បំផុតមួយរបស់សាលា ដើម្បីពង្រឹងជំនាញវិចាររបស់កុមារ ហើយគាត់ពូកែដឹកនាំការសិក្សាបែបវិទ្យាសាស្ត្រលម្អិតអំពីការបង្រៀន និងការរៀន។ ជាពិសេស ស៊នដាយក៍ បានផ្សព្វផ្សាយគំនិតដែលថា ចិត្តវិទ្យាអប់រំ ត្រូវតែមានមូលដ្ឋានវិទ្យាសាស្រ្ត ហើយគួរតែផ្តោតទៅលើការវាស់វែងដ៏រឹងមាំ។

១.១-នានាភាព និងចិត្តវិទ្យាអប់រំដំបូង

ចិត្តវិទូលេចធ្លោបំផុត នៅក្នុងប្រវត្តិចិត្តវិទ្យាអប់រំដំបូង ដូចជានៅក្នុងមុខវិជ្ជាភាគច្រើនបំផុត គឺជនស្បែកស ដូចជា លោកហ្ចេមស៍ ឌូវី និងស៊នដាយក៍។ មុន​នឹង​មាន​ការ​កែប្រែ​ច្បាប់​សិទ្ធិពលរដ្ឋ និងគោលនយោបាយ នៅក្នុងទសវត្សឆ្នាំ១៩៦០ មានតែបុគ្គលមួយចំនួនតូច មិនមែនជាជនជាតិស្បែកសប៉ុណ្ណោះ ដែលទទួលបានសញ្ញាបត្រចាំបាច់ និងបានទម្លុះរបាំងការមិនបានរាប់បញ្ចូលជាតិសាសន៍ ដើម្បីទទួលយកការស្រាវជ្រាវជាក់ស្តែង។

ចិត្តវិទូស្បែកខ្មៅ ឈានមុខដំបូងគេពីរនាក់គឺលោកស្រីម៉ាមី និងលោកខេណិត ក្លាក បានធ្វើការស្រាវជ្រាវលើស្វ័យបញ្ញត្តិ និងអត្តសញ្ញាណរបស់កុមារស្បែកខ្មៅ។ ឆ្នាំ១៩៧១ លោកខេណិត ក្លាក បានក្លាយជាប្រធានសមាគមចិត្តវិទ្យាអាម៉េរិកដំបូងគេ។ នៅឆ្នាំ១៩៣២ ចិត្តវិទូជនជាតិអាម៉េរិកឡាទីនលោកហ្ជច សែនឈែស បានធ្វើការស្រាវជ្រាវ ដែលបង្ហាញថា តេស្តបញ្ញា មានភាពលំអៀងខាងវប្បធម៌ប្រឆាំងនឹងកុមារជនជាតិភាគតិច។

ដូចជាជនជាតិភាគតិចផ្សេងៗដែរ ស្ត្រីក៏ប្រឈមមុខនឹងរនាំងការអប់រំខ្ពស់ផងដែរ។ ដូច្នេះហើយ មានអ្នករួមចំណែកលេចធ្លោជាបណ្តើរៗក្នុងការស្រាវជ្រាវផ្លូវចិត្ត។ ជាញឹកញាប់ គេមើលរំលងក្នុងប្រវត្តិសាស្រ្តនៃចិត្តវិទ្យាអប់រំគឺ លោកស្រីឡេតា ហូលិងវ៉ឺស។ គាត់ គឺជាបុគ្គលដំបូងគេដែលប្រើពាក្យ​ ដែល​មាន​អំណោយ​ទាន ​ដើម្បី​ពណ៌នា​កុមារ ​ដែល​បាន​ទទួល​បាន​ពិន្ទុខ្ពស់យ៉ាង​ពិសេសលើការធ្វើ    តេស្តបញ្ញា។

១.២- គោលវិធីអាកប្បកិរិយានិយម

គោលវិធីរបស់ ស៊នដាយក៍ ដើម្បីសិក្សាអំពីចិត្តវិទ្យាអប់រំ នៅពាក់កណ្តាលទីមួយនៃសតវត្សទី២០។ នៅក្នុងចិត្តវិទ្យាអាម៉េរិក ទស្សនៈរបស់ស្គីន័រ ដែលបានបង្កើតឡើងតាមគំនិតស៊នដាយក៍ ដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តវិទ្យាអប់រំ នៅពាក់កណ្តាលសតវត្ស។ គោលវិធីអាកប្បកិរិយានិយមរបស់លោកស្គីន័រ ពាក់ព័ន្ធការប៉ុនប៉ងកំណត់យ៉ាងជាក់លាក់នូវលក្ខខណ្ឌល្អបំផុតសម្រាប់ការរៀន។

លោកស្គីន័រ បានអះអាងថា លំនាំចិត្ត ដែលស្នើឡើងដោយចិត្តវិទូដូចជាលោកហ្ចេមស៍ និងលោកឌូវី មិនអាចសង្កេតបានទេ។ ដូច្នេះហើយ មិនអាចជាប្រធានបទសមរម្យ សម្រាប់ការសិក្សាបែបវិទ្យាសាស្ត្រនៃចិត្តវិទ្យា ដែលគាត់បានកំណត់ថាជាវិទ្យាសាស្ត្រនៃអាកប្បកិរិយាដែលអាចសង្កេតបាន និងលក្ខខណ្ឌនៃការគ្រប់គ្រងរបស់វា។ ក្នុងទសវត្សឆ្នាំ១៩៥៤ លោកស្គីន័រ បានបង្កើតគោលគំនិតនៃការរៀនតាមកម្មវិធី ដែលពាក់ព័ន្ធនឹងការពង្រឹងសិស្សបន្ទាប់ពីជំហានស៊េរីនីមួយៗរហូតដល់សិស្សឈានដល់គោលដៅសិក្សា។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងខាងបច្ចេកវិទ្យាដំបូង គាត់បានបង្កើតម៉ាស៊ីនបង្រៀន ដើម្បីបម្រើឱ្យគ្រូបង្រៀន និងពង្រឹងចម្លើយសិស្សឱ្យត្រឹមត្រូវ។

១.២- បដិវត្តន៍ពុទ្ធិ

គោលបំណងដែលបានចែងនៅក្នុងការសិក្សាតាមគោលវិធីអាកប្បកិរិយា មិនបានកំណត់គោលដៅ និងតម្រូវការជាក់ ស្តែងជាច្រើនរបស់គ្រូបង្រៀនក្នុងថ្នាក់ទេ។ នៅក្នុងប្រតិកម្ម នៅដើមទសវត្សឆ្នាំ១៩៥០ បិនហ្ចាមីន ប្លូម បានបង្កើតចំណាត់ថ្នាក់វិទ្យានៃបំណិនពុទ្ធិ ដែលរួមមានការចងចាំ ការយល់ដឹង ការសំយោគ និងការវាយតម្លៃ ដែលគាត់បានស្នើឱ្យគ្រូគួរតែជួយសិស្សឱ្យអភិវឌ្ឍ។ បដិវត្តន៍ពុទ្ធិក្នុងចិត្តវិទ្យា បានចាប់ផ្តើមកើតឡើង នៅទសវត្សឆ្នាំ១៩៨០ ហើយបានឈានចូលដល់យុគសម័យនៃភាពសា ទរក្នុងការអនុវត្តគោលគំនិតនៃចិត្តវិទ្យានៃការយល់ដឹង៖ លំនឹក ការគិត វិចារ។ល។ ដើម្បីជួយសិស្សឱ្យរៀន។

ដូច្នេះហើយ នៅចុងសតវត្សទី២០ ចិត្តវិទូអប់រំជាច្រើន បានសង្កត់ធ្ងន់លើទិដ្ឋភាពពុទ្ធិនៃការរៀនសូត្រ ដែលបានគាំទ្រដោយ លោកហ្ចេមស៍ និងលោកឌូវី នៅដើមសតវត្ស។ ទាំងគោលវិធីពុទ្ធិ និងអាកប្បកិរិយា ជាពិសេសគោលវិធីពុទ្ធិ បន្តជាផ្នែកមួយនៃចិត្តវិទ្យាអប់រំថ្ងៃនេះ។ យើង នឹងត្រូវនិយាយថែមទៀត អំពីគោលវិធីទាំងនេះ នៅពេលក្រោយនៅក្នុងអត្ថបទនេះ។ ថ្មីៗនេះថែមទៀត ចិត្តវិទូអប់រំ បានផ្តោតកាន់តែខ្លាំងលើទិដ្ឋភាពចិត្តរំភើបសង្គមនៃជីវិតរបស់សិស្ស។ ឧទាហរណ៍ពួកគេកំពុងវិភាគលើសាលារៀនថាជាបរិបទសង្គម និងការពិនិត្យមើលតួនាទីនៃវប្បធម៌ក្នុងការអប់រំ។

២- ការបង្រៀន៖ សិល្បៈ និងវិទ្យាសាស្ត្រ

តើ​គ្រូ​ ​អាច​បង្រៀន​តាម​បែប​វិទ្យាសាស្ត្រយ៉ាងដូចម្តេច​ខ្លះ? ទាំងបំណិនវិទ្យាសាស្ត្រ និងសិល្បៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់គ្រូបង្រៀន។ ចិត្តវិទ្យាអប់រំ ទាញចំណេះដឹងជាច្រើន ចេញពីទ្រឹស្តីទូលំទូលាយ និងការស្រាវជ្រាវផ្នែកចិត្តវិទ្យា។ ឧ.ទ្រឹស្តីរបស់លោកហ្សង់ ផ្ចាហ្សេ និងលោកវីហ្កូតស្គី មិនត្រូវបានបង្កើតឡើងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីឱ្យគ្រូអំពីវិធីអប់រំកុមារទេ។ វិស័យ នេះ ក៏ទាញចេញពីទ្រឹស្ដី និងការស្រាវជ្រាវ ដែលបង្កើត និងធ្វើឡើងដោយផ្ទាល់ដោយចិត្តវិទូអប់រំ និងពីបទពិសោធជាក់ស្តែងរបស់គ្រូ។ ឧទាហរណ៍ អ្នក នឹងអានអំពីការស្រាវជ្រាវក្នុងថ្នាក់រៀនរបស់ ដេល ហ្សាំង (២០១៦) ស្រាវជ្រាវ​លើស្វ័យប្រសិទ្ធភាព ដែលមានជំនឿថាមនុស្សម្នាក់អាចធ្វើជាម្ចាស់ស្ថានភាព និងបង្កើតលទ្ធផលជាវិជ្ជមាន។ ចិត្តវិទូអប់រំ ក៏ទទួលស្គាល់ថាការបង្រៀនពេលខ្លះ ត្រូវតែឃ្លាតចាកពីរូបមន្តវិទ្យាសាស្រ្ត តម្រូវឱ្យការច្នៃប្រឌិត និងសយម្ភូ។

ក្នុងនាមជាមុខវិជ្ជាវិទ្យាសាស្រ្ត ចិត្តវិទ្យាអប់រំ មានគោលបំណង ដើម្បីផ្តល់ឱ្យអ្នកនូវចំណេះដឹងស្រាវជ្រាវដែលអ្នកអាចអនុវត្តបានយ៉ាងមានប្រសិទ្ធភាព ចំពោះស្ថានភាពបង្រៀននិងជាមួយនឹងជំនាញស្រាវជ្រាវ ដែលនឹងបង្កើនការយល់ដឹងរបស់អ្នកអំពីកត្តា ដែលមានឥទ្ធិពលលើការរៀនសូត្ររបស់សិស្ស។ ប៉ុន្តែ ការបង្រៀនរបស់អ្នកនឹងនៅតែជាសិល្បៈ។ បន្ថែមពីលើអ្វីដែលអ្នកអាចរៀនបាន ពីការស្រាវជ្រាវ អ្នកក៏នឹងបន្តធ្វើឱ្យមានការវិនិច្ឆ័យសំខាន់នៅក្នុងថ្នាក់ដោយផ្អែកលើជំនាញផ្ទាល់ខ្លួនរបស់អ្នក និងបទពិសោធក៏ដូចជាប្រាជ្ញាដែលបានចែករំលែកជាមួយអ្នកដោយគ្រូផ្សេងទៀត។

II- ការបង្រៀនប្រកបដោយប្រសិទ្ធភាព

១- ចំណេះដឹង និងបំណិនវិជ្ជាជីវៈ

គ្រូប្រកបដោយប្រសិទ្ធភាព មានតម្រូវការល្អលើមុខវិជ្ជារបស់ពួកគេ និងស្នូលដ៏រឹងមាំនៃជំនាញបង្រៀន។ ពួកគេមានល្បិចបង្រៀនដ៏ល្អ ដែលគាំទ្រដោយវិធីនៃការកំណត់គោលដៅ ការរៀបចំផែនការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន។ ពួកគេដឹងពីរបៀបលើកទឹកចិត្ត ទំនាក់ទំនង និងធ្វើការប្រកបដោយប្រសិទ្ធភាពជាមួយសិស្សដែលមានកម្រិតជំនាញផ្សេងៗគ្នា និងមកពីមូលដ្ឋានវប្បធម៌ចម្រុះ។ គ្រូបង្រៀនដែលមានប្រសិទ្ធភាពក៏យល់ពីរបៀបប្រើប្រាស់កម្រិតសមស្របនៃបច្ចេកវិទ្យា នៅក្នុងថ្នាក់រៀនផងដែរ។

១.១- សមត្ថភាពក្នុងវត្ថុបំណងមុខវិជ្ជា (Subject-Matter Competence)

នៅក្នុងបញ្ជីបំណងប្រាថ្នារបស់ពួកគេអំពីលក្ខណៈពិសេសរបស់គ្រូបង្រៀន សិស្សសាលាមធ្យមសិក្សា បានលើកឡើងកាន់តែខ្លាំងឡើងអំពី "ចំណេះដឹងគ្រូអំពីមុខវិជ្ជារបស់ពួកគេ"។ ដោយមានការយល់ដឹងប្រកបដោយការគិត ភាពបត់បែន និងការយល់ដឹង អំពីវត្ថុបំណងមុខវិជ្ជាគឺមិនអាចខ្វះបានសម្រាប់ធ្វើជាគ្រូបង្រៀនដ៏មានប្រសិទ្ធភាព។ ជា​ការ​ពិត​ណាស់ ចំណេះ​ដឹង​អំពី​កម្មវត្ថុមុខវិជ្ជា ​រួម​មាន​ច្រើន​ជាង​ការពិត លក្ខខណ្ឌ និងគំនិតទូទៅ។ វាក៏រួមបញ្ចូលផងដែរនូវចំណេះដឹងអំពីការរៀបចំគំនិត ទំនាក់ទំនងក្នុងចំណោមគំនិត វិធីនៃការគិត និងការជជែកវែកញែក គំរូនៃការផ្លាស់ប្តូរនៅក្នុងមុខវិជ្ជាមួយ ជំនឿអំពីមុខវិជ្ជាមួយ និងសមត្ថភាពក្នុងការបញ្ជូនគំនិតពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយទៀត។ ច្បាស់ណាស់ ការយល់ដឹងស៊ីជម្រៅអំពីកម្មវត្ថុមុខវិជ្ជា គឺជាទិដ្ឋភាពសំខាន់នៃគ្រូបង្រៀនដែលមានសមត្ថភាព។

១.២- ល្បិចបង្រៀន

តាមន័យទូលាយ គោលវិធីសំខាន់ពីរ កំណត់លក្ខណៈរបៀបគ្រូបង្រៀន៖ ស្ថាបនានិយមនិងការបង្រៀនតាមប្រពៃណី។ គោលវិធីស្ថាបនានិយម នៅចន្លោះកណ្តាលនៃទស្សនវិជ្ជាអប់រំរបស់លោកហ្ជេម និងលោកឌូវី។ គោលវិធីបង្រៀនតាមប្រពៃណី មានភាពសាមញ្ញជាងទស្សនៈរបស់លោកស៊នដាយក៍។

ក-គោលវិធីស្ថាបនានិយម គឺជាគោលវិធីសិស្សមជ្ឈមណ្ឌល ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃបុគ្គលដែលបង្កើតចំណេះដឹង និងការយល់ដឹងរបស់ពួកគេយ៉ាងសកម្មដោយមានការណែនាំពីគ្រូ។ ក្នុងទស្សនៈស្ថាបនានិយម គ្រូមិនគួរព្យា យាមផ្ទេរព័ត៌មានទៅក្នុងគំនិតរបស់កុមារទេ។ ផ្ទុយទៅវិញ កុមារគួរត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​ស្វែង​រក​ពិភព​លោក​របស់​ពួក​គេ ស្វែង​រក​ចំណេះ​ដឹង ឆ្លុះ​បញ្ចាំង និង​គិត​រិះគន់​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ការ​ណែនាំ​ដ៏​មាន​ន័យ​ពី​គ្រូ។ ពួកស្ថាបនានិយម អះអាងថា ជាយូរមកហើយ កុមារត្រូវអង្គុយស្ងៀម អ្នករៀនអកម្ម ហើយទន្ទេញចាំមាត់នូវព័ត៌មាន ដែលពាក់ព័ន្ធ និងមិនពាក់ព័ន្ធ។

សព្វថ្ងៃនេះ ស្ថាបនានិយម អាចរួមបញ្ចូលការសង្កត់ធ្ងន់លើកិច្ចសហការ គឺការសិក្សាបែបសហការរបស់កុមារ នៅក្នុងការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីចេះ និងយល់។ គ្រូបង្រៀនដែលមានទស្សនវិជ្ជាបង្រៀនបែបស្ថាបនានិយម នឹងមិនឱ្យកុមារទន្ទេញ​ព័ត៌មាន​ទេ ប៉ុន្តែ​នឹង​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បង្កើតចំណេះដឹងប្រកបដោយអត្ថន័យ និងស្វែងយល់អំពីខ្លឹមសារ ខណៈពេលដែលដឹកនាំការសិក្សារបស់ពួកគេ។

ខ- គោលវិធីបង្រៀនផ្ទាល់ ឬតាមប្រពៃណី គឺជាគោលវិធីគ្រូមជ្ឈមណ្ឌល កំណត់លក្ខណៈដោយការណែនាំ និងការគ្រប់គ្រងរបស់គ្រូ ការរំពឹងទុកខ្ពស់របស់គ្រូ សម្រាប់ការរីកចម្រើនរបស់សិស្ស ប្រើពេលវេលាអតិបរមាដែលសិស្សចំណាយលើកិច្ចការសិក្សា និងការខិតខំប្រឹងប្រែងដោយគ្រូ ដើម្បីរក្សាផលប៉ះពាល់អវិជ្ជមានដល់អប្បបរមា។ គោលដៅសំខាន់មួយនៅក្នុងវិធីសាស្រ្តបង្រៀនដោយផ្ទាល់ គឺការបង្កើនពេលវេលាសិក្សារបស់សិស្ស។

អ្នក​ជំនាញ​ផ្នែក​ចិត្តវិទ្យា​អប់រំ​មួយ​ចំនួន ​សង្កត់​ធ្ងន់​ថា គ្រូដែលមានប្រសិទ្ធភាពជាច្រើន ប្រើទាំងគោលវិធីបង្រៀនស្ថាបនានិយម និងប្រពៃណី ជាជាងការពឹងផ្អែកទាំងស្រុងលើគោលវិធីមួយឬផ្សេងទៀត។ បន្ថែមទៀត កាលៈទេសៈខ្លះ អាចអំពាវនាវឱ្យមានគោលវិធីស្ថាបនានិយម ពេលខ្លះទៀត សម្រាប់គោលវិធីបែបប្រពៃណី។ ឧទាហរណ៍ អ្នកជំនាញណែនាំ​ឱ្យ​មាន​ការ​ចូល​រួម​ប្រកប​ដោយ​បញ្ញា​យ៉ាង​ច្បាស់​លាស់ បង្រៀនតាមគោលវិធីបែបប្រពៃណី នៅពេលបង្រៀនសិស្សដែលមានពិការភាព នៅក្នុងការអាន ឬការសរសេរ។ មិនថា អ្នកបង្រៀតាមគោលវិធីស្ថាបនានិយម ឬបែបប្រពៃណី អ្នកអាចក្លាយជាគ្រូបង្រៀនប្រកប ដោយប្រសិទ្ធភាព។

គ- បំណិនការគិត

គ្រូដែលមានប្រសិទ្ធភាព ធ្វើជាគំរូ និងធ្វើទំនាក់ទំនងបំណិនការគិតបានល្អ។ នៅក្នុងចំណោមបំណិនគិតដ៏សំខាន់បំផុតសម្រាប់គ្រូបង្រៀនក្នុងការចូលរួម និងណែនាំសិស្សរបស់ពួកគេក្នុងការអភិវឌ្ឍ គឺជាបំណិនការគិតបែបវិចារ ដែលពាក់ព័ន្ធនឹងការគិតឆ្លុះបញ្ចាំង និងផលិតភាព និងការវាយតម្លៃភស្តុតាង។ ការធ្វើឱ្យសិស្សគិតបែបវិចារ គឺមិនងាយស្រួល។ សិស្សជាច្រើន បង្កើតទម្លាប់សិក្សាខ្លឹមសារដោយអកម្ម និងការទន្ទេញចាំមាត់ ជាជាងការគិតយ៉ាងស៊ីជម្រៅ និងឆ្លុះបញ្ចាំង។ ការ​គិត​បែបវិចារ ​ក៏​មាន​ន័យ​ថា​បើក​​ទូលាយចិត្ត​ដែរ និងចង់ដឹងចង់ឃើញ ប៉ុន្តែ ការប្រុងប្រយ័ត្ន ដើម្បីជៀសវាងការធ្វើឱ្យមានកំហុសក្នុងការបកស្រាយអ្វីមួយ។

ឃ- ការកំណត់គោលដៅ និងការរៀបចំផែនបង្រៀន

មិនថាពួកគេយកគោលវិធីស្ថាបនានិយម ឬប្រពៃណីច្រើនទេ គ្រូដែលមានប្រសិទ្ធភាពមិនគ្រាន់តែផ្នែកមួយ នៅក្នុងថ្នាក់រៀននោះទេ។ ពួកគេ កំណត់គោលដៅខ្ពស់សម្រាប់ការបង្រៀនរបស់ពួកគេ និងរៀបចំផែនការ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ។ ពួកគេក៏បង្កើតលក្ខណៈវិនិច្ឆ័យជាក់លាក់សម្រាប់ភាពជោគជ័យផងដែរ។ ពួកគេចំ ណាយពេលយ៉ាងច្រើនក្នុងការរៀបចំផែនការបង្រៀន រៀបចំមេរៀនរបស់ពួកគេ ដើម្បីបង្កើនការរៀនសូត្ររបស់សិស្ស។ ដូចដែលពួកគេគ្រោងទុក គ្រូបង្រៀនដែលមានប្រសិទ្ធភាពឆ្លុះបញ្ចាំង និងគិតអំពីរបៀបពួកគេអាចធ្វើឱ្យការរៀនទាំងលំបាក និងគួរឱ្យចាប់អារម្មណ៍។ ផែន ការល្អ ទាមទារការពិចារណាលើប្រភេទនៃព័ត៌មាន ការបង្ហាញឬបកស្រាយ គំរូ ឱកាសនៃការអង្កេត ការពិភាក្សា និងការអនុវត្ត សិស្ស ត្រូវការពេលវេលាដើម្បីស្វែងយល់ពីគោលគំនិតជាក់លាក់ និងអភិវឌ្ឍជំនាញជាក់លាក់។ ទោះ បីជាការស្រាវជ្រាវបានរកឃើញថាទាំងអស់នេះ លក្ខណៈពិសេសអាចគាំទ្រដល់ការរៀនសូត្រ ដំណើរការនៃការរចនាការបង្រៀនតម្រូវឱ្យអ្នកបង្រៀនស្វែងយល់ថាតើអ្វីដែលសិស្សគួរធ្វើនៅពេលណា លំដាប់ណា និងរបៀបណា។

ង-ការអនុវត្តការបង្រៀនដែលសមស្របតាមការអភិវឌ្ឍវ័យ

គ្រូដែលមានសមត្ថភាព យល់ដឹងល្អ អំពីការអភិវឌ្ឍរបស់កុមារ និងដឹងពីរបៀបបង្កើតសម្ភារៈឧបទេស ដែលសមរម្យស ម្រាប់កម្រិតអភិវឌ្ឍរបស់ពួកគេ។ សាលារៀននៅសហរដ្ឋអាម៉េរិកត្រូវបានរៀបចំតាមថ្នាក់ និងកម្រិតខ្លះ តាមអាយុ ប៉ុន្តែទាំងនេះ មិនមែនតែងតែជាការព្យាករដ៏ល្អនៃការអភិវឌ្ឍរបស់កុមារនោះទេ។

នៅកម្រិតថ្នាក់ណាមួយ ជាធម្មតា នៅអាយុ២ ឬ៣ឆ្នាំ សិស្សមានបំណិន សមត្ថភាពនិងដំណាក់ កាលអភិវឌ្ឍ។ ការយល់ដឹងអំពីមាគ៌ាអភិវឌ្ឍ និងការរីកចម្រើន មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការប ង្រៀន តាមវិធីនានា ដែលល្អបំផុតសម្រាប់កូនម្នាក់ៗ។

តាមរយៈអត្ថបទនេះ យើងសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់ ចំពោះទិដ្ឋភាពនៃការអភិវឌ្ឍនៃការអប់រំកុមារ និងផ្តល់នូវឧទាហរណ៍នៃការបង្រៀន និងការរៀនសូត្រ ដែលគិតគូរដល់កម្រិតអភិវឌ្ឍកុមារ។

ច- បំណិនគ្រប់គ្រងថ្នាក់រៀន

ទិដ្ឋភាពសំខាន់មួយនៃការធ្វើជាគ្រូបង្រៀនដ៏មានប្រសិទ្ធភាព កំពុងរក្សាថ្នាក់ទាំងមូលឱ្យធ្វើការរួមគ្នា និងតម្រង់ឆ្ពោះទៅរកកិច្ចការក្នុងថ្នាក់។ គ្រូបង្រៀនដែលមានប្រសិទ្ធភាពបង្កើត និងរក្សាបរិ យាកាសដែលការសិក្សាអាចកើតឡើង។ ដើម្បីបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរនេះ គ្រូបង្រៀនត្រូវការយុទ្ធសាស្ត្រឡើងវិញសម្រាប់ការបង្កើតច្បាប់ និងនីតិវិធីរៀបចំក្រុម ការត្រួតពិនិត្យ និងកំណត់សកម្មភាពក្នុងថ្នាក់រៀន និងការគ្រប់គ្រងអាកប្បកិរិយាមិនត្រឹមត្រូវ។

ឆ- បំណិនចិត្តចលករ

 គ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព មានយុទ្ធសាស្ត្រល្អក្នុងការជួយសិស្សក្លាយជាការលើកទឹកចិត្តខ្លួនឯង និងទទួលខុសត្រូវ ចំពោះការរៀនសូត្ររបស់ពួកគេ។ ចិត្តវិទ្យាអប់រំ សង្កត់ធ្ងន់ថា រឿងនេះ ត្រូវសម្រេចបានល្អបំផុតដោយការផ្តល់ឱកាសរៀនសូត្រក្នុងពិភពពិតនៃការលំបាកបំផុត និងភាពថ្មីថ្មោងសម្រាប់សិស្សម្នាក់ៗ។ សិស្សត្រូវបានលើកទឹកចិត្តនៅពេលដែលពួកគេអាចធ្វើការជ្រើសរើសស្របតាមផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ គ្រូដែលមានប្រសិទ្ធភាពផ្តល់ឱកាសឱ្យពួកគេគិតប្រ កបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅអំពីគម្រោង។

បន្ថែមពីលើការណែនាំសិស្សឱ្យក្លាយជាអ្នកសិក្សាដែលលើកទឹកចិត្តខ្លួនឯង វាចាំបាច់ណាស់ ដើម្បីបង្កើតការរំពឹងទុកខ្ពស់សម្រាប់សមិទ្ធផលរបស់សិស្ស។ ការរំពឹងទុកខ្ពស់ ចំពោះសមិទ្ធផលកុមារ ត្រូវតែចេញមកពីគ្រូ និងឪពុកម្តាយ។ ជាញឹកញាប់ណាស់ កុមារត្រូវបានផ្តល់រង្វាន់សម្រាប់សមត្ថភាពអន់ខ្សោយ ឬមធ្យម និងជាលទ្ធផល ពួកគេមិនអាចសម្រេចបានសក្តានុពលពេញលេញរបស់ពួកគេ។ នៅពេលដែលការរំពឹងទុកខ្ពស់ត្រូវបានបង្កើតឡើង ទិដ្ឋភាពសំខាន់នៃការអប់រំ គឺផ្តល់ដល់កុមារ ជាពិសេសកុមារដែលសម្រេចបានស្នាដៃកម្រិតទាប គឺការបង្រៀន និងការគាំទ្រប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតាមការរំពឹងទុកទាំងនេះ។

ជ- បំណិនទំនាក់ទំនង

ជំនាញនិយាយ ការស្តាប់ មិនអាចខ្វះបានក្នុងការបង្រៀនដែរ។ ការយកឈ្នះលើឧបសគ្គចំពោះការប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្តី ការសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាដោយពាក្យសម្តីរបស់សិស្ស និងការដោះស្រាយជម្លោះដោយស្ថាបនា។ ជំនាញទំនាក់ទំនង មានសារៈសំខាន់ មិនត្រឹមតែក្នុងការបង្រៀនប៉ុណ្ណោះទេ ថែមទាំងក្នុងការសម្ដែងអន្តរកម្មជាមួយឪពុកម្តាយផងដែរ។ គ្រូដែលមានប្រសិទ្ធភាព ប្រើជំនាញទំនាក់ទំនងល្អ នៅពេលពួកគេនិយាយជាមួយសិស្ស ឪពុកម្តាយ អ្នកគ្រប់គ្រង និងអ្នកដទៃ។  រក្សាការរិះគន់ ត្រូវធ្វើនៅអប្បបរមា ហើយ​មាន​រចនាបថ​តាម​ការ​អះអាង​ជាជាង​ឈ្លានពាន ឧបាយកល ឬ​ទំនាក់ទំនង​អកម្ម។ គ្រូបង្រៀនដែលមានប្រសិទ្ធភាព ធ្វើការដើម្បីកែលម្អជំនាញទំនាក់ទំនងរបស់សិស្សផងដែរ។  រឿងនេះមានសារៈសំខាន់ជាពិសេស ដោយសារជំនាញទំនាក់ទំនងត្រូវបានវាយតម្លៃថាជាជំនាញ ដែលនិយោជកសព្វថ្ងៃស្វែងរកច្រើនបំផុត។

ឈ- ការយកចិត្តទុកដាក់ដល់ភាពខុសគ្នារបស់បុគ្គល

ស្ទើរតែគ្រប់គ្រូបង្រៀន ដឹងថា វាជារឿងសំខាន់ ដើម្បីយល់ដឹងភាពផ្សេងៗគ្នា ក្នុងពេលបង្រៀន តែរឿងនេះ មិនមែនជារឿងងាយស្រួលទេ។ សិស្សរបស់អ្នក នឹងមានកម្រិតបញ្ញាផ្សេងៗគ្នា ការគិត និងការសិក្សាក៏ផ្សេងៗ ហើយឫកពា និងគុណស ម្បត្តិពិសេសនៃបុគ្គលិកលក្ខណៈក៏ផ្សេងគ្នាដែរ។ គ្រូ ទំនងជាមានសិស្សដែលមានបញ្ញាវាងវៃ និងសិស្សដែលមានអសមត្ថភាពក្នុងការសិក្សាដែរ។

ចូរពិចារណាលើការប្រឈម និងបទពិសោធរបស់អ្នកគ្រូ អែមប័រ ឡាគីន(Amber Larkin) ក្នុងនាមជាគ្រូថ្មីម្នាក់។ ថ្នាក់រៀនរបស់គាត់ ស្ថិតក្នុងកន្ទុយសណ្តោងរថយន្តមួយ ហើយសិស្សរបស់គាត់ មានដូចជា សិស្សគ្មានលំនៅដ្ឋាន មិនទាន់ចេះភាសាអង់គ្លេស អសមត្ថភាព ឬជាជនភៀសខ្លួន ដែលគ្មានស្បែកជើងពាក់ ឬក៏មិនដែលបានចូលរៀននៅសាលាក្នុងប្រព័ន្ធ។ ក្រោយពេលបង្រៀនបាន៤ឆ្នាំ គាត់បានក្លាយជាគ្រូគំរូថ្នាក់ជាតិ។ សិស្សរបស់គាត់ស្ទើរទាំងអស់ បានប្រឡងថ្នាក់ជាតិជាប់។ គាត់ បានពេញចិត្តនឹងការអភិវឌ្ឍផ្នែកចិត្តរំភើបសង្គមរបស់សិស្សរបស់ខ្លួន។ នាយកសាលារបស់គាត់ បានរៀនរាប់ថា មានគុណសម្បត្តិអាថ៌កំបាំង ដែលធ្វើឱ្យលទ្ធផលកើត ឡើង។

ការបង្រៀនសិស្សប្រកបដោយប្រសិទ្ធភាពជាមួយនឹងលក្ខណៈចម្រុះបែបនេះ ទាមទារ ការគិត និងការខិតខំច្រើន។ ការបង្រៀនផ្សេងៗគ្នា ពាក់ព័ន្ធនឹងការទទួលស្គាល់ភាពខុសគ្នានៃបុគ្គល នៅក្នុងចំណេះដឹង ការត្រៀមខ្លួន ចំណាប់អារម្មណ៍ និងលក្ខណៈផ្សេងទៀតរបស់សិស្ស ហើយការពន្យល់ខុសគ្នាទាំងនេះ ទៅក្នុងផែនការកម្មវិធីសិក្សា និងការចូលរួមក្នុងការបង្រៀន។ ការបង្រៀនផ្សេងៗគ្នា សង្កត់ធ្ងន់លើការងារសម្របខ្លួន ដើម្បីបំពេញតម្រូវការ និងសមត្ថភាពរបស់សិស្ស។ វាមិនទំនងទេ ដែលគ្រូអាចបង្កើតផែនការមេរៀនផ្សេងៗគ្នាពី២0 ទៅ៣0 ដើម្បីដោះស្រាយតម្រូវការសិស្ស ម្នាក់ៗ នៅក្នុងថ្នាក់រៀនមួយ។

ញ- ការសិក្សាដោយប្រសិទ្ធភាពជាមួយសិស្សមកពីមជ្ឈដ្ឋានវប្បធម៌ចម្រុះ

សព្វថ្ងៃនេះ កុមារម្នាក់ក្នុងចំណោមកុមារទាំងប្រាំនាក់ នៅក្នុងសហរដ្ឋអាម៉េរិក គឺមកពីគ្រួសារជនអន្តោប្រវេសន៍ និងត្រឹមឆ្នាំ២០៤០ វាត្រូវបានគេប៉ាន់ប្រមាណថា កុមារម្នាក់ក្នុងចំណោមកុមារ៣នាក់របស់សហរដ្ឋអាម៉េរិក។ ជិត៨0 ភាគរយនៃជនអន្តោប្រវេសន៍ថ្មី ជាមនុស្សដែលមកពីអាម៉េ រិកឡាទីន អាស៊ី និងការ៉ាអ៊ីប។ ប្រហែល៧៥ភាគរយនៃជនអន្តោប្រវេសន៍ថ្មីមានដើមកំណើតនិយាយភាសាអេស្ប៉ាញ ទោះបីជាកុមារនិយាយជាង១00 ភាសាផ្សេងគ្នាច្រើនជាង កំពុងចូលសាលារៀនសហរដ្ឋអាម៉េរិកក៏ដោយ។

នៅក្នុងពិភពនៃការកើនឡើងនៃអន្តរវប្បធម៌នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងគ្រូដែលមានប្រសិទ្ធភាព មានចំណេះដឹង អំពីមនុស្សមកពីប្រវត្តិវប្បធម៌ផ្សេងៗគ្នា យល់ដឹងទៅនឹងតម្រូវការរបស់ពួកគេ។ គ្រូដែលមានប្រសិទ្ធភាពលើកទឹកចិត្តសិស្សឱ្យមានទំនាក់ទំនងផ្ទាល់ខ្លួនជាវិជ្ជមានជាមួយសិស្សចម្រុះ និងគិតអំពីវិធីបង្កើតបរិស្ថានបែបនេះ។ ពួកគេណែនាំសិស្សក្នុងការគិតបែបវិចារ អំពីបញ្ហាវប្បធម៌ និងសីលធម៌ ឬកាត់បន្ថយភាពលំអៀង បណ្ដុះបណ្ដាលការទទួលយក និងបម្រើជាអ្នកសម្រុះសម្រួលវប្បធម៌។ គ្រូបង្រៀនប្រកបដោយប្រសិទ្ធភាពក៏ត្រូវតាំងខ្លួនជាកណ្តាល រវាងវប្បធម៌នៃសាលារៀន និងវប្បធម៌របស់សិស្សមួយចំនួន ជាពិសេស អ្នកដែលមិនទទួលបានជោគជ័យនៅក្នុងការសិក្សា។ នេះ ជាសំណួរវប្បធម៌ ដែលគ្រូបង្រៀន មានសមត្ថភាព សួរ៖

តើខ្ញុំទទួលស្គាល់ឥទ្ធិពល និងភាពស្មុគស្មាញនៃឥទ្ធិពលវប្បធម៌លើសិស្សដែរឬទេ?

តើការរំពឹងទុករបស់ខ្ញុំសម្រាប់សិស្សរបស់ខ្ញុំ ផ្អែកលើវប្បធម៌ ឬលំអៀង?

តើខ្ញុំធ្វើការងារបានល្អក្នុងការមើលឃើញជីវិតពីទស្សនៈរបស់សិស្ស ដែលមកពីវប្បធម៌ខុសពីរបស់ខ្ញុំ?

តើខ្ញុំកំពុងបង្រៀនជំនាញ ដែលសិស្សប្រហែលជាត្រូវការអភិវឌ្ឍ ដើម្បីនិយាយ នៅក្នុងថ្នាក់ ប្រសិនបើវប្បធម៌របស់ពួកគេ គឺជាវប្បធម៌ មួយដែលពួកគេមានឱកាសតិចតួចក្នុងការអនុវត្ត ការពិភាក្សាជាសាធារណៈ?

តើការវាយតម្លៃរបស់ខ្ញុំយុត្តិធម៌ និងមិនលំអៀងឬទេ?

ដ-ការវាយតម្លៃចំណេះដឹង និងបំណិន

គ្រូបង្រៀនដែលមានសមត្ថភាព ក៏មានការវាយតម្លៃចំណេះដឹងនិងជំនាញល្អផងដែរ។ មានទិដ្ឋភាពជាច្រើនក្នុងការប្រើប្រាស់ការវាយតម្លៃប្រកបដោយប្រសិទ្ធភាពនៅក្នុងថ្នាក់រៀន។ គ្រូនឹងត្រូវសម្រេចចិត្តអ្វី ដែលប្រភេទនៃការវាយតម្លៃបែបណា ដែលគាត់ចង់ប្រើ ដើម្បីចងក្រងការអនុវត្តរបស់សិស្ស បន្ទាប់ពីការ     បង្រៀន។ គ្រូក៏នឹងត្រូវប្រើការវាយតម្លៃប្រកបដោយប្រសិទ្ធភាពមុន និងនៅក្នុងអំឡុងពេលបង្រៀន។

ឧទាហរណ៍ មុនពេលបង្រៀនខ្នាតនៅលើចលនាតិកតូនិក គ្រូអាចសម្រេចិត្តវាយតម្លៃថាតើសិស្សដែលស្គាល់ពាក្យ ដូចជាទ្វីប រញ្ជួយដី និងភ្នំ ភ្លើងដែរឬទេ។

ក្នុងកំឡុងពេលបង្រៀន គ្រូប្រហែលជាចង់ប្រើការសង្កេត និងការត្រួតពិនិត្យ ដើម្បីកំណត់ថាតើការបង្រៀនរបស់អ្នកស្ថិតនៅកម្រិតដែលប្រកួតប្រជែងសិស្ស និងដើម្បីរកឃើញសិស្សដែលត្រូវការការយកចិត្តទុកដាក់ផ្ទាល់ខ្លួនរបស់គ្រូ។ គ្រូនឹងត្រូវការ ដើម្បីដាក់   ចំណាត់ថ្នាក់សិស្ស ដើម្បីផ្តល់មតិយោបល់អំពីសមិទ្ធផលរបស់ពួកគេ។

ទិដ្ឋភាពផ្សេងទៀតនៃការវាយតម្លៃដែលអ្នកនឹងចូលរួមរួមមានការធ្វើតេស្តដែលកំណត់ដោយរដ្ឋ ដើម្បីវាយតម្លៃសមិទ្ធផលរបស់សិស្ស និងចំណេះដឹង និងជំនាញរបស់គ្រូបង្រៀន។ ច្បាប់គ្មានកុមារណាដែលមិនបានទទួលការអប់រំ (No Child Left Behind, NCLB) របស់រដ្ឋាភិបាលសហព័ន្ធ ត ម្រូវឱ្យរដ្ឋធ្វើតេស្តសិស្សជារៀងរាល់ឆ្នាំផ្នែកគណិតវិទ្យា ភាសាអង់គ្លេស/ភាសា សិល្បៈ និងវិទ្យាសាស្រ្ត និងរក្សារដ្ឋទទួលខុសត្រូវ ចំពោះភាពជោគជ័យ និងការបរាជ័យរបស់សិស្ស។

ឋ- បំណិនបច្ចេកវិទ្យា

បច្ចេកវិទ្យាតែមួយ មិនអាចធ្វើឱ្យសមត្ថភាពសិស្សរៀនកាន់តែប្រសើរឡើងទេ ប៉ុន្តែវាអាចគាំទ្រដល់ការរៀនសូត្រ។ លក្ខខណ្ឌដែលគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការអប់រំ រួមមានចក្ខុវិស័យ និងការគាំទ្រពីថ្នាក់ដឹកនាំអប់រំ គ្រូបង្រៀនជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការរៀន ស្តង់ដាខ្លឹមសារ និងធនធានកម្មវិធីសិក្សា ការវាយតម្លៃប្រសិទ្ធភាពនៃបច្ចេកវិទ្យាសម្រាប់ការរៀនសូត្រ និងការសង្កត់ធ្ងន់លើកុមារជាសិស្សសកម្ម ស្ថាបនា។

សិស្សទទួលបានអត្ថប្រយោជន៍ពីគ្រូប ង្រៀនដែលបង្កើនចំណេះដឹងបច្ចេកវិទ្យារបស់ពួកគេ និងរួមបញ្ចូលកុំព្យូទ័រឱ្យបានសមស្របទៅក្នុងការរៀនក្នុងថ្នាក់។ សមាហរណកម្មនេះ គួរតែផ្គូផ្គងជា មួយតម្រូវការសិក្សារបស់សិស្ស រួមទាំងតម្រូវការក្នុងការរៀបចំសម្រាប់ការងារនៅថ្ងៃស្អែក ដែលនឹងទាម ទារជំនាញបច្ចេកវិទ្យានិងជំនាញផ្អែកលើកុំព្យូទ័រជាច្រើន។ លើសពីនេះទៀត គ្រូបង្រៀនដែលមានប្រសិទ្ធភាព មានចំណេះដឹងអំពីឧបករណ៍ជំនួយផ្សេងៗ ដើម្បីគាំទ្រការរៀនសូត្ររបស់សិស្សដែលមានពិការភាព។

ថ្មីៗនេះ សង្គមអន្តរជាតិសម្រាប់បច្ចេកវិទ្យាក្នុងការអប់រំ បានធ្វើបច្ចុប្បន្នភាពសម្រាប់ស្តង់ដាបច្ចេកវិទ្យារបស់សិស្ស ពាក់ព័ន្ធនឹង៖

-អ្នករៀនប្រកបដោយថាមពល៖ សិស្សប្រើប្រាស់បច្ចេកវិទ្យាយ៉ាងសកម្ម ដើម្បីសម្រេចបាននូវគោលដៅសិក្សា។

-ពលរដ្ឋឌីជីថល៖ សិស្សបង្ហាញពីការទទួលខុសត្រូវ និងមានក្រមសីលធម៌ក្នុងការប្រើប្រាស់របស់ពួកគេនៃបច្ចេកវិទ្យា។

-អ្នកបង្កើតចំណេះដឹង៖ សិស្សប្រើធនធានផ្សេងៗគ្នា និងឧបករណ៍ឌីជីថល ដើម្បីកសាងចំណេះដឹង ក្លាយជាការច្នៃប្រឌិតកាន់តែច្រើន និងចូលរួមក្នុងការរៀនសូត្រដែលមានអត្ថន័យ។

-អ្នករចនាដោយភាពច្នៃប្រឌិត៖ សិស្សប្រើបច្ចេកវិទ្យាផ្សេងៗ ដើម្បីដោះស្រាយបញ្ហា និងបង្កើតដំណោះស្រាយដែលមានប្រយោជន៍ និងប្រកបដោយរូបា   រម្មណ៍ ចំពោះបញ្ហាទាំងនេះ។

-អ្នកគិតគណនា៖ សិស្សអភិវឌ្ឍយុទ្ធសាស្រ្តក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើតដំណោះស្រាយ និងតេស្តវា។

-អ្នកទំនាក់ទំនងច្នៃប្រឌិត៖ សិស្សទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងគិតប្រកបដោយភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីសម្រេចបានគោលដៅ។

-សហការសកល៖ សិស្សប្រើបច្ចេកវិទ្យាដើម្បីពង្រីកទស្សនៈរបស់ពួកគេ និងបង្កើនការរៀនសូត្ររបស់ពួកគេដោយភ្ជាប់ជាមួយអ្នកដទៃក្នុងស្រុក និងសកលលោក។

លើសពីនេះទៅទៀត មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីចំនួនម៉ោងដ៏ច្រើនរបស់កុមារ និងក្មេងជំទង់ចំណាយពេលលើអេក្រង់ តើត្រូវចំណាយពេលមើលទូរទស្សន៍ប៉ុន្មាន ឬឌីវីឌី ការលេងហ្គេមវីដេអូ និងការប្រើប្រាស់កុំព្យូទ័រ ឬប្រព័ន្ធផ្សព្វផ្សាយទូរសព្ទដូចជា អាយហ្វូន និងរបៀបដែលពេលវេលានេះ អាចជះឥទ្ធិពលដល់ភាពជោគ ជ័យនៅសាលារបស់ពួកគេ ក៏ដូចជាសុខភាពរបស់ពួកគេ។ មានការព្រួយបារម្ភផងដែរអំពីការកើនឡើងយ៉ាងខ្លាំងនៅក្នុងកិច្ចការច្រើនប្រព័ន្ធផ្សព្វផ្សាយ និងរបៀបដែលវាអាចធ្វើឱ្យខូចសមត្ថភាពរបស់កុមារ និងក្មេងជំទង់ក្នុងការផ្តោតលើកិច្ចការសិក្សា ខណៈពេលដែលភ្ជាប់ទៅទម្រង់ប្រព័ន្ធផ្សព្វ ផ្សាយមួយចំនួន មិនទាក់ទងនឹងការងារសាលារបស់ពួកគេ។

 ការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញពេលវេលាយ៉ាងទូលំទូលាយដែលសិស្សចំណាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបដែលវាអាចមានឥទ្ធិពលលើទិដ្ឋភាពនៃការអភិវឌ្ឍការសិក្សា និងចិត្តរំភើបសង្គមរបស់ពួកគេ ដូចជាការក្លាយជាអ្នកប្រព្រឹត្ត ឬគោលដៅនៃការគំរាមកំហែងតាមអ៊ីនធឺណិត​។

III- ការប្តេជ្ញាចិត្ត ចិត្តចលករ និងការយកចិត្តទុកដាក់

ការធ្វើជាគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព ក៏ទាមទារការប្តេជ្ញាចិត្តចិត្តចលករ និងការយកចិត្តទុកដាក់ផងដែរ។ នេះ រួមបញ្ចូលទាំង ឥរិយាបថល្អ និងការយកចិត្តទុកដាក់អំពីសិស្ស។

ការចាប់ផ្តើមជាគ្រូបង្រៀន ជាញឹកញាប់រាយការណ៍ថា ការវិនិយោគពេលវេលា និងការខិតខំប្រឹងប្រែងត្រូវការ ដើម្បីក្លាយជាគ្រូបង្រៀនដែលមានប្រសិទ្ធភាពគឺធំធេងណាស់។ គ្រូបង្រៀនមួយចំនួន សូម្បីតែអ្នកមានបទពិសោធ និយាយថា ពួកគេមាន "រវល់ខ្លាំង" ពីខែកញ្ញាដល់ខែមិថុនា។ សូម្បីតែការដាក់ចូលម៉ោងនៅល្ងាច និងចុងសប្តាហ៍ បន្ថែមពីលើម៉ោងទាំងអស់ ដែលបានចំណាយនៅក្នុងថ្នាក់រៀន ប្រហែលជានៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការ។

នៅក្នុងការប្រឈមមុខនឹងតម្រូវការទាំងនេះ វាជាការងាយខកចិត្ត និងអភិវឌ្ឍឥរិយាបថអវិជ្ជមាន។ ការប្តេជ្ញាចិត្តនិងចិត្ត      ចលករ ជួយឱ្យគ្រូបង្រៀនមានប្រសិទ្ធភាពឆ្លងកាត់ពេលវេលាដ៏លំបាកនៃការបង្រៀន។ គ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព មានទំនុកចិត្តលើប្រសិទ្ធភាពខ្លួនឯង បដិសេធមិនអនុញ្ញាតឱ្យចិត្តរំភើបអវិជ្ជមាន កាត់បន្ថយការលើកទឹកចិត្តរបស់ពួកគេ និងនាំមកនូវអាកប្បកិរិយាវិជ្ជមាន និងចំណង់ចំណូលចិត្តដល់ថ្នាក់រៀន។ លក្ខណៈសម្បត្តិទាំងនេះ មានការឆ្លងរាលដាល និងជួយធ្វើឱ្យថ្នាក់រៀនក្លាយជាកន្លែង ដែលសិស្សចង់សិក្សា។

ដូច្នេះ អ្វីដែលទំនងជាឥរិយាបថវិជ្ជមានរបស់អ្នកផ្ទាល់ និងបន្តចំណង់ចំណូលចិត្ត សម្រាប់ការបង្រៀន? ដូចនៅក្នុងវិស័យទាំងអស់ ភាពជោគជ័យ បង្កើនភាពជោគជ័យ។    វាជារឿងសំខាន់ក្នុងការយល់ដឹងពីពេលវេលា ដែលអ្នកបានធ្វើឱ្យមានភាពខុសគ្នា ក្នុងជីវិតរបស់សិស្សម្នាក់ៗ។

អ្នកក្លាយជាគ្រូបង្រៀនកាន់តែប្រសើរ អ្នកទទួលបានរង្វាន់កាន់តែច្រើន។ អ្នកសម្រេចបានការគោរព និងភាពជោគជ័យក្នុងកែវភ្នែកសិស្សកាន់តែច្រើន អ្នកមានអារម្មណ៍កាន់តែប្រសើរក្នុងការតាំងចិត្តបង្រៀន។ ក្នុងរឿងបែបនេះ ចូរឈប់បន្តិចសិន ហើយគិតអំពីរូបារម្មណ៍ ដែលអ្នកមាន ពីអតីតគ្រូរបស់អ្នក។ គ្រូរបស់អ្នកទំនងជាពូកែ និងបន្សល់ទុកឱ្យអ្នកជាមួយរូបារម្មណ៍វិជ្ជមាន។

នៅក្នុងការស្ទង់មតិថ្នាក់ជាតិរបស់សិស្សជិតមួយពាន់នាក់ដែលមានអាយុពី១៣ ទៅ១៧ឆ្នាំ  ការមានអារម្មណ៍កំប្លែងល្អ ការធ្វើឱ្យថ្នាក់គួរឱ្យចាប់អារម្មណ៍ និងការមានចំណេះដឹងនៃមុខវិជ្ជា គឺជាលក្ខណៈដែលសិស្សបានរាយបញ្ជីថាសំខាន់បំផុតសម្រាប់គ្រូបង្រៀន។ ជាញឹកញាប់បំផុត លក្ខណៈសិស្សវិទ្យាល័យ ត្រូវបានកំណត់ដោយគ្រូបង្រៀនអាក្រក់បំផុតរបស់ពួកគេ គឺមានថ្នាក់គួរឱ្យធុញទ្រាន់ មិនពន្យល់អ្វីៗច្បាស់លាស់ និងបង្ហាញអនុគ្រោះនិយម។

សេចក្តីសន្និដ្ឋាន

      សរុបមក ចិត្តវិទ្យាអប់រំដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអនាគតនៃការអប់រំដោយផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីរបៀបដែលបុគ្គលទទួលបានចំណេះដឹង និងជំនាញ។ តាមរយៈវិធីសាស្រ្តដែលជំរុញដោយការស្រាវជ្រាវរបស់ខ្លួន វាផ្តល់សិទ្ធិអំណាចដល់អ្នកអប់រំក្នុងការអនុវត្តយុទ្ធសាស្រ្តដែលបង្កើនការរៀនសូត្រ ជំរុញការលើកទឹកចិត្ត និងគាំទ្រតម្រូវការរបស់សិស្សចម្រុះ។ តាមរយៈការរួមបញ្ចូលគោលការណ៍ផ្លូវចិត្តជាមួយនឹងការ  អនុវត្តអប់រំ វិស័យនេះរួមចំណែកដល់ការអភិវឌ្ឍបរិយា កាសសិក្សាដែលមានបរិយាកាស និងថាម វន្តកាន់តែច្រើន។ នៅពេលដែលការអប់រំបន្តវិវត្ត ការយល់ដឹងពីចិត្តវិទ្យាអប់រំនៅតែចាំបាច់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើង និងលើកកម្ពស់ការរៀនសូត្រពេញមួយជីវិត។

ឯកសារយោង

1-John W. Santrock, Psychology, Mc Graw Hill, United States of America, 2011

2-John W. Santrock, Psychology, Mc Graw Hill, United States of America, 2003

3-Stephen M. Kosslyn & Robin S. Rosenberg, Psychology, Pearson Education, 2004

4-John W. Santrock, Educational psychology, Mc Graw Hill, United States of America, 2018.

5-Allan C. Ornstein et al., Foundation of Education, Wadsworth, Canada, 20017.

6-John W. Santrock and Alysia D. Roehrig, Educational psychology, Mc Graw Hill, United States of America, 2024.