ដោយ : បណ្ឌិត ផុន កសិកា
ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម
រាជបណ្ឌិត្យសភាកម្ពុជា
១. សេចក្ដីផ្តើម
ឃុំបារាយណ៍ ដែលស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺជាឃុំមួយស្ថិតក្នុងតំបន់ទំនាបកណ្ដាល នៅចន្លោះទន្លេធំ២គឺទន្លេមគង្គលើនិងទន្លេតូច មានព្រែក បឹងធម្មជាតិជាច្រើនទៀត។ កត្តាភូមិសាស្ត្រឃុំបារាយណ៍មានអំណោយផលដល់ការធ្វើកសិកម្មស្រូវ និងការចិញ្ចឹមសត្វពាហនៈ គោនិងក្របី ជាដើម។ ឃុំបារាយណ៍បន្សល់ទុកនូវស្ថានីយបុរាណជាច្រើន។ ប្រាសាទព្រះធាតុបារាយណ៍គឺជាប្រាសាទមួយកសាងក្នុងសតវត្សរ៍ទី១១ ហើយដែលអ្នកស្រុកមានជំនឿថា នៅសម័យកណ្ដាលស្ដេចកនបានមកតាំងទីលំនៅនៅប្រាសាទព្រះធាតុបារាយណ៍នេះ។
ចាប់តាំងពីឆ្នាំ២០១៩ មក ការសិក្សាស្រាវជ្រាវបុរាណវត្ថុវិទ្យាត្រូវបានអនុវត្តនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសាកលវិទ្យាល័យហ្ល្វីនឌ័រ (Flinders University) ប្រទេសអូស្ត្រាលី ក្រសួងវប្បធម៌និងវិចិត្រិសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម។ ការសិក្សាស្រាវជ្រាវនេះបានរកឃើញស្ថានីយបុរាណ ព្រមទាំងទេសភាពវប្បធម៌ដ៏សម្បូរបែប ដែលក្នុងនោះមានប្រាសាទ គ្រឹះប្រាសាទ ត្រពាំង និងប្រព័ន្ធធារាសាស្ត្រ ដែលអ្នកស្រុកហៅថាទំនប់ និង មេទឹក។ ការសិក្សាស្រាវជ្រាវមានការសហការពីអាជ្ញាធរដែនដីឃុំបារាយណ៍ ព្រមទាំងសហគមន៍ក្នុងឃុំបារាយណ៍ ដើម្បីសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីឈានទៅអភិរក្សស្ថានីយបុរាណក្នុងឃុំបារាយណ៍។
ការសិក្សាស្រាវជ្រាវមានដូចជាការធ្វើកំណាយ ការស្រាវចុះបញ្ជីនិងធ្វើផែនទីស្ថានីយ បុរាណដែលរកឃើញនៅឃុំបារាយណ៍។ ទិន្នន័យដែលទទួលបានពីការសិក្សាស្រាវជ្រាវនេះត្រូវបានយកទៅប្រើសម្រាប់យន្ដការកំណត់ដែនការពារសក្តានុពលវប្បធម៌នៃស្ថានីយបុរាណ និងឈានទៅចុះបញ្ជីស្ថានីយក្នុងបញ្ជីបេតិកភណ្ឌជាតិរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រៅពីលទ្ធផលទាំងនេះ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញអំពីតួនាទីសហគមន៍ និងស្ថាប័នជាច្រើនក្នុងការអភិវឌ្ឍន៍ទាំងការស្រាវជ្រាវ និងកិច្ចអភិរក្ស រយៈពេលវែង។ ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងឃុំបារាយណ៍ ក្នុងការផ្តល់ពត៌មានអំពីប្រវត្តិសាស្ត្រក្នុងតំបន់ និងការចូលរួមអភិរក្សស្ថានីយបុរាណ ទួលបុរាណ គឺជាចំណុចសំខាន់ដែលអ្នកស្រុកអាចទទួលផលត្រឡប់ពីមរតកដែលពួកគាត់បានចូលរួមថែរក្សា។
អត្ថបទនេះបង្ហាញពីការរកឃើញបុរាណវិទ្យា និងដំណើរការគ្រប់គ្រងបេតិកភណ្ឌដោយសហគមន៍ ដែលធ្វើឲ្យការស្រាវជ្រាវអាចទទួលបានជោគជ័យ។ នេះបញ្ជាក់ថា ឃុំបារាយណ៍ គឺជាគំរូនៃការអភិរក្សបេតិកភណ្ឌវប្បធម៌រួមគ្នា នៅប្រទេសកម្ពុជា ដែលអ្នកជំនាញបុរាណវិទ្យាមកស្ថាប័នជាតិនិងស្ថាប័នអន្ដរជាតិ ព្រមទាំងសហគមន៍ក៏បានចូលរួមយ៉ាងសកម្មសម្រាប់ជោគជ័យនេះ។
២. បរិបទបុរាណវត្ថុវិទ្យា
ឃុំបារាយណ៍មានសម្បត្តិវប្បធម៌ ដែល ជាតឹកតាងនៃបរិបទបុរាណវត្ថុវិទ្យា មានប្រាសាទ ទួលបុរាណ ប្រព័ន្ធធារាស្ត្រ (មានបារាយណ៍ មេទឹកឬចន្លក់) និងវត្ថុបុរាណផ្សេង។
២.១. ប្រាសាទព្រះធាតុបារយណ៍
ប្រាសាទព្រះធាតុបារាយណ៍គឺជាប្រាសាទបុរាណមួយចាត់ទុកថាជាសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានកសាងនៅក្នុងទឹកដីភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ទោះបីប្រាសាទនេះមានរូបរាងតូច មិនធំដូចប្រាសាទនៅតំបន់ផ្សេងៗក្នុងប្រទេសកម្ពុជាក្ដី ប៉ុន្តែប្រាសាទនេះមានគ្រឿងបង្គំប្រាសាទមួយចំនួនដែលអាចអ្នកសិក្សាស្រាវជ្រាវអាចកំណត់អាយុកាលប្រាសាទ និងកំណត់រចនាបថរបស់ប្រាសាទបាន។
ប្រាសាទព្រះធាតុបារាយណ៍ជាប្រាសាទ ដែលត្រូវបានកែបន្ថែមនៅសម័យក្រោយៗមកទៀត ដោយមានការលាបកំបោរបាយអលើតួប្រាសាទ ព្រមទាំងកសាងសំណង់ទីធ្លានៅមុខប្រាសាទ។ ក្រៅពីនោះ ប្រាសាទនេះមិនត្រូវបានសាងសង់ដាច់តែឯងនោះទេ គឺមានគូទឹក បារាយណ៍ដែលជារចនាសម្ព័ន្ធបុរាណវត្ថុនៃប្រាសាទនេះ។

រូបលេខ១ : ប្រាសាទព្រះធាតុបារាយណ៍ និងគ្រឿង បង្គំប្រាសាទដាក់នៅផ្នែកខាងកើតនៃតួប្រាសាទ

រូបលេខ២ : តួប្រាសាទព្រះធាតុបារាយណ៍
២.២. ទួលបុរាណ
នៅឃុំបារាយណ៍ ក្រៅពីប្រាសាទព្រះធាតុបារាយណ៍ នៅមានទួលបុរាណជាច្រើនទៀត ដែលទួលខ្លះជាប្រភេទទួលគ្រឹះប្រាសាទ ជាទួលមនុស្សរស់នៅ ទួលខ្លះអាចជាប្រភេទទួលឡកុលាលភាជន៍ ឬ ជាទួលផ្សេងៗទៀត។

រូបលេខ៣ : ទួលតាមោគជាប្រភេទទួលមនុស្សរស់នៅ

រូបលេខ៤ : ទួលជើង ស្ថិតក្នុងភូមិបន្ទាយ ជាប្រភេទួលប្រាសាទ
២.៣. ប្រព័ន្ធធារាសាស្ត្រ
ឃុំបារាយណ៍មានប្រព័ន្ធធារាសាស្ត្រគួរឱ្យកត់សម្គាល់ពីរប្រភេទ គឺបារាយណ៍ និង មេទឹក ដែលអ្នកស្រុកខ្លះហៅចន្លក់ ឬ ទំនប់មេទឹក។
២.៣.១- បារាយណ៍
ពាក្យ “បារាយណ៍” មានន័យជាប់ទាក់ទងយ៉ាងជ្រាលជ្រៅនឹងបេតិកភណ្ឌខ្មែរ ដែលយើងឃើញមានបារាយណ៍ធំៗក្នុងតំបន់អង្គរ ខេត្តសៀមរាប។ ទោះបីឃុំបារាយណ៍មិនមានអាងទឹកធំដូចអង្គរ ក៏ទេសភាពវប្បធម៌នៅទីនេះបង្ហាញពីការគ្រប់គ្រងទឹក និងការរស់នៅរបស់មនុស្ស។
នៅឃុំបារាយណ៍ គេសង់បារាយណ៍ធំមួយដែលអ្នកស្រុកហៅឈ្មោះថា «ស្រែបឹង» មានបណ្ដោយប្រវែង៧៥០ម៉ែត្រ (អ័ក្សកើតលិច) និងទទឹង៤៥០ម៉ែត្រ (អ័ក្សជើងត្បូង)។

រូបលេខ៥ : ប្រាសាទព្រះធាតុបារាយណ៍ និងបារាយណ៍ ដែលអ្នកស្រុកហៅថា «ស្រែបឹង»
នៅចន្លោះពីប្រាសាទទៅបារាយណ៍ «ស្រែបឹង» មានរចនាសម្ព័ន្ធបុរាណវត្ថុអចល័តមួយទៀត ដែលអ្នកស្រុកហៅថា «ទន្លេអុំ» ដោយអ្នកស្រុកមានជំនឿថា នៅសម័យបុរាណចាស់ៗតែងតែមកប្រណាំទូកនៅក្នុងទន្លេអុំនេះ[1]។ នេះគឺជាបារាយណ៍តូចមួយ មានបណ្ដោយប្រវែង៣២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ។ ទន្លេអុំមាននៅរក្សារូបរាងខ្នងបារាយណ៍ខាងជើង ចំណែកនៅទិស ផ្សេងៗទៀត ខ្នងបារាយណ៍ត្រូវបានអ្នកស្រុកឈូសទម្លាយដើម្បីពង្រីកដីធ្វើស្រែ។

រូបលេខ៦ : បារាយណ៍ អ្នកស្រុកហៅថា «ទន្លេអុំ»
២.៣.២- មេទឹក
នៅមានទំនប់មេទឹកមួយចំនួនទៀត ក្នុងឃុំបារាយណ៍។ អ្នកស្រុកច្រើនហៅទំនប់មេទឹក ឬអ្នកខ្លះក៏ថា ទំនប់វង់កុង ដោយសារទំនប់ប្រភេទនេះរាងកោងដូចចំណិតព្រះចន្ទ មិនត្រង់ៗ ដូចទំនប់ផ្សេងៗទេ។ ឃុំបារាយណ៍មានភូមិចំនួន៤ : ភូមិស្យាអំពិល ភូមិបន្ទាយ ភូមិស្យាបឹងវែង និង ភូមិកំផ្លាក់ ដែលភូមិទាំងនោះមានភស្ដុតាងស្ថានីយបុរាណ ពិសេសមេទឹក។
នៅក្នុងភូមិស្យាអំពិលមានមេទឹក ដែលនៅតំបន់នេះគេហៅថាទំនប់សម្រាប់ទប់ទឹកផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋមាន៤ គឺបឹងកក់ ដែលជាប្រភពទឹកធំជាងគេ បឹងនន់ស បឹងរាំងតូច បឹងឫស្សី[2]។

រូបលេខ៧ : មេទឹកបឹងកក់ (រូបភាពពីDrone)

រូបលេខ៨ : មេទឹកបឹងឫស្សី (រូបភាពពីGoogle Earth)

រូបលេខ៩ : មេទឹកបឹងរាំង (រូបភាពពីGoogle Earth)

រូបលេខ១០ : មេទឹកនន់ស (ប្រភព : Google Earth)
ក្នុងភូមិស្យាបឹងវែង មេទឹកចន្លក់ចាស់ទំនប់ថ្មីមាននិយាមការ មានទួលបុរាណ ជាប្រភេទទួលមនុស្សរស់នៅ ព័ទ្ធជុំវិញ ដូចជាទួលឡោក ទួលកាន់ស្នេហ៍ ទួលតាពោង ទួលកណ្ដាល ទួលថ្នឹង និងទួលពោធិ៍។

រូបលេខ១១ : រូបភាពពីលើអាកាសនៃមេទឹកទំនប់ថ្មី

រូបលេខ១២ : មេទឹកចន្លក់ចាស់ (រូបភាពពីDrone)
ក្នុងភូមិកំផ្លាក់មានមេទឹកបាយដេ មានសណ្ឋានស្រដៀងនឹងចន្លក់ចាស់ និងបឹងវាម។

រូបលេខ១៣ : មេទឹកបាយដេ (រូបភាពពីDrone)

រូបលេខ១៤ : ទិដ្ឋភាពបឹងវាមមើលពីលើអាកាសតាមរយៈរូបថតដ្រូន
ក្នុងភូមិបន្ទាយមានចន្លក់លិចនៅមានខ្នងទំនប់ច្បាស់។

រូបលេខ១៥ : មេទឹកលិចស្ថិតក្នុងភូមិបន្ទាយ
២.៤. វត្ថុសិល្បៈផ្សេងៗ
នៅឃុំបារាយណ៍មានភស្ដុតាងផ្សេងៗ
ទៀត ដូចជាឧបករណ៍ថ្មរំលីង ក្នុងសម័យបុរេប្រវត្តិសាស្ត្រ។

រូបលេខ១៦ : ឧបករណ៍ថ្ម
ភស្ដុតាងបុរាណវត្ថុមួយចំនួនទៀតមានបំណែកកុលាលភាជន៍ផុយ និងបំណែកកុណ្ឌីដែលប្រភេទកុលាលភាជន៍ផុយដែរ មានដូចជាចំពួយកុណ្ឌី ខ្លួន និងបាត មានអាយុកាលក្នុងសម័យមុនអង្គរ។

រូបលេខ១៧ : បំណែកកុលាលភាជន៍ និងកុណ្ឌីមានអាយុកាលក្នុងសម័យមុនអង្គរ
នៅមានប្រភេទកុលាលភាជន៍ផ្សេងៗទៀត ដូចជា កុលាលភាជន៍មានប្រភពមកពីតំបន់អង្គរភ្នំគូលេន, កុលាលភាជន៍ទ័ពជ័យ, កុលាលភាជន៍បុរីរម្យ, កុលាលភាជន៍ជើងឯក, កុលាលភាជន៍ចិន និងក្បឿងជាច្រើនទៀត។ ទិន្នន័យនេះក៏អាចបង្ហាញថា ទីតាំងប្រាសាទព្រះធាតុបារាយណ៍ក៏អាចជាទីតាំងផលិតកុលាលភាជន៍នៅសម័យកាលណាមួយដែរ។
ក្រៅពីប្រភេទវត្ថុបុរាណខាងលើ នៅមានបំណែកដុំឥដ្ឋជាច្រើនដែលរកឃើញនៅតាមស្ថានីយ។ ឥដ្ឋទាំងនោះអាចជាប្រភេទឥដ្ឋសម្រាប់សង់ប្រាសាទ, ឥដ្ឋសម្រាប់សង់ឡ ឬ ឥដ្ឋសម្រាប់សង់សំណង់គោរពបូជាផ្សេងៗទៀត នៅតាមសម័យកាលខុសៗគ្នា។

រូបលេខ១៨ : បំណែកកុលាលភាជន៍ផ្សេងៗ

៣. ការសិក្សាស្រាវជ្រាវធ្វើកំណាយ (២០១៩–២០២៥)
សាកលវិទ្យាល័យហ្ល្វីនឌ័រ ប្រទេសអូស្ត្រាលី ជាអ្នកផ្ដួចផ្ដើមគំនិតស្រាវជ្រាវ និងសហការជាមួយស្ថាប័នជាតិកម្ពុជាដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម រួមជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានផង ចាប់ផ្ដើមចុះស្រាវជ្រាវនិងធ្វើកំណាយនៅឃុំបារាយណ៍ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥។
រូបលេខ២០ : សកម្មភាពកំណាយ នៅឆ្នាំ២០១៩
រូបលេខ២១ : សកម្មភាពកំណាយនិងព្រះសង្ឃនិមន្ដមកទស្សនារណ្ដៅកំណាយ នៅឆ្នាំ២០២៣
៤. សហគមន៍ និងការគ្រប់គ្រងបេតិកភណ្ឌ
-សហគមន៍មូលដ្ឋាន : ការចូលរួមសហការ និងការថែរក្សា
ដោយសារមានជំនឿពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំពោះប្រាសាទព្រះធាតុបារាយណ៍ ពួកគាត់សង់ដំបូលប្រក់ពីស័ង្កសី ប្រក់ការពារទឹកភ្លៀងស្រក់ចូលក្នុងប្រាសាទ ក៏ប៉ុន្តែដំបូលនោះចាស់ទ្រុឌទ្រោមខ្លាំង ខូច បាក់ ធ្លុះធ្លាយ ធ្វើឲ្យទឹកភ្លៀងហូរចូលក្នុងប្រាសាទ។
នៅឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានជំនួយថវិកាពីគម្រោងដៃគូ មានឈ្មោះថា «គម្រោងស្រាវជ្រាវរាជធានីសម័យកណ្ដាល និង បុរាណដ្ឋានជុំវិញ» ដែលដឹកនាំដោយលោកបណ្ឌិត Martin Polkinghorne ជួយឧបត្ថម្ភថវិកាកសាងដំបូលថ្មីប្រក់ក្បឿង ក្នុងគោលបំណងអភិរក្សប្រាសាទ ទប់ស្កាត់ទឹកភ្លៀងហូរចូលប្រាសាទ ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ការចូលគោរពបូជារបស់ប្រជាពលរដ្ឋផងដែរ។
អាជ្ញាធរមូលដ្ឋានផ្តល់ការគាំទ្ររាល់គម្រោងស្រាវជ្រាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលហសការណ៍ជាមួយស្ថាប័នជាតិនិងអន្ដរជាតិផ្សេងៗទៀត។ អាជ្ញាធរឃុំបានចូលរួមចុះសិក្សាស្រាវជ្រាវដល់ទីតាំងស្ថានីយ និងចង្អុលបង្ហាញអំពីប្រវត្តិទីតាំងស្ថានីយ មានដូចជាប្រវត្តិពាក់ព័ន្ធផ្សេងៗ។
លោក ណៃ សុភា ជាអនុប្រធាននាយកដ្ឋាន បុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានដឹកនាំមន្ត្រីជំនាញចុះកំណត់ដែនការពារប្រាសាទនិងទីទួលបុរាណ បង្ហាញថា «ជាក់ស្ដែង អាជ្ញាធរឃុំពេញចិត្ត រាប់តាំងពីលោកមេឃុំក៏គាត់ចូលរួមដែរ។ យើងបង្ហាញដល់អាជ្ញាធរថា មានស្លាកស្នាម មនុស្សរស់នៅ មានសំណង់ប្រាសាទ គឺជាភស្ដុតាង វប្បធម៌ដែលត្រូវការពារ។ យើងបានពន្យល់ប្រាប់គាត់ គាត់មានការចាប់អារម្មណ៍ គាត់ចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយយើង»[1]។
រូបលេខ២២ : មន្ត្រីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាជិកអាជ្ញាធរដែនដីឃុំបារាយណ៍ ក្នុងដំណើរការកំណត់ដែនការស្ថានីយបុរាណក្នុងឃុំបារាយណ៍ នៅឆ្នាំ២០២៣
រូបលេខ២៣ : លោក ហ៊ាង មេសា និង លោក ឈុន ស៊្រុនចុះកំណត់ទីតាំងការពារទីទួលបុរាណ នៅឆ្នាំ២០២៣
[1] សម្ភាសលោក ណៃ សុភា ជាអនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
៥. លទ្ធផល
ដោយមានកិច្ចសហការណ៍ល្អ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្រេចជោគជ័យក្នុងការចុះបញ្ជីស្ថានីយចំនួន៥៣ក្នុងបញ្ជីបេតិកភណ្ឌជាតិ ដោយចេញជាប្លង់រឹង បង្ហាញទំហំដីនៃស្ថានីយច្បាស់លាស់ ដែលចេញជាផ្លូវការដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រូបលេខ២៤ : តារាងបញ្ចីរាយនាមប្រាសាទនិងទួលបុរាណដែលបានចុះបញ្ជីបេតិកភណ្ឌ
(ប្រភព : លោក ហ៊ាង មេសា)
[1] សម្ភាសលោក ឈុន ស៊្រុន មេឃុំបារាយណ៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលើកឡើងអំពីគម្រោងស្រាវជ្រាវនៅឃុំបារាយណ៍ដែលមិនត្រឹមធ្វើកិច្ចការស្រាវជ្រាវ ចុះបញ្ជីបេតិភណ្ឌជាតិ ថែមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ «ថ្នាក់ដឹកនាំជាពិសេសលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានកំណត់ទិសដៅផ្សព្វផ្សាយឱ្យបានច្រើន ឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ដូចជាការផលិតជាវីដេអូឯកសារបង្ហាញពីលទ្ធផលស្រាវជ្រាវ។» ឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានបន្តទៀតថា «គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយឡែកក្រសួងវប្បធម៌ មានគោលនយោបាយស្វែងរកដៃគូសហការ។ ដៃគូទាំងជាតិ និង អន្ដរជាតិ ក្នុងការសិក្សាស្រាវជ្រាវ ស្វែងរកដៃគូទាំងមូលនិធីដើម្បីធ្វើយ៉ាងណា ចូលរួមគ្នាសហការស្រាវជ្រាវចាប៉ពីចំណុចចាប់ផ្ដើម ទៅដល់ចុងក្រោយបង្អស់ បានទទួលជោគជ័យ។ នេះគឺជាឧទាហរណ៍មួយ ដែលកិច្ចសហការណ៍រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាបនជាតិរាជបណ្ឌិ្តត្យសភា ជាមួយនឹងសាកលវិទ្យាល័យមកពីក្រៅប្រទេស គឺសាកលវិទ្យាល័យហ្ល្វីនឌ័រ[1]។»
ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសចុះពិនិត្យសកម្មភាពស្រាវជ្រាវ នៅឃុំបារាយណ៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥
-ពង្រឹងការយល់ដឹងសហគមន៍ : សហគមន៍ មូលដ្ឋានកាន់យល់ដឹងអំពីតម្លៃនៃការរក្សាបេតិកភណ្ឌក្នុងតំបន់របស់ខ្លួន។
លោក ឈុន ស៊្រុន មេឃុំបារាយណ៍ ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះបានលើកឡើងថា «ក្នុងនាមអាជ្ញាធរឃុំ យើងខ្ញុំមានការតព្វកិច្ចចូលរួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីកំណត់ទីទួលបុរាណទីទួលបុរាណរបស់យើង។ យើងនឹងផ្សព្វផ្សាយ ជម្រាបជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំង៤ មានភូមិស្យាអំពិល ភូមិកំផ្លាក់ ភូមិបន្ទាយ និងភូមិស្យាបឹងវែង ដើម្បីឱ្យគាត់ចូលរួមសហការ។ ដីទាំងអស់នេះ គឺជាទីទួល ដែលយើងបានជាកំណត់ជាដីទួលបុរាណ គឺពួកគាត់មិនអាចធ្វើជាកម្មសិទ្ធស្របច្បាប់បានទេ ហើយដែលនឹងគ្រប់គ្រងដោយរដ្ឋបាលឃុំ ក៏ដូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ»[1]។
-បណ្តុះបណ្ដាលនិស្សិតនិងអ្នកជំនាញ បុរាណវត្ថុវិទ្យាកម្ពុជា
គម្រោងស្រាវជ្រាវក៏បានបញ្ចូលកម្មវិធីបណ្ដុះបណ្ដាលនិស្សិត និងពង្រឹងចំណេះជំនាញដល់មន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែរ។
លោកបណ្ឌិត Martin Polkinghorne គឺជាអ្នកស្រាវជ្រាវជនជាតិអូស្រ្តាលី ដែលមានបទពិសោធន៍ស្រាវជ្រាវក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន និងបានចូលរួមបណ្ដុះបណ្ដាលជំនាញដល់និស្សិតក៏ដូចជាមន្ត្រីជំនាញខ្មែរជាច្រើនទៀត។
-បង្កើតគំរូសម្រាប់ឃុំផ្សេងទៀត
ជាគំរូមួយដល់ឃុំ ឬ ស្រុកផ្សេងទៀតក្នុងប្រទេសកម្ពុជា យកជាគំរូបសម្រាប់កិច្ចការ អភិរក្សស្ថានីយបុរាណ។
[1] សម្ភាសឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
៦. សេចក្ដីសន្និដ្ឋាន
គម្រោងស្រាវជ្រាវបុរាណវត្ថុវិទ្យានៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមបានទទួលលទ្ធផលទាំងវិស័យវិទ្យាសាស្ត្រ និងការពង្រីកកិច្ចសហការរួមគ្នា ទាំងថ្នាក់ជាតិនិងអន្ដរជាតិ។ សាកលវិទ្យាល័យហ្ល្វីនឌ័រ ប្រទេសអូស្ត្រាលី ជាភាគីផ្ដួចផ្ដើមគំនិត មានទាំងថវិកា ផ្ដល់ទាំងជំនួយបច្ចេកទេស សហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា រួមជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ ចូលរួមសិក្សាស្រាវជ្រាវចាប់ពីចំណុចចាប់ផ្ដើម រហូតដល់ចំណុចអភិរក្សប្រាសាទ ទីទួលបុរាណដោយជោគជ័យ។ នេះគឺជាគំរូមួយនៃការងារអភិរក្សស្ថានីយបុរាណ ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិកម្ពុជា ប្រកបដោយចីរភាព។
លោក ឈុន ស៊្រុន បង្ហាញពីភាពជោគជ័យរបស់សហគមន៍ឃុំបារាយណ៍ក្នុងការងារអភិរក្សប្រាសាទ និងទីទួលបុរាណក្នុងឃុំបារាយណ៍ថា «ការរំពឹងទុករបស់យើងខ្ញុំក្នុងនាមប្រធានក្រុមប្រឹក្សា ខ្ញុំគិតថាទួលនេះគឺបានឋិតថេរយូរអង្វែង ដោយសារប្រជាពលរដ្ឋរបស់យើងខ្ញុំនៅក្នុងភូមិទាំង៤មានការចូលរួមទាំងអស់គ្នា។ គិតថាថ្ងៃក្រោយ ទីទួលបុរាណរបស់យើងនឹងប្រើប្រាស់សម្រាប់ប្រទេសជាតិយើង»[1]។
សេចក្ដីថ្លែងអំណរគុណ
សូមថ្លែងអំណរគុណដល់៖
-សាកលវិទ្យាល័យ Flinders ប្រទេស អូស្ត្រាលី ដែលបានផ្តួចផ្តើមគំនិតសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្តល់ថវិកា
-ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានចុះបញ្ជីស្ថានីយជាផ្លូវការ
-រាជបណ្ឌិត្យសភាកម្ពុជា ដែលបានចូលរួមកិច្ចការស្រាវជ្រាវ និង អភិរក្សតាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥
-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចូលរួមស្រាវជ្រាវ និង
-អាជ្ញាធរ ព្រមទាំងសហគមន៍ឃុំបារាយណ៍ ដែលបានចូលរួមសហការយ៉ាងសកម្ម។
កិច្ចសម្ភាសន៍៖
១-ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។
២-លោក ណៃ សុភា អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
៣-លោក ឈុន ស៊្រុន មេឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
៤-លោក គង់ សុមុនី គឺជាជំទប់ទី១ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្ភាសនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
៥-លោក លឹម ព្រែក ឆ្មាំប្រាសាទព្រះធាតុបារាយណ៍ រស់នៅក្នុងភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្ភាសនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។