April 27, 2024
នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម ដើម្បីធ្វើការបង្ហាញពីលទ្ធសិក្សាស្រាវជ្រាវលើប្រធានបទ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈម នៅកម្ពុជា

 នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យា​ស្ថាន​មនុស្សសាស្រ្ត និងវិទ្យា​សាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី លំហូរពលករទេសន្តរ​ប្រវេសន៍​​កម្ពុជា៖ ផលប្រយោជន៍ និង​បញ្ហាប្រឈម ដើម្បីធ្វើការបង្ហាញពីលទ្ធសិក្សាស្រាវជ្រាវលើប្រធានបទ លំហូរពលករ​ទេស​ន្តរ​ប្រវេស​ន៍​​កម្ពុជា៖ ផលប្រយោជន៍ និងបញ្ហាប្រឈមនៅកម្ពុជា ដោយសមាសភាពចូលរួមឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម អស់លោក លោកស្រី អ្នកនាង និង​កញ្ញា និស្សិត ដែលជាតំណាង រាជបណ្ឌិត្យសភាកម្ពុជា តំណាងក្រសួង ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ តំណាងអង្គការ​ពល​កម្មអន្តរជាតិ តំណាងមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង និងតាកែវ ព្រមទាំងតំណាងក្រុម​ហ៊ុន​នាំពលករទៅធ្វើការនៅបរទេស សរុបចំនួនប្រមាណ ៨២រូប។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការធ្វើទេសន្តរប្រវេសន៍ការងារអន្តរជាតិ គឺជាព្រឹត្តិការណ៍ដែលកើតមានតាំងពីយូរមកហើយបានបន្តកើត​មានរហូតដល់ពេល​បច្ចុ​ប្បន្ន។ ចំពោះស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា លោកបណ្ឌិតបានស្រាវជ្រាវឃើញថា កត្តាចម្បងនៃចំណាកស្រុក​ឆ្លងដែន​ពី​ប្រទេសកម្ពុជា គឺដោយសារភាពក្រីក្រ ភាពអត់ការងារធ្វើ ឬមានការងារធ្វើមិនពេញលេញ និងមិនច្បាស់លាស់ និងកង្វះ​ការ​ទទួល​បានការអប់រំ ព្រមទាំងសេវាសង្គមផ្សេងៗមួយចំនួនទៀត។

លើសពីនេះ បណ្ឌិត ឆេង វណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថា បើទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ច​ជាមធ្យមប្រចាំ​ឆ្នាំ ៧ភាគរយក្នុងរយៈជាងកន្លះទសវត្សរ៍កន្លងមកក៏ដោយ ក៏ភាពនៅមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតែជាចំណោទ​បញ្ហា​សំខាន់នៅឡើយ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវ លោកបណ្ឌិតបានបង្ហាញឱ្យដឹងថា ប្រទេសគោលដៅនៃពលករចំណាក​ស្រុក​របស់កម្ពុជា គឺប្រទេសថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និងមជ្ឈិមបូព៌ា ក្នុងចំណោមនេះប្រទេសថៃ គឺជាប្រទេសដែល​ពលករចំណាកស្រុកពីប្រទេសកម្ពុជាទៅច្រើនជាងគេ។

ដើម្បីរកដោះស្រាយបញ្ហាប្រឈមការធ្វើចំណាកស្រុក និងឆ្លងដែនទៅធ្វើការនៅបរទេសរបស់ប្រជាពលករខែ្មរ និងការខាតបង់​សេដ្ឋកិច្ចជាតិ លោកបណ្ឌិត ឆេង វណ្ណារិទ្ធ បានធ្វើការសិក្សាស្រាវជ្រាវ លំហូរពលករទេសន្តរប្រវេសន៍កម្ពុជា៖ ផលប្រយោជន៍ និង​បញ្ហាប្រឈម អស់រយៈពេលចំនួន ៨ខែ ចាប់ពីខែមីនា រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០១៩កន្លងមកនេះ។ លោកបណ្ឌិត​បាន​មានប្រសាសន៍បញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះ មានគោលបំណងផ្តល់ឱកាសដល់ភាគីពាក់ព័ន្​ធទាំងអស់​ពិភាក្សា​ផ្ទៀងផ្ទាត់ទិន្នន័យឱ្យមានសង្គតិភាព ប្រសិទ្ធភាពនិងប្រសិទ្ធផលសិក្សាស្រាវជ្រាវ ដើម្បីធ្វើជាធាតុចូលដ៏សំខាន់ជូន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ។

ឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា លំហូរពលករ​ទេសន្តរ​ប្រវេសន៍កម្ពុជាទៅធ្វើការនៅបរទេស និងក្រោយពេលធ្វើមាតុភូមិនិវត្តន៍នៅតែជាប្រធានបទមួយដែលត្រូវដោះស្រាយ​ក្នុង​ក្របខណ្ឌគោលនយោបាយជាតិ ហើយតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន អង្គភាព អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់​ថ្នាក់ទាំង​អស់រួមគ្នា​ដោះស្រាយ ដើម្បីបន្តធានាថា ពលករខ្មែរម្នាក់ៗបានចូលធ្វើការងារណាមួយ និងនៅប្រទេសណាមួយដោយ​ស្របច្បាប់ ហើយ​ទទួល​បាននូវការការពារសុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងផលប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារផ្ទាល់ ប្រទេស​ជាតិផងដែរ និងប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈអនុក្រឹត្យលេខ ១៩០ អនក្រ.បក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្តីពី ការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារជ្រើសរើសឯកជន៕