April 27, 2024

ខេត្តសៀមរាប៖ ក្រុមស្រាវជ្រាវគម្រោង «កំណត់អត្តសញ្ញាណបដិមា ព្រះបាទជ័យវរ្ម័នទី៧» នៃរាជបណ្ឌិត្យសភាកម្ពុជា បានទៅទស្សនាស្វែងយល់ អំពី «ស្ថានីយឡដុតកុលាលភាជន៍នៅខាងលិចខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ» នៅទួលត្រពាំងបុស្ស ស្ថិតនៅក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្តសៀមរាប។
ស្ថានីយឡកុលាលភាជន៍នេះទើបរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងបានធ្វើកំណាយស្រាវជ្រាវ ដែលមានលោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា ជាប្រធានក្រុមដឹកនាំកំណាយស្រាវជ្រាវនេះ។
តាមរយៈការរកឃើញកុលាលភាជន៍យកពីរណ្ដៅកំណាយ ព្រមទាំងកុលាលភាជន៍រាយប៉ាយលើដី (surface collection) យើងឃើញមានប្រភេទកុលាលភាជន៍រឹងគ្មានស្រទាប់រលោង ដែលដុតនៅក្នុងសីតុណ្ហភាពមិនខ្ពស់ពេក ជាច្រើន (មានសណ្ឋានខាងក្រៅដូចកុលាលភាជន៍ផុយ ប៉ុន្តែរឹងមាំខ្លាំងជាង) និងកុលាលភាជន៍រឹងមានស្រទាប់រលោង (ដុតក្នុងសីតុណ្ហភាពខ្ពស់) តិចតួច។
ចំណុចគួរឱ្យកត់សម្គាល់មួយគឺ កុលាលភាជន៍មួយចំនួនដែលផលិតនៅស្ថានីយឡខ្លោងទ្វារដីឆ្នាំង មានសណ្ឋានប្រហាក់ប្រហែលគ្នាទៅនឹងកុលាលភាជន៍ដែលបានរកឃើញនៅស្ថានីយឡស្លដែកមួយចំនួនក្នុងខេត្តព្រះវិហារ ពិសេសនៅស្ថានីយឡស្លដែក ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឬស្សីត្រឹប ក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ភស្ដុតាងទាំងនេះគឺជា សមិទ្ធកម្មបង្ហាញថា កុលាលភាជន៍ពីតំបន់អង្គរ រួមទាំងកុលាលភាជន៍ដែលផលិតនៅស្ថានីយឡខ្លោងទ្វារដីឆ្នាំងផង ក៏បានរួមចំណែកធ្វើចរាចរណ៍ជួញដូរទៅដល់តំបន់ភាគខាងជើងនៃប្រទេសកម្ពុជាក្នុងសម័យអង្គរផងដែរ។
ការរកឃើញស្ថានីយឡខ្លោងទ្វារដីឆ្នាំង ពិតជាមានសារៈប្រយោជន៍ សម្រាប់ពង្រីកការសិក្សាស្រាវជ្រាវវិស័យកុលាលភាជន៍ខ្មែរ ផលិតកម្ម បច្ចេកទេសផលិត ប្រភេទកុលាលភាជន៍ កាលបរិច្ឆេទ និងវិសាលភាពនៃការធ្វើជំនួញជួញដូរក្នុងវិស័យកុលាលភាជន៍នេះ។