រាជធានីភ្នំពេញ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវគម្រោង «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្តទីផ្សារ បញ្ហាប្រឈម និងដំណោះស្រាយ» បន្តចុះសិក្សាស្រាវជ្រាវបន្លែនាំចូលនៅផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគ រាជធានីភ្នំពេញ។
ក្រុមការងារបានចុះសិក្សាឃ្លាំងស្ដុកបន្លែនាំចូលចំនួន២កន្លែងដែលមានបំពាក់ម៉ាស៊ីនត្រជាក់សម្រាប់ក្លាសេបន្លែ មុននឹងលក់ចេញ។ បន្លែទាំងនោះនាំចូលពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម និងចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនបាវិតដែលចំណាយពេល៧ថ្ងៃ ទើបមកដល់ឃ្លាំងស្ដុក។ បន្លែចិនដឹកដោយរថយន្ដធន់ធំអាចផ្ទុកបន្លែចាប់ពី២០តោនទៅ២៥តោនក្នុងមួយឡាន។ បន្លែនាំមកពីប្រទេសចិនមានការវេចខ្ចប់បានល្អជាងបន្លែមកពីវៀតណាម។ បន្លែចិនអឺរ៉ុបចូលចិត្តបរិភោគ ដែលអាចជាតម្រូវការរបស់ ភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារទំនើបជាដើម។ បន្លែចិនមានដូចជា ស្ពៃក្ដោប, ស្ពៃស (ស្ពៃបូកគោ), ផ្សិតភ្លៅមាន់, ផ្សិតម្ជុល, ប៉េងប៉ោះតូចៗ, គិនឆាយ, ម្ទេសហាវ៉ៃធំ (ពណ៌ខៀវ, ពណ៌លឿង, ពណ៌ក្រហម), ម្ទេសវែង, ខាត់ណា, ផ្កាខាត់ណា, មើមឆៃថាវ, សណ្ដែកខៀវ, ស្ពៃតឿ, ប្រូកូលី (Broccoli), ខ្ទឹមស, ខ្ទឹមក្រហម, ខ្ទឹមបារាំង, មើមឈូកចិន ។ល។ តាមការសម្ភាសន៍ថៅកែចិនបន្លែចិនជាបន្លែដែលពិបាកដាំនៅប្រទេសកម្ពុជា ព្រោះវាត្រូវការអាកាសធាតុត្រជាក់បន្តិច។ ចំពោះស្ពៃក្ដោបវិញ យើងអាចដាំបាននៅប្រទេសកម្ពុជា ជាពិសេសនៅស្រុកកោះធំខេត្តកណ្ដាល ដែលកសិករខ្មែរអាចដាំស្ពក្ដោបបានដែរ ប៉ុន្តែកសិករខ្មែរមិនអាចដាំបានពេញមួយឆ្នាំបានទេ នេះជាមូលហេតុមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានទេ ដូចនេះត្រូវការនាំចូលបន្លែក្រៅមកពីបរទេសជាចាំបាច់។ បរិមាណបន្លែដែលឃ្លាំងស្ដុកបន្លែនីមួយៗអាចលក់បានចំនួនពី ២០ ទៅ ៣០តោន ក្នុង១ថ្ងៃ។