គុហ៍បារែង គឺជាឈ្មោះទីតាំងបុរាណមួយដែលអ្នកស្រុកហៅបែបនេះ ស្ថិតក្នុងឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ។ គុហ៍បារែងសំដៅលើទីតាំងបុរាណមួយកន្លែង មានសណ្ឋានដូចជាប្រាសាទ ប៉ុន្តែមិនមានរចនាសម្ព័ន្ធប្រាសាទគ្រាប់គ្រាន់ទេ គឺបន្សល់តែស្លាកស្នាមគ្រឹះប្រាសាទ ក្លោងទ្វារ បំណែកចម្លាក់សសរពេជ្រ ជាដើម បល្ល័ង្កឆ្លាក់រូបមនុស្សឈរ។ បើពិនិត្យទៅលើស្លាកស្នាមបំណែកសសរពេជ្រ មេទ្វារដែលនៅឈរ គឺជាសំណង់ដែលប្រហែលជាសង់ក្នុងសម័យអង្គរ។ មូលហេតុមិនមានរចនាសម្ព័ន្ធជាប្រាសាទគ្រប់លក្ខណៈ ក៏យើងមិនបានដឹងច្បាស់លាស់ទេ។ យ៉ាងណា គ្រាន់ជាការគិតពិចារណាថា ទីតាំងសង់សំណង់គុហ៍បារែងស្ថិតនៅជនបទ ឆ្ងាយពីទីប្រជុំជន មិនមានធនធានថ្មគ្រប់គ្រាន់ ឬ ខ្វះលទ្ធភាពផ្សេងទាំងធនធានសម្ភារៈ និង ធនធានមនុស្ស ដើម្បីមកបំពេញការសាងសង់ប្រាសាទឱ្យបានពេញលក្ខណៈ។ ភូមិគុហ៍បារែងចាស់គឺស្ថិតនៅជុំវិញបរិវេណប្រាសាទគុហ៍បារែងនេះ ប៉ុន្តែរដ្ឋបាលខេត្តបានអនុញ្ញាតឱ្យប្រជាពលរដ្ឋប្ដូរទីតាំងភូមិទៅនៅក្បែរផ្លូវជាតិវិញ គឺទីតាំងភូមិគុហ៍បារែងនាបច្ចុប្បន្ននេះ ចាប់តាំងពីឆ្នាំ១៩៧៩មក។