May 14, 2024
សាស្រ្តាចារ្យបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជាមូលន័យសង្ខេប            ក៏ដូចជាកត្តាទាំងឡាយដែលទាក់ ទងទៅនឹង គុណភាពក្នុងខ្លឹមសារទាំងស្រុងរបស់អត្ថបទ។គុណភាព ជាតម្រូវការរួម និងជាការយកចិត្តទុកដាក់ដ៏សំខាន់ចាំបាច់របស់ឧត្តមសិក្សាទាំងនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ក៏ដូចជានៅបណ្ដាប្រទេសកំពុងអភិវឌ្ឍនាសតវត្សរ៍ទី២១យើងនេះ។

សាស្រ្តាចារ្យបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា

មូលន័យសង្ខេប

ក៏ដូចជាកត្តាទាំងឡាយដែលទាក់ ទងទៅនឹង គុណភាពក្នុងខ្លឹមសារទាំងស្រុងរបស់អត្ថបទ។គុណភាព ជាតម្រូវការរួម និងជាការ​យក​ចិត្តទុកដាក់ដ៏សំខាន់ចាំបាច់របស់ឧត្តមសិក្សាទាំងនៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ក៏ដូចជានៅបណ្ដាប្រទេសកំពុងអភិវឌ្ឍនា​សតវត្សរ៍ទី២១យើងនេះ។ ជាទូទៅគុណភាពរបស់ឧត្តមសិក្សាត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌទាំងឡាយរួមមាន គុណ​ភាព​​​​​របស់​​បុគ្គលិក(សាស្ត្រាចារ្យ អ្នកស្រាវជ្រាវនិងអ្នកបម្រើសេវា)គុណភាពរបស់កម្មវិធីសិក្សាគុណភាព​របស់​និស្សិតគុណភាព​របស់ហេដ្​ឋារចនាសម្ព័ន្ធនិងបរិស្ថាន(បរិស្ថានខាងក្នុងនិងបរិស្ថានខាង​ក្រៅ​)​​​ក៏ដូចជាគុណភាពដែលទាក់ទងទៅនឹងការវាយតម្លៃ ការធ្វើនិយ័តកម្មដែលមានលក្ខណៈជាប្រព័ន្ធ​​​របស់​ឧត្តមសិក្សា។ គេអាចសិក្សាស្វែងយល់នូវខ្លឹមសារលម្អិតស្ដីពីគុណភាព

I ខ្លឹមសារអត្ថបទ

១- ចំណុចផ្ដើម

តាមទ្រឹស្ដីនៃការអនុវត្តក្នុងវិស័យអប់រំនៅឧត្តមសិក្សា គេបានចាត់ទុកគុណភាពថាជាមូលដ្ឋានគ្រឹះ[1](១) មួយ ក្នុងចំណោមមូលដ្ឋានគ្រឹះទាំង១០ នៃចក្ខុវិស័យជាសកលរបស់ឧត្តមសិក្សានៅក្នុងសតវត្សរ៍ទី២១ ហើយកំពុងក្លាយទៅជាតម្រូវការចាំបាច់ និងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់បំផុតពីស្ថាប័ននេះថែមទៀត។ ទាក់ទងទៅនឹងបញ្ហាគុណភាព មានសំណួរមួយបានចោទសួរថា តើសកលវិទ្យា​ល័យត្រូវរៀប​ចំខ្លួន បែបណាដើម្បីទទួលបានគុណភាព? ចម្លើយអាចឆ្លើយបានថា ដើម្បីទទួលបានគុណភាព ត្រូវមានប្រព័ន្ធមួយ ដើម្បីធានានូវគុណភាព។ ប្រព័ន្ធនោះ ជាមធ្យោបាយរបស់ស្ថាប័ន ដើម្បីធានាអះអាងចំពោះខ្លួនឯងផ្ទាល់ ក៏ដូចជាចំពោះស្ថាប័នដទៃទៀតឬក៏ចំពោះនិស្សិតដែលចូលមកសិក្សារៀនសូត្រឱ្យទទួលបាននូវស្តង់ដារមួយដែលសកលវិទ្យាល័យនោះបានកំណត់។ ម្យ៉ាងទៀត គុណ​​ភាពក៏ត្រូវផ្សារភ្ជាប់ផងដែរ ជាមួយនឹងអ្វីដែលជាភាពត្រឹមត្រូវរបស់សង្គម។ ភាពត្រឹមត្រូវរបស់សង្គម​ស្ដែងឡើងនៅត្រង់ចំណុចដែលថា សង្គមនោះបានរកឃើញនូវដំណោះស្រាយចំពោះតម្រូវការ ក៏ដូចជាបញ្ហាទាំង​ឡាយដែលកើតមានឡើងនៅក្នុងសង្គមនោះ តួយ៉ាងដូចជាបញ្ហាដែលទាក់ទងទៅនឹងវប្បធម៌សន្តិភាព(២)(Culture of Peace) បញ្ហានៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព(Sustainable Development) ជា​​ដើម។ ជាចុងក្រោយ គេគប្បីយល់ថា គុណភាពមិនមែនប្រមូលផ្ដុំគិតគូរទៅលើគុណភាពនៃផលិត​ផលតែម្យ៉ាងនោះទេប៉ុន្តែត្រូវប្រមូលផ្ដុំគិតគូរបន្ថែមទៀតទៅលើគុណភាពនៃដំណើរ ប្រព្រឹត្តទៅរបស់ប្រព័ន្ធមួយដែលបំពេញសកម្មភាព ដើម្បីនាំទៅដល់ភាពត្រឹមត្រូវសម្រាប់សង្គម។

គុណភាពរបស់ឧត្តមសិក្សា ត្រូវបានផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌទាំងឡាយរួមមាន: គុណ​​ភាពបុគ្គលិក គុណភាពកម្មវិធីសិក្សា គុណភាពនិស្សិត ហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថាន ក៏ដូចជាគុណភាពនៃការវាយ តម្លៃនិងការធ្វើនិយ័តកម្មមានលក្ខណៈជាប្រព័ន្ធរបស់សកលវិទ្យាល័យ។

២- កត្តាទាំងឡាយដែលញ៉ាំងឲ្យឧត្តមសិក្សា ទទូលបាននូវគុណភាព

ដើម្បីទទួលបាននូវគុណភាពឧត្តមសិក្សាត្រូវប្រមូលផ្ដុំគិតគូរទៅលើកត្តាមួយចំនួនដូចជា៖

២.១- គុណភាពរបស់បុគ្គលិក (Quality of Staff)

ក្នុងពិភពការងារ គេតែងតែនិយាយពីគុណភាពដោយផ្សារភ្ជាប់ជាសំខាន់ទៅនឹងមូលធនមនុស្ស។ ២- កម្មវិធីអប់រំស្ដីពីវប្បធម៌សន្តិភាពរបស់អង្គការយូណេស្កូ រួមមាន: ការអប់រំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ ការយោគយល់គ្នាជាអន្តរជាតិ ទំនាក់ទំនងអន្តរវប្បធម៌ សេរីភាព សាមគ្គីភាព និងការអត់ឱន សន្តិភាព សន្តិសុខ និងការកាត់បន្ថយ សព្វាវុធ ការអភិវឌ្ឍនិងការលុបបំបាត់ភាពក្រីក្រ។ មូលធនមនុស្សដ៏ប្រសើរ ញ៉ាំងឲ្យឧត្តមសិក្សា ក្លាយទៅជាអង្គភាពដ៏ពិតប្រាកដមួយ ទាំងក្នុងការបង្ហាត់បង្រៀនស្រាវជ្រាវក៏ដូចជាសេវាកម្ម។ លើសពីនេះទៅទៀត ចំពោះមូលធនមនុស្សដែលជាអ្នកស្រាវ​ជ្រាវនិងបង្ហាត់បង្រៀនចាំបាច់ត្រូវមានទាំងសមត្ថភាពឆន្ទៈនិងសីលធម៌(Ethic) ស្របទៅតាមតម្រូវការដែលចង់បានគុណភាពដើម្បីឈានទៅសម្រេចនូវភាពត្រឹមត្រូវមួយចំពោះសង្គម។ ដោយឡែកគុណភាពរបស់ឧត្តមសិក្សា ក៏ត្រូវមានគោលនយោបាយមួយសមស្រប ដើម្បីធានាខុសត្រូវដូចជា នយោ​បាយជ្រើសរើសបុគ្គលិក ដោយផ្អែកលើគោលការណ៍ “ស័ក្តិសមនឹងទទួល” នយោបាយបណ្ដុះ​បណ្ដាលបន្តនិងពង្រឹងបន្ថែមជាប់ជាប្រចាំលើផ្នែកគរុកោសល្យនិងបច្ចេកវិជ្ជាទំនើប នយោ​បាយលុបបំបាត់ចោលនូវវិសមតា(Imbalance)រវាងការបង្ហាត់បង្រៀននិងការស្រាវជ្រាវនយោបាយមិនរើស​អើងភេទ ក៏ដូចជានយោបាយលើកទឹកចិត្តចំពោះស្ត្រីភេទ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេក៏នៅតែសង្កេតឃើញមានបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសកំពុងអភិវឌ្ឍទៅលើការងារស្រាវជ្រាវនិងការបង្ហាត់បង្រៀនដែរ។ ជាក់ស្ដែងបន្ទុកនៃការបង្ហាត់បង្រៀននិងស្រាវជ្រាវ មិនអាចប្រព្រឹត្តទៅប្រកប​ដោយ​​គុណភាពបាននៅឡើយទេ អាស្រ័យដោយការផ្ដល់ធនធានរបស់រដ្ឋនៅមានកម្រិត។ រីឯលក្ខន្តិកៈនៃអ្នកស្រាវជ្រាវពិសោធន៍ ក៏នៅខ្វះចន្លោះច្រើន លើកលែងតែអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយខាងក្រៅប៉ុណ្ណោះ។ ផ្ទុយទៅវិញ ចំពោះប្រទេសអភិវឌ្ឍ(Developed country) ការងារស្រាវជ្រាវ ត្រូវបានគេចាត់ទុកថា ជាមុខរបរមួយដែលផ្ដល់ផលប្រយោជន៍ច្រើនជាងការបង្ហាត់បង្រៀនទៅទៀត ម្ល៉ោះហើយក៏មានការប្រមូលផ្ដុំវិនិយោគទុនដ៏ច្រើនសន្ធឹកសន្ធាប់ចំពោះវិស័យនេះ ជាហេតុញ៉ាំងឲ្យសកលវិទ្យាល័យល្បីៗមួយចំនួន អាចបំពេញបាននូវតួនាទីជាស្ថាប័នស្រាវជ្រាវពិតប្រាកដ ដើម្បីជួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស។

 

 

 

២.២- គុណភាពរបស់កម្មវិធី

អាស្រ័យដោយឥទ្ធិពលកៀបសង្កត់ពីកត្តាជាច្រើនដូចជា តម្រូវការចាំបាច់នៃចំណេះដឹងទៅលើផ្នែកណាមួយរបស់សង្គមការកើតឡើងនូវមុខវិជ្ជាថ្មី ភាពចាំបាច់ដែលតម្រូវឱ្យទទួលយកការប្រើប្រាស់នូវមុខវិជ្ជាជា ច្រើនដើម្បីស្វែងយល់ទៅលើធម្មជាតិនិងសង្គម ការធ្វើឱ្យទៅជាលក្ខណៈតំបន់នូវការបង្ហាត់បង្រៀន ឆន្ទៈទទួលខុសត្រូវដ៏ធំរបស់សង្គមក្នុងពិភពដែលប្រកបដោយការប្រែប្រួលបានទាម​ទារឱ្យឧត្តមសិក្សា ផ្លាស់ប្តូរនូវដំណើរប្រព្រឹត្តទៅនៃកម្មវិធីសិក្សារបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវជំហាន​បីជាមូលដ្ឋាននោះគឺ គោលដៅវិធីសាស្ត្រ និងអន្តររចនាសម្ព័ន្ធ។

ក- គោលដៅនៃកម្មវិធីសិក្សា

គោលដៅនៃកម្មវិធីសិក្សាប្រកបដោយគុណភាព មានន័យថា ជាកម្មវិធីទាក់ទងដល់ការរៀបចំកម្មវិធីសិក្សាមួយ ដែលមានទិសដៅច្បាស់លាស់ ឆ្ពោះទៅរកការអប់រំបណ្ដុះបណ្ដាលជាមូលដ្ឋាន បានន័យថា ជាការ អប់រំបណ្ដុះបណ្តាលមួយ ដែលធ្វើឱ្យនិស្សិតមានសមត្ថភាពប្រមូលផ្ដុំនូវចំណេះដឹងរបស់ខ្លួន ប្រកបដោយភាពប៉ិនប្រសប់ដើម្បី :

– វិភាគចំពោះស្ថានការណ៍ដ៏ស្មុគស្មាញទាំងឡាយ

– ដោះស្រាយនូវបញ្ហាដែលកើតឡើង

– ចាប់យកនូវកិច្ចសហការ

– មានលទ្ធភាពផ្ទៀងផ្ទាត់បានត្រឹមត្រូវ

– មានលទ្ធភាពអាចគិតប្រមាណទុកជាមុន

-បង្កើននូវការទទួលខុសត្រូវដ៏ម៉ឺងម៉ាត់ចំពោះកិច្ចអភិវឌ្ឍន៍យូរអង្វែងក៏ដូចជាចំពោះវប្បធម៌សន្តិ​ភាព។ ទន្ទឹមនឹងនេះ ការបណ្ដុះបណ្ដាលនោះគប្បីចាក់ឫសចូលជ្រៅទៅក្នុងបរិបទពិតនៃជីវិត ពោល​​​ គឺពុំមែនគ្រាន់តែជាលំហាត់ធម្មតាមួយដែលលើកឡើងដោយគ្មានន័យនិងមិនអាចផ្ទេរចេញបាន​​នោះឡើយ។

ខ- គុណភាពខាងវិធីសាស្ត្រ

កម្មវិធីសិក្សាមួយដែលចាត់ទុកថាមានគុណភាពខាងវិធីសាស្ត្រ គឺជាកម្មវិធីសិក្សាមួយដែលបានឆ្លង កាត់លក្ខខណ្ឌនៃគុណភាពផ្នែកគរុកោសល្យ។ ដូច្នេះ ត្រូវប្រមូលផ្ដុំធនធានដ៏ច្រើនដើម្បីមានលទ្ធភាពប្រើប្រាស់នូវបច្ចេកវិជ្ជាថ្មីៗ ដើម្បីឱ្យនិស្សិត មានទម្លាប់ចូលជ្រៅទៅក្នុងការគ្រប់គ្រង ការរៀនសូត្រដោយខ្លួនឯង ក៏ដូចជា មានលទ្ធភាពដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ជាមួយនិស្សិតស្ថិតនៅឆ្ងាយពីប្រទេសដែលពួកគេកំពុងរស់នៅ ។

គ- អន្តររចនាសម្ព័នកម្មវិធី

កម្មវិធីសិក្សាមួយមានលក្ខណៈជាអន្តររចនាសម្ព័ន្ធ ជាកម្មវិធីសិក្សាដែលមានទំនាក់ទំនងប្រទាក់​​​ក្រឡាគ្នាដូចសំណាញ់ បង្កើតបានជាបណ្ដាញទំនាក់ទំនង។ គេអាចហៅម្យ៉ាងទៀតថា ជាបណ្ដាញទំនាក់ទំនងនៃកម្ម វិធីសិក្សាក្នុងក្របខណ្ឌ “អន្តរជាតិនីយកម្ម” ដ៏ទូលំទូលាយ ដោយពុំមែនជាកម្មវិធីសិក្សាមួយបិទជិត ដាច់តែឯង ប៉ុន្តែជាកម្មវិធីសិក្សាដែលបានផ្សារភ្ជាប់ទៅនឹងកម្មវិធីសិក្សារបស់សកលវិទ្យាល័យដទៃទៀត ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីធានានូវការបើកទូលាយកាន់តែធំធេងថែមទៀតទៅលើការអប់រំបណ្ដុះបណ្ដាលគ្រប់ដំណាក់កាលនៃជីវិតរស់នៅរបស់មនុស្សម្នាក់ៗ។ ទន្ទឹមនឹងនេះ ក៏គប្បីខិតខំបង្កើតផងដែរនូវបណ្ដាញផ្លាស់ប្តូរ និស្សិតនិងសាស្ត្រាចារ្យ ដើម្បីមានលទ្ធភាពទទួលយកនូវបទពិសោធន៍ថ្មីៗ ទាក់ទងដល់ការរៀបចំកម្មវិធីសិក្សាមួយ បានច្បាស់លាស់និងមានលក្ខណៈជាសាកល សម្រាប់និស្សិត។

២.៣- គុណភាពនិស្សិត

អាស្រ័យដោយនិស្សិតជាវត្ថុធាតុដើម ហើយក៏ជាលក្ខខណ្ឌទីមួយនៃគុណភាពរបស់ឧត្តមសិក្សា ដូច្នេះ គុណភាពនិស្សិត ត្រូវអនុវត្តទៅតាមគោលការណ៍ “សក្តិសមនឹងទទួល” ដោយប្រមូលផ្ដុំគិតគូរទៅរកជ្រុងមួយនៃសមត្ថភាពរបស់និស្សិតជាចម្បងសម្រាប់ធ្វើជាលក្ខខណ្ឌនៃការចូលទៅសិក្សា​រៀនសូត្រនៅឧត្តមសិក្សា ។ មួយវិញទៀត ដើម្បីធានាបាននូវគុណភាពនិស្សិត កិច្ចសហប្រតិបត្តិការរវាងឧត្តមសិក្សានិងមធ្យមសិក្សា គឺជាការចាំបាច់ដើម្បីធ្វើឱ្យសមត្ថភាពនិស្សិតកាន់តែបានល្អប្រសើរឡើង ហើយអាចមានលទ្ធភាពបន្តការសិក្សារបស់ខ្លួននៅឧត្តមសិក្សា។

គុណភាពនិស្សិតក៏ទាមទារផងដែរឲ្យមានការចូលរួមដោយផ្ទាល់របស់និស្សិតទៅក្នុងជីវភាពរស់នៅរបស់សង្គមនិងការគ្រប់គ្រងស្ថាប័ន ដើម្បីខ្លួនគេម្នាក់ៗមានលទ្ធភាពពង្រីកនូវស្មារតីសហគ្រាស ការទទួលខុសត្រូវក៏ដូចជាស្មារតីសាមគ្គីភាព។

២.៤- គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន

គុណភាពបង្ហាត់បង្រៀន និងគុណភាពស្រាវជ្រាវ ទាមទារនូវហេដ្ឋារចនាសម្ព័ន្ធ សំភារៈគ្រប់គ្រាន់​និង សមស្របទៅតាមតម្រូវការ។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ទាមទារផងដែរនូវការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់ គ្រងកម្រិតខ្ពស់ ចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធ ត្រូវផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍបណ្ដាញផ្នែកបច្ចេកវិជ្ជាព័ត៌​មាន និង ទូរគមនាគមន៍ ពីព្រោះការអភិវឌ្ឍផ្នែកនេះអាចធ្វើឱ្យមានការប្រែប្រួលក្នុងវិធីសាស្ត្ររៀនសូត្រ ក៏ដូចជាទំនាក់ទំនងរវាងសាស្ត្រាចារ្យនិងនិស្សិត ឬរវាងនិស្សិតនិងនិស្សិត។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏គេមិនអាចកាត់ផ្ដាច់បាននូវការជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នោះបានដែរ។ គួរកត់សម្គាល់តទៅទៀតថា សកលវិទ្យាល័យពុំមែន ជាដែនកោះមួយបិទជិត ពឹងផ្អែកទៅលើខ្លួនឯងតែម្យ៉ាងនោះទេ ប៉ុន្តែក៏ត្រូវការដូចគ្នានូវអន្តរកម្មរវាងបរិស្ថាន ខាងក្នុង និងបរិស្ថានខាងក្រៅ។ ដូច្នេះ ការស្វែងរកដៃគូនៅខាងក្រៅ ត្រូវតែតម្រង់ទិសឆ្ពោះទៅរកការសិក្សាស្រាវជ្រាវទៅវិញទៅមកលើផ្នែកគុណភាព ដើម្បីធ្វើដំណើរឆ្ពោះទៅរកកិច្ចអភិវឌ្ឍន៍មួយក្នុងកម្រិតដ៏ល្អប្រសើររវាងសកលវិទ្យាល័យនិងសកលវិទ្យាល័យ។

២.៥- គុណភាពនៃការវាយតម្លៃ និងការធ្វើនិយ័តកម្ម

ក- ការវាយតម្លៃ (Evaluation)

ការវាយតម្លៃ ត្រូវបានចាត់ទុកថា ជាវប្បធម៌មួយរបស់ឧត្តមសិក្សា។ វប្បធម៌នេះ បានផ្សារភ្ជាប់ទៅនឹងគំនិតជាច្រើនរួមមាន គំនិតស្ដីពីគុណភាព ការធានាបាននូវគុណភាព ក៏ដូចជាគំនិតស្ដីពីការត្រួតពិនិត្យគុណភាព។ តើការវាយតម្លៃ ខុសគ្នាពីការត្រួតពិនិត្យដែរឬទេ ហើយខុសគ្នាយ៉ាងដូចម្តេច?

  • ការវាយតម្លៃ មានលក្ខណៈខុសគ្នាពីការត្រួតពិនិត្យ។ ភាពខុសគ្នានោះ ស្ថិតនៅត្រង់ថា ការត្រួតពិនិត្យជាទិដ្ឋភាពមួយនៅនឹងថ្កល់បិទជិត និងមានលក្ខណៈជាការដាក់ទណ្ឌកម្ម ហើយក៏ជាការវិនិច្ឆ័យទៅលើមនុស្សម្នាក់ៗផងដែរ។
  • ការវាយតម្លៃមិនមែនជាការត្រួតពិនិត្យទេ។ ការវាយតម្លៃផ្អែកទៅលើសកម្មភាពនិងលទ្ធផលអនុវត្ត ហើយឆ្លងតាមសកម្មភាពនិងលទ្ធផលទាំងនោះ គេអាចរិះរកវិធានការដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង និងមានភាពត្រឹមត្រូវជាងមុន។
  • ការវាយតម្លៃ ត្រូវបានរៀបចំឡើង និងពង្រឹងនៅគ្រប់កម្រិតនៃស្ថាប័ន តាំងពីកម្រិតនិស្សិត រហូត ដល់អាជ្ញាធរគ្រប់គ្រង ឆ្លងតាមរយៈគ្រូបង្ហាត់បង្រៀន និងអ្នកស្រាវជ្រាវ។

ខ- និយ័តកម្ម(Regulation)

និយ័តកម្ម គឺជាវប្បធម៌មួយទៀតរប​ស់ឧត្តមសិក្សា។ និយ័តកម្មជាការស្រាវជ្រាវដោយចូលរួមផ្ទាល់ប្រកបដោយសាមគ្គីភាពរឹងមាំឈរលើមូលដ្ឋាននៃការទទួលព័ត៌មានបានត្រឹមត្រូវពីយុទ្ធសាស្ត្រដែលបានដាក់ចុះដើម្បីធ្វើការកែលម្អនូវសកម្មភាពអនុវត្តឲ្យមានប្រសិទ្ធភាព ឬកែតម្រូវឡើងវិញចំពោះអ្វីដែលជាគោលដៅអភិវឌ្ឍ។ វប្បធម៌និយ័តកម្ម ទាមទារឱ្យមានការបង្កើតនូវលំហទំនាក់ទំនងផ្នែកទូរ​គមនាគមន៍របស់ស្ថាប័ននីមួយៗដោយមានការចូលរួមពីតួសម្ដែងដែលជាប់ពាក់ព័ន្ធទាំងអស់។ គេអាច​​​ហៅការវាយតម្លៃ និងការធ្វើនិយ័តកម្មបានម្យ៉ាងទៀតថា “តុល្យការ” ហើយជាទូទៅគេចាត់ទុកការបង្រួម​ចូលគ្នានូវការអនុវត្តរវាងតុល្យការ និងវប្បធម៌ស្វ័យភាពប្រកបដោយការទទួលខុសត្រូវថាជាគោលការណ៍ចម្បងមួយរបស់ស្ថាប័នឧត្តមសិក្សានាសតវត្សរ៍ទី២១យើងនេះ។

          សេចក្ដីសន្និដ្ឋាន

សរុបសេចក្ដីមក គុណភាពត្រូវបានគេចាត់ទុកថា ជាតម្រូវការរួម ជាការយកចិត្តទុកដាក់ដ៏សំខាន់ចាំបាច់ ហើយក៏ជាមូលដ្ឋានគ្រឹះមួយក្នុងចំណោមមូលដ្ឋានគ្រឹះទាំង១០នៃចក្ខុវិស័យជាសកលរបស់ឧត្តមសិក្សាក្នុងសតវត្សរ៍ទី២១យើងនេះ។ ព្រមជាមួយនេះ ភាពជាក់ស្ដែងបានបង្ហាញឲ្យឃើញថា ដើម្បីបានជាគុណភាព ពិតប្រាកដ គុណភាពនោះគប្បីផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌទាំងឡាយរួមមានបុគ្គលិក  កម្មវិធីសិក្សា​​ និស្សិត ​ហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានព្រមទាំងការវាយតម្លៃនិងការធ្វើនិយ័ត​កម្ម ដែលមានលក្ខណៈជាប្រព័ន្ធរបស់ឧត្តមសិក្សា។ ដោយឡែក នៅក្នុងប្រទេសកំពុងអភិវឌ្ឍ(Devel-o​ping Country) បញ្ហាគុណភាពហាក់ដូចជាស្ថិតឆ្ងាយពីបំណងប្រាថ្នារបស់ឧត្តមសិក្សានៅឡើយ អាស្រ័យដោយភាពខ្សត់ខ្សោយនៃទុនវិនិយោគរបស់រដ្ឋាភិបាលទៅលើមូលដ្ឋានគ្រឹះដ៏សំខាន់មួយនេះ  ម្យ៉ាងទៀត កត្តាជាលក្ខខណ្ឌគុណភាពរបស់ឧត្តមសិក្សានៃប្រទេសមួយ គប្បីផ្សារភ្ជាប់ទៅនឹងកត្តាជាលក្ខខណ្ឌគុណភាពរបស់ឧត្តមសិក្សានៃប្រទេសមួយផ្សេងទៀត ទាំងក្នុងក្របខណ្ឌតំបន់ និង​​អន្តរជាតិ។ ម្ល៉ោះហើយ ការស្វែងរកដៃគូដើម្បីធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវទៅវិញទៅមកអំពីគុណភាព គឺជាប្រការមិនអាចខ្វះបានរបស់សកលវិទ្យាល័យនីមួយៗ ដើម្បីអភិវឌ្ឍខ្លួនឈានឆ្ពោះទៅរកគោលដៅច្បាស់លាស់ និងពិតប្រាកដមួយសម្រាប់បម្រើចំពោះភាពត្រឹមត្រូវរបស់សង្គម៕

ឯកសារពិគ្រោះ

 ° L’ enseignement Supérieur au XXIe siècle Visons et action, UNESCO Paris 1998.

° Promouvoir une culture de la paix, UNESCO Paris 1998.

[1] មូលដ្ឋានគ្រឹះទាំង១០រួមមាន: ការចូលឧត្តមសិក្សា រូបភាពនិងតម្រូវការអប់រំ ការអប់រំនិងបណ្ដុះបណ្តាលមុខងារភ្ញាក់រលឹក សីលធម៌តម្រង់ទិស ការអភិវឌ្ឍវប្បធម៌សន្តិភាព ការកសាងបណ្ដាញទាក់ទងគ្នាស្វ័យភាពនិងតម្លាភាព ស្តង់ដារគុណភាព ការប្រមូលផ្ដុំស្នាដៃ។