កិច្ច «ដេកអង្កររាប» ជាកិច្ចមួយក្នុងចំណោមកិច្ចជាច្រើនក្នុងពិធីកោរជុក ជាប្រស្នាមួយគេជឿថា កុមារដែលគេរៀបចំកិច្ចពិធីកោរជុកនឹងទទួលបានកម្លាំងថាមពលពីគ្រឿងមង្គលទាំងឡាយដាក់ជាមួយអង្កររាបនោះ មានដូចជាថ្នាំ ស្បូវភ្លាំង ជាដើម។ ក្នុងកិច្ចដេកអង្កររាប លោកអាចារ្យបានរៀបចំវាល់អង្ករទៅតាមក្បួនច្បាប់ ថ្នាំ ស្បូវភ្លាំង រួចវេចខ្ចប់ដោយកំណាត់ស។ បន្ទាប់មក លោកអាចារ្យបញ្ចុកថ្នាំដល់កុមារ មុននឹងបង្វិលពពិលជុំវិញកុមារ។ លុះចប់បង្វិលពពិល លោកអាចារ្យឱ្យកុមារដេកលើអង្កររាប រហូតដល់វេលាទាបភ្លឺ ទើបក្រោកធ្វើកិច្ចពិធីផ្សេងៗទៀត រហូតដល់ចប់ពិធីកោរជុក។