March 29, 2024
ពាក្យសាធារណៈត្រូវបានប្រើប្រាស់ដើម្បីកំណត់ភាពខុសគ្នា រវាងផ្នែកសាធារណៈ និងផ្នែកឯកជនដែលបាន​បង្ហាញពីភាព​ខុស​ប្លែកគ្នារបស់កម្មសិទ្ធិរួមរបស់ពលរដ្ឋ និងកម្មសិទ្ធិឯកជន និងការមិនយកប្រាក់កម្រៃ និងការយកប្រាក់កម្រៃ។

សាស្រ្តាចារ្យ ត្រឹង លីម ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា

១.និយមន័យសាធារណៈ

          ពាក្យសាធារណៈត្រូវបានប្រើប្រាស់ដើម្បីកំណត់ភាពខុសគ្នា រវាងផ្នែកសាធារណៈ និងផ្នែកឯកជនដែលបាន​បង្ហាញពីភាព​ខុស​ប្លែកគ្នារបស់កម្មសិទ្ធិរួមរបស់ពលរដ្ឋ និងកម្មសិទ្ធិឯកជន និងការមិនយកប្រាក់កម្រៃ និងការយកប្រាក់កម្រៃ។ ហេតុដូច្នេះ​ហើយអ្នកសិក្សាមួយចំនួនលើកឡើងថាវិធីសាស្រ្តគ្រប់គ្រងវិស័យឯកជនមិនអាចយកមកប្រើប្រាស់ក្នុងវិស័យសាធារណៈបាន។ ពាក្យសាធារណៈ អាចមានន័យទូលំទូលាយជាងនេះ។ ជាឧទាហរណ៍ សេវាសាធារណៈពេលខ្លះធ្វើឡើង ដោយក្រុមហ៊ុនឯកជន​ជាជាងទីភ្នាក់ងាររដ្ឋ។ នេះមានន័យថា រដ្ឋត្រូវតែផ្តល់ធនធាន និងលទ្ធភាព កំណត់ទំនួលខុសត្រូវដល់ក្រុមហ៊ុន​ឯកជននោះ​ឱ្យបាន​ច្បាស់លាស់។

២.និយមន័យ គ្រប់គ្រង

ពាក្យគ្រប់គ្រង សំដៅលើសកម្មភាពជាច្រើនផ្សេងៗ ដែលគេប្រើប្រាស់ដើម្បីដឹកនាំនៅក្នុងគ្រួសារ កុលសម្ព័ន្ធ ក្រុមហ៊ុន ស្ថាប័ន​រដ្ឋ​ ប្រទេស តំបន់ ឬពិភពលោកទាំងមូល ដើម្បីសម្រេចបាននូវគោលបំណងជាក់លាក់មួយចំនួន។ ដោយសារចំនួនបុគ្គលិកច្រើនការគ្រប់គ្រង កាន់តែមានភាពស្មុគស្មាញទៅតាមទំហំនៃស្ថាប័ន រចនាសម្ព័ន្ធមានភាពស្មុគស្មាញ បច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការទូលំទូលាយ និងភាពផ្សេងគ្នានៃវប្បធម៌ការងារ។ល។ ការគ្រប់គ្រងត្រូវការជំនាញ និងចំណេះដឹងជាច្រើនដូចជា៖ ការស្វែងយល់ពីអង្គការ វិធីសាស្រ្តនិងបែបបទគ្រប់គ្រង ការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំ ការត្រួតពិនិត្យ លើការគ្រប់គ្រងសវនកម្ម គណនេយ្យ និងការវាយតម្លៃការងារគោលនយោបាយ ក្រមសីលធម៌ការងារ ច្បាប់ការងារ និងវប្បធម៌ផ្សេងៗនៃការងារ។ល។ ជំនាញ និងចំណេះដឹងខាងលើអាចទទួលបានតាមរយៈ មានការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ បទពិសោបធន៍ការងារ សិក្ខាសាលា​ ការប្រឹក្សាយោបល់ និងវគ្គបណ្តុះបណ្តាលជាដើម។ល។

៣.ការងារគោលនៃការគ្រប់គ្រង

ការគ្រប់គ្រងដើតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់ស្ថាប័ន។​ គឺកើតចេញមកពីក្រុមអ្នកគ្រប់គ្រងមួយក្រុម ដែលមានទំនួលខុសត្រូវក្នុងស្ថាប័នមួយនៅគ្រប់កម្រិត។ ភារកិច្ចរបស់ពួកគេរួមមានការធ្វើឲ្យគោលបំណងរបស់ ស្ថាប័នបានសម្រេច និងការធ្វើឱ្យដំណើរការងាររួមប្រព្រឹត្តិទៅរបស់ស្ថាប័នមានប្រសិទ្ធភាព។ អ្នកគ្រប់គ្រងមានមូលដ្ឋានចំនួនដូចខាងក្រោម៖

ក. ការរៀបចំផែនការ (Planning)

ការរៀបចំផែនការ ពាក់ព័ន្ធទៅនឹងការកំណត់គោលបំណងរបស់ស្ថាប័ន និងការសម្រេចថា​​តើគោលបំណងទាំងនេះអាចសម្រេចបានដោយរបៀបណា។អ្នកគ្រប់គ្រងធ្វើការវាយតម្លៃផែនការផ្សេងៗ មុនធ្វើការសម្រេចជ្រើសរើសសកម្មភាពជាក់លាក់ណាមួយ និងត្រួតពិនិត្យថា តើផែនការដែលជ្រើសរើស រួចហើយនោះស្របទៅនឹងគោលបំណងដែលបានបង្កើតដែរឬទេ។ ការរៀបចំផែនការត្រូវបានគេចាត់ទុក ថាជាការងារគោលនៃការគ្រប់គ្រង ដោយសារការងារគោលផ្សេងទៀត គឺអាស្រ័យការរៀបចំផែនការនេះ។

ខ.ការរៀបចំ (Organizing)

ការរៀបចំជាការងាររគោលទី២ នៃការគ្រប់គ្រង វាជាដំណើរការនៃការដាក់ផែនការអនុវត្ត។ ការងារនេះវាពាក់ព័ន្ធទៅជាការប្រើប្រាស់ធនធាន ជាពិសេសធនធានមនុស្សដើម្បីធ្វើឲ្យគោលបំណងទូទៅរបស់ស្ថាប័នបានសម្រេច។ នៅក្នុងន័យនេះ អ្នកគ្រប់គ្រងធ្វើការសម្រចចិត្ត ទៅលើការបង្កើតមុខតំណែង និងកំណត់តួនាទីភារកិច្ចនិងទំនួលខុសត្រូវរួម។ ការចាត់ចែងបុគ្គលិកជាការជ្រើសរើសមនុស្ស​​​​​ដែលត្រឹមត្រូវសម្រាប់មុខតំណែងការងារ ក៍អាចចាត់ទុកថាជាផ្នែកមួយនៃផ្នែករៀបចំផែនការផងដែរ។

គ. ការដឹកនាំ​(Directing

ការងារគោលនៃការគ្រប់គ្រងទី៣ គឺជាការដឹកនាំ និងណែនាំទៅលើបុគ្គលិកជាប្រចាំថ្ងៃ។ នៅក្នុងការដឹកនាំអ្នកគ្រប់គ្រងណែនាំបង្រៀននិងលើកទឹកចិត្តដើម្បីឲ្យពួកគេបង្កើនសមត្ថភាពសក្តានុពល និងស្របពេលជាមួយគ្នានោះដែរ សម្រេចនូវគោលបំណងរបស់ស្ថាប័នដែលបានបង្កើតឡើងនៅក្នុងដំណើរការនៃការបង្កើតផែនការ។ ការដឹកនាំឬការណែនាំដែលមានប្រសិទ្ធភាពរបស់អ្នកគ្រប់គ្រងតម្រូវឱ្យមានការធ្វើទំនាក់ទំនងជាបន្តបន្ទាប់ជាមួយបុគ្គលិក។

៤. មធ្យោបាយក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព

ដើម្បីគ្រប់គ្រងស្ថាប័នមួយប្រកបដោយប្រសិទ្ធភាព អ្នកគ្រប់គ្រងត្រូវពិចារណាលើចំណុចសំខាន់ៗ​ដូចខាងក្រោម៖

ក. ការត្រួតពិនិត្យ (Controlling)

ការងារដើម្បីសម្រេចបាននូវគោលការណ៍គ្រប់គ្រង គឺជាការត្រួតពិនិត្យ។ អ្នកគ្រប់គ្រងត្រូវ វាយតម្លៃគោលបំណងរបស់ស្ថាប័នថាតើសម្រេចបានប៉ុណ្ណា។ ដើម្បីបំពេញនូវការវាយតម្លៃនេះអ្នកគ្រប់​គ្រងត្រូវត្រឡប់ក្រោយទៅមើលគោលបំណងដែលបានបង្កើតពីដំបូងនៅក្នុងដំណាក់កាលធ្វើផែនការ និងការងារដែលបានចាត់ចែងហើយ។ ប្រសិនបើមានបញ្ហាសំខាន់ៗកើតឡើង និងគោលបំណងមិនត្រូវបានសម្រេច ដូច្នេះ`ផ្លាស់ប្តូរត្រូវតែធ្វើឡើងនៅក្នុងរចនាសម្ព័ន្ធចាត់ចែង និងគ្រប់គ្រងរបស់ស្ថាប័ន។

ខ. ការអភិវឌ្ឍ (Developing)

កាអភិឌ្ឍគឺ​ជាការបង្កើតឱ្យមានវប្បធម៌ ឬ ជាការបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនមួយដែលបានពង្រឹង និងរក្សាសមត្ថភាពស្នូលរបស់ស្ថាប័ន និងជំរុញឱ្យមានភាពរីកចម្រើននូវរចនាសម្ព័ន្ធការងារផ្លូវការរបស់ខ្លួន។

គ. ការប្រតិបត្តិ (Operating)

ការប្រតិបត្តិ គឺជាការរៀបចំផែនការលម្អិតយោងទៅតាមសមត្ថភាពការងារ ការកំណត់ពេលវេលា និងលំហូរធនធាន។

ឃ. ការធ្វើរបាយការណ៍ (Reporting)

របាយការណ៍ គឺត្រូវធ្វើឡើងទៅកាន់ថ្នាក់លើស្តីអំពីឱកាស ភាពគម្រាមកំហែង ភាពខ្លាំង និងភាពខ្សោយ កិច្ចខិតខំប្រឹងប្រែង  និងសមិទ្ធផលការងារ។

ង. ការរៀបចំថវិកា និងគណនេយ្យ (Budgeting and Accounting)

ការរៀបចំថវិកា គឺជាការវាយតម្លៃលើការវិនិយោគ និងគោលនយោបាយផ្សេងៗ ការកំណត់លទ្ធផលនៃការសម្រេចចិត្តលើការវិនិយោគនិងគោលនយោបាយ។ ប្រព័ន្ធគណនេយ្យត្រឹមត្រូវផ្តល់មូល​ដ្ឋានគ្រឹះសម្រាប់ការកំណែទម្រង់នៅប្រទេសជាច្រើន។ គណនេយ្យត្រឹមត្រូវជាវត្ថុមួយមានដ៏សំខាន់ក្នុងការធ្វើឱ្យរដ្ឋាភិបាលកាន់តែមានតម្លាភាពការងារ។

ច. ការផ្តល់សេវាកម្មដល់អតិថិជន (Customer Service)

មន្រ្តីរាជការអនុវត្តសកម្មភាពទូលំទូលាយថ្មីៗ ជាច្រើនដើម្បីបង្កើនការឆ្លើយតបទៅនឹងសាធារណៈជន។ ដើម្បីបង្កើនការទុកចិត្ត​ ការជឿជាក់ និងការគាំទ្ររដ្ឋាភិបាល មន្រ្តីរាជការធ្វើការដើម្បីឱ្យសេវាកម្មមានភាពរាក់ទាក់មានផាសុខភាពនិងរលូន។ សេវាសាធារណៈនាពេលបច្ចុប្បន្នធ្វើទៅតាមមតម្រូវការរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលជាច្រើនបានបង្កើតច្រកចេញចូលតែមួយ បច្ចេកវិទ្យា ឬយុទ្ធសាស្រ្តគ្រប់គ្រងដើម្បីឱ្យការផ្តល់សេវាកម្មកាន់តែមានភាពរលូនថែមទៀតសម្រាប់ប្រជាពលរដ្ឋ។

ឆ. បច្ចេកវិទ្យាព័ត៌មាន (Information Technology)

បច្ចេកវិទ្យា ជាមធ្យោបាយថ្មី ដែលមានប្រសិទ្ធភាពជម្នះរាល់ឧបសគ្គជាច្រើនក្នុងការងារប្រចាំថ្ងៃ និងអនុញ្ញាតឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរហ័ស និងងាយស្រួល រវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល ។  បច្ចេកវិទ្យាព័ត៌មានវិទ្យាមិនត្រឹមតែផ្តល់នូវវិធីសាស្រ្តសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ វាក៏អាចចូលរួមចំណែកក្នុងការកំណែទម្រង់សេវាសាធារណៈ។

ជ. ឯកជនភាវូបនីយកម្ម (Privatization)

រដ្ឋាភិបាលធ្វើឯកជនភាវូបនីយកម្ម និងផ្តល់សេវាកម្មរបស់ខ្លួនទៅឱ្យវិស័យឯកជនតាមដែលអាច​ធ្វើទៅបាន និងអភិវឌ្ឍន៍នូវការផ្តល់សេវាកម្មជាមួយដៃគូរដែលជាក្រុមហ៊ុនឯកជន និងអង្គការក្រៅ​រដ្ឋាភិបាលជាច្រើន។

ដូច្នេះដើម្បីអនុវត្តនូវការងារគោលនៃការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព អ្នកគ្រប់គ្រងត្រូវមានជំនាញអន្តរបុគ្គលជំនាញរៀបចំំនិងជំនាញបច្ចេកវិទ្យា។ បើទោះបីការងារគោលនៃការគ្រប់គ្រងទាំងនេះ ជាភារកិច្ចរបស់អ្នកគ្រប់គ្រង ប៉ុន្តែវាអាចផ្លាស់ប្តូរអាស្រ័យលើស្ថានភាព។ អ្នកគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាអាចធ្វើឱ្យគោលបំណងរបស់ស្ថាប័នមួយបានសម្រេចតាមរយៈការបូកបញ្ចូលគ្នានូវមធ្យោបាយនានាជាច្រើន។

៥.ការគ្រប់គ្រងសាធារណៈ

អ្នកស្រាវជ្រាវមួយចំនួន (២០០៤) បានកំណត់និយមន័យថា ការគ្រប់គ្រងសាធារណៈ ពាក់ព័ន្ធនឹងការអនុវត្តរចនាសម្ព័ន្ធនិងដំណើរការរបស់ស្ថាប័នសាធារណៈ ដើម្បីធានាឱ្យបាននូវការងារល្អរបស់ស្ថាប័ន។ លោក Lynn (២០០៣) មានទស្សនៈថា ៖ ការគ្រប់គ្រងមានភាពពាក់ព័ន្ធចំនួនបី៖ ១) ដំណើការ និងរចនាសម្ព័ន្ធផ្លូវការរបស់រដ្ឋាភិបាល ២) ការអនុវត្តនិងស្នាដៃការងាររបស់អ្នកគ្រប់គ្រងសាធារណៈ និង៣) ជំនឿ និងតម្លៃពិតប្រាកដដែលធ្វើឱ្យស្ថាប័ន និងអ្នកគ្រប់គ្រងសាធារណៈពោរពេញដោយគុណភាពកាលរងារ។ ធាតុផ្សំនៃការគ្រប់គ្រងសាធារណៈមាន៣ គឺ៖

ក. រចនាសម្ព័ន្ធរដ្ឋបាល (Administrative Structure)

ការគ្រប់គ្រងមានរចនាសម្ព័ន្ធច្បាស់លាស់ និងត្រូវបង្កើតឲ្យមានការត្រួតពិនិត្យតាមដានដើម្បីរឹតបន្តឹងការងារថ្នាក់ក្រោម និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ជាការពិតនៅពេលដែលមានរចនាសម្ព័ន្ធរដ្ឋបាលមិនត្រូវបានកំណត់ទាំងស្រុងដោយតួអង្គគ្រប់គ្រងថ្នក់លើ និងមិនមានការចូលរួមឱ្យបានពេញលេញពីថ្នាក់ក្រោមប្រសិទ្ធភាពការងារ នឹងត្រូវបាត់បង់។

ខ. ការងារគ្រប់គ្រង (Managerial Tools)

ជាមួយនឹងរចនាសម្ព័ន្ធដែលបានបង្កើតហើយ អ្នកគ្រប់គ្រងអាចអនុវត្តយន្តការមួយ វាយតម្លៃគោលនយោបាយ និងកម្មវិធីផ្សេងៗដែលក្នុងនោះរួមមានការប្រើប្រាស់វិធីសាស្រ្តលើកទឹកចិត្តការងារ និងការសម្របសម្រួល។​

គ. តម្លៃ និងយុទ្ធសាស្រ្ត នៃការគ្រប់គ្រង (Management Values and Strateies)

ផ្ទុយពីរចនាសម្ព័ន្ធ និងការងារគ្រប់គ្រងតម្លៃ និងយុទ្ធសាស្រ្តគ្រប់គ្រង ឆ្លុះបញ្ចាំងអំពីជម្រើស​នៃការគ្រប់គ្រងដោយឆ្លើយតបចំពោះគោលបំណង បេសកកម្មជាអាទិភាព និងការសម្របខ្លួនតាមបរិយាកាសស្ថាប័ន។ ភាពជាអ្នកដឹកនាំ ផ្តល់សិទ្ធិអំណាចដល់បុគ្គលិក កិច្ចសហប្រតិបត្តិការ សមាហរណកម្មសេវាកម្ម និងការប្រើប្រាស់ធនធានមនុស្សតាមរយៈកម្មវិធី និងសកម្មភាពផ្សេងៗ។

៦. ជម្រើសសាធារណៈ

មានការរិះគន់ជាច្រើនលើរដ្ឋបាលសាធារណៈតាមបែបបូរាណ ហើយក៏មានកំណែទម្រង់ដែលទទួលបានជោគជ័យជាច្រើនផងដែរ ដើម្បីធ្វើឱ្យវិស័យសាធារណៈកាន់តែមានប្រសិទ្ធភាពជាងមុន។  រដ្ឋអំណាចត្រូវបានលើកទឹកចិត្ត ជាសំខាន់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពដល់សាធារណៈជន។ ដូច្នេះក្នុងស្ថាប័នមួយគេត្រូវការរចនាសម្ព័ន្ធ និង​ដំណើរការចាត់ចែងដ៏ត្រឹមត្រូវមួយ។ ចរិតលក្ខណៈ៣ប្រភេទនៃអំណាចរដ្ឋដែលត្រូវបានគេជឿថានាំឱ្យរដ្ឋបាត់បង់នូវប្រសិទ្ធភាពការងារដែល​​​ក្នុងរួមមាន៖ ១)រចនាសម្ព័ន្ធផ្តាច់មុខ២)គ្មានសូចនាករវាស់វែងច្បាស់លាស់អំពីការងារស្ថាប័ន និង៣) ទំហំនៃទីភ្នាក់ងាររដ្ឋាភិបាល។

ឯកសារយោង

កៅ មុយថុង (២០០៧) រដ្ឋបាលសាធារណៈទំនើប បណ្ណាគារអង្គរ

រាជរដ្ឋាភិបាលកម្ពុជា (១៩៩៧) ច្បាប់ស្តីពីការងារ,រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

អាជ្ញាធរសវនកម្មជាតិ ស្តង់ដារសវនកម្មជាតិសាធារណៈ

-Handbook of Public Administration. Eds Jack Rabin, W. Bartley Hildreth, and Gerard J. Miller. 1989: Marcel Dekker, NY. p. iii

– Robert and Janet Denhardt. Public Administration: An Action Orientation. 6th Ed. 2009: Thomson Wadsworth, Belmont CA.

-Kettl, Donald and James Fessler. 2009. The Politics of the Administrative Process. Washington D.C.: CQ Press.

-Jerome B. McKinney and Lawrence C. Howard. Public Administration: Balancing Power and Accountability. 2nd Ed. 1998: Praeger Publishing, Westport, CT. p. 62

-UN Economic and Social Council. Committee of Experts on Public Administration. Definition of basic concepts and terminologies in governance and public administration. 2006

-Wilson, Woodrow. June, 1887. “The Study of Administration“, Political Science Quarterly 2.

-Public administration. (2010) In Encyclopædia Britannica. Retrieved August 18, 2010, from Encyclopædia Britannica Online.

Shafritz, J.M., A.C. Hyde. 2007. Classics of Public Administration. Wadsworth: Boston.