ទំនៀមទម្លាប់ពីបុរាណ នៅថ្ងៃ៣កើត ខែមាឃ អ្នកស្រុករស់នៅក្នុងតំបន់អង្គរ ខេត្តសៀមរាបត្រូវតែរៀបចំពិធីឡើងមាឃ។ ជាទម្លាប់ នៅថ្ងៃ១កើត ខែមាឃ ប្រជាពលរដ្ឋតាមភូមិរៀងៗខ្លួននាំគ្នាចាប់ត្រីនៅតាមត្រពាំង អូរ ប្រឡាយក្បែរភូមិ សម្រាប់រៀបចំម្ហូបអាហារក្នុងថ្ងៃឡើងមាឃ។ ត្រីដែលគេចាប់មក ជាទូទៅសម្រាប់ស្លសម្លនំបញ្ចុក។ ពិធី «ឡើងមាឃ ឬ ឡើងអ្នកតា» រៀបចំធ្វើបន្ទាប់ពីច្រូតកាត់ប្រមូលផលស្រូវរួចរាល់ និងច្រើនតែប្រារព្វធ្វើនៅរោងអ្នកតាក្នុងភូមិរៀងៗខ្លួន ដើម្បីសុំសេចក្តីសុខសប្បាយពីអ្នកតាម្ចាស់ស្រុក និងសុំឱ្យអ្នកតាជួយថែរក្សាស្រុកភូមិ កុំឱ្យមានជំងឺថ្កាត់ផ្សេងៗមកបៀតបៀន ព្រមទាំងបន់ស្រន់សុំឱ្យភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែ ចម្ការ ដាំដុះដំណាំផ្សេងៗ ឱ្យទទួលបានទិន្នផលល្អ។ សព្វថ្ងៃ ភូមិខ្លះនៅមានទំនៀមថែរក្សាត្រពាំងរួមសម្រាប់ឱ្យបងប្អូនក្នុងភូមិរកត្រី អន្ទង់ ក្តាម ខ្យងជាដើម ដោយប្រើឧបករណ៍នេសាទ មានដូចជា សំណាញ់ ឈ្នាង អង្រុត ជាដើម។