ដោយ : បណ្ឌិត ក្តាន់ ធុល

មន្ត្រីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា

វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

                                                                                                                              រាជបណ្ឌិត្យសភាកម្ពុជា

- សេចក្តីផ្តើម

អវិជ្ជាគឺជាការមិនយល់ មិនស្គាល់ពី​ធម្មជាតិពិតរបស់វត្ថុ ឬធម្មជាតិពិតនៃ អត្ថិភាពរបស់ខ្លួន ឬអាចនិយាយបានម្យ៉ាងទៀត ថា មិនមើលឃើញវត្ថុនានា ទៅ​តាម​ធម្មជាតិ ពិតរបស់វា។ ដោយសារ មនុស្សមិន​មើលឃើញ វត្ថុនានាទៅតាម ធម្មជាតិពិត​របស់វា​នេះហើយ ទើបបានជាពួកគេមាន​សេចក្តី​ប្រាថ្នាច្រើនមិន ចេះចប់ ដែលធ្វើឱ្យ​ពួកគេនឿយហត់ក្នុងការ ដេញតាម គ្មានម៉ោង, គ្មានពេល, និងគ្មានថ្ងៃ ឈប់​សម្រាក់ពេញ​មួយ​ជីវិត។ អវិជ្ជានាំឱ្យ មនុស្ស ​មាន​គំនិតប្រកាន់ខ្ជាប់​ថា អ្វីៗ ទោះជា    រ បស់ក្នុង​ខ្លួនក្តី ឬរបស់ក្រៅខ្លូនក្តី ដូចជា ដៃ, ជើង, ខ្លួន​ប្រាណ, ឡាន, ផ្ទះ សម្បែង, លុយកាក់, មាស​ប្រាក់, កូន, ប្រពន្ធ-ប្តី, គោ, ក្របី, សេះ, ដំរី...ល។ សុទ្ធ តែជារបស់ខ្លួន។ គំនិតថា អ្វីៗ ទាំងអស់ សុទ្ធ​តែ ជារបស់ខ្លួន នេះនាំឱ្យមនុស្ស បង្កើតនូវ​ពាក្យ កម្មសិទ្ធិ ដើម្បីសម្គាល់ថា វត្ថុ ណាមួយ គឺជា កម្មសិទ្ធិ​របស់​ខ្លួន ដូចជា របស់ខ្ញុំ (my), របស់​គាត់/ របស់​គេ (his/her), របស់យើង (our), របស់ពួកគេ (their), របស់វា (its) ជាដើម នេះ។ ឧទាហរណ៍ គោនេះ ឬផ្ទះនោះ គឺជា​របស់​ពួក​យើង ឬជា​របស់ខ្ញុំជាដើម្បី។ តាមសច្ចភាព តើ​មានរបស់​អ្វីខ្លះ​ដែលជារបស់បុគ្គលណាម្នាក់​យ៉ាងផ្តាច់​មុខនោះ? ឧទាហរណ៍ រតនាមាន​លុយ​២៩០០$ មានន័យថា លុយ២៩០០$ នេះ​គឺ​ជាលុយ​កម្មសិទ្ធិ របស់នាង គ្មានអ្នកណាម្នាក់​ហ៊ានយក​វា ពីនាងឡើយ។ រតនាបានយកលុយ ២៩០០$ នេះ ទៅទិញម៉ូតូស្កភី (scoopy) ក្នុង​តម្លៃ ២៨៥០$ មានន័យថា លុយ ២៨ ៥០$ បាន​ចេញ​​ពីដែនកម្មសិទ្ធិរបស់នាង ហើយៗ​វាត្រូវ​វិលចូលទៅក្នុងដែនកម្ម សិទ្ធិរបស់អ្នកលក់។ នេះមានន័យថាលុយ២៨៥០$ នេះគឺជា​កម្មសិទ្ធិ​របស់អ្នកលក់ម៉ូតូ លែងជាកម្មសិទ្ធិ​របស់រតនា​ទៀតហើយ។ រតនានៅសល់លុយតែ ៥០$ ប៉ុណ្ណោះ ដែលជាកម្មសិទ្ធិរបស់នាង ហើយ​លុយ៥០$ នេះក៏មិននៅឋិតថេរជាមួយនាង​រហូតដែរ ប្រសិនបើនាងត្រូវទិញអ្វីផ្សេងទៀត។ នេះជាឧទាហរណ៍តូចមួយដែលបង្ហាញ​ឱ្យ​ឃើញពីអ្វីមួយ មិនឋិតនៅជានិរន្តជាមួយនឹង​អ្វី​មួយផ្សេងទៀត ឬជាកម្មសិទ្ធិយ៉ាង​ផ្តាច់មុខ​របស់​អ្វីមួយ ឬរបស់បុគ្គលណាម្នាក់​នោះ​ឡើយ។ អ្វីមួយឋិតនៅជាមួយនឹងអ្វីមួយ​ផ្សេង​ទៀត ឬនៅជាមួយបុគ្គលណាម្នាក់ក្នុង​លក្ខណៈ បណ្តោះអាសន្នតែប៉ុណ្ណោះ រួចហើយ វាក៏ផ្លាស់ ប្តូរពីអ្វីមួយឬបុគ្គលម្នាក់នោះទៅអ្វីមួយឬបុគ្គល ផ្សេងៗទៀតជាដរាបហូរហែគ្មានទីបញ្ចប់ ពេលពេលវេលាសមស្រប របស់វាមក​ដល់។ ការណ៍ដែលនរណាម្នាក់ប្រកាន់ខ្ជាប់ថា អ្វីមួយ គឺជារបស់ខ្លួន យ៉ាងផ្តាច់មុខនោះ ៗវាគឺ​ជាគំនិត មាយា ការ (illusion) ដែលមានប្រភពមក​ពី អវិជ្ជា នេះឯង។ យ៉ាងណាម៉ិញ គំនិត ដែល​នាំទៅ ដល់ ចលនាជាតិនិយមនេះ ក៏ជា គំនិត មាយាការ ដែរ ដែលប្រកាន់ខ្ជាប់ថាជាតិនេះ​គឺ​ជាជាតិរបស់ ខ្លួន ជាទឹកដីកំណើតរបស់ខ្លួន ហើយ​ដែលគ្មាន អ្នកណាម្នាក់ ឬ ជាតិណាមួយ​អាចហ៊ានមក ប៉ះពាល់បានឡើយ។ បន្តិចម្តងៗ​គំនិត​នេះបាន ដឹកនាំទៅដល់ គំនិតជាតិ​និយម​ជ្រុល ដែលគិត ហួងហែងតែអំពីជាតិខ្លួន មើល​ស្រាល​លើជាតិ ដទៃ រួចហើយក៏គិតប្រឹងតែពីអភិវឌ្ឍនិង ពង្រីកទឹកដីជាតិរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ ដល់ជាតិដទៃ ដែលនាំឱ្យកើត​ជម្លោះប្រដាប់ អាវុធកាប់សម្លាប់គ្នា រហូតមក​ដល់​សព្វថ្ងៃនេះ។ តើគំនិត និង ចលនាជាតិ​និយម​នេះគឺជាអ្វី ?

២. គំនិតជាតិនិយម

២.១. ន័យនៃជាតិនិយម

ជាតិនិយម (< ជាតិ + និយម) តាមន័យ​ស័ព្ទភាសាជាតិ “ជាតិ” មានន័យថា កំណើត។ ឧទាហរណ៍ ជាតិខ្មែរ ជាតិចិន។ ឯពាក្យ “និយម”  មានន័យថា សេចក្តី កំណត់, ធម្មតា, ធម្មជាតិ[1]។ តាមន័យស័ព្ទ ដែលគេនិយមប្រើសព្វថ្ងៃនេះ “និយម” គឺជាការប្រកាន់ខ្ជាប់, ការឱ្យតម្លៃ, ការ​ធ្វើ ឬដើរតាម, ការទទួលឬរក្សាទុកជារបស់ ខ្លួន។ ឧទាហរណ៍ ពុទ្ធនិយម (Buddhism) គឺជា​ការ​ស្រឡាញ់ពេញចិត្តនិងការប្រកាន់ ខ្ជាប់ទៅ​តាមការបង្រៀនរបស់ព្រះពុទ្ធ។ មនោនិយម (Idealism) គឺជាជំនឿថា វត្ថុ នានា (objects) នៅ​ក្នុង​លោកនេះគឺជា គំនិត (ideas) ដែលមាន​អត្ថិភាពតែនៅក្នុងគំនិតព្រះ (the mind of God) ឬមនុស្ស ដែលយល់ឃើញពីពួកវាប៉ុណ្ណោះ[2]។ ពាក្យ “និយម” ត្រូវនឹងបច្ឆឹមបទ (suffix) ពាក្យ​អង់គ្លេសថា “- ism” មានន័យថា និយម។ ឧទាហរណ៍ថា Marx ម៉ាក្ស > Marxism ម៉ាក្ស និយម។ Plato ផ្លេថូ > Platonism ផ្លេថូនិយម។ បើ​មនុស្សប្រើជា “- ist > អ្នក...និយម ឧទាហរណ៍ Marx ម៉ាក្ស > Marxist អ្នកម៉ាក្សនិយម ឬអ្នកកាន់ លទ្ធិម៉ាក្ស[3]Aristotle អារីស្តូថល> Aristotelianist អ្នកអារីស្តូថលនិយម ឬអ្នកដើរ​តាម​គំនិត ឬ ទស្សនវិជ្ជារបស់អារីស្តូថល។ បើ​នៅ​ក្នុង ទស្សនវិជ្ជា ពាក្យ “- ism” អាចមានន័យថា លទ្ធិ (doctrine)[4], ជំនឿ (belief)[5] ឬក៏អាច​មាន​ន័យ សំដៅទៅដល់ពាក្យ មនោគមន៍វិជ្ជា (Ideology) [6]នេះផង ដែរ។ រីឯពាក្យថា “- ist” អាច​ឱ្យ​គេ សម្គាល់ថា​ជា សាវ័ក (follower) របស់​និកាយ​ទស្សនវិជ្ជា​ណាមួយក៏បាន។ ឧទាហរណ៍ Aristotelianist អ្នកអារីស្តូថលនិយម មានន័យថា អ្នក​ដែល​ជាសាវ័ករបស់រីស្តូថល។ បើនៅក្នុង​បរិបទសាសនាវិញ វាសម្គាល់ថាជា សាសនិក សាសនិកា។ ឧទាហរណ៍ Buddhist ពុទ្ធសាសនិក ឬពុទ្ធ សាសនិកា។ Islamist អ៊ីស្លាម​​សាសនិក ឬ អ៊ីស្លាម​សាសនិកា។   

ហេតុនេះ ជាតិនិយម គឺជាការឱ្យ តម្លៃ​ឈានទៅលើកតម្កើង ជាតិសាសន៍ របស់ខ្លួន​ឱ្យខ្ពស់ជាងជាតិសាសន៍ដទៃៗទៀត ដោយ​សេចក្តី​យល់ថា ជាតិសាសន៍របស់ខ្លួន មាន​ជាតិ​កំណើត មានវប្បធម៌ មានភាសា មាន​សាសនា មានការរស់នៅ ថ្លៃថ្នូរលើសជាតិ​ដទៃៗទៀត ដែលនាំឱ្យ អ្នកជាតិនិយម (nationalist) មាន គំនិតតស៊ូ ប្តូរជីវិតស្លាប់រស់ ដើម្បី​ថែរក្សានិង ការពារ ក្នុងបុព្វហេតុជាតិ​មាតុភូមិដ៏ថ្លៃថ្លារបស់ ពួកគេ។  

តាមន័យស័ព្ទភាសាអង់គ្លេស ជាតិនិយម (nationalism) គឺជាការមានវេទនារម្មណ៍​ស្រឡាញ់ និងមោទនភាពខ្លាំងទៅលើប្រទេសជាតិរបស់ខ្លួន។ ការមានវេទនារម្មណ៍​ស្រឡាញ់​និងមោទនភាព ប្រទេសជាតិរបស់ខ្លួនខ្លាំងនេះនាំឱ្យកើតមាននូវ គំនិត​ស្នេហាជាតិ (patriotism)[7]

 នៅក្នុងទស្សនវិជ្ជានយោបាយ ពាក្យ ជាតិនិយម (nationalism) នេះ បើនៅ​ក្នុង​ទិដ្ឋភាព វិជ្ជមានរបស់វា វាសំដៅ ដោយ​ត្រង់​ទៅរកន័យ ថា ការជាប់ស្អិត ឬ ការបូជា​ខ្លួន (adherence) ចំពោះ អត្តសញ្ញាណជាតិ (national identity) ដែល បានបង្កើតឡើង​ដោយ​ចរិក​លក្ខណៈខុស ប្លែក គ្នា ដែលជា​ធម្មតា វាកើត​ចេញ​​មកពី ប្រវត្តិ សាស្ត្រ, វប្បធម៌, ភាសា, និង សាសនាជាតិ របស់​អ្នកណា​ម្នាក់។ ជាតិនិយម សង្កត់ធ្ងន់ទៅ​លើ សិទ្ធិ (rights) របស់ជាតិចំពោះ ស្វ័យ​សម្រេច​ចិត្ត (self-determi-nation) និង អធិប​តេយ្យភាព (sovereignty) ហើយទាមទារ​ឱ្យអភិរក្ស វប្បធម៌ របស់ខ្លួន។ អ្នក​ជាតិ​និយម (Nationalists) តែងតែ អះអាង​ថា តម្លៃ និ​ង ផលប្រយោជន៍របស់ជាតិ បើទោះជាឋិត​នៅ​ក្នុងគ្រាមានគ្រោះ​មហន្តរាយ ឬវិបត្តិក៏ដោយក៏ត្រូវតែថែរក្សា​និងការពារ សិទ្ធិរបស់​ពលរដ្ឋម្នាក់ៗរបស់​ខ្លួនដែរ។ ពលរដ្ឋ ម្នាក់ៗត្រូវ​បង្ហាញ​ស្មារតី​ស្នេហាជាតិ ដោយ ស្មោះត្រង់​ចំពោះជាតិ និងបម្រើគោល បំណង រួម​របស់​ខ្លួន។

បើនៅក្នុងទិដ្ឋភាពអវិជ្ជមានវិញ ជាតិ​និយម ប្រកាន់ខ្ជាប់នូវ សារៈសំខាន់ គ្មានហេតុ​ផល (unreasonable importance) ចំពោះ តម្លៃ​សីលធម៌, វប្បធម៌ និង តម្លៃនយោបាយ​របស់​ជាតិ។ ការខ្វល់ខ្វាយ ផ្តាច់​មុខមួយចំពោះផល​ប្រយោជន៍របស់ជាតិ​ខ្លួន​នាំទៅរក ភាពងងឹត​ងងុល (blindness) និង ការច្បាំងគ្នា (belligerence) នៅក្នុងការ​វាយ​តម្លៃពីតម្លៃ​និង​ផល​ប្រយោជន៍ របស់ជាតិ​សាសន៍ដទៃ ឬជន​ជាតិ​ភាគតិច (minorities) ក្នុងជាតិរបស់ខ្លួន។ ក្នុងន័យ​នេះ ជាតិ និយម គឺស្ទើរតែមិនអាច​ញែកចេញពីគំនិត​ស្នេហាជាតិនិយមជ្រុល (chauvinism) បាន[8]

២.២. សាវតារនៃគំនិតជាតិ និយម

តើដំណើររឿងរ៉ាវអំពីគំនិត ដែលនាំឱ្យ​កើតចេញទៅជា ចលនាជាតិនិយម នេះបាន​ចាប់​កំណើតឡើងតាំងពីពេលណាមក?

បើតាមប្រវត្តិទស្សនវិជ្ជាបានឱ្យយើង​ដឹងថា នៅពេលមនុស្សចាប់កំណើត ឡើង​ដំបូង​នៅក្នុងរបបកុម្មុយនិស្តបុព្វកាល (primitive communistic periods) ពួកគេពុំទាន់ចេះគិត ឬ​ចេះ​​​ធ្វើ​អ្វី​នៅឡើយទេ។ ពួកគេរស់នៅ​ទៅតាម​ធម្មជាតិ មិនមានគំនិតធ្វើផ្ទះសម្បែង​ដើម្បីជ្រក​កោន ឬ មានគំនិតប្រមូលយកទ្រព្យសម្បត្តិ ដូចជា គ្រឿងឧបភោគ និងគ្រឿងបរិភោគមកគរ ទុកសម្រាប់ទុកប្រើប្រាស់និងបរិភោគនោះ នៅឡើយទេ។ ទន្ទឹមនឹងនេះដែរ គំនិត បែងចែក​ឱ្យ​ទៅជាបក្សពួកនេះ បក្សពួកនោះ ជាតិ​សាសន៍ នេះ ជាតិសាសន៍នោះ ពូជអម្បូរនេះ ឬពួជអំប្បូរ​ នោះក៏នៅៗឡើយដែរ។ លុះមក​ដល់​ចុង របបកុម្មុយ និស្តបុព្វកាល នេះ ទើបមាន ពន្លក​គំនិត ឬ ហៅឱ្យចំថា ពន្លកទស្សនវិជ្ជា បាន​កើត ឡើង។ ពន្លកទស្សនវិជ្ជា​នេះត្រូវ​បាន​គេ​រកឃើញ​ នៅក្នុង ជំនឿទេវកថា (theology) និង​នៅ​ក្នុង ជំនឿ តូតឹម (totemism)។ រូបរាងពិត​របស់ទស្សនវិជ្ជា​បានកើតឡើងនៅពេល​ដែល​មាន បំណែងចែក​វណ្ណៈ និង បំណែង​ចែក​ពលកម្មបំណែងចែក​វណ្ណៈ និង បំណែង​ចែក​ពលកម្ម នេះកើតឡើង នៅ​ក្នុង របបទាសភាព។ គឺរបបនេះហើយ ដែល​បានបង្កលក្ខខណ្ឌ​បរានុម័តិសម្រាប់កំណ​កំណើតទស្សនវិជ្ជា។ ទស្សនវិជ្ជា នេះ​លេចធ្លោ​ឡើងនៅ សតវត្សទី៦ មុនគ.ស.[9]

ដូច្នេះ បើតាមប្រវត្តិទស្សនវិជ្ជាដូចបាន​រៀបរាប់មកនេះ ទស្សនវិជ្ជាបានកើត ឡើងដំបូង​ ដោយចាប់ផ្តើមនៅក្នុង គំនិត ទំនាស់ (conflicting thoughts) ទៅលើការបែង​​​ចែក​វណ្ណៈអំពី ភាពមាន (richness) និង ភាពក្រ (poorness) ពោលគឺរវាង ម្ចាស់​ទាសករ (ពួកអភិជន)​ និង ទាសករ (ពួក​អធន) ឬរវាង បញ្ញាពលកម្ម (អ្នកចេះ ដឹង) និង កាយពលកម្ម (អ្នកធ្វើការដោយ កម្លាំង​កាយ) នេះឯង។ ចំពោះ គំនិតជាតិ និយម ដែលនាំ​ទៅ​ដល់ ចលនាជាតិ​និយម ក៏ត្រូវ​បានគេគិតថា​បានចាប់​បដិសន្ធិ​ឡើងដោយផ្តើម​ចេញ​មក​ពី​គំនិតបែងចែក វណ្ណៈ​រវាង អ្នកមាន-អ្នកក្រ, អ្នក​ចេះ-អ្នក ល្ងង, អ្នកល្អ-អ្នកអាក្រក់ នេះដែរ។ គំនិតទំនាស់នេះ​បាន​បន្តការតស៊ូជាគូបដិបក្ខ ជាមួយគ្នា​នៅ​ទូទាំងប្រវត្តិសាស្រ្តមនុស្សជាតិ​រហូត​មក​ដល់​សព្វថ្ងៃនេះ។ អ្នកដែលកើតគំនិត​ញែក ភាពមាន ឱ្យដាច់ចេញពី ភាពក្រភាព​ចេះ​ដឹង ​ឱ្យដាច់ចេញពី ភាពល្ងង់ខ្លៅ នេះ​គឺ​គ្មាន​កើត​ចេញពីអ្នកណាក្រៅពីពួក​បញ្ញា​ពលកម្ម ដែលជា ពួកបញ្ញាជន ហើយ​​​ក៏​ជា ពួក​អ្នកមាន នេះនោះឡើយ។ ឧទាហរណ៍ នៅក្នុង​សង្គម​ក្រិកបូរាណ នៅសម័យផ្លេថូ (៤២៨ - ៣៤៧ មុនគ.ស.) ផ្លេថូឥតបានគិតថា មនុស្ស​ទាំងអស់​សុទ្ធ​តែ​មានតម្លៃជាមនុស្ស ដូចៗ​គ្នា​នោះទេ។ លោក​យល់ថា មានតែមនុស្សមួយ​ចំនួន​តូច​ទេដែលមានតម្លៃជាមនុស្ស និងមាន​សីលធម៌។ រីឯទាសករគឺជាសត្វដែលចេះ​និយាយ។ បើពួក​គេគឺជាសត្វ ហេតុនេះ​ពួកគេ​ក៏​គ្មាន​សីលធម៌​នោះ ដែរ[10]

គូបដិបក្ខៈ ភាពមាន-ភាពក្រ, ភាព មាន​បញ្ញា- ភាពល្ងង់ខ្លៅ, ភាពល្អ-ភាព អាក្រក់, ភាព​មានតម្លៃ-ភាពឥតតម្លៃ មានផ្ទុកនូវ​គុណភាព, តម្លៃ, និងផលប្រយោជន៍ មិនដូចគ្នាទេ។ គ្រប់​ពាក្យនៅខាងដើមគូបដិបក្ខនីមួយៗ សុទ្ធតែ​មាន​ផ្ទុកនូវគុណ ភាពនិងតម្លៃវិជ្ជមាន ដូចជា មានសារៈ សំខាន់ (important), គួរឱ្យចង់​បាន (desirable), មានន័យ (meaningful), គួរឱ្យ​ចូលចិត្ដ (preferable), មានប្រយោជន៍ (useful), គួរឱ្យចាប់​អារម្មណ៍ (interesting) ...ល[11] ឯចំពោះពាក្យ​ខាង​ចុង​នៃគូបដិបក្ខនីមួយៗវិញ សុទ្ធតែមាន​ផ្ទុក​នូវគុណភាពនិងតម្លៃ អវិជ្ជមាន ដូចជា គ្មានសំខាន់ (unimportant), មិនគួរឱ្យចង់​បាន (undesirable), គ្មានន័យ (meaningless), មិន​គួរ​ឱ្យចូលចិត្ដ (unpreferable) ឥតប្រយោជន៍ (useless), មិនគួរឱ្យចាប់​អារម្មណ៍ (uninteresting) ...ល។

រវាងគុណភាពនិងតម្លៃវិជ្ជមាន និង អវិជ្ជមានទាំងពីរនេះ មនុស្សដែលជាសត្វ មាន ចិត្ត (mind) សម្រាប់គិតពិចារណា បាន​រក​ឃើញ​និង​ឱ្យតម្លៃជាខ្លាំងទៅលើ គុណភាពនិងតម្លៃ​វិជ្ជមានជាងគុណភាព​និងតម្លៃអវិជ្ជមាន ពីព្រោះវាគឺជាមូលដ្ឋាន សម្រាប់អត្ថិភាព​ពិត​ប្រាកដរបស់គេ។ វា មានឥទ្ធិពលមកលើការគិត, បង្កើតឱ្យមានឥរិយាបថ, ធ្វើឱ្យគោលការណ៍​និងទស្សនៈ របស់គេមានរូបរាងឡើង, ហើយ​និង​ផ្ដល់ នូវលក្ខណៈគ្រប់គ្រាន់ចំពោះជម្រើស របស់គេ។ ចំណែកឯគុណភាពនិងតម្លៃ អវិជ្ជមានវិញ ត្រូវគេនិយាយថា អន់, ថោក, គួរឱ្យស្អប់ខ្ពើម ហើយគេត្រូវតែដកខ្លួន ចេញឱ្យ​បាន​កាន់តែឆ្ងាយកាន់តែល្អ។ ហើយមនុស្ស​ដែល​មានគុណភាព និង តម្លៃអវិជ្ជមាននេះត្រូវ​បានគេចាត់ទុកមកនៅត្រឹមកម្រិត សត្វតិរច្ឆាន សត្វថ្នាក់ទាប តែប៉ុណ្ណោះ។

ដូចនេះ គំនិតនៅក្នុងការបែងចែក វណ្ណៈ ​ឬគំនិតញែកវត្ថុមួយដើម្បីរកឱ្យ ឃើញ​ពីច​រិកលក្ខណៈខុសប្លែកគ្នាពីវត្ថុមួយផ្សេង​ទៀត គឺជាគំនិតបង្កើតឱ្យមាន ទំនាស់រវាង​អង្គ​វត្ថុ។ តាមតថភាព និងសច្ចភាព វត្ថុនានាមិន​ដូចគ្នា​នោះឡើយ។ ភាពដូច​គ្នានៃអង្គវត្ថុគឺជា​ភាពខុសគ្នានៃអង្គវត្ថុ វាគឺ​ជា​គំនិតត្រឹមត្រូវ។ ប៉ុន្តែបើយើងគោរពទៅ​តាម​គោលការណ៍​ញែកនេះ​ អ្នកមាន និង​អ្នក​ក្រ អ្នកឆ្លាតនិងអ្នក​ល្ងង់​មិនអាចចូល​គ្នា​ចុះ និងអាចជួយបំពេញ​ឱ្យគ្នាបានដោយ​សុខដុមឡើយ។ វាត្រូវដើរផ្ទុយ​ពីគោល​គំនិត​ខ្មែរដែលលើកឡើងថា “អ្នកមាន​រក្សា​ខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សា​ខ្លៅដូចសំពៅនូវសំប៉ាន” ហើយ។



[1] ជួនណាត, វចនានុក្រមខ្មែរអេឡិចត្រូនិច,  រក្សា សិទ្ធិដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០ ០៨, ទំព័រ ជាតិ, និយម

[2] Cambridge Advanced Learner’s Dictionary, 3rd ed. p faith, p idealism

[3] Franklin E. Huffman and Im Proum, English-Khmer Dictionary, New Haven and London, Yale University Press, 1977, p 315

[4] ជាសេចក្ដីយល់ឃើញ; សេចក្ដីប្រកាន់ជំនឿ, ជំនឿ; ការប្រកាន់តាមយោបល់របស់ខ្លួនតាមទម្លាប់; ពិធី, បែបបទ; ការនិយម។ ឧទាហរណ៍ Confuscianism លទ្ធិខុងជឺ ឬខុងជឺនិយម; Mate-riallism លទ្ធិរូបធាតុ ឬរូបធាតុនិយម។

[5] ជាវេទនារម្មណ៍មួយថា អ្វីមួយឬនណាម្នាក់ មានតថ (real) និងមានសច្ច (true); ការជឿជាក់ ឬការមានទំនុកចិត្តលើ។

[6] ជាសំណុំគំនិត ឬជំនឿដែលបង្កើតជាមូលដ្ឋាន ទ្រឹស្តីសេដ្ឋកិច្ច ឬនយោបាយ ឬសំណុំគំនិត ឬ ជំនឿដែលបានរៀបចំឡើងដោយក្រុម ឬបុគ្គល ណាមួយ។ ឧទាហរណ៍ មនោគមវិជ្ជាម៉ាក្សនិយ ម, មនោគមន៍វិជ្ជាពួកគហបតី, មនោគមន៍វិជ្ជាសេដ្ឋ កិច្ចនិយម, មនោគមន៍វិជ្ជាពួកសេរី, មនោគមន៍ វិជ្ជាពួកកុម្មុយនិស្ត។

[7]Jonathan Crowther, Oxford Advanced Learner’s Dictionary of Current English,  Oxford University Press, Oxford New York, 5th Ed, 1995, p 773

[8] Nicholas Bunnin And Jiyuan Yu, The Blackwell Dictionary of Western Philosophy, USA, First published, 2004 p.455

[9] ឆយ យីហ៊ាង, “ប្រវត្តិទស្សនវិជ្ជាបស្ចឹមប្រទេស, ប្រវត្តិទស្សនវិជ្ជាបូរាណសម័យក្រិក”,សាកល វិទ្យាល័យភូមិន្ទភ្នំពេញ, ១៩៩៤, ទំព័រ ៤

[10] ឆយ យីហ៊ាង, “ប្រវត្តិទស្សនវិជ្ជាបស្ចឹមប្រទេស, ប្រវត្តិទស្សនវិជ្ជាបូរាណសម័យក្រិក”,សាកល វិទ្យាល័យភូមិន្ទភ្នំពេញ, ១៩៩៤, ទំព័រ  ៦៣

[11] Venancio B. Ardales, “Introductory text to philosophy,”2nd printing, New York, 1974 p.76 -77

៣. ចលនាជាតិនិយម

៣.១. ចលនាជាតិនិយមសង្គម អាល្លឺម៉ង់

ដូចមិត្តអ្នកអានជ្រាបស្រាប់មក ហើយ​ថា បំណែងចែកវណ្ណៈគឺជាបុព្វហេតុចម្បងនៃ គំនិតជាតិនិយម។ តាមក្រិត ក្រមធម្មជាតិ អ្នក​មាន ឬអ្នកចេះ គឺជាអ្នក ដែលមានអានុភាព ឬ​សក្តានុពលភាព ខ្លាំងមកលើអ្នកអ្នកក្រ ឬអ្នក​ល្ងង់តាម រយៈកម្លាំងកាយ, កម្លាំងទ្រព្រសម្បត្តិ ឬ កម្លាំងបញ្ញាដោយវិជ្ជមាន ឬដោយអវិជ្ជ មាន។ ដោយវិជ្ជមាន មានដូចជាការជួយ ផ្តល់​កម្លាំងកាយ ជួយទំនុកបម្រុងសម្ភារៈ គ្រឿង​ឧបភោគបរិភោគ...ល។ ជួយផ្តល់ កម្លាំងចិត្ត​ ដូច​ជា​ណែនាំឱ្យអ្នកក្រ ឬអ្នក ល្ងង់ មានសេចក្តី​សង្ឃឹមនៅក្នុងជីវិត, ជួយ ថែរក្សាការពារ​ពួកគេ​ឱ្យរស់នៅបាន ដោយ​សេចក្តីសុខនិង​សេចក្តី​ចម្រើន...ល។  ដោយ​​អវិជ្ជមាន មានដូចជា ការ​កេងប្រវ័ញ្ចលើ​កម្លាំង​ញើសឈាមអ្នកក្រ ឬ អ្នកល្ងង់ដែល​នាំ​ឱ្យការរស់នៅរបស់​ពួកគេ​កាន់​តែ​ក្រ​ទៅៗ កាន់តែលំបាកទៅៗ រហូតដល់ទៅ​វិនាស​​អស់​ទ្រព្យសម្បត្តិ បាត់បង់ជីវិត បែកបាក់​ក្រុមគ្រួសារ និង ឈានទៅដល់វិនាសបាត់​បង់​អស់នូវជាតិ មាតុភូមិជាទីស្រឡាញ់​របស់​ខ្លួន។ បុគ្គលម្នាក់ ឬជាតិមួយដែល​មាន កម្លាំង​អរិយធម៌ (civilizational power)​ខ្លាំង ​ហើយប្រើ ឥទ្ធិពលអវិជ្ជាមក​លើ​បុគ្គល​ឬជាតិទន់ខ្សោយ​ជាងមួយ វាធ្វើឱ្យ​ជម្លោះ​បង្កទៅជាសង្រ្គាម រវាងបុគ្គល​និង​បុគ្គល ឬរវាងជាតិមួយនិង​ជាតិ​មួយទៀត​កើត​ឡើង។ ហើយ បើបុគ្គលម្នាក់ ឬ​ជាតិ​​មួយ​ប្រកាន់គំនិតទៅ តាមច្បាប់ធម្មជាតិ អ្នកខ្លាំងជាអ្នកឈ្នះ អ្នកខ្សោយជាអ្នកចាញ់ និងរងគ្រោះភ័យន្តរាយ ត្រីធំស៊ីត្រីតូច ឬ​ទឹក​​ឡើងត្រីស៊ីស្រមោច ដល់ទឹកហោច​ស្រមោច​ស៊ីត្រីនោះ នេះគឺជាគំនិតបង្កើត​ឱ្យមានការតស៊ូ​រវាងបុគ្គលនិងបុគ្គល រវាង​ជាតិមួយនិងជាតិ​មួយ ដែលនាំទៅដល់​ការ​បំផ្លាញគ្នាគ្មានទី​បញ្ចប់ រហូតដល់រលាយ​ផែនដីសូន្យអស់ ដែល​ជាចុងក្រោយ គឺគ្មាន​ពូជ​សាសន៍ ណាអាចនៅ​មាន​អត្ថិភាព​បាន​ឡើយ។ បុគ្គលម្នាក់ ឬជាតិ​មួយដែលធ្លាប់​តែ​ខ្លាំង និង បុគ្គលម្នាក់​ឬជាតិ​មួយ ដែល​ធ្លាប់​តែ ខ្សោយនឹងត្រូវតស៊ូ​ជាមួយ​គ្នាជា​ដរាប។ ដល់ដំណើរប្រែប្រួលនៃ​ពេល​វេលា​ឈានចូលមកដល់ ជាតិមួយដែលធ្លាប់​តែ​ខ្លាំង​ក៏ធ្លាក់ទៅជាខ្សោយ ជាតិមួយដែល​ធ្លាប់​តែខ្សោយក៏ប្រែទៅជាខ្លាំង ត្រូវតស៊ូ​នៅក្នុង គំនិតសងសឹកដណ្តើមឈ្នះចាញ់ ដើម្បី​ដណ្តើម​យកអានុភាពលើគ្នាទៅវិញ​ទៅមក។ អ្នកចាញ់ត្រូវបាត់បង់ទឹកដី, បាត់ ជាតិ​សាសន៍​ពូជអំម្បូរ, បាត់បង់ភាសា ប្រពៃណីទំនៀម​ទម្លាប់​ជាទីស្រឡាញ់ របស់​ខ្លួន។ ដោយសារ​សេចក្តី​ស្រឡាញ់ នេះ​ទើប ចលនាជាតិនិយម ក៏បានកើត ឡើង។ បើដូច្នេះ មនុស្សមិនអាច​រស់នៅជាមួយគ្នាដោយប្រើប្រាស់ច្បាប់​ធម្មជាតិ​បានឡើយ។

នៅក្នុងសង្គមអាល្លឺម៉ង់ដែលដឹក នាំ​ដោយ អេដុល្ហ្វ ហ៊ី ត្លែរ (Adolf Hitler ១៨៨៩- ​១៩៤៥) គាត់បានសម្លាប់ ជន ជាតិជ្វីហ្វ (the Jewish people) អស់រហូតដល់ទៅជាង៦ លាន​នាក់ រឿងនេះក៏មកពីមូលហេតុសងសឹកនៅ​ក្នុងរឿង​ជាតិយមជាមួយជាមួយនឹង ជនជាតិ​ជ្វីហ្វ ដែលសព្វថ្ងៃជា ជនជាតិអ៊ីស្រាអែល (Israel people) ដោយមានមូលហេតុ​ដូចខាង​ក្រោម៖

ដើមហេតុទី១ បណ្តាលមកពីកាល នៅ​ជា​យុវវ័យកំពុងសិក្សា ហ៊ីត្លែរ មានចំណង់​ចំណូល​ចិត្តទៅលើ មុខវិជ្ជាសិល្បៈ ប៉ុន្តែ គ្រឹះ​ស្ថានសិក្សានៅទីក្រុង វីយែន (Vienna) ប្រទេស​អូទ្រីស ដែលគ្រប់គ្រង ដោយ​ជនជាតិ​ជ្វីហ្វ​មិន​ព្រមទទួលយកលោកឱ្យចូលរៀននោះ​ឡើយ។ ដើមហេតុ ទី២ ក្រោយពេលលោក​បរាជ័យ​មិនបានចូលរៀន មុខវិជ្ជាសិល្បៈ ហ៊ីត្លែរ​ បាន​ទៅស្នាក់អាស្រ័យនៅផ្ទះជួលមួយ​ដែលមាន ម្ចាស់ផ្ទះ ជាជនជាតិជ្វីហ្វ ដែល​មានចរិកក្អេង​ក្អាង ចូលចិត្តមាក់ងាយអ្នកដទៃ រួមទាំង ហ៊ីត្លែរ ខ្លួនឯងនេះផង។ ដើមហេតុ ទី៣ នៅក្នុងឆ្នាំ​៨៩៨៧ អាល្លឺម៉ង់អូទ្រីស ជនជាតិ​ជ្វិហ្វអម្បូរ​ជ្វីហ្វអន្តោប្រវេសន៍ ភាគ​ច្រើន​គឺជាអ្នកមាន​ទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយ​ក៏ជាអ្នកគ្រប់គ្រង ក្តោបក្តាប់លើសេដ្ឋកិច្ចមួយ​ភាគ​ធំនៅក្នុង​សង្គម ខណៈពេលដែលជនជាតិ​ម្ចាស់ស្រុកបែរ ជាក្រតោកយ៉ាក ត្រដាបត្រដួស​ទៅ​វិញ។ ហ៊ីត្លែរ និងជនជាតិអាល្លឺម៉ង​អូទ្រីស​ដទៃ ទៀតបាន​ទទួលរងនូវការមើលងាយ មើលថោកជា​រឿយៗ​ពីសំណាក់ជនជាតិ ជ្វីហ្វអន្តោប្រវេសន៍។ ដើម​ហេតុ​ទី៤ ហ៊ីត្លែរ មានរឿងដ៏សែនខ្លោច​ផ្សា​មួយ ពាក់ព័ន្ធ​ទៅនឹងម្តាយលោកមានជំងឺ​មហា​រីក​សុដន។ គាត់ស្លាប់បាត់បង់ជីវិត នៅមន្ទីរពេទ្យ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមគ្រូ​ពេទ្យ​ជាជនជាតិ ជ្វីហ្វ។ មរណភាពរបស់ម្តាយ ហ៊ីត្លែរ បានធ្វើឱ្យកំហឹងគុំគួនរបស់យុវជនរូប​នេះកាន់តែពុះកញ្ជ្រោលខ្លាំងឡើងចំពោះអម្បូរជនជាតិជ្វីហ្វ។ ដើមហេតុទី៥ គឺជាមូលហេតុ​ ​​​​មួយ​ទៀតដែលសៀវភៅជាច្រើនបានលើក​ឡើងពីហ៊ីត្លែរ ដែលមានការ​ខឹងសម្បារជាមួយ​នឹង​ ជនជាតិជ្វីហ្វ ដែលមាន​បំណងចង់បម្លែង​ប្រទេសអាល្លឺម៉ង់ ទៅជា​ប្រទេស​ជនជាតិជ្វិហ្វ[1]

មូលហេតុដូចបានរៀបរាប់មកនេះ នៅ​ពេលដែល ហ៊ីត្លែរ បានឡើងធ្វើជាមេដឹកនាំ​នៅ​ប្រទេសអាល្លឺម៉ង់ ការសងសឹកចំពោះ​ជនជាតិ​ជ្វីហ្វ និងបុព្វហេតុជាតិនិយម​ក៏កើតមាន​ជា​ហូរហែរហូតដល់ធ្វើឱ្យជនជាតិនេះវិនាសបាត់បង់ជីវិតអស់រហូតដល់ទៅជាង​៦ លាននាក់។

៣. ២. ចលនាជាតិនិយមនៅអាស៊ី

សង្រ្គាមលោកលើកទី២បានចាប់ ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ហើយ បានបញ្ចប់ទៅវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ១៩៤៥។ សង្រ្គាមនេះបានបញ្ឆេះឡើង ដោយ​មហិច្ឆតារបស់ ប្លុកយោធា​ឈ្លាន​ពាន អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន សម្ព័ន្ធភាព​ត្រីភាគីពបែរឡាំង-រ៉ូម-តូក្យូ មានពួក​ហ្វាស៊ីស​ អ៊ីតាលី, ណាស៊ី​អាល្លឺម៉ង់, និង​យោធា​ និយមជប៉ុន ដែលជាប្លុក​ថ្មី​ក្រោយ​សង្រ្គាម​ លោកលើកទី១ ដែលមាន​បំណង​​ចង់​ត្រួត ត្រាលើពិភពលោកខាងផ្នែក​សេដ្ឋកិច្ច, កម្លាំងយោធា, និងភូមិសាស្រ្ត​នយោបាយ ហើយដែលក្រោយមកប្លុក​យោធា​ថ្មីនេះ ត្រូវប្រឈមមុខកាន់តែ​ស្រួចស្រាវ​ទល់​នឹង​អតីតមហាអំណាច​ចាស់ៗ​មាន អង់គ្លេស, បារាំង, សហភាព​សូវៀត, និងសហរដ្ឋ​អាម៉េរិក[2]។​ សង្រ្គាម​នេះ​បានបង្កវិនាសកម្ម យ៉ាងធ្ងន់ធ្ងរដល់​ប្រទេសជាច្រើននៅក្នុង ពិភពលោក ទាំង​ជីវិតមនុស្ស, ទ្រព្យសម្បត្តិ, ហេដ្ឋារចនា​សម្ព័ន្ធ, ទាំងទឹកដី , ពូជសាសន៍ ភាសា...ល។ ដែលមកដល់ពេលនេះ ប្រទេស​មួយចំនួននៅតែបន្តរងគ្រោះដោយសារតែពួកអាណានិគមរបស់ពួកមហាអំណាចអឺរ៉ុប​ដែល​បានពុះជ្រៀកទឹកដីរបស់ពួកគេឱ្យទៅជា​ចម្រៀកៗ​ដើម្បីចែកគ្នាត្រួតត្រា ដែលនាំឱ្យបាត់​បង់​ជាតិមាតុភូមិជាទីស្រឡាញ់របស់ពួកគេ។

ទិដ្ឋភាពរងគ្រោះដូចបានរៀបរាប់មក​នេះ​បានជំរុញឱ្យកើតមានដោយមិនដឹងខ្លួននូវ​មនោសញ្ចេតនាជាតិនិយម ដែលបានប្រែក្លាយ​ទៅ​ជាចលនាប្រឆាំងពួកអាណានិគមស្បែកស​ដែលមកពីអឺរ៉ុប ឬពួកអាណានិគមជប៉ុន។ គឺ​ចលនាប្រឆាំងពួកអាណានិគមនេះហើយ ដែល​ជាបុព្វហេតុមូលដ្ឋាននៃគណបក្ស ឬចលនា នយោបាយដែលបានផ្តើមលេចចេញជារូបរាង​នៅចុងស.វ.ទី១៩ ដើម ស.វ.ទី២០ នៅតាម​បណ្តា​​​ប្រទេសអាស៊ីនានា។ គណបក្សឬ​ចលនា​នយោបាយទាំងអស់នេះមានគោលដៅ​ដើម​តែមួយដូចគ្នានោះ គឺ ការទាមទារឯករាជ្យ។ ជាក់ស្តែង បក្សសមាជជាតិឥណ្ឌាបង្កើតឡើង​នៅឆ្នាំ១៨៨៥, សមាគមន៍យុវជនពុទ្ធបរិស័ទ ភូមាបង្កើតឡើងនៅឆ្នាំ១៩០៦, បក្ស គូមីងតុង​បង្កើតឡើងនៅឆ្នាំ ១៩១២ នៅ ចិន...ល។

នៅក្នុងចលនាតស៊ូជាតិនិយមនេះ ឥណ្ឌាបានតស៊ូទាមទារឯករាជ្យពីអាណានិគមអង់គ្លេសនៅឆ្នាំ១៩៤៧, ភូមានៅ ឆ្នាំ១៩៤៨, ស្រីលង្កានៅឆ្នាំ១៩៤៨, និង ម៉ាឡេស៊ីនៅឆ្នាំ ១៩៥៨។ នៅឥណ្ឌូចិន កម្ពុជាបានទទួល​ឯករាជ្យ​ពី​​បារាំង​នៅឆ្នាំ១៩៥៣, ឡាវនៅឆ្នាំ ១៩៥៤, វៀតណាម នៅឆ្នាំ១៩៥៤។ ដោយឡែក ឥណ្ឌូនេស៊ី ទទួលឯករាជ្យពីហូឡង់​នៅឆ្នាំ​១៩៤៩។ រីឯហ្វីលីពីនក្លាយជាប្រទេសឯករាជ្យ ពេញលេញនៅឆ្នាំ១៩៤៦[3]



[1] YouTube, Share Knowledge (SK), February 8, 2017, ហេតុអ្វីហ៊ីត្លែរសម្លាប់ជនជាតិជ្វីហ្វ អស់ជាង ៦ លាននាក់? 

[2] គរុនិស្សិតប្រវត្តិវិទ្យាជំនាន់២១, ប្រវត្តិសាស្ត្រ សកលលោក, វិទ្យាស្ថានជាតិអប់រំ, ឆ្នាំ?, ទំព័រ ១

[3] ហ្សង់-ហ្វ្រង់ស័រតាន់, មនោសញ្ចេតនាជាតិ និយមនៃប្រជាជាតិអាស៊ីអាគ្នេយ៍, ប្រភព ដើមពីនាទីភូមិសាស្រ្តនយោបាយរបស់វិទ្យុបា រាំងអន្តរជាតិ ផ្សាយជាខេមរភាសា(rfi), តំណ ភ្ជាប់ព័ត៌មានវិទ្យុបារាំង៖ http;//km.rfi.fr

៤. ភាពមិនឯករាជ្យនៃគំនិតនិង ចលនាជាតិនិយម

ភាពមិនឯករាជ្យនៃគំនិតនិងចលនា ជាតិ​និយម មានន័យថា គំនិតនិងចលនាជាតិ​និយមមិនអាចប្រព្រឹត្តទៅដោយឯកឯងតែឯងដោយមិនពឹងអាស្រ័យទៅលើជាតិសាសន៍​ដទៃ​បានដោយមានការរីកធំធាតុ និងមានអាយុ​យូរ​អង្វែងបាននោះឡើយ។ នេះមានន័យថា គំនិត​និងចលនា ជាតិនិយមអាចមានអត្ថិភាព​បាន​គឺត្រូវ ពឹងអាស្រ័យជាមួយនឹងជាតិ​ដទៃៗ​ទៀត ទើបវាមានការរីកធំធាតុ និងមាននិរន្តរភាព​យូរ​អង្វែងបាន។ រឿងនេះវាមានតថភាព​និងសច្ចភាព​ សម្រាប់គ្រប់អង្គវត្ថុទាំងអស់ មិន​ថា​តែគំនិតនិង​ចលនាជាតិនិយម មួយនេះទេ។ ដូចព្រះរាជ​សម្ភារ កវីរាជ សតវត្សទី១៧បានចារ​ទុកថា ៖ “ខ្លែង​ហើរ ដ្បិតខ្យល់ នាយថ្កើងដ្បិត​ពល រក្សា​ឱ្យ សុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃ​ទុកផ្ទះធំ ស្រណុកដ្បិតភរិយាជា[1]។” ប្តីនឹង​ប្រពន្ធ, ប្រៀបដូចអណ្តាតនិងធ្មេញ ពួកវាតែងពឹង​អាស្រ័យគ្នា ទើបមនុស្សអាចរស់បាន ទើប​គូ​ស្រករមួយមានកូន មានទ្រព្យ សម្បត្តិស្តុកស្តម្ភ ទើបមានផ្ទះធំទ្រនំខ្ពស់បាន។ សម្លមួយឆ្នាំង​ដែល​ឆ្ងាញ់មិនមែន មកពីត្រី ឬអំបិល ឬមកពី​ទឹក​តែម្យ៉ាង នោះទេ គឺវាឆ្ងាញ់មកពីភាព​ប៉ិន​ប្រសប់របស់ចុងភៅដែលចេះផ្សំធាតុទាំងនេះ ចូលគ្នា ដោយគិតរួមទាំងគ្រឿង អ្នកទទួលទាន និងទាំងបរិយាកាសមនោរម្យទៀត ផង។ ដូចគ្នា​នេះដែរ ជាតិឬអរិយធម៌របស់ជាតិមួយដែល​ចម្រើន​រុងរឿងនិងជឿនលឿនទៅបានគឺ​មិន​មែន​មកពីជាតិទោល ឬជាតិដែលមាន​ពូជ​សុទ្ធ​ដោយឡែកតែឯងដោយមិនមានទំនាក់​ទំនង​ជាមួយនឹង ជាតិសាសន៍ដទៃនោះទេ។ គឺវា​អាស្រ័យ​ទៅលើចំណេះដឹង ឬភាពវ័យឆ្លាត​របស់ជាតិនោះ ដែលមានទម្លាប់បើកទូលាយ ផ្លូវចិត្ត ចេះបង្កើតទំនាក់ទំនងល្អជាមួយ នឹង​អរិយធម៌របស់ជាតិដទៃ ដែលមានអរិយធម៌​ចម្រើនរុងរឿងនិងចេះទទួល យកហើយនិង​ចេះ​ដាំស្លចម្រាញ់គំនិត វប្បធម៌និងសង្គមធម៌​ល្អៗរបស់ជាតិដទៃៗ ទាំងនោះមកផ្សំចូល​ជាមួយ​នឹងគំនិតវប្ប ធម៌និងសង្គមធម៌របស់​ជាតិ​ខ្លួន ទើបក្លាយទៅជាអរិយប្រទេសមួយ​បាន។ ជាតិមួយ ដែលចេះអភិវឌ្ឍជាតិ ឬ​អរិយធម៌ជាតិរបស់ខ្លួនឱ្យចម្រើនរុងរឿង និង​ជឿនលឿនតាមដំណើរបែបនេះទៅបាន នេះ ទើបមានឈ្មោះថាជាជាតិដែលចេះស្រឡាញ់​ជាតិមាតុប្រទេសខ្លួន ឬពោល ដោយខ្លីថា អ្នក​ស្នេហា​ជាតិ អ្នកស្រឡាញ់ជាតិអ្នកជាតិ​និយម (nationalists)។ ត្រឹងងាបានសរសេរថា “អរិយធម៌របស់ ប្រទេសធំៗ ដែលរីកចម្រើនគឺ​សុទ្ធ​តែជា ផលរួមនៃអរិយធម៌ជាច្រើន​ដូច​ជាអរិយធម៌អឺរ៉ុប-អាម៉េរិក-រុស្សី-ចិន-ជប៉ុនជា ដើម។[2]” សម្តីនេះមានតថភាពនិងសច្ចភាព។ នៅក្នុងសង្គមខ្មែរ អ្វីដែលជារបស់ ខ្មែរសុទ្ធ​ដែល​កើតឡើងដោយដៃខ្មែរសុទ្ធ មុននឹងទទួល​យក​គំនិតពីឥណ្ឌាដូចជា ព្រហ្មញ្ញសាសនា ឬព្រះ​ពុទ្ធសាសនា ខ្មែរ មានមូលដ្ឋានជំនឿដើមរបស់​ខ្លួន ដូចជា ជំនឿលើព្រលឹងរបស់អ្នកស្លាប់ទៅ​ហើយមិនសូន្យ ហើយទៅចាប់ជាតិជាថ្មី ហើយ និងជំនឿតូតឹម (totemism) ដែលខ្មែរជឿថា ខ្លួន​បានបន្តពូជពង្សមកពីសត្វត្រកួត ឬសត្វ​នាគ ដូចជាកូនស្រីស្តេចភូជង្គនាគ នៅក្នុងពិ​ធី​មង្គលការត្រង់វគ្គព្រះថោង តោងស្បៃនាង​នាគ​ជាដើម។ ជំនឿនេះ នៅមានអត្ថិភាពរហូត​មក​ដល់សព្វថ្ងៃ ដែលយើងស្គាល់ថាជាអារក្ស-អ្នកតា ឬពិធីព្រះថោងតោងស្បៃនាងនាគនេះ ឯង។ នៅក្នុងន័យនេះ បើខ្មែរមានតែជំនឿ ដើមរបស់ខ្លួននេះតែម្យ៉ាង ខ្មែរក៏មិនមាន ប្រវត្តិ​ធ្លាប់ជាអ្នកកសាងអរិយធម៌មួយដ៏ រុងរឿងនៅ​សម័យ​អង្គរ គ្មានប្រាង្គប្រា សាទល្អៗ, គ្មានទីវត្ត​អារាម, គ្មានភាសា, គ្មានអក្សរ (ភាសានិងអក្សរ​បាលី-សំស្ក្រឹត) នេះនោះដែរ។ ហេតុនេះ ព្រហ្មញ្ញ​​​សាស នា និងព្រះពុទ្ធសាសនាដែល​ខ្មែរ​​ទទួល យកមកពីឥណ្ឌាគឺជាកម្លាំងចលករ​បាន ជួយជម្រុញនិងជួយអភិវឌ្ឍគំនិតទស្សន វិជ្ជាខ្មែរឱ្យសម្បូរបែប ដែលនាំឱ្យអរិយធម៌ ខ្មែរសម្បូរមែកធាងឡើងដល់កំពូល។

ហេតុនេះ ធាតុសុទ្ធ ឬគុណភាព សុទ្ធ ដូចជា ពូជសុទ្ធ, ខ្មែរសុទ្ធ, ចិនសុទ្ធ, សៀមសុទ្ធ, អង់គ្លេស​សុទ្ធ, រុស្ស៊ីសុទ្ធ...ល។ មិនមែនជាធាតុ​ឬគុណភាពចម្រើនរុង រឿងនិងជឿនលឿន​នោះឡើយ។ រឿងនេះ គេអាចពិនិត្យមើលគូ​ស្រករ​ប្តីប្រពន្ធ ដែលមានប្រភពមកពីពូជតែ​មួយ ពេលមានកូន ៗនោះមិនឆ្លាតឡើយ។ កូន​ដែល ល្អនិងឆ្លាត គឺកូនដែលមានប្រភពមកពី ឪពុកម្តាយមកពីត្រកូលផ្សេងគ្នា ឬកូន កាត់​ជាតិ​ដទៃ (កូនកាត់ពីរសាសន៍ ឬបី សាសន៍)។ គំនិតដែលល្អគឺគំនិតដែលចេះ បើកទូលាយ​ផ្លូវចិត្ត (open-mindedness) ទទួលយកគំនិតល្អៗ​ពី​​គំនិត​អ្នកដទៃ។ ដើម្បីអភិវឌ្ឍជាតិមួយ​ឱ្យ​ចម្រើន គេត្រូវ សិក្សារៀនសូត្រពីជាតិចម្រើន​ដទៃៗ។ នៅក្នុងពិភពលោក សហរដ្ឋអាម៉េរិក​គឺជា​ប្រ ទេសមហាអំណាចធំ ទាំងខាង​បច្ចេកវិទ្យា, ទាំងខាងកម្លាំងយោធា, សេដ្ឋកិច្ច, ទឹកដី, និងទាំងខាងចំនួនប្រជាជនច្រើនដែល មានជីវភាពធូធា។ ប្រទេសមហាអំណាចធំ​មួយ​នេះក្លាយជាប្រទេសមហាអំណាច ក៏ដោយសារ​តែប្រទេសនេះចេះបើកទូលាយទទួលយក​ជនជាតិមកពីគ្រប់ប្រទេសដូចជាអាល្លឺម៉ង់, រុស្ស៊ី, បារាំង, អង់ គ្លេស, ចិន...ល។ ឧទាហរណ៍ អាល់ប៊ឺត អាញស្តាញ (Albert Einstein) គឺជា​កំពូល​​អ្នកប្រាជ្ញរូបវិទ្យាទ្រឹស្តីសញ្ជាតិអាម៉េរិក ដើមកំណើតអាល្លឺម៉ង់។ លោកគឺជាបិតា នៃ​អាវុធ​នុយក្លេអ៊ែរ ដែលធ្វើឱ្យអាម៉េរិក ក្លាយទៅ​ជា​ប្រទេសមហាអំណាចខាងសព្វាវុធ។ ក្រុមហ៊ុន អេបផល (Apple) របស់ ស្ទីវចប្ស (Steve Jobs) ដែលឪពុក របស់លោកគឺជា​ជន​អន្តោ​ប្រវេស្សន៍ជនជាតិសេរី, មហាសេដ្ឋី ជេហ្វ បេហ្សូស (Jeff Bezos) ដែលជាអ្នកបង្កើត​ក្រុមហ៊ុន​ អាម៉ាហ្សូន ជាជនអន្តោប្រវេស្សន៍​មកពីប្រទេស គ្យូបា (Cuba), ក្រុមហ៊ុន ហ្គូហ្គល (Google) អ្នកបង្កើតមានពីរនាក់ ដែល ម្នាក់មាន​ឪពុកម្តាយគឺជាជនភៀសខ្លួនមកពីសហភាព​សូវៀត, ក្រុមហ៊ុន ថេស្លា (Tesla) របស់ អ៊ីឡូនម៉ាស្ក (Elon Musk) ដែលលោក អ៊ីឡូន​ម៉ាស្ក​​គឺជាជនអន្តោ ប្រវេស្សន៍មកពីអាហ្វ្រិក​ខាងត្បូង...ល។ ឃើញថា សហរដ្ឋអាម៉េរិក​ក្លាយ​ជាមហាអំណាចសេដ្ឋកិច្ចក៏ដោយសារតែមាន​ក្រុម ហ៊ុនខ្នាតយក្សចំនួន៥០០ក្រុមហ៊ុន ដែល អ្នកបង្កើតពួកវាគឺ៤៥%ហើយដែលជាជន អន្តោប្រវេស្សន៍ ឬក៏ជាកូនរបស់ជនអន្តោ ប្រវេស្សន៍។

ហេតុនេះ ជាតិមួយមិនអាចមាន អត្ថិភាពប្រកបដោយវិបុលភាពដោយឯករាជ្យពីជាតិដទៃបានឡើយ។ ការមាន មោទកភាពជាតិ​ខ្លួន​​ដោយមើលស្រាល លើជាតិដទៃ គឺជាគំនិត​ធ្វើ​ឱ្យអន់ថយ ដល់ជាតិរបស់ខ្លួន។



[1] លាង ហាប់អាន, «ព្រះរាជាសម្ភារ កវីរាជសត វត្ស៍ទី១៧», បោះពុម្ពោឡើងវិញដោយលោក ស្រី ប៊ុនដន, ភ្នំពេញ, ២០០៥, ទំព័រ ៣០

[2] ត្រឹ ងា «អរិយធម៌ខ្មែរ», ភ្នំពេញ? បោះពុម្ព លើកទី៣, ព.ស.២៥១៨/គ.ស.១៩៧៤, ទំព័រ

៥. វិជ្ជមានភាពនិងអវិជ្ជមានភាព នៃគំនិតនិងចលនាជាតិនិយម

គំនិតដែលនាំទៅដល់ចលនាជាតិ និយមនៅក្នុងក្របខណ្ឌសម្មាទិដ្ឋិ និង សម្មាសង្កប្បដែលបើកទៅរកការឱ្យតម្លៃ ជាតិរបស់ខ្លួននិងជាតិរបស់អ្នកដទៃគឺជា គំនិតនៃអ្នកជាតិនិយមភ្លឺស្វាងប្រកបទៅ ដោយ​គុណធម៌និងមនុស្សធម៌។ ជាតិខ្លួនក៏ល្អ ជាតិ​របស់​អ្នកដទៃក៏ល្អ ជាតិខ្លួនក៏រស់ ជាតិរបស់​អ្នកដទៃក៏រស់ ពោលគឺ គ្រប់ពូជសាសន៍​ទាំងអស់​​នៅទូទាំងពិភព លោកគឺជាបងប្អូននៅ​ក្នុង​ដ៏មហាគ្រួសារ។ ផ្ទុយទៅវិញ គំនិតដែលនាំ​ទៅ​ដល់ចលនា ជាតិនិយមនៅក្នុងក្របខណ្ឌ​មិច្ឆាទិដ្ឋិ និង មិច្ឆាសង្កប្ប ដែលគេហៅថា ជាតិ​និយម​ជ្រុល (ultranationalism) នោះ គឺវាបើកឱ្យ មនុស្សគិតទៅរកអំណួតអវិជ្ជាមួយនៅក្នុង​ក្របខ័ណ្ឌនៃ ច្បាប់ធម្មជាតិ (natural law) ថា “ត្រី​ធំ​ស៊ីត្រីតូច អ្នកណាខ្លាំងអ្នកនោះឈ្នះ ដែល​ដើរ​​បញ្រ្ចាស់ទៅនឹងច្បាប់វិចារណញ្ញាណខ្មែរ (reasoning law) ដែលថា “អ្នកមានរក្សាខ្សត់ ដូច​សំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន។”

បើតាមបទពិសោធន៍ដែលមនុស្ស បាន​រស់​នៅជាមួយគ្នាដោយប្រកាន់យកគំនិតជាតិ​និយមទៅតាម ច្បាប់ធម្មជាតិ មនុស្សមិនអាច​ចែក​គ្នា​រស់បានឡើយ។ សង្រ្គាមរវាងជាតិនិង​ជាតិ ដែលបញ្ឆេះឱ្យ ទៅជាសង្រ្គាមលោកលើក​ទី១ ទី២ កន្លងមក ហើយដែលនឹងត្រៀមទៅរក​សង្រ្គាម លោកលើកទី៣នៅពេលមិនយូរនេះ គឺ សុទ្ធតែបណ្តាលមកពី គំនិតអំនួតអវិជ្ជា ជាតិ​និយមជ្រុល គំនិតមោទកភាពអវិជ្ជា ជាតិ​និយម​ជ្រុល នៅក្នុងការចង់គ្រប់គ្រងជាតិមួយ​ឬ​​ពិភពលោកទាំងមូលនេះឯង។ បើមេដឹក​នាំ​ម្នាក់ៗ, អ្នកនយោបាយឬពល រដ្ឋរបស់ជាតិ​នីមួយៗ​គិតតែពីរឿងជាតិ និយមហើយដណ្តើម​យក​ប្រៀបលើគ្នា ដូចក្នុងសភាពការណ៍​សព្វថ្ងៃ​នេះ រុស្ស៊ី វាយដណ្តើមយកអ៊ុយក្រែន, អ៊ីស្រ្តាអែល វាយដណ្តើមយកប្រៀបលើ​ហាម៉ាសប៉ាឡេស្ទីននិងអ៊ីរ៉ង់, សៀមវាយ​ដណ្តើមវាតទីប្លន់យកទឹកដីខ្មែរមិនចេះចប់​មិនចេះ ហើយតាំងពីអតីតកាលរហូតមកដល់ ពេលបច្ចុប្បន្ននេះ។ ប្លន់យកទាំងទឹកដី ប្លន់​យក​ទាំង​សម្បត្តិវប្បធម៌។ តាំងពីអត់ ទឹកដីរហូតមក​ដល់​មានទឹកដី ហើយព្រ ទាំងមិនដឹងគុណខ្មែរ​ថែមទៀត។ ទង្វើរបស់រុស្ស៊ី អ៊ីស្រ្តាអែល ចោរ​សៀមឈ្លានពាន គឺជាទង្វើជាតិនិយមជ្រុល ដែលគ្មាន ជម្រុញអ្វីក្រៅពីជម្រុញការរីក​សាយ​ភាយសព្វាវុធដើម្បីធ្វើសង្រ្គាមសម្លាប់គ្នានោះ ឡើយ គឺច្បាំងគ្នារហូតដល់រលាយផែនដី សូន្យ​តែម្តង។

ហេតុនេះ គំនិតដែលបង្កឱ្យទៅជា ចលនា​ជាតិនិយម ឬជាតិនិយមជ្រុលនេះ មិន​មែន​ជាគំនិតសុខដុមឡើយ ពីព្រោះវា ដឹកនាំ​ទៅ​រក​ការ​ញែកជាតិមួយឱ្យខុសប្លែកដាច់​ដោយ​ឡែក​ពីជាតិមួយទៀត ដែលបណ្តាលឱ្យមាន​ចលនា​ប៉ះទង្វិចគ្នា រវាងជាតិនិងជាតិ។

សេចក្តីសន្និដ្ឋាន

គំនិតជាតិនិយមគឺជាចលនាគំនិត ទស្សន​វិជ្ជាមួយដែលបានកើតឡើងសំដៅ ថែរក្សា​ និងការពារជាតិបាតុភូមិរបស់ខ្លួន ឱ្យ​នៅ​គង់វង្ស​ជានិរន្ត។ គំនិតនេះមានចំណុចវិជ្ជមាន​ផង និង​អវិជ្ជាមាន​ផង។ ចំណុចវិជ្ជមានត្រង់វា​ថែរក្សា និងការពារ ជាតិមាតុភូមិខ្លួនឱ្យនៅ​គង់វង្ស។ ចំណុច អវិជ្ជមាននៅត្រង់ពាក្យថា “ជ្រុល,​ ហួស ហេតុ, ឬពេក” ដែលគេឱ្យឈ្មោះ​ថា “ជាតិនិយម​ជ្រុល” ដែលបើកឱ្យជាតិរបស់​ខ្លួន ទៅរកក្តី​វិនាស​អន្តរាយ។ ករណីដូចជា អាល្លឺម៉ង់​ជាមួយ​នឹងជនជាតិជ្វីហ្វ, អាល្លឺ ម៉ង់, អ៊ីតាលី, និងជប៉ុន​ដែលរួមគ្នាឈ្លាន ពាន​ដើម្បី​ត្រួតត្រាពិភព​លោកបានបង្កបង្កើតឱ្យទៅជា​សង្រ្គាមលោក​លើក​ទី២ ហើយដែលត្រូវសម្ព័ន្ធ​មិត្ត​អាម៉េរិក​វាយ​ឱ្យវិនាសហិនហោច។ នៅ​ពេល​សព្វថ្ងៃ សង្រ្គាមឈ្លានពានរបស់រុស្ស៊ីមក​លើ​អ៊ុយក្រែន សម្លាប់ជីវិតកងទ័ព, ជីវិតប្រជា​ពលរដ្ឋ​ស៊ីវីល​អស់រាប់ម៉ឺននាក់, សង្រ្គាមអ៊ីស្រ្តា អែលជាមួយ​ហាម៉ាសប៉ាឡេស្ទីនិងអ៊ីរ៉ង់ សង​សឹកគ្នាក្នុងរឿង​ដណ្តើមប្រៀបលើគ្នាដើម្បី បំបាត់គ្នាទៅវិញ​ទៅរកនិងជាពិសេស ដោយ​ផ្ទាល់ការបង្ក​សង្រ្គាម​ ឈ្លានពាន ដើម្បីប្លន់យក​ទឹកដីខ្មែរ​របស់​ជាតិ​សៀម ប្លន់យកទាំងទឹកដី លួច​យកទាំងសម្បត្តិ វប្បធម៌ខ្មែរ តាំងពី​អតីតកាល​រហូតមកដល់​សព្វថ្ងៃ ហើយ​ព្រមទាំង​មិន​ដឹងគុណខ្មែរទៀត គឺសុទ្ធតែកើត​ចេញមកពីគំនិត ជាតិនិយម ឬ​ជាតិនិយម​ជ្រុល​នេះឯង។ ទង្វើឈ្លាន​ពាន​ឈានទៅបំបាត់ជាតិ​សាសន៍នេះ បង្ហាញឱ្យ​ឃើញពីគំនិតឃោរ ឃៅព្រៃផ្សៃ អមនុស្សធម៌ ដែលពិភព លោកមិន​អាច​អត់ឱនឱ្យបាន​ឡើយ។ ជាតិនិយមទល់នឹង​ជាតិ​និយម ​វានាំទៅ ដល់សង្រ្គាមជាតិនិយម ដែលផ្តល់ជាវិបាក​អវិជ្ជា គឺការកាប់សម្លាប់គ្នា​នេះឯង។ ហេតុនេះ វាមិនមានប្រយោជន៍អ្វី ដែលជាតិមួយត្រូវ​បង្កើតឱ្យមានគំនិតជាតិយមជ្រុលនេះឡើយ។ ពិភពលោកមានទំហំធំ​ទូលាយ វិទ្យាសាស្រ្ត​កាន់តែរីកចម្រើន បែរជា​វិសាលភាពផ្លូវចិត្ត​របស់មនុស្សនៃ ជាតិខ្លះកាន់​តែរួមតូចចង្អៀត​ទៅវិញ ដែលធ្វើឱ្យពួកគេ​ពិបាក​ចែកគ្នារស់​បាន។ គំនិតនេះ បើគិតឱ្យ​ស៊ីជម្រៅ គឺគួឱ្យ​សង្វេក ពីជាតិនោះណាស់។ ពេលនេះជាតិនេះ មានកម្លាំងគ្រប់គ្រាន់​អាច​ធ្វើការឈ្លានពាន​ជាតិនោះ ដល់ពេលវេលា​ប្រែប្រួលទៅ ជាតិ​នេះ​ដែលធ្លាប់ខ្លាំងនឹងត្រូវចុះខ្សោយថយ​កម្លាំង នឹងត្រូវជាតិនោះដែលធ្លាប់ខ្សោយប្រែទៅជា​ខ្លាំងនឹងធ្វើការឈ្លាន​ពាន​ជាតិនេះវិញម្តង។ រឿងនេះប្រព្រឹត្ត​ទៅបែបនេះ​ជាដរាបរហូតដល់​រលាយ​ផែនដី។

ហេតុនេះ ជាតិនីមួយៗនៅលើ លោក​នេះ ត្រូវវិលទៅរកការបណ្តុះគំនិត និងបង្កើត​អំពើ​មនុស្សធម៌ បើកទូលាយផ្លូវចិត្ត រួមគ្នារស់​នៅ​ដោយ​ឱ្យតម្លៃគ្នា រវាងបុគ្គលនិងបុគ្គល និង​រវាងជាតិនិងជាតិ គឺជាតម្លៃនៃអំពើមនុស្សធម៌ ក្នុងនាមជាមនុស្សជាតិដែលមានអារ្យធម៌ ពីព្រោះ គ្រប់ជាតិសាសន៍នៅក្នុងលោកនេះ​សុទ្ធតែស្រឡាញ់ជាតិដូចៗគ្នា។

គន្ថនិទ្ទេស

I- ស្នាដៃនិពន្ធជាភាសាខ្មែរ 

-គរុនិស្សិតប្រវត្តិវិទ្យាជំនាន់២១, ប្រវត្តិ សាស្ត្រសកលលោក, វិទ្យាស្ថានជាតិអប់រំ

- ជួនណាត, វចនានុក្រមខ្មែរអេឡិចត្រូនិច,  រក្សាសិទ្ធិដោយវិទ្យាស្ថានពុទ្ធសាសន​បណ្ឌិត្យ, ២០ ០៨

- ឆយ យីហ៊ាង, “ប្រវត្តិទស្សនវិជ្ជាបស្ចឹម ប្រទេស ប្រវត្តិទស្សនវិជ្ជា បូរាណ សម័យក្រិក”, សា​កលវិទ្យា ល័យភូមិន្ទភ្នំពេញ, ១៩៩៤

-ត្រឹ ងា «អរិយធម៌ខ្មែរ», ភ្នំពេញ? បោះពុម្ព លើកទី៣, ព.ស.២៥១៨ /គ.ស.១៩៧៤

-លាង ហាប់អាន, «ព្រះរាជាសម្ភារ កវី រាជសត វត្ស៍ទី១៧», បោះពុម្ពោឡើង វិញ​ដោយ​លោក ស្រីប៊ុនដន, ភ្នំពេញ, ២០០៥

- ហ្សង់-ហ្វ្រង់ស័រតាន់, មនោសញ្ចេតនា ជាតិនិយមនៃប្រជាជាតិអាស៊ីអាគ្នេយ៍, ប្រភពដើមពីនាទីភូមិសាស្រ្តនយោបាយ​របស់វិទ្យុបារាំងអន្តរជាតិ ផ្សាយ ជាខេមរ​ភាសា(rfi), តំណ ភ្ជាប់ព័ត៌មានវិទ្យុបារាំង៖ http;//km.rfi.fr

 

II- ស្នាដៃនិពន្ធជាភាសាអង់គ្លេស 

1-         Cambridge Advanced Learner’s Dictionary, 3rd ed. p faith, p idealism

2-         Franklin E. Huffman and Im Proum, English-Khmer Dictionary, New Haven and London, Yale University Press, 1977

3-         Jonathan Crowther, Oxford Advanced Learner’s Dictionary of Current English,  Oxford University Press, Oxford New York, 5th Ed, 1995

4-         Nicholas Bunnin And Jiyuan Yu, The Blackwell Dictionary of Western Philosophy, USA, First published, 2004

5-         - YouTube, Share Knowledge (SK), February 8, 2017, ហេតុអ្វីហ៊ី ត្លែរសម្លាប់​ជនជាតិ​ជ្វីហ្វអស់ជាង ៦លាននាក់?

Venancio B. Ardales, “Introductory text to philosophy,”2nd printing, New York, 1974