ដោយ : បណ្ឌិត ហែម ឡាច
ប្រធានស្ដីទីនាយកដ្ឋាននីតិសាស្ត្រ
វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
រាជបណ្ឌិត្យសភាកម្ពុជា
សេចក្ដីផ្ដើម
ក្រុមប្រឹក្សាធម្មនុញ្ញគឺជាស្ថាប័នកំពូលមួយដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។ ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់ហើយ។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
១. ប្រវត្តិក្រុមប្រឹក្សាធម្មនុញ្ញ
នៅក្នុងប្រវត្ដិសាស្ដ្រ ប្រទេសកម្ពុជាពុំដែលមានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ។ រដ្ឋធម្មនុញ្ញទី១នៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ហើយដែលបានកែប្រែជាបន្ដបន្ទាប់រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៦៤ ក៏បាននិយាយនៅក្នុងមាត្រា១១៩ តែពីសិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញ ហើយមិនមាននិយាយពីការត្រួតពិនិត្យធម្មនុញ្ញភាពទេ។ សិទ្ធិបកស្រាយចុងក្រោយជារបស់រដ្ឋសភា។
រដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧២ បានបង្កើតឱ្យមានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពមួយដែលដាក់ឈ្មោះថា “តុលាការធម្មនុញ្ញ”។ ទោះបីជាមានឈ្មោះជាតុលាការធម្មនុញ្ញយ៉ាងណាក៏ដោយ
ក៏អង្គការនេះស្ថិតដោយឡែកពីអង្គការ តុលាការដែរ។ តុលាការធម្មនុញ្ញនេះមានសមាជិក៦រូប និងមានអាណត្តិ៦ឆ្នាំ ប៉ុន្តែចំនួនពាក់កណ្តាលនៃសមាជិក ត្រូវបញ្ចប់អាណត្តិក្នុងរយៈពេល៣ឆ្នាំម្តង។ បេក្ខជនត្រូវជ្រើសរើសចេញពីបញ្ញវន្ត ឬអ្នកមានបទពិសោធន៍ច្រើនឆ្នាំហើយជាអាទិភាពចំពោះអ្នកដែលមិនចូលក្នុងគណបក្សណាមួយ។ វិធីនៃការជ្រើសរើសគឺ៖ ២រូបជ្រើសរើសដោយប្រធានាធិបតី ដែលសម្រេចដោយគណៈរដ្ឋមន្ត្រី ២រូបជ្រើសរើសដោយរដ្ឋសភានិង២រូប ជ្រើសរើសដោយព្រឹទ្ធសភាក្រៅពីសមាជិករបស់ខ្លួន។ តុលាការនេះជ្រើសរើសសមាជិកម្នាក់ជាប្រធាន ដែលមានសំឡេង ឧត្តមានុភាពក្នុងករណីអនុម័តមានសំឡេងស្មើគ្នា។ សមាជិកតុលាការធម្មនុញ្ញ មានវិសមិតភាពទៅនឹងមុខងារប្រធានាធិបតី អនុប្រធានាធិបតី សមាជិករដ្ឋាភិបាល សមាជិកសហសភា សមាជិកតុលាការជាន់ខ្ពស់ និងសមាជិកតុលាការកំពូល។ តួនាទីតុលាការធម្មនុញ្ញមានដូចជា៖ ដោះស្រាយវិវាទដែលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអនុប្រធានាធិបតី ដោះស្រាយវិវាទដែលទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសសមាជិកសហសភា បកស្រាយចុងក្រោយនូវបទបញ្ញត្តិរដ្ឋធម្មនុញ្ញនិងពិនិត្យធម្មនុញ្ញភាពនៃច្បាប់។ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ដែលមាន១៦ជំពូកនិង២១មាត្រាក៏មិនឃើញមានចែងអំពីស្ថាប័នដែលមានសិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញដែរ។
រដ្ឋធម្មនុញ្ញនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ១៩៨១ អនុញ្ញាតឱ្យមានការបកស្រាយច្បាប់ដោយក្រុមប្រឹក្សារដ្ឋ ក្នុងឋានៈ ជាអង្គការអចិន្រ្តៃយ៍របស់រដ្ឋសភា។ ចាប់តាំងពីឆ្នាំ១៩៨៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាបានចែងអំពីការបកស្រាយច្បាប់ ដោយគណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា។ ប៉ុន្តែនៅពេលនោះ ការបកស្រាយធម្មនុញ្ញ និងការត្រួតពិនិត្យធម្ម នុញ្ញភាពនៃច្បាប់ពុំទាន់មានឡើយ។
បន្ទាប់ពីមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១ ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាដែលហៅកាត់ថាអ៊ុនតាក់
(UNTAC) ថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញមួយត្រូវបានបង្កើតឡើង។ សភាធម្មនុញ្ញថ្មីនេះ មានភារកិច្ចតាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយ។ រដ្ឋធម្មនុញ្ញថ្មីដែលបាន អនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញ ត្រូវបានប្រកាសប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ ជំពូកទី១២ ថ្មី នៃរដ្ឋធម្មនុញ្ញមានចែងអំពីក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញបានចាប់ផ្ដើមដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៩៨។
សូមជម្រាបថា គិតមកដល់ឆ្នាំ២០២៥នេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ បានធ្វើវិសោធនកម្មចំនួន១១លើកគឺ៖
-លើកទី១៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤
-លើកទី២៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៣៩៩/ ០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០០៤។
-លើកទី៣៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៧០១/ ១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១។
-លើកទី៤៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៦០៥/ ០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។
-លើកទី៥៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៣០៦/ ០០៦ ចុះថ្ងៃទី៩ ខែ មីនា ឆ្នាំ២០០៦។
-លើកទី៦៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០២០៨/ ០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨។
-លើកទី៧៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ១០១៤/ ០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤។
-លើកទី៨៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០២១៨/ ០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
-លើកទី៩៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ១១២១/ ០១៦ ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។
-លើកទី១០៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៨២២/ ០០៧ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
-លើកទី១១៖ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៩២៥/ ០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដែលមាន៧មាត្រា ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម/ ០៧០៤/ ០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤។
២. សមាសភាពក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកប្រាំបួនរូប ដែលទទួលអាណត្តិប្រាំបួនឆ្នាំ។
-សមាជិកបីរូបត្រូវតែងតាំងដោយព្រះមហាក្សត្រ
-សមាជិកបីរូបត្រូវជ្រើសតាំងដោយរដ្ឋសភា
-សមាជិកបីរូបត្រូវតែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនមួយភាគបី ត្រូវផ្លាស់ថ្មីក្នុងរយៈពេលបីឆ្នាំម្ដង បីឆ្នាំម្ដង។ ប្រធានត្រូវបានជ្រើសតាំងដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ រៀងរាល់៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ខាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី៣រូបចូលកាន់តំណែង។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន។ ប្រធានមានសំឡេងឧត្តមានុភាព ក្នុងករណីបែកសំឡេងជាពីរស្មើគ្នា។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈនិងបុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។
៣. លក្ខណសម្បត្តិ
សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល៖
-មានសញ្ជាតិខ្មែរពីកំណើត
-មានអាយុយ៉ាងតិច៤៥ឆ្នាំ
-មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច១៥ឆ្នាំ
-មានសញ្ញាប្រតចាប់ពីឧត្ដមសិក្សាទ្បើង ទៅ ខាងច្បាប់ ខាងរដ្ឋបាល ខាងការទូត ឬខាងសេដ្ឋកិច្ច។
ក្នុងរយៈពេល៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ៣រូប ត្រូវផ្លាស់ប្ដូរនិងតែងតាំងជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ១រូប តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម១រូប និងជ្រើសតាំងដោយរដ្ឋសភា១រូប។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក៣រូបតែងតាំងនិងជ្រើសតាំងសម្រាប់រយៈពេល៣ឆ្នាំ ៣រូប តែងតាំងនិងជ្រើសតាំងសម្រាប់ រយៈពេល៦ឆ្នាំ និង៣រូបតែងតាំងនិងជ្រើសតាំងសម្រាប់រយៈពេល៩ឆ្នាំ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិមានរយៈពេលតិចជាងឬស្មើនឹង៣ឆ្នាំអាចត្រូវតែងតាំងឬជ្រើសតាំងសម្រាប់មួយអាណត្ដិទៀតបាន។
៤. វិសមិតភាពនិងអភ័យឯកសិទ្ធិ
មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពនឹងមុខងារ៖
-សមាជិកព្រឹទ្ធសភា
-សមាជិករដ្ឋសភា
-សមាជិករាជរដ្ឋាភិបាល
-ចៅក្រមក្នុងតំណែង
-ការកាន់តំណែងណាមួយក្នុមុខងារ សាធារណៈ
-ប្រធាន ឬអនុប្រធានគណបក្សនយោបាយ
-ប្រធាន ឬអនុប្រធានសហជីព
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬបទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ។ ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពីសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួនពីរភាគបី នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទាំងមូល នៅក្នុងសវនាការមិនសាធារណៈ និងដោយមានវត្ដមានរបស់សាមីខ្លួន។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពីតំណែងនូវសមាជិកណាដែលមានវិសមិតភាពមុខតំណែង ឬដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬដែលមិនអាចបំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាពខាងបញ្ញា ឬរូបកាយជាអចិន្ដ្រៃយ៍។
៥. តួនាទីសំខាន់ៗរបស់ក្រុមប្រឹក្សា
ធម្មនុញ្ញ
-ព្រះមហាក្សត្រ ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយ
ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
-ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។
-ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនិងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
-ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។
-ក្រោយពីច្បាប់ណាមួយត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពី ធម្មនុញ្ញភាពនៃច្បាប់នោះ។
-ប្រជារាស្ដ្រមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ដ្រ ឬប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភា ដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។
-ការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារ ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាល របស់ប្រទេសជាតិ នឹងត្រូវចាត់ទុកជាអសារសូន្យ។ ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនេះ។
៦. ក្រុមប្រឹក្សាធម្មនុញ្ញនិងស្ថាប័នផ្សេងៗ
៦.១. ព្រះមហាក្សត្រនិងក្រុមប្រឹក្សា
ធម្មនុញ្ញ
ព្រះមហាក្សត្រ ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ដ្រី និងរបស់ប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ដ្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
៦.២. ក្រុមប្រឹក្សាធម្មនុញ្ញនិងប្រជារាស្រ្ត
ប្រជារាស្ដ្រ អាចលើកឡើងប្ដឹងទៅតុលាការអំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ ឬសេចក្ដីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋដែលគេអះអាងថា ប៉ះពាល់ដល់សិទ្ធិសេរីភាពជា សារវន្តរបស់គេតាមរយៈរឿងក្តីរបស់ខ្លួននៅតុលាការ។ តុលាការថ្នាក់ក្រោម បញ្ជូនពាក្យបណ្ដឹងខាងលើនេះទៅតុលាការកំពូល។ តុលាការកំពូលជាអ្នកបញ្ជូនបណ្ដឹងនោះបន្ដមកក្រុមប្រឹក្សាធម្មនុញ្ញបើសិនជា តុលាការកំពូលយល់ឃើញថាសមហេតុសមផល។
បញ្ហាដែលកើតឡើងនោះ ជាបញ្ហាបន្ទាន់បង្ខំដល់តុលាការទទួលបន្ទុកជំនុំជម្រះត្រូវផ្អាកសិន ដោយរង់ចាំចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមុន។ ក្នុងករណី គ្មានរឿងក្ដីក៏ដោយប្រជារាស្ដ្រមាន សិទ្ធិប្ដឹងសុំឱ្យពិនិត្យធម្មនុញ្ញភាពនៃច្បាប់ណាដែលប្រកាសឱ្យប្រើហើយ។ ប្រជារាស្ដ្រត្រូវប្ដឹងតាមរយៈ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬតំណាងរាស្ដ្រចំនួនមួយភាគដប់។ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិ ពិនិត្យ និងសម្រេចជូនប្រជារាស្ដ្រអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងសមាជិកព្រឹទ្ធសភាក្នុងករណីដែល ប្រជារាស្ដ្រមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ. ជ. ប. )។
៦.៣. ក្រុមប្រឹក្សាធម្មនុញ្ញនិងគណបក្សនយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និងសម្រេចជូនគណបក្សនយោបាយតាមបណ្តឹងផ្ទាល់ (បណ្តឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ម៉ោង យ៉ាងយូរបន្ទាប់ពីការប្រកាស លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន) ឬតាម បណ្តឹងឧទ្ធរណ៍ មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្នុងការដោះស្រាយវិវាទកម្មទាក់ទង នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់នឹងបញ្ជីដំបូងនៃការចុះឈ្មោះបោះឆ្នោត និងការដោះស្រាយបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញបំពេញតួនាទីដូចតុលាការ។
៦.៤. ក្រុមប្រឹក្សាធម្មនុញ្ញនិងអធិបតេយ្យជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ជាអង្គការតែមួយគត់ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនៃការអនុម័តទាំងឡាយរបស់រដ្ឋសភាដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្ដទៅលើគ្រប់អំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋ ធម្មនុញ្ញ ។
ក្រុមប្រឹក្សាធម្មនុញ្ញ បកស្រាយរដ្ឋ ធម្មនុញ្ញ និងច្បាប់ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យ ធម្មនុញ្ញភាពតាមសំណើពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ដ្រមួយភាគដប់ ឬ តុលាការ។
ក្រុមប្រឹក្សាធម្មនុញ្ញ អាចពិនិត្យជា អាទិកាល ឬបច្ឆាកាល នូវធម្មនុញ្ញភាពនៃច្បាប់ក្នុងលក្ខខណ្ឌខាងលើនេះលើកលែងតែច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងវិសោធនកម្មច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងទាំងនោះដែលត្រូវតែពិនិត្យមុននឹង ប្រកាសឱ្យប្រើ ឬមុននឹងដាក់ឱ្យអនុវត្ដន៍។
ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានឡើយមានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋ មន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន។
ប្រជារាស្ដ្រ និងគណបក្សនយោបាយអាចលើកសំណ ឬប្ដឹងទៅក្រុមប្រឹក្សា ធម្មនុញ្ញបានតាមលក្ខខណ្ឌដែលមានចែងខាងក្រោយ។
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
(១៩៩៨-បច្ចុប្បន្ន)៖
១-ឯកឧត្តម ចាន់ សុក ១អាណត្តិ (១៩៩៨-២០០១)
២-ឯកឧត្តម ប៊ិន ឈិន ២អាណត្តិ (២០០១-២០០៧)
៣-ឯកឧត្តម ឯក សំអុល ៣អាណត្តិ (២០០៧-២០១៦)
៤-ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ៣អាណត្តិ (២០១៦-២០២៥)
៥-ឯកឧត្តម ហ៊ី សោភា (២០២៥-បច្ចុប្បន្ន)
ឯកសារពិគ្រោះ
១-ជួន ណាត៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧
២-សាយ បូរី៖ នីតិរដ្ឋបាលទូទៅ បោះពុម្ពលើកទី៣ ភ្នំពេញ ២០០២
៣-ហួត វុទ្ធី៖ ប្រជុំរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៤៧-២០០៧
៤-ហែម ឡាច៖ ស្ថាប័ននយោបាយកម្ពុជាបច្ចុប្បន្ន ឆ្នាំ២០២៣
៥-អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣
៦-http://www.ccc.gov.kh (http://ccc.gov.kh/)
៧-https://plus.freshnewsasia.com /knowledge/402717-2025-09-24-19-59-36
