April 26, 2024

ស្ថាប័ននីតិប្បញ្ញត្តិ(១៩៩៣-២០១៨)

បណ្ឌិត ហែម ឡាច  មន្ត្រីស្រាវជ្រាវ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

 

១- រដ្ឋសភា

រដ្ឋសភា​ជាអង្គ​ការកំពូល​តំណាងប្រជាពលរដ្ឋ​ដែលមាន​អំណាចនីតិ​ប្បញ្ញត្តិ។ តំណាង​រាស្ត្រក្នុងរដ្ឋសភាជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូលដែលកើតចេញ​ពីការបោះឆ្នោត

​ជាសកល ដោយសេរី​និងសង្ងាត់​ពី​ប្រជាពលរដ្ឋ​ខ្មែរ។ នីតិ​កាលរបស់រដ្ឋ​សភា​មាន​កំណត់​៥ឆ្នាំ​ហើយ​ត្រូវ​ផុត​កំណត់​នៅពេល​ដែល​រដ្ឋ​សភាថ្មី​ចូល​កាន់តំណែង។

១.១- តួនាទីរបស់រដ្ឋសភា

រដ្ឋសភា​បំពេញ​ភារកិច្ច​របស់ខ្លួនដូច​បានកំណត់​ក្នុងរដ្ឋធម្មនុញ្ញ​និងច្បាប់​ជាធរមាន​។ រដ្ឋសភា​មាន

ទួនាទីសំខាន់​ៗដូចជា៖

១.១.១- ការអនុម័ត

  • សមាជិកព្រឹទ្ធ​សភា សមាជិក​រដ្ឋ​សភា និងនាយក​រដ្ឋមន្រី្ត​ មានសិទ្ធិ​ផ្តួច​ផ្តើម​គំនិត​ធ្វើ​ច្បាប់។ តំណាងរាស្រ្ត​មានសិទ្ធិ​ស្នើ​ធ្វើ​វិសោធន​កម្មច្បាប់។
  • រដ្ឋសភា​អនុម័ត​ថវិកាជាតិ ផែន​ការរដ្ឋ ការឱ្យរដ្ឋ​ខ្ចី​ប្រាក់​ពីគេ ការឱ្យ​រដ្ឋ​ឱ្យបា្រក់គេខ្ចី​ការសន្យា​នានា​ផ្នែក​ហិរញ្ញ​វត្ថុ​ និងការ​បង្កើត​ កែប្រែ​ ឬលុប​ចោល​ពន្ធដារ។
  • រដ្ឋសភា​ឱ្យសេចក្តី​យល់ព្រម​ចំពោះ​គណនីរដ្ឋបាល។
  • រដ្ឋសភាអនុម័តយល់ព្រម​ ឬលុប​ចោលសន្ធិសញ្ញា​ ឬអនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់ស្តីពីការប្រកាសសង្គ្រាម។

ការអនុម័ត​ខាងលើ​នេះ​ប្រព្រឹត្ត​ទៅដោយ​មតិភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

១.១.២- ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល

  • រដ្ឋសភាបោះឆ្នោត​ទុកចិត្តដល់​រាជរដ្ឋាភិបាល​ តាមមតិភាគច្រើនដាច់ខាត​នៃចំនួន​សមាជិក​សភាទាំងមូល។
  • តាមការ​សុំពី​សមាជិក​ចំនួន​មួយភាគដប់​យ៉ាងតិច ​រដ្ឋសភា​អាចអញ្ជើញ​ឥស្សរជន​ដ៏ឧត្តម​ណាមួយ​មកបំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហាដែល​មានសារៈសំខាន់​ពិសេស។
  • រដ្ឋសភា​អាចទម្លាក់​សមាជិក​គណៈរដ្ឋមន្រ្តី​ ឬទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​ញត្តិបន្ទោស​តាម​សំឡេង​ឆ្នោតភាគច្រើន​ដាច់ខាតនៃចំនួន​សមាជិកទាំងមូល​។ ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​ត្រូវបានលើកឡើង​ជូនរដ្ឋសភា​ ដោយតំណាង​រាស្រ្ត​ចំនួន​៣០នាក់​ ទើបរដ្ឋសភា​អាច​លើកមកពិភាក្សា​បាន។
  • តំណាង​រាស្រ្ត​មានសិទ្ធិ​ដាក់សំណួរ​ដល់រាជ​រដ្ឋាភិបាល។ សំណួរ​នេះត្រូសរសេរជាលាយលក្ខណ៍អក្សរ​ប្រគល់ជូន​តាមរយៈ​ប្រធានរដ្ឋសភា។ ចម្លើយ​អាចធ្វើឡើង​ដោយ​រដ្ឋមន្រី្តមួយរូប​ឬច្រើន​រូប​អាស្រ័យដោយ

បញ្ហាដែលបានចោទឡើង​ពាក់ព័ន្ធ​នឹងការទទួលខុសត្រូវ​របស់រដ្ឋមន្រ្តី​មួយរូប​ឬច្រើនរូប។ បើបញ្ហាពាក់

ព័ន្ធ​ដល់នយោបាយ​ទូទៅរបស់រាជរដ្ឋាភិបាល​ នាយករដ្ឋមន្រ្តី​ត្រូវឆ្លើយ​ផ្ទាល់ខ្លួន។ ចម្លើយ​របស់

រដ្ឋមន្រ្តី​ ឬរបស់​នាយកមន្រ្តីអាច​ធ្វើដោយ​ផ្ទាល់មាត់​ ឬសរសេរជាលាយលក្ខណ៍​អក្សរ។

  • រដ្ឋសភាកំណត់ទុក​ពេលមួយថ្ងៃ​ក្នុងមួយសប្តាហ៍​សម្រាប់​ការឆ្លើយ​សំណួរ។

១.១.៣- ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ

តំណាងរាស្រ្តធ្វើ​ការងារ​ក្នុងរដ្ឋ​សភា​បីខែ មានវិស្សមកាល​បីខែ។ តំណាងរាស្រ្ត​ត្រូវ​ចុះ​សួរសុខទុក ​ជួយ​ដោះស្រាយ​បញ្ហា​ សំណូមពរ​របស់ប្រជាពលរដ្ឋ​តាមមណ្ឌល​រៀងខ្លួន​ ឬតាមខេត្ត​ទាំងឡាយ​ទូទាំងប្រទេសឱ្យអស់លទ្ធ​ភាព និងត្រូវទាក់ទង​ជាមួយ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។

១.២- អំពីវិសមិតភាព និង​អភ័យ​ឯកសិទ្ធិសភា

​តំណាងរាស្ត្រ​មិនអាចបំពេញមុខ​ងារ​ជាសមាជិក​រដ្ឋសភា​ផង ជាសមាជិកព្រឹទ្ធសភាផង​ស្របពេល​តែមួយបានឡើយ។ សមាជិកសភា​មានវិសមតិ​ភាព​ជាមួយការ​បំពេញ​មុខងា​រ​សាធារ​ណៈជា​សកម្ម​ និងមុខងារជាសមាជិកនៃ​ស្ថាប័ន​ដទៃទៀត​ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ​វៀរលែងតែបំពេញ​មុខងារ​ក្នុងគណៈរដ្ឋមន្រ្តី​នៃរដ្ឋាភិបាល​។ ក្នុង​ករណី​នេះ សមាជិករដ្ឋ​សភា​រូបនោះ​មានឋានៈ​ជាសមាជិក​រដ្ឋសភា​ធម្មតា ប៉ុន្តែ​មិនត្រូវ​មានមុខតំណែង​អ្វីទាំងអស់​ក្នុង​​គណៈកម្មាធិការអចិន្ត្រៃយ៍និងក្នុងគណៈ​កម្មការ​ផ្សេងៗ​នៃរដ្ឋសភា។

ដើម្បី​ឱ្យ​សមាជិក​សភា​បំពេញតួនាទី​ជាតំណាងប្រជាពលរដ្ឋ​ និងប្រជាជាតិបានល្អ​ រដ្ឋធម្មនុញ្ញ​បានផ្តល់អភ័យឯកសិទ្ធិ​សភា​ជូន​សមាជិកសភា។ តំណាងរាស្ត្រ​មានអភ័យឯកសិទ្ធិ​សភា។ អភ័យឯកសិទ្ធិ​នេះ ធានាឯករាជ្យ​ភាពរបស់​សមាជិក​សភា។ តំណាងរាស្រ្ត ឬសមាជិកព្រឹទ្ធសភារូបណា​ក៏ដោយ​មិនអាច​ត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន​ដោយហេតុ​ពីបានសំដែង​យោបល់ ឬបញ្ចេញ​មតិក្នុង​ការបំពេញមុខងារ​របស់ខ្លួនឡើយ។

១.៣- គណៈកម្មាធិការអចិន្ត្រៃយ៍

គណៈកម្មាធិការអចិន្រ្ដៃយ៍នៃរដ្ឋសភាត្រូវបានបង្កើតឡើង ដើម្បីធានាដំណើរការរដ្ឋសភាក្នុងចន្លោះសម័យប្រជុំ និងសម្រេចពីរបៀបវេរៈប្រជុំពេញអង្គ និងកិច្ចការធំៗរបស់រដ្ឋសភា។

សមាសភាពគណៈកម្មាធិការអចិន្រ្ដៃយ៍មានដូចតទៅ៖

  • ប្រធានរដ្ឋសភា
  • អនុប្រធានទាំងពីរ
  • ប្រធានគណៈកម្មការនានានៃរដ្ឋសភា។

រដ្ឋសភាបង្កើតគណៈកម្មការជំនាញនានាចំនួន១០ ដើម្បីទទួលពិនិត្យសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានានិងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួនក្នុងការត្រួតមើលកិច្ចការរបស់រាជរដ្ឋាភិបាល។

សមាសភាពនៃគណៈកម្មការជំនាញនីមួយៗមានចំនួន៧រូបយ៉ាងតិច។

គណៈកម្មការជំនាញទាំង១០នោះគឺ៖

  • គណៈកម្មការការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង ​អង្កេត​ និងទំនាក់ទំនង

រដ្ឋសភា ព្រឹទ្ធសភា

  • គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
  • គណៈកម្មការផែនការ វិនិយោគ កសិកម្ម​ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
  • គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
  • គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
  • គណៈកម្មការនីតិកម្ម និងយុត្ដិធម៌
  • គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
  • គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់
  • គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៣ដល់បច្ចុប្បន្ន

នីតិកាលទី១(១៩៩៣-១៩៩៨)

រៀបចំដោយអ៊ុនតាក់(UNTAC) ២៣២៨ ឧសភា ១៩៩៣

          – គណបក្សចូលរួមប្រកួតប្រជែងមានចំនួន​ ២០

– ចំនួនអាសនៈ ១២០

– គណបក្សឈ្នះអាសនៈមាន៤ គឺ៖

+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥៨អាសនៈ

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៥១អាសនៈ

+ គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ

+ គណបក្សម៉ូលីណាកានិងអ្នកតស៊ូខ្មែរដើម្បីសេរីភាពទទួលបាន ១អាសនៈ។

នីតិកាលទី២(១៩៩៨-២០០៣)

​    រៀបចំដោយគ.ជ.ប. ២៦កក្កដា ១៩៩៨

– គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៣៩

– ចំនួនអាសនៈ ១២២

– គណបក្សឈ្នះអាសនៈមាន៣ គឺ៖

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៤អាសនៈ

+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៤៣អាសនៈ

+ គណបក្សសម រង្ស៊ីទទួលបាន ១៥អាសនៈ។

នីតិកាលទី៣(២០០៣-២០០៨)

រៀបចំដោយគ.ជ.ប. ២៧កក្កដា ២០០៣

– គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២៣

– ចំនួនអាសនៈ ១២៣

– គណបក្សឈ្នះអាសនៈមាន៣ គឺ៖

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៧៣អាសនៈ

+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២៦អាសនៈ

+ គណបក្សសម រង្ស៊ីទទួលបាន ២៤អាសនៈ។

នីតិកាលទី៤​(២០០៨-២០១៣)

រៀបចំដោយគ.ជ.ប. ២៧កក្កដា ២០០៨

– គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ១១

– ចំនួនអាសនៈ ១២៣

– គណបក្សឈ្នះអាសនៈមាន៥ គឺ៖

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៩០អាសនៈ

+ គណបក្សសម រង្ស៊ីទទួលបាន ២៦អាសនៈ

+ គណបក្សសិទ្ធិមនុស្សទទួលបាន ៣អាសនៈ

+ គណបក្សនរោត្តមរណឫទ្ធិទទួលបាន ២អាសនៈ

+ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ២អាសនៈ។

នីតិកាលទី៥​ (២០១៣-២០១៨)

រៀបចំដោយគ.ជ.ប. ២៨កក្កដា ២០១៣

– គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ៨

– ចំនួនអាសនៈ ១២៣

– ចំនួនគណបក្សឈ្នះអាសនៈមាន២ គឺ៖

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ

+ គណបក្សសង្រ្គោះជាតិទទួលបាន ៥៥អាសនៈ។

នីតិកាលទី៦​(២០១៨-២០២៣)

រៀបចំដោយគ.ជ.ប. ២៩កក្កដា ២០១៨

– គណបក្សចូលរួមប្រកួតប្រជែងមានចំនួន ២០

– ចំនួនអាសនៈ ១២៥

– ចំនួនគណបក្សឈ្នះអាសនៈមាន១ គឺ៖

+ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២៥អាសនៈ។

២- ព្រឹទ្ធសភា

ក្រោយការបោះឆ្នោតជាសកល ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាល​ទី២ នា​ថ្ងៃទី​២៦ខែ​កក្កដា​ ឆ្នាំ១៩៩៨ វិបត្តិ​នយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយ​វិបត្តិនេះកិច្ចប្រជុំ​កំពូល​រវាងថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃគណបក្ស​នយោបាយទាំងពីរ​ គឺគណបក្សប្រជាជនកម្ពុជា​និងគណបក្សហ៊្វុនស៊ិនប៉ិច​បានប្រារព្ធឡើងពីថ្ងៃ

ទី​១២-១៣​ ខែវិច្ឆិកា ឆ្នាំ១៩៩៨ នាប្រាសាទ​ខេមរិន្ទ ​ព្រះបរមរាជវាំង​ ក្រោម​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់​ ព្រះករុណាព្រះបាទ​សម្តេច​ព្រះនរោត្តម​ សីហនុ ​ដែល​នៅពេលនោះ​ព្រះអង្គ​ទ្រង់​ជាព្រះមហាក្សត្រនៃ

ព្រះរាជា​ណាចក្រ​កម្ពុជា​។

តាមរយៈ​លទ្ធផល​នៃកិច្ច​ប្រជុំ​កំពូលនេះ ស្ថាប័នព្រឹទ្ធ​សភា ត្រូវបាន​បង្កើតឡើង​ និងក្លាយ​​ជាចំណែកមួយនៃ​ស្ថាប័ននីតិប្បញ្ញត្តិ​ជាតិ ដែលមាន​ពីរថ្នាក់​ បន្ទាប់​​ពីរដ្ឋធម្មនុញ្ញ​នីតិកាល​ទី២បានធ្វើវិសោធន​កម្ម

​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣។​ ព្រឹទ្ធសភា​នីតិកាលទី១ កើតឡើង​ដោយការ​តែងតាំង​និងមាន​អាណត្តិ​៥ឆ្នាំ។ សមាជិក​ចំនួន៦១​រូប ត្រូវ​បានជ្រើសរើស​ពីក្នុង​ចំណោម​ឥស្សរជន​ជាន់ខ្ពស់​នៃគណបក្ស​នយោបាយ​ដែលមានអាសនៈ​ក្នុងរដ្ឋសភា​នីតិកាលទី២។ ព្រឹទ្ធសភា​នីតិកាល​ទី១ បានបើកសម័យ​ប្រជុំ​លើក​ទី១នៅថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ​១៩៩៩។ ព្រឹទ្ធសភា​នីតិកាលទី២ កើតឡើងដោយការបោះឆ្នោត​អសកល នាថ្ងៃអាទិត្យ​ទី២២ ខែមករា

ឆ្នាំ២០០៦ ដោយមានអាណត្តិ​៦ឆ្នាំ។ ព្រឹទ្ធសភា​នីតិកាលទី៣ កើតឡើងដោយការបោះឆ្នោត​អសកល នាថ្ងៃអាទិត្យ​ ទី២៩ ខែមករា ឆ្នាំ២០១២។ ព្រឹទ្ធសភានីតិកាលទី៤ កើតឡើងដោយការបោះឆ្នោត​អសកល នាថ្ងៃ

អាទិត្យ​ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្នុងចំណោម​សមាជិក​៦២រូប​ មាន៥៨រូប​ត្រូវបាន​ជ្រើសតាំងដោយការ​បោះឆ្នោត​ជាអសកល​ ០២រូបជ្រើសតាំងដោយរដ្ឋសភានិង០២តែងតាំង​ដោយ​ព្រះមហាក្សត្រ។

២.១- ការរៀបចំព្រឹទ្ធសភា

ព្រឹទ្ធសភា​មានចំនួន​សមាជិក​យ៉ាងច្រើន​ស្នើនឹងពាក់កណ្តាល​នៃចំនួន​សមាជិករដ្ឋសភា​ទាំងមូល​។ សមាជិកព្រឹទ្ធសភា​ត្រូវចាត់តាំង​ខ្លះ និងជ្រើសតាំងដោយ​ការបោះឆ្នោត​អសកល​ខ្លះ។ សមាជិក​ព្រឹទ្ធ​សភា​អាច​ត្រូវ​បានចាត់​តាំង​ និងជ្រើសរើស​សារជាថ្មីបាន។ នីតិកាល​របស់​ព្រឹទ្ធសភា​មាន​កំណត់៦ឆ្នាំ។ ប៉ុន្តែ​នីតិកាល​ទី១​មានកំណត់​ត្រឹម​៥ឆ្នាំ។

  • សមាជិក​ព្រឹទ្ធសភា​ចំនួន​២រូប​ត្រូវបាន​ចាត់តាំង​ដោយព្រះមហាក្សត្រ
  • សមាជិកព្រឹទ្ធសភា​ចំនួន២រូប ត្រូវបាន​រដ្ឋសភា​ជ្រើសតាំង​តាម​មតិភាគច្រើន​ដោយ​ប្រៀប​។
  • សមាជិក​ព្រឹទ្ធសភា​ឯទៀត​ត្រូវ​បានជ្រើសតាំង​​ដោយការបោះឆ្នោត​អសកល​។ អ្នកដែលមានសិទ្ធិ​ឈរឈ្មោះ​ជាបេក្ខជន​ព្រឹទ្ធសភា​គឺជាប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ​ដែលមានសិទ្ធិបោះឆ្នោត ​មានអាយុយ៉ាងតិច​៤០ឆ្នាំ ​មានសញ្ជាតិ​ខ្មែរតាំង​ពីកំណើត។
  • ព្រឹទ្ធសភា​មានថវិការស្វ័យត​សម្រាប់​ដំណើរការ​។ សមាជិកព្រឹទ្ធសភា​ត្រូវ​ទទួលប្រាក់​ចំណាច់​។ ព្រឹទ្ធសភា​ប្រជុំ​ជាសាមញ្ញពីរដងក្នុងមួយឆ្នាំ​។ សម័យប្រជុំ​នីមួយៗមានថិរវេលាយ៉ាងតិច​បីខែ។

សមាជិកព្រឹទ្ធសភា​មានអភ័យឯកសិទ្ធិ​សភា។ សមាជិកព្រឹទ្ធសភា​រូបណា​ក៏ដោយ​មិនអាច​ត្រូវបានចោទប្រកាន់​ ចាប់ខ្លួន​​ ឃាត់ខ្លួន​ ឬឃុំខ្លួន​ ដោយ​ហេតុ​ពីបានសំដែង​យោបល់​ ឬបញ្ចេញ​មតិក្នុងការបំពេញ​មុខងារ​របស់ខ្លួនឡើយ។

២.២- មុខងារសំខាន់ៗរបស់ព្រឹទ្ធសភា

២.២.១- មុខងារនីតិកម្ម

ពិនិត្យឱ្យយោបល់​លើអត្ថបទ​ច្បាប់​ដែល​អនុ​ម័ត​ដោយរដ្ឋ​សភា និងផ្តួចផ្តើម​ធ្វើសេចក្តី​ស្នើច្បាប់។ តួនាទី​សំខាន់​របស់ព្រឹទ្ធសភា​គឺការពិនិត្យ​ឡើងវិញ​រាល់អត្ថបទ​ច្បាប់​ទាំង​ឡាយ​ដែលរដ្ឋសភា​បានអនុម័ត​រួចហើយ។ រដ្ឋសភា​មិនអាច​បញ្ជូនច្បាប់​ដែលខ្លួន​បានអនុម័ត​រួចហើយឱ្យព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើប្រាសជាផ្លូវការ​មុនពេលដាក់ឆ្លង​ឱ្យ​ព្រឹទ្ធសភាពិនិត្យបានឡើយ។​រដ្ឋធម្មនុញ្ញ​មិនបានផ្តល់​ឱ្យ​ព្រឹទ្ធ​សភា​នូវអំណាច​អនុម័ត​ច្បាប់​ ឬ​អំណាច​ជំទាស់​អត្ថបទ​ច្បាប់ឡើយ ​ប៉ុន្តែ​ផ្តល់នូវ​តួនាទី​ប្រឹក្សា ឬ​អំណាច​ធ្វើ

អនុសាសន៍ដែល​រដ្ឋ​សភា​បានអនុម័ត។ ទោះបី​ជាព្រឹទ្ធសភា​អាច​ធ្វើការបដិសេធ​ ឬ​ស្នើធ្វើវិសោធនកម្មទៅលើអត្ថបទ​ច្បាប់​ ព្រឹទ្ធសភា​ពុំមាន​អំណាច​ចាប់​បង្ខំ​ឱ្យរដ្ឋសភា​ទួល​យកអនុសាសន៍​របស់ខ្លួនឡើយ។

ព្រឹទ្ធសភាពិនិត្យ ហើយឱ្យយោបល់​ក្នុងរយៈ​ពេលមួយខែ​យ៉ាង​យូរ​លើសេចក្តី​ព្រាងច្បាប់​ ឬ​សេចក្តី​ស្នើច្បាប់​ដែល​រដ្ឋ​សភា​បានអនុម័ត​យល់ព្រម​លើកដំបូងរួច​ហើយ ព្រមទាំង​លើក​បញ្ហា​ទាំងពួង​ដែល​រដ្ឋសភា​បានដាក់​ឱ្យ​ពិនិត្យ។

២.២.២- មុខងារ​ត្រួតពិនិត្យ

ព្រឹទ្ធសភា​អាចតាមដាន​ត្រួតពិនិត្យ​ការងារ និងការអនុវត្ត​គោលនយោបាយ​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ត្រួត​ពិនិត្យ​​ការប្រើប្រាស់​ថវិកា​ជាតិ​របស់រាជរដ្ឋាភិបាល។

  • ត្រួតពិនិត្យ​ការអនុវត្តច្បាប់ ព្រឹទ្ធសភាមានតួនាទីសំខាន់​ក្នុងការតាមដានដំណើរការងារ​របស់ស្ថាប័ន

រដ្ឋ និងត្រួតពិនិត្យយ៉ាងទៀតទាត់​អំពីការអនុវត្តច្បាប់​របស់ស្ថាប័ននីតិប្រតិបត្តិ។

  • ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី និងផែនការរបស់រដ្ឋាភិបាល ព្រឹទ្ធសភាក៏ដើរតួនាទី​

សំខាន់ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី និងផែនការរបស់រាជរដ្ឋាភិបាល​លើការងារ​ប្រជាធិបតេយ្យ​ នីតិរដ្ឋ​ ការងារ​កែទម្រង់​រដ្ឋ ការងារ​កាត់បន្ថយ​ភាពក្រីក្រ ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច។

២.២.៣- មុខងារជាតំណាង

      -តំណាងសមូហភាពដែនដី(ក្រុមប្រឹក្សាឃុំ​-សង្កាត់)

ព្រឹទ្ធសភា​តំណាង​​ភូមិភាគ​ និងសមូហភាព​ដែនដី​ (ក្រុមប្រឹក្សាឃុំ-សង្កាត់)។ មាត្រា៩ និងមាត្រា១១នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​បានបង្ហាញ​ច្បាស់​អំពីអត្តសញ្ញាណ​របស់សមាជិកព្រឹទ្ធសភា។

សមាជិកព្រឹទ្ធសភា​ត្រូវចុះសួរសុខទុក្ខ ជួយដោះស្រាយបញ្ហា​ សំណូមពរ​ របស់ប្រជាពលរដ្ឋ​តាម

មណ្ឌលរៀងខ្លួន ឬតាមរាជធានី ​ខេត្ត​ទាំងឡាយ​ទូទាំងប្រទេស​ឱ្យអស់លទ្ធភាព​និងត្រូវ​ទាក់ទង​ជា​មួយ

​អាជ្ញា​ធរ​គ្រប់​លំដាប់ថ្នាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។

        -តំណាងស្ថាប័ន​ជាតិ

សមាជិក០២រូបតែងតាំងដោយព្រះមហាក្សត្រ​ និង ០២រូបទៀត​ជ្រើសតាំង​ដោយរដ្ឋសភា​។ ព្រឹទ្ធសភា​ក៏តំណាងព្រះមហាក្សត្រ និងរដ្ឋសភា ហើយ​ក៏​ជាអ្នកសម្របសម្រួល​ការងារ​រដ្ឋ​សភា និងរាជរដ្ឋាភិបាល។ ​មាត្រា១១២ បញ្ជាក់ថា​  ព្រឹទ្ធសភា​មានភារកិច្ច​សម្របសម្រួល​ការងាររវាង​រដ្ឋសភា និងរាជរដ្ឋាភិបាល​។

២.៣- គណៈកម្មាធិការអចិន្ត្រៃយ៍

គណៈកម្មាធិការអចិន្រ្ដៃយ៍នៃព្រឹទ្ធសភាត្រូវបានបង្កើតឡើង ដើម្បីធានាដំណើរការព្រឹទ្ធសភាក្នុងចន្លោះសម័យប្រជុំ និងសម្រេចពីរបៀបវេរៈប្រជុំពេញអង្គ និងកិច្ចការធំៗរបស់ព្រឹទ្ធសភា។

សមាសភាពគណៈកម្មាធិការអចិន្រ្ដៃយ៍មានដូចតទៅ៖

  • ប្រធានព្រឹទ្ធសភា
  • អនុប្រធានទាំងពីរ
  • ប្រធានគណៈកម្មការនានានៃព្រឹទ្ធសភា។

ព្រឹទ្ធសភាបង្កើតគណៈកម្មការជំនាញនានាចំនួន១០ ដើម្បីទទួលពិនិត្យសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់នានានិងជាពិសេសទទួលបន្ទុកទៅតាមមុខជំនាញរបស់ខ្លួនក្នុងការត្រួតមើលកិច្ចការរបស់រាជរដ្ឋាភិបាល។

សមាសភាពនៃគណៈកម្មការជំនាញនីមួយៗមានចំនួន៧រូបយ៉ាងតិច។

គណៈកម្មការជំនាញទាំង១០នោះគឺ៖

  • គណៈកម្មការការពារសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង ​អង្កេត​ និងទំនាក់ទំនង

រដ្ឋសភា ព្រឹទ្ធសភា

  • គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម
  • គណៈកម្មការផែនការ វិនិយោគ កសិកម្ម​ អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក
  • គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
  • គណៈកម្មការកិច្ចការបរទេស សហប្រតិបត្ដិការអន្ដរជាតិ ឃោសនាការ និងព័ត៌មាន
  • គណៈកម្មការនីតិកម្ម និងយុត្ដិធម៌
  • គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
  • គណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់
  • គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ។

ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៩៩ដល់បច្ចុប្បន្ន

នីតិកាលទី១(១៩៩៩-២០០៦)

ព្រឹទ្ធសភានីតិកាលទី១កើតឡើងដោយការតែងតាំងទាំងអស់។ ព្រឹទ្ធសភានីតិកាលទី១ មានសមាជិកចំនួន ៦១រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន ៣១រូប គណបក្សហ៊្វុនស៊ិនប៉ិច ២១រូប គណបក្សសម រង្ស៊ី ៧រូប និង០២រូបទៀតចាត់តាំងដោយព្រះមហាក្សត្រ សម្រាប់រយៈពេល៥ឆ្នាំ ។ ព្រឹទ្ធសភានីតិកាលទី១ បានបន្ត

នីតិកាលរបស់ខ្លួនចំនួន ២ដង (ម្តង១ឆ្នាំ)។

នីតិកាលទី២(២០០៦-២០១២)

ព្រឹទ្ធសភានីតិកាលទី២កើតចេញពីការបោះឆ្នោតអសកល នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០០៦ សម្រាប់រយៈពេល៦ឆ្នាំ។ នៅក្នុងនីតិកាលទី២នេះ សមាជិកព្រឹទ្ធសភាមានចំនួន ៦១រូប ដូចនីតិកាលទី១ដែរក្នុង

នោះ ៤៥រូបមកពីគណបក្សប្រជាជនកម្ពុជា ១០រូបមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ០២រូបមកពីគណបក្សសម រង្ស៊ី

០២រូបចាត់តាំងដោយព្រះមហាក្សត្រនិង០២រូបទៀតជ្រើសតាំងដោយរដ្ឋសភា។

នីតិកាលទី៣(២០១២-២០១៨)

ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៣ បានប្រព្រឹត្ដទៅនាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២។សម្រាប់នីតិកាលទី៣នេះ ចំនួនសមាជិកព្រឹទ្ធសភាមាន៦១រូប ដូចនីតិកាល

ទី១ និងនីតិកាលទី២ដែរ ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា៤៦រូប សម រង្ស៊ី១១រូប ០២រូបចាត់តាំងដោយព្រះមហាក្សត្រ និងជ្រើសតាំងដោយរដ្ឋសភា០២រូប។

នីតិកាលទី៤(២០១៨-២០២៤)

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ បានប្រព្រឹត្ដទៅនាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ សម្រាប់នីតិកាលទី៤នេះ ចំនួនសមាជិកព្រឹទ្ធសភាមាន៦២រូប ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជា

ចំនួន៥៨រូប  តែងតាំងដោយព្រះមហាក្សត្រ០២រូប និងជ្រើសតាំងដោយរដ្ឋសភា០២រូប។

ឯកសារពិគ្រោះ

១. ជួន ណាត ៖ វចនានុក្រមខ្មែរ ភ្នំពេញ ការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ឆ្នាំ១៩៦៧

២.រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការ

ជាប្រក្រតីនៃស្ថាប័នជាតិឆ្នាំ២០០៤

៣.ឯកសារពី គណៈកម្មាធិការជាតិររៀបចំការបោះឆ្នោត(គ.ជ.ប.)