April 27, 2024
ខេត្តពោធិ៍សាត់៖ ប្រាសាទវត្តដូនអន គឺជាប្រាសាទវ័យចំណាស់មួយដែលមានទីតាំងស្ថិតនៅក្នុងភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តឈ្មោះ «ដូនអន»។
​នៅពេល​ដែល​យើង​ធ្វើដំណើរចូលដល់ក្នុងបរិវេណវត្ត យើងមិនឃើញមានប្រាសាទណាមួយទេ មានតែព្រះវិហារធំមួយ និងសំណង់កុដិមួយចំនួន ព្រមទាំងសាលាឆាន់។ ប៉ុន្តែ នៅខាងកើតជាប់ព្រះវិហារ មានសំណង់តម្រៀបមិនសូវមានរបៀបមួយ មិនជាធំទេ ហើយមានសំណង់ខ្ទមអ្នកតាសង់នៅពីលើសំណង់នោះផងដែរ។ សំណង់ប្លែកមួយនេះសង់ពីថ្មភក់។
នៅ​ពេលដែលយើងសង្កេតអំពីគុណភាពថ្មភក់គ្រប់ដុំ ព្រមទាំងក្បាច់លម្អនៅលើដុំថ្មភក់ខ្លះ យើងឃើញមានក្បាច់ចម្លាក់ ព្រមទាំងចម្លាក់រូបមនុស្សដែលរូបទាំងនោះគឺជារូបព្រះពុទ្ធធ្វើសមាធិ។ បើតាមសណ្ឋានថ្មខាងក្រៅ ក្បាច់ ព្រមទាំង​រូបចម្លាក់ដែលមាន យើងអាចសន្និដ្ឋានជាបឋមថា ថ្មទាំងនេះកសាង និង ឆ្លាក់នៅសម័យអង្គរ គឺស្ថិតក្នុងរចនាបថបាយ័ន សតវត្សទី១៣ ក៏ប៉ុន្តែសំណង់មួយនេះ យើងហ៊ានសន្និដ្ឋានថា កសាងក្នុងសម័យណា ឬ ពេលណាមួយនោះទេ។
​បើ​យើង​មើលរូបពីលើអាកាសថតដោយ Google នៅចំទីតាំងប្រាសាទវត្តដូនអន យើងនឹងឃើញ​សំណង់គូទឹក​២ជាន់​ព័ទ្ធុំវិញព្រះវិហារ ព្រមទាំងសំណង់បារាយណ៍ដ៏ធំមួយ (បណ្ដោយប្រវែង១៣០០ ម៉ែត្រ និងទទឹងប្រវែង៦០០ម៉ែត្រ) នៅភាគខាងកើត។ លក្ខណៈសំណង់គូទឹក និងសំណង់បារាយណ៍របៀបនេះ គឺជាសំណង់កសាងដោយការជីកដូច ក្នុងសម័យអង្គរ។ សូមបញ្ជាក់ថា សំណង់មួយនេះ ជាសំណង់ប្លែក និងចម្លែកខុសពីធម្មតាដែល​យកថ្មប្រាសាទ​បុរាណមកតម្រៀបត្រួតៗគ្នា។ តើសំណង់នេះជាសំណង់ដើមតាំងពីសម័យអង្គរ (រចនាបថបាយ័ន)? ឬ ជាសំណង់​ដែលគេរុះរើប្រាសាទពីទីតាំងណាមួយមកតម្រៀប? នេះជាចម្ងល់ និង ចំណោទបញ្ហា ដែលត្រូវធ្វើការសិក្សា​ស្រាវជ្រាវឱ្យ​បានច្បាស់ ដូចនេះប្រាសាទវត្តដូនអនគួរតែត្រូវមានការសិក្សាស្រាវជ្រាវលម្អិតរួមគ្នាមួយទាំងវិស័យបុរាណវត្ថុវិទ្យា, វិស័យប្រវត្តិសាស្ត្រ និង វិស័យជាតិពន្ទុវិទ្យា។