សីលធម៌ (សីលធម្ម) សីលដែលជាធម៌ ឬ សីលនិងធម៌ សំដៅលើកិរិយាមារយាទ សណ្ដាប់ធ្នាប់ ដំបូន្មានដែលនាំឱ្យចៀសវាងអំពើអាក្រក់ ហើយឱ្យប្រព្រឹត្តតែអំពើល្អ។ ការប្រកាន់ខ្ជាប់នូវសីលធម៌និងគុណធម៌ក្នុងការរស់នៅ ដូចជាការគោរពចាស់ទុំ និងគោរពច្បាប់សង្គមជាតិ គឺជាអ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ ជាពិសេសការអប់រំដល់មនុស្សជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី។ ការខ្វះសីលធម៌ និងគុណធម៌ ក៏ដូចជាការខ្វះការគោរពច្បាប់សង្គមនោះ វានឹងបង្កនូវការមិនគោរពគ្នា ការមិនឱ្យតម្លៃគ្នា ការមិនស្រឡាញ់គ្នា ការមើលងាយគ្នា ការប្រកួតប្រជែងគ្នា ការអាងបុណ្យសក្តិធំ ជាដើម។ ឧទាហរណ៍ បញ្ហាខ្វះសីលធម៌ក្នុងការបើកបរបង្កនូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

         ​​នៅពេលថ្មីៗនេះ ជំងឺរលាកសួតដោយវីរុសកូរូណាឬកូវីដ១៩កំពុងរាតត្បាត និង សម្លាប់មនុស្សអស់រាប់ម៉ឺននាក់នៅទូទាំងពិភពលោក។ ប្រទេសកម្ពុជាក៏កំពុងទទួលរងការរាតត្បាតពីមេរោគមួយនេះដែរ ដែលរហូតមកដល់ថ្ងៃនេះ មានមនុស្សឆ្លងមេរោគកូវីដ-១៩ ចំនួន១២២ ក៏ប៉ុន្ដែមិនមានអ្នកស្លាប់ទេ។ មនុស្សខ្លះ នៅពេលឆ្លងមេរោគកូវីដ មានអារម្មណ៍ថាខ្លាចគេរើសអើង។ ស្របគ្នានេះដែរ មានមនុស្សខ្លះគិតថា មានទង្វើអសីលធម៌ ឬសីលធម៌ធ្លាក់ចុះក្នុងមានដែលមានជម្ងឺកូវីដ-១៩កើតចំពោះបុគ្គលណាម្នាក់។ ប្រសិនបើយើងគិតឱ្យបានស៊ីជម្រៅ ​យើងក៏មិនអាចនិយាយថា ដោយសារជំងឺនេះបានធ្វើឱ្យបញ្ហាសីលធម៌របស់មនុស្សធ្លាក់ចុះនោះទេ ព្រោះយើងដឹងហើយថា ជំងឺរលាកសួតបណ្ដាលពីវីរុសកូរ៉ូណាមេរោគថ្មីនេះ ជាទូទៅអាចឆ្លងចូលទៅក្នុងខ្លួនមនុស្សផ្សេងៗទៀតតាមរយៈ ការក្អក ការកណ្តាស់ ការប៉ះពាល់គ្នា ការខ្វះអនាម័យ ការបរិភោគសាច់ឆៅ សាច់សត្វមានពិស ជាដើម ដ្បិតជំងឺនេះជាជំងឺសាហាវដែលអាចឆក់យកអាយុជីវិតរបស់មនុស្សក្នុងពេលដ៏ខ្លី។ ជំងឺនេះមានរោគសញ្ញា គ្រុនក្ដៅ ហៀរសំបោរ ក្អក ឈឺបំពង់ក ដកដង្ហើមញាប់ ដកដង្ហើមមិនពេញលេញ និងមានដង្ហើមដង្ហក់ដែលធ្វើឱ្យមានការពិបាកក្នុងការដកដង្ហើមជាដើម។ បុគ្គលណាបានកើតនិងឆ្លងជំងឺនេះនឹងប្រឈមនឹងការមិនហ៊ាននៅក្បែរ ឬ ការរត់គេចចេញរបស់បុគ្គលផ្សេងៗទៀត​ ដែលគេយល់ថាជាការរើសអើង។ ពីព្រោះគេខ្លាចបុគ្គលដែលមានមេរោគ ចម្លងមេរោគទៅខ្លួនរបស់គេ ដែលទង្វើនេះ គឺជាការការពារខ្លួនតែប៉ុណ្ណោះ មិនមែនជាការរើសអើង ហើយក៏មិនមែនជាការធ្លាក់ចុះនៃសីលធម៌របស់មនុស្សនោះដែរ។ តួយ៉ាងដូចជាជាតិជនជាតិចិនដែលជាជនជាតិមួយត្រូវបានទទួលការមិនសូវពេញចិត្តពីសាសន៍ដទៃមុនគេ ដ្បិតថាពួកគាត់បានកើតជំងឺកូរ៉ូណានេះដំបូងគេ។ គ្រាន់តែត្រឹមដំណាច់ខែមករា ដើមឆ្នាំ២០២០ កន្លងទៅ ប្រទេសចិនដែលមានប្រជាជន១៣៨៦លាននាក់ និងជារដ្ឋអធិបតេយ្យមួយក្នុងចំណោមរដ្ឋអធិបតេយ្យ១៩៣ប្រទេស បានបាត់បង់អាយុជីវិតប្រជាពលរដ្ឋខ្លួនអស់ជាង២០០នាក់ ខណៈ​ជិត១០០០០នាក់ទៀតស្ថិតក្នុងដំណាក់កាលតាមដាន ដោយសារតែវិជ្ជមាននូវវីរុសកូរ៉ូណា ឬកូវីដដ៏កំណាចនេះនៅក្នុងខ្លួនរបស់ពួកគេ ហើយដោយ​សារតែវីរុស​នេះ ទើបបានបង្កឱ្យប្រទេសស្ទើរតែទូទាំងពិភពលោកមានការឆ្លងរាលដាលនូវជំងឺនេះរហូតមកដល់សព្វថ្ងៃ។

         សព្វថ្ងៃដោយសារតែជំងឺនេះ បានធ្វើឱ្យពិភពលោកចាប់ផ្ដើមមានទុក្ខព្រួយជាខ្លាំង ព្រោះស្ថានភាពកើតមាននៅចិនបានសាយភាយមកកាន់ប្រទេសនានាក្នុងនិងក្រៅតំបន់អាស៊ី។ មជ្ឈដ្ឋានខ្លះយល់ថា ដូចជាយឺតពេលណាស់ដែលចិនបិទទីក្រុង បិទជើងហោះហើរពលរដ្ឋខ្លួនទៅបរទេស ក្រោយពីមេរោគកូរ៉ូណាបានវាយលុកចេញពីក្រុងអ៊ូហាន។ ការបិទទីក្រុងធ្វើឱ្យក្រុងអ៊ូអរមួយនេះ ប្រែទៅជាស្ងាត់ជ្រងំ គ្មានចរាចរណ៍ បិទ​ទីផ្សារ គឺប្រៀបបានជាទីក្រុងដែលគេទុកចោល។ អ៊ូហានជាទីក្រុងធំមួយ ស្ថិតនៅភាគ​កណ្តាល​ប្រទេសចិន ត្រូវបានវាយលុកដោយមេរោគម្យ៉ាងដែលជាពពួកមេរោគផ្ដាសាយធំមានឈ្មោះថា វី​​រុសកូរ៉ូណាប្រភេទថ្មីកូវីដ១៩ ហើយវាបានបង្កឱ្យមនុស្សក្នុងក្រុងរាប់សិបនាក់ធ្លាក់ខ្លួនឈឺផ្ទួនៗនៅ​ក្នុងខែធ្នូ ​ឆ្នាំ​២០១៩ កន្លងទៅ។ អ្នកជំងឺទាំងនោះត្រូវបានគេរកឃើញថា ជាអ្នករស់នៅតំបន់ផ្សារលក់គ្រឿងសមុទ្រអ៊ូណាន ហើយជាអាជីវករ​សាច់ត្រី និងគ្រឿងសមុទ្រ។ មកដល់សប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២០ ​វីរុសនេះបានអង្រួនពិភពលោក ព្រោះក្រោយពីធ្លាក់ខ្លួនឈឺ អ្នកជំងឺទាំងនោះបានស្លាប់ជាបន្ដបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ វីរុស​ដែលសាហាវធ្វើឱ្យគេខ្លាចរអា មិនទាន់មានអ្នកវិទ្យាសាស្រ្ដជំនាញសុខាភិបាលណាម្នាក់រកឃើញថា វាមានប្រភពមកពីអ្វីឱ្យពិតប្រាកដនោះនៅឡើយទេ? គឺវាប្រៀបបាននឹងវីរុសដ៏អាថ៌​កំបាំង។ អ្នកដែលមានប្រព័ន្ធស៊ាំខ្សោយត្រូវបានគេចាត់ទុកថា ជាជនងាយរងគ្រោះបំផុត ព្រោះ​មេរោគនឹងឆ្លងតាមប្រព័ន្ធផ្លូវដង្ហើម ដែលបញ្ចេញដោយម៉ូលេគុលទឹកមាត់ ដោយការក្អក និងកណ្ដាស់ ហើយអាចធ្វើឱ្យអ្នកជិតខាងឆ្លងបានជាបន្ដបន្ទាប់។ ដើម្បីសុខុមាលភាពនៃមនុស្សជាតិ មុននឹងប្រកាសពីភាពអាសន្ន អង្គការសុខភាពពិភពលោក(WHO) ក៏បានប្រកាសពីវិធីការពារខ្លួនជាបន្ដបន្ទាប់ពីជំងឺនេះដោយផងដែរ ដោយមិនឱ្យភ្លេចពីការលាងដៃជាមួយ​សាប៊ូ ​​អាល់កុល ឬជែលអាល់កុល និងត្រូវខ្ទប់មាត់និង​ច្រមុះ នៅ​ពេល​ក្អកនិងកណ្ដាស់ដោយយក​កន្សែង ក្រម៉ា ក្រដាស ឬដោយ​កែងដៃ ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​​គ្រុនក្ដៅ និងក្អក ឬផ្ដាសាយ និងត្រូវចម្អិន​សាច់និងស៊ុត​ឱ្យបានឆ្អិនល្អ ជៀសវាង​ប៉ះពាល់​ជាមួយសត្វព្រៃ​រស់ ឬកន្លែង​ចិញ្ចឹមសត្វ​ដោយ​គ្មាន​ពាក់​សម្ភារការពារ​ខ្លួន ដ្បិតជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសនេះ អាចចូលមកពិឃាតជីវិតមនុស្សយ៉ាងសម្ងាត់ និងលឿនបំផុតដែលធ្វើឱ្យគេមិនហ៊ាននៅក្បែរអ្នកជំងឺ ​ជាពិសេសគឺអ្នកជំងឺមានប្រភពមកពីអ៊ូហាន ឬជាជនជាតិចិន។ នាឱកាសនោះ វិធានការចំនួន៤ ត្រូវបានសហគមន៍អន្ដរជាតិបានធ្វើទៅលើចិន គឺធ្វើទៅលើប្រជាជនខ្លួនឯងដែលរស់នៅប្រទេសចិន និងជនជាតិចិនដែលរស់នៅក្នុងប្រទេសរបស់ពួកគេ។ វិធានការចំនួនបួននោះរួមមាន ការជម្លៀសពលរដ្ឋរបស់ប្រទេសពួកគេចេញពីចិន ខេត្តហឺប៉ី និងខេត្តនានា ការបិទជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ធំៗ ការបិទទិដ្ឋាការសម្រាប់ជនជាតិចិន និងប្រទេសជុំវិញចិនក៏បានចាប់ផ្ដើមបិទព្រំដែន។ បើតាមគេហទំព័រសារព័ត៌មាន Newsweek ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលមានព្រំដែននឹងចិន បានសម្រេចចិត្តបិទព្រំដែនតាមរយៈកិច្ចព្រមព្រៀងពីចម្ងាយជាបន្ដ​បន្ទាប់ ដូចជា ហ្កានីស្ថាន ប៊ូតាន ឥណ្ឌា កាសាស្តាន គីហ្គីស្តាន ឡាវ ម៉ុងហ្គោលី មីយ៉ាន់ម៉ា ណេប៉ាល់ កូរ៉េខាងជើង ប៉ាគីស្ថាន តាជីគីស្ថាន វៀតណាម និងរុស្ស៊ីចុងក្រោយគេ។ បន្ទាប់មកនៅយប់ថ្ងៃទី២៩មករា យន្ដហោះអាមេរិកនិងជប៉ុនបានចូលដឹកពលរដ្ឋរបស់ខ្លួនសរុបគឺជិត៥០០នាក់ពីទីក្រុងអ៊ូហាន ព្រមទាំងព្រមានពលរដ្ឋខ្លួនថា បើមិនមានការចាំបាច់មិនត្រូវទៅចិនទេ។ ចំពោះអង់គ្លេសវិញ នាយប់ថ្ងៃទី៣០មករា គឺបានស្នើចិនអនុញ្ញាតឱ្យបើកក្រុងបន្តិច ដើម្បីជម្លៀសពលរដ្ឋខ្លួនមកកាន់មាតុភូមិវិញ ដោយអង់គ្លេសបានយកយោធាទៅសង្គ្រោះទៅជាមួយផងដែរ។ បើតាមសារព័ត៌មានញ៉ូវយ៉កថាម បានរាយការណ៍ថា ក្នុងនោះប្រទេស បារាំង កូរ៉េខាងត្បូង ម៉ារ៉ុក អាល្លឺម៉ង់ កាហ្សាក់ស្ថាន អង់គ្លេស កាណាដា រុស្សី ហូល្លង់ ភូមា និងអូស្ត្រាលី ក៏គ្រោងនឹងជម្លៀសពលរដ្ឋខ្លួនពីអ៊ូហានដែរ។ ក្នុងចំណោមប្រទេសដែលបិទព្រំដែននោះ ក៏មានប្រទេសបិទទិដ្ឋាការផងដែរ តែជម្រើសមួយនេះ ត្រូវបានគេមើលឃើញជាពិសេស គឺនៅតំបន់អាស៊ីអាគ្នេយ៍ដែលដំបូងគេ គឺហ្វីលីពីន មេដឹកនាំកំពូលឌូឌឺតេ បានប្រកាសស្ទើរជារៀងរាល់ថ្ងៃពីវិធានការទប់ស្កាត់ការបិទទិដ្ឋាការអ្នកដំណើរចិន តែទីបំផុតប្រទេសនេះក៏បានឆ្លងមួយករណី។ បន្ទាប់​​មកវិធានការដដែលនេះបាននាំឱ្យម៉ាឡេស៊ី វៀតណាម ធ្វើតាម ហើយសិង្ហបុរី និងថៃកំពុងស្ថិតក្នុងការពិចារណា។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ ក៏បានផ្អាកនិងកាត់បន្ថយ    សេវាកម្មដល់ប្រទេសចិនរួមមាន ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេសអ៊ែរវ៉េ  EU Airline ក្រុមហ៊ុនអាកាស  ចរណ៍អាល្លឺម៉ង់ Lufthansa ក្រុមហ៊ុនអាកាសចរណ៍អាមេរិក KLM និង United។ ចំណែកក្រុមហ៊ុន Toyota Volkswagen IKEA Starbucks Tesla ក្រុមហ៊ុន McDonald’s និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn បានបិទហាងជាបណ្ដោះអាសន្ននៅចិនព្រមទាំងព្រមានដើរចេញពីប្រទេសចិន។ ដើម្បីជាការឆ្លើយតបវិញ រដ្ឋាភិបាលនៃទីក្រុងប៉េកាំង​បានសម្រេចថា នឹងបញ្ជូនយន្តហោះទៅដឹកប្រជាជនដែលមានស្រុកនៅកំណើតនៅខេត្តហ៊ូប៉ី (Hubei) ពីបណ្តាប្រទេសនានា ត្រឡប់មកវិញឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះប្រទេសមួយចំនួន បានសម្រេចផ្អាក​​ជើងហោះហើរជាមួយចិន ដែលជាហេតុធ្វើឱ្យប្រជាជនចិនទាំងនោះ មិនអាចត្រឡប់មកប្រទេសកំណើតវិញបាន។ អាកាសចរណ៍ស៊ីវិលចិនបានរាយការណ៍ឱ្យដឹងថា មុនបិទទីក្រុងប្រជាជនក្រុងអ៊ូហានបានហោះហើរទៅកាន់គោលដៅជាច្រើន គឺស្ទើរតែកន្លះលាននាក់ក្នុងចំណោមប្រជាជនអ៊ូហានសរុប១១លាននាក់។ ក្នុងនោះគឺមានទៅសិង្ហបុរី និងថៃជិត១ម៉ឺននាក់ ដែលចំនួននេះគឺច្រើនជាងប្រទេសណាៗទាំងអស់។ នៅថ្ងៃទី៣១មករា ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន Xiamen នឹង​ទៅ​ដឹក​ជនជាតិ​ចិន​ពី​ទីក្រុង Kota Kinabalu ក្នុងប្រទេស​ម៉ាឡេស៊ី និង​ទីក្រុងបាងកក ​ប្រទេស​ថៃ។ នៅក្នុង​ទីក្រុងបាងកក គឺមាន​ជនជាតិ​ចិន​មកពី​ខេត្តហ៊ូ​ប៉ី​ ចំនួន១១៧​នាក់ កំពុង​ជាប់គាំង​នៅ​ទីនោះ ហើយ​១០០​នាក់​ទៀត​ក្នុង​ទីក្រុង Kota Kinabalu ដែល​បង្ហាញ​ឆន្ទៈ​ចង់ជិះ​យន្តហោះ​នេះ​ត្រឡប់មក​ក្រុងអ៊ូ​ហានវិញឆាប់ៗ​តាម​ដែលអាច​ធ្វើបាន​។[1]

រាល់ នីតិបុគ្គល ក្រុមហ៊ុន និងរដ្ឋទាំងអស់ដែលធ្វើរបៀបនេះដូចបានរៀបរាប់ខាងលើ គឺដើម្បីបង្ការហានិភ័យអាយុជីវិតពលរដ្ឋសញ្ជាតិពួកគេដែលត្រូវបានចាត់ទុកថា ជាការធ្វើឡើងដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាមួយចិន ខណៈចិនកំពុងមានបញ្ហា ហើយទង្វើទាំងនេះ ក៏យើងមិនអាចចាត់ទុកថា ជាការធ្លាក់ចុះលើផ្នែកសលីធម៌ដែរ។

នៅបណ្ដាប្រទេសអាស៊ី អង្គការសុខភាពពិភពលោកបានយកថ្ងៃចុងខែមករា ប្រកាសអាសន្នកម្រិតពិភពលោក ព្រោះតួលេខអ្នកស្លាប់ដោយជំងឺកូវីដ១៩ បានកើនឡើងជាង២០០នាក់ តែព្យាបាលជាសះស្បើយបានចំនួន១៨៧នាក់ក្នុងចំណោមអ្នកមានផ្ទុកមេរោគជិត១០០០០នាក់។ អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យប្រទេសទាំងអស់ការពារខ្លួន តែមិនត្រូវបោះបង់ចោលការ​សហប្រតិបត្តិការជាមួយអន្ដរជាតិនោះទេ​ គឺត្រូវរួមគ្នាវាយបង្រ្កាបជំងឺកំណាចនេះជាមួយចិន។ យ៉ាងណាចិនខ្លួនឯង បានប្ដេជ្ញាថានឹងបង្ក្រាបជំងឺកំណាចដែលឆក់យកជីវិតពលរដ្ឋរបស់គេជាបន្ដបន្ទាប់ តែក៏មិនចោលការស្វាគមន៍កិច្ចសហប្រតិបត្តិការផងដែរ។ ការសហប្រតិបត្តិការនេះ ចិនបានស្វាគមន៍ជាពិសេសនឹងអង្គការសុខភាពពិភពលោក និងបណ្ដាអង្គការអន្ដរជាតិដទៃទៀត​ ខណៈអាមេរិកព្យាយាមទៅត្រួតពិនិត្យស្ថានការណ៍ជំងឺនៅអ៊ូហាន។ ចំណែកអូស្រ្ដាលី ជប៉ុន ហុងកុង កំពុងស្វែងរកវ៉ាក់សាំងការពារដែលត្រូវបានវាយតម្លៃថា នឹងចំណាយពេលដល់ទៅមួយត្រីមាស។ ក្នុងពេលជាមួយគ្នានោះដែរ ក៏មានអតីតអ្នកចារកម្មអ៊ីស្រាអែលម្នាក់បានយល់ថា មេរោគនេះបានធ្លាយចេញពីវិទ្យាស្ថានជីវសាស្រ្ដដែលមានចម្ងាយប្រមាណ៣០គីឡូ​ម៉ែត្រពីតំបន់ផ្ទុះមេរោគ គឺលោកសង្ស័យថា មេរោគនេះ ចិននឹងយកទៅបង្កដើម្បីសង្គ្រាមជីវសាស្រ្ដក៏ថាបាន។ តែយ៉ាងណា ចិនបានច្រានចោលព័ត៌មានដែលចុះផ្សាយដោយ​សារពត៌មានអន្ដរជាតិមួយចំនួនពីរឿងរ៉ាវនេះ។ ចំពោះការចោទប្រកាន់ និងការបដិសេធនេះ បើយើងយកបញ្ហាសីលធម៌មកនិយាយវិញ គឺមនុស្សជាតិនៃពិភពលោកយើងនៅមានសីលធម៌ និងគុណធម៌ខ្ពស់ណាស់ចំពោះសុខុមាលភាពមនុស្សជាតិ ដ្បិតមិនត្រឹមតែអង្គការសុខភាពពិភពលោកមិនទុកឱ្យចិនឯកោដូចជាការរើសអើងនោះទេ។ នៅមានមេដឹកនាំបណ្ដាប្រទេសមួយចំនួនបង្ហាញពីសាមគ្គីភាពនឹងចិន ក្នុងការឈរទប់ទល់នឹងជំងឺកូវីដ១៩ នេះ​ដែរ។ លោក មូនចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងសង្កត់ន័យធ្ងន់ៗក្នុងសន្និសីទចំពោះមុខទូរទស្សន៍ប្រព័ន្ធឃោសនានានាថា អាវុធដើម្បីការពារខ្លួនយើងពីកូវ៉ូណាវីរុសប្រភេទថ្មីនេះ ពុំមែនជាភាពភ័យខ្លាច និងការស្អប់ខ្ពើមទេ ក៏ប៉ុន្តែគឺកិច្ចសហប្រតិបត្តិ និងជំនឿចិត្ត។ លោកបានចេញមុខមកធ្វើសន្និសីទសារព័ត៌មាននេះ គឺដើម្បីបង្ហាញពី​ចំណាត់ការ​ក្តៅ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ (Fake News) ពាក់ព័ន្ធ​រឿង​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ភាព​ភិតភ័យ​ដល់​ពលរដ្ឋ​។ ចំណែកមេដឹកនាំថៃលោក ប្រាយុទ្ធចាន់អ៊ូចា ក៏បានកោតសរសើរដល់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន ដែលបានព្យាបាលជនជាតិចិន៥នាក់ជាសះស្បើយពីជំងឺនេះ។   រដ្ឋាភិបាលថៃថា មិនត្រឹមតែត្រួតពិនិត្យមើលអ្នកដំណើរមកពីអ៊ូហានទេ ប៉ុន្តែត្រូវតាមដានរាល់បណ្តាអ្នកមកពីគ្រប់ប្រទេសដែលមានហានិភ័យ ដោយវាស់កម្ដៅពេលដើរ តាមរយៈកាមេរ៉ា។ ប្រសិនបើជនសង្ស័យត្រូវបានគេរកឃើញថា មានផ្ទុកមេរោគនោះ គេនឹងត្រូវបញ្ជូនទៅសង្កេតមើលរោគសញ្ញា និងព្យាបាលដោយមិនគិតពីអ្នកដែលមកពីប្រទេសណាក៏ដោយ គឺត្រូវតែទទួលបានការស្វាគមន៍ ពីព្រោះពួកគេត្រូវបានចាត់ទុកថាជាភ្ញៀវរបស់ប្រទេស។ លោកប្រាយុទ្ធបានបន្តថា គ្មានសុខទុក្ខអ្វីសំខាន់ជាងសុខទុក្ខរាស្រ្ដនោះទេ។ យ៉ាងណាមិញ ចំពោះមេដឹកនាំកម្ពុជា នៅពេលដែលរកឃើញមានវីរុសកូរ៉ូណាមួយករណីនៅក្រុងព្រះសីហនុនោះ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសម្រេចចិត្តដោយមិនជម្លៀសប្រជាជនខ្លួនពីទីក្រុងអ៊ូហាន ឬ ចិននោះទេ គឺសម្តេចបានឱ្យពេទ្យព្យាបាលជនជាតិនោះដោយយកចិត្តទុកដាក់បំផុតរហូតទទួលបានជោគជ័យក្នុងការព្យាបាលផងដែរ។ ស្ថិតក្នុងកាលៈទេសៈដ៏គួរឱ្យព្រួយបារម្ភនេះ មេដឹកនាំជាច្រើនក្នុងពិភពលោកបានចេញមកអូសទាញស្មារតីប្រជាជាតិខ្លួន កុំឱ្យមានចរិតរើសអើងចិនដោយសារជំងឺកូវីដ១៩នេះ ដោយលើកឡើងថា ជំងឺមិនកំណាចដល់ជំងឺភ័យខ្លាចជ្រុល និងបុរេស្អប់ខ្ពើមដែលមានក្នុងខ្លួនមនុស្សជាតិនោះទេ។

តាមរយៈហេតុការណ៍ខ្លះ មានមនុស្សមួយចំនួនបានលើកឡើងថា ​ពិភពលោក​ហាក់​បាន​ធ្លាក់​ចុះ​ផ្នែក​សីលធម៌និង​ចរិត​មនុស្សធម៌​ ខ្វះ​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​រស់រាន​មានជីវិត។ ជាក់ស្តែងមាន​បណ្តា​ប្រទេស​មួយ​ចំនួន​មិន​បាន​អនុញ្ញាតឱ្យ​នាវា Westherdam ដែល​ផ្ទុក​មនុស្ស​ជិត​      ២​០០០ ​នាក់​​ចូល​ចត​នៅ​ក្នុង​ប្រទេសរបស់ខ្លួន ដោយសារការភ័យខ្លាចការឆ្ងលជំងឺកូវីដ១៩នេះ។ ប្រការនេះយើងក៏មិនអាចនិយាយថាប្រទេសទាំងនោះធ្លាក់ចុះនូវសីលធម៌ដែរ ដ្បិតគេខ្លាចអ្នកនៅកប៉ាល់នោះ ចម្លងមេរោគដ៏កាចសាហាវនេះដល់ប្រជាជនរបស់ពួកគេ គ្រាន់តែថាប្រទេសទាំងនោះខ្វះវិធានការក្នុងការចាត់ចែងទទួល។  ប៉ុន្តែសម្រាប់​កម្ពុជា គឺសម្តេច ហ៊ុន សែន ដែលជាមេដឹកនាំកម្ពុជា បាន​អនុញ្ញាតឱ្យកប៉ាល់នោះ​ចូល​ចត ដោយយល់ពីតម្លៃមនុស្សធម៌និងសិទ្ធិក្នុងការរស់រៀនមានជីវិត។ ទង្វើនេះបានបង្ហាញពិភពលោកថា កម្ពុជាកំពុងឈរលើមូលដ្ឋានសីលធម៌និងគុណធម៌ខ្ពស់ ដែលយើងសឹងតែអាចនិយាយថា       មិនមានបណ្តាអារ្យប្រទេសមួយចំនួនធ្វើបាន។

         ក្រៅពីការមានសីលធម៌ក្នុងការយល់ពីតម្លៃមនុស្សធម៌ និងសិទ្ធិក្នុងការរស់រៀនមានជីវិត សីលធម៌នៃការទទួលខុសត្រូវក្នុងតួនាទីការងាររបស់ខ្លួនក៏ដូចជាការលើកទឹកចិត្ត ក៏មានព្រមជាមួយគ្នាផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាពិសេសបុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាលនិងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន គឺជាការងារអាទិភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺកូវីដ១៩។ ការការពារការឆ្លងមេរោគ មានដូចជាការកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នា គឺត្រូវប្រើវប្បធម៌ដ៏ល្អរបស់ខ្មែរដែលេពេលជួបគ្នា ត្រូវលើកដៃជម្រាបសួរគ្នា ដើម្បីបង្កាជំងឺកូវីដ១៩ ក៏ដូចជាឱ្យមានការពិចារ​ណា​ការឧបត្ថម្ភផ្សេងៗក្នុងករណីមានអ្នកកើតជំងឺកូវីដ។[2]

         ចំពោះមុខនៃវិបត្តិសុខភាពពិភពលោក ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចាត់វិធានការជាកញ្ចប់ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីជំងឺនេះ ទាំងវិធានការការពារសុខុមាលភាពប្រជាពលរដ្ឋ និងវិធានការសេដ្ឋកិច្ច។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានរៀបចំវិធានការដើម្បីជួយដល់កម្មករ កម្មការិនី ដែលប្រឈមនឹងការបាត់បង់ការងារដោយសារតែរោងចក្រសុំព្យួរសកម្មភាព ដ្បិតកង្វះវត្ថុធាតុដើម។ ខណៈពិភពលោកទាំង​មូលកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នាយករដ្ឋមន្ត្រីកម្ពុជា បានពុះពារយ៉ាងខ្លាំង ទាំងផ្តល់ការលើកទឹកចិត្ត និងការសម្រេចអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងកំពង់ផែអន្តរជាតិព្រះសីហនុ ខណៈប្រទេស៤ កោះចំនួន២ បានបដិសេធមិនឱ្យនាវាយក្សនេះចូលចតដោយសារតែភ័យខ្លាចជំងឺកូវីដ១៩។​ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាជនចិនបានប្រសិទ្ធនាមចំពោះកាយវិការមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះប្រទេសជាមិត្តរបស់ខ្លួនក្នុងគ្រាលំបាកនេះថា «បុរសសង្ហាដើរបញ្ជ្រាសទិស» ខណៈមេដឹកនាំនៃប្រទេសផ្សេងៗ មិនហ៊ានទៅកាន់ប្រទេសចិន ហើយពិភពលោកក្នុងសតវត្សរ៍ទី២១នេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ជំងឺកូវីដ១៩ គ្មានអ្វីគួរឱ្យភ័យខ្លាចឡើយ ប៉ុន្តែជំងឺភ័យខ្លាចបានជារឿងដែលគួឱ្យភ័យខ្លាច។ ការភ័យខ្លាចនៃជំងឺនេះបានរុញច្រានឱ្យមានការរើសអើងជាតិសាសន៍ រើសអើងមនុស្សនៅក្នុងសង្គម។ ការភ័យខ្លាចបានធ្វើឱ្យមនុស្សមួយចំនួនបាត់បង់នូវភាពម្ចាស់ការ បាត់បង់ជំនឿចិត្តលើខ្លួនឯង។

         តើយើងអាចនិយាយបានទេថា ការប្រឈមនឹងជំងឺកូវីដ១៩នេះ ធ្វើឱ្យមនុស្សធ្លាក់ចុះនូវសីលធម៌? ស្របគ្នានឹងសកម្មភាពមនុស្សធម៌ដែលបានបង្ហាញតាមរយៈការសាមគ្គីភាពដ៏រឹងមាំជាធ្លុងមួយជួយគ្នាគ្រប់ពេលវេលារបស់ប្រជាជនកម្ពុជា​ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រ​ដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ? តាមរយៈកាយវិការនេះ យើងអាចនឹងធ្វើឱ្យជំងឺនេះជៀសផុតពីការឆ្លងកម្រិតអាសន្ននៅកម្ពុជា ហើយប្រជាពលរដ្ឋនឹងចាកផុតពីជំងឺរាតត្បាតនេះតាម       រយៈការអនុវត្តបទដ្ឋាន អនាម័យជាប្រចាំ និងគ្មានការភ័យខ្លាចចំពោះជំងឺដែលអាចបង្ការបាននេះឡើយ ដោយយើងរួមគ្នាកម្ចាត់ជំងឺកូវីដ១៩ទាំងអស់គ្នា និងចូលរួមអនុវត្តវិធានការដែលដាក់ចុះដោយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រឆាំងនឹងវិបត្តិជំងឺកូវីដ១៩។ ចំពោះមុខនឹងការប្រឈមមុខការរាតត្បាតនៃមហន្តរាយដែលកំពុងតែវាយលុកពិភពលោកបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចុះនូវកញ្ចប់វិធានការលើផ្នែកសុខុមាលភាព សាធារណៈនិងសេដ្ឋកិច្ចសង្គម ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយជំងឺកូវីដ១៩។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នទាំងរដ្ឋនិងឯកជន ព្រមទាំងពលរដ្ឋម្នាក់ៗត្រូវចាត់ទុកថា ជាការងារអាទិភាពទី១ និងចាំបាច់បំផុត

         វិធានការដែលបានត្រៀមរៀបចំមុនពេលបុរសជនជាតិខ្មែរម្នាក់ត្រូវបានរកឃើញថាបានឆ្លងវីរ៉ុសកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ដែលធ្វើការនៅកន្លែងជាមួយគ្នា នៅទីរួមខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ គឺអ្នកជំងឺត្រូវបានព្យាបាល និងថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ជាមួយ​​​​គ្នានេះ ក្រុមគ្រួសារ៣នាក់ផ្សេងទៀតរបស់គាត់រួមជាមួយអ្នកមានទំនាក់ទំនងនឹងអ្នកជំងឺជនជាតិខ្មែរ និងជប៉ុនសរុបជិត៣០នាក់នោះ ត្រូវបានធ្វើតេស្តស្វែងរករោគសញ្ញាដោយវិទ្យាស្ថានប៉ាស្ទ័រ នៅល្ងាចថ្ងៃទី៨ និងទី៩ ខែមីនា និងបានបង្ហាញលទ្ធផលថា មានអវិជ្ជមានមេរោគកូវីដ១៩។ ទោះជាស្ថានភាពនៃការរាតត្បាតនៃវីរ៉ុសនេះលឿនរហ័ស និងមានភាពគួរឱ្យព្រួយបារម្ភ ជាពិសេសសម្រាប់មនុស្សវ័យ​ចំណាស់ដែលមានភាពស៊ាំនៃសព៌ាង្គកាយខ្សោយ ប៉ុន្តែភាពភ័យខ្លាចរបស់មនុស្សចំពោះវីរ៉ុសកូវីដ១៩ មានសភាពធ្ងន់ធ្ងរខ្លាំងជាងលើសពីហានិភ័យពិតរបស់វា។ ចាប់តាំងពីការផ្ទុះឡើនៃការរាត​ត្បាត​ចម្លងវីរ៉ុសកូវីដ១៩ ពីទីក្រុងអ៊ូហាន ប្រទេសចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដើរតួនាទីសំខាន់ក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិ ទាំងការលើកទឹកចិត្ត និងការសហការជាលក្ខណៈអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺថ្មីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ រហូតមកដល់ពេលនេះ និងរហូតទៅដល់ការបញ្ចប់នៃជំងឺកូវីដ១៩នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃកូវីដ១៩ ដែលនេះគឺជាការងារដែលយើងត្រូវធ្វើទាំងអស់គ្នា»។ សម្តេចបានបន្តថា កម្ពុជាត្រូវតែរៀបចំផែនការ និងវិធានការនានាដែលត្រូវប្រកាន់យកក្នុងករណីកូវីដ១៩បានឆ្លងមកដល់កម្ពុជា និងបានឆ្លងរាលដាលពីពលរដ្ឋម្នាក់ទៅពលរដ្ឋម្នាក់ដែលមានល្បឿនលឿន និងទ្រង់ទ្រាយធំ។ រដ្ឋបានត្រៀមថវិកាសម្រាប់ជួយពលរដ្ឋក្នុងករណីចាំបាច់នៃការឆ្លងរាលដាលកូវីដ១៩ តាមរយៈការសម្រេចកាត់បន្ថយការចំណាយរបស់ក្រសួងស្ថាប័នទាំងអស់ចំនួន៥០ភាគរយ លើកលែងតែ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយ២៥ភាគរយ ដើម្បីសន្សំប្រាក់ទាំងនោះ។ ការចំណាយរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ត្រូវកាត់បន្ថយដែរ ដើម្បីសន្សំប្រាក់ទាំងនោះទុកសម្រាប់បង្វែរការចំណាយចាំបាច់ទៅលើវិស័យសុខាភិបាល។ ជាវិធានការជាក់ស្តែង ក្រោយពីបុរសម្នាក់នៅខេត្តសៀមរាបត្រូវបានរកឃើញថាមានភាពវិជ្ជមានវីរ៉ុសកូវីដ១៩ វិធានការបន្ទាន់គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងអប់រំបិទសាលារៀនទាំងអស់ក្នុងក្រុងសៀមរាបជាបណ្តោះអាសន្ន ដើម្បីជៀសវាងកុំឱ្យមានការឆ្លងវីរ៉ុសកូវីដ១៩ជាយថាហេតុ រហូតដល់មានការជូនដំណឹងជាថ្មី។ គម្រោងរៀបចំប្រារព្ធសង្ក្រាន្តសៀមរាបក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ជាឱ្យលុបចោលផងដែរ។ នៅថ្ងៃទី៩ ខែមីនា សាលារៀនទាំងរដ្ឋនិងឯកជនសរុបចំនួ១១០ រាប់តាំងពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យ និងសាលា បណ្តុះវិជ្ជាជីវៈក៏ត្រូវបានបិទជាបណ្តោះអាសន្ន។ នេះគឺជាវិធានការដើម្បីបង្ការការរីករាលដាលនៃការឆ្លងជំងឺកូវីដប្រកបទៅដោយសីលធម៌ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងភាពជាអ្នកដឹកនាំ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយបញ្ឈប់ការភ័យខ្លាចហួសហេតុដែលនាំឱ្យមានការបង្កចលាចល តែត្រូវងាកមកអនុវត្តការសម្អាតអនាម័យ(សម្អាតផ្ទះសម្បែង ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាកុល និងជែលផ្សេងៗ ប្រើម៉ាស់ ឬក្រម៉ានៅកន្លែងចាំបាច់មួយចំនួន។ ក្នុងករណីមានការសង្ស័យក្រោយពីមានរោគសញ្ញាសង្ស័យមួយចំនួន គួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកដើម្បីធ្វើតេស្តរកមើលជំងឺកូវីដ​១៩) និង ស្នើសុំអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសអយ្យការអមតុលាការរាជធានីខេត្តទាំងអស់នៅទូទាំង​ប្រទេសកម្ពុជា ចាត់វិធានការផ្លូវច្បាប់ដ៏តឹងរឹងចំពោះជនណាដែលបំពុលព័ត៌មាន ផ្សព្វផ្សាយ​ព័ត៌មាន​​មិនពិតទាក់ទងនឹងជំងឺកូវីដ១៩ និងប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ដោយរួមសាមគ្គីជាធ្លុងមួយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ប្រឆាំងដាច់ខាតការបំពុលសង្គម និងការបំភ័យដោយក្រុមជនទុច្ចរិត ជាដើម។

         ទន្ទឹមនឹងនេះ អង្គការ​សុខភាព​ពិភពលោក បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ស្នើ​ឱ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយតប​រហ័ស​និង​ទាន់​ពេល​វេលា ចំពោះ​លទ្ធភាព​នៃ​ការ​រីក​រាលដាល​​ជំងឺ​កូវីដ​១៩ ដែល​អាច​កើត​មាននៅ​កម្ពុជា​។ ដើម្បី​ត្រៀម​បង្ការ​ការ​ឆ្លង​រាលដាល​នេះ អង្គការ​សុខភាព​សុភាព​ពិភពលោក កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ដៃគូ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​បច្ចុប្បន្នភាពអំពី​ផែនការ​ត្រៀមលក្ខណៈ និង​ការ​ឆ្លើយ​តប​កម្រិត​ថ្នាក់​ជាតិ ហើយ​និង​កំណត់​ចំណុច​ខ្វះខាត​ចំពោះ​សកម្មភាព​ត្រៀម​ជា​អាទិភាព។ ចំណុច​អាទិភាព​ដែល​ត្រូវ​ត្រៀម​ទុក រួមមាន ការគ្រប់គ្រង​ឧប្បត្តិហេតុ ការ​ធ្វើ​ផែនការ ការ​សម្របសម្រួល​ផ្នែក​ពហុ​វិស័យ ការវាយតម្លៃ​តាមដាន​ហានិភ័យ មន្ទីរ​ពិសោធន៍ ការគ្រប់គ្រង​គ្លីនិក និង​សេវាកម្ម​ថែទាំ​សុខភាព ការ​ត្រួតពិនិត្យ​និង​បង្ការ​ការ​ឆ្លង វិធានការ​សុខភាព​សាធារណៈ​មិនមែន​ឱសថ និង​សម្ភារៈ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ជាដើម។

         បន្ទាប់មកទៀត ក្នុងសប្តាហ៍ទី២នៃខែមីនា ក្រសួងអប់រំបានចេញសេចក្តីណែនាំសារជាថ្មី ឱ្យផ្អាកគ្រឹះស្ថានសិក្សាគ្រប់ប្រភេទចាប់ពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ ដោយក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំលើកទី២ ស្តីពីការចាប់ផ្តើមវិស្សមកាលតូច និងការឈប់សម្រាកមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស។ យោងទៅតាមសេចក្តីប្រកាសលេខ១៣ អយក.សណន ចុះនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ មានសេចក្តីថា ផ្អែកទៅតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩ របស់អង្គការសុខភាពពិភពលោក ព្រមទាំងការរកឃើញជាបន្តបន្ទាប់នូវវិជ្ជមានវីរ៉ុសកូវីដ១៩ លើជនជាតិខ្មែរ និងជនជាតិបរទេស ដែលបានធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់ និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំយុវជន និងកីឡាបានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជននៅទូទាំងប្រទេសដែលក្នុងនោះរួមមាន គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ តាំងពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ និងមត្តេយ្យសិក្សាគ្រប់កម្រិតគ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជនត្រូវចាប់អនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងពីក្រសួង ហើយសម្រាប់សាលាដែលមិនទាន់បានបញ្ចាប់ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សក្នុងឆមាសទី១ ត្រូវយកលទ្ធផលសិក្សាជាមធ្យមភាគនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាស ចំណែកឯគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ត្រូវអនុញ្ញាតឱ្យគរុសិស្សបានឈប់សម្រាកមួយរយៈ។ ក្រៅពីនេះ មន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ត្រូវលើកទឹកចិត្តឱ្យអាណាព្យាបាលសិស្ស ជំរុញទឹកចិត្តឱ្យបុត្រធីតារបស់ខ្លួនស្វ័យសិក្សានៅផ្ទះដោយខ្លួនឯងក្នុងរយៈពេលថ្ងៃវិស្សមកាលតូចមុនថ្ងៃកំណត់នេះ។ ក្រសួងអប់រំបានសុំឱ្យមន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត ត្រូវផ្សព្វផ្សាយសេចក្តីសម្រេចនេះឱ្យបានទូលាយដល់គ្រប់ការិយាល័យ។ ដោយឡែក គណៈគ្រប់គ្រងសាលារៀនគ្រប់កម្រិត គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប គួរសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងតាមដានជាប់ជាប្រចាំនូវការផ្សព្វផ្សាយរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល ដែលនេះជាការទទួលខុសត្រូវខ្ពស់ប្រកបដោយសីលធម៌ក្នុងភាពជាអ្នកដឹកនាំ។

         បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានវិធានការខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍ ដើម្បីប្រយុទ្ធប្រឆាំងកូរ៉ូណា[3]   ដែលករណីនេះ គេមើលឃើញថា ដោយសារការឆ្លងរីករាលដាលបានកើនឡើងនៅទូទាំងតំបន់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុជំរុញឱ្យប្រទេសមួយចំនួនណែនាំឱ្យចាត់វិធានការសំខាន់ៗជាបន្តបន្ទាប់ មានជាអាទិ៍ ការបិទព្រំដែនរបស់ប្រទេសសមាជិកអាស៊ាន ដោយមិនអនុញ្ញាតឱ្យក្រុមអ្នកដំណើរបរទេសចូលក្នុងប្រទេស និងការដាក់បម្រាមគោចរនៅពេលយប់រហូតដល់ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍ ការប្រកួតកីឡាធំៗជាដើម។ យើងសង្កេតនៅពេលដែលមានការផ្ទុះជំងឺកូវីដ១៩ នៅប្រទេសម៉ាឡេស៊ីនាសប្តាហ៍កន្លងមក រដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយថា នឹងបិទព្រំដែនបណ្ដោះអាសន្នពីថ្ងៃទី‌១៧ ដល់ថ្ងៃ៣១ ខែមីនា។ កត្តានេះបានជះឥទ្ធិពលដល់ពលរដ្ឋម៉ាឡេស៊ីឱ្យភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី ហើយរដ្ឋាភិបាលសិង្ហបុរីក៏បានបិទព្រំដែនមុនចំណាត់ការរបស់ម៉ាឡេស៊ីបានមកដល់ទៅទៀត។[4]  ដោយឡែក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ប្រទេសវៀតណាមក៏បានបិទព្រំដែនជាឯកតោភាគី និងមានវិធានការតឹងរឹងដោយតម្រូវឱ្យអ្នកដំណើរចេញពីកម្ពុជាមានលិខិតបញ្ជាក់សុខភាព ព្រមទាំងឃុំខ្លួនអ្នកទាំងនោះក្នុងកំឡុងពេល១៤ថ្ងៃ ហើយដើម្បីជាការឆ្លើយតបវិញ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទព្រំដែនទាំងអស់វិញ លុះត្រាមានការចរចាទ្វេភាគីឡើងវិញ។ លើសពីនេះទៅទៀត ប្រទេសឡាវនិងថៃក៏មានវិធានការតឹងរឹងចំពោះជនបរទេសដែលចូលទៅប្រទេសរបស់គេរៀងៗខ្លួនដែរ ដែលក្នុងនោះ ប្រទេសថៃបានបិទព្រំដែនគោកមួយចំនួនជាមួយកម្ពុជាផងដែរ គឺដើម្បីឆ្លើយតបនឹងវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩ មិនមែនជាការធ្លាក់ចុះលើផ្នែកសីលធម៌នោះទេ។ ម្យ៉ាងវិញទៀតយើងត្រូវបែងចែកឱ្យបានច្បាស់នូវសីលធម៌ និងការការពារខ្លួនពីវីរុសដ៏កំណាចនេះ តួយ៉ាងដូចជា កាលពីក្នុងខែកុម្ភៈនិងខែមីនា កន្លងទៅថ្មីៗនេះ មានបងប្អូនជនជាតិខ្មែរឥស្លាម ចំនួន៧៩នាក់ ដែលបានធ្វើដំណើរទៅចូលរួមពិធីសាសនាតាមប្រពៃណីរបស់ពួកមូស្លីមនៅប្រទេសម៉ាឡេស៊ី ហើយនៅពេលដែលពួកគាត់ត្រឡប់មកវិញ ក៏មានបុគ្គលមួយចំនួនបានឆ្លងមេរោគកូវីដ១៩ មកជាមួយ និងបានចម្លងជាបន្តបន្ទាប់ដោយមិនដឹងខ្លួនដល់ប្រជាជននៅក្នុងសហគមន៍របស់គាត់ ហើយនៅពេលនោះមានអ្នកលេងបណ្ដាញសង្គម(ហ្វេសប៊ុក)មួយចំនួនបានបញ្ចេញមតិធ្វើឱ្យប៉ះពាល់អារម្មណ៍របស់ពួកគាត់ ទើបពួកគាត់ប្រតិកម្មថា សហគមន៍ខ្មែររើសអើងពួកគាត់។ យ៉ាងណាមិញ នៅពេលដែលក្រសួងសុខាភិបាលប្រកាសថា «អ្នកធ្វើតេស្តកូវីដ១៩វិជ្ជមាន គឺជាខ្មែរឥស្លាម» នោះ ក៏ពួកគាត់យល់ថា ជាពាក្យដែលធ្វើឱ្យមានការរើសអើងពួកគាត់ដែរ គួរថាត្រឹមតែខ្មែរបានហើយ ព្រោះពួកគាត់ក៏ជាខ្មែរដែរ។ តែការហៅបងប្អូនជនជាតិភាគតិចចាមថាជា «ខ្មែរឥស្លាម» ឬការប្រកាសរបស់ក្រសួងសុខាភិបាលថា បងប្អូនខ្មែរឥស្លាមដែលវិលត្រឡប់មកពីការចូលរួមពិធីសាសនាមួយនៅម៉ាឡេស៊ី «បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន» មិនមែនជាឥរិយា​បថ ឬភាសារើសអើងទេ វាជាភាសាដែលគេប្រើជាធម្មតាសម្រាប់ការកំណត់អត្តសញ្ញាណជនជាតិនីមួយៗតែប៉ុណ្ណោះ។ ឧទាហរណ៍ ខ្មែរឥស្លាម១០នាក់បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន ជនជាតិម៉ាឡេស៊ី៦នាក់បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន ជនជាតិបារាំង២នាក់បានធ្វើតេស្តកូវីដ១៩ វិជ្ជមាន ជាដើម។ លើសពីនេះទៀត សូមយើងគួរកុំយល់ច្រឡំថា ជាការរើសអើងចំពោះការដាក់មនុស្សណាម្នាក់ ឬក្រុមណាមួយដែលគេសង្ស័យថាអាចមានការឆ្លងជំងឺកូវីដ១៩ឱ្យនៅដាច់ដោយឡែក។ ក៏ដូចជាការព្យាបាលអ្នកជំងឺកូវីដ១៩ក្នុងបន្ទប់ដោយឡែក ព្រោះដើម្បីបង្ការការពារការឆ្លង ទើបគ្រូពេទ្យត្រូវពាក់ម៉ាស ពាក់ស្រោមដៃ និងត្រូវស្លៀកសម្លៀកបំពាក់សុវត្ថិភាពក្នុងពេលពិនិត្យនិងព្យាបាលអ្នកជំងឺកូវីដ១៩។ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរត្រូវតែពាក់ម៉ាសក្នុងពេលបំពេញការងារ ពេលចូលទៅក្នុងទីប្រជុំជន មិនសូវហ៊ានស្និទ្ធស្នាលជាមួយអ្នកដែលធ្លាប់ធ្វើការជាមួយគ្នាដោយហេតុតែគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះ។ តាមពិត គោលការណ៍នេះ គឺជាបច្ចេកទេសសុខាភិបាល ដែលតម្រូវឱ្យគ្រូពេទ្យ និងមហាជនទូទាំងពិភពលោកប្រើប្រាស់ជាទូទៅ តាំងពីយូរណាស់មកហើយសម្រាប់ករណីមានជំងឺឆ្លងគ្រប់ប្រភេទ កុំថាឡើយជំងឺកូវីដ១៩នេះ។

         បើនិយាយពីការជួយគ្នា និងការចែករំលែកគ្នាក៏ឃើញថា ក្នុងអំឡុងនៃការរាតត្បាតនៃជំងឺនេះមានបងប្អូនខ្មែរយើងមួយចំនួនដែលមានលទ្ធភាពក៏បានបរិច្ចាគនូវគ្រឿងឧបភោគបរិភោគដល់អ្នកខ្វះខាតផងដែរ។ ទន្ទឹមនឹងនោះ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំនោះ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ដែលមានលទ្ធភាពបានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនប្រចាំខែ ឬក៏ក្នុងចំណែក​ណាមួយ ចាប់ពី៣ខែឡើងទៅដើម្បីជាការចូលរួមចំណែកក្នុងការឧបត្ថម្ភការព្យាបាល ការការពារ និងការទប់ស្កាត់ជំងឺកូវីដ១៩ ដ៏កាចសាហាវនេះផងដែរ។

 

         ជាការសន្និដ្ឋាន នៅពេលដែលមនុស្សបានឆ្លងកាត់ដំណាក់កាលនេះរួច មនុស្សនឹងរឹតតែមានសីលធម៌ល្អប្រសើរឡើង ដ្បិតវីរ៉ុសដែលជាគ្រោះកំណាចនេះ បានជួយបង្រៀនមនុស្សនិងផ្ដល់មេរៀន ព្រមទាំងបទពិសោធន៍ឱ្យចេះកែប្រែនូវកំហុសឆ្គង និងអ្វីដែលបានគិតមិនសូវត្រឹមត្រូវពីពេលមុនមក។ ហើយអ្វីដែលកម្ពុជាបានធ្វើកន្លងមកតាមរយៈមេដឹកនាំនោះ គឺការយកចិត្តទុកដាក់ដល់ជីវិតមនុស្សជាតិនិងសិទ្ធិរស់រៀនមានជីវិតដែលនេះជាតម្លៃសីលធម៌ដ៏ខ្ពស់មួយ ដែលមិនអាចកាត់ថ្លៃបាន។​ ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញថា អាចមានបុគ្គលមួយចំនួនតូចបានប្រើពាក្យពេចន៍អសុរោះ និងធ្វើការអត្ថាធិប្បាយមួយចំនួនដែលធ្វើឱ្យមានការប៉ះពាល់ដល់អារម្មណ៍និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលដែលផ្ទុកមេរោគកូវីដ១៩នោះ។ ការបំភ័យឱ្យខ្លាចជ្រុលដែលធ្វើឱ្យបុគ្គលមួយចំនួនបាត់ម្ចាស់ការ ភ័យស្លន់ស្លោរ និងងាយនឹងជឿតាមការបំពុលព័ត៌មានរបស់ក្រុមជនមួយចំនួន ដែលបានឆ្លៀតប្រើប្រាស់ការភ័យខ្លាចជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋមួយចំនួនទៅបម្រើប្រយោជន៍ផ្ទាល់ខ្លួនដូចជា ការលក់ម៉ាស់ការពារ និងទឹកអាកុលលាងដៃក្នុងតម្លៃថ្លៃ ការបំផុសបំផុល បំភិតបំភ័យពលរដ្ឋឱ្យទិញអង្ករ ត្រីសាច់ និងគ្រឿងឧបភោគដើម្បីរក្សាស្តុកទុកជាដើម។ ដូចករណីឈ្មួញមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញខុសពីធម្មតា គឺគ្រាន់តែជាកម្រិតបុគ្គលនិងភាគតិចប៉ុណ្ណោះ ហើយគួរកុំយកករណីនៃការធ្លាក់ចុះសីលធម៌របស់បុគ្គលមួយចំនួនតូចមកវាយតម្លៃសីលធម៌មនុស្សក្នុងសង្គមទាំងមូល។ ជាក់ស្តែង សូម្បីតែក្នុងវិស័យវិស័យព្រះពុទ្ធសាសនា គ្រាន់តែបុគ្គលសង្ឃមួយឬពីរអង្គដែលអបត្តិនឹងវិន័យព្រះពុទ្ធសាសនា ក៏តាំងស្រែកដៀល ឬថ្កោលទោសទូទៅដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃភាគច្រើនដែលប្រកាន់ខ្ជាប់នូវវិន័យព្រះពុទ្ធសាសនា បានល្អនោះ។ យ៉ាងណាមិញនៅពេលកម្ពុជាទទួលរងនូវការរាតត្បាតដោយជំងឺកូវីត១៩នេះ  ក៏មានបុគ្គលមួយចំនួនបាននិយាយថា សង្គមខ្មែរកំពុងធ្លាក់ចុះនូវសីលធម៌ ដោយសារតែឃើញបុគ្គលមួយចំនួនតូចដែលឆ្លៀតយកឱកាសនេះ កេងចំណេញដោយតម្លើងថ្លៃម៉ាស់ ថ្លៃអាល់កុល ឬជែលអាល់កុលសម្រាប់លាងដៃជាដើម។ ទន្ទឹមនឹងនោះយើងឃើញមានសប្បុរសជនជាច្រើនដែលបានលះបង់សម្ភារ និងថវិការបស់ខ្លួនដើម្បីទប់ស្កាត់និងប្រឆាំងនូវជងឺនេះ ដោយចែកជាម៉ាស់ ជាអាល់កុល គ្រឿងឧបភោគបរិភោគដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាត ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះផងដែរ។

         ហេតុនេះដើម្បីប​ន្តសាមគ្គីភាព ការសហការ ការចែករំលែក រួមសុខរួមទុក្ខដោយចែកគ្នារស់ មិនដណ្តើមគ្នារស់ និងសុខដុមនីយកម្មក្នុងសង្គមខ្មែរទាំងមូល សូមពលរដ្ឋខ្មែរទាំងអស់បន្តប្រកាន់ខ្ជាប់នូវសីលធម៌ល្អនេះជាដរាប។ យើងមានគំរូតាមរយៈទង្វើដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ គឺសម្តេច​តេជោ ហ៊ុន សែន ដែលពិភពលោកកំពុងសរសើរនូវទឹកចិត្តប្រកប​ដោយសីលធម៌និងគុណធម៌ ដូចជា​ការអនុញ្ញាតឱ្យនាវា Westerdam ចូលចត ព្រមទាំងបានសង្រ្គោះមនុស្សជាង២០០០នាក់ ការព្យាបាលជនបរទេសដែលមានជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាដោយមិនបង់ប្រាក់ ការគ្រប់គ្រងប្រទេសនិងចាត់វិធានការទប់ស្កាត់បានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការចូលរួមបរិច្ចាគប្រាក់ខែ ហើយមានមន្រ្តីរាប់ពាន់នាក់ និងសប្បុរសជននានាចូលរួមយ៉ាងសស្រាក់សស្រាំទៅតាមលទ្ធភាពដែលខ្លួនមាន។

 

     សូមសំណូមពរដល់បុគ្គលមួយចំនួនតូចដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន កេងចំណេញលើប្រជាជនដែលកំពុងរងវិបត្តិជំងឺធ្ងន់ធ្ងរ ក៏ដូចជាសំណូមពរដល់អ្នកដែលជាអ្នកលេងបណ្ដាញសង្គម ជៀសវាងឱ្យបានការប្រើពាក្យពេចន៍អុជអាល អសុរោះ វោហាសាស្ត្រ និងអត្ថាធិប្បាយណាមួយ ដែលនាំឱ្យប៉ះពាល់អារម្មណ៍ មានជម្លោះ អំពើហិង្សា និងការរើសអើងកើតឡើងនៅក្នុងសង្គម។ សូមកុំយកករណីនៃការខ្វះសីលធម៌របស់បុគ្គលមួយចំនួនតូច មកធ្វើការវាយតម្លៃចំពោះមនុស្សទូទាំងសង្គមបន្តទៀត ដ្បិតសង្គមបច្ចុប្បន្នជាសង្គមកំពុងឈានឆ្ពោះទៅភាពសុខដុមរមនា ដោយរួមសហការគ្នាប្រយុទ្ធប្រឆាំងកំចាត់ជំងឺកូវីដ១៩នេះឱ្យបានក្នុងពេលឆា​ប់ៗខាងមុខ តាមរយៈការស្តាប់និងធ្វើតាមការអំពាវនាវរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល ដើម្បីនាំសង្គមជាតិឆ្ពោះទៅរកវឌ្ឍនភាពពិតៗ និងជាសង្គមដែលពោរពេញទៅដោយសីលធម៌និងគុណធម៌នៅក្នុងជីវិតរស់នៅលើភពផែនដីដ៏ស្រស់ស្អាតនេះ៕