នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមស្រាវជ្រាវធ្វើកំណាយនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏បានសិក្សាបន្ថែមអំពីទំនាក់ទំនងរវាងទំនប់ទឹកបុរាណ (អ្នកស្រុកហៅថា ចន្លក់ ឬ មេទឹក) និងទួលមនុស្សរស់នៅ។ ចន្លក់ថ្មី ទំនប់ថ្មី ឬ មេទឹកថ្មី ស្ថិតក្នុងភូមិស្យាអំពិល ឃុំបារាយណ៍បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅតាមទំនប់ថ្មីនេះ មានទួលមនុស្សរស់នៅពីសម័យបុរាណ ដែលតាមរយៈបំណែកកុលាលភាជន៍ យើងអាចសន្និដ្ឋានជាបឋមថា ទួលបុរាណនេះមានមនុស្សរស់នៅតាំងពីសម័យមុនអង្គរ រហូតល់ដល់សម័យអង្គរ និងបន្តដល់សម័យកណ្ដាលទៀត (សន្និដ្ឋានយោងលើភស្ដុតាងបំណែកកុលាលភាជន៍រកឃើញនៅលើទួលមនុស្សរស់នៅ)។ ចំណែក ទំនប់វិញ ក្រុមស្រាវជ្រាវមិនអាចសន្និដ្ឋានអំពីកាលបរិច្ឆេទនៃការសាងសង់បាន។ ដូច្នេះហើយ ទើបក្រុមស្រាវជ្រាវសិក្សាផ្ទៃខាងលើ ដែលជាដំណាក់កាលដំបូង សម្រាប់ទាញសេចក្ដីសន្និដ្ឋានថាតើ ទំនប់មានអាយុកាលចាស់ជាងទួលមនុស្សរស់នៅ ឬ ទំនប់មានអាយុកាលក្មេងជាងទួលមនុស្សរស់នៅ?