April 27, 2024
បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា សេចក្តីផ្តើម ប្រជាជនកម្ពុជា ជាប្រជាជនដែលធ្លាប់មានអរិយធម៌រុងរឿង តាំងពីយូរលង់ណាស់មកហើយ។

សេចក្តីផ្តើម

ប្រជាជនកម្ពុជា ជាប្រជាជនដែលធ្លាប់មានអរិយធម៌រុងរឿង តាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ន ទោះ បីមាតុភូមិធ្លាប់​បាន​ខ្ទេចខ្ទាំដោយសារសង្គ្រាមជាច្រើនទសវត្សរ៍កន្លងមក ក៏ប្រជាជនខ្មែរ នៅតែមានអ្វីៗ ដែល អាចជាគ្រឿងសម្រាប់លើកទឹកចិត្ដ ឱ្យ​មាន​​សុទិដ្ឋិនិយមក្នុងការស្ដារនិងកសាង ប្រទេសឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប្រការមួយដែល​ប្រជាជនខ្មែរ​នៅតែ​​មាន​​​​​មោទនភាពនោះ គឺដោយ​​មានមរតកវប្បធម៌ ដែលបុព្វបុរសយើង​បានបន្សល់ទុកមកជាច្រើនឥតគណនា ក្នុងនោះយើង​មាន​រតនសម្បត្ដិអង្គរ ដែលពិភព លោកទាំងមូលកោតស្ញប់ស្ញែង ជា​មរតកខាងសិល្បៈស្ថាបត្យកម្មនិង​សំណង់។  ផ្នែក​នាដ្យកម្ម យើង​មានល្ខោន អាយ៉ៃ យីកេ ចំណែកខាងសិល្បៈតូរ្យតន្ដ្រី យើងមានបទភ្លេងមហោរី ប្រពៃណី ប្រជាប្រិយ និង បទភ្លេង ទំនើបចំរុះ ដែលសុទ្ធសឹងជាមរតកដ៏មានតម្លៃរបស់ជាតិ។ រីឯ​​មរតក​ខាង​សិល្បៈ​របាំដែល​ជា​អត្តសញ្ញាណ​ជាតិ​ ​យើង​មាន «របាំ​អប្សរា» ជារបាំ​មួយស្ថិតក្នុងចំណោម​របាំព្រះរាជទ្រព្យដ៏មានឈ្មោះល្បីល្បាញ ដែល​ពិភព​លោក​ទទួល​ស្គាល់​និង​វាយ​តម្លៃ​ថា​​ជា​របាំ​តន្តី​ខ្មែរ (Khmer Classical Dance)។

របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​វប្​ប​ធម៌អរូបីនៃមនុស្សជាតិ ដោយអង្គការ​យូណេស្កូ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៣។ ការចារឹកនាម នៅក្នុងបញ្ជីបេតិកភណ្ឌ​ពិភព​លោកដ៏ល្បីល្បាញនេះ បានបញ្ជាក់ពីតម្លៃជា​សាកលដ៏ធំធេង អស្ចារ្យនៃស្នាដៃ សិល្បៈរបាំ​តន្តី​ប្រកបដោយអត្ថន័យវប្បធម៌នេះ។ ចំពោះប្រជាជនកម្ពុជាទូទៅ របាំ​អប្សរា គឺជាមោទនភាព ជានិមិត្ដរូបជាតិនិងប្រជាជន។ របាំ​អប្សរា​ ស្ថិតនៅយ៉ាងជ្រាល​ជ្រៅក្នុង​ជម្រៅបេះដូងខ្មែរគ្រប់ៗរូប។

ដោយ​ឃើញ​នូវតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃរបាំ​អប្សរា​នេះ​ហើយ ទើប​យើង​សម្រេច​លើក​យក​អត្ថបទ​​សិក្សា​​ស្តី​អំពី​ «អប្សរា» ពី​ទេវកថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ​ និងរបាំ​តន្តី​ខ្មែរ មក​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើកទី​១៤ ស្តី​អំពី​ «តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ​និង​មោទនភាព»។

អត្ថបទ​​​ស្តី​អំពី​ «អប្សរា» ពី​ទេវកថា​ឥណ្ឌា មក​​ចម្លាក់​ខ្មែរ​ និង​របាំ​តន្តី​ខ្មែរ នេះ​នឹង​លើក​ឡើង​​អំពី​ប្រភព​កំណើត​នៃ​របាំ​អប្សរា​ខ្មែរ​ដែលមាន​ជាអាទិ៍​​គឺ​ ទេវកថា​ឥណ្ឌារឿង​អណ្ដើក​កូម៌ៈ (ឬ រឿង​កូរសមុទ្រ​ទឹកដោះ) និង សិល្បៈ វិចិត្រកម្មជារូបចម្លាក់ទេពអប្សរ ឬអប្សរាសំដែងកាយវិការយ៉ាង​សក្ដិសម រាប់រយ នៅតាម​​ប្រាសាទដ៏ស្កឹម ស្កៃទាំងឡាយក្នុង​តំបន់​អង្គរ ព្រម​ទាំង​ប្រវត្តិ​នៃ​ការ​បង្កើត​របាំ។ ​អត្ថបទ​នេះ​​មិន​មាន​លម្អិតអំ​ពី​អត្ថន័យ​សិល្បៈ​ក្នុង​របាំ​នោះទេ។

១. បញ្ញត្តិ «អប្សរា»

ក្នុង​ការ​សិក្សា​ យើង​រក​ឃើញ​ទស្សនៈ​នា​នា​ស្តី​អំពី​ «អប្សរា»។ តាម​វចនា​នុក្រម​ខ្មែរ​ រៀប​រៀង​ដោយ​សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ «អប្សរា» ដូច​គ្នា​នឹង «អច្ឆរា»​ «ស្រី​អប្សរា»។ ពាក្យ​ដើម​គឺ «អប្សរ» (មក​ពី​ពាក្យ​សំស្ក្រឹត អប្សរស៊  អប្សរា  ឯ​ពាក្យ​បាលី​ថា អច្ឆរា  មាន​ន័យ​ថា​ ៖ «ស្រី​មាន​សម្បុរ​ថ្លា​ស្រស់ផូរផង់ ឬ ស្រីមាន​មុខ​ថ្លា​ស្រស់​បំព្រង»)។ ក្នុង​ការ​និយម​របស់​ខ្មែរ​ «អប្សរា» គឺ​ ស្រី​សួគ៌ ស្រី​អប្សរ ស្រី​ទេព​អប្សរ នាង​អប្សរ។ សម្តេច​ជួន ណាត បាន​លើក​ឡើង​ថា​ «តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរព្រាហ្មណ៍ថា ស្ត្រី​សួគ៌ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត» ក៏​ប៉ុន្តែ លោក​បាន​បដិសេធ​សេច​ក្តី​បកស្រាយ​នេះ[1]

តាម​ Cambodian-English Dictionary បោះពុម្ព​ផ្សាយ​ដោយ The Catholic University of America Press, Washington, D.C. 20064, 1977 «អប្សរា» គឺ​ជា​ស្រី​សួគ៌ ស្រី​ទេព​អប្សរ (មក​ពី​ពាក្យ​សំស្ក្រឹត apsaras, apsarä) ត្រូវ​នឹង​ពាក្យ​អង់គ្លេស​ថា celestial nymph មាន​ន័យ​ថា​ជាទេព​ធីតា​ឋាន​ផ្សេង ( ពាក្យ nymph ក្នុង​អក្សរសិល្ប៍​បុរាណ​ក្រិកគឺ​ជា​ទេវៈ ដែលមាន​រូបរាង​ជា​នារី​វ័យ​ក្មេង), angel ជា​ទេវតា, divine female ជាទេពធីតា, celestial dancer ជា​អ្នក​របាំ​ឋាន​សូគ៌[2]

ក្នុង​ការ​បកស្រាយ​ពាក្យ​ APSARA ក្នុង​ LE PETIT ROBERT​ DICTIONNAIRE DE LA LANGUE FRANÇAISE របស់​លោក​ PAUL ROBERT បញ្ជាក់​ថា​គេ​បាន​ស្គាល់ APSARA ដែល​ជា​ចម្លាក់​នៅ​ប្រាសាទ​អង្គរ​របស់​ខ្មែរ ៖​ «APSARA (apsara] n. f. — 1823; mot hindi • Déesse inferieure, dans la mythologie indienne; sa représentation dans l’art. Les apsaras du temple d’Angkor-Vat.» (បក​ប្រែ​ ៖ APSARA ជា​ពាក្យ​ក្នុង​ភាសា​ hindi;​ ភាសា​ផ្លូវ​ការ​មួយប្រើនៅ​ប្រទេស​ឥណ្ឌា​ភាគ​ខាង​ជើង​; APSARA ជា​ទេព​ធីតា​សាមញ្ញ, ក្នុងទេវកថា​ឥណ្ឌា​, មានការ​បង្ហាញ​ខ្លួន​តាម​សិល្បៈ។ អប្សរា​ទាំង​ឡាយ​នៅ​ប្រាសាទ​អង្គរ​វត្ត​​។) ។

តាម​​​ការ​បក​ស្រាយ​ខាង​លើ​ ឃើញ​ថា​ ជា​ឫស​គល់ «អប្សរា» ​គឺ​ស្ថិត​ក្នុង​វប្បធម៌​ឥណ្ឌាគឺ​ទេវកថា ​ឥណ្ឌា រឿង​ «អណ្ដើក​កូម៌ៈ» ឬ រឿង «កូរ​សមុទ្រ​ទឹក​ដោះ» ​ទោះ​បី​សម្តេច​ព្រះ​សង្ឃរាជ​ ជួន ណាត​​ លោកមិន​ទទួល​យក​ក៏ដោយ​ ហើយយើង​ក៏​មិន​អាច​គិត​ថា​ហេតុ​អ្វី​បាន​ជា​​សម្តេច​ព្រះ​សង្ឃរាជ លោក​បដិសេធ​ការ​លើក​ឡើង​ថា​ «តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរព្រាហ្មណ៍ថា ស្ត្រី​សួគ៌ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក​ ក្នុង​កាល​ដែល​កូរ​ទឹក​អម្ឫត» នោះ​ទេ​ (​កូរ​ទឹក​អម្ឫត ជា​សេចក្តី​នៃ​រឿង គឺ​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​យក​ទឹក​អម្ឫត​ដែល​ធ្វើ​ឱ្យ​​ជីវិតមាន​ភាព​​អមតៈ)។

២. «អប្សរា»​ ក្នុង​ទេវកថា​ឥណ្ឌា

«អប្សរា» ​មាន​ដំណាល​ក្នុង​​រឿង​ អណ្ដើក​កូម៌ៈ ឬ រឿង កូរ​សមុទ្រ​ទឹក​ដោះ។ កាលដើមឡើយ មានមហា សមុទ្រ ទឹកដោះ​នៅ​លើ​ចក្រវាលទាំងមូល។ ពួកទេវតា និងអសុរា​ដែលចង់បានទឹកអម្ឫត គឺទឹកមន្តជីវិត​អមតៈ បានច្បាំង​គ្នា​ដើម្បីទឹក​អម្ឫត​។ ដោយ​ហេតុ​ចម្បាំង​អស់​ពេល​ដ៏យូរ​ ក៏មិន​ចាញ់​មិន​ឈ្នះ  ព្រះ​វិស្ណុ​ក៏​ចេញ​មក​ពន្យល់​ពួកទេវ តា និងអសុរា​ឱ្យ​រួម​គ្នា​កូរ​សមុទ្រ​ទឹក​ដោះ​នោះ។ នៅ​ក្នុង​សមុទ្រ​ទឹក​ដោះ​មាន​ទឹក​អម្ឫត​និង​វត្ថុ​ទិព្វជា​​ច្រើនឥត​គណនា ដោ​យ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំង​នោះ​ និង​ចង់​បាន​នូវ​ជីវិត​អមតៈ ទាំង​ពពួក​ទេវតា និង​​អសុរា​បាន​យល់​ព្រម​តាម​ព្រះ​វិស្ណុ រួម​គ្នា​​កូរសមុទ្រទឹកដោះ ដោយ​សន្យាគ្នា​ថា​ បើ​ទឹក​អម្ឫត​លេច​ឡើង​ចំមុខ​​ពពួក​​ទេវតា​ នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកទេវតា បើទឹក​អម្ឫត​លេច​ឡើង​ចំមុខ​ពពួកអសុរា​នោះ​ទឹក​អម្ឫត​បាន​ទៅ​ពពួកអសុរា។ ព្រះ​វិស្ណុ បាន​ដកភ្នំមន្ទរៈ យកមកធ្វើជាឧបករណ៍​សម្រាប់​កូរ​ ហើយបែង​ខ្លួនជាអវតា​មាន​ឈ្មោះថា ​​អណ្ដើកកូម៌ៈ ដើម្បីទ្រភ្នំមន្ទរៈ កុំឱ្យលិច។ កាលនោះ​ ស្ដេចនាគឈ្មោះ វាសុកី បាន​យកខ្លួនធ្វើជាព្រ័ត្រសម្រាប់ឱ្យគេទាញ​។ ពួកទេវតាទាញខាងកន្ទុយ ឯពួក​អសុរា​​ទាញខាងក្បាល។

ការ​កូរសមុទ្រ​ទឹក​ដោះ​​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជាង​មួយ​ពាន់​ឆ្នាំ​នៅ​ស្ថាន​ទេវលោក​។ វត្ថុទិព្វ​​ដែល​ផុស​ចេញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រួម​មាន ៖

១. ផ្កា​ បណ្ណ​ជាតិ ថ្វាយ​ទៅ​​ព្រះ​ព្រហ្ម​យក​ទៅ​ដាំ​នៅ​ព្រហ្ម​លោក​ទាំង​ដប់​ប្រាំ​មួយ​ជាន់

២. ដំរី​ក្បាល​បី​ឈ្មោះ​ ព្ធរាវ័ណ ថ្វាយ​ទៅ​ព្រះ​ឥន្ទ្រ​ធ្វើ​ជា​យាន​ជំនិះ

៣. ព្រះ​នាង​ ស្រី​លក្ស្មី ថ្វាយ​ទៅ​ព្រះ​វិស្ណុ​ធ្វើ​ជា​អគ្គ​មហេសី

៤. សេះ​ស​ឈ្មោះ ឧច្ច័យ​ស្វរៈ ទេព​និម្មិត​នេះ​មិន​ថ្វាយ​ឱ្យ​អាទិទេព​អង្គ​ណា​ទេ គែ​រក្សា​ទុក​ជា​និមិត្ត​រូប​គោរព​

ប្រតិបត្តិ​សីល​ប្រាំ​​សម្រាប់​ឋាន​ទាំង​បី គឺ​ឋាន​ទេវលោក ឋាន​មនុស្ស​លោក​ និង​ឋាន​បាតាល។

៥. ទឹក​អម្រឹត ជា​វត្ថុ​សក្តិ​សិទ្ធិ​ធ្វើ​ឱ្យ​មាន​អាយុ​វែង​ឥត​ដែន​កំណត់

៦. អប្សរា ​ទេព​អប្សរ​រាប់​សិប​អង្គ​លេច​ចេញ​ឡើងអណ្តែត​ពាស​ពេញ​លំហ​អាកាស ​​រេរាំ​របាំសួគ៌​ បន្ទាប់​ពី​វត្ថុ​

​ សក្តិ​សិទ្ធិ​ទី​ប្រាំគឺ​ទឹក​អម្ឫត​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​ពួក​អសុរា​។ ប្រមុខ​អប្សរ​​ធ្វើ​សញ្ញា​ឱ្យ​បរិវារ​ រាំ​របាំ​ទេព​ ពង្វក់​ចិត្ត​ពួក​អសុរា​​​ឱ្យ​ភ្លឹក​ភ្លេច​ផឹក​ទឹក​អម្ឫត។ ​របាំ​ទាក់​ទាញ​ពួក​អសុរា​ឱ្យ​ស្រើប​ស្រាល​ស្លុត​ស្លុង អារម្មណ៍​ទៅ​តាម​ក្បាច់​រាំ។ ឃើញ​ឱកាស​ល្អ​ ព្រះ​វិស្ណុ​ក៏​កាឡា​ខ្លួន​ជា​ព្រះ​ពាយ​ ឆក់​យក​ទឹក​អម្ឫត​ឱ្យ​ពួក ទេវតា​ក្រេប​​ទាំង​អស់​ដើម្បី​ឱ្យ​មាន​ជីវិត​អមតៈ​។ ពេល​បេសកកម្មកូរ​សមុទ្រ​ទឹកដោះ​បាន​ចប់​សព្វ គ្រប់​ហើយពួក​ស្រី​ទេព​អប្សរ​ទាំង​អស់​បាន​ក្លាយទៅ​ជា​ស្រី​របាំ​សួគ៌​ រាំថ្វាយ​ព្រះ​ឥន្ទ្រ​តាំងតែពី​កាល​នោះ​មក។ របាំ​របស់​ពពួក​ស្រី​ទេព​អប្សរ​នោះ​ សន្មត់​ហៅ​ថា​ របាំ​អប្សរា​។ របាំ​អប្សរា​រាំលើក​ទី​មួយ​នៅ​ឋាន​សមុទ្រ​ទឹក​ដោះ ហៅ​ថា​ របាំ​ទឹក​អម្រឹត។ ពេល​រេរាំ​ពពួក​ទេព​អប្សរ​តែង​កាន់​ផ្កា​បណ្ណជាតិ​ជា​និច្ច​ដែល​តំណាង​ឱ្យ​ទេវលោក សុភមង្គល​  និង​ភាព​រុង​រឿង​របស់​សត្ត​និករ​គ្រប់​ឋាន។

៣. «អប្សរា» ​ក្នុងសិល្បៈ​ចម្លាក់​ខ្មែរ

ទាក់​ទង​នឹង​​ស្ថាបត្យកម្ម​សំណង់​ដែល​ជា​អត្តសញ្ញាណ​វប្បធម៌ជាតិ ប្រទេស​អេ​ហ្ស៊ីប​មាន​ប្រាសាទ​ពីរ៉ាមីត ប្រជា ជាតិ​ចិន​មាន​មហា​កំពែង ប្រជាជាតិ​ខ្មែរ​មាន​ប្រាសាទ​បុរាណ​រយ​ពាន់ ជាពិសេស​ប្រាសាទ​អង្គរ​វត្តដ៏​ល្បី​ល្បាញ​ទូទាំងសកលលោក។​ ​ជា​ទូទៅ​ការ​អធិប្បាយក្នុង​បរិបទ​ស្ថាបត្យកម្ម ឬ សំណង់ គេ​ប្រើ​​ត្រឹម​ពាក្យ​ថា “​ស្ថាបត្ យកម្ម” ​ដោយ​ឡែក​ក្នុង​ស្ថាបត្យកម្ម​សំណង់​ប្រាសាទ​បុរាណ​​ខ្មែរ កាលណាគេ​និយាយ​អំពី​ស្ថាបត្យ​កម្ម គឺ​គេ​និយាយ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ “សិល្បៈ” គឺ​ “​សិល្បៈ​ស្ថាបត្យកម្ម​”។ ការ​ដែល​ប្រើ​ពាក្យ​ “សិល្បៈ” ភ្ជាប់​ជា​មួយ​ “ស្ថាបត្យកម្ម” ក្នុង​សំណង់​ប្រាសាទ​បុរាណ​ខ្មែរ​ ពីព្រោះ​ប្រាសាទទាំងឡាយដែល​បុព្វបុរស​ខ្មែរ​​លោក​ មិនត្រឹមតែ មានភាពស្កឹមស្កៃជាសក្ខីកម្មនៃស្ថាបត្យកម្ម និងវិស្វកម្មដ៏អស្ចារ្យលើលោក ប៉ុណ្ណោះ​ទេ តែថែមទាំងមាន ភាពប្រណីត ដោយសិល្បៈវិចិត្រកម្មជាក្បូរក្បាច់រចនារស់រវើក ជាពិសេសគឺមានរូបចម្លាក់រាប់រយជាទេពអប្សរ ឬ អប្សរា​សំដែង​កាយវិការនាដកម្មសក្ដិសមគ្មានពីរ ដែល​ជា​សមិទ្ធផល​នៃ​បញ្ញា​ញាណ​បុព្វ​បុរស​ខ្មែរ​។

ទេវកថា​ រឿង​ អណ្តើក​កូម៌ៈ របាំ​អប្សរា និង​ទេព​អប្សរា​ ​ក៏មាន​ឆ្លាក់​នៅ​លើ​ផ្តែរ និង​លើ​ថែវ​ប្រាសាទ​មួយ​ចំនួន​ផង​ដែរ។

រូប​អប្សរា​ដែល​តាម​និទាន​ថាជា​ស្រី​សួគ៌​មួយ​ក្រុម​ កើត​មាន​ដោយ​សារ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ដើម្បី​ស្វែង​រក​ទឹក​អម្ឫត

រូប​នាង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​ឆ្លាក់​លើ​សិលា​នៃ​ប្រាសាទ​ទាំង​ឡាយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

រូប​នេះ​ជា​ចម្លាក់​ទាក់​ទង​នឹង​រឿង​អណ្តើក​កូម៌ៈ ឆ្លាក់​នៅ​ថែវ​ខាង​កើត​នៃ​ប្រាសាទ​អង្គរ​វត្ត។ 

រូប​នេះ​ជា​ចម្លាក់​ទាក់​ទង​នឹង​រឿង​អណ្តើក​កូម៌ៈ ឆ្លាក់​នៅ​ប្រាសាទ​ព្រះ​វិហារ​

ចម្លាក់​អប្សរានៅ​ប្រាសាទ​បាយ័ន

 

ចម្លាក់​របាំ​អប្សរា​នៅ​ប្រាសាទ​បាយ័ន

 

 

 

 

 

 

ចម្លាក់​អប្សរា​នៅ​ប្រាសាទ​អង្គរ​វត្ត

 ៤. «អប្សរា» ​ក្នុងសិល្បៈរបាំ​​ខ្មែរ ៖ «របាំ​អប្សរា»

របាំ​អប្សរាត្រូវបានបង្កើតឡើងតាមព្រះរាជតម្រិះរបស់​ព្រះនាយិកាសាលា​សុធារស ក្នុងអំឡុង​​ទសវត្សរ៍​​ឆ្នាំ ១៩៥០ ព្រះនាម សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ ជាព្រះអនុជនៃព្រះបាទ   នរោត្ដម សុរាម្រឹត។ ព្រះ​នាយិកា​មាន​គំនិត​បង្កើត​របាំ​នេះ​ឡើង គឺ​ដើម្បី​ប្រគល់​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​អ្នកចូល​រួម​​សម្ដែងជា​​សិស្ស​ពូកែ ​ក្នុង​កម្ម​វិធីដែល​តែង​តែប្រព្រឹត្ត​ទៅ​នៅ​រាល់​​ដំណាច់​ឆ្នាំ​សិក្សា។ ព្រះអង្គបានបង្ហាត់របាំនេះដំបូងក្នុង អម្លុង ឆ្នាំ១៩៥៨ ដោយមានព្រះអង្គម្ចាស់ក្សត្រី នរោត្ដមវិជ្ជរា ព្រះរាជបុត្រីព្រះបាទនរោត្ដម សុរាម្រឹត រាំជាតូឯក។

ឆ្នាំបន្ទាប់សម្តែង​ដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដមសុជាតិវត្ដីយា ព្រះរាជបុត្រីព្រះបាទនរោត្ដម សីហនុ និងជាសិស្សអ្នកគ្រូជាសាមី ជាគ្រូរបាំនៅព្រះបរមរាជវាំង និងនៅសាលាសុធរសក្នុងសម័យនោះ[3]

ព្រះអង្គម្ចាស់ក្សត្រី នរោត្ដមវិជ្ជរា ព្រះរាជបុត្រីព្រះបាទនរោត្ដម សុរាម្រឹត រាំជាតូឯក

 នាដការី​ឯក​នៃ​របាំ​អប្សរា​ដែល​​បង្កើត​កិត្យា​នុភាព​របាំ​នេះ​លើ​ឆាក​អន្តរជាតិ គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី ព្រះរាជ​បុត្រី​ព្រះ​បរមរតនកោដ្ឋ ព្រះ​ករុណា​ នរោត្តម​ សីហនុ។

ម្ចាស់​ក្សត្រី នរោត្តម បុប្ផាទេវី

 តាមការបង្ហាញរបស់អ្នកគ្រូកែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា ក្នុងសៀវភៅ “របាំអប្សរា” បោះ​​ពុម្ព​ផ្សាយ ដោយ គណៈកម្មការស្រាវជ្រាវសិល្បៈ-វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នៅឆ្នាំ២០០៣ ឃើញថា រូបចម្លាក់ រាប់រយជាទេពអប្សរ អប្សរាសំដែងកាយវិការ នាដ្យកម្មសក្ដិសមគ្មានពីរនៅអង្គរនោះ គឺជាប្រភព នៃការបង្កើត របាំអប្សរានេះ[4]

ក្នុងរបាំអប្សរា ដែល​ជា​របាំតន្តី​ខ្មែរ ទាំងសម្លៀកបំពាក់ ទាំងគ្រឿងអលង្កា ទាំងកាយវិការរាំ សុទ្ធសឹងតាមលំនាំ ចម្លាក់អប្សរា ដែលតាមនិទានថា ជាស្រីសួគ៌មួយក្រុមកើតមានដោយសារការកូរ  សមុទ្រទឹកដោះដើម្បី រកទឹក អម្ឫត និង​ដែលរូបនាងត្រូវបានបុព្វបុរសខ្មែរឆ្លាក់លើសិលានៃប្រាសាទទាំងឡាយ ជាពិសេសនៅ ប្រាសាទ អង្គរ វត្ដ។

សម្លៀកបំពាក់ គ្រឿងអលង្កា និងកាយវិការរាំក្នុងរបាំអប្សរាដែលយកតាមលំនាំ ចម្លាក់អប្សរា

(រូបភាពពីសៀវភៅរបាំអប្សរាដោយអ្នកគ្រូកែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា ឆ្នាំ២០០៣)

នាដកម្ម​​នៅ​សម័យ​នោះ​មាន​លំនាំ​ប្រហាក់​ប្រហែល​របាំ ភួង​នារី ដោយ​ ម៉ម ឆាវរី និងបាន​ដក​ស្រង់​ពាក្យ​ខ្លះពី​​រឿង អ៊ីណាវ បុស្បា។ ការ​ដាក់​ក្បាច់​ និង ការ​រើស​ភ្លេង​មក​បំពេញ អ្នក​គ្រូ​ ជា​ សាមី​ ជា​អ្នក​រៀប​ចំ។ អ្នក​ច្រៀង​កំដរមាន​ អ្នក​គ្រូ ជា ខាន់ និង អ្នក​គ្រូ ឯម ធាយ ដែល​យក​តាម​លំនាំ​បទ ដើមឈឹង។

របាំ​អប្សរា​បាន​ឈាន​ទៅ​ដល់​កម្រិត​ល្អ​ឥត​ខ្ចោះ ក៏មាន​ការ​រៀប​ចំ​សម្តែត​​នៅ​ខេត្ត​សៀម​រាប នៅ​ប្រាសាទ​អង្គរ ដើម្បី​ថត​ជា​ខ្សែ​ភាពយន្ត​​ដោយ​លោក ម៉ាកសែល កាមីស៍ ក្នុងអំឡុង​ឆ្នាំ ១៩៦១ ឬ ១៩៦២។ នៅ​ឆ្នាំ ១៩៦៣ ភាពយន្ត​នេះ​បាន​នាំ​​ទៅបញ្ចាំង​​នៅ​ប្រទេស​បារាំង។ នៅ​ឆ្នាំ១៩៦៤ បញ្ចាំងនៅ ប្រទេស​សិង្ហបុរី ក្នុង​ពិធី​សម្ពោធ​មហោស្រព​សិល្បៈ​សាកល ដោយ​បាន​ទទួល​ជោគជ័យនិង​មាន​ការ​គាំទ្រ​ និងកោត​សរសើរ​ពី​សំណាក់​ទស្សនិក​ជន​យ៉ាង​ខ្លាំង។ «អប្សរា​» ក៏​បាន​លេច​រូបរាង​តាម​វិចិត្រកម្ម​គំនូរ​ដោយ​វិចិត្រ​ករ​ខ្មែរ​ក្នុងប្រវត្ដិវិចិត្រករខ្មែរ ទសវត្សរ៍ ឆ្នាំ១៩៦០-១៩៧០។  វិចិត្រករដ៏ល្បីល្បាញ និងជាមិត្ដជិតស្និទ្ធ របស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត  ឈ្មោះ ញឹក ឌឹម (១៩៣៤-១៩៧៨)។ លោក ញឹក ឌឹម ជាអ្នកមានទេពកោសល្យព្រម ទាំងបានសិក្សាមុខ វិជ្ជាគំនូរ នៅសាលាវិចិត្រសិល្បៈខេមរៈ (បច្ចុប្បន្នជាសាកល​វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ) បានក្លាយជាវិចិត្រករដ៏ល្ បីល្បាញ ដោយបានបង្កើតស្នាដៃជាច្រើនទាំងក្នុងប្រទេស ទាំងលើឆាក​ អន្ដរជាតិ។

រូប​គំនូរ​អប្សរា​ស្នាដៃ​វិចិត្រ​ករ ញ៉ឹក ឌឹម

របាំ​អប្សរា​ខ្មែរ​ ក៏មាន​ជន​បរទេស​ហាត់​រាំ​។

នាដការី​​អប្សរា​ជន​ជាតិ​ចិន

រី​ឯ​នាដការី​ដែល​បាន​សម្តែង​ក្នុង​ក្របខណ្ឌ​ជាតិ​មាន​ដូច​ជា ៖

អ្នក​ស្រី សេង ស្រីមុំ

អ្នក​ស្រី វ័ន សាវៃ

អ្នក​ស្រី ឌុក ថាច

អ្នក​ស្រី វ័ន សាវង្ស

អ្នក​ស្រី យឹម ទេវី

អ្នក​ស្រី ម៉ម កណិការ

អ្នក​ស្រី អ៊ុក ផល្លា

កញ្ញា សុខ សុខឿន។

 

សេចក្ដីសន្និដ្ឋាន

            អត្ថាធិប្បាយ​កន្លងមកបានបង្ហាញថា របាំ​អប្សរា​ គឺជាមោទនភាពជាតិខ្មែរ។ ការចារឹកនាមរបាំ​ព្រះ​រាជ​ទ្រព្យ​ ដែល​ក្នុង​នោះ​មាន​របាំ​តន្តី​អប្សរា​ ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាឆ្នាំ២០០៣ ក្នុងបញ្ជី​បេតិកភណ្ឌពិភពលោក បានបញ្ជាក់ពីតម្លៃសាកលដ៏ធំធេងអស្ចារ្យនៃស្នាដៃសិល្បៈ ទស្សនីយភាពខ្មែរ​ និង ការរួមទទួលខុសត្រូវក្នុងការការពារថែរក្សាពីសំណាក់អន្ដរជាតិ។ ប៉ុន្ដែដោយឡែកចំពោះប្រជាជាតិខ្មែរ គ្រាន់ តែការរកឃើញខាងលើថា របាំ​អប្សរា​ កើត​ឡើង​ពី​បញ្ញាញាណ​ដ៏​ជ្រៅ​ជ្រះរបស់​ប្រជាជាតិ​ខ្មែរនោះ អាច មាន ន័យថា របាំ​អប្សរា​ ស្ថិតនៅយ៉ាងជ្រាលជ្រៅក្នុងជម្រៅបេះដូងខ្មែរគ្រប់ៗរូប លើសជាតិសាសន៍ណា ទាំងអស់ ឯការទទួលខុសត្រូវ ក៏ត្រូវតែជាបន្ទុករបស់ប្រជាជនខ្មែរធ្ងន់ជាងគេ ខ្មែរ​​គ្រប់​​រូបត្រូវតែយល់ដឹង បញ្ហានេះ ដោយមិនត្រូវពឹងផ្អែទាំងស្រុងលើអន្ដរជាតិទេ៕

[1] វចនា​នុក្រម​ខ្មែរ​ ​បោះ​ពុម្ព​ផ្សាយ​ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ព​គ្រាទី​៥ ទំព័រ​១៦៥៣

[2] Cambodian-English Dictionary បោះពុម្ព​ផ្សាយ​ដោយ The Catholic University of America Press, Washington, D.C. 20064, 1977 ទំព័រ​១៣៦៩

[3] កែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា “របាំអប្សរា” ការផ្សាយរបស់គណៈកម្មការស្រាវជ្រាវសិល្បៈ-វប្បធម៌ ឆ្នាំ២០០៣ ទំព័រ ១១-១២

[4] កែវ ណារុំ និង ព្រំ ស៊ីសាផាន្ធា “របាំអប្សរា” ដ-ឯ-ម ទំព័រ ១-២