នាថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ផុន កសិកា និងសហការី ដោយមានកិច្ចសហការជាមួយអាជ្ញាធរស្រុកត្រពាំងប្រាសាទ ព្រមទាំងឆ្មាំប្រាសាទប្រចាំស្រុកត្រពាំងប្រាសាទ បានចុះសិក្សានៅប្រាសាទអូរស្វាយ ដែលស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សូមជម្រាបថា ក្រុមការងារស្រាវជ្រាវក៏បានជួបផ្ទាល់ជាមួយលោក អ៊ិន អ៊ាន ដែលជាអ្នករកឃើញសិលាចារឹកចារពាក្យ «ឧត្ដរវ្រះកម្រតេង៑អញ៑ឝ្រីកឝង្ក» នៅជិតប្រាសាទអូរស្វាយនេះ។ ការពិត លោកបានឃើញសិលាចារឹកនេះនៅវាលស្មៅដែលជាកន្លែងគាត់ឃ្វាលគោ តាំងពីឆ្នាំ១៩៩៨។ បន្ទាប់មកគាត់ក៏យកមកទុកនៅផ្ទះរហូតដល់មន្ត្រីមន្ទីរវប្បធម៌និងវិចត្រសិល្បៈមកស្នើយកទៅថែរក្សានៅមន្ទីរ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។