លោកពូ ជឹម ហ៊ន អាយុ៥៥ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គឺជាកសិករផង និង ឆ្លៀតរត់រទេះសេះផង។ សម្រាប់មុខរបររត់រទេះសេះរបស់គាត់ លែងរត់ដឹកអ្នកធ្វើដំណើរទៀតហើយ ព្រោះមិនមានអ្នកជិះទៀតទេ ប៉ុន្តែគាត់បែរមកដឹកស្រូវវិញ ដោយទទួលបានថ្លៃឈ្នួលតម្លៃ៣០០០រៀល ក្នុង១បាវ ក្នុងចម្ងាយផ្លូវពីវាលស្រែមកដល់កន្លែងសម្រាប់លើកដាក់ឡាន នៅមុខវត្តបារាយណ៍ជីវរ៍ធំ។ មុខរបររត់រទេះសេះរបស់លោកពូ ហ៊ន ក្រៅពីដឹកស្រូវ ក៏ដឹកដីលក់ដែរ ប្រសិនបើមានអ្នកស្រុកត្រូវការដីចាក់ទីធ្លាក្នុងផ្ទះឬមុខផ្ទះ។ តម្លៃដី១រទេះសេះ គាត់អាចទទួលបាន៦០០០រៀលក្នុងរទេះសេះ។ លោកពូ ជឹម ហ៊ន ចាត់ទុកជាមេម្នាក់ក្នុងការម៉ៅការដឹកស្រូវ ក្នុងមួយស្រែៗ។ ពិសេសជាងនេះទៀត ពូ ហ៊ន គឺជាមនុស្សតែម្នាក់គត់នៅក្នុងភូមិបន្ទាយ ដែលចេះប្ដូរក្រចកសេះ។ ដោយសារសេះត្រូវពាក់ក្រចកដែក ដូច្នេះត្រូវប្ដូរជាញឹកញយ។