April 27, 2024

សេចក្តីផ្តើម

បច្ចុប្បន្នទំនាក់ទំនងកម្ពុជាចិនកាន់តែរឹងមាំ និង ស្អិតរមួត។ វិនិយោគ​ទុនចិនស្ទើរគ្រប់វិស័យនៅកម្ពុជា​កំពុងមានសម្ទុះខ្លាំងក្លា។ ការណ៍នេះ​ បាន​លេច​​នូវបាតុភូតមួយចំនួនគួរឱ្យចាប់អារម្មណ៍ ទាំងវិជ្ជមាន និង អវិជ្ជាមាន។ បាតុភូត​វិជ្ជមានដែលលេចធ្លោមានដូចជា តម្លៃអចលនវត្ថុ និង ការសាងសង់អាគារ ស្ពាន​ ថ្នល់ និង ហេដ្ឋារចនាសម្ព័ន្ធនានា​មានដំណើរការរីកដុះដាលលឿន​ទូទាំង​ប្រទេស ជាពិសេសនៅទីតាំងសំខាន់ៗដូចជាទីប្រជុំជន តំបន់ព្រំដែន​និង តំបន់​ឆ្នេរ​សមុទ្រ។ ទន្ទឹមនេះ​ បាតុភូតអវិជ្ជមានមួយចំនួនដែលគួរយកចិត្តទុកដាក់​និង ព្រួយបារម្ភបំផុតគឺ អន្តោប្រវេសន៍ជាតិចិនចំណូលថ្មីមួយចំនួនបាន និង កំពុង​បញ្ចេញសកម្មភាពច្រងេង​ច្រងាង ក្រអឺតក្រអោង វាយដំ កាប់ចាក់គ្នា បំផ្លាញ​សម្បត្តិ​ឯកជន និង សាធារណៈ ហាក់មិនញញើតច្បាប់ និង អាជ្ញាធរមានសមត្ថ​កិច្ចឡើយ។ ទស្សនីយភាពទាំងនេះ គេធ្លាប់តែឃើញមាននៅក្នុងរឿងភាគចិន ដែលសំដែងអំពីវិជ្ជាគុន ប្រយុទ្ធ​កាប់ចាក់ សងសឹក​ប៉ុណ្ណោះ។ ឥរិយាបថបែប​នេះ អាចនាំមកនូវការស្អប់ខ្ពើម និង ការរើសអើងរវាងជាតិសាសន៍ទាំងពីរ ក្នុង​ដំណើរ​អភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព និង អាចជាគុណវិបត្តិដល់ទំនាក់​ទំនងជាយុទ្ធសាស្ត្រ​កម្ពុជា​ចិនផងដែរ។

តើគួរមានវិធីសាស្រ្តបែបណា ដើម្បីទប់ស្កាត់ឥរិយាបថ​អវិជ្ជមាន ដែល​បង្កឡើងដោយជនជាតិ​ចិន​នៅកម្ពុជាបច្ចុប្បន្ន កុំឱ្យមានគុណវិបត្តិដល់ទំនាក់​ទំនង​ល្អ​កម្ពុជាចិន?

ឥរិយាបថនៃជនជាតិចិននៅកម្ពុជាបច្ចុប្បន្ននៅទីនេះ គឺសំដៅលើអាកប្ប​កិរិយា ឬ ជាលំអាននៃសកម្មភាព ការប្រព្រឹត្តទាំងកាយ វាចា ចិត្ត របស់ជនជាតិ​ចិន ដែលចូលមករស់នៅក្នុងប្រទសកម្ពុជា ក្នុងគោលបំណង ឬ ទិសដៅអ្វី​មួយ។ យើងដឹងថា មនុស្សគ្រប់ជាតិសាសន៍ តែងតែ​មានឥរិយាបថក្នុងការ​រស់​នៅ​មិនដូចគ្នាទាំងស្រុងទេ។ ឥរិយាបថល្អត្រឹមត្រូវ គឺជាអំពើនៃការប្រព្រឹត្ត​សមរម្យ មិនឆ្គងតាមគន្លងសុជីវធម៌ សីលធម៌ និង គុណធម៌ បើផ្ទុយពីនេះ វានឹង​បង្កនូវបញ្ហាស្មុគ្រស្មាញដល់សង្គម​ជា​មិន​ខាន។

១-ប្រវត្តិនៃជនជាតិចិននៅកម្ពុជា

ជនជាតិចិនមានវត្តមាននៅក្នុងប្រទេសកម្ពុជា តាំងពីសតវត្សទី១៣ មកម្ល៉េះ។ គេបានភៀសខ្លួនពីប្រទេសចិន ដោយមូលហេតុគេចចេញពីស្ថាន​ការណ៍​លំបាកក្នុងសង្គម ឬ បញ្ហាសង្គ្រាមស៊ីវិលនៅប្រទេសចិន ដើម្បីស្វែងរក​ឱកាស​រស់រានមានជីវិត។ គេធ្វើដំណើរផ្សងព្រេងតាមសមុទ្រ ទាំងប្រថុយ​ប្រថាន​បំផុត។ មកដល់ស្រុកខ្មែរដំបូង ពួកគេមានការក្រែងម្ចាស់ស្រុក មិនហ៊ាន​ក្រអឺតក្រអោងឡើយ។  ខ្មែរហៅចិនភៀសខ្លួនទាំងនោះថាចិនឆៅ។ អន្តោ​ប្រវេសន៍ចិនទាំងនោះ ភាគច្រើន​ជាបុរស ហើយបានរៀបការជាមួយស្រ្តីខ្មែរ​បង្កើតកូនពូនជាចៅ ដែលខ្មែរនិយមហៅថាកូនចៅចិន​។ ពួកគេចេះស្វែង​យល់​ដឹងពីរបៀបរស់នៅក្នុងសង្គមខ្មែរ ចេះសម្របខ្លួនក្នុងសហគមន៍ខ្មែរ មានអាកប្ប​កិរិយាសមរម្យ ហើយបន្ទាប់មកមានឥទ្ធិពលសេដ្ឋកិច្ចលើសហគមន៍​កសិករ​ខ្មែរ។ នេះគឺ​ជា​ដំណើរការសមា​ហរណកម្មមួយ ដែលនាំឱ្យពួកចិនទាំងនោះ​មានឥរិយាបថចុះសម្រុងទៅនឹងសង្គមធម៌ ​និង ​វប្បធម៌​ខ្មែរ។ អន្តោ​ប្រវេសន៍ចិន នៅក្នុងប្រទេសកម្ពុជានិយាយភាសាខុសគ្នា។ គេឃើញមានចិន៥ត្រកូលធំៗ​ដូចជា ចិនតាជីវ (Teochiu) ចិនកន្ដាំង (Cantonese) ចិនហៃណាន់ (Hainanese) ចិនខិក (Hakka) និង ចិនហុកគាន (Hokkien)។

នៅចុងឆ្នាំ១៩៦០ ចិន ឬ កូនចៅចិននៅកម្ពុជាមានចំនួនប្រមាណ​៤២៥​០០០នាក់។ ចំនួននេះបានធ្លាក់ចុះដោយសារសង្គ្រាមផង និង ដោយសារការ​កាប់​សម្លាប់​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​របស់​​ខ្មែរក្រហមប៉ុលពតផង។   នៅ​ក្នុង​របបរសាធារណរដ្ឋប្រជាមានិតកម្ពុជា​ ដែលនៅក្រោមឥទ្ធិពល​​វៀត​ណាម ខ្មែរដែលជាប់ខ្សែស្រឡាយចិន ឬ កូនចៅចិន​ត្រូវបានចុះឈ្មោះក្នុងបញ្ជីលេខ ៣៥១។ គោលការណ៍នៃបញ្ជីនេះ គឺជាការកំណត់មុខសញ្ញាដែលត្រូវ​ប្រុង​ប្រយ័ត្ន ព្រោះប្រទេសវៀតណាមមានវិវាទជាមួយប្រទេសចិននៅតាមព្រំដែន។ ដើម្បីលាក់អត្តសញ្ញាណរបស់ខ្លួន ចៅចិនបានប្ដូរឈ្មោះបែបចិនមកឈ្មោះ​បែប​ខ្មែរវិញ។ ឆ្នាំ១៩៨៤  ចំនួនខ្មែរកាត់ចិននៅសល់ប្រហែល៦១០០០នាក់។ ចាប់ពី​ឆ្នាំ១៩៩៣មក ចំនួនចិនកាត់ខ្មែរកើនឡើងយ៉ាងឆាប់រហ័ស។ ចិនកាត់ខ្មែរ​បាន​កើនឡើងដល់ទៅ ៧០០០០នាក់។ ចៅចិនភាគច្រើនមានជីវភាពល្អ សម្បូរអ្នក​មានទ្រព្យធន និង មួយចំនួនមានមុខដំណែងខ្ពង់ខ្ពស់ក្នុងជួររដ្ឋាភិបាល [1]

ពលរដ្ឋខ្មែរដែលដើមកំណើតចិន មានពីរប្រភេទគឺ៖ ទី១. ចិនឆៅ ដែល​បានធ្វើចំណាកស្រុកពីប្រទេសចិន មករស់នៅលើទឹកដីកម្ពុជាតាំងពីយូរយា​ណាស់មកហើយ។  ទី២. កូនចៅចិន គឺពលរដ្ឋដូនជីតា ឬ ម្តាយឪពុកជាខ្មែរ ឬ ចិន។ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជនជាតិ​ចិនដែលចូលមកស្រុកខ្មែរ ខ្លះមកពី សិង្ហបុរី តៃវ៉ាន់ ហុងកុង និង ចិនដីគោក  ពួក​គេ​មានមុខរបរខុសៗគ្នា ដូចជា មន្ត្រីការទូត ពាណិជ្ជករ វិនិយោគគិន គ្រូវបង្រៀនភាសាចិន អ្នកផ្សាយសាសនា វិស្វករ កម្មករជំនាញជាដើម។

បច្ចុប្បន្ន ចំនួនពលរដ្ឋខ្មែរដែលមានដើមកំណើតចិន ចិនកាត់ខ្មែរ និង អន្តោប្រវេសន៍ចិនដទៃទៀត កំពុងកើនឡើងនៅកម្ពុជាជាបន្តបន្ទាប់ ដោយសារ​តែ​កម្ពុជាប្រកាន់យករបបទីផ្សារសរី និង រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមាន​ទំនាក់​ទំនងល្អជាមួយរដ្ឋាភិបាលចិន។ តាមការប៉ាន់ស្មាន ត្រឹមឆ្នាំ២០១៣ ពលរដ្ឋខ្មែរ​ដែលមានដើមកំណើតចិន និង ចិនកាត់ខ្មែរ មានប្រមាណ១៥២០៥៥នាក់ ស្មើ១%​នៃប្រជាជនកម្ពុជាសរុប។ ភាគច្រើននៃពួកគេ រស់នៅរាជធានីភ្នំពេញ, ខេត្តកំពង់ធំ, ខេត្តបាត់ដំបង, ខេត្តកំពត, ខេត្តកំពង់ចាម និង ខេត្តមួយចំនួន​ទៀត។

ទោះបីជាពលរដ្ឋខ្មែរដើមកំណើតចិន ឬ ចិនកាត់ខ្មែរ មានចំនួនមិន​ច្រើន​ក៏ដោយ ក៏ពួកគេបានចូលរួមយ៉ាងសកម្មក្នុងវិស័យផ្សេងៗក្នុងសង្គមខ្មែរ។ ជាទូទៅ ពួកគេមិនត្រូវបានរើសអើង ឬ មើលងាយដោយពលរដ្ឋខ្មែរ​ម្ចាស់​ស្រុកឡើយ។ ពួកគេបានដើរតួនាទីនាំមុខគេនៅក្នុងវិស័យអាជីវកម្មនៅកម្ពុជា ក៏ដូចជា នៅក្នុងឆាកនយោបាយរបស់ប្រទេសកម្ពុជាផងដែរ។ ភាគច្រើននៃ​ពួកគេ មានឥទ្ធិពលពិសេសនៅក្នុងវិស័យធនាគាររបស់កម្ពុជា ដែលជាសហ​គ្រាស​ផ្តល់ប្រាក់កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និង សហ​គ្រាសពាក់ព័ន្ធដទៃទៀត។

២-ស្ថានភាពជីវិតជនជាតិចិនក្នុងសង្គមខ្មែរ

ជនជាតិចិន បានចូលមករស់នៅក្នុងសង្គមខ្មែរយ៉ាងសុខសាន្ត ដោយ​សមារណកម្មក្លាយជាពលរដ្ឋមានសញ្ជាតិខ្មែរយ៉ាងងាយបំផុត។  ចិនឆៅ ឬ កូន​ចៅចិន មិនគ្រាន់តែអាចរក្សាប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនបានប៉ុណ្ណោះទេ ពួកគេថែមទាំងបានជះឥទ្ធិពលប្រពៃណីរបស់ខ្លួនទៅលើវប្បធម៌ខ្មែរ និង ជះ​ឥទ្ធិ​ពលពាណិជ្ជកម្ម សេដ្ឋកិច្ច និង វិស័យផ្សេងៗលើសង្គមខ្មែរផងដែរ។  ជន​ជាតិ​ចិនបានរក្សាជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន ដូចជា ប្រពៃណី​បុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ជាដើម។ គេមានមុខរបរខុសៗគ្នា ដូចជា អ្នកការទូត ពាណិជ្ជករ វិនិយោគគិន វិស្វករ កម្មករជំនាញ ពលករ គ្រូបង្រៀនភាសាចិន អ្នកផ្សាយសាសនា ។ល។ ការមានលុយកាក់ច្រើន ការមានទីលំនៅក្នុងរាជធានី ទីក្រុង និង ទីប្រជុំជន នាំឱ្យចិនកាត់ខ្មែរមានឱកាសរៀនសូត្របានខ្ពង់ខ្ពស់ មានឱកាសធ្វើដំណើរបាន​ច្រើនកន្លែង ដែលជាកត្តានាំឱ្យពួកគេមានចំណេះដឹងខ្ពស់ និង មានការយល់​ដឹង​ជ្រៅជ្រះ។ ដោយសារកត្តាទាំងអស់នេះ រួមផ្សំជាមួយឱកាសផ្សេងៗ ដូចជា សំណូកសូកប៉ាន់ អំពើពុករលួយជាដើម បាននាំឱ្យចិនកាត់ខ្មែរទទួលបាន​តួនាទីសំខាន់ៗក្នុងរដ្ឋាភិបាល និង ក្នុងការងាររាជការទូទៅ ជាពិសេស ការងារ​មួយចំនួនដែលគេនិយមហៅថាការងារល្អ ឬ ការងារកន្លែងខ្លាញ់ ដូចជា ការងារ​គយ ការងារពន្ធដារ ការងារហិរញ្ញវត្ថុ​ ដែលជាប្រភេទ​ការងារអាចរក​កម្រៃ ឬ ចំណូលក្រៅច្បាប់បានច្រើន។   ពួកគេបានចូលរួមក្នុងវិស័យ​ផ្សេងៗ​ភាគច្រើន​ក្នុងសង្គមខ្មែរ ហើយពួកគេទទួលបានការចូលចិត្ត និង ការឱ្យតម្លៃ​ពីសង្គមខ្មែរ។ ហេតុ​នេះហើយ ​ទើបដូនតាខ្មែរបានលើកពាក្យស្លោកថា «កុំ​ឈ្លោះ​នឹងស្រី កុំក្ដីនឹងចិន»។​ ពាក្យស្លោកនេះអាចបញ្ជាក់ថា សង្គមខ្មែរ​គោរព​លទ្ធិមាតាធិបតេយ្យ គឺខ្មែរលើកស្ទួយ និង ឱ្យតម្លៃស្រ្តីខ្ពស់បំផុត ការឈ្លោះនឹង​ស្រី​នាំឱ្យអាប់​ឱនកិត្តិយស  ហើយត្រូវចៀសវាងបង្ករក្តីក្តាំនឹងចិន ព្រោះចិន​ប្រើ​ឥទ្ធិពលទឹកលុយ ពូកែសូកប៉ាន់មន្ត្រីរាជការ​។ ចៅក្រមអាចកាត់ក្តីឱ្យស្រី និង ចិនឈ្នះក្ដីជានិច្ច​។

៣-មុខរបរជំនាញនៃជនជាតិចិននៅកម្ពុជា

ខ្មែរបុរាណមិនសូវពូកែខាងពាណិជ្ជកម្មដូចជនជាតិចិនឡើយ។ អ្នក​លក់​ដូរភាគច្រើនជាជនជាតិចិន រីឯជនជាតិខ្មែរវិញចូលចិត្តប្រកបរបរកសិកម្ម និង ធ្វើការងាររាជការ។ ខ្មែរខ្លះដែលប្រកបរបរលក់​ដូរ គេហៅគាត់ថាចិន ប៉ុន្តែ ខ្មែរដែលប្រកបមុខរបរនេះមានចំនួនតិចតួចបំផុត។ ជនជាតិចិនស្ទើរតែទាំង​អស់​ជាអ្នកជំនួញ ឬ ពាណិជ្ជករ បានកាន់កាប់សេដ្ឋកិច្ចក្នុងទីក្រុង និង ខេត្ត​សំខាន់ៗរហូតដល់៩០% ខណៈដែលជនជាតិខ្មែរសុទ្ធ ចូលចិត្តប្រកបរបរ​កសិកម្ម​ ស្រែចម្ការ។ ជនជាតិចិនខ្លះ ​ប្រកបរបរជាអ្នកលក់គ្រឿងទេស ជាអ្នក​ចង​ការប្រាក់ ដែលយកការប្រាក់ខ្ពស់តាមទីប្រជុំជន តាមជនបទទូទាំងប្រទេស ខ្លះទៀតបើកសិប្បកម្មកែច្នៃផលិតផលកសិកម្ម ដូចជា កិនអង្ករ ធ្វើម្រេច ស្ករ​ត្នោត ផ្លែឈើ    ផលិតទឹកត្រី ទឹកស៊ីអ៊ីវ សៀង សាច់ក្រក និង នំចំណីជាដើម ហើយចិនផ្សេងទៀតធ្វើចម្ការ ដូចជា នៅខេត្តកំពត និង កោះកុង ដែលគេ​និយម​ហៅថា «ចិនខ្មៅ» ពួកគេប្រកបរបរកសិកម្ម ដូចជា ដាំម្រេច ធូរេន សាវម៉ាវ ជាដើម។ ពួកគេកាន់កាប់សេដ្ឋកិច្ចស្ទើរតែទាំងស្រុង ហើយបានលក់​ទំនិញជឿឱ្យខ្មែរក្រីក្រនៅតាមជនបទ យកការប្រាក់ពី១០% ទៅ ២០% លើថ្លៃ​ដើមក្នុងមួយខែៗ។ ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាជនខ្មែរសុទ្ធនៅជនបទប្រហែល ៧៥% បានជំពាក់បំណុលចិន ហើយត្រូវចិនរឹបអូសយកទ្រព្យសម្បត្តិ ដូចជា ផ្ទះដីស្រែ គោ ក្របី ជាដើម។ ប្រជាជនខ្មែរនៅតាមជនបទមិនសូវមាន​ចំណេះ​ដឹងជ្រៅជ្រះ ប្រើកម្លាំងបាយសុទ្ធសាធ កាប់គាស់ធរណីប្រកបរបរក​សិកម្ម​ដើម្បី​ចិញ្ចឹមជីវិត ហើយភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ជឿលើបុណ្យបាប និង មានភាពស្មោះត្រង់។  ខ្មែរដែលមានជីវភាពខ្សត់ខ្សោយ ​តែងតែធ្លាក់ខ្លួន​​ជំពាក់​បំណុល​ចិន កាន់តែច្រើនឡើងៗ ហើយទីបំផុតត្រូវចិនរឹបអូសយកដីធ្លី ស្រែ​ចម្ការ ផ្ទះសម្បែង ជាបន្តបន្ទាប់។ ខ្មែរបានត្រឹមតែកាប់ឆ្ការរានដីព្រៃប៉ុណ្ណោះ ទីបំផុតជនជាតិចិនបានទិញយក​កន្លែងល្អៗអស់ រីឯខ្មែរក៏បន្តទៅកាប់ឆ្ការរាន​ព្រៃ​ថ្មី​ទៀតជាបន្តបន្ទាប់ គឺ «ចិនដេញខ្មែរ ខ្មែរដេញខ្មោច»។  ចិនបានចូលរួម​យ៉ាងសកម្មក្នុងវិស័យសេដ្ឋកិច្ច​ខ្មែរ ខ្លះជាម្ចាស់ភាគហ៊ុន ម្ចាស់រោងចក្រ ម្ចាស់​សហគ្រាស ម្ចាស់អាជីវកម្មធំៗ និងជា ម្ចាស់ធនាគារដែលជាសហគ្រាស​ផ្តល់​ប្រាក់​កម្ចី សហគ្រាសប្ដូរប្រាក់ ស្ថាប័នហិរញ្ញវត្ថុខ្នាតតូច និង សហគ្រាសពាក់​ព័ន្ធ​ដទៃទៀត។ ជនជាតិចិនបានដើរតួនាទីនាំមុខស្ទើរគ្រប់​វិស័យសំខាន់ៗនៅ​កម្ពុជា  ដូចជា វិស័យពាណិជ្ជកម្ម  វិស័យនយោបាយជាដើម។ សហគមន៍​ជនជាតិភាគតិចចិនរស់នៅយ៉ាងធូធារ ​និង ​យ៉ាងសុខសាន្តក្នុងសង្គមខ្មែរ។

៤-ទំនាក់ទំនងវប្បធម៌ចិន និង វប្បធម៌ខ្មែរ

ប្រជាជនខ្មែរ និង ប្រជាជនចិន ធ្លាប់មានទំនាក់ទំនងផ្នែកវប្បធម៌ជាមួយ​គ្នាជាយូរណាស់មកហើយ។ ជនជាតិចិនដែលបានមករួមរស់ក្នុងប្រទេសកម្ពុជា ក្នុងអតីតកាលហើយបានជះ និង ទទួលឥទ្ធិពលខាងជំនឿ ប្រពៃណី ទំនៀម​ទម្លាប់ វប្បធម៌ទៅវិញទៅមក។

ដូចជាករណីចម្លាក់អំពីសិល្បៈសៀកចិន នៅលើប្រាសាទបាយ័ន​បញ្ជាក់​ថា នៅក្នុងពិធីបុណ្យទានធំៗ គេឃើញមានការសម្ដែងនូវទស្សនីយ​ភាព​មួយចំនួន ដូចជា ល្បែងឈុតឈរតម្រៀបជាន់លើគ្នា ឈុតជិះដំរី វាយកូនឃ្លី ការបង្វិលខ្លួនលើចុងបង្គោលឈើ ឈុតដើរសួរលើព្រ័ត្រ ឈុតលេបកាំបិត​វែង​និង ខ្លី និង ឈុតលើកទម្ងន់ជាដើម ដែលបុព្វការីជនខ្មែរបាននិយមបដិបត្តិនា​ចុងស.វទី១២។

ប្រសិនបើយើងទស្សនាឈុតសៀកចិនបច្ចុប្បន្នខ្លះ យើងមាន​អារម្មណ៍​ថា មានលក្ខណៈដូចគ្នានឹងឈុតឆ្លាក់លើថ្មប្រាសាទ ដោយកាយវិការ ដែល​ជា​មូលហេតុ ធ្វើឱ្យយើងឃើញមានសម្ព័ន្ធភាពផ្នែកទស្សនីយភាពរវាងជន​ជាតិ​ចិន និង ខ្មែរ។ តាមចម្លាក់គេឃើញថា កាយវិការ សម្លៀកបំពាក់ និង  ​បរិបទ​​វប្បធម៌សង្គមខ្មែរ ដែលខ្មែរជាអ្នកសំដែងសម្រាប់បង្ហាញមហាជនក្នុងព្រះរាជ​ធានី មិនមែនចិនបែបចិនទេ។ មានន័យថា សិល្បករខ្មែរមានសិទ្ធិសេរីភាពក្នុង​ការ​ជ្រើស​រើស​ឈុត និង ទីតាំងសម្រាប់សម្តែង ដោយមិនបានស្លៀកពាក់ ឬ ប្រគុំទំនុកបទភ្លេងតាមបែបចិនឡើយ ។

៥-អត្តសញ្ញាណជនជាតិចិន

ខ្មែរសរសើរជនជាតិចិនថាជាមនុស្សស្អាត។ ពេលខ្មែរណាម្នាក់មាន​កូន​សម្បុរសជ្រះ គេនិយាយថា សស្អាតដូចកូនចិន។ អញ្ចឹងហើយ ទើបស្ត្រីខ្មែរខ្លះ​ខិតខំប្រើម្សៅលាបលន សំអិតសំអាងឆ្វើឱ្យស្បែកសដូចចិន។ បុរសខ្មែរដែល​បាន​ស្ត្រីកូនចៅចិនរៀបការជាមួយ គឺជាបុរសដែលមានសំណាងខ្ពស់ ព្រោះ​បាន​ទាំងសាច់ឈាមព៌ណសម្បុរសស្អាត បានទាំងជីវភាពប្រសើរ​ ហើយបាន​កូនមកឆ្លាតពូកែរកស៊ី។ ចំណែកបុរសកូនចៅចិនដែលបានរៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​ ភាគច្រើនមិនសូវលើកកម្កើងប្រពន្ធទេ ​ព្រោះឥទ្ធិពលនៃគំនិតបិតា​ធិបតេយ្យ​ដែលលើកតម្កើងមនុស្សប្រុសជាងមនុស្សស្រី។ ស្ត្រីខ្មែរដែលរៀបការជាមួយកូន​ចៅចិន ភាគច្រើនត្រូវទៅរស់នៅផ្ទះខាងប្តី ហើយជាធម្មតាស្ទើរតែក្លាយជាអ្នក​បម្រើរបស់​បងប្អូនឪពុកម្តាយខាងប្ដីទាំងស្រុង។ មនុស្សប្រុសកូនចៅចិនមាន​តម្លៃ​ខ្លាំងប្រៀបដូចព្រះរាជបុត្រា។ ប្រសិនបើស្ត្រីជាប្រពន្ធអាចបង្កើតបាន​កូន​ប្រុសច្បងនោះ​ គឺជាគុណតម្លៃមួយយ៉ាងពិសេសបំផុត។ ពួកចិនចង់បានកូន​ប្រុសដើម្បីដាក់ឈ្មោះនាមត្រកូល ស្នងពូជពង្សវង្សត្រកូលតរៀងទៅ។ ទាំង​នេះ​គឺជា​​អត្តសញ្ញាណពិសេសមួយរបស់ជនជាតិចិន។ អត្តសញ្ញាណចិនដទៃ​ទៀត​ស្ថិតនៅលើកាយវិការ ភាសាពាក្យ​សំដី និង ជំនឿជាដើម។ ក្នុងជីវភាព​ប្រចាំ​ថ្ងៃនៅតាមទីប្រជុំជន ឬ ជនបទ កូនចៅចិន ប្រើការហៅ បងប្រុស បងស្រី ពូ មីងជាភាសាចិន ដូចជា ពាក្យ ហ៊ា ចែ ទ្រា អ៊ី គូ ទា ប៉ិ ។ល។ ចិននិយម​ទទួល​ទាន​អាហារដោយប្រើចង្កឹះ។ អាហារ ដូចជា នំប៉ាវ ឆាខ្វៃ គុយទាវ មី ជាដើម​មានលក់ជាប្រចាំ។ នៅរដូវសែនព្រេន ឆេងម៉េង ចូលឆ្នាំចិន គេនាំគ្នាពូន​ផ្នូរ​ដូនតា​ ដុតក្រដាសសែន ដុតផាវ និង ​ហែរម៉ុងសាយ។ គេជូនអាំងប៉ាវ តមឈ្លោះ​ជេរបញ្ចោរគ្នា មិននិយាយពាក្យអសុរស ខិតខំធ្វើល្អ ប្រព្រឹត្តអំពើត្រឹមត្រូវ និង ក្រើនរំលឹកដាស់តឿនគ្នា ឱ្យខិតខំធ្វើការ រកស៊ីកុំឱ្យខ្ជឹលច្រអូស។ ចិននិយម​ពណ៌​ក្រហម ដែលជានិមិត្តរូបនាំមកមហាលាភសំណាងដ៏ធំចូលមកក្នុងគ្រួសារ  ទន្ទឹមនេះ​ គេលើកតម្លៃដើមផ្កាអង្គារសីលដែលផ្កា​​វាមានព៌ណលឿង​ផងដែរ។ អត្តសញ្ញាណចិននេះ ក៏ឃើញមានការបង្ហាញនៅគ្រប់ប្រទេស ដែលមានប្រជា​ជន​ចិនរស់នៅ ដូចជា ចិនដីគោក ហុងកុង ម៉ាកាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សឹង្ហបូរី តៃវ៉ាន់ វៀតណាម ជប៉ុន កូរ៉េ ម៉ុងហ្គោលី និង ទីប្រជុំជន​ចិន​ផ្សេងៗ​ទៀត​។

យោងតាមការសង្កេតទៅលើវប្បធម៌ និង សង្គមធម៌ចិន យើងអាចកត់​សម្គាល់ជាទូទៅថា ចិនជាជនជាតិមួយមានអត្តចរិតដឹងគុណ ចេះជួយទុក្ខ​ធុរៈ​គ្នា ចេះយឹតយោងលើកស្ទួយពូជពង្សវង្សត្រកូលឱ្យថ្កុំថ្កើង មានចិត្តអង់អាច​ក្លាហាន មោះមុត ហ៊ានពុះពារគ្រប់ឧបសគ្គ ធ្វើពលិកម្មប្រយុទ្ធប្រឆាំង​ខ្មាំង​សត្រូវ។ តាមរយៈអក្សរសិល្ប៍ ជាទូទៅបានអប់រំមនុស្សឱ្យចេះតស៊ូ​រើបម្រះចេញ​ពីអំពើអយុត្តិធម៌ ស្វែងរកការពិត និង តាមសងសឹកជូនអ្នកមាន​ឧបការ គុណជាដើម។

ជនជាតិ​ចិន​ប្រើឥទ្ធិពលទឹកលុយដើម្បីផ្សព្វផ្សាយ​​ភាសាចិន ខ្សែភាព​យន្តចិន និង ជំនឿ ប្រពៃណី​ចិន រីកដុះដាលពេញផ្ទៃប្រទេស។ ស្ថានីយ៍​ទូរទស្សន៍ខ្មែរស្ទើរតែទាំងអស់ តែងចាក់បញ្ចាំងរឿងរបស់ចិន ដូចជា រឿងភាគ​បុរាណចិន និង រឿងបែបទំនើប ដោយមានជាជនខ្មែរជាច្រើន​ចូលចិត្តតាមដាន​ទស្សនា។ ខ្មែរភាគច្រើន ព្រមទទួលជឿជាក់ និង យកតម្រាប់តាមរបៀប​សែន​ព្រេនតាមលំនាំចិន។ ខ្មែរជឿថា ចិនរកស៊ីមានបានសម្បូរ ដោយសារចិន​ចេះ​គោរព​ដឹងគុណ និង សែនដូនតាខ្លួន ឬ សែនអ្នកតាចិនជាដើម។ ខ្មែរចូលរួម​យ៉ាងសកម្ម​ក្នុងពិធីបុណ្យចូលឆ្នាំចិន បុណ្យសែនលោកខែ បុណ្យសែនក្បាល​ទឹក បុណ្យឆេងម៉េង។ល។ ស្ថាប័នខ្មែរខ្លះ ឈប់សម្រាកពេលចូលឆ្នាំចិន។ អត្ត​សញ្ញាណជំនឿចិន មានស្ទើរគ្រប់ផ្ទះខ្មែរទាំងអស់។

៦-ឥរិយាបថទេសចរជនជាតិចិននៅកម្ពុជា

យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍កម្ពុជា បញ្ជាក់ថា ទេសចរជនជាតិ​ចិន មិនចាត់ទុកជាអន្តោប្រវេសន៍ចិនទេ។ យោងតាមច្បាប់អន្តោប្រវេសន្ត​ឆ្នាំ១៩៩៤នៃព្រះរាជាណាចក្រកម្ពុជា គេអាចកំណត់អត្តសញ្ញាណជនជាតិចិន​ដូចតទៅ ៖ គឺជនអន្តោប្រវេសន៍ចិន គឺពលរដ្ឋចិនដែលមកដល់ព្រះរាជាណា​ចក្រកម្ពុជា ដើម្បីស្នាក់នៅរយៈពេលយូរ ដើម្បីប្រកបវិជ្ជាជីវៈ ឬ ធ្វើសកម្មភាព​ផ្សេងៗ ដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬ កសិកម្ម។ ចំណែក​ចិនមិនមែនអន្តោប្រវេសន៍  គឺជនជាតិចិនដែលចូលមកព្រះរាជាណាចក្រកម្ពុជា​តាមការស្មើសុំ ឬ តាមកិច្ចព្រមព្រៀង ឬ អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា មាន​ដូចជា ៖ ភ្នាក់ងារទូត បេសកជន អ្នកជំនាញការ បុគ្គលិក ទាហាន មន្រ្តី អ្នករដ្ឋការ និយោជិត និង ភ្នាក់ងារ និស្សិតនិងគ្រួសារ  អ្នកតំណាងពាណិជ្ជកម្ម ធនាគារ កងនាវិក និង យានិក ដែលមកសំចតយកស្បៀងនៅតាមកំពង់ផែ​សមុទ្រ និង តាមព្រលានយន្តហោះ និង អ្នកដែលមកធ្វើការនេសាទនៅតាម​ឆ្នេរសមុទ្រ អ្នកទេសចរ និង អ្នកធ្វើដំណើរឆ្លងកាត់។

ទេសចរជនជាតិចិន មានអាកប្បកិយា​ធ្វើឱ្យគេអាចសម្គាល់អត្ត​សញ្ញាណ​​ចិនបាន ដោយសារអត្តចរិតដោយឡែក គឺជនជាតិចិនមានដំណើរ  កាយវិការ​រវាសរវៃ ស្វាហាប់ ច្រងាងពេញផ្លូវ  និយាយសំឡេងកកោក កងរំពង មិនសូវ​ស្ងាត់ បង្កនូវបរិយាកាសអ៊ូអែ។ ទេសចរជនជាតិចិន​ដែលបានមកទស្សនា​កម្ពុជា​នៅឆ្នាំ២០១៧ ឈរក្នុងលំដាប់លេខ១ គឺក្នុងចំណោមទេសចរបរទេស ៥.៦លាន​នាក់ មានទេសចរជនជាតិចិនចំនួន ១២១០៧៨២នាក់ នាំប្រាក់ចំណូល​ប្រមាណ ៣.៦៣៨លានដុល្លារអាម៉េរិក ដាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួម​ចំណែក​​១៣%​​នៃផលិតផលក្នុងស្រុកសរុប (GDP) ។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិន (ទេសចរជនជាតិចិន) ចំនួន ៦៤៧៣៥២នាក់ កើនឡើង៧៩,៤% បើប្រៀប​ធៀប​រយៈ​ពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានចំនួន ៣៦០៧៨៣នាក់។ នេះ​ជា​ជំហានឈានមួយ​ ឆ្ពោះទៅទទួលបានចំនួនកើនឡើងដល់យ៉ាងតិច ២លាន​នាក់នៅឆ្នាំ២០២០។ តាមការព្យាករណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ​ប្រមាណ ៦.២លាននាក់ នៅ​​ឆ្នាំ២០១៨ និង នឹងកើនដល់ ៧លាននាក់ នៅឆ្នាំ​២០២០ ដែលនាំមកនូវចំណូលប្រមាណ ៥០០០លានដុល្លារ បង្កើតនូវ​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ខ្មែរចំនួន​១លាននាក់ ហើយនៅឆ្នាំ២០៣០ នឹងទទួល​បាន​ភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់ ដោយនាំមកនូវចំណូលសរុប ១០០០០​លាន​​ដុល្លារ ដោយបង្កើតនូវឱកាសការងារដល់ពលរដ្ឋខ្មែរចំនួន​២លាននាក់[2]

វិស័យទេសចរណ៍ អាចជួយធានានិរន្តរភាពការងារដល់ពលរដ្ឋរាប់​លាន​នាក់ នាំមកនូវថវិការាប់លានដុល្លា ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិជារៀង​រាល់​ឆ្នាំ។ ដើម្បីសម្រេចគោលបំណង​កាត់បន្ថយភាពក្រីក្រ និង បង្កើនកំណើន​សេដ្ឋកិច្ច ដោយរក្សាបានបរិស្ថានល្អ​ និង ការពារបាននូវតម្លៃវប្បធម៌ជាតិ យើង​គួរប្រើឥទ្ធិពលនៃទំនាក់ទំនងកម្ពុជាចិន ដើម្បីបង្កើនការវិនិយោគលើវិស័យនេះ និង ទាក់ទាញភ្ញៀវទេសចរចិនឱ្យអស់សក្តានុពលភាព ព្រោះប្រជាជនចិនមាន​ចំនួន​ជិតដល់១ពាន់៤រយលាននាក់[3] គឺច្រើនជាងគេលើពិភពលោក។

៧-ឥរិយាបថបរទេសជនជាតិចិននៅកម្ពុជានាសតវត្សទី២១

ជនបរទេសជនជាតិចិននៅកម្ពុជានាសតវត្សទី២១ មានលក្ខណៈ​ខុស​ប្លែកពីជនភាសខ្លួនជនជាតិចិនសម័យមុន។    សម័យមុនជនជាតិចិនមកកម្ពុជា​ក្នុងលក្ខណៈជាជនភៀសខ្លួនគេចចេញពី​សង្គ្រាមស៊ីវិល ឬ គ្រាន់តែស្វែងរក​ការ​រស់រានមានជីវិត ពីការធ្វើទុកបុកម្នេញពីកំណែទម្រង់គោលនយោបាយ​ប្រទេស​ចិនប៉ុណ្ណោះ ចំណែកជនបរទេសជនជាតិចិន ឬ អន្តោប្រវេសន៍ចិនសតវត្ស​ទី​២១ តើអាចជាគោលបំណងដើម្បីសម្រចមហិច្ឆតានៃគោល​នយោបាយ​សេដ្ឋកិច្ច ផ្លូវមួយខ្សែក្រវ៉ាត់មួយឬយ៉ាងណា? តើគេអាចនិយាយបានថា​ គោលបំណងនៃ​អន្តោប្រវេសន៍ចិនពេលនេះ ​គឺផ្តោតតែទៅលើហេតុផលសេដ្ឋកិច្ចជាចម្បង​ឬ​យ៉ាង​ណា? តើអន្តោប្រវេសន៍ចិននៅកម្ពុជា ជាការអនុវត្តនូវមហិច្ចតារបស់រដ្ឋា​ភិបាលចិនដែលចង់ពង្រីកឥទ្ធិពលនយោបាយសេដ្ឋកិច្ច​​ ដើម្បីដណ្តើម​យកកិត្យា​នុភាពភូមិសាស្ត្រនយោបាយ ឬពង្រីកតួនាទី​ជាមហាអំណាចលើពិភព​លោក​ឬយ៉ាងណា?

ចុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមកកម្ពុជាប្រមាណជាង៥ម៉ឺននាក់ ដើម្បី​ប្រកបអាជីវកម្មផ្សេងៗ ខណៈនៅកម្ពុជាមានថៅកែចិនកំពុងសាងសង់ អាគារធំៗជាច្រើនផងដែរ[4]។ ការកើនឡើងយ៉ាងគំហុក នៃជនជាតិចិន​នៅ​កម្ពុជា ​ជាពិសេស នៅខេត្តព្រះសីហនុក្នុងរយៈពេលចុងក្រោយនេះ អាចនឹង​បង្កទៅជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជាទៅថ្ងៃមុខ ប្រសិនបើមិនមាន​វិធាន​ការគ្រប់គ្រងច្បាស់លាស់។ ការទទួលយកកម្មករចិនដ៏ច្រើនសន្ធឹកសន្ធាប់​គឺជា​រឿងមួយ ដែលធ្វើឱ្យខាតប្រយោជន៍ដល់កម្លាំងពលកម្មកម្ពុជា ​ដោយសារតែវា​មិនបានផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ហើយពលរដ្ឋខ្មែរនៅតែបន្តធ្វើ​ចំណាកស្រុកដោយប្រឈមគ្រោះថ្នាក់ទៅក្រៅប្រទេស។

ការកើនឡើងយ៉ាងឆាប់រហ័ស​នៃអន្តោប្រវេសន៍ចិន​ បានបង្កឱ្យមាន​បទ​ល្មើសគ្រឿងញៀន​ វាយ​កាប់​ចាក់ សងសឹក សម្លាប់គ្នា និង បង្កបទល្មើសលួច ឆក់ប្លន់ ចាប់ជំរិតជាបន្តបន្ទាប់។ ការណ៍នេះ បាន​គម្រាម​កំហែងដល់សន្តិសុខ​ សណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភពី សុវត្ថិភាព និង​មុខរបបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជនអន្ធពាលចិន អាចយកទឹកដីកម្ពុជាធ្វើជា​កន្លែង​ប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដូចជា ការចាប់ជំរិតតាមរូបភាពផ្សេងៗ ការបាញ់​បោះអាណាធិបតេយ្យ បុកសម្លាប់ដោយគ្រោះថ្នាក់ចរាចរជាដើម។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឱ្យដឹងថា បច្ចុប្បន្ន​ជន​ជាតិចិនកំពុងស្នាក់នៅកម្ពុជាមានចំនួនប្រមាណ២១ម៉ឺននាក់ ក្នុងនោះ ជាង៧​ម៉ឺន​នាក់​នៅខេត្តព្រះសីហនុ[5]។ ក្រៅពីធ្វើ​ការ​​​​​​​វិនិយោគ សាងសង់ អន្តោ​ប្រវេសន៍​ជនជាតិចិនមួយចំនួន តែងតែបង្កបទល្មើសផ្សេងៗជាបន្តបន្ទាប់​។ ប្រសិន​បើ​អាជ្ញាធរមិនអាចទប់ស្កាត់ និង គ្រប់គ្រងស្ថានភាពមិនបានទេ សេចក្តីបារម្ភ​របស់ប្រជាពលរដ្ឋខ្មែរ​នឹងអាចក្លាយជាជំងឺស្អប់ខ្ពើមជាតិសាសន៍   ឬ អាចបន្ថយ​ការគាំទ្រលើគោលនយោបាយសហប្រតិ​​​បត្តិការ​​រវាង​រដ្ឋាភិបាលខ្មែរ និង ចិន​ផងដែរ។ ដូច្នេះហើយ រដ្ឋាភិបាលចាំបាច់ត្រូ​វតែពង្រឹងគុណភាព​ក្នុងការ​អនុវត្ត​ច្បាប់ការងារ និង ច្បាប់អន្តោប្រវេសន៍នៃកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឥទ្ធិពលនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ​ លើការអនុវត្តន៍គោល​នយោ​​បាយ​ជាយុទ្ធសាស្ត្រដ៏យូរអង្វែងនៃវិថីសូត្រ ឬ ផ្លូវមួយខ្សែក្រវ៉ាត់មួយ រវាង​ប្រទេសកម្ពុជា និង ប្រទេសចិន ធ្វើឱ្យជនជាតិចិនមានមោទនភាព លើសពី​ពេលណាៗទាំងអស់។ មោទនភាព​នេះអាច ទៅហួសព្រំដែននៃសិទ្ធិអំណាច​របស់ខ្លួន។ ភាគច្រើននៃអន្តោប្រវេសន៍ចិនចំណូលថ្មីនេះ ហាក់មានឥរិយា​បថ​រើសអើង ក្រអឺតក្រទម មើលងាយ វាយឫក ចំពោះពលរដ្ឋខ្មែរ។ ការទិញ​ដូរ​ទំនិញ សេវាសព្វសារពើប្រព្រឹត្តិទៅតែរវាងចិន និង ចិនដូចគ្នា។ នេះប្រហែល​អាចមកពីលក្ខខណ្ឌនៃភាសា ប៉ុន្តែ វាគ្រាន់តែជាលេសមួយប៉ុណ្ណោះ។ ការមិន​ទិញ ឬ ប្រើប្រាស់សេវាដែលពលរដ្ឋខ្មែរដែលមិនជាប់ខ្សែស្រឡាយចិន គឺជា​ឥរិយាបថមួយដែលទាក់ទងនឹងការរើសអើង។  ជាទូទៅ ជនជាតិចិន ចេះជួយ​សាសន៍ចិនដូចគ្នា​ណាស់។ ចិនចូលចិត្តរាប់អានមនុស្សដែលមានឈាមជ័រ វង្ស​ត្រកូលកូនចៅចិនដូចគ្នា ល្អជាងការរាប់អានជាមួយសាសន៍ដទៃ។ គេចេះយឹត​យោងគ្នា និង ចេះជួយគ្នាជាទម្លាប់ប្រពៃណីរហូតមក។ កតញ្ញុកតវេទិតាធម៌ និង ការចេះតស៊ូកំចាត់សត្រូវដើម្បីសងសឹកជូនអ្នកមានឧបការគុណ ត្រូវបាន​គេចាត់ទុកថាជា​គុណធម៌មួយពិសេសសម្រាប់ជនជាតិចិន។ កូនប្រុសត្រូវស្នង​និង ការពារវង្សត្រកូលដូនតា ទើបព្រលឹងដូនតាតាមជួយថែរក្សាផ្តល់នូវសេចក្តី​សុខចម្រើន។ ថ្វីត្បិត​បដិវត្តវប្បធម៌ចិនមានការផ្លាស់ប្តូរ​ទម្រង់ជំនឿខ្លះក៏ដោយ ក៏ផ្នត់គំនិត និង ស្មារតីជនជាតិចិនសម័យបុរាណ និង ទំនើប នៅតែរក្សាបាននូវ អត្តសញ្ញាណចិនបែបនេះដដែល។

៨-ច្បាប់គតិយុត្តិសម្រាប់ដោះស្រាយបញ្ហាជនជាតិចិន​ចំណូលថ្មី

ច្បាប់ការងារ និង ច្បាប់អន្តោប្រវេសន៍​នៃព្រះរាជាណាចក្រកម្ពុជា​ ​​​​​មាន​លក្ខណៈ​គ្រប់គ្រាន់ក្នុងការអនុវត្តន៍លើជនជាតិចិនបាន គឺពុំទាន់ចាំបាច់បង្កើត​ច្បាប់ការ​ងារ និង ច្បាប់អន្តោប្រវេសន៍ដោយ​ឡែក​សម្រាប់តែករណីពិសេស​លើ​ជនជាតិចិននោះឡើយ។

យោងតាមច្បាប់ការងារ​កម្ពុជា យើងអាចយកមកអនុវត្តសម្រាប់អន្តោ​ប្រវេសន៍​ចិនបាន ពោលគឺ គ្មាន​​​​ជនបរទេសណាម្នាក់ អាចប្រកបមុខរបរណា​មួយ​ដោយគ្មានប័ណ្ណការងារ និង សៀវភៅការងារ ដែលចេញ​ឱ្យដោយក្រសួង​ទទួលបន្ទុកវិស័យការងារឡើយ។ ជនបរទេសទាំងនោះ ត្រូវបំពេញបណ្ដាលក្ខ​ខណ្ឌ​ផ្សេង​ៗទៀតដូចតទៅ ៖  ក. ត្រូវមានជាមុននូវប័ណ្ណការងារត្រឹមត្រូវ ដើម្បី​ប្រកបមុខរបររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ខ.ត្រូវបានចូលមក​ព្រះរាជា​ណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់ គ.ត្រូវមានលិខិត​ឆ្លងដែនត្រឹមត្រូវ ឃ. ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ ង.ត្រូវមានកាយសម្បទាសមស្របនឹង​មុខរបរ​នោះ ហើយគ្មានកើតជំងឺឆ្លងណាមួយទេ​​ ​(លក្ខខណ្ឌនេះត្រូវបានកំណត់​ដោយ​ប្រកាសក្រសួង​​​​​សុខាភិបាល ដោយមានការឯកភាពពីក្រសួងទទួលបន្ទុក​វិស័យ​ការងារ)។ ប័ណ្ណការងារត្រូវមានតម្លៃត្រឹម​រយៈពេលមួយឆ្នាំ ហើយអាចនឹង​ពន្យារ​ពេលក្នុងករណីដែលសុពលភាពនៃការពន្យារនេះ មិនលើសរយៈពេល​កំណត់នៃប័ណ្ណស្នាក់នៅរបស់ជននោះ។ ការទទួលជនបរទេសឱ្យធ្វើការ​ ត្រូវ​អនុវត្តតាមច្បាប់ការ​ងារ​នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងមហាផ្ទៃមានសិទ្ធិ​ត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសនៅតាមរោងចក្រ សហគ្រាស ក្រុម​ហ៊ុន គ្រឹះស្ថាននានា ដោយសហការជាមួយក្រសួងសង្គមកិច្ច ការងារ និង​ អតីត​យុទ្ធជន។

ចំណែកច្បាប់ស្តីពី អន្តោប្រវេសន៍១៩៩៤ កម្ពុជា ក៏មានលក្ខណៈ​សម​ស្របសម្រាប់យកមកអនុវត្តចំពោះអន្តោប្រវេសន៍ចិនបានដែរ គឺច្បាប់នេះ​គ្រប់​គ្រង​ជនបរទេសគ្រប់រូប ដែលមកស្នាក់នៅលើទឹកដីនៃព្រះរាជាណាចក្រ​កម្ពុជា។ ជនបរទេសដែលគ្មានសញ្ជាតិជាខ្មែរ ទោះមានជំនឿ សាសនា ឬ មាន​ដើម​កំណើត​អ្វីក៏ដោយ ឱ្យតែបង្ហាញនូវសម្បទានផលប្រយោជន៍ដល់​សេដ្ឋកិច្ច ឬ សង្គមកិច្ច ឬ វិទ្យាសាស្រ្តបច្ចេកទេស ឬ វប្បធម៌ សម្រាប់ព្រះរាជាណាចក្រ​កម្ពុជា ឱ្យតែបំពេញឱ្យបាននូវលក្ខខណ្ឌផ្នែកសន្តិសុខ ដែលព្រះរាជាណាចក្រ​កម្ពុជាតម្រូវឱ្យមាន។ ជនបរទេសទាំងអស់ ពេលចូលក្នុងព្រះរាជាណាចក្រ​កម្ពុជា ត្រូវបង្ហាញខ្លួននៅប៉ុស្តិត្រួតពិនិត្យអន្តោប្រវេសន្ត ទាំងពេលមកដល់ និង ពេលចេញដំណើរទៅវិញ  ដែលគ្រប់ច្រក ឬ ចំណុចចេញចូលទាំងនោះ​ត្រូវ​កំណត់ និង គ្រប់គ្រងដោយក្រសួងមហាផ្ទៃ។ ការឈប់ទទួលស្គាល់ជនបរទេស​ណា​ម្នាក់​ជាជនអន្តោប្រវេសន្ត ត្រូវសម្រេចដោយប្រកាសរបស់រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ។​ ជាគោលការណ៍ ជនបរទេសអាច​ធ្វើចរាចរបានដោយ​សេរីនៅលើ​ដែន​ដីនៃព្រះរាជាណាចក្រកម្ពុជា។ ក៏ប៉ុន្តែ ក្នុងករណីចាំបាច់ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃអាចដាក់បញ្ញត្តិហាមឃាត់ចរាចរ និង ហាមឃាត់ជនអន្តោប្រវេសន្ត ឬ មិនមែនអន្តោប្រវេសន្តទាំងអស់មិនឱ្យចូល ឬ ស្នាក់អាស្រ័យនៅក្នុងតំបន់ ឬ ចាកចេញឆ្ងាយពីតំបន់ ឬ កន្លែងណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្ចាស់ ឫអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ ត្រូវជូនដំណឹងក្នុងរយៈពេល២៤ម៉ោង ដល់ស្ថាប័ននគរបាលមានសមត្ថកិច្ច ពីវត្តមាននៃជនអន្តោប្រវេសន្ត ឬ មិនមែន​អន្តោប្រវេសន្តដែលបានមកស្នាក់នៅ។ ប័ណ្ណស្នាក់នៅចេញឱ្យលើកដំបូង​មាន​សុពលភាពសំរាប់រយៈពេលពីរឆ្នាំ។ ប័ណ្ណស្នាក់នៅនេះ អាចសុំបន្តការប្រើ​ប្រាស់​បានរាល់ពីរឆ្នាំម្ដង។ ស្នងការដ្ឋាននគរបាលខេត្ត ក្រុង ត្រូវទទួលខុសត្រូវ​ត្រួត​ពិនិត្យជនបរទេសទាំងអស់ ដែលបានតាំងទីលំនៅ ឬ ទើបនឹងមកតាំង​ទីលំនៅក្នុងដែនដីក្រោមសមត្ថកិច្ចរបស់ខ្លួន។ ជនណាដែលគ្មានការអនុញ្ញាត ហើយចូលមកព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ បន្លំ ឬ ដោយល្បិច​ផ្សេង​ទៀតដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសដាក់គុកពី បីខែដល់ ប្រាំមួយខែ មុននឹងត្រូវបណ្ដេញចេញ។ ត្រូវផ្ដន្ទាទោសដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្ដល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស​ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។

មន្រ្តី ឬ ភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំមួយ​ខែ ដល់មួយឆ្នាំ។ មន្រ្តី ឬ ភ្នាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលមាន​ការ​ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ត ឬ មិនគោរពបទបញ្ជា ត្រូវទទួលការផ្ដន្ទា​ទោស​ផ្នែករដ្ឋបាល។ មធ្យោបាយសម្ភារៈប្រើសំរាប់ប្រព្រឹត្តបទល្មើស​ត្រូវរឹបអូស​ទុកជាសម្បត្តិរដ្ឋដោយតុលាការ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញ​ចេញពី​ព្រះរាជាណាចក្រកម្ពុជា រាល់ជនអន្តោប្រវេសន្តណាដែលរំលោភ​លើបញ្ញត្តិ​ច្បាប់អន្តោប្រវេសន្ត។ លើសពីនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានសិទ្ធិបណ្ដេញ​ចេញ​ពីព្រះរាជាណាចក្រកម្ពុជា រាល់ជនណាដែលមានអាកប្បកិរិយា និង សកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឬ មាន​ភស្ដុតាងជាក់លាក់ ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រ​កម្ពុជា ឬ ជនណា ដែលចូលមកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយ​គ្មានប័ណ្ណការងារ ឬ ជនណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជា​ដោយ​ខុស​ច្បាប់។ សេចក្ដីសម្រេចបណ្ដេញចេញ ត្រូវអនុវត្តភ្លាមចាប់ពីថ្ងៃចុះ​ហត្ថលេខា​របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ការបណ្ដេញចេញត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃ​យ៉ាងយូរ ក្រោយពីសេចក្ដីសម្រេចចេញជាផ្លូវការ ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើក​លែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។ សាម៉ីខ្លួនមានសិទិ្ធប្ដឹង​ទៅ​តុលាការក្នុងរយៈពេល២ខែ។ល។

៩-ជនជាតិចិនចំណូលថ្មីបានបង្កើនការងារដល់អាជ្ញាធរមាន​សមត្ថកិច្ច​កម្ពុជា

ក្នុងចំណោមបទល្មើស ដែលបង្ករឡើងដោយជនបរទេស ជនជាតិចិន​បង្កបទល្មើសច្រើនជាងគេបំផុតនៅកម្ពុជា។ ឧទហរណ៍ នៅក្នុងរយៈពេល៦ខែ​ឆ្នាំ២០១៨ ជនបរទេសដែលបានប្រព្រឹត្តបទល្មើសមានចំនួន៨៨ករណី ឃាត់​ខ្លួន​៣៧៨នាក់ មាន២៥សញ្ជាតិ។ ក្នុងចំណោមបទល្មើសទាំងនោះ ភាគច្រើន​ជាបទល្មើសប្រើប្រាស់ជួញដូរគ្រឿងញៀនមាន ចំនួន១៧ករណី ស្មើនឹង ១៩,៣១% នៃ​ចំនួនសរុប៨៨ករណី ក្នុងនោះជនជាតិចិនបានប្រព្រឹត្តបទ​ល្មើស​ច្រើនជាងគេ គឺចំនួន២៥៧នាក់, នីហ្ស៊េរីយ៉ា៣៧នាក់, វៀតណាម១៤នាក់, ថៃ១២នាក់, កូរ៉ខាងត្បូង០៨នាក់ ហើយភូមិសាស្ត្រដែលកើតមានច្រើនជាងគេ នៅរាជធានីភ្នំពេញ។​

ថ្ងៃទី២ ខែសីហា ២០១៧ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជា​មួយ​កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនជាតិចិនជិត ២០០ នាក់ ដែលប្រព្រឹត្តបទល្មើសឆបោក គំរាមកំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ទូគមនាគមន៍ (VOIP) ព្រមទាំងបានរឹបអូសវត្ថុតាង ប្រព្រឹត្តបទ​ល្មើស​មួយចំនួន និង បានរកឃើញបញ្ជីឈ្មោះជនរងគ្រោះនៅប្រទេសចិន ដែល​សម្រាប់គម្រាមជំរិតទារប្រាក់។

ថ្ងៃទី២៤ ខែសីហា ២០១៧ កម្លាំងនគរបាលអគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ បញ្ជូនជនជាតិចិន ចំនួន១៦០នាក់ ចេញពីប្រទេសកម្ពុជា តាមយន្ត​ហោះ​តាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។ ជនជាតិចិនទាំងនោះ ជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែល​ត្រូវបាន​ប៉ូលិសអន្តោប្រវេសន៍កម្ពុជាចាប់ខ្លួន នៅគោលដៅចំនួន២ ស្ថិតនៅភូមិក្បាល​ស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​[6]

យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង ៤០នាទី ជនជាតិ​ចិន​ឈ្មោះ ស៊ាង ជាងស៊ាន (ZHANG JIANGSHAN) ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ (E92895358) បានលោតពីលើអាគារ៨ជាន់ ពី​កាស៊ីណូ​ផ្កាយ៥ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែតដោយមិនដឹង​ពីមូលហេតុ។ គាត់ស្លាប់ភ្លាមនៅនឹងកន្លែង [7]

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធរកម្ពុជាបានចុះបង្ក្រាបទីតាំងចាប់​ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន៤កន្លែង ស្ថិតក្នុងឃុំត្រពាំងក្រញូង ស្រុកតាំកក់ និង ឃុំតាំងដូង ស្រុកបាទី នៃខេត្តកាកែវ។ ក្រោយប្រតិបត្តិការចុះបង្ក្រាបនេះ អាជ្ញាធរបានឃាត់ខ្លួនជនបរទេស២៣៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើន​ជាង​គេរហូតដល់ទៅ ២៣៣នាក់ [8]

ចុងខែវិច្ឆិកា បុរស-ស្ត្រី ជនជាតិចិន២៣៥ នាក់ត្រូវបានកម្លាំងសមត្ថកិច្ច​នគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្ត​តាកែវ​ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត [9]

រសៀល ថ្ងៃទី ១ ខែធ្នូ ២០១៨​ ឈ្មោះ ជិន ជុន (JIN CHUN) អាយុ៣៧ឆ្នាំ ជនជាតិចិន ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានប្រើកាំបិតបុ័ងតោ​កាប់ទៅលើ​មន្ត្រី​នគរបាលអន្តរាគមន៍ម្នាក់ឈ្មោះ ម៉ៅ សំណាង និង ស្ត្រីលក់អំពៅសាងឈ្មោះ មាស សាលី អាយុ ៧០ ឆ្នាំបណ្ដាលឱ្យរងរបួស នៅផ្លូវ ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ និង បានយកកាំបិតកាប់ក្បាល​ខ្លួនឯងម្ដង​ហើយម្ដងទៀត បណ្ដាលឱ្យហូរឈាមជោកខ្លួន។ សមត្ថកិច្ចចាប់បុរសជនជាតិ​ចិន​នោះ​ដាក់ខ្នោះ នាំយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យរុស្ស៊ី។ យោងតាម​ការធ្វើកោសល្យវិច័យទៅលើទឹកនោម ជនសង្ស័យមានផ្ទុកសារធាតុញៀន។ ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការរាជធានីភ្នំពេញ ដោយចោទ​ប្រកាន់ពីបទហិង្សាដោយចេតនា។

អធ្រាត្រថ្ងៃទី២ ខែធ្នូ នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ  ឈ្មោះ Li Ruming ភេទប្រុស អាយុ២៤ឆ្នាំជនជាតិចិនត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទចាក់​សម្លាប់​ឈ្មោះ Wa Rong ភេទប្រុសជនជាតិចិន ដែលអ្នកទាំង២ ជាបុគ្គលិក​ភោជនីយដ្ឋាន Hu Ming Tan ដូចគ្នា ។ សមត្ថកិច្ចថា ករណីនេះជារឿងគំនុំ[10]

ខាងលើនេះ គ្រាន់តែជាឧទាហរណ៍ ដើម្បីបញ្ជាក់ភស្តុតាងខ្លះប៉ុណ្ណោះ។ មានករណីជាច្រើនដែលកើតមាន ត្រូវធ្វើការស្រាវជ្រាវលម្អិត និងតម្រូវ​ឱ្យកង​កម្លាំង​អាជ្ញាធរមានសមត្ថកិច្ចធ្វើការសកម្មខ្លាំងក្លាបំផុត។ អគ្គស្នងការដ្ឋាន​នគរ​បាលជាតិ បានយកចិត្តទុកដាក់ការពារ និង ដោះស្រាយបញ្ហាជូន​ប្រជាពល​រដ្ឋខ្លួន និង ការការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍​បរទេស មន្ត្រីការទូត ទីតាំងស្ថានទូត និង និវេសនដ្ឋានឯកអគ្គរាជទូត-រដ្ឋទូត ដែលមានវត្តមាននៅកម្ពុជា[11]

១០-ការព្រួយបារម្ភចំពោះឥរិយាបថជនជាតិចិននៅកម្ពុជាបច្ចុប្បន្ន

សកម្មភាព និង អំពើដែលស្ដែងឡើងដោយជនជាតិចិន​មានស្ទើរ​គ្រប់​រូបភាព។ វិបាកនៃអំពើទាំង​​​នេះ បានបន្ថយសេចក្ដីរីករាយដល់ទេសចរ និង​ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងមូលដ្ឋាន ដែលមានជនជាតិ​ចិនចំណូលថ្មី​រស់​នៅច្រើន ជាពិសេស តំបន់មាត់សមុទ្រ ក្រុងកំពង់សោម។ ពលរដ្ឋខ្មែរភាគច្រើន ដែលបានទៅលេងកំពង់សោម បានបង្ហាញការភ័យខ្លាចចំពោះឥរិយាបថ​ជន​ជាតិចិន។ អ្នកខ្លះបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជនជាតិ​ចិន​នៅកំពង់សោម បានសម្លក់សំឡឹងខ្មែរក្នុងន័យមើលស្រាល ចិនបើកបរឡាន​មាន​លក្ខណៈព្រហើន ក្នុងល្បឿនលឿនគ្មានប្រណី ចិនផឹកស៊ីឡូឡាបង្កជម្លោះ ឈ្លោះប្រកែកវាយកាប់ចាក់គ្នា ដោយសាររឿងគំនុំសងសឹក ដណ្ដើមស្រី ឬ ដោយឥទ្ធិពលគ្រឿង​​ញៀណ។ល។ ចិនចោលសម្រាម និង កាកសំណល់​ធ្វើឱ្យ​បាត់សណ្តាប់ធ្នាប់របៀបរៀបរយ និង បាត់សោភ័ណភាពនៅទីតាំង​តំបន់​កំសាន្ត​សម្រាប់ទេសចរ។ វត្តមាននៃអន្តោប្រវេសន៍ចិននៅកម្ពុជា ពិតជា​ផ្ដល់​​វិបាក​​​​ខ្លាំងដល់មុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែរ ជាពិសេស អ្នកដែលរស់នៅ ក្រុងព្រះសីហនុ។

ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍ ចុះផ្សាយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា២០១៨ ក្នុងន័យថា ពេលថ្មីៗនេះអ្នកប្រើ​ប្រាស់​បណ្តាញសង្គម​បានចែករំលែក​ព័ត៌មានមួយចំនួន ស្តីពីភាពមិនប្រក្រតី​នៅក្រុងព្រះសីហនុ ដែលពាក់ព័ន្ធនឹងជនជាតិចិន។ ការិយាល័យអ្នកនាំពាក្យ​រាជរដ្ឋាភិបាល សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព ក៏ដូចជា សណ្នាប់ធ្នាប់សង្គម សម្រាប់​បម្រើផលប្រយោជន៍សាធារណៈនៅតំបន់នោះ។ កន្លងទៅ រដ្ឋាភិបាល​បានឃាត់ខ្លួនអ្នកបរទេសជាបន្តបន្ទាប់ និង បញ្ជូនជនទាំងនោះទៅ​ប្រទេសដើម​វិញ ក្រោយរកឃើញថាពួកគេមិនគោរពច្បាប់កម្ពុជា។

ដើម្បីទប់ស្កាត់កុំឱ្យមានភាពមិនប្រក្រតីនៅក្រុងព្រះសីហនុបាន រដ្ឋា​ភិបាល​បញ្ជូនសមត្ថកិច្ចឱ្យ​​​ច្រើន​ទៅការពារ២៤ម៉ោងនៅតំបន់សំខាន់ៗ និង ធ្វើ​ការអប់រំផ្នែកច្បាប់ដល់ម្ចាស់អាជីវកម្ម និង អ្នកគ្រប់​​គ្រង​ជនបរទេស​ទាំងនោះ​ជាដើម។ ស្នងការនគរបាលជាតិ បាន​បន្ថែមកម្លាំងសមត្ថកិច្ចឱ្យ​បាន​ច្រើន​សម្រាប់​ខេត្តនេះ ព្រោះរាល់ថ្ងៃ កម្លាំងសមត្ថកិច្ចមានចំនួនតិច។ ពេលមាន​រឿងកើតឡើង កម្លាំងសមត្ថកិច្ចពិបាក​រកមនុស្សធ្វើការងារដែរ។ មូយទៀត​សុំ​ឱ្យធ្វើការផ្សព្វផ្សាយពីច្បាប់កម្ពុជា ពីច្បាប់ព្រហ្មទណ្ឌ ហើយ​និង គោលការណ៍​ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តនេះ ទៅដល់ខាងក្រុមហ៊ុន ឬ ទៅ​តាមទីកន្លែងដែលមានជនជាតិចិនដែលគាត់ធ្វើការងារ ឬ គាត់រស់នៅ។ គេ​មានការព្រួយបារម្ភ ដោយសារកំណើនជនជាតិចិនចូលមករស់នៅប្រកបមុខ​របរគ្រប់ប្រភេទកាន់តែច្រើន ហើយបទល្មើសដែលបង្កដោយជនជាតិចិនមាន​កាន់​តែ​​ច្រើនជា​លំដាប់​ឥតថយចុះ។

ក្នុងឆ្នាំ២០១៧ ជនបរទេសចូលមកស្នាក់នៅក្នុងខេត្តព្រះសីហនុ មាន​ចំនួន ៦ ៣៨៥នាក់ ក្នុងនោះ ជនជាតិចិនមានច្រើនជាងគេ គឺ​៤៤៩៨នាក់ ឥណ្ឌូ​ណេស៊ី​៩០៩នាក់ ហ្វីលីពីន​១២៧នាក់ ម៉ាឡេស៊ី​១២២នាក់ និង ជនជាតិ​ផ្សេងៗទៀត[12]។   អគ្គនាយកអន្តោប្រវេសន៍ ក៏បានសម្ដែងការព្រួយ​បារម្ហ​ចំពោះ​សកម្មភាពឧក្រិដ្ឋជនជាតិចិន ដែលបន្លំខ្លួនជាអ្នករកស៊ីនៅកម្ពុជា។ កន្លងមក​សមត្ថកិច្ចបាន​ឃាត់ខ្លួនជនជាតិចិនជាច្រើននាក់ ដែលពាក់ព័ន្ធនឹងការ​ប្រព្រឹត្ត​បទល្មើសចាប់ជំរិត​តាមប្រព័ន្ធអ៊ីនធើណិត។

យើងមានការព្រួយបារម្ភ ដោយសារតែក្នុងនោះមានជនជាតិចិនខ្លះរស់​នៅដោយមិនស្របច្បាប់ ហើយបានប្រព្រឹត្តបទល្មើសទៀត ឧទាហរណ៍ ដូច​ឃើញហើយថា យើងបានចាប់បញ្ជូនកន្លងមកជា​ច្រើន[13]។ ទោះជាយ៉ាងណា ឧក្រិដ្ឋជនជាតិចិនដែលបន្លំខ្លួននៅកម្ពុជានេះ នៅមិនទាន់អស់នៅឡើយ​​ទេ ហើយ​មន្ត្រីអន្តោប្រវេសន៍ទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់ឱ្យ​បាន​ច្បាស់​លាស់​ចំពោះ​​ករណីនេះ ដើម្បីឈានដល់ការបង្ក្រាបឱ្យបានទាន់​ពេល​វេលា ព្រោះវាជាបញ្ហាគួរឱ្យមានការព្រួយ​​បារម្ភ​ដល់ សន្តិសុខជាតិ និង អន្តរជាតិ។ ទន្ទឹមនឹងការព្រួយបារម្ភអំពីឧក្រិដ្ឋជនជាតិចិនក៏គួរគាំទ្រ ​និង​​ លើក​សរសើរវិនិយោគិនចិននៅកម្ពុជាដែលរកស៊ីត្រឹមត្រូវ ស្របតាមច្បាប់ផងដែរ។ រហូតដល់​ពេល​​នេះ​ មានជនជាតិចិនប្រមាណ​៧ម៉ឺននាក់ ក្នុងនោះ មិនគិតពី​អ្នកទេសចរ អ្នកការទូត និង NGO ជាជន​ជាតិ​នោះឡើយ[14]

ចំណែកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់ប្រាប់​ទៅប្រជាពលរដ្ឋ​ខ្លះ​ ដែល​​មាន​ទុក្ខ​កង្វល់​ពាក់ព័ន្ធ​កំណើន​ជនជាតិ​ចិន​ថា​ ការ​កើនឡើង​នៃ​ជនជាតិ​ចិន​នេះ ​មួយ​ផ្នែក​គឺ​ដោយសារ​តែ​​ប្រទេស​កម្ពុជាខ្វះ​កម្លាំង​ពលកម្ម​ជំនាញ ដើម្បី​បម្រើ​ដល់​ការសាងសង់ ហើយ​ជនជាតិ​ចិន​ដែល​មក​បម្រើ​​ក្នុ​ង​វិស័យ​សំណង់​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ បន្ទាប់ពី​ការសាង​សង់​បាន​បញ្ចប់​។

«…សំណង់​ច្រើន​ ត្រូវការ​កម្មករ និង ​ជំនាញ​ច្រើន យើងផ្តល់ឱ្យ​គេមិន​គ្រប់គ្រាន់​។ ដូច្នេះ ត្រូវបើក​​ឱកាស​​ឱ្យ​គេ​យក​កម្មករ​មក​សាងសង់​សំណង់ ដូចជា​ស្ពាននិងអ្វីផ្សេងៗទៀត​។ នៅពេល​ដែល​គេ​កសាង​​ហើយ គេ​មិន​នៅ​ស្រុក​ខ្មែរ​ទេ គេ​ទៅ​ស្រុក​គេ​វិញ​ហើយ​កុំ​ឆ្ងល់​ពេក ហើយ​យើង​ក៏​គ្មាន​ច្បាប់​អនុញ្ញាត​​ឱ្យ​គេ​នៅ​ដែរ​…»។[15]

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួង​មហាផ្ទៃ បានបង្ហាញថា ក្នុងរយៈពេល៤ឆ្នាំ (២០១៤ ដល់២០១៨)​ ជនសង្ស័យ​ជាជនជាតិចិន ភាគច្រើនបានប្រព្រឹត្តបទ ល្មើស គឺ ១. បទល្មើស គម្រាម ​ជំរិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ សរុបមានចំនួន ១,៥៦៧នាក់ ក្នុងនោះ ស្រី​ចំនួន៣០៩នាក់។ ២. បទល្មើសសេដ្ឋកិច្ច (នៅប្រទេសចិន) សមត្ថកិច្ចស្នើសុំ​សហការចាប់ខ្លួន សរុបចំនួន៨២នាក់ ក្នុងនោះ ស្រីចំនួន ១០នាក់។ សម្រាប់​ឆ្នាំ២០១៨ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ជនជាតិចិន​ដែលបានប្រព្រឹត្ត​បទល្មើសគម្រាមជំរិត ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ សរុបចំនួន ៣៧៣នាក់ ក្នុងនោះ ស្រីចំនួន៦៦នាក់។ បទល្មើសសេដ្ឋកិច្ច (នៅប្រទេសចិន) សមត្ថកិច្ច​ស្នើ​សុំសហការ​ចាប់ខ្លួនសរុបចំនួន៣៤នាក់ ក្នុងនោះ ស្រីចំនួន៧នាក់[16]

ភាគីចិនដឹកនាំដោយ លោក LIAO JINRONG អគ្គនាយក​កិច្ចសហប្រតិ​បត្តិការអន្ដរជាតិនៃក្រសួងសន្ដិសុខសាធារណៈចិន បានមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាសន្ដិសុខសាធារណៈ​ ដោយបាន​ជួបពិភាក្សាប្តូរយោបល់ជាមួយសមភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ភាគីចិនបានសម្ដែងនូវការអរគុណ ដល់កងកម្លាំងនគរបាលកម្ពុជា បន្តសហការ​ដើម្បីរក្សាសន្ដិភាពសណ្ដាប់ធ្នាប់ សុវត្ថិភាព  បង្កើនការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីបង្រ្កាបបទល្មើស ជម្រុញឱ្យអ្នកវិនិយោគចិនដែលកំពុងតែមករកស៊ីនៅប្រទេសកម្ពុជា ដាច់ខាត​ត្រូវតែគោរពច្បាប់ និង ទំនៀមទម្លាប់ប្រពៃណីរបស់កម្ពុជា ហើយប្រសិនមាន​ជនជាតិចិនណាធ្វើខុសច្បាប់ ត្រូវបង្ក្រាបដោយមិនឲ្យមានការយោគយល់នោះ​ឡើយ[17]

សរុបជារួម យើងអាចនិយាយបានថា ខ្មែរ និង ចិនធ្លាប់មានទំនាក់​ទំនង​ផ្នែក​វប្បធម៌ជាមួយគ្នាជាយូរណាស់មកហើយ។ ចិនឆៅដែលបានភាសខ្លួន​ពី​ទឹក​ដីចិនមករួមរស់នៅលើទឹកដី​ខ្មែរតាំងពីយូរមកហើយនោះ បានសមាហរណ​កម្ម​សម្រប​ខ្លួនក្នុងសង្គមខ្មែរ រួមរស់នៅយ៉ាងសុខស្រួលដោយគ្មានការរើសអើង​ស្អប់​ខ្ពើមពីខ្មែរម្ចាស់ស្រុកឡើយ។ ចិនសញ្ជាតិខ្មែរមានឥរិយាបថល្អ អាកប្ប​កិរិយា​សមរម្យ ប្រព្រឹត្តអំពើសុចរិតទាំងកាយវាចាចិត្ត គោរពតាមគន្លងសុជីវធម៌ សីលធម៌  និង  គុណធម៌ខ្មែរបានដោយគ្មានបញ្ហា។ ចិនសញ្ជាតិខ្មែរ ​(កូនចៅ​ចិន)​បានរួមចំណែកយ៉ាងសកម្មក្នុងសមាគមចិន សាលារៀនភាសាចិន ព្រះ​វិហារចិន ភោជនីយដ្ឋានម្ហូបអាហារចិន វិទ្យុផ្សាយសំឡេងជាភាសាចិន និង​ក្រុមហ៊ុនចិនជាច្រើនទៀត។ គេបង្កើតក្រុមហ៊ុនវិនិយោគ​លើវិស័យកាត់​ដេរ​សម្លៀកបំពាក់ ស្បែកជើង សហគ្រាសសំណង់ស្ពានថ្នល់ជាដើម។ កូនចៅចិន​ភាគច្រើនមានជីវភាពល្អ ជាអ្នកសម្បូរទ្រព្យធន ខ្លះមានមុខដំណែង​ខ្ពង់ខ្ពស់​ក្នុង​ជួររដ្ឋាភិបាលផង។ ខ្មែរចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំចិន បុណ្យសែនលោក​ខែ បុណ្យសែនក្បាលទឹក បុណ្យឆេងម៉េង ។ល។ ចិននិយមកូនប្រុស ព្រោះកូន​ប្រុស​អាចស្នងបន្តនាមត្រកូល ការពារវង្សត្រកូលដូនតា ដោយជំនឿថា​ព្រលឹង​ដូនតានឹងតាមជួយថែរក្សាផ្តល់នូវសេចក្តីសុខចម្រើនដល់ការរស់នៅរបស់កូនចៅ។ ខ្មែរទទួលស្គាល់ថា ចិនជាមនុស្សសស្អាត។

ពាក្យស្លោកថា «កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន» និង «ចិនដេញខ្មែរ ខ្មែរ​ដេញ​ខ្មោច» នៅមានសុពលភាពនៅឡើយ ។ ពាក្យស្លោកនេះវានឹងអស់តម្លៃ​នៅ​ពេលដែលសង្គមខ្មែររៀបចំឱ្យមានកំរិតសមធម៌សមរម្យមួយ។ សង្គមខ្មែរ​គោរពលទ្ធិមាតាធិបតេយ្យ គឺលើកស្ទួយ និង ឱ្យតម្លៃស្រ្តីខ្ពស់បំផុត ការ​ឈ្លោះ​នឹង​ស្រីនាំឱ្យ អាប់ឱន កិត្តិយស ហើយក្តីនឹងចិន មិនងាយឈ្នះ​ចិនឡើយ​ព្រោះ​ចិនពូកែរកលុយ និង ពូកែខាងប្រើលុយក្នុងការសូកប៉ាន់។

ឥរិយាបថជនជាតិចិនសម័យថ្មី ឬ អន្តោប្រវេសន៍ចិន​សតវត្សទី២១នៅ​កម្ពុជា មានលក្ខណៈខុសប្លែកពី​សតវត្សមុន។ ជនជាតិ​​​ចិនសតវត្សទី២១​នៅ​កម្ពុជា អាចជាចំណែកមួយនៃការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចចិន ផ្លូវ មួយខ្សែក្រវ៉ាត់មួយ។ មហិច្ចតារដ្ឋា​ភិបាល​ចិនគឺចង់ពង្រីកឥទ្ធិពល​នយោ​បាយ សេដ្ឋកិច្ចដើម្បីដណ្តើមកិត្យានុភាព និង ពង្រីកតួនាទីជាមហាអំណាចពិភព លោក។ ​ ការកើនឡើងយ៉ាងគំហុកនៃជនជាតិចិនដើម្បីការងារនៅកម្ពុជា បាន​បង្កឱ្យមានបទល្មើសគ្រឿងញៀន សងសឹក វាយ កាប់ចាក់ សម្លាប់គ្នា និង ​បង្ក​បទ​ល្មើសលួច ឆក់ប្លន់ ចាប់ជំរិត។ល។ ការណ៍នេះ បានគម្រាម​ដល់សន្តិសុខ​សណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យប្រជាពលរដ្ឋខ្លះព្រួយបារម្ភពីសុវត្ថិភាព និង មុខរបបរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។ នាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជាលើកឡើងថា ការ​កើន​ឡើងនៃជនជាតិចិននេះ មួយផ្នែកគឺដោយសារតែប្រទេសកម្ពុជា ខ្វះកម្លាំង​ពលកម្មជំនាញ ដើម្បីបម្រើដល់ការសាងសង់ ហើយជនជាតិចិន​ដែលមក​បម្រើ​ក្នុងវិស័យសំណង់ទាំងនោះនឹងត្រឡប់ទៅប្រទេសខ្លួនវិញ បន្ទាប់ពីការសាង​សង់​ បានបញ្ចប់។

ឥរិយាបថខុសឆ្គងនៃជនជាតិចិនចំណូលថ្មី បានបង្កើនការងារច្រើន​បន្ថែម​ទៀតដល់អាជ្ញាធរមានសមត្ថកិច្ចនៅកម្ពុជា។ ក្នុងចំណោមបទល្មើស ដែលបង្ករឡើងដោយជនបរទេស ជនជាតិចិនបង្កបទល្មើសច្រើន​ជាងគេបំផុត​នៅកម្ពុជា។ ជនអន្ធពាលចិនអាចប្រើទឹកដីកម្ពុជាកន្លែងប្រព្រឹត្តិ​អំពើឧក្រិដ្ឋកម្ម ចាប់ជំរិត លាងលុយកខ្វក់ តាមរូបភាពផ្សេងៗ ដូចជាការបាញ់ ឬបុកសម្លាប់ ការបង្កើតបនល្បែងស៊ីសង បន​ពេស្យា។ល។ ​ប្រសិនបើអាជ្ញាធរ​មិនអាច​ទប់​ស្កាត់​ និងគ្រប់គ្រងស្ថានភាពមិនបាន សេចក្តីបារម្ភរបស់ប្រជាពលរដ្ឋខ្មែរ​នឹង​អាច​ជា​ជម្ងឺស្អប់ខ្ពើមជាតិសាសន៍  និង បំផ្លាញដល់គោលនយោបាយរដ្ឋាភិបាល​ខ្មែរ និង ចិនផងដែរ។ ​ ទន្ទឹមនឹងការព្រួយបារម្ភអំពីឧក្រឹដ្ឋកម្មជនជាតិចិន ក៏គួរ​គាំទ្រ និង លើកសរសើរ វិនិយោគិនចិននៅកម្ពុជាដែលរកស៊ីត្រឹមត្រូវ ស្របតាម​ច្បាប់ផងដែរ។ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា សហការជាមួយភាគីចិន បាន​បង្ហាញ​ការខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ការងារ និង ច្បាប់អន្តោ​ប្រវេសន៍​មានលក្ខណៈកាន់តែសកម្ម និង លំបាកជាងមុន។

សេចក្តីសន្និដ្ឋាន

នយោបាយសេដ្ឋកិច្ចនៃមហាអំណាចចិន ជះឥទ្ធិពលក្នុងការកែប្រែ​ផ្លាស់​​ប្តូរឥរិយាបថអន្តោប្រវេសន៍ចិននៅសតវត្សនេះ ឱ្យខុសពីសម័យកាល​មុន។ ជនជាតិចិនដែលភាសខ្លួនពីសម័យមុន នាំយកតែវប្បធម៌ និង ចេះ​រៀន​រស់នៅដោយសម្របខ្លួនទៅនឹងសង្គមខ្មែរបាន ដោយគ្មានបង្កការ​លំបាក​ដល់​ម្ចាស់ស្រុកឡើយ។ ចំណែក​​ជនជាតិចិនចំណូលថ្មីសតវត្ស២១ បាននាំនូវបញ្ហា​ជាច្រើន​តាមរយៈការប្រព្រឹត្តិគ្រឿងញៀន លាងលុយក្រខ្វក់ និង ការចាប់​ជំរិត។ល។ នេះជារបត់ថ្មីមួយ ដែលអង្រួនស្មារតីខ្មែរគ្រប់ស្រទាប់វណ្ណៈ ឱ្យ​មានការប្រុងប្រយ័ត្នជាទីបំផុត។ របត់ថ្មីនេះបង្កើតឱ្យមានឱកាសការងារ និង ការ​បាត់បង់ការងារផងដែរ។ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់​ស្ថាប័ន​ជាប់ពាក់ព័ន្ធបានបង្កើនបរិមាណ និង ពង្រឹងគុណភាព​របស់ខ្លួន​កាន់​តែ​ខ្លាំងក្លា​​ថែមទៀត ដើម្បីអនុវត្តច្បាប់ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។ ចំណែកប្រជាពលរដ្ឋដែលជាអាជីវករ កសិករ មន្រ្តីបុគ្គលិកគ្រប់អង្គភាព ស្ថាប័ន បានប្រឹងប្រែងថែមទៀតដើម្បីប្រកួតប្រជែង រត់ឱ្យទាន់ជំហាន​សេដ្ឋកិច្ច​ទីផ្សាសេរី ​ប្រកបដោយសេចក្តីសុចរិត និង អំណត់អត់ធ្មត់បំផុត ប្រឈមទល់​នឹង​ជនជាតិចិន។

ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជាប្រកបដោយនិរន្តរភាព យើងគួររួមគ្នារៀបចំ​ផែនការជាយុទ្ធសាស្រ្តសមស្រប ដើម្បីដោះស្រាយឥរិយាបថអវិជ្ជមាន​ដែល​បង្ក​ឡើងដោយអន្តោប្រវេសន៍ចិន ក៏ដូចអន្តោប្រវេសន៍បរទេសនានា នៅកម្ពុជា កុំឱ្យមានគុណវិបត្តិដល់វប្បធម៌ និង សង្គមជាតិ ដើម្បីចៀសវាងការស្អប់ខ្ពើម និង ការរើសអើងរវាងជាតិសាសន៍។ កិច្ចការនេះ ជាការទទួលខុសត្រូវរួម មិន​មែន​ជាអម្រែករបស់បុគ្គលណាមួយទេ។ ការណ៍នេះ តម្រូវឱ្យមានកិច្ច​សហ​ប្រតិបត្តិ​ការខ្ពស់ និង ចេះលើកទឹកចិត្តគ្នាទៅវិញទៅមក។ គេមិនគួរយក​អំណាច​នៃការចេះដឹង ឬ ឋានៈតួនាទីណាមួយដើម្បីកេងចំណេញ​ពីការ​ទទួល​យក​តែខាងត្រូវ ហើយមើលងាយទម្លាក់កំហុសដល់អ្នកទន់ទាប និង ខ្សោយ​ជាង​ខ្លួននោះទេ។

ទោះបីមាន​កិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់សកម្មភាព និង អំពើ​ដែល​បង្ក​ដោយជនជាតិចិនជាបន្តបន្ទាប់​ក៏ដោយ ក៏វាមិនទាន់គ្រប់គ្រាន់នៅ​ឡើយ​ សំខាន់ត្រូវយល់ដឹងពីមូលហេតុពិតប្រាកដ ថាតើពលរដ្ឋចិនដែលធ្លាប់​រស់នៅក្នុងប្រទេសដែលមានអារ្យធម៌របស់ខ្លួន ក្នុងឋានៈជាប្រទេស​មហា​អំណាច​ពិភពលោក ហេតុអ្វីបានជា មានជនពាល ប្រព្រឹត្តិល្មើសច្បាប់នៅក្រៅ​ប្រទេស ជាពិសេសនៅកម្ពុជា មានចំនួនយ៉ាងច្រើនសម្បើមបែបនេះ? ដូច្នេះ ការស្រាវជ្រាវស៊ីជម្រៅមួយលើបញ្ហាជនបរទេសជនជាតិចិននៅកម្ពុជាបច្ចុប្បន្ន គួរធ្វើបន្តទៀត ដើម្បីស្វែងរកឱ្យឃើញច្បាស់ពីអ្វីដែលនៅ​ពីក្រោយ​ផែនការយុទ្ធ​សាស្ត្រអភិវឌ្ឍន៍​របស់មហាអំណាចចិនមក​លើប្រទេសកម្ពុជា។

គន្ថនិទ្ទេស

១-     ងួន ញ៉ិល, «ព្រលឹងមាតាធិបតេយ្យ​ក្នុងសង្គមខ្មែរ» ភ្នំពេញ, ១៩៩២

២-     ជីវតាក្វាន់, «ប្រពៃណីនៃអ្នកស្រុកចេនឡា» បកប្រែដោយ​លីធាមតេង ភ្នំពេញ  ១៩៧៣

៣-    ត្រឹង ងា, «ប្រវត្តិសាស្ត្រខ្មែរ» ភ្នំពេញ ១៩៧៣

៤-     មជ្ឈមណ្ឌលសិក្សាជាន់ខ្ពស់, «ក្រុមជនជាតិភាគតិច» ភ្នំពេញ ២០០៩

៥-     លោកស្រី កី ធៀន ឡាយ, «កម្រងសុជីវធម៌» ភ្នំពេញ ១៩៦៩

៦-     វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា , «វិធីបុណ្យទំនៀមទម្លាប់ប្រពៃណី​ជនជាតិចិន»  ភ្នំពេញ, ២០១១

៧-    សរ សារុន, «សង្គមវិជ្ជាខ្មែរ» ភ្នំពេញ ១៩៧៣

៨-     សុខ សុត្ថាល, «ទស្សនវិជ្ជាខុងជឺរំលាយមហាកំពែងចិន» ភាគ២ ភ្នំពេញ១៩៧៣?

គេហទំព័រ

៩-     https://www.postkhmer.com

១០-  http://m.freshnewsasia.com

១១-  http://news.pnn.com.kh

១២-  http://km.rfi.fr

១៣- https://www.dap-news.com

១៤-  https://www.rfa.org/khmer

១៥-  https://www.vodhotnews.com

១៦-  https://thmeythmey.com

១៧- https://kohsantepheapdaily.com.kh

[1] https://thmeythmey.com/?page=detail&id=36148

[2] ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងក្នុងពិធីលាងសាយភោជន៍ ក្នុងឱកាសបើកពិធី​អបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន នៅក្នុងក្រុងសៀមរាប នារាត្រីថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៨។

[3] http://km.rfi.fr/ ប្រជាសាស្រ្ត-ចិន-កំណើនប្រជាជន-គ្រួសារមួយកូនម្នាក់-ផែនការ៥ឆ្នាំ-05-03-2016

[4] នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ លើកឡើងក្នុងកម្មវិធី​សំណេះ​សំណាល ជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយកនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

[5] https://www.postkhmer.com/ ព័ត៌មានជាតិ/លោក-ហ៊ុន-សែន-ពន្យល់ពីវត្តមានចិននៅកម្ពុជា

[6] http://news.pnn.com.kh/news/169

[7] https://www.dap-news.com/2018/11/09 /បុរសជនជាតិចិនម្នាក់-លោត/

[8] https://www.vodhotnews.com/2018/11/28/88666/gov-is-stepping-up-measures-against-the-chinese-in-sihanoukville/

[9] https://www.postkhmer.com/ ព័ត៌មានជាតិ/បុរសជនជាតិចិន-ដែលបង្កហិង្សាកាប់មនុស្សឱ្យរបួស-ត្រូវ​បញ្ជូន​ទៅតុលាការ

[10] https://kohsantepheapdaily.com.kh/article/743874.html

[11] នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជា ប្រធានក្រុមព័ត៌មានទាន់​ហេតុការណ៍​

(HOTLINE) ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨កាលពីព្រឹក​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

[12] របាយការណ៍អភិបាលខេត្តព្រះសីហនុ ចុះកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ជូនរដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ។

[13] នាយឧត្តមសេនីយ៍ សុខ ផល ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្ដិជូននាយនគរបាល នៃអគ្គនាយកដ្ឋានអន្ដោ​ប្រវេសន៍ នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

[14] http://m.freshnewsasia.com/index.php/en/localnews/59967-2017-07-14-09-49-09.html

[15] នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​ថ្លែងក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សហគមន៍​ខ្មែរ​រស់នៅ​ទ្វីប​អឺរ៉ុប​នាទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស​​ នៅថ្ងៃទី​ ២៤ ខែ​តុលា ឆ្នាំ ២០១៨ ។

[16] https://www.dap-news.com/2018/12/02/

[17] http://www.khmertalking.com/kt-social/55564

ប្រវត្តិរូបសង្ខេប

ក. ព័ត៌មានផ្ទាល់ខ្លួន

  1. នាមត្រកូល និង នាមខ្លួន ឈុន​ ផាវ៉េង ជាអក្សរឡាតាំង CHHUN Phaveng ភេទ​ ប្រុស សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ​ អត្តលេខ៖​ ១៧៣០៣០០១៩៣ ថ្ងៃខែឆ្នាំកំណើត ថ្ងៃទី ០១ ខែ មករា ឆ្នាំ ១៩៧៣
  2. ទីកន្លែងកំណើត៖ ភូមិស្វាយតាហែន ឃុំ រកាគយ  ស្រុក កងមាស     ខេត្ដ កំពង់ចាម
  3. អាស័យដ្ឋានបច្ចុប្បន្ន៖ ផ្ទះលេខ ២៨៧​ B ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌ សែន​ សុខ រាជធានីភ្នំពេញ

លេខទូរស័ព្ទលេខ (៨៥៥) ១២​ ៨៩១ ២០៣ សារអេឡិចត្រូនិក៖ phavengchhun@yahoo.com

ខ. ព័ត៌មានស្តីពីការងារ

  1. កាលបរិច្ឆទចូលបម្រើការងាររដ្ឋ ៖ ថ្ងៃទី២៩ ខែ តុលា ឆ្នាំ ១៩៩៦
  2. កាលបរិច្ឆទតែងតាំងស៊ុបក្នុងក្របខ័ណ្ឌ៖ ថ្ងៃទី ១ ខែវិច្ឆិកា  ឆ្នាំ ១៩៩៧
  3. ឋានន្តរស័ក្តិ ថ្នាក់បច្ចុប្បន្ន . 2 កាលបរិច្ឆេទក្នុងការដំឡើងថ្នាក់បច្ចុប្បន្ន ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦
  4. បម្រើការងារនៅ៖ វិទ្យាស្ថានសង្គមសាស្រ្តនិងមនុស្សសាស្ត្រ នៃរាជបណ្ដិត្យសភាកម្ពុជា ផ្នែកទស្សនវិជ្ជា និងសង្គមវិទ្យា តួនាទី មន្រ្តីស្រាវជ្រាវ
  5. កាលបរិច្ឆេទតែងតាំងក្នុងតំណែងបច្ចុប្បន្ន៖ ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៦

គ. ព័ត៌មានស្តីពីការសិក្សា

គ-១.កម្រិតវប្បធម៌ទូទៅនិងជំនាញ

វគ្គសិក្សា ឬ កម្រិតសិក្សា គ្រឹះស្ថានសិក្សា-បណ្ដុះបណ្ដាល ទីកន្លែង សិក្សា សញ្ញាប្រ័តដែល ទទួលបាន ឆ្នាំចូលសិក្សា ឆ្នាំបញ្ចប់

ការសិក្សា

មធ្យមសិក្សា
មធ្យមសិក្សាកំ.២ សាលាម.កំ.២បឹងត្របែក ភ្នំពេញ សញ្ញាបត្រ ម.កំ.២ ១៩៨៨ ១៩៩០
ឧត្ដមសិក្សា
ឧត្ដមសិក្សា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ភ្នំពេញ បរិញ្ញាបត្រទស្សនវិជ្ជា ១៩៩១ ១៩៩៥
ជំនាញក្រោយឧត្ដម មហាវិ.គរុកោសល្យ ភ្នំពេញ សញ្ញាបត្រគ្រូមធ្យមកំ .២ ១៩៩៥ ១៩៩៦
ក្រោយឧត្ដមសិក្សា
ក្រោយឧត្ដមសិក្សា រាជបណ្ឌិត្យសភាកម្ពុជា ភ្នំពេញ បរិញ្ញបត្រជាន់ខ្ពស់

ទស្សនវិជ្ជា

២០០០ ២០០២

គ-២.កម្រិតវិជ្ជាជីវៈ

សញ្ញាបត្រ ឬ វិញ្ញាបនបត្រ កាលបរិច្ឆេទទទួល ទីកនែ្លង

(ស្ថាប័នបណ្តុះបណ្តាល-ប្រទេស)

វិញ្ញាបនបត្រសារព័ត៌មាន​និង​កុំព្យូទ័រ ១៩៩៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ភ្នំពេញ
វិញ្ញាបនបត្រច្បាប់ការងារ ១៩៩៩ អង្គការខ្មែរអាមេរិកកាំង(CAO) ភ្នំពេញ
វិញ្ញាបនបត្រទំនាក់ទំនងអន្តរជាតិ ២០០០ សហគមន៍យុវជនស្ម័គ្រចិត្តដើម្បីលទ្ធិប្រជាធិបតេយ្យ
វិញ្ញាបនបត្រគ្រប់គ្រង ២០០០ សហគមន៍យុវជនស្ម័គ្រចិត្តដើម្បីលទ្ធិប្រជាធិបតេយ្យ
វិញ្ញាបនបត្រគរុកោសល្យ ២០០២ សាកលវិទ្យាល័យចំរើនពហុបច្ចេកិទ្យា, ភ្នំពេញ