ចេញផ្សាយនៅថ្ងៃទី៖ May. 30th, 2024
ក្នុងឆ្នាំ២០២០នេះ ការដាំដុះបន្លែនៅក្នុងប្រទេសកម្ពុជាមានកំណើនគួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែផលិតកម្មក្នុងស្រុកនៅមិនទាន់មានបរិមាណគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុករបស់ខ្លួននៅឡើយ ដែលជាហេតុឱ្យមានការនាំចូលបន្លែលើសពាក់កណ្តាលនៃតម្រូវការរបស់ខ្លួនពីក្រៅប្រទេស។ តាមការសិក្សាស្រាវជ្រាវពីប្រភពផ្សេងៗបានឱ្យដឹងថា ប្រទេសកម្ពុជានាំចូលបន្លែពីក្រៅប្រទេសមានចំនួនប្រមាណជា២០០តោន ទៅ៤០០តោន ក្នុងមួយថ្ងៃៗសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម ថៃ និងចិន ដោយចំណាយថវិកាជាង២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ (រំដួល ចិត្រា, ២០១៧)។ តាមរបាយការណ៍របស់អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិបានបង្ហាញថា បរិមាណបន្លែដែលផ្គត់ផ្គង់នៅកម្ពុជាមានប្រមាណជិត១លាន តោនក្នុង១ឆ្នាំៗ ដែលក្នុងនោះបរិមាណបន្លែផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមតែ៤៤%ប៉ុណ្ណោះ ចំណែកការនាំចូលមានរហូតដល់៥៦% (Fresh News Asia, ២០១៧) ។ ដោយឡែកនៅរាជធានីភ្នំពេញ បន្លែចំនួន៧០% ជាបន្លែនាំចូលពីប្រទេសថៃ វៀតណាម និង ចិន រីឯបន្លែរបស់ប្រជាកសិករកម្ពុជាមានប្រមាណ៣០% តែប៉ុណ្ណោះ។