April 18, 2024

ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្ស សាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

ការសរសេរនិក្ខេបបទឬសារណា គឺជាការងារសំខាន់របស់និស្សិត ដើម្បីឈានទៅ បញ្ចប់ការសិក្សា រីឯការជ្រើសរើសសំណួរស្រាវជ្រាវ អាចជាផ្នែកមួយ ដែលពិបាកបំផុត នៅក្នុងកិច្ចការនេះ។ និស្សិតអាចចាប់ផ្តើមគិតថា តើគេជ្រើសរើសប្រធានបទអ្វីដែល សមស្របសម្រាប់ការស្រាវជ្រាវរបស់គេ ដោយចាប់ផ្តើមពីគំនិតនេះ គេត្រូវរៀបចំឱ្យ ទៅជាសំណួរដែលអាចស្រាវជ្រាវបាន។
សំណួរស្រាវជ្រាវឬចំណោទបញ្ហា គឺជាសំណួរដែលនិស្សិតមានបំណងនឹងស្រាយបំភ្លឺ និង ខ្លឹមសារនៃការស្រាយបំភ្លឺនោះ ជាអត្ថបទនិក្ខេបបទឬសារណាទាំងមូលតែម្ដង។ សំណួរដែលនឹង ចោទ ឡើងនេះ សុទ្ធតែមានបំណងចង់ឱ្យសង្គមមានការប្រសើរឡើង ទោះជាការស្រាវជ្រាវនោះនៅក្នុងវិស័យ នៃចំណេះដឹងណាមួយក៏ដោយ។ លើសពីនេះ ទៅទៀត ចំណោទបញ្ហាមិនមែនជាសំណួរមានលក្ខណៈ ជាការវាយតម្លៃ និងមិនត្រូវ ប្រើពាក្យក្នុងន័យអវិជ្ជមានដែរ។ អត្ថបទស្រាវជ្រាវមួយមានចំណោទបញ្ហា ឬសំណួរ ស្រាវជ្រាវពីរបែប៖ ចំណោទបញ្ហាសំខាន់ និងចំណោទបញ្ហាបន្ទាប់បន្សំ។
-ចំណោទបញ្ហាសំខាន់
ចំណោទបញ្ហាសំខាន់ ឬសំណួរស្រាវជ្រាវសំខាន់ ជាសំណួរតែមួយគត់ដែលអ្នកស្រាវ ជ្រាវត្រូវ កត់ត្រាទុកក្នុងចិត្ត បានន័យថាជាអ្វីដែលគេព្យាយាមស្វែងរក ហើយសំណួរ នេះហើយដែលជាមូលហេតុ នាំឱ្យមានការស្រាវជ្រាវដែរ។ សំណួរតែមួយ គត់នេះ មានលក្ខណៈទូលាយ ហើយជាទូទៅគេមិនអាច ស្រាយបំភ្លឺបានទាំងស្រុងទេ។ គម្រោងស្រាវជ្រាវមួយ មានចំណោទបញ្ហាសំខាន់តែមួយគត់ ហើយក៏ ជាមូលហេតុ ដែលនាំឱ្យមានគម្រោងស្រាវជ្រាវនេះដែរ។ ចម្លើយនៃចំណោទបញ្ហាសំខាន់ជា ខ្លឹមសារនៃ និក្ខេបបទឬអត្ថបទស្រាវជ្រាវទាំងស្រុង។
ឧទាហរណ៍៖ តើសន្ធិសញ្ញាអន្តរជាតិ១៨៩ របស់អង្គការពលកម្មអន្តរជាតិ បានរួមចំណែក អ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាជូនពលករកម្ពុជាដែលកំពុង រស់នៅនិងធ្វើការនៅបរទេស ជាពិសេសស្រ្តី ដែលបម្រើការងារតាមផ្ទះ? ឧទាហរណ៍មួយផ្សេងទៀត តើធនាគារពាណិជ្ជអាចចូលរួមចំណែកអ្វីខ្លះ ក្នុងស្តារខឿនសេដ្ឋកិច្ចប្រទេសកម្ពុជាក្រោយពេលចប់ជំងឺរាតត្បាតកូវីដ១៩? ចំពោះសំណួរទាំងអស់ នេះ អ្នកស្រាវជ្រាវអាចមានចម្លើយរាប់មិនអស់។
សម្រាប់អ្នកស្រាវជ្រាវដំបូងៗ អាចមានការលំបាកខ្លះក្នុងការកំណត់ចំណោទ បញ្ហាសំខាន់នេះ ព្រោះថាក្នុងការសិក្សាពីមុនៗមកអាចមាន ទម្លាប់ភាគ ច្រើនកំណត់តែប្រធានបទ ឬចំណងជើងនៃ អត្ថបទហើយគេចាប់ ផ្តើមតែងនិពន្ធអត្ថបទតែម្តង។

  • ចំណោទបញ្ហាបន្ទាប់បន្សំ
    យើងឃើញថា ក្នុងសំណួរខាងលើនេះគេអាចមានចម្លើយច្រើនរាប់មិនអស់ទេ។ គួរចងចាំថា ការសរសេរនិក្ខេបបទឬសារណាដើម្បីបញ្ចប់ការសិក្សាក៏ដូចជា កិច្ចការស្រាវជ្រាវជាទូទៅ គ្មានអ្នកណាម្នាក់អាចធ្វើហើយអស់ ហើយគ្មាន នៅសល់អ្វីនោះទេ។ អ្នកដែលអះអាងថា ខ្លួនធ្វើការស្រាវជ្រាវហើយ អស់ គ្មានអ្វីគួរឱ្យនៅសល់សម្រាប់ធ្វើការស្រាវជ្រាវទៀតទេ គឺជាការយល់ច្រឡំ ទាំងស្រុងព្រោះថា ការស្រាវជ្រាវ គឺជាកិច្ចការរបស់មនុស្សជាទូទៅក្នុងគោល បំណងចង់ឱ្យសង្គមប្រសើរឡើង ដោយហេតុថា ការធ្វើឱ្យប្រសើរឡើង នៃសង្គមរបស់មនុស្សមិនចេះចប់មិនចេះហើយ ដូចនេះការស្រាវជ្រាវ ក៏មិនចេះ ចប់មិនចេះហើយដែរ។ បើដូច្នេះនិស្សិតត្រូវធ្វើដូចម្ដេចដើម្បីឱ្យគេមើលឃើញ ថាការសរសេរសារណា របស់គេបានបញ្ចប់? ភារកិច្ចជាបន្ដ ទៀតគេត្រូវកំណត់ ចំណោទបញ្ហាបន្ទាប់បន្សំ។
    ចំណោទបញ្ហាបន្ទាប់បន្សំនៅក្នុងកិច្ចការស្រាវជ្រាវមួយ ជាសំណួរដែលត្រូវកំណត់ចេញពី ចំណោទបញ្ហាសំខាន់ មានចំនួនចាប់ពីពីរឡើងទៅ មានលក្ខណៈជាក់លាក់ជាងចំណោទបញ្ហាសំខាន់ មានទំនាក់ទំនងជាមួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ជាទូទៅសំណួរបែបនេះនិស្សិតត្រូវកំណត់ ចេញពីចំណោទមានលទ្ធភាពអាចស្រាយបំភ្លឺឱ្យបានទាំងស្រុង។
    ក្នុងគម្រោងស្រាវជ្រាវមួយ គេអាចកំណត់ចំណោទបញ្ហាបន្ទាប់បន្សំចំនួនប៉ុន្មាន? ជាការពិត ណាស់ គ្មានអ្នកណាម្នាក់អាចស្រាវជ្រាវអំពីបញ្ហាមួយចប់ទាំងស្រុងនោះទេ។ ពេលវេលាជាកត្តាកំណត់ សំខាន់បំផុតចំពោះ និស្សិត និងថវិកាដែលនិស្សិតត្រូវចំណាយសម្រាប់ការប្រមូលទិន្នន័យ។ បើនិស្សិត មានភ័ព្វសំណាង ដោយសារប្រធានបទដែលគេស្រាវជ្រាវនោះ អាចជាប្រយោជន៍ដល់ស្ថាប័នណាមួយ ដោយផ្ទាល់ ស្ថាប័ននោះអាចផ្តល់ជាថវិកាខ្លះៗក្នុងការស្រាវជ្រាវរបស់និស្សិតដែរ។
  • ប្រភព
    បេក្ខជនបណ្ឌិតភាគច្រើនសុទ្ធតែមានមុខរបររួចទៅហើយមុននឹងត្រឡប់មកសិក្សាថ្នាក់បណ្ឌិត មានបទពិសោធន៍និងជំនាញផ្សេងៗគ្នា។ ក្នុងតួនាទីជាមេធាវី គេអាចមានសំណួរស្រាវជ្រាវអំពីតួនាទី មេធាវី ជាព្រះសង្ឃអាចមានចំណាប់អារម្មណ៍ចំពោះបញ្ហាសាសនា ការគ្រប់គ្រងវត្តអារាមជាដើម។
    ប្រព័ន្ធផ្សព្វផ្សាយក៏មានតួនាទីសំខាន់ក្នុងការផ្តល់គំនិតដំបូងឱ្យអ្នកស្រាវជ្រាវដែរ។ ឧទាហរណ៍ មានការផ្សព្វផ្សាយថា បណ្តាប្រទេសអាស៊ាន និងប្រទេសនៅអាស៊ីបូព៌ាចំនួន៥ (ចិន កូរ៉េខាងត្បូង ជប៉ុន ញូវហ្សេឡេន និងអូស្ត្រាលី) ព្រមព្រៀងគ្នានឹងអនុវត្តពាណិជ្ជកម្មសេរី។ យើងអាចមានគំនិតថា កម្ពុជាជាប្រទេសសមាជិកអាស៊ានមួយដែរ តើគួរត្រៀមលក្ខណៈអ្វីខ្លះ ដើម្បីឱ្យប្រទេសកម្ពុជាទទួល បានអត្ថប្រយោជន៍ស្មើភាពគ្នានឹងបណ្តាប្រទេសដែលចូលរួមទាំងអស់?
    ចំពោះអ្នកស្រាវជ្រាវដំបូងៗ ដែលមិនទាន់មានបទពិសោធន៍ការងារ គេអាចដកស្រង់ចេញពី កង្វះខាតក្នុងស្នាដៃអ្នកស្រាវជ្រាវរបស់អ្នកមុនៗ។ តាមធម្មតាក្នុងស្នាដៃស្រាវជ្រាវនីមួយៗ តែងតែមាន បញ្ជាក់នូវដែនកំណត់។ តាមរយៈដែនកំណត់នេះហើយដែលយើងអាចដឹងថា អ្វីដែលគេបានស្រាវជ្រាវ និងអ្វីដែលមិនទាន់។ មានអត្ថបទស្រាវជ្រាវខ្លះមានការបញ្ជាក់ច្បាស់ៗបន្ថែមទៀត បន្ថែមលើដែន កំណត់នៃការស្រាវជ្រាវ ជាចំណុចៗតែម្តង ដើម្បីឱ្យអ្នកអានបានដឹងថាតើអ្វីដែលតម្រូវឱ្យមានការស្រាវជ្រាវបន្ថែមទៀត។
    លើសពីនេះទៅទៀត ចំណោទបញ្ហានៃការស្រាវជ្រាវអាចកើតចេញមកពីដំណោះស្រាយបញ្ហា ជីវភាពប្រចាំថ្ងៃ ដូចជា ឧទាហរណ៍ដូចជា តើត្រូវធ្វើដូចម្តេចដើម្បីពង្រីកទីផ្សារ? តើត្រូវរៀបចំគោល នយោបាយដូចម្តេច ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនក្រោយចប់វិបត្តកូវីដ-១៩?
  • គោលបំណងនៃចំណោទបញ្ហា
    ទោះជាចំណោទបញ្ហានៃការស្រាវជ្រាវមួយ អាចមានប្រភពច្រើនយ៉ាងណាក៏ដោយ គេអាច កំណត់ព័ត៌មានទាំងនោះជា ៣ក្រុមសំខាន់ៗគឺ៖
  • ដើម្បីពង្រឹងចំណេះដឹងមូលដ្ឋាន៖ ការស្រាវជ្រាវប្រភេទនេះភាគច្រើនធ្វើឡើងដោយអ្នកស្រាវជ្រាវ ជំនាញ ជាសាស្រ្តាចារ្យនៅតាមសាកលវិទ្យាល័យ ឬនៅបណ្ឌិត្យសភា ជាដើម។ ប្រធានបទដែលគេ ជ្រើសរើសយកភាគច្រើនយ៉ាងហោចណាស់ជាលក្ខណៈជាតិឬជាលក្ខណៈសកលតែម្តង ដើម្បីបង្កើត ទ្រឹស្តី ឬជាប្រយោជន៍របស់ប្រទេសទាំងមូល។ ឧទាហរណ៍ ដូចជាការពិចារណាអំពី ហេតុអ្វីបានជាវត្ថុ តែងធ្លាក់ពីលើចុះក្រោម រហូតបានបង្កើតជាច្បាប់ទំនាញផែនដី ឬក៏ការស្វែងរកឯកសារច្បាប់ដើម ពាក់ព័ន្ធនឹងរដ្ឋបាលបារាំងក្នុងនាមជាប្រទេសអាណានិគមដែលបានកំណត់ព្រំប្រទល់ប្រទេសកម្ពុជាជាមួយប្រទេសថៃជាដើម។
    -ដើម្បីដណ្ដើមឱកាស៖ និស្សិតដែលមិនទាន់មានឱកាសការងារ គេអាចធ្វើការជ្រើសរើសយក ចំណោទបញ្ហាមួយដែលគេចាប់អារម្មណ៍ និស្សិតនោះនឹងក្លាយជាអ្នកឯកទេសម្នាក់ដោយមិនដឹងខ្លួន។ ចំណោទបញ្ហាដូចជា តួនាទីមេធាវីក្នុងក្តីរដ្ឋប្បវេណី កម្មករអន្តោប្រវេសន៍ ពាណិជ្ជកម្មអេឡិចត្រូនិច។ល។ សុទ្ធសឹងតែអាចផ្តល់ឱកាសឱ្យនិស្សិតមានឯកទេសយ៉ាងជាក់លាក់មួយ។ ដូចគ្នាដែរចំពោះស្ថាប័ន ឬក្រុមហ៊ុនមួយ ដែលចង់ក្តាប់ឱកាសទីផ្សារ គេក៏ត្រូវកំណត់ចំណោទបញ្ហាជាក់លាក់សម្រាប់ធ្វើការ ស្រាវជ្រាវដែរ។
    -ដើម្បីដោះស្រាយបញ្ហាអ្វីមួយ៖ ការបង្កើតចំណោទបញ្ហាដើម្បីដោះស្រាយបញ្ហាមួយ ជាទូទៅ ត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាដោយឡែករបស់ស្ថាប័ន ឬក្រុមហ៊ុនមួយប៉ុណ្ណោះ អាច និយាយបានថាជាចំណោទបញ្ហាកម្រិតមីក្រូ។ ចំណោទបញ្ហាមានដូចជា តើត្រូវធ្វើដូចម្តេច ដើម្បីផ្តល់ សេវាឱ្យអតិថិជនគោលដៅបានប្រសើរជាងនេះ? ឬមួយក៏ តើត្រូវធ្វើដូចម្ដេចដើម្បីរៀបចំប្រព័ន្ធសិក្សា ពីចម្ងាយឱ្យបានដល់សិស្សគ្រប់រូបក្នុងកំលុងពេលមានវិបត្តកូវីដ-១៩?
  • ឧទាហរណ៍នៃដំណើរការកំណត់ចំណោទបញ្ហា
    ពុំមានរូបមន្ដ ឬក្បួនខ្នាតណាមួយច្បាស់លាស់ ថាតើនិស្សិតត្រូវកំណត់ឡើងដោយវិធីណាទេ។ ខាងក្រោមនេះជាជំហាននៃដំណើរការកំណត់ចំណោទបញ្ហា។
  • ជ្រើសរើសវិស័យណាមួយដែលអ្នកពេញចិត្ដ៖ បន្ទាប់ពីជ្រើសរើសវិស័យណាមួយហើយ និស្សិតត្រូវបំបែកជាផ្នែកតូចៗបន្ដទៀត។ ឧបមាថា វិស័យដែលគេពេញចិត្ដគឺ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម។
    -បំបែកជាអនុវិស័យ៖ បំបែកវិស័យនៃការសិក្សាដ៏ទូលំទូលាយមួយឧទាហរណ៍ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម (Micro- Small and Medium Enterprises: MSMEs) ជាអនុវិស័យ តូចៗ យើងបានដូចជាទិដ្ឋភាពនៃការចុះបញ្ជី ការគ្រប់គ្រងសហគ្រាស ប្រភេទនៃប្រតិបត្ដិការ និងដំណើរ ការអភិវឌ្ឍន៍ ការចងក្រងជាបណ្ដាញគោលនយោបាយគាំទ្រ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យមជាដើម។
  • ជ្រើសរើសអនុវិស័យទាំងឡាយដែលអ្នកពេញចិត្ដយកមកធ្វើការសិក្សា៖ និស្សិត ឬអ្នក ស្រាវជ្រាវថ្មីតែងតែគិតថា ការកំណត់អនុវិស័យជាការលំបាក។ ចំណង់ចំណូលចិត្ដ ការអានឯកសារ សមត្ថភាព និងមានពេលវេលាគ្រាប់គ្រាន់ ជាលក្ខខណ្ឌអនុញ្ញាតឱ្យការសិក្សាទៅលើអនុវិស័យទាំង នោះធ្វើទៅកើត។ ទោះជាយ៉ាងណាក៏ដោយ និស្សិតត្រូវជ្រើសរើសយកតែអនុវិស័យទាំងឡាយណា ដែលអាចយកមកសិក្សាបានក្នុងកំលុងពេល ចំនួនថវិកា និងសមត្ថភាពដែលមាន។ របៀបមួយនៃការ ជ្រើសរើស គឺចាប់ផ្ដើមពីការជម្រុះចោល បានន័យថាលុបចោលនូវផ្នែកណាដែលអ្នកមិនពេញចិត្ដជាទី បំផុត។ ចុងបញ្ចប់ អ្នកស្រាវជ្រាវអាចជ្រើស រើសបាននូវអនុវិស័យដែលគេមានការពេញចិត្ដ និងអាច គ្រប់គ្រងបាន។ ទោះជាយ៉ាងណាក៏ដោយ អនុវិស័យមួយក៏អាចមានតម្លៃគ្រប់គ្រាន់និងអាចជាការ សិក្សាយ៉ាងទូលំទូលាយបានដែរ។
    ក្នុងចំណោមអនុវិស័យដែលបំបែកពីមុនមកឧទាហរណ៍មានចំនួន៥ កាត់យកត្រឹមតែ៣ ដែល យើងពេញចិត្តជាងគេបង្អស់រួមមាន ១)ការគ្រប់គ្រងសហគ្រាស MSMEs ២)ការចងក្រងជាបណ្ដាញ MSMEs និង៣) គោលនយោបាយគាំទ្រ MSMEs។
  • អនុវិស័យដែលអាចធ្វើការស្រាវជ្រាវបាន៖ ក្នុងចំណោមអនុវិស័យខាងលើ ដែលយើង កំណត់ថាពេញចិត្តនោះ តើយើងអាចបង្កើតជាសំណួរស្រាវជ្រាវអ្វីខ្លះ ដែលអ្នករំពឹងថានឹងអាចឆ្លើយ បាន? សូមធ្វើឱ្យលម្អិតតាមដែលអ្នកអាចធ្វើបាន។ បើសិនជាអនុវិស័យដែលយើងពេញចិត្តនោះ បែរ ជាមិនអាចបង្កើតសំណួរស្រាវជ្រាវបាន អ្នកស្រាវជ្រាវអាចផ្លាស់ប្តូរបាន។ ចំពោះអនុវិស័យការគ្រប់គ្រង សហគ្រាស MSMEs យើងអាចកំណត់សំណួរស្រាវជ្រាវបានដូចជា៖
  • តើរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយយ៉ាងណាខ្លះ ដើម្បីគ្រប់គ្រង MSMEs?
  • តើ MSMEs នៅកម្ពុជាមានផែនការអ្វីខ្លះ ដើម្បីត្រៀមខ្លួនចូលរួមចំណែកក្នុងការធ្វើពាណិជ្ជ កម្មសេរីជាមួយបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់?
  • តើ MSMEs នៅកម្ពុជាមានផែនការអភិវឌ្ឍធនធានមនុស្សដូចម្តេចខ្លះ?
  • តើ MSMEs…………….
PDF Embedder requires a url attribute